លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ

ចូរ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ

​«​[​ចូរ​]ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​ពី​ដំណឹង​ល្អ​ស្ដី​អំពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​»។—សកម្មភាព ២០:២៤

ចម្រៀង​លេខ: ១០, ២៥

១, ២​. តើ​សាវ័ក​ប៉ូល​បាន​បង្ហាញ​យ៉ាង​ណា​ថា​គាត់​មាន​អំណរ​គុណ​ចំពោះ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ?

សាវ័ក​ប៉ូល​អាច​និយាយ​ដោយ​ស្មោះ​ថា​៖ ​«​គុណ​ដ៏​វិសេស​លើស​លប់​ដែល[​ព្រះ​]មាន​ចំពោះ​ខ្ញុំ មិន​បាន​ទៅ​ជា​អសារ​ឥត​ការ​ទេ​»។ (​សូម​អាន កូរិនថូស​ទី១ ១៥:៩, ១០) ប៉ូល​បាន​ដឹង​ច្បាស់​ថា​គាត់​មិន​សម​នឹង​ទទួល​សេចក្ដី​មេត្ដា​ករុណា​ដ៏​ជ្រាល​ជ្រៅ​របស់​ព្រះ​ឡើយ។ គាត់​ធ្លាប់​ជា​អ្នក​បៀត​បៀន​គ្រិស្ដ​សាសនិក។

នៅ​ជិត​ចុង​បញ្ចប់​នៃ​ជីវិត​របស់​ប៉ូល គាត់​បាន​សរសេរ​ទៅ​កាន់​ធីម៉ូថេ​ថា​៖ ​«​ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ​គ្រិស្ដ​យេស៊ូ​ជា​ម្ចាស់​របស់​យើង ជា​អ្នក​ដែល​បាន​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ ពី​ព្រោះ​លោក​បាន​ចាត់​ទុក​ខ្ញុំ​ជា​មនុស្ស​ស្មោះ​ត្រង់ ដោយ​ចាត់​តាំង​ខ្ញុំ​ឲ្យ​បំពេញ​កិច្ច​បម្រើ​»។ (​ធីម៉ូថេ​ទី១ ១:១២​-​១៤​) តើ​កិច្ច​បម្រើ​នោះ​ជា​អ្វី? ប៉ូល​បាន​ប្រាប់​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​នៅ​ក្រុង​អេភេសូរ​ថា​៖ ​«​ខ្ញុំ​មិន​ចាត់​ទុក​ថា​ព្រលឹង​ខ្ញុំ​គឺ​សំខាន់ ឬ​ជា​អ្វី​ដ៏​វិសេស​ចំពោះ​ខ្ញុំ​ទេ ប្រសិន​បើ​ខ្ញុំ​គ្រាន់​តែ​អាច​រត់​ក្នុង​ការ​ប្រណាំង​នេះ​រហូត​ដល់​ទី​បញ្ចប់ ហើយ​បង្ហើយ​កិច្ច​បម្រើ​ដែល​ខ្ញុំ​បាន​ទទួល​ពី​លោក​ម្ចាស់​យេស៊ូ ពោល​គឺ​ការ​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​ពី​ដំណឹង​ល្អ​ស្ដី​អំពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​»។សកម្មភាព ២០:២៤

៣​. តើ​ប៉ូល​បាន​ទទួល​កិច្ច​បម្រើ​ពិសេស​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

តើ​ប៉ូល​បាន​ផ្សព្វ​ផ្សាយ​«​ដំណឹង​ល្អ​»​អ្វី ហើយ​តើ​នេះ​បង្ហាញ​យ៉ាង​ណា​អំពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា? ប៉ូល​បាន​និយាយ​ទៅ​កាន់​គ្រិស្ដ​សាសនិក​នៅ​ក្រុង​អេភេសូរ​ថា​៖ ‹អ្នក​រាល់​គ្នា​បាន​ឮ​ថា ខ្ញុំ​បាន​ទទួល​ភារកិច្ច​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​ទទួល​ប្រយោជន៍​ពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ›។ (​អេភេសូរ ៣:១, ២​) លោក​យេស៊ូ​បាន​ប្រាប់​ប៉ូល​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​ពួក​អ្នក​ដែល​មិន​មែន​ជា​ជន​ជាតិ​យូដា។ ចាប់​ពី​ពេល​នោះ មនុស្ស​ដែល​មក​ពី​ប្រជា​ជាតិ​ផ្សេង​ៗ​អាច​ទៅ​ជា​សមាជិក​រដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌​ដែល​គ្រប់​គ្រង​ដោយ​មេស្ស៊ី។ (​សូម​អាន អេភេសូរ ៣:៥​-​៨) ប៉ូល​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង ហើយ​បាន​ទុក​គំរូ​ដ៏​ល្អ​ឲ្យ​គ្រិស្ដ​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ។ គាត់​បាន​បង្ហាញ​ថា​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​មិន​មែន​«​អសារ​ឥត​ការ​»​ចំពោះ​គាត់​ឡើយ។

