លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤៥

ចូរបន្តបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះគ្នា

ចូរបន្តបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះគ្នា

​«​[​ចូរ​]​ប្រព្រឹត្ត​ចំពោះ​គ្នា​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ និង​ដោយ​សេចក្ដី​មេត្តា​ករុណា​»។—សាក. ៧:៩

ចម្រៀង​លេខ​១០៧ គំរូ​របស់​ព្រះ​អំពី​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់

សេចក្ដី​សង្ខេប *

១​-​២. តើ​មាន​មូលហេតុ​ល្អ​អ្វី​ខ្លះ​ឲ្យ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក?

យើង​មាន​មូលហេតុ​ល្អ​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ តើ​មាន​មូលហេតុ​អ្វី​ខ្លះ? សូម​មើល​ចម្លើយ​ដូច​ត​ទៅ​នេះ​ពី​សុភាសិត​មួយ​ចំនួន ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ថា​៖ ​«​កូន​ត្រូវ​មាន​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​ស្មោះ​ត្រង់​ជា​និច្ច។... យ៉ាង​នោះ ទាំង​ព្រះ​ទាំង​មនុស្ស​នឹង​ពេញ​ចិត្ត​កូន ហើយ​ទទួល​ស្គាល់​ថា​កូន​មាន​ការ​យល់​ធ្លុះ​ជ្រៅ​»។ ​«​មនុស្ស​ដែល​មាន​សេចក្ដី​ស្រឡាញ់​ស្មោះ​ត្រង់​នឹង​នាំ​ឲ្យ​ខ្លួន​ជួប​តែ​អ្វី​ល្អ​ៗ​»។ ម្យ៉ាង​ទៀត ​«​អ្នក​ណា​ដែល​ព្យាយាម​ធ្វើ​អំពើ​សុចរិត ហើយ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ អ្នក​នោះ​នឹង​បាន​ជីវិត​»។—សុភ. ៣:៣, ៤; ១១:១៧, កំ.ស.; ២១:២១

សុភាសិត​ទាំង​នេះ លើក​ឡើង​អំពី​មូលហេតុ​បី​ដែល​យើង​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់។ ទី​១ ពេល​យើង​បង្ហាញ​គុណ​សម្បត្តិ​នេះ យើង​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា។ ទី​២ កាល​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ យើង​ផ្ទាល់​ទទួល​ប្រយោជន៍ ដូច​ជា​យើង​មាន​ចំណង​មិត្តភាព​ស្ថិត​ស្ថេរ​ជា​មួយ​អ្នក​ឯ​ទៀត​ជា​ដើម។ ទី​៣ ដោយ​សារ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ យើង​នឹង​ទទួល​ពរ​នៅ​ថ្ងៃ​អនាគត រួម​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ពិត​មែន មាន​មូលហេតុ​ល្អ​ជា​ច្រើន​ដែល​យើង​គួរ​ធ្វើ​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ថា​៖ ​«​ចូរ... ប្រព្រឹត្ត​ចំពោះ​គ្នា​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ និង​ដោយ​សេចក្ដី​មេត្តា​ករុណា​»។—សាក. ៧:៩

៣. តើ​យើង​នឹង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​បួន៖ តើ​យើង​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​អ្នក​ណា? តើ​យើង​អាច​រៀន​អ្វី​ពី​សៀវភៅ​រូថ​អំពី​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់? តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​នៅ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច? តើ​ពួក​អ្នក​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​នឹង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ?

តើ​យើង​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​អ្នក​ណា?

៤. តើ​យើង​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់? (​ម៉ាកុស ១០:២៩, ៣០​)

ដូច​យើង​បាន​រៀន​ក្នុង​អត្ថបទ​មុន ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​តែ​ពួក​អ្នក​ដែល​ស្រឡាញ់​និង​បម្រើ​លោក​ប៉ុណ្ណោះ។ (​ដាន. ៩:៤​) យើង​ចង់​«​យក​តម្រាប់​ព្រះ ក្នុង​នាម​ជា​កូន​ជា​ទី​ស្រឡាញ់​របស់​លោក​»។ (​អេភ. ៥:១​) ដូច្នេះ យើង​ចង់​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​បង​ប្អូន​រួម​ជំនឿ​របស់​យើង។—សូម​អាន ម៉ាកុស ១០:២៩, ៣០

៥​-​៦. តើ​តាម​ធម្មតា​«​ភាព​ស្មោះ​ត្រង់​»​មាន​ន័យ​យ៉ាង​ណា?

