លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣៤

ចូរ«កាន់ខ្ជាប់តាមសេចក្ដីពិត»

ចូរ«កាន់ខ្ជាប់តាមសេចក្ដីពិត»

​«​[​ចូរ​]​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត​»។—៣យ៉ូន. ៤

ចម្រៀង​លេខ​១១១ មូលហេតុ​ដែល​យើង​មាន​អំណរ

សេចក្ដី​សង្ខេប *

១. តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​និយាយ​អំពី​របៀប​ដែល​យើង​ស្គាល់​«​សេចក្ដី​ពិត​»​?

 ​«តើ​បង​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ម៉េច?​»។ អ្នក​ច្បាស់​ជា​បាន​ឆ្លើយ​សំណួរ​នេះ​អស់​ជា​ច្រើន​ដង។ នេះ​គឺ​ជា​សំណួរ​ដែល​បង​ប្អូន​រួម​ជំនឿ​នឹង​សួរ​យើង ពេល​ដែល​យើង​ចាប់​ផ្ដើម​ស្គាល់​គ្នា។ យើង​ចូល​ចិត្ត​ស្ដាប់​បង​ប្អូន​យើង​រៀប​រាប់​អំពី​របៀប​ដែល​ពួក​គេ​បាន​ស្គាល់​និង​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​យើង​ក៏​សប្បាយ​ប្រាប់​ពួក​គេ​ថា សេចក្ដី​ពិត​មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង។ (​រ៉ូម ១:១១​) ការ​សន្ទនា​ទាំង​នេះ​រំលឹក​យើង​ថា សេចក្ដី​ពិត​គឺ​មាន​តម្លៃ​ខ្លាំង​ណាស់ ហើយ​ថែម​ទាំង​ជួយ​យើង​ឲ្យ​កាន់​តែ​តាំង​ចិត្ត​«​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត​»​ ពោល​គឺ​បន្ត​រស់​នៅ​តាម​របៀប​ដែល​នឹង​នាំ​ឲ្យ​យើង​ទទួល​ពរ​និង​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។—៣​យ៉ូន. ៤

២. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​ឡើង​វិញ​អំពី​មូលហេតុ​ខ្លះ​ដែល​យើង​ស្រឡាញ់​សេចក្ដី​ពិត។ បន្ទាប់​មក យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​បន្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​អំណោយ​ដ៏​មាន​តម្លៃ​នេះ។ ការ​ពិចារណា​នេះ​ច្បាស់​ជា​នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​បាន​ទាញ​នាំ​យើង​មក​ឯ​សេចក្ដី​ពិត។ (​យ៉ូន. ៦:៤៤​) ព័ត៌មាន​នេះ​ក៏​នឹង​ជួយ​យើង​ឲ្យ​កាន់​តែ​ចង់​បង្រៀន​សេចក្ដី​ពិត​ពី​គម្ពីរ​ដល់​អ្នក​ឯ​ទៀត។

មូលហេតុ​ដែល​យើង​ស្រឡាញ់​«​សេចក្ដី​ពិត​»​

៣. តើ​អ្វី​ជា​មូលហេតុ​សំខាន់​បំផុត​ដែល​យើង​ស្រឡាញ់​សេចក្ដី​ពិត?

មាន​មូលហេតុ​ជា​ច្រើន​ដែល​យើង​ស្រឡាញ់​សេចក្ដី​ពិត។ មូលហេតុ​សំខាន់​បំផុត​គឺ​ថា យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដែល​ជា​ប្រភព​នៃ​សេចក្ដី​ពិត។ តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក យើង​បាន​ដឹង​ថា លោក​មិន​គ្រាន់​តែ​ជា​បុគ្គល​ដ៏​ខ្លាំង​ក្លា​ដែល​បាន​បង្កើត​មេឃ​និង​ផែនដី​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​បិតា​នៅ​ស្ថាន​សួគ៌​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​មើល​ថែ​យើង​យ៉ាង​កក់​ក្ដៅ។ (​១ពេ. ៥:៧​) យើង​ដឹង​ថា​ព្រះ​របស់​យើង​មាន​«​សេចក្ដី​មេត្តា​ករុណា​និង​សេចក្ដី​អាណិត​អាសូរ។ លោក​យឺត​នឹង​ខឹង ហើយ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​និង​សេចក្ដី​ពិត​ជា​បរិបូរ​»។ (​ដច. ៣៤:៦​) ព្រះ​យេហូវ៉ា​ស្រឡាញ់​យុត្តិធម៌។ (​អេ. ៦១:៨​) លោក​ឈឺ​ចិត្ត​ពេល​ឃើញ​យើង​រង​ទុក្ខ ហើយ​លោក​ទន្ទឹង​រង់​ចាំ​ពេល​ដែល​លោក​នឹង​លុប​បំបាត់​ទុក្ខ​វេទនា​ទាំង​អស់​ចោល។ (​យេ. ២៩:១១​) យើង​ក៏​ទន្ទឹង​រង់​ចាំ​គ្រា​ដ៏​អស្ចារ្យ​នោះ​ដែរ! ដូច្នេះ គឺ​មិន​ចម្លែក​ទេ​ដែល​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់!

