លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១៩

តើសៀវភៅការបើកបង្ហាញជាប់ទាក់ទងនឹងអ្នកយ៉ាងដូចម្ដេចនៅសព្វថ្ងៃនេះ?

តើសៀវភៅការបើកបង្ហាញជាប់ទាក់ទងនឹងអ្នកយ៉ាងដូចម្ដេចនៅសព្វថ្ងៃនេះ?

​«​អ្នក​ណា​ដែល​អាន​ទំនាយ​នេះ​ឲ្យ​អ្នក​ឯ​ទៀត​ស្ដាប់ . . . មាន​សុភមង្គល​ហើយ​»។—បប. ១:៣

ចម្រៀង​លេខ​១៥ ចូរ​សរសើរ​បុត្រ​ច្បង​របស់​ព្រះ​យេហូវ៉ា!

សេចក្ដី​សង្ខេប *

១​-​២. តើ​អ្វី​ជា​មូលហេតុ​មួយ​ដែល​យើង​គួរ​ចាប់​អារម្មណ៍​នឹង​សៀវភៅ​ការ​បើក​បង្ហាញ?

 តើ​បុគ្គល​ណា​ម្នាក់​ធ្លាប់​អញ្ជើញ​អ្នក​ឲ្យ​មើល​កម្រង​រូប​ថត​របស់​គាត់​ឬ​ទេ? ពេល​អ្នក​មើល​រូប​ថត​នោះ អ្នក​ឃើញ​មនុស្ស​ជា​ច្រើន​ដែល​អ្នក​មិន​ស្គាល់។ ប៉ុន្តែ​ពេល​ដល់​រូប​ថត​មួយ អ្នក​ផ្អាក ហើយ​សម្លឹង​មើល​រូប​ថត​នោះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ហេតុ​អ្វី? ពីព្រោះ​មាន​អ្នក​នៅ​ក្នុង​រូប​ថត​នោះ។ កាល​ដែល​អ្នក​សម្លឹង​មើល​រូប​ថត​នោះ​អ្នក​ខំ​រក​នឹក​ថា តើ​រូប​ថត​នោះ​បាន​ត្រូវ​ថត​នៅ​ពេល​ណា និង​នៅ​កន្លែង​ណា? អ្នក​ក៏​ខំ​រក​នឹក​អំពី​បុគ្គល​ផ្សេង​ទៀត​ដែល​នៅ​ក្នុង​រូប​ថត​នោះ​ដែរ។ រូប​ថត​នោះ​ពិត​ជា​មាន​ន័យ​ចំពោះ​អ្នក។

សៀវភៅ​ការ​បើក​បង្ហាញ​ប្រៀប​ដូច​ជា​រូប​ថត​នោះ។ ហេតុ​អ្វី? យ៉ាង​ហោច​ណាស់​មាន​មូលហេតុ​ពីរ។ ទី​១ សៀវភៅ​នេះ​បាន​ត្រូវ​សរសេរ​សម្រាប់​យើង។ នៅ​ខ​ដំបូង​ចែង​ថា​៖ ​«​ការ​បើក​បង្ហាញ​ដោយ​លោក​យេស៊ូ​គ្រិស្ត ជា​អ្វី​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​លោក ដើម្បី​បង្ហាញ​ពួក​ខ្ញុំ​បម្រើ​របស់​លោក​ឲ្យ​ឃើញ​អ្វី​ដែល​ត្រូវ​កើត​ឡើង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​»។ (​បប. ១:១​) ដូច្នេះ​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ក្នុង​សៀវភៅ​នោះ មិន​មែន​សម្រាប់​មនុស្ស​ទូទៅ​ទេ ប៉ុន្តែ​គឺ​សម្រាប់​យើង​ដែល​ជា​អ្នក​បម្រើ​ព្រះ​ដែល​បាន​ប្រគល់​ខ្លួន​ជូន​លោក។ ក្នុង​នាម​ជា​រាស្ត្រ​ព្រះ យើង​មិន​គួរ​ភ្ញាក់​ផ្អើល​ទេ ពេល​ដែល​យើង​ដឹង​ថា​យើង​មាន​ចំណែក​ក្នុង​ការ​សម្រេច​ទំនាយ​នៅ​សៀវភៅ​ដ៏​គួរ​ឲ្យ​រំភើប​នេះ។ ដូច្នេះ ពេល​ដែល​យើង​អាន​សៀវភៅ​ការ​បើក​បង្ហាញ យើង​កំពុង​អាន​អំពី​អ្វី​ដែល​ជាប់​ទាក់​ទង​នឹង​យើង​ផ្ទាល់។

៣​-​៤. យោង​ទៅ​តាម​សៀវភៅ​ការ​បើក​បង្ហាញ តើ​ទំនាយ​នៅ​ក្នុង​សៀវភៅ​នោះ​ត្រូវ​សម្រេច​នៅ​ពេល​ណា ហើយ​តើ​នោះ​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង​ម្នាក់​ៗ​?

