លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤៧

តើជំនឿរបស់អ្នកនឹងមាំមួនយ៉ាងណា?

តើជំនឿរបស់អ្នកនឹងមាំមួនយ៉ាងណា?

​«​កុំ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ។ ចូរ​បង្ហាញ​ជំនឿ​»។—យ៉ូន. ១៤:១

ចម្រៀង​លេខ​១១៩ យើង​ត្រូវ​តែ​មាន​ជំនឿ

សេចក្ដី​សង្ខេប *

១. តើ​យើង​ប្រហែល​ជា​ឆ្ងល់​អំពី​អ្វី?

ជួន​កាល តើ​អ្នក​ព្រួយ​បារម្ភ​អំពី​អ្វី​ៗ​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត ដូច​ជា​ការ​បំផ្លាញ​ចោល​នៃ​សាសនា​មិន​ពិត ការ​វាយ​ប្រហារ​ពី​កូក​នៃ​ស្រុក​ម៉ាកូក និង​សង្គ្រាម​អាម៉ាគេដូន​ឬ​ទេ? អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​ខ្ញុំ​អាច​នឹង​រក្សា​ចិត្ត​ស្មោះ​ត្រង់ ពេល​ដែល​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​ទាំង​នេះ​កើត​ឡើង​ឬ​ទេ?›។ បើ​អ្នក​ធ្លាប់​គិត​អំពី​អ្វី​ទាំង​នេះ ការ​ពិចារណា​អំពី​ប្រសាសន៍​របស់​លោក​យេស៊ូ​ក្នុង​បទ​គម្ពីរ​ជា​មូលដ្ឋាន​នៃ​អត្ថបទ​នេះ​នឹង​ជួយ​អ្នក។ លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​កុំ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ។ ចូរ​បង្ហាញ​ជំនឿ​»។ (​យ៉ូន. ១៤:១​) បើ​យើង​មាន​ជំនឿ​មាំ​មួន យើង​នឹង​អាច​រក្សា​ចិត្ត​ស្ងប់ មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ​នៅ​ថ្ងៃ​អនាគត។

២. តើ​យើង​អាច​ពង្រឹង​ជំនឿ​របស់​យើង​យ៉ាង​ដូច​ម្ដេច ហើយ​តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

យើង​អាច​ពង្រឹង​ជំនឿ​របស់​យើង​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​នៅ​ថ្ងៃ​ខាង​មុខ ដោយ​ពិចារណា​អំពី​របៀប​ដែល​យើង​ប្រព្រឹត្ត​ពេល​ជួប​ការ​សាក​ល្បង​ជំនឿ​នៅ​សព្វ​ថ្ងៃ​នេះ។ ពេល​យើង​គិត​អំពី​ប្រតិកម្ម​របស់​យើង​ចំពោះ​ការ​សាក​ល្បង​ថ្មី​ៗ​នេះ យើង​អាច​ដឹង​ថា​យើង​ត្រូវ​ពង្រឹង​ជំនឿ​របស់​យើង​នៅ​ចំណុច​ណា​ខ្លះ។ រាល់​ដង​ដែល​យើង​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក ជំនឿ​របស់​យើង​កាន់​តែ​រឹង​មាំ។ នេះ​នឹង​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​នៅ​ថ្ងៃ​ខាង​មុខ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​ឡើង​វិញ​អំពី​ស្ថានភាព​បួន​ដែល​បង្ហាញ​ថា អ្នក​កាន់​តាម​លោក​យេស៊ូ​ត្រូវ​មាន​ជំនឿ​ថែម​ទៀត។ បន្ទាប់​មក យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ប្រឈម​មុខ​នឹង​ការ​ពិបាក​ដែល​ស្រដៀង​នឹង​នោះ​នៅ​សព្វ​ថ្ងៃ​នេះ និង​របៀប​ដែល​ការ​ពិបាក​ទាំង​នោះ​អាច​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​អនាគត។

ជំនឿ​ថា​ព្រះ​នឹង​ផ្គត់​ផ្គង់​យើង

យើង​ប្រហែល​ជា​ជួប​បញ្ហា​លុយ​កាក់ ប៉ុន្តែ​ជំនឿ​របស់​យើង​នឹង​ជួយ​យើង​ឲ្យ​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បម្រើ​ព្រះ​យេហូវ៉ា (​សូម​មើល​វគ្គ​៣​-​៦​)

៣. តើ​ប្រសាសន៍​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ៦:៣០, ៣៣ ជួយ​យើង​ឲ្យ​យល់​អ្វី?

គឺ​ជា​ការ​ធម្មតា​ដែល​មេ​គ្រួសារ​ចង់​ផ្គត់​ផ្គង់​ម្ហូប​អាហារ សម្លៀក​បំពាក់ និង​កន្លែង​ស្នាក់​នៅ​ឲ្យ​ប្រពន្ធ​កូន​គាត់។ ប៉ុន្តែ នេះ​មិន​តែង​តែ​ស្រួល​នៅ​គ្រា​ដ៏​លំបាក​នេះ​ទេ។ បង​ប្អូន​ខ្លះ​បាន​បាត់​បង់​ការ​ងារ។ ទោះ​ជា​ពួក​គេ​ខំ​ព្យាយាម​រក​ការ​ងារ​ថ្មី​ក៏​ដោយ ពួក​គេ​រក​មិន​បាន​ទេ។ បង​ប្អូន​ខ្លះ​ទៀត​រក​ការ​ងារ​បាន ប៉ុន្តែ​នោះ​មិន​សម​នឹង​អ្នក​បម្រើ​ព្រះ​ឡើយ។ ក្នុង​ស្ថានភាព​ទាំង​នេះ យើង​ត្រូវ​តែ​មាន​ជំនឿ​រឹង​មាំ​ថា ព្រះ​យេហូវ៉ា​នឹង​ផ្គត់​ផ្គង់​អ្វី​ៗ​ដែល​ក្រុម​គ្រួសារ​យើង​ត្រូវ​ការ។ លោក​យេស៊ូ​បាន​លើក​ឡើង​អំពី​ចំណុច​នេះ​ដល់​ពួក​អ្នក​កាន់​តាម​លោក​ក្នុង​សុន្ទរកថា​របស់​លោក​នៅ​លើ​ភ្នំ។ (​សូម​អាន ម៉ាថាយ ៦:៣០, ៣៣) ពេល​យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​បោះ​បង់​ចោល​យើង យើង​អាច​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ច​ការ​រាជាណាចក្រ។ ម្យ៉ាង​ទៀត កាល​ដែល​យើង​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​ជួយ​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​យើង យើង​នឹង​ចូល​កាន់​តែ​ជិត​លោក ហើយ​ជំនឿ​របស់​យើង​ទៅ​លើ​លោក​នឹង​កាន់​តែ​រឹង​មាំ​ឡើង។

៤​-​៥. តើ​អ្វី​បាន​ជួយ​ក្រុម​គ្រួសារ​មួយ​ដែល​ខ្វល់​ខ្វាយ​អំពី​ជីវភាព?

សូម​គិត​អំពី​ក្រុម​គ្រួសារ​មួយ​នៅ​ប្រទេស​វ៉េណេស៊ុយអេឡា ដែល​បាន​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​ជួយ​ពួក​គេ ពេល​ដែល​ពួក​គេ​ខ្វល់​ខ្វាយ​អំពី​ជីវភាព​ប្រចាំ​ថ្ងៃ។ កាល​ពី​មុន ក្រុម​គ្រួសារ​នេះ​មាន​ដី​ចម្ការ​ដែល​អាច​ផ្គត់​ផ្គង់​ជីវភាព​របស់​ពួក​គេ។ ប៉ុន្តែ ក្រោយ​មក​មាន​បុរស​មួយ​ក្រុម​ដែល​ប្រដាប់​ដោយ​អាវុធ​មក​ប្លន់​យក​ដី​ចម្ការ​របស់​ពួក​គេ ហើយ​បណ្ដេញ​ពួក​គេ​ចេញ។ បង​មីកេល​ដែល​ជា​ឪពុក​បាន​និយាយ​ថា​៖ ​«​ឥឡូវ ជីវភាព​របស់​យើង​ពឹង​ផ្អែក​ទៅ​លើ​ដី​ចម្ការ​តូច​មួយ​ដែល​យើង​ខ្ចី​ពី​គេ។ រាល់​ថ្ងៃ​ព្រឹក​ឡើង ខ្ញុំ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​សុំ​លោក​ផ្គត់​ផ្គង់​អ្វី​ដែល​យើង​ត្រូវ​ការ​សម្រាប់​ថ្ងៃ​នោះ​»។ ជីវិត​របស់​ក្រុម​គ្រួសារ​នេះ​គឺ​មិន​ស្រួល​ទេ ប៉ុន្តែ​ពួក​គេ​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្គត់​ផ្គង់​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​ប្រចាំ​ថ្ងៃ។ ដូច្នេះ ពួក​គេ​បន្ត​ចូល​រួម​កិច្ច​ប្រជុំ​និង​កិច្ច​បម្រើ​ផ្សាយ​ជា​ទៀង​ទាត់។ ពួក​គេ​ចាត់​ទុក​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ជា​អ្វី​សំខាន់​បំផុត ហើយ​ព្រះ​យេហូវ៉ា​ផ្គត់​ផ្គង់​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ។

ក្នុង​អំឡុង​គ្រា​ដ៏​ពិបាក​នេះ បង​មីកេល​និង​ប្រពន្ធ​របស់​គាត់​យូរ៉ៃ​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​របៀប​ដែល​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ។ ជួន​កាល ព្រះ​យេហូវ៉ា​បាន​ប្រើ​បង​ប្អូន​រួម​ជំនឿ​ឲ្យ​ផ្ដល់​អ្វី​ខ្លះ​ៗ​ដែល​ក្រុម​គ្រួសារ​ពួក​គេ​ត្រូវ​ការ ឬ​ជួយ​បង​មីកេល​ឲ្យ​រក​ការ​ងារ​ធ្វើ។ នៅ​ពេល​ផ្សេង​ទៀត ព្រះ​យេហូវ៉ា​បាន​ប្រើ​ការិយាល័យ​សាខា​ឲ្យ​ផ្ដល់​អ្វី​ខ្លះ​ៗ​ដែល​ពួក​គេ​ត្រូវ​ការ។ ព្រះ​យេហូវ៉ា​មិន​ដែល​បោះ​បង់​ចោល​ពួក​គេ​ឡើយ។ ជា​លទ្ធផល ពួក​គេ​ឃើញ​ថា​ជំនឿ​របស់​ក្រុម​គ្រួសារ​កាន់​តែ​រឹង​មាំ។ ក្រោយ​រៀប​រាប់​អំពី​ពេល​មួយ​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​គេ ហូសាលីន​ដែល​ជា​កូន​ស្រី​ច្បង​របស់​ពួក​គេ​និយាយ​ថា​៖ ​«​ខ្ញុំ​ទទួល​ការ​លើក​ទឹក​ចិត្ត ដោយ​ឃើញ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​យើង។ ព្រះ​យេហូវ៉ា​ជា​មិត្ត​សម្លាញ់​ម្នាក់​ដែល​ខ្ញុំ​តែង​តែ​អាច​ពឹង​ពាក់​បាន​»។ ប្អូន​ហូសាលីន​បន្ថែម​ថា​៖ ​«​បញ្ហា​ដែល​យើង​ជួប​ជា​ក្រុម​គ្រួសារ​បាន​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​ចំពោះ​បញ្ហា​ដែល​ពិបាក​ជាង​នៅ​ថ្ងៃ​អនាគត​»។

