លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២៣

ឪពុកម្ដាយ ចូរជួយកូនរបស់អ្នកឲ្យស្រឡាញ់ព្រះយេហូវ៉ា

ឪពុកម្ដាយ ចូរជួយកូនរបស់អ្នកឲ្យស្រឡាញ់ព្រះយេហូវ៉ា

​«​អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ជីវិត និង​អស់​ពី​សមត្ថភាព​រិះ​គិត​»។—ម៉ាថ. ២២:៣៧

ចម្រៀង​លេខ​១៣៤ កូន​ៗ​ជា​អំណោយ​មក​ពី​ព្រះ

សេចក្ដី​សង្ខេប *

១​-​២. ពេល​ស្ថានភាព​ផ្លាស់​ប្ដូរ​ក្នុង​ជីវិត ហេតុ​អ្វី​គោល​ការណ៍​គម្ពីរ​ខ្លះ​កាន់​តែ​សំខាន់​ចំពោះ​យើង?

 នៅ​ថ្ងៃ​រៀប​ការ កូន​កំលោះ​និង​កូន​ក្រមុំ​ដ៏​ស្រស់​ស្អាត យក​ចិត្ត​ទុក​ដាក់​ស្ដាប់​សុន្ទរកថា​អំពី​អាពាហ៍ពិពាហ៍។ គោល​ការណ៍​គម្ពីរ​ក្នុង​សុន្ទរកថា​នោះ មិន​មែន​ជា​អ្វី​ថ្មី​ចំពោះ​ពួក​គេ​ទេ។ ប៉ុន្តែ​ចាប់​ពី​ថ្ងៃ​នោះ​ទៅ គោល​ការណ៍​គម្ពីរ​ទាំង​នេះ​នឹង​រឹត​តែ​សំខាន់​ចំពោះ​ពួក​គេ។ ហេតុ​អ្វី? ពីព្រោះ​ពួក​គេ​នឹង​ត្រូវ​ធ្វើ​តាម​គោល​ការណ៍​ទាំង​នេះ​ជា​គូ​ប្ដី​ប្រពន្ធ។

គឺ​ស្រដៀង​នឹង​នោះ​ដែរ​ពេល​ប្ដី​ប្រពន្ធ​ដែល​ជា​គ្រិស្ត​សាសនិក​ទៅ​ជា​ឪពុក​ម្ដាយ។ អស់​ជា​ច្រើន​ឆ្នាំ ពួក​គេ​បាន​ស្ដាប់​សុន្ទរកថា​អំពី​ការ​ចិញ្ចឹម​អប់រំ​កូន។ ប៉ុន្តែ​ឥឡូវ គោល​ការណ៍​ដែល​មាន​នៅ​ក្នុង​សុន្ទរកថា​ទាំង​នោះ កាន់​តែ​សំខាន់​ចំពោះ​ពួក​គេ ដោយ​សារ​ពួក​គេ​ផ្ទាល់​នឹង​ត្រូវ​ចិញ្ចឹម​អប់រំ​កូន។ នេះ​គឺ​ជា​ភារកិច្ច​ដ៏​វិសេស​មែន! ដូច្នេះ ពេល​កាលៈទេសៈ​ផ្លាស់​ប្ដូរ គោល​ការណ៍​គម្ពីរ​ខ្លះ​នឹង​កាន់​តែ​សំខាន់​ចំពោះ​យើង។ នេះ​ជា​មូលហេតុ​មួយ​ដែល​អ្នក​គោរព​ប្រណិប័តន៍​ព្រះយេហូវ៉ា​អាន​គម្ពីរ​«​ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត​»​ដូច​ស្ដេច​អ៊ីស្រាអែល​បាន​ត្រូវ​បង្គាប់​ឲ្យ​ធ្វើ ហើយ​ពួក​គេ​ក៏​រំពឹង​គិត​អំពី​បទ​គម្ពីរ​ទាំង​នោះ​ដែរ។—បច. ១៧:១៩

