លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២០

តើសៀវភៅការបើកបង្ហាញជាប់ទាក់ទងនឹងសត្រូវព្រះយ៉ាងដូចម្ដេច?

តើសៀវភៅការបើកបង្ហាញជាប់ទាក់ទងនឹងសត្រូវព្រះយ៉ាងដូចម្ដេច?

​«​ពួក​គេ​បាន​ប្រមូល​ស្ដេច​ទាំង​នោះ​ទៅ​ឯ​កន្លែង​ដែល​ភាសា​ហេប្រឺ​ហៅ​ថា​អាម៉ាគេដូន​»។—បប. ១៦:១៦

ចម្រៀង​លេខ​១៥០ ចូរ​ស្វែង​រក​សេចក្ដី​សង្គ្រោះ​ពី​ព្រះ

សេចក្ដី​សង្ខេប *

១. តើ​សៀវភៅ​ការ​បើក​បង្ហាញ​ប្រាប់​យ៉ាង​ណា​អំពី​រាស្ត្រ​ព្រះ?

 សៀវភៅ​ការ​បើក​បង្ហាញ​រៀប​រាប់​ថា​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌​បាន​ត្រូវ​ចាប់​ផ្ដើម​គ្រប់​គ្រង ហើយ​ថា​សាថាន​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​ស្ថាន​សួគ៌។ (​បប. ១២:១​-​៩​) នេះ​មាន​ន័យ​ថា​នៅ​ស្ថាន​សួគ៌​មាន​សេចក្ដី​សុខ​សាន្ត តែ​មាន​វេទនា​ដល់​យើង។ ហេតុ​អ្វី? ពីព្រោះ​សាថាន​ខឹង​យ៉ាង​ខ្លាំង និង​វាយ​ប្រហារ​ពួក​អ្នក​ដែល​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​នៅ​ផែនដី។—បប. ១២:១២, ១៥, ១៧

២. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា?

តើ​យើង​អាច​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច ទោះ​ជា​មាន​ការ​វាយ​ប្រហារ​ពី​សាថាន​ក្ដី? (​បប. ១៣:១០​) អ្វី​មួយ​ដែល​នឹង​ជួយ​យើង គឺ​ការ​ដឹង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត។ ជា​ឧទាហរណ៍ ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ សាវ័ក​យ៉ូហាន​បាន​រៀប​រាប់​អំពី​ពរ​ខ្លះ​ដែល​យើង​នឹង​ទទួល​នៅ​ពេល​ឆាប់​ៗ​នេះ។ ពរ​មួយ​គឺ​ថា​សត្រូវ​របស់​ព្រះ​នឹង​ត្រូវ​បំផ្លាញ​ចោល។ ឥឡូវ សូម​យើង​ពិចារណា​ថា តើ​សៀវភៅ​ការ​បើក​បង្ហាញ​រៀប​រាប់​យ៉ាង​ណា​អំពី​ពួក​សត្រូវ​ទាំង​នេះ និង​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ពួក​គេ?

​«​និមិត្តរូប​»​បាន​ត្រូវ​ប្រើ​ដើម្បី​រៀប​រាប់​អំពី​សត្រូវ​ព្រះ

៣. តើ​មាន​និមិត្តរូប​អ្វី​ខ្លះ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ?

ខ​ដំបូង​បង្អស់​នៃ​សៀវភៅ​ការ​បើក​បង្ហាញ​ប្រាប់​យើង​ថា ព័ត៌មាន​ក្នុង​សៀវភៅ​នោះ​បាន​ត្រូវ​សរសេរ​ជា​«​និមិត្តរូប​»។ (​បប. ១:១​) ក្នុង​សៀវភៅ​នោះ សត្វ​សាហាវ​មួយ​ចំនួន​បាន​ត្រូវ​ប្រើ​ជា​និមិត្តរូប​ដើម្បី​រៀប​រាប់​អំពី​សត្រូវ​ព្រះ។ ជា​ឧទាហរណ៍ មាន​«​សត្វ​សាហាវ​មួយ​ឡើង​មក​ពី​សមុទ្រ។ សត្វ​នោះ​មាន​ស្នែង​១០​[​និង​]​ក្បាល​៧​»។ (​បប. ១៣:១​) បន្ទាប់​មក មាន​«​សត្វ​សាហាវ​មួយ​ទៀត​ឡើង​មក​ពី​ផែនដី​»។ សត្វ​សាហាវ​នោះ​និយាយ​ដូច​នាគ ហើយ​វា​«​ធ្វើ​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​»។ (​បប. ១៣:១១​-​១៣​) ក្រោយ​មក មាន​សត្វ​សាហាវ​ផ្សេង​ទៀត​ដែល​មាន​«​សម្បុរ​ក្រហម​ឆ្អៅ​»​ ហើយ​មាន​ស្ត្រី​ពេស្យា​ជិះ​ពី​លើ​វា។ សត្វ​សាហាវ​ទាំង​បី​នេះ​ជា​តំណាង​សត្រូវ​ដែល​បន្ត​ប្រឆាំង​ព្រះ​យេហូវ៉ា និង​រាជាណាចក្រ​របស់​លោក​អស់​រយៈ​ពេល​ជា​យូរ។ ដូច្នេះ គឺ​សំខាន់​ឲ្យ​យើង​ស្គាល់​អត្តសញ្ញាណ​នៃ​សត្វ​សាហាវ​ទាំង​នេះ។—បប. ១៧:១,

សត្វ​ធំ​សម្បើម​បួន​ក្បាល

ពួក​វា​«​ចេញ​ពី​សមុទ្រ​មក​»។ (​ដាន. ៧:១​-​៨, ១៥​-​១៧​) ពួក​វា​ជា​តំណាង​មហា​អំណាច​ពិភព​លោក​ដែល​បាន​គ្រប់​គ្រង​លើ​រាស្ត្រ​ព្រះ ឬ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ពួក​គេ​តាំង​ពី​សម័យ​ដានីយ៉ែល។ (​សូម​មើល​វគ្គ​៤, ៧​)

៤​-​៥. តើ​អ្វី​ដែល​បាន​ត្រូវ​ចែង​នៅ​ដានីយ៉ែល ៧:១៥​-​១៧ ជួយ​យើង​ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​និមិត្តរូប​ទាំង​នេះ​យ៉ាង​ដូច​ម្ដេច?

មុន​ដែល​យើង​អាច​ដឹង​ថា​សត្រូវ​ទាំង​នេះ​ជា​អ្នក​ណា យើង​ត្រូវ​យល់​ថា​តើ​សត្វ​សាហាវ​ផ្សេង​ៗ​និង​ស្ត្រី​ពេស្យា​ជា​តំណាង​អ្វី។ របៀប​ដ៏​ល្អ​បំផុត​ដើម្បី​យល់​អំពី​ចំណុច​នេះ គឺ​ឲ្យ​គម្ពីរ​ពន្យល់​ដោយ​ផ្ទាល់។ និមិត្តរូប​ជា​ច្រើន​ដែល​មាន​នៅ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ គឺ​បាន​ពន្យល់​រួច​ហើយ​នៅក្នុង​សៀវភៅ​ផ្សេង​ទៀត​ក្នុង​គម្ពីរ។ ជា​ឧទាហរណ៍ ដានីយ៉ែលដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​យល់សប្ដិ​ឃើញ​«​សត្វ​ធំ​សម្បើម​បួន​ក្បាល​ចេញ​ពី​សមុទ្រ​មក​»។ (​ដាន. ៧:១​-​៣​) ដានីយ៉ែល​បាន​កត់​ទុក​ថា​សត្វ​ទាំង​នេះ​ជា​តំណាង​អ្វី គឺ​សត្វ​ធំ​សម្បើម​ទាំង​បួន​នោះ​ជា​តំណាង​«​ស្ដេច​»​ឬ​រដ្ឋាភិបាល​បួន។ (​សូម​អាន ដានីយ៉ែល ៧:១៥​-​១៧) ការ​ពន្យល់​យ៉ាង​ច្បាស់​នេះ​ជួយ​យើង​ឲ្យ​យល់​ថា​សត្វ​សាហាវ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ ក៏​ច្បាស់​ជា​សំដៅ​ទៅ​លើ​រដ្ឋាភិបាល​ដែរ។

ឥឡូវ សូម​យើង​ពិចារណា​អំពី​និមិត្តរូប​ខ្លះ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ។ កាល​ដែល​យើង​ធ្វើ​ដូច្នេះ យើង​នឹង​ឃើញ​អំពី​របៀប​ដែល​គម្ពីរ​ជួយ​យើង​ឲ្យ​យល់​ថា​និមិត្តរូប​ទាំង​នេះ​មាន​ន័យ​យ៉ាង​ណា។ យើង​នឹង​ចាប់​ផ្ដើម​ដោយ​ពិចារណា​អំពី​សត្វ​សាហាវ​មួយ​ចំនួន។ ដំបូង យើង​នឹង​កត់​សម្គាល់​ថា​តើ​ពួក​វា​ជា​តំណាង​អ្នក​ណា។ បន្ទាប់​មក យើង​នឹង​ឃើញ​អំពី​អ្វី​ដែល​កើត​ឡើង​ចំពោះ​សត្វ​ទាំង​នេះ។ ចុង​ក្រោយ យើង​នឹង​ពិចារណា​ថា​តើ​ព្រឹត្តិការណ៍​ទាំង​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង។

អត្តសញ្ញាណ​នៃ​សត្រូវ​របស់​ព្រះ​បាន​ត្រូវ​បើក​បង្ហាញ

សត្វ​សាហាវ​ដែល​មាន​ក្បាល​៧

វា​«​ឡើង​មក​ពី​សមុទ្រ​»​ ហើយ​មាន​ក្បាល​៧ ស្នែង​១០ និង​មកុដ​១០។ (​បប. ១៣:១​-​៤​) វា​ជា​តំណាង​រដ្ឋាភិបាល​ទាំង​អស់​ដែល​បាន​គ្រប់​គ្រង​លើ​មនុស្ស​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ ក្បាល​៧​ជា​តំណាង​មហា​អំណាច​ពិភព​លោក​៧​ដែល​បាន​គ្រប់​គ្រង​លើ​រាស្ត្រ​ព្រះ ឬ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ពួក​គេ។ (​សូម​មើល​វគ្គ​៦​-​៨​)

៦. តើ​សត្វ​សាហាវ​ដែល​មាន​ក្បាល​៧​នៅ​ការ​បើក​បង្ហាញ ១៣:១​-​៤​គឺ​ជា​អ្វី?

តើ​សត្វ​សាហាវ​ដែល​មាន​ក្បាល​៧​គឺ​ជា​អ្វី? (​សូម​អាន ការ​បើក​បង្ហាញ ១៣:១​-​៤) យើង​កត់​សម្គាល់​ថា​សត្វ​សាហាវ​នេះ​មើល​ទៅ​មាន​ភិន​ភាគ​ដូច​ខ្លា​រខិន តែ​ជើង​របស់​វា​ដូច​ជើង​ខ្លា​ឃ្មុំ មាត់​របស់​វា​ដូច​មាត់​តោ ហើយ​វា​មាន​ស្នែង​១០។ សត្វ​សាហាវ​បួន​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​សៀវភៅ​ដានីយ៉ែល ជំពូក​ទី​៧ ក៏​មាន​លក្ខណៈ​ទាំង​នេះ​ដែរ។ ប៉ុន្តែ​នៅ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ លក្ខណៈ​ទាំង​អស់​នេះ​មាន​នៅ​ក្នុង​សត្វ​តែ​មួយ មិន​មែន​សត្វ​សាហាវ​បួន​ក្បាល​ផ្សេង​ៗ​ពី​គ្នា​ទេ។ សត្វ​សាហាវ​នេះ​មិន​មែន​ជា​តំណាង​រដ្ឋាភិបាល​មួយ ឬ​ចក្រភព​ណា​មួយ​ទេ។ គម្ពីរ​រៀប​រាប់​ថា​វា​គ្រប់​គ្រង​«​លើ​គ្រប់​កុលសម្ព័ន្ធ គ្រប់​ជន​ជាតិ គ្រប់​ភាសា និង​គ្រប់​ប្រជា​ជាតិ​»។ ដូច្នេះ វា​គឺ​ធំ​ជាង​រដ្ឋាភិបាល​ណា​មួយ​ទាំង​អស់​របស់​មនុស្សជាតិ។ (​បប. ១៣:៧​) យ៉ាង​នេះ សត្វ​សាហាវ​នេះ​ត្រូវ​ជា​តំណាង​រដ្ឋាភិបាល​ទាំង​អស់​ដែល​បាន​គ្រប់​គ្រង​លើ​មនុស្សជាតិ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ *អទ. ៨:៩

៧. តើ​ក្បាល​នីមួយ​ៗ​នៃ​ក្បាល​៧​របស់​សត្វ​សាហាវ​ជា​តំណាង​អ្វី?

តើ​ក្បាល​នីមួយ​ៗ​នៃ​ក្បាល​៧​របស់​សត្វ​សាហាវ​ជា​តំណាង​អ្វី? សៀវភៅ​ការ​បើក​បង្ហាញ ជំពូក​១៧​ជួយ​យើង​ឲ្យ​យល់​អំពី​ចម្លើយ​ចំពោះ​សំណួរ​នេះ។ ជំពូក​នោះ​បាន​រៀប​រាប់​អំពី​រូប​សត្វ​សាហាវ​ដែល​បាន​ពណ៌នា​នៅ​ការ​បើក​បង្ហាញ ជំពូក​ទី​១៣ការ​បើក​បង្ហាញ ១៧:១០ ចែង​ថា​៖ ‹មាន​ស្ដេច​៧​រូប​៖ ស្ដេច​៥​បាន​រលំ​ហើយ ស្ដេច​មួយ​នៅ​មាន​អំណាច ស្ដេច​មួយ​ទៀត​មិន​ទាន់​មក​ដល់ តែ​កាល​មក​ដល់​ហើយ ស្ដេច​នោះ​ត្រូវ​នៅ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ›។ ក្នុង​ចំណោម​រដ្ឋាភិបាល​ទាំង​អស់​ដែល​សាថាន​បាន​ប្រើ មាន​រដ្ឋាភិបាល​៧​ដែល​បាន​ត្រូវ​ប្រដូច​ទៅ​នឹង​«​ក្បាល​»​ ដោយ​សារ​ពួក​គេ​មាន​អំណាច​ខ្លាំង​ក្លា។ ពួក​គេ​ជា​មហា​អំណាច​ដែល​បាន​គ្រប់​គ្រង​លើ​រាស្ត្រ​ព្រះ ឬ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ពួក​គេ។ នៅ​សម័យ​របស់​សាវ័ក​យ៉ូហាន ក្បាល​៥​ក្នុង​ចំណោម​ក្បាល​៧​នោះ​បាន​គ្រប់​គ្រង​រួច​ហើយ គឺ​អេហ្ស៊ីប អាស៊ីរី បាប៊ីឡូន មេឌី​ពើស៊ី និង​ក្រិច។ រ៉ូម​ដែល​ជា​មហា​អំណាច​ទី​៦ កំពុង​គ្រប់​គ្រង​នៅ​ពេល​ដែល​យ៉ូហាន​បាន​ទទួល​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​នេះ។ តើ​មហា​អំណាច​ចុង​ក្រោយ​ដែល​ជា​ក្បាល​ទី​៧​ជា​តំណាង​អ្នក​ណា?

៨. តើ​ក្បាល​ទី​៧​នៃ​សត្វ​សាហាវ​ជា​តំណាង​អ្នក​ណា?

ឥឡូវ យើង​នឹង​ឃើញ​ថា​ទំនាយ​ក្នុង​សៀវភៅ​ដានីយ៉ែល​ជួយ​យើង​ឲ្យ​ស្គាល់​ថា ក្បាល​ទី​៧​ដែល​ជា​ក្បាល​ចុង​ក្រោយ​នៃ​សត្វ​សាហាវ​គឺ​ជា​អ្នក​ណា។ តើ​មហា​អំណាច​ណា​បាន​គ្រប់​គ្រង​ក្នុង​អំឡុង​គ្រា​ចុង​បញ្ចប់​នេះ ឬ​នៅ​«​ថ្ងៃ​របស់​លោក​ម្ចាស់​»​? (​បប. ១:១០​) គឺ​មហា​អំណាច​ដែល​រួម​មាន​រដ្ឋាភិបាល​ដ៏​ខ្លាំង​ក្លា​ពីរ គឺ​អង់គ្លេស​និង​សហរដ្ឋ​អាម៉េរិក។ នេះ​បាន​ត្រូវ​ហៅ​ថា​មហា​អំណាច​អង់គ្លេស​អាម៉េរិក។ ដូច្នេះ យើង​អាច​សន្និដ្ឋាន​ថា​មហា​អំណាច​នេះ គឺ​ជា​ក្បាល​ទី​៧​នៃ​សត្វ​សាហាវ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ការ​បើក​បង្ហាញ ១៣:​១​-​៤

សត្វ​សាហាវ​មួយ​ដែល​មាន​ស្នែង​ពីរ​ដូច​ស្នែង​ចៀម

វា​«​ឡើង​មក​ពី​ផែនដី​»​ ហើយ​«​និយាយ​ដូច​នាគ​»។ វា​ក៏​ធ្វើ​ឲ្យ​«​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​»​ និង​ធ្វើ​សញ្ញា​សម្គាល់​ជា​«​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​»។ (​បប. ១៣:១១​-​១៥; ១៦:១៣; ១៩:២០​) មហា​អំណាច​អង់គ្លេស​អាម៉េរិក​បាន​ត្រូវ​ជា​តំណាង​ដោយ​សត្វ​សាហាវ​ដែល​មាន​ស្នែង​ពីរ ដែល​បាន​ត្រូវ​ហៅ​ថា​ជា​អ្នក​ប្រកាស​ទំនាយ​មិន​ពិត ដោយ​សារ​វា​បំភាន់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ផែនដី ហើយ​ប្រាប់​ពួក​គេ​ឲ្យ​«​ធ្វើ​រូប​សត្វ​សាហាវ​»​ដែល​មាន​ក្បាល​៧ និង​ស្នែង​១០។ (​សូម​មើល​វគ្គ​៩​)

៩. តើ​សត្វ​សាហាវ​ដែល​មាន​«​ស្នែង​ពីរ​ដូច​ស្នែង​ចៀម​»​ជា​តំណាង​អ្វី?

ការ​បើក​បង្ហាញ ជំពូក​១៣​ប្រាប់​យើង​ថា​ក្បាល​ទី​៧​នេះ​ដែល​ជា​មហា​អំណាច​អង់គ្លេស​អាម៉េរិក ក៏​ប្រព្រឹត្ត​ដូច​សត្វ​សាហាវ​មួយ​ដែល​មាន​«​ស្នែង​ពីរ​ដូច​ស្នែង​ចៀម តែ​វា​ចាប់​ផ្ដើម​និយាយ​ដូច​នាគ​»។ ការ​បើក​បង្ហាញ ជំពូក​១៦​និង​១៩​បាន​រៀប​រាប់​អំពី​សត្វ​សាហាវ​នេះ​ថា​ជា​«​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​»។ (​បប. ១៦:១៣; ១៩:២០​) ក្នុង​ការ​បើក​បង្ហាញ​ដែល​យ៉ូហាន​ឃើញ​ក្នុង​គំនិត សត្វ​សាហាវ​នេះ​«​ធ្វើ​សញ្ញា​សម្គាល់​អស្ចារ្យ​ជា​ច្រើន រហូត​ដល់​ធ្វើ​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​ផែនដី ក្រោម​ក្រសែ​ភ្នែក​របស់​មនុស្ស​ទាំង​ឡាយ​»។ (​បប. ១៣:១១​-​១៥​) ដានីយ៉ែល​បាន​រៀប​រាប់​អំពី​អ្វី​ដែល​ស្រដៀង​នឹង​នេះ គឺ​ថា​មហា​អំណាច​អង់គ្លេស​អាម៉េរិក​នឹង​«​បំផ្លិច​បំផ្លាញ​យ៉ាង​សម្បើម​»។ (​ដាន. ៨:១៩, ២៣, ២៤​) នេះ​បាន​កើត​ឡើង​មែន​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២។ សង្គ្រាម​នោះ​បាន​ត្រូវ​បញ្ចប់​ពេល​គ្រាប់​បែក​បរមាណូ​ពីរ​គ្រាប់​បាន​ត្រូវ​ទម្លាក់​លើ​ប្រទេស​ជប៉ុន។ គ្រាប់​បែក​ទាំង​ពីរ​គ្រាប់​នោះ បាន​ផលិត​ឡើង​ដោយ​អ្នក​វិទ្យា​សាស្ត្រ​អង់គ្លេស​និង​អាម៉េរិក។ ដោយ​ផលិត​គ្រាប់​បែក​នេះ មហា​អំណាច​អង់គ្លេស​អាម៉េរិក​បាន​ធ្វើ​ឲ្យ​«​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​ផែនដី​»។

សត្វ​សាហាវ​មួយ​ដែល​មាន​សម្បុរ​ក្រហម​ឆ្អៅ

ស្ត្រី​ពេស្យា​ម្នាក់ ពោល​គឺ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​កំពុង​ជិះ​ពី​លើ​វា។ សត្វ​សាហាវ​នេះ​បាន​ត្រូវ​ហៅ​ថា​ជា​ស្ដេច​ទី​៨។ (​បប. ១៧:៣​-​៦, ៨, ១១​) ដំបូង ស្ត្រី​ពេស្យា​នេះ​បញ្ជា​សត្វ​សាហាវ តែ​ក្រោយ​មក វា​បំផ្លាញ​នាង​ចោល។ ស្ត្រី​ពេស្យា​នេះ​ជា​តំណាង​សាសនា​មិន​ពិត​ទាំង​ឡាយ​នៅ​ទូទាំង​ពិភព​លោក។ នៅ​សព្វ​ថ្ងៃ​នេះ សត្វ​សាហាវ​នេះ​ជា​តំណាង​អង្គការ​សហប្រជាជាតិ ដែល​ជួយ​ជ្រោម​ជ្រែង​ជា​ប្រយោជន៍​ដល់​ប្រព័ន្ធ​នយោបាយ​នៅ​ទូទាំង​ពិភព​លោក។ (​សូម​មើល​វគ្គ​១០, ១៤​-​១៧​)

១០. តើ​«​រូប​សត្វ​សាហាវ​»​ជា​តំណាង​អ្វី? (​ការ​បើក​បង្ហាញ ១៣:១៤, ១៥; ១៧:៣, ៨, ១១​)

១០ បន្ទាប់​មក មាន​សត្វ​សាហាវ​មួយ​ទៀត។ សត្វ​សាហាវ​នោះ​ស្ទើរ​តែ​ដូច​នឹង​សត្វ​សាហាវ​ដែល​មាន​ក្បាល​៧ លើក​លែង​តែ​វា​មាន​សម្បុរ​ក្រហម​ឆ្អៅ។ វា​បាន​ត្រូវ​ហៅ​ថា​«​រូប​សត្វ​សាហាវ​»​ ហើយ​ជា​«​ស្ដេច​ទី​៨​»។ * (​សូម​អាន ការ​បើក​បង្ហាញ ១៣:១៤, ១៥; ១៧:៣, ៨, ១១) គម្ពីរ​ចែង​ថា​«​ស្ដេច​»​នេះ​បាន​លេច​មក បាន​បាត់​ទៅ ហើយ​ក្រោយ​មក​បាន​លេច​មក​ម្ដង​ទៀត។ នេះ​រៀប​រាប់​យ៉ាង​ច្បាស់​អំពី​អង្គការ​សហប្រជាជាតិ​ដែល​ជួយ​ជ្រោម​ជ្រែង​ជា​ប្រយោជន៍​ដល់​ប្រព័ន្ធ​នយោបាយ​នៅ​ទូទាំង​ពិភព​លោក! ដំបូង អង្គការ​នោះ​បាន​ត្រូវ​ហៅ​ថា​អង្គការ​សម្ព័ន្ធ​ប្រជា​ជាតិ។ បន្ទាប់​មក វា​បាន​បាត់​ទៅ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២។ ក្រោយ​មក វា​បាន​បង្កើត​ឡើង​ម្ដង​ទៀត​ជា​អង្គការ​សហប្រជាជាតិ។

១១. តើ​សត្វ​សាហាវ​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី​យើង​មិន​ចាំ​បាច់​ភ័យ​ខ្លាច​ពួក​វា?

១១ សត្វ​សាហាវ​ទាំង​នោះ​ឬ​រដ្ឋាភិបាល នឹង​ប្រើ​ការ​ឃោសនា​ដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​ប្រឆាំង​ព្រះ​យេហូវ៉ា​និង​រាស្ត្រ​លោក។ យ៉ូហាន​បាន​និយាយ​ថា គឺ​ហាក់​ដូច​ជា​ពួក​គេ​នឹង​ប្រមូល​«​ស្ដេច​ទាំង​ឡាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី​»​ដើម្បី​សង្គ្រាម​អាម៉ាគេដូន ដែល​ជា​«​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​»។ (​បប. ១៦:១៣, ១៤, ១៦​) ប៉ុន្តែ យើង​នឹង​មិន​ចាំ​បាច់​ភ័យ​ខ្លាច​អ្វី​ឡើយ។ ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ដ៏​ឧត្តុង្គ​ឧត្តម​របស់​យើង​នឹង​ចាត់​វិធានការ​ភ្លាម​ៗ ដើម្បី​សង្គ្រោះ​អស់​អ្នក​ដែល​គាំទ្រ​ការ​គ្រប់​គ្រង​របស់​លោក។—អេគ. ៣៨:២១​-​២៣

១២. តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​សត្វ​សាហាវ​ទាំង​អស់​នេះ?

១២ តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​សត្វ​សាហាវ​ទាំង​អស់​នេះ? ការ​បើក​បង្ហាញ ១៩:២០​ឆ្លើយ​ថា​៖ ​«​សត្វ​សាហាវ​បាន​ត្រូវ​ចាប់ រួម​ទាំង​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​ដែល​បាន​ធ្វើ​សញ្ញា​សម្គាល់​ក្រោម​ក្រសែ​ភ្នែក​សត្វ​នោះ ដែល​បាន​បំភាន់​ពួក​អ្នក​ដែល​បាន​ទទួល​សញ្ញា​នៃ​សត្វ​សាហាវ និង​ពួក​អ្នក​ដែល​គោរព​ប្រណិប័តន៍​រូប​សត្វ​សាហាវ​នោះ។ កាល​ដែល​នៅ​រស់​នៅ​ឡើយ ពួក​គេ​ទាំង​ពីរ​បាន​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង​និង​ស្ពាន់ធ័រ​»។ ដូច្នេះ កាល​ដែល​រដ្ឋាភិបាល​ដែល​ជា​សត្រូវ​របស់​ព្រះ​កំពុង​គ្រប់​គ្រង​នៅ​ឡើយ ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ចោល​ជា​រៀង​រហូត។

១៣. តើ​គ្រិស្ត​សាសនិក​មាន​បញ្ហា​អ្វី​ដោយ​សារ​រដ្ឋាភិបាល​ក្នុង​ពិភព​លោក​នេះ?

១៣ តើ​នេះ​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​យើង? ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​ត្រូវ​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​និង​រាជាណាចក្រ​របស់​លោក។ (​យ៉ូន. ១៨:៣៦​) ដើម្បី​ធ្វើ​ដូច្នេះ យើង​ត្រូវ​រក្សា​អព្យាក្រឹតភាព​ក្នុង​រឿង​នយោបាយ​របស់​ពិភព​លោក​នេះ។ ប៉ុន្តែ ការ​រក្សា​អព្យាក្រឹតភាព​បែប​នេះ​អាច​ជា​ការ​ពិបាក​ណាស់ ដោយ​សារ​រដ្ឋាភិបាល​របស់​ពិភព​លោក​ចង់​ឲ្យ​យើង​គាំទ្រ​ពួក​គេ​តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​យើង។ ពួក​អ្នក​ដែល​ចុះ​ចាញ់​នឹង​ការ​បង្ខំ​របស់​ពួក​គេ ទទួល​សញ្ញា​របស់​សត្វ​សាហាវ។ (​បប. ១៣:១៦, ១៧​) ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​នឹង​អស់​អ្នក​ដែល​ទទួល​សញ្ញា​នោះ ហើយ​អ្នក​ទាំង​នោះ​នឹង​មិន​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ឡើយ។ (​បប. ១៤:៩, ១០; ២០:៤​) ដូច្នេះ គឺ​សំខាន់​ណាស់​ដែល​យើង​រក្សា​អព្យាក្រឹតភាព​ទាំង​ស្រុង មិន​ថា​រដ្ឋាភិបាល​ព្យាយាម​បង្ខំ​យើង​ឲ្យ​គាំទ្រ​ពួក​គេ​យ៉ាង​ណា​ក្ដី!

ទី​បញ្ចប់​ដ៏​គួរ​ឲ្យ​អាម៉ាស់​ចំពោះ​មេ​ស្ត្រី​ពេស្យា

១៤. ដូច​ដែល​បាន​រៀប​រាប់​នៅ​ការ​បើក​បង្ហាញ ១៧:៣​-​៥ តើ​សាវ័ក​យ៉ូហាន​ភ្ញាក់​ផ្អើល​ចំពោះ​អ្វី?

១៤ សាវ័ក​យ៉ូហាន​រៀប​រាប់​ថា គាត់​«​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​»​ចំពោះ​អ្វី​មួយ​ទៀត​ដែល​គាត់​បាន​ឃើញ។ តើ​នេះ​ជា​អ្វី? គឺ​ស្ត្រី​ម្នាក់​ជិះ​លើ​សត្វ​សាហាវ​មួយ។ (​បប. ១៧:១, ២,​) នាង​មើល​ដូច​ជា​«​មេ​ស្ត្រី​ពេស្យា​»​ ហើយ​បាន​ត្រូវ​ហៅ​ថា​«​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​»។ នាង​ប្រព្រឹត្ត​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ជា​មួយ​នឹង​ស្ដេច​នានា​នៅ​ផែនដី​»។—សូម​អាន ការ​បើក​បង្ហាញ ១៧:៣​-​៥

១៥​-​១៦. តើ​«​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​»​ជា​អ្នក​ណា ហើយ​ហេតុ​អ្វី​យើង​ដឹង​ដូច្នេះ?

១៥ តើ​អ្នក​ណា​ជា​«​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​»​? ស្ត្រី​នេះ​មិន​អាច​ជា​តំណាង​អង្គការ​នយោបាយ​បាន​ទេ ដោយ​សារ​សៀវភៅ​ការ​បើក​បង្ហាញ​រៀប​រាប់​ថា​នាង​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ជា​មួយ​ពួក​អ្នក​ដឹក​នាំ​នយោបាយ។ (​បប. ១៨:៩​) តាម​ពិត នាង​ហាក់​ដូច​ជា​ជិះ​លើ​ពួក​គេ​ក្នុង​ន័យ​ថា​នាង​ព្យាយាម​កាន់​កាប់​លើ​ពួក​អ្នក​គ្រប់​គ្រង​ទាំង​នេះ។ ម្យ៉ាង​វិញ​ទៀត នាង​មិន​អាច​ជា​តំណាង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ដ៏​លោភ​លន់​នៃ​ពិភព​លោក​របស់​សាថាន​ដែរ ដោយ​សារ​នៅ​ជំពូក​ឯ​ទៀត​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ ប្រព័ន្ធ​ពាណិជ្ជកម្ម​បាន​ត្រូវ​ហៅ​ថា​«​ពួក​អ្នក​ជួញ​ដូរ​នៅ​ផែនដី​»។—បប. ១៨:១១, ១៥, ១៦

១៦ ក្នុង​គម្ពីរ ពាក្យ​«​ស្ត្រី​ពេស្យា​»​អាច​សំដៅ​លើ​ពួក​អ្នក​ដែល​អះអាង​ថា​ពួក​គេ​បម្រើ​ព្រះ តែ​បែរ​ជា​គោរព​បូជា​រូប​ព្រះ ឬ​ទៅ​ជា​មិត្ត​ភក្តិ​របស់​ពិភព​លោក​តាម​របៀប​ផ្សេង​ទៀត។ (​អេគ. ១៦:២, ៣៥, ៣៦; យ៉ា. ៤:៤​) ផ្ទុយ​ពី​ពួក​គេ គម្ពីរ​ចែង​ថា​ពួក​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​ដោយ​ស្មោះ​ត្រង់​គឺ​«​បរិសុទ្ធ​»​ ហើយ​អ្នក​ទាំង​នោះ​ក៏​បាន​ត្រូវ​ហៅ​ថា​«​ក្រមុំ​បរិសុទ្ធ​»។ (​២កូ. ១១:២; បប. ១៤:៤​) បាប៊ីឡូន​នៅ​សម័យ​បុរាណ​គឺ​ជា​កន្លែង​សម្រាប់​ការ​គោរព​ប្រណិប័តន៍​មិន​ពិត។ ដូច្នេះ បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​ត្រូវ​តែ​ជា​តំណាង​ការ​គោរព​ប្រណិប័តន៍​មិន​ពិត​គ្រប់​បែប​យ៉ាង។ តាម​ពិត នាង​គឺ​ជា​សាសនា​មិន​ពិត​ទាំង​ឡាយ​នៅ​ទូទាំង​ពិភព​លោក (​សូម​មើល​សៀវភៅ​ការ​គោរព​ប្រណិប័តន៍​ពិត​ដល់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​រៀបចំ​ឡើង​វិញ​ហើយ! ជំពូក​ទី​១៥ វគ្គ​៤​-​៥​)។—បប. ១៧:៥, ១៨

១៧. តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា?

១៧ តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា? ការ​បើក​បង្ហាញ ១៧:១៦, ១៧ ឆ្លើយ​តាម​របៀប​នេះ​ថា​៖ ​«​សត្វ​សាហាវ​ដែល​មាន​ស្នែង​១០​ដែល​អ្នក​បាន​ឃើញ នឹង​ស្អប់​ស្ត្រី​ពេស្យា​នោះ ហើយ​នឹង​បំផ្លាញ​នាង ព្រម​ទាំង​ធ្វើ​ឲ្យ​នាង​នៅ​អាក្រាត ក៏​នឹង​ស៊ី​សាច់​នាង ហើយ​ដុត​នាង​ចោល​ក្នុង​ភ្លើង។ ព្រោះ​ព្រះ​បណ្ដាល​ចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​តាម​គំនិត​របស់​លោក​»។ ព្រះ​យេហូវ៉ា​នឹង​ជំរុញ​ចិត្ត​ប្រជា​ជាតិ​នានា​ឲ្យ​ប្រើ​សត្វ​សាហាវ​សម្បុរ​ក្រហម​ឆ្អៅ ពោល​គឺ​អង្គការ​សហប្រជាជាតិ ដើម្បី​វាយ​ប្រហារ​សាសនា​មិន​ពិត​ទាំង​ឡាយ​នៅ​ទូទាំង​ពិភព​លោក ហើយ​បំផ្លាញ​ឲ្យ​សាប​សូន្យ។—បប. ១៨:២១​-​២៤

១៨. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ប្រាកដ​ថា​យើង​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា?

១៨ តើ​នេះ​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​យើង? យើង​ត្រូវ​រក្សា​‹របៀប​គោរព​ប្រណិប័តន៍​ដែល​ស្អាត​ស្អំ​និង​ឥត​សៅហ្មង តាម​ទស្សនៈ​របស់​លោក​ដែល​ជា​ព្រះ​របស់​យើង›។ (​យ៉ា. ១:​២៧​) យើង​មិន​ចង់​បណ្ដោយ​ខ្លួន​ឲ្យ​ទទួល​ឥទ្ធិពល​ពី​សេចក្ដី​បង្រៀន​មិន​ពិត ពិធី​បុណ្យ​ផ្សេង​ៗ​របស់​សាសនា​មិន​ពិត ទង្វើ​ដែល​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​កំណាច និង​ខ្នាត​តម្រា​សីលធម៌​ធូរ​រលុង​នៃ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា! ម្យ៉ាង​ទៀត យើង​បន្ត​ព្រមាន​អ្នក​ឯ​ទៀត​ឲ្យ​«​ចេញ​ពី​ក្រុង​នោះ​មក​»​ ដើម្បី​ពួក​គេ​អាច​ជៀស​វាង​ពី​ការ​រួម​ចំណែក​ក្នុង​កំហុស​របស់​នាង​នៅ​ចំពោះ​មុខ​ព្រះ។—បប. ១៨:៤

ការ​វិនិច្ឆ័យ​សត្រូវ​ដ៏​ធំ​ជាង​គេ​របស់​ព្រះ

នាគ​ដែល​មាន​សម្បុរ​ក្រហម​ដូច​ភ្លើង

សាថាន​ជា​អ្នក​ឲ្យ​អំណាច​ដល់​សត្វ​សាហាវ​ដែល​មាន​ក្បាល​៧។ (​បប. ១២:៣, ៩, ១៣; ១៣:៤; ២០:២, ១០​) សាថាន​ដែល​ជា​សត្រូវ​ដ៏​ធំ​បំផុត​របស់​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ទី​ជ្រៅ​បំផុត អស់​រយៈ​ពេល​១.០០០​ឆ្នាំ។ ក្រោយ​មក វា​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​«​បឹង​ដែល​ឆេះ​ដោយ​ភ្លើង​និង​ស្ពាន់ធ័រ​»។ (​សូម​មើល​វគ្គ​១៩​-​២០​)

១៩. តើ​‹នាគ​ដ៏​ធំ​ដែល​មាន​សម្បុរ​ក្រហម​ដូច​ភ្លើង›​គឺ​ជា​អ្នក​ណា?

១៩ សៀវភៅ​ការ​បើក​បង្ហាញ​ក៏​ចែង​អំពី​«​នាគ​ដ៏​ធំ​មួយ​ដែល​មាន​សម្បុរ​ក្រហម​ដូច​ភ្លើង​»។ (​បប. ១២:៣​) នាគ​នេះ​ប្រឆាំង​នឹង​លោក​យេស៊ូ​និង​បណ្ដា​ទេវតា​របស់​លោក។ (​បប. ១២:៧​-​៩​) វា​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ​និង​ផ្ដល់​អំណាច​ដល់​សត្វ​សាហាវ​ឬ​រដ្ឋាភិបាល​របស់​មនុស្ស។ (​បប. ១២:១៧; ១៣:៤​) តើ​សត្វ​នាគ​នេះ​គឺ​ជា​នរណា? វា​គឺ​ជា​«​ពស់​ដំបូង​បង្អស់​ដែល​ហៅ​ថា​មេ​កំណាច​និង​សាថាន​»។ (​បប. ១២:៩; ២០:២​) វា​គឺ​ជា​បុគ្គល​ដែល​នៅ​ពី​ក្រោយ​ខ្នង​សត្រូវ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា។

២០. តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​នាគ?

២០ តើ​អ្វី​កើត​ឡើង​ចំពោះ​នាគ? ការ​បើក​បង្ហាញ ២០:១​-​៣​ពន្យល់​ថា ទេវតា​មួយ​រូប​នឹង​បោះ​សាថាន​ទៅ​ក្នុង​ទី​ជ្រៅ​បំផុត​ដែល​ជា​តំណាង​ស្ថានភាព​មួយ​ដែល​ប្រៀប​ដូច​ជា​គុក។ ពេល​សាថាន​នៅ​ក្នុង​ទី​ជ្រៅ​បំផុត​នោះ វា​នឹង​មិន​«​បំភាន់​ប្រជា​ជាតិ​នានា​ទៀត រហូត​ដល់​ផុត​គ្រា​១.០០០​ឆ្នាំ​»។ នៅ​ទី​បំផុត សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​«​បឹង​ដែល​ឆេះ​ដោយ​ភ្លើង​និង​ស្ពាន់ធ័រ​»។ នេះ​មាន​ន័យ​ថា​ពួក​វា​នឹង​ត្រូវ​បំផ្លាញ​ចោល​ជា​រៀង​រហូត។ (​បប. ២០:១០​) សូម​ព្យាយាម​ស្រមៃ​គិត​អំពី​ពិភព​លោក​មួយ​ដែល​គ្មាន​សាថាន​និង​ពួក​វិញ្ញាណ​កំណាច នោះ​គឺ​ជា​គ្រា​ដ៏​អស្ចារ្យ​យ៉ាង​ណា​ទៅ!

២១. ហេតុ​អ្វី​ព័ត៌មាន​ដែល​យើង​អាន​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ​អាច​ធ្វើ​ឲ្យ​យើង​មាន​សុភមង្គល?

២១ ការ​យល់​អំពី​អត្ថន័យ​នៃ​និមិត្តរូប​ទាំង​នេះ​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​សៀវភៅ​ការ​បើក​បង្ហាញ គឺ​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ណាស់! យើង​បាន​រៀន​ថា​អ្នក​ណា​ខ្លះ​ជា​សត្រូវ​របស់​ព្រះ​យេហូវ៉ា និង​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ពួក​គេ។ មែន​ហើយ ​«​អ្នក​ណា​ដែល​អាន​ទំនាយ​នេះ​ឲ្យ​អ្នក​ឯ​ទៀត​ស្ដាប់ និង​អ្នក​ណា​ដែល​ឮ . . . អ្នក​ទាំង​នោះ​មាន​សុភមង្គល​ហើយ​»។ (​បប. ១:៣​) ប៉ុន្តែ ពេល​ដែល​សត្រូវ​របស់​ព្រះ​បាន​ត្រូវ​បំផ្លាញ​ចោល តើ​មនុស្ស​ដែល​ស្មោះ​ត្រង់​នឹង​ទទួល​ពរ​អ្វី​ខ្លះ? យើង​នឹង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​នេះ​នៅ​ក្នុង​អត្ថបទ​ចុង​ក្រោយ​នៃ​អត្ថបទ​ត​ភាគ​នេះ។

ចម្រៀង​លេខ​២៣ ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​គ្រប់​គ្រង

^ វគ្គ 5 សៀវភៅ​ការ​បើក​បង្ហាញ​ប្រើ​និមិត្តរូប​ដើម្បី​សម្គាល់​សត្រូវ​របស់​ព្រះ។ សៀវភៅ​ដានីយ៉ែល​ជួយ​យើង​ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​និមិត្តរូប​ទាំង​នោះ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ប្រៀប​ធៀប​ទំនាយ​ខ្លះ​ក្នុង​សៀវភៅ​ដានីយ៉ែល ទៅ​នឹង​ទំនាយ​ដែល​ស្រដៀង​គ្នា​នៅ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ។ យ៉ាង​នេះ យើង​នឹង​អាច​សម្គាល់​ថា​អ្នក​ណា​ជា​សត្រូវ​របស់​ព្រះ។ បន្ទាប់​មក យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ពួក​គេ។

^ វគ្គ 6 អ្វី​មួយ​ទៀត​ដែល​បង្ហាញ​ថា​សត្វ​សាហាវ​ដែល​មាន​ក្បាល​៧​ជា​តំណាង​រដ្ឋាភិបាល​ទាំង​អស់ គឺ​ថា​វា​មាន​«​ស្នែង​១០​»។ ក្នុង​គម្ពីរ លេខ​១០​ច្រើន​តែ​បាន​ត្រូវ​ប្រើ​ដើម្បី​សំដៅ​ទៅ​លើ​ភាព​ពេញ​លេញ។

^ វគ្គ 10 ខុស​ពី​សត្វ​សាហាវ​ទី​១ រូប​សត្វ​សាហាវ​នោះ​មិន​មាន​«​មកុដ​»​នៅ​លើ​ស្នែង​របស់​វា​ទេ។ (​បប. ១៣:១​) នេះ​គឺ​ដោយ​សារ​វា​«​កើត​ចេញ​ពី​ស្ដេច​ទាំង​៧​»​ ហើយ​វា​ទទួល​អំណាច​ពី​ស្ដេច​ទាំង​នោះ។ សូម​មើល​អត្ថបទ​នៅ​ក្នុង​គេហទំព័រ​jw.org/km ដែល​មាន​ចំណង​ជើង​ថា​«​តើ​អ្វី​ជា​សត្វ​សាហាវ​ដែល​មាន​សម្បុរ​ក្រហម​ឆ្អៅ​ពី​សៀវភៅ​ការ​បើក​បង្ហាញ ជំពូក​១៧?​»។