៦. តើ​អ្នក​អាច​ពង្រឹង​ជំនឿ​របស់​អ្នក​យ៉ាង​ដូច​ម្ដេច ពេល​អ្នក​មាន​បញ្ហា​លុយ​កាក់?

តើ​អ្នក​មាន​បញ្ហា​លុយ​កាក់​ឬ​ទេ? បើ​មាន នេះ​ពិបាក​សម្រាប់​អ្នក។ ប៉ុន្តែ អ្នក​នៅ​តែ​អាច​ប្រើ​គ្រា​ដ៏​ពិបាក​នេះ​ដើម្បី​ពង្រឹង​ជំនឿ​របស់​អ្នក។ សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​អាន​ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​ម៉ាថាយ ៦:២៥​-​៣៤ រួច​មក​សូម​រំពឹង​គិត​អំពី​ប្រសាសន៍​នោះ។ សូម​ពិចារណា​បទ​ពិសោធន៍​របស់​បង​ប្អូន​រួម​ជំនឿ​នៅ​សព្វ​ថ្ងៃ​នេះ ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ពួក​អ្នក​ដែល​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​លោក។ (​១កូ. ១៥:៥៨​) ពេល​ដែល​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​ជឿ​ជាក់​កាន់​តែ​ខ្លាំង​ឡើង​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ជំនួយ​ដែល​អ្នក​ត្រូវ​ការ ដូច​ដែល​លោក​បាន​ធ្វើ​ចំពោះ​បង​ប្អូន​ឯ​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រដៀង​នឹង​អ្នក។ លោក​ដឹង​ថា​អ្នក​ត្រូវ​ការ​អ្វី ហើយ​លោក​ដឹង​អំពី​របៀប​ផ្ដល់​អ្វី​ទាំង​នោះ​ឲ្យ​អ្នក។ កាល​ដែល​អ្នក​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ក្នុង​ជីវិត​របស់​អ្នក អ្នក​នឹង​មាន​ជំនឿ​កាន់​តែ​រឹង​មាំ ហើយ​អ្នក​នឹង​អាច​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក​ដ៏​ធំ​ជាង​នេះ​ដែល​នឹង​មាន​នៅ​ថ្ងៃ​អនាគត។—ហាប. ៣:១៧, ១៨

ជំនឿ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​«​ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​»​

ជំនឿ​រឹង​មាំ​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ខ្យល់​ព្យុះ​មែន​ទែន ឬ​បញ្ហា​ដែល​ប្រៀប​ដូច​ជា​ខ្យល់​ព្យុះ (​សូម​មើល​វគ្គ​៧​-​១១​)

៧. យោង​ទៅ​តាម​ម៉ាថាយ ៨:២៣​-​២៦ តើ​«​ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​»​បាន​សាក​ល្បង​ជំនឿ​របស់​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

ពេល​លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​បាន​ជួប​ខ្យល់​ព្យុះ​ដ៏​ខ្លាំង​មួយ​នៅ​សមុទ្រ លោក​យេស៊ូ​បាន​ប្រើ​ព្រឹត្តិការណ៍​នោះ​ដើម្បី​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​អំពី​ចំណុច​ណា​ដែល​ពួក​គេ​ត្រូវ​ការ​ជំនឿ​ថែម​ទៀត។ (​សូម​អាន ម៉ាថាយ ៨:២៣​-​២៦) កាល​ដែល​ខ្យល់​ព្យុះ​កំពុង​តែ​បក់​បោក​យ៉ាង​ខ្លាំង​និង​មាន​ទឹក​ចូល​ទូក លោក​យេស៊ូ​កំពុង​សម្រាន្ត​លក់។ ពួក​អ្នក​កាន់​តាម​ដែល​មាន​អារម្មណ៍​ភ័យ​ខ្លាច​បាន​មក​ដាស់​លោក​យេស៊ូ ហើយ​សុំ​លោក​ឲ្យ​ជួយ​សង្គ្រោះ​ពួក​គេ។ លោក​យេស៊ូ​បាន​កែ​តម្រង់​ពួក​គេ​ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​ដែល​មាន​ជំនឿ​តិច ហេតុ​អ្វី​បាន​ជា​ភ័យ​ខ្លាច​ដូច្នេះ?​»។ ពួក​អ្នក​កាន់​តាម​គួរ​តែ​ដឹង​ថា ព្រះ​យេហូវ៉ា​មាន​សមត្ថភាព​ការ​ពារ​លោក​យេស៊ូ​និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​លោក​ពី​គ្រោះ​ថ្នាក់​ផ្សេង​ៗ។ តើ​យើង​អាច​រៀន​មេ​រៀន​អ្វី? យើង​រៀន​ថា​បើ​ជំនឿ​របស់​យើង​រឹង​មាំ យើង​អាច​ស៊ូ​ទ្រាំ​នឹង​«​ខ្យល់​ព្យុះ​»​មែន​ទែន ឬ​បញ្ហា​ដែល​ប្រៀប​ដូច​ជា​ខ្យល់​ព្យុះ។

៨​-​៩. តើ​ទុក្ខ​លំបាក​អ្វី​បាន​សាក​ល្បង​ជំនឿ​របស់​បង​អាណិល ហើយ​តើ​អ្វី​បាន​ជួយ​គាត់?

សូម​គិត​អំពី​របៀប​ដែល​ជំនឿ​របស់​បង​ស្រី​នៅ​លីវ​ម្នាក់​ឈ្មោះ​អាណិល​ពី​ប្រទេស​ព័រតូរីកូ​បាន​មាំ​មួន​ឡើង ដោយ​សារ​គាត់​បាន​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​មួយ។ គាត់​បាន​រង​គ្រោះ​មហន្តរាយ​ធម្មជាតិ។ នៅ​ឆ្នាំ​២០១៧ ព្យុះ​សង្ឃរា​ម៉ារៀ​បាន​បំផ្លិច​បំផ្លាញ​ផ្ទះ​របស់​បង​អាណិល ហើយ​ក្រោយ​មក​ដោយ​សារ​ព្យុះ​នោះ គាត់​បាន​បាត់​បង់​ការ​ងារ។ បង​អាណិល​សារភាព​ថា​៖ ​«​ក្នុង​អំឡុង​ពេល​ដ៏​ពិបាក​នោះ ខ្ញុំ​ខ្វល់​ខ្វាយ ប៉ុន្តែ​ខ្ញុំ​រៀន​ឲ្យ​ចេះ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​តាម​រយៈ​សេចក្ដី​អធិដ្ឋាន ហើយ​មិន​ឲ្យ​ការ​ខ្វល់​ខ្វាយ​រា​រាំង​ខ្ញុំ​ពី​ការ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ឡើយ​»។

បង​អាណិល​និយាយ​អំពី​អ្វី​មួយ​ទៀត​ដែល​បាន​ជួយ​គាត់​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​នោះ គឺ​ការ​ស្ដាប់​បង្គាប់។ គាត់​និយាយ​ថា​៖ ​«​ការ​ធ្វើ​តាម​ការ​ណែនាំ​ពី​អង្គការ​ព្រះ​យេហូវ៉ា​បាន​ជួយ​ខ្ញុំ​ឲ្យ​រក្សា​ចិត្ត​ស្ងប់។ ព្រះ​យេហូវ៉ា​បាន​ជួយ​ខ្ញុំ​តាម​រយៈ​បង​ប្អូន​រួម​ជំនឿ ពួក​គេ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​និង​ផ្ដល់​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ​»។ គាត់​បន្ថែម​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ខ្ញុំ​លើស​ពី​អ្វី​ដែល​ខ្ញុំ​បាន​សុំ​ពី​លោក ហើយ​ជំនឿ​របស់​ខ្ញុំ​កាន់​តែ​មាំ​មួន​ឡើង​ៗ​»។

១០. តើ​អ្នក​អាច​ធ្វើ​អ្វី បើ​អ្នក​ជួប​«​ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​»​?

១០ តើ​អ្នក​កំពុង​ជួប​«​ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​»​ក្នុង​ជីវិត​របស់​អ្នក​ឬ​ទេ? អ្នក​ប្រហែល​ជា​កំពុង​ជួប​ការ​ពិបាក ដោយ​សារ​មាន​មហន្តរាយ​ធម្មជាតិ។ ឬ​អ្នក​ប្រហែល​ជា​កំពុង​ជួប​ការ​ពិបាក​ដែល​ប្រៀប​ដូច​ជា​«​ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​»​ ដូច​ជា​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ដែល​ធ្វើ​ឲ្យ​អ្នក​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង និង​មិន​ដឹង​ថា​គួរ​ធ្វើ​យ៉ាង​ណា។ ពេល​ខ្លះ​អ្នក​ប្រហែល​ជា​ខ្វល់​ខ្វាយ ប៉ុន្តែ​សូម​កុំ​ឲ្យ​ការ​ខ្វល់​ខ្វាយ​ធ្វើ​ឲ្យ​អ្នក​លែង​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​ឡើយ។ សូម​ចូល​ទៅ​ជិត​លោក​ដោយ​អធិដ្ឋាន​យ៉ាង​អស់​ពី​ចិត្ត។ សូម​ពង្រឹង​ជំនឿ​របស់​អ្នក​ដោយ​រំពឹង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​អ្នក​នៅ​ពេល​កន្លង​មក។ (​ចសព. ៧៧:១១, ១២​) សូម​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​នឹង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ​នៅ​ឥឡូវ​នេះ​និង​ជា​រៀង​រហូត​ត​ទៅ។

១១. ហេតុ​អ្វី​យើង​គួរ​តាំង​ចិត្ត​ស្ដាប់​បង្គាប់​ពួក​អ្នក​នាំ​មុខ?

១១ តើ​អ្វី​ទៀត​អាច​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក? ដូច​បង​អាណិល​បាន​រៀប​រាប់ គឺ​ការ​ស្ដាប់​បង្គាប់។ សូម​រៀន​ឲ្យ​ចេះទុក​ចិត្ត​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ទុក​ចិត្ត។ ជួន​កាល ពួក​អ្នក​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​នាំ​មុខ ប្រហែល​ជា​ផ្ដល់​ការ​ណែនាំ​ដែល​ស្ដាប់​ទៅ​ចម្លែក​ចំពោះ​យើង។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ចំពោះ​ការ​ស្ដាប់​បង្គាប់។ តាម​រយៈ​បណ្ដាំ​របស់​លោក​និង​បទ​ពិសោធន៍​របស់​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់ យើង​ដឹង​ថា​ការ​ស្ដាប់​បង្គាប់​អាច​សង្គ្រោះ​ជីវិត។ (​ដច. ១៤:១​-​៤; ២ប្រ. ២០:១៧​) សូម​រំពឹង​គិត​អំពី​គំរូ​ទាំង​នេះ។ ការ​ធ្វើ​ដូច្នេះ​នឹង​នាំ​ឲ្យ​អ្នក​កាន់​តែ​តាំង​ចិត្ត​ធ្វើ​តាម​ការ​ណែនាំ​ពី​អង្គការ​របស់​ព្រះ​យេហូវ៉ា នៅ​ឥឡូវ​នេះ​និង​នៅ​ថ្ងៃ​អនាគត។ (​ហេ. ១៣:១៧​) ដូច្នេះ អ្នក​នឹង​គ្មាន​ហេតុ​ភ័យ​ខ្លាច​ចំពោះ​ទុក្ខ​វេទនា​ជា​ខ្លាំង​ដែល​នឹង​មក​នៅ​ឆាប់​ៗ​ខាង​មុខ​នេះ​ឡើយ។—សុភ. ៣:២៥

ជំនឿ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ភាព​អយុត្តិធម៌

ការ​អធិដ្ឋាន​ឥត​ឈប់​នឹង​ពង្រឹង​ជំនឿ​របស់​យើង (​សូម​មើល​វគ្គ​១២​)

១២. តើ​លូកា ១៨:១​-​៨ បង្ហាញ​ថា​ការ​មាន​ជំនឿ​និង​ការ​ស៊ូ​ទ្រាំ​នឹង​អំពើ​អយុត្តិធម៌​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ដូច​ម្ដេច?

១២ លោក​យេស៊ូ​ដឹង​ថា​អំពើ​អយុត្តិធម៌​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក​ពិបាក​រក្សា​ជំនឿ។ ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ស៊ូ​ទ្រាំ លោក​បាន​លើក​ឧទាហរណ៍​មួយ​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​ក្នុង​សៀវ​ភៅ​លូកា។ លោក​យេស៊ូ​ប្រាប់​អំពី​ស្ត្រី​មេម៉ាយ​ដែលបន្ត​សុំ​ចៅ​ក្រម​មិន​សុចរិត​ម្នាក់​ឲ្យ​រក​យុត្តិធម៌​ឲ្យ​គាត់។ ស្ត្រី​នោះ​ជឿ​ជាក់​ថា​បើ​គាត់​បន្ត​សុំ​ជំនួយ ចៅ​ក្រម​នោះ​នឹង​ជួយ​គាត់។ នៅ​ទី​បំផុត ចៅ​ក្រម​នោះ​បាន​ធ្វើ​តាម​ការ​អង្វរ​សុំ​របស់​គាត់។ តើ​យើង​អាច​រៀន​មេ​រៀន​អ្វី​ពី​ឧទាហរណ៍​នេះ? ព្រះ​យេហូវ៉ា​មិន​អយុត្តិធម៌​ទេ។ ដូច្នេះ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បើ​ដូច្នេះ ព្រះ​ប្រាកដ​ជា​នឹង​រក​យុត្តិធម៌​ឲ្យ​អ្នក​ដែល​លោក​បាន​ជ្រើស​រើស ដែល​ស្រែក​រក​លោក​ទាំង​យប់​ទាំង​ថ្ងៃ មែន​ទេ?​»។ (​សូម​អាន លូកា ១៨:១​-​៨) បន្ទាប់​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​ដែល​កូន​មនុស្ស​មក​ដល់ តើ​លោក​ពិត​ជា​នឹង​ឃើញ​មនុស្ស​ដែល​មាន​ជំនឿ​ដូច​នេះ​នៅ​ផែនដី​ឬ​ទេ?​»។ ពេល​យើង​រង​អំពើ​អយុត្តិធម៌ យើង​ត្រូវ​បង្ហាញ​ដោយ​ចិត្ត​អត់​ធ្មត់​និង​ដោយ​ត​ស៊ូ​ព្យាយាម​ថា យើង​មាន​ជំនឿ​រឹង​មាំ​ដូច​ស្ត្រី​មេម៉ាយ​នោះ។ បើ​យើង​មាន​ជំនឿ​បែប​នោះ យើង​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង។ យើង​ក៏​ត្រូវ​ជឿ​ជាក់​ថា​ការ​អធិដ្ឋាន​របស់​យើង​មាន​ប្រសិទ្ធភាព។ ជួន​កាល ការ​អធិដ្ឋាន​របស់​យើង​នឹង​ទទួល​ចម្លើយ​ដែល​យើង​នឹក​ស្មាន​មិន​ដល់។

១៣. តើ​តាម​របៀប​ណា​សេចក្ដី​អធិដ្ឋាន​បាន​ជួយ​ក្រុម​គ្រួសារ​មួយ​ដែល​រង​អំពើ​អយុត្តិធម៌?