សេចក្ដី​ពិត​ក្នុង​គម្ពីរ​ប្រៀប​ដូច​ជា . . . យុថ្កា

ដូច​យុថ្កា​ជួយ​ទូក​ឲ្យ​មាន​លំនឹង សេចក្ដី​សង្ឃឹម​របស់​យើង​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ អាច​ជួយ​យើង​ឲ្យ​មាន​ចិត្ត​នឹង​នរ​ឬ​ចិត្ត​ស្ងប់ ពេល​មាន​ទុក្ខ​លំបាក។ សេចក្ដី​ពិត​ក្នុង​គម្ពីរ​ក៏​ជំរុញ​ចិត្ត​យើង​ឲ្យ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​សង្ឃឹម​របស់​យើង​ចំពោះ​ថ្ងៃ​អនាគត​ដែរ (​សូម​មើល​វគ្គ​៤​-​៧​)

៤​-​៥. ហេតុ​អ្វី​សាវ័ក​ប៉ូល​បាន​ប្រដូច​សេចក្ដី​សង្ឃឹម​របស់​យើង​ទៅ​នឹង​យុថ្កា?

តើ​មាន​មូលហេតុ​អ្វី​ទៀត​ដែល​យើង​ស្រឡាញ់​សេចក្ដី​ពិត? សេចក្ដី​ពិត​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​យើង។ សូម​គិត​អំពី​ឧទាហរណ៍​មួយ។ សេចក្ដី​ពិត​ពី​គម្ពីរ​ក៏​រួម​បញ្ចូល​សេចក្ដី​សង្ឃឹម​សម្រាប់​ថ្ងៃ​អនាគត​ដែរ។ ដើម្បី​លើក​ឡើង​អំពី​តម្លៃ​នៃ​សេចក្ដី​សង្ឃឹម​នេះ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​សេចក្ដី​សង្ឃឹម​នេះ​ជា​យុថ្កា​សម្រាប់​ជីវិត​យើង ក៏​រឹង​មាំ​និង​ពិត​ប្រាកដ​»។ (​ហេ. ៦:១៩​) ដូច​យុថ្កា​ជួយ​ទូក​ឲ្យ​មាន​លំនឹង សេចក្ដី​សង្ឃឹម​របស់​យើង​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ អាច​ជួយ​យើង​ឲ្យ​មាន​ចិត្ត​នឹង​នរ​ឬ​ចិត្ត​ស្ងប់ ពេល​មាន​បញ្ហា​កើត​ឡើង។

នៅ​ខ​មុន​និង​ខ​ក្រោយ​នៃ​បទ​គម្ពីរ​នេះ ប៉ូល​កំពុង​រៀប​រាប់​អំពី​សេចក្ដី​សង្ឃឹម​នៅ​ស្ថាន​សួគ៌​ដែល​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ឲ្យ​តម្លៃ​ជា​ខ្លាំង។ ប៉ុន្តែ ពាក្យ​របស់​គាត់​ក៏​ជាប់​ទាក់​ទង​នឹង​គ្រិស្ត​សាសនិក​ដែល​ទន្ទឹង​រង់​ចាំ​រស់​នៅ​ជា​រៀង​រហូត​នៅ​ផែនដី​ជា​សួន​ឧទ្យាន​ផង​ដែរ។ (​យ៉ូន. ៣:១៦​) ការ​រៀន​អំពី​សេចក្ដី​សង្ឃឹម​នៃ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ពិត​ជា​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​ន័យ​ខ្លឹម​សារ។

៦​-​៧. តើ​បង​អ៊ីវ៉ន​បាន​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​រៀន​សេចក្ដី​ពិត​អំពី​ថ្ងៃ​អនាគត?

សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ស្រី​ម្នាក់​ឈ្មោះ​អ៊ីវ៉ន។ គាត់​មិន​បាន​ធំ​ឡើង​ក្នុង​សេចក្ដី​ពិត​ទេ។ តាំង​ពី​គាត់​នៅ​ក្មេង គាត់​ខ្លាច​ស្លាប់។ គាត់​នៅ​ចាំ​ឃ្លា​មួយ​មិន​ភ្លេច​ដែល​គាត់​បាន​អាន ដែល​ថា​៖ ​«​នៅ​ថ្ងៃ​ណា​មួយ​នឹង​លែង​មាន​ថ្ងៃ​ស្អែក​ទៀត​»។ គាត់​និយាយ​ថា​៖ ​«​ពាក្យ​ទាំង​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​អនាគត​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​ដេក​មិន​លក់។ ខ្ញុំ​គិត​ថា ‹ជីវិត​មនុស្ស​មិន​គ្រាន់​តែ​កើត​មក​ហើយ​ស្លាប់​ទៅ​វិញ​ទេ។ ច្បាស់​ជា​មាន​ន័យ​ខ្លឹម​សារ​ជាង។ ហេតុ​អ្វី​ខ្ញុំ​កើត​មក?›។ ខ្ញុំ​មិន​ចង់​ស្លាប់​ទេ!​»។

ក្រោយ​មក កាល​ដែល​បង​អ៊ីវ៉ន​មាន​វ័យ​ជំទង់ គាត់​បាន​ជួប​សាក្សី​ព្រះ​យេហូវ៉ា។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ចាប់​ផ្ដើម​ជឿ​ថា ខ្ញុំ​អាច​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន​នៅ​ផែនដី​»។ គាត់​បន្ថែម​ថា​៖ ​«​ខ្ញុំ​លែង​ដេក​មិន​លក់​ដោយ​សារ​ខ្លាច​ស្លាប់ ឬ​បារម្ភ​អំពី​ថ្ងៃ​អនាគត​ទៀត​»។ គឺ​ស​ឲ្យ​ឃើញ​ថា​សេចក្ដី​ពិត​ពី​គម្ពីរ​មាន​ប្រយោជន៍​និង​មាន​តម្លៃ​ខ្លាំង​ណាស់​ចំពោះ​បង​អ៊ីវ៉ន ហើយ​គាត់​ក៏​ពិត​ជា​ចូល​ចិត្ត​ប្រាប់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​សង្ឃឹម​របស់​គាត់​ចំពោះ​ថ្ងៃ​អនាគត​ផង​ដែរ។—១ធី. ៤:១៦

សេចក្ដី​ពិត​ក្នុង​គម្ពីរ​ប្រៀប​ដូច​ជា . . . ទ្រព្យ​វិសេស

ការ​បម្រើ​ព្រះ​យេហូវ៉ា​នៅ​ឥឡូវ​នេះ និង​ការ​មាន​សេចក្ដី​សង្ឃឹម​បម្រើ​លោក​ជា​រៀង​រហូត​ក្រោម​រាជាណាចក្រ​របស់​ព្រះ គឺ​ប្រៀប​ដូច​ជា​ទ្រព្យ​វិសេស។ នេះ​មាន​តម្លៃ​ជាង​ការ​លះ​បង់​ណា​ក៏​ដោយ​ដែល​យើង​ត្រូវ​ធ្វើ (​សូម​មើល​វគ្គ​៨​-​១១​)

៨​-​៩. (​ក​) ក្នុង​ឧទាហរណ៍​មួយ​របស់​លោក​យេស៊ូ តើ​បុរស​ម្នាក់​បាន​ឲ្យ​តម្លៃ​ខ្លាំង​យ៉ាង​ណា​ចំពោះ​កំណប់​ទ្រព្យ​ដែល​គាត់​បាន​រក​ឃើញ? (​ខ​) តើ​អ្នក​ឲ្យ​តម្លៃ​ខ្លាំង​យ៉ាង​ណា​ទៅ​លើ​សេចក្ដី​ពិត?

សេចក្ដី​ពិត​ក្នុង​គម្ពីរ​ក៏​រួម​បញ្ចូល​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​ដែរ។ លោក​យេស៊ូ​បាន​ប្រដូច​សេចក្ដី​ពិត​អំពី​រាជាណាចក្រ​នោះ​ទៅ​នឹង​កំណប់​ទ្រព្យ។ ដូច​បាន​កត់​ទុក​នៅ​ម៉ាថាយ ១៣:៤៤ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ដូច​ជា​កំណប់​ទ្រព្យ​ក្នុង​វាល​មួយ ដែល​បុរស​ម្នាក់​បាន​រក​ឃើញ ហើយ​លាក់​ទុក។ រួច​ដោយ​សារ​គាត់​ត្រេក​អរ​ជា​ខ្លាំង គាត់​ក៏​ទៅ​លក់​អ្វី​ៗ​ដែល​គាត់​មាន ហើយ​ទិញ​វាល​នោះ​»។ សូម​កត់​សម្គាល់​ថា​បុរស​នោះ​មិន​បាន​ស្វែង​រក​កំណប់​ទ្រព្យ​ទេ។ ប៉ុន្តែ​ពេល​គាត់​ប្រទះ​ឃើញ គាត់​បាន​ធ្វើ​ការ​លះ​បង់​ច្រើន​ដើម្បី​បាន​វា គឺ​គាត់​បាន​លក់​អ្វី​ទាំង​អស់​ដែល​គាត់​មាន។ ហេតុ​អ្វី? ដោយ​សារ​គាត់​ដឹង​អំពី​តម្លៃ​នៃ​កំណប់​ទ្រព្យ​នោះ គឺ​ថា​វា​មាន​តម្លៃ​ជាង​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​បាន​លះ​បង់។

តើ​អ្នក​មាន​អារម្មណ៍​បែប​នេះ​ចំពោះ​សេចក្ដី​ពិត​ឬ​ទេ? អ្នក​ច្បាស់​ជា​មាន! យើង​ដឹង​ថា​គ្មាន​អ្វី​ណា​ដែល​ពិភព​លោក​នេះ​ផ្ដល់​ឲ្យ អាច​ប្រៀប​ផ្ទឹម​នឹង​អំណរ​ដែល​យើង​មាន​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា​នៅ​ឥឡូវ​នេះ និង​ការ​មាន​សេចក្ដី​សង្ឃឹម​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ពេល​អនាគត​ក្រោម​រាជាណាចក្រ​របស់​ព្រះ​ឡើយ។ ការ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា គឺ​ជា​ឯកសិទ្ធិ​ដែល​មាន​តម្លៃ​ជាង​ការ​លះ​បង់​ណា​ក៏​ដោយ​របស់​យើង។ អំណរ​ខ្លាំង​បំផុត​របស់​យើង គឺ​មក​ពី​ការ​«​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​ទាំង​ស្រុង​»។—កូឡ. ១:១០

១០​-​១១. តើ​អ្វី​បាន​ជំរុញ​ចិត្ត​បង​ម៉ៃឃឺល​ឲ្យ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​ក្នុង​ជីវិត​របស់​គាត់?

១០ យើង​ជា​ច្រើន​នាក់​បាន​ធ្វើ​ការ​លះ​បង់​ដ៏​ធំ ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ អ្នក​ខ្លះ​សុខ​ចិត្ត​លះ​បង់​អាជីព​ដែល​ទទួល​ប្រាក់​ខែ​ខ្ពស់​ក្នុង​ពិភព​លោក​នេះ។ អ្នក​ខ្លះ​ទៀត​ឈប់​ព្យាយាម​ទៅ​ជា​អ្នក​មាន។ រីឯ​អ្នក​ឯ​ទៀត​បាន​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​របស់​ពួក​គេ​ទាំង​ស្រុង​ពេល​ពួក​គេ​រៀន​អំពី​ព្រះ​យេហូវ៉ា។ នេះ​ជា​អ្វី​ដែល​បង​ប្រុស​ម៉ៃឃឺល​បាន​ធ្វើ។ គាត់​មិន​បាន​ធំ​ឡើង​ក្នុង​សេចក្ដី​ពិត​ទេ។ ពេល​គាត់​នៅ​វ័យ​ក្មេង គាត់​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ខាង​កីឡា​ការ៉ាតេ។ គាត់​និយាយ​ថា​៖ ​«​ចំពោះ​ខ្ញុំ គឺ​សំខាន់​ណាស់​ឲ្យ​ខ្ញុំ​មាន​រូប​កាយ​មាំ​ទាំ។ ជួន​កាល ខ្ញុំ​មាន​អារម្មណ៍​ថា​គ្មាន​អ្នក​ណា​អាច​ផ្ដួល​ខ្ញុំ​បាន​ទេ​»។ ប៉ុន្តែ​ពេល​គាត់​ចាប់​ផ្ដើម​រៀន​គម្ពីរ គាត់​បាន​ដឹង​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អំពើ​ឃោរឃៅ។ (​ចសព. ១១:៥​) បង​ម៉ៃឃឺល​បាន​និយាយ​អំពី​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​ជា​អ្នក​បង្រៀន​គម្ពីរ​ដល់​គាត់ ថា​៖ ​«​ពួក​គាត់​មិន​ដែល​ប្រាប់​ខ្ញុំ​ឲ្យ​ឈប់​លេង​កីឡា​ការ៉ាតេ​ទេ ពួក​គាត់​គ្រាន់​តែ​បន្ត​បង្រៀន​សេចក្ដី​ពិត​ពី​គម្ពីរ​ដល់​ខ្ញុំ​»។

១១ កាល​ដែល​បង​ម៉ៃឃឺល​រៀន​អំពី​ព្រះ​យេហូវ៉ា​កាន់​តែ​ច្រើន គាត់​ស្រឡាញ់​លោក​កាន់​តែ​ខ្លាំង​ឡើង។ គាត់​រំជួល​ចិត្ត ជា​ពិសេស​ចំពោះ​សេចក្ដី​អាណិត​អាសូរ​របស់​ព្រះ​យេហូវ៉ា​ទៅ​លើ​អ្នក​គោរព​ប្រណិប័តន៍​លោក។ យូរ​ៗ​ទៅ បង​ម៉ៃឃឺល​បាន​យល់​ថា​គាត់​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ធំ​មួយ​ក្នុង​ជីវិត។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​ការ​លះ​ចោល​កីឡា​ការ៉ាតេ ជា​អ្វី​ដែល​ពិបាក​បំផុត​ចំពោះ​ខ្ញុំ។ ប៉ុន្តែ​ខ្ញុំ​ក៏​ដឹង​ថា នោះ​នឹង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ហើយ​ខ្ញុំ​ជឿ​ជាក់​ថា​ការ​បម្រើ​លោក​គឺ​មាន​តម្លៃ​ជាង​ការ​លះ​បង់​ណា​ទាំង​អស់​»។ បង​ម៉ៃឃឺល​បាន​ដឹង​ថា សេចក្ដី​ពិត​ដែល​គាត់​បាន​រក​ឃើញ​គឺ​មាន​តម្លៃ​ណាស់ ហេតុ​នេះ​គាត់​សុខ​ចិត្ត​ធ្វើ​ការ​កែ​ប្រែ​ដ៏​ធំ​ក្នុង​ជីវិត​គាត់។—យ៉ា. ១:២៥

សេចក្ដី​ពិត​ក្នុង​គម្ពីរ​ប្រៀប​ដូច​ជា . . . ចង្កៀង

ចង្កៀង​ជួយ​បំភ្លឺ​ផ្លូវ​យើង​នៅ​ទី​ងងឹត។ ស្រដៀង​គ្នា​ដែរ បណ្ដាំ​របស់​ព្រះ​បង្ហាញ​ផ្លូវ​យើង កាល​ដែល​យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដ៏​ទុច្ចរិត​របស់​សាថាន (​សូម​មើល​វគ្គ​១២​-​១៣​)

១២​-​១៣. តើ​សេចក្ដី​ពិត​ក្នុង​គម្ពីរ​បាន​ជួយ​បង​មៃលី​យ៉ាង​ដូច​ម្ដេច?

១២ ដើម្បី​បង្ហាញ​អំពី​តម្លៃ​នៃ​សេចក្ដី​ពិត គម្ពីរ​ប្រដូច​សេចក្ដី​ពិត​ទៅ​នឹង​ចង្កៀង​ដែល​បំភ្លឺ​ទី​ងងឹត។ (​ចសព. ១១៩:១០៥; អេភ. ៥:៨​) បង​ស្រី​មៃលី​ពី​ប្រទេស​អាស៊ែបៃហ្សង់ ឲ្យ​តម្លៃ​ជា​ខ្លាំង​ចំពោះ​ការ​យល់​ដឹង​ដែល​គាត់​បាន​ទទួល​ពី​បណ្ដាំ​របស់​ព្រះ។ ឪពុក​ម្ដាយ​គាត់​កាន់​សាសនា​ខុស​ៗ​គ្នា។ ឪពុក​គាត់​កាន់​សាសនា​មូស្លីម ហើយ​ម្ដាយ​គាត់​កាន់​សាសនា​យូដា។ បង​មៃលី​និយាយ​ថា​៖ ​«​ទោះ​ជា​ខ្ញុំ​មិន​ដែល​សង្ស័យ​ថា​គ្មាន​ព្រះ​ក្ដី ខ្ញុំ​មាន​ចម្ងល់​ជា​ច្រើន។ ខ្ញុំ​បាន​ឆ្ងល់​ថា ‹ហេតុ​អ្វី​ព្រះ​បាន​បង្កើត​មនុស្ស​មក ហើយ​ហេតុ​អ្វី​មនុស្ស​ត្រូវ​រង​ទុក្ខ​ពេញ​មួយ​ជីវិត និង​ក្រោយ​មក​ក៏​ទទួល​ទារុណកម្ម​ជា​រៀង​រហូត​ក្នុង​ស្ថាន​នរក?›។ ដោយ​សារ​គេ​និយាយ​ថា អ្វី​ទាំង​អស់​ដែល​កើត​ឡើង​គឺ​ជា​បំណង​ប្រាថ្នា​របស់​ព្រះ ខ្ញុំ​បាន​ឆ្ងល់​ថា ‹តើ​ព្រះ​ជា​អ្នក​កាន់​កាប់​លើ​មនុស្ស ហើយ​ក្រោយ​មក​សប្បាយ​មើល​ពួក​គេ​រង​ទុក្ខ​ឬ?›​»។

១៣ បង​មៃលី​បន្ត​ស្វែង​រក​ចម្លើយ​ចំពោះ​ចម្ងល់​របស់​គាត់។ ក្រោយ​មក គាត់​បាន​យល់​ព្រម​សិក្សា​គម្ពីរ ហើយ​បាន​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា។ គាត់​និយាយ​ថា​៖ ​«​ការ​វែក​ញែក​ពី​គម្ពីរ​ដ៏​គួរ​ឲ្យ​ជឿ​បាន​ជួយ​ខ្ញុំ​ឲ្យ​សប្បាយ​ចិត្ត​ជាង។ ការ​ពន្យល់​ដ៏​សម​ហេតុ​ផល​ដែល​ខ្ញុំ​រក​ឃើញ​ក្នុង​បណ្ដាំ​របស់​ព្រះ ធ្វើ​ឲ្យ​ខ្ញុំ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​»។ ដូច​បង​មៃលី​ដែរ យើង​ទាំង​អស់​គ្នា​ក៏​សរសើរ​ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដែល​បាន​ហៅ​[​យើង​]​ចេញ​ពី​សេចក្ដី​ងងឹត ឲ្យ​ចូល​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​លោក​»។—១ពេ. ២:៩

១៤. តើ​យើង​អាច​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​សេចក្ដី​ពិត​តាម​របៀប​ណា? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ ការ​ប្រដូច​ផ្សេង​ទៀត​»​)

១៤ អ្វី​ទាំង​នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​ខ្លះ​ដែល​បង្ហាញ​អំពី​តម្លៃ​នៃ​សេចក្ដី​ពិត។ អ្នក​ច្បាស់​ជា​អាច​គិត​អំពី​មូលហេតុ​ជា​ច្រើន​ទៀត។ សូម​សិក្សា​ផ្ទាល់​ខ្លួន​អំពី​មូលហេតុ​ផ្សេង​ទៀត​ដែល​យើង​គួរ​ស្រឡាញ់​សេចក្ដី​ពិត។ កាល​ដែល​យើង​កាន់​តែ​ស្រឡាញ់​សេចក្ដី​ពិត យើង​នឹង​កាន់​តែ​រក​ឃើញ​វិធី​ផ្សេង​ៗ​ដើម្បី​បង្ហាញ​ថា​យើង​ស្រឡាញ់​សេចក្ដី​ពិត​នោះ។

របៀប​ដែល​យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​សេចក្ដី​ពិត

១៥. តើ​យើង​អាច​បង្ហាញ​ថា​យើង​ស្រឡាញ់​សេចក្ដី​ពិត​តាម​របៀប​ណា?

១៥ យើង​អាច​បង្ហាញ​ថា​យើង​ស្រឡាញ់​សេចក្ដី​ពិត ដោយ​សិក្សា​គម្ពីរ​និង​សៀវភៅ​ដែល​មាន​មូលដ្ឋាន​ពី​គម្ពីរ​ជា​ទៀង​ទាត់។ មិន​ថា​យើង​នៅ​ក្នុង​សេចក្ដី​ពិត​យូរ​យ៉ាង​ណា​ក្ដី តែង​តែ​មាន​អ្វី​ថែម​ទៀត​ដែល​យើង​អាច​រៀន។ ទស្សនាវដ្ដី​ប៉ម​យាម​លេខ​ដំបូង​បាន​សរសេរ​ថា​៖ ​«​សេចក្ដី​ពិត​ប្រៀប​ដូច​ជា​ផ្កា​តូច​មួយ។ ផ្កា​តូច​នោះ​ដុះ​ក្នុង​វាល​ស្មៅ​ខ្ពស់​ៗ​ដែល​ដូច​ជា​ភាព​ក្លែង​ក្លាយ ហើយ​ដែល​ស្ទើរ​តែ​គ្រប​ដណ្ដប់​ជិត​លើ​ផ្កា​នោះ។ ដើម្បី​រក​ឃើញ​ផ្កា​នោះ យើង​ត្រូវ​ស្វែង​រក​ដោយ​យក​ចិត្ត​ទុក​ដាក់។ . . . បើ​យើង​ចង់​បាន​វា យើង​ត្រូវ​តែ​ឱន​យក​វា​ឬ​ខំ​ប្រឹង​ព្យាយាម។ ចូរ​កុំ​ស្កប់​ចិត្ត​តែ​នឹង​ផ្កា​មួយ​នៃ​សេចក្ដី​ពិត​ប៉ុណ្ណោះ​ទេ។ . . . ចូរ​ខំ​ប្រមូល​យក ចូរ​ខំ​ស្វែង​រក​ឲ្យ​បាន​ច្រើន​ទៀត​»។ ការ​សិក្សា​គឺ​តម្រូវ​ឲ្យ​ខំ​ប្រឹង ប៉ុន្តែ​យើង​នឹង​ទទួល​ប្រយោជន៍​សម​នឹង​ការ​ខំ​ប្រឹង​នោះ។

១៦. តើ​អ្នក​ចូល​ចិត្ត​សិក្សា​តាម​វិធី​ណា? (​សុភាសិត ២:៤​-​៦​)

១៦ មិន​មែន​យើង​ទាំង​អស់​គ្នា​ចូល​ចិត្ត​អាន​និង​សិក្សា​ទេ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​អញ្ជើញ​យើង​ឲ្យ​«​សង្វាត​»​និង​«​បន្ត​ព្យាយាម​»​ ដើម្បី​យល់​សេចក្ដី​ពិត​ឲ្យ​បាន​ជ្រាល​ជ្រៅ​ជាង។ (​សូម​អាន សុភាសិត ២:៤​-​៦) ពេល​ដែល​យើង​ខំ​ប្រឹង​ដូច​នេះ យើង​តែង​តែ​ទទួល​ប្រយោជន៍។ ស្ដី​អំពី​ការ​អាន​គម្ពីរ​ផ្ទាល់​ខ្លួន បង​ប្រុស​ខូរី​និយាយ​ថា គាត់​ផ្ដោត​អារម្មណ៍​ទៅ​លើ​ខ​ម្ដង​មួយ​ៗ។ គាត់​ពន្យល់​ថា​៖ ​«​ខ្ញុំ​អាន​កំណត់​សម្គាល់​ទាំង​អស់ មើល​បទ​គម្ពីរ​យោង​ទាំង​អស់ ហើយ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ថែម​ទៀត។ . . . វិធី​នេះ​ជួយ​ខ្ញុំ​ឲ្យ​រៀន​អ្វី​ៗ​ជា​ច្រើន!​»។ មិន​ថា​យើង​ប្រើ​វិធី​នេះ​ឬ​វិធី​ផ្សេង​ទៀត​ក្ដី យើង​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​សេចក្ដី​ពិត ពេល​ដែល​យើង​ចំណាយ​ពេល​និង​កម្លាំង​ដើម្បី​សិក្សា​សេចក្ដី​ពិត​នោះ។—ចសព. ១:១​-​៣

