លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​នាំ​ឲ្យ​យើង​មាន​ចិត្ដ​កតញ្ញូ

គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​នាំ​ឲ្យ​យើង​មាន​ចិត្ដ​កតញ្ញូ

​«​យើង​ទាំង​អស់​គ្នា​បាន​ទទួល . . . គុណ​ដ៏​វិសេស​លើស​លប់​ថែម​លើ​គុណ​ដ៏​វិសេស​លើស​លប់​»។—យ៉ូហាន ១:១៦

ចម្រៀង​លេខ: ១, ១៣

១, ២​. (​ក​) សូម​រៀប​រាប់​អំពី​ឧទាហរណ៍​របស់​លោក​យេស៊ូ​ស្ដី​អំពី​ម្ចាស់​ចម្ការ។ (​ខ​) តើ​ឧទាហរណ៍​នេះ​បង្ហាញ​យ៉ាង​ណា​អំពី​ចិត្ដ​ទូលាយ​និង​គុណ​ដ៏​វិសេស​លើស​លប់?

នៅ​ព្រឹក​ព្រលឹម​មួយ ម្ចាស់​ចម្ការ​ទំពាំង​បាយ​ជូរ​បាន​ទៅ​ផ្សារ​ដែល​ជា​កន្លែង​កម្មករ​រង់​ចាំ​ទទួល​ការ​ងារ។ គាត់​ទៅ​ទី​នោះ​ដើម្បី​ជួល​កម្មករ។ គាត់​បាន​ប្រាប់​អំពី​ប្រាក់​ឈ្នួល​ដែល​គាត់​នឹង​ឲ្យ​ដល់​បុរស​នៅ​ទី​នោះ ហើយ​ពួក​គេ​បាន​ព្រម​ទទួល។ ប៉ុន្ដែ ដោយ​សារ​ម្ចាស់​ចម្ការ​នោះ​ត្រូវ​ការ​កម្មករ​ថែម​ទៀត គាត់​បាន​ត្រឡប់​ទៅ​ផ្សារ​ប៉ុន្មាន​ដង​ទៀត​នៅ​ថ្ងៃ​ដដែល​នោះ​ដើម្បី​ជួល​កម្មករ​ថែម​ទៀត។ គាត់​បាន​ប្រាប់​បុរស​ទាំង​នោះ​ថា​គាត់​នឹង​ឲ្យ​ប្រាក់​ឈ្នួល​តាម​អ្វី​ដែល​ត្រឹម​ត្រូវ។ នៅ​ពេល​ល្ងាច ម្ចាស់​ចម្ការ​បាន​ប្រមូល​កម្មករ​ទាំង​អស់​ដើម្បី​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួក​គេ។ ទោះ​ជា​ពួក​គេ​បាន​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​ឬ​តែ​មួយ​ម៉ោង​ក្ដី គាត់​បាន​បើក​ប្រាក់​ឈ្នួល​ដូច​ៗ​គ្នា​ឲ្យ​ពួក​គេ។ ប៉ុន្ដែ ពេល​បុរស​ដែល​បាន​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​ចាប់​ផ្ដើម​ត្អូញត្អែរ ម្ចាស់​ចម្ការ​នោះ​បាន​និយាយ​ថា ‹អ្នក​បាន​យល់​ព្រម​ទទួល​ប្រាក់​ឈ្នួល​ដែល​ខ្ញុំ​ថា​នឹង​ឲ្យ​អ្នក មែន​ទេ? តើ​ខ្ញុំ​មិន​មាន​សិទ្ធិ​ឲ្យ​ប្រាក់​ខ្ញុំ​ដល់​កម្មករ​ទាំង​អស់​តាម​ចិត្ដ​ទេ​ឬ? តើ​អ្នក​ច្រណែន​ដោយ​សារ​ខ្ញុំ​មាន​ចិត្ដ​ទូលាយ​ឬ?›។—ម៉ាថាយ ២០:១​-​១៥