អ្នក​ទំនង​ជា​នឹង​យល់​ស្រប​ថា កាល​ដែល​យើង​យល់​កាន់​តែ​ច្បាស់​អំពី​អត្ថន័យ​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ យើង​កាន់​តែ​អាច​បង្ហាញ​គុណ​សម្បត្តិ​នោះ​ដល់​បង​ប្អូន​របស់​យើង។ ដើម្បី​យល់​កាន់​តែ​ច្បាស់ សូម​យើង​ប្រៀប​ធៀប​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ទៅ​នឹង​ភាព​ស្មោះ​ត្រង់​ថា​តើ​នោះ​ខុស​គ្នា​យ៉ាង​ណា។ សូម​គិត​អំពី​ឧទាហរណ៍​មួយ។

 នៅ​សព្វ​ថ្ងៃ​នេះ យើង​ប្រហែល​ជា​និយាយ​ថា​បុគ្គល​ដែល​បាន​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​មួយ​អស់​ជា​ច្រើន​ឆ្នាំ គឺ​ជា​បុគ្គលិក​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ក្រុម​ហ៊ុន។ ប៉ុន្តែ បុគ្គល​នោះ​ប្រហែល​ជា​មិន​ដែល​ជួប​ថៅកែ ហើយ​ក៏​មិន​តែង​តែ​ឯកភាព​នឹង​ការ​សម្រេច​ចិត្ត​នៃ​ក្រុម​ហ៊ុន​នោះ​ទេ។ គាត់​ក៏​ប្រហែល​ជា​មិន​ស្រឡាញ់​ក្រុម​ហ៊ុន​នោះ តែ​គាត់​សប្បាយ​ចិត្ត​ដែល​មាន​ការ​ងារ​នោះ ដោយ​សារ​វា​នាំ​ឲ្យ​គាត់​ទទួល​ប្រាក់​ខែ។ បុគ្គល​នោះ​នឹង​បន្ត​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​នោះ​ពេញ​មួយ​ជីវិត​រហូត​ដល់​គាត់​ចូល​និវត្តន៍។ គាត់​មិន​ឈប់​ពី​ក្រុម​ហ៊ុន​នោះ លើក​លែង​តែ​គាត់​ទទួល​តំណែង​ខ្ពស់​ជាង​នៅ​ក្រុម​ហ៊ុន​ផ្សេង។

៧​-​៨. (​ក​) តើ​អ្វី​ជំរុញ​ចិត្ត​អ្នក​ណា​ម្នាក់​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់? (​ខ​) ហេតុ​អ្វី​យើង​នឹង​ពិចារណា​បទ​គម្ពីរ​ខ្លះ​ពី​សៀវ​ភៅ​រូថ?

ភាព​ខុស​គ្នា​រវាង​ភាព​ស្មោះ​ត្រង់​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ វគ្គ​ទី​៦ និង​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ គឺ​បំណង​ចិត្ត។ ហេតុ​អ្វី​រាស្ត្រ​របស់​ព្រះ​នៅ​សម័យ​គម្ពីរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់? មូលហេតុ​ដែល​ពួក​គេ​ធ្វើ​ដូច្នេះ គឺ​មិន​មែន​ដោយ​សារ​តែ​ពួក​គេ​ត្រូវ​ធ្វើ​ទេ ប៉ុន្តែ​ដោយ​សារ​ពួក​គេ​ចង់​ធ្វើ។ សូម​គិត​អំពី​ដាវីឌ។ គាត់​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​យ៉ូណាថាន​ជា​មិត្ត​សម្លាញ់​របស់​គាត់ ទោះ​ជា​ឪពុក​របស់​យ៉ូណាថាន​បាន​ព្យាយាម​សម្លាប់​ដាវីឌ​ក៏​ដោយ។ ម្យ៉ាង​ទៀត ច្រើន​ឆ្នាំ​ក្រោយ​ពី​យ៉ូណាថាន​ស្លាប់​ទៅ ដាវីឌ​បាន​បន្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​មេភីបូសែត​ដែល​ជា​កូន​របស់​យ៉ូណាថាន។—១​សាំ. ២០:៩, ១៤, ១៥; ២សាំ. ៤:៤; ៨:១៥; ៩:១, ៦, ៧

យើង​អាច​រៀន​ច្រើន​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដោយ​ពិចារណា​អំពី​បទ​គម្ពីរ​ខ្លះ​ពី​សៀវ​ភៅ​រូថ។ តើ​យើង​អាច​រៀន​មេ​រៀន​អ្វី​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ពី​បុគ្គល​នៅ​ក្នុង​សៀវ​ភៅ​នោះ? តើ​យើង​អាច​អនុវត្ត​មេ​រៀន​ទាំង​នោះ​ក្នុង​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច? *

តើ​យើង​អាច​រៀន​អ្វី​ពី​សៀវ​ភៅ​រូថ​អំពី​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់?

៩. ហេតុ​អ្វី​ណាអូមី​សន្និដ្ឋាន​ថា​ព្រះ​យេហូវ៉ា​កំពុង​ទាស់​នឹង​គាត់?

សៀវ​ភៅ​រូថ​រៀប​រាប់​អំពី​ណាអូមី រូថ​ដែល​ជា​កូន​ប្រសា​ស្រី​របស់​គាត់ និង​បុរស​ម្នាក់​ឈ្មោះ​បូអូស ជា​អ្នក​ស្រឡាញ់​ព្រះ​ដែល​ជា​សាច់​ញាតិ​របស់​ប្ដី​ណាអូមី។ ដោយ​សារ​មាន​កា​អត់​ឃ្លាន​នៅ​ស្រុក​អ៊ីស្រាអែល ណាអូមី ប្ដី​គាត់ និង​កូន​ប្រុស​ពីរ​នាក់​បាន​រើ​ទៅ​ស្រុក​ម៉ូអាប់។ នៅ​ទី​នោះ ប្ដី​របស់​ណាអូមី​បាន​ស្លាប់។ កូន​ប្រុស​ពីរ​នាក់​របស់​គាត់​បាន​រៀប​ការ ប៉ុន្តែ​ក្រោយ​មក ពួក​គេ​ក៏​បាន​ស្លាប់​ដែរ។ (​រូថ ១:៣​-​៥; ២:១​) រឿង​ដ៏​ខ្លោច​ផ្សា​ទាំង​នេះ ធ្វើ​ឲ្យ​ណាអូមី​ធ្លាក់​ទឹក​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ៗ រហូត​ដល់​គាត់​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​កំពុង​ទាស់​នឹង​គាត់។ ណាអូមី​រៀប​រាប់​អំពី​អារម្មណ៍​របស់​គាត់​ចំពោះ​ព្រះ ដោយ​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​ដាក់​ទោស​ខ្ញុំ›។ ​«​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត បាន​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ជូរ​ចត់​ខ្លាំង​ណាស់​»។ គាត់​ក៏​និយាយ​ទៀត​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​បាន​ទាស់​នឹង​ខ្ញុំ ហើយ​លោក​ឲ្យ​ខ្ញុំ​រង​ទុក្ខ​វេទនា​»។—រូថ ១:១៣, ២០, ២១

១០. តើ​ព្រះ​យេហូវ៉ា​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ពាក្យ​ល្វីង​ជូរ​ចត់​របស់​ណាអូមី?

១០ តើ​ព្រះ​យេហូវ៉ា​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ពាក្យ​ល្វីង​ជូរ​ចត់​របស់​ណាអូមី? លោក​មិន​បាន​បោះ​បង់​ចោល​ណាអូមី​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​បង្ហាញ​សេចក្ដី​អាណិត​មេត្តា​ចំពោះ​គាត់។ លោក​យល់​ថា ​«​ការ​សង្កត់​សង្កិន​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​ប្រាជ្ញា​ប្រព្រឹត្ត​ដូច​មនុស្ស​ឆ្កួត​»។ (​អទ. ៧:៧​) ណាអូមី​ត្រូវ​ការ​អ្នក​ណា​ម្នាក់​ជួយ​គាត់​ឲ្យ​យល់​ថា​ព្រះ​យេហូវ៉ា​នៅ​ខាង​គាត់។ តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ដើម្បី​ឲ្យ​គាត់​យល់​ដូច្នេះ? (​១សាំ. ២:៨​) លោក​បាន​ជំរុញ​ចិត្ត​រូថ​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ណាអូមី។ រូថ​មាន​បំណង​ចិត្ត​ចង់​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ​ចំពោះ​ណាអូមី ហើយ​ដោយ​សេចក្ដី​សប្បុរស​រូថ​បាន​ជួយ​ណាអូមី​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​នៅ​តែ​ស្រឡាញ់​គាត់។ តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​រូថ?

១១. ហេតុ​អ្វី​បង​ប្អូន​ដែល​មាន​ចិត្ត​សប្បុរស​ព្យាយាម​ជួយ​ពួក​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត?

១១ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជំរុញ​ចិត្ត​យើង​ឲ្យ​ជួយ​បង​ប្អូន​ដែល​កើត​ទុក្ខ។ ដូច​រូថ​មិន​ទៅ​ណា​ចោល​ណាអូមី បង​ប្អូន​របស់​យើង​ដែល​មាន​ចិត្ត​សប្បុរស​បន្ត​ជួយ​បង​ប្អូន​ដែល​ឈឺ​ចិត្ត​ឬ​ដែល​ធ្លាក់​ទឹក​ចិត្ត។ ពួក​គេ​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ ហើយ​ចង់​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ដើម្បី​ជួយ​បង​ប្អូន​នោះ។ (​សុភ. ១២:២៥; ២៤:១០​) នេះ​ជា​អ្វី​ដែល​សាវ័ក​ប៉ូល​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ ពេល​និយាយ​ថា​៖ ​«​[​ចូរ​]​និយាយ​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត គាំ​ពារ​ពួក​អ្នក​ដែល​ខ្សោយ និង​មាន​ចិត្ត​អត់​ធ្មត់​ចំពោះ​មនុស្ស​ទាំង​អស់​»។—១ថែ. ៥:១៤

យើង​អាច​ជួយ​បង​ប្អូន​ដែល​ធ្លាក់​ទឹក​ចិត្ត​ដោយ​ស្ដាប់​ពួក​គេ (​សូម​មើល​វគ្គ​១២​)

១២. តើ​អ្វី​ជា​របៀប​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ជួយ​បង​ប្អូន​ដែល​ធ្លាក់​ទឹក​ចិត្ត?

១២ របៀប​ដ៏​ល្អ​បំផុត​មួយ​ដែល​អ្នក​អាច​ជួយ​បង​ប្អូន​ដែល​ធ្លាក់​ទឹក​ចិត្ត​គឺ​ដោយ​ស្ដាប់​ពួក​គេ និង​ដោយ​ប្រាប់​ពួក​គេ​ថា​អ្នក​ស្រឡាញ់​ពួក​គេ។ ព្រះ​យេហូវ៉ា​កត់​សម្គាល់​ពេល​ដែល​អ្នក​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចៀម​ដែល​មាន​តម្លៃ​របស់​លោក។ (​ចសព. ៤១:១​) សុភាសិត ១៩:១៧​ចែង​ថា​៖ ​«​អ្នក​ណា​អាណិត​មេត្តា​ដល់​មនុស្ស​ទន់​ទាប អ្នក​នោះ​ឲ្យ​ព្រះ​យេហូវ៉ា​ខ្ចី ហើយ​លោក​នឹង​តប​ស្នង​គាត់​តាម​អ្វី​ដែល​គាត់​បាន​ធ្វើ​»។

អូផា​បាន​សម្រេច​ចិត្ត​ត្រឡប់​ទៅ​ស្រុក​ម៉ូអាប់​វិញ។ រីឯ​រូថ​មិន​ទៅ​ណា​ចោល​ណាអូមី​ជា​ម្ដាយ​ក្មេក​ទេ។ រូថ​ប្រាប់​ណាអូមី​ថា​៖ ​«​កន្លែង​ណា​ដែល​អ្នក​ម្ដាយ​ទៅ កូន​ក៏​ទៅ​កន្លែង​នោះ​ដែរ​»​ (​សូម​មើល​វគ្គ​១៣​)

១៣. តើ​រូថ​និង​អូផា​ខុស​គ្នា​យ៉ាង​ណា ហើយ​តើ​រូថ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

១៣ យើង​អាច​យល់​កាន់​តែ​ច្បាស់​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ ដោយ​គិត​ពិចារណា​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ណាអូមី ក្រោយ​ពី​ប្ដី​និង​កូន​ប្រុស​ពីរ​នាក់​របស់​គាត់​បាន​ស្លាប់។ ពេល​ណាអូមី​ឮ​ថា​«​ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​ឲ្យ​ពរ​ដល់​រាស្ត្រ​របស់​លោក​ម្ដង​ទៀត ដោយ​ផ្ដល់​អាហារ​ឲ្យ​ពួក​គេ​»​ គាត់​បាន​សម្រេច​ចិត្ត​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​គាត់​វិញ។ (​រូថ ១:៦​) អូផា​និង​រូថ​បាន​រួម​ដំណើរ​ជា​មួយ​គាត់។ ប៉ុន្តែ នៅ​តាម​ផ្លូវ​អស់​បី​ដង​ណាអូមី​បាន​ប្រាប់​កូន​ប្រសា​ស្រី​ទាំង​ពីរ​នាក់​នេះ​ឲ្យ​ត្រឡប់​ទៅ​ស្រុក​ម៉ូអាប់​វិញ។ តើ​ពួក​គេ​បាន​សម្រេច​ចិត្ត​យ៉ាង​ណា? គម្ពីរ​ចែង​ថា​៖ ​«​អូផា​ថើប​លា​ម្ដាយ​ក្មេក ហើយ​ចាក​ចេញ​ទៅ។ ប៉ុន្តែ រូថ​មិន​ព្រម​ឃ្លាត​ពី​ណាអូមី​ឡើយ​»។ (​រូថ ១:៧​-​១៤​) អូផា​បាន​ធ្វើ​តាម​បង្គាប់​របស់​ណាអូមី​ដែល​ឲ្យ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។ ប៉ុន្តែ រូថ​បាន​សម្រេច​ចិត្ត​នៅ​ជា​មួយ​ណាអូមី​ដើម្បី​ជួយ​គាត់។ (​រូថ ១:១៦, ១៧​) រូថ​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ មិន​មែន​ដោយ​សារ​គាត់​ត្រូវ​ធ្វើ​ទេ ប៉ុន្តែ​ដោយ​សារ​គាត់​ចង់​ធ្វើ។ ការ​សម្រេច​ចិត្ត​របស់​រូថ​បង្ហាញ​ថា​គាត់​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ពិត​ប្រាកដ​ចំពោះ​ណាអូមី។ តើ​យើង​អាច​រៀន​មេ​រៀន​អ្វី​ខ្លះ​ពី​កំណត់​ហេតុ​នេះ?

