លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរ​ពី​អ្នក​អាន

សំណួរ​ពី​អ្នក​អាន

តើ​គ្រិស្ដ​សាសនិក​គួរ​មាន​កាំភ្លើង​ដើម្បី​ការពារ​ខ្លួន​ពី​មនុស្ស​ឯ​ទៀត​ឬ​ទេ?

គ្រិស្ដ​សាសនិក​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ពេល​ពួក​គេ​សម្រេច​ចិត្ដ​អំពី​របៀប​ដែល​ពួក​គេ​នឹង​ការពារ​ខ្លួន។ គោល​ការណ៍​ទាំង​នេះ​បង្ហាញ​ថា​ចំពោះ​គ្រិស្ដ​សាសនិក ការ​ប្រើ​អាវុធ​ផ្សេង​ៗ​ដូច​ជា​កាំភ្លើង​ខ្លី កាំភ្លើង​វែង ឬ​កាំភ្លើង​ផ្សេង​ទៀត​ដើម្បី​ការពារ​ខ្លួន​ពី​មនុស្ស​ឯ​ទៀត​គឺ​ជា​ការ​ខុស។ សូម​គិត​អំពី​ចំណុច​ដូច​ត​ទៅ​នេះ​៖

ជីវិត​មនុស្ស​គឺ​ពិសិដ្ឋ​ចំពោះ​ព្រះ​យេហូវ៉ា។ ដាវីឌ​ដែល​ជា​អ្នក​តែង​ទំនុក​តម្កើង​បាន​សរសេរ​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​ឯ​ជ្រោះ​នៃ​ជីវិត នោះ​នៅ​ជា​មួយ​នឹង​ទ្រង់​»។ (​ទំនុក​តម្កើង ៣៦:៩​) ហេតុ​នេះ ពេល​គ្រិស្ដ​សាសនិក​ម្នាក់​សម្រេច​ចិត្ដ​ការពារ​ខ្លួន​ឬ​ការពារ​អ្វី​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន គាត់​នឹង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ជៀស​វាង​ពី​ការ​ធ្វើ​អ្វី​ដែល​នឹង​នាំ​ឲ្យ​គាត់​មាន​ទោស​ឈាម ពោល​គឺ​ការ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ស្លាប់។—ចោទិយកថា ២២:៨; ទំនុក​តម្កើង ៥១:១៤

គឺ​ជា​ការ​ពិត​ដែល​អ្វី​ណា​ក៏​ដោយ​ដែល​បុគ្គល​ម្នាក់​ប្រើ​ដើម្បី​ការពារ​ខ្លួន​អាច​នាំ​ឲ្យ​បុគ្គល​នោះ​មាន​ទោស​ឈាម។ ប៉ុន្ដែ កាំភ្លើង​ធ្វើ​ឲ្យ​ងាយ​ស្រួល​ជាង​ក្នុង​ការ​សម្លាប់​អ្នក​ឯ​ទៀត មិន​ថា​ដោយ​ចេតនា​ឬ​ដោយ​គ្មាន​ចេតនា​ទេ។ * (​សូម​មើល​កំណត់​សម្គាល់​) ម្យ៉ាង​ទៀត អ្នក​ដែល​មក​វាយ​ប្រហារ​បុគ្គល​ណា​ម្នាក់​ប្រហែល​ជា​ភ័យ​រួច​ហើយ ដូច្នេះ​បើ​គាត់​ឃើញ​កាំភ្លើង នោះ​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​កាន់​តែ​ខ្លាំង ហើយ​ប្រហែល​ជា​បុគ្គល​ណា​ម្នាក់​អាច​ស្លាប់។