១៣ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ស្រី​ម្នាក់​ឈ្មោះ​វេរ៉ូ ដែល​រស់​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។ គាត់​មាន​ប្ដី​ដែល​មិន​មែន​ជា​អ្នក​ជឿ និង​កូន​ស្រី​ម្នាក់​ដែល​មាន​អាយុ​១៥​ឆ្នាំ។ ដោយ​សារ​ទាហាន​មួយ​ក្រុម​ដែល​ប្រដាប់​ដោយ​អាវុធ​បាន​មក​វាយ​ប្រហារ​ភូមិ​របស់​ពួក​គេ ពួក​គេ​បាន​រត់​ភៀស​ខ្លួន។ នៅ​តាម​ផ្លូវ ក្រុម​គ្រួសារ​នោះ​បាន​មក​ដល់​កន្លែង​យាម​កាម​របស់​ពួក​ទាហាន​មួយ​ក្រុម​ដែល​ប្រដាប់​ដោយ​អាវុធ ហើយ​ពួក​ទាហាន​ទាំង​នោះ​បាន​គំរាម​សម្លាប់​ពួក​គេ។ ពេល​នោះ​បង​វេរ៉ូ​ចាប់​ផ្ដើម​យំ កូន​ស្រី​គាត់​បាន​មក​ជួយ​គាត់​ដោយ​អធិដ្ឋាន​ឮ​ៗ​និង​ប្រើ​នាម​របស់​ព្រះ​យេហូវ៉ា​ម្ដង​ហើយ​ម្ដង​ទៀត។ ពេល​កូន​ស្រី​អធិដ្ឋាន​ចប់ មេ​បញ្ជាការ​បាន​សួរ​ថា​៖ ​«​នែ នាង​តូច អ្នក​ណា​បង្រៀន​ឲ្យ​អធិដ្ឋាន?​»។ កូន​ស្រី​តប​ថា​៖ ​«​ម្ដាយ​ខ្ញុំ​បង្រៀន​ខ្ញុំ​តាម​គំរូ​នៅ​ម៉ាថាយ ៦:៩​-​១៣​»។ ក្រោយ​មក មេ​បញ្ជាការ​នោះ​ក៏​និយាយ​ថា​៖ ​«​នាង​តូច សូម​ទៅ​ឲ្យ​បាន​សុខ​ជា​មួយ​ឪពុក​ម្ដាយ​នាង​ចុះ ហើយ​សូម​ឲ្យ​យេហូវ៉ា​ជា​ព្រះ​របស់​នាង​តាម​ថែ​រក្សា​នាង!​»។

១៤. តើ​អ្វី​ប្រហែល​ជា​សាក​ល្បង​ជំនឿ​របស់​យើង ហើយ​តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ?

១៤ បទ​ពិសោធន៍​បែប​នេះ​បង្រៀន​យើង​មិន​ឲ្យ​ភ្លេច​ថា​ការ​អធិដ្ឋាន​មាន​ប្រសិទ្ធភាព។ ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​សេចក្ដី​អធិដ្ឋាន​របស់​យើង​មិន​បាន​ទទួល​ចម្លើយ​ភ្លាម​ៗ ឬ​មិន​បាន​តប​ឆ្លើយ​តាម​របៀប​ដ៏​គួរ​ឲ្យ​កោត​ស្ងើច? ដូច​ស្ត្រី​មេម៉ាយ​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ សូម​បន្ត​អធិដ្ឋាន​ដោយ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​បោះ​បង់​ចោល​អ្នក ហើយ​ថា​លោក​នឹង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​នៅ​ពេល​ណា​មួយ។ សូម​បន្ត​អង្វរ​សុំ​ឫទ្ធានុភាព​បរិសុទ្ធ​ពី​ព្រះ​យេហូវ៉ា។ (​ភី. ៤:១៣​) សូម​ចាំ​ថា​មិន​យូរ​ទៀត​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ជា​បរិបូរ រហូត​ដល់​អ្នក​មិន​នឹក​ចាំ​អំពី​ទុក្ខ​លំបាក​ណា​ដែល​អ្នក​ធ្លាប់​ជួប​នៅ​អតីតកាល។ កាល​ដែល​អ្នក​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​យ៉ាង​ស្មោះ​ត្រង់​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា អ្នក​នឹង​មាន​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង​សម្រាប់​ថ្ងៃ​អនាគត។—១ពេ. ១:៦, ៧

ជំនឿ​ដើម្បី​យក​ឈ្នះ​ឧបសគ្គ

១៥. នៅ​ម៉ាថាយ ១៧:១៩, ២០ តើ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ជួប​បញ្ហា​អ្វី?

១៥ លោក​យេស៊ូ​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​ថា ជំនឿ​នឹង​ជួយ​ពួក​គេ​ឲ្យ​យក​ឈ្នះ​ឧបសគ្គ​ផ្សេង​ៗ។ (​សូម​អាន ម៉ាថាយ ១៧:១៩, ២០) នៅ​ពេល​មួយ ពួក​គេ​មិន​អាច​បណ្ដេញ​វិញ្ញាណ​កំណាច​ចេញ​ពី​បុគ្គល​ម្នាក់​បាន​ទេ ទោះ​ជា​ពួក​គេ​ធ្លាប់​ធ្វើ​ពី​មុន​ក៏​ដោយ។ តើ​អ្វី​ជា​បញ្ហា? លោក​យេស៊ូ​បាន​ពន្យល់​ថា​ពួក​គេ​ត្រូវ​ការ​ជំនឿ​ថែម​ទៀត។ លោក​បាន​ប្រាប់​ពួក​គេ​ថា​បើ​ពួក​គេ​មាន​ជំនឿ​រឹង​មាំ ពួក​គេ​អាច​យក​ឈ្នះ​ឧបសគ្គ​ដែល​ធំ​ប៉ុន​ភ្នំ! នៅ​សព្វ​ថ្ងៃ​នេះ យើង​ក៏​ប្រហែល​ជា​ជួប​ឧបសគ្គ​ដែល​មើល​ទៅ​ធំ​ប៉ុន​ភ្នំ​ផង​ដែរ។

យើង​ប្រហែល​ជា​កើត​ទុក្ខ​ជា​ពន់​ពេក ប៉ុន្តែ​ជំនឿ​របស់​យើង​នឹង​ជួយ​យើង​ឲ្យ​បន្ត​ជាប់​រវល់​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា (​សូម​មើល​វគ្គ​១៦​)

១៦. តើ​ជំនឿ​បាន​ជួយ​បង​កេឌី​យ៉ាង​ណា​ឲ្យ​ស៊ូ​ទ្រាំ​ក្រោយ​ពី​ប្ដី​របស់​គាត់​បាន​ត្រូវ​គេ​ធ្វើ​ឃាត?