មូលហេតុ​ទី​២​ដែល​យើង​គួរ​ចាប់​អារម្មណ៍​នឹង​ទំនាយ​នៅ​សៀវភៅ​ការ​បើក​បង្ហាញ គឺ​ដោយ​សារ​ពេល​វេលា​នៃ​ការ​សម្រេច​ទំនាយ​ទាំង​នោះ។ សាវ័ក​យ៉ូហាន​មាន​វ័យ​ចាស់​ពេល​គាត់​បាន​បញ្ជាក់​អំពី​ពេល​វេលា​នោះ។ គាត់​និយាយ​ថា​៖ ​«​ដោយ​ឥទ្ធិពល​នៃ​ឫទ្ធានុភាព​របស់​ព្រះ ខ្ញុំ​បាន​នៅ​ក្នុង​ថ្ងៃ​របស់​លោក​ម្ចាស់​»។ (​បប. ១:១០​) ពេល​ដែល​យ៉ូហាន​បាន​សរសេរ​ពាក្យ​ទាំង​នេះ ប្រហែល​ជា​នៅ​ឆ្នាំ​៩៦ គ.ស. ​«​ថ្ងៃ​របស់​លោក​ម្ចាស់​»​គឺ​នៅ​យូរ​ទៀត។ (​ម៉ាថ. ២៥:១៤, ១៩; លូក. ១៩:១២​) ប៉ុន្តែ យោង​ទៅ​តាម​ទំនាយ​ក្នុង​គម្ពីរ ថ្ងៃ​នោះ​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤​ពេល​ដែល​លោក​យេស៊ូ​បាន​ទៅ​ជា​ស្ដេច​នៅ​ស្ថាន​សួគ៌។ ចាប់​ពី​ឆ្នាំ​នោះ​មក ទំនាយ​នៅ​ការ​បើក​បង្ហាញ​ដែល​ជាប់​ទាក់​ទង​នឹង​រាស្ត្រ​របស់​ព្រះ បាន​ចាប់​ផ្ដើម​ក្លាយ​ទៅ​ជា​ការ​ពិត។ ឥឡូវ​យើង​កំពុង​រស់​នៅ​ក្នុង​«​ថ្ងៃ​របស់​លោក​ម្ចាស់​»​!

ដោយ​សារ​យើង​កំពុង​រស់​នៅ​ក្នុង​គ្រា​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​នេះ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ចំពោះ​យោបល់​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ដែល​បាន​ត្រូវ​កត់​ទុក​នៅ​ការ​បើក​បង្ហាញ ១:៣​ដែល​ថា​៖ ​«​អ្នក​ណា​ដែល​អាន​ទំនាយ​នេះ​ឲ្យ​អ្នក​ឯ​ទៀត​ស្ដាប់ និង​អ្នក​ណា​ដែល​ឮ រួច​ប្រព្រឹត្ត​តាម​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ក្នុង​ទំនាយ​នេះ អ្នក​ទាំង​នោះ​មាន​សុភមង្គល​ហើយ ពីព្រោះ​ពេល​កំណត់​គឺ​ជិត​ដល់​ហើយ​»។ មែន​ហើយ យើង​ត្រូវ​«​អាន​ទំនាយ​នេះ​ឲ្យ​អ្នក​ឯ​ទៀត​ស្ដាប់​»​ យើង​ក៏​ត្រូវ​«​ឮ​»​ និង​«​ប្រព្រឹត្ត​តាម​»​ផង​ដែរ។ ប៉ុន្តែ តើ​យើង​ត្រូវ​ប្រព្រឹត្ត​តាម​ពាក្យ​ណា​ខ្លះ?

ចូរ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ការ​គោរព​ប្រណិប័តន៍​របស់​អ្នក​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត

៥. តើ​សៀវភៅ​ការ​បើក​បង្ហាញ​បញ្ជាក់​យ៉ាង​ណា​ថា យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ការ​គោរព​ប្រណិប័តន៍​របស់​យើង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត?

ចាប់​ពី​ជំពូក​ទី​១​នៃ​សៀវភៅ​ការ​បើក​បង្ហាញ យើង​រៀន​ថា​លោក​យេស៊ូ​ដឹង​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​រាស្ត្រ​លោក។ (​បប. ១:១២​-​១៦, ២០; ២:១​) លោក​យេស៊ូ​បាន​បង្ហាញ​ថា​លោក​ដឹង​អំពី​អ្វី​ទាំង​នេះ តាម​រយៈ​ដំណឹង​ដែល​លោក​បាន​ផ្ញើ​ដល់​ក្រុម​ជំនុំ​៧​នៅ​តំបន់​អាស៊ី​ប៉ែក​ខាង​លិច។ ក្នុង​ដំណឹង​ទាំង​នោះ លោក​យេស៊ូ​បាន​ឲ្យ​ការ​ណែនាំ​ជាក់​លាក់​ដើម្បី​ជួយ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី១​ធ្វើ​ឲ្យ​ប្រាកដ​ថា​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ បន្ថែម​ទៅ​ទៀត អ្វី​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​ដំណឹង​ទាំង​នោះ​ជាប់​ទាក់​ទង​នឹង​រាស្ត្រ​ទាំង​អស់​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ។ តើ​យើង​ទាញ​យក​មេ​រៀន​អ្វី? លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​អ្នក​ដឹក​នាំ​របស់​យើង​ដឹង​ច្បាស់​ថា យើង​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​ព្រះ​យេហូវ៉ា​ឬ​យ៉ាង​ណា។ លោក​ដឹក​នាំ​និង​ការ​ពារ​យើង ហើយ​លោក​ឃើញ​អ្វី​ៗ​ទាំង​អស់។ លោក​ដឹង​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​បន្ដ​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ តើ​លោក​យេស៊ូ​បាន​ផ្ដល់​ការ​ណែនាំ​អ្វី​ដែល​យើង​ត្រូវ​ប្រព្រឹត្ត​តាម​នៅ​សព្វ​ថ្ងៃ​នេះ?

