លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២១

តើសៀវភៅការបើកបង្ហាញជាប់ទាក់ទងនឹងអនាគតរបស់អ្នកយ៉ាងដូចម្ដេច?

តើសៀវភៅការបើកបង្ហាញជាប់ទាក់ទងនឹងអនាគតរបស់អ្នកយ៉ាងដូចម្ដេច?

​«​អាមេន! លោក​ម្ចាស់​យេស៊ូ សូម​អញ្ជើញ​មក​»។—បប. ២២:២០

ចម្រៀង​លេខ​១៤២ ចូរ​រក្សា​សេចក្ដី​សង្ឃឹម​ជា​និច្ច

សេចក្ដី​សង្ខេប *

១. តើ​មនុស្ស​ទាំង​អស់​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​អ្វី?

 នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ។ តើ​ពួក​គេ​នឹង​គាំទ្រ​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​មាន​សិទ្ធិ​គ្រប់​គ្រង​សកល​លោក​នេះ ឬ​តើ​ពួក​គេ​នឹង​គាំទ្រ​មេ​កំណាច​សាថាន​ដែល​ជា​សត្រូវ​ដ៏​ឃោរ​ឃៅ​របស់​លោក? មនុស្ស​គ្រប់​រូប​ត្រូវ​ជ្រើស​រើស​យក​មួយ។ ពួក​គេ​មិន​អាច​នៅ​កណ្ដាល​បាន​ទេ។ ពួក​គេ​អាច​រស់​ជា​រៀង​រហូត​បាន​ឬ​មិន​បាន អាស្រ័យ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ។ (​ម៉ាថ. ២៥:៣១​-​៣៣, ៤៦​) ក្នុង​អំឡុង​«​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​»​ អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​នឹង​ទទួល​សញ្ញា​សម្គាល់​ដើម្បី​រួច​ជីវិត។ (​បប. ៧:១៤; អេគ. ៩:៤,​) រីឯ​ពួក​អ្នក​ដែល​មាន​សញ្ញា​របស់​សត្វ​សាហាវ​វិញ ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ចោល។—បប. ១៤:៩​-​១១

២. (​ក​) តើ​ហេប្រឺ ១០:៣៥​-​៣៩​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី? (​ខ​) តើ​សៀវភៅ​ការ​បើក​បង្ហាញ​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

សូម​អាន ហេប្រឺ ១០:៣៥​-​៣៩ បើ​អ្នក​បាន​សម្រេច​ចិត្ត​គាំទ្រ​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា អ្នក​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ​មែន! ឥឡូវ អ្នក​ចង់​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ដែរ។ យ៉ាង​នេះ អ្នក​អាច​ប្រើ​ព័ត៌មាន​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ​ដើម្បី​ជួយ​ពួក​គេ។ សៀវភៅ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ ប្រាប់​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ពួក​អ្នក​ដែល​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា ប៉ុន្តែ​ក៏​ប្រាប់​អំពី​ពរ​ដែល​ពួក​អ្នក​គាំទ្រ​ការ​គ្រប់​គ្រង​របស់​លោក​យ៉ាង​ស្មោះ​ត្រង់​នឹង​ទទួល​ផង​ដែរ។ យើង​គួរ​សិក្សា​សេចក្ដី​ពិត​ដ៏​សំខាន់​ទាំង​នេះ។ ការ​ធ្វើ​ដូច្នេះ​នឹង​ពង្រឹង​ការ​តាំង​ចិត្ត​របស់​យើង​ឲ្យ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា។ បន្ថែម​ទៅ​ទៀត យើង​អាច​ប្រើ​ព័ត៌មាន​នេះ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ និង​បន្ត​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​នោះ។

៣. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​ដូច​ត​ទៅ​៖ តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​ពួក​អ្នក​ដែល​គាំទ្រ​ការ​គ្រប់​គ្រង​របស់​ព្រះ? ចុះ​យ៉ាង​ណា​ពួក​អ្នក​ដែល​គាំទ្រ​សត្វ​សាហាវ​សម្បុរ​ក្រហម​ឆ្អៅ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​សៀវភៅ​ការ​បើក​បង្ហាញ តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​ពួក​គេ?

តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​មនុស្ស​ដែល​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា?

៤. តើ​សាវ័ក​យ៉ូហាន​ឃើញ​ក្រុម​ណា​នៅ​ជា​មួយ​លោក​យេស៊ូ​នា​ស្ថាន​សួគ៌?