ឧទាហរណ៍​នេះ​របស់​លោក​យេស៊ូ​បង្រៀន​យើង​មេ​រៀន​ដ៏​សំខាន់​អំពី​«​គុណ​ដ៏​វិសេស​លើស​លប់​»​របស់​ព្រះ​យេហូវ៉ា។ (​សូម​អាន កូរិនថូស​ទី២ ៦:១) តើ​តាម​របៀប​ណា? អ្នក​ខ្លះ​ប្រហែល​ជា​គិត​ថា​បុរស​ដែល​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​សម​នឹង​ទទួល​ប្រាក់​ឈ្នួល​ច្រើន​ជាង​បុរស​ឯ​ទៀត។ ប៉ុន្ដែ ម្ចាស់​ចម្ការ​បាន​បង្ហាញ​គុណ​ដ៏​វិសេស​លើស​លប់​ដល់​កម្មករ​ដែល​មិន​បាន​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ។ បណ្ឌិត​ម្នាក់​បាន​និយាយ​អំពី​ពាក្យ​«​គុណ​ដ៏​វិសេស​លើស​លប់​»​ដែល​បាន​ត្រូវ​ប្រើ​ក្នុង​គម្ពីរ​ថា​៖​«​ពាក្យ​នេះ​ចង់​សំដៅ​ទៅ​លើ​អំណោយ​ដែល​គេ​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​ដែល​លើស​ពី​អ្វី​ដែល​បុគ្គល​ម្នាក់​សម​នឹង​ទទួល​»។

អំណោយ​ដ៏​សប្បុរស​របស់​ព្រះ​យេហូវ៉ា

៣, ៤​. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​គុណ​ដ៏​វិសេស​លើស​លប់​ចំពោះ​មនុស្សជាតិ​យ៉ាង​ដូច​ម្ដេច ហើយ​ហេតុ​អ្វី?

គម្ពីរ​ប្រាប់​យើង​ថា​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​គឺ​ជា​«​អំណោយ​ទាន​»។ (​អេភេសូរ ៣:៧​) ដោយ​សារ​យើង​មិន​អាច​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា​យ៉ាង​ល្អ​ឥត​ខ្ចោះ នោះ​យើង​មិន​សម​នឹង​ទទួល​សេចក្ដី​សប្បុរស​ពី​ព្រះ​ទាល់​តែ​សោះ។ តាម​ពិត​យើង​សម​នឹង​ស្លាប់។ ស្ដេច​សាឡូម៉ូន​បាន​និយាយ​ថា​៖ ​«​គ្មាន​មនុស្ស​សុចរិត​ណា​នៅ​ផែន​ដី​ដែល​ប្រព្រឹត្ដ​សុទ្ធតែ​ល្អ​ឥត​ធ្វើ​បាប​ឡើយ​នោះ​ទេ​»។ (​សាស្តា ៧:២០​) ក្រោយ​មក​សាវ័ក​ប៉ូល​បាន​និយាយ​ថា​៖ ​«​គ្រប់​គ្នា​ធ្លាប់​ធ្វើ​ខុស​ក៏​មិន​ដល់​កម្រិត​កំណត់​នៃ​សិរី​រុង​រឿង​របស់​ព្រះ​»​ ហើយ​«​ប្រាក់​ឈ្នួល​ដែល​ភាព​ខុស​ឆ្គង​បើក​ឲ្យ គឺ​ជា​សេចក្ដី​ស្លាប់​»។—រ៉ូម ៣:២៣; ៦:២៣​ក

ពី​ព្រោះ​ព្រះ​យេហូវ៉ា​ស្រឡាញ់​មនុស្ស​ដល់​ម៉្លេះ​បាន​ជា​លោក​បាន​ចាត់​«​បុត្រ​តែ​មួយ​របស់​លោក​»​ឲ្យ​ស្លាប់​ដើម្បី​យើង។ នោះ​គឺ​ជា​ការ​ប្រព្រឹត្ដ​ដែល​បង្ហាញ​អំពី​គុណ​ដ៏​វិសេស​លើស​លប់​ជាង​គេ​ដែល​អាច​មាន។ (​យ៉ូហាន ៣:១៦​) ប៉ូល​បាន​និយាយ​ថា លោក​យេស៊ូ​«​បាន​ទទួល​សិរី​រុង​រឿង​និង​កិត្ដិយស​ជា​មត៌ក ពី​ព្រោះ​លោក​បាន​រង​ការ​ឈឺ​ចាប់​រហូត​ដល់​ស្លាប់ ដើម្បី​លោក​អាច​ឆ្លង​កាត់​សេចក្ដី​ស្លាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​គ្រប់​រូប ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​»។ (​ហេប្រឺ ២:៩​) ​«​អំណោយ​ដែល​ព្រះ​ផ្ដល់​ឲ្យ​គឺ​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ដោយ​គ្រិស្ដ​យេស៊ូ ជា​ម្ចាស់​របស់​យើង​»។—រ៉ូម ៦:២៣​ខ

៥, ៦​. (​ក​) ពេល​យើង​ឲ្យ​ភាព​ខុស​ឆ្គង​គ្រប់​គ្រង​លើ​យើង តើ​នោះ​នាំ​ឲ្យ​មាន​លទ្ធផល​យ៉ាង​ណា? (​ខ​) ពេល​យើង​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​គ្រប់​គ្រង​លើ​យើង តើ​នោះ​នាំ​ឲ្យ​មាន​លទ្ធផល​យ៉ាង​ណា?

ហេតុ​អ្វី​យើង​មាន​ភាព​ខុស​ឆ្គង ហើយ​ស្លាប់? គម្ពីរ​ចែង​ថា​៖ ​«​សេចក្ដី​ស្លាប់​បាន​គ្រប់​គ្រង​ជា​ស្ដេច​ដោយ​សារ​បទ​រំលង​របស់​មនុស្ស​ម្នាក់​»។ ដូច្នេះ​ដោយ​សារ​យើង​ជា​កូន​ចៅ​របស់​អាដាម យើង​មាន​ភាព​ខុស​ឆ្គង ហើយ​ស្លាប់។ (​រ៉ូម ៥:១២, ១៤, ១៧​) ប៉ុន្ដែ យើង​នៅ​តែ​អាច​សម្រេច​ចិត្ដ​មិន​ឲ្យ​ភាព​ខុស​ឆ្គង​គ្រប់​គ្រង​ឬ​កាន់​កាប់​លើ​យើង​បាន។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? ពេល​យើង​បង្ហាញ​ជំនឿ​លើ​គ្រឿង​បូជា​លោះ​របស់​គ្រិស្ដ យើង​ទទួល​ប្រយោជន៍​ពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា។ គម្ពីរ​ចែង​ថា​៖ ‹នៅ​កន្លែង​ណា​ដែល​ភាព​ខុស​ឆ្គង​មាន​កាន់​តែ​ច្រើន នៅ​កន្លែង​នោះ​គុណ​ដ៏​វិសេស​លើស​លប់​មាន​ច្រើន​ជាង​នោះ​ទៅ​ទៀត។ ដើម្បី​អ្វី? ដើម្បី​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​គ្រប់​គ្រង​ជា​ស្ដេច​តាម​រយៈ​សេចក្ដី​សុចរិត ដើម្បី​ឲ្យ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ តាម​រយៈ​លោក​យេស៊ូ​គ្រិស្ដ ដូច​ភាព​ខុស​ឆ្គង​បាន​គ្រប់​គ្រង​ជា​ស្ដេច​ជា​មួយ​នឹង​សេចក្ដី​ស្លាប់​ដែរ›។—រ៉ូម ៥:២០, ២១

ទោះ​ជា​យើង​នៅ​តែ​មាន​ភាព​ខុស​ឆ្គង​ក៏​ដោយ យើង​មិន​ត្រូវ​ឲ្យ​ភាព​ខុស​ឆ្គង​គ្រប់​គ្រង​លើ​យើង​ទេ។ ដូច្នេះ ពេល​យើង​ធ្វើ​ខុស យើង​សុំ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង។ ប៉ូល​បាន​ព្រមាន​យើង​ថា​៖ ​«​ភាព​ខុស​ឆ្គង​មិន​ត្រូវ​ធ្វើ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ទៀត​ឡើយ ដោយ​ឃើញ​ថា​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​ច្បាប់ តែ​នៅ​ក្រោម​គុណ​ដ៏​វិសេស​លើស​លប់​»។ (​រ៉ូម ៦:១៤​) ដូច្នេះ តើ​តាម​របៀប​ណា​យើង​អាច​ទទួល​ប្រយោជន៍​ពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ? ប៉ូល​បាន​និយាយ​ថា​៖​«​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ . . . ណែនាំ​យើង​ឲ្យ​បដិសេធ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​ខុស​ពី​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​ឲ្យ​បដិសេធ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ពិភព​លោក​នេះ រួច​រស់​នៅ​ដោយ​ដឹង​ខុស​ត្រូវ ដោយ​មាន​សេចក្ដី​សុចរិត និង​ដោយ​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ ក្នុង​របៀប​របប​ពិភព​លោក​នេះ​»។—ទីតុស ២:១១, ១២

គុណ​ដ៏​វិសេស​លើស​លប់​«​បាន​ត្រូវ​ផ្ដល់​ឲ្យ​តាម​របៀប​ផ្សេង​ៗ​»​

៧, ៨​. តើ​ពាក្យ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា​«​បាន​ត្រូវ​ផ្ដល់​ឲ្យ​តាម​របៀប​ផ្សេង​ៗ​»​មាន​ន័យ​យ៉ាង​ណា? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

សាវ័ក​ពេត្រុស​បាន​សរសេរ​ថា​៖ ​«​ក្នុង​នាម​ជា​អ្នក​បម្រើ​ល្អ​ប្រសើរ​ដែល​បាន​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ដែល​បាន​ត្រូវ​ផ្ដល់​ឲ្យ​តាម​របៀប​ផ្សេង​ៗ នោះ​ចូរ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​អំណោយ​ដែល​អ្នក​រាល់​គ្នា​ម្នាក់​ៗ​បាន​ទទួល​»។ (​ពេត្រុស​ទី១ ៤:១០​) តើ​ពាក្យ​ដែល​ថា​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា​«​បាន​ត្រូវ​ផ្ដល់​ឲ្យ​តាម​របៀប​ផ្សេង​ៗ​»​មាន​ន័យ​យ៉ាង​ណា? ពាក្យ​នេះ​មាន​ន័យ​ថា​ទោះ​ជា​យើង​មាន​ការ​ពិបាក​យ៉ាង​ណា​ក៏​ដោយ​ក្នុង​ជីវិត​យើង ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ។ (​ពេត្រុស​ទី១ ១:៦​) លោក​នឹង​តែង​តែ​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​យើង​អាច​យក​ឈ្នះ​ទុក្ខ​លំបាក​នីមួយ​ៗ។

ទោះ​ជា​យើង​មាន​ទុក្ខ​លំបាក​ឬ​ការ​ពិបាក​យ៉ាង​ណា​ក៏​ដោយ​ក្នុង​ជីវិត​របស់​យើង ព្រះ​យេហូវ៉ា​នឹង​តែង​តែ​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ៗ​ដែល​យើង​ត្រូវ​ការ​ដើម្បី​យើង​អាច​យក​ឈ្នះ​អ្វី​ទាំង​នោះ

សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ ​«​យើង​ទាំង​អស់​គ្នា​បាន​ទទួល​ពី​ភាព​ពេញ​បរិបូរ​របស់​លោក នូវ​គុណ​ដ៏​វិសេស​លើស​លប់​ថែម​លើ​គុណ​ដ៏​វិសេស​លើស​លប់​»។ (​យ៉ូហាន ១:១៦​) ដោយ​សារ​ព្រះ​យេហូវ៉ា​បង្ហាញ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​តាម​របៀប​ផ្សេង​ៗ យើង​ទទួល​ពរ​ជា​ច្រើន។ តើ​ពរ​ខ្លះ​ទាំង​នេះ​គឺ​ជា​អ្វី?

៩​. តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា ហើយ​តើ​យើង​អាច​បង្ហាញ​ចិត្ដ​កតញ្ញូ​របស់​យើង​ចំពោះ​គុណ​ដ៏​វិសេស​លើស​លប់​នេះ​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង។ ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា លោក​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង។ ប៉ុន្ដែ លោក​ធ្វើ​ដូច្នេះ​លុះ​ត្រា​តែ​យើង​ប្រែ​ចិត្ដ ហើយ​បន្ដ​តយុទ្ធ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​របស់​យើង។ (​សូម​អាន យ៉ូហាន​ទី១ ១:៨, ៩) ប៉ូល​បាន​ពន្យល់​គ្រិស្ដ​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង។ គាត់​បាន​និយាយ​ថា​៖ ​«​[​ព្រះ​]បាន​សង្គ្រោះ​យើង​ពី​អំណាច​នៃ​ភាព​ងងឹត ហើយ​ផ្លាស់​យើង​ទៅ​នៅ​ក្នុង​រាជាណាចក្រ​នៃ​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក ដោយ​សារ​លោក យើង​បាន​ត្រូវ​លោះ ហើយ​នេះ​មាន​ន័យ​ថា​ការ​ខុស​ឆ្គង​របស់​យើង​បាន​ត្រូវ​អភ័យ​ទោស​»។ (​កូឡុស ១:១៣, ១៤​) យើង​មាន​ចិត្ដ​កតញ្ញូ​ខ្លាំង​ដល់​ម៉្លេះ​ចំពោះ​ចិត្ដ​មេត្ដា​ករុណា​របស់​ព្រះ​បាន​ជា​យើង​ចង់​សរសើរ​លោក។ ម្យ៉ាង​ទៀត ដោយ​សារ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង យើង​ក៏​អាច​ទទួល​ពរ​ដ៏​អស្ចារ្យ​ជា​ច្រើន​ទៀត​ដែរ។

១០​. តើ​យើង​អាច​មាន​អ្វី​ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ?

១០ យើង​អាច​មាន​ទំនាក់​ទំនង​សុខ​សាន្ដ​ជា​មួយ​នឹង​ព្រះ។ យើង​មាន​ភាព​ខុស​ឆ្គង ដូច្នេះ​យើង​ជា​សត្រូវ​របស់​ព្រះ​តាំង​ពី​ពេល​យើង​កើត​មក។ ប៉ុន្ដែ​ប៉ូល​បាន​និយាយ​ថា​៖ ​«​យើង​បាន​ត្រូវ​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ តាម​រយៈ​សេចក្ដី​ស្លាប់​នៃ​បុត្រ​របស់​លោក កាល​ដែល​យើង​នៅ​ជា​សត្រូវ​នៅ​ឡើយ​»។ (​រ៉ូម ៥:១០​) ដោយ​សារ​ថ្លៃ​លោះ យើង​អាច​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ ពោល​គឺ​យើង​អាច​មាន​សេចក្ដី​សុខ​សាន្ដ​ជា​មួយ​នឹង​លោក ហើយ​ក្លាយ​ទៅ​ជា​មិត្ដ​សម្លាញ់​របស់​លោក។ ប៉ូល​បាន​ពន្យល់​អំពី​សេចក្ដី​សុខ​សាន្ដ​នេះ និង​អំពី​របៀប​ដែល​នេះ​ជាប់​ទាក់​ទង​នឹង​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា ពេល​គាត់​បាន​និយាយ​ទៅ​កាន់​បង​ប្អូន​រួម​ជំនឿ​ដែល​ជា​អ្នក​រើស​តាំង​ថា​៖ ​«​ដោយ​សារ​ឥឡូវ​នេះ​យើង​បាន​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​ដោយ​សារ​ជំនឿ ចូរ​យើង​រក្សា​ខ្លួន​ជា​អ្នក​ដែល​មាន​សន្ដិ​ភាព​ជា​មួយ​នឹង​ព្រះ តាម​រយៈ​លោក​យេស៊ូ​គ្រិស្ដ ជា​ម្ចាស់​របស់​យើង ដែល​តាម​រយៈ​ជំនឿ​លើ​លោក ផ្លូវ​បាន​ត្រូវ​បើក​ឲ្យ​យើង​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​ដែល​យើង​កំពុង​ទទួល​ឥឡូវ​នេះ​»។ (​រ៉ូម ៥:១, ២​) យើង​មាន​ចិត្ដ​កតញ្ញូ​យ៉ាង​ខ្លាំង​ដែល​យើង​អាច​មាន​ទំនាក់​ទំនង​សុខ​សាន្ដ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា!

របៀប​ដែល​ព្រះ​បង្ហាញ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក: ឯកសិទ្ធិ​ស្តាប់​ដំណឹង​ល្អ (​សូម​មើល​វគ្គ​១១​)

១១​. តើ​តាម​របៀប​ណា​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ទាញ​នាំ​«​ចៀម​ឯ​ទៀត​»​ឲ្យ​វិល​មក​ឯ​សេចក្ដី​សុចរិត?

១១ យើង​អាច​ត្រូវ​រាប់​ជា​មនុស្ស​សុចរិត​នៅ​ចំពោះ​ព្រះ។ ដានីយ៉ែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​សរសេរ​ថា ក្នុង​អំឡុង​គ្រា​ចុង​បញ្ចប់​«​ពួក​អ្នក​ដែល​មាន​ប្រាជ្ញា​»​ពោល​គឺ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង នឹង​«​ទាញ​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វិល​មក​ឯ​សេចក្ដី​សុចរិត​»។ (​សូម​អាន ដានីយ៉ែល ១២:៣) តើ​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? ពួក​គាត់​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​និង​បង្រៀន​ច្បាប់​ព្រះ​យេហូវ៉ា​ដល់​«​ចៀម​ឯ​ទៀត​»​រាប់​លាន​នាក់។ (​យ៉ូហាន ១០:១៦​) ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ជួយ​ពួក​គេ​ឲ្យ​ទៅ​ជា​មនុស្ស​ដែល​ព្រះ​យេហូវ៉ា​រាប់​ជា​សុចរិត នេះ​អាច​កើត​ឡើង​ដោយ​សារ​តែ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក។ ប៉ូល​បាន​ពន្យល់​ថា​៖ ​«​ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ លោក​បាន​ធ្វើ​អំណោយ​ទាន​ដោយ​ប្រកាស​ថា​ពួក​គេ​គឺ​ជា​មនុស្ស​សុចរិត តាម​រយៈ​ការ​រំដោះ​ដោយ​ថ្លៃ​លោះ​ដែល​គ្រិស្ដ​យេស៊ូ​បាន​បង់​»។—រ៉ូម ៣:២៣, ២៤

សេចក្ដី​អធិដ្ឋាន​ដែល​ជា​ពរ​មួយ​ពី​ព្រះ (​សូម​មើល​វគ្គ​១២​)

១២​. តើ​សេចក្ដី​អធិដ្ឋាន​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ?

១២ យើង​អាច​ចូល​ទៅ​ជិត​ព្រះ​តាម​រយៈ​សេចក្ដី​អធិដ្ឋាន។ យើង​អាច​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក។ ប៉ូល​បាន​ហៅ​បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា​ថា​«​បល្ល័ង្ក​នៃ​គុណ​ដ៏​វិសេស​លើស​លប់​»​ ហើយ​លោក​អញ្ជើញ​យើង​ឲ្យ​«​ចូល​ទៅ​និយាយ​ដោយ​ក្លាហាន​»​នៅ​មុខ​បល្ល័ង្ក​នោះ។ (​ហេប្រឺ ៤:១៦​ក​) យើង​អាច​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​តាម​រយៈ​នាម​លោក​យេស៊ូ​នៅ​ពេល​ណា​ក៏​បាន។ នេះ​ពិត​ជា​ឯកសិទ្ធិ​មែន! ប៉ូល​បាន​និយាយ​ថា​៖ ​«​យើង​អាចនិយាយ​ដោយ​ក្លាហាន ហើយ​តាម​រយៈ​ជំនឿ​របស់​យើង​លើ​លោក យើង​មាន​ផ្លូវ​ចូល​ទៅ​ជិត​ព្រះ​ដោយ​មាន​ទំនុក​ចិត្ដ​»។—អេភេសូរ ៣:១២

ជំនួយ​នៅ​ពេល​ដែល​យើង​ត្រូវ​ការ (​សូម​មើល​វគ្គ​១៣​)

១៣​. តើ​គុណ​ដ៏​វិសេស​លើស​លប់​អាច​ជួយ​យើង​យ៉ាង​ណា​«​នៅ​ពេល​ដែល​យើង​ត្រូវ​ការ​ជំនួយ​»​?

១៣ យើង​អាច​ទទួល​ជំនួយ​នៅ​ពេល​ដែល​យើង​ត្រូវ​ការ។ ប៉ូល​បាន​លើក​ទឹក​ចិត្ដ​យើង​ឲ្យ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​«​ដើម្បី​យើង​អាច​ទទួល​សេចក្ដី​មេត្ដា​ករុណា​និង​គុណ​ដ៏​វិសេស​លើស​លប់​នៅ​ពេល​ដែល​យើង​ត្រូវ​ការ​ជំនួយ​»។ (​ហេប្រឺ ៤:១៦​ខ​) ពេល​យើង​មាន​ទុក្ខ​លំបាក​ឬ​ការ​ពិបាក​ផ្សេង​ៗ​ក្នុង​ជីវិត យើង​អាច​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​យើង។ ម្យ៉ាង​ទៀត លោក​តប​ឆ្លើយ​នឹង​សេចក្ដី​អធិដ្ឋាន​របស់​យើង ទោះ​ជា​លោក​មិន​ចាំ​បាច់​ធ្វើ​ដូច្នេះ​ក៏​ដោយ។ លោក​ច្រើន​តែ​ប្រើ​បង​ប្អូន​រួម​ជំនឿ​ដើម្បី​ជួយ​យើង។ ព្រះ​យេហូវ៉ា​តប​ឆ្លើយ​នឹង​សេចក្ដី​អធិដ្ឋាន​របស់​យើង ​«​ដើម្បី​ឲ្យ​យើង​មាន​ចិត្ដ​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ក្លាហាន ហើយ​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​អ្នក​ជួយ​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ?›​»។—ហេប្រឺ ១៣:៦

១៤​. តើ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​ប្រយោជន៍​យ៉ាង​ណា​ដល់​យើង​ខាង​ផ្លូវ​ចិត្ដ?

១៤ យើង​អាច​ទទួល​ការ​សម្រាល​ទុក្ខ។ នៅ​ពេល​យើង​កើត​ទុក្ខ​ព្រះ​យេហូវ៉ា​សម្រាល​ទុក្ខ​យើង នេះ​គឺ​ជា​ពរ​ដ៏​វិសេស។ (​ទំនុក​តម្កើង ៥១:១៧​) ពេល​គ្រិស្ដ​សាសនិក​នៅ​ក្រុង​ថែស្សាឡូនិច​កំពុង​ទទួល​ការ​បៀត​បៀន ប៉ូល​បាន​សរសេរ​ថា​៖ ​«​លោក​យេស៊ូ​គ្រិស្ដ​ជា​ម្ចាស់​របស់​យើង​និង​ព្រះ​ដែល​ជា​បិតា​របស់​យើង ដែល​បាន​ស្រឡាញ់​យើង​ព្រម​ទាំង​ផ្ដល់​ឲ្យ​មាន​ការ​សម្រាល​ទុក្ខ​ជា​រៀង​រហូត​និង​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ តាម​រយៈ​គុណ​ដ៏​វិសេស​លើស​លប់ សូម​ឲ្យ​លោក​សម្រាល​ទុក្ខ​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាំ​មួន​ឡើង​»។ (​ថែស្សាឡូនិច​ទី២ ២:១៦, ១៧​) ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​និង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​យើង ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក នោះ​ពិត​ជា​សម្រាល​ទុក្ខ​យើង​ណាស់!

១៥​. ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ តើ​យើង​មាន​សេចក្ដី​សង្ឃឹម​អ្វី?

១៥ យើង​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត។ ដោយ​សារ​យើង​មាន​ភាព​ខុស​ឆ្គង បើ​គ្មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា​យើង​គ្មាន​សេចក្ដី​សង្ឃឹម​ទេ។ (​សូម​អាន ទំនុក​តម្កើង ៤៩:៧, ៨) ប៉ុន្ដែ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​មួយ។ តើ​នោះ​គឺ​ជា​អ្វី? លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​នេះ​ជា​បំណង​ប្រាថ្នា​របស់​បិតា​ខ្ញុំ ពោល​គឺ អស់​អ្នក​ណា​ដែល​ឃើញ​បុត្រ​របស់​លោក ហើយ​អនុវត្ដ​ជំនឿ​លើ​បុត្រ​លោក អ្នក​ទាំង​នោះ​ត្រូវ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ (​យ៉ូហាន ៦:៤០​) ដូច្នេះ យើង​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា។ ប៉ូល​បាន​និយាយ​ថា​៖ ​«​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ដែល​នាំ​ឲ្យ​មនុស្ស​គ្រប់​ប្រភេទ​ទទួល​សេចក្ដី​សង្គ្រោះ នោះ​បាន​ត្រូវ​ស​ឲ្យ​ឃើញ​»។—ទីតុស ២:១១

ចូរ​កុំ​យក​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ធ្វើ​ជា​លេស​ដើម្បី​បណ្ដោយ​ខ្លួន​ទៅ​តាម​អំពើ​ខុស​ឆ្គង

១៦​. តើ​តាម​របៀប​ណា​គ្រិស្ដ​សាសនិក​ខ្លះ​នៅ​សម័យ​ដើម​បាន​បំពាន​លើ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ?

១៦ យើង​ទទួល​ពរ​ជា​ច្រើន​ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា។ ប៉ុន្ដែ យើង​មិន​គួរ​បំពាន​លើ​ចិត្ដ​សប្បុរស​របស់​ព្រះ ពោល​គឺ​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​ធ្វើ​ជា​លេស​ដើម្បី​បណ្ដោយ​ខ្លួន​ទៅ​តាម​អំពើ​ខុស​ឆ្គង។ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​គ្រិស្ដ​សាសនិក​សម័យ​ដើម ដែល​បាន​ព្យាយាម​«​យក​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ជា​លេស ដើម្បី​បណ្ដោយ​ខ្លួន​ទៅ​តាម​សីលធម៌​ធូរ​រលុង​»។ (​យូដាស ៤​) តាម​មើល​ទៅ គ្រិស្ដ​សាសនិក​មិន​ស្មោះ​ត្រង់​ទាំង​នោះ​បាន​គិត​ថា​ពួក​គេ​អាច​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង ហើយ​ព្រះ​យេហូវ៉ា​នឹង​តែង​តែ​អភ័យ​ទោស​ឲ្យ​ពួក​គេ។ ពួក​គេ​ថែម​ទាំង​បាន​ព្យាយាម​ញុះញង់​បង​ប្អូន​ឯ​ទៀត​ឲ្យ​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ដូច​ពួក​គេ។ ដូច​គ្នា​ដែរ នៅ​សព្វ​ថ្ងៃ​នេះ អ្នក​ណា​ដែល​ប្រព្រឹត្ដ​ដូច្នេះ​«​នឹង​ត្រូវ​ចាត់​ទុក​ថា​សម​នឹង​ទទួល​ទោស​ធ្ងន់​»​ចំពោះ​«​សកម្មពល​នៃ​គុណ​ដ៏​វិសេស​លើស​លប់​»។—ហេប្រឺ ១០:២៩

១៧​. តើ​ពេត្រុស​បាន​ឲ្យ​ឱវាទ​ដ៏​ម៉ឺង​ម៉ាត់​អ្វី?

១៧ សព្វ​ថ្ងៃ​នេះ សាថាន​បាន​បោក​បញ្ឆោត​គ្រិស្ដ​សាសនិក​ខ្លះ​ឲ្យ​គិត​ថា​ពួក​គេ​អាច​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង ហើយ​ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​ពួក​គេ​ដោយ​ស្វ័យប្រវត្ដិ។ ពិត​មែន​តែ​ព្រះ​យេហូវ៉ា​សុខ​ចិត្ដ​អភ័យ​ទោស​ឲ្យ​អ្នក​ធ្វើ​ខុស​ដែល​ប្រែ​ចិត្ដ ប៉ុន្ដែ​លោក​តម្រូវ​ឲ្យ​យើង​តយុទ្ធ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​របស់​យើង។ ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​ពេត្រុស​ឲ្យ​សរសេរ​ថា​៖ ​«​បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ដោយ​សារ​អ្នក​រាល់​គ្នា​ដឹង​អំពី​ការ​ទាំង​នេះ​ជា​មុន ចូរ​ប្រុង​ប្រយ័ត្ន ដើម្បី​កុំ​ឲ្យ​ពួក​អ្នក​បំពាន​ច្បាប់​ទាំង​នោះ នាំ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ដោយ​ការ​បោក​បញ្ឆោត​របស់​ពួក​គេ ហើយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​បាត់​បង់​ភាព​មាំ​មួន។ ផ្ទុយ​ទៅ​វិញ ចូរ​បន្ដ​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​និង​ចំណេះ​ពី​លោក​យេស៊ូ​គ្រិស្ដ ដែល​ជា​ម្ចាស់​និង​ជា​អ្នក​សង្គ្រោះ​របស់​យើង​»។—ពេត្រុស​ទី២ ៣:១៧, ១៨

ការ​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​ពី​ព្រះ​នាំ​ឲ្យ​មាន​ភារកិច្ច

១៨​. ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា តើ​យើង​មាន​ភារកិច្ច​អ្វី​ខ្លះ?

១៨ យើង​មាន​ចិត្ដ​កតញ្ញូ​យ៉ាង​ខ្លាំង​ចំពោះ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា។ ដូច្នេះ យើង​គួរ​ប្រើ​អំណោយ​ទាំង​នេះ​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​កិត្ដិយស​និង​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។ នេះ​ជា​ភារកិច្ច​របស់​យើង​ចំពោះ​លោក​និង​អ្នក​ឯ​ទៀត។ តើ​យើង​អាច​ប្រើ​អំណោយ​ទាំង​នោះ​យ៉ាង​ដូច​ម្ដេច? ប៉ូល​និយាយ​ថា​៖ ​«​ម៉្លោះ​ហើយ ដោយ​សារ​យើង​បាន​អំណោយ​ផ្សេង​ៗ​ពី​គ្នា ស្រប​ទៅ​តាម​គុណ​ដ៏​វិសេស​លើស​លប់​ដែល​បាន​ត្រូវ​ផ្ដល់​ឲ្យ​យើង . . . ទោះ​ជា​កិច្ច​បម្រើ​ក៏​ដោយ ចូរ​បន្ដ​បំពេញ​កិច្ច​បម្រើ​នោះ ឬ​ក៏​អ្នក​ណា​ដែល​បង្រៀន ចូរ​ឲ្យ​អ្នក​នោះ​បន្ដ​បង្រៀន​ចុះ ឬ​អ្នក​ណា​ដែល​បំផុស​ទឹក​ចិត្ដ ចូរ​ឲ្យ​អ្នក​នោះ​បន្ដ​បំផុស​ទឹក​ចិត្ដ​ទៅ . . . ឯ​អ្នក​ណា​ដែល​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា ចូរ​ឲ្យ​អ្នក​នោះ​បង្ហាញ​ដោយ​ចិត្ដ​រីក​រាយ​ចុះ​»។ (​រ៉ូម ១២:៦​-​៨​) ដូច្នេះ ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា យើង​មាន​ភារកិច្ច​ខំ​ប្រឹង​ក្នុង​កិច្ច​បម្រើ​ផ្សាយ បង្រៀន​គម្ពីរ​ដល់​អ្នក​ឯ​ទៀត លើក​ទឹក​ចិត្ដ​បង​ប្អូន​រួម​ជំនឿ ហើយ​អភ័យ​ទោស​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ដ។

១៩​. ក្នុង​អត្ថបទ​បន្ទាប់ តើ​យើង​នឹង​ពិចារណា​ភារកិច្ច​អ្វី?

១៩ ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា​យើង​បាន​ទទួល​ពរ ដូច្នេះ​នោះ​គួរ​ជំរុញ​ចិត្ដ​យើង​ឲ្យ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​«​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​ពី​ដំណឹង​ល្អ​ស្ដី​អំពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​»។ (​សកម្មភាព ២០:២៤​) យើង​នឹង​ពិចារណា​ភារកិច្ច​នេះ​ក្នុង​អត្ថបទ​បន្ទាប់។