៦. (​ក​) យោង​ទៅ​តាម​ដំណឹង​របស់​លោក​យេស៊ូ​នៅ​ការ​បើក​បង្ហាញ ២:៣, ៤ តើ​ក្រុម​ជំនុំ​នៅ​ក្រុង​អេភេសូរ​មាន​បញ្ហា​អ្វី? (​ខ​) តើ​យើង​ទាញ​យក​មេ​រៀន​អ្វី​ពី​នេះ?

សូម​អាន ការ​បើក​បង្ហាញ ២:៣, ៤យើង​មិន​ត្រូវ​បាត់​បង់​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​កាល​ពី​ដើម​ដំបូង​ចំពោះ​ព្រះ​យេហូវ៉ា​ទេ។ ដំណឹង​របស់​លោក​យេស៊ូ​ចំពោះ​បង​ប្អូន​នៅ​ក្នុង​ក្រុម​ជំនុំ​នា​ក្រុង​អេភេសូរ​បង្ហាញ​ថា​ពួក​គេ​បាន​ស៊ូ​ទ្រាំ ហើយ​បាន​បន្ដ​បម្រើ​ព្រះ​យេហូវ៉ា ទោះ​ជា​ពួក​គេ​មាន​ការ​ពិបាក​ផ្សេង​ៗ​ក្ដី។ ប៉ុន្តែ ពួក​គេ​បាន​បាត់​បង់​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គេ​ធ្លាប់​មាន​កាល​ពី​ដើម​ដំបូង។ ពួក​គេ​ត្រូវ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​នោះ​ឡើង​វិញ។ បើ​ពុំ​នោះ​ទេ ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ​នឹង​មិន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ឡើយ។ ស្រដៀង​គ្នា​ដែរ​នៅ​សព្វ​ថ្ងៃ​នេះ យើង​មិន​មែន​ចេះ​តែ​ស៊ូ​ទ្រាំ​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ត្រូវ​ស៊ូ​ទ្រាំ​ដោយ​មាន​មូលហេតុ​ត្រឹម​ត្រូវ​ផង​ដែរ។ ព្រះ​របស់​យើង​មិន​គ្រាន់​តែ​ចាប់​អារម្មណ៍​នឹង​អ្វី​ដែល​យើង​ធ្វើ​ប៉ុណ្ណោះ​ទេ តែ​ក៏​ចាប់​អារម្មណ៍​នឹង​មូលហេតុ​ដែល​យើង​ធ្វើ​អ្វី​នោះ​ដែរ។ បំណង​ចិត្ត​របស់​យើង​គឺ​សំខាន់​ចំពោះ​លោក ដោយ​សារ​លោក​ចង់​ឲ្យ​ការ​គោរព​ប្រណិប័តន៍​របស់​យើង​មាន​មូលដ្ឋាន​លើ​ចិត្ត​កតញ្ញូ​និង​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​លោក។—សុភ. ១៦:២; ម៉ាក. ១២:២៩, ៣០

៧. (​ក​) ដូច​បាន​បង្ហាញ​នៅ​ការ​បើក​បង្ហាញ ៣:១​-​៣ តើ​បង​ប្អូន​នៅ​ក្រុម​ជំនុំ​នា​ក្រុង​សាដេស​មាន​បញ្ហា​អ្វី? (​ខ​) តើ​យើង​ត្រូវ​ធ្វើ​អ្វី?

សូម​អាន ការ​បើក​បង្ហាញ ៣:១​-​៣យើង​ត្រូវ​ភ្ញាក់​ដឹង​ខ្លួន​ជា​និច្ច។ បង​ប្អូន​នៅ​ក្រុម​ជំនុំ​នា​ក្រុង​សាដេស​មាន​បញ្ហា​ផ្សេង​ពី​នោះ។ ទោះ​ជា​ពួក​គេ​ធ្លាប់​ជាប់​រវល់​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​ពី​មុន​ក្ដី ពួក​គេ​បាន​បាត់​បង់​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​ការ​បម្រើ​លោក​នៅ​ពេល​ក្រោយ​មក។ ដូច្នេះ លោក​យេស៊ូ​បាន​ប្រាប់​ពួក​គេ​ឲ្យ​«​ភ្ញាក់​ខ្លួន​»។ តើ​យើង​ទាញ​យក​មេ​រៀន​ដែល​ទុក​ជា​ការ​ព្រមាន​អ្វី? ព្រះ​យេហូវ៉ា​នឹង​មិន​បំភ្លេច​ការ​ដែល​យើង​បាន​ធ្វើ​ទេ។ (​ហេ. ៦:១០​) តែ​យើង​មិន​គួរ​អាង​ថា​ដោយ​សារ​យើង​បាន​បម្រើ​លោក​នៅ​អតីតកាល យើង​មិន​ចាំ​បាច់​បម្រើ​លោក​យ៉ាង​ខ្នះ​ខ្នែង​នៅ​បច្ចុប្បន្ន​នេះ​ឡើយ។ ទោះ​ជា​យើង​ប្រហែល​ជា​មិន​អាច​ធ្វើ​ច្រើន​ដូច​ពី​មុន​ក្ដី យើង​ត្រូវ​បន្ដ​ជាប់​រវល់​ក្នុង​«​កិច្ច​ការ​ដ៏​ច្រើន​របស់​លោក​ម្ចាស់​»​ ដោយ​បន្ដ​ភ្ញាក់​ដឹង​ខ្លួន​ជា​និច្ច​រហូត​ដល់​ទី​បញ្ចប់។—១កូ. ១៥:៥៨; ម៉ាថ. ២៤:១៣; ម៉ាក. ១៣:៣៣

៨. តើ​យើង​ទាញ​យក​មេ​រៀន​អ្វី​ពី​ពាក្យ​របស់​លោក​យេស៊ូ​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​ឡៅឌីសេ ដែល​បាន​ត្រូវ​កត់​ទុក​នៅ​ការ​បើក​បង្ហាញ ៣:១៥​-​១៧?