១៤. (​ក​) នៅ​សព្វ​ថ្ងៃ​នេះ តើ​បង​ប្អូន​ជា​ច្រើន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដោយ​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី? (​ខ​) យោង​ទៅ​តាម​ហេប្រឺ ១៣:១៦ តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត?

១៤ ពេល​យើង​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ យើង​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។ ដូច​នៅ​អតីតកាល បង​ប្អូន​ជា​ច្រើន​នាក់​នៅ​សព្វ​ថ្ងៃ​នេះ បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​បង​ប្អូន​រួម​ជំនឿ ព្រម​ទាំង​ចំពោះ​បង​ប្អូន​ដែល​ពួក​គេ​មិន​ស្គាល់​ផង​ដែរ។ ជា​ឧទាហរណ៍ ពេល​ពួក​គេ​ឮ​ថា​មាន​មហន្តរាយ​ធម្មជាតិ​នៅ​តំបន់​ណា​មួយ ពួក​គេ​ចង់​ដឹង​ភ្លាម​ៗ​ថា​តើ​ពួក​គេ​អាច​ជួយ​តាម​របៀប​ណា។ ពេល​បុគ្គល​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​មាន​បញ្ហា​លុយ​កាក់ ភ្លាម​ៗ​បង​ប្អូន​ឯ​ទៀត​ព្យាយាម​រក​វិធី​ដើម្បី​ជួយ​បុគ្គល​នោះ។ ដូច​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​នា​តំបន់​ម៉ាសេដូន ពួក​គេ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​ជួយ​បង​ប្អូន​ដែល​ខ្វះ​ខាត​ទាំង​នោះ។ ពួក​គេ​លះ​បង់​ប្រយោជន៍​ខ្លួន ហើយ​ឲ្យ​‹លើស​ពី​សមត្ថភាព​របស់​ពួក​គេ​ទៅ​ទៀត›។ (​២កូ. ៨:៣​) ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ពេល​ឃើញ​ពួក​គេ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​បែប​នេះ!—សូម​អាន ហេប្រឺ ១៣:១៦

នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​យ៉ាង​ដូច​ម្ដេច?

១៥​-​១៦. តើ​រូថ​បាន​បង្ហាញ​យ៉ាង​ណា​ថា​គាត់​មិន​ឈប់​ព្យាយាម?

១៥ យើង​អាច​រៀន​មេ​រៀន​ជា​ច្រើន​ពី​របៀប​ដែល​រូថ​បាន​ជួយ​ណាអូមី។ សូម​យើង​ពិចារណា​មេ​រៀន​មួយ​ចំនួន។

១៦ សូម​កុំ​ឈប់​ព្យាយាម​ជួយ​អ្នក​ឯ​ទៀត។ ដើម​ដំបូង​ណាអូមី​បដិសេធ ពេល​រូថ​សុំ​កំដរ​ណាអូមី​ដែល​ជា​ម្ដាយ​ក្មេក​ទៅ​ស្រុក​យូដា។ ប៉ុន្តែ​រូថ​មិន​បាន​ឈប់​ព្យាយាម​ទេ។ តើ​មាន​លទ្ធផល​អ្វី? គម្ពីរ​ចែង​ថា​៖ ​«​កាល​ដែល​ណាអូមី​ឃើញ​ថា​រូថ​នៅ​តែ​ទទូច​ចង់​ទៅ​ជា​មួយ ណាអូមី​ក៏​លែង​បង្ខំ​នាង​ទៀត​»។—រូថ ១:១៥​-​១៨

១៧. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​បន្ដ​ខំ​ព្យាយាម​ជួយ​អ្នក​ឯ​ទៀត?

១៧ មេ​រៀន​សម្រាប់​យើង។ គឺ​ត្រូវ​ការ​ចិត្ត​អត់​ធ្មត់​ដើម្បី​ជួយ​ពួក​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត ប៉ុន្តែ​យើង​មិន​គួរ​ឈប់​ព្យាយាម​ជួយ​ពួក​គេ​ឡើយ។ បង​ស្រី​ម្នាក់​ដែល​ត្រូវ​ការ​ជំនួយ​ប្រហែល​ជា​បដិសេធ​ជំនួយ​របស់​យើង​នៅ​ដើម​ដំបូង។ * ប៉ុន្តែ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​បន្ដ​ជួយ​គាត់។ (​កាឡ. ៦:២​) យើង​សង្ឃឹម​ថា​ក្រោយ​មក​គាត់​នឹង​ព្រម​ឲ្យ​យើង​ជួយ​គាត់​និង​សម្រាល​ទុក្ខ​គាត់។

១៨. តើ​អ្វី​ច្បាស់​ជា​ធ្វើ​ឲ្យ​រូថ​ឈឺ​ចិត្ត?

១៨ សូម​កុំ​អន់​ចិត្ត​ឡើយ។ ពេល​ណាអូមី​ត្រឡប់​ទៅ​ក្រុង​បេថ្លេហិម​វិញ​ជា​មួយ​រូថ ណាអូមី​បាន​ប្រាប់​អ្នក​ក្រុង​នោះ​ថា​៖ ​«​ពេល​ខ្ញុំ​ចាក​ចេញ​ពី​ទី​នេះ ខ្ញុំ​មាន​សព្វ​គ្រប់ តែ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ខ្ញុំ​ត្រឡប់​មក​វិញ​ដោយ​ដៃ​ទទេ​»។ (​រូថ ១:២១​) សូម​ស្រមៃ​គិត​ថា រូថ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​គាត់​ឮ​ពាក្យ​សម្ដី​ទាំង​នោះ! រូថ​បាន​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​ណាអូមី បាន​យំ​ជា​មួយ​គាត់ បាន​សម្រាល​ទុក្ខ​គាត់ ហើយ​បាន​ដើរ​អស់​ជា​ច្រើន​ថ្ងៃ​ជា​មួយ​គាត់។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ណាអូមី​បាន​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ខ្ញុំ​ត្រឡប់​មក​វិញ​ដោយ​ដៃ​ទទេ​»។ ពេល​នោះ​រូថ​នៅ​ក្បែរ​ណាអូមី ហើយ​មើល​ទៅ​ណាអូមី​មិន​ឲ្យ​តម្លៃ​ចំពោះ​ការ​គាំទ្រ​និង​ជំនួយ​ពី​រូថ​ឡើយ។ នេះ​ច្បាស់​ជា​ធ្វើ​ឲ្យ​រូថ​ឈឺ​ចិត្ត​ខ្លាំង​ណាស់! ទោះ​ជា​យ៉ាង​នោះ​ក្ដី រូថ​បន្ដ​នៅ​ក្បែរ​ណាអូមី ហើយ​មិន​ទុក​គាត់​ចោល​ទេ។

១៩. តើ​អ្វី​នឹង​ជួយ​យើង​មិន​ឲ្យ​ទុក​ចោល​បង​ប្អូន​ដែល​ធ្លាក់​ទឹក​ចិត្ត?

១៩ មេ​រៀន​សម្រាប់​យើង។ នៅ​សព្វ​ថ្ងៃ​នេះ បង​ស្រី​ដែល​ធ្លាក់​ទឹក​ចិត្ត​ប្រហែល​ជា​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត ទោះ​ជា​យើង​បាន​ខំ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ជួយ​គាត់​ក៏​ដោយ។ ប៉ុន្តែ យើង​មិន​ចង់​អន់​ចិត្ត​នឹង​គាត់​ទេ។ យើង​មិន​ទុក​គាត់​ចោល ហើយ​យើង​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​យើង​ដើម្បី​រក​វិធី​សម្រាល​ទុក្ខ​គាត់។—សុភ. ១៧:១៧

តើ​ពួក​អ្នក​ចាស់​ទុំ​នៅ​សព្វ​ថ្ងៃ​នេះ​អាច​យក​តម្រាប់​បូអូស​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​វគ្គ​២០​-​២១​)

២០. តើ​អ្វី​បាន​ជួយ​រូថ​ឲ្យ​មាន​កម្លាំង​ដើម្បី​បន្ដ​ជួយ​ណាអូមី?

