លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរ​ពី​អ្នក​អាន

សំណួរ​ពី​អ្នក​អាន

អេសេគាល ជំពូក​៣៧រៀប​រាប់​អំពី​បន្ទះ​ឈើ​ពីរ​ដែល​ទៅ​ជា​បន្ទះ​ឈើ​តែ​មួយ។ តើ​នេះ​មាន​ន័យ​យ៉ាង​ណា?

តាម​រយៈ​អេសេគាល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា លោក​បាន​ប្រកាស​ទុក​ជា​មុន​ថា​រាស្ដ្រ​របស់​លោក​នឹង​ត្រឡប់​ទៅ​ស្រុក​ដែល​លោក​បាន​សន្យា ហើយ​ថា​ពួក​គេ​នឹង​រួប​រួម​គ្នា​ជា​ប្រជា​ជាតិ​មួយ​ម្ដង​ទៀត។ ទំនាយ​នោះ​ក៏​បាន​ប្រាប់​ទុក​ជា​មុន​ដែរ​ថា​ពួក​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នឹង​រួប​រួម​គ្នា​ជា​រាស្ដ្រ​តែ​មួយ។

ព្រះ​យេហូវ៉ា​បាន​ប្រាប់​អេសេគាល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​របស់​លោក​ឲ្យ​សរសេរ​លើ​បន្ទះ​ឈើ​ពីរ។ គាត់​ត្រូវ​សរសេរ​លើ​បន្ទះ​ឈើ​មួយ​«​សំ​រាប់​ពួក​យូដា​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ជា​ភឿន​មិត្រ​របស់​គេ​»​ ហើយ​នៅ​លើ​បន្ទះ​ឈើ​មួយ​ទៀត​«​សំ​រាប់​ពួក​យ៉ូសែប ជា​ឈើ​របស់​ពួក​អេប្រាអិម​នឹង​ពួក​វង្ស​អ៊ីស្រាអែល​ជា​ភឿន​មិត្រ​របស់​គេ​»។ បន្ទះ​ឈើ​ទាំង​ពីរ​នោះ​នឹង​ទៅ​ជា​«​បន្ទះ​តែ​១​»​នៅ​ក្នុង​ដៃ​របស់​អេសេគាល។—អេសេគាល ៣៧:១៥​-​១៧

តើ​«​អេប្រាអិម​»​ជា​តំណាង​អ្វី? ក្នុង​ចំណោម​កុលសម្ព័ន្ធ​ទាំង​១០​នៃ​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​នៅ​ខាង​ជើង កុលសម្ព័ន្ធ​អេប្រាអ៊ីម​គឺ​ជា​កុលសម្ព័ន្ធ​ដែល​មាន​អំណាច​ខ្លាំង​ជាង​គេ។ តាម​ពិត ស្ដេច​យេរ៉ូបោម​ដែល​ជា​ស្ដេច​ដំបូង​ដែល​បាន​គ្រប់​គ្រង​លើ​រាជាណាចក្រ​នោះ បាន​មក​ពីកុលសម្ព័ន្ធ​អេប្រាអ៊ីម។ (​ចោទិយកថា ៣៣:១៣, ១៧; ពង្សាវតារ​ក្សត្រ​ទី១ ១១:២៦​) អេប្រាអ៊ីម​ដែល​ជា​កូន​ប្រុស​ម្នាក់​របស់​យ៉ូសែប​គឺ​ជា​បុព្វ​បុរស​របស់​កុលសម្ព័ន្ធ​នោះ។ (​ជន​គណនា ១:៣២, ៣៣​) យ៉ូសែប​បាន​ទទួល​ពរ​ដ៏​ពិសិដ្ឋ​ពី​យ៉ាកុប​ដែល​ជា​ឪ​ពុក​របស់​គាត់។ ដូច្នេះ​គឺ​សមរម្យ​ដែល​«​ឈើ​របស់​ពួក​អេប្រាអិម​»​ជា​តំណាង​កុលសម្ព័ន្ធ​១០​នៃ​រាជាណាចក្រ​ដែល​នៅ​ខាង​ជើង។ នៅ​ឆ្នាំ​៧៤០ មុន​គ.ស. ជន​ជាតិ​អាសស៊ើរ​បាន​ច្បាំង​ឈ្នះ​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​នៅ​ខាង​ជើង ហើយ​ចាប់​បណ្ដា​ជន​អ៊ីស្រាអែល​ទៅ​ជា​ឈ្លើយ។ នេះ​បាន​កើត​ឡើង​ច្រើន​ឆ្នាំ​មុន​អេសេគាល​បាន​ប្រកាស​ទំនាយ​អំពី​បន្ទះ​ឈើ​ពីរ។ (​ពង្សាវតារ​ក្សត្រ​ទី២ ១៧:៦​) ច្រើន​ឆ្នាំ​ក្រោយ​ពី​ជន​ជាតិ​អាសស៊ើរ​បាន​ច្បាំង​ឈ្នះ​រាជាណាចក្រ​អ៊ីស្រាអែល ជន​ជាតិ​បាប៊ីឡូន​បាន​ច្បាំង​ឈ្នះ​ជន​ជាតិ​អាសស៊ើរ។ ដូច្នេះ​ពេល​អេសេគាល​បាន​សរសេរ​ទំនាយ​នេះ​អំពី​បន្ទះ​ឈើ​ពីរ ជន​ជាតិ​អ៊ីស្រាអែល​ទាំង​នោះ​ភាគ​ច្រើន​បាន​ត្រូវ​ខ្ចាត់​ខ្ចាយ​ទូ​ទាំង​ចក្រភព​បាប៊ីឡូន។

នៅ​ឆ្នាំ​៦០៧ មុន​គ.ស. ជន​ជាតិ​បាប៊ីឡូន​បាន​ច្បាំង​ឈ្នះ​កុលសម្ព័ន្ធ​ពីរ​នៃ​រាជាណាចក្រ​យូដា​ដែល​នៅ​ខាង​ត្បូង ហើយ​បាន​ចាប់​បណ្ដា​ជន​ទៅ​បាប៊ីឡូន។ ពួក​គេ​ក៏​ប្រហែល​ជា​បាន​ចាប់​យក​អ្នក​ដែល​នៅ​សល់​ពី​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​នៅ​ខាង​ជើង។ ស្ដេច​នៃ​រាជាណាចក្រ​ដែល​នៅ​ខាង​ត្បូង​បាន​មក​ពី​កុលសម្ព័ន្ធ​យូដា។ ពួក​សង្ឃ​ក៏​បាន​រស់​នៅ​ស្រុក​យូដា​ដែរ ដោយ​សារ​ពួក​គាត់​បាន​បម្រើ​នៅ​វិហារ​នា​ក្រុង​យេរូសាឡិម។ (​របា​ក្សត្រ​ទី២ ១១:១៣, ១៤; ៣៤:៣០​) ដូច្នេះ គឺ​សម​ត្រឹម​ត្រូវ​ដែល​បន្ទះ​ឈើ​«​សំ​រាប់​ពួក​យូដា​»​ជា​តំណាង​កុលសម្ព័ន្ធ​ពីរ​នៃ​រាជាណាចក្រ​ដែល​នៅ​ខាង​ត្បូង។

