«ចូរយំជាមួយនឹងអ្នកដែលកំពុងយំ»
«ចូរបន្ដសម្រាលទុក្ខគ្នាទៅវិញទៅមក ហើយពង្រឹងកម្លាំងគ្នាទៅវិញទៅមក»។—ថែស្សាឡូនិចទី១ ៥:១១
ចម្រៀងលេខ: ៥៣, ២៨
១, ២. ហេតុអ្វីយើងត្រូវពិចារណាអំពីរបៀបដែលយើងអាចសម្រាលទុក្ខពួកអ្នកដែលកំពុងកើតទុក្ខ? (សូមមើលរូបភាពនៅដើមអត្ថបទ)
បងស្រីស៊ូស៊ីបាននិយាយថា៖ «អស់រយៈពេលជិតមួយឆ្នាំក្រោយពីកូនប្រុសរបស់យើងបានស្លាប់ យើងឈឺចាប់យ៉ាងខ្លាំង»។ ក្រោយពីប្រពន្ធរបស់បងប្រុសម្នាក់បានស្លាប់ភ្លាមៗ គាត់បាននិយាយថាគាត់បានពិសោធនូវ«ការឈឺចាប់ខាងរូបកាយដែលមិនអាចរៀបរាប់បាន»។ គួរឲ្យស្តាយណាស់ មនុស្សជាច្រើននាក់បានរងនូវការឈឺចាប់បែបនេះ។ នៅក្នុងក្រុមជំនុំគ្រិស្ដសាសនិកសព្វថ្ងៃនេះ បងប្អូនជាច្រើននាក់មិនបានរំពឹងថាមនុស្សជាទីស្រឡាញ់របស់ពួកគេនឹងស្លាប់មុនសង្គ្រាមហាម៉ាគេដូនទេ។ អ្នកប្រហែលជាមានមនុស្សជាទីស្រឡាញ់ស្លាប់ ឬប្រហែលជាអ្នកស្គាល់បុគ្គលណាម្នាក់ដែលកំពុងកើតទុក្ខ។ បើដូច្នេះ អ្នកប្រហែលជាឆ្ងល់ថា ‹តើតាមរបៀបណាបុគ្គលដែលកំពុងកើតទុក្ខអាចទទួលការសម្រាលទុក្ខ?›។
២ មនុស្សខ្លះនិយាយថាពេលវេលាអាចព្យាបាលរបួសទាំងអស់។ ប៉ុន្ដែ តើតែងតែដូច្នេះឬទេ? ស្ដ្រីមេម៉ាយម្នាក់បាននិយាយថា៖ «ខ្ញុំឃើញថាគឺត្រឹមត្រូវជាងបើនិយាយថារបៀបដែលបុគ្គលម្នាក់ប្រើពេលវេលារបស់គាត់ អាចជួយគាត់ឲ្យជាឡើងវិញ»។ មែនហើយ របួសរូបកាយត្រូវការពេលវេលានិងការថែរក្សាដោយយកចិត្ដទុកដាក់ដើម្បីជា។ ស្រដៀងគ្នាដែរ ដើម្បីព្យាបាលរបួសផ្លូវចិត្ដ នោះក៏ត្រូវការពេលវេលានិងការថែរក្សា
ដោយយកចិត្ដទុកដាក់ដែរ។ តើអ្វីអាចជួយពួកអ្នកដែលកំពុងកើតទុក្ខឲ្យកាត់បន្ថយការឈឺចាប់របស់ពួកគេ?ព្រះយេហូវ៉ាជា«ព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង»
៣, ៤. ហេតុអ្វីយើងអាចប្រាកដថាព្រះយេហូវ៉ាយល់អំពីទុក្ខសោករបស់យើង?
៣ ព្រះយេហូវ៉ាដែលជាបិតារបស់យើងដែលមានចិត្ដអាណិតមេត្ដា គឺជាប្រភពនៃការសម្រាលទុក្ខដែលយើងត្រូវការ។ (សូមអាន កូរិនថូសទី២ ១:៣, ៤) លោកជាគំរូដ៏ល្អបំផុតស្ដីអំពីការបង្ហាញចិត្ដអាណិតអាសូរ ហើយលោកសន្យាចំពោះរាស្ដ្ររបស់លោកថា៖ «គឺអញនេះហើយ ជាអ្នកដែលកំសាន្ដចិត្ដ[ឬ«សំរាលទុក្ខ»]ឯងរាល់គ្នា»។—អេសាយ ៥១:១២; ខ.ស.; ទំនុកតម្កើង ១១៩:៥០, ៥២, ៧៦
ព្រះយេហូវ៉ាពិតជាទន្ទឹងរង់ចាំពេលដែលលោកនឹងប្រោសមនុស្សស្មោះត្រង់ឲ្យរស់ឡើងវិញ
៤ បិតារបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់ក៏ធ្លាប់ពិសោធនូវការបាត់បង់បុគ្គលជាទីស្រឡាញ់ដែលជាអ្នកបម្រើរបស់លោក ដូចជាអាប្រាហាំ អ៊ីសាក យ៉ាកុប ម៉ូសេ និងស្ដេចដាវីឌ។ (ជនគណនា ១២:៦-៨; ម៉ាថាយ ២២:៣១, ៣២; សកម្មភាព ១៣:២២) គម្ពីរបង្ហាញថាព្រះយេហូវ៉ាពិតជាទន្ទឹងរង់ចាំពេលដែលលោកនឹងប្រោសបុរសស្មោះត្រង់ទាំងនោះឲ្យរស់ឡើងវិញ។ (យ៉ូប ១៤:១៤, ១៥) នៅពេលនោះ ពួកគេនឹងសប្បាយរីករាយនិងមានសុខភាពល្អឥតខ្ចោះ។ ព្រះយេហូវ៉ាក៏ធ្លាប់ពិសោធផងដែរនូវការស្លាប់របស់បុត្រច្បងរបស់លោក។ គម្ពីរចែងថាលោកយេស៊ូគឺជាបុគ្គលដែលព្រះ«គាប់ព្រះហឫទ័យ»។ (សុភាសិត ៨:២២, ៣០) យើងមិនអាចស្រមៃឃើញថាព្រះយេហូវ៉ាឈឺចាប់ខ្លាំងយ៉ាងណានោះទេ ពេលដែលលោកបានឃើញបុត្ររបស់លោករងការឈឺចាប់រហូតដល់ស្លាប់។—យ៉ូហាន ៥:២០; ១០:១៧
៥, ៦. តើព្រះយេហូវ៉ាសម្រាលទុក្ខយើងតាមរបៀបណា?
៥ យើងអាចជឿជាក់ទាំងស្រុងថាព្រះយេហូវ៉ានឹងជួយយើង។ ដូច្នេះ យើងអាចអធិដ្ឋានទៅលោកនៅពេលណាក៏បាន ហើយប្រាប់លោកអំពីការឈឺចាប់និងទុក្ខសោកដែលយើងមាន។ ការដឹងថាព្រះយេហូវ៉ាយល់អំពីអារម្មណ៍របស់យើង ហើយថាលោកផ្ដល់ការសម្រាលទុក្ខដែលយើងត្រូវការ ពិតជាសម្រាលទុក្ខយើងមែន! ប៉ុន្ដែ តើលោកធ្វើដូច្នេះយ៉ាងដូចម្ដេច?
៦ របៀបមួយក្នុងចំណោមរបៀបជាច្រើនដែលព្រះយេហូវ៉ាសម្រាលទុក្ខយើងគឺតាមរយៈសកម្មពលបរិសុទ្ធរបស់លោក។ (សកម្មភាព ៩:៣១) លោកយេស៊ូបានសន្យាថាបិតារបស់យើងនឹងផ្ដល់សកម្មពលបរិសុទ្ធដ៏ខ្លាំងក្លារបស់លោកដល់អស់អ្នកដែលសុំពីលោក។ (លូកា ១១:១៣) បងស៊ូស៊ីដែលបានត្រូវរៀបរាប់ខាងលើនិយាយថា៖ «មានច្រើនដងដែលយើងបានលុតជង្គង់ ហើយអង្វរសុំព្រះយេហូវ៉ាឲ្យសម្រាលទុក្ខយើង។ រាល់លើក សេចក្ដីសុខសាន្ដរបស់ព្រះ ពិតជាបានការពារចិត្ដនិងគំនិតរបស់យើងមែន»។—សូមអាន ភីលីព ៤:៦, ៧
លោកយេស៊ូក៏យល់អារម្មណ៍របស់យើង
៧, ៨. ហេតុអ្វីយើងអាចជឿជាក់ថាលោកយេស៊ូនឹងសម្រាលទុក្ខយើង?
៧ ពេលលោកយេស៊ូនៅផែនដី លោកបានបង្ហាញគុណសម្បត្ដិដូចបិតារបស់លោកយ៉ាងល្អឥតខ្ចោះតាមរយៈពាក្យសម្ដីនិងការប្រព្រឹត្ដរបស់លោក។ (យ៉ូហាន ៥:១៩) ព្រះយេហូវ៉ាបានចាត់លោកយេស៊ូឲ្យមកផែនដីដើម្បីសម្រាលទុក្ខ «មនុស្សដែលមានចិត្ដសង្រេង»និង«អស់អ្នកណាដែលសោយសោក»។ (អេសាយ ៦១:១, ២; លូកា ៤:១៧-២១) មនុស្សបានដឹងថាលោកយេស៊ូយល់អំពីទុក្ខវេទនារបស់ពួកគេនិងពិតជាចង់ជួយពួកគេ។—ហេប្រឺ ២:១៧
៨ ពេលលោកយេស៊ូនៅក្មេង មិត្ដជិតស្និទ្ធរបស់លោកនិងសមាជិកក្រុមគ្រួសារទំនងជាបានស្លាប់។ ជាឧទាហរណ៍ តាមមើលទៅយ៉ូសែបដែលជាឪពុកចិញ្ចឹមរបស់លោកយេស៊ូបានស្លាប់ពេលដែលលោកនៅវ័យក្មេងនៅឡើយ។ * (សូមមើលកំណត់សម្គាល់) សូមស្រមៃគិតថាគឺពិបាកយ៉ាងណាសម្រាប់លោកដែលជាបុគ្គលវ័យក្មេងដែលយកចិត្ដទុកដាក់ចំពោះអ្នកឯទៀត ឲ្យស៊ូទ្រាំនឹងទុក្ខសោករបស់ខ្លួនលោក ហើយទុក្ខសោករបស់ម្ដាយនិងបងប្អូនរបស់លោក។
៩. ពេលដែលឡាសាបានស្លាប់ តើលោកយេស៊ូបានបង្ហាញចិត្ដអាណិតអាសូរយ៉ាងដូចម្ដេច?
៩ ក្នុងអំឡុងកិច្ចបម្រើរបស់លោកយេស៊ូ លោកបានបង្ហាញថាលោកពិតជាយល់អំពីមនុស្សនិងមានចិត្ដអាណិតអាសូរចំពោះពួកគេ។ ជាឧទាហរណ៍ ពេលឡាសាដែលជាមិត្ដភក្ដិជិតស្និទ្ធរបស់លោកបានស្លាប់ លោកយេស៊ូបានយល់អំពីការឈឺចាប់របស់ម៉ារៀនិងម៉ាថា។ ចិត្ដអាណិតអាសូររបស់លោកចំពោះពួកគេគឺខ្លាំងដល់ម៉្លេះបានជាលោកចាប់ផ្ដើមយំ សូម្បីតែលោកដឹងថាលោកនឹងប្រោសឡាសាឲ្យរស់ឡើងវិញក៏ដោយ។—យ៉ូហាន ១១:៣៣-៣៦
១០. តើតាមរបៀបណាយើងអាចប្រាកដថាលោកយេស៊ូយល់អារម្មណ៍របស់យើងនៅសព្វថ្ងៃនេះ?
