អត្ថបទសិក្សា ៣៥
ចូរបន្ដ«ពង្រឹងកម្លាំងគ្នាទៅវិញទៅមក»
«ចូរបន្តលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយពង្រឹងកម្លាំងគ្នាទៅវិញទៅមក»។—១ថែ. ៥:១១
ចម្រៀងលេខ៩០ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមក
សេចក្ដីសង្ខេប *
១. យោងទៅតាមថែស្សាឡូនិចទី១ ៥:១១ តើយើងទាំងអស់គ្នាចូលរួមក្នុងកិច្ចការអ្វី?
តើក្រុមជំនុំរបស់អ្នកធ្លាប់សាងសង់ឬធ្វើការជួសជុលដ៏ធំនៅសាលប្រជុំឬទេ? បើដូច្នេះ អ្នកច្បាស់ជានឹកចាំអំពីកិច្ចប្រជុំដំបូងដែលអ្នកបានចូលរួមនៅសាលថ្មីនោះ។ អ្នកទំនងជាមានចិត្តកតញ្ញូជាខ្លាំងចំពោះព្រះយេហូវ៉ា។ តាមពិត អ្នកប្រហែលជារំជួលចិត្តក្រៃលែងស្ទើរតែស្រក់ទឹកភ្នែក រហូតដល់ច្រៀងចម្រៀងដំបូងមិនចង់ចេញ។ សាលប្រជុំដ៏រឹងមាំរបស់យើងធ្វើឲ្យព្រះយេហូវ៉ាទទួលការសរសើរ។ ប៉ុន្តែ យើងកាន់តែធ្វើឲ្យលោកទទួលការសរសើរ ពេលដែលយើងចូលរួមកិច្ចការផ្សេងទៀត។ កិច្ចការនោះមានតម្លៃជាងកិច្ចការសាងសង់អគារ ហើយរួមមានការពង្រឹងកម្លាំងមនុស្សដែលមកកន្លែងគោរពប្រណិប័តន៍ព្រះ។ សាវ័កប៉ូលបានគិតអំពីកិច្ចការនេះ ពេលដែលគាត់បានសរសេរពាក្យនៅថែស្សាឡូនិចទី១ ៥:១១ *ដែលជាបទគម្ពីរមូលដ្ឋានសម្រាប់អត្ថបទនេះ។—សូមអាន
២. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
២ សាវ័កប៉ូលគឺជាគំរូដ៏ល្អស្ដីអំពីបុគ្គលដែលដឹងអំពីរបៀបពង្រឹងកម្លាំងបងប្អូនឯទៀត។ គាត់មានចិត្តអាណិតមេត្តាចំពោះពួកគេ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលគាត់បានជួយបងប្អូនឲ្យ (១) ស៊ូទ្រាំនឹងទុក្ខលំបាក (២) មានសន្តិភាពជាមួយគ្នា និង(៣) ពង្រឹងជំនឿរបស់ពួកគេទៅលើព្រះយេហូវ៉ា។ សូមយើងពិចារណារបៀបដែលយើងអាចយកតម្រាប់ប៉ូល។ ការធ្វើដូច្នេះនឹងពង្រឹងកម្លាំងបងប្អូនរបស់យើងនៅសព្វថ្ងៃនេះ។—១កូ. ១១:១
ប៉ូលបានជួយបងប្អូនឲ្យស៊ូទ្រាំនឹងទុក្ខលំបាក
៣. តើប៉ូលមានទស្សនៈត្រឹមត្រូវអ្វី?
៣ ប៉ូលស្រឡាញ់បងប្អូនខ្លាំងណាស់។ គាត់បានជួបការពិបាកផ្សេងៗ ដូច្នេះគាត់អាចបង្ហាញសេចក្ដីអាណិតអាសូរ និងយល់អារម្មណ៍របស់បងប្អូនរួមជំនឿពេល ដែលពួកគេឆ្លងកាត់ទុក្ខលំបាក។ នៅពេលមួយ ប៉ូលគ្មានលុយទេ ហើយត្រូវស្វែងរកការងារដើម្បីផ្គត់ផ្គង់ខ្លួនឯង និងពួកអ្នកដែលនៅជាមួយគាត់។ (សកម្ម. ២០:៣៤) ប៉ូលមានមុខរបរជាអ្នកធ្វើត្រសាល។ នៅដំបូង ពេលគាត់ទៅដល់ក្រុងកូរិនថូស គាត់បានធ្វើការជាមួយអាគីឡានិងព្រីស៊ីល ដែលជាអ្នកធ្វើត្រសាលដូចគាត់ដែរ។ ប៉ុន្តែ«រាល់ថ្ងៃឈប់សម្រាក» គាត់ផ្សព្វផ្សាយដល់ជនជាតិយូដានិងជនជាតិក្រិច។ ក្រោយមក ពេលដែលស៊ីឡាសនិងធីម៉ូថេបានទៅដល់ «ប៉ូលចាប់ផ្ដើមផ្ចង់អារម្មណ៍ទាំងស្រុងទៅលើការផ្សព្វផ្សាយបណ្ដាំរបស់ព្រះ»។ (សកម្ម. ១៨:២-៥) ប៉ូលមិនដែលភ្លេចអំពីគោលដៅដ៏សំខាន់ចម្បងរបស់គាត់ក្នុងជីវិតទេ គឺការបម្រើព្រះយេហូវ៉ា។ ប៉ូលបានទុកគំរូដ៏ល្អស្ដីអំពីការខំប្រឹងក្នុងកិច្ចបម្រើផ្សាយនិងការផ្គត់ផ្គង់ជីវភាពរបស់ខ្លួន ដូច្នេះគាត់អាចលើកទឹកចិត្តបងប្អូន។ ប៉ូលបានរំលឹកពួកគេមិនឲ្យការខ្វល់ខ្វាយអំពីជីវិតនិងការផ្គត់ផ្គង់ក្រុមគ្រួសារ ធ្វើឲ្យពួកគេខកខានធ្វើ«អ្វីដែលសំខាន់ជាង» ពោលគឺសកម្មភាពទាំងអស់ដែលជាប់ទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។—ភី. ១:១០
៤. តើប៉ូលនិងធីម៉ូថេបានជួយបងប្អូនឲ្យស៊ូទ្រាំនឹងការបៀតបៀនយ៉ាងដូចម្ដេច?
៤ មិនយូរក្រោយពីក្រុមជំនុំថ្មីនៅក្រុងថែស្សាឡូនិចបានត្រូវបង្កើតឡើង បងប្អូនដែលទើបតែក្លាយទៅជាអ្នកជឿបានទទួលការប្រឆាំងយ៉ាងខ្លាំង។ ពេលអ្នកប្រឆាំងដ៏សាហាវឃោរឃៅមួយក្រុមរកប៉ូលនិងស៊ីឡាសមិនឃើញ ពួកគេបានអូស«បងប្រុសៗខ្លះទៅឯពួកអ្នកគ្រប់គ្រងក្រុងនោះ» ដោយស្រែកឡើងថា៖ «បុរសទាំងអស់នេះបំពានលើបញ្ញត្ដិរបស់សេសារ»។ (សកម្ម. ១៧:៦, ៧) តើអ្នកអាចស្រមៃឃើញថាគ្រិស្តសាសនិកថ្មីទាំងនោះភ័យខ្លាចយ៉ាងណា ពេលពួកគេដឹងថាបណ្ដាជនក្នុងក្រុងប្រឆាំងពួកគេឬទេ? នេះប្រហែលជាអាចធ្វើឲ្យពួកគេបន្ថយសកម្មភាពក្នុងកិច្ចបម្រើព្រះ។ ប៉ុន្តែប៉ូលមិនចង់ឲ្យរឿងនេះកើតឡើងទេ។ ទោះជាគាត់និងស៊ីឡាសត្រូវចាកចេញពីក្រុងនោះក្ដី ពួកគាត់ធ្វើឲ្យប្រាកដថាក្រុមជំនុំថ្មីបានទទួលការយកចិត្តទុកដាក់យ៉ាងដិតដល់។ ប៉ូលបានរំលឹកបងប្អូននៅក្រុងថែស្សាឡូនិចថា៖ «យើងបានចាត់ធីម៉ូថេជាប្អូនប្រុសរបស់យើងឲ្យទៅជួបអ្នករាល់គ្នា . . . គាត់នឹងជួយអ្នករាល់គ្នាឲ្យមាំមួនឡើង ព្រមទាំងសម្រាលទុក្ខអ្នករាល់គ្នា ដើម្បីជាប្រយោជន៍ដល់ជំនឿរបស់អ្នករាល់គ្នា។ យ៉ាងនេះ គ្មានអ្នកណាត្រូវរង្គោះរង្គើ ដោយសារសេចក្ដីវេទនាទាំងនោះឡើយ»។ (១ថែ. ៣:២, ៣) ធីម៉ូថេទំនងជាធ្លាប់ទទួលការបៀតបៀននៅក្រុងលីស្ដ្រាដែលជាស្រុកកំណើតរបស់គាត់។ គាត់បានឃើញរបៀបដែលប៉ូលបានពង្រឹងកម្លាំងចិត្តបងប្អូននៅទីនោះ។ ដោយដឹងថាព្រះយេហូវ៉ាបានគាំទ្របងប្អូនទាំងនោះ ធីម៉ូថេអាចពង្រឹងកម្លាំងចិត្តបងប្អូនថ្មីថាព្រះយេហូវ៉ាក៏នឹងជួយពួកគេឲ្យមានលទ្ធផលល្អដែរ។—សកម្ម. ១៤:៨, ១៩-២២; ហេ. ១២:២
៥. តើបងប្រាយ៉ានបានទទួលជំនួយអ្វីពីអ្នកចាស់ទុំម្នាក់?
៥ តើប៉ូលបានពង្រឹងកម្លាំងបងប្អូនរួមជំនឿតាមរបៀបណាទៀត? ពេលប៉ូលនិងបាណាបាសបានត្រឡប់ទៅក្រុងលីស្ដ្រា ក្រុងអ៊ីកូនាម និងក្រុងអាន់ទីយ៉ូក «ពួកគាត់បានតែងតាំងពួកបុរសចាស់ទុំក្នុងក្រុមជំនុំនីមួយៗ»។ (សកម្ម. ១៤:២១-២៣) ពួកបុរសចាស់ទុំទាំងនោះ ច្បាស់ជាបានផ្ដល់ការសម្រាលទុក្ខដល់បងប្អូនក្នុងក្រុមជំនុំ ដូចពួកអ្នកចាស់ទុំនៅសព្វថ្ងៃនេះដែរ។ សូមកត់សម្គាល់ពាក្យសម្ដីរបស់បងប្រុសម្នាក់ឈ្មោះប្រាយ៉ាន។ គាត់និយាយថា៖ «ពេលខ្ញុំអាយុ១៥ឆ្នាំ ឪពុកខ្ញុំបានចាកចោលផ្ទះ ហើយម្ដាយខ្ញុំបានត្រូវបណ្ដាច់មិត្តភាព។ ខ្ញុំមានអារម្មណ៍ថាខ្ញុំបានត្រូវគេបោះបង់ចោល ហើយខ្ញុំធ្លាក់ទឹកចិត្ត»។ តើអ្វីបានជួយបងប្រាយ៉ានឲ្យស៊ូទ្រាំនៅគ្រាពិបាកនោះ? គាត់និយាយថា៖ «បងថូនីដែលជាអ្នកចាស់ទុំច្រើនតែនិយាយជាមួយខ្ញុំនៅកិច្ចប្រជុំនិងនៅពេលផ្សេងទៀត។ គាត់ប្រាប់ខ្ញុំអំពីពួកអ្នកដែលបានជួបទុក្ខលំបាក តែនៅតែអរសប្បាយ។ គាត់បានបង្ហាញខ្ញុំចម្រៀងសរសើរព្រះ ២៧:១០ ហើយច្រើនតែនិយាយអំពីហេសេគា ដែលបម្រើព្រះយ៉ាងស្មោះត្រង់ទោះជាឪពុកគាត់មិនមែនជាគំរូល្អក្ដី»។ តើជំនួយនេះមានឥទ្ធិពលយ៉ាងណាទៅលើបងប្រាយ៉ាន? គាត់និយាយថា៖ «ដោយមានការលើកទឹកចិត្តពីបងថូនី នៅពេលក្រោយមកខ្ញុំចាប់ផ្ដើមធ្វើកិច្ចបម្រើពេញពេល»។ ពួកអ្នកចាស់ទុំ ចូរប្រុងប្រៀបជួយពួកអ្នកដូចបង ប្រាយ៉ានដែលត្រូវការ«ពាក្យសម្ដីល្អមួយម៉ាត់»ដើម្បីលើកទឹកចិត្តពួកគេ។—សុភ. ១២:២៥
៦. តើប៉ូលបានប្រើជីវប្រវត្តិរបស់បុគ្គលផ្សេងៗយ៉ាងដូចម្ដេចដើម្បីលើកទឹកចិត្តបងប្អូនរួមជំនឿ?
៦ ប៉ូលបានរំលឹកបងប្អូនរួមជំនឿថា«សាក្សីមួយក្រុមធំ»អាចស៊ូទ្រាំនឹងទុក្ខលំបាកបាន ដោយសារព្រះយេហូវ៉ាបានផ្ដល់កម្លាំងដល់ពួកគេ។ (ហេ. ១២:១) ប៉ូលយល់ថាជីវប្រវត្តិរបស់ពួកអ្នកនៅសម័យមុន ដែលបានស៊ូទ្រាំនឹងទុក្ខលំបាកគ្រប់ប្រភេទ អាចជួយបងប្អូនឲ្យមានចិត្តក្លាហាននិងបន្តផ្ដោតអារម្មណ៍ទៅលើ«ក្រុងរបស់ព្រះដែលមានជីវិតរស់នៅ»។ (ហេ. ១២:២២) នៅសព្វថ្ងៃនេះក៏ដូចគ្នាដែរ។ យើងទទួលកម្លាំងចិត្តពេលអានអំពីរបៀបដែលព្រះយេហូវ៉ាបានជួយគេឌាន បារ៉ាក់ ដាវីឌ សាំយូអែល និងបុគ្គលជាច្រើនទៀត មែនទេ? (ហេ. ១១:៣២-៣៥) ចុះយ៉ាងណាគំរូរបស់បងប្អូនដែលបានបង្ហាញជំនឿនៅសព្វថ្ងៃនេះ? នៅមន្ទីរចាត់ការពិភពលោក យើងច្រើនតែទទួលសំបុត្រថ្លែងអំណរគុណពីបងប្អូនដែលប្រាប់ថា ជំនឿរបស់ពួកគេបានត្រូវពង្រឹងឡើងក្រោយពីពួកគេបានអានជីវប្រវត្តិរបស់អ្នកបម្រើព្រះយេហូវ៉ាដ៏ស្មោះត្រង់ណាម្នាក់នៅសព្វថ្ងៃនេះ។
ប៉ូលបានបង្ហាញបងប្អូនអំពីរបៀបមានសន្តិភាពជាមួយគ្នា
៧. តើអ្នករៀនអ្វីពីយោបល់របស់ប៉ូលនៅរ៉ូម ១៤:១៩-២១?
៧ យើងពង្រឹងកម្លាំងបងប្អូនរបស់យើងពេលយើងនិយាយនិងធ្វើអ្វីដែលនាំឲ្យមានសន្តិភាពក្នុងក្រុមជំនុំ។ យើងមិនឲ្យទស្សនៈខុសគ្នា ធ្វើឲ្យយើងបែកបាក់គ្នាឡើយ។ ម្យ៉ាងទៀតយើងចេះបត់បែន បើមិនបំពានគោលការណ៍គម្ពីរ។ សូមគិតអំពីឧទាហរណ៍មួយ។ ក្រុមជំនុំនៅក្រុងរ៉ូម មានគ្រិស្តសាសនិកទាំងជនជាតិយូដាទាំងជនជាតិដទៃ។ ពេលអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាលែងត្រូវធ្វើតាមច្បាប់ម៉ូសេទៀត ពួកគេក៏មិនចាំបាច់ធ្វើតាមច្បាប់អំពីការបរិភោគអាហារផ្សេងៗដែរ។ (ម៉ាក. ៧:១៩) ចាប់ពីពេលនោះ គ្រិស្តសាសនិកជនជាតិយូដាខ្លះមិនប្រកាន់ចំពោះការបរិភោគអាហារគ្រប់មុខទេ។ រីឯគ្រិស្តសាសនិកជនជាតិយូដាខ្លះទៀត នៅតែមានអារម្មណ៍មិនស្រួលធ្វើដូច្នេះ។ ក្រុមជំនុំនៅក្រុងរ៉ូមបានបែកបាក់គ្នាដោយសាររឿងនេះ។ ប៉ូលបានលើកបញ្ជាក់អំពីសារៈសំខាន់នៃការរក្សាឲ្យមានសន្តិភាព ដោយនិយាយថា៖ «ជាការល្អបំផុត ប្រសិនបើមិនបរិភោគសាច់ ឬផឹកស្រា ឬធ្វើអ្វីក៏ដោយដែលបណ្ដាលឲ្យបងប្អូនរបស់អ្នកជំពប់ដួល»។ (សូមអាន រ៉ូម ១៤:១៩-២១) ដូច្នេះ ប៉ូលបានជួយបងប្អូនរួមជំនឿឲ្យយល់ថាការខ្វែងគំនិតគ្នាបែបនេះជះឥទ្ធិពលដ៏អាក្រក់ទៅលើបុគ្គលម្នាក់ៗ និងក្រុមជំនុំទាំងមូល។ គាត់ក៏សុខចិត្តកែប្រែការប្រព្រឹត្តរបស់គាត់ដើម្បីជៀសវាងពីការធ្វើឲ្យអ្នកឯទៀតជំពប់ដួល។ (១កូ. ៩:១៩-២២) ស្រដៀងគ្នាដែរ យើងអាចពង្រឹងកម្លាំងអ្នកឯទៀត ហើយរក្សាឲ្យមានសន្តិភាព បើយើងជៀសវាងពីការប្រកាន់គំនិតចំពោះចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។
៨. តើប៉ូលមានប្រតិកម្មយ៉ាងណាពេលរឿងសំខាន់កើតឡើងដែលអាចបណ្ដាលឲ្យក្រុមជំនុំលែងមានសន្តិភាព?
៨ ប៉ូលបានទុកគំរូដ៏ល្អអំពីការរក្សាឲ្យមានសន្តិភាពជាមួយពួកអ្នកដែលមិនយល់ស្របអំពីរឿងសំខាន់ៗ។ ជាឧទាហរណ៍ បុគ្គលខ្លះក្នុងក្រុមជំនុំនៅសតវត្សរ៍ទី១បាននិយាយថា គ្រិស្តសាសនិកដែលមិនមែនជាជនជាតិយូដាគួរតែកាត់ចុងស្បែក ដើម្បីកុំឲ្យអ្នកឯទៀតរិះគន់ពួកគេ។ (កាឡ. ៦:១២) ប៉ូលមិនយល់ស្របនឹងទស្សនៈនេះទាល់តែសោះ។ ប៉ុន្តែជាជាងទាមទារឲ្យគេធ្វើតាមគំនិតរបស់គាត់ ដោយចិត្តរាបទាបគាត់បានសុំយោបល់ពីពួកសាវ័កនិងពួកបុរសចាស់ទុំនៅក្រុងយេរូសាឡិម។ (សកម្ម. ១៥:១, ២) ដោយសារប៉ូលបានធ្វើដូច្នេះ គាត់បានជួយគ្រិស្តសាសនិកទាំងនោះឲ្យរក្សាសន្តិភាពនិងអំណរក្នុងក្រុមជំនុំ។—សកម្ម. ១៥:៣០, ៣១
៩. តើយើងអាចធ្វើតាមគំរូរបស់ប៉ូលតាមរបៀបណា?
៩ បើមានការខ្វែងគំនិតគ្នាជាខ្លាំងកើតឡើង យើងធ្វើឲ្យមានសន្តិភាពដោយស្វែងរកការណែនាំពីពួកអ្នកដែលព្រះយេហូវ៉ាបានតែងតាំងឲ្យមើលថែក្រុមជំនុំ។ ការណែនាំដែលមានមូលដ្ឋានលើគម្ពីរ ច្រើនតែអាចរកឃើញក្នុងសៀវភៅផ្សេងៗរបស់យើង ឬក្នុងការណែនាំដែលអង្គការព្រះផ្ដល់ឲ្យ។ បើយើងផ្ដោតអារម្មណ៍ទៅលើការធ្វើតាមការណែនាំ ទាំងនោះ ជាជាងប្រកាន់យកទស្សនៈរបស់ខ្លួន យើងនឹងជួយធ្វើឲ្យមានសន្តិភាពក្នុងក្រុមជំនុំ។
១០. តើប៉ូលបានធ្វើអ្វីទៀតដើម្បីនាំឲ្យមានសន្តិភាពក្នុងក្រុមជំនុំ?
១០ ប៉ូលបានធ្វើឲ្យមានសន្តិភាពដោយលើកឡើងអំពីគុណសម្បត្តិរបស់បងប្អូន មិនមែនគុណវិបត្តិរបស់ពួកគេទេ។ ជាឧទាហរណ៍ នៅចុងបញ្ចប់នៃសំបុត្ររបស់ប៉ូលទៅកាន់គ្រិស្តសាសនិកនៅក្រុងរ៉ូម គាត់បានរៀបរាប់អំពីបងប្អូនជាច្រើនដោយលើកឈ្មោះពួកគេ ហើយក្នុងករណីភាគច្រើន គាត់ថែមទាំងបានសរសើរពួកគេ ឬលើកឡើងអ្វីណាមួយអំពីពួកគេ។ យើងអាចយកតម្រាប់ប៉ូលដោយច្រើនតែនិយាយអំពីគុណសម្បត្តិរបស់បងប្អូនយើង។ ពេលយើងធ្វើដូច្នេះ យើងជួយបងប្អូនឲ្យមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា ហើយនេះពង្រឹងក្រុមជំនុំឡើងដោយសេចក្ដីស្រឡាញ់។
១១. ពេលមានការខ្វែងគំនិតគ្នា តើយើងអាចធ្វើឲ្យមានសន្តិភាពឡើងវិញយ៉ាងដូចម្ដេច?
១១ សូម្បីតែគ្រិស្តសាសនិកដែលមានភាពចាស់ទុំ ក៏ប្រកែកគ្នាឬមិនយល់ស្របគ្នានៅពេលខ្លះដែរ។ នោះបានកើតឡើងចំពោះប៉ូលនិងបាណាបាសដែលជាមិត្តជិតស្និទ្ធរបស់គាត់។ ពួកគាត់បានប្រកែកគ្នាយ៉ាងខ្លាំងថា គួរយកម៉ាកុសទៅជាមួយពួកគាត់ឬមិនគួរ ពេលធ្វើដំណើរជាសាសនទូត។ នៅពេលនោះ ពួកគាត់បាន«ផ្ទុះកំហឹងយ៉ាងខ្លាំង» ហើយសម្រេចចិត្តឈប់ធ្វើដំណើរជាមួយគ្នា។ (សកម្ម. ១៥:៣៧-៣៩) ប៉ុន្តែប៉ូល បាណាបាស និងម៉ាកុសបានផ្សះផ្សាចំណងមិត្តភាពជាមួយគ្នា ហើយនេះបង្ហាញថាពួកគាត់ឲ្យតម្លៃចំពោះសន្តិភាពនិងសាមគ្គីភាពក្នុងក្រុមជំនុំ។ ក្រោយមក ប៉ូលបាននិយាយល្អៗអំពីបាណាបាសនិងម៉ាកុស។ (១កូ. ៩:៦; កូឡ. ៤:១០) យើងក៏ត្រូវដោះស្រាយការខ្វែងគំនិតគ្នាណាក៏ដោយដែលយើងមានជាមួយបងប្អូនក្នុងក្រុមជំនុំដែរ រួចបន្ដផ្ដោតអារម្មណ៍ទៅលើគុណសម្បត្តិរបស់ពួកគេ។ យ៉ាងនេះ យើងនឹងធ្វើឲ្យមានសន្តិភាពនិងសាមគ្គីភាព។—អេភ. ៤:៣
ប៉ូលពង្រឹងជំនឿបងប្អូន
១២. តើបងប្អូនរបស់យើងជួបការពិបាកអ្វីខ្លះ?
១២ យើងពង្រឹងកម្លាំងបងប្អូនយើង ពេលដែលយើងពង្រឹងជំនឿរបស់ពួកគេលើព្រះយេហូវ៉ា។ បងប្អូនខ្លះទទួលការរិះគន់ពីសមាជិកក្រុមគ្រួសារដែលមិនមែនជាអ្នកជឿ ឬពីអ្នករួមការងារ ឬសិស្សរួមថ្នាក់។ បងប្អូនខ្លះទៀត កំពុងប្រឈមមុខនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ ឬកំពុងខំប្រឹងយកឈ្នះអារម្មណ៍ឈឺចិត្ត។ រីឯបងប្អូនខ្លះទៀត បានទទួលការជ្រមុជទឹកជាគ្រិស្តសាសនិកអស់ជាច្រើនឆ្នាំ ហើយបានរង់ចាំជាយូរឲ្យទីបញ្ចប់នៃរបៀបរបបពិភពលោកនេះមកដល់។ ស្ថានភាពទាំងនេះអាចធ្វើឲ្យគ្រិស្តសាសនិកនៅសព្វថ្ងៃនេះពិបាករក្សាជំនឿ។ បងប្អូននៅក្រុមជំនុំនាសតវត្សរ៍ទី១មានការពិបាកស្រដៀងនឹងនេះ។ តើប៉ូលបានធ្វើអ្វីដើម្បីពង្រឹងកម្លាំងពួកគេ?
១៣. តើតាមរបៀបណាប៉ូលបានជួយពួកអ្នកដែលបានត្រូវគេរិះគន់ចំពោះជំនឿពួកគេ?
១៣ ប៉ូលបានប្រើបទគម្ពីរដើម្បីពង្រឹងជំនឿបងប្អូន។ ជាឧទាហរណ៍ គ្រិស្តសាសនិកជនជាតិយូដាប្រហែលជាមិនដឹងថា គួរនិយាយយ៉ាងណាទៅកាន់សមាជិកក្រុមគ្រួសារដែលមិនមែនជាអ្នកជឿ ដែលបានអះអាងថាសាសនាយូដាប្រសើរជាងគ្រិស្តសាសនាឡើយ។ សំបុត្ររបស់ប៉ូលទៅកាន់គ្រិស្តសាសនិកជនជាតិហេប្រឺ ច្បាស់ជាបានពង្រឹងកម្លាំងពួកគេយ៉ាងខ្លាំង។ (ហេ. ១:៥, ៦; ២:២, ៣; ៩:២៤, ២៥) ការវែកញែកដ៏ប៉ិនប្រសប់របស់គាត់អាចជួយពួកគេឲ្យដឹងថាគួរនិយាយយ៉ាងណាទៅកាន់សមាជិកក្រុមគ្រួសារដែលមិនមែនជាអ្នកជឿនោះ។ សព្វថ្ងៃនេះ យើងអាចជួយបងប្អូនរួមជំនឿដែលទទួលការរិះគន់ ឲ្យប្រើសៀវភៅរបស់យើងដែលមានមូលដ្ឋានលើគម្ពីរ ដើម្បីពន្យល់អំពីជំនឿរបស់ខ្លួន។ បើប្អូនៗវ័យក្មេងបានត្រូវគេសើចចំអកដោយសារជឿថាមានអ្នកបង្កើត យើងអាចជួយពួកគេឲ្យស្វែងរកព័ត៌មានក្នុងសៀវភៅស្ដើងតើជីវិតទាំងឡាយមានអ្នកបង្កើតឬទេ? និងដើមកំណើតនៃជីវិត សំណួរទាំងប្រាំដែលយើងគួរឆ្ងល់ ដើម្បីបង្ហាញអំពីមូលហេតុដែលពួកគេជឿថាជីវិតទាំងឡាយមានអ្នកបង្កើត។
១៤. ទោះជាប៉ូលជាប់រវល់ក្នុងកិច្ចការផ្សព្វផ្សាយនិងការបង្រៀនក្ដី តើគាត់បានធ្វើអ្វី?
១៤ ប៉ូលបានលើកទឹកចិត្តបងប្អូនឲ្យបង្ហាញសេចក្ដី ស្រឡាញ់តាមរយៈ«ការប្រព្រឹត្តដែលល្អប្រសើរ»។ (ហេ. ១០:២៤) គាត់មិនគ្រាន់តែជួយបងប្អូនដោយពាក្យសម្ដីប៉ុណ្ណោះទេ តែដោយការប្រព្រឹត្តដែរ។ ជាឧទាហរណ៍ ពេលបងប្អូននៅតំបន់យូឌាមានការអត់ឃ្លាន ប៉ូលបាននាំយកអ្វីមួយចំនួនដែលពួកគេត្រូវការទៅឲ្យពួកគេ។ (សកម្ម. ១១:២៧-៣០) តាមការពិត ទោះជាប៉ូលជាប់រវល់ក្នុងកិច្ចការផ្សព្វផ្សាយនិងការបង្រៀនក្ដី គាត់តែងតែស្វែងរកវិធីជួយពួកអ្នកខ្វះខាត។ (កាឡ. ២:១០) ដោយធ្វើដូច្នេះ គាត់បានពង្រឹងទំនុកចិត្តបងប្អូនថាព្រះយេហូវ៉ានឹងថែរក្សាពួកគេ។ សព្វថ្ងៃនេះ ពេលយើងស្ម័គ្រចិត្តប្រើពេលវេលា កម្លាំង និងជំនាញរបស់យើងដើម្បីរួមចំណែកក្នុងកិច្ចការផ្ដល់ជំនួយជាបន្ទាន់ពេលមានមហន្តរាយ យើងក៏ពង្រឹងជំនឿបងប្អូនរបស់យើងដែរ។ ម្យ៉ាងទៀត ពេលយើងដាក់វិភាគទានជាទៀងទាត់សម្រាប់កិច្ចការទូទាំងពិភពលោក នោះក៏ជួយពង្រឹងជំនឿបងប្អូនដែរ។ តាមរយៈវិធីទាំងនេះនិងវិធីផ្សេងទៀត យើងជួយបងប្អូនរបស់យើងឲ្យទុកចិត្តថាព្រះយេហូវ៉ានឹងមិនលះចោលពួកគេទេ។
១៥-១៦. តើយើងគួរប្រព្រឹត្តយ៉ាងណាចំពោះពួកអ្នកដែលមានជំនឿខ្សោយ?
១៥ ប៉ូលបានបន្តជួយពួកអ្នកដែលមានជំនឿខ្សោយ។ គាត់បានបង្ហាញសេចក្ដីអាណិតអាសូរចំពោះពួកគេ ហើយបាននិយាយទៅកាន់ពួកគេយ៉ាងកក់ក្ដៅនិងដោយលើកទឹកចិត្ត។ (ហេ. ៦:៩; ១០:៣៩) ជាឧទាហរណ៍ ក្នុងសំបុត្ររបស់គាត់ទៅកាន់គ្រិស្តសាសនិកជនជាតិហេប្រឺ គាត់ច្រើនតែបានប្រើពាក្យ«យើង» ហើយនេះបង្ហាញថាគាត់ទទួលស្គាល់ថាគាត់ក៏ត្រូវធ្វើតាមយោបល់ដែលគាត់បានឲ្យដែរ។ (ហេ. ២:១, ៣) ដូចប៉ូល យើងមិនឈប់ព្យាយាមជួយពួកអ្នកដែលមានជំនឿខ្សោយទេ។ ផ្ទុយទៅវិញ យើងពង្រឹងកម្លាំងពួកគេ ដោយបង្ហាញការយកចិត្តទុកដាក់យ៉ាងស្មោះចំពោះពួកគេ។ យ៉ាងនេះ យើងបញ្ជាក់ថាយើងស្រឡាញ់ពួកគេ។ របៀបដែលយើងនិយាយអាចធ្វើឲ្យពាក្យសម្ដីរបស់យើងកាន់តែគួរឲ្យលើកទឹកចិត្ត។
១៦ ប៉ូលបានពង្រឹងទំនុកចិត្តបងប្អូនថា ព្រះយេហូវ៉ាដឹងអំពីកិច្ចការល្អដែលពួកគេធ្វើ។ (ហេ. ១០:៣២-៣៤) យើងក៏អាច ធ្វើដូច្នេះដែរ ពេលយើងជួយបងប្អូនណាម្នាក់ដែលមានជំនឿខ្សោយ។ យើងអាចសុំគាត់ឲ្យប្រាប់អំពីរបៀបដែលគាត់បានចូលសេចក្ដីពិត ឬលើកទឹកចិត្តគាត់ឲ្យនឹកគិតអំពីពេលវេលាដែលព្រះយេហូវ៉ាធ្លាប់គាំទ្រគាត់។ យើងអាចប្រើឱកាសនេះដើម្បីពង្រឹងទំនុកចិត្តគាត់ថា ព្រះយេហូវ៉ាមិនដែលភ្លេចអំពីសេចក្ដីស្រឡាញ់ដែលគាត់បានបង្ហាញចំពោះលោកទេ ហើយថាព្រះយេហូវ៉ានឹងមិនបោះបង់ចោលគាត់នៅថ្ងៃខាងមុខឡើយ។ (ហេ. ៦:១០; ១៣:៥, ៦) ការសន្ទនាបែបនេះ ប្រហែលជានឹងលើកទឹកចិត្តបងប្អូនជាទីស្រឡាញ់ទាំងនេះឲ្យបន្តបម្រើព្រះ។
«ចូរបន្តលើកទឹកចិត្តគ្នាទៅវិញទៅមក»
១៧. តើយើងអាចបង្កើនភាពប៉ិនប្រសប់ក្នុងរឿងអ្វីខ្លះ?
១៧ ដូចអ្នកសាងសង់បង្កើនជំនាញរបស់គាត់ឲ្យកាន់តែល្អប្រសើរឡើងបន្តិចម្ដងៗ យើងក៏អាចបង្កើនភាពប៉ិនប្រសប់ក្នុងការពង្រឹងកម្លាំងគ្នាទៅវិញទៅមកផងដែរ។ យើងអាចជួយអ្នកឯទៀតឲ្យមានកម្លាំងដើម្បីស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗ ដោយប្រាប់ពួកគេអំពីបទពិសោធន៍របស់ពួកអ្នកដែលបានស៊ូទ្រាំនៅអតីតកាល។ យើងអាចធ្វើឲ្យមានសន្តិភាពដោយនិយាយអំពីចំណុចល្អរបស់អ្នកឯទៀត ខំប្រឹងធ្វើឲ្យមានសន្តិភាពពេលហៀបនឹងបែកបាក់គ្នា និងធ្វើឲ្យមានសន្តិភាពឡើងវិញពេលមានការខ្វែងគំនិតគ្នា។ ម្យ៉ាងទៀត យើងអាចបន្តពង្រឹងជំនឿបងប្អូនរបស់យើងដោយនិយាយអំពីសេចក្ដីពិតដ៏សំខាន់ពីគម្ពីរជាមួយពួកគេ ដោយផ្ដល់ជំនួយ និងដោយគាំទ្រពួកអ្នកដែលមានជំនឿខ្សោយ។
១៨. តើអ្នកតាំងចិត្តធ្វើអ្វី?
១៨ ពួកអ្នកដែលធ្វើកិច្ចការសាងសង់អគារសម្រាប់ការគោរពប្រណិប័តន៍ព្រះ សប្បាយរីករាយនិងស្កប់ចិត្ត។ យើងអាចមានអារម្មណ៍សប្បាយនិងស្កប់ចិត្តបាន ពេលយើងជួយពង្រឹងជំនឿបងប្អូនរបស់យើង។ ខុសពីអគារដែលនឹងខូចទៅ លទ្ធផលនៃការពង្រឹងកម្លាំងបងប្អូនយើងអាចនៅស្ថិតស្ថេរជារៀងរហូត! សូមយើងតាំងចិត្ត«បន្តលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយពង្រឹងកម្លាំងគ្នាទៅវិញទៅមក»។—១ថែ. ៥:១១
ចម្រៀងលេខ១០០ ចូរទទួលអ្នកឯទៀតដោយរាក់ទាក់
^ ជីវិតក្នុងរបៀបរបបពិភពលោកនេះគឺពិបាក។ បងប្អូនរបស់យើងរងសម្ពាធខ្លាំងណាស់។ យើងអាចជួយពួកគេ បើយើងស្វែងរកវិធីដើម្បីលើកទឹកចិត្តពួកគេ។ ស្ដីអំពីចំណុចនេះ គឺជាការល្អឲ្យយើងពិចារណាអំពីគំរូរបស់សាវ័កប៉ូល។
^ ពាក្យភាសាដើមដែលបានត្រូវបកប្រែថា«ពង្រឹងកម្លាំង»ក្នុងខនេះ ក៏អាចមានន័យថាសាងសង់។
^ ការពណ៌នាអំពីរូបភាព: ឪពុកម្នាក់បង្ហាញកូនស្រីគាត់អំពីរបៀបដែលនាងអាចប្រើយោបល់ពីសៀវភៅរបស់យើង ដើម្បីទប់ទល់នឹងការបង្ខិតបង្ខំឲ្យធ្វើបុណ្យណូអែល។
^ ការពណ៌នាអំពីរូបភាព: ប្ដីប្រពន្ធមួយគូបានទៅតំបន់ផ្សេងដើម្បីចូលរួមធ្វើកិច្ចការផ្ដល់ជំនួយជាបន្ទាន់ពេលមានមហន្តរាយ។
^ ការពណ៌នាអំពីរូបភាព: អ្នកចាស់ទុំម្នាក់ទៅលេងបងប្រុសដែលមានជំនឿខ្សោយ។ គាត់បង្ហាញបងប្រុសនោះអំពីរូបថតខ្លះពីសាលាសម្រាប់អ្នកត្រួសត្រាយដែលពួកគេបានចូលរួមជាមួយគ្នាប៉ុន្មានឆ្នាំមុន។ ពេលបងប្រុសនោះមើលរូបថត គាត់នឹកឃើញអំពីពេលសប្បាយដែលពួកគាត់មានជាមួយគ្នា ហើយនោះធ្វើឲ្យគាត់ចង់មានអំណរដូចគាត់ធ្លាប់មានពេលដែលគាត់បានបម្រើព្រះយេហូវ៉ា។ ក្រោយមក គាត់ត្រឡប់មកក្រុមជំនុំវិញ។