សូម​អាន ការ​បើក​បង្ហាញ ៣:១៥​-​១៧យើង​ត្រូវ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​យ៉ាង​ខ្នះ​ខ្នែង​និង​ដោយ​អស់​ពី​ចិត្ត។ ដំណឹង​របស់​លោក​យេស៊ូ​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​ឡៅឌីសេ បង្ហាញ​ថា​ពួក​គេ​មាន​បញ្ហា​ផ្សេង​ទៀត។ គម្ពីរ​ចែង​ថា ពួក​គេ​«​ក្ដៅ​ឧណ្ហ​ៗ​»​ ឬ​មិន​ខ្នះ​ខ្នែង​ក្នុង​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ។ ហេតុ​នេះ លោក​យេស៊ូ​បាន​ប្រាប់​ពួក​គេ​ថា​ពួក​គេ​មាន​«​ទុក្ខ​វេទនា [​និង​]​គួរ​ឲ្យ​អាណិត​»។ ពួក​គេ​ត្រូវ​មាន​ចិត្ត​ខ្នះ​ខ្នែង​ជា​ខ្លាំង​ចំពោះ​ព្រះ​យេហូវ៉ា​និង​ការ​គោរព​ប្រណិប័តន៍​លោក។ (​បប. ៣:១៩​) តើ​យើង​ទាញ​យក​មេ​រៀន​អ្វី? បើ​ចិត្ត​ខ្នះ​ខ្នែង​របស់​យើង​បាន​រសាយ​ទៅ យើង​ត្រូវ​មាន​ចិត្ត​កតញ្ញូ​កាន់​តែ​ខ្លាំង​ចំពោះ​អ្វី​ល្អ​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​និង​អង្គការ​លោក​ផ្ដល់​ឲ្យ​យើង។ (​បប. ៣:១៨​) យើង​មិន​គួរ​ខំ​ប្រឹង​ឲ្យ​មាន​ជីវិត​សុខ​ស្រួល​នៅ​ឥឡូវ​នេះ រហូត​ដល់​លែង​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ថា​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​យើង​ឡើយ។

៩. ដូច​បាន​បញ្ជាក់​ក្នុង​ដំណឹង​របស់​លោក​យេស៊ូ​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​ពើកាម៉ុម និង​ក្រុង​ធាទេរ៉ា តើ​យើង​ត្រូវ​ជៀស​វាង​ពី​អ្វី?

យើង​ត្រូវ​បដិសេធ​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ក្បត់​ជំនឿ។ លោក​យេស៊ូ​បាន​ប្រដៅ​តម្រង់​គ្រិស្ត​សាសនិក​ខ្លះ​នៅ​ក្រុង​ពើកាម៉ុម ចំពោះ​ការ​បង្ក​ឲ្យ​មាន​ការ​បែក​បាក់​គ្នា និង​ការលើក​ស្ទួយ​និកាយ​ផ្សេង​ៗ។ (​បប. ២:១៤​-​១៦​) លោក​បាន​សរសើរ​បង​ប្អូន​នៅ​ក្រុង​ធាទេរ៉ា ដែល​បាន​ជៀស​វាង​ពី​«​សេចក្ដី​ជ្រាល​ជ្រៅ​របស់​សាថាន​»​ ហើយ​លោក​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​«​កាន់​ខ្ជាប់​តាម​»​សេចក្ដី​ពិត។ (​បប. ២:២៤​-​២៦​) គ្រិស្ត​សាសនិក​នៅ​ទី​នោះ​ដែល​មាន​ជំនឿ​ខ្សោយ ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​តាម​សេចក្ដី​បង្រៀន​មិន​ពិត ត្រូវ​ប្រែ​ចិត្ត។ ចុះ​យ៉ាង​ណា​យើង​នៅ​សព្វ​ថ្ងៃ​នេះ​វិញ? យើង​ត្រូវ​បដិសេធ​សេចក្ដី​បង្រៀន​ណា​ដែល​ប្រឆាំង​នឹង​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា។ ពួក​អ្នក​ក្បត់​ជំនឿ​ប្រហែល​ជា​«​ធ្វើ​ឫកពា​ជា​មនុស្ស​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​»​ តែ​ពួក​គេ​«​មិន​ព្រម​ទទួល​ឥទ្ធិពល​ពី​ភក្ដី​ភាព​នោះ​ទេ​»។ (​២ធី. ៣:៥​) ពេល​ដែល​យើង​សិក្សា​បណ្ដាំ​របស់​ព្រះ​យ៉ាង​ល្អ យើង​នឹង​ស្រួល​ជាង​ក្នុង​ការ​សម្គាល់​និង​បដិសេធ​សេចក្ដី​បង្រៀន​មិន​ពិត។—២ធី. ៣:១៤​-​១៧; យូ. ៣, ៤

១០. តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ថែម​ទៀត​ពី​ប្រសាសន៍​របស់​លោក​យេស៊ូ​ទៅ​កាន់​ក្រុម​ជំនុំ​នា​ក្រុង​ពើកាម៉ុម និង​ក្រុង​ធាទេរ៉ា?

