លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​ស្វែង​រក​រាជាណាចក្រ​ព្រះ មិន​មែន​អ្វី​ផ្សេង​ទៀត

ចូរ​ស្វែង​រក​រាជាណាចក្រ​ព្រះ មិន​មែន​អ្វី​ផ្សេង​ទៀត

​«​ចូរ​ស្វែង​រក​រាជាណាចក្រ[​របស់​ព្រះ​]ជា​ដរាប ហើយ​លោក​នឹង​ផ្ដល់​របស់​ទាំង​នេះ​ឲ្យ​អ្នក​»។—លូកា ១២:៣១

ចម្រៀង​លេខ: ៤០, ៤៤

១​. តើ​អ្វី​ដែល​យើង​ចង់​បាន​និង​អ្វី​ដែល​យើង​ត្រូវ​ការ​គឺ​ខុស​គ្នា​យ៉ាង​ណា?

យើង​ត្រូវ​ការ​អ្វី​តែ​ប៉ុន្មាន​មុខ​ប៉ុណ្ណោះ​ដើម្បី​រស់​នៅ។ ជា​ឧទាហរណ៍ យើង​ត្រូវ​ការ​អាហារ សម្លៀក​បំពាក់ និង​កន្លែង​រស់​នៅ។ ប៉ុន្ដែ យើង​ប្រហែល​ជា​ចង់​បាន​របស់​របរ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ ម្យ៉ាង​ទៀត មនុស្ស​ជា​ច្រើន​មិន​ទទួល​ស្គាល់​ថា តាម​ពិត​អ្វី​ៗ​ដែល​ពួក​គេ​ចង់​បាន​មិន​មែន​ជា​អ្វី​ដែល​ពួក​គេ​ពិត​ជា​ត្រូវ​ការ​នោះ​ទេ។

២​. តើ​មនុស្ស​ចង់​បាន​អ្វី​ខ្លះ?

មនុស្ស​ដែល​រស់​នៅ​ប្រទេស​ក្រី​ក្រ​ប្រហែល​ជា​ចង់​បាន​អ្វី​ដែល​ខុស​គ្នា​ទាំង​ស្រុង​ពី​អ្វី​ដែល​មនុស្ស​ដែល​រស់​នៅ​ប្រទេស​អ្នក​មាន​ចង់​បាន។ នៅ​តំបន់​ខ្លះ​ក្នុង​ពិភព​លោក មនុស្ស​ចង់​បាន​ទូរស័ព្ទ​ដៃ ម៉ូតូ ឬ​ដី​ធ្លី​តូច​មួយ។ នៅ​កន្លែង​ផ្សេង​ទៀត មនុស្ស​ចង់​មាន​សម្លៀក​បំពាក់​ថ្លៃ​ៗ​ជា​ច្រើន ផ្ទះ​ធំ​ជាង ឬ​យាន​យន្ដ​ថ្លៃ​ជាង។ ប៉ុន្ដែ ទោះ​ជា​យើង​រស់​នៅ​កន្លែង​ណា ឬ​យើង​មាន​លុយ​ប៉ុន្មាន​ក៏​ដោយ យើង​អាច​ចាប់​ផ្ដើម​ចង់​បាន​មិន​ចេះ​ចប់​នូវ​របស់​របរ​ដែល​យើង​មិន​ត្រូវ​ការ​ឬ​គ្មាន​លទ្ធភាព​ទិញ។

ការ​ឈ្លក់​វង្វេង​នឹង​ទ្រព្យ​សម្បត្ដិ​អាច​មាន​ឥទ្ធិពល​លើ​យើង

៣​. តើ​ការ​ឈ្លក់​វង្វេង​នឹង​ទ្រព្យ​សម្បត្ដិ​គឺ​ជា​អ្វី?

តើ​ការ​ឈ្លក់​វង្វេង​នឹង​ទ្រព្យ​សម្បត្ដិ​គឺ​ជា​អ្វី? គឺ​ជា​ចិត្ដ​គំនិត​របស់​បុគ្គល​ម្នាក់​ដែលចាត់​ទុក​វត្ថុ​ទ្រព្យ​ថា​សំខាន់​ជាង​ចំណង​មិត្ដភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ។ គាត់​មិន​ស្កប់​ចិត្ដ​ដោយ​មាន​តែ​អ្វី​ដែល​គាត់​ត្រូវ​ការ​ឡើយ ផ្ទុយ​ទៅ​វិញ​គាត់​តែង​តែ​ចង់​បាន​ថែម​ទៀត។ សូម្បី​តែ​ពួក​អ្នក​ដែល​មិន​មាន​លុយ​ច្រើន ឬ​អ្នក​ដែល​មិន​ទិញ​របស់​ថ្លៃ​ៗ​ក្ដី ក៏​អាច​ចាប់​ផ្ដើម​ឈ្លក់​វង្វេង​នឹង​ទ្រព្យ​សម្បត្ដិ​ដែរ។ ពួក​គេ​ប្រហែល​ជា​ឈប់​ចាត់​ទុក​រាជាណាចក្រ​ព្រះ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួក​គេ។—ហេប្រឺ ១៣:៥

៤​. តើ​តាម​របៀប​ណា​សាថាន​ប្រើ​«​ការ​ចង់​បាន​អ្វី​ដែល​ទាក់​ទាញ​ភ្នែក​»​?

សាថាន​ចង់​ឲ្យ​យើង​ជឿ​ថា​យើង​អាច​សប្បាយ​នឹង​ជីវិត​បាន លុះ​ត្រា​តែ​យើង​មាន​វត្ថុ​ទ្រព្យ​ជា​ច្រើន។ ដូច្នេះ​វា​ប្រើ​ពិភព​លោក​របស់​វា និង​«​ការ​ចង់​បាន​អ្វី​ដែល​ទាក់​ទាញ​ភ្នែក​»​ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​យើង​តែង​តែ​ចង់​បាន​ថែម​ទៀត។ (​យ៉ូហាន​ទី១ ២:១៥​-​១៧; លោកុប្បត្ដិ ៣:៦; សុភាសិត ២៧:២០​) យើង​ច្រើន​តែ​ឃើញ​និង​ឮ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​ព្យាយាម​បញ្ចុះ​បញ្ចូល​យើង​ឲ្យ​ទិញ​ផលិតផល​ថ្មី​ៗ។ តើ​អ្នក​ធ្លាប់​ទិញ​អ្វី​មួយ​ដោយ​សារ​តែ​នៅ​ក្នុង​ហាង វា​មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ឬ​ដោយ​សារ​អ្នក​បាន​ឃើញ​វា​តាម​ការ​ផ្សាយ​ពាណិជ្ជកម្ម​ឬ​ទេ? បើ​ដូច្នេះ ប្រហែល​ជា​ក្រោយ​មក​អ្នក​ទទួល​ស្គាល់​ថា​អ្នក​មិន​ត្រូវ​ការ​វា​ទេ។ ពេល​យើង​ចេះ​តែ​ទិញ​អ្វី​ដែល​យើង​មិន​ត្រូវ​ការ យើង​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​ស្មុគ​ស្មាញ។ អ្វី​ៗ​ទាំង​នោះ​អាច​បំបែរ​អារម្មណ៍​យើង​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ យើង​ប្រហែល​ជា​មិន​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​សិក្សា​គម្ពីរ រៀប​ចំ​និង​ចូល​រួម​កិច្ច​ប្រជុំ និង​ទៅ​ផ្សព្វ​ផ្សាយ​ជា​ទៀង​ទាត់។ សូម​ចាំ​ថា សាវ័ក​យ៉ូហាន​បាន​ព្រមាន​ថា​៖ ​«​ពិភព​លោក​នេះ និង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា កំពុង​ឈាន​ទៅ​រក​ការ​សាប​សូន្យ​»។

៥​. តើ​អ្វី​អាច​កើត​ឡើង​ចំពោះ​ពួក​អ្នក​ដែល​ប្រើ​កម្លាំង​ច្រើន​ដើម្បី​បាន​របស់​របរ​ថែម​ទៀត?

សាថាន​ចង់​ឲ្យ​យើង​ប្រើ​កម្លាំង​របស់​យើង​ដើម្បី​បាន​លុយ​និង​របស់​របរ​ច្រើន​ជាង ជា​ជាង​ប្រើ​កម្លាំង​របស់​យើង​ដើម្បី​ព្រះ​យេហូវ៉ា។ (​ម៉ាថាយ ៦:២៤​) ប៉ុន្ដែ បើ​យើង​គិត​តែ​ចង់​បាន​ថែម​ទៀត​សម្រាប់​ខ្លួន​យើង ជីវិត​យើង​នឹង​គ្មាន​ន័យ​ខ្លឹម​សារ​ឡើយ។ យើង​អាច​ចាប់​ផ្ដើម​ខឹង​និង​ខក​ចិត្ដ ឬ​មាន​បញ្ហា​លុយ​កាក់។ ឬ​អាក្រក់​ជាង​នេះ​ទៅ​ទៀត យើង​អាច​លែង​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា​និង​រាជាណាចក្រ​របស់​លោក។ (​ធីម៉ូថេ​ទី១ ៦:៩, ១០; ការ​បើក​បង្ហាញ ៣:១៧​) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចិត្ដ​ប្រាថ្នា​ឲ្យ​បាន​អ្វី​ៗ​ផ្សេង​ទៀត​»​ គឺ​ប្រៀប​ដូច​ជា​បន្លា​ដែល​អាច​ធ្វើ​ឲ្យ​គ្រាប់​ពូជ​ឈប់​លូត​លាស់​និង​បង្កើត​ផល​ផ្លែ។—ម៉ាកុស ៤:១៤, ១៨, ១៩

៦​. តើ​យើង​ទាញ​មេ​រៀន​អ្វី​ពី​បារូក?

សូម​គិត​អំពី​បារូក​ដែល​ជា​លេខា​របស់​យេរេមា។ ពេល​បារូក​បាន​ចាប់​ផ្ដើម​«​ស្វែង​រក​ការ​យ៉ាង​ធំ​»​សម្រាប់​ខ្លួន​គាត់ ព្រះ​យេហូវ៉ា​បាន​រំលឹក​គាត់​ថា​មិន​យូរ​ទៀត​ក្រុង​យេរូសាឡិម​នឹង​ត្រូវ​បំផ្លាញ។ ប៉ុន្ដែ លោក​បាន​សន្យា​នឹង​បារូក​ថា​លោក​នឹង​សង្គ្រោះ​ជីវិត​គាត់។ (​យេរេមា ៤៥:១​-​៥​) បារូក​មិន​គួរ​រំពឹង​ថា​គាត់​នឹង​ទទួល​ច្រើន​ជាង​នេះ​ទេ។ ព្រះ​យេហូវ៉ា​នឹង​មិន​ការពារ​អ្វី​ៗ​ដែល​មនុស្ស​មាន​ឡើយ។ (​យេរេមា ២០:៥​) សព្វ​ថ្ងៃ​នេះ យើង​កំពុង​រស់​នៅ​ជិត​ដល់​ទី​បញ្ចប់​នៃ​ពិភព​លោក​របស់​សាថាន។ ដូច្នេះ ឥឡូវ​នេះ​មិន​មែន​ជា​ពេល​ដើម្បី​ចេះ​តែ​ប្រមូល​វត្ថុ​ទ្រព្យ​ថែម​ទៀត​សម្រាប់​ខ្លួន​ឡើយ។ ម្យ៉ាង​ទៀត យើង​មិន​គួរ​រំពឹង​ថា​ក្រោយ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង យើង​នឹង​នៅ​តែ​មាន​អ្វី​ៗ​ដែល​យើង​មាន​នៅ​ឥឡូវ​នេះ​ទេ សូម្បី​តែ​អ្វី​ទាំង​នោះ​មាន​តម្លៃ​ចំពោះ​យើង​ក៏​ដោយ។សុភាសិត ១១:៤; ម៉ាថាយ ២៤:២១, ២២; លូកា ១២:១៥

ឥឡូវ​នេះ​មិន​មែន​ជា​ពេល​ដើម្បី​ចេះ​តែ​ប្រមូល​វត្ថុ​ទ្រព្យ​ថែម​ទៀត​សម្រាប់​ខ្លួន​ឡើយ

៧​. តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​វគ្គ​បន្ដ​បន្ទាប់ ហើយ​ហេតុ​អ្វី?

ដូច្នេះ តើ​តាម​របៀប​ណា​យើង​អាច​ផ្គត់​ផ្គង់​ខ្លួន​យើង​និង​ក្រុម​គ្រួសារ​របស់​យើង ហើយ​នៅ​តែ​បន្ដ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត? តើ​យើង​អាច​ជៀស​វាង​ការ​ឈ្លក់​វង្វេង​នឹង​ទ្រព្យ​សម្បត្ដិ​យ៉ាង​ដូច​ម្ដេច? ម្យ៉ាង​ទៀត តើ​អ្វី​អាច​ជួយ​យើង​មិន​ឲ្យ​ខ្វល់​ខ្វាយ​ច្រើន​ពេក​អំពី​ការ​មាន​អ្វី​ដែល​យើង​ត្រូវ​ការ? ក្នុង​សុន្ទរកថា​របស់​លោក​យេស៊ូ​នៅ​លើ​ភ្នំ លោក​បាន​ផ្ដល់​ឱវាទ​ដ៏​ល្អ​បំផុត​អំពី​រឿង​នេះ។ (​ម៉ាថាយ ៦:១៩​-​២១​) សូម​យើង​អាន​និង​ពិចារណា​ម៉ាថាយ ៦:២៥​-​៣៤។ នេះ​នឹង​ធ្វើ​ឲ្យ​យើង​ជឿ​ជាក់​ថា​យើង​ត្រូវ​បន្ដ​ស្វែង​រក​រាជាណាចក្រ​ព្រះ មិន​មែន​អ្វី​ផ្សេង​ទៀត។—លូកា ១២:៣១

ព្រះ​យេហូវ៉ា​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ

៨, ៩​. (​ក​) ហេតុ​អ្វី​យើង​មិន​គួរ​ខ្វល់​ខ្វាយ​ច្រើន​ពេក​អំពី​អ្វី​ដែល​យើង​ត្រូវ​ការ? (​ខ​) តើ​លោក​យេស៊ូ​បាន​ដឹង​អ្វី​អំពី​មនុស្សជាតិ​និង​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ?

សូម​អាន ម៉ាថាយ ៦:២៥លោក​យេស៊ូ​បាន​ដឹង​ថា​អ្នក​កាន់​តាម​លោក​ខ្វល់​ខ្វាយ​អំពី​អ្វី​ដែល​ពួក​គេ​នឹង​បរិភោគ ផឹក និង​ស្លៀក​ពាក់ ដូច្នេះ​ក្នុង​សុន្ទរកថា​របស់​លោក​នៅ​លើ​ភ្នំ លោក​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​ឈប់​ខ្វល់​ខ្វាយ​អំពី​ជីវិត​ខ្លួន​»។ លោក​យេស៊ូ​ចង់​ជួយ​ពួក​គេ​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​ពួក​គេ​មិន​គួរ​ខ្វល់​ខ្វាយ​អំពី​អ្វី​ទាំង​អស់​នេះ។ លោក​បាន​ដឹង​ថា​បើ​ពួក​គេ​ខ្វល់​ខ្វាយ​ច្រើន​ពេក សូម្បី​តែ​អំពី​អ្វី​ដែល​ពួក​គេ​ពិត​ជា​ត្រូវ​ការ នោះ​ពួក​គេ​អាច​ភ្លេច​អ្វី​ដែល​សំខាន់​ជាង​ក្នុង​ជីវិត។ លោក​យេស៊ូ​យក​ចិត្ដ​ទុក​ដាក់​នឹង​អ្នក​កាន់​តាម​លោក​ខ្លាំង​ដល់​ម៉្លេះ​បាន​ជា​លោក​បាន​ព្រមាន​ពួក​គេ​អស់​បួន​ដង​អំពី​គ្រោះ​ថ្នាក់​នេះ​ក្នុង​សុន្ទរកថា​របស់​លោក។—ម៉ាថាយ ៦:២៧, ២៨, ៣១, ៣៤

ប៉ុន្ដែ ហេតុ​អ្វី​លោក​យេស៊ូ​បាន​ប្រាប់​យើង​មិន​ឲ្យ​ខ្វល់​ខ្វាយ​អំពី​អ្វី​ដែល​យើង​នឹង​បរិភោគ ផឹក ឬ​ស្លៀក​ពាក់? យើង​ត្រូវ​ការ​អាហារ​និង​សម្លៀក​បំពាក់ មែន​ទេ? គឺ​ពិត​មែន! ម្យ៉ាង​ទៀត បើ​យើង​មិន​មាន​លុយ​គ្រប់​គ្រាន់​ដើម្បី​ទិញ​អ្វី​ទាំង​នោះ គឺ​ជា​ការ​ធម្មតា​ទេ​ដែល​យើង​ខ្វល់​ខ្វាយ។ លោក​យេស៊ូ​បាន​ដឹង​អំពី​រឿង​នេះ។ លោក​ដឹង​អំពី​អ្វី​ដែល​មនុស្ស​ត្រូវ​ការ។ ម្យ៉ាង​ទៀត លោក​ដឹង​ថា​នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ អ្នក​កាន់​តាម​លោក​នឹង​រស់​នៅ​ក្នុង​គ្រា​ដ៏​លំបាក​ណាស់។ (​ធីម៉ូថេ​ទី២ ៣:១​) តាម​ពិត នៅ​សព្វ​ថ្ងៃ​នេះ​មនុស្ស​ជា​ច្រើន​មិន​អាច​រក​ការ​ងារ​បាន ហើយ​អ្វី​ៗ​ចេះ​តែ​ឡើង​ថ្លៃ។ នៅ​កន្លែង​ជា​ច្រើន មនុស្ស​ក្រី​ក្រ​ខ្លាំង​ណាស់ ហើយ​មាន​អាហារ​តែ​បន្ដិច​បន្ដួច​ឬ​គ្មាន​អ្វី​សោះ​ដើម្បី​បរិភោគ។ ក៏​ប៉ុន្ដែ លោក​យេស៊ូ​ក៏​ដឹង​ដែរ​ថា​ជីវិត​របស់​មនុស្ស​ម្នាក់​គឺ​សំខាន់​ជាង​អាហារ ហើយ​រូប​កាយ​មាន​តម្លៃ​ជាង​សម្លៀក​បំពាក់។

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​ជីវិត​របស់​មនុស្ស​ម្នាក់​គឺ​សំខាន់​ជាង​អាហារ ហើយ​រូប​កាយ​មាន​តម្លៃ​ជាង​សម្លៀក​បំពាក់

១០​. ពេល​លោក​យេស៊ូ​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​អំពី​របៀប​អធិដ្ឋាន តើ​លោក​បាន​បញ្ជាក់​យ៉ាង​ណា​អំពី​អ្វី​ដែល​គួរ​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួក​គេ?

១០ ក្នុង​សុន្ទរកថា​របស់​លោក​យេស៊ូ​នៅ​លើ​ភ្នំ លោក​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​ថា​ពេល​ពួក​គេ​អធិដ្ឋាន ពួក​គេ​គួរ​សុំ​បិតា​របស់​ពួក​គេ​នៅ​ស្ថាន​សួគ៌​ឲ្យ​ផ្ដល់​នូវ​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ។ ពួក​គេ​អាច​អធិដ្ឋាន​ថា​៖ ​«​សូម​ផ្ដល់​អាហារ​ដែល​យើង​ត្រូវ​ការ​សម្រាប់​ថ្ងៃ​នេះ​»។ (​ម៉ាថាយ ៦:១១​) នៅ​ពេល​ផ្សេង​ទៀត លោក​បាន​ប្រាប់​ពួក​គេ​ឲ្យ​អធិដ្ឋាន​ថា​៖ ​«​សូម​ផ្ដល់​អាហារ​ឲ្យ​យើង​សម្រាប់​ថ្ងៃ​នេះ តាម​សេចក្ដី​ត្រូវ​ការ​របស់​យើង​នៅ​ថ្ងៃ​នេះ​»។ (​លូកា ១១:៣​) ប៉ុន្ដែ នោះ​មិន​មាន​ន័យ​ថា​យើង​គួរ​គិត​ជា​និច្ច​អំពី​អ្វី​ដែល​យើង​ត្រូវ​ការ​ទេ។ តាម​ពិត លោក​យេស៊ូ​បាន​បញ្ជាក់​ដល់​អ្នក​កាន់​តាម​លោក​ថា​ការ​អធិដ្ឋាន​ឲ្យ​រាជាណាចក្រ​ព្រះ​មក​ដល់​គឺ​សំខាន់​ជាង​ការ​អធិដ្ឋាន​អំពី​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ។ (​ម៉ាថាយ ៦:១០; លូកា ១១:២​) ដើម្បី​ជួយ​អ្នក​កាន់​តាម​លោក​ឲ្យ​ឈប់​ខ្វល់​ខ្វាយ លោក​យេស៊ូ​បាន​សម្រាល​ទុក្ខ​ពួក​គេ​ដោយ​រំលឹក​ពួក​គេ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ថែ​រក្សា​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​បង្កើត។

១១, ១២​. តើ​យើង​រៀន​អ្វី​ខ្លះ​ពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ថែ​រក្សា​សត្វ​ស្លាប​នៅ​លើ​មេឃ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

១១ សូម​អាន ម៉ាថាយ ៦:២៦យើង​គួរ​«​សង្កេត​មើល​សត្វ​ស្លាប​នៅ​លើ​មេឃ​»។ ទោះ​ជា​សត្វ​ស្លាប​គឺ​ជា​សត្វ​ដែល​តូច​ក្ដី តែ​ពួក​វា​ស៊ី​ច្រើន​ណាស់។ តាម​ពិត បើ​សត្វ​ស្លាប​ធំ​ប៉ុន​មនុស្ស វា​នឹង​ស៊ី​ច្រើន​ជាង​មនុស្ស​ទៅ​ទៀត។ សត្វ​ស្លាប​ស៊ី​ផ្លែ​ឈើ គ្រាប់​ធញ្ញជាតិ សត្វ​ល្អិត​ផ្សេង​ៗ និង​ដង្កូវ។ ប៉ុន្ដែ ពួក​វា​មិន​ត្រូវ​ការ​សាប​ព្រោះ ហើយ​ដាំ​ដំណាំ​ឡើយ។ ព្រះ​យេហូវ៉ា​ផ្ដល់​អ្វី​ទាំង​អស់​ដែល​ពួក​វា​ត្រូវ​ការ។ (​ទំនុក​តម្កើង ១៤៧:៩​) មែន​ហើយ លោក​មិន​ដាក់​អាហារ​ក្នុង​ចំពុះ​របស់​ពួក​វា​ឡើយ! ពួក​វា​ត្រូវ​ទៅ​រក​អាហារ ប៉ុន្ដែ​អាហារ​ទាំង​នោះ​គឺ​មាន​ស្រាប់​សម្រាប់​ពួក​វា។

១២ លោក​យេស៊ូ​ជឿ​ជាក់​ថា​បើ​បិតា​របស់​លោក​ថែ​រក្សា​សត្វ​ស្លាប លោក​ក៏​នឹង​ថែ​រក្សា​មនុស្ស​ដែរ។ (​ពេត្រុស​ទី១ ៥:៦, ៧​) មែន​ហើយ ដូច​សត្វ​ស្លាប​ដែរ យើង​មិន​គួរ​ខ្ជិល​ឡើយ។ យើង​ត្រូវ​ខំ​ប្រឹង​ដាំ​ដំណាំ​ដើម្បី​បាន​អាហារ ឬ​ធ្វើ​ការ​ដើម្បី​បាន​លុយ​យក​មក​ទិញ​អាហារ។ ព្រះ​យេហូវ៉ា​អាច​ផ្ដល់​ពរ​ចំពោះ​ការ​ខំ​ប្រឹង​របស់​យើង។ ម្យ៉ាង​ទៀត ពេល​យើង​មិន​មាន​លុយ​ឬ​អាហារ​គ្រប់​គ្រាន់ លោក​នៅ​តែ​អាច​ផ្ដល់​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ។ ជា​ឧទាហរណ៍ អ្នក​ឯ​ទៀត​ប្រហែល​ជា​ចែក​រំលែក​អ្វី​ដែល​ពួក​គេ​មាន​ឲ្យ​យើង។ ព្រះ​យេហូវ៉ា​ក៏​ផ្ដល់​កន្លែង​រស់​នៅ​ឲ្យ​សត្វ​ស្លាប​ដែរ។ លោក​បាន​ផ្ដល់​ឲ្យ​ពួក​វា​នូវ​សមត្ថភាព​ធ្វើ​សំបុក ហើយ​លោក​បាន​បង្កើត​អ្វី​ផ្សេង​ៗ​ដែល​សត្វ​ស្លាប​ប្រើ​ដើម្បី​ធ្វើ​សំបុក​របស់​ពួក​វា។ ដូច​គ្នា​ដែរ ព្រះ​យេហូវ៉ា​ក៏​អាច​ជួយ​យើង​ឲ្យ​រក​កន្លែង​សមរម្យ​ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​យើង​រស់​នៅ។

១៣​. តើ​អ្វី​បង្ហាញ​ថា​យើង​មាន​តម្លៃ​ជាង​សត្វ​ស្លាប​នៅ​លើ​មេឃ?

១៣ ក្រោយ​ពី​លោក​យេស៊ូ​បាន​រំលឹក​អ្នក​កាន់​តាម​លោក​ថា​ព្រះ​យេហូវ៉ា​ផ្ដល់​ចំណី​ឲ្យ​សត្វ​ស្លាប លោក​បាន​សួរ​ពួក​គេ​ថា​៖ ​«​តើ​អ្នក​មិន​មាន​តម្លៃ​ជាង​សត្វ​ស្លាប​ទាំង​នោះ​ទៅ​ទៀត​ទេ​ឬ?​»។ (​សូម​ពិនិត្យ​បន្ថែម លូកា ១២:៦, ៧​) ពេល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ដូច្នេះ លោក​ទំនង​ជា​បាន​គិត​អំពី​ពេល​មិន​យូរ​ទៀត​ដែល​លោក​នឹង​ផ្ដល់​ជីវិត​របស់​លោក​សម្រាប់​មនុស្សជាតិ​ទាំង​អស់។ មែន​ហើយ លោក​យេស៊ូ​មិន​បាន​ស្លាប់​ដើម្បី​សត្វ​ស្លាប ឬ​ដើម្បី​សត្វ​ឯ​ទៀត​ឡើយ។ លោក​បាន​ស្លាប់​ដើម្បី​យើង ប្រយោជន៍​ឲ្យ​យើង​អាច​រស់​ជា​រៀង​រហូត។—ម៉ាថាយ ២០:២៨

១៤​. តើ​បុគ្គល​ដែល​ខ្វល់​ខ្វាយ​មិន​អាច​ធ្វើ​អ្វី?

១៤ សូម​អាន ម៉ាថាយ ៦:២៧ពេល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​បើ​យើង​ខ្វល់​ខ្វាយ យើង​មិន​អាច​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​វែង​ជាង​មួយ​ហត្ថ តើ​លោក​ចង់​មាន​ន័យ​យ៉ាង​ណា? លោក​ចង់​បញ្ជាក់​ថា​យើង​មិន​អាច​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​វែង​ជាង​បាន​ទេ បើ​យើង​ខ្វល់​ខ្វាយ​អំពី​អ្វី​ដែល​យើង​ត្រូវ​ការ។ តាម​ពិត បើ​យើង​តាន​តឹង​ចិត្ដ​ច្រើន​ពេក នោះ​យើង​អាច​ឈឺ ហើយ​ថែម​ទាំង​ស្លាប់។

១៥, ១៦​. (​ក​) តើ​យើង​រៀន​អ្វី​ពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ថែ​រក្សា​«​ផ្កា​នៅ​ឯ​វាល​»​? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) តើ​យើង​ត្រូវ​សួរ​ខ្លួន​យើង​នូវ​សំណួរ​អ្វី​ខ្លះ ហើយ​ហេតុ​អ្វី?

១៥ សូម​អាន ម៉ាថាយ ៦:២៨​-​៣០យើង​សប្បាយ​ពេល​យើង​មាន​អ្វី​ស្អាត​ដើម្បី​ស្លៀក​ពាក់ ជា​ពិសេស​ពេល​យើង​ទៅ​ផ្សព្វ​ផ្សាយ ឬ​ទៅ​កិច្ច​ប្រជុំ​និង​សន្និបាត។ ប៉ុន្ដែ តើ​យើង​ត្រូវ​«​ខ្វល់​ខ្វាយ​អំពី​សម្លៀក​បំពាក់​»​ឬ​ទេ? លោក​យេស៊ូ​បាន​រំលឹក​អ្នក​កាន់​តាម​លោក​ម្ដង​ទៀត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ថែ​រក្សា​អ្វី​ៗ​ដែល​លោក​បង្កើត។ លោក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​អំពី​«​ផ្កា​នៅ​ឯ​វាល​»។ ​«​ផ្កា​»​ទាំង​នោះប្រហែល​ជា​សំដៅ​ទៅ​លើ​ផ្កា​ដ៏​ស្រស់​ស្អាត​ជា​ច្រើន​ដែល​ស្រដៀង​នឹង​ផ្កា​លីលី។ ផ្កា​ទាំង​នោះ​មិន​ដែល​ដេរ​សម្លៀក​បំពាក់​សម្រាប់​ខ្លួន​វា​ឡើយ។ ប៉ុន្ដែ វា​ស្រស់​ស្អាត​ខ្លាំង​ណាស់ បាន​ជា​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​«​សូម្បី​តែ​សាឡូម៉ូន​កាល​ដែល​តែង​ខ្លួន​ល្អ​ប្រណីត​បំផុត ក៏​មិន​ស្មើ​នឹង​ផ្កា​មួយ​ទង​បែប​នោះ​ផង​»​!

១៦ សូម​គិត​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ក្រោយ​មក​ថា​៖ ​«​ព្រះ​តុបតែង​រុក្ខជាតិ​ដែល​ដុះ​នៅ​ឯ​វាល . . . បើ​ដូច្នេះ ព្រះ​នឹង​ផ្ដល់​សម្លៀក​បំពាក់​លើស​ជាង​នោះ​ទៅ​ទៀត​ឲ្យ​អ្នក​រាល់​គ្នា ដែល​ជា​អ្នក​មាន​ជំនឿ​តិច មែន​ទេ?​»។ មែន លោក​ប្រាកដ​ជា​នឹង​ធ្វើ​ដូច្នេះ! ប៉ុន្ដែ អ្នក​កាន់​តាម​លោក​យេស៊ូ​ត្រូវ​ការ​ជំនឿ​ថែម​ទៀត។ (​ម៉ាថាយ ៨:២៦; ១៤:៣១; ១៦:៨; ១៧:២០​) ពួក​គេ​ត្រូវ​ទុក​ចិត្ដ​ថា​ព្រះ​យេហូវ៉ា​ចង់​ថែ​រក្សា​ពួក​គេ ហើយ​ថា​លោក​ពិត​ជា​នឹង​ធ្វើ​ដូច្នេះ​មែន។ ចុះ​យ៉ាង​ណា​យើង​វិញ? តើ​យើង​ជឿ​ថា​ព្រះ​យេហូវ៉ា​នឹង​ថែ​រក្សា​យើង​ឬ​ទេ?

តើ​យើង​ជឿ​ថា​ព្រះ​យេហូវ៉ា​នឹង​ថែ​រក្សា​យើង​ឬ​ទេ?

១៧​. តើ​អ្វី​អាច​បង្ខូច​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា?

១៧ សូម​អាន ម៉ាថាយ ៦:៣១, ៣២មនុស្ស​ជា​ច្រើន​ដែល​មិន​ស្គាល់​ព្រះ​យេហូវ៉ា​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​មាន​លុយ​និង​ការ​មាន​របស់​របរ​ជា​ច្រើន​ទៀត។ ប៉ុន្ដែ បើ​យើង​ធ្វើ​ដូច្នេះ យើង​នឹង​បង្ខូច​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​លោក។ យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​បិតា​របស់​យើង ហើយ​ថា​លោក​ស្រឡាញ់​យើង។ ម្យ៉ាង​ទៀត យើង​មាន​ទំនុក​ចិត្ដ​ថា​បើ​យើង​ធ្វើ​អ្វី​ដែល​លោក​សុំ ហើយ​ចាត់​ទុក​រាជាណាចក្រ​របស់​លោក​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង នោះ​លោក​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ទាំង​អស់​ដែល​យើង​ត្រូវ​ការ​និង​លើស​ជាង​នោះ​ទៅ​ទៀត។ យើង​ក៏​ទទួល​ស្គាល់​ថា​ចំណង​មិត្ដភាព​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ​ពិត​ប្រាកដ ហើយ​នេះ​ជួយ​យើង​ឲ្យ​ស្កប់​ចិត្ដ​ដោយ​មាន​តែ‹អាហារ​បរិភោគ និង​សម្លៀក​បំពាក់›ដែល​យើង​ត្រូវ​ការ។—ធីម៉ូថេ​ទី១ ៦:៦​-​៨

តើ​រាជាណាចក្រ​របស់​ព្រះ​គឺ​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក​ឬ​ទេ?

១៨​. តើ​ព្រះ​យេហូវ៉ា​ដឹង​អ្វី​ខ្លះ​អំពី​យើង​ម្នាក់​ៗ ហើយ​តើ​លោក​នឹង​ធ្វើ​អ្វី​សម្រាប់​យើង?

១៨ សូម​អាន ម៉ាថាយ ៦:៣៣បើ​យើង​ចាត់​ទុក​រាជាណាចក្រ​ព្រះ​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង នោះ​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​អ្វី​ទាំង​អស់​ដែល​យើង​ត្រូវ​ការ។ លោក​យេស៊ូ​បាន​ពន្យល់​អំពី​មូលហេតុ​ដែល​យើង​អាច​ជឿ​សេចក្ដី​សន្យា​នោះ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ដឹង​ថា​អ្នក​ត្រូវ​ការ​របស់​ទាំង​នេះ​»។ ព្រះ​យេហូវ៉ា​ដឹង​អំពី​អ្វី​ដែល​អ្នក​ត្រូវ​ការ​មុន​អ្នក​ដឹង​ទៅ​ទៀត។ (​ភីលីព ៤:១៩​) ជា​ឧទាហរណ៍ លោក​ដឹង​ថា​សម្លៀក​បំពាក់​ណា​ដែល​យើង​នឹង​ត្រូវ​ការ​ក្រោយ​មក។ ម្យ៉ាង​ទៀត លោក​ដឹង​ថា​អ្នក​នឹង​ត្រូវ​ការ​អាហារ​អ្វី ហើយ​លោក​ក៏​ដឹង​ដែរ​ថា​អ្នក​និង​ក្រុម​គ្រួសារ​អ្នក​ត្រូវ​ការ​កន្លែង​រស់​នៅ។ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​មាន​អ្វី​ដែល​អ្នក​ពិត​ជា​ត្រូវ​ការ។

១៩​. ហេតុ​អ្វី​យើង​មិន​គួរ​ខ្វល់​ខ្វាយ​អំពី​អ្វី​ដែល​អាច​កើត​ឡើង​នៅ​ពេល​អនាគត?

១៩ សូម​អាន ម៉ាថាយ ៦:៣៤លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ម្ដង​ទៀត​ថា​៖ ​«​កុំ​ខ្វល់​ខ្វាយ​»។ ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ​ជា​រៀង​រាល់​ថ្ងៃ។ ដូច្នេះ យើង​មិន​ចាំ​បាច់​ខ្វល់​ខ្វាយ​ច្រើន​ពេក​អំពី​អ្វី​ដែល​អាច​កើត​ឡើង​នៅ​ពេល​អនាគត​ឡើយ។ បើ​យើង​ធ្វើ​ដូច្នេះ យើង​អាច​ចាប់​ផ្ដើម​ពឹង​ផ្អែក​លើ​ខ្លួន​យើង ហើយ​នេះ​នឹង​បង្ខូច​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​ទុក​ចិត្ដ​ទាំង​ស្រុង​ទៅ​លើ​លោក។—សុភាសិត ៣:៥, ៦; ភីលីព ៤:៦, ៧

ចូរ​ស្វែង​រក​រាជាណាចក្រ​ជា​មុន នោះ​ព្រះ​យេហូវ៉ា​នឹង​ថែ​រក្សា​អ្នក

តើ​អ្នក​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​កាន់​តែ​សាមញ្ញ​ដើម្បី​ផ្ដោត​អារម្មណ៍​ច្រើន​ជាង​ទៅ​លើ​រាជាណាចក្រ​ព្រះ​ឬ​ទេ? (​សូម​មើល​វគ្គ​២០​)

២០​. (​ក​) តើ​អ្នក​អាច​កំណត់​គោល​ដៅ​អ្វី​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា? (​ខ​) តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ជីវិត​របស់​អ្នក​សាមញ្ញ​ជាង?

២០ បើ​យើង​មិន​មាន​កម្លាំង​គ្រប់​គ្រាន់​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ពេញ​លេញ ដោយ​សារ​យើង​ព្យាយាម​ឲ្យ​មាន​វត្ថុ​ទ្រព្យ​កាន់​តែ​ច្រើន​ថែម​ទៀត នោះ​គួរ​ឲ្យ​សោក​ស្តាយ​ណាស់! ផ្ទុយ​ទៅ​វិញ យើង​គួរ​ជូន​អ្វី​ដែល​ល្អ​បំផុត​ដល់​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ តើ​អ្នក​អាច​រើ​ទៅ​ជួយ​ក្រុម​ជំនុំ​ណា​មួយ​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​ច្រើន​ជាង​ឬ​ទេ? តើ​អ្នក​អាច​ត្រួស​ត្រាយ​បាន​ឬ​ទេ? ឬ​បើ​អ្នក​កំពុង​ត្រួស​ត្រាយ តើ​អ្នក​បាន​គិត​អំពី​ការ​ដាក់​ពាក្យ​ចូល​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​ឬ​ទេ? តើ​អ្នក​អាច​ចំណាយ​ពេល​ប៉ុន្មាន​ថ្ងៃ​រាល់​សប្ដាហ៍​ដើម្បី​ជួយ​កិច្ច​ការ​នៅ​បេតអែល ឬ​ការិយាល័យ​បក​ប្រែ​ឬ​ទេ? ឬ​អ្នក​ប្រហែល​ជា​អាច​ទៅ​ជា​អ្នក​ស្ម័គ្រ​ចិត្ដ​បម្រើ​ក្នុង​ផ្នែក​ចាត់​ចែង​ខាង​គម្រោង​និង​សំណង់​ក្នុង​តំបន់ ហើយ​ប្រើ​ពេល​ខ្លះ​ដើម្បី​ជួយ​សង់​សាល​ប្រជុំ។ សូម​គិត​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ឲ្យ​របៀប​រស់​នៅ​របស់​អ្នក​សាមញ្ញ​ជាង ប្រយោជន៍​ឲ្យ​អ្នក​អាច​មាន​ពេល​និង​កម្លាំង​ច្រើន​ជាង​សម្រាប់​កិច្ច​ការ​ដែល​ទាក់​ទង​នឹង​រាជាណាចក្រ​ព្រះ។ ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ របៀប​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​សាមញ្ញ​ជាង​»​ផ្ដល់​យោបល់​ខ្លះ​ៗ។ ចូរ​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​សម្រេច​ចិត្ដ​អំពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ។ ក្រោយ​មក ចូរ​ចាប់​ផ្ដើម​ធ្វើ​ការ​កែ​ប្រែ​ដែល​ចាំ​បាច់។

២១​. តើ​អ្វី​នឹង​ជួយ​អ្នក​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា?

២១ លោក​យេស៊ូ​បាន​បង្រៀន​យើង​ឲ្យ​ស្វែង​រក​រាជាណាចក្រ​ព្រះ​ជា​មុន។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​មិន​ខ្វល់​ខ្វាយ​ច្រើន​ពេក​អំពី​អ្វី​ដែល​យើង​ត្រូវ​ការ។ យើង​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា ដោយ​សារ​យើង​ទុក​ចិត្ដ​ថា​លោក​នឹង​ថែ​រក្សា​យើង។ យើង​រៀន​ឲ្យ​ចេះ​គ្រប់​គ្រង​ខ្លួន​យើង ហើយ​មិន​ទិញ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ចង់​បាន ឬ​អ្វី​ទាំង​អស់​ដែល​ពិភព​លោក​នេះ​ផ្សាយ​ពាណិជ្ជកម្ម ទោះ​ជា​យើង​មាន​លទ្ធភាព​ទិញ​វា​ក៏​ដោយ។ បើ​យើង​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​សាមញ្ញ​ជាង​នៅ​ឥឡូវ​នេះ នោះ​នឹង​ជួយ​យើង​ឲ្យ​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា ហើយ​«​ចាប់​យ៉ាង​ជាប់​នូវ​ជីវិត​ដ៏​ពិត​ប្រាកដ​»​ដែល​លោក​បាន​សន្យា​ចំពោះ​យើង។—ធីម៉ូថេ​ទី១ ៦:១៩