២០ សូម​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ពេល​អ្នក​ឃើញ​ថា​ពួក​គេ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត។ រូថ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ណាអូមី ប៉ុន្តែ​ក្រោយ​មក​រូថ​ផ្ទាល់​ក៏​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ដែរ ហើយ​ព្រះ​យេហូវ៉ា​បាន​ជំរុញ​ចិត្ត​បូអូស​ឲ្យ​លើក​ទឹក​ចិត្ត​រូថ។ បូអូស​និយាយ​ទៅ​កាន់​រូថ​ថា​៖ ​«​សូម​ព្រះ​យេហូវ៉ា​ផ្ដល់​រង្វាន់​ដល់​នាង​ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​នាង ហើយ​សូម​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ពរ​ជា​បរិបូរ​ដល់​នាង ដោយ​សារ​នាង​បាន​មក​ជ្រក​ក្រោម​ស្លាប​របស់​លោក​»។ ពាក្យ​ដ៏​កក់​ក្ដៅ​ទាំង​នោះ បាន​សម្រាល​ទុក្ខ​រូថ។ រូថ​បាន​តប​ទៅ​កាន់​បូអូស​ថា​៖ ​«​លោក​បាន​សម្រាល​ទុក្ខ​ខ្ញុំ និង​លើក​ទឹក​ចិត្ត​ខ្ញុំ​»។ (​រូថ ២:១២, ១៣​) បូអូស​បាន​លើក​ទឹក​ចិត្ត​រូថ​ពេល​ដែល​រូថ​ត្រូវ​ការ ហើយ​នោះ​បាន​ផ្ដល់​កម្លាំង​ដល់​រូថ​មិន​ឲ្យ​ឈប់​ព្យាយាម​ឡើយ។

២១. ដូច​បាន​រៀប​រាប់​នៅ​អេសាយ ៣២:១, ២ តើ​ពួក​អ្នក​ចាស់​ទុំ​នឹង​ធ្វើ​អ្វី?

២១ មេ​រៀន​សម្រាប់​យើង។ ជួន​កាល ពួក​អ្នក​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​អ្នក​ឯ​ទៀត​ក៏​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ផង​ដែរ។ ដូច​បូអូស​បាន​ពង្រឹង​ទំនុក​ចិត្ត​របស់​រូថ​ថា​គាត់​បាន​ឃើញ​សេចក្ដី​សប្បុរស​ដែល​រូថ​បាន​បង្ហាញ​ចំពោះ​ណាអូមី ពួក​អ្នក​ចាស់​ទុំ​សរសើរ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ ពេល​ដែល​ពួក​គេ​ឃើញ​ថា​បង​ប្អូន​ទាំង​នោះ​បង្ហាញ​សេចក្ដី​សប្បុរស​ដល់​អ្នក​ឯ​ទៀត​ដែល​ត្រូវ​ការ​ជំនួយ។ ពាក្យ​សរសើរ​ដ៏​កក់​ក្ដៅ​ទាំង​នេះ ពង្រឹង​កម្លាំង​ចិត្ត​របស់​បង​ប្អូន ហើយ​នឹង​ជួយ​ពួក​គេ​ឲ្យ​មាន​កម្លាំង​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​បន្ដ​ព្យាយាម​ត​ទៅ​ទៀត។—សូម​អាន អេសាយ ៣២:១, ២

តើ​ពួក​អ្នក​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​នឹង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ?

២២​-​២៣. តើ​ទស្សនៈ​របស់​ណាអូមី​បាន​ផ្លាស់​ប្ដូរ​យ៉ាង​ដូច​ម្ដេច ហើយ​ហេតុ​អ្វី? (​ចម្រៀង​សរសើរ​ព្រះ ១៣៦:២៣, ២៦​)

២២ មួយ​រយៈ​ពេល​ក្រោយ​មក បូអូស​បាន​បង្ហាញ​ចិត្ត​ទូលាយ​ដោយ​ផ្ដល់​អាហារ​យ៉ាង​បរិបូរ​ដល់​រូថ​និង​ណាអូមី។ (​រូថ ២:១៤​-​១៨​) តើ​ណាអូមី​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ចិត្ត​ទូលាយ​របស់​បូអូស? ណាអូមី​និយាយ​ថា​៖ ​«​សូម​ឲ្យ​គាត់​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​តែង​តែ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​មនុស្ស​រស់​និង​មនុស្ស​ស្លាប់​»។ (​រូថ ២:២០​ក​) ណាអូមី​បាន​កែ​ប្រែ​ទស្សនៈ​របស់​គាត់! ពី​មុន​គាត់​ធ្លាប់​និយាយ​ទាំង​ទឹក​ភ្នែក​ថា​៖ ​«​ព្រះ​យេហូវ៉ា... បាន​ទាស់​នឹង​ខ្ញុំ​»។ ប៉ុន្តែ​ឥឡូវ​គាត់​និយាយ​ដោយ​អរ​សប្បាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា... តែង​តែ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​»។ ហេតុ​អ្វី​ណាអូមី​ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​គាត់?