ក្នុង​ការ​បើក​បង្ហាញ​ដែល​សាវ័ក​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត គាត់​ឃើញ​ក្រុម​ពីរ​ដែល​គាំទ្រ​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ក្រុម​ទី​១​មាន​ចំនួន​១៤៤.០០០​នាក់។ (​បប. ៧:៤​) ពួក​គេ​បាន​ត្រូវ​យក​មក​ពី​ផែនដី​ដើម្បី​ធ្វើ​ជា​រដ្ឋាភិបាល​ឬ​រាជាណាចក្រ​មួយ​នៅ​ស្ថាន​សួគ៌​ជា​មួយ​លោក​យេស៊ូ។ ពួក​គេ​នឹង​គ្រប់​គ្រង​មក​លើ​ផែនដី​ជា​មួយ​លោក។ (​បប. ៥:៩, ១០; ១៤:៣, ៤​) ក្នុង​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត យ៉ូហាន​បាន​ឃើញ​ពួក​១៤៤.០០០​នាក់​និង​លោក​យេស៊ូ​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន​នា​ស្ថាន​សួគ៌។—បប. ១៤:១

៥. មិន​យូរ​ទៀត តើ​អ្វី​នឹង​កើត​ឡើង​ដល់​ពួក​អ្នក​ដែល​នៅ​សល់​ពី​១៤៤.០០០​នាក់?

តាំង​ពី​សម័យ​របស់​ពួក​សាវ័ក​រហូត​ដល់​សព្វ​ថ្ងៃ​នេះ មាន​មនុស្ស​រាប់​ពាន់​នាក់​ដែល​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​សមាជិក​១៤៤.០០០​នាក់។ (​លូក. ១២:៣២; រ៉ូម ៨:១៧​) ប៉ុន្តែ​យ៉ូហាន​បាន​ឮ​ថា មាន​ពួក​អ្នក​រើស​តាំង​ចំនួន​តិច​ប៉ុណ្ណោះ​ដែល​នឹង​នៅ​រស់​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ។ បន្តិច​មុន​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម ​«​ពួក​អ្នក​ដែល​នៅ​សល់​»​ទាំង​នេះ​នឹង​ទទួល​ការ​«​បោះ​ត្រា​»​ចុង​ក្រោយ ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ពួក​គេ។ (​បប. ៧:២, ៣; ១២:១៧​) បន្ទាប់​មក នៅ​ពេល​ណា​មួយ​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង ពួក​អ្នក​ដែល​នៅ​សល់​ទាំង​នេះ​នឹង​ត្រូវ​យក​ទៅ​ស្ថាន​សួគ៌​ដើម្បី​នៅ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ដែល​ជា​សមាជិក​១៤៤.០០០​នាក់​ដែល​បាន​រក្សា​ភាព​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់។ ពួក​គេ​នឹង​គ្រប់​គ្រង​ជា​មួយ​លោក​យេស៊ូ​ក្នុង​រាជាណាចក្រ​របស់​ព្រះ។—ម៉ាថ. ២៤:​៣១; បប. ៥:៩, ១០

៦​-​៧. (​ក​) តើ​យ៉ូហាន​ឃើញ​ក្រុម​ណា​បន្ទាប់​មក ហើយ​តើ​យើង​រៀន​អ្វី​អំពី​ពួក​គេ? (​ខ​) ហេតុ​អ្វី​ពួក​អ្នក​រើស​តាំង​ដែល​នៅ​សល់​និង​«​មនុស្ស​មួយ​ក្រុម​ធំ​»​គួរ​ចាប់​អារម្មណ៍​សៀវភៅ​ការ​បើក​បង្ហាញ ជំពូក​ទី​៧?