តើ​បន្ទះ​ឈើ​ទាំង​ពីរ​នេះ​បាន​ភ្ជាប់​គ្នា​នៅ​ពេល​ណា? នេះ​បាន​កើត​ឡើង​នៅ​ឆ្នាំ​៥៣៧ មុន​គ.ស. ពេល​បុគ្គល​ដែល​ជា​តំណាង​នៃ​រាជាណាចក្រ​ដែល​នៅ​ខាង​ត្បូង​និង​រាជាណាចក្រ​ដែល​នៅ​ខាង​ជើង​បាន​ត្រឡប់​មក​ពី​និរទេស​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​សង់​វិហារ​ឡើង​វិញ។ ប្រជា​ជាតិ​អ៊ីស្រាអែល​លែង​បែក​បាក់​គ្នា​ទៀត។ ជន​ជាតិ​អ៊ីស្រាអែល​បាន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា​ម្ដង​ទៀត។ (​អេសេគាល ៣៧:២១, ២២​) អេសាយ​និង​យេរេមា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ប្រកាស​ទុក​ជា​មុន​អំពី​ការ​រួប​រួម​គ្នា​នេះ។—អេសាយ ១១:១២, ១៣; យេរេមា ៣១:១, ៦, ៣១

តើ​ទំនាយ​របស់​អេសេគាល​បាន​ប្រកាស​អ្វី​ទុក​ជា​មុន​ស្ដី​អំពី​ការ​គោរព​ប្រណិប័តន៍​ពិត? គឺ​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក‹ជាប់​គ្នា​តែ​១›។ (​អេសេគាល ៣៧:១៨, ១៩​) តើ​សេចក្ដី​សន្យា​នេះ​បាន​ក្លាយ​ទៅ​ជា​ការ​ពិត​នៅ​សម័យ​នេះ​ឬ​ទេ? គឺ​ពិត​មែន។ ទំនាយ​នេះ​បាន​ចាប់​ផ្ដើម​ក្លាយ​ទៅ​ជា​ការ​ពិត​នៅ​ឆ្នាំ​១៩១៩។ មុន​ពេល​នោះ សាថាន​បាន​ព្យាយាម​ធ្វើ​ឲ្យ​រាស្ដ្រ​របស់​ព្រះ​បែក​បាក់​គ្នា​ជា​រៀង​រហូត។ ប៉ុន្ដែ នៅ​ឆ្នាំ​១៩១៩ បន្ដិច​ម្ដង​ៗ​ពួក​គេ​បាន​ត្រូវ​រៀប​ចំ​ឡើង​វិញ​និង​រួប​រួម​គ្នា​ឡើង​វិញ។

នៅ​ពេល​នោះ រាស្ដ្រ​ភាគ​ច្រើន​របស់​ព្រះ​មាន​សេចក្ដី​សង្ឃឹម​ទៅ​ជា​ស្ដេច​និង​សង្ឃ​នៅ​ស្ថាន​សួគ៌​ជា​មួយ​នឹង​លោក​យេស៊ូ។ (​ការ​បើក​បង្ហាញ ២០:៦​) ពួក​គាត់​គឺ​ដូច​ជា​បន្ទះ​ឈើ​សម្រាប់​យូដា។ ក៏​ប៉ុន្ដែ នៅ​ពេល​នោះ​មាន​បង​ប្អូន​ខ្លះ​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី។ ម្យ៉ាង​ទៀត កាល​ដែល​ពេល​វេលា​កន្លង​ទៅ ចំនួន​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​នោះ​កាន់​តែ​កើន​ឡើង។ (​សាការី ៨:២៣​) ពួក​គេ​គឺ​ដូច​ជា​បន្ទះ​ឈើ​សម្រាប់​យ៉ូសែប។