១០ យើង​ត្រូវ​បដិសេធ​អំពើ​ប្រាស​ចាក​សីលធម៌​គ្រប់​ប្រភេទ។ បង​ប្អូន​នៅ​ក្រុង​ពើកាម៉ុម និង​ក្រុង​ធាទេរ៉ា​មាន​បញ្ហា​មួយ​ទៀត។ លោក​យេស៊ូ​បាន​ផ្ដន្ទា​ទោស​គ្រិស្ត​សាសនិក​ខ្លះ​នៅ​ក្នុង​ក្រុម​ជំនុំ​ទាំង​នោះ​ចំពោះ​ការ​មិន​បដិសេធ​អំពើ​ប្រាស​ចាក​សីលធម៌។ (​បប. ២:១៤, ២០​) តើ​យើង​ទាញ​យក​មេ​រៀន​អ្វី? ទោះ​ជា​យើង​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ ហើយ​នៅ​ឥឡូវ​នេះ​មាន​ឯកសិទ្ធិ​ច្រើន​ក្ដី យើង​មិន​អាច​រំពឹង​ថា​លោក​នឹង​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ឡើយ។ (​១សាំ. ១៥:២២; ១ពេ. ២:១៦​) ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​កាន់​តាម​ខ្នាត​តម្រា​សីលធម៌​ដ៏​ខ្ពង់​ខ្ពស់​របស់​លោក​យ៉ាង​ខ្ជាប់​ខ្ជួន មិន​ថា​ខ្នាត​តម្រា​របស់​ពិភព​លោក​នេះ​ថោក​ទាប​ទៅ​ៗ​ក្ដី។—អេភ. ៦:១១​-​១៣

១១. តើ​យើង​បាន​រៀន​អ្វី​រហូត​មក​ដល់​ត្រឹម​នេះ? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ មេ​រៀន​សម្រាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ​»​)

១១ មក​ដល់​ត្រឹម​នេះ តើ​យើង​បាន​រៀន​អ្វី​ខ្លះ? យើង​ឃើញ​ថា​យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា ការ​គោរព​ប្រណិប័តន៍​របស់​យើង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ បើ​យើង​កំពុង​ធ្វើ​អ្វី​ដែល​អាច​នាំ​ឲ្យ​ព្រះ​មិន​ពេញ​ចិត្ត​នឹង​ការ​គោរព​ប្រណិប័តន៍​របស់​យើង យើង​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​ភ្លាម​ៗ​ដើម្បី​យើង​អាច​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក។ (​បប. ២:៥, ១៦; ៣:៣, ១៦​) ប៉ុន្តែ លោក​យេស៊ូ​បាន​លើក​បញ្ជាក់​អំពី​អ្វី​ផ្សេង​ទៀត​ក្នុង​ដំណឹង​របស់​លោក​ទៅ​កាន់​ក្រុម​ជំនុំ​នានា។ តើ​នោះ​ជា​អ្វី?

ចូរ​សុខ​ចិត្ត​ស៊ូ​ទ្រាំ​នឹង​ការ​បៀតបៀន

ក្រោយ​ពី​សាថាន​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​ស្ថាន​សួគ៌ តើ​វា​បាន​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​វគ្គ​១២​-​១៦​)

១២. តើ​យើង​អាច​រៀន​អ្វី​ពី​ដំណឹង​របស់​លោក​យេស៊ូ​ចំពោះ​បង​ប្អូន​នៅ​ក្រុង​ស្មៀរណា និង​ក្រុង​ភីឡាដិលភា? (​ការ​បើក​បង្ហាញ ២:១០​)

១២ ឥឡូវ សូម​យើង​ពិចារណា​អំពី​ដំណឹង​របស់​លោក​យេស៊ូ​ទៅ​កាន់​ក្រុម​ជំនុំ​នា​ក្រុង​ស្មៀរណា​និង​ក្រុង​ភីឡាដិលភា។ លោក​បាន​ប្រាប់​គ្រិស្ត​សាសនិក​នៅ​ទី​នោះ កុំ​ឲ្យ​ខ្លាច​ការ​បៀតបៀន ដោយ​សារ​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​រង្វាន់​ពួក​គេ បើ​ពួកគេ​រក្សា​ភាព​ស្មោះ​ត្រង់។ (​សូម​អាន ការ​បើកបង្ហាញ ២:​១០; ៣:១០​) តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​នៅ​សព្វ​ថ្ងៃនេះ? យើង​ត្រូវ​រំពឹង​ថា​យើង​នឹង​ជួប​ការ​បៀតបៀន ហើយយើង​ក៏​ត្រូវ​សុខ​ចិត្ត​ស៊ូ​ទ្រាំ​នឹង​ការ​បៀតបៀន​នោះ​ដែរ។ (​ម៉ាថ. ២៤:៩, ១៣; ២កូ. ១២:១០​) ហេតុ​អ្វី​ការ​រំលឹក​នេះ​គឺ​សំខាន់?

១៣​-​១៤. តើ​ព្រឹត្តិការណ៍​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ការ​បើក​បង្ហាញ ជំពូក​១២​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​រាស្ត្រ​ព្រះ?