២៣ ណាអូមី​ចាប់​ផ្ដើម​យល់​ថា​ព្រះ​យេហូវ៉ា​មិន​ដែល​បោះ​បង់​ចោល​គាត់​ទេ។ លោក​បាន​ប្រើ​រូថ​ដើម្បី​ផ្ដល់​ការ​គាំទ្រ​ដែល​គាត់​ត្រូវ​ការ​ពេល​ធ្វើ​ដំណើរ​ទៅ​ស្រុក​យូដា។ (​រូថ ១:​១៦​) ណាអូមី​ក៏​យល់​ថា ព្រះ​យេហូវ៉ា​បាន​ប្រើ​បូអូស​ដើម្បី​ជួយ​ទាំង​គាត់ ទាំង​រូថ។ (​រូថ ២:១៩, ២០​ខ​) ណាអូមី​ច្បាស់​ជា​គិត​ថា ‹ឥឡូវ​ខ្ញុំ​យល់​ថា​ព្រះ​យេហូវ៉ា​មិន​ដែល​បោះ​បង់​ចោល​ខ្ញុំ​ទេ លោក​បាន​នៅ​ជា​មួយ​ខ្ញុំ​រហូត!›។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ១៣៦:២៣, ២៦) ណាអូមី​ច្បាស់​ជា​មាន​ចិត្ត​កតញ្ញូ​ដែល​រូថ​និង​បូអូស​មិន​បាន​ឈប់​ព្យាយាម​ជួយ​គាត់។ យើង​អាច​ស្រមៃ​ឃើញ​ថា​ពួក​គេ​ទាំង​អស់​គ្នា​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​ណាអូមី​មាន​អំណរ​ឡើង​វិញ និង​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា។

២៤. ហេតុ​អ្វី​យើង​ចង់​បន្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​បង​ប្អូន​រួម​ជំនឿ?

២៤ តើ​យើង​បាន​រៀន​អ្វី​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ពី​សៀវ​ភៅ​រូថ? សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជំរុញ​ចិត្ត​យើង​ឲ្យ​មិន​ឈប់​ព្យាយាម​ជួយ​បង​ប្អូន​ដែល​កើត​ទុក្ខ ហើយ​ធ្វើ​ការ​លះបង់​ផ្សេង​ៗ​ដើម្បី​ជួយ​ពួក​គេ។ ពេល​ពួក​អ្នក​ចាស់​ទុំ​ឃើញ​បង​ប្អូន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​អ្នក​ឯ​ទៀត ពួក​គេ​សរសើរ​បង​ប្អូន​ទាំង​នោះ​យ៉ាង​កក់​ក្ដៅ។ ម្យ៉ាង​ទៀត ពេល​យើង​ឃើញ​បង​ប្អូន​ដែល​ពិបាក​ចិត្ត មាន​អំណរ​និង​កម្លាំង​ចិត្ត​ឡើង​វិញ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា យើង​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង។ (​សកម្ម. ២០:៣៥​) ប៉ុន្តែ តើ​អ្វី​ជា​មូលហេតុ​ដ៏​សំខាន់​បំផុត​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់? គឺ​ដោយ​សារ​យើង​ចង់​យក​តម្រាប់​ព្រះ​យេហូវ៉ា និង​ធ្វើ​ឲ្យ​លោក​ដែល​ជា​ព្រះ​ដែល​«​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់... ជា​បរិបូរ​»​ពេញ​ចិត្ត។—ដច. ៣៤:៦; ចសព. ៣៣:២២

ចម្រៀង​លេខ​១៣០ យើង​ត្រូវ​ចេះ​អភ័យ​ទោស

^ វគ្គ 5 ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។ យើង​អាច​យល់​កាន់​តែ​ច្បាស់​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ ដោយ​គិត​ពិចារណា​អំពី​របៀប​ដែល​អ្នក​បម្រើ​ខ្លះ​របស់​ព្រះ​នៅ​សម័យ​បុរាណ​បាន​បង្ហាញ​គុណ​សម្បត្តិ​នេះ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​រូថ ណាអូមី និង​បូអូស។

^ វគ្គ 8 ដើម្បី​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​អត្ថបទ​នេះ សូម​អាន​រូថ ជំពូក ១ និង⁠២​ដោយ​ខ្លួន​ឯង។

^ វគ្គ 17 ដោយ​សារ​យើង​កំពុង​ពិចារណា​អំពី​កំណត់​ហេតុ​របស់​ណាអូមី យើង​ប្រើ​ឧទាហរណ៍​អំពី​បង​ស្រី​ដែល​មាន​សេចក្ដី​ត្រូវ​ការ។ ប៉ុន្តែ ចំណុច​ផ្សេង​ៗ​ក្នុង​អត្ថបទ​នេះ​ក៏​ជាប់​ទាក់​ទង​នឹង​បង​ប្អូន​ប្រុស​ដែរ។