អត្ថបទសិក្សា ៣៣
ព្រះយេហូវ៉ាតាមមើលរាស្ត្រលោក
«ភ្នែករបស់ព្រះយេហូវ៉ាតាមមើលអស់អ្នកដែលកោតខ្លាចលោក»។—ចសព. ៣៣:១៨
ចម្រៀងលេខ៤ ‹ព្រះយេហូវ៉ាជាគង្វាលខ្ញុំ›
សេចក្ដីសង្ខេប *
១. ហេតុអ្វីលោកយេស៊ូបានសុំព្រះយេហូវ៉ាឲ្យការពារពួកអ្នកកាន់តាមលោក?
នៅយប់មុនលោកយេស៊ូស្លាប់ លោកបានធ្វើសំណូមពរដ៏ពិសេសមួយទៅបិតារបស់លោកនៅស្ថានសួគ៌។ លោកបានសុំព្រះយេហូវ៉ាឲ្យការពារពួកអ្នកកាន់តាមលោក។ (យ៉ូន. ១៧:១៥, ២០) ពិតមែនថាព្រះយេហូវ៉ាតែងតែតាមមើលរាស្ត្រលោក ពោលគឺថែរក្សានិងការពារពួកគេ។ ប៉ុន្តែ លោកយេស៊ូបានដឹងថាពួកអ្នកកាន់តាមលោកនឹងជួបការប្រឆាំងយ៉ាងខ្លាំងពីសាថាន។ លោកក៏បានដឹងថាពួកគេនឹងត្រូវការជំនួយពីព្រះយេហូវ៉ាដើម្បីតយុទ្ធនឹងការវាយប្រហារដ៏ព្រៃផ្សៃរបស់មេកំណាច។
២. យោងទៅតាមចម្រៀងសរសើរព្រះ ៣៣:១៨-២០ ហេតុអ្វីយើងមិនចាំបាច់ភ័យខ្លាចពេលជួបការពិបាក?
២ ពិភពលោកនេះដែលនៅក្រោមអំណាចរបស់សាថានបង្កឲ្យមានបញ្ហាជាច្រើនដល់គ្រិស្តសាសនិកពិតនៅសព្វថ្ងៃនេះ។ យើងមានការពិបាកផ្សេងៗដែលអាចធ្វើឲ្យយើងធ្លាក់ទឹកចិត្ត ហើយថែមទាំងល្បងលភក្ដីភាពរបស់យើងចំពោះព្រះយេហូវ៉ាទៀតផង។ ប៉ុន្តែ ដូចយើងនឹងឃើញក្នុងអត្ថបទនេះ យើងមិនចាំបាច់ភ័យខ្លាចឡើយ។ ព្រះយេហូវ៉ាកំពុងតាមមើលយើង ពោលគឺលោកឃើញការពិបាកដែលយើងកំពុងជួបប្រទះ ហើយលោកប្រុងប្រៀបជួយយើងឲ្យយកឈ្នះការពិបាកទាំងនោះ។ សូមយើងពិចារណាគំរូពីរក្នុងគម្ពីរដែលបង្ហាញអំពីរបៀបដែលព្រះយេហូវ៉ា«តាមមើលអស់អ្នកដែលកោតខ្លាចលោក»។—សូមអាន ចម្រៀងសរសើរព្រះ ៣៣:១៨-២០
ពេលយើងមានអារម្មណ៍ឯកោ
៣. តើយើងអាចមានអារម្មណ៍ឯកោនៅពេលណាខ្លះ?
៣ ទោះជាយើងជាសមាជិកក្រុមគ្រួសារដ៏ធំដែលជាអ្នកគោរពប្រណិប័តន៍ព្រះក្ដី ជួនកាលយើងប្រហែលជាមានអារម្មណ៍ឯកោ។ ជាឧទាហរណ៍ ប្អូនៗវ័យក្មេងប្រហែលជាមានអារម្មណ៍ឯកោឬនៅតែឯង ពេលពន្យល់អំពីជំនឿរបស់ពួកគេនៅមុខសិស្សរួមថ្នាក់នៅឯសាលា ឬពេលរើទៅក្រុមជំនុំថ្មី។ យើងប្រហែលជាពិបាកចិត្ត ឬធ្លាក់ទឹកចិត្តដោយគិតថាយើងត្រូវស៊ូទ្រាំនឹងអារម្មណ៍ទាំងនេះម្នាក់ឯង។ យើងប្រហែលជាស្ទាក់ស្ទើរនិយាយជាមួយអ្នកឯទៀតអំពីអារម្មណ៍របស់យើង ដោយសារយើងបារម្ភថាពួកគេមិនយល់ឡើយ។ ម្យ៉ាងទៀតនៅពេលខ្លះ យើងប្រហែលជាថែមទាំងឆ្ងល់ថា តើ មានអ្នកណាពិតជាយកចិត្តទុកដាក់ចំពោះយើងឬយ៉ាងណា។ មិនថាយើងមានអារម្មណ៍ឯកោចំពោះមូលហេតុណាក្ដី នោះអាចធ្វើឲ្យយើងខ្វល់ខ្វាយនិងមានអារម្មណ៍ថាគ្មានទីពឹង។ ព្រះយេហូវ៉ាមិនចង់ឲ្យយើងមានអារម្មណ៍បែបនេះទេ។ ហេតុអ្វីយើងអាចនិយាយដូច្នេះ?
៤. ហេតុអ្វីអេលីយ៉ាបាននិយាយថា៖ «សល់តែខ្ញុំម្នាក់ប៉ុណ្ណោះ»?
៤ សូមពិចារណាគំរូរបស់អេលីយ៉ាដែលជាបុរសដ៏ស្មោះត្រង់។ យេសិបិលបានស្បថថានឹងសម្លាប់គាត់ ដូច្នេះគាត់រត់ភៀសខ្លួនអស់ជាង៤០ថ្ងៃ។ (១បស. ១៩:១-៩) ក្រោយមក ពេលគាត់នៅម្នាក់ឯងក្នុងរអាងភ្នំ គាត់បាននិយាយទៅព្រះយេហូវ៉ាថា៖ «សល់តែខ្ញុំ[ជាអ្នកប្រកាសទំនាយ]ម្នាក់ប៉ុណ្ណោះ»។ (១បស. ១៩:១០) តាមពិត មានអ្នកប្រកាសទំនាយឯទៀតនៅស្រុកអ៊ីស្រាអែល។ ជាឧទាហរណ៍ អូបាឌាបានសង្គ្រោះអ្នកប្រកាសទំនាយ១០០នាក់ពីការធ្វើឃាតរបស់យេសិបិល។ (១បស. ១៨:៧, ១៣) ដូច្នេះ ហេតុអ្វីអេលីយ៉ាមានអារម្មណ៍ថាគាត់នៅតែឯង? តើគាត់គិតថាពួកអ្នកប្រកាសទំនាយដែលអូបាឌាបានសង្គ្រោះនោះបានស្លាប់ឬ? តើគាត់ប្រហែលជាមានអារម្មណ៍ថាខ្លួននៅតែឯង ដោយសារគ្មានអ្នកណាទៀតចាប់ផ្ដើមបម្រើព្រះយេហូវ៉ាជាមួយគាត់ក្រោយពីលោកបានបង្ហាញថាលោកជាព្រះពិតនៅភ្នំកើមែលឬ? តើគាត់ប្រហែលជាមានអារម្មណ៍ថាគ្មានអ្នកណាដឹងថាសត្រូវរបស់គាត់កំពុងព្យាយាមសម្លាប់គាត់ទេឬ? ឬតើគាត់ឆ្ងល់ថា តើមានអ្នកណាយកចិត្តទុកដាក់ចំពោះគាត់ទេ? កំណត់ហេតុនេះមិនពន្យល់ទាំងស្រុងអំពីអារម្មណ៍របស់អេលីយ៉ាឡើយ។ ប៉ុន្តែ អ្វីដែលយើងដឹងពិតប្រាកដគឺថា ព្រះយេហូវ៉ាបានយល់អំពីមូលហេតុដែលអេលីយ៉ាមានអារម្មណ៍ឯកោ ហើយថាលោកដឹងច្បាស់អំពីរបៀបជួយគាត់។
៥. តើព្រះយេហូវ៉ាបានពង្រឹងទំនុកចិត្តអេលីយ៉ាយ៉ាងដូចម្ដេចថាគាត់មិននៅតែឯង?
៥ ព្រះយេហូវ៉ាបានជួយអេលីយ៉ាតាមរបៀបផ្សេងៗ។ លោកបានលើកទឹកចិត្តគាត់ឲ្យនិយាយ។ ជាឧទាហរណ៍ អស់ពីរដង លោកបានសួរអេលីយ៉ាថា៖ «តើអ្នកមកទីនេះធ្វើអ្វី?»។ (១បស. ១៩:៩, ១៣) រាល់ដងព្រះយេហូវ៉ាស្ដាប់ពេលអេលីយ៉ារៀបរាប់អំពីអារម្មណ៍របស់គាត់។ លោកបានតបឆ្លើយដោយបង្ហាញថា លោកនៅទីនោះជាមួយគាត់ ហើយថាលោកមានឫទ្ធានុភាពខ្លាំងក្លា។ លោកក៏បានពង្រឹងទំនុកចិត្តអេលីយ៉ាថានៅមានអ្នកគោរពប្រណិប័តន៍លោកជាច្រើននាក់ទៀត។ (១បស. ១៩:១១, ១២, ១៨) អេលីយ៉ាទំនងជាធូរចិត្តក្រោយពីគាត់បាននិយាយប្រាប់ព្រះយេហូវ៉ាអំពីអារម្មណ៍របស់គាត់ ហើយបានឮការតបឆ្លើយពីលោក។ ព្រះយេហូវ៉ាបានឲ្យគាត់ភារកិច្ចសំខាន់មួយចំនួនដូចជា តែងតាំងហាសេអែលធ្វើជាស្ដេចលើស្រុកស៊ីរី យេហ៊ូឲ្យធ្វើជាស្ដេចលើស្រុកអ៊ីស្រាអែល និងអេលីសេឲ្យធ្វើជាអ្នកប្រកាសទំនាយ។ (១បស. ១៩:១៥, ១៦) ដោយសារព្រះយេហូវ៉ាឲ្យភារកិច្ចទាំងនេះទៅអេលីយ៉ា លោកបានជួយគាត់ឲ្យផ្ចង់អារម្មណ៍ទៅលើអ្វីដែលល្អ។ ព្រះយេហូវ៉ាក៏បានឲ្យគាត់មានដៃគូដ៏ជិតស្និទ្ធម្នាក់ គឺអេលីសេ។ តើអ្នកអាចទទួលជំនួយយ៉ាងដូចម្ដេចពីព្រះយេហូវ៉ាពេលអ្នកមានអារម្មណ៍ឯកោ?
៦. តើអ្នកអាចអធិដ្ឋានអំពីអ្វីពេលអ្នកមានអារម្មណ៍ឯកោ? (ចម្រៀងសរសើរព្រះ ៦២:៨)
៦ ព្រះយេហូវ៉ាអញ្ជើញអ្នកឲ្យអធិដ្ឋានទៅលោក។ លោកឃើញបញ្ហាដែលអ្នកកំពុងជួបប្រទះ ហើយលោកពង្រឹងទំនុកចិត្តរបស់អ្នកថា លោកនឹងស្ដាប់សេចក្ដីអធិដ្ឋានរបស់អ្នកនៅគ្រប់ពេលវេលា។ (១ថែ. ៥:១៧) លោកពេញចិត្តស្ដាប់ពួកអ្នកគោរពប្រណិប័តន៍លោក។ (សុភ. ១៥:៨) តើអ្នកអាចអធិដ្ឋានអំពីអ្វីខ្លះពេលអ្នកមានអារម្មណ៍ឯកោ? សូមប្រាប់ព្រះយេហូវ៉ាអំពីអ្វីទាំងអស់ដែលមាននៅក្នុងចិត្តរបស់អ្នក ដូចអេលីយ៉ាបានធ្វើ។ (សូមអាន ចម្រៀងសរសើរព្រះ ៦២:៨) សូមប្រាប់លោកអំពីបញ្ហាដែលធ្វើឲ្យអ្នកខ្វល់ខ្វាយ និងអារម្មណ៍របស់អ្នកចំពោះបញ្ហាទាំងនោះ។ សូមសុំព្រះយេហូវ៉ាជួយអ្នកឲ្យយកឈ្នះអារម្មណ៍របស់អ្នក។ ជាឧទាហរណ៍ បើអ្នកមានអារម្មណ៍ឯកោនិងភ័យខ្លាចពេលផ្សព្វផ្សាយនៅសាលា សូមសុំព្រះយេហូវ៉ាជួយអ្នកឲ្យមានចិត្តក្លាហានដែលអ្នកត្រូវការដើម្បីអ្នកអាចប្រាប់អំពីជំនឿរបស់អ្នក។ អ្នកថែមទាំងអាចសុំប្រាជ្ញាពីព្រះយេហូវ៉ា ដើម្បីពន្យល់អំពីជំនឿរបស់អ្នកដោយមិនធ្វើឲ្យគេទើសចិត្ត។ (លូក. ២១:១៤, ១៥) បើអ្នកធ្លាក់ទឹកចិត្ត សូមសុំព្រះយេហូវ៉ាជួយអ្នកឲ្យនិយាយអំពីរឿងនេះជាមួយគ្រិស្តសាសនិកដែលមានភាពចាស់ទុំ។ អ្នកអាចសុំព្រះយេហូវ៉ាជួយបុគ្គលដែលអ្នកនឹងនិយាយជាមួយឲ្យយល់អារម្មណ៍របស់អ្នក។ សូមអធិដ្ឋានអស់ពីចិត្តទៅព្រះយេហូវ៉ា ពិនិត្យមើលរបៀបដែលលោកតបឆ្លើយសេចក្ដីអធិដ្ឋានរបស់អ្នក ហើយព្រមទទួលជំនួយពីអ្នកឯទៀត។ យ៉ាងនេះ អ្នកនឹងមិនសូវមានអារម្មណ៍ឯកោឡើយ។
៧. តើអ្នករៀនអ្វីពីគំរូរបស់ប្អូនម៉ូរីសយ៉ូ?
៧ ព្រះយេហូវ៉ាឲ្យយើងទាំងអស់គ្នានូវកិច្ចការដ៏មានន័យខ្លឹមសារ។ អ្នកអាចមានទំនុកចិត្តថាលោកកត់សម្គាល់និងឲ្យតម្លៃចំពោះការខំប្រឹងទាំងអស់របស់អ្នកនៅក្នុងក្រុមជំនុំនិងក្នុងកិច្ចបម្រើផ្សាយ។ (ចសព. ១១០:៣) តើការជាប់រវល់ក្នុងកិច្ចការនេះអាចជួយអ្នកយ៉ាងដូចម្ដេចពេលអ្នកមានអារម្មណ៍ឯកោ? សូមគិតអំពីគំរូរបស់ប្អូនប្រុសវ័យក្មេងម្នាក់ឈ្មោះម៉ូរីសយ៉ូ។ * មិនយូរក្រោយពីគាត់បានទទួលការជ្រមុជទឹក មិត្តភក្តិជិតស្និទ្ធម្នាក់របស់គាត់ចាប់ផ្ដើមរសាត់ចេញពីសេចក្ដីពិត។ ប្អូនម៉ូរីសយ៉ូនិយាយថា៖ «ពេលខ្ញុំឃើញគាត់ចាកចេញពីព្រះយេហូវ៉ា ខ្ញុំបាត់បង់ទំនុកចិត្តលើខ្លួនឯង។ ខ្ញុំខ្លាចថាខ្ញុំមិនអាចធ្វើតាមពាក្យសន្យាពេលប្រគល់ខ្លួនជូនព្រះយេហូវ៉ា ហើយខ្លាចថាខ្ញុំមិនអាចនៅជាប់ក្នុងក្រុមគ្រួសាររបស់លោកបាន។ ខ្ញុំមានអារម្មណ៍ឯកោ ហើយគិតថាគ្មានអ្នកណាអាចយល់អារម្មណ៍ខ្ញុំទេ»។ តើអ្វីបានជួយប្អូនម៉ូរីសយ៉ូ? គាត់និយាយថា៖ «ខ្ញុំផ្សព្វផ្សាយកាន់តែច្រើន នោះបានជួយខ្ញុំឲ្យឈប់គិតតែអំពីខ្លួនឯងនិងអារម្មណ៍របស់ខ្លួន។ ខ្ញុំសប្បាយចិត្តជាង ហើយមិនសូវមានអារម្មណ៍ឯកោពេលបានផ្សព្វផ្សាយជាមួយបងប្អូន»។ ទោះជាយើងមិន អាចផ្សព្វផ្សាយដោយផ្ទាល់ជាមួយបងប្អូនឯទៀតក្ដី យើងនៅតែអាចទទួលកម្លាំងចិត្តពេលផ្សព្វផ្សាយតាមទូរស័ព្ទឬដោយសរសេរសំបុត្រជាដើម។ តើអ្វីទៀតបានជួយប្អូនម៉ូរីសយ៉ូ? គាត់និយាយថា៖ «ខ្ញុំក៏បន្តជាប់រវល់នៅក្នុងក្រុមជំនុំ។ ខ្ញុំខំព្យាយាមរៀបចំនិងថ្លែងសុន្ទរកថាជាសិស្សឲ្យអស់ពីសមត្ថភាពនៅកិច្ចប្រជុំ។ នោះបានជួយខ្ញុំឲ្យយល់ថាព្រះយេហូវ៉ានិងអ្នកឯទៀតឲ្យតម្លៃខ្ញុំ»។
ពេលយើងមានអារម្មណ៍ថាទុក្ខលំបាកធ្ងន់ធ្ងរ ហួសពីសមត្ថភាពស៊ូទ្រាំ
៨. តើទុក្ខលំបាកធ្ងន់ធ្ងរអាចមានឥទ្ធិពលយ៉ាងណាមកលើយើង?
៨ យើងរំពឹងថាយើងនឹងជួបទុក្ខលំបាកផ្សេងៗក្នុងអំឡុងគ្រាចុងក្រោយបង្អស់នេះ។ (២ធី. ៣:១) ប៉ុន្តែ យើងប្រហែលជាជួបទុក្ខលំបាកណាមួយដែលយើងស្មានមិនដល់ ឬប្រហែលជាយើងភ្ញាក់ផ្អើលពេលដែលទុក្ខលំបាកណាមួយកើតឡើង។ យើងប្រហែលជាស្រាប់តែជួបបញ្ហាលុយកាក់ មានជំងឺធ្ងន់ធ្ងរ ឬបាត់បង់មនុស្សជាទីស្រឡាញ់របស់យើងក្នុងសេចក្ដីស្លាប់។ នៅគ្រាបែបនោះ យើងប្រហែលជាកើតទុក្ខឬមានអារម្មណ៍ថានោះហួសពីសមត្ថភាពឲ្យយើងស៊ូទ្រាំ ជាពិសេសបើមើលទៅយើងកំពុងជួបទុក្ខលំបាកផ្ទួនៗ ឬថែមទាំងជួបទុក្ខលំបាកជាច្រើននៅពេលតែមួយ។ ប៉ុន្តែ សូមចាំថាព្រះយេហូវ៉ាកំពុងតាមមើលយើង ហើយដោយមានជំនួយពីលោក យើងអាចស៊ូទ្រាំនឹងទុក្ខលំបាកណាទាំងអស់ ដោយមានទំនុកចិត្ត។
៩. សូមរៀបរាប់អំពីទុក្ខលំបាកខ្លះដែលយ៉ូបមាន។
៩ សូមគិតអំពីរបៀបដែលព្រះយេហូវ៉ាបានជួយយ៉ូបដែលជាបុរសស្មោះត្រង់។ យ៉ូបបានជួបទុក្ខលំបាកជាច្រើនក្នុងរយៈពេលដ៏ខ្លី។ នៅក្នុងមួយថ្ងៃ យ៉ូបបានឮថាហ្វូងសត្វទាំងអស់របស់គាត់បានត្រូវគេលួចឬសម្លាប់ ហើយអ្នកបម្រើនិងកូនៗជាទីស្រឡាញ់របស់គាត់បានស្លាប់។ (យ៉ូប ១:១៣-១៩) មិនយូរបន្ទាប់ពីនោះ កាលដែលគាត់កំពុងតែមានទុក្ខជាខ្លាំង គាត់ស្រាប់តែកើតជំងឺដែលអាក្រក់មើលនិងដែលធ្វើឲ្យគាត់ឈឺចាប់។ (យ៉ូប ២:៧) ស្ថានភាពរបស់យ៉ូបយ៉ាប់ដល់ម្ល៉េះបានជាគាត់និយាយទាំងក្ដុកក្ដួលថា៖ «ខ្ញុំស្អប់ខ្ពើមជីវិតរបស់ខ្ញុំណាស់ ខ្ញុំមិនចង់រស់នៅតទៅទៀតទេ»។—យ៉ូប ៧:១៦
១០. តើតាមរបៀបណាព្រះយេហូវ៉ាបានផ្ដល់អ្វីដែលយ៉ូបត្រូវការដើម្បីស៊ូទ្រាំនឹងទុក្ខលំបាក? (សូមមើលរូបភាពនៅក្រប)
១០ ព្រះយេហូវ៉ាតាមមើលយ៉ូប។ ដោយសារព្រះយេហូវ៉ាស្រឡាញ់យ៉ូប លោកបានឲ្យគាត់នូវអ្វីដែលគាត់ត្រូវការដើម្បីគាត់អាចស៊ូទ្រាំនឹងទុក្ខលំបាក។ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់យ៉ូប ដោយរំលឹកគាត់អំពីប្រាជ្ញាដែលគ្មានកម្រិតនិងការថែរក្សាដែលប្រកបដោយសេចក្ដីស្រឡាញ់របស់លោកចំពោះការបង្កើតរបស់លោក។ លោកបានលើកឡើងអំពីសត្វដ៏អស្ចារ្យជាច្រើន។ (យ៉ូប ៣៨:១, ២; ៣៩:៩, ១៣, ១៩, ២៧; ៤០:១៥; ៤១:១, ២) ព្រះយេហូវ៉ាក៏បានប្រើបុរសវ័យក្មេងដ៏ស្មោះត្រង់ម្នាក់ឈ្មោះអេលីហ៊ូ ឲ្យពង្រឹងកម្លាំងនិងសម្រាលទុក្ខយ៉ូប។ អេលីហ៊ូបានពង្រឹងទំនុកចិត្តយ៉ូបថា ព្រះយេហូវ៉ាតែងតែឲ្យរង្វាន់ដល់ពួកអ្នកគោរពប្រណិប័តន៍លោកចំពោះការស៊ូទ្រាំរបស់ពួកគេ។ ប៉ុន្តែ ព្រះយេហូវ៉ាក៏បានជំរុញចិត្តអេលីហ៊ូឲ្យផ្ដល់យោបល់ខ្លះដែលប្រកបដោយសេចក្ដីស្រឡាញ់ដល់យ៉ូប។ អេលីហ៊ូបានជួយយ៉ូបឲ្យឈប់គិតច្រើនពេកអំពីខ្លួនឯង ដោយរំលឹកគាត់ថាគាត់គឺតូចតាចបើប្រៀបធៀបនឹងព្រះយេហូវ៉ាដែលជាអ្នកបង្កើតសកលលោក។ (យ៉ូប ៣៧:១៤) ព្រះយេហូវ៉ាក៏ឲ្យយ៉ូបភារកិច្ចមួយ គឺអធិដ្ឋានឲ្យបុរសបីនាក់ដែលបានប្រព្រឹត្តអំពើខុសឆ្គង។ (យ៉ូប ៤២:៨-១០) តើព្រះយេហូវ៉ាគាំទ្រយើងនៅសព្វថ្ងៃនេះយ៉ាងដូចម្ដេចពេលដែលយើងជួបទុក្ខលំបាក?
១១. តើគម្ពីរជួយយើងយ៉ាងដូចម្ដេចពេលយើងជួបទុក្ខលំបាក?
១១ ព្រះយេហូវ៉ាមិនមានប្រសាសន៍មកកាន់យើងដោយផ្ទាល់ ដូចលោកបានមានប្រសាសន៍ទៅកាន់យ៉ូបទេ តែលោកមានប្រសាសន៍មកយើងតាមរយៈគម្ពីរដែលជាបណ្ដាំរបស់លោក។ (រ៉ូម ១៥:៤) លោកសម្រាលទុក្ខយើង ដោយឲ្យយើងមានសេចក្ដីសង្ឃឹមចំពោះថ្ងៃអនាគត។ សូមគិតអំពីចំណុចខ្លះពីគម្ពីរដែលអាចសម្រាលទុក្ខយើង ពេលយើងជួបទុក្ខលំបាក។ ក្នុងគម្ពីរ ព្រះយេហូវ៉ាពង្រឹងទំនុកចិត្តយើងថា គ្មានអ្វីណានឹងអាច‹ធ្វើឲ្យយើងឃ្លាតចេញពីសេចក្ដីស្រឡាញ់របស់លោកឡើយ› ហើយនេះរួមមានទុក្ខលំបាកធ្ងន់ធ្ងរផងដែរ។ (រ៉ូម ៨:៣៨, ៣៩) លោកក៏ពង្រឹងទំនុកចិត្តយើងថា លោក«នៅជិតអស់អ្នកដែលហៅរកលោក»ក្នុងសេចក្ដីអធិដ្ឋាន។ (ចសព. ១៤៥:១៨) ព្រះយេហូវ៉ាប្រាប់យើងថា បើយើងពឹងផ្អែកលើលោក យើង អាចស៊ូទ្រាំនឹងទុក្ខលំបាកណាក៏ដោយ ហើយមានអំណរទោះជាយើងរងទុក្ខក្ដី។ (១កូ. ១០:១៣; យ៉ា. ១:២, ១២) បណ្ដាំរបស់ព្រះក៏រំលឹកយើងថា ទុក្ខលំបាករបស់យើងមានតែមួយរយៈពេលខ្លីឬបណ្ដោះអាសន្ន ពេលប្រៀបធៀបនឹងរង្វាន់ដ៏ស្ថិតស្ថេរដែលលោកផ្ដល់ឲ្យយើង។ (២កូ. ៤:១៦-១៨) ព្រះយេហូវ៉ាឲ្យយើងមានសេចក្ដីសង្ឃឹមពិតប្រាកដ ដែលថាលោកនឹងបំផ្លាញពួកអ្នកដែលបង្កឲ្យយើងមានបញ្ហា ពោលគឺមេកំណាចសាថាននិងពួកអ្នកដែលប្រព្រឹត្តអាក្រក់ដូចវា។ (ចសព. ៣៧:១០) តើអ្នកបានទន្ទេញចាំខគម្ពីរខ្លះដែលសម្រាលទុក្ខអ្នក ដើម្បីជួយអ្នកឲ្យស៊ូទ្រាំនឹងទុក្ខលំបាកនៅថ្ងៃអនាគតឬទេ?
១២. តើព្រះយេហូវ៉ាតម្រូវឲ្យយើងធ្វើអ្វី បើយើងចង់ទទួលប្រយោជន៍យ៉ាងពេញលេញពីបណ្ដាំរបស់លោក?
១២ ព្រះយេហូវ៉ាតម្រូវឲ្យយើងលៃទុកពេលដើម្បីសិក្សាគម្ពីរជាទៀងទាត់ និងគិតយ៉ាងជ្រាលជ្រៅអំពីអ្វីដែលយើងអាន។ ពេលយើងធ្វើតាមអ្វីដែលយើងរៀន ជំនឿរបស់យើងកាន់តែរឹងមាំឡើង ហើយយើងចូលកាន់តែជិតបិតាយើងនៅស្ថានសួគ៌។ ជាលទ្ធផល យើងមានកម្លាំងដើម្បីស៊ូទ្រាំនឹងទុក្ខលំបាក។ ព្រះយេហូវ៉ាក៏ផ្ដល់ឫទ្ធានុភាពបរិសុទ្ធរបស់លោកដល់ពួកអ្នកដែលពឹងផ្អែកលើបណ្ដាំរបស់លោកដែរ។ ម្យ៉ាងទៀត ឫទ្ធានុភាពបរិសុទ្ធនោះអាចឲ្យយើងមានកម្លាំងឬ«ឫទ្ធានុភាពដែលលើសពីធម្មតា» ដើម្បីស៊ូទ្រាំនឹងទុក្ខលំបាកណាក៏ដោយ។—២កូ. ៤:៧-១០
១៣. តើសេចក្ដីបង្រៀនដែលមានមូលដ្ឋានពីគម្ពីរដែល«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ផ្ដល់ឲ្យ ជួយយើងឲ្យស៊ូទ្រាំទុក្ខលំបាកយ៉ាងដូចម្ដេច?
១៣ ដោយមានជំនួយពីព្រះយេហូវ៉ា «ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»រៀបចំអត្ថបទ វីដេអូ និងបទភ្លេងជាបរិបូរដែលអាចជួយយើងឲ្យពង្រឹងជំនឿ និងបន្តនៅជិតស្និទ្ធនឹងព្រះយេហូវ៉ា។ (ម៉ាថ. ២៤:៤៥) យើងត្រូវទាញយកប្រយោជន៍ឲ្យបានពេញលេញពីអ្វីទាំងអស់ដែលលោកផ្ដល់ឲ្យយើង។ បងស្រីម្នាក់ពីសហរដ្ឋអាម៉េរិកនិយាយថ្មីៗនេះថា គាត់មានអំណរគុណជាខ្លាំងចំពោះសេចក្ដីបង្រៀនទាំងអស់នេះដែលប្រៀបដូចជាអាហារ។ គាត់និយាយថា៖ «ក្នុងអំឡុងកិច្ចបម្រើព្រះអស់រយៈពេល៤០ឆ្នាំ ចិត្តស្មោះឥតងាករេរបស់ខ្ញុំបានត្រូវល្បងលម្ដងហើយម្ដងទៀត»។ គាត់ជួបទុក្ខលំបាកធ្ងន់ធ្ងរ ដូចជាតារបស់គាត់បានស្លាប់ដោយសារអ្នកបើកបរស្រវឹងបានបុកឡានតាគាត់ ឪពុកម្ដាយគាត់បានស្លាប់ដោយសារជំងឺធ្ងន់ធ្ងរ ហើយគាត់មានជំងឺមហារីកពីរដង។ តើអ្វីបានជួយគាត់ឲ្យស៊ូទ្រាំ? គាត់ពន្យល់ថា៖ «ព្រះយេហូវ៉ាតែងតែយកចិត្តទុកដាក់ចំពោះខ្ញុំ។ សេចក្ដីបង្រៀនពីគម្ពីរដែលប្រៀបដូចជាអាហារដែលលោកផ្ដល់ឲ្យតាមរយៈខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា បានជួយខ្ញុំឲ្យស៊ូទ្រាំ។ ដោយហេតុនេះ ខ្ញុំអាចមានអារម្មណ៍ដូចយ៉ូប ដែលនិយាយថា៖ ‹រហូតដល់ថ្ងៃស្លាប់ ខ្ញុំនឹងមិនព្រមឲ្យអ្វីណាមកធ្វើឲ្យខ្ញុំលែងមានចិត្តស្មោះឥតងាករេចំពោះព្រះជាដាច់ខាត!›»។—យ៉ូប ២៧:៥
១៤. តើព្រះយេហូវ៉ាប្រើបងប្អូនរួមជំនឿយ៉ាងដូចម្ដេចឲ្យគាំទ្រយើងពេលយើងមានទុក្ខលំបាក? (ថែស្សាឡូនិចទី១ ៤:៩)
១៤ ព្រះយេហូវ៉ាបានបង្ហាត់បង្រៀនរាស្ត្រលោកឲ្យចេះស្រឡាញ់និងសម្រាលទុក្ខគ្នាទៅវិញទៅមកក្នុងអំឡុងគ្រាលំបាក។ (២កូ. ១:៣, ៤; សូមអាន ថែស្សាឡូនិចទី១ ៤:៩) ដោយយកតម្រាប់អេលីហ៊ូ បងប្អូនរបស់យើងចង់ជួយយើងឲ្យរក្សាភាពស្មោះត្រង់ពេលដែលយើងជួបការពិបាក។ (សកម្ម. ១៤:២២) ជាឧទាហរណ៍ សូមគិតអំពីរបៀបដែលបងប្អូនក្នុងក្រុមជំនុំរបស់បងស្រីដាយអេនបានលើកទឹកចិត្តគាត់ និងជួយគាត់ឲ្យរក្សាខ្លួននៅជិតស្និទ្ធនឹងព្រះយេហូវ៉ា ក្រោយពីប្ដីគាត់ធ្លាក់ខ្លួនឈឺធ្ងន់។ គាត់និយាយថា៖ «គឺពិបាក។ តែយើងដឹងថាក្នុងអំឡុងប៉ុន្មានខែដ៏ពិបាកទាំងនោះ យើងហាក់ដូចជានៅក្នុងរង្វង់ដៃដ៏ខ្លាំងក្លាដែលពោរពេញដោយសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។ ក្រុមជំនុំរបស់យើងបានធ្វើអ្វីជាច្រើនដើម្បីគាំទ្រយើង។ ការសួរសុខទុក្ខ ការទូរស័ព្ទ និងការឱបពីបងប្អូន បានជួយយើងឲ្យស៊ូទ្រាំ។ ដោយសារខ្ញុំមិនចេះបើកបរ បងប្អូនរកមធ្យោបាយធ្វើដំណើរដើម្បីខ្ញុំអាចទៅកិច្ចប្រជុំនិងផ្សព្វផ្សាយ នៅពេលណាខ្ញុំអាចធ្វើបាន»។ គឺជាពរមួយដែលយើងមានបងប្អូនរួមជំនឿដែលស្រឡាញយើងបែបនេះ។
ចូរឲ្យតម្លៃចំពោះការយកចិត្តទុកដាក់របស់ព្រះយេហូវ៉ា ដែលប្រកបដោយសេចក្ដីស្រឡាញ់
១៥. ហេតុអ្វីយើងជឿជាក់ថាយើងអាចស៊ូទ្រាំនឹងទុក្ខលំបាក?
១៥ យើងទាំងអស់គ្នានឹងជួបទុក្ខលំបាកក្នុងជីវិត។ ប៉ុន្តែ ដូចដែលយើងបានរៀន យើងនឹងមិនប្រឈមមុខនឹងទុក្ខលំបាកតែម្នាក់ឯងទេ។ ដូចឪពុកដ៏កក់ក្ដៅម្នាក់ ព្រះយេហូវ៉ាតែងតែតាមមើលយើង។ លោកនៅក្បែរយើង ប្រុងប្រៀបស្ដាប់ការអង្វរសុំជំនួយរបស់យើង និងចង់គាំទ្រយើង។ (អេ. ៤៣:២) យើងជឿជាក់ថាយើងអាចស៊ូទ្រាំនឹងទុក្ខលំបាកបាន ដោយសារលោកផ្ដល់ឲ្យយើងដោយឥតសំចៃនូវអ្វីទាំងអស់ដែលយើងត្រូវការដើម្បីស៊ូទ្រាំ។ លោកបានផ្ដល់ឲ្យយើងនូវអំណោយជាសេចក្ដីអធិដ្ឋាន គម្ពីរ សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារជាបរិបូរ និងបងប្អូនជាទីស្រឡាញ់ ដើម្បីជួយយើងនៅពេលដែលយើងត្រូវការជំនួយ។
១៦. តើយើងអាចបន្តនៅក្រោមការមើលថែដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៦ យើងមានអំណរគុណជាខ្លាំងដែលមានបិតានៅស្ថានសួគ៌ដែលតាមមើលយើង! «ចិត្តយើងត្រេកអរដោយសារលោក»។ (ចសព. ៣៣:២១) យើងអាចបង្ហាញព្រះយេហូវ៉ាថាយើងឲ្យតម្លៃចំពោះការយកចិត្តទុកដាក់ដែលប្រកបដោយសេចក្ដីស្រឡាញ់ពីលោក ដោយទាញយកប្រយោជន៍ពីអ្វីទាំងអស់ដែលលោកផ្ដល់ឲ្យដើម្បីជួយយើង។ យើងក៏ត្រូវខំអស់ពីសមត្ថភាពដើម្បីបន្តនៅក្រោមការមើលថែរបស់ព្រះ។ និយាយឲ្យចំទៅ បើយើងបន្តខំអស់ពីសមត្ថភាពដើម្បីស្ដាប់បង្គាប់ព្រះយេហូវ៉ានិងធ្វើអ្វីដែលត្រឹមត្រូវតាមទស្សនៈរបស់លោក នោះលោកនឹងតាមមើលយើងជាប់ជានិច្ច។—១ពេ. ៣:១២
ចម្រៀងលេខ៣០ បិតាខ្ញុំជាព្រះនិងជាមិត្តរបស់ខ្ញុំ
^ យើងត្រូវការជំនួយពីព្រះយេហូវ៉ាដើម្បីយកឈ្នះបញ្ហាដែលយើងជួបនៅសព្វថ្ងៃនេះ។ អត្ថបទនេះនឹងពង្រឹងទំនុកចិត្តរបស់យើងថា ព្រះយេហូវ៉ាតាមមើលរាស្ត្រលោក។ លោកកត់សម្គាល់បញ្ហាដែលយើងម្នាក់ៗមាន ហើយលោកឲ្យយើងនូវអ្វីដែលយើងត្រូវការដើម្បីយកឈ្នះបញ្ហាទាំងនោះ។
^ ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។