ជីវប្រវត្ដិ
«ព្រះយេហូវ៉ាមិនបានភ្លេចខ្ញុំទេ»
ខ្ញុំរស់នៅភូមិអូរីអាឡា ដែលជាភូមិជនជាតិភាគតិចមួយនៅប្រទេសហ្គីយ៉ាន នាទ្វីបអាម៉េរិកខាងត្បូង។ ភូមិខ្ញុំមានប្រជាជនប្រហែលជា២.០០០នាក់ ហើយនៅដាច់ស្រយាល។ ដូច្នេះ ដើម្បីទៅដល់ទីនោះ ត្រូវតែជិះយន្តហោះតូច ឬជិះទូក។
ខ្ញុំកើតនៅឆ្នាំ១៩៨៣។ ពេលខ្ញុំនៅតូច ខ្ញុំមានសុខភាពល្អ ប៉ុន្តែពេលខ្ញុំមានអាយុ១០ឆ្នាំ ខ្ញុំចាប់ផ្ដើមឈឺចាប់ពេញខ្លួនយ៉ាងខ្លាំង។ ប្រហែលជាពីរឆ្នាំក្រោយមក ពេលខ្ញុំភ្ញាក់ពីគេងនៅព្រឹកមួយ ខ្ញុំមិនអាចកម្រើកបានសោះ។ ទោះជាខ្ញុំព្យាយាមកម្រើកក្ដី ជើងខ្ញុំគ្មានកម្លាំងសោះ។ តាំងពីថ្ងៃនោះ ខ្ញុំដើរមិនបានទៀតទេ។ ជំងឺនោះក៏ធ្វើឲ្យកាយសម្បទាខ្ញុំឈប់លូតលាស់។ សព្វថ្ងៃនេះ ខ្ញុំនៅតែមានមាឌតូចដូចកូនក្មេង។
ក្រោយពីខ្ញុំមិនអាចចេញពីផ្ទះអស់ប៉ុន្មានខែ មានសាក្សីព្រះយេហូវ៉ាពីរនាក់បានមកលេងផ្ទះខ្ញុំ។ តាមធម្មតា ពេលមានភ្ញៀវមកលេង ខ្ញុំទៅពួន ប៉ុន្តែនៅថ្ងៃនោះ ខ្ញុំបាននិយាយជាមួយស្ត្រីពីរនាក់នោះ។ កាលដែលពួកគេនិយាយអំពីសួនឧទ្យាន នោះធ្វើឲ្យខ្ញុំនឹកឃើញអំពីអ្វីដែលខ្ញុំធ្លាប់ឮពេលខ្ញុំមានអាយុប្រហែលជាប្រាំឆ្នាំ។ នៅពេលនោះ សាសនទូតម្នាក់ឈ្មោះចេតរូដែលរស់នៅប្រទេសសូរីណាមបានមកភូមិរបស់យើងមួយខែម្ដង ហើយបានសិក្សាគម្ពីរជាមួយឪពុកខ្ញុំ។ បងចេតរូប្រព្រឹត្តយ៉ាងសប្បុរសចំពោះខ្ញុំ ហើយខ្ញុំចូលចិត្តគាត់ខ្លាំងណាស់។ នៅគ្រានោះ យាយតាខ្ញុំបានយកខ្ញុំទៅកិច្ចប្រជុំខ្លះរបស់សាក្សី ដែលធ្វើឡើងនៅភូមិរបស់យើង។ ដូច្នេះ ពេលបងស្រីផ្លរ៉ិន ជាស្ត្រីម្នាក់ក្នុងចំណោមបងស្រីពីរនាក់ដែលមកផ្ទះខ្ញុំនៅថ្ងៃនោះ សួរខ្ញុំថាចង់រៀនគម្ពីរទៀតទេ ខ្ញុំឆ្លើយថាចង់។
បងផ្លរ៉ិនបានត្រឡប់មកវិញជាមួយបងចាស្ទាស ដែលជាប្ដីរបស់គាត់ ហើយពួកគាត់ចាប់ផ្ដើមបង្រៀនគម្ពីរដល់ខ្ញុំ។ ពេលពួកគាត់ឃើញថាខ្ញុំមិនចេះអក្សរ ពួកគាត់បានជួយខ្ញុំឲ្យចេះ។ មួយរយៈពេលក្រោយមក ខ្ញុំអាចអានអក្សរដោយខ្លួនឯង។ នៅថ្ងៃមួយ ប្ដីប្រពន្ធនោះបានប្រាប់ខ្ញុំថា ពួកគាត់បានត្រូវចាត់ឲ្យបម្រើនៅប្រទេសសូរីណាម។ គួរឲ្យស្ដាយណាស់ នៅភូមិអូរីអាឡាគ្មានអ្នកណាដែលអាចបន្តបង្រៀនគម្ពីរដល់ខ្ញុំឡើយ។ ប៉ុន្តែ ខ្ញុំសប្បាយចិត្តដែលព្រះយេហូវ៉ាមិនបានភ្លេចខ្ញុំទេ។