១៣ សៀវភៅ​ការ​បើក​បង្ហាញ​ប្រាប់​យើង​ថា​រាស្ត្រ​ព្រះ​នឹង​ទទួល​ការ​បៀតបៀន​នៅ​សម័យ​របស់​យើង ពោល​គឺ​នៅ​«​ថ្ងៃ​របស់​លោក​ម្ចាស់​»។ ការ​បើក​បង្ហាញ ជំពូក​១២​រៀប​រាប់​ថា​សង្គ្រាម​ផ្ទុះ​ឡើង​នៅ​ស្ថាន​សួគ៌​ភ្លាម​ៗ​បន្ទាប់​ពី​រាជាណាចក្រ​ព្រះ​បាន​ស្ថាបនា​ឡើង។ មីកែល​ដែល​ជា​ឈ្មោះ​មួយ​ដែល​សំដៅ​លើ​លោក​យេស៊ូ​គ្រិស្ត និង​បណ្ដា​ទេវតា​របស់​លោក​បាន​ច្បាំង​នឹង​សាថាន ព្រម​ទាំង​ពួក​វិញ្ញាណ​កំណាច។ (​បប. ១២:៧, ៨​) ជា​លទ្ធផល ពួក​សត្រូវ​ទាំង​នេះ​របស់​ព្រះ បាន​បរាជ័យ និង​បាន​ត្រូវ​បោះ​ទម្លាក់​មក​ផែនដី ហើយ​នាំ​ឲ្យ​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង​ដល់​មនុស្សជាតិ។ (​បប. ១២:៩, ១២​) ប៉ុន្តែ តើ​អ្វី​បាន​កើត​ឡើង​ចំពោះ​រាស្ត្រ​ព្រះ?

១៤ បន្ទាប់​មក សៀវភៅ​ការ​បើក​បង្ហាញ​ប្រាប់​យើង​អំពី​ប្រតិកម្ម​របស់​សាថាន។ វា​លែង​អាច​ចូល​ទៅ​ស្ថាន​សួគ៌​បាន​ទៀត​ទេ ដូច្នេះ​វា​វាយ​ប្រហារ​អ្នក​បម្រើ​ព្រះ​ដែល​បាន​ត្រូវ​រើស​តាំង​នៅ​ផែនដី។ ពួក​អ្នក​រើស​តាំង​ទាំង​នេះ​ជា​តំណាង​នៃ​រាជាណាចក្រ​របស់​ព្រះ ហើយ​ពួក​គេ​មាន​«​កិច្ច​ការ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​លោក​យេស៊ូ​»។ (​បប. ១២:១៧; ២កូ. ៥:២០; អេភ. ៦:១៩, ២០​) តើ​ទំនាយ​នេះ​បាន​ត្រូវ​សម្រេច​យ៉ាង​ដូច​ម្ដេច?

១៥. តើ​«​សាក្សី​ពីរ​នាក់​»​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ការ​បើក​បង្ហាញ ជំពូក​១១​ជា​តំណាង​អ្នក​ណា ហើយ​តើ​អ្វី​បាន​កើត​ឡើង​ចំពោះ​ពួក​គេ?

១៥ សាថាន​បាន​បណ្ដាល​ឲ្យ​សត្រូវ​របស់​ព្រះ​វាយ​ប្រហារ​លើ​បង​ប្រុស​ៗ​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​នាំ​មុខ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ។ បុរស​ទាំង​នេះ​បាន​ត្រូវ​តំណាង​ដោយ​«​សាក្សី​ពីរ​នាក់​»​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ​ដែល​បាន​ត្រូវ​គេ​សម្លាប់។ * (​បប. ១១:៣, ៧​-​១១​) នៅ​ឆ្នាំ​១៩១៨ បង​ប្រុស​៨​នាក់​ដែល​នាំ​មុខ​ក្នុង​អង្គការ​ព្រះ​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​មិន​ពិត ប្រកាស​ថា​មាន​ទោស និង​ឲ្យ​ជាប់​គុក​អស់​រយៈ​ពេល​យូរ។ មនុស្ស​ភាគ​ច្រើន​បាន​គិត​ថា​កិច្ច​ការ​របស់​ពួក​អ្នក​រើស​តាំង​ទាំង​នេះ​បាន​ត្រូវ​បញ្ឈប់។

១៦. តើ​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​អ្វី​បាន​កើត​ឡើង​នៅ​ឆ្នាំ​១៩១៩ ប៉ុន្តែ​តើ​សាថាន​បាន​បន្ត​ធ្វើ​អ្វី​តាំង​ពី​ពេល​នោះ​មក?

១៦ ទំនាយ​នៅ​ការ​បើក​បង្ហាញ ជំពូក​១១​ក៏​ប្រាប់​ថា ក្រោយ​ពី​មួយ​រយៈ​ពេល​ខ្លី ​«​សាក្សី​ពីរ​នាក់​»​នឹង​មាន​ជីវិត​ឡើង​វិញ។ ទំនាយ​នេះ​បាន​ត្រូវ​សម្រេច​តាម​របៀប​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មិន​ដល់​មួយ​ឆ្នាំ​ក្រោយ​ពី​បង​ប្រុស​ទាំង​នោះ​បាន​ត្រូវ​គេ​ដាក់​គុក។ នៅ​ដើម​ឆ្នាំ​១៩១៩ បង​ប្រុស​ដែល​ព្រះ​បាន​រើស​តាំង​ទាំង​នេះ បាន​ត្រូវ​ដោះ​លែង​ពី​គុក ហើយ​ក្រោយ​មក​ពាក្យ​បណ្ដឹង​បាន​ត្រូវ​លើក​ចោល។ ភ្លាម​ៗ​នោះ​បង​ប្រុស​ទាំង​នោះ​បាន​ចាប់​ផ្ដើម​នាំ​មុខ​ម្ដង​ទៀត​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​និង​បង្រៀន។ ប៉ុន្តែ នេះ​មិន​បាន​បញ្ឈប់​ការ​វាយ​ប្រហារ​របស់​សាថាន​មក​លើ​រាស្ត្រ​ព្រះ​ឡើយ។ តាំង​ពី​ពេល​នោះ​មក សាថាន​បាន​បណ្ដាល​ឲ្យ​មាន​ការ​បៀតបៀន​ជា​ច្រើន​ដូច​«​ទន្លេ​»​ទាស់​នឹង​រាស្ត្រ​ព្រះ​ទាំង​អស់។ (​បប. ១២:១៥​) ពិត​មែន នេះ​តម្រូវ​ឲ្យ​យើង​ម្នាក់​ៗ​«​ចេះ​ស៊ូ​ទ្រាំ​និង​មាន​ជំនឿ​»។—បប. ១៣:១០

ចូរ​ចូល​រួម​យ៉ាង​ពេញ​លេញ​ក្នុង​កិច្ច​ការ​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​យើង

១៧. ទោះ​ជា​រាស្ត្រ​ព្រះ​បាន​ត្រូវ​សាថាន​វាយ​ប្រហារ​ក្ដី តើ​ពួក​គេ​បាន​ទទួល​ជំនួយ​ដែល​នឹក​ស្មាន​មិន​ដល់​អ្វី?

១៧ បន្ទាប់​មក សៀវភៅ​ការ​បើក​បង្ហាញ ជំពូក​១២​រៀប​រាប់​ថា​រាស្ត្រ​ព្រះ​នឹង​ទទួល​ជំនួយ​ខ្លះ​ពី​ប្រភព​មួយ​ដែល​នឹក​ស្មាន​មិន​ដល់។ ​«​ផែនដី​»​ហាក់​ដូច​ជា​លេប​«​ទឹក​ទន្លេ​»​ឬ​ការ​បៀតបៀន។ (​បប. ១២:១៦​) នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​មែន។ ជួន​កាល ផ្នែក​ផ្សេង​ៗ​នៃ​ពិភព​លោក​របស់​សាថាន​ដែល​មាន​គំនិត​សម​ហេតុ​សម​ផល​ជាង ដូច​ជា​ប្រព័ន្ធ​តុលាការ​ខ្លះ​ៗ បាន​ជួយ​រាស្ត្រ​ព្រះ។ ជា​ច្រើន​ដង អ្នក​បម្រើ​ព្រះ​យេហូវ៉ា​បាន​ឈ្នះ​រឿង​ក្ដី ហើយ​នោះ​បាន​ឲ្យ​ពួក​គេ​មាន​សេរី​ភាព​មួយ​កម្រិត។ តើ​ពួក​គេ​ប្រើ​សេរី​ភាព​នោះ​យ៉ាង​ដូច​ម្ដេច? ពួក​គេ​បាន​ប្រើ​ឱកាស​នោះ​យ៉ាង​ឈ្លាស​វៃ​ដើម្បី​ធ្វើ​កិច្ច​ការ​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពួក​គេ។ (​១កូ. ១៦:៩​) តើ​កិច្ច​ការ​នេះ​រួម​បញ្ចូល​អ្វី?

តើ​រាស្ត្រ​របស់​ព្រះ​ប្រកាស​ផ្សាយ​ដំណឹង​ពីរ​យ៉ាង​អ្វី? (​សូម​មើល​វគ្គ​១៨​-​១៩​)

១៨. នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ តើ​កិច្ច​ការ​ចម្បង​របស់​យើង​គឺ​ជា​អ្វី?

១៨ លោក​យេស៊ូ​បាន​ប្រាប់​ទុក​ជា​មុន​ថា​រាស្ត្រ​លោក​នឹង​ប្រកាស​‹ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ› នៅ​ទូទាំង​ផែនដី​មុន​ទី​បញ្ចប់​មក​ដល់។ (​ម៉ាថ. ២៤:១៤​) ពេល​ពួក​គេ​ធ្វើ​ដូច្នេះ ពួក​គេ​ទទួល​ជំនួយ​ពី​ពួក​ទេវតា​ដែល​«​មាន​ដំណឹង​ល្អ​ដែល​ស្ថិត​ស្ថេរ ជា​ដំណឹង​សម្រាប់​ប្រកាស​ប្រាប់​ដល់​អស់​អ្នក​ដែល​អាស្រ័យ​នៅ​ផែនដី ដល់​គ្រប់​ប្រជា​ជាតិ គ្រប់​កុលសម្ព័ន្ធ គ្រប់​ភាសា និង​គ្រប់​ជន​ជាតិ​»។—បប. ១៤:៦

១៩. តើ​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ត្រូវ​ផ្សព្វ​ផ្សាយ​អំពី​ដំណឹង​អ្វី​ទៀត?

១៩ រាស្ត្រ​របស់​ព្រះ​មិន​គ្រាន់​តែ​ត្រូវ​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​លោក​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​ក៏​ត្រូវ​គាំទ្រ​កិច្ច​ការ​របស់​ពួក​ទេវតា​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ការ​បើក​បង្ហាញ ជំពូក​៨​ដល់​១០។ ទេវតា​ទាំង​នេះ​ប្រកាស​អំពី​ទុក្ខ​វេទនា​ជា​បន្ត​បន្ទាប់​ចំពោះ​ពួក​អ្នក​ដែល​បដិសេធ​រាជាណាចក្រ​ព្រះ។ ដូច្នេះ សាក្សី​ព្រះ​យេហូវ៉ា​ប្រកាស​ដំណឹង​អំពី​ការ​វិនិច្ឆ័យ​ដែល​ប្រៀប​ដូច​ជា​«​ដុំ​ទឹក​កក​និង​ភ្លើង​»​ ហើយ​ដែល​ពន្យល់​អំពី​ការ​វិនិច្ឆ័យ​របស់​ព្រះ​ទៅ​លើ​ផ្នែក​ផ្សេង​ៗ​នៃ​ពិភព​លោក​ដ៏​អាក្រក់​របស់​សាថាន។ (​បប. ៨:៧, ១៣​) មនុស្ស​ត្រូវ​ដឹង​ថា​ទី​បញ្ចប់​គឺ​ជិត​មក​ដល់​ហើយ ដើម្បី​ពួក​គេ​អាច​ធ្វើ​ការ​កែ​ប្រែ​ធំ​ៗ​ក្នុង​ជីវិត ហើយ​រួច​ជីវិត​នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ​យេហូវ៉ា។ (​សេផ. ២:២, ៣​) មនុស្ស​ទូទៅ​មិន​ចូល​ចិត្ត​ស្ដាប់​ដំណឹង​នេះ​ទេ ដូច្នេះ​យើង​ត្រូវ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ប្រកាស​អំពី​ដំណឹង​នេះ។ ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង ដំណឹង​អំពី​ការ​វិនិច្ឆ័យ​ចុង​ក្រោយ​នឹង​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ។—បប. ១៦:២១

ចូរ​ប្រព្រឹត្ត​តាម​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ក្នុង​ទំនាយ​នេះ

២០. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​នៅ​ក្នុង​អត្ថបទ​ពីរ​បន្ទាប់?

២០ យើង​ពិត​ជា​ត្រូវ​ប្រព្រឹត្ត​តាម​«​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ក្នុង​ទំនាយ​នេះ​»​ ដោយ​សារ​ការ​សម្រេច​នៃ​ពាក្យ​នៅ​សៀវភៅ​ការ​បើក​បង្ហាញ​ជាប់​ទាក់​ទង​នឹង​យើង។ (​បប. ១:៣​) ប៉ុន្តែ តើ​យើង​អាច​ស៊ូ​ទ្រាំ​នឹង​ការ​បៀតបៀន​យ៉ាង​ស្មោះ​ត្រង់ ហើយ​បន្ត​ផ្សព្វ​ផ្សាយ​អំពី​ដំណឹង​ទាំង​នេះ​យ៉ាង​ក្លាហាន​តាមរបៀប​ណា? យើង​នឹង​ទទួល​កម្លាំង​តាម​រយៈ​អ្វី​ពីរ​យ៉ាង​គឺ ទី​១​តាម​រយៈ​អ្វី​ដែល​សៀវភៅ​ការ​បើក​បង្ហាញ​ប្រាប់​អំពី​សត្រូវ​របស់​ព្រះ និង​ទី​២​តាម​រយៈ​ពរ​ដែល​យើង​នឹង​ទទួល​នៅ​ថ្ងៃ​អនាគត​បើ​យើង​រក្សា​ភាព​ស្មោះ​ត្រង់។ យើង​នឹង​ពិចារណា​អំពី​ប្រធានបទ​ទាំង​នេះ​នៅ​ក្នុង​អត្ថបទ​ពីរ​បន្ទាប់។

ចម្រៀង​លេខ​៣២ ចូរ​មក​ខាង​ព្រះ​យេហូវ៉ា!

^ វគ្គ 5 យើង​កំពុង​រស់​នៅ​គ្រា​ដ៏​គួរ​ឲ្យ​រំភើប! ទំនាយ​នៅ​សៀវភៅ​ការ​បើក​បង្ហាញ​កំពុង​ក្លាយ​ជា​ការ​ពិត​នៅ​សព្វ​ថ្ងៃ​នេះ។ តើ​ទំនាយ​ទាំង​នោះ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង? ក្នុង​អត្ថបទ​នេះ​និង​អត្ថបទ​ពីរ​បន្ទាប់​ទៀត យើង​នឹង​ពិចារណា​អំពី​ព័ត៌មាន​ខ្លះ​ពី​សៀវភៅ​ការ​បើក​បង្ហាញ។ អត្ថបទ​ទាំង​នេះ​នឹង​បង្ហាញ​យើង​អំពី​របៀប​ដែល​យើង​អាច​បន្ដ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​ការ​គោរព​ប្រណិប័តន៍​របស់​យើង ដោយ​ធ្វើ​តាម​អ្វី​ៗ​ដែល​បាន​ត្រូវ​សរសេរ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ។

^ វគ្គ 15 សូម​មើល​«​សំណួរ​ពី​អ្នក​អាន​»​ក្នុង​ឯកសារ​យោង​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត កំណត់​សម្រាប់​កិច្ច​ប្រជុំ ខែ​ធ្នូ ឆ្នាំ​២០១៩ ទំព័រ​ទី​២​-​៣