នៅ​យប់​មុន​ដែល​លោក​យេស៊ូ​បាន​ស្លាប់ លោក​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ឲ្យ​យក​ដាវ​ជាប់​ខ្លួន តែ​នេះ​មិន​មែន​ដើម្បី​ពួក​គេ​អាច​ការពារ​ខ្លួន​ទេ។ (​លូកា ២២:៣៦, ៣៨​) ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​ចង់​បង្រៀន​ពួក​គេ​នូវ​មេ​រៀន​ដ៏​សំខាន់​មួយ ពោល​គឺ​អ្នក​កាន់​តាម​លោក​មិន​គួរ​ប្រព្រឹត្ដ​អំពើ​ហិង្សា​សូម្បី​តែ​ពេល​ពួក​គេ​ប្រឈម​មុខ​នឹង​ក្រុម​មនុស្ស​ដែល​មាន​អាវុធ​ក៏​ដោយ។ (​លូកា ២២:៥២​) ក្រោយ​ពេត្រុស​បាន​ប្រើ​ដាវ​របស់​គាត់​ដើម្បី​វាយ​ប្រហារ​ខ្ញុំ​បម្រើ​របស់​សម្ដេច​សង្ឃ លោក​យេស៊ូ​បាន​បង្គាប់​ពេត្រុស​ថា​៖ ​«​ចូរ​ស៊ក​ដាវ​របស់​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​»។ បន្ទាប់​មក លោក​យេស៊ូ​បាន​ប្រាប់​អំពី​គោល​ការណ៍​មួយ​ដែល​នៅ​តែ​ណែនាំ​គ្រិស្ដ​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ គឺ​ថា​៖ ​«​អស់​អ្នក​ដែល​ប្រើ​ដាវ​ក៏​នឹង​ស្លាប់​ដោយ​ដាវ​ដែរ​»។—ម៉ាថាយ ២៦:៥១, ៥២

ដូច​ដែល​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​នៅ​មីកា ៤:៣ រាស្ដ្រ​របស់​ព្រះ​នឹង​«​ដំ​ដាវ​របស់​គេ​ធ្វើ​ជា​ផាល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​»។ គ្រិស្ដ​សាសនិក​ពិត​បាន​ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព។ ពួក​គេ​ធ្វើ​តាម​បង្គាប់​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​តាម​រយៈ​សាវ័ក​ប៉ូល ដែល​ថា​៖ ​«​កុំ​តប​ស្នង​ការ​អាក្រក់​ដល់​អ្នក​ណា​ដែល​ធ្វើ​អាក្រក់​ចំពោះ​អ្នក​ឲ្យ​សោះ​»​ ហើយ​«​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់​»។ (​រ៉ូម ១២:១៧, ១៨​) ទោះ​ជា​ប៉ូល​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​ពិបាក រួម​ទាំង​«​គ្រោះ​ថ្នាក់​ពី​ចោរ​ចាំ​ស្ទាក់​ប្លន់​»​ក៏​ដោយ គាត់​មិន​ដែល​ធ្វើ​ខុស​ពី​គោល​ការណ៍​គម្ពីរ​ដើម្បី​ការពារ​ខ្លួន​ទេ។ (​កូរិនថូស​ទី២ ១១:២៦​) ផ្ទុយ​ទៅ​វិញ គាត់​មាន​ទំនុក​ចិត្ដ​ទៅ​លើ​ព្រះ ហើយ​បាន​ដឹង​ថា​ឱវាទ​ក្នុង​គម្ពីរ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​គឺ​«​វិសេស​ជាង​គ្រឿង​ចំ​បាំង​»។—សាស្តា ៩:១៨

ចំពោះ​គ្រិស្ដ​សាសនិក ជីវិត​គឺ​មាន​តម្លៃ​ជាង​ទ្រព្យ​សម្បត្ដិ​ឆ្ងាយ​ណាស់។ យើង​ដឹង​ថា​បុគ្គល​ម្នាក់​មិន​បាន​«​ជីវិត​ពី​ទ្រព្យ​»​ទេ។ (​លូកា ១២:១៥​) ដូច្នេះ បើ​ការ​និយាយ​ដោយ​ស្លូតបូត​ជា​មួយ​នឹង​ចោរ​ដែល​មាន​កាំភ្លើង នៅ​តែ​មិន​អាច​បញ្ឈប់​សកម្មភាព​របស់​ចោរ​នោះ នោះ​យើង​ធ្វើ​តាម​ឱវាទ​លោក​យេស៊ូ​ដែល​ថា​៖ ​«​បើ​អ្នក​ណា​យក​សម្លៀក​បំពាក់​ក្រៅ​របស់​អ្នក កុំ​ឃាត់​មិន​ឲ្យ​យក​សម្លៀក​បំពាក់​ក្នុង​ផង​»។ នេះ​ប្រហែល​ជា​មាន​ន័យ​ថា​យើង​នឹង​ឲ្យ​អ្វី​ក៏​ដោយ​ដែល​ចោរ​ចង់​បាន។ (​លូកា ៦:២៩; ម៉ាថាយ ៥:៣៩, ៤០​) * (​សូម​មើល​កំណត់​សម្គាល់​) ជា​ការ​ល្អ​ឲ្យ​យើង​ជៀស​វាង​ពី​ការ​ធ្វើ​អ្វី​ដែល​នឹង​នាំ​ឲ្យ​ឧក្រិដ្ឋជន​ចាប់​អារម្មណ៍​នឹង​យើង។ ពួក​គេ​ទំនង​ជា​មិន​សូវ​ចាប់​អារម្មណ៍​យើង បើ​យើង​ធ្វើ​តាម​ឱវាទ​ក្នុង​គម្ពីរ​ដែល​ឲ្យ​យើង​ជៀស​វាង​ពី​«​ការ​អួត​សម្ញែង​ភាព​មាន​បាន​របស់​ខ្លួន​»។ (​យ៉ូហាន​ទី១ ២:១៦​) បើ​អ្នក​ជិត​ខាង​ស្គាល់​យើង​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​ក្នុង​នាម​ជា​សាក្សី​ព្រះ​យេហូវ៉ា នោះ​នឹង​ជួយ​ការពារ​យើង​ដែរ។—សុភាសិត ១៨:១០

គ្រិស្ដ​សាសនិក​គោរព​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​ឯ​ទៀត។ (​រ៉ូម ១៤:២១​) បង​ប្អូន​ខ្លះ​នឹង​ភ្ញាក់​ផ្អើល​ឬ​ថែម​ទាំង​ជំពប់​ដួល បើ​ពួក​គេ​ឮ​ថា​បង​ប្អូន​គ្រិស្ដ​សាសនិក​ណា​ម្នាក់​មាន​កាំភ្លើង​ដើម្បី​ការពារ​ខ្លួន​ពី​មនុស្ស​ឯ​ទៀត។ យើង​ប្រហែល​ជា​មាន​សិទ្ធិ​ស្រប​ច្បាប់​ដើម្បី​មាន​កាំភ្លើង ប៉ុន្ដែ​ដោយ​សារ​យើង​ស្រឡាញ់​បង​ប្អូន​របស់​យើង យើង​នឹង​មិន​ចង់​ធ្វើ​អ្វី​ដែល​យើង​ដឹង​ថា​អាច​នាំ​ឲ្យ​ពួក​គេ​ជំពប់​ដួល​ឡើយ។—កូរិនថូស​ទី១ ១០:៣២, ៣៣; ១៣:៤, ៥

គ្រិស្ដ​សាសនិក​ចង់​ធ្វើ​ជា​គំរូ​ល្អ​ចំពោះ​អ្នក​ឯ​ទៀត។ (​កូរិនថូស​ទី២ ៤:២; ពេត្រុស​ទី១ ៥:២, ៣​) បើ​គ្រិស្ដ​សាសនិក​ម្នាក់​មាន​កាំភ្លើង​ដើម្បី​ការពារ​ខ្លួន​ពី​អ្នក​ឯ​ទៀត ពួក​អ្នក​ចាស់​ទុំ​នឹង​ឲ្យ​ឱវាទ​ពី​គម្ពីរ​ដល់​គាត់។ បើ​គាត់​នៅ​តែ​សម្រេច​ចិត្ដ​ទុក​កាំភ្លើង​នោះ គាត់​មិន​មែន​ជា​គំរូ​ល្អ​ទេ។ ជា​លទ្ធផល គាត់​មិន​អាច​មាន​ភារកិច្ច​ឬ​ឯក​សិទ្ធ​ក្នុង​ក្រុម​ជំនុំ​បាន​ឡើយ។ នេះ​គឺ​ដូច​គ្នា​ដែរ​ចំពោះ​គ្រិស្ដ​សាសនិក​ដែល​បន្ដ​ទុក​កាំភ្លើង​ប្រើ​សម្រាប់​ការ​ងារ​របស់​គាត់។ ជា​ការ​ល្អ​ឲ្យ​គាត់​ព្យាយាម​រក​ការ​ងារ​ផ្សេង​ទៀត។

គ្រិស្ដ​សាសនិក​ម្នាក់​ៗ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ដ​ផ្ទាល់​ខ្លួន​អំពី​របៀប​ដែល​គាត់​នឹង​ការពារ​ខ្លួន ក្រុម​គ្រួសារ និង​ទ្រព្យ​សម្បត្ដិ​របស់​គាត់ ហើយ​អំពី​កន្លែង​ដែល​គាត់​នឹង​ធ្វើ​ការ។ ប៉ុន្ដែ​ពេល​គាត់​ធ្វើ​ការ​សម្រេច​ចិត្ដ​ទាំង​នេះ គាត់​គួរ​ប្រើ​គោល​ការណ៍​គម្ពីរ​ជា​មូលដ្ឋាន។ ព្រះ​របស់​យើង​ដែល​ប្រកប​ដោយ​ប្រាជ្ញា បាន​ឲ្យ​យើង​នូវ​គោល​ការណ៍​ទាំង​នេះ​ដោយ​សារ​លោក​ស្រឡាញ់​យើង។ នេះ​ជា​មូលហេតុ​ដែល​គ្រិស្ដ​សាសនិក​ដែល​មាន​ចំណង​មិត្ដភាព​រឹង​មាំ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​សម្រេច​ចិត្ដ​មិន​មាន​កាំភ្លើង​ដើម្បី​ការពារ​ខ្លួន​ពី​មនុស្ស​ឯ​ទៀត​ទេ។ ពួក​គេ​ដឹង​ថា​បើ​ពួក​គេ​ទុក​ចិត្ដ​ទៅ​លើ​ព្រះ ហើយ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ក្នុង​ជីវិត​របស់​ពួក​គេ នោះ​ពួក​គេ​នឹង​មាន​សន្ដិ​សុខ​ដ៏​ពិត​ប្រាកដ​ជា​រៀង​រហូត។—ទំនុក​តម្កើង ៩៧:១០; សុភាសិត ១:៣៣; ២:៦, ៧

ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង គ្រិស្ដ​សាសនិក​នឹង​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា ហើយ​មិន​ព្យាយាម​ការពារ​ខ្លួន​ទេ

^ វគ្គ 3 គ្រិស្ដ​សាសនិក​ម្នាក់​ប្រហែល​ជា​សម្រេច​ចិត្ដ​មាន​កាំភ្លើង (​ដូច​ជា​កាំភ្លើង​វែង​ជា​ដើម​)សម្រាប់​បរបាញ់​សត្វ​ធ្វើ​ជា​អាហារ ឬ​ដើម្បី​ការពារ​ខ្លួន​ពី​សត្វ​សាហាវ។ ប៉ុន្ដែ ពេល​គាត់​មិន​ប្រើ​កាំភ្លើង​នោះ គាត់​គួរ​តែ​យក​គ្រាប់​ចេញ ហើយ​ប្រហែល​ជា​ថែម​ទាំង​ដោះ​ផ្នែក​មួយ​ចំនួន​នៃ​កាំភ្លើង​នោះ​ចេញ​ពី​គ្នា។ ម្យ៉ាង​ទៀត គាត់​គួរ​តែ​ចាក់​សោ​វា​ទុក​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព។ នៅ​កន្លែង​ដែល​រដ្ឋាភិបាល​ដាក់​កម្រិត​ទៅ​លើ​អ្នក​ដែល​មាន​កាំភ្លើង ឬ​កន្លែង​ដែល​ការ​មាន​កាំភ្លើង​គឺ​ខុស​ច្បាប់ គ្រិស្ដ​សាសនិក​គោរព​តាម​ច្បាប់​ទាំង​នោះ។—រ៉ូម ១៣:១

^ វគ្គ 6 ដើម្បី​មើល​ព័ត៌មាន​ដែល​ទាក់​ទង​នឹង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ សូម​មើល​សៀវភៅ​ស្ដើង​ចម្លើយ​ចំពោះ​១០​សំណួរ​ពី​ពួក​យុវវ័យ សំណួរទី៨