លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ខ្ញុំ​នឹង​ជួយ​អ្នក›

‹កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ខ្ញុំ​នឹង​ជួយ​អ្នក›

សូម​ស្រមៃ​គិត​ថា​អ្នក​កំពុង​ដើរ​តាម​ផ្លូវ​នៅ​ពេល​យប់​ជ្រៅ។ រំពេច​នោះ​អ្នក​ដឹង​ថា​មាន​បុគ្គល​ម្នាក់​កំពុង​ដើរ​តាម​អ្នក។ ពេល​អ្នក​ឈប់​ដើរ បុគ្គល​នោះ​ក៏​ឈប់​ដើរ​ដែរ។ ពេល​អ្នក​ដើរ​កាន់​តែ​លឿន គាត់​ក៏​ដើរ​កាន់​តែ​លឿន​ដែរ។ អ្នក​ចាប់​ផ្ដើម​រត់​ទៅ​ផ្ទះ​មិត្ដ​ភក្ដិ​របស់​អ្នក​ដែល​នៅ​ជិត​នោះ។ ពេល​មិត្ដ​ភក្ដិ​របស់​អ្នក​បើក​ទ្វារ ហើយ​អញ្ជើញ​អ្នក​ឲ្យ​ចូល​ក្នុង អ្នក​មាន​អារម្មណ៍​ធូរ​ស្រាល ដោយ​សារ​ឥឡូវ​អ្នក​ដឹង​ថា​អ្នក​មាន​សុវត្ថិភាព។

អ្នក​ប្រហែល​ជា​មិន​មាន​បទ​ពិសោធន៍​ដូច​បាន​រៀប​រាប់​ខាង​លើ​នេះ​ទេ។ ប៉ុន្ដែ អ្នក​ទំនង​ជា​មាន​កង្វល់​ផ្សេង​ទៀត​ក្នុង​ជីវិត​ដែល​នាំ​ឲ្យ​អ្នក​ព្រួយ​បារម្ភ។ ជា​ឧទាហរណ៍ តើ​អ្នក​កំពុង​តយុទ្ធ​នឹង​ភាព​ទន់​ខ្សោយ​ដែល​អ្នក​ចង់​យក​ឈ្នះ ប៉ុន្ដែ​អ្នក​បន្ដ​ធ្វើ​ខុស​ដដែល​ឬ​ទេ? តើ​អ្នក​គ្មាន​ការ​ងារ​ធ្វើ​អស់​មួយ​រយៈ​ពេល​យូរ ហើយ​ទោះ​ជា​អ្នក​ខំ​ប្រឹង​ប្រែង​យ៉ាង​ណា​ក៏​ដោយ​អ្នក​មិន​អាច​ស្វែង​រក​ការ​ងារ​បាន​ឬ? តើ​អ្នក​ព្រួយ​បារម្ភ​ថា​អ្នក​កាន់​តែ​ចាស់​ទៅ​ៗ ហើយ​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​នៅ​ពេល​អនាគត​ឬ​ទេ? ឬ​តើ​មាន​អ្វី​ណា​ទៀត​ដែល​ធ្វើ​ឲ្យ​អ្នក​ខ្វល់​ខ្វាយ?