មិនយូរក្រោយមក អ្នកត្រួសត្រាយម្នាក់ឈ្មោះផ្លូយបានមកដល់ភូមិអូរីអាឡា ហើយបានជួបខ្ញុំកាលដែលគាត់ផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ ខ្ញុំញញឹមពេលគាត់ប្រាប់ខ្ញុំអំពីកម្មវិធីបង្រៀនគម្ពីរ។ ដូច្នេះ គាត់បានសួរថា៖ «ម៉េចបានជាប្អូនញញឹមអ៊ីចឹង?»។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំបានសិក្សាសៀវភៅស្ដើងតើព្រះតម្រូវអ្វីពីយើង?រួចហើយ ហើយបានចាប់ផ្ដើមសិក្សាសៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ * ខ្ញុំប្រាប់គាត់អំពីមូលហេតុដែលខ្ញុំមិនបានរៀនគម្ពីរទៀត។ បងផ្លូយបានបង្រៀន ខ្ញុំសៀវភៅចំណេះរហូតដល់ចប់។ ប៉ុន្តែក្រោយមក គាត់ក៏បានត្រូវចាត់ឲ្យទៅបម្រើនៅកន្លែងផ្សេងដែរ។ ម្ដងនេះទៀត ខ្ញុំគ្មានអ្នកបង្រៀនគម្ពីរទេ។
ក៏ប៉ុន្តែ នៅឆ្នាំ២០០៤ បងប្រុសក្រេនវីលនិងបងប្រុសចូស៊ូអាដែលជាអ្នកត្រួសត្រាយពិសេសបានត្រូវចាត់ឲ្យបម្រើនៅភូមិអូរីអាឡា។ ពួកគាត់បានផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ហើយបានជួបខ្ញុំ។ ខ្ញុំញញឹមពេលពួកគាត់សួរខ្ញុំថាចង់រៀនគម្ពីរទេ។ ខ្ញុំបានសុំពួកគាត់ឲ្យបង្រៀនខ្ញុំសៀវភៅចំណេះចាប់ពីដំបូង។ ខ្ញុំចង់ដឹងថា តើពួកគាត់នឹងបង្រៀនខ្ញុំដូចសេចក្ដីបង្រៀនដែលខ្ញុំធ្លាប់រៀនពីមុនឬទេ? បងក្រេនវីលបានប្រាប់ខ្ញុំថាមានកិច្ចប្រជុំនៅភូមិខ្ញុំ។ ទោះជាខ្ញុំមិនបានចាកចេញពីផ្ទះជិត១០ឆ្នាំហើយក្ដី ខ្ញុំចង់ចូលរួម។ ដូច្នេះបងក្រេនវីលបានមកផ្ទះខ្ញុំ លើកខ្ញុំដាក់លើកៅអីរុញ ហើយរុញខ្ញុំទៅសាលប្រជុំ។
ក្រោយមក បងក្រេនវីលបានលើកទឹកចិត្តខ្ញុំឲ្យចូលសាលាកិច្ចបម្រើផ្សាយ។ គាត់និយាយថា៖ «ប្អូនពិការមែន តែប្អូននិយាយបាន។ នៅថ្ងៃណាមួយ ប្អូននឹងថ្លែងសុន្ទរកថាសាធារណៈ។ ប្អូននឹងធ្វើ!»។ ពាក្យដ៏លើកទឹកចិត្តទាំងនេះបានពង្រឹងទំនុកចិត្តខ្ញុំ។
ខ្ញុំបានចាប់ផ្ដើមផ្សព្វផ្សាយជាមួយបងក្រេនវីល។ ប៉ុន្តែ ផ្លូវជាច្រើននៅភូមិយើងគឺជាផ្លូវដីរដិបរដុប ដែលធ្វើឲ្យពិបាកជិះកៅអីរុញ។ ដូច្នេះ ខ្ញុំបានសុំបងក្រេនវីលឲ្យលើកខ្ញុំដាក់នៅលើរទេះមួយ ហើយរុញខ្ញុំទៅផ្សព្វផ្សាយ។ នោះគឺស្រួលជាង។ នៅខែមេសា ឆ្នាំ២០០៥ ខ្ញុំបានទទួលការជ្រមុជទឹក។ មិនយូរក្រោយមក បងប្រុសៗបានបង្ហាត់បង្រៀនខ្ញុំឲ្យជួយខាងសៀវភៅសម្រាប់ក្រុមជំនុំ ហើយរៀបចំប្រព័ន្ធសំឡេងនៅសាលប្រជុំ។
គួរឲ្យស្ដាយ នៅឆ្នាំ២០០៧ ឪពុកខ្ញុំបានស្លាប់ ដោយសារគ្រោះថ្នាក់មួយពេលជិះទូក។ នេះធ្វើឲ្យក្រុមគ្រួសារយើងតក់ស្លុត។ បងក្រេនវីលបានអធិដ្ឋានជាមួយយើង ហើយបង្ហាញបទគម្ពីរផ្សេងៗដែលសម្រាលទុក្ខយើង។ ពីរឆ្នាំក្រោយមក យើងបានជួបរឿងដ៏ខ្លោចផ្សាមួយទៀតដែលធ្វើឲ្យយើងឈឺចិត្ត គឺបងក្រេនវីលបានស្លាប់ដោយលិចទូក។
ក្រុមជំនុំតូចរបស់យើងកើតទុក្ខជាខ្លាំង។ យើងនៅសល់តែជំនួយការខាងកិច្ចបម្រើម្នាក់ និងគ្មានអ្នកចាស់ទុំសោះ។ ការស្លាប់របស់បងក្រេនវីលធ្វើឲ្យខ្ញុំឈឺចិត្តណាស់ ដោយសារគាត់ជាមិត្តជាទីស្រឡាញ់របស់ខ្ញុំ។ គាត់តែងតែជួយខ្ញុំឲ្យចូលទៅជិតព្រះយេហូវ៉ា ហើយផ្ដល់អ្វីផ្សេងៗទៀតដែលខ្ញុំត្រូវការ។ នៅកិច្ចប្រជុំបន្ទាប់ពីគាត់បានស្លាប់ ខ្ញុំមានភារកិច្ចអានទស្សនាវដ្ដីប៉មយាម។ ខ្ញុំបានអានត្រឹមពីរវគ្គដំបូង រួចខ្ញុំចាប់ផ្ដើមយំឥតឈប់។ ខ្ញុំត្រូវចុះពីវេទិកា។
ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ល្អប្រសើរជាង ពេលបងប្អូនពីក្រុមជំនុំផ្សេងបានមកជួយយើងនៅភូមិអូរីអាឡា។ ការិយាល័យសាខាក៏ចាត់បងប្រុសកូចូដែលជាអ្នកត្រួសត្រាយពិសេសឲ្យមកជួយនៅភូមិយើងដែរ។ ខ្ញុំសប្បាយចិត្តណាស់ ដែលម្ដាយនិងប្អូនប្រុសរបស់ខ្ញុំបានចាប់ផ្ដើមសិក្សាគម្ពីរ ហើយទទួលការជ្រមុជទឹក។ នៅខែមីនា ឆ្នាំ២០១៥ ខ្ញុំបានត្រូវតែងតាំងជាជំនួយការខាងកិច្ចបម្រើ។ ក្រោយមក ខ្ញុំបានថ្លែងសុន្ទរកថាសាធារណៈជាលើកទី១។ នៅថ្ងៃនោះ ខ្ញុំបានញញឹមទាំងទឹកភ្នែកពេលគិតអំពីអ្វីដែលបងក្រេនវីលបានប្រាប់ខ្ញុំប៉ុន្មានឆ្នាំមុនថា៖ «នៅថ្ងៃណាមួយ ប្អូននឹងថ្លែងសុន្ទរកថាសាធារណៈ។ ប្អូននឹងធ្វើ!»។
តាមរយៈកម្មវិធីJWទូរទស្សន៍ ខ្ញុំបានឃើញសាក្សីឯទៀតដែលមានស្ថានភាពស្រដៀងនឹងខ្ញុំ។ ទោះជាពួកគេពិការក្ដី ពួកគេមានជីវិតដែលមានន័យនិងសប្បាយ។ មានអ្វីផ្សេងៗដែលខ្ញុំក៏អាចធ្វើដែរ។ ដោយសារខ្ញុំចង់ឲ្យព្រះយេហូវ៉ានូវកម្លាំងដែលខ្ញុំមាន នោះខ្ញុំបានទៅជាអ្នកត្រួសត្រាយពេញពេល។ នៅខែកញ្ញា ឆ្នាំ២០១៩ ខ្ញុំបានទទួលដំណឹងដែលខ្ញុំស្មានមិនដល់។ នៅខែនោះ ខ្ញុំបានត្រូវតែងតាំងជាអ្នកចាស់ទុំនៅក្នុងក្រុមជំនុំរបស់យើង ដែលមានអ្នកផ្សាយប្រហែលជា៤០នាក់។
ខ្ញុំដឹងគុណបងប្អូនជាទីស្រឡាញ់ ដែលបានបង្រៀនខ្ញុំ ហើយបានជួយខ្ញុំឲ្យបម្រើព្រះយេហូវ៉ា។ ជាពិសេស ខ្ញុំដឹងគុណលោកដែលមិនបានភ្លេចខ្ញុំ។
^ វគ្គ 8 សៀវភៅនេះបោះពុម្ពដោយសាក្សីព្រះយេហូវ៉ា ប៉ុន្តែឥឡូវលែងបានត្រូវបោះពុម្ពហើយ។