តើ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ជំរុញ​ចិត្ដ​អ្នក​ឬ​ទេ?

៤, ៥​. ហេតុ​អ្វី​យើង​អាច​និយាយ​ថា‹ដំណឹង​ល្អ​អំពី​រាជាណាចក្រ›គឺ​ដូច​គ្នា​នឹង​ដំណឹង​ល្អ​ស្ដី​អំពី​«​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​»​?

នៅ​គ្រា​ចុង​បញ្ចប់​នេះ រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​មាន​ភារកិច្ច​ផ្សព្វ​ផ្សាយ‹ដំណឹង​ល្អ​អំពី​រាជាណាចក្រ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ឮ›។ (​ម៉ាថាយ ២៤:១៤​) ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ក៏​ជា​«​ដំណឹង​ល្អ​ស្ដី​អំពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​»​ដែរ។ តើ​តាម​របៀប​ណា? ពរ​ទាំង​អស់​ដែល​យើង​នឹង​ទទួល​ពី​រាជាណាចក្រ​ព្រះ​គឺ​ដោយ​សារ​ចិត្ដ​សប្បុរស​របស់​ព្រះ​យេហូវ៉ា។ (​អេភេសូរ ១:៣​) ប៉ូល​បាន​បង្ហាញ​ចិត្ដ​កតញ្ញូ​ចំពោះ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា​ដោយ​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង។ តើ​យើង​កំពុង​ធ្វើ​តាម​គំរូ​របស់​ប៉ូល​ឬ​ទេ?—សូម​អាន រ៉ូម ១:១៤​-​១៦

ក្នុង​អត្ថបទ​មុន យើង​បាន​រៀន​អំពី​របៀប​ដែល​យើង​ដែល​ជា​មនុស្ស​មាន​ភាព​ខុស​ឆ្គង ទទួល​ប្រយោជន៍​ពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា​តាម​វិធី​ជា​ច្រើន។ ដោយ​សារ​យើង​បាន​ទទួល​ប្រយោជន៍​យ៉ាង​ច្រើន នោះ​យើង​មាន​ភារកិច្ច​បង្រៀន​អ្នក​ឯ​ទៀត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​កំពុង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​លោក និង​អំពី​របៀប​ដែល​ពួក​គេ​អាច​ទទួល​ប្រយោជន៍​ពី​នេះ។ តើ​តាម​របៀប​ណា​យើង​អាច​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​មាន​ចិត្ដ​កតញ្ញូ​ចំពោះ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ?

ចូរ​ផ្សាយ​ដំណឹង​ល្អ​អំពី​គ្រឿង​បូជា​លោះ

៦, ៧​. ពេល​យើង​ពន្យល់​អ្នក​ឯ​ទៀត​អំពី​ថ្លៃ​លោះ តើ​យើង​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