ទោះ​ជា​អ្នក​មាន​បញ្ហា​អ្វី​ក៏​ដោយ ជា​ការ​ល្អ​ឲ្យ​អ្នក​មាន​មិត្ដ​ភក្ដិ​ម្នាក់​ដែល​អ្នក​អាច​ប្រាប់​អំពី​ការ​ព្រួយ​បារម្ភ​របស់​អ្នក ហើយ​ដែល​សុខ​ចិត្ដ​ជួយ​អ្នក។ តើ​អ្នក​មាន​មិត្ដ​ភក្ដិ​ជិត​ស្និទ្ធ​បែប​នេះ​ទេ? អ្នក​ពិត​ជា​មាន! ព្រះ​យេហូវ៉ា​គឺ​ជា​មិត្ដ​ភក្ដិ​បែប​នោះ​ចំពោះ​អ្នក ដូច​លោក​ជា​មិត្ដ​ភក្ដិ​របស់​អាប្រាហាំ​ដែល​ជា​បុរស​ស្មោះ​ត្រង់ ដូច​បាន​បញ្ជាក់​នៅ​អេសាយ ៤១:៨​-​១៣។ នៅ​ខ​១០​និង​១៣ ព្រះ​យេហូវ៉ា​សន្យា​ចំពោះ​យើង​ម្នាក់​ៗ​ថា​៖ ​«​កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង។ កុំ​ឲ្យ​ស្រយុត​ចិត្ដ​ឲ្យ​សោះ ពី​ព្រោះ​អញ​ជា​ព្រះ​នៃ​ឯង។ អញ​នឹង​ចំរើន​កំឡាំង​ដល់​ឯង អើ អញ​នឹង​ជួយ​ឯង អើ អញ​នឹង​ទ្រ​ឯង​ដោយ​ដៃ​ស្ដាំ​ដ៏​សុចរិត​របស់​អញ។ ដ្បិត​អញ​នេះ​គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អញ​នឹង​កាន់​ដៃ​ស្ដាំ​ឯង ដោយ​ពោល​នឹង​ឯង​ថា​៖ ‹កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង›​»។

«​អញ​នឹង​ទ្រ​ឯង​»

ពាក្យ​របស់​ព្រះ​យេហូវ៉ា​ពិត​ជា​សម្រាល​ទុក្ខ​យើង​ណាស់។ សូម​ស្រមៃ​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​សន្យា​ចំពោះ​យើង។ ខ​គម្ពីរ​នេះ​មិន​ចែង​ថា​អ្នក​កំពុង​ដើរ​ក្បែរ​ព្រះ​យេហូវ៉ា​កាន់​ដៃ​របស់​លោក​ឡើយ។ បើ​អ្នក​កំពុង​ដើរ​ក្បែរ​ព្រះ​យេហូវ៉ា ដៃ​ស្ដាំ​របស់​លោក​នឹង​កាន់​ដៃ​ឆ្វេង​របស់​អ្នក។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​ហុច​«​ដៃ​ស្ដាំ​ដ៏​សុចរិត​»​របស់​លោក ហើយ​កាន់​«​ដៃ​ស្ដាំ​ឯង​»​ ប្រៀប​ដូច​ជា​លោក​កំពុង​ទាញ​អ្នក​ចេញ​ពី​ស្ថានភាព​ដ៏​ពិបាក​មួយ។ ពេល​ព្រះ​យេហូវ៉ា​កាន់​ដៃ​ស្ដាំ​របស់​អ្នក លោក​ផ្ដល់​កម្លាំង​ចិត្ដ​ឲ្យ​អ្នក​ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង​»។

តើ​អ្នក​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​មិត្ដ​ភក្ដិ​របស់​អ្នក​និង​ជា​ឪ​ពុក​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ឬ​ទេ? តើ​អ្នក​ជឿ​ថា​លោក​នឹង​ជួយ​អ្នក​ពេល​អ្នក​ជួប​ប្រទះ​នឹង​ការ​ពិបាក​ឬ​ទេ? ព្រះ​យេហូវ៉ា​ពិត​ជា​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​អ្នក​និង​ចង់​ជួយ​អ្នក។ ពេល​អ្នក​មាន​បញ្ហា​និង​មាន​ការ​ពិបាក ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​មាន​សុវត្ថិភាព។ ហេតុ​អ្វី? ពី​ព្រោះ​លោក​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់។ លោក​ពិត​ជា​«​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន​»។—ទំនុក​តម្កើង ៤៦:១

ពេល​យើង​នៅ​តែ​បន្ទោស​ខ្លួន​ចំពោះ​កំហុស​នៅ​អតីតកាល

អ្នក​ខ្លះ​បន្ដ​នឹក​ចាំ​កំហុស​របស់​ពួក​គេ​នៅ​អតីតកាល ហើយ​ឆ្ងល់​ថា​ព្រះ​បាន​អភ័យ​ទោស​ឲ្យ​ពួក​គេ​ឬ​យ៉ាង​ណា។ បើ​អ្នក​មាន​អារម្មណ៍​ដូច្នេះ សូម​គិត​អំពី​យ៉ូប​ដែល​ជា​បុរស​ស្មោះ​ត្រង់។ គាត់​បាន​សារភាព​ថា​គាត់​បាន​ធ្វើ​ខុស​ពេល​គាត់​មាន​វ័យ​ក្មេង។ (​យ៉ូប ១៣:២៦​) ដាវីឌ​ដែល​ជា​អ្នក​តែង​ទំនុក​តម្កើង​ក៏​មាន​អារម្មណ៍​ដូច្នេះ​ដែរ ហើយ​បាន​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ថា​៖ ​«​សូម​កុំ​នឹក​ចាំ​ពី​បាប​ដែល​ទូល​បង្គំ​ប្រព្រឹត្ដ​កាល​នៅ​ក្មេង ឬ​អំពើ​រំលង​របស់​ទូល​បង្គំ​នោះ​ឡើយ​»។ (​ទំនុក​តម្កើង ២៥:៧​) ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ យើង​គ្រប់​រូប​«​ធ្លាប់​ធ្វើ​ខុស​ក៏​មិន​ដល់​កម្រិត​កំណត់​នៃ​សិរី​រុង​រឿង​របស់​ព្រះ​»។—រ៉ូម ៣:២៣

ពាក្យ​សម្រាល​ទុក្ខ​នៅ​អេសាយ ជំពូក​ទី​៤១​បាន​ត្រូវ​សរសេរ​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល។ ពួក​គេ​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ដល់​ម៉្លេះ​បាន​ជា​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​លោក​នឹង​ដាក់​ទោស​ពួក​គេ​ដោយ​និរទេស​ពួក​គេ​ទៅ​បាប៊ីឡូន។ (​អេសាយ ៣៩:៦, ៧​) នៅ​ដំណាល​គ្នា​នោះ ព្រះ​បាន​សន្យា​ថា​លោក​នឹង​រំដោះ​ពួក​អ្នក​ដែល​នឹង​ប្រែ​ចិត្ដ​និង​ដែល​ត្រឡប់​មក​ឯ​លោក​វិញ! (​អេសាយ ៤១:៨, ៩; ៤៩:៨​) នៅ​សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ក៏​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​មេត្ដា​ករុណា​ដែរ​ចំពោះ​ពួក​អ្នក​ដែល​ប្រែ​ចិត្ដ​យ៉ាង​ស្មោះ ហើយ​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ដ។—ទំនុក​តម្កើង ៥១:១