១០ តើពាក្យសម្រាលទុក្ខដែលលោកយេស៊ូបានមានប្រសាសន៍នៅអតីតកាលអាចជួយសម្រាលទុក្ខយើងយ៉ាងដូចម្ដេចនៅសព្វថ្ងៃនេះ? គម្ពីរបញ្ជាក់យ៉ាងច្បាស់ថាលោកយេស៊ូមិនបានប្រែប្រួលទេ។ គម្ពីរចែងថា៖ «លោកយេស៊ូគ្រិស្ដគឺនៅដដែល ម្សិលមិញ ថ្ងៃនេះ និងជារៀងរហូតតទៅ»។ (ហេប្រឺ ១៣:៨) លោកបានត្រូវហៅថា«មេដឹកនាំដែលផ្ដល់ជីវិត»ដោយសារលោកបើកឱកាសឲ្យយើងរស់ជារៀងរហូត។ លោកយេស៊ូក៏ធ្លាប់កើតទុក្ខ ដូច្នេះលោក«ក៏អាចចូលមកជួយពួកអ្នកដែលកំពុងទទួលការល្បងលដែរ»។ (សកម្មភាព ៣:១៥; ហេប្រឺ ២:១០, ១៨) ហេតុនេះ យើងអាចប្រាកដថាលោកយេស៊ូនៅតែក្ដួលអាណិតពេលដែលលោកឃើញអ្នកឯទៀតរងការឈឺចាប់។ លោកយល់អំពីទុក្ខសោករបស់ពួកគេ ហើយលោកអាចផ្ដល់ការសម្រាលទុក្ខដល់ពួកគេ‹នៅពេលដែលពួកគេត្រូវការជំនួយ›។—សូមអាន ហេប្រឺ ៤:១៥, ១៦
«ការសម្រាលទុក្ខពីបទគម្ពីរ»
១១. តើបទគម្ពីរណាខ្លះសម្រាលទុក្ខអ្នក?
១១ បទគម្ពីរដែលរៀបរាប់អំពីទុក្ខសោករបស់លោកយេស៊ូនៅពេលដែលឡាសាស្លាប់ គឺគ្រាន់តែជាបទគម្ពីរមួយក្នុងចំណោមបទគម្ពីរជាច្រើនឯទៀតពីបណ្ដាំរបស់ព្រះដែលសម្រាលទុក្ខយើង។ នេះមិនមែនជាអ្វីដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់យើងទេ ដោយសារ«អ្វីៗទាំងអស់ដែលបានត្រូវសរសេរទុកជាមុន បានត្រូវសរសេរទុកដើម្បីណែនាំយើង ដើម្បីឲ្យយើងមានសេចក្ដីសង្ឃឹម តាមរយៈការស៊ូទ្រាំរបស់យើង និងការសម្រាលទុក្ខពីបទគម្ពីរ»។ (រ៉ូម ១៥:៤) បើអ្នកកំពុងកើតទុក្ខ អ្នកក៏អាចទទួលការសម្រាលទុក្ខពីបទគម្ពីរដូចខាងក្រោមនេះដែរ៖
-
«ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នកដែលមានចិត្ដសង្រេង ហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នកដែលមានវិញ្ញាណទន់ទាប»។—ទំនុកតម្កើង ៣៤:១៨, ១៩
-
«គ្រាដែលទូលបង្គំមានគំនិតសាន់វ័ណ្ឌ[ឬ«ទុក្ខកង្វល់ទំនុកតម្កើង ៩៤:១៩; ខ.ស.
ញាំញី»]ក្នុងចិត្ដជាច្រើន នោះសេចក្ដីកំសាន្ដចិត្ដនៃទ្រង់[ព្រះយេហូវ៉ា]ក៏ជាទីរីករាយដល់ព្រលឹងទូលបង្គំវិញ»។— -
«លោកយេស៊ូគ្រិស្ដជាម្ចាស់របស់យើងនិងព្រះដែលជាបិតារបស់យើង ដែលបានស្រឡាញ់យើងព្រមទាំងផ្ដល់ឲ្យមានការសម្រាលទុក្ខជារៀងរហូតនិងសេចក្ដីសង្ឃឹមដ៏អស្ចារ្យ តាមរយៈគុណដ៏វិសេសលើសលប់។ សូមឲ្យលោកសម្រាលទុក្ខអ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាមាំមួនឡើង» * (សូមមើលកំណត់សម្គាល់)។—ថែស្សាឡូនិចទី២ ២:១៦, ១៧
ក្រុមជំនុំផ្ដល់ការសម្រាលទុក្ខយ៉ាងច្រើន
១២. តើតាមរបៀបណាយើងអាចសម្រាលទុក្ខអ្នកឯទៀត?
១២ អ្នកដែលកំពុងកើតទុក្ខក៏អាចទទួលការសម្រាលទុក្ខពីក្រុមជំនុំគ្រិស្ដសាសនិកដែរ។ (សូមអាន ថែស្សាឡូនិចទី១ ៥:១១) តើតាមរបៀបណាអ្នកអាចសម្រាលទុក្ខពួកអ្នកដែលមាន«វិញ្ញាណបាក់បែក»ឬមានចិត្ដខ្ទេចខ្ទាំ? (សុភាសិត ១៧:២២) សូមចាំថាមាន«ពេលដែលគួរនៅស្ងៀម ហើយពេលសំរាប់និយាយ»។ (សាស្តា ៣:៧) បងដាលីនដែលជាស្ដ្រីមេម៉ាយម្នាក់ពន្យល់ថាពួកអ្នកដែលកើតទុក្ខត្រូវការនិយាយអំពីគំនិតនិងអារម្មណ៍របស់ពួកគេ។ ដូច្នេះ អ្វីដែលសំខាន់បំផុតដែលអ្នកអាចធ្វើគឺស្តាប់ពួកគេដោយមិននិយាយកាត់។ បងស្រីយូនាសមានបងប្រុសម្នាក់ដែលបានធ្វើអត្ដឃាត គាត់និយាយថា៖ «ទោះជាអ្នកប្រហែលជាមិនអាចយល់ទាំងស្រុងអំពីទុក្ខសោករបស់ពួកអ្នកដែលកំពុងកើតទុក្ខក៏ដោយ អ្វីដែលសំខាន់គឺអ្នកចង់យល់អារម្មណ៍របស់ពួកគេ»។
១៣. ស្ដីអំពីការកើតទុក្ខ តើយើងត្រូវចាំអំពីអ្វី?
១៣ យើងត្រូវចាំថាការកើតទុក្ខរបស់មនុស្សម្នាក់ៗគឺមិនដូចគ្នាទេ ហើយយើងក៏មិនបង្ហាញទុក្ខសោករបស់យើងតាមរបៀបដូចគ្នាដែរ។ ជួនកាល យើងមិនអាចពន្យល់ថាយើងឈឺចាប់ខ្លាំងយ៉ាងណាឡើយ។ បណ្ដាំរបស់ព្រះចែងថា៖ «ចិត្ដមនុស្សរមែងស្គាល់សេចក្ដីជូរចត់របស់ខ្លួន ឯមនុស្សដទៃនឹងទទួលចំណែកក្នុងសេចក្ដីអំណររបស់ចិត្ដនោះមិនបាន»។ (សុភាសិត ១៤:១០) សូម្បីតែពេលដែលអ្នកណាម្នាក់និយាយអំពីអារម្មណ៍របស់គាត់ក៏ដោយ អ្នកឯទៀតមិនតែងតែស្រួលយល់អំពីអ្វីដែលគាត់ព្យាយាមនិយាយនោះទេ។
ជាច្រើនដង អ្វីដែលយើងអាចធ្វើដែលមានប្រយោជន៍ច្រើនបំផុតគឺ«យំជាមួយនឹងអ្នកដែលកំពុងយំ»
១៤. តើយើងអាចនិយាយអ្វីដើម្បីសម្រាលទុក្ខពួកអ្នកដែលកំពុងកើតទុក្ខ?
