ជីវប្រវត្ដិ
ខ្ញុំស្វែងរកជីវិតដែលមានន័យខ្លឹមសារ
ពេលខ្ញុំធ្វើដំណើរតាមទូកក្ដោងនៅកណ្ដាលសមុទ្រមេឌីទែរ៉ានេ ខ្ញុំភ្ញាក់ផ្អើលដោយឃើញទូកក្ដោងចាស់របស់ខ្ញុំធ្លាយយ៉ាងខ្លាំងរហូតដល់មានទឹកចូលយ៉ាងច្រើន។ ក្រោយមកមានព្យុះ។ ខ្ញុំភ័យ ហើយបានអធិដ្ឋាន ជាអ្វីដែលខ្ញុំខានធ្វើអស់ជាច្រើនឆ្នាំ។ ហេតុអ្វីខ្ញុំស្ថិតក្នុងស្ថានភាពនេះ? ខ្ញុំសូមរៀបរាប់សាច់រឿងតាំងពីដើមដំបូងមក។
ខ្ញុំបានកើតមកនៅឆ្នាំ១៩៤៨ នាប្រទេសហូឡង់។ នៅឆ្នាំបន្ទាប់ ក្រុមគ្រួសាររបស់យើងបានរើទៅក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល។ ឪពុកម្ដាយខ្ញុំទៅវិហារជាទៀងទាត់ ហើយក្រុមគ្រួសារយើងមានទម្លាប់អានគម្ពីរជាមួយគ្នាក្រោយពីអាហារល្ងាច។ នៅឆ្នាំ១៩៥៩ យើងបានរើពីប្រទេសប្រេស៊ីលទៅសហរដ្ឋអាម៉េរិក នៅរដ្ឋម៉ាស្សាឈូសេត។
ឪពុករបស់ខ្ញុំខំប្រឹងធ្វើការដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារដែលមានសមាជិក៨នាក់។ គាត់មានការងារផ្សេងៗដូចជា អ្នកលក់តាមផ្ទះ អ្នកសាងសង់ផ្លូវ និងអ្នកលក់សំបុត្រនៅក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមួយ។ យើងទាំងអស់គ្នាសប្បាយចិត្តពេលគាត់ធ្វើការនៅក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ដោយសារយើងអាចធ្វើដំណើរបានច្រើនកន្លែង។
ក្នុងអំឡុងពេលរៀននៅវិទ្យាល័យ ខ្ញុំច្រើនតែគិតថា‹តើខ្ញុំនឹងធ្វើអ្វីពេលខ្ញុំធំឡើង?›។ មិត្តភក្តិខ្លះរបស់ខ្ញុំបានសម្រេចចិត្តទៅរៀននៅសកលវិទ្យាល័យ រីឯមិត្តភក្ដិខ្លះទៀត បានសម្រេចចិត្តធ្វើទាហាន។ ប៉ុន្តែ ខ្ញុំមិនចង់ធ្វើទាហានទេ ដោយសារខ្ញុំពិតជាមិនចង់ធ្វើសង្គ្រាម។ ខ្ញុំបានសម្រេចចិត្តចូលរៀននៅសកលវិទ្យាល័យដើម្បីជៀសវាងពីការបំពេញកាតព្វកិច្ចយោធា។ តាមពិតនៅក្នុងចិត្តខ្ញុំ ខ្ញុំចង់ជួយអ្នកឯទៀត ដោយសារខ្ញុំគិតថានេះនឹងនាំឲ្យខ្ញុំមានជីវិតដែលមានន័យខ្លឹមសារ។
ជីវិតនៅសកលវិទ្យាល័យ
នៅសកលវិទ្យាល័យ ខ្ញុំចាប់អារម្មណ៍មុខវិជ្ជាមនុស្សសាស្ត្រ ដោយសារខ្ញុំឆ្ងល់អំពីដើមកំណើតនៃជីវិត។ គ្រូបង្រៀននៅទីនោះបង្រៀនយើងអំពីការវិវត្តន៍ ហើយចង់ឲ្យយើងជឿថានោះជាការពិត។ ប៉ុន្តែ ចំពោះខ្ញុំ ការពន្យល់របស់ពួកគេគឺមិនសមហេតុផល ហើយតម្រូវឲ្យខ្ញុំជឿជាក់ទៅលើអ្វីមួយដែលគ្មានភ័ស្តុតាង។
នៅក្នុងថ្នាក់របស់ខ្ញុំ គ្រូមិនបង្រៀនអំពីគោលការណ៍សីលធម៌ដ៏ខ្ពង់ខ្ពស់ទេ។ ផ្ទុយទៅវិញ ពួកគេបង្រៀនអំពីការធ្វើយ៉ាងណាដើម្បីបានពិន្ទុល្អនៅសកលវិទ្យាល័យ។ ការជប់លៀងជាមួយមិត្តភក្ដិនៅសាលានិងការសាកប្រើគ្រឿងញៀនធ្វើឲ្យខ្ញុំសប្បាយ ប៉ុន្តែនោះតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំឆ្ងល់ថា‹តើជីវិតបែបនេះពិតជាមានន័យខ្លឹមសារឬទេ?›។
ក្រោយមក ខ្ញុំបានរើទៅក្រុងបូស្តុន ហើយបានចាប់ផ្ដើមចូលរៀននៅសកលវិទ្យាល័យនៅទីនោះ។ ខ្ញុំបានធ្វើការក្នុងអំឡុងពេលវិស្សមកាល ហើយនៅកន្លែងធ្វើការ ខ្ញុំបានជួបសាក្សីព្រះយេហូវ៉ាម្នាក់ជាលើកដំបូង។ អ្នករួមការងារដែលជាសាក្សីនោះ និយាយជាមួយខ្ញុំអំពីទំនាយស្ដីអំពី«៧គ្រា»នៅដានីយ៉ែល ជំពូកទី៤ ហើយពន្យល់ថាយើងកំពុងរស់នៅគ្រាចុងបញ្ចប់។ (ដាន. ៤:១៣-១៧) ភ្លាមៗខ្ញុំយល់ថា បើខ្ញុំបន្តនិយាយជាមួយគាត់អំពីគម្ពីរ ហើយជឿអ្វីដែលខ្ញុំកំពុងរៀន ខ្ញុំនឹងត្រូវធ្វើការកែប្រែក្នុងជីវិត។ ដូច្នេះ ខ្ញុំខំអស់ពីសមត្ថភាពដើម្បីគេចពីគាត់។
នៅសកលវិទ្យាល័យ ខ្ញុំបានរៀនមុខវិជ្ជាដែលជួយខ្ញុំឲ្យត្រៀមខ្លួនធ្វើកិច្ចការស្ម័គ្រចិត្តនៅទ្វីបអាម៉េរិកខាងត្បូង។ ខ្ញុំបានគិតថា ការធ្វើកិច្ចការសប្បុរសធម៌ដើម្បីជួយអ្នកឯទៀតនឹងធ្វើឲ្យខ្ញុំមានជីវិតដែលមានន័យខ្លឹមសារ។ ប៉ុន្តែក្រោយមក ខ្ញុំដឹងថាសូម្បីតែកិច្ចការនោះ ក៏មិននាំឲ្យមានជីវិតដែលមានន័យទេ។ ខ្ញុំខកចិត្តយ៉ាងខ្លាំង ហើយបានឈប់ទៅសកលវិទ្យាល័យនៅចុងឆមាស។
ខ្ញុំបន្តស្វែងរកជីវិតដែលមានន័យខ្លឹមសារនៅកន្លែងឆ្ងាយ
នៅខែឧសភា ឆ្នាំ១៩៧០ ខ្ញុំបានរើទៅក្រុងអាំស្ទែដាំ ប្រទេសហូឡង់ ដើម្បីធ្វើការនៅក្រុមហ៊ុនអាកាសចរណ៍ដូចឪពុកខ្ញុំ។ ដោយសារការងារនោះ ខ្ញុំមានឱកាសទៅលេងប្រទេសផ្សេងៗនៅទ្វីបអាហ្វ្រិក អាម៉េរិក អឺរ៉ុប និងអាស៊ី។ នៅប្រទេសទាំងនោះ ខ្ញុំបានឃើញថាមានបញ្ហាធំៗដូចគ្នា ហើយគ្មានអ្នកណាអាចដោះស្រាយបានទេ។ ខ្ញុំនៅតែចង់ធ្វើអ្វីមួយដ៏អស្ចារ្យក្នុងជីវិតខ្ញុំ ដូច្នេះខ្ញុំសម្រេចចិត្តរើទៅសហរដ្ឋអាម៉េរិកវិញ ហើយចូលរៀននៅសកលវិទ្យាល័យដែលខ្ញុំធ្លាប់រៀននៅក្រុងបូស្តុន។
ប៉ុន្តែ ភ្លាមៗខ្ញុំបានទទួលស្គាល់ថា ការរៀននៅសកលវិទ្យាល័យមិនជួយខ្ញុំឲ្យទទួលចម្លើយដែលខ្ញុំឆ្ងល់អំពីជីវិតទេ។ ខ្ញុំមិនដឹងថាគួរធ្វើអ្វីឡើយ។ ដូច្នេះ ខ្ញុំបានសុំយោបល់ពីសាស្ត្រាចារ្យម្នាក់ខាងមនុស្សសាស្ត្រ។ ខ្ញុំភ្ញាក់ផ្អើលពេលគាត់និយាយថា៖ «មិនចាំបាច់បន្តសិក្សាទេ ឈប់ឥឡូវក៏បាន!»។ ក្រោយពីគាត់និយាយចប់ ខ្ញុំសម្រេចចិត្តឈប់រៀនតែម្ដង។
ជីវិតរបស់ខ្ញុំដូចជាគ្មានន័យទេ។ ដូច្នេះ ខ្ញុំសម្រេចចិត្តចូលក្រុមមនុស្សដែលមានរបៀបរស់នៅខុសគេ ហើយដែលមើលទៅលើកស្ទួយការមានសេចក្ដីស្រឡាញ់និងសន្តិសុខ។ ខ្ញុំនិងមិត្តភក្ដិខ្លះៗបានធ្វើដំណើរឆ្លងកាត់សហរដ្ឋអាម៉េរិករហូតដល់យើងទៅដល់ក្រុងអាកាផូលកូ ប្រទេសម៉ិកស៊ិក។ នៅទីនោះ យើងបានរស់នៅក្នុងសង្គមមនុស្សដែលមើលទៅគ្មានការខ្វល់ខ្វាយ។ ប៉ុន្តែ ពេលដែលខ្ញុំរស់នៅជាមួយពួកគេ ខ្ញុំអាចដឹងថាជីវិតរបស់ពួកគេមិនមានន័យខ្លឹមសារ ហើយមិនមានសុភមង្គលដែលស្ថិតស្ថេរទេ។ ផ្ទុយទៅវិញ ខ្ញុំឃើញថាពួកគេភាគច្រើន គឺមិនមែនជាមនុស្សស្មោះត្រង់ ហើយទៀងត្រង់នោះឡើយ។
ខ្ញុំជិះទូកក្ដោងបន្តស្វែងរកជីវិតដ៏មានន័យ
ក្នុងអំឡុងពេលនោះ ខ្ញុំគិតចង់សម្រេចក្ដីស្រមៃដែលខ្ញុំមានតាំងពីក្មេងមក។ ខ្ញុំចង់ធ្វើជាអ្នកបើកទូកក្ដោងដោយខ្លួនឯង ដោយមិន
មានអ្នកណាបញ្ជា។ វិធីមួយដើម្បីធ្វើដូច្នេះបានគឺខ្ញុំត្រូវទិញទូកក្ដោង។ ដោយសារខ្ញុំនិងថំដែលជាមិត្តខ្ញុំមានចិត្តគំនិតដូចគ្នាអំពីរឿងនេះ យើងសម្រេចចិត្តជិះទូកក្ដោងជាមួយគ្នាដើម្បីធ្វើដំណើរជុំវិញពិភពលោក។ ខ្ញុំចង់ស្វែងរកកោះស្អាតមួយ ជាកន្លែងដែលនៅដាច់ឆ្ងាយពីសង្គមមនុស្ស។ខ្ញុំនិងថំបានធ្វើដំណើរទៅក្រុងអារិនីស ដាម៉ា ជិតក្រុងបាសាឡូណា ប្រទេសអេស្ប៉ាញ។ នៅទីនោះ យើងបានទិញទូកក្ដោងមួយឈ្មោះលីក្រា ដែលមានប្រវែង៩.៤ម៉ែត្រ។ យើងបានជួសជុលទូកនោះ ដើម្បីយើងអាចធ្វើដំណើរតាមសមុទ្រដោយសុវត្ថិភាព។ ដោយសារយើងមិនប្រញាប់ទៅដល់គោលដៅរបស់យើង យើងបានដកម៉ាស៊ីនចេញ ហើយដាក់ទឹកផឹកជំនួសវិញ។ យើងក៏បានទិញចង្វាប្រវែងប្រាំម៉ែត្រមួយគូ ដើម្បីអាចជិះចូលកំពង់ផែតូចៗ។ ទីបំផុត យើងចាប់ផ្ដើមធ្វើដំណើរទៅប្រជុំកោះសីស្ហែល នាមហាសមុទ្រឥណ្ឌា។ យើងមានគម្រោងជិះឆ្វែលតាមឆ្នេរនៅអាហ្វ្រិកភាគខាងលិចនិងអាហ្វ្រិកភាគខាងត្បូង។ យើងប្រើផ្កាយ ផែនទីខ្លះ សៀវភៅផ្សេងៗ និងឧបករណ៍សាមញ្ញដែលបង្ហាញទិស ដើម្បីយើងអាចធ្វើដំណើរតាមទិសដៅត្រឹមត្រូវ។ ខ្ញុំកោតស្ងើច ដោយប្រើអ្វីទាំងនោះ យើងអាចដឹងអំពីទីតាំងរបស់យើងយ៉ាងត្រឹមត្រូវ។
មិនយូរក្រោយមក យើងបានឃើញថាទូករបស់យើងមិនសមធ្វើដំណើរកាត់មហាសមុទ្រទេ។ វាមានទឹកចូលប្រហែលជា២២លីត្រក្នុងមួយម៉ោង។ ដូចខ្ញុំបានរៀបរាប់នៅពាក្យផ្ដើម ពេលមានខ្យល់ព្យុះ ខ្ញុំភ័យខ្លាចយ៉ាងខ្លាំង ហើយបានអធិដ្ឋានទៅព្រះ ជាអ្វីដែលខ្ញុំខានធ្វើអស់ជាច្រើនឆ្នាំ។ នៅក្នុងសេចក្ដីអធិដ្ឋាននោះ ខ្ញុំបានសន្យាទៅព្រះថា បើខ្ញុំរួចជីវិត ខ្ញុំនឹងស្វែងរកលោក។ ក្រោយមក ខ្យល់ព្យុះបានស្ងប់ជាង ហើយខ្ញុំបានធ្វើតាមពាក្យសន្យារបស់ខ្ញុំ។
ខ្ញុំបានចាប់ផ្ដើមអានគម្ពីរកាលដែលកំពុងធ្វើដំណើរនៅលើសមុទ្រ។ សូមស្រមៃគិតថាគឺស្អាតយ៉ាងណា នៅជុំវិញអាចឃើញត្រីច្រើនប្រភេទកំពុងហែលទឹក ហើយសម្លឹងឃើញជើងមេឃឆ្ងាយដាច់កន្ទុយភ្នែក! យប់ឡើង ខ្ញុំកោតស្ងើចចំពោះកាឡាក់ស៊ីមីលគីវ៉េរបស់យើងដែលមានផ្កាយជាច្រើន។ នេះធ្វើឲ្យខ្ញុំដឹងថាមានព្រះមួយដែលចាប់អារម្មណ៍នឹងមនុស្សជាតិ។
ក្រោយពីប៉ុន្មានសប្ដាហ៍នៅលើសមុទ្រ យើងបានទៅដល់កំពង់ផែនាក្រុងអាលីខេនធី ប្រទេសអេស្ប៉ាញ ជាកន្លែងដែលយើងដាក់ទូកក្ដោងលក់ដើម្បីយើងអាចទិញទូកល្អជាង។ ទូកយើងចាស់ ជ្រាបទឹក និងគ្មានម៉ាស៊ីន ដូច្នេះគឺមិនគួរឲ្យភ្ញាក់ផ្អើលទេដែលមិនងាយមានគេចង់ទិញ! ប៉ុន្តែល្អម្យ៉ាង ខ្ញុំអាចមានពេលអានគម្ពីរ។
កាលដែលខ្ញុំកាន់តែអានគម្ពីរ ខ្ញុំកាន់តែឃើញថាសៀវភៅនោះមានការណែនាំដែលអាចជួយយើងឲ្យមានសុភមង្គលក្នុងជីវិត។ ខ្ញុំកោតស្ងើចដែលគម្ពីររៀបរាប់យ៉ាងច្បាស់លាស់អំពីរបៀបរស់នៅស្អាតស្អំខាងសីលធម៌។ ខ្ញុំឆ្ងល់ថា ហេតុអ្វីមនុស្សជាច្រើនរួមទាំងខ្ញុំចាត់ទុកថាខ្លួនជាគ្រិស្តសាសនិក ប៉ុន្តែបែរជាមិនអើពើនឹងអ្វីដែលគម្ពីរចែងទៅវិញ។
ខ្ញុំតាំងចិត្តលះចោលរបៀបរស់នៅដែលខ្ញុំកំពុងមាន ដូច្នេះខ្ញុំបានឈប់ប្រើគ្រឿងញៀន។ ខ្ញុំគិតថាច្បាស់ជាមានមនុស្សដែលរស់នៅស្របតាមខ្នាតតម្រាដ៏ខ្ពង់ខ្ពស់ក្នុងគម្ពីរ ហើយខ្ញុំចង់ជួបពួកគេ។ ខ្ញុំបានអធិដ្ឋានម្ដងទៀតទៅព្រះដើម្បីសុំលោកឲ្យជួយខ្ញុំជួបពួកគេ។
ខ្ញុំស្វែងរកសាសនាពិត
សម្រាប់ខ្ញុំ គឺមើលទៅសមហេតុសមផលឲ្យពិនិត្យពិចារណាសាសនាទាំងអស់ម្ដងមួយៗ រហូតដល់ខ្ញុំរកឃើញសាសនាពិត។ កាលដែលខ្ញុំដើរតាមផ្លូវនៃក្រុងអាលីខេនធី ខ្ញុំបានឃើញអគារជាច្រើនរបស់សាសនា។ ប៉ុន្តែ ដោយសារអគារភាគច្រើនទាំងនោះមានរូបព្រះ ខ្ញុំដឹងថាសាសនាទាំងនោះមិនមែនជាសាសនាពិតទេ។
នៅរសៀលថ្ងៃអាទិត្យមួយ ខ្ញុំអង្គុយលើជម្រាលភ្នំ មើលទៅកំពង់ផែ ហើយអានបទគម្ពីរនៅយ៉ាកុប ២:១-៥ ដែលព្រមានអំពី ការប្រព្រឹត្តដោយលម្អៀងចំពោះអ្នកមាន។ ក្រោយមក ពេលខ្ញុំដើរទៅទូកវិញ ខ្ញុំឃើញកន្លែងមួយដែលមើលទៅជាកន្លែងប្រជុំគ្នាខាងសាសនា។ នៅទីនោះ គេមានស្លាកមួយដែលថា «សាលប្រជុំនៃសាក្សីព្រះយេហូវ៉ា»។
ខ្ញុំបានគិតក្នុងចិត្តថា ‹ខ្ញុំនឹងសាកចូលកន្លែងនេះ ហើយចាំមើលថាមនុស្សនៅទីនោះប្រព្រឹត្តយ៉ាងណាចំពោះខ្ញុំ›។ ខ្ញុំចូលទៅទាំងជើងទទេ មានពុកចង្កាស្រមូម និងស្លៀកខោរហែក។ ពេលខ្ញុំចូលទៅក្នុង ឆ្មាំម្នាក់បាននាំខ្ញុំឲ្យអង្គុយជិតស្ត្រីវ័យចាស់ម្នាក់ដែលជួយខ្ញុំឲ្យបើកគម្ពីរពេលអ្នកថ្លែងប្រាប់។ ក្រោយប្រជុំ ខ្ញុំភ្ញាក់ផ្អើលចំពោះភាពសប្បុរសរបស់អស់អ្នកដែលមកស្វាគមន៍ខ្ញុំ។ មានបុរសម្នាក់បានអញ្ជើញខ្ញុំឲ្យទៅផ្ទះរបស់គាត់ដើម្បីនិយាយគ្នាអំពីគម្ពីរ ប៉ុន្តែដោយសារខ្ញុំមិនទាន់អានគម្ពីរទាំងមូលចប់ ខ្ញុំប្រាប់គាត់ថា៖ «ខ្ញុំនឹងប្រាប់បង ពេលដែលខ្ញុំត្រៀមខ្លួនរួចរាល់ហើយ»។ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំចាប់ផ្ដើមចូលរួមកិច្ចប្រជុំទាំងអស់។
ប៉ុន្មានសប្ដាហ៍ក្រោយមក ខ្ញុំបានទៅលេងបុរសនោះ ហើយគាត់បានឆ្លើយសំណួរផ្សេងៗរបស់ខ្ញុំអំពីគម្ពីរ។ មួយសប្ដាហ៍ក្រោយមក គាត់បានឲ្យខ្ញុំកាតាបមួយដែលមានខោអាវស្អាតៗជាច្រើន។ គាត់បានប្រាប់ខ្ញុំថាម្ចាស់ខោអាវនោះជាប់គុក ដោយសារធ្វើតាមបញ្ញត្តិពីគម្ពីរដែលឲ្យស្រឡាញ់គ្នាទៅវិញទៅមក និងមិនរៀនធ្វើសង្គ្រាមទៀត។ (អេ. ២:៤; យ៉ូន. ១៣:៣៤, ៣៥) នេះធ្វើឲ្យខ្ញុំជឿជាក់ថា ខ្ញុំបានរកឃើញអ្វីដែលខ្ញុំកំពុងស្វែងរក គឺមនុស្សដែលធ្វើតាមអ្វីដែលគម្ពីរចែងយ៉ាងច្បាស់អំពីរបៀបរស់នៅស្អាតស្អំខាងសីលធម៌។ ខ្ញុំលែងមានគោលដៅស្វែងរកកោះស្អាតទៀតហើយ តែមានគោលដៅសិក្សាគម្ពីរយ៉ាងស៊ីជម្រៅវិញ។ ដូច្នេះ ខ្ញុំត្រឡប់ទៅប្រទេសហូឡង់វិញ។
ខ្ញុំស្វែងរកការងារធ្វើ
ខ្ញុំធ្វើដំណើរអស់បួនថ្ងៃដើម្បីទៅដល់ក្រុងក្រុនណិនកិន ប្រទេសហូឡង់។ នៅទីនោះ ខ្ញុំស្វែងរកការងារធ្វើដើម្បីចិញ្ចឹមជីវិត។ នៅកន្លែងជាងឈើមួយដែលខ្ញុំបំពេញឯកសារការងារ គេសួរអំពីសាសនារបស់ខ្ញុំ។ ខ្ញុំសរសេរថា«សាក្សីព្រះយេហូវ៉ា»។ ពេលម្ចាស់កន្លែងនោះឃើញចម្លើយរបស់ខ្ញុំ ទឹកមុខគាត់ផ្លាស់ប្ដូរ ហើយគាត់និយាយថា៖ «ខ្ញុំនឹងទូរស័ព្ទទៅប្អូន» ប៉ុន្តែគាត់មិនបានធ្វើដូច្នេះឡើយ។
នៅកន្លែងជាងឈើមួយទៀត ខ្ញុំបានសួរម្ចាស់កន្លែងនោះថាត្រូវការអ្នកធ្វើការទេ។ ម្ចាស់នៅទីនោះបានសុំមើលសញ្ញាប័ត្រនិងសំបុត្របញ្ជាក់ការងាររបស់ខ្ញុំ។ ខ្ញុំប្រាប់គាត់ថាខ្ញុំធ្លាប់ជួសជុលទូកក្ដោងដែលធ្វើពីឈើ។ ខ្ញុំភ្ញាក់ផ្អើលណាស់ពេលគាត់ឆ្លើយថា៖ «ប្អូនអាចចាប់ផ្ដើមធ្វើការពីរសៀលនេះទៅបាន ប៉ុន្តែមានល័ក្ខខ័ណ្ឌមួយ។ ខ្ញុំមិនចង់ឲ្យប្អូនបង្កបញ្ហាណាទេ ដោយសារខ្ញុំជាសាក្សីព្រះយេហូវ៉ា ហើយរស់នៅស្របតាមគោលការណ៍គម្ពីរ»។ ខ្ញុំមើលទៅគាត់ទាំងចសព. ៣៧:៤) ខ្ញុំបានធ្វើការនៅកន្លែងរបស់បងប្រុសនោះអស់មួយឆ្នាំ។ ក្នុងអំឡុងពេលនោះ គាត់បានបង្រៀនគម្ពីរដល់ខ្ញុំហើយក្រោយមក ខ្ញុំបានទទួលការជ្រមុជទឹកនៅខែមករា ឆ្នាំ១៩៧៤។
ភ្ញាក់ផ្អើល ហើយតបវិញថា៖ «ខ្ញុំក៏ជាសាក្សីព្រះយេហូវ៉ាដែរ!»។ ប៉ុន្តែ ដោយសារខ្ញុំមានសក់វែងនិងពុកចង្កា គាត់និយាយមកខ្ញុំថា៖ «អ៊ីចឹង ខ្ញុំនឹងបង្រៀនគម្ពីរដល់ប្អូន»។ ខ្ញុំសប្បាយចិត្តនឹងយល់ព្រម ហើយពេលនោះខ្ញុំយល់មូលហេតុដែលម្ចាស់កន្លែងមុនមិនទទួលយកខ្ញុំធ្វើការ គឺដោយសារព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានដ៏អស់ពីចិត្តរបស់ខ្ញុំ។ (ទីបំផុតខ្ញុំរកឃើញជីវិតដែលមានន័យខ្លឹមសារ
មួយខែក្រោយមក ខ្ញុំបានចាប់ផ្ដើមត្រួសត្រាយ ហើយនេះបានធ្វើឲ្យខ្ញុំមានអំណរជាខ្លាំង។ នៅខែបន្ទាប់ ខ្ញុំបានរើទៅក្រុងអាំស្ទែដាំ ដើម្បីគាំទ្រក្រុមភាសាអេស្ប៉ាញដែលទើបតែបង្កើតឡើង។ ខ្ញុំពិតជាសប្បាយបង្រៀនគម្ពីរជាភាសាអេស្ប៉ាញនិងភាសាព័រទុយហ្គាល់។ នៅខែឧសភា ឆ្នាំ១៩៧៥ ខ្ញុំបានទទួលឯកសិទ្ធិបម្រើជាអ្នកត្រួសត្រាយពិសេស។
នៅថ្ងៃមួយ ប្អូនស្រីម្នាក់ដែលជាអ្នកត្រួសត្រាយពិសេសឈ្មោះអ៊ីណេខេបានមកកិច្ចប្រជុំរបស់យើងជាភាសាអេស្ប៉ាញ ដើម្បីណែនាំសិស្សគម្ពីររបស់គាត់ដែលជាជនជាតិបូលីវី ឲ្យស្គាល់បងប្អូនដែលនិយាយភាសាអេស្ប៉ាញ។ ខ្ញុំនិងអ៊ីណេខេបានសម្រេចចិត្តស្វែងយល់ចិត្តគ្នាដោយសរសេរសំបុត្រឲ្យគ្នាទៅវិញទៅមក ហើយក្រោយមកយើងឃើញថា យើងមានគោលដៅដូចគ្នា។ យើងបានរៀបការនៅឆ្នាំ១៩៧៦ ហើយបានបន្តបម្រើជាអ្នកត្រួសត្រាយពិសេសជាមួយគ្នារហូតដល់ឆ្នាំ១៩៨២។ នៅឆ្នាំនោះ យើងបានត្រូវអញ្ជើញឲ្យចូលសាលាគីលាតជំនាន់ទី៧៣។ យើងភ្ញាក់ផ្អើលផងសប្បាយផង ពេលដែលទទួលភារកិច្ចឲ្យបម្រើនៅទ្វីបអាហ្វ្រិកភាគខាងកើត។ យើងបានបម្រើនៅក្រុងមុំបាសា ប្រទេសកេនយ៉ាអស់ប្រាំឆ្នាំ។ ក្រោយមកនៅឆ្នាំ១៩៨៧ យើងបានទទួលភារកិច្ចឲ្យបម្រើនៅប្រទេសតង់សានី ជាកន្លែងដែលគេលើកបម្រាមលើកិច្ចការផ្សព្វផ្សាយរបស់យើងចេញ។ យើងបានបម្រើនៅប្រទេសនោះអស់២៦ឆ្នាំ មុនដែលយើងត្រឡប់ទៅប្រទេសកេនយ៉ាវិញ។
ការជួយមនុស្សដែលមានចិត្តរាបទាបឲ្យរៀនសេចក្ដីពិតពីគម្ពីរ បានធ្វើឲ្យជីវិតរបស់យើងមានន័យខ្លឹមសារ។ ជាឧទាហរណ៍ សិស្សគម្ពីរដំបូងរបស់ខ្ញុំនៅក្រុងមុំបាសា ជាបុរសម្នាក់ដែលខ្ញុំបានជួបពេលផ្សព្វផ្សាយសាធារណៈ។ ក្រោយខ្ញុំបានស្នើផ្ដល់ទស្សនាវដ្ដីពីរក្បាលឲ្យគាត់ គាត់និយាយថា៖ «បើខ្ញុំអានទស្សនាវដ្ដីទាំងនេះចប់ តើខ្ញុំត្រូវធ្វើអ្វីទៀត?»។ នៅសប្ដាហ៍បន្ទាប់ យើងចាប់ផ្ដើមសិក្សាគម្ពីរជាមួយគ្នាដោយប្រើសៀវភៅអ្នកអាចរស់នៅជានិរន្ដរ៍ក្នុងសួនមនោរម្យនៅលើផែនដី ដែលទើបតែបានចេញផ្សាយជាភាសាស្វាហ៊ីលី។ គាត់បានទទួលការជ្រមុជទឹកមួយឆ្នាំក្រោយមក ហើយចាប់ផ្ដើមត្រួសត្រាយពេញពេល។ តាំងពីពេលនោះមក គាត់និងប្រពន្ធរបស់គាត់បានជួយមនុស្សជិត១០០នាក់ឲ្យប្រគល់ខ្លួនជូនព្រះនិងទទួលការជ្រមុជទឹក។
ពេលខ្ញុំយល់ថាអ្វីជាគោលបំណងនៃជីវិត ខ្ញុំមានអារម្មណ៍ដូចអ្នកជួញដូរម្នាក់ដែលបានរកឃើញគជ់ខ្យងដ៏វិសេស ហើយមិនចង់បាត់បង់វាទេ។ (ម៉ាថ. ១៣:៤៥, ៤៦) ពេលនៅក្មេង ខ្ញុំចង់ប្រើជីវិតរបស់ខ្ញុំដើម្បីជួយអ្នកឯទៀតឲ្យរកឃើញជីវិតដែលមានន័យខ្លឹមសារ។ ខ្ញុំនិងប្រពន្ធជាទីស្រឡាញ់ខ្ញុំបានពិសោធន៍ដោយខ្លួនយើង អំពីរបៀបដែលព្រះយេហូវ៉ាបានជួយរាស្ត្រលោកឲ្យមានជីវិតដែលមានន័យខ្លឹមសារ។