៣. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ឯកសិទ្ធិ​ដ៏​ធំ​បំផុត​មួយ​ដែល​គ្រិស្ត​សាសនិក​អាច​មាន គឺ​បង្រៀន​កូន​របស់​ពួក​គេ​អំពី​ព្រះ​យេហូវ៉ា។ បើ​អ្នក​ជា​ឪពុក​ម្ដាយ អ្នក​មាន​ឯកសិទ្ធិ​ដ៏​ធំ​នេះ។ ប៉ុន្តែ អ្នក​មិន​គ្រាន់​តែ​ចង់​បង្រៀន​ព័ត៌មាន​អំពី​ព្រះ​របស់​យើង​ប៉ុណ្ណោះ​ទេ អ្នក​ចង់​ជួយ​កូន​ៗ​ឲ្យ​ស្រឡាញ់​លោក​យ៉ាង​ខ្លាំង។ តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​កូន​របស់​អ្នក​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា? ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​គោល​ការណ៍​គម្ពីរ​បួន​ដែល​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​ជា​ឪពុក​ម្ដាយ​ដ៏​ល្អ។ (​២ធី. ៣:១៦​) យើង​ក៏​នឹង​ឃើញ​ប្រយោជន៍​ដែល​ឪពុក​ម្ដាយ​គ្រិស្ត​សាសនិក​ខ្លះ​បាន​ទទួល​ពី​ការ​ធ្វើ​តាម​យោបល់​ក្នុង​គម្ពីរ។

គោល​ការណ៍​គម្ពីរ​បួន​ដែល​អាច​ជួយ​ឪពុក​ម្ដាយ

បើ​អ្នក​តែង​តែ​ស្វែង​រក​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​និង​ទុក​គំរូ​ល្អ តើ​នោះ​នឹង​មាន​ឥទ្ធិពល​ល្អ​យ៉ាង​ណា​ទៅ​លើ​កូន? (​សូម​មើល​វគ្គ​៤, ៨​)

៤. តើ​គោល​ការណ៍​មួយ​ដែល​អាច​ជួយ​ឪពុក​ម្ដាយ​អប់រំ​កូន​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​គឺ​ជា​អ្វី? (​យ៉ាកុប ១:៥​)

គោល​ការណ៍​ទី​១: ចូរ​ស្វែង​រក​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា។ ចូរ​សុំ​ប្រាជ្ញា​ពី​ព្រះ​យេហូវ៉ា​ដែល​អ្នក​ត្រូវ​ការ ដើម្បី​ជួយ​កូន​ឲ្យ​ស្រឡាញ់​លោក។ (​សូម​អាន យ៉ាកុប ១:៥) លោក​ស័ក្ដិ​សម​ឲ្យ​យោបល់​ជាង​គេ​ក្នុង​រឿង​នេះ។ មាន​មូលហេតុ​មួយ​ចំនួន​ដែល​យើង​អាច​និយាយ​ដូច្នេះ។ សូម​គិត​អំពី​មូលហេតុ​ពីរ។ ទី​១ ក្នុង​នាម​ជា​បិតា​យើង ព្រះ​យេហូវ៉ា​មាន​បទ​ពិសោធន៍​ច្រើន​ជាង​ឪពុក​ម្ដាយ​ទាំង​ឡាយ។ (​ចសព. ៣៦:៩​) ទី​២ ការ​ណែនាំ​ពី​លោក​ផ្ដល់​ប្រយោជន៍​ជា​និច្ច។—អេ. ៤៨:១៧

៥. (​ក​) តើ​អង្គការ​ព្រះ​យេហូវ៉ា​ផ្ដល់​អ្វី​ខ្លះ​ដើម្បី​ជួយ​ឪពុក​ម្ដាយ? (​ខ​) ដូច​បាន​បង្ហាញ​ក្នុង​វីដេអូ តើ​អ្នក​បាន​រៀន​អ្វី​ពី​របៀប​ដែល​បង​អេប៊ីលយូ​និង​បង​អ៊ូលឡា​ចិញ្ចឹម​អប់រំ​កូន?

តាម​រយៈ​បណ្ដាំ​របស់​លោក​និង​អង្គការ​លោក ព្រះ​យេហូវ៉ា​ផ្ដល់​ព័ត៌មាន​ជា​ច្រើន​ដែល​អាច​ជួយ​អ្នក​អប់រំ​កូន​ៗ​ឲ្យ​ស្រឡាញ់​លោក។ (​ម៉ាថ. ២៤:៤៥​) ជា​ឧទាហរណ៍ អ្នក​អាច​រក​ឃើញ​យោបល់​ជា​ច្រើន​ក្នុង​អត្ថបទ​ត​ភាគ​«​ជំនួយ​សម្រាប់​ក្រុម​គ្រួសារ​»​ ដែល​បាន​ត្រូវ​បោះ​ពុម្ព​ផ្សាយ​អស់​ជា​ច្រើន​ឆ្នាំ​ក្នុង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! ហើយ​ឥឡូវ​មាន​នៅ​គេហទំព័រ​របស់​យើង។ ម្យ៉ាង​ទៀត វីដេអូ​ជា​ច្រើន​បាន​ត្រូវ​ចេញ​ផ្សាយ​នៅ​គេ​ហ​ទំព័រ​jw.org/km ដែល​ជួយ​ឪពុក​ម្ដាយ​ឲ្យ​ធ្វើ​តាម​យោបល់​ពី​ព្រះ​យេហូវ៉ា​កាល​ដែល​ពួក​គេ​ចិញ្ចឹម​អប់រំ​កូន។ *សុភ. ២:៤​-​៦

៦. តើ​ឪពុក​ម្នាក់​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​ណែនាំ​ដែល​គាត់​និង​ប្រពន្ធ​របស់​គាត់​ទទួល​ពី​អង្គការ​ព្រះ​យេហូវ៉ា?

ឪពុក​ម្ដាយ​ជា​ច្រើន​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ជំនួយ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​តាម​រយៈ​អង្គការ​របស់​លោក។ ឪពុក​ម្នាក់​ឈ្មោះ​ចូ និយាយ​ថា​៖ ​«​ការ​ចិញ្ចឹម​អប់រំ​កូន​បី​នាក់​ក្នុង​សេចក្ដី​ពិត​គឺ​មិន​ស្រួល​ទេ។ ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ជា​និច្ច។ យើង​ច្រើន​តែ​មាន​អារម្មណ៍​ថា អត្ថបទ​ឬ​វីដេអូ​ណា​មួយ​ចេញ​មក​ចំ​ពេល ហើយ​ចំ​នឹង​អ្វី​ដែល​យើង​ត្រូវ​ការ។ យើង​តែង​តែង​ស្វែង​រក​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​»។ បង​ចូ​និង​ប្រពន្ធ​របស់​គាត់​ឃើញ​ថា​អត្ថបទ​និង​វីដេអូ​ទាំង​នេះ ជួយ​កូន​របស់​ពួក​គេ​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។

៧. ហេតុ​អ្វី​គឺ​សំខាន់​ដែល​ឪពុក​ម្ដាយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ទុក​គំរូ​ល្អ​ឲ្យ​កូន​ៗ​? (​រ៉ូម ២:២១​)

គោល​ការណ៍​ទី​២: ចូរ​ធ្វើ​ជា​គំរូ​ល្អ។ កូន​ក្មេង​ពូកែ​សង្កេត​មើល​ឪពុក​ម្ដាយ ហើយ​ច្រើន​តែ​យក​តម្រាប់​ពួក​គេ។ ពិត​មែន គ្មាន​ឪពុក​ម្ដាយ​ណា​ល្អ​ឥត​ខ្ចោះ​ទេ។ (​រ៉ូម ៣:២៣​) ប៉ុន្តែ ឪពុក​ម្ដាយ​គួរ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ទុក​គំរូ​ល្អ​ឲ្យ​កូន​ៗ។ (​សូម​អាន រ៉ូម ២:២១) ស្ដី​អំពី​កូន ឪពុក​ម្នាក់​និយាយ​ថា​៖ ​«​ពួក​គេ​គឺ​ប្រៀប​ដូច​ជា​អេប៉ុង​ដែល​ងាយ​បឺត​»។ គាត់​បន្ថែម​ថា​៖ ​«​ពួក​គេ​នឹង​ប្រាប់​យើង ពេល​ដែល​យើង​មិន​ធ្វើ​តាម​អ្វី​ដែល​យើង​បង្រៀន​ពួក​គេ​»។ ដូច្នេះ បើ​យើង​ចង់​ឲ្យ​កូន​ៗ​ស្រឡាញ់​ព្រះ​យេហូវ៉ា យើង​ផ្ទាល់​ត្រូវ​ស្រឡាញ់​លោក​ឲ្យ​ខ្លាំង​និង​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ។

៨​-​៩. តើ​អ្នក​បាន​រៀន​អ្វី​ពី​ពាក្យ​សម្ដី​របស់​ប្អូន​អេនទ្រូ​និង​បង​អេមម៉ា?

មាន​របៀប​ជា​ច្រើន​ដើម្បី​បង្រៀន​កូន​របស់​អ្នក​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ សូម​កត់​សម្គាល់​ពាក្យ​សម្ដី​របស់​ប្អូន​ប្រុស​អាយុ​១៧​ឆ្នាំ​ម្នាក់​ឈ្មោះ​អេនទ្រូ។ គាត់​និយាយ​ថា​៖ ​«​ឪពុក​ម្ដាយ​របស់​ខ្ញុំ​តែង​តែ​បង្រៀន​ថា ការ​អធិដ្ឋាន​គឺ​សំខាន់​ណាស់។ រាល់​យប់ ឪពុក​ខ្ញុំ​មក​អធិដ្ឋាន​ជា​មួយ​ខ្ញុំ ទោះ​ជា​ខ្ញុំ​បាន​អធិដ្ឋាន​ខ្លួន​ឯង​ហើយ​ក៏​ដោយ។ ពួក​គាត់​តែង​តែ​រំលឹក​ខ្ញុំ​និង​ប្អូន​ស្រី​ខ្ញុំ​ថា​៖ ‹កូន​អាច​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ប៉ុន្មាន​ដង​ក៏​បាន​តាម​ចិត្ត​កូន›។ ហេតុ​នេះ​ហើយ ការ​អធិដ្ឋាន​គឺ​សំខាន់​ណាស់​ចំពោះ​ខ្ញុំ។ ឥឡូវ ខ្ញុំ​មាន​អារម្មណ៍​ស្រួល​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​ចាត់​ទុក​លោក​ជា​បិតា​ដែល​ស្រឡាញ់​ខ្ញុំ​»។ ឪពុក​ម្ដាយ​ទាំង​ឡាយ សូម​ចាំ​ជា​និច្ច​ថា​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា អាច​ជួយ​កូន​ឲ្យ​ស្រឡាញ់​លោក​ដែរ។

សូម​គិត​ផង​ដែរ​អំពី​គំរូ​របស់​បង​ស្រី​អេមម៉ា។ ពេល​ឪពុក​គាត់​បាន​ចុះ​ចោល​ក្រុម​គ្រួសារ ឪពុក​បាន​បន្សល់​ទុក​នូវ​បំណុល​ជា​ច្រើន​ឲ្យ​ម្ដាយ​គាត់​ត្រូវ​សង​ជំនួស។ បង​អេមម៉ា​និយាយ​ថា​៖ ​«​មាន​ពេល​ជា​ច្រើន​ដង​ដែល​ម្ដាយ​ខ្ញុំ​គ្មាន​លុយ​គ្រប់​គ្រាន់​ទេ តែ​គាត់​តែង​តែ​ប្រាប់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​មើល​ថែ​និង​ផ្គត់​ផ្គង់​អ្នក​បម្រើ​លោក។ ខ្ញុំ​អាច​ឃើញ​តាម​របៀប​រស់​នៅ​របស់​គាត់​ថា គាត់​ពិត​ជា​ជឿ​អ៊ីចឹង​មែន។ ម្ដាយ​ខ្ញុំ​បាន​ធ្វើ​តាម​អ្វី​ដែល​គាត់​បាន​បង្រៀន​ខ្ញុំ​»។ តើ​មាន​មេ​រៀន​អ្វី? ឪពុក​ម្ដាយ​អាច​បង្រៀន​កូន​ៗ​តាម​រយៈ​គំរូ​របស់​ពួក​គេ ទោះ​ជា​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​ក្ដី។—កាឡ. ៦:៩

១០. តើ​ឪពុក​ម្ដាយ​ជន​ជាតិ​អ៊ីស្រាអែល​អាច​និយាយ​ជា​មួយ​កូន​អំពី​ព្រះ​យេហូវ៉ា​នៅ​ពេល​ណា​ខ្លះ? (​ការ​បំភ្លឺ​ច្បាប់ ៦:៦, ៧​)

១០ គោល​ការណ៍​ទី​៣: ចូរ​និយាយ​ជា​មួយ​កូន​ជា​រឿយ​ៗ។ ព្រះ​យេហូវ៉ា​បាន​ណែនាំ​ជន​ជាតិ​អ៊ីស្រាអែល​សម័យ​បុរាណ​ឲ្យ​បង្រៀន​កូន​របស់​ពួក​គេ​អំពី​ព្រះ​យេហូវ៉ា​ជា​រឿយ​ៗ។ (​សូម​អាន ការ​បំភ្លឺ​ច្បាប់ ៦:៦, ៧) ឪពុក​ម្ដាយ​ទាំង​នោះ​មាន​ឱកាស​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ​ដើម្បី​និយាយ​ជា​មួយ​កូន និង​ជួយ​ពួក​គេ​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ ក្មេង​ប្រុស​ជន​ជាតិ​អ៊ីស្រាអែល​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​ក្នុង​ការ​ជួយ​ឪពុក​គាត់​ដាំ​ដំណាំ​ឬ​ប្រមូល​ផល។ កូន​ស្រី​ចំណាយ​ពេល​ភាគ​ច្រើន​ជា​មួយ​ម្ដាយ​ក្នុង​ការ​ដេរ​ប៉ាក់ ត្បាញ និង​ធ្វើ​កិច្ច​ការ​ផ្ទះ​ផ្សេង​ទៀត។ ពេល​ឪពុក​ម្ដាយ​និង​កូន​រួម​កិច្ច​ការ​ជា​មួយ​គ្នា ពួក​គេ​អាច​និយាយ​គ្នា​អំពី​រឿង​សំខាន់​ៗ​ជា​ច្រើន ដូច​ជា​គុណធម៌​របស់​ព្រះ​យេហូវ៉ា​និង​របៀប​ដែល​លោក​ជួយ​ក្រុម​គ្រួសារ​ជា​ដើម។

