លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សូម​ឲ្យ​លោក​ធ្វើ​ឲ្យ​គ្រប់​ទាំង​គម្រោង​របស់​អ្នក​បាន​សម្រេច

សូម​ឲ្យ​លោក​ធ្វើ​ឲ្យ​គ្រប់​ទាំង​គម្រោង​របស់​អ្នក​បាន​សម្រេច

​«​ចូរ​យក​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​អំណរ​របស់​អ្នក នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ដូច​បំណង​ចិត្ដ​»។—ទំនុក​តម្កើង ៣៧:៤

ចម្រៀង​លេខ: ៨៩, ១៤០

១​. តើ​ប្អូន​ៗ​វ័យ​ក្មេង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ដ​អ្វី​ចំពោះ​អនាគត​របស់​ពួក​គេ? តើ​អ្វី​អាច​ជួយ​ពួក​គេ​មិន​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ពេក? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

ប្អូន​ៗ​វ័យ​ក្មេង​ទំនង​ជា​នឹង​យល់​ស្រប​ថា មុន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណា​មួយ គឺ​ជា​ការ​ឈ្លាស​វៃ​ឲ្យ​អ្នក​ធ្វើ​គម្រោង​អំពី​កន្លែង​ដែល​អ្នក​ចង់​ទៅ។ ជីវិត​គឺ​ប្រៀប​ដូច​ជា​ការ​ធ្វើ​ដំណើរ​មួយ ហើយ​ពេល​វេលា​ដើម្បី​ធ្វើ​គម្រោង​អំពី​កន្លែង​ដែល​អ្នក​ចង់​ទៅ​គឺ​ពេល​ដែល​អ្នក​នៅ​ក្មេង។ ការ​ធ្វើ​គម្រោង​នោះ​ប្រហែល​ជា​មិន​ស្រួល​ទេ។ ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ហេធើ​និយាយ​ថា​៖ ​«​ពេល​ដែល​យើង​ត្រូវ​សម្រេច​ចិត្ដ​អំពី​គោល​ដៅ​ជីវិត នោះ​គឺ​ជា​អ្វី​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​»។ បើ​អ្នក​មាន​អារម្មណ៍​បែប​នេះ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​ឲ្យ​ស្រយុត​ចិត្ដ​ឲ្យ​សោះ​ពី​ព្រោះ​អញ​ជា​ព្រះ​នៃ​ឯង អញ​នឹង​ចំរើន​កំឡាំង​ដល់​ឯង អើ​អញ​នឹង​ជួយ​ឯង​»។—អេសាយ ៤១:១០

២​. តើ​អ្នក​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​រៀប​គម្រោង​សម្រាប់​អនាគត​ដ៏​សប្បាយ?

ព្រះ​យេហូវ៉ា​លើក​ទឹក​ចិត្ដ​អ្នក​ឲ្យ​រៀប​គម្រោង​ដ៏​ឈ្លាស​វៃ​សម្រាប់​ពេល​អនាគត។ (​សាស្តា ១២:១; ម៉ាថាយ ៦:២០​) លោក​ចង់​ឲ្យ​អ្នក​មាន​ជីវិត​សប្បាយ​រីក​រាយ។ អ្នក​អាច​ដឹង​ដូច្នេះ​ពេល​ដែល​អ្នក​មើល ស្តាប់ និង​ភ្លក់​អ្វី​ៗ​ដែល​លោក​បាន​បង្កើត។ ព្រះ​យេហូវ៉ា​ក៏​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​យើង​តាម​របៀប​ផ្សេង​ទៀត​ដែរ។ លោក​ផ្ដល់​ការ​ណែនាំ​ដល់​យើង ហើយ​បង្រៀន​យើង​អំពី​របៀប​រស់​នៅ​ដ៏​ល្អ​បំផុត។ ដូច្នេះ ពេល​មនុស្ស​មិន​ព្រម​ទទួល​ការ​ណែនាំ​ពី​លោក​ដែល​ប្រកប​ដោយ​ប្រាជ្ញា នោះ​នាំ​ឲ្យ​លោក​មិន​ពេញ​ចិត្ដ​ទេ។ លោក​ប្រាប់​ពួក​អ្នក​ដែល​មិន​ធ្វើ​តាម​ការ​ណែនាំ​ពី​លោក​ថា អ្នក​«​បាន​រើស​យក​របស់​ដែល​អញ​មិន​ចូល​ចិត្ដ . . . មើល! ពួក​អ្នក​បំរើ​អញ​នឹង​អរ​សប្បាយ តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ខ្មាស។ មើល! ពួក​អ្នក​បំរើ​អញ​នឹង​ច្រៀង​ដោយ​មាន​ចិត្ដ​អំណរ​»។ (​អេសាយ ៦៥:១២​-​១៤​) ពេល​យើង​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​ឈ្លាស​វៃ​ក្នុង​ជីវិត​របស់​យើង យើង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ។—សុភាសិត ២៧:១១

គម្រោង​ដែល​នឹង​នាំ​ឲ្យ​អ្នក​សប្បាយ​រីក​រាយ

៣​. តើ​ព្រះ​យេហូវ៉ា​លើក​ទឹក​ចិត្ដ​អ្នក​ឲ្យ​ធ្វើ​អ្វី?

តើ​ព្រះ​យេហូវ៉ា​លើក​ទឹក​ចិត្ដ​អ្នក​ឲ្យ​មាន​គម្រោង​អ្វី? ដើម្បី​មាន​ជីវិត​ដ៏​សប្បាយ​រីក​រាយ អ្នក​ត្រូវ​ស្គាល់​ព្រះ​យេហូវ៉ា​និង​បម្រើ​លោក។ ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​សេចក្ដី​ត្រូវ​ការ​បែប​នេះ។ (​ទំនុក​តម្កើង ១២៨:១; ម៉ាថាយ ៥:៣​) សត្វ​ចេះ​តែ​ស៊ី ផឹក និង​បង្កើត​កូន។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​រៀប​គម្រោង​សម្រាប់​ជីវិត​ដើម្បី​ឲ្យ​អ្នក​មាន​សុភមង្គល​និង​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ។ អ្នក​បង្កើត​របស់​អ្នក​គឺ​ជា​«​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់​»​និង​ជា​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»​ ហើយ​លោក​បាន​បង្កើត​មនុស្ស​«​ឲ្យ​មាន​ភាព​ដូច​»​លោក។ (​កូរិនថូស​ទី២ ១៣:១១; ធីម៉ូថេ​ទី១ ១:១១; លោកុប្បត្ដិ ១:២៦​) ពេល​អ្នក​យក​តម្រាប់​ព្រះ​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ នោះ​អ្នក​នឹង​សប្បាយ​រីក​រាយ។ គម្ពីរ​ចែង​ថា​៖ ​«​ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។ (​សកម្មភាព ២០:៣៥​) តើ​អ្នក​បាន​ឃើញ​ថា​នេះ​ជា​ការ​ពិត​ឬ​ទេ? បទ​គម្ពីរ​នេះ​បញ្ជាក់​អំពី​ការ​ពិត​មួយ​នៃ​ជីវិត។ ដូច្នេះ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​រៀប​គម្រោង​សម្រាប់​អនាគត​ដោយ​មាន​មូលដ្ឋាន​លើ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត​និង​ចំពោះ​លោក។—សូម​អាន ម៉ាថាយ ២២:៣៦​-​៣៩

ពេល​អ្នក​បង្ហាញ​សេចក្ដី​ស្រឡាញ់ អ្នក​នឹង​សប្បាយ​រីក​រាយ

៤, ៥​. តើ​អ្វី​បាន​ធ្វើ​ឲ្យ​លោក​យេស៊ូ​សប្បាយ​រីក​រាយ?

លោក​យេស៊ូ​គ្រិស្ដ​បាន​ទុក​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​ឲ្យ​ប្អូន​ៗ​វ័យ​ក្មេង។ ពេល​លោក​នៅ​ក្មេង លោក​ច្បាស់​ជា​បាន​លេង​សប្បាយ​ដូច​ក្មេង​ៗ​ឯ​ទៀត។ ដូច​បណ្ដាំ​របស់​ព្រះ​ចែង​ថា មាន​«​ពេល​សើច​»​និង​«​ពេល​សំ​រាប់​លោត​កញ្ឆេង​»។ (​សាស្តា ៣:៤​) លោក​យេស៊ូ​ក៏​បាន​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ដោយ​សិក្សា​បទ​គម្ពីរ។ ពេល​លោក​មាន​អាយុ​១២​ឆ្នាំ ពួក​គ្រូ​នៅ​វិហារ​បាន‹នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ដោយ​សារ​ការ​យល់​ដឹង​និង​ចម្លើយ​របស់​លោក›។—លូកា ២:៤២, ៤៦, ៤៧

ពេល​លោក​យេស៊ូ​ជា​មនុស្ស​ពេញ​វ័យ ការ​ធ្វើ​អ្វី​ដែល​ព្រះ​បាន​សុំ​លោក​ឲ្យ​ធ្វើ​បាន​នាំ​ឲ្យ​លោក​សប្បាយ​រីក​រាយ។ ជា​ឧទាហរណ៍ ព្រះ​ចង់​ឲ្យ​លោក​«​ប្រកាស​ដំណឹង​ល្អ​ដល់​អ្នក​ក្រី​ក្រ​»​និង​«​ប្រាប់​អ្នក​ដែល​ងងឹត​ភ្នែក​អំពី​ការ​មើល​ឃើញ​ឡើង​វិញ​»។ (​លូកា ៤:១៨​) ទំនុក​តម្កើង ៤០:៨​រៀប​រាប់​អំពី​អារម្មណ៍​របស់​លោក​យេស៊ូ​ថា​៖ ​«​ឱ​ព្រះ​នៃ​ទូល​បង្គំ​អើយ ទូល​បង្គំ​មាន​សេចក្ដី​អំណរ​នឹង​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់​»។ លោក​យេស៊ូ​ចូល​ចិត្ដ​បង្រៀន​មនុស្ស​អំពី​បិតា​របស់​លោក។ (​សូម​អាន លូកា ១០:២១) នៅ​ពេល​មួយ ក្រោយ​ពី​លោក​យេស៊ូ​បាន​សន្ទនា​ជា​មួយ​នឹង​ស្ដ្រី​ម្នាក់​អំពី​ការ​គោរព​ប្រណិប័តន៍​ពិត លោក​បាន​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​អាហារ​របស់​ខ្ញុំ គឺ​ខ្ញុំ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រម​ទាំង​បង្ហើយ​កិច្ច​ការ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​»។ (​យ៉ូហាន ៤:៣១​-​៣៤​) ដោយ​សារ​លោក​យេស៊ូ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​ចំពោះ​អ្នក​ឯ​ទៀត នