លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣៤

អ្នកជាបុគ្គលដែលមានតម្លៃក្នុងក្រុមជំនុំរបស់ព្រះយេហូវ៉ា!

អ្នកជាបុគ្គលដែលមានតម្លៃក្នុងក្រុមជំនុំរបស់ព្រះយេហូវ៉ា!

​«​រូប​កាយ​គឺ​តែ​មួយ តែ​មាន​អវយវៈ​ជា​ច្រើន ហើយ​អវយវៈ​នៃ​រូប​កាយ​នោះ រួម​គ្នា​ជា​រូប​កាយ​តែ​មួយ ទោះ​ជា​មាន​អវយវៈ​ជា​ច្រើន​ក៏​ដោយ។ គ្រិស្ត​ក៏​ដូច្នេះ​ដែរ​»។—១កូ. ១២:១២

ចម្រៀង​លេខ​១០១ ចូរ​បម្រើ​ដោយ​សាមគ្គី​ភាព

សេចក្ដី​សង្ខេប *

១. តើ​យើង​មាន​ឯកសិទ្ធិ​អ្វី?

គឺ​ជា​ឯកសិទ្ធិ​ដែល​យើង​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​ព្រះ​យេហូវ៉ា! យើង​មាន​សេចក្ដី​សុខ​សាន្ត​និង​សុភមង្គល​យ៉ាង​ខ្លាំង កាល​ដែល​យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។ តើ​អ្នក​មាន​តួ​នាទី​អ្វី​ក្នុង​ក្រុម​ជំនុំ?

២. តើ​សាវ័ក​ប៉ូល​បាន​ប្រើ​ឧទាហរណ៍​អ្វី​ក្នុង​សំបុត្រ​មួយ​ចំនួន​របស់​គាត់?

យើង​អាច​រៀន​ច្រើន​អំពី​តួ​នាទី​របស់​យើង​ក្នុង​ក្រុម​ជំនុំ ពី​ឧទាហរណ៍​ដែល​សាវ័ក​ប៉ូល​បាន​ប្រើ​ក្នុង​សំបុត្រ​មួយ​ចំនួន​ដែល​គាត់​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ។ ក្នុង​សំបុត្រ​ទាំង​នេះ ប៉ូល​បាន​ប្រដូច​ក្រុម​ជំនុំ​ទៅ​នឹង​រូប​កាយ​របស់​មនុស្ស។ គាត់​ក៏​បាន​ប្រដូច​បុគ្គល​ម្នាក់​ៗ​ក្នុង​ក្រុម​ជំនុំ​ទៅ​នឹង​អវយវៈ​នៃ​រូប​កាយ។—រ៉ូម ១២:៤​-​៨; ១កូ. ១២:១២​-​២៧; អេភ. ៤:១៦

៣. តើ​យើង​នឹង​ពិចារណា​មេ​រៀន​បី​យ៉ាង​អ្វី​ក្នុង​អត្ថបទ​នេះ?

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​មេ​រៀន​សំខាន់​បី​ដែល​យើង​អាច​រៀន​ពី​ឧទាហរណ៍​របស់​ប៉ូល។ ទី​១ យើង​នឹង​រៀន​ថា យើង​ម្នាក់​ៗ​មាន​តួ​នាទី *ក្នុង​ក្រុម​ជំនុំ​របស់​ព្រះ​យេហូវ៉ា។ ទី​២ យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ បើ​យើង​ពិបាក​ដឹង​ថា​យើង​មាន​តួ​នាទី​អ្វី​ក្នុង​ក្រុម​ជំនុំ។ ទី​៣ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​ត្រូវ​ជាប់​រវល់​ក្នុង​ការ​បំពេញ​តួ​នាទី​របស់​យើង​ផ្ទាល់​ក្នុង​ក្រុម​ជំនុំ​របស់​ព្រះ។

យើង​ម្នាក់​ៗ​មាន​តួ​នាទី​ក្នុង​ក្រុម​ជំនុំ​របស់​ព្រះ​យេហូវ៉ា

៤. តើ​យើង​រៀន​អ្វី​ពី​រ៉ូម ១២:៤, ៥?

មេ​រៀន​ទី​១​ដែល​យើង​អាច​រៀន​ពី​ឧទាហរណ៍​របស់​ប៉ូល គឺ​ថា​យើង​ម្នាក់​ៗ​មាន​តួ​នាទី​សំខាន់​ក្នុង​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា។ ប៉ូល​ចាប់​ផ្ដើម​ឧទាហរណ៍​របស់​គាត់ ដោយ​និយាយ​ថា​៖ ​«​ដូច​យើង​មាន​រូប​កាយ​មួយ​ដែល​មាន​អវយវៈ​ជា​ច្រើន តែ​អវយវៈ​នីមួយ​ៗ​មាន​មុខ​ងារ​ខុស​ៗ​គ្នា នោះ​យើង​ក៏​ជា​រូប​កាយ​តែ​មួយ​រួម​ជា​មួយ​នឹង​គ្រិស្ត ទោះ​ជា​យើង​មាន​គ្នា​ច្រើន​ក៏​ដោយ តែ​ជា​អវយវៈ​ដែល​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក​»។ (​រ៉ូម ១២:៤, ៥​) តើ​ប៉ូល​ចង់​បញ្ជាក់​ចំណុច​អ្វី? យើង​មាន​តួ​នាទី​ផ្សេង​ៗ​ពី​គ្នា​ក្នុង​ក្រុម​ជំនុំ ប៉ុន្តែ​យើង​ម្នាក់​ៗ​មាន​តម្លៃ។

យើង​មាន​តួ​នាទី​ខុស​ៗ​គ្នា​ក្នុង​ក្រុម​ជំនុំ ប៉ុន្តែ​យើង​ម្នាក់​ៗ​មាន​តម្លៃ (​សូម​មើល​វគ្គ​៥​-​១២​) *

៥. តើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​«​អំណោយ​»​អ្វី​ដល់​ក្រុម​ជំនុំ?

ពេល​អ្នក​គិត​អំពី​ពួក​អ្នក​ដែល​មាន​តួ​នាទី​ក្នុង​ក្រុម​ជំនុំ អ្នក​ប្រហែល​ជា​គិត​ភ្លាម​ៗ​អំពី​ពួក​អ្នក​ដែល​នាំ​មុខ។ (​១ថែ. ៥:១២; ហេ. ១៣:១៧​) នេះ​គឺ​មិន​ខុស​ទេ ពី​ព្រោះ​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត ព្រះ​យេហូវ៉ា​បាន​ឲ្យ​«​អំណោយ​ជា​មនុស្ស​»​ដល់​ក្រុម​ជំនុំ​របស់​លោក។ (​អេភ. ៤:៨​) ​«​អំណោយ​ជា​មនុស្ស​»​ទាំង​នេះ​រួម​បញ្ចូល​សមាជិក​គណៈ​អភិបាល ជំនួយ​ការ​នៃ​គណៈ​អភិបាល សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល អ្នក​បង្រៀន​សាលា​គម្ពីរ អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។ បង​ប្រុស​ៗ​ទាំង​អស់​នេះ​បាន​ត្រូវ​តែង​តាំង​ដោយ​សកម្មពល​បរិសុទ្ធ ដើម្បី​មើល​ថែ​ចៀម​ដ៏​មាន​តម្លៃ​របស់​ព្រះ​យេហូវ៉ា ហើយ​ពង្រឹង​ក្រុម​ជំនុំ។—១ពេ. ៥:២, ៣

៦. យោង​ទៅ​តាម​ថែស្សាឡូនិច​ទី​១ ២:៦​-​៨ តើ​បង​ប្អូន​ប្រុស​ដែល​បាន​ត្រូវ​តែង​តាំង​ដោយ​សកម្មពល​បរិសុទ្ធ​ព្យាយាម​ធ្វើ​អ្វី?

បង​ប្អូន​ប្រុស​បាន​ត្រូវ​តែង​តាំង​ដោយ​សកម្មពល​បរិសុទ្ធ​ដើម្បី​បំពេញ​ភារកិច្ច​ផ្សេង​ៗ។ អវយវៈ​ផ្សេង​ៗ​នៃ​រូប​កាយ​ដូច​ជា​ដៃ​និង​ជើង​ជា​ដើម ដំណើរ​ការ​ដើម្បី​ជា​ប្រយោជន៍​ដល់​រូប​កាយ​ទាំង​មូល។ ដូច​គ្នា​ដែរ បង​ប្អូន​ប្រុស​ដែល​បាន​ត្រូវ​តែង​តាំង​ដោយ​សកម្មពល​បរិសុទ្ធ ខំ​ព្យាយាម​ដើម្បី​ជា​ប្រយោជន៍​ដល់​ក្រុម​ជំនុំ​ទាំង​មូល។ ពួក​គេ​មិន​ព្យាយាម​រក​ការ​សរសើរ​ពី​អ្នក​ឯ​ទៀត​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ព្យាយាម​លើក​ទឹក​ចិត្ត​និង​ពង្រឹង​កម្លាំង​បង​ប្អូន។ (​សូម​អាន ថែស្សាឡូនិច​ទី​១ ២:៦​-​៨) យើង​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​បង​ប្អូន​ទាំង​នេះ​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​ដើម្បី​បង​ប្អូន​ឯ​ទៀត!

៧. តើ​បង​ប្អូន​ជា​ច្រើន​នាក់​ដែល​បម្រើ​ពេញ​ពេល​ទទួល​ពរ​អ្វី​ខ្លះ?