១១. តើ​ឪពុក​ម្ដាយ​គ្រិស្ត​សាសនិក​មាន​ឱកាស​អ្វី​ដើម្បី​និយាយ​ជា​មួយ​កូន?

១១ សព្វ​ថ្ងៃ​នេះ គឺ​ខុស​ពី​សម័យ​មុន។ នៅ​ប្រទេស​ជា​ច្រើន ឪពុក​ម្ដាយ​និង​កូន​មិន​អាច​ចំណាយ​ពេល​ជា​មួយ​គ្នា​ពេញ​មួយ​ថ្ងៃ​បាន​ទេ។ ឪពុក​ម្ដាយ​ប្រហែល​ជា​ទៅ​ធ្វើ​ការ ហើយ​កូន​ប្រហែល​ជា​ទៅ​សាលា​រៀន។ ដូច្នេះ ឪពុក​ម្ដាយ​ត្រូវ​ព្យាយាម​រក​ពេល​ផ្សេង​ៗ​ដើម្បី​និយាយ​ជា​មួយ​កូន។ (​អេភ. ៥:១៥, ១៦; ភី. ១:១០​) ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ គឺ​ជា​ឱកាស​មួយ​ដើម្បី​ធ្វើ​ដូច្នេះ។ ប្អូន​ប្រុស​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​អាឡិចសេនដឺ និយាយ​ថា​៖ ​«​ឪពុក​ខ្ញុំ​តែង​តែ​រៀបចំ​ឲ្យ​មាន​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ ហើយ​គាត់​មិន​ឲ្យ​អ្វី​ណា​ក៏​ដោយ​រំខាន​ពេល​វេលា​នេះ​ទេ។ ក្រោយ​ពី​សិក្សា យើង​និយាយ​គ្នា​ពី​នេះ​ពី​នោះ​ច្រើន​»។

១២. តើ​ប្រមុខ​គ្រួសារ​គួរ​ចង​ចាំ​អំពី​អ្វី​ក្នុង​អំឡុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ?

១២ បើ​អ្នក​ជា​ប្រមុខ​គ្រួសារ តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​ពេល​វេលា​ដ៏​សប្បាយ​ចំពោះ​កូន​ៗ​? គឺ​ជា​ការ​ល្អ​ដែល​អ្នក​សិក្សា​សៀវភៅ​ថ្មី​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់!ជា​មួយ​កូន។ សៀវភៅ​នោះ​អាច​ជួយ​អ្នក​និង​កូន​របស់​អ្នក​ឲ្យ​មាន​ការ​សន្ទនា​ល្អ។ អ្នក​ចង់​ឲ្យ​កូន​របស់​អ្នក​និយាយ​ប្រាប់​អំពី​អារម្មណ៍​និង​ការ​ព្រួយ​បារម្ភ​របស់​ពួក​គេ។ ដូច្នេះ សូម​កុំ​យក​ពេល​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ដើម្បី​រិះ​គន់​ឬ​ស្ដី​ប្រដៅ​កូន​ឡើយ។ សូម​ព្យាយាម​មិន​ផ្ទុះ​កំហឹង បើ​ពួក​គេ​ប្រាប់​អំពី​ទស្សនៈ​ដែល​ខុស​ពី​គោល​ការណ៍​គម្ពីរ។ ផ្ទុយ​ទៅ​វិញ សូម​សប្បាយ​ចិត្ត​ដែល​ពួក​គេ​និយាយ​ត្រង់​ៗ​អំពី​អារម្មណ៍​របស់​ពួក​គេ ហើយ​សូម​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​និយាយ​អស់​ពី​ចិត្ត។ លុះ​ត្រា​តែ​អ្នក​ស្គាល់​អារម្មណ៍​របស់​ពួក​គេ​យ៉ាង​ច្បាស់ ទើប​អ្នក​អាច​ជួយ​ពួក​គេ​ច្រើន​បំផុត។

តើ​ឪពុក​ម្ដាយ​អាច​ប្រើ​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​យ៉ាង​ដូច​ម្ដេច​ដើម្បី​បង្រៀន​កូន​អំពី​គុណ​សម្បត្តិ​របស់​លោក? (​សូម​មើល​វគ្គ​១៣​)

១៣. តើ​ឪពុក​ម្ដាយ​មាន​ឱកាស​ផ្សេង​ទៀត​អ្វី​ដើម្បី​ជួយ​កូន​របស់​ពួក​គេ​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា?

១៣ ឪពុក​ម្ដាយ សូម​រក​ឱកាស​ផ្សេង​ៗ​ក្នុង​មួយ​ថ្ងៃ​ៗ​ដើម្បី​ជួយ​កូន​របស់​អ្នក​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។ អ្នក​មិន​ចាំ​បាច់​រង់​ចាំ​ដល់​ពេល​សិក្សា​គម្ពីរ ដើម្បី​បង្រៀន​ពួក​គេ​អំពី​ព្រះ​ដែល​ស្រឡាញ់​យើង​ឡើយ។ សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​ម្ដាយ​ម្នាក់​ឈ្មោះ​លីសា​និយាយ។ គាត់​ថា​៖ ​«​យើង​បាន​ប្រើ​អ្វី​ៗ​ដែល​នៅ​ជុំ​វិញ​យើង​ដើម្បី​បង្រៀន​កូន​ៗ​អំពី​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ ពេល​ដែល​ឆ្កែ​របស់​យើង​ធ្វើ​នេះ​ធ្វើ​នោះ ហើយ​នាំ​ឲ្យ​កូន​ៗ​សើច យើង​ប្រាប់​កូន​ថា នេះ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ ហើយ​លោក​បង្កើត​យើង​ឲ្យ​សើច​សប្បាយ​ដែរ​»។

ឪពុក​ម្ដាយ​ទាំង​ឡាយ តើ​អ្នក​ស្គាល់​មិត្ត​ភក្តិ​របស់​កូន​ៗ​ឬ​ទេ? (​សូម​មើល​វគ្គ​១៤​) *

១៤. ហេតុ​អ្វី​គឺ​សំខាន់​ដែល​ឪពុក​ម្ដាយ​ជួយ​កូន​ៗ​ឲ្យ​ជ្រើស​រើស​មិត្ត​ល្អ? (​សុភាសិត ១៣:២០​)

១៤ គោល​ការណ៍​ទី​៤: ចូរ​ជួយ​កូន​របស់​អ្នក​ឲ្យ​ជ្រើស​រើស​មិត្ត​ល្អ។ គម្ពីរ​ប្រាប់​យ៉ាង​ច្បាស់​ថា​មិត្ត​ភក្តិ​មាន​ឥទ្ធិពល​មក​លើ​យើង អាច​ល្អ​អាច​អាក្រក់។ (​សូម​អាន សុភាសិត ១៣:២០) ឪពុក​ម្ដាយ​ទាំង​ឡាយ តើ​អ្នក​ស្គាល់​មិត្ត​ភក្តិ​របស់​កូន​ៗ​ឬ​ទេ? តើ​អ្នក​បាន​ជួប​និង​ចំណាយ​ពេល​ជា​មួយ​ពួក​គេ​ឬ? តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​កូន​របស់​អ្នក​ឲ្យ​មាន​មិត្ត​ភក្តិ​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា? (​១កូ. ១៥:៣៣​) អ្នក​អាច​ជួយ​កូន​របស់​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ​អំពី​រឿង​នេះ ដោយ​អញ្ជើញ​បង​ប្អូន​ខ្លះ​ដែល​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​ព្រះ​យេហូវ៉ា​ឲ្យ​ចំណាយ​ពេល​ជា​មួយ​អ្នក​និង​កូន​ៗ​អ្នក។—ចសព. ១១៩:៦៣

១៥. តើ​ឪពុក​ម្ដាយ​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​កូន​ឲ្យ​មាន​មិត្ត​ភក្តិ​ល្អ?