ក្រោយ​ពី​យ៉ូហាន​ឃើញ​ក្រុម​នៅ​ស្ថាន​សួគ៌ គាត់​ឃើញ​«​មនុស្ស​មួយ​ក្រុម​ធំ​»។ ខុស​ពី​១៤៤.០០០​នាក់ គ្មាន​អ្នក​ណា​អាច​រាប់​ចំនួន​ក្រុម​នេះ​បាន​ទេ។ (​បប. ៧:៩, ១០​) តើ​យើង​រៀន​អ្វី​អំពី​ពួក​គេ? យ៉ូហាន​បាន​ឮ​ថា​៖ ​«​អ្នក​ទាំង​នោះ​គឺ​ជា​អ្នក​ដែល​ចេញ​ផុត​ពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង ហើយ​ពួក​គេ​បាន​បោកសម្អាត​អាវ​វែង​របស់​ពួក​គេ​ឲ្យ​ស​ក្នុង​ឈាម​របស់​កូន​ចៀម​»។ (​បប. ៧:១៤​) ក្រោយ​ពី​រួច​ជីវិត​ពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង ​«​មនុស្ស​មួយ​ក្រុម​ធំ​»​នេះ​នឹង​រស់​នៅ​លើ​ផែនដី ហើយ​ទទួល​ពរ​ដ៏​អស្ចារ្យ​ជា​ច្រើន។—ចសព. ៣៧:៩​-​១១, ២៧​-​២៩; សុភ. ២:២១, ២២; បប. ៧:១៦, ១៧

មិន​ថា​យើង​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌ ឬ​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើ​ផែនដី​ក្ដី យើង​គួរ​តែ​ស្រមៃ​ឃើញ​ខ្លួន​យើង​នៅ​ក្នុង​ការ​រៀប​រាប់​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​សៀវភៅ​ការ​បើក​បង្ហាញ ជំពូក​ទី​៧។ នោះ​ជា​គ្រា​ដ៏​រំភើប​ចិត្ត​ចំពោះ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ទាំង​ពីរ​ក្រុម​នេះ! យើង​នឹង​អរ​សប្បាយ​ដែល​យើង​សម្រេច​ចិត្ត​គាំទ្រ​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ តើ​សៀវភៅ​ការ​បើក​បង្ហាញ​ចែង​អ្វី​ទៀត​អំពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង?—ម៉ាថ. ២៤:២១

តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​ពួក​អ្នក​ដែល​ប្រឆាំង​ព្រះ?

៨. តើ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​នឹង​ចាប់​ផ្ដើម​យ៉ាង​ដូច​ម្ដេច ហើយ​តើ​មនុស្ស​ភាគ​ច្រើន​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា?

ដូច​បាន​រៀប​រាប់​នៅ​អត្ថបទ​មុន មិន​យូរ​ទៀត​ប្រព័ន្ធ​នយោបាយ​នៃ​ពិភព​លោក​នេះ​នឹង​វាយ​ប្រហារ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ដែល​ជា​សាសនា​មិន​ពិត​ទាំង​ឡាយ។ (​បប. ១៧:១៦, ១៧​) នោះ​ជា​ទី​ចាប់​ផ្ដើម​នៃ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ តើ​មនុស្ស​ជា​ច្រើន​នឹង​ចាប់​ផ្ដើម​បម្រើ​ព្រះ​យេហូវ៉ា​នៅ​ពេល​នោះ​ឬ​ទេ? មិន​មែន​ទេ។ ផ្ទុយ​ទៅ​វិញ ការ​បើក​បង្ហាញ ជំពូក​ទី​៦​ប្រាប់​ថា នៅ​គ្រា​ដ៏​លំបាក​នោះ មនុស្ស​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា​នឹង​ស្វែង​រក​ការ​ការ​ពារ​ពី​ប្រព័ន្ធ​នយោបាយ​និង​ពាណិជ្ជកម្ម​ក្នុង​ពិភព​លោក​នេះ ដែល​បាន​ត្រូវ​ប្រដូច​ទៅ​នឹង​ភ្នំ។ ដោយ​ហេតុ​ថា​មនុស្ស​ទាំង​នោះ​មិន​គាំទ្រ​រាជាណាចក្រ​របស់​ព្រះ នោះ​ព្រះ​យេហូវ៉ា​ចាត់​ទុក​ពួក​គេ​ថា​ជា​អ្នក​ប្រឆាំង។—លូក. ១១:២៣; បប. ៦:១៥​-​១៧

៩. តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នឹង​ខុស​ប្លែក​ពី​គេ​យ៉ាង​ណា​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង ហើយ​តើ​នោះ​នឹង​មាន​លទ្ធផល​យ៉ាង​ណា?

ពិត​មែន​ហើយ អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​នឹង​ខុស​ប្លែក​ពី​គេ​ក្នុង​អំឡុង​គ្រា​ដ៏​លំបាក​ជា​ខ្លាំង​នោះ។ ពួក​គេ​នឹង​ធ្វើ​ជា​មនុស្ស​តែ​មួយ​ក្រុម​គត់​នៅ​ផែនដី​ដែល​បម្រើ​ព្រះ​យេហូវ៉ា និង​បដិសេធ​មិន​គាំទ្រ​«​សត្វ​សាហាវ​»។ (​បប. ១៣:​១៤​-​១៧​) ដោយ​សារ​ពួក​គេ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា នោះ​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ប្រឆាំង​លោក​ក្ដៅ​ចិត្ត​យ៉ាង​ខ្លាំង។ ជា​លទ្ធផល ប្រជា​ជាតិ​នានា​ដែល​ចង​សម្ព័ន្ធភាព​ជា​មួយ​គ្នា នឹង​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ​នៅ​ទូទាំង​ផែនដី។ គម្ពីរ​ហៅ​ការ​វាយ​ប្រហារ​នេះ​ថា ការ​វាយ​ប្រហារ​ពី​កូក​នៃ​ស្រុក​ម៉ាកូក។—អេគ. ៣៨:១៤​-​១៦

១០. ដូច​បាន​រៀប​រាប់​នៅ​ការ​បើក​បង្ហាញ ១៩:១៩​-​២១ តើ​ព្រះ​យេហូវ៉ា​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ការ​វាយ​ប្រហារ​លើ​រាស្ត្រ​លោក?

១០ តើ​ព្រះ​យេហូវ៉ា​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ការ​វាយ​ប្រហារ​ដ៏​សាហាវ​នេះ? លោក​ប្រាប់​យើង​ថា​៖ ​«​កំហឹង​ដ៏​ខ្លាំង​របស់​ខ្ញុំ​នឹង​ឆួល​ឡើង​»។ (​អេគ. ៣៨:១៨, ២១​-​២៣​) សៀវភៅ​ការ​បើក​បង្ហាញ ជំពូក​១៩​រៀប​រាប់​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​បន្ទាប់​មក។ ព្រះ​យេហូវ៉ា​នឹង​ចាត់​បុត្រ​របស់​លោក ដើម្បី​ការ​ពារ​រាស្ត្រ​លោក​និង​យក​ឈ្នះ​សត្រូវ​របស់​លោក។ ​«​បណ្ដា​កង​ទ័ព​នៅ​ស្ថាន​សួគ៌​»​ដែល​ជា​ពួក​ទេវតា​ដ៏​ស្មោះ​ត្រង់​និង​១៤៤.០០០​នាក់ នឹង​រួម​ដៃ​ជា​មួយ​លោក​យេស៊ូ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កូក​នៃ​ស្រុក​ម៉ាកូក។ (​បប. ១៧:១៤; ១៩:១១​-​១៥​) តើ​សង្គ្រាម​នេះ​នឹង​មាន​លទ្ធផល​យ៉ាង​ណា? មនុស្ស​និង​ក្រុម​ទាំង​អស់​ដែល​ប្រឆាំង​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​បំផ្លាញ​ចោល​ទាំង​ស្រុង។—សូម​អាន ការ​បើក​បង្ហាញ ១៩:​១៩​-​២១

ក្រោយ​សង្គ្រាម មាន​ពិធី​រៀប​ការ

១១. តើ​អ្វី​ជា​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​បំផុត​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ?

១១ សូម​ព្យាយាម​ស្រមៃ​គិត​អំពី​អារម្មណ៍​របស់​ពួក​អ្នក​ស្មោះ​ត្រង់​នៅ​ផែនដី ដែល​បាន​រួច​ជីវិត​ពី​ការ​បំផ្លាញ​ចោល​ពួក​សត្រូវ​របស់​ព្រះ! នោះ​ជា​គ្រា​ដ៏​សប្បាយ​មែន។ ទោះ​ជា​នៅ​ស្ថាន​សួគ៌​មាន​សំឡេង​ស្រែក​អរ​សាទរ ដោយ​សារ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​បាន​ត្រូវ​បំផ្លាញ​ចោល​ក្ដី មាន​អ្វី​មួយ​ទៀត​ដែល​នឹង​ធ្វើ​ឲ្យ​អរ​សប្បាយ​ជាង​នេះ​ទៅ​ទៀត! (​បប. ១៩:១​-​៣​) នេះ​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​បំផុត​នៅ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ ពោល​គឺ​«​ពិធី​រៀប​ការ​របស់​កូន​ចៀម​»។—បប. ១៩:៦​-​៩

១២. ដូច​បាន​ត្រូវ​បញ្ជាក់​នៅ​ការ​បើក​បង្ហាញ ២១:១, ២ តើ​ពិធី​រៀប​ការ​របស់​កូន​ចៀម​នឹង​ធ្វើ​ឡើង​នៅ​ពេល​ណា?

១២ តើ​ពិធី​រៀប​ការ​របស់​កូន​ចៀម​នឹង​កើត​ឡើង​នៅ​ពេល​ណា? សមាជិក​គ្រប់​រូប​នៃ​១៤៤.០០០​នាក់​នឹង​នៅ​ស្ថាន​សួគ៌​បន្តិច​មុន​សង្គ្រាម​អាម៉ាគេដូន​ចាប់​ផ្ដើម។ ប៉ុន្តែ ពិធី​រៀប​ការ​របស់​កូន​ចៀម​នឹង​មិន​ទាន់​ធ្វើ​ឡើង​នៅ​ពេល​នោះ​ទេ។ (​សូម​អាន ការ​បើក​បង្ហាញ ២១:១, ២) ពិធី​រៀប​ការ​នេះ​នឹង​កើត​ឡើង​បន្ទាប់​ពី​សង្គ្រាម​អាម៉ាគេដូន​បាន​ត្រូវ​ធ្វើ​ឡើង សត្រូវ​ទាំង​អស់​របស់​ព្រះ​នៅ​ផែនដី​បាន​ត្រូវ​បំផ្លាញ​ចោល ហើយ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​បាន​ត្រូវ​បោះ​ទៅ​ក្នុង​ទី​ជ្រៅ​បំផុត។—ចសព. ៤៥:៣, ៤, ១៣​-​១៧

១៣. តើ​ពិធី​រៀប​ការ​របស់​កូន​ចៀម​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​ជាប់​ពាក់​ព័ន្ធ?

១៣ តើ​ពិធី​រៀប​ការ​របស់​កូន​ចៀម​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​ជាប់​ពាក់​ព័ន្ធ? ដូច​ការ​រៀប​ការ​ផ្សំផ្គុំ​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់ នោះ​ពិធី​រៀប​ការ​របស់​កូន​ចៀម​ក៏​បង្រួប​បង្រួម​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្ដេច​និង​«​កូន​ក្រមុំ​»​របស់​លោក គឺ​ពួក​១៤៤.០០០​នាក់។ ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​នោះ បញ្ជាក់​អំពី​ទី​ចាប់​ផ្ដើម​នៃ​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​ពួក​១៤៤.០០០​នាក់​ជា​មួយ​លោក​យេស៊ូ។—បប. ២០:៦

ក្រុង​ដ៏​រុង​រឿង​និង​អនាគត​របស់​អ្នក

សៀវភៅ​ការ​បើក​បង្ហាញ ជំពូក​២១​ពណ៌នា​ថា ក្រុង​យេរូសាឡិម​ថ្មី​ដែល​ជា​និមិត្តរូប ​«​ចុះ​មក​ពី​ព្រះ​នៅ​ស្ថាន​សួគ៌​»។ ក្នុង​អំឡុង​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​លោក​យេស៊ូ ក្រុង​នោះ​នឹង​នាំ​មក​នូវ​ពរ​ជា​ច្រើន​ដល់​មនុស្ស​ដែល​ស្ដាប់​បង្គាប់ ​(​សូម​មើល​អត្ថបទ​សិក្សា​ទី​២១ វគ្គ​១៤​-​១៦​)

១៤​-​១៥. តើ​ការ​បើក​បង្ហាញ ជំពូក​២១​ប្រដូច​១៤៤.០០០​នាក់​ទៅ​នឹង​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

១៤ បន្ទាប់​មក សៀវភៅ​ការ​បើក​បង្ហាញ ជំពូក​២១​ប្រដូច​ពួក​១៤៤.០០០​នាក់​ទៅ​នឹង​ក្រុង​ដ៏​ស្រស់​ស្អាត​មួយ ដែល​បាន​ត្រូវ​ហៅ​ថា​«​ក្រុង​យេរូសាឡិម​ថ្មី​»។ (​បប. ២១:២,​) ក្រុង​នេះ​មាន​ថ្ម​គ្រឹះ​១២ ហើយ​នៅ​លើ​ថ្ម​គ្រឹះ​ទាំង​នេះ​«​មាន​ឈ្មោះ​សាវ័ក​ទាំង​១២​របស់​កូន​ចៀម​»។ ហេតុ​អ្វី​នេះ​ធ្វើ​ឲ្យ​យ៉ូហាន​ចាប់​អារម្មណ៍? គឺ​ដោយ​សារ​យ៉ូហាន​ឃើញ​ឈ្មោះ​របស់​គាត់​បាន​ត្រូវ​សរសេរ​នៅ​លើ​ថ្ម​មួយ។ នេះ​ពិត​ជា​ឯកសិទ្ធិ​ដ៏​វិសេស​វិសាល​មែន!—បប. ២១:១០​-​១៤; អេភ. ២:២០

១៥ ក្រុង​នេះ​ខុស​ប្លែក​ពី​ក្រុង​ណា​ទាំង​អស់។ ក្រុង​នេះ​មាន​រាង​បួន​ជ្រុង​ស្មើ​គ្នា មាន​ផ្លូវ​ធំ​ដែល​ធ្វើ​ពី​មាស​សុទ្ធ មាន​ទ្វារ​១២​ធ្វើ​ពី​គជ់​ខ្យង ព្រម​ទាំង​មាន​កំពែង​និង​គ្រឹះ​ធ្វើ​ពី​ត្បូង​ថ្លៃ​វិសេស។ (​បប. ២១:១៥​-​២១​) ប៉ុន្តែ យ៉ូហាន​ឃើញ​ថា​ក្រុង​នោះ​ខ្វះ​អ្វី​មួយ។ សូម​កត់​សម្គាល់​អ្វី​ដែល​គាត់​និយាយ​ក្រោយ​មក​ថា​៖ ​«​ខ្ញុំ​មិន​ឃើញ​វិហារ​នៅ​ក្នុង​ក្រុង​នោះ​ទេ ព្រោះ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត លោក​និង​កូន​ចៀម​ជា​វិហារ​នៃ​ក្រុង​នោះ។ ក្រុង​នោះ​មិន​ត្រូវ​ការ​ដួង​អាទិត្យ​ឬ​ដួង​ខែ​បំភ្លឺ​ទេ ពីព្រោះ​សិរី​រុង​រឿង​របស់​ព្រះ​បាន​បំភ្លឺ​ក្រុង​នោះ ហើយ​កូន​ចៀម​ជា​ចង្កៀង​នៃ​ក្រុង​នោះ​»។ (​បប. ២១:​២២, ២៣​) អស់​អ្នក​ដែល​ជា​សមាជិក​នៃ​ក្រុង​យេរូសាឡិម​ថ្មី​នឹង​នៅ​ជា​មួយ​ព្រះ​យេហូវ៉ា។ (​ហេ. ៧:២៧; បប. ២២:៣, ៤​) ដូច្នេះ ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គឺ​ជា​វិហារ​នៃ​ក្រុង​នោះ។

តើ​អ្នក​ណា​នឹង​ទទួល​ប្រយោជន៍​ពី​អ្វី​ៗ​ដែល​បាន​ត្រូវ​តំណាង​ដោយ​«​ទន្លេ​»​និង​«​ដើម​ឈើ​»​? (​សូម​មើល​វគ្គ​១៦​-​១៧​)

១៦. តើ​មនុស្ស​នឹង​មាន​ជីវិត​បែប​ណា​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​នៃ​រាជាណាចក្រ​ព្រះ?

១៦ ពួក​អ្នក​រើស​តាំង​រំភើប​ចិត្ត​គិត​អំពី​ក្រុង​នេះ។ ប៉ុន្តែ ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើ​ផែនដី​ក៏​គួរ​ចាប់​អារម្មណ៍​នឹង​ក្រុង​នេះ​ដែរ។ ក្នុង​អំឡុង​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​រាជាណាចក្រ​ព្រះ ក្រុង​យេរូសាឡិម​ថ្មី​នឹង​នាំ​មក​នូវ​ពរ​ច្រើន​រាប់​មិន​អស់។ យ៉ូហាន​ឃើញ​ពរ​ទាំង​នេះ​ហូរ​ដូច​ជា​«​ទន្លេ​ដែល​មាន​ទឹក​ដែល​ផ្ដល់​ជីវិត​»។ នៅ​ខាង​នាយ​និង​ខាង​អាយ​ទន្លេ​នោះ ​«​មាន​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត​»​ ដែល​ដុះ​ស្លឹក​«​សម្រាប់​ធ្វើ​ឲ្យ​ប្រជា​ជាតិ​នានា​ជា​សះ​ស្បើយ​»។ (​បប. ២២:១, ២​) មនុស្ស​ទាំង​អស់​ដែល​រស់​នៅ​ពេល​នោះ​នឹង​មាន​ឱកាស​ទទួល​ប្រយោជន៍​ពី​អ្វី​ល្អ​ទាំង​នេះ។ បន្តិច​ម្ដង​ៗ មនុស្ស​គ្រប់​គ្នា​ដែល​ស្ដាប់​បង្គាប់​នឹង​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ។ ជំងឺ ការ​ឈឺ​ចាប់ និង​ការ​យំ​សោក​នឹង​លែង​មាន​ទៀត។—បប. ២១:៣​-​៥

១៧. ដូច​រៀប​រាប់​នៅ​ការ​បើក​បង្ហាញ ២០:១១​-​១៣ តើ​អ្នក​ណា​នឹង​ទទួល​ប្រយោជន៍​ពី​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ?

១៧ តើ​អ្នក​ណា​ខ្លះ​នឹង​ទទួល​ប្រយោជន៍​ពី​អ្វី​ៗ​ដ៏​អស្ចារ្យ​ទាំង​នេះ? ដំបូង​គឺ​មនុស្ស​មួយ​ក្រុម​ធំ​ដែល​រួច​ជីវិត​ពី​សង្គ្រាម​អាម៉ាគេដូន ព្រម​ទាំង​កូន​ៗ​ណា​ដែល​ទំនង​ជា​នឹង​កើត​មក​ក្នុង​ពិភព​លោក​ថ្មី។ ប៉ុន្តែ ការ​បើក​បង្ហាញ ជំពូក​ទី​២០​ក៏​សន្យា​ថា​មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (​សូម​អាន ការ​បើក​បង្ហាញ ២០:១១​-​១៣) ​«​មនុស្ស​សុចរិត​»​ដ៏​ស្មោះ​ត្រង់​ដែល​បាន​ស្លាប់​នៅ​អតីតកាល និង​«​មនុស្ស​មិន​សុចរិត​»​ដែល​មិន​មាន​ឱកាស​រៀន​អំពី​ព្រះ​យេហូវ៉ា នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែនដី។ (​សកម្ម. ២៤:១៥; យ៉ូន. ៥:២៨, ២៩​) តើ​នេះ​មាន​ន័យ​ថា​មនុស្ស​គ្រប់​រូប​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​ឬ? មិន​មែន​ទេ។ មនុស្ស​ទុច្ចរិត​ដែល​មិន​ព្រម​ទទួល​យក​ឱកាស​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​មុន​ពួក​គេ​ស្លាប់ នឹង​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឡើយ។ ពួក​គេ​មាន​ឱកាស ប៉ុន្តែ​ពួក​គេ​បាន​បង្ហាញ​ថា​ពួក​គេ​មិន​សម​នឹង​ទទួល​ជីវិត​នៅ​ផែនដី​ជា​សួន​ឧទ្យាន​ឡើយ។—ម៉ាថ. ២៥:​៤៦; ២ថែ. ១:៩; បប. ១៧:៨; ២០:១៥

ការ​សាក​ល្បង​ចុង​ក្រោយ

១៨. តើ​ផែនដី​នឹង​មាន​ស្ថានភាព​បែប​ណា​នៅ​ដំណាច់​គ្រា​១.០០០​ឆ្នាំ?

១៨ មក​ដល់​ដំណាច់​គ្រា​១.០០០​ឆ្នាំ អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​បាន​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ។ គ្មាន​នរណា​ទទួល​ឥទ្ធិពល​ពី​ការ​ខុស​ឆ្គង​ដែល​មក​ពី​អាដាម​ឡើយ។ (​រ៉ូម ៥:១២​) ការ​ខុស​ឆ្គង​ដែល​មក​ពី​អាដាម​បាន​ត្រូវ​ដក​ចេញ​ទាំង​ស្រុង។ យ៉ាង​នេះ ពួក​អ្នក​ដែល​នៅ​លើ​ផែនដី​នឹង​«​ទទួល​ជីវិត​»​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​នៅ​ដំណាច់​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ។—បប. ២០:៥

១៩. ហេតុ​អ្វី​ចាំ​បាច់​មាន​ការ​សាក​ល្បង​ចុង​ក្រោយ?

១៩ យើង​ដឹង​ថា​លោក​យេស៊ូ​បាន​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា ទោះ​ជា​សាថាន​បាន​ល្បង​ល​លោក​ក្ដី។ ប៉ុន្តែ តើ​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទាំង​អស់​នឹង​សុខ​ចិត្ត​ធ្វើ​ដូច្នេះ​ពេល​ដែល​សាថាន​ព្យាយាម​ល្បង​ល​ពួក​គេ​ឬ​ទេ? បុគ្គល​ម្នាក់​ៗ​នឹង​អាច​ឆ្លើយ​សំណួរ​នេះ​ដោយ​ខ្លួន​ឯង នៅ​ពេល​ដែល​សាថាន​បាន​ត្រូវ​ដោះ​លែង​ពី​ទី​ជ្រៅ​បំផុត​ភ្លាម​ៗ​ក្រោយ​ពី​គ្រា​១.០០០​ឆ្នាំ​ផុត​ទៅ។ (​បប. ២០:៧​) ពួក​អ្នក​ដែល​បង្ហាញ​ភាព​ស្មោះ​ត្រង់​ក្នុង​អំឡុង​ការ​សាក​ល្បង​ចុង​ក្រោយ​នេះ នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មាន​សេរី​ភាព​ពិត​ប្រាកដ។ (​រ៉ូម ៨:២១​) ពួក​អ្នក​បះ​បោរ នឹង​ត្រូវ​បំផ្លាញ​ចោល​ជា​រៀង​រហូត​ជា​មួយ​មេ​កំណាច​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា។—បប. ២០:៨​-​១០

២០. តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ទំនាយ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​នៅ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ?

២០ បន្ទាប់​ពី​ពិចារណា​យ៉ាង​ខ្លី​អំពី​ព័ត៌មាន​ពី​សៀវភៅ​ការ​បើក​បង្ហាញ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា? តើ​អ្នក​រំភើប​ចិត្ត​ឬ​ទេ កាល​ដែល​ស្រមៃ​ឃើញ​ខ្លួន​អ្នក​រស់​នៅ​ក្នុង​ពេល​ដែល​ទំនាយ​ដ៏​អស្ចារ្យ​ទាំង​នេះ​បាន​ត្រូវ​សម្រេច? នេះ​ច្បាស់​ជា​ជំរុញ​ចិត្ត​អ្នក​ឲ្យ​អញ្ជើញ​អ្នក​ឯ​ទៀត​ឲ្យ​ចូល​រួម​ជា​មួយ​យើង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត។ (​បប. ២២:១៧​) ដោយ​សារ​យើង​បាន​ពិចារណា​អ្វី​ទាំង​នេះ​ដែល​នឹង​ត្រូវ​កើត​ឡើង​នៅ​ថ្ងៃ​អនាគត យើង​រំភើប​ចិត្ត​និង​ចង់​និយាយ​ដូច​សាវ័ក​យ៉ូហាន ដែល​ថា​៖ ​«​អាមេន! លោក​ម្ចាស់​យេស៊ូ សូម​អញ្ជើញ​មក​»។—បប. ២២:២០

ចម្រៀង​លេខ​២៧ គ្រា​ដែល​កូន​ព្រះ​នឹង​ត្រូវ​សម្ដែង

[កំណត់​សម្គាល់]

^ វគ្គ 5 នេះ​គឺ​ជា​អត្ថបទ​ចុង​ក្រោយ​នៃ​អត្ថបទ​ត​ភាគ​អំពី​សៀវភៅ​ការ​បើក​បង្ហាញ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ឃើញ​ថា​ពួក​អ្នក​ដែល​រក្សា​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​នឹង​មាន​អនាគត​ត្រចះ​ត្រចង់ រីឯ​ពួក​អ្នក​ដែល​ប្រឆាំង​ការ​គ្រប់​គ្រង​របស់​លោក​នឹង​ត្រូវ​បំផ្លាញ​ចោល​យ៉ាង​អាម៉ាស់​មុខ។