លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២២

យោបល់ដែលប្រកបដោយប្រាជ្ញាដើម្បីណែនាំយើងក្នុងជីវិត

យោបល់ដែលប្រកបដោយប្រាជ្ញាដើម្បីណែនាំយើងក្នុងជីវិត

​«​ព្រះ​យេហូវ៉ា​ជា​អ្នក​ផ្ដល់​ប្រាជ្ញា​»។—សុភ. ២:៦

ចម្រៀង​លេខ​៨៩ បើ​អ្នក​ស្ដាប់​បង្គាប់ អ្នក​នឹង​ទទួល​ពរ​បវរ

សេចក្ដី​សង្ខេប *

១. ហេតុ​អ្វី​យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​ប្រាជ្ញា​ពី​ព្រះ? (​សុភាសិត ៤:៧​)

 បើ​អ្នក​ធ្លាប់​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​រឿង​សំខាន់ អ្នក​ច្បាស់​ជា​បាន​អធិដ្ឋាន​សុំ​ប្រាជ្ញា​ដែល​អ្នក​ត្រូវ​ការ។ (​យ៉ា. ១:៥​) ស្ដេច​សាឡូម៉ូន​បាន​សរសេរ​ថា​៖ ​«​ប្រាជ្ញា​គឺ​សំខាន់​បំផុត​»។ (​សូម​អាន សុភាសិត ៤:៧) សាឡូម៉ូន​មិន​មែន​ចង់​និយាយ​អំពី​ប្រាជ្ញា​ដែល​មាន​ប្រភព​ពី​មនុស្ស​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​ចង់​សំដៅ​ទៅ​លើ​ប្រាជ្ញា​ពី​ព្រះ​យេហូវ៉ា។ (​សុភ. ២:៦​) ប៉ុន្តែ តើ​ប្រាជ្ញា​ពី​ព្រះ​អាច​ជួយ​យើង​ឲ្យ​ប្រឈម​មុខ​នឹង​ការ​ពិបាក​ដែល​យើង​ជួប​ប្រទះ​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? គឺ​អាច។ យើង​នឹង​ឃើញ​ដូច្នេះ​ក្នុង​អត្ថបទ​នេះ។

២. តើ​របៀប​មួយ​ដែល​យើង​អាច​មាន​ប្រាជ្ញា​ពិត​ប្រាកដ​គឺ​ជា​អ្វី?

របៀប​មួយ​ដែល​យើង​អាច​មាន​ប្រាជ្ញា​ពិត​ប្រាកដ គឺ​ដោយ​សិក្សា​និង​ធ្វើ​តាម​សេចក្ដី​បង្រៀន​របស់​បុរស​ពីរ​នាក់​ដែល​មាន​ប្រាជ្ញា​ច្រើន​លើស​លប់។ ដំបូង យើង​នឹង​គិត​ពិចារណា​អំពី​សាឡូម៉ូន។ គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​បាន​ឲ្យ​សាឡូម៉ូន​មាន​ប្រាជ្ញា​ច្រើន​លើស​លប់ និង​សមត្ថភាព​វែក​ញែក​យ៉ាង​ពូកែ​»។ (​១បស. ៤:២៩​) បន្ទាប់​មក យើង​នឹង​ពិចារណា​អំពី​លោក​យេស៊ូ​ដែល​មាន​ប្រាជ្ញា​ច្រើន​ជាង​គេ​បំផុត។ (​ម៉ាថ. ១២:៤២​) គម្ពីរ​បាន​ប្រកាស​ទុក​ជា​មុន​អំពី​លោក​យេស៊ូ​ថា​៖ ​«​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​នឹង​សណ្ឋិត​លើ​គាត់។ ហេតុ​នេះ គាត់​នឹង​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង​ជ្រាល​ជ្រៅ​»។—អេ. ១១:២

៣. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ប្រាជ្ញា​ជា​ច្រើន​ដល់​សាឡូម៉ូន​និង​លោក​យេស៊ូ។ ហេតុ​នេះ ពួក​គាត់​អាច​ឲ្យ​យោបល់​ល្អ​ៗ​អំពី​រឿង​សំខាន់​ៗ​ចំពោះ​យើង​ទាំង​អស់​គ្នា។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​យោបល់​បី​ក្នុង​ចំណោម​យោបល់​ទាំង​នោះ​គឺ យើង​ត្រូវ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​លុយ ការ​ងារ និង​ខ្លួន​ឯង។

ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​លុយ

៤. ស្ដី​អំពី​ទ្រព្យ​សម្បត្តិ តើ​មាន​ស្ថានភាព​ខុស​គ្នា​អ្វី​រវាង​សាឡូម៉ូន​និង​លោក​យេស៊ូ?