១៥ សូម​ពិចារណា​អំពី​គំរូ​របស់​ឪពុក​ម្នាក់​ឈ្មោះ​ថូនី។ គាត់​ពន្យល់​អំពី​អ្វី​ដែល​គាត់​និង​ប្រពន្ធ​គាត់​បាន​ធ្វើ​ដើម្បី​ជួយ​កូន​របស់​ពួក​គេ​ឲ្យ​រក​បាន​មិត្ត​ភក្តិ​ល្អ។ គាត់​និយាយ​ថា​៖ ​«​អស់​ជា​ច្រើន​ឆ្នាំ ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​បានអញ្ជើញបង​ប្អូនផ្សេង​ៗ ទាំង​ក្មេង​ទាំង​ចាស់​ឲ្យ​មក​ផ្ទះ​របស់​យើង។ យើងបាន​បរិភោគ​អាហារ​និង​ធ្វើ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​មួយ​គ្នា។ នេះ​ជា​របៀប​ដ៏​ល្អ​មួយ​ដើម្បី​ស្គាល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​បម្រើ​លោក​ដោយ​អំណរ។ យើង​ធ្លាប់​ឲ្យ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល សាសនទូត និង​បង​ប្អូន​ឯ​ទៀត​ស្នាក់​នៅ​ផ្ទះ​យើង។ បទ​ពិសោធន៍ ចិត្ត​ខ្នះខ្នែង និង​ចិត្ត​គំនិត​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​របស់​ពួក​គេ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​កូន​របស់​យើង ហើយ​បាន​ជួយ​កូន​ៗ​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​»។ ឪពុក​ម្ដាយ សូម​តាំង​ចិត្ត​ជួយ​កូន​របស់​អ្នក​ឲ្យ​មាន​ការ​សេព​គប់​ល្អ។

សូម​កុំ​អស់​សង្ឃឹម​ឡើយ!

១៦. តើ​អ្នក​គួរ​ធ្វើ​អ្វី​បើ​កូន​ប្រាប់​ថា​គាត់​មិន​ចង់​បម្រើ​ព្រះ​យេហូវ៉ា?

១៦ ចុះ​យ៉ាង​ណា​បើ​អ្នក​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​រួច​ហើយ ប៉ុន្តែ​កូន​ម្នាក់​ប្រាប់​អ្នក​ថា​គាត់​មិន​ចង់​បម្រើ​ព្រះ​យេហូវ៉ា? សូម​កុំ​គិត​ថា​នោះ​មក​ពី​អ្នក​អប់រំ​កូន​មិន​បាន​ល្អ​ឡើយ។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​មនុស្ស​គ្រប់​គ្នា​នូវ​អំណោយ​មួយ​ដែល​ជា​ចិត្ត​សេរី ពោល​គឺ​សមត្ថភាព​សម្រេច​ចិត្ត​ថា​បម្រើ​លោក​ឬ​មិន​បម្រើ​លោក។ កូន​របស់​អ្នក​ក៏​បាន​ទទួល​អំណោយ​នេះ​ដែរ។ បើ​កូន​របស់​អ្នក​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ព្រះ​យេហូវ៉ា សូម​បន្ត​សង្ឃឹម​ជា​និច្ច​ថា​គាត់​នឹង​ត្រឡប់​មក​វិញ។ សូម​នឹក​ចាំ​អំពី​កូន​ប្រុស​ដែល​វង្វេង​បាត់។ (​លូក. ១៥:១១​-​១៩, ២២​-​២៤​) បុរស​វ័យ​ក្មេង​នោះ​បាន​ធ្វើ​អំពើ​អាក្រក់​ជា​ច្រើន ប៉ុន្តែ​នៅ​ទី​បំផុត​គាត់​បាន​ត្រឡប់​មក​វិញ។ អ្នក​ខ្លះ​ប្រហែល​ជា​និយាយ​ថា ​«​នេះ​គ្រាន់​តែ​ជា​រឿង​មួយ។ តើ​អាច​កើត​ឡើង​ក្នុង​ជីវិត​ពិត​បាន​ឬ​ទេ?​»។ គឺ​អាច! តាម​ពិត បង​ប្រុស​ម្នាក់​ឈ្មោះ​អ៊ីលី​មាន​បទ​ពិសោធន៍​ដូច​នេះ។

១៧. តើ​អ្នក​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ណា​ពី​បទ​ពិសោធន៍​របស់​បង​អ៊ីលី?

១៧ បង​អ៊ីលី​និយាយ​អំពី​ឪពុក​ម្ដាយ​គាត់​ថា​៖ ​«​ពួក​គាត់​បាន​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ ក៏​ប៉ុន្តែ ពេល​ខ្ញុំ​មាន​វ័យ​ជំទង់ ខ្ញុំ​ចាប់​ផ្ដើម​ប្រឆាំង​»។ បង​អ៊ីលី​បាន​ចាប់​ផ្ដើម​ធ្វើ​អ្វី​ដែល​មិន​ត្រឹម​ត្រូវ​ដោយ​លួច​លាក់។ ឪពុក​ម្ដាយ​របស់​គាត់​បាន​ព្យាយាម​ជួយ​គាត់​ឲ្យ​នៅ​ជាប់​នឹង​ព្រះ​យេហូវ៉ា។ ប៉ុន្តែ គាត់​មិន​ស្ដាប់​ពួក​គេ​ទេ។ ក្រោយ​ពី​គាត់​បាន​ចាក​ចេញ​ពី​ផ្ទះ គាត់​បាន​ចាប់​ផ្ដើម​ប្រព្រឹត្ត​អំពើ​អបាយមុខ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ជួន​កាល​គាត់​និយាយ​អំពី​គម្ពីរ​ជា​មួយ​មិត្ត​ភក្តិ​ម្នាក់​របស់​គាត់។ បង​អ៊ីលី​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​និយាយ​អំពី​ព្រះ​យេហូវ៉ា​កាន់​តែ​ច្រើន​ជា​មួយ​នឹង​មិត្ត​របស់​ខ្ញុំ នោះ​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​លោក​កាន់​តែ​ច្រើន។ បន្តិច​ម្ដង​ៗ គ្រាប់​ពូជ​នៃ​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ដែល​មិន​ទាន់​ដុះ​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ គឺ​ជា​គ្រាប់​ពូជ​ដែល​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ព្យាយាម​ដាំ​នោះ ចាប់​ផ្ដើម​ដុះ​ឡើង​ហើយ​»។ ក្រោយ​មក បង​អ៊ីលី​បាន​ត្រឡប់​មក​សេចក្ដី​ពិត​វិញ។ * សូម​ស្រមៃ​គិត​ថា​ឪពុក​ម្ដាយ​គាត់​សប្បាយ​ចិត្ត​ខ្លាំង​យ៉ាង​ណា​ទៅ ពេល​ឃើញ​លទ្ធផល​ល្អ ដែល​មក​ពី​ការ​ព្យាយាម​របស់​ពួក​គេ​ដើម្បី​បង្រៀន​គាត់​តាំង​ពី​ក្មេង​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា!—២ធី. ៣:១៤, ១៥

១៨. តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ឪពុក​ម្ដាយ​ដែល​ខំ​ប្រឹង​បង្រៀន​កូន​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា?

១៨ ឪពុក​ម្ដាយ​ទាំង​ឡាយ អ្នក​បាន​ទទួល​ឯកសិទ្ធិ​ដ៏​អស្ចារ្យ ពោល​គឺ​ចិញ្ចឹម​អប់រំ​កូន​ឲ្យ​ទៅ​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជំនាន់​ក្រោយ។ (​ចសព. ៧៨:៤​-​៦​) នេះ​មិន​មែន​ជា​ភារកិច្ច​ងាយ​ស្រួល​ទេ។ យើង​សូម​សរសើរ​អ្នក​ដោយ​ស្មោះ​ចំពោះ​ការ​ខំ​ប្រឹង​ព្យាយាម​ដើម្បី​ជួយ​កូន​ៗ​! បើ​អ្នក​បន្ត​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​កូន​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា និង​អប់រំ​ពួក​គេ​ទៅ​តាម​ការ​ប្រៀន​ប្រដៅ​និង​ការ​ណែនាំ​របស់​លោក អ្នក​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​នៅ​ស្ថាន​សួគ៌​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នឹង​ពេញ​ចិត្ត។—អេភ. ៦:៤

ចម្រៀង​លេខ​១៣៥ ពាក្យ​អង្វរ​របស់​ព្រះ​យេហូវ៉ា​៖ ‹កូន​អើយ ចូរ​បង្ហាញ​ប្រាជ្ញា›

^ វគ្គ 5 ឪពុក​ម្ដាយ​ដែល​ជា​គ្រិស្ត​សាសនិក​ស្រឡាញ់​កូន​របស់​ពួក​គេ​ខ្លាំង​ណាស់។ ពួក​គេ​ខំ​ប្រឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ និង​សេចក្ដី​ត្រូវ​ការ​ខាង​ផ្លូវ​ចិត្ត​របស់​កូន​ៗ។ សំខាន់​ជាង​នេះ​ទៅ​ទៀត ឪពុក​ម្ដាយ​ទាំង​នោះ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​កូន​របស់​ពួក​គេ​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​គោល​ការណ៍​គម្ពីរ​បួន​ដែល​អាច​ជួយ​ឪពុក​ម្ដាយ​ឲ្យ​សម្រេច​គោល​ដៅ​នេះ។

^ វគ្គ 17 សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត​»​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១២។

^ វគ្គ 57 ការ​ពណ៌នា​អំពី​រូប​ភាព: ដើម្បី​ស្គាល់​មិត្ត​ភក្តិ​របស់​កូន ឪពុក​ម្នាក់​លេង​បាល់​បោះ​ជា​មួយ​កូន​និង​មិត្ត​ភក្តិ​របស់​គាត់។