១៧. តើ​ការ​រស់​នៅ​ស្រប​តាម​សេចក្ដី​ពិត​មាន​ន័យ​យ៉ាង​ណា? (​យ៉ាកុប ១:២៥​)

១៧ ដូច​យើង​ដឹង​ហើយ ការ​សិក្សា​សេចក្ដី​ពិត​ប៉ុណ្ណោះ​គឺ​មិន​គ្រប់​គ្រាន់​ទេ។ ដើម្បី​ទទួល​ប្រយោជន៍​ពេញ​លេញ យើង​ត្រូវរស់​នៅ​ស្រប​តាម​សេចក្ដី​ពិត ពោល​គឺ​ធ្វើ​តាម​អ្វី​ដែល​យើង​រៀន​ក្នុង​ជីវិត​របស់​យើង។ យ៉ាង​នេះ សេចក្ដី​ពិត​នឹង​នាំ​ឲ្យ​យើង​មាន​សុភមង្គល​ពិត​ប្រាកដ។ (​សូម​អាន យ៉ាកុប ១:២៥) តើ​យើង​អាច​ប្រាកដ​ថា​យើង​កំពុង​រស់​នៅ​ស្របតាម​សេចក្ដី​ពិត​យ៉ាង​ដូច​ម្ដេច? បង​ប្រុស​ម្នាក់​ឲ្យ​យោបល់​ថា ការពិនិត្យ​មើល​ខ្លួន​ឯង​អាច​ជួយ​យើង​ឲ្យ​កត់​សម្គាល់​ថា ចំណុច​ណា​យើង​ធ្វើ​បាន​ល្អ​និង​ចំណុច​ណា​យើង​ចង់​រីក​ចម្រើន។ សាវ័ក​ប៉ូល​និយាយ​ថា​៖ ​«​អ្វី​ដែល​យើង​បាន​ធ្វើ​ដើម្បី​ឲ្យ​ជឿន​ទៅ​មុខ​ដល់​កម្រិត​នេះ ចូរ​យើង​បន្ត​ជឿន​ទៅ​មុខ​ដោយ​ធ្វើ​ដូច្នោះ​ត​ទៅ​ទៀត​»។—ភី. ៣:១៦

១៨. ហេតុ​អ្វី​យើង​ខំ​អស់​ពី​សមត្ថភាព ដើម្បី​«​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត​»​?

១៨ សូម​គិត​អំពី​ប្រយោជន៍​ដែល​យើង​ទទួល​ពី​ការ​ខំ​អស់​ពី​សមត្ថភាព ដើម្បី​«​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត​»​! យើង​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​ជីវិត​យើង​ល្អ​ប្រសើរ​ជាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​និង​បង​ប្អូន​រួម​ជំនឿ​អរ​សប្បាយ​ដែរ។ (​សុភ. ២៧:១១; ៣យ៉ូន. ៤​) អ្វី​ៗ​ទាំង​នេះ​គឺ​ជា​មូលហេតុ​ដ៏​ល្អ​បំផុត​ឲ្យ​យើង​ស្រឡាញ់​សេចក្ដី​ពិត និង​រស់​នៅ​ស្រប​តាម​សេចក្ដី​ពិត។

ចម្រៀង​លេខ​១៤៤ ចូរ​ផ្ដោត​អារម្មណ៍​លើ​រង្វាន់!

^ យើង​ច្រើន​តែ​ហៅ​ជំនឿ​និង​របៀប​រស់​នៅ​របស់​យើង​ថា​«​សេចក្ដី​ពិត​»។ មិន​ថា​យើង​ទើប​តែ​បាន​ចូល​ក្នុង​សេចក្ដី​ពិត ឬ​បាន​ស្គាល់​សេចក្ដី​ពិត​តាំង​ពី​តូច​ក្ដី យើង​អាច​ទទួល​ប្រយោជន៍​ជា​ច្រើន​ពី​ការ​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​ស្រឡាញ់​សេចក្ដី​ពិត។ ដោយ​ធ្វើ​ដូច្នេះ យើង​នឹង​ពង្រឹង​ការ​តាំង​ចិត្ត​របស់​យើង​ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។