សព្វ​ថ្ងៃ​នេះ ពេល​មនុស្ស​ជា​ច្រើន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង ពួក​គេ​មិន​មាន​អារម្មណ៍​ថា​ខ្លួន​ធ្វើ​ខុស​ឡើយ ដូច្នេះ​ពួក​គេ​មិន​យល់​អំពី​មូលហេតុ​ដែល​មនុស្សជាតិ​ត្រូវ​ការ​ថ្លៃ​លោះ​ទេ។ នៅ​ដំណាល​គ្នា​នោះ មនុស្ស​កាន់​តែ​ច្រើន​ទទួល​ស្គាល់​ថា​របៀប​រស់​នៅ​របស់​ពួក​គេ​មិន​ធ្វើ​ឲ្យ​ពួក​គេ​សប្បាយ​រីក​រាយ​ឡើយ។ ម្យ៉ាង​ទៀត មនុស្ស​ជា​ច្រើន​មិន​ដឹង​ថា​អ្វី​ជា​ភាព​ខុស​ឆ្គង របៀប​ដែល​ភាព​ខុស​ឆ្គង​មាន​ឥទ្ធិពល​មក​លើ​មនុស្ស និង​អ្វី​ដែល​មនុស្ស​ត្រូវ​ធ្វើ​ដើម្បី​រួច​ផុត​ពី​ការ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​ភាព​ខុស​ឆ្គង​ឡើយ រហូត​ទាល់​តែ​ពួក​គេ​និយាយ​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា។ ពេល​ដែល​ពួក​គេ​យល់​ថា​ភាព​ខុស​ឆ្គង​គឺ​ជា​អ្វី មនុស្ស​ដែល​មាន​ចិត្ដ​ស្មោះ​សប្បាយ​ចិត្ដ​រៀន​ថា​ព្រះ​យេហូវ៉ា​បាន​ចាត់​បុត្រ​របស់​លោក​ឲ្យ​មក​ផែន​ដី​ដើម្បី​រំដោះ​យើង​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដូច្នេះ ដោយ​សារ​លោក​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​និង​ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក។—យ៉ូហាន​ទី១ ៤:៩, ១០

សូម​កត់​សម្គាល់​អ្វី​ដែល​ប៉ូល​បាន​និយាយ​អំពី​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ថា​៖ ​«​ដោយ​បង់​ថ្លៃ​លោះ នោះ​បុត្រ​លោក​បាន​រំដោះ​យើង​តាម​រយៈ​ឈាម​របស់​ខ្លួន ពោល​គឺយើង​ទទួល​ការ​អភ័យ​ទោស​ចំពោះ​កំហុស​របស់​យើង ដោយ​សារភាព​បរិបូរ​នៃ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក[​ព្រះ​យេហូវ៉ា​]​»។ (​អេភេសូរ ១:៧​) គ្រឿង​បូជា​លោះ​របស់​គ្រិស្ដ​គឺ​ជា​ភ័ស្ដុតាង​ដ៏​អស្ចារ្យ​បំផុត​ដែល​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​យើង ហើយ​បង្ហាញ​ថា​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​គឺ​ប្រសើរ​ក្រៃ​លែង។ យើង​ធូរ​ស្រាល​ក្នុង​ចិត្ដ​ណាស់​ពេល​ដែល​រៀន​ដឹង​ថា​បើ​យើង​បង្ហាញ​ជំនឿ​លើ​គ្រឿង​បូជា​របស់​លោក​យេស៊ូ ភាព​ខុស​ឆ្គង​របស់​យើង​នឹង​ត្រូវ​អភ័យ​ទោស​ឲ្យ ហើយ​យើង​នឹង​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស! (​ហេប្រឺ ៩:១៤​) នេះ​ពិត​ជា​ដំណឹង​ល្អ​ដើម្បី​ប្រាប់​អ្នក​ឯ​ទៀត!

ចូរ​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ

៨​. ហេតុ​អ្វី​មនុស្ស​ដែល​មាន​ភាព​ខុស​ឆ្គង​ត្រូវ​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ?

បើ​មនុស្ស​មិន​បង្ហាញ​ជំនឿ​លើ​គ្រឿង​បូជា​របស់​លោក​យេស៊ូ​ទេ ព្រះ​ចាត់​ទុក​ពួក​គេ​ជា​សត្រូវ។ ហេតុ​នេះ យើង​មាន​ភារកិច្ច​ប្រាប់​ពួក​គេ​ថា​ពួក​គេ​អាច​ទៅ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ​បាន។ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ ​«​អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​របស់​លោក អ្នក​នោះ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ រីឯ​អ្នក​ណា​ដែល​មិន​ស្តាប់​បង្គាប់​បុត្រ​របស់​លោក អ្នក​នោះ​នឹង​មិន​ទទួល​ជីវិត​ឡើយ តែ​កំហឹង​របស់​ព្រះ​នៅ​ជាប់​នឹង​អ្នក​នោះ​»។ (​យ៉ូហាន ៣:៣៦​) យើង​សប្បាយ​ចិត្ដ​ដែល​គ្រឿង​បូជា​របស់​គ្រិស្ដ​ផ្ដល់​លទ្ធភាព​ឲ្យ​យើង​ក្លាយ​ទៅ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ។ ប៉ូល​បាន​ប្រកាស​ថា​៖ ​«​អ្នក​រាល់​គ្នា​ដែល​ធ្លាប់​នៅ​ដាច់​ឆ្ងាយ​ពី​ព្រះ​និង​ជា​សត្រូវ ព្រោះ​មាន​គំនិត​លម្អៀង​ទៅ​រក​អំពើ​ទុច្ចរិត ឥឡូវ​ជា​អ្នក​ដែល​លោក​បាន​ផ្សះ​ផ្សា​ឲ្យ​ជា​នឹង​លោក​ឡើង​វិញ តាម​រយៈ​រូប​កាយ​សាច់​ឈាម​របស់​លោក​ដែល​បាន​ស្លាប់​»។—កូឡុស ១:២១, ២២

យើង​មាន​ភារកិច្ច​ប្រាប់​អ្នក​ឯ​ទៀត​ថា​ពួក​គេ​អាច​ទៅ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ

៩, ១០​. (​ក​) តើ​គ្រិស្ដ​បាន​ប្រគល់​ភារកិច្ច​អ្វី​ដល់​បង​ប្អូន​របស់​លោក​ដែល​ព្រះ​បាន​រើស​តាំង? (​ខ​) តើ​«​ចៀម​ឯ​ទៀត​»​ជួយ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​យ៉ាង​ដូច​ម្ដេច?

គ្រិស្ដ​បាន​ប្រគល់​«​កិច្ច​បម្រើ​ខាង​ការ​ផ្សះ​ផ្សា​»​ឲ្យ​បង​ប្អូន​របស់​លោក​នៅ​ផែន​ដី​ដែល​ព្រះ​បាន​រើស​តាំង។ ប៉ូល​បាន​ប្រាប់​ពួក​គាត់​ថា​៖ ​«​អ្វី​ៗ​ទាំង​អស់​មក​ពី​ព្រះ ដែល​បាន​ផ្សះ​ផ្សា​ចំណង​មិត្ដភាព​រវាង​យើង​នឹង​លោក​តាម​រយៈ​គ្រិស្ដ ហើយ​បាន​ប្រគល់​កិច្ច​បម្រើ​ខាង​ការ​ផ្សះ​ផ្សា​ឲ្យ​យើង ពោល​គឺ កិច្ច​បម្រើ​ដែល​ប្រកាស​ថា ព្រះ​បាន​ផ្សះ​ផ្សា​ជា​មួយ​នឹង​ពិភព​លោក​តាម​រយៈ​គ្រិស្ដ ក៏​មិន​បាន​ផ្ដន្ទា​ទោស​ពួក​គេ​ដោយ​សារ​កំហុស​របស់​ពួក​គេ​ឡើយ ហើយ​លោក​បាន​ប្រគល់​បណ្ដាំ​អំពី​ការ​ផ្សះ​ផ្សា​ឲ្យ​យើង។ ដូច្នេះ យើង​ជា​ទូត​តំណាង​គ្រិស្ដ ហាក់​ដូច​ជា​ព្រះ​កំពុង​អង្វរ​តាម​រយៈ​យើង។ ក្នុង​នាម​ជា​តំណាង​គ្រិស្ដ យើង​អង្វរ​ថា​៖ ‹សូម​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ›​»។—កូរិនថូស​ទី២ ៥:១៨​-​២០

១០ ក្នុង​កិច្ច​បម្រើ​ផ្សាយ ​«​ចៀម​ឯ​ទៀត​»​មាន​ឯកសិទ្ធិ​ជួយ​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង។ (​យ៉ូហាន ១០:១៦​) ក្នុង​នាម​ជា​អ្នក​នាំ​ពាក្យ ឬ​«​ជា​តំណាង​»​របស់​គ្រិស្ដ ​«​ចៀម​ឯ​ទៀត​»​កំពុង​រួម​ចំណែក​យ៉ាង​ធំ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ ការ​បង្រៀន​មនុស្ស​អំពី​សេចក្ដី​ពិត និង​ការ​ជួយ​ពួក​គេ​ឲ្យ​មាន​ចំណង​មិត្ដភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ អ្វី​ទាំង​នេះ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ។