សាឡូម៉ូន​ជា​អ្នក​មាន​ស្ដុក​ស្ដម្ភ ហើយ​គាត់​បាន​រស់​នៅ​ក្នុង​ផ្ទះ​ដ៏​ល្អ​ប្រណីត​និង​មាន​ផាសុកភាព។ (​១បស. ១០:៧, ១៤, ១៥​) រីឯ​លោក​យេស៊ូ​វិញ លោក​មិន​សូវ​មាន​ទ្រព្យ​សម្បត្តិ និង​គ្មាន​ផ្ទះ​ផ្ទាល់​ខ្លួន​ទេ។ (​ម៉ាថ. ៨:២០​) ដោយ​សារ​ប្រាជ្ញា​របស់​បុរស​ទាំង​ពីរ​នាក់​នេះ​គឺ​មក​ពី​ព្រះ​យេហូវ៉ា​ដូច​គ្នា នោះ​ពួក​គាត់​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ទ្រព្យ​សម្បត្តិ។

៥. តើ​សាឡូម៉ូន​មាន​ទស្សនៈ​ត្រឹម​ត្រូវ​យ៉ាង​ណា​ចំពោះ​លុយ?

សាឡូម៉ូន​បាន​និយាយ​ថា លុយ​ឬ​ប្រាក់​«​ជា​គ្រឿង​ការ​ពារ​»។ (​អទ. ៧:១២​) បើ​យើង​មាន​លុយ យើង​អាច​ទិញ​អ្វី​ដែល​យើង​ត្រូវ​ការ និង​ប្រហែល​ជា​អ្វី​មួយ​ចំនួន​ដែល​យើង​ចង់​បាន។ ប៉ុន្តែ ទោះ​ជា​សាឡូម៉ូន​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក​ស្ដម្ភ​យ៉ាង​ណា​ក្ដី គាត់​បាន​ទទួល​ស្គាល់​ថា​មាន​អ្វី​ផ្សេង​ដែល​សំខាន់​ជាង​លុយ។ ជា​ឧទាហរណ៍ គាត់​បាន​សរសេរ​ថា​៖ ​«​មាន​កេរ្តិ៍​ឈ្មោះ​ល្អ ប្រសើរ​ជាង​មាន​ទ្រព្យ​មហា​សាល​»។ (​សុភ. ២២:១​) សាឡូម៉ូន​ក៏​បាន​សង្កេត​ឃើញ​ថា​មនុស្ស​ភាគ​ច្រើន​ដែល​ស្រឡាញ់​លុយ មិន​សូវ​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ពួក​គេ​មាន​ទេ។ (​អទ. ៥:១០, ១២​) ម្យ៉ាង​ទៀត សាឡូម៉ូន​បាន​និយាយ​ថា យើង​មិន​គួរ​ចាត់​ទុក​លុយ​ថា​សំខាន់​បំផុត​ឡើយ ដោយ​សារ​ទោះ​ជា​យើង​មាន​លុយ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ លុយ​នោះ​អាច​បាត់​ទៅ​ក្នុង​មួយ​រំពេច។—សុភ. ២៣:៤, ៥

តើ​ទស្សនៈ​របស់​យើង​ចំពោះ​ទ្រព្យ​សម្បត្តិ​រា​រាំង​យើង​ពី​ការ​ស្វែង​រក​រាជាណាចក្រ​របស់​ព្រះ​ជា​មុន​ឬ​ទេ? (​សូម​មើល​វគ្គ​៦​-​៧​) *

៦. តើ​លោក​យេស៊ូ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​យ៉ាង​ណា​ចំពោះ​ទ្រព្យ​សម្បត្តិ? (​ម៉ាថាយ ៦:៣១​-​៣៣​)

លោក​យេស៊ូ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ទ្រព្យ​សម្បត្តិ។ លោក​សប្បាយ​នឹង​ការ​បរិភោគ​និង​ការ​ផឹក។ (​លូក. ១៩:២, ៦, ៧​) នៅ​ពេល​មួយ លោក​បាន​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​ស្រា​ដែល​មាន​គុណ​ភាព​ល្អ។ នេះ​ជា​អព្ភូតហេតុ​ដំបូង​របស់​លោក។ (​យ៉ូន. ២:១០, ១១​) ម្យ៉ាង​ទៀត នៅ​ថ្ងៃ​ដែល​លោក​ទទួល​មរណភាព លោក​ស្លៀក​សម្លៀក​បំពាក់​ដែល​មាន​តម្លៃ​ថ្លៃ។ (​យ៉ូន. ១៩:២៣, ២៤​) ប៉ុន្តែ លោក​យេស៊ូ​មិន​បាន​ឲ្យ​ទ្រព្យ​សម្បត្តិ​ទៅ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​លោក​ទេ។ លោក​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​ថា​៖ ​«​គ្មាន​អ្នក​ណា​អាច​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ម្ចាស់​ពីរ​បាន​ឡើយ . . . អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​ផង និង​ទ្រព្យ​សម្បត្តិ​ផង​បាន​ឡើយ​»។ (​ម៉ាថ. ៦:២៤​) លោក​យេស៊ូ​បាន​បង្រៀន​ថា បើ​យើង​ស្វែង​រក​រាជាណាចក្រ​ជា​មុន ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​មាន​អ្វី​ដែល​យើង​ត្រូវ​ការ។—សូម​អាន ម៉ាថាយ ៦:៣១​-​៣៣

៧. តើ​បង​ប្រុស​ម្នាក់​បាន​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​លុយ?

បង​ប្អូន​ជា​ច្រើន​បាន​ទទួល​ប្រយោជន៍​ពី​ការ​ធ្វើ​តាម​យោបល់​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ពី​ព្រះ​ស្ដី​អំពី​លុយ។ សូម​គិត​អំពី​បង​ប្រុស​នៅ​លីវ​ម្នាក់​ឈ្មោះ​ដានីយ៉ែល។ គាត់​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​នៅ​វ័យ​ជំទង់ ខ្ញុំ​បាន​សម្រេច​ចិត្ត​ចាត់​ទុក​ការ​បម្រើ​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​ខ្ញុំ​»។ ដោយ​សារ​បង​ដានីយ៉ែល​បាន​រក្សា​ជីវិត​ឲ្យ​សាមញ្ញ គាត់​អាច​ប្រើ​ពេល​វេលា​និង​ជំនាញ​របស់​គាត់​ដើម្បី​បំពេញ​ភារកិច្ច​ផ្សេង​ៗ​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា។ គាត់​បន្ថែម​ថា​៖ ​«​និយាយ​ដោយ​ស្មោះ ខ្ញុំ​មិន​ដែល​ស្ដាយ​ក្រោយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ទេ។ តាម​ពិត ខ្ញុំ​អាច​រក​លុយ​ឲ្យ​បាន​ច្រើន​បាន បើ​ខ្ញុំ​ចាត់​ទុក​វា​ថា​ជា​រឿង​សំខាន់​បំផុត​ក្នុង​ជីវិត។ ប៉ុន្តែ​បើ​ខ្ញុំ​ធ្វើ​អ៊ីចឹង ខ្ញុំ​នឹង​មិន​អាច​មាន​មិត្ត​ភក្ដិ​ល្អ​ៗ​ដូច​ដែល​ខ្ញុំ​មាន​នៅ​ឥឡូវ​នេះ​ទេ ហើយ​លុយ​ក៏​មិន​អាច​ជំនួស​ការ​ស្កប់​ចិត្ត​ដែល​ខ្ញុំ​ទទួល​ពី​ការ​ចាត់​ទុក​រាជាណាចក្រ​ព្រះ​ថា​សំខាន់​បំផុត​ដែរ។ មិន​ថា​មាន​លុយ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ គឺ​មិន​អាច​ប្រៀប​ស្មើ​នឹង​ពរ​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ​យេហូវ៉ា​ទេ​»។ យើង​ឃើញ​ច្បាស់​ថា ពេល​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ច​បម្រើ​ព្រះ មិន​មែន​ទៅ​លើ​លុយ យើង​ទទួល​ប្រយោជន៍។

ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​ងារ

៨. ហេតុ​អ្វី​យើង​ដឹង​ថា​សាឡូម៉ូន​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​ងារ? (​អ្នក​ទូន្មាន ៥:១៨, ១៩​)

សាឡូម៉ូន​បាន​និយាយ​ថា​ការ​ងារ​នឿយ​ហត់ អាច​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​សប្បាយ​រីករាយ​ជា​ខ្លាំង។ គាត់​បាន​ហៅ​នេះ​ថា​ជា​«​អំណោយ​ពី​ព្រះ​»។ (​សូម​អាន អ្នក​ទូន្មាន ៥:១៨, ១៩) គាត់​បាន​សរសេរ​ថា​៖ ​«​អស់​ទាំង​ការ​ងារ​នឿយ​ហត់​សុទ្ធ​តែ​មាន​ប្រយោជន៍​»។ (​សុភ. ១៤:២៣​) សាឡូម៉ូន​បាន​ដឹង​ថា​ពាក្យ​ទាំង​នោះ​គឺ​ពិត។ ពីព្រោះ​គាត់​ផ្ទាល់​ជា​អ្នក​ឧស្សាហ៍​ធ្វើ​ការ។ ជា​ឧទាហរណ៍ គាត់​បាន​សង់​វិមាន​ផ្សេង​ៗ ធ្វើ​ចម្ការ​ទំពាំង​បាយ​ជូរ ធ្វើ​សួន និង​ជីក​ស្រះ​ទឹក។ គាត់​ក៏​បាន​សង់​ក្រុង​ផ្សេង​ៗ​ផង​ដែរ។ (​១បស. ៩:១៩; អទ. ២:៤​-​៦​) ការ​ងារ​ទាំង​នេះ​ធ្វើ​ឲ្យ​គាត់​នឿយ​ហត់ តែ​សប្បាយ​រីករាយ។ ប៉ុន្តែ សាឡូម៉ូន​ដឹង​ថា​ដើម្បី​សប្បាយ​រីករាយ​ពិត​ប្រាកដ គាត់​ត្រូវ​ធ្វើ​លើស​ពី​នេះ​ទៅ​ទៀត។ គាត់​ក៏​បាន​ធ្វើ​អ្វី​ៗ​ជា​ច្រើន​សម្រាប់​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ គាត់​បាន​ចាត់​ចែង​កិច្ច​ការ​សាង​សង់​វិហារ​ដ៏​រុង​រឿង​សម្រាប់​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ កិច្ច​ការ​សាង​សង់​នោះ​បាន​ត្រូវ​ធ្វើ​ឡើង​អស់​រយៈ​ពេល​៧​ឆ្នាំ។ (​១បស. ៦:៣៨; ៩:១​) ក្រោយ​ពី​គាត់​បាន​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​ជា​ច្រើន គាត់​ទទួល​ស្គាល់​ថា​អ្វី​សំខាន់​បំផុត​គឺ​បម្រើ​ព្រះ​យេហូវ៉ា។ គាត់​សរសេរ​ថា​៖ ​«​ក្រោយ​ពី​បាន​ស្ដាប់​អ្វី​ៗ​ទាំង​អស់​នេះ​រួច​ហើយ សរុប​សេចក្ដី​គឺ​៖ ចូរ​គោរព​កោត​ខ្លាច​ព្រះ​ពិត ហើយ​ធ្វើ​តាម​បញ្ញត្តិ​របស់​លោក​ជា​និច្ច​»។—អទ. ១២:១៣

៩. តើ​តាម​របៀប​ណា​លោក​យេស៊ូ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ការ​ងារ​មិន​សំខាន់​ពេក​ចំពោះ​លោក?

លោក​យេស៊ូ​ជា​អ្នក​ប្រឹង​ប្រែង​ធ្វើ​ការ។ ពេល​លោក​នៅ​ក្មេង លោក​ជា​ជាង​ឈើ។ (​ម៉ាក. ៦:៣​) ឪពុក​ម្ដាយ​របស់​លោក​ច្បាស់​ជា​ឲ្យ​តម្លៃ​ចំពោះ​ជំនួយ​ពី​លោក កាល​ដែល​ពួកគេព្យាយាម​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​ដែល​មាន​សមាជិក​ច្រើន។ ដោយ​សារ​លោក​យេស៊ូ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ នោះ​លោក​អាច​ធ្វើ​កិច្ច​ការ​បាន​យ៉ាង​ល្អ​ក្រៃ​លែង។ ដូច្នេះ​មនុស្ស​ជា​ច្រើន​ទំនង​ជា​ចង់​ឲ្យ​លោក​ធ្វើ​របស់​របរ​ឲ្យ​ពួក​គេ។ លោក​យេស៊ូ​ច្បាស់​ជា​សប្បាយ​ធ្វើ​ការ​ងារ​នោះ។ ទោះ​ជា​លោក​ឧស្សាហ៍​ធ្វើ​ការ​ក្ដី លោក​តែង​តែ​ធ្វើ​ឲ្យ​ប្រាកដ​ថា​លោក​លៃ​ទុក​ពេល​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា។ (​យ៉ូន. ៧:១៥​) ក្រោយ​មក ពេល​លោក​ផ្សព្វ​ផ្សាយ​ពេញ​ពេល លោក​បាន​ឲ្យ​យោបល់​ដល់​អ្នក​ស្ដាប់​ថា​៖ ​«​កុំ​ព្យាយាម​ឲ្យ​បាន​អាហារ​ដែល​ខូច​ទៅ​ឡើយ តែ​ចូរ​ព្យាយាម​ឲ្យ​បាន​អាហារ​ដែល​នៅ​ស្ថិត​ស្ថេរ ជា​អាហារ​ដែល​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ (​យ៉ូន. ៦:២៧​) ពេល​លោក​ថ្លែង​សុន្ទរកថា​នៅ​លើ​ភ្នំ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​ឯ​ស្ថាន​សួគ៌​»។—ម៉ាថ. ៦:២០

តើ​យើង​អាច​រក្សា​ឲ្យ​មាន​តុល្យភាព​រវាង​ការ​ងារ​និង​កិច្ច​បម្រើ​ព្រះ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​វគ្គ​១០​-​១១​) *

១០. បើ​យើង​ជា​អ្នក​ធ្វើ​ការ​ងារ​ល្អ តើ​អ្វី​អាច​ជា​បញ្ហា?

១០ ប្រាជ្ញា​ពី​ព្រះ​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​ងារ។ ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​បាន​ត្រូវ​បង្រៀន​ឲ្យ​«​ខំ​ប្រឹង​ធ្វើ​ការ​»។ (​អេភ. ៤:២៨​) ថៅកែ​របស់​យើង​ច្រើន​តែ​ឃើញ​ថា​យើង​ជា​មនុស្ស​ទៀង​ត្រង់ និង​ឧស្សាហ៍​ធ្វើ​ការ​ងារ ហើយ​ពួក​គេ​ប្រហែល​ជា​ប្រាប់​យើង​ថា​ពួក​គេ​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​របៀប​ធ្វើ​ការ​របស់​យើង។ ដោយ​សារ​យើង​ចង់​ឲ្យ​ថៅកែ​របស់​យើង​គិត​ល្អ​អំពី​សាក្សី​ព្រះ​យេហូវ៉ា យើង​ប្រហែល​ជា​ធ្វើ​ការ​ច្រើន​ម៉ោង​ជាង។ ប៉ុន្តែ បើ​យើង​ធ្វើ​ដូច្នេះ យើង​ប្រហែល​ជា​មិន​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ក្រុម​គ្រួសារ ឬ​សម្រាប់​ធ្វើ​អ្វី​ផ្សេង​ៗ​ចំពោះ​ព្រះ​យេហូវ៉ា​ឡើយ។ យ៉ាង​នេះ យើង​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​ដើម្បី​ឲ្យ​មាន​តុល្យភាព​ក្នុង​រឿង​ការ​ងារ។

១១. តើ​ប្អូន​ប្រុស​ម្នាក់​បាន​រៀន​អ្វី​អំពី​ការ​មាន​តុល្យភាព​ចំពោះ​ការ​ងារ?

១១ ប្អូន​ប្រុស​ម្នាក់​ឈ្មោះ​វីល្លាម​បាន​រៀន​ពី​គំរូ​របស់​អ្នក​ចាស់ទុំ​ម្នាក់​ដែល​ជា​អតីត​ថៅកែ​របស់​គាត់ អំពី​សារៈ​សំខាន់​នៃ​ការ​មាន​តុល្យភាព​ចំពោះ​ការ​ងារ។ ប្អូន​វីល្លាម​និយាយ​ថា​៖ ​«​[​បង​ប្រុស​នេះ​] គឺ​ជា​គំរូ​ល្អ​ជា​អ្នក​ដែល​ចេះ​រក្សា​តុល្យភាព​ក្នុង​រឿង​ការ​ងារ។ គាត់​ធ្វើ​ការ​នឿយ​ហត់ ហើយ​គាត់​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ភ្ញៀវ​របស់​គាត់ ដោយ​សារ​គាត់​ធ្វើ​ការ​ល្អ។ ប៉ុន្តែ​នៅ​ចុង​ថ្ងៃ ពេល​ការ​ងារ​គាត់​រួច​រាល់​ហើយ គាត់​ទុក​ចោល​ការ​ងារ​របស់​គាត់​មួយ​ឡែក​សិន ហើយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ក្រុម​គ្រួសារ​របស់​គាត់ និង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ហើយ​ដឹង​ទេ ក្នុង​ចំណោម​អ្នក​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់ គាត់​ជា​បុគ្គល​ម្នាក់​ដែល​មាន​សុភមង្គល​បំផុត!​»។ *

ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន​ឯង

១២. តើ​សាឡូម៉ូន​បាន​បង្ហាញ​យ៉ាង​ណា​ថា​គាត់​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន​ឯង ប៉ុន្តែ​ក្រោយ​មក​ហេតុ​អ្វី​គាត់​លែង​មាន​ទស្សនៈ​ត្រឹម​ត្រូវ?

១២ ពេល​សាឡូម៉ូន​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដ៏​ស្មោះ​ត្រង់ គាត់​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន​ឯង។ កាល​ដែល​គាត់​មាន​វ័យ​ក្មេង គាត់​បាន​ទទួល​ស្គាល់​កម្រិត​សមត្ថភាព​របស់​ខ្លួន ហើយ​សុំ​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា។ (​១បស. ៣:៧​-​៩​) នៅ​ដើម​ការ​គ្រប់​គ្រង​របស់​សាឡូម៉ូន គាត់​ក៏​ដឹង​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​មាន​អំណួត​ដែរ។ គាត់​បាន​សរសេរ​ថា​៖ ​«​អំណួត​នាំ​ឲ្យ​វិនាស ហើយ​ភាព​ក្រអឺត​ក្រទម​នាំ​ឲ្យ​ដួល​ចុះ​»។ (​សុភ. ១៦:១៨​) គួរ​ឲ្យ​ស្ដាយ ក្រោយ​មក​សាឡូម៉ូន​មិន​ធ្វើ​តាម​យោបល់​របស់​ខ្លួន​នោះ​ទេ។ មួយ​រយៈ​ពេល​ក្រោយ​ពី​គាត់​ទៅ​ជា​ស្ដេច គាត់​ចាប់​ផ្ដើម​មាន​អំណួត និង​មិន​អើពើ​នឹង​តម្រូវ​ការ​របស់​ព្រះ។ ជា​ឧទាហរណ៍ ច្បាប់​មួយ​ចែង​ថា ស្ដេច​ជន​ជាតិ​ហេប្រឺ​មិន​គួរ​«​យក​ប្រពន្ធ​ច្រើន​ទេ ដើម្បី​កុំ​ឲ្យ​ចិត្ត​គាត់​បែរ​ចេញ​ពី​ផ្លូវ​ត្រឹម​ត្រូវ​»។ (​បច. ១៧:១៧​) សាឡូម៉ូន​មិន​ធ្វើ​តាម​ច្បាប់​នោះ ហើយ​បាន​យក​ប្រពន្ធ​៧០០​នាក់ និង​ប្រពន្ធ​បន្ទាប់​៣០០​នាក់ ហើយ​ពួក​គេ​ជា​ច្រើន​នាក់​ជា​អ្នក​គោរព​បូជា​ព្រះ​មិន​ពិត។ (​១បស. ១១:១​-​៣​) ប្រហែល​ជា​សាឡូម៉ូន​មាន​អារម្មណ៍​ថា នេះ​មិន​នាំ​ឲ្យ​មាន​បញ្ហា​ដល់​គាត់​ទេ។ ប៉ុន្តែ​ក្រោយ​មក សាឡូម៉ូន​បាន​រង​ផល​វិបាក ដោយ​សារ​ការ​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។—១បស. ១១:៩​-​១៣

១៣. តើ​យើង​អាច​រៀន​អ្វី​ពី​ការ​រំពឹង​គិត​អំពី​ចិត្ត​រាប​ទាប​របស់​លោក​យេស៊ូ?

១៣ លោក​យេស៊ូ​បាន​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន​ឯង។ មុន​លោក​យេស៊ូ​មក​ផែនដី លោក​បាន​ធ្វើ​អ្វី​ៗ​ដ៏​អស្ចារ្យ​ជា​ច្រើន​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា។ តាម​រយៈ​លោក​យេស៊ូ ​«​អ្វី​ៗ​ឯ​ទៀត​ទាំង​អស់​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែនដី បាន​ត្រូវ​បង្កើត​មក​»។ (​កូឡ. ១:១៦​) ពេល​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក លោក​ទំនង​ជា​នឹក​ចាំ​អំពី​អ្វី​ៗ​ដែល​លោក​បាន​ធ្វើ​ពេល​លោក​នៅ​ជា​មួយ​បិតា​របស់​លោក។ (​ម៉ាថ. ៣:១៦; យ៉ូន. ១៧:៥​) ប៉ុន្តែ លោក​មិន​បាន​ឲ្យ​ការ​នឹក​ចាំ​អំពី​អ្វី​ទាំង​នោះ​ធ្វើ​ឲ្យ​លោក​ទៅ​ជា​បុគ្គល​ដែល​មាន​អំណួត​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​មិន​ដែល​លើក​តម្កើង​ខ្លួន​ថា​ប្រសើរ​ជាង​អ្នក​ឯ​ទៀត​ទេ។ លោក​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​លោក​មក​ផែនដី មិន​មែន​‹ដើម្បី​ឲ្យ​គេ​បម្រើ​លោក តែ​បាន​មក​ដើម្បី​បម្រើ​គេ​វិញ ហើយ​ឲ្យ​ជីវិត​ខ្លួន​ជា​ថ្លៃ​លោះ​សម្រាប់​មនុស្ស​ជា​ច្រើន​ផង›។ (​ម៉ាថ. ២០:២៨​) លោក​យេស៊ូ​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា លោក​មិន​អាច​ធ្វើ​អ្វី​ដោយ​គំនិត​របស់​ខ្លួន​លោក​ផ្ទាល់​បាន​ឡើយ។ (​យ៉ូន. ៥:១៩​) លោក​យេស៊ូ​បាន​បង្ហាញ​ចិត្ត​រាប​ទាប ហើយ​លោក​គឺ​ជា​គំរូ​ល្អ​សម្រាប់​យើង។

១៤. តើ​យើង​អាច​រៀន​អ្វី​ពី​លោក​យេស៊ូ​អំពី​ការ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន​ឯង?

១៤ លោក​យេស៊ូ​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន​ឯង។ នៅ​ពេល​មួយ លោក​បាន​ពង្រឹង​ទំនុក​ចិត្ត​ពួក​គេ​ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ចំនួន​សរសៃ​សក់​នៅ​លើ​ក្បាល​អ្នក​រាល់​គ្នា ក៏​[​ព្រះ​]​ជ្រាប​ដែរ​»។ (​ម៉ាថ. ១០:៣០​) ពាក្យ​នេះ​ធ្វើ​ឲ្យ​យើង​ធូរ​ស្រាល​ក្នុង​ចិត្ត​ខ្លាំង​ណាស់ ជា​ពិសេស​បើ​យើង​ច្រើន​តែ​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន​ឯង។ យើង​ឃើញ​ច្បាស់​ថា​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ចាប់​អារម្មណ៍​យើង​យ៉ាង​ខ្លាំង ហើយ​ថា​យើង​មាន​តម្លៃ​ចំពោះ​លោក។ បើ​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​យើង​គោរព​ប្រណិប័តន៍​លោក ហើយ​លោក​គិត​ថា​យើង​សម​នឹង​រស់​នៅ​ជា​រៀង​រហូត​ក្នុង​ពិភព​លោក​ថ្មី​របស់​លោក យើង​មិន​គួរ​សង្ស័យ​ថា​ព្រះ​យេហូវ៉ា​ធ្វើ​នោះ​គឺ​មិន​ត្រឹម​ត្រូវ​ទេ។

តើ​អ្វី​អាច​កើត​ឡើង​បើ​យើង​មិន​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន​ឯង? (​សូម​មើល​វគ្គ​១៥​) *

១៥. (​ក​) តើ​ទស្សនាវដ្ដី​ប៉ម​យាម​បាន​ចែង​យ៉ាង​ណា​អំពី​ការ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន​ឯង? (​ខ​) ដូច​បាន​បង្ហាញ​នៅ​រូប​ភាព​ទំព័រ​២៤ បើ​យើង​ផ្ដោត​អារម្មណ៍​ខ្លាំង​ពេក​មក​លើ​ខ្លួន​ឯង តើ​យើង​អាច​ខក​ខាន​ទទួល​ពរ​អ្វី​ខ្លះ?

១៥ ប្រហែល​ជា​១៥​ឆ្នាំ​មុន ទស្សនាវដ្ដី​ប៉ម​យាម​បាន​ប្រាប់​ថា​យើង​គួរ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន​ឯង ដោយ​ចែង​ថា​៖ ​«​យើង​មិន​គួរ​គិត​ថា​ខ្លួន​ល្អ​ប្រសើរ​រហូត​ដល់​មាន​អំណួត​ទេ ហើយ​យើង​មិន​គួរ​គិត​ថា​ខ្លួន​មាន​តម្លៃ​តិច​ពេក​រហូត​ដល់​ធ្លាក់​ទឹក​ចិត្ត​ដែរ។ ផ្ទុយ​ទៅ​វិញ យើង​គួរ​ព្យាយាម​មាន​គំនិត​សម​ហេតុ​ផល​ចំពោះ​ខ្លួន​ឯង គឺ​មាន​ន័យ​ថា​យើង​ស្គាល់​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​របស់​ខ្លួន។ បង​ស្រី​គ្រិស្ត​សាសនិក​ម្នាក់​និយាយ​ថា​៖ ‹ខ្ញុំ​មិន​មែន​ជា​មនុស្ស​អាក្រក់ ហើយ​ក៏​មិន​មែន​ជា​មនុស្ស​ល្អ​ជាង​គេ​ដែរ។ ខ្ញុំ​មាន​ចំណុច​ល្អ​និង​ចំណុច​មិន​ល្អ ដូច​មនុស្ស​គ្រប់​គ្នា​ដែរ›​»។ តើ​អ្នក​អាច​ឃើញ​ឬ​ទេ​ថា ការ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន​ឯង​គឺ​មាន​ប្រយោជន៍?

១៦. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ឲ្យ​យើង​ការ​ណែនាំ​ដែល​ប្រកប​ដោយ​ប្រាជ្ញា?

១៦ តាម​រយៈ​បណ្ដាំ​របស់​លោក ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​ការ​ណែនាំ​ដែល​ប្រកប​ដោយ​ប្រាជ្ញា។ លោក​ស្រឡាញ់​យើង ហើយ​ចង់​ឲ្យ​យើង​សប្បាយ​រីករាយ។ (​អេ. ៤៨:១៧, ១៨​) ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​ធ្វើ និង​ការ​សម្រេច​ចិត្ត​ដែល​នឹង​ធ្វើ​ឲ្យ​យើង​សប្បាយ​រីករាយ​ពិត​ប្រាកដ គឺ​ការ​ចាត់​ទុក​អ្វី​ៗ​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ថា​សំខាន់​បំផុត​ក្នុង​ជីវិត។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​នឹង​ជៀស​វាង​ពី​បញ្ហា​ជា​ច្រើន​ដែល​ពួក​អ្នក​ដែល​ផ្ដោត​អារម្មណ៍​ច្រើន​ពេក​ទៅ​លើ​លុយ ការ​ងារ ឬ​ខ្លួន​ឯង​ជួប​ប្រទះ។ សូម​យើង​ម្នាក់​ៗ​តាំង​ចិត្ត​ឲ្យ​មាន​ប្រាជ្ញា និង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​រីករាយ​ត្រេក​អរ។—សុភ. ២៣:១៥

ចម្រៀង​លេខ​៩៤ ចូរ​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​ដែល​បាន​ឲ្យ​បណ្ដាំ​លោក

^ វគ្គ 5 សាឡូម៉ូន​និង​លោក​យេស៊ូ​មាន​ប្រាជ្ញា​ច្រើន។ ប្រភព​នៃ​ប្រាជ្ញា​នោះ​គឺ​ព្រះ​យេហូវ៉ា។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ឃើញ​អំពី​អ្វី​ដែល​យើង​អាច​រៀន​ពី​យោបល់​របស់​សាឡូម៉ូន​និង​លោក​យេស៊ូ ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ស្ដី​អំពី​ការ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​លុយ ការ​ងារ និង​ខ្លួន​ឯង។ យើង​ក៏​នឹង​ឃើញ​ប្រយោជន៍​ដែល​បង​ប្អូន​ខ្លះ​បាន​ទទួល​ពី​ការ​ធ្វើ​តាម​យោបល់​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ក្នុង​រឿង​ទាំង​នោះ។

^ វគ្គ 11 សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​តាម​របៀប​ណា​យើង​អាច​រីករាយ​នឹង​ការ​នឿយ​ហត់​របស់​ខ្លួន?​»​ ក្នុង​ឯកសារ​យោង​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត កំណត់​សម្រាប់​កិច្ច​ប្រជុំ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ទំព័រ​ទី​២​-​៤។

^ វគ្គ 51 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ចន​និង​បង​ថំ​គឺ​ជា​បង​ប្រុស​វ័យ​ក្មេង​ក្នុង​ក្រុម​ជំនុំ​ដូច​គ្នា។ បង​ចន​ចំណាយ​ពេល​ច្រើន​ដើម្បី​ថែ​ទាំ​ឡាន​របស់​គាត់។ បង​ថំ​ប្រើ​ឡាន​របស់​គាត់​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ចូល​រួម​កិច្ច​ផ្សព្វ​ផ្សាយ​និង​កិច្ច​ប្រជុំ។

^ វគ្គ 53 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ចន​ធ្វើ​ការ​ថែម​ម៉ោង។ គាត់​មិន​ចង់​ឲ្យ​ថៅកែ​របស់​គាត់​ខក​ចិត្ត​ទេ។ ដូច្នេះ​នៅ​ពេល​ណា​ដែល​ថៅកែ​របស់​គាត់​សុំ​គាត់​ឲ្យ​ថែម​ម៉ោង បង​ចន​យល់​ព្រម។ នៅ​ល្ងាច​នោះ​ដែរ បង​ថំ​ដែល​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ទៅ​ជា​មួយ​អ្នក​ចាស់​ទុំ​ម្នាក់​ដើម្បី​សួរ​សុខ​ទុក្ខ​បង​ប្អូន​ក្នុង​នាម​ជា​គង្វាល។ ពី​មុន​បង​ថំ​បាន​ពន្យល់​ថៅកែ​របស់​គាត់​ថា គាត់​លៃ​ទុក​ពេល​ល្ងាច​ខ្លះ​រាល់​សប្ដាហ៍ ដើម្បី​ចូល​រួម​សកម្មភាព​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។

^ វគ្គ 55 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ចន​ផ្ដោត​អារម្មណ៍​ច្រើន​ពេក​លើ​ខ្លួន​ឯង។ រីឯ​បង​ថំ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ថា​ជា​បុគ្គល​សំខាន់​បំផុត​ក្នុង​ជីវិត។ ជា​លទ្ធផល គាត់​មាន​មិត្ត​ភក្ដិ​ថ្មី​ច្រើន ពេល​ដែល​គាត់​ជួយ​ជួស​ជុល​និង​កែ​លម្អ​សាល​សន្និបាត​មួយ​ឡើង​វិញ។