បង​ប្អូន​ខ្លះ​ក្នុង​ក្រុម​ជំនុំ​ប្រហែល​ជា​បាន​ត្រូវ​តែង​តាំង​ឲ្យ​បម្រើ​ជា​សាសនទូត អ្នក​ត្រួស​ត្រាយ​ពិសេស ឬ​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ បង​ប្អូន​ជា​ច្រើន​នាក់​នៅ​ទូ​ទាំង​ពិភព​លោក​បាន​សម្រេច​ចិត្ត​បម្រើ​ពេញ​ពេល​ក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ ដោយ​ព្រោះ​ការ​សម្រេច​ចិត្ត​នោះ ពួក​គេ​បាន​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​គ្រិស្ត។ ទោះ​ជា​តាម​ធម្មតា​បង​ប្អូន​ដែល​ផ្សព្វ​ផ្សាយ​ពេញ​ពេល​បែប​នេះ​មិន​សូវ​មាន​ទ្រព្យ​សម្បត្តិ​ក្ដី ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ពរ​ជា​ច្រើន​ដល់​ពួក​គេ។ (​ម៉ាក. ១០:២៩, ៣០​) បង​ប្អូន​ជា​ទី​ស្រឡាញ់​ទាំង​នេះ​មាន​តម្លៃ​ចំពោះ​យើង ហើយ​យើង​សប្បាយ​ចិត្ត​ដែល​ពួក​គេ​នៅ​ក្រុម​ជំនុំ​ជា​មួយ​យើង!

៨. ហេតុ​អ្វី​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ម្នាក់​ៗ​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា?

តើ​មាន​តែ​បង​ប្រុស​ៗ​ដែល​បាន​ត្រូវ​តែង​តាំង​និង​ពួក​អ្នក​ដែល​បម្រើ​ពេញ​ពេល​ប៉ុណ្ណោះ ដែល​មាន​តួ​នាទី​ក្នុង​ក្រុម​ជំនុំ​ឬ? មិន​មែន​ទេ! អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ម្នាក់​ៗ​គឺ​ជា​បុគ្គល​សំខាន់​ចំពោះ​ព្រះ​និង​ក្រុម​ជំនុំ។ (​រ៉ូម ១០:១៥; ១កូ. ៣:៦​-​៩​) តាម​ការ​ពិត គោល​ដៅ​ដ៏​សំខាន់​បំផុត​មួយ​របស់​ក្រុម​ជំនុំ​គឺ​ការ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​លោក​ម្ចាស់​របស់​យើង។ (​ម៉ាថ. ២៨:១៩, ២០; ១ធី. ២:៤​) អស់​អ្នក​ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ ទាំង​អ្នក​ដែល​ទទួល​ការ​ជ្រមុជ​ទឹក ទាំង​អ្នក​ផ្សព្វ​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក ព្យាយាម​ចាត់​ទុក​កិច្ចការ​នេះ​ជា​កិច្ចការ​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួក​គេ។—ម៉ាថ. ២៤:១៤

៩. ហេតុ​អ្វី​យើង​ឲ្យ​តម្លៃ​ចំពោះ​បង​ប្អូន​ស្រី​ដែល​ជា​គ្រិស្ត​សាសនិក?

ព្រះ​យេហូវ៉ា​ផ្ដល់​កិត្តិយស​ដល់​បង​ប្អូន​ស្រី ដោយ​ឲ្យ​ពួក​គេ​ធ្វើ​កិច្ចការ​ដ៏​សំខាន់​ក្នុង​ក្រុម​ជំនុំ។ ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​បង​ប្អូន​ស្រី​ទាំង​នេះ ដែល​ក្រមុំ ជា​ប្រពន្ធ ម្ដាយ និង​មេម៉ាយ ដែល​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់។ គម្ពីរ​ច្រើន​តែ​រៀប​រាប់​អំពី​ស្ត្រី​ដ៏​ល្អ​ដែល​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត។ ពួក​គេ​បាន​ត្រូវ​លើក​ឡើង​ជា​គំរូ​ដ៏​ល្អ​ស្ដី​អំពី​ប្រាជ្ញា ជំនឿ ចិត្ត​ខ្នះ​ខ្នែង ចិត្ត​ក្លាហាន ចិត្ត​ទូលាយ និង​ជា​អ្នក​ធ្វើ​កិច្ចការ​យ៉ាង​ល្អ។ (​លូក. ៨:២, ៣; សកម្ម. ១៦:១៤, ១៥; រ៉ូម ១៦:៣, ៦; ភី. ៤:៣; ហេ. ១១:១១, ៣១, ៣៥​) យើង​អរគុណ​ព្រះ​យេហូវ៉ា​ច្រើន​ណាស់ ដែល​យើង​ក៏​មាន​បង​ប្អូន​ស្រី​ជា​គ្រិស្ត​សាសនិក​ក្នុង​ក្រុម​ជំនុំ​របស់​យើង ដែល​មាន​គុណ​សម្បត្តិ​ដ៏​គួរ​ឲ្យ​សរសើរ​ទាំង​នេះ​ដែរ!

១០. ហេតុ​អ្វី​យើង​ឲ្យ​តម្លៃ​ចំពោះ​បង​ប្រុស​ស្រី​វ័យ​ចាស់?

១០ យើង​ក៏​សប្បាយ​ចិត្ត​ដែរ ដែល​យើង​មាន​បង​ប្រុស​ស្រី​វ័យ​ចាស់​ជា​ច្រើន​ក្នុង​ក្រុម​ជំនុំ។ ក្រុម​ជំនុំ​ខ្លះ​មាន​បង​ប្អូន​វ័យ​ចាស់​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​តាំង​ពី​តូច​មក។ បង​ប្អូន​វ័យ​ចាស់​ឯ​ទៀត​ប្រហែល​ជា​បាន​រៀន​សេចក្ដី​ពិត​ថ្មី​ៗ​នេះ។ បង​ប្អូន​វ័យ​ចាស់​ទាំង​នេះ​ប្រហែល​ជា​មាន​បញ្ហា​សុខភាព ដោយ​សារ​ពួក​គេ​កាន់​តែ​ចាស់​ទៅ​ៗ។ ហេតុ​នេះ​ហើយ ពួក​គេ​មិន​អាច​ធ្វើ​ច្រើន​ក្នុង​ក្រុម​ជំនុំ​និង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ទេ។ ប៉ុន្តែ បង​ប្អូន​វ័យ​ចាស់​ទាំង​នេះ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​លើក​ទឹក​ចិត្ត​និង​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត។ យើង​ទទួល​ប្រយោជន៍​ពី​បទ​ពិសោធន៍​របស់​ពួក​គេ។ ពួក​គេ​ពិត​ជា​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា​និង​ចំពោះ​យើង។—សុភ. ១៦:៣១

១១​-​១២. តើ​អ្នក​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ណា​ពី​ប្អូន​ៗ​វ័យ​ក្មេង​ក្នុង​ក្រុម​ជំនុំ?

១១ សូម​គិត​ដែរ​អំពី​ប្អូន​ៗ​វ័យ​ក្មេង។ ពួក​គេ​ជួប​ប្រទះ​ការ​ពិបាក​ជា​ច្រើន កាល​ដែល​ពួក​គេ​ធំ​ឡើង​ក្នុង​ពិភព​លោក​នេះ​ដែល​គ្រប់​គ្រង​ដោយ​មេកំណាច​សាថាន​និង​ដែល​ទទួល​ឥទ្ធិពល​ពី​គំនិត​ដ៏​អាក្រក់​របស់​វា។ (​១យ៉ូន. ៥:១៩​) ប៉ុន្តែ យើង​ទាំង​អស់​គ្នា​ទទួល​ការ​លើក​ទឹក​ចិត្ត ពេល​យើង​ឃើញ​ប្អូន​ៗ​វ័យ​ក្មេង​លើក​ដៃ​ឆ្លើយ​នៅ​កិច្ច​ប្រជុំ ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ និង​និយាយ​ការ​ពារ​ជំនឿ​របស់​ពួក​គេ​ដោយ​ចិត្ត​ក្លាហាន។ ពិត​មែន​ហើយ ប្អូន​ៗ​វ័យ​ក្មេង​មាន​តួ​នាទី​សំខាន់​ក្នុង​ក្រុម​ជំនុំ​របស់​ព្រះ​យេហូវ៉ា។—ទំនុក. ៨:២

១២ ប៉ុន្តែ បង​ប្អូន​ខ្លះ​ពិបាក​ជឿ​ថា​ពួក​គេ​មាន​តម្លៃ​ក្នុង​ក្រុម​ជំនុំ។ តើ​អ្វី​អាច​ជួយ​យើង​ម្នាក់​ៗ​ឲ្យ​មាន​អារម្មណ៍​ថា​យើង​មាន​តួ​នាទី​ក្នុង​ក្រុម​ជំនុំ? សូម​យើង​រក​មើល​ចម្លើយ។

ចូរ​ទទួល​ស្គាល់​តួ​នាទី​របស់​អ្នក​ក្នុង​ក្រុម​ជំនុំ

១៣​-​១៤. ហេតុ​អ្វី​អ្នក​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ពួក​គេ​មិន​មាន​តម្លៃ​ក្នុង​ក្រុម​ជំនុំ?

១៣ សូម​គិត​អំពី​មេ​រៀន​ទី​២​ដែល​យើង​អាច​រៀន​ពី​ឧ​ទាហរណ៍​របស់​ប៉ូល។ គាត់​លើក​ឡើង​អំពី​បញ្ហា​ដែល​បុគ្គល​ជា​ច្រើន​មាន​នៅ​សព្វ​ថ្ងៃ​នេះ ពួក​គេ​ពិបាក​ជឿ​ថា​ពួក​គេ​មាន​តម្លៃ​ក្នុង​ក្រុម​ជំនុំ។ ប៉ូល​សរសេរ​ថា​៖ ​«​ប្រសិន​បើ​ជើង​និយាយ​ថា​៖ ‹ខ្ញុំ​មិន​មែន​ជា​ផ្នែក​នៃ​រូប​កាយ​ទេ ព្រោះ​ខ្ញុំ​មិន​មែន​ជា​ដៃ› នេះ​មិន​មាន​ន័យ​ថា​ជើង​មិន​មែន​ជា​ផ្នែក​នៃ​រូប​កាយ​ទេ។ ហើយ​ប្រសិន​បើ​ត្រចៀក​និយាយ​ថា​៖ ‹ខ្ញុំ​មិន​មែន​ជា​ផ្នែក​នៃ​រូប​កាយ​ទេ ព្រោះ​ខ្ញុំ​មិន​មែន​ជា​ភ្នែក› នេះ​មិន​មាន​ន័យ​ថា​ត្រចៀក​មិន​មែន​ជា​ផ្នែក​នៃ​រូប​កាយ​ទេ​»។ (​១កូ. ១២:១៥, ១៦​) តើ​ប៉ូល​ចង់​បង្រៀន​យើង​អំពី​អ្វី?

១៤ បើ​អ្នក​ប្រៀប​ធៀប​ខ្លួន​នឹង​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ អ្នក​ប្រហែល​ជា​ចាប់​ផ្ដើម​គិត​ថា​អ្នក​មិន​មាន​តម្លៃ​ក្នុង​ក្រុម​ជំនុំ​ទេ។ បង​ប្អូន​ខ្លះ​ក្នុង​ក្រុម​ជំនុំ​ប្រហែល​ជា​បង្រៀន​អ្នក​ឯ​ទៀត​យ៉ាង​ប៉ិន​ប្រសប់ ពូកែ​ចាត់​ចែង ឬ​ចេះ​សម្រាល​ទុក្ខ​និង​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​យ៉ាង​ល្អ។ ប្រហែល​ជា​អ្នក​មាន​អារម្មណ៍​ថា​អ្នក​មិន​មាន​សមត្ថភាព​ដូច​បុគ្គល​ទាំង​នោះ​ទេ។ បើ​អ្នក​មាន​អារម្មណ៍​បែប​នេះ នោះ​បង្ហាញ​ថា​អ្នក​មាន​ចិត្ត​រាប​ទាប។ (​ភី. ២:៣​) ប៉ុន្តែ​សូម​ប្រយ័ត្ន។ បើ​អ្នក​តែង​តែ​ប្រៀប​ធៀប​ខ្លួន​នឹង​បុគ្គល​ដែល​មាន​សមត្ថភាព​ពិសេស​ៗ អ្នក​នឹង​ខក​ចិត្ត​ចំពោះ​ខ្លួន​ឯង។ អ្នក​ប្រហែល​ជា​ថែម​ទាំង​មាន​អារម្មណ៍​ដូច​ដែល​ប៉ូល​បាន​រៀប​រាប់ គឺ​ថា​អ្នក​គ្មាន​តួ​នាទី​ក្នុង​ក្រុម​ជំនុំ​ទាល់​តែ​សោះ។ តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​អារម្មណ៍​បែប​នេះ?

១៥. ដូច​បាន​បង្ហាញ​នៅ​កូរិនថូស​ទី​១ ១២:៤​-​១១ តើ​យើង​ត្រូវ​ទទួល​ស្គាល់​អ្វី​អំពី​អំណោយ​ឬ​សមត្ថភាព​ដែល​យើង​មាន?

១៥ សូម​គិត​អំពី​ចំណុច​នេះ។ នៅ​សតវត្សរ៍​ទី​១ ព្រះ​យេហូវ៉ា​បាន​ឲ្យ​អំណោយ​ពិសេស​នៃ​សកម្មពល​បរិសុទ្ធ​ដល់​គ្រិស្ត​សាសនិក​មួយ​ចំនួន ប៉ុន្តែ​មិន​មែន​គ្រិស្ត​សាសនិក​ទាំង​អស់​បាន​ទទួល​អំណោយ​ដូច​គ្នា​ទេ។ (​សូម​អាន កូរិនថូស​ទី១ ១២:៤​-​១១) ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពួក​គេ​អំណោយ​ឬ​សមត្ថភាព​ផ្សេង​ៗ ប៉ុន្តែ​គ្រិស្ត​សាសនិក​ទាំង​អស់​មាន​តម្លៃ។ នៅ​សព្វ​ថ្ងៃ​នេះ យើង​មិន​មាន​អំណោយ​ពិសេស​ពី​សកម្មពល​បរិសុទ្ធ​ទេ។ ទោះ​ជា​យើង​មិន​មាន​សមត្ថភាព​ដូច​គ្នា​ក៏​ដោយ យើង​ទាំង​អស់​គ្នា​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា។

១៦. តើ​យើង​ត្រូវ​ធ្វើ​តាម​យោបល់​អ្វី​ពី​សាវ័ក​ប៉ូល?

១៦ ជា​ជាង​ប្រៀប​ធៀប​ខ្លួន​ទៅ​នឹង​គ្រិស្ត​សាសនិក​ឯ​ទៀត យើង​ត្រូវ​ធ្វើ​តាម​យោបល់​របស់​សាវ័ក​ប៉ូល​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ដែល​ថា​៖ ​«​ចូរ​ឲ្យ​ម្នាក់​ៗ​ពិសោធ​ឲ្យ​ដឹង​ថា​ការ​របស់​ខ្លួន​គឺ​យ៉ាង​ណា រួច​គ្រប់​គ្នា​នឹង​មាន​ហេតុ​ត្រេក​អរ​អំពី​ការ​របស់​ខ្លួន​ផ្ទាល់ ដោយ​មិន​ប្រៀប​ធៀប​ខ្លួន​នឹង​អ្នក​ឯ​ទៀត​»។—កាឡ. ៦:៤

១៧. តើ​យើង​នឹង​ទទួល​ប្រយោជន៍​យ៉ាង​ណា បើ​យើង​ធ្វើ​តាម​យោបល់​របស់​ប៉ូល?

១៧ បើ​យើង​ធ្វើ​តាម​យោបល់​របស់​ប៉ូល​ដោយ​ពិចារណា​អំពី​ការ​ប្រព្រឹត្ត​របស់​ខ្លួន យើង​ប្រហែល​ជា​នឹង​ចាប់​ផ្ដើម​ឃើញ​ថា​យើង​មាន​សមត្ថភាព​ដែល​បង​ប្អូន​ឯ​ទៀត​មិន​មាន។ ជា​ឧទាហរណ៍ អ្នក​ចាស់​ទុំ​ម្នាក់​ប្រហែល​ជា​មិន​សូវ​ពូកែ​បង្រៀន​ពី​វេទិកា​ទេ ប៉ុន្តែ​គាត់​ប្រហែល​ជា​ពូកែ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ ឬ​គាត់​ប្រហែល​ជា​មិន​សូវ​មាន​របៀប​រៀប​រយ​ដូច​អ្នក​ចាស់​ទុំ​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ។ តែ​គាត់​ប្រហែល​ជា​មាន​កេរ្ដិ៍​ឈ្មោះ​ជា​គង្វាល​ដែល​ស្រឡាញ់​អ្នក​ឯ​ទៀត ហើយ​អ្នក​ផ្សាយ​មាន​អារម្មណ៍​ស្រួល​សុំ​យោបល់​គាត់​ពី​គម្ពីរ។ ឬ​គាត់​ប្រហែល​ជា​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ជា​បុគ្គល​ដែល​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់។ (​ហេ. ១៣:២, ១៦​) ពេល​យើង​ឃើញ​សមត្ថភាព​ឬ​អំណោយ​របស់​យើង​ច្បាស់ យើង​នឹង​មាន​ហេតុ​សប្បាយ​ចិត្ត​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ចំពោះ​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ។ យើង​ក៏​ទំនង​ជា​នឹង​មិន​ច្រណែន​បង​ប្អូន​ដែល​មាន​សមត្ថភាព​ខុស​ពី​យើង​ដែរ។

១៨. តើ​យើង​អាច​បង្កើន​សមត្ថភាព​របស់​យើង​យ៉ាង​ដូច​ម្ដេច?

១៨ មិន​ថា​យើង​មាន​តួ​នាទី​អ្វី​ក្នុង​ក្រុម​ជំនុំ​ក្ដី យើង​ទាំង​អស់​គ្នា​គួរ​មាន​បំណង​ចង់​រីក​ចម្រើន​ក្នុង​កិច្ច​បម្រើ​របស់​យើង និង​បង្កើន​សមត្ថភាព​របស់​ខ្លួន។ ដើម្បី​ជួយ​យើង​ឲ្យ​រីក​ចម្រើន ព្រះ​យេហូវ៉ា​ផ្ដល់​ការ​បង្ហាត់​បង្រៀន​ដ៏​ល្អ​ប្រសើរ​តាម​រយៈ​អង្គការ​របស់​លោក។ ជា​ឧទាហរណ៍ នៅ​កិច្ច​ប្រជុំ​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក យើង​ទទួល​ការ​ណែនាំ​អំពី​របៀប​បង្កើន​សមត្ថភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ តើ​អ្នក​ព្យាយាម​ធ្វើ​តាម​ការ​បង្ហាត់​បង្រៀន​ដែល​អ្នក​ទទួល​នៅ​កិច្ច​ប្រជុំ​នោះ​ឬ​ទេ?

១៩. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​សម្រេច​គោល​ដៅ​ចូល​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ?

១៩ កម្ម​វិធី​ដ៏​ល្អ​មួយ​ទៀត​សម្រាប់​ការ​បង្ហាត់​បង្រៀន គឺ​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ បង​ប្អូន​ប្រុស​ស្រី​ដែល​បម្រើ​ពេញ​ពេល​និង​មាន​អាយុ​ពី​២៣​ឆ្នាំ​ដល់​៦៥​ឆ្នាំ​អាច​ចូល​សាលា​នេះ។ អ្នក​ប្រហែល​ជា​គិត​ថា​អ្នក​មិន​អាច​ចូល​សាលា​នោះ​បាន​ទេ។ ប៉ុន្តែ ជា​ជាង​គិត​អំពី​មូលហេតុ​ដែល​អ្នក​មិន​អាច​ចូល​រួម​សាលា​នោះ សូម​ធ្វើ​បញ្ជី​អំពី​មូលហេតុ​ដែល​អ្នក​ចង់ចូល​រួម។ បន្ទាប់​មក សូម​ធ្វើ​គម្រោង​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​សំខាន់​ចាំ​បាច់​ដើម្បី​ដាក់​ពាក្យ​សុំ​ចូល​សាលា​នោះ។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា និង​ការ​ខំ​ប្រឹង​ព្យាយាម​របស់​អ្នក អ្នក​អាច​សម្រេច​អ្វី​ដែល​ប្រហែល​ជា​មើល​ទៅ​អ្នក​មិន​អាច​ធ្វើ​បាន។

ចូរ​ប្រើ​អំណោយ​របស់​អ្នក​ដើម្បី​ពង្រឹង​ក្រុម​ជំនុំ

២០. តើ​យើង​អាច​រៀន​អ្វី​ពី​រ៉ូម ១២:៦​-​៨?

២០ មេ​រៀន​ទី​៣​ដែល​យើង​អាច​រៀន​ពី​ឧទាហរណ៍​របស់​ប៉ូល គឺ​នៅ​រ៉ូម ១២:៦​-​៨។ (​សូម​អាន​) នៅ​ទី​នេះ ប៉ូល​ក៏​បង្ហាញ​ដែរ​ថា​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​មាន​អំណោយ​ផ្សេង​ៗ​ពី​គ្នា។ ប៉ុន្តែ នៅ​ក្នុង​ខ​នេះ​គាត់​លើក​បញ្ជាក់​ថា​យើង​គួរ​ប្រើ​អំណោយ​ឬ​សមត្ថភាព​ណា​ក៏​ដោយ​ដែល​យើង​មាន ដើម្បី​ពង្រឹង​និង​លើក​ទឹក​ចិត្ត​ក្រុម​ជំនុំ។

២១​-​២២. តើ​យើង​អាច​រៀន​មេ​រៀន​អ្វី​ពី​បង​រ៉ូបឺត​និង​បង​ហ្វេលលីស?

២១ សូម​គិត​អំពី​គំរូ​របស់​បង​ប្រុស​ម្នាក់​ឈ្មោះ​រ៉ូបឺត។ * ក្រោយ​ពី​គាត់​បម្រើ​នៅ​ក្រៅ​ប្រទេស គាត់​បាន​ទទួល​ភារកិច្ច​បម្រើ​នៅ​បេតអែល នា​ស្រុក​កំណើត​របស់​គាត់។ ទោះ​ជា​បង​ប្រុស​ៗ​ព្យាយាម​ពង្រឹង​ទំនុក​ចិត្ត​គាត់​ថា​គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ក៏​ដោយ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​សប្បាយ​ចិត្ត​អស់​ជា​ច្រើន​ខែ ពី​ព្រោះ​ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​បាន​បំពេញ​ភារកិច្ច​ពី​មុន​របស់​ខ្ញុំ​យ៉ាង​ល្អ​ទេ។ ច្រើន​ដង ខ្ញុំ​ចង់​ឈប់​បម្រើ​នៅ​បេតអែល​»។ តើ​គាត់​ទទួល​អំណរ​ឡើង​វិញ​យ៉ាង​ដូច​ម្ដេច? អ្នក​ចាស់​ទុំ​ម្នាក់​ទៀត​រំលឹក​គាត់​ថា ក្នុង​ភារកិច្ច​ពី​មុន​ៗ ព្រះ​យេហូវ៉ា​បាន​បង្ហាត់​បង្រៀន​យើង ដើម្បី​ឲ្យ​យើង​អាច​បំពេញ​ភារកិច្ច​ដែល​យើង​មាន​នៅ​ឥឡូវ​នេះ។ បង​រ៉ូបឺត​យល់​ថា​គាត់​ត្រូវ​ឈប់​គិត​អំពី​អតីតកាល ហើយ​ចាប់​ផ្ដើម​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​គាត់​អាច​ធ្វើ​នៅ​ឥឡូវ​នេះ។

២២ បង​ប្រុស​ហ្វេលលីស ភេស្កូប៉ូ​មាន​បញ្ហា​ស្រដៀង​នឹង​នេះ។ គាត់​និង​ប្រពន្ធ​គាត់​បាន​រៀន​ចប់​សាលា​គីលាត​នៅ​ឆ្នាំ​១៩៥៦ ហើយ​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​នៅ​ប្រទេស​បូលីវី។ នៅ​ឆ្នាំ​១៩៦៤ ពួក​គាត់​មាន​កូន។ បង​ហ្វេលលីស​និយាយ​ថា​៖ ​«​យើង​ពិបាក​បោះ​បង់​ភារកិច្ច​ដែល​យើង​ស្រឡាញ់។ ខ្ញុំ​ត្រូវ​សារភាព​ថា​ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត​អស់​មួយ​ឆ្នាំ។ ប៉ុន្តែ​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ខ្ញុំ​កែ​ប្រែ​ចិត្ត​គំនិត​របស់​ខ្ញុំ ហើយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ភារកិច្ច​ថ្មី​របស់​ខ្ញុំ​ជា​ឪពុក​»។ តើ​អ្នក​អាច​យល់​អារម្មណ៍​របស់​បង​រ៉ូបឺត ឬ​បង​ហ្វេលលីស​ឬ​ទេ? តើ​អ្នក​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​អ្នក​មិន​មាន​ភារកិច្ច​ដូច​ដែល​អ្នក​ធ្លាប់​មាន​ក្នុង​កិច្ច​បម្រើ​ឬ​ទេ? បើ​ដូច្នេះ អ្នក​នឹង​សប្បាយ​ជាង បើ​អ្នក​ផ្លាស់​ប្ដូរ​គំនិត​របស់​អ្នក ហើយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​នៅ​ឥឡូវ​នេះ ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​និង​បង​ប្អូន។ សូម​ជាប់​រវល់ ដោយ​ប្រើសមត្ថភាព​ដែល​អ្នក​មាន​ដើម្បី​ជួយ​អ្នក​ឯ​ទៀត ហើយ​អ្នក​នឹង​មាន​អំណរ​ក្នុង​ការ​ពង្រឹង​កម្លាំង​ក្រុម​ជំនុំ។

២៣. តើ​យើង​គួរ​ទុក​ពេល​ធ្វើ​អ្វី ហើយ​តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

២៣ យើង​ម្នាក់​ៗ​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា។ លោក​ចង់​ឲ្យ​យើង​មាន​អារម្មណ៍​ថា​យើង​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​លោក។ បើ​យើង​ទុក​ពេល​គិត​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ពង្រឹង​កម្លាំង​បង​ប្អូន ហើយ​ក្រោយ​មក​ខំ​ព្យាយាម​ធ្វើ​ដូច្នេះ យើង​នឹង​មិន​សូវ​មាន​អារម្មណ៍​ថា​យើង​គ្មាន​តួ​នាទី​ក្នុង​ក្រុម​ជំនុំ​ឡើយ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​អំពី​ទស្សនៈ​របស់​យើង​ចំពោះ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ? តើ​យើង​អាច​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ពួក​គេ​តាម​របៀប​ណា? ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​គិត​អំពី​ចំណុច​ដ៏​សំខាន់​នេះ។

ចម្រៀង​លេខ​២៤ ចូរ​ឡើង​ទៅ​ភ្នំ​របស់​ព្រះ​យេហូវ៉ា

^ វគ្គ 5 យើង​ទាំង​អស់​គ្នា​ចង់​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង។ ប៉ុន្តែ​ជួន​កាល​យើង​ប្រហែល​ជា​ឆ្ងល់​ថា​តើ​យើង​មាន​តម្លៃ​ចំពោះ​លោក​ឬ​យ៉ាង​ណា។ អត្ថបទ​នេះ​នឹង​ជួយ​យើង​ឲ្យ​ឃើញ​ថា យើង​ម្នាក់​ៗ​មាន​តួ​នាទី​ដ៏​សំខាន់​ក្នុង​ក្រុម​ជំនុំ។

^ វគ្គ 3 ការ​ពន្យល់​ពាក្យ: តួ​នាទី​របស់​យើង​ក្នុង​ក្រុម​ជំនុំ​របស់​ព្រះ​យេហូវ៉ា​សំដៅ​ទៅ​លើ​កិច្ចការ​ដែល​យើង​មាន ដើម្បី​ពង្រឹង​និង​លើក​ទឹក​ចិត្ត​ក្រុម​ជំនុំ។ នេះ​មិន​អាស្រ័យ​លើ​ពូជ​សាសន៍ កុលសម្ព័ន្ធ លុយ ឋានៈ​ក្នុង​សង្គម វប្បធម៌ ឬ​ការ​អប់រំ​របស់​យើង​ទេ។

^ វគ្គ 21 ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

^ វគ្គ 63 ការ​ពណ៌នា​អំពី​រូប​ភាព: រូប​ភាព​បី​បង្ហាញ​អំពី​អ្វី​ដែល​កើត​ឡើង​មុន ក្នុង​អំឡុង និង​ក្រោយ​ពី​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។ រូប​ភាព​ទី​១: អ្នក​ចាស់​ទុំ​ម្នាក់​ទទួល​ស្វាគមន៍​អ្នក​ថ្មី​យ៉ាង​កក់​ក្ដៅ ប្អូន​ប្រុស​វ័យ​ក្មេង​រៀបចំ​ប្រព័ន្ធ​សំឡេង និង​បង​ស្រី​ម្នាក់​និយាយ​ជា​មួយ​បង​ស្រី​វ័យ​ចាស់​ម្នាក់។ រូប​ភាព​ទី​២: ទាំង​ក្មេង​ទាំង​ចាស់​លើក​ដៃ​ឆ្លើយ​ក្នុង​អំឡុង​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម។ រូប​ភាព​ទី​៣: ប្ដី​ប្រពន្ធ​មួយ​គូ​ជួយ​សម្អាត​សាល​ប្រជុំ។ ម្ដាយ​ម្នាក់​ជួយ​កូន​ដាក់​លុយ​ក្នុង​ប្រអប់​វិភាគទាន។ ប្អូន​ប្រុស​វ័យ​ក្មេង​ម្នាក់​រៀបចំ​សៀវភៅ និង​បង​ប្រុស​ម្នាក់​លើក​ទឹក​ចិត្ត​បង​ស្រី​វ័យ​ចាស់។