ចូរ​បង្រៀន​មនុស្ស​ថា​ព្រះ​ស្តាប់​សេចក្ដី​អធិដ្ឋាន

១១, ១២​. ហេតុ​អ្វី​គឺ​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​រៀន​ថា​ពួក​គេ​អាច​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា?

១១ មនុស្ស​ជា​ច្រើន​អធិដ្ឋាន ដោយ​សារ​នោះ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ស្រួល ប៉ុន្ដែ​ពួក​គេ​មិន​ជឿ​ថា​ព្រះ​ស្តាប់​សេចក្ដីអធិដ្ឋាន​របស់​ពួក​គេ​ឡើយ។ ពួក​គេ​ត្រូវ​ដឹង​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​«​ព្រះ​ដែល​ស្តាប់​សេចក្ដី​អធិស្ឋាន​»។ ដាវីឌ​ដែល​ជា​អ្នក​តែង​ទំនុក​តម្កើង​បាន​សរសេរ​ថា​៖ ​«​ឱ​ព្រះ​ដែល​ស្តាប់​សេចក្ដី​អធិស្ឋាន​អើយ អស់​ទាំង​មនុស្ស​នឹង​មូល​មក​ឯ​ទ្រង់។ អស់​ទាំង​សេចក្ដី​ទុច្ចរិត​តែង​តែ​ឈ្នះ​ទូល​បង្គំ ឯ​ការ​រំលង​របស់​យើង​ខ្ញុំ នោះ​ទ្រង់​នឹង​ជំ​រះ​ចោល​ចេញ​»។—ទំនុក​តម្កើង ៦៥:២, ៣

ពេល​យើង​បង្រៀន​មនុស្ស​អំពី​របៀប​អធិដ្ឋាន យើង​ជួយ​ពួក​គេ​ឲ្យ​ក្លាយ​ទៅ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ​យេហូវ៉ា

១២ លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​សុំ​អ្វី​ក៏​ដោយ ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ នោះ​ខ្ញុំ​នឹង​ធ្វើ​»។ (​យ៉ូហាន ១៤:១៤​) នេះ​មាន​ន័យ​ថា​យើង​អាច​អធិដ្ឋាន​សុំ​«​អ្វី​ក៏​ដោយ​»​ដែល​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា។ យ៉ូហាន​បាន​សរសេរ​ថា​៖ ​«​យើង​មាន​ទំនុក​ចិត្ដ​ថា អ្វី​ក៏​ដោយ​ដែល​យើង​អធិដ្ឋាន​សុំ ដែល​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ នោះ​ព្រះ​នឹង​ស្តាប់​យើង​»។ (​យ៉ូហាន​ទី១ ៥:១៤​) គឺ​ពិត​ជា​ល្អ​ណាស់​ដែល​យើង​ជួយ​មនុស្ស​ឲ្យ​យល់​ថា​សេចក្ដី​អធិដ្ឋាន​មិន​គ្រាន់​តែ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ស្រួល​ប៉ុណ្ណោះ​ទេ តែ​គឺ​ជា​របៀប​មួយ​ដើម្បី​ចូល​នៅ​មុខ​«​បល្ល័ង្ក​នៃ​គុណ​ដ៏​វិសេស​លើស​លប់​»​របស់​ព្រះ​យេហូវ៉ា! (​ហេប្រឺ ៤:១៦​) ពេល​យើង​បង្រៀន​មនុស្ស​អំពី​របៀប​អធិដ្ឋាន​ទៅ​បុគ្គល​ត្រឹម​ត្រូវ តាម​របៀប​ត្រឹម​ត្រូវ និង​សម្រាប់​អ្វី​ត្រឹម​ត្រូវ នោះ​យើង​ជួយ​ពួក​គេ​ឲ្យ​ក្លាយ​ទៅ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ​យេហូវ៉ា ហើយ​ទទួល​ការ​សម្រាល​ទុក្ខ​ពេល​ពួក​គេ​រង​ទុក្ខ។—ទំនុក​តម្កើង ៤:១; ១៤៥:១៨

គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ក្នុង​របៀប​របប​ពិភព​លោក​ថ្មី

១៣, ១៤​. (​ក​) នៅ​ពេល​អនាគត តើ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​នឹង​មាន​ឯកសិទ្ធិ​ដ៏​វិសេស​អ្វី? (​ខ​) តើ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​នឹង​ធ្វើ​កិច្ច​ការ​ដ៏​អស្ចារ្យ​អ្វី​សម្រាប់​មនុស្សជាតិ?

១៣ ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​កាន់​តែ​ច្រើន​«​នៅ​ថ្ងៃ​មុខ​»។ តើ​តាម​របៀប​ណា? ព្រះ​នឹង​ប្រគល់​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ដល់​១៤៤.០០០​នាក់​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​គ្រិស្ដ​នៅ​ស្ថាន​សួគ៌។ ប៉ូល​បាន​ពន្យល់​ថា​ឯកសិទ្ធិ​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា​ពេល​គាត់​បាន​សរសេរ​ថា​៖ ​«​ព្រះ​មាន​សេចក្ដី​មេត្ដា​ករុណា​ដ៏​បរិបូរ ហើយ​ដោយ​សារ​លោក​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង លោក​បាន​ធ្វើ​ឲ្យ​យើង​មាន​ជីវិត​ជា​មួយ​នឹង​គ្រិស្ដ ទោះ​បី​យើង​ធ្លាប់​ជា​មនុស្ស​ស្លាប់​ដោយ​សារ​កំហុស​របស់​យើង​ក៏​ដោយ (​អ្នក​រាល់​គ្នា​បាន​ត្រូវ​សង្គ្រោះ​ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​) ហើយ​លោក​បាន​ធ្វើ​ឲ្យ​យើង​មាន​ជីវិត​ជា​មួយ​គ្នា ក៏​បាន​ឲ្យ​យើង​អង្គុយ​ជា​មួយ​គ្នា​នៅ​ស្ថាន​សួគ៌ ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ដ ដើម្បី​នៅ​ថ្ងៃ​មុខ លោក​នឹង​សម្ដែង​ឲ្យ​ឃើញ​នូវ​ភាព​បរិបូរ​ក្រៃ​លែង​នៃ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក តាម​រយៈ​សេចក្ដី​មេត្ដា​ករុណា​ដែល​លោក​បង្ហាញ​ចំពោះ​យើង​ជា​អ្នក​កាន់​តាម​គ្រិស្ដ​យេស៊ូ​»។—អេភេសូរ ២:៤​-​៧

១៤ គឺ​ពិបាក​ស្រមៃ​គិត​អំពី​អ្វី​ដ៏​អស្ចារ្យ​ដែល​ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​សម្រាប់​គ្រិស្ដ​សាសនិក​ដែល​លោក​បាន​រើស​តាំង ពេល​ពួក​គាត់​គ្រប់​គ្រង​ជា​មួយ​នឹង​គ្រិស្ដ​នៅ​ស្ថាន​សួគ៌។ (​លូកា ២២:២៨​-​៣០; ភីលីព ៣:២០, ២១; យ៉ូហាន​ទី១ ៣:២​) ព្រះ​យេហូវ៉ា​នឹង​«​សម្ដែង​ឲ្យ​ឃើញ​នូវ​ភាព​បរិបូរ​ក្រៃ​លែង​នៃ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​»​ចំពោះ​ពួក​គាត់​តាម​របៀប​ពិសេស។ ពួក​គាត់​នឹង​ទៅ​ជា​«​ក្រុង​យេរូសាឡិម​ថ្មី​»​ ពោល​គឺ​កូន​ក្រមុំ​របស់​គ្រិស្ដ។ (​ការ​បើក​បង្ហាញ ៣:១២; ១៧:១៤; ២១:២, ៩, ១០​) ពួក​គាត់​នឹង​សហការ​ជា​មួយ​នឹង​លោក​យេស៊ូ​ក្នុង‹ការ​ធ្វើ​ឲ្យ​ប្រជា​ជាតិ​ទាំង​អស់​ជា​សះ​ស្បើយ›។ ពួក​គាត់​នឹង​ជួយ​មនុស្សជាតិ​ឲ្យ​រួច​ពី​ភាពខុស​ឆ្គង​និង​សេចក្ដី​ស្លាប់ ហើយ​នឹង​ជួយ​ពួក​គេ​ឲ្យ​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ។—សូម​អាន ការ​បើក​បង្ហាញ ២២:១, ២, ១៧

១៥, ១៦​. នៅ​ពេល​អនាគត តើ​ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​ចំពោះ​«​ចៀម​ឯ​ទៀត​»​យ៉ាង​ដូច​ម្ដេច?

១៥ អេភេសូរ ២:៧ ចែង​ថា​ព្រះ​នឹង​បង្ហាញ​គុណ​ដ៏​វិសេស​លើស​លប់​«​នៅ​ថ្ងៃ​មុខ​»។ នៅ​ពេល​នោះ មនុស្ស​ទាំង​អស់​នៅ​ផែន​ដី​ច្បាស់​ជា​នឹង​ទទួល​«​ភាព​បរិបូរ​ក្រៃ​លែង​នៃ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​»។ (​លូកា ១៨:២៩, ៣០​) របៀប​ដ៏​អស្ចារ្យ​មួយ​ដែល​ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​នៅ​លើ​ផែន​ដី គឺ​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រួច​ពី​«​ផ្នូរ​»។ (​យ៉ូហាន ៥:២៨, ២៩​) តើ​អ្នក​ណា​ខ្លះ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ? បុរស​ស្ដ្រី​ដ៏​ស្មោះ​ត្រង់​ដែល​បាន​ស្លាប់​មុន​លោក​យេស៊ូ​គ្រិស្ដ​បាន​ស្លាប់ និង​«​ចៀម​ឯ​ទៀត​»​ដែល​បាន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​រហូត​ដល់​ស្លាប់​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់។ ពួក​អ្នក​ស្មោះ​ត្រង់​ទាំង​អស់​នេះ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដើម្បី​បន្ដ​បម្រើ​ព្រះ​យេហូវ៉ា។

១៦ មនុស្ស​រាប់​លាន​នាក់​ដែល​បាន​ស្លាប់​ដោយ​មិន​បាន​ស្គាល់​ព្រះ ក៏​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែរ។ យ៉ូហាន​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នក​ធំ​ទាំង​អ្នក​តូច​កំពុង​ឈរ​នៅ​មុខ​បល្ល័ង្ក ហើយ​រមូរ​ផ្សេង​ៗ​បាន​ត្រូវ​បើក​ឡើង។ ប៉ុន្ដែ​បញ្ជី​មួយ​ទៀត​បាន​ត្រូវ​បើក​ឡើង គឺ​ជា​បញ្ជី​ជីវិត។ ឯ​មនុស្ស​ស្លាប់​បាន​ត្រូវ​វិនិច្ឆ័យ​យោង​ទៅ​តាម​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ក្នុង​រមូរ​ទាំង​នោះ ស្រប​តាម​ការ​ប្រព្រឹត្ដ​របស់​ពួក​គេ។ សមុទ្រ​បាន​ប្រគល់​មនុស្ស​ស្លាប់​នៅ​ក្នុង​នោះ​មក​វិញ ហើយ​សេចក្ដី​ស្លាប់​និង​ផ្នូរ​បាន​ប្រគល់​មនុស្ស​ស្លាប់​នៅ​ក្នុង​នោះ​មក​វិញ​ដែរ ហើយ​ពួក​គេ​បាន​ត្រូវ​វិនិច្ឆ័យ​រៀង​ៗ​ខ្លួន ស្រប​តាម​ការ​ប្រព្រឹត្ដ​របស់​ពួក​គេ​»។ (​ការ​បើកបង្ហាញ ២០:១២, ១៣​) ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​មាន​ឱកាស​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​ទទួល​ស្គាល់​ការ​គ្រប់​គ្រង​របស់​លោក។ ពួក​គេ​នឹង​ត្រូវ​រៀន ហើយ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​និង​ការ​ណែនាំ​ថ្មី​នៅ​ក្នុង​«​រមូរ​»។ ការ​ណែនាំ​ថ្មី​នោះ​គឺ​ជា​របៀប​មួយ​ទៀត​ដែល​ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក។

ចូរ​បន្ដ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ

១៧​. ពេល​យើង​ផ្សព្វ​ផ្សាយ តើ​យើង​គួរ​ចង​ចាំ​អ្វី?

១៧ ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​គឺ​កាន់​តែ​សំខាន់​ជាង​មុន ដោយ​សារ​ទី​បញ្ចប់​ជិត​មក​ដល់​ហើយ! (​ម៉ាកុស ១៣:១០​) យើង​ត្រូវ​ចាំ​ថា​ពេល​ផ្សព្វ​ផ្សាយ​គោល​ដៅ​របស់​យើង​គឺ​ដើម្បី​លើក​កិត្ដិយស​ព្រះ​យេហូវ៉ា។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? យើង​ត្រូវ​ប្រាប់​មនុស្ស​ឯ​ទៀត​ថា​ពរ​ទាំង​អស់​ដែល​យើង​នឹង​ទទួល​ក្នុង​ពិភព​លោក​ថ្មី គឺ​មាន​ដោយ​សារ​តែ​ចិត្ដ​សប្បុរស​ដ៏​ធំ​ធេង​របស់​ព្រះ​យេហូវ៉ា។

ចូរ​បម្រើ​យ៉ាង​ខ្នះ​ខ្នែង​ជា​«​អ្នក​បម្រើ​ល្អ​ប្រសើរ​ដែល​បាន​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​»។—ពេត្រុស​ទី១ ៤:១០ (​សូម​មើល​វគ្គ​១៧​-​១៩​)

១៨, ១៩​. តើ​យើង​សរសើរ​តម្កើង​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៨ ពេល​យើង​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត យើង​អាច​ពន្យល់​ថា​ពេល​រាជាណាចក្រ​របស់​គ្រិស្ដ​គ្រប់​គ្រង មនុស្សជាតិ​នឹង​ទទួល​ប្រយោជន៍​ទាំង​អស់​ដែល​មក​ពី​ថ្លៃ​លោះ ហើយ​បន្ដិច​ម្ដង​ៗ​នឹង​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ។ គម្ពីរ​ចែង​ថា​៖ ​«​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត​ក៏​នឹង​ត្រូវ​រំដោះ​ឲ្យ​រួច​ពី​ចំណង​នៃ​ការ​ខូច​រលួយ ដើម្បី​មាន​សេរី​ភាព​រុង​រឿង​ជា​កូន​ព្រះ​»។ (​រ៉ូម ៨:២១​) នេះ​នឹង​អាច​កើត​ឡើង​បាន​ដោយ​សារ​តែ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា។

១៩ យើង​មាន​ឯកសិទ្ធិ​ប្រាប់​មនុស្ស​ទាំង​អស់​អំពី​សេចក្ដី​សន្យា​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ដ​នៅ​ការ​បើក​បង្ហាញ ២១:៤,៥ ដែល​ថា​៖ ​«​[​ព្រះ​]នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់​ក៏​នឹង​លែង​មាន​ទៀត​ដែរ។ អ្វី​ៗ​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន នោះ​បាន​កន្លង​បាត់​អស់​ហើយ​»។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​ដែល​អង្គុយ​លើ​បល្ល័ង្ក​មាន​ប្រសាសន៍​ថា​៖ ​«​មើល! ខ្ញុំ​កំពុង​ធ្វើ​អ្វី​ៗ​ទាំង​អស់​ថ្មី​»។ លោក​ក៏​មាន​ប្រសាសន៍​ដែរ​ថា​៖ ​«​ចូរ​សរសេរ ពី​ព្រោះ​ពាក្យ​ទាំង​នេះ​គួរ​ឲ្យ​ទុក​ចិត្ដ ហើយ​ក៏​ពិត​ត្រង់​»។ ពេល​យើង​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង​អំពី​ដំណឹង​ល្អ​នេះ​ដល់​អ្នក​ឯ​ទៀត យើង​ពិត​ជា​សរសើរ​តម្កើង​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា!