លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣២

ប្អូនៗវ័យក្មេង ចូរបន្តរីកចម្រើនក្រោយពីជ្រមុជទឹក

ប្អូនៗវ័យក្មេង ចូរបន្តរីកចម្រើនក្រោយពីជ្រមុជទឹក

​«​ចូរ​ឲ្យ​យើង . . . បង្ហាញ​សេចក្ដី​ស្រឡាញ់ នោះ​យើង​អាច​ពេញ​វ័យ​ក្នុង​គ្រប់​ការ​ទាំង​អស់​»។អេភ. ៤:១៥

ចម្រៀង​លេខ​៥៦ ចូរ​សម្រេច​ចិត្ត​កាន់​តាម​សេចក្ដី​ពិត

សេចក្ដី​សង្ខេប *

១. តើ​ប្អូន​ៗ​វ័យ​ក្មេង​ជា​ច្រើន​នាក់​បាន​សម្រេច​អ្វី​ខ្លះ​រួច​ហើយ?

 ជា​រៀង​រាល់​ឆ្នាំ គ្រិស្ត​សាសនិក​វ័យ​ក្មេង​រាប់​ពាន់​នាក់​ទទួល​ការ​ជ្រមុជ​ទឹក។ តើ​អ្នក​បាន​ធ្វើ​ដូច្នេះ​ឬ​ទេ? បើ​មែន បង​ប្អូន​រួម​ជំនឿ​សប្បាយ​រីករាយ ហើយ​ព្រះ​យេហូវ៉ា​ក៏​ត្រេក​អរ​ផង​ដែរ! (​សុភ. ២៧:១១​) សូម​គិត​អំពី​អ្វី​ៗ​ជា​ច្រើន​ដែល​អ្នក​បាន​សម្រេច​រួច​ហើយ។ អ្នក​បាន​សិក្សា​គម្ពីរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​ប្រហែល​ជា​បាន​ធ្វើ​ដូច្នេះ​អស់​ជា​ច្រើន​ឆ្នាំ។ ការ​សិក្សា​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជឿ​ជាក់​ថា​គម្ពីរ​គឺ​ជា​បណ្ដាំ​របស់​ព្រះ។ ប៉ុន្តែ​លើស​ពី​នេះ​ទៅ​ទៀត អ្នក​បាន​ស្គាល់​និង​ស្រឡាញ់​អ្នក​និពន្ធ​គម្ពីរ។ អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​ឡើង រហូត​ដល់​អ្នក​ប្រគល់​ខ្លួន​ជូន​លោក ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។ អ្នក​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ណាស់!

២. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

  មុន​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​ទំនង​ជា​បាន​ជួប​បញ្ហា​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ ប៉ុន្តែ កាល​ដែល​អ្នក​មាន​អាយុ​ច្រើន​ទៅ​ៗ អ្នក​នឹង​ជួប​ការ​ល្បង​ល​ថ្មី។ សាថាន​នឹង​ព្យាយាម​ធ្វើ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​ចុះ​ខ្សោយ ហើយ​ឲ្យ​អ្នក​ថយ​ចេញ​ពី​លោក។ (​អេភ. ៤:១៤​) អ្នក​មិន​ត្រូវ​ឲ្យ​រឿង​នេះ​កើត​ឡើង​ឡើយ។ តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា និង​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​អ្នក​ក្នុង​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ? គឺ​អ្នក​ត្រូវ​បន្ដ​រីក​ចម្រើន ពោល​គឺ​«​ខំ​ប្រឹង​ឈាន​ទៅ​រក​»​ភាព​ចាស់​ទុំ​ជា​គ្រិស្ត​សាសនិក។ (​ហេ. ៦:១​) ប៉ុន្តែ តើ​អ្នក​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ទៅ​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ?

៣. តើ​គ្រិស្ត​សាសនិក​ទាំង​អស់​ត្រូវ​ធ្វើ​អ្វី​ក្រោយ​ពី​ទទួល​ការ​ជ្រមុជ​ទឹក?

ក្រោយ​ពី​ជ្រមុជ​ទឹក យើង​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​តាម​យោបល់​ដែល​សាវ័ក​ប៉ូល​បាន​ឲ្យ​បង​ប្អូន​រួម​ជំនឿ​នៅ​ក្រុង​អេភេសូរ។ គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ទៅ​ជា​គ្រិស្ត​សាសនិក​«​ពេញ​វ័យ​»។ (​អេភ. ៤:១៣​) នេះ​មាន​ន័យ​ថា​ពួក​គេ​ត្រូវ​‹បន្ត​រីក​ចម្រើន›។ ប៉ូល​បាន​ប្រដូច​ការ​រីក​ចម្រើន​របស់​យើង​ជា​គ្រិស្ត​សាសនិក ទៅ​នឹង​ការ​ធំ​លូត​លាស់​របស់​កូន​ក្មេង។ ឪពុក​ម្ដាយ​ស្រឡាញ់​និង​អួត​អំពី​ទារក​ដែល​ទើប​តែ​កើត។ ប៉ុន្តែ កូន​នោះ​មិន​អាច​នៅ​ជា​ទារក​រហូត​ទេ។ យូរ​ៗ​ទៅ គាត់​នឹង​ត្រូវ​បំបាត់​«​លក្ខណៈ​ដែល​ដូច​កូន​ក្មេង​»។ (​១កូ. ១៣:១១​) គឺ​ស្រដៀង​គ្នា​ចំពោះ​គ្រិស្ត​សាសនិក។ ក្រោយ​ពី​ទទួល​ការ​ជ្រមុជ​ទឹក យើង​ត្រូវ​បន្ដ​រីក​ចម្រើន។ សូម​យើង​ពិចារណា​យោបល់​ខ្លះ​ដែល​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ។

៤. តើ​គុណ​សម្បត្តិ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​រីក​ចម្រើន? សូម​ពន្យល់។ (​ភីលីព ១:៩​)

ចូរ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង។ អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់​រួច​ហើយ ប៉ុន្តែ​អ្នក​អាច​ស្រឡាញ់​ព្រះ​យេហូវ៉ា​ឲ្យ​កាន់​តែ​ជ្រាល​ជ្រៅ​ជាង​នេះ។ តើ​តាម​របៀប​ណា? សាវ័ក​ប៉ូល​បាន​រៀប​រាប់​អំពី​របៀប​មួយ​នៅ​ភីលីព ១:៩។ (​សូម​អាន​) ប៉ូល​បាន​អធិដ្ឋាន​សូម​ឲ្យ​គ្រិស្ត​សាសនិក​នៅ​ក្រុង​ភីលីព​«​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ឡើង​»។ យ៉ាង​នេះ យើង​អាច​បង្កើន​សេចក្ដី​ស្រឡាញ់​របស់​យើង។ យើង​អាច​ធ្វើ​ដូច្នេះ ដោយ​ទទួល​«​ចំណេះ​ត្រឹម​ត្រូវ​និង​សមត្ថភាព​វែក​ញែក​ដ៏​ពេញ​លេញ​»។ កាល​ដែល​យើង​កាន់​តែ​ស្គាល់​ព្រះ​យេហូវ៉ា យើង​កាន់​តែ​ស្រឡាញ់​លោក ហើយ​ឲ្យ​តម្លៃ​ចំពោះ​បុគ្គលិក​លក្ខណៈ​និង​ការ​ប្រព្រឹត្ត​របស់​លោក។ យើង​កាន់​តែ​មាន​ចិត្ត​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត មិន​មែន​ចង់​ធ្វើ​អ្វី​ណា​ដែល​នាំ​ឲ្យ​លោក​ខក​ចិត្ត​ទេ។ យើង​ខំ​ស្វែង​យល់​អំពី​បំណង​ប្រាថ្នា​របស់​លោក ហើយ​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​តាម​បំណង​ប្រាថ្នា​នោះ។

៥​-​៦. តើ​យើង​អាច​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? សូម​ពន្យល់។

លោក​យេស៊ូ​មាន​បុគ្គលិក​លក្ខណៈ​ដូច​ព្រះ​យេហូវ៉ា​ទាំង​ស្រុង។ ដូច្នេះ ពេល​យើង​ស្គាល់​លោក​យេស៊ូ​ច្បាស់​ជាង យើង​នឹង​ស្រឡាញ់​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង។ (​ហេ. ១:៣​) របៀប​ល្អ​បំផុត​ដើម្បី​ស្គាល់​លោក​យេស៊ូ គឺ​ដោយ​សិក្សា​សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន។ បើ​អ្នក​មិន​ទាន់​មាន​ទម្លាប់​ល្អ​ក្នុង​ការ​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ​ទេ សូម​ចាប់​ផ្ដើម​អាន​ពី​ឥឡូវ​នេះ។ កាល​ដែល​អ្នក​អាន​កំណត់​ហេតុ​អំពី​លោក​យេស៊ូ សូម​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្តិ​របស់​លោក។ លោក​ស្រួល​ទាក់​ទង។ លោក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ឱប​កូន​ក្មេង។ (​ម៉ាក. ១០:១៣​-​១៦​) លោក​សប្បុរស​និង​រួស​រាយ ហើយ​ពួក​អ្នក​កាន់​តាម​លោក​មិន​ខ្លាច​ប្រាប់​លោក​អំពី​អារម្មណ៍​របស់​ពួក​គេ​ទេ។ (​ម៉ាថ. ១៦:២២​) ស្ដី​អំពី​រឿង​នេះ លោក​យេស៊ូ​យក​តម្រាប់​បិតា​របស់​លោក​នៅ​ស្ថាន​សួគ៌។ ព្រះ​យេហូវ៉ា​ក៏​ស្រួល​ទាក់​ទង​ណាស់​ដែរ។ យើង​អាច​អធិដ្ឋាន​ទៅ​លោក ដោយ​ប្រាប់​លោក​អំពី​អ្វី​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​យើង។ យើង​ជឿ​ជាក់​ថា​លោក​នឹង​មិន​ផ្ដន្ទា​ទោស​យើង​ទេ។ លោក​ស្រឡាញ់​យើង ហើយ​រមែង​គិត​អំពី​យើង។—១ពេ. ៥:៧

លោក​យេស៊ូ​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​មនុស្ស។ សាវ័ក​ម៉ាថាយ​ប្រាប់​ថា​៖ ​«​ពេល​ដែល​ឃើញ​បណ្ដា​ជន លោក​មាន​ចិត្ត​ក្ដួល​អាណិត​ពួក​គេ ពីព្រោះ​ពួក​គេ​បាន​ត្រូវ​សង្កត់​សង្កិន និង​ទុក​ចោល​ឲ្យ​នៅ​រាត់​រាយ​ប្រៀប​ដូច​ចៀម​ដែល​គ្មាន​គង្វាល​»។ (​ម៉ាថ. ៩:៣៦​) ចុះ​យ៉ាង​ណា​ព្រះ​យេហូវ៉ា​វិញ? តើ​លោក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​មនុស្សជាតិ? លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បិតា​របស់​ខ្ញុំ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​មិន​ចង់​ឲ្យ​អ្នក​តូច​ណា​ម្នាក់​បែប​នេះ​វិនាស​ឡើយ​»។ (​ម៉ាថ. ១៨:១៤​) ពាក្យ​នេះ​គួរ​ឲ្យ​កក់​ក្ដៅ​ណាស់! កាល​ដែល​យើង​ស្គាល់​លោក​យេស៊ូ​ច្បាស់​ជាង យើង​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​ព្រះ​យេហូវ៉ា។

៧. តើ​ការ​ចំណាយ​ពេល​ជា​មួយ​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​អាច​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច?

អ្នក​ក៏​អាច​រៀន​ឲ្យ​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​កាន់​តែ​ច្រើន ហើយ​រីក​ចម្រើន​ជា​គ្រិស្ត​សាសនិក ដោយ​ចំណាយ​ពេល​និង​ព្យាយាម​ស្គាល់​បង​ប្អូន​ដែល​មាន​ភាព​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក។ សូម​កត់​សម្គាល់​អំពី​អំណរ​របស់​ពួក​គេ។ ពួក​គេ​មិន​ស្ដាយ​ក្រោយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​ទេ។ សូម​សុំ​ពួក​គេ​ឲ្យ​ប្រាប់​អ្នក​អំពី​បទ​ពិសោធន៍​ខ្លះ​ៗ​ដែល​ពួក​គេ​មាន​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ ពេល​អ្នក​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់ សូម​សុំ​យោបល់​ពី​ពួក​គេ។ សូម​ចាំ​ថា ​«​បើ​មាន​មនុស្ស​ច្រើន​នាក់​ឲ្យ​យោបល់ នោះ​នឹង​នាំ​ឲ្យ​បាន​ជោគ​ជ័យ​»។—សុភ. ១១:១៤

តើ​អ្នក​អាច​ត្រៀម​ខ្លួន​យ៉ាង​ដូច​ម្ដេច ពេល​គេ​បង្រៀន​ទ្រឹស្ដី​អំពី​ការ​វិវត្តន៍​នៅ​សាលា? (​សូម​មើល​វគ្គ​៨​-​៩​)

៨. តើ​អ្នក​អាច​ធ្វើ​អ្វី​បើ​អ្នក​សង្ស័យ​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ?

ចូរ​យក​ឈ្នះ​ការ​សង្ស័យ​របស់​អ្នក។ ដូច​បាន​ត្រូវ​រៀប​រាប់​នៅ​ក្នុង​ វគ្គ​២ សាថាន​នឹង​ព្យាយាម​រា​រាំង​អ្នក​មិន​ឲ្យ​រីក​ចម្រើន​ទៅ​មុខ​ទៀត​ក្នុង​កិច្ច​បម្រើ​ព្រះ។ របៀប​មួយ​ដែល​វា​ប្រហែល​ជា​ធ្វើ​ដូច្នេះ គឺ​ដោយ​ធ្វើ​ឲ្យ​អ្នក​សង្ស័យ​អំពី​សេចក្ដី​បង្រៀន​ខ្លះ​ក្នុង​គម្ពីរ។ ជា​ឧទាហរណ៍ ប្រហែល​ជា​អ្នក​ខ្លះ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ជឿ​ជាក់​ថា​ព្រះ​មិន​បាន​បង្កើត​យើង​ទេ តែ​យើង​កើត​មក​ពី​ការ​វិវត្តន៍។ ពេល​អ្នក​នៅ​ក្មេង អ្នក​ទំនង​ជា​មិន​បាន​គិត​អំពី​រឿង​នេះ​ទេ ប៉ុន្តែ​ប្រហែល​ជា​ឥឡូវ អ្នក​រៀន​អំពី​រឿង​នេះ​នៅ​សាលា។ អ្វី​ដែល​គ្រូ​របស់​អ្នក​និយាយ​ដើម្បី​គាំទ្រ​ការ​វិវត្តន៍ ប្រហែល​ជា​ស្ដាប់​ទៅ​សម​ហេតុ​សម​ផល​និង​គួរ​ឲ្យ​ជឿ។ ប៉ុន្តែ ពួក​គេ​ប្រហែល​ជា​មិន​ដែល​គិត​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​ទី​សំអាង​ដែល​បង្ហាញ​ថា​មាន​អ្នក​បង្កើត​ឡើយ។ សូម​ចាំ​គោល​ការណ៍​នៅ​សុភាសិត ១៨:១៧​ដែល​ថា​៖ ​«​អ្នក​ដែល​និយាយ​មុន​ក្នុង​រឿង​ក្ដី មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ តែ​លុះ​ភាគី​ម្ខាង​ទៀត​មក​ដល់ ក៏​ចោទ​សួរ​គាត់​រក​ការ​ពិត​»។ ជា​ជាង​ទទួល​យក​សេចក្ដី​បង្រៀន​ដែល​អ្នក​ឮ​នៅ​សាលា​ដោយ​ងងឹត​ងងល់ សូម​គិត​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​សេចក្ដី​បង្រៀន​នៅ​ក្នុង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ។ សូម​ធ្វើ​ការ​ស្រាវ​ជ្រាវ​ក្នុង​សៀវភៅ​ផ្សេង​ៗ​របស់​យើង។ សូម​និយាយ​ជា​មួយ​បង​ប្អូន​ដែល​ធ្លាប់​ជឿ​លើ​ការ​វិវត្តន៍។ សូម​សួរ​ពួក​គេ​អំពី​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​ជឿ​ជាក់​ថា​មាន​អ្នក​បង្កើត​ដែល​ស្រឡាញ់​យើង។ ការ​សន្ទនា​បែប​នេះ​អាច​ជួយ​អ្នក​ឲ្យ​រក​ឃើញ​ទី​សំអាង​ដែល​បង្ហាញ​ថា​មាន​អ្នក​បង្កើត។

៩. តើ​អ្នក​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​ប្អូន​មេលីសា?

ប្អូន​ស្រី​ម្នាក់​ឈ្មោះ​មេលីសា *បាន​ទទួល​ប្រយោជន៍​ជា​ច្រើន​ពី​ការ​ស្រាវ​ជ្រាវ​អំពី​ការ​បង្កើត។ គាត់​និយាយ​ថា​៖ ​«​នៅ​សាលា គ្រូ​ពន្យល់​អំពី​ការ​វិវត្តន៍​តាម​របៀប​មួយ​ដែល​ធ្វើ​ឲ្យ​សិស្ស​គិត​ថា​នោះ​ជា​រឿង​ពិត។ ដំបូង​ខ្ញុំ​មិន​ចង់​ធ្វើការ​ស្រាវ​ជ្រាវ​ទេ ដោយ​សារ​ខ្ញុំ​ខ្លាច​ថា​ខ្ញុំ​នឹង​រក​ឃើញ​ថា​ការ​វិវត្តន៍​គឺ​ជា​រឿង​ពិត។ ប៉ុន្តែ ខ្ញុំ​បាន​វែក​ញែក​ថា​ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​យើង​បម្រើ​លោក​ដោយ​ងងឹត​ងងល់​ទេ។ ដូច្នេះ​ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​ការ​ស្រាវ​ជ្រាវ។ ខ្ញុំ​អាន​សៀវភៅ​តើ​មាន​អ្នក​បង្កើត​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ឬ​ទេ?​(​Is There a Creator Who Cares About You?​) ព្រម​ទាំង​សៀវភៅ​ស្ដើង​តើ​ជីវិត​ទាំង​ឡាយ​មាន​អ្នក​បង្កើត​ឬ​ទេ? និង​ដើម​កំណើត​នៃ​ជីវិត សំណួរ​ទាំង​ប្រាំ​ដែល​យើង​គួរ​ឆ្ងល់ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ ហើយ​ខ្ញុំ​ស្ដាយ​ដែល​ខ្ញុំ​មិន​បាន​អាន​សៀវភៅ​ទាំង​នោះ​លឿន​ជាង​ហ្នឹង​»។

១០​-​១១. តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌? (​ថែស្សាឡូនិច​ទី១ ៤:៣, ៤​)

១០ ចូរ​បដិសេធ​ការ​ប្រព្រឹត្ត​ខុស។ ក្នុង​អំឡុង​គ្រា​យុវវ័យ ចំណង់​ខាង​ផ្លូវ​ភេទ​អាច​មាន​ខ្លាំង ហើយ​អ្នក​ប្រហែល​ជា​ជួប​នឹង​ការ​បង្ខិត​បង្ខំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ សាថាន​ចង់​ឲ្យ​អ្នក​ចុះ​ចាញ់​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​អ្នក។ តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌? (​សូម​អាន ថែស្សាឡូនិច​ទី១ ៤:៣, ៤) ពេល​អ្នក​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ម្នាក់​ឯង សូម​ប្រាប់​លោក​អំពី​អារម្មណ៍​របស់​អ្នក និង​សុំ​លោក​ឲ្យ​ពង្រឹង​កម្លាំង​អ្នក។ (​ម៉ាថ. ៦:១៣​) សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​ចង់​ជួយ​អ្នក មិន​មែន​ផ្ដន្ទា​ទោស​អ្នក​ទេ។ (​ចសព. ១០៣:១៣, ១៤​) អ្នក​ក៏​អាច​ទទួល​ជំនួយ​ពី​បណ្ដាំ​របស់​ព្រះ​ដែរ។ ប្អូន​ស្រី​មេលីសា​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​បាន​ត​យុទ្ធ​នឹង​គំនិត​មិន​ស្អាត​ស្អំ។ គាត់​និយាយ​ថា​៖ ​«​ការ​អាន​គម្ពីរ​រាល់​ថ្ងៃ បាន​ជួយ​ខ្ញុំ​ឲ្យ​បន្ដ​ត​យុទ្ធ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​របស់​ខ្ញុំ និង​បាន​រំលឹក​ខ្ញុំ​ថា​ខ្ញុំ​ជា​របស់​ព្រះ​យេហូវ៉ា ហើយ​ថា​ខ្ញុំ​ចង់​បម្រើ​លោក​»។—ចសព. ១១៩:៩

១១ សូម​កុំ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង​ឡើយ។ សូម​និយាយ​ជា​មួយ​ឪពុក​ម្ដាយ​អំពី​ការ​ពិបាក​របស់​អ្នក។ ពិត​មែន​ថា គឺ​មិន​ស្រួល​ឲ្យ​និយាយ​អំពី​រឿង​ផ្ទាល់​ខ្លួន​បែប​នេះ​ទេ តែ​ការ​ធ្វើ​ដូច្នេះ​គឺ​សំខាន់។ ប្អូន​មេលីសា​និយាយ​ថា​៖​«​ខ្ញុំ​បាន​អធិដ្ឋាន​សុំ​ចិត្ត​ក្លាហាន ហើយ​ក្រោយ​មក​ខ្ញុំ​និយាយ​ជា​មួយ​ឪពុក​ខ្ញុំ​អំពី​បញ្ហា​របស់​ខ្ញុំ។ ក្រោយ​ពី​នោះ ខ្ញុំ​ធូរ​ចិត្ត​ជា​ខ្លាំង ហើយ​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​មោទនភាព​ចំពោះ​ខ្ញុំ​»។

១២. តើ​អ្នក​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​តាម​របៀប​ណា?

១២ ចូរ​ឲ្យ​គោល​ការណ៍​គម្ពីរ​ណែនាំ​អ្នក។ កាល​ដែល​អ្នក​ធំ​ឡើង​ៗ ឪពុក​ម្ដាយ​របស់​អ្នក​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​កាន់​តែ​ច្រើន​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ អ្នក​នៅ​តែ​មិន​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​ជីវិត​ប៉ុន្មាន​ទេ។ តើ​តាម​របៀប​ណា​អ្នក​អាច​ជៀស​វាង​ពី​ការ​ធ្វើ​ខុស​ដែល​នឹង​មាន​ឥទ្ធិពល​លើ​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា? (​សុភ. ២២:៣​) បង​ស្រី​ម្នាក់​ឈ្មោះ​ខារី​ពន្យល់​អំពី​អ្វី​ដែល​បាន​ជួយ​គាត់​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ប្រសើរ។ គាត់​បាន​យល់​ថា គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​មិន​ចាំ​បាច់​មាន​ច្បាប់​សម្រាប់​ស្ថានភាព​ទាំង​អស់​ឡើយ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ត្រូវ​យល់​គោល​ការណ៍​គម្ពីរ ជា​ជាង​ចេះ​តែ​ធ្វើ​តាម​ច្បាប់​»។ ពេល​អាន​គម្ពីរ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ​គម្ពីរ​នេះ​ប្រាប់​ខ្ញុំ​អ្វី​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា? តើ​ខ​គម្ពីរ​នេះ​មាន​គោល​ការណ៍​ដែល​អាច​ជួយ​ខ្ញុំ​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ឬ​ទេ? បើ​មាន តើ​ខ្ញុំ​នឹង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពេល​ខ្ញុំ​ធ្វើ​តាម​គោល​ការណ៍​ទាំង​នោះ?›។ (​ចសព. ១៩:៧; អេ. ៤៨:១៧, ១៨​) ដោយ​អាន​គម្ពីរ​និង​រំពឹង​គិត​អំពី​គោល​ការណ៍​ក្នុង​គម្ពីរ អ្នក​នឹង​ងាយ​ស្រួល​ជាង​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ កាល​ដែល​អ្នក​បន្ដ​រីក​ចម្រើន អ្នក​នឹង​ឃើញ​ថា​អ្នក​មិន​ត្រូវ​ការ​ច្បាប់​ចំពោះ​គ្រប់​ស្ថានភាព​ទេ ដោយ​សារ​អ្នក​នឹង​យល់​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​ផ្សេង​ៗ។

តើ​ប្អូន​ស្រី​វ័យ​ក្មេង​នេះ​បាន​ជ្រើស​រើស​មិត្ត​ភក្ដិ​បែប​ណា (​សូម​មើល​វគ្គ​១៣​)

១៣. តើ​មិត្ត​ល្អ​អាច​ជួយ​អ្នក​យ៉ាង​ណា? (​សុភាសិត ១៣:២០​)

១៣ ចូរ​ជ្រើស​រើស​មិត្ត​ភក្តិ​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ដូច​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ មិត្ត​ភក្ដិ​ដែល​អ្នក​ជ្រើស​រើស​អាច​ជួយ​អ្នក​ឲ្យ​ទៅ​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ។ (​សូម​អាន សុភាសិត ១៣:២០) បង​ស្រី​ម្នាក់​ឈ្មោះ​សារ៉ា ចាប់​ផ្ដើម​បាត់​បង់​អំណរ។ ប៉ុន្តែ​ក្រោយ​មក គាត់​មាន​អំណរ​ឡើង​វិញ។ តើ​អ្វី​បាន​ជួយ​គាត់? បង​សារ៉ា​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​បាន​រក​ឃើញ​មិត្ត​ភក្ដិ​ល្អ​នៅ​ចំ​ពេល​ដែល​ខ្ញុំ​ត្រូវ​ការ​តែ​ម្ដង។ ខ្ញុំ​និង​ប្អូន​ស្រី​វ័យ​ក្មេង​ម្នាក់​បាន​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម​ជា​មួយ​គ្នា​រាល់​សប្ដាហ៍។ មិត្ត​ភក្ដិ​ម្នាក់​ទៀត បាន​ជួយ​ខ្ញុំ​ឲ្យ​ចាប់​ផ្ដើម​ឆ្លើយ​នៅ​កិច្ច​ប្រជុំ។ ដោយ​សារ​មាន​ជំនួយ​ពី​មិត្ត​ភក្ដិ ខ្ញុំ​បាន​ចាប់​ផ្ដើម​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ជាង​ចំពោះ​ការ​សិក្សា​ផ្ទាល់​ខ្លួន និង​ការ​អធិដ្ឋាន។ ខ្ញុំ​ចាប់​ផ្ដើម​មាន​ចំណង​មិត្តភាព​រឹង​មាំ​ជាង​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​មាន​អំណរ​ឡើង​វិញ​»។

១៤. តើ​តាម​របៀប​ណា​បង​ជូលាន​បាន​រក​ឃើញ​មិត្ត​ល្អ?

១៤ តើ​តាម​របៀប​ណា​អ្នក​អាច​មាន​មិត្ត​ភក្ដិ​ដែល​នឹង​ជះ​ឥទ្ធិពល​ល្អ​មក​លើ​អ្នក? បង​ប្រុស​ជូលាន ដែល​បម្រើ​ជា​អ្នក​ចាស់​ទុំ​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​មាន​មិត្ត​ភក្ដិ​ល្អ​ៗ​ដោយ​សារ​យើង​បាន​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា។ មិត្ត​ទាំង​នេះ​ខ្នះខ្នែង ហើយ​ពួក​គេ​បាន​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា​កិច្ច​បម្រើ​ផ្សាយ​គឺ​នាំ​ឲ្យ​មាន​អំណរ​ខ្លាំង។ ដូច្នេះ ខ្ញុំ​បាន​ចាប់​ផ្ដើម​មាន​គោល​ដៅ​បម្រើ​ពេញ​ពេល។ ខ្ញុំ​ក៏​យល់​ថា​មូល​ហេតុ​ដែល​ខ្ញុំ​មិន​សូវ​មាន​ពួក​ម៉ាក​ល្អ​ច្រើន​នាក់ គឺ​មក​ពី​ខ្ញុំ​ស្វែង​រក​តែ​មិត្ត​ដែល​មាន​អាយុ​ស្រករ​ខ្ញុំ។ ក្រោយ​មក ពេល​ខ្ញុំ​ទៅ​បេតអែល ខ្ញុំ​មាន​មិត្ត​ភក្ដិ​ល្អ​ៗ​ដែរ។ គំរូ​របស់​ពួក​គេ​បាន​ជួយ​ខ្ញុំ​ឲ្យ​ចេះ​ជ្រើស​រើស​ការ​កម្សាន្តល្អ​ប្រសើរ​ជាង ហើយ​នេះ​នាំ​ឲ្យ​ខ្ញុំ​កាន់​តែ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​»។

១៥. តើ​ប៉ូល​បាន​ព្រមាន​ធីម៉ូថេ​យ៉ាង​ណា​អំពី​ការ​សេព​គប់? (​ធីម៉ូថេ​ទី២ ២:២០​-​២២​)

១៥ ចុះ​យ៉ាង​ណា​បើ​អ្នក​យល់​ថា​បុគ្គល​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​មិន​មែន​ជា​បុគ្គល​ល្អ​ឲ្យ​អ្នក​សេព​គប់? ប៉ូល​បាន​ដឹង​ថា​បុគ្គល​ខ្លះ​នៅ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នា​សតវត្សរ៍​ទី​១ មិន​មាន​គំនិត​និង​ការ​ប្រព្រឹត្ត​ដូច​គ្រិស្ត​សាសនិក​ទេ ដូច្នេះ​ប៉ូល​បាន​ព្រមាន​ធីម៉ូថេ​ឲ្យ​ជៀស​ឆ្ងាយ​ពី​ពួក​គេ។ (​សូម​អាន ធីម៉ូថេ​ទី២ ២:២០​-​២២) ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា​មាន​តម្លៃ​ណាស់។ យើង​បាន​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ដូច្នេះ​យើង​មិន​គួរ​មាន​មិត្ត​ភក្ដិ​ដែល​នឹង​បង្ខូច​ចំណង​មិត្តភាព​នេះ​ឡើយ។—ចសព. ២៦:៤

តើ​ការ​កំណត់​គោល​ដៅ​អាច​ជួយ​អ្នក​យ៉ាង​ណា​ឲ្យ​រីក​ចម្រើន?

១៦. តើ​អ្នក​គួរ​ជ្រើស​រើស​គោល​ដៅ​អ្វី​ខ្លះ?

១៦ សូម​កំណត់​គោល​ដៅ​ដែល​មាន​ប្រយោជន៍​ចំពោះ​អ្នក។ សូម​ជ្រើស​រើស​គោល​ដៅ​ដែល​នឹង​ពង្រឹង​ជំនឿ​របស់​អ្នក ហើយ​ជួយ​អ្នក​ឲ្យ​ទៅ​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​ជាង។ (​អេភ. ៣:១៦​) ជា​ឧទាហរណ៍ អ្នក​អាច​សម្រេច​ចិត្ត​សិក្សា​និង​អាន​គម្ពីរ​ឲ្យ​បាន​ទៀង​ទាត់​ជាង។ (​ចសព. ១:២, ៣​) ឬ​អ្នក​អាច​ព្យាយាម​អធិដ្ឋាន​ជា​ញឹក​ញាប់​ជាង​និង​អស់​ពី​ចិត្ត។ ប្រហែល​ជា​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ជាង​ចំពោះ​ការ​ជ្រើស​រើស​ការ​កម្សាន្ត និង​របៀប​ប្រើ​ពេល​វេលា​របស់​អ្នក។ (​អេភ. ៥:១៥, ១៦​) ពេល​ព្រះ​យេហូវ៉ា​ឃើញ​ថា​អ្នក​កំពុង​ខំ​ប្រឹង​រីក​ចម្រើន​ទៅ​មុខ​ទៀត លោក​នឹង​ពេញ​ចិត្ត។

តើ​ប្អូន​ស្រី​វ័យ​ក្មេង​នេះ​បាន​កំណត់​គោល​ដៅ​អ្វី​សម្រាប់​ខ្លួន​ឯង? (​សូម​មើល​វគ្គ​១៧​)

១៧. តើ​ការ​ជួយ​អ្នក​ឯ​ទៀត​មាន​ប្រយោជន៍​អ្វី​ចំពោះ​អ្នក?

១៧ អ្នក​នឹង​ទៅ​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​កាន់​តែ​ខ្លាំង ពេល​អ្នក​ជួយ​អ្នក​ឯ​ទៀត។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ការ​ឲ្យ​គេ នោះ​មាន​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។ (​សកម្ម. ២០:៣៥​) អ្នក​នឹង​ទទួល​ប្រយោជន៍​យ៉ាង​ច្រើន បើ​អ្នក​ប្រើ​កម្លាំង​និង​ពេល​វេលា​ខ្លះ​របស់​អ្នក​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ អ្នក​អាច​កំណត់​គោល​ដៅ​ជួយ​បង​ប្អូន​វ័យ​ចាស់ និង​បង​ប្អូន​ដែល​មាន​សុខភាព​មិន​ល្អ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក។ ប្រហែល​ជា​អ្នក​អាច​ទៅ​ផ្សារ​ជួយ​ទិញ​អីវ៉ាន់​ឲ្យ​ពួក​គេ ឬ​ជួយ​ពួក​គេ​ឲ្យ​ចេះ​ប្រើ​គ្រឿង​អេឡិចត្រូនិក។ បើ​អ្នក​ជា​ប្អូន​ប្រុស សូម​កំណត់​គោល​ដៅ​ទៅ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ ដើម្បី​អ្នក​អាច​ជួយ​បង​ប្អូន​រួម​ជំនឿ​ឲ្យ​បាន​ច្រើន​ជាង។ (​ភី. ២:៤​) អ្នក​ក៏​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​អ្នក​ដែល​នៅ​ខាង​ក្រៅ​ក្រុម​ជំនុំ ដោយ​ប្រាប់​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​ដល់​ពួក​គេ។ (​ម៉ាថ. ៩:៣៦, ៣៧​) បើ​អាច​ធ្វើ​បាន សូម​កំណត់​គោល​ដៅ​បម្រើ​ព្រះ​យេហូវ៉ា​ពេញ​ពេល។

១៨. តើ​កិច្ច​បម្រើ​ពេញ​ពេល​អាច​ជួយ​អ្នក​ឲ្យ​រីក​ចម្រើន​យ៉ាង​ដូច​ម្ដេច?

១៨ កិច្ច​បម្រើ​ពេញ​ពេល​អាច​ផ្ដល់​ឱកាស​ជា​ច្រើន​ឲ្យ​អ្នក​រីក​ចម្រើន។ ការ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ អាច​បើក​ឱកាស​ឲ្យ​អ្នក​ចូល​រួម​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ អ្នក​ក៏​ប្រហែល​ជា​អាច​បម្រើ​នៅ​បេតអែល ឬ​ជួយ​កិច្ច​ការ​សាង​សង់​កន្លែង​គោរព​ប្រណិប័តន៍​ព្រះ។ បង​ស្រី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ខេតលីន​ដែល​ជា​អ្នក​ត្រួស​ត្រាយ​និយាយ​ថា​៖ ​«​ការ​ចំណាយ​ពេល​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ជា​មួយ​បង​ប្អូន​ដែល​មាន​បទ​ពិសោធន៍ បាន​ជួយ​ខ្ញុំ​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​ក្រោយ​ពី​ខ្ញុំ​ទទួល​ការ​ជ្រមុជ​ទឹក។ គំរូ​របស់​ពួក​គេ​បាន​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​សិក្សា​គម្ពីរ​ច្រើន​ជាង និង​បង្រៀន​អ្នក​ឯ​ទៀត​ដោយ​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​»។

១៩. តើ​អ្នក​នឹង​ទទួល​ពរ​អ្វី​ខ្លះ​កាល​ដែល​អ្នក​បន្ដ​រីក​ចម្រើន?

១៩ កាល​ដែល​អ្នក​បន្ដ​រីក​ចម្រើន​ក្នុង​កិច្ច​បម្រើ​ព្រះ អ្នក​នឹង​ទទួល​ពរ​ជា​ច្រើន។ អ្នក​នឹង​មិន​ប្រើ​កម្លាំង​របស់​អ្នក​ធ្វើ​អ្វី​ៗ​ដែល​ឥត​ប្រយោជន៍​ឡើយ។ (​១យ៉ូន. ២:១៧​) អ្នក​នឹង​ជៀស​ផុត​ពី​លទ្ធផល​ខ្លោច​ផ្សា​ដែល​មក​ពី​ការ​សម្រេច​ចិត្ត​មិន​ល្អ។ ផ្ទុយ​ទៅ​វិញ អ្នក​នឹង​បាន​ជោគ​ជ័យ និង​មាន​សុភមង្គល​ពិត​ប្រាកដ។ (​សុភ. ១៦:៣​) គំរូ​ល្អ​របស់​អ្នក​នឹង​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ​ទាំង​ចាស់​ទាំង​ក្មេង។ (​១ធី. ៤:១២​) សំខាន់​បំផុត អ្នក​នឹង​មាន​សេចក្ដី​សុខ​សាន្ត ព្រម​ទាំង​មាន​ការ​ស្កប់​ចិត្ត​ដែល​មក​ពី​ការ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត និង​ពី​ការ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​លោក។—សុភ. ២៣:១៥, ១៦

ចម្រៀង​លេខ​៨៨ សូម​ឲ្យ​ខ្ញុំ​ស្គាល់​ផ្លូវ​របស់​លោក

^ ពេល​ប្អូន​ៗ​វ័យ​ក្មេង​ទទួល​ការ​ជ្រមុជ​ទឹក នោះ​ធ្វើ​ឲ្យ​អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​សប្បាយ​រីករាយ។ ក្រោយ​ពី​ទទួល​ការ​ជ្រមុជ​ទឹក ពួក​អ្នក​កាន់​តាម​ថ្មី ត្រូវ​បន្ត​រីក​ចម្រើន​ក្នុង​កិច្ច​បម្រើ​ព្រះ។ អត្ថបទ​នេះ​នឹង​ជួយ​យើង​ទាំង​អស់​គ្នា​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​របៀប​ដែល​គ្រិស្ត​សាសនិក​វ័យ​ក្មេង​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ថ្មី​ៗ​នេះ អាច​បន្ត​រីក​ចម្រើន​ទៅ​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ។

^ ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។