១៦ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ស្រី​កេឌី​នៅ​ប្រទេស​ក្វាតេម៉ាឡា។ ប្ដី​របស់​គាត់​ឈ្មោះ​អេឌី​បាន​ត្រូវ​ឧក្រិដ្ឋជន​សម្លាប់ កាល​ដែល​ពួក​គេ​ត្រឡប់​មក​ផ្ទះ​វិញ​ក្រោយ​ពី​កិច្ច​ប្រជុំ​មួយ។ តើ​ជំនឿ​របស់​បង​កេឌី​បាន​ជួយ​គាត់​ឲ្យ​ស៊ូ​ទ្រាំ​នឹង​រឿង​ដ៏​ខ្លោច​ផ្សា​នេះ​យ៉ាង​ដូច​ម្ដេច? បង​កេឌី​និយាយ​ថា​៖ ​«​ការ​អធិដ្ឋាន​ជួយ​ខ្ញុំ​ឲ្យ​ផ្ទេរ​បន្ទុក​ទៅ​ព្រះ​យេហូវ៉ា ហើយ​នេះ​ជួយ​ខ្ញុំ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត។ ព្រះ​យេហូវ៉ា​ក៏​ជួយ​ខ្ញុំ​តាម​រយៈ​ក្រុម​គ្រួសារ​និង​មិត្ត​ភក្តិ​ក្នុង​ក្រុម​ជំនុំ​ដែរ។ ការ​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ព្រះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​លែង​សូវ​ឈឺ​ចិត្ត ហើយ​ជួយ​ខ្ញុំ​ឲ្យ​បន្ត​ស៊ូ​ទ្រាំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដោយ​មិន​ខ្វល់​ខ្វាយ​ច្រើន​ពេក​អំពី​ថ្ងៃ​ស្អែក។ តាម​រយៈ​បទ​ពិសោធន៍​នេះ​ខ្ញុំ​យល់​ថា មិន​ថា​មាន​ទុក្ខ​លំបាក​ណា​ក៏​ដោយ​ដែល​កើត​ឡើង​នៅ​ថ្ងៃ​អនាគត ខ្ញុំ​នឹង​អាច​ស៊ូ​ទ្រាំ​បាន​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា លោក​យេស៊ូ និង​អង្គការ​របស់​លោក​»។

១៧. តើ​យើង​អាច​ធ្វើ​អ្វី​ពេល​ជួប​ឧបសគ្គ​ធំ​ប៉ុន​ភ្នំ?

១៧ តើ​អ្នក​កំពុង​សោកសៅ​ដោយ​សារ​បុគ្គល​ជា​ទី​ស្រឡាញ់​បាន​ស្លាប់​ឬ​ទេ? សូម​លៃ​ទុក​ពេល​ដើម្បី​ពង្រឹង​ជំនឿ​របស់​អ្នក​ទៅ​លើ​សេចក្ដី​សង្ឃឹម​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ដោយ​អាន​កំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​បុគ្គល​ផ្សេង​ៗ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ តើ​អ្នក​កំពុង​កើត​ទុក្ខ​ដោយ​សារ​សមាជិក​ក្រុម​គ្រួសារ​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​ឬ​ទេ? សូម​សិក្សា​ស្រាវ​ជ្រាវ​ដើម្បី​នាំ​ឲ្យ​ខ្លួន​ជឿ​ជាក់​ថា ការ​ប្រៀន​ប្រដៅ​របស់​ព្រះ​គឺ​តែង​តែ​ល្អ​បំផុត។ មិន​ថា​អ្នក​មាន​បញ្ហា​អ្វី​ក៏​ដោយ សូម​ទុក​នោះ​ជា​ឱកាស​ដើម្បី​ពង្រឹង​ជំនឿ​របស់​អ្នក។ សូម​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​អារម្មណ៍​របស់​អ្នក​ដោយ​អស់​ពី​ចិត្ត។ សូម​កុំ​ញែក​ខ្លួន​ចេញ​ពី​អ្នក​ឯ​ទៀត ប៉ុន្តែ​សូម​រក្សា​ភាព​ជិត​ស្និទ្ធ​ជា​មួយ​បង​ប្អូន​រួម​ជំនឿ។ (​សុភ. ១៨:១​) សូម​ចូល​រួម​ក្នុង​សកម្មភាព​ផ្សេង​ៗ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ ទោះ​ជា​អ្នក​ធ្វើ​ដូច្នេះ​ទាំង​ទឹក​ភ្នែក​ក៏​ដោយ។ (​ចសព. ១២៦:៥, ៦​) សូម​បន្ត​ធ្វើ​តាម​ទម្លាប់​របស់​អ្នក​ក្នុង​ការ​ទៅ​កិច្ច​ប្រជុំ ផ្សព្វ​ផ្សាយ និង​អាន​គម្ពីរ។ ម្យ៉ាង​ទៀត សូម​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​ពរ​ដ៏​អស្ចារ្យ​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​នឹង​ឲ្យ​អ្នក​នៅ​ថ្ងៃ​អនាគត។ កាល​ដែល​អ្នក​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​ជួយ​អ្នក ជំនឿ​របស់​អ្នក​នឹង​កាន់​តែ​មាំ​មួន​ឡើង​ៗ។

​«​សូម​ជួយ​យើង​ឲ្យ​មាន​ជំនឿ​ថែម​ទៀត​»​

១៨. បើ​អ្នក​កត់​សម្គាល់​ថា​ជំនឿ​របស់​អ្នក​មិន​សូវ​មាំ​មួន តើ​អ្នក​អាច​ធ្វើ​អ្វី?

១៨ បើ​ទុក្ខ​លំបាក​ដែល​អ្នក​ជួប​នៅ​សព្វ​ថ្ងៃ​នេះ ឬ​នៅ​អតីតកាល​បង្ហាញ​ថា​ជំនឿ​របស់​អ្នក​មាន​ភាព​ទន់​ខ្សោយ​នៅ​ចំណុច​ណា​មួយ សូម​កុំ​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ សូម​ចាត់​ទុក​ថា​នេះ​ជា​ឱកាស​ដើម្បី​ពង្រឹង​ជំនឿ​របស់​អ្នក។ សូម​ធ្វើ​សំណូម​ពរ​ដូច​ពួក​សាវ័ក​ដែល​និយាយ​ថា​៖ ​«​សូម​ជួយ​យើង​ឲ្យ​មាន​ជំនឿ​ថែម​ទៀត​»។ (​លូក. ១៧:៥​) ម្យ៉ាង​ទៀត សូម​គិត​ពិចារណា​អំពី​គំរូ​ផ្សេង​ៗ​ដែល​មាន​ក្នុង​អត្ថបទ​នេះ។ ដូច​បង​មីកេល​និង​បង​យូរ៉ៃ សូម​នឹក​ចាំ​អំពី​ពេល​ផ្សេង​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​អ្នក។ ដូច​បង​អាណិល​និង​កូន​ស្រី​របស់​បង​វេរ៉ូ សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត ជា​ពិសេស​ពេល​អ្នក​មាន​បញ្ហា​ធំ។ ដូច​បង​កេឌី សូម​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​អាច​ផ្ដល់​ជំនួយ​ដែល​អ្នក​ត្រូវ​ការ​តាម​រយៈ​ក្រុម​គ្រួសារ​ឬ​មិត្ត​ភក្តិ។ ពេល​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ផ្សេង​ៗ​ដែល​អ្នក​មាន​នៅ​ឥឡូវ​នេះ នោះ​នឹង​ជួយ​អ្នក​ឲ្យ​កាន់​តែ​ជឿ​ជាក់​ថា​លោក​នឹង​ជួយ​អ្នក​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ណា​ក៏​ដោយ​ដែល​អ្នក​ប្រហែល​ជា​ជួប​ប្រទះ​នៅ​ថ្ងៃ​អនាគត។

១៩. តើ​លោក​យេស៊ូ​មាន​ទំនុក​ចិត្ត​អ្វី ហើយ​តើ​យើង​អាច​ជឿ​ជាក់​យ៉ាង​ណា?

១៩ លោក​យេស៊ូ​បាន​ជួយ​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ដឹង​អំពី​ចំណុច​ណា​ដែល​ពួក​គេ​ត្រូវ​ការ​ជំនឿ​ថែម​ទៀត។ ប៉ុន្តែ​លោក​ដឹង​ថា​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ពួក​គេ​អាច​យក​ឈ្នះ​ទុក្ខ​លំបាក​នៅ​ថ្ងៃ​អនាគត​បាន។ (​យ៉ូន. ១៤:១; ១៦:៣៣​) លោក​ជឿ​ជាក់​ថា​ដោយ​មាន​ជំនឿ​មាំ​មួន មនុស្ស​មួយ​ក្រុម​ធំ​នឹង​រួច​ជីវិត​ពី​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង។ (​បប. ៧:៩, ១៤​) តើ​អ្នក​នឹង​នៅ​ក្នុង​ចំណោម​មនុស្ស​មួយ​ក្រុម​ធំ​នោះ​ឬ​ទេ? ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា អ្នក​នឹង​នៅ​ក្នុង​ចំណោម​ក្រុម​នោះ​បាន បើ​អ្នក​ប្រើ​គ្រប់​ឱកាស​ដែល​អ្នក​មាន​ដើម្បី​ពង្រឹង​ជំនឿ​នៅ​ឥឡូវ​នេះ។—ហេ. ១០:៣៩

ចម្រៀង​លេខ​១១៨ ​«​សូម​ផ្ដល់​ជំនឿ​មក​យើង​ថែម​ទៀត​»​

^ វគ្គ 5 យើង​ទន្ទឹង​រង់​ចាំ​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ។ ប៉ុន្តែ ជួន​កាល​យើង​ប្រហែល​ជា​ឆ្ងល់​ថា​តើ​យើង​នឹង​មាន​ជំនឿ​មាំ​មួន​ល្មម​ដើម្បី​ឲ្យ​យើង​អាច​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់​ឬ​យ៉ាង​ណា។ នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​គំរូ​របស់​បុគ្គល​ផ្សេង​ៗ និង​មេ​រៀន​ដែល​អាច​ជួយ​យើង​ឲ្យ​ពង្រឹង​ជំនឿ​របស់​យើង។