សព្វ​ថ្ងៃ​ក្រុម​ទាំង​ពីរ​នេះ​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា។ ម្យ៉ាង​ទៀត ពួក​គេ​មាន​ស្ដេច​តែ​មួយ គឺ​លោក​យេស៊ូ​គ្រិស្ដ។ ក្នុង​ទំនាយ​របស់​អេសេគាល លោក​យេស៊ូ​បាន​ត្រូវ​ហៅ​ថា​«​ដាវីឌ​ជា​អ្នក​បំរើ​របស់​អញ​»។ (​អេសេគាល ៣៧:២៤, ២៥​) លោក​យេស៊ូ​បាន​អធិដ្ឋាន​ទៅ​កាន់​បិតា​របស់​លោក​អំពី​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​[​សូម​]ឲ្យ​អ្នក​ទាំង​នោះ​រួម​គ្នា​តែ​មួយ ដូច​លោក​ដែល​ជា​បិតា រួប​រួម​ជា​មួយ​នឹង​ខ្ញុំ ហើយ​ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​លោក​»។ * (​សូម​មើល​កំណត់​សម្គាល់​) (​យ៉ូហាន ១៧:២០, ២១​) លោក​យេស៊ូ​ក៏​បាន​ប្រកាស​ទុក​ជា​មុន​ដែរ​ថា​អ្នក​កាន់​តាម​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​ជា​ហ្វូង​តូច​របស់​លោក​នឹង​«​ទៅ​ជា​ហ្វូង​តែ​មួយ​»​ជា​មួយ​នឹង​«​ចៀម​ឯ​ទៀត​»។ ពួក​គេ​ទាំង​អស់​គ្នា​នឹង​តាម​«​គង្វាល​តែ​ម្នាក់​»។ (​យ៉ូហាន ១០:១៦​) ដូច​លោក​យេស៊ូ​បាន​រៀប​រាប់ រាស្ដ្រ​ទាំង​អស់​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ​មាន​សាមគ្គី​ភាព ទោះ​ជា​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែន​ដី​ជា​រៀង​រហូត​ក៏​ដោយ!

^ វគ្គ 10 ពេល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​សញ្ញា​សម្គាល់​នៃ​គ្រា​ចុង​ក្រោយ​បង្អស់ លោក​បាន​ប្រាប់​ឧទាហរណ៍​ខ្លះ​ដល់​អ្នក​កាន់​តាម​លោក។ មុន​ដំបូង​លោក​បាន​បញ្ជាក់​អំពី​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ដែល​ជា​ក្រុម​តូច​មួយ​នៃ​បង​ប្រុស​ៗ​ដែល​ព្រះ​បាន​រើស​តាំង​ដែល​នឹង​ដឹក​នាំ​រាស្ដ្រ​របស់​ព្រះ។ (​ម៉ាថាយ ២៤:៤៥​-​៤៧​) ក្រោយ​មក​លោក​បាន​លើក​ឧទាហរណ៍​ខ្លះ​ដែល​សំដៅ​លើ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ទាំង​អស់។ (​ម៉ាថាយ ២៥:១​-​៣០​) នៅ​ទី​បំផុត លោក​បាន​មាន​ប្រសាសន៍​អំពី​ពួក​អ្នក​ដែល​នឹង​គាំ​ទ្រ​បង​ប្អូន​របស់​គ្រិស្ដ ហើយ​ដែល​នឹង​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី។ (​ម៉ាថាយ ២៥:៣១​-​៤៦​) ស្រដៀង​គ្នា​ដែរ ពេល​ទំនាយ​របស់​អេសេគាល​បាន​ចាប់​ផ្ដើម​ក្លាយ​ទៅ​ជា​ការ​ពិត​នៅ​សម័យ​យើង ទំនាយ​នោះ​មុន​បង្អស់​សំដៅ​លើ​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌។ ទោះ​ជា​តាម​ធម្មតា​កុលសម្ព័ន្ធ​១០​នៃ​អ៊ីស្រាអែល​មិន​មែន​ជា​តំណាង​ពួក​អ្នក​ដែល​នឹង​រស់​នៅ​ផែន​ដី​ជា​រៀង​រហូត​ក៏​ដោយ ការ​រួប​រួម​គ្នា​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​ទំនាយ​នោះ​រំលឹក​យើង​អំពី​សាមគ្គី​ភាព​រវាង​ពួក​អ្នក​ទាំង​នោះ​និង​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង។