លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤៤

តើសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាផ្ដល់ប្រយោជន៍អ្វីឲ្យអ្នក?

តើសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាផ្ដល់ប្រយោជន៍អ្វីឲ្យអ្នក?

​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​[​ព្រះ​យេហូវ៉ា​]​ស្ថិត​ស្ថេរ ជា​រៀង​រហូត​»។—ចសព. ១៣៦:១

ចម្រៀង​លេខ​១០៨ សេចក្ដី​ស្រឡាញ់​ស្មោះ​ត្រង់​របស់​ព្រះ

សេចក្ដី​សង្ខេប *

១. តើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ​អ្វី?

ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់។ (​ហូ. ៦:៦​) លោក​ក៏​ចង់​ឲ្យ​អ្នក​បម្រើ​លោក​ធ្វើ​ដូច្នេះ​ដែរ។ ក្នុង​បណ្ដាំ​របស់​លោក ព្រះ​របស់​យើង​ប្រាប់​យើង​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជា​និច្ច។ (​សុភ. ៣:៣​) ប៉ុន្តែ មុន​យើង​អាច​ធ្វើ​ដូច្នេះ យើង​ត្រូវ​ដឹង​ថា តើ​អ្វី​ជា​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់?

២. តើ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​គឺ​ជា​អ្វី?

តើ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​គឺ​ជា​អ្វី? ពាក្យ​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​»​មាន​នៅ​ក្នុង​គម្ពីរ​បរិសុទ្ធ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី ប្រហែល​ជា​២៣០​ដង។ ប៉ុន្តែ តើ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​មាន​ន័យ​យ៉ាង​ណា? តាម​«​និយមន័យ​ពាក្យ​ក្នុង​គម្ពីរ​»​នៃ​សេចក្ដី​បក​ប្រែ​នេះ ពាក្យ​នេះ​សំដៅ​លើ​«​សេចក្ដី​ស្រឡាញ់​ដែល​កើត​ចេញ​ពី​ការ​តាំង​ចិត្ត​ធ្វើ​តាម​សន្យា ចិត្ត​ស្មោះ​ឥត​ងាក​រេ ភក្ដី​ភាព និង​ចំណង​មិត្តភាព​ដ៏​ជ្រាល​ជ្រៅ។ នេះ​ច្រើន​តែ​សំដៅ​លើ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​មាន​ចំពោះ​មនុស្ស តែ​ក៏​ជា​សេចក្ដី​ស្រឡាញ់​ដែល​មនុស្ស​បង្ហាញ​ចំពោះ​គ្នា​ដែរ​»។ ព្រះ​យេហូវ៉ា​គឺ​ជា​គំរូ​ដ៏​ល្អ​បំផុត​អំពី​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​មនុស្ស។ ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​ជា​អ្នក​បម្រើ​លោក អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។

ព្រះ​យេហូវ៉ា​‹មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជា​បរិបូរ›

៣. តើ​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ម៉ូសេ​អ្វី​ខ្លះ​អំពី​ខ្លួន​លោក?

មិន​យូរ​ក្រោយ​ពី​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ខ្លួន​លោក​ដល់​ម៉ូសេ​ដោយ​ប្រាប់​អំពី​នាម​លោក​និង​គុណ​សម្បត្តិ​របស់​លោក។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​យេហូវ៉ា យេហូវ៉ា ជា​ព្រះ​នៃ​សេចក្ដី​មេត្តា​ករុណា​និង​សេចក្ដី​អាណិត​អាសូរ។ លោក​យឺត​នឹង​ខឹង ហើយ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​និង​សេចក្ដី​ពិត​ជា​បរិបូរ។ លោក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដល់​មនុស្ស​រាប់​ពាន់​ជំនាន់។ លោក​ថែម​ទាំង​អភ័យ​ទោស​កំហុស និង​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​ទៀត​ផង​»។ (​ដច. ៣៤:៦, ៧​) ដោយ​ប្រើ​ពាក្យ​ដ៏​ពីរោះ​នេះ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ម៉ូសេ​អ្វី​ដ៏​ពិសេស​មួយ​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក។ តើ​នោះ​គឺ​ជា​អ្វី?

៤​-​៥. (​ក​) តើ​ព្រះ​យេហូវ៉ា​រៀប​រាប់​យ៉ាង​ណា​អំពី​ខ្លួន​លោក? (​ខ​) តើ​យើង​នឹង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ខ្លះ?

ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​រៀប​រាប់​ថា​លោក​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ប៉ុណ្ណោះ​ទេ តែ​លោក​បាន​មាន​ប្រសាសន៍​ថា លោក​‹មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជា​បរិបូរ›។ ពាក្យ​ទាំង​នេះ​មាន​៦​ដង​ទៀត​ក្នុង​គម្ពីរ។ (​ជប. ១៤:១៨; នេហ. ៩:១៧; ចសព. ៨៦:១៥; ១០៣:៨; យ៉ូល. ២:១៣; យ៉ូណ. ៤:២​) រាល់​ដង​ដែល​ពាក្យ​ទាំង​នេះ​បាន​ត្រូវ​ប្រើ​ក្នុង​គម្ពីរ គឺ​តែង​តែ​សំដៅ​លើ​ព្រះ​យេហូវ៉ា មិន​មែន​លើ​មនុស្ស​ទេ។ គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍ នៅ​ក្នុង​គម្ពីរ​ព្រះយេហូវ៉ា​ច្រើន​តែ​ប្រើ​ពាក្យ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដើម្បី​រៀប​រាប់​អំពី​លោក។ ដូច្នេះ​យើង​ឃើញ​ថា នេះ​ជា​គុណ​សម្បត្តិ​ដ៏​សំខាន់​ចំពោះ​លោក។ * ហេតុ​នេះ ស្ដេច​ដាវីឌ​បាន​និយាយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ខ្ពស់​ដល់​មេឃ... ឱ​ព្រះ​របស់​ខ្ញុំ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​វិសេស​ខ្លាំង​ណាស់! មនុស្ស​ចូល​ទៅ​ពឹង​ជ្រក​ក្រោម​ម្លប់​ស្លាប​របស់​លោក​»។ (​ចសព. ៣៦:៥,​) ដូច​ដាវីឌ តើ​ខ្ញុំ​ឲ្យ​តម្លៃ​ចំពោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​ឬ​ទេ?

ដើម្បី​យល់​ច្បាស់​ជាង​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ សូម​យើង​ពិចារណា​អំពី​សំណួរ​ពីរ​៖ ទី​១ តើ​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​អ្នក​ណា? ទី​២ តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា?

តើ​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​អ្នក​ណា?

៦. តើ​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​អ្នក​ណា?

តើ​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​អ្នក​ណា? គម្ពីរ​រៀប​រាប់​អំពី​អ្វី​ផ្សេង​ៗ​ដែល​យើង​ចូល​ចិត្ត​ឬ​ស្រឡាញ់ ដូច​ជា​«​កសិកម្ម​»​ ​«​ស្រា​និង​ប្រេង​»​ ​«​ការ​ប្រៀន​ប្រដៅ​»​ ​«​ចំណេះ​»​ ព្រម​ទាំង​«​ប្រាជ្ញា​»​ជា​ដើម។ (​២ប្រ. ២៦:១០; សុភ. ១២:១; ២១:១៧; ២៩:៣​) ប៉ុន្តែ យើង​មិន​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​របស់​របរ​ឬ​អ្វី​ផ្សេង​បាន​ទេ។ នេះ​គឺ​ជា​គុណ​សម្បត្តិ​មួយ​ដែល​យើង​បង្ហាញ​ចំពោះ​មនុស្ស​តែ​ប៉ុណ្ណោះ។ ព្រះ​យេហូវ៉ា​មិន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​មនុស្ស​ទាំង​ឡាយ​ទេ។ លោក​បង្ហាញ​គុណ​សម្បត្តិ​នេះ​ចំពោះ​តែ​អ្នក​ដែល​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​លោក​ប៉ុណ្ណោះ។ ព្រះ​យេហូវ៉ា​គឺ​ស្មោះ​ត្រង់​នឹង​មិត្ត​សម្លាញ់​របស់​លោក។ លោក​មាន​គោល​បំណង​ដ៏​អស្ចារ្យ​ចំពោះ​ពួក​គេ ហើយ​លោក​នឹង​មិន​ឈប់​ស្រឡាញ់​ពួក​គេ​ឡើយ។

ព្រះ​យេហូវ៉ា​ផ្ដល់​អ្វី​ល្អ​ៗ​ជា​ច្រើន​ដល់​មនុស្ស​ទាំង​ឡាយ រួម​ទាំង​ពួក​អ្នក​ដែល​មិន​គោរព​ប្រណិប័តន៍​លោក​ដែរ (​សូម​មើល​វគ្គ​៧​) *

៧. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ទាំង​អស់​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ទាំង​អស់។ លោក​យេស៊ូ​បាន​ប្រាប់​បុរស​ម្នាក់​ឈ្មោះ​នីកូដេម​ថា​៖ ​«​ព្រះ​ស្រឡាញ់​ពិភព​លោក​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​លោក​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ​»។—យ៉ូន. ៣:១, ១៦; ម៉ាថ. ៥:៤៤, ៤៥

យោង​ទៅ​តាម​ពាក្យ​របស់​ស្ដេច​ដាវីឌ​និង​ដានីយ៉ែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ពួក​អ្នក​ដែល​ស្គាល់​លោក កោត​ខ្លាច​លោក ស្រឡាញ់​លោក និង​ធ្វើ​តាម​បញ្ញត្តិ​របស់​លោក (​សូម​មើល​វគ្គ​៨​-​៩​)

៨​-​៩. (​ក​) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​អ្នក​បម្រើ​លោក? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​ឥឡូវ​នេះ?

ដូច​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​តែ​ពួក​អ្នក​ដែល​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក គឺ​ពួក​អ្នក​បម្រើ​លោក។ នេះ​គឺ​ស​ឲ្យ​ឃើញ​តាម​រយៈ​ពាក្យ​សម្ដី​របស់​ស្ដេច​ដាវីឌ​និង​ដានីយ៉ែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ។ ជា​ឧទាហរណ៍ ដាវីឌ​បាន​និយាយ​ថា​៖ ​«​សូម​លោក​បន្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដល់​អ្នក​ដែល​ស្គាល់​លោក​»។ ​«​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជា​និច្ច ចំពោះ​អស់​អ្នក​ដែល​កោត​ខ្លាច​លោក​»។ ម្យ៉ាង​ទៀត ដានីយ៉ែល​បាន​ប្រកាស​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត​អើយ!... លោក​តែង​តែ... បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​លោក​និង​ធ្វើ​តាម​បញ្ញត្តិ​លោក​»។ (​ចសព. ៣៦:១០; ១០៣:១៧; ដាន. ៩:៤​) យោង​ទៅ​តាម​ពាក្យ​ទាំង​នេះ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​អ្នក​បម្រើ​លោក ដោយ​សារ​ពួក​គេ​ស្គាល់​លោក កោត​ខ្លាច​លោក ស្រឡាញ់​លោក និង​ធ្វើ​តាម​បញ្ញត្តិ​របស់​លោក។ ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​តែ​ពួក​អ្នក​ដែល​បម្រើ​លោក​តាម​របៀប​ត្រឹម​ត្រូវ​ប៉ុណ្ណោះ។

មុន​យើង​បាន​ចាប់​ផ្ដើម​បម្រើ​ព្រះ​យេហូវ៉ា យើង​ទទួល​សេចក្ដី​ស្រឡាញ់​ដែល​លោក​បង្ហាញ​ចំពោះ​មនុស្សជាតិ។ (​ចសព. ១០៤:១៤​) ប៉ុន្តែ ក្នុង​នាម​ជា​អ្នក​គោរព​ប្រណិប័តន៍​លោក យើង​ក៏​ទទួល​ប្រយោជន៍​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ដែរ។ ព្រះ​យេហូវ៉ា​ពង្រឹង​កម្លាំង​ចិត្ត​អ្នក​បម្រើ​លោក​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ខ្ញុំ​ចំពោះ​អ្នក មិន​សាប​សូន្យ​ឡើយ​»។ (​អេ. ៥៤:១០​) ដាវីឌ​ក៏​ពិសោធ​ដោយ​ខ្លួន​គាត់​ថា ​«​ព្រះ​យេហូវ៉ា​នឹង​លើក​កិត្តិយស​មនុស្ស​ដែល​មាន​ភក្ដី​ភាព​ចំពោះ​លោក​»។ (​ចសព. ៤:៣​) តើ​យើង​គួរ​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​ពិសេស​របស់​ព្រះ​យេហូវ៉ា​ចំពោះ​យើង? អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​កត់​សម្គាល់​ថា​៖ ​«​អ្នក​ណា​ដែល​មាន​ប្រាជ្ញា អ្នក​នោះ​នឹង​សង្កេត​មើល​អ្វី​ទាំង​នេះ ហើយ​នឹង​ពិចារណា​យ៉ាង​ហ្មត់​ចត់​អំពី​កិច្ចការ​ដែល​ព្រះ​យេហូវ៉ា​ធ្វើ ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​»។ (​ចសព. ១០៧:៤៣​) យោបល់​ល្អ​នេះ​គឺ​មក​ពី​ព្រះ​យេហូវ៉ា ដូច្នេះ​សូម​យើង​ពិចារណា​របៀប​បី​ដែល​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ទទួល​ប្រយោជន៍​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក។

តើ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ជួយ​យើង​យ៉ាង​ណា?

ព្រះ​យេហូវ៉ា​ផ្ដល់​អ្វី​ល្អ​ៗ​ថែម​ទៀត​ដល់​ពួក​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក (​សូម​មើល​វគ្គ​១០​-​១៦​) *

១០. តើ​ការ​ដឹង​ថា​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ស្ថិត​ស្ថេរ​ជា​រៀង​រហូត​ជួយ​យើង​យ៉ាង​ណា? (​ចម្រៀង​សរសើរ​ព្រះ ៣១:៧​)

១០ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ ចំណុច​ដ៏​សំខាន់​នេះ​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​បាន​ត្រូវ​លើក​ឡើង​២៦​ដង​ក្នុង​ចម្រៀង​សរសើរ​ព្រះ ១៣៦ខ​ទី​១​ចែង​ថា​៖ ​«​ចូរ​អរគុណ​ព្រះ​យេហូវ៉ា ព្រោះ​លោក​ជា​ព្រះ​ដ៏​ល្អ។ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ ជា​រៀង​រហូត​»។ (​ចសព. ១៣៦:១​) ចាប់​ពី​ខ​២​ដល់​២៦ មាន​ពាក្យ​«​ព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត​»។ ពេល​យើង​អាន​បទ​នេះ យើង​កោត​ស្ងើច​ចំពោះ​របៀប​ផ្សេង​ៗ​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ដោយ​មិន​ឈប់​ឈរ។ ពាក្យ​«​ព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត​»​ ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ថា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​រាស្ត្រ​លោក​មិន​ប្រែ​ប្រួល​ទេ។ យើង​ទទួល​ការ​លើក​ទឹក​ចិត្ត​ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​មិន​ឆាប់​បោះ​បង់​ចោល​ពួក​អ្នក​បម្រើ​លោក​ឡើយ! ផ្ទុយ​ទៅ​វិញ លោក​នៅ​ក្បែរ​អ្នក​បម្រើ​លោក​ជា​និច្ច ជា​ពិសេស​នៅ​គ្រា​លំបាក។ តើ​យើង​ទទួល​ប្រយោជន៍​អ្វី? ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​នៅ​ក្បែរ​យើង​ជា​និច្ច ផ្ដល់​អំណរ​និង​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ផ្សេង​ៗ ហើយ​បន្ត​ដើរ​តាម​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ជីវិត។—សូម​អាន ចម្រៀង​សរសើរ​ព្រះ ៣១:៧

១១. យោង​ទៅ​តាម​ចម្រៀង​សរសើរ​ព្រះ ៨៦:៥ តើ​អ្វី​ជំរុញ​ចិត្ត​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត?

១១ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​ជំរុញ​ចិត្ត​លោក​ឲ្យ​អភ័យ​ទោស។ ពេល​ព្រះ​យេហូវ៉ា​ឃើញ​ថា​បុគ្គល​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​បាន​ប្រែ​ចិត្ត និង​លះ​ចោល​អំពើ​ខុស​ឆ្គង​នោះ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ជំរុញ​ចិត្ត​លោក​អភ័យ​ទោស​ឲ្យ​អ្នក​នោះ។ ដាវីឌ​ដែល​ជា​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ និយាយ​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​លោក​មិន​បាន​ដាក់​ទោស​យើង​ឲ្យ​សម​នឹង​អំពើ​ខុស​ឆ្គង​របស់​យើង​ទេ ហើយ​លោក​ក៏​មិន​តប​ស្នង​យើង​តាម​កំហុស​របស់​យើង​ដែរ​»។ (​ចសព. ១០៣:៨​-​១១​) ដាវីឌ​ក៏​បាន​ពិសោធ​ដោយ​ខ្លួន​ឯង​ថា ពេល​សមត្ថភាព​វិនិច្ឆ័យ​របស់​គាត់​ផ្ដន្ទា​ទោស​គាត់ នោះ​នាំ​ឲ្យ​គាត់​បន្ទោស​ខ្លួន​និង​ឈឺ​ចិត្ត​ខ្លាំង​ណាស់។ ប៉ុន្តែ ដាវីឌ​ក៏​បាន​រៀន​ថា ព្រះ​យេហូវ៉ា​«​បម្រុង​តែ​នឹង​អភ័យ​ទោស​»។ តើ​អ្វី​ជំរុញ​ចិត្ត​ព្រះ​យេហូវ៉ា​ឲ្យ​អភ័យ​ទោស? ចម្លើយ​គឺ​បាន​ត្រូវ​កត់​ទុក​នៅ​ចម្រៀង​សរសើរ​ព្រះ ៨៦:៥។ (​សូម​អាន​) ដូច​ដាវីឌ​បាន​និយាយ​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​គាត់ ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត ដោយ​សារ​លោក​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជា​បរិបូរ​ចំពោះ​អស់​អ្នក​ដែល​ហៅ​រក​លោក។

១២​-​១៣. តើ​អ្វី​នឹង​ជួយ​យើង បើ​យើង​បន្ទោស​ខ្លួន​ហើយ​ឈឺ​ចិត្ត​ដោយ​សារ​កំហុស​ឆ្គង​ដែល​យើង​ធ្លាប់​ធ្វើ?

១២ ពេល​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង គឺ​ជា​ការ​ល្អ​និង​សម​ត្រឹម​ត្រូវ​ដែល​យើង​មាន​អារម្មណ៍​ស្ដាយ​ក្រោយ។ នេះ​អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​សុំ​ការ​អភ័យ​ទោស​និង​ធ្វើ​ការ​កែ​ប្រែ។ ប៉ុន្តែ អ្នក​បម្រើ​ខ្លះ​របស់​ព្រះ​នៅ​តែ​បន្ត​បន្ទោស​ខ្លួន​ចំពោះ​អំពើ​ខុស​ឆ្គង​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​ពី​មុន។ ពួក​គេ​គិត​ថា ព្រះ​យេហូវ៉ា​មិន​អាច​អភ័យ​ទោស​ឲ្យ​ពួក​គេ​បាន​ទេ ទោះ​ជា​ពួក​គេ​បាន​សុំ​ការ​អភ័យ​ទោស​ពី​លោក និង​បាន​ឈប់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នោះ​ក៏​ដោយ។ បើ​អ្នក​មាន​អារម្មណ៍​បែប​នេះ ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​ចង់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​អ្នក​អាច​ជួយ​អ្នក។

១៣ តើ​យើង​ទទួល​ប្រយោជន៍​អ្វី? ទោះ​ជា​យើង​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ក្ដី យើង​អាច​មាន​អំណរ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា ដោយ​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស។ នេះ​អាច​កើត​ឡើង​ដោយ​សារ​‹ឈាម​របស់​លោក​យេស៊ូ​ជា​បុត្រ​របស់​ព្រះ សម្អាត​យើង​ពី​ភាព​ខុស​ឆ្គង​ទាំង​អស់›។ (​១យ៉ូន. ១:៧​) ពេល​អ្នក​ធ្លាក់​ទឹក​ចិត្ត​ចំពោះ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​អ្នក សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​ចង់​អភ័យ​ទោស​ឲ្យ​អ្នក បើ​អ្នក​ប្រែ​ចិត្ត។ សូម​កត់​សម្គាល់​ពាក្យ​របស់​ដាវីឌ​អំពី​របៀប​ដែល​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​និង​ការ​អភ័យ​ទោស​ជាប់​ទាក់​ទង​គ្នា។ គាត់​សរសេរ​ថា​៖ ​«​ដូច​កម្ពស់​ពី​ផែនដី​ទៅ​ស្ថាន​សួគ៌ មិន​អាច​វាស់​ស្ទង់​បាន នោះ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​ដែល​លោក​មាន​ចំពោះ​អស់​អ្នក ដែល​កោត​ខ្លាច​លោក ក៏​មិន​អាច​វាស់​ស្ទង់​បាន​ដែរ។ ដូច​ទិស​ខាង​លិច​ឆ្ងាយ​ពី​ទិស​ខាង​កើត​យ៉ាង​ណា នោះ​លោក​ក៏​ដក​អំពើ​រំលង​របស់​យើង​ឲ្យ​ចេញ​ឆ្ងាយ​យ៉ាង​នោះ​ដែរ​»។ (​ចសព. ១០៣:១១, ១២​) ព្រះ​យេហូវ៉ា​ពិត​ជា​នឹង​«​អភ័យ​ទោស​ឲ្យ​ជា​បរិបូរ​»។—អេ. ៥៥:៧

១៤. តើ​ដាវីឌ​បាន​រៀប​រាប់​យ៉ាង​ណា​អំពី​របៀប​ដែល​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​ការ​ពារ​យើង?

១៤ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ ផ្ដល់​ការ​ការ​ពារពី​អ្វី​ដែល​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជាមួយ​លោក។ ក្នុង​សេចក្ដី​អធិដ្ឋាន​មួយ​របស់​ដាវីឌ​ទៅ​ព្រះ​យេហូវ៉ា គាត់​បាន​និយាយ​ថា​៖ ​«​លោក​ជា​ទី​ពឹង​ជ្រក​របស់​ខ្ញុំ លោក​នឹង​ការ​ពារ​ខ្ញុំ​ក្នុង​គ្រា​លំបាក លោក​នឹង​ធ្វើ​ឲ្យ​មាន​សំឡេង​ត្រេក​អរ​នៅ​ជុំ​វិញ​ខ្ញុំ ដោយ​សារ​លោក​បាន​សង្គ្រោះ​ខ្ញុំ។... អ្នក​ដែល​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​រមែង​ទទួល​សេចក្ដី​ស្រឡាញ់ ដ៏​ស្មោះ​ត្រង់​ពី​លោក​»​ ឬ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ព័ទ្ធ​ជុំ​វិញ​ពួក​គេ។ (​ចសព. ៣២:៧, ១០​) ដូច​នៅ​សម័យ​គម្ពីរ កំពែង​ព័ទ្ធ​ជុំ​វិញ​ក្រុង​ដើម្បី​ការ​ពារ​បណ្ដា​ជន​ពី​សត្រូវ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា គឺ​ហាក់​ដូច​ជា​កំពែង​មួយ​ដែល​ការ​ពារ​យើង​ពីអ្វី​ណា​ក៏​ដោយ​ដែល​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​លោក។ មួយ​វិញ​ទៀត សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជំរុញ​ចិត្ត​ព្រះ​យេហូវ៉ា​ឲ្យ​ទាញ​នាំ​យើង​ឲ្យ​មក​ឯ​លោក។—យេ. ៣១:៣

១៥. តើ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​គឺ​ប្រៀប​ដូច​ជា​ទី​ពឹង​ជ្រក​និង​ទី​មាំ​មួន​យ៉ាង​ដូច​ម្ដេច?

១៥ ដាវីឌ​បាន​ប្រើ​ការ​ប្រដូច​មួយ​ទៀត​ដើម្បី​បង្ហាញ​អំពី​របៀប​ដែល​ព្រះ​ការ​ពារ​រាស្ត្រ​លោក។ គាត់​សរសេរ​ថា​៖ ​«​ព្រះ​ជា​ទី​ពឹង​ជ្រក​ដ៏​មាន​សុវត្ថិភាព​សម្រាប់​ខ្ញុំ និង​ជា​ព្រះ​ដែល​បង្ហាញ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ខ្ញុំ​»។ ដាវីឌ​ក៏​ប្រាប់​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​លោក​ជា​ព្រះ​ដែល​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ និង​ជា​ទី​មាំ​មួន​របស់​ខ្ញុំ លោក​ជា​អ្នក​សង្គ្រោះ​ខ្ញុំ និង​ជា​ទី​ជ្រក​ដ៏​មាន​សុវត្ថិភាព​សម្រាប់​ខ្ញុំ លោក​ជា​ខែល និង​ជា​ព្រះ​ដែល​ខ្ញុំ​ពឹង​ជ្រក​»។ (​ចសព. ៥៩:១៧; ១៤៤:២​) ហេតុ​អ្វី​ដាវីឌ​ប្រដូច​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ទៅ​នឹង​ទី​ពឹង​ជ្រក​និង​ទី​មាំ​មួន? ពីព្រោះ​ទោះ​ជា​យើង​រស់​នៅ​កន្លែង​ណា​ក៏​ដោយ ដរាប​ណា​យើង​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា លោក​នឹង​ផ្ដល់​ការ​ការ​ពារ​ទាំង​អស់​ដែល​យើង​ត្រូវ​ការ​ដើម្បី​រក្សា​ការ​ពារ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​លោក​ឲ្យ​មាំ​មួន។ មាន​ចំណុច​ស្រដៀង​គ្នា​នឹង​នេះ​នៅ​ចម្រៀង​សរសើរ​ព្រះ ៩១។ អ្នក​តែង​បទ​នោះ​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​និយាយ​ទៅ​កាន់​ព្រះ​យេហូវ៉ា​ថា​៖ ‹លោក​ជា​ទី​ពឹង​ជ្រក​របស់​ខ្ញុំ និង​ជា​បន្ទាយ​ការ​ពារ​ខ្ញុំ›​»។ (​ចសព. ៩១:១​-​៣, ៩, ១៤​) ម៉ូសេ​ក៏​បាន​ប្រើ​ការ​ប្រដូច​ស្រដៀង​គ្នា​អំពី​ទី​ពឹង​ជ្រក​ដែរ។ (​ចសព. ៩០:១​) បន្ថែម​ទៅ​ទៀត មិន​យូរ​មុន​ម៉ូសេ​ស្លាប់ គាត់​បាន​ប្រាប់​អំពី​ការ​ប្រដូច​មួយ​ទៀត​ដែល​លើក​ទឹក​ចិត្ត​យើង។ គាត់​បាន​សរសេរ​ថា​៖ ​«​តាំង​ពី​បុរាណ​មក ព្រះ​ជា​ទី​ពឹង​ជ្រក ហើយ​ដៃ​លោក​ទ្រ​អ្នក​ជា​ដរាប​»។ (​បច. ៣៣:២៧​) តើ​ពាក្យ​«​ដៃ​លោក​ទ្រ​អ្នក​ជា​ដរាប​»​ប្រាប់​យើង​អ្វី​អំពី​ព្រះ​យេហូវ៉ា?

១៦. តើ​ព្រះ​យេហូវ៉ា​ជួយ​យើង​តាម​របៀប​ណា​ខ្លះ? (​ចម្រៀង​សរសើរ​ព្រះ ១៣៦:២៣​)

១៦ ពេល​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ជ្រក​របស់​យើង យើង​មាន​អារម្មណ៍​ថា​យើង​មាន​សុវត្ថិភាព។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ នៅ​ពេល​ខ្លះ​យើង​ប្រហែល​ជា​ធ្លាក់​ទឹក​ចិត្ត ហើយ​មិន​អាច​បំបាត់​ចោល​អារម្មណ៍​នោះ​បាន​ទេ។ នៅ​ពេល​នោះ តើ​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​យ៉ាង​ដូច​ម្ដេច? (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ១៣៦:២៣) លោក​នឹង​ទ្រ​យើង​និង​ជួយ​គ្រាហ៍​យើង ហើយ​ជួយ​យើង​ឲ្យ​ឈប់​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​នោះ។ (​ចសព. ២៨:៩; ៩៤:១៨​) តើ​យើង​ទទួល​ប្រយោជន៍​អ្វី? ការ​ដឹង​ថា​យើង​តែង​តែ​អាច​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា អាច​ជួយ​យើង។ តើ​នោះ​អាច​ជួយ​យើង​តាម​របៀប​ណា? ទី​១ មិន​ថា​យើង​រស់​នៅ​កន្លែង​ណា​ក៏​ដោយ យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​តែង​តែ​ជួយ​ការ​ពារ​យើង។ ទី២ បិតា​របស់​យើង​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​យ៉ាង​ខ្លាំង។

ហេតុ​អ្វី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត?

១៧. តើ​យើង​អាច​មាន​ទំនុក​ចិត្ត​អ្វី ដោយ​សារ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ? (​ចម្រៀង​សរសើរ​ព្រះ ៣៣:១៨​-​២២​)

១៧ ដូច​យើង​បាន​ពិចារណា ពេល​ជួប​ទុក្ខ​លំបាក យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​ចាត់​វិធានការ​ជំនួស​យើង​ដោយ​ផ្ដល់​ការ​គាំទ្រ​ដែល​យើង​ត្រូវ​ការ ដើម្បី​យើង​អាច​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ។ (​២កូ. ៤:៧​-​៩​) យេរេមា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​និយាយ​ថា​៖ ​«​ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ ទើប​បាន​ជា​យើង​មិន​វិនាស​សូន្យ​បាត់ ហើយ​សេចក្ដី​មេត្តា​ករុណា​របស់​លោក​មិន​ដែល​កន្លង​ផុត​ឡើយ​»។ (​បទំ. ៣:២២​) យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​បន្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ចំពោះ​យើង ដោយ​សារ​គម្ពីរ​ប្រាប់​យើង​ថា​៖ ​«​ភ្នែក​របស់​ព្រះ​យេហូវ៉ា​តាម​មើល​អស់​អ្នក​ដែល​កោត​ខ្លាច​លោក គឺ​អស់​អ្នក​ដែល​រង់​ចាំ​ទទួល​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​»។—សូម​អាន ចម្រៀង​សរសើរ​ព្រះ ៣៣:១៨​-​២២

១៨​-​១៩. (​ក​) តើ​យើង​គួរ​នឹក​ចាំ​អំពី​អ្វី? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​អត្ថបទ​បន្ទាប់?

១៨ តើ​យើង​គួរ​នឹក​ចាំ​អំពី​អ្វី? មុន​ដែល​យើង​ចាប់​ផ្ដើម​បម្រើ​ព្រះ​យេហូវ៉ា យើង​បាន​ទទួល​សេចក្ដី​ស្រឡាញ់​ដែល​លោក​បង្ហាញ​ចំពោះ​មនុស្ស​ជា​ទូទៅ។ ប៉ុន្តែ ក្នុង​នាម​ជា​អ្នក​គោរព​ប្រណិប័តន៍​លោក យើង​ក៏​ទទួល​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ពី​លោក។ សេចក្ដី​ស្រឡាញ់​នោះ​ជំរុញ​ចិត្ត​លោក​ឲ្យ​ឱប​ត្រកង​យើង។ ព្រះ​យេហូវ៉ា​នឹង​នៅ​ជិត​យើង​ជា​និច្ច ហើយ​លោក​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​របស់​លោក​ចំពោះ​យើង​ផង​ដែរ។ លោក​ចង់​ឲ្យ​យើង​ទទួល​ជោគ​ជ័យ។ (​ចសព. ៤៦:១, ២,​) ដូច្នេះ ទោះ​ជា​យើង​ជួប​ទុក្ខ​លំបាក​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​ឲ្យ​យើង​អាច​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ចំពោះ​លោក។

១៩ យើង​បាន​ឃើញ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​អ្នក​បម្រើ​លោក។ លោក​ក៏​តម្រូវ​ឲ្យ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? នៅ​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​ប្រធានបទ​សំខាន់​នេះ។

ចម្រៀង​លេខ​១៣៦ រង្វាន់​ឥត​ខ្ចោះ​ពី​ព្រះ​យេហូវ៉ា

^ វគ្គ 5 តើ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​គឺ​ជា​អ្វី? តើ​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​អ្នក​ណា? តើ​គុណ​សម្បត្តិ​នេះ​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​អ្នក​ទាំង​នោះ? យើង​នឹង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​ក្នុង​អត្ថបទ​ទី​១​នៃ​អត្ថបទ​ពីរ ដែល​រៀប​រាប់​អំពី​គុណ​សម្បត្តិ​ដ៏​សំខាន់​នេះ។

^ វគ្គ 4 បទ​គម្ពីរ​ឯ​ទៀត​ក៏​លើក​ឡើង​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជា​បរិបូរ​របស់​ព្រះ​ដែរ។—សូម​មើល នេហេមា ១៣:២២; ចម្រៀង​សរសើរ​ព្រះ ៦៩:១៣; ១០៦:៧ និង​បទ​ទំនួញ ៣:៣២

^ វគ្គ 54 ការ​ពណ៌នា​អំពី​រូប​ភាព: ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​មនុស្ស​ទាំង​អស់ រួម​ទាំង​អ្នក​បម្រើ​លោក​ផង​ដែរ។ រូប​ភាព​ក្នុង​រង្វង់​មូល​ដែល​នៅ​លើ​រូប​ភាព​មនុស្ស គឺ​ជា​របៀប​ខ្លះ​ៗ​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​លោក។ សំខាន់​បំផុត លោក​ផ្ដល់​លោក​យេស៊ូ​ដែល​ជា​បុត្រ​លោក​ឲ្យ​ស្លាប់​ដើម្បី​យើង។

^ វគ្គ 62 ការ​ពណ៌នា​អំពី​រូប​ភាព: ពួក​អ្នក​ដែល​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​និង​ដែល​បង្ហាញ​ជំនឿ​លើ​ថ្លៃ​លោះ ទទួល​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​តាម​របៀប​ផ្សេង​ទៀត។ ក្រៅ​ពី​ទទួល​សេចក្ដី​ស្រឡាញ់​ដែល​លោក​បង្ហាញ​ចំពោះ​មនុស្ស​ទាំង​អស់ អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ក៏​ទទួល​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ពី​លោក​ផង​ដែរ។ របៀប​ខ្លះ​ៗ​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​នេះ​បាន​ត្រូវ​បង្ហាញ​នៅ​ក្នុង​រូប​ភាព​រង្វង់​មូល​នៅ​ពាក់​កណ្ដាល។