១៤ ជួនកាលយើងប្រហែលជាពិបាកដឹងនូវអ្វីដែលយើងគួរនិយាយទៅកាន់អ្នកដែលកំពុងកើតទុក្ខ។ ប៉ុន្ដែគម្ពីរចែងថា៖ «សំដីរបស់មនុស្សប្រាជ្ញជាថ្នាំផ្សះ»។ (សុភាសិត ១២:១៨) បងប្អូនជាច្រើនបានរកឃើញពាក្យសម្ដីដែលជួយសម្រាលទុក្ខអ្នកឯទៀតពីសៀវភៅស្ដើងដែលមានចំណងជើងថា នៅពេលដែលមនុស្សជាទីស្រឡាញ់ស្លាប់ទៅ។ (When Someone You Love Dies) * (សូមមើលកំណត់សម្គាល់) ជាច្រើនដង អ្វីដែលយើងអាចធ្វើដែលមានប្រយោជន៍ច្រើនបំផុតគឺ«យំជាមួយនឹងអ្នកដែលកំពុងយំ»។ (រ៉ូម ១២:១៥) ប្ដីរបស់បងស្រីហ្គាប៊ីបានស្លាប់ ហើយបងហ្គាប៊ីនិយាយថាជួនកាលរបៀបតែមួយគត់ដើម្បីបង្ហាញអារម្មណ៍របស់គាត់គឺដោយយំ។ គាត់បន្ថែមទៀតថា៖ «ពេលដែល មិត្ដភក្ដិយំជាមួយនឹងខ្ញុំ នេះជួយសម្រាលទុក្ខខ្ញុំ។ នៅពេលនោះ ខ្ញុំមិនសូវមានអារម្មណ៍ថាខ្លួនកំពុងកើតទុក្ខម្នាក់ឯងនោះទេ»។
១៥. បើយើងពិបាកសម្រាលទុក្ខអ្នកឯទៀតដោយផ្ទាល់មាត់ តើយើងអាចសម្រាលទុក្ខពួកគេយ៉ាងដូចម្ដេច? (សូមមើលប្រអប់ដែលមានចំណងជើងថា « ពាក្យសម្រាលទុក្ខដែលធ្វើឲ្យធូរស្រាលក្នុងចិត្ដ»)
១៥ បើអ្នកពិបាកនិយាយដោយផ្ទាល់មាត់នូវអ្វីដែលសម្រាលទុក្ខអ្នកឯទៀត អ្នកប្រហែលជានឹងមានអារម្មណ៍ស្រួលជាងបើអ្នកសរសេរសំបុត្រ ផ្ញើសារ ឬអ៊ីមែល។ អ្នកអាចដកស្រង់បទគម្ពីរដែលជួយសម្រាលទុក្ខ និយាយអំពីគុណសម្បត្ដិដ៏ពិសេសដែលអ្នកចាំអំពីបុគ្គលដែលបានស្លាប់ ឬរៀបរាប់អំពីការចងចាំដ៏ល្អៗដែលមានតម្លៃចំពោះអ្នក។ បងយូនាសនិយាយថា៖ «ការទទួលសារខ្លីដែលលើកទឹកចិត្ដ ឬការអញ្ជើញឲ្យសេពគប់ជាមួយនឹងបងប្អូនរួមជំនឿ ជួយខ្ញុំលើសពីអ្វីដែលខ្ញុំអាចនិយាយ។ អ្វីទាំងនេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំមានអ្នកដែលស្រឡាញ់និងយកចិត្ដទុកដាក់ចំពោះខ្ញុំ»។
១៦. តើអ្វីជារបៀបមួយដែលមានប្រសិទ្ធភាពដើម្បីសម្រាលទុក្ខអ្នកឯទៀត?
១៦ សេចក្ដីអធិដ្ឋានរបស់យើងអាចជួយបងប្អូនយើងដែលកំពុងកើតទុក្ខ។ យើងអាចអធិដ្ឋានឲ្យពួកគេឬថែមទាំងអធិដ្ឋានជាមួយនឹងពួកគេ។ ទោះជាពិបាកឲ្យអ្នកអធិដ្ឋានដោយសារអ្នកគិតថាអ្នកប្រហែលជានឹងយំក៏ដោយ សេចក្ដីអធិដ្ឋានដ៏ស្មោះអស់ពីចិត្ដរបស់អ្នកអាចផ្ដល់ការសម្រាលទុក្ខយ៉ាងខ្លាំង។ បងដាលីនចាំថា៖ «ជួនកាលពេលដែលបងប្អូនស្រីមកសម្រាលទុក្ខខ្ញុំ ខ្ញុំបានសុំពួកគាត់ឲ្យអធិដ្ឋានសម្រាប់ខ្ញុំ។ ពេលពួកគាត់អធិដ្ឋាន ជាច្រើនដងពួកគាត់ពិបាកនិយាយនៅដើមដំបូង តែប៉ុន្មានឃ្លាក្រោយមក សំឡេងរបស់ពួកគាត់ចាប់ផ្ដើមខ្លាំងជាង ហើយពួកគាត់បានអធិដ្ឋានដោយអស់ពីចិត្ដ។ ជំនឿដ៏មាំមួន សេចក្ដីស្រឡាញ់ និងការយកចិត្ដទុកដាក់របស់ពួកគាត់ពង្រឹងជំនឿរបស់ខ្ញុំយ៉ាងខ្លាំង»។
ចូរបន្ដផ្ដល់ការសម្រាលទុក្ខ
១៧-១៩. ហេតុអ្វីយើងត្រូវបន្ដផ្ដល់ការសម្រាលទុក្ខដល់អ្នកឯទៀត?