សូម​ពិចារណា​អំពី​បទ​ពិសោធន៍​របស់​បង​ប្រុស​តាឃូយ៉ា *ដែល​ព្យាយាម​យក​ឈ្នះ​ទម្លាប់​ដ៏​ស្មោក​គ្រោក​គឺ​ការ​មើល​រូប​អាសអាភាស​និង​ការ​ស្ទាប​អង្អែល​អវយវៈ​ភេទ​របស់​ខ្លួន​ដើម្បី​បំពេញ​ចំណង់​ផ្លូវ​ភេទ។ ជា​ច្រើន​ដង គាត់​បាន​ចុះ​ចាញ់​ទម្លាប់​នេះ។ តើ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា? គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ​សោះ តែ​ពេល​ខ្ញុំ​អធិដ្ឋាន​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​អភ័យ​ទោស​ឲ្យ​ខ្ញុំ នោះ​លោក​បាន​លើក​ខ្ញុំ​ឡើង​វិញ​»។ តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? ពួក​អ្នក​ចាស់​ទុំ​នៅ​ក្រុម​ជំនុំ​របស់​បង​តាឃូយ៉ា​បាន​ប្រាប់​គាត់​ឲ្យ​ទូរស័ព្ទ​ទៅ​ពួក​គាត់​កាល​ដែល​គាត់​ចុះ​ចាញ់​ទម្លាប់​នោះ។ គាត់​សារភាព​ថា​៖ ​«​ខ្ញុំ​ពិបាក​ទូរស័ព្ទ​ទៅ​ពួក​គាត់ តែ​ពេល​ណា​ខ្ញុំ​ធ្វើ នោះ​បាន​ពង្រឹង​កម្លាំង​ចិត្ដ​ខ្ញុំ​»។ ក្រោយ​មក​ពួក​អ្នក​ចាស់​ទុំ​បាន​រៀប​ចំ​ឲ្យ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ទៅ​ជួប​បង​តាឃូយ៉ា។ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​បាន​ប្រាប់​គាត់​ថា​៖ ​«​ខ្ញុំ​មក​ទី​នេះ​មិន​មែន​ដោយ​ចៃដន្យ​ទេ។ ខ្ញុំ​មក​ដោយ​សារ​ពួក​អ្នក​ចាស់​ទុំ​ចង់​ឲ្យ​ខ្ញុំ​មក។ ពួក​គាត់​ជ្រើស​រើស​ប្អូន​ដើម្បី​ឲ្យ​យើង​មក​ពង្រឹង​កម្លាំង​ចិត្ដ​ប្អូន​ក្នុង​នាម​ជា​គង្វាល​»។ បង​តាឃូយ៉ា​និយាយ​ថា​៖ ​«​ខ្ញុំ​ជា​អ្នក​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង ក៏​ប៉ុន្ដែ​ព្រះ​យេហូវ៉ា​ផ្ដល់​ជំនួយ​ដល់​ខ្ញុំ​តាម​រយៈ​ពួក​អ្នក​ចាស់​ទុំ​»។ នៅ​ទី​បំផុត បង​តាឃូយ៉ា​បាន​លះ​ចោល​ទម្លាប់​ដ៏​អាក្រក់​នោះ ក្រោយ​មក​គាត់​បាន​ទៅ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល ហើយ​ឥឡូវ​គាត់​កំពុង​បម្រើ​នៅ​ការិយាល័យ​សាខា​មួយ។ ដូច​ព្រះ​បាន​ជួយ​បង​ប្រុស​នេះ លោក​នឹង​ជួយ​អ្នក​ពេល​អ្នក​ធ្វើ​ខុស។

ពេល​យើង​ខ្វល់​ខ្វាយ​អំពី​ការ​ងារ

អ្នក​ខ្លះ​ខ្វល់​ខ្វាយ​ដោយ​សារ​ពួក​គេ​បាន​បាត់​បង់​ការ​ងារ​ធ្វើ ហើយ​មិន​អាច​រក​ការ​ងារ​ផ្សេង​ទៀត​បាន។ សូម​ស្រមៃ​គិត​ថា គឺ​ពិបាក​យ៉ាង​ណា បើ​និយោជក​មួយ​ហើយ​មួយ​ទៀត​មិន​ព្រម​ទទួល​អ្នក​ឲ្យ​ចូល​ធ្វើ​ការ។ ពេល​អ្នក​ខ្លះ​ជួប​ប្រទះ​ស្ថានភាព​ដ៏​ពិបាក​នេះ ពួក​គេ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ​ទេ។ តើ​ព្រះ​យេហូវ៉ា​អាច​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច? លោក​ប្រហែល​ជា​មិន​ផ្ដល់​ការ​ងារ​ល្អ​មួយ​ដល់​អ្នក​ភ្លាម​ៗ​ទេ ប៉ុន្ដែ​លោក​អាច​ជួយ​អ្នក​ឲ្យ​នឹក​ចាំ​ពាក្យ​របស់​ដាវីឌ​ដែល​ថា​៖ ​«​យើង​ពី​ដើម​នៅ​ក្មេង ឥឡូវ​នេះ​ចាស់​ហើយ តែ​មិន​ដែល​ឃើញ​មនុស្ស​សុចរិត​ត្រូវ​លះ​បង់​ចោល ឬ​ពូជ​ពង្ស​គេ​សូម​ទាន​អាហារ​ឡើយ​»។ (​ទំនុក​តម្កើង ៣៧:២៥​) ព្រះ​យេហូវ៉ា​ចាត់​ទុក​អ្នក​ថា​មាន​តម្លៃ ហើយ​លោក​ហុច​«​ដៃ​ស្ដាំ​ដ៏​សុចរិត​»​របស់​លោក​ដល់​អ្នក ដើម្បី​អ្នក​នឹង​មាន​អ្វី​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​បន្ដ​បម្រើ​លោក។

បើ​អ្នក​បាត់​បង់​ការ​ងារ តើ​ព្រះ​យេហូវ៉ា​អាច​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច?

បង​ស្រី​សារ៉ា​ដែល​រស់​នៅ​ប្រទេស​កូឡុំប៊ី បាន​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់។ គាត់​បាន​ទទួល​លុយ​ជា​ច្រើន​ពី​ការ​ងារ​ពេញ​ពេល​នៅ​ក្រុម​ហ៊ុន​មួយ​ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​និង​ដែល​គេ​ស្គាល់​ជា​ទូ​ទៅ។ ប៉ុន្ដែ គាត់​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ច្រើន​ជាង ដូច្នេះ​គាត់​លា​ឈប់​ពី​ការ​ងារ​នោះ ហើយ​ចាប់​ផ្ដើម​ត្រួស​ត្រាយ។ ក៏​ប៉ុន្ដែ​គាត់​ពិបាក​រក​ការ​ងារ​មិន​ពេញ​ពេលដែល​គាត់​ត្រូវ​ការ។ គាត់​បាន​បើក​ហាង​ដ៏​តូច​មួយ​លក់​ការ៉េម តែ​យូរ​ៗ​ទៅ​គាត់​អស់​លុយ ហើយ​បាន​បិទ​ហាង​នោះ។ គាត់​និយាយ​ថា​៖ ​«​អស់​បី​ឆ្នាំ​បាន​កន្លង​ទៅ តែ​ដោយ​សារ​ព្រះ​យេហូវ៉ា ខ្ញុំ​អាច​ស៊ូ​ទ្រាំ​បាន​»។ គាត់​បាន​រៀន​ឲ្យ​ស្គាល់​អំពី​អ្វី​ដែល​គាត់​ត្រូវ​ការ​ជា​ចាំ​បាច់ និង​របៀប​ជៀស​វាង​ពី​ការ​ខ្វល់​ខ្វាយ​អំពី​ថ្ងៃ​ស្អែក។ (​ម៉ាថាយ ៦:៣៣, ៣៤​) នៅ​ទី​បំផុត ថៅកែ​របស់​គាត់​ពី​មុន​បាន​ទូរស័ព្ទ​មក​គាត់ ហើយ​សុំ​គាត់​ឲ្យ​ចូល​ធ្វើ​ការ​ដូច​ពី​មុន។ គាត់​បាន​និយាយ​ថា​គាត់​ព្រម​ទទួល​ការ​ងារ​បាន លុះ​ត្រា​តែ​ការ​ងារ​នោះ​មិន​ពេញ​ពេល ហើយ​អនុញ្ញាត​ឲ្យ​គាត់​ឈប់​ដើម្បី​ទៅ​កិច្ច​ប្រជុំ សន្និបាត និង​មហា​សន្និបាត។ សព្វ​ថ្ងៃ​នេះ បង​សារ៉ា​មិន​ទទួល​លុយ​ច្រើន​ដូច​ដែល​គាត់​ធ្លាប់​ទទួល​ពី​មុន​ទេ ប៉ុន្ដែ​គាត់​អាច​បន្ដ​ត្រួស​ត្រាយ​បាន។ គាត់​និយាយ​ថា​ក្នុង​អំឡុង​ពេល​ដ៏​ពិបាក​នោះ គាត់​មាន​អារម្មណ៍​ថា​គាត់​បាន​ទទួល​ជំនួយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​យេហូវ៉ា។

ពេល​យើង​ខ្វល់​ខ្វាយ​ថា យើង​កាន់​តែ​ចាស់​ទៅ​ៗ​

មនុស្ស​ជា​ច្រើន​ខ្វល់​ខ្វាយ​ដោយ​សារ​ពួក​គាត់​កាន់​តែ​ចាស់​ទៅ​ៗ ហើយ​មិន​យូរ​ទៀត​ពួក​គាត់​នឹង​ចូល​និវត្ដន៍។ ពួក​គាត់​ឆ្ងល់​ថា ពួក​គាត់​នឹង​មាន​លុយ​គ្រប់​គ្រាន់​ដើម្បី​រស់​នៅ​ស្រណុក​សុខ​ស្រួល​ឬ​យ៉ាង​ណា។ ពួក​គាត់​ក៏​បារម្ភ​អំពី​បញ្ហា​សុខភាព​ដែល​ប្រហែល​ជា​នឹង​មាន​នៅ​ពេល​អនាគត។ គឺ​ទំនង​ជា​ស្ដេច​ដាវីឌ​ដែល​បាន​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ថា​៖ ​«​សូម​កុំ​បោះ​បង់​ចោល​ទូល​បង្គំ​ក្នុង​កាល​ដែល​ចាស់​ជរា​ឡើយ ហើយ​កុំ​លះ​បង់​ទូល​បង្គំ​ក្នុង​កាល​ដែល​មាន​កំឡាំង​អន់​ថយ​នោះ​ដែរ​»។—ទំនុក​តម្កើង ៧១:៩, ១៨

តើ​តាម​របៀប​ណា​អ្នក​ដែល​មាន​វ័យ​ចាស់​អាច​មាន​ទំនុក​ចិត្ដ​អំពី​ពេល​អនាគត? ពួក​គាត់​ត្រូវ​បន្ដ​ពង្រឹង​ជំនឿ​របស់​ពួក​គាត់​ទៅ​លើ​ព្រះ ហើយ​ទុក​ចិត្ដ​ថា​លោក​នឹង​ផ្ដល់​អ្វី​ទាំង​អស់​ដែល​ពួក​គាត់​ត្រូវ​ការ។ ក៏​ប៉ុន្ដែ ពេល​ពួក​គាត់​មាន​លុយ​ច្រើន​ជាង អ្នក​ខ្លះ​ចូល​ចិត្ដ​ទិញ​របស់​ពិសេស​ថ្លៃ​ៗ ដូច្នេះ​ពួក​គាត់​ប្រហែល​ជា​ត្រូវ​រៀន​ឲ្យ​ចេះ​មាន​ជីវិត​សាមញ្ញ​ជាង ហើយ​ស្កប់​ចិត្ដ​ដោយ​មាន​របស់​របរ​តិច​ជាង។ ពួក​គាត់​ប្រហែល​ជា​នឹង​ទទួល​ស្គាល់​ថា​ការ​បរិភោគ​«​បន្លែ​»​ជា​ជាង​«​សាច់​គោ​ដែល​បំប៉ន​ឲ្យ​ធាត់​»​ប្រហែល​ជា​ល្អ​ជាង​សម្រាប់​សុខភាព​របស់​ពួក​គាត់! (​សុភាសិត ១៥:១៧​) បើ​អ្នក​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បម្រើ​ព្រះ​យេហូវ៉ា លោក​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​នឹង​មាន​អ្វី​ៗ​ទាំង​អស់​ដែល​អ្នក​ត្រូវ​ការ​ពេល​អ្នក​មាន​វ័យ​ចាស់។

បង​ហូសេ​និង​បង​រ៉ូស​ជា​មួយ​នឹង​បង​ថូនី​និង​បង​វ៉េនឌី

សូម​គិត​អំពី​បង​ប្រុស​ហូសេ​និង​បង​ស្រី​រ៉ូស ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​ពេញ​ពេល​អស់​រយៈ​ពេល​ជាង​៦៥​ឆ្នាំ។ ក្នុង​អំឡុង​ពេល​នោះ ពួក​គាត់​មាន​ការ​ពិបាក​ជា​ច្រើន។ ពួក​គាត់​បាន​មើល​ថែ​រក្សា​ឪ​ពុក​របស់​បង​រ៉ូស​ដែល​ត្រូវ​ការ​ជំនួយ​ទាំង​យប់​ទាំង​ថ្ងៃ។ បង​ហូសេ​ក៏​បាន​ទទួល​ការ​វះ​កាត់​ជំងឺ​មហា​រីក ហើយ​បាន​ទទួល​ការ​ព្យាបាល​ដោយ​ចាក់​បញ្ចូល​ធាតុ​គីមី។ តើ​ព្រះ​យេហូវ៉ា​បាន​ជួយ​ប្ដី​ប្រពន្ធ​ដែល​ស្មោះ​ត្រង់​នេះ​យ៉ាង​ដូច​ម្ដេច? លោក​បាន​ប្រើ​ប្ដី​ប្រពន្ធ​គ្រិស្ដ​សាសនិក​មួយ​គូ​ទៀត​ឈ្មោះ​ថូនី​និង​វ៉េនឌី។ ពួក​គេ​មាន​បន្ទប់​ស្នាក់​នៅ​ដែល​ពួក​គេ​ចង់​ឲ្យ​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ស្នាក់​នៅ​ដោយ​ឥត​គិត​ថ្លៃ។ បង​ថូនី​បាន​នឹក​ចាំ​ថា​ពេល​គាត់​រៀន​នៅ​វិទ្យាល័យ គាត់​មើល​ពី​បង្អួច ហើយ​ឃើញ​បង​ហូសេ​និង​បង​រ៉ូស​កំពុង​ផ្សព្វ​ផ្សាយ​ជា​ទៀង​ទាត់។ បង​ថូនី​ស្រឡាញ់​បង​ហូសេ​និង​បង​រ៉ូស​ដោយ​សារ​ចិត្ដ​ខ្នះ​ខ្នែង​របស់​ពួក​គាត់ ហើយ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ចិត្ដ​របស់​គាត់។ ដោយ​សារ​បង​ហូសេ​និង​បង​រ៉ូស​បាន​ប្រើ​ជីវិត​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា បង​ថូនី​និង​បង​វ៉េនឌី​បាន​ឲ្យ​បន្ទប់​ស្នាក់​នៅ​ដល់​ពួក​គាត់។ អស់​១៥​ឆ្នាំ​ហើយ ពួក​គេ​បាន​ជួយ​បង​ហូសេ​និង​បង​រ៉ូស ហើយ​ឥឡូវ​នេះ​បង​ហូសេ​និង​បង​រ៉ូស​មាន​អាយុ​ប្រហែល​ជា​៨៥​ឆ្នាំ។ បង​ហូសេ​និង​បង​រ៉ូស​មាន​អារម្មណ៍​ថា​បង​ថូនី​និង​បង​វ៉េនឌី​គឺ​ជា​អំណោយ​មួយ​ដែល​មក​ពី​ព្រះ​យេហូវ៉ា។

ព្រះ​យេហូវ៉ា​សន្យា​នឹង​អ្នក​ថា​៖ ​«​កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង​»។ លោក​ក៏​ហុច​«​ដៃ​ស្ដាំ​ដ៏​សុចរិត​»​របស់​លោក​ឲ្យ​អ្នក​ដែរ។ តើ​អ្នក​នឹង​ហុច​ដៃ​របស់​អ្នក​ឲ្យ​លោក​ឬ​ទេ?

^ វគ្គ 11 ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។