អត្ថបទសិក្សា ៤៥
របៀបជួយអ្នកឯទៀតឲ្យកាន់តាមបង្គាប់របស់គ្រិស្ត
«ចូរទៅបង្រៀនមនុស្ស . . . ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ . . . ហើយបង្រៀនពួកគេឲ្យកាន់តាមអ្វីៗទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា»។—ម៉ាថ. ២៨:១៩, ២០
ចម្រៀងលេខ៨៩ បើអ្នកស្ដាប់បង្គាប់ អ្នកនឹងទទួលពរបវរ
សេចក្ដីសង្ខេប *
១. យោងទៅតាមម៉ាថាយ ២៨:១៨-២០ តើលោកយេស៊ូបានឲ្យបង្គាប់អ្វី?
ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានលេចមកជួបអ្នកកាន់តាមលោកដែលបានជួបជុំគ្នានៅស្រុកកាលីឡេ។ លោកមានអ្វីសំខាន់ប្រាប់ពួកគេ។ តើនោះជាអ្វី? គឺពាក្យរបស់លោកនៅម៉ាថាយ ២៨:១៨-២០។—សូមអាន
២. តើយើងនឹងពិចារណាសំណួរអ្វីខ្លះ?
២ បង្គាប់របស់លោកយេស៊ូអំពីការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកក៏សម្រាប់អ្នកបម្រើម្នាក់ៗរបស់ព្រះនៅសព្វថ្ងៃនេះដែរ។ ដូច្នេះ សូមយើងពិចារណាសំណួរបីដែលជាប់ទាក់ទងនឹងភារកិច្ចដែលលោកយេស៊ូបានផ្ដល់ឲ្យយើង។ ទី១ តើយើងគួរធ្វើអ្វីទៀតក្រៅពីបង្រៀនអ្នកកាន់តាមថ្មីអំពីតម្រូវការរបស់ព្រះ? ទី២ តើអ្នកផ្សាយទាំងអស់ក្នុងក្រុមជំនុំអាចជួយសិស្សគម្ពីរឲ្យរីកចម្រើនយ៉ាងដូចម្ដេច? ទី៣ តើតាមរបៀបណាយើងអាចជួយបងប្អូនរួមជំនឿដែលអសកម្ម ឲ្យចាប់ផ្ដើមចូលរួមឡើងវិញក្នុងកិច្ចការជួយមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ?
ចូរបង្រៀនពួកគេឲ្យកាន់តាមបង្គាប់របស់គ្រិស្ត
៣. តើបង្គាប់របស់លោកយេស៊ូរួមបញ្ចូលការណែនាំច្បាស់អ្វី?
៣ ការណែនាំរបស់លោកយេស៊ូគឺច្បាស់។ យើងត្រូវបង្រៀនមនុស្សអំពីអ្វីៗដែលលោកបានបង្គាប់។ ប៉ុន្តែ យើងមិនគួរមើលរំលងចំណុចដ៏សំខាន់មួយឡើយ។ គឺថាលោកយេស៊ូមិនបានមានប្រសាសន៍ថា ‹ចូរបង្រៀនពួកគេអ្វីៗទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា›ទេ តែលោកបានមានប្រសាសន៍វិញថា៖ ចូរបង្រៀនពួកគេ«ឲ្យកាន់តាមអ្វីៗទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា»។ ដើម្បីធ្វើតាមការណែនាំរបស់លោកយេស៊ូ យើងត្រូវបង្រៀនសិស្សគម្ពីររបស់យើងអំពីអ្វីដែលពួកគេត្រូវធ្វើ ហើយបង្ហាញពួកគេអំពីរបៀបអនុវត្ត។ ហេតុអ្វីយើងត្រូវធ្វើដូច្នេះ?
៤. សូមលើកឧទាហរណ៍អំពីអត្ថន័យនៃការបង្រៀនបុគ្គលម្នាក់ឲ្យកាន់តាមបង្គាប់ណាមួយ។
៤ ដើម្បីពន្យល់អំពីរបៀបដែលយើងអាចបង្រៀនបុគ្គលណាម្នាក់ឲ្យ«កាន់តាម»អ្វីដែលលោកយេស៊ូបានបង្គាប់ សូមគិតអំពីឧទាហរណ៍មួយ។ តើគ្រូបង្រៀនបើកបរបង្រៀនសិស្សរបស់គាត់ឲ្យធ្វើតាមច្បាប់ចរាចរណ៍យ៉ាងដូចម្ដេច? ដំបូង គ្រូនោះបង្រៀនសិស្សអំពីច្បាប់ដែលគាត់ត្រូវធ្វើតាមពេលគាត់បើកបរ។ ប៉ុន្តែ ដើម្បីបង្រៀនសិស្សអំពីរបៀបអនុវត្តច្បាប់ទាំងនោះ គាត់ត្រូវធ្វើអ្វីមួយទៀត។ គាត់ត្រូវទៅជាមួយសិស្ស ហើយឲ្យការណែនាំដល់សិស្សពេលសិស្សបើកបរ និងពេលសិស្សព្យាយាមធ្វើតាមអ្វីដែលគាត់បានរៀន។ តើយើងអាចរៀនអ្វីពីឧទាហរណ៍នេះ?
៥. (ក) យោងទៅតាមយ៉ូហាន ១៤:១៥ និងយ៉ូហានទី១ ២:៣ តើយើងត្រូវបង្រៀនសិស្សគម្ពីរឲ្យធ្វើអ្វី? (ខ) សូមលើកឧទាហរណ៍អំពីរបៀបដែលយើងអាចណែនាំសិស្សគម្ពីរ។
៥ ពេលយើងសិក្សាគម្ពីរជាមួយអ្នកឯទៀត យើងបង្រៀនពួកគេអំពីអ្វីដែលព្រះតម្រូវ។ ប៉ុន្តែ យើងត្រូវធ្វើលើសពីនេះ។ យើងត្រូវបង្រៀនសិស្សគម្ពីរឲ្យអនុវត្តក្នុងជីវិតប្រចាំថ្ងៃនូវអ្វីដែលពួកគេបានរៀន។ (សូមអាន យ៉ូហាន ១៤:១៥; យ៉ូហានទី១ ២:៣) តាមរយៈគំរូរបស់យើង យើងអាចបង្ហាញសិស្សគម្ពីរអំពីរបៀបដែលពួកគេអាចធ្វើតាមគោលការណ៍គម្ពីរដែលពួកគេកំពុងរៀន ពេលពួកគេនៅកន្លែងធ្វើការ នៅសាលា ឬពេលសម្រាកលម្ហែកាយ។ យើងអាចរៀបរាប់អំពីបទពិសោធន៍របស់យើងផ្ទាល់ ដើម្បីបង្ហាញពួកគេអំពីរបៀបដែលការធ្វើតាមការណែនាំពីគម្ពីរបានការពារយើង ឬជួយយើងឲ្យធ្វើការសម្រេចចិត្តឈ្លាសវៃ។ ពេលយើងនៅជាមួយសិស្សគម្ពីរ យើងអាចអធិដ្ឋានសុំព្រះយេហូវ៉ាឲ្យណែនាំពួកគេ តាមរយៈសកម្មពលបរិសុទ្ធរបស់លោក។—យ៉ូន. ១៦:១៣
៦. តើការបង្រៀនអ្នកឯទៀតឲ្យកាន់តាមបង្គាប់របស់លោកយេស៊ូរួមបញ្ចូលអ្វីខ្លះ?
៦ តើការបង្រៀនអ្នកឯទៀតឲ្យកាន់តាមបង្គាប់របស់លោកយេស៊ូរួមបញ្ចូលអ្វីខ្លះ? គឺយើងត្រូវជួយសិស្សគម្ពីរបណ្ដុះឲ្យមានចិត្តចង់ជួយអ្នកឯទៀតឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ។ សិស្សខ្លះប្រហែលជាភ័យ ពេលគិតអំពីការចូលរួមកិច្ចបម្រើផ្សាយ។ ដូច្នេះ យើងត្រូវតែមានចិត្តអត់ធ្មត់ កាលដែលយើងជួយពួកគេឲ្យយល់សេចក្ដីបង្រៀនក្នុងគម្ពីរឲ្យបានច្បាស់ជាង ដើម្បីពួកគេអាចមានជំនឿកាន់តែមាំមួនឡើង។ នេះនឹងមានឥទ្ធិពលលើចិត្តរបស់ពួកគេ ហើយជំរុញចិត្តពួកគេឲ្យចង់ផ្សព្វផ្សាយ។ តើយើងអាចធ្វើអ្វីដើម្បីកាន់តែជួយសិស្សគម្ពីរឲ្យចង់ផ្សព្វផ្សាយដំណឹងល្អដល់អ្នកឯទៀត?
៧. តើយើងអាចជួយសិស្សគម្ពីរយ៉ាងដូចម្ដេចឲ្យចង់ផ្សព្វផ្សាយដំណឹងល្អដល់អ្នកឯទៀត?
៧ យើងអាចសួរសិស្សគម្ពីរនូវសំណួរដូចជា៖ «តើជីវិតរបស់បងល្អប្រសើរជាងយ៉ាងណា ដោយសារបងអនុវត្តការបង្រៀនពីគម្ពីរ? តើបងគិតថាអ្នកឯទៀតត្រូវឮអ្វីដែលបងកំពុងរៀនឬទេ? តើបងអាចធ្វើអ្វីដើម្បីជួយពួកគេ?»។ (សុភ. ៣:២៧; ម៉ាថ. ៩:៣៧, ៣៨) សូមបង្ហាញសិស្សអំពីខិត្តប័ណ្ណរបស់យើងដែលជាឧបករណ៍ដើម្បីបង្រៀនគម្ពីរ ហើយឲ្យគាត់ជ្រើសរើសខិត្តប័ណ្ណណាដែលគាត់គិតថាញាតិសន្ដាន មិត្តភក្ដិ ឬអ្នករួមការងារនឹងចាប់អារម្មណ៍។ ក្រោយមក សូមឲ្យសិស្សនូវខិត្តប័ណ្ណទាំងនេះមួយចំនួន។ សូមហាត់ជាមួយគ្នា ដើម្បីបង្រៀនគាត់អំពីរបៀបឲ្យខិត្តប័ណ្ណដល់អ្នកឯទៀតដោយមិនធ្វើឲ្យអ្នកនោះទើសចិត្ត។ ក្រោយពីសិស្សគម្ពីរបានត្រូវអនុញ្ញាតឲ្យធ្វើជាអ្នកផ្សព្វផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក យើងក៏ចង់ទៅផ្សព្វផ្សាយជាមួយគាត់ដើម្បីជួយណែនាំគាត់ផងដែរ។—សាស្ដ. ៤:៩, ១០; លូក. ៦:៤០
របៀបដែលក្រុមជំនុំជួយសិស្សគម្ពីរឲ្យរីកចម្រើន
៨. ហេតុអ្វីគឺសំខាន់ដែលសិស្សគម្ពីររបស់យើងមានសេចក្ដីស្រឡាញ់យ៉ាងខ្លាំងចំពោះព្រះនិងអ្នកជិតខាង? (សូមមើលផងដែរនូវប្រអប់ដែលមានចំណងជើងថា « របៀបជួយសិស្សគម្ពីរឲ្យស្រឡាញ់ព្រះកាន់តែខ្លាំងឡើង»)
៨ សូមចាំថាលោកយេស៊ូបានមានប្រសាសន៍ថាយើងត្រូវបង្រៀនអ្នកឯទៀត«ឲ្យកាន់តាមអ្វីៗទាំងអស់» ដែលលោកបានបង្គាប់។ នេះច្បាស់ជារួមបញ្ចូលបញ្ញត្តិដ៏សំខាន់បំផុតពីរ ពោលគឺស្រឡាញ់ព្រះនិងអ្នកជិតខាង។ បង្គាប់ទាំងពីរនេះជាប់ទាក់ទងនឹងកិច្ចការផ្សព្វផ្សាយនិងបង្រៀន។ (ម៉ាថ. ២២:៣៧-៣៩) តើតាមរបៀបណា? មូលហេតុដ៏សំខាន់មួយដែលយើង ចូលរួមក្នុងកិច្ចបម្រើផ្សាយគឺសេចក្ដីស្រឡាញ់ ពោលគឺយើងស្រឡាញ់ព្រះនិងអ្នកជិតខាង។ ពិតមែនថា សិស្សគម្ពីរខ្លះភ័យពេលគិតអំពីការចូលរួមក្នុងកិច្ចបម្រើផ្សាយ តែយើងអាចពង្រឹងទំនុកចិត្តសិស្សទាំងនោះថា ដោយមានជំនួយពីព្រះយេហូវ៉ា ពួកគេអាចយកឈ្នះការភ័យខ្លាចមនុស្សបន្តិចម្ដងៗ។ (ទំនុក. ១៨:១-៣; សុភ. ២៩:២៥) ក្នុងអត្ថបទនេះ មានប្រអប់ដែលរៀបរាប់អំពីអ្វីដែលយើងអាចធ្វើ ដើម្បីជួយសិស្សគម្ពីរឲ្យកាន់តែស្រឡាញ់ព្រះខ្លាំងឡើងៗ។ ចុះយ៉ាងណាបងប្អូនក្នុងក្រុមជំនុំ? តើពួកគេអាចធ្វើអ្វី ដើម្បីជួយអ្នកកាន់តាមថ្មីឲ្យកាន់តែចេះបង្ហាញសេចក្ដីស្រឡាញ់?
៩. តើអ្នករៀនបើកបររៀនមេរៀនដ៏សំខាន់តាមរបៀបណាខ្លះ?
៩ សូមគិតម្ដងទៀតអំពីឧទាហរណ៍របស់អ្នករៀនបើកបរ។ តើគាត់អាចរៀនយ៉ាងដូចម្ដេច កាលដែលគាត់បើកបរដោយមានគ្រូបង្រៀននៅក្បែរគាត់? គឺដោយស្ដាប់គ្រូបង្រៀន និងដោយសង្កេតមើលអ្នកបើកបរឯទៀតដែលបើកយ៉ាងប្រុងប្រយ័ត្ន។ ជាឧទាហរណ៍ គ្រូបង្រៀនប្រហែលជាចង្អុលប្រាប់សិស្សអំពីអ្នកបើកបរម្នាក់ដែលបង្ហាញសេចក្ដីសប្បុរស ដោយឲ្យអ្នកបើកបរម្នាក់ទៀតទៅមុនគាត់ ឬគ្រូបង្រៀនចង្អុលប្រាប់អំពីអ្នកបើកបរដែលបន្ថយពន្លឺភ្លើងហ្វារ ដើម្បីកុំឲ្យចាំងភ្នែកអ្នកបើកបរឯទៀត។ អ្វីទាំងនេះបង្រៀនសិស្សមេរៀនដ៏សំខាន់ដែលគាត់អាចអនុវត្តពេលគាត់បើកបរ។
១០. តើអ្វីនឹងជួយសិស្សគម្ពីរឲ្យរីកចម្រើន?
១០ ស្រដៀងគ្នាដែរ សិស្សគម្ពីរដែលចាប់ផ្ដើមបម្រើព្រះយេហូវ៉ាមិនគ្រាន់តែរៀនពីអ្នកបង្រៀនប៉ុណ្ណោះទេ ប៉ុន្តែក៏រៀនពីគំរូល្អរបស់អ្នកឯទៀតដែលបម្រើព្រះយេហូវ៉ាដែរ។ ដូច្នេះ តើអ្វីនឹងជួយសិស្សគម្ពីរឲ្យរីកចម្រើន? គឺការចូលរួមកិច្ចប្រជុំរបស់យើង។ ហេតុអ្វី? ការណែនាំពីគម្ពីរនៅកិច្ចប្រជុំនឹងធ្វើឲ្យពួកគេមានចំណេះកាន់តែច្រើន មានជំនឿកាន់តែរឹងមាំ និងជួយពួកគេឲ្យកាន់តែស្រឡាញ់ព្រះ។ (សកម្ម. ១៥:៣០-៣២) ម្យ៉ាងទៀតនៅកិច្ចប្រជុំ អ្នកបង្រៀនគម្ពីរអាចណែនាំសិស្សឲ្យជួបបងប្អូនដែលមានបទពិសោធន៍ ឬស្ថានភាពស្រដៀងនឹងគាត់។ សិស្សគម្ពីរនឹងឃើញបងប្អូនដែលជាគំរូល្អស្ដីអំពីការបង្ហាញសេចក្ដីស្រឡាញ់នៅក្នុងក្រុមជំនុំ។ សូមគិតអំពីឧទាហរណ៍ខ្លះ។
១១. តើសិស្សគម្ពីរអាចឃើញគំរូអ្វីខ្លះក្នុងក្រុមជំនុំ ហើយតើនោះប្រហែលជានឹងមានឥទ្ធិពលយ៉ាងណាទៅលើសិស្ស?
១១ ឧបមាថា សិស្សគម្ពីរម្នាក់ដែលជាស្ត្រីមេម៉ាយនិងមានកូន ប្រហែលជាសង្កេតឃើញបងស្រីម្នាក់នៅក្នុងក្រុមជំនុំដែលមានស្ថានភាពស្រដៀងនឹងគាត់។ ការខំប្រឹងរបស់បងស្រីនោះក្នុងការចូលរួមកិច្ចប្រជុំជាមួយកូនតូចៗរបស់គាត់មានឥទ្ធិពលលើចិត្តរបស់សិស្សគម្ពីរ។ សិស្សគម្ពីរម្នាក់ទៀតដែលពិបាកផ្ដាច់បារី ចាប់ផ្ដើមស្គាល់អ្នកផ្សាយម្នាក់ដែលធ្លាប់មានបញ្ហាស្រដៀងគ្នា ប៉ុន្តែបានយកឈ្នះបញ្ហានោះ។ អ្នកផ្សាយនោះប្រាប់សិស្សគម្ពីរអំពីរបៀបដែលសេចក្ដីស្រឡាញ់កាន់តែខ្លាំងឡើងៗចំពោះព្រះយេហូវ៉ា បានជំរុញចិត្តគាត់ឲ្យធ្វើតាមបង្គាប់របស់ព្រះ។ (២កូ. ៧:១; ភី. ៤:១៣) ក្រោយពីបងប្រុសប្រាប់សិស្សគម្ពីរអំពីរបៀបដែលគាត់បានផ្ដាច់បារី បងប្រុសនោះនិយាយថា៖ «បងក៏អាចផ្ដាច់បារីបានដែរ»។ នេះបានលើកទឹកចិត្តសិស្សគម្ពីរនោះ ហើយគាត់ជឿថាគាត់ក៏អាចធ្វើបានដែរ។ រីឯយុវតីម្នាក់ដែលរៀនគម្ពីរ កត់សម្គាល់ប្អូនស្រីវ័យក្មេងនៅក្នុងក្រុមជំនុំដែលពិតជាសប្បាយនឹងជីវិតជាសាក្សី ហើយចូលចិត្តជួយអ្នកឯទៀត។ អ្វីដែលគាត់សង្កេតឃើញ នាំឲ្យគាត់ចង់រៀនថែមទៀតអំពីមូលហេតុដែលប្អូនស្រីនោះតែងតែសប្បាយ។
១២. ហេតុអ្វីយើងអាចនិយាយថាបងប្អូនម្នាក់ៗក្នុងក្រុមជំនុំអាចជួយសិស្សគម្ពីរ?
១២ ពេលសិស្សគម្ពីរចាប់ផ្ដើមស្គាល់អ្នកផ្សាយដ៏ស្មោះត្រង់ផ្សេងៗ គាត់រៀនពីគំរូរបស់ពួកគេអំពីរបៀបកាន់តាមបង្គាប់របស់គ្រិស្ត ដែលឲ្យស្រឡាញ់ព្រះនិងអ្នកជិតខាង។ (យ៉ូន. ១៣:៣៥; ១ធី. ៤:១២) បន្ថែមទៅទៀត ដូចបានរៀបរាប់នៅខាងលើ សិស្សគម្ពីរអាចរៀនពីអ្នកផ្សាយដែលមានបញ្ហាស្រដៀងនឹងបញ្ហារបស់គាត់។ តាមគំរូទាំងនេះ សិស្សគម្ពីររៀនថាគាត់អាចធ្វើការផ្លាស់ប្ដូរដែលសំខាន់ចាំបាច់ដើម្បីទៅជាអ្នកកាន់តាមគ្រិស្ត។ (ចោ. ៣០:១១) បងប្អូនម្នាក់ៗក្នុងក្រុមជំនុំអាចជួយសិស្សគម្ពីរតាមរបៀបផ្សេងៗដើម្បីឲ្យរីកចម្រើន។ (ម៉ាថ. ៥:១៦) តើអ្នកកំពុងធ្វើអ្វីខ្លះដើម្បីលើកទឹកចិត្តសិស្សគម្ពីរដែលមកកិច្ចប្រជុំ?
ចូរជួយពួកអ្នកអសកម្មឲ្យផ្សព្វផ្សាយម្ដងទៀត
១៣-១៤. តើលោកយេស៊ូបានប្រព្រឹត្តយ៉ាងណាទៅលើពួកសាវ័ករបស់លោកនៅពេលពួកគេអស់កម្លាំងចិត្ត?
១៣ យើងចង់ជួយបងប្អូនអសកម្មរបស់យើងឲ្យចូលរួមឡើងវិញក្នុងការធ្វើតាមបង្គាប់របស់លោកយេស៊ូគ្រិស្ត ដែលឲ្យបង្រៀនអ្នកឯទៀតឲ្យក្លាយទៅជាអ្នកកាន់តាមលោក។ ការប្រព្រឹត្តរបស់លោកយេស៊ូចំពោះពួកសាវ័កពេលដែលពួកគេអស់កម្លាំងចិត្ត បង្ហាញអំពីអ្វីដែលយើងអាចធ្វើនៅសព្វថ្ងៃនេះ។
១៤ នៅចុងបញ្ចប់នៃកិច្ចបម្រើរបស់លោកយេស៊ូនៅផែនដីពេលលោកហៀបនឹងស្លាប់ ពួកសាវ័ក«បានរត់ចោលលោកទាំងអស់គ្នា»។ (ម៉ាក. ១៤:៥០; យ៉ូន. ១៦:៣២) តើលោកយេស៊ូបានធ្វើអ្វីពេលពួកសាវ័ករបស់លោកទន់ខ្សោយអស់មួយរយៈពេល? មិនយូរក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានប្រាប់អ្នកកាន់តាមមួយចំនួនរបស់លោកថា៖ «កុំខ្លាចឡើយ! ចូរទៅ ហើយនាំដំណឹងប្រាប់បងប្អូនរបស់ខ្ញុំ[ថាខ្ញុំបានត្រូវប្រោសឲ្យរស់ឡើងវិញ]»។ (ម៉ាថ. ២៨:១០ក) លោកយេស៊ូមិនបានបោះបង់ចោលពួកសាវ័ករបស់លោកទេ។ ទោះជាពួកគេរត់ចោលលោកក៏ដោយ លោកនៅតែហៅពួកគេជា«បងប្អូនរបស់ខ្ញុំ»។ ដូចព្រះយេហូវ៉ា លោកយេស៊ូបានបង្ហាញសេចក្ដីមេត្តាករុណានិងអភ័យទោសឲ្យពួកគេ។—២ព. ១៣:២៣
១៥. តើយើងមានអារម្មណ៍យ៉ាងណាចំពោះបងប្អូនដែលឈប់ចូលរួមក្នុងកិច្ចបម្រើផ្សាយ?
១៥ យើងក៏យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពួកអ្នកដែលឈប់ចូលរួមក្នុងកិច្ចបម្រើផ្សាយ។ ពួកគេជាបងប្អូនរបស់យើង ហើយយើងស្រឡាញ់ពួកគេ! យើងនៅតែនឹកចាំការខំប្រឹងរបស់បងប្អូនទាំងនេះក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ បងប្អូនអសកម្មខ្លះធ្លាប់បម្រើព្រះយេហូវ៉ាយ៉ាងខ្នះខ្នែងអស់ជាច្រើនឆ្នាំ។ (ហេ. ៦:១០) យើងពិតជានឹកបងប្អូនទាំងនេះ! (លូក. ១៥:៤-៧) ដោយយកតម្រាប់លោកយេស៊ូ តើយើងអាចបង្ហាញការយកចិត្តទុកដាក់ចំពោះពួកគេយ៉ាងដូចម្ដេច?
១៦. តើយើងអាចបង្ហាញយ៉ាងណាថាយើងយកចិត្តទុកដាក់ចំពោះបងប្អូនអសកម្ម?
១៦ ចូរអញ្ជើញពួកគេយ៉ាងកក់ក្ដៅឲ្យមកកិច្ចប្រជុំ។ របៀបមួយដែលលោកយេស៊ូបានលើកទឹកចិត្តពួកសាវ័កពេលពួកគេអស់កម្លាំងចិត្ត គឺដោយអញ្ជើញពួកគេឲ្យចូលរួមកិច្ចប្រជុំមួយ។ (ម៉ាថ. ២៨:១០ខ; ១កូ. ១៥:៦) ស្រដៀងគ្នាដែរ នៅសព្វថ្ងៃនេះយើងអាចលើកទឹកចិត្តពួកអ្នកអសកម្មឲ្យចូលរួមកិច្ចប្រជុំ។ យើងដឹងថាយើងប្រហែលជាត្រូវអញ្ជើញពួកគេអស់ជាច្រើនដង។ តែពេលពួកគេចូលរួម យើងនឹងសប្បាយរីករាយ ដូចលោកយេស៊ូទំនងជាសប្បាយចិត្តពេលអ្នកកាន់តាមលោកទទួលយកការអញ្ជើញរបស់លោក។—សូមពិនិត្យបន្ថែម ម៉ាថាយ ២៨:១៦ និងលូកា ១៥:៦
១៧. តើយើងគួរមានប្រតិកម្មយ៉ាងណាពេលបុគ្គលដែលអសកម្មមកកិច្ចប្រជុំ?
១៧ សូមស្វាគមន៍ពួកគេដោយអស់ពីចិត្ត។ លោកយេស៊ូបានស្វាគមន៍ពួកអ្នកកាន់តាមលោក ពេលពួកគេជួបជុំជាមួយលោក ហើយលោកបានទៅរកពួកគេមុន។ (ម៉ាថ. ២៨:១៨) តើយើងនឹងមានប្រតិកម្មយ៉ាងណាពេលបងប្អូនអសកម្មណាម្នាក់មកសាលប្រជុំ? យើងគួរទៅរកគាត់មុន ដោយស្វាគមន៍គាត់យ៉ាងកក់ក្ដៅ។ ដំបូង យើងប្រហែលជាបារម្ភថា យើងមិនដឹងថាគួរនិយាយអ្វី។ ប៉ុន្តែ ដោយមិនធ្វើឲ្យគាត់ខ្មាស យើងអាចប្រាប់គាត់ថាយើងសប្បាយចិត្តឃើញគាត់។
១៨. តើយើងអាចពង្រឹងទំនុកចិត្តរបស់អ្នកផ្សាយអសកម្មតាមរបៀបណា?
១៨ ចូរពង្រឹងទំនុកចិត្តរបស់ពួកគេ។ អ្នកកាន់តាមលោកយេស៊ូទំនងជាមានអារម្មណ៍ថា ការធ្វើតាមបង្គាប់របស់លោកដែលឲ្យផ្សព្វផ្សាយដល់មនុស្សទូទាំងពិភពលោកគឺហួសពីសមត្ថភាពរបស់ពួកគេ។ លោកយេស៊ូបានពង្រឹងទំនុកចិត្តរបស់អ្នកកាន់តាមលោក ដោយមានប្រសាសន៍ថា៖ «ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាជារៀងរាល់ថ្ងៃ»។ (ម៉ាថ. ២៨:២០) តើនោះបានជួយអ្នកកាន់តាមលោកឬទេ? គឺបានជួយមែន! មិនយូរក្រោយមក ពួកគេជាប់រវល់ក្នុងការ«បង្រៀននិងប្រកាសដំណឹងល្អ»។ (សកម្ម. ៥:៤២) អ្នកផ្សាយអសកម្មក៏ត្រូវការការពង្រឹងកម្លាំងចិត្តដែរ។ ប្រហែលជាពួកគេមិនហ៊ានចាប់ផ្ដើមផ្សព្វផ្សាយម្ដងទៀត។ យើងអាចពង្រឹងទំនុកចិត្តរបស់ពួកគេថា ពួកគេមិនមែនផ្សព្វផ្សាយម្នាក់ឯងទេ។ ពេលពួកគេចង់ចាប់ផ្ដើមផ្សព្វផ្សាយម្ដងទៀត យើងពេញចិត្តទៅជាមួយពួក គេ។ ពួកគេនឹងទំនងជាសប្បាយចិត្តទទួលជំនួយពីយើង ពេលពួកគេចាប់ផ្ដើមផ្សព្វផ្សាយដំណឹងល្អម្ដងទៀត។ ពេលយើងបង្ហាញពួកអ្នកអសកម្មថា យើងចាត់ទុកពួកគេជាបងប្អូនរបស់យើង នោះពួកគេប្រហែលជាចាប់ផ្ដើមមានសកម្មភាពឡើងវិញ ហើយនេះធ្វើឲ្យក្រុមជំនុំទាំងមូលអរសប្បាយ។
យើងចង់បង្ហើយកិច្ចការដែលលោកយេស៊ូបានផ្ដល់ឲ្យយើង
១៩. តើយើងមានបំណងចិត្តអ្វី ហើយហេតុអ្វី?
១៩ តើយើងគួរបន្តជួយមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមដល់ពេលណា? គឺរហូតដល់ទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ។ (ម៉ាថ. ២៨:២០) តើយើងនឹងអាចផ្សព្វផ្សាយ ហើយជួយមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូរហូតដល់គ្រានោះឬទេ? យើងតាំងចិត្តធ្វើដូច្នេះ! យើងសប្បាយចិត្តប្រើពេលវេលា កម្លាំង និងធនធានរបស់យើងដើម្បីស្វែងរកមនុស្សដែល«មានចិត្តគំនិតត្រឹមត្រូវឲ្យបានជីវិតដែលគ្មានទីបញ្ចប់»។ (សកម្ម. ១៣:៤៨) ពេលយើងធ្វើដូច្នេះ យើងធ្វើតាមគំរូរបស់លោកយេស៊ូ។ លោកបានមានប្រសាសន៍ថា៖ «អាហាររបស់ខ្ញុំ គឺខ្ញុំធ្វើតាមបំណងប្រាថ្នារបស់លោកដែលបានចាត់ខ្ញុំឲ្យមក ព្រមទាំងបង្ហើយកិច្ចការដែលលោកបានផ្ដល់ឲ្យ»។ (យ៉ូន. ៤:៣៤; ១៧:៤) យើងក៏មានបំណងចិត្តបែបនេះដែរ។ យើងចង់បង្ហើយកិច្ចការដែលបានត្រូវផ្ញើទុកនឹងយើង។ (យ៉ូន. ២០:២១) យើងក៏ចង់ឲ្យអ្នកឯទៀត រួមទាំងពួកអ្នកអសកម្មតស៊ូជាមួយយើងក្នុងកិច្ចការនេះ។—ម៉ាថ. ២៤:១៣
២០. យោងទៅតាមភីលីព ៤:១៣ ហេតុអ្វីយើងអាចបំពេញកិច្ចការដែលលោកយេស៊ូបានបង្គាប់យើងឲ្យធ្វើ?
២០ ពិតមែនថា ការធ្វើតាមបង្គាប់របស់លោកយេស៊ូគឺមិនស្រួលឡើយ។ ប៉ុន្តែ យើងមិនមែនធ្វើកិច្ចការនេះតែម្នាក់ឯងទេ។ លោកយេស៊ូបានសន្យាថាលោកនឹងនៅជាមួយយើង។ យើងបំពេញភារកិច្ចបង្រៀនអ្នកឯទៀតឲ្យក្លាយទៅជាអ្នកកាន់តាមលោក «ក្នុងនាមជាអ្នកកាន់តាមគ្រិស្ត» និង«ជាអ្នករួមការងារជាមួយនឹងព្រះ»។ (១កូ. ៣:៩; ២កូ. ២:១៧) ហេតុនេះ យើងអាចធ្វើកិច្ចការនេះបាន។ យើងសប្បាយចិត្តដែលយើងមានឯកសិទ្ធិបំពេញភារកិច្ចនេះ និងជួយអ្នកឯទៀតឲ្យធ្វើដូច្នេះដែរ!—សូមអាន ភីលីព ៤:១៣
ចម្រៀងលេខ៧៩ ចូរបង្រៀនពួកគេឲ្យកាន់ជំហរមាំមួន
^ វគ្គ 5 លោកយេស៊ូបានផ្ដល់ការណែនាំដល់អ្នកកាន់តាមលោកឲ្យបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោក ហើយបង្រៀនពួកគេឲ្យកាន់តាមអ្វីៗទាំងអស់ដែលលោកបានបង្គាប់។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលយើងអាចធ្វើតាមការណែនាំរបស់លោកយេស៊ូ។ ព័ត៌មានខ្លះក្នុងអត្ថបទនេះមានមូលដ្ឋានលើអត្ថបទមួយដែលចេញផ្សាយក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែតុលា ឆ្នាំ២០០៤ នៅទំព័រ១៤-១៩។
^ វគ្គ 66 ការពណ៌នាអំពីរូបភាព: បងស្រីម្នាក់ដែលដឹកនាំការសិក្សាគម្ពីរពន្យល់អំពីអ្វីដែលសិស្សត្រូវធ្វើ ដើម្បីមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងចំពោះព្រះ។ ក្រោយមក សិស្សគម្ពីរធ្វើតាមយោបល់បីយ៉ាងដែលគាត់បានទទួលពីអ្នកបង្រៀន។