១៧ យើងមិនអាចដឹងច្បាស់ថាមនុស្សម្នាក់ៗនឹងកើតទុក្ខរយៈពេលយូរប៉ុណ្ណានោះទេ។ នៅដើមដំបូងពេលដែលមនុស្សជាទីស្រឡាញ់ស្លាប់ សាច់ញាតិនិងមិត្ដភក្ដិជាច្រើនមកដើម្បីផ្ដល់ការសម្រាលទុក្ខ។ ប៉ុន្ដែនៅពេលក្រោយមក កាលដែលសាច់ញាតិនិងមិត្ដភក្ដិទាំងនោះបានចាប់ផ្ដើមធ្វើកិច្ចការក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេវិញ ពួកអ្នកដែលកំពុងកើតទុក្ខនឹងនៅតែត្រូវការការសម្រាលទុក្ខ។ ដូច្នេះ សូមប្រុងប្រៀបដើម្បីជួយពួកគេ។ «មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសំរាប់គ្រាលំបាកដែរ»។ (សុភាសិត ១៧:១៧) យើងត្រូវសម្រាលទុក្ខអ្នកដែលកំពុងកើតទុក្ខដរាបណាដែលពួកគេត្រូវការការសម្រាលទុក្ខពីយើង។—សូមអាន ថែស្សាឡូនិចទី១ ៣:៧
១៨ សូមចាំថាបុគ្គលម្នាក់អាចកើតទុក្ខភ្លាមនៅពេលណាមួយ ដោយសារថ្ងៃគម្រប់ខួបណាមួយ ឬដោយសារគាត់បានមើលរូបថត ស្តាប់បទចម្រៀង ធ្វើសកម្មភាពណាមួយ ឬថែមទាំងដោយសារក្លិន សំឡេង ឬក៏រដូវណាមួយ។ ពេលពោះម៉ាយឬស្ដ្រីមេម៉ាយដែលកំពុងកើតទុក្ខធ្វើអ្វីមួយម្នាក់ឯងជាលើកដំបូង ដូចជាចូលរួមសន្និបាតឬពិធីរំលឹកម្នាក់ឯង នេះអាចនាំឲ្យគាត់ឈឺចិត្ដយ៉ាងខ្លាំង។ បងប្រុសម្នាក់បានរៀបរាប់ថា៖ «ខ្ញុំបានរំពឹងថាខួបអាពាហ៍ពិពាហ៍ដំបូងបន្ទាប់ពីប្រពន្ធរបស់ខ្ញុំបានស្លាប់ច្បាស់ជាធ្វើឲ្យខ្ញុំឈឺចិត្ដខ្លាំងណាស់ ហើយនោះពិតជាមិនស្រួលមែន។ ប៉ុន្ដែ បងប្អូនខ្លះបានរៀបចំកម្មវិធីតូចមួយសម្រាប់ជួបជុំមិត្ដភក្ដិជិតស្និទ្ធដើម្បីមិនឲ្យខ្ញុំនៅម្នាក់ឯង»។
១៩ សូមចាំថាអ្នកដែលកំពុងកើតទុក្ខត្រូវការការលើកទឹកចិត្ដមិនគ្រាន់តែនៅថ្ងៃពិសេសៗប៉ុណ្ណោះទេ។ បងស្រីយូនាសពន្យល់ថា៖ «ខ្ញុំច្រើនតែឃើញថា ជំនួយដែលខ្ញុំទទួល នៅពេលដែលមិនមែនជាថ្ងៃពិសេសណាមួយ ពិតជាមានប្រយោជន៍។ ពេលវេលាទាំងនោះគឺមានតម្លៃណាស់និងនាំឲ្យមានភាពកក់ក្ដៅយ៉ាងខ្លាំង»។ មែនហើយ យើងមិនអាចលុបបំបាត់ទុក្ខសោកទាំងអស់របស់ពួកអ្នកដែលកំពុងកើតទុក្ខ ឬភាពឯកោដែលពួកគេមាននោះទេ ប៉ុន្ដែយើងអាចសម្រាលទុក្ខពួកគេដោយធ្វើអ្វីផ្សេងៗសម្រាប់ពួកគេ។ (យ៉ូហានទី១ ៣:១៨) បងហ្គាប៊ីនិយាយថា៖ «ខ្ញុំពិតជាមានចិត្ដកតញ្ញូចំពោះព្រះយេហូវ៉ាដែលលោកបានឲ្យពួកអ្នកចាស់ទុំដែលបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះខ្ញុំ ហើយបានជួយខ្ញុំឲ្យឆ្លងកាត់គ្រាដ៏ពិបាក។ ពួកគាត់ពិតជាបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំនៅក្នុងដៃដ៏កក់ក្ដៅរបស់ព្រះយេហូវ៉ា»។
២០. ហេតុអ្វីសេចក្ដីសន្យារបស់ព្រះយេហូវ៉ាពិតជាសម្រាលទុក្ខយើង?
២០ យើងទទួលការសម្រាលទុក្ខដោយដឹងថា ព្រះយេហូវ៉ាដែលជាព្រះនៃការសម្រាលទុក្ខសព្វបែបយ៉ាងនឹងបំបាត់ចោលទាំងស្រុងនូវទុក្ខសោកទាំងអស់ពេលដែលលោកប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ (យ៉ូហាន ៥:២៨, ២៩) ព្រះសន្យាថា៖ «ទ្រង់នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងជូតទឹកភ្នែកពីមុខមនុស្សទាំងអស់»។ (អេសាយ ២៥:៨) នៅពេលនោះ ជាជាង«យំជាមួយនឹងអ្នកដែលកំពុងយំ» គ្រប់គ្នានៅលើផែនដីនឹង«អរសប្បាយជាមួយនឹងអ្នកដែលកំពុងអរសប្បាយ»។—រ៉ូម ១២:១៥
^ វគ្គ 8 គម្ពីរបញ្ជាក់ថាយ៉ូសែបនៅរស់ពេលដែលលោកយេស៊ូមានអាយុ១២ឆ្នាំ។ ប៉ុន្ដែ បទគម្ពីរមិនបាននិយាយអំពីយ៉ូសែបពេលដែលលោកយេស៊ូបានធ្វើអព្ភូតហេតុទី១ ពោលគឺពេលលោកធ្វើឲ្យទឹកក្លាយជាស្រា ឬនៅពេលផ្សេងទៀតទេ។ នេះអាចមានន័យថាយ៉ូសែបបានស្លាប់មុនពេលនោះ។ ម្យ៉ាងទៀត ពេលលោកយេស៊ូនៅលើបង្គោលទារុណកម្ម លោកបានសុំសាវ័កយ៉ូហានឲ្យមើលថែម្ដាយរបស់លោក។ បើយ៉ូសែបនៅរស់ លោកយេស៊ូទំនងជាមិនបានធ្វើដូច្នេះទេ។—យ៉ូហាន ១៩:២៦, ២៧
^ វគ្គ 11 បទគម្ពីរឯទៀតដែលបានជួយបុគ្គលជាច្រើនទទួលការសម្រាលទុក្ខគឺ៖ ទំនុកតម្កើង ២០:១, ២; ៣១:៧; ៣៨:៨, ៩, ១៥; ៥៥:២២; ១២១:១, ២; អេសាយ ៥៧:១៥; ៦៦:១៣; ភីលីព ៤:១៣; និងពេត្រុសទី១ ៥:៧។
^ វគ្គ 14 សូមមើលអត្ថបទដែលមានចំណងជើងថា «វិធីសម្រាលទុក្ខអ្នកដែលមានទុក្ខសោក»ក្នុងទស្សនាវដ្ដីប៉មយាមសម្រាប់ផ្សព្វផ្សាយ លេខ៣ ឆ្នាំ២០១៦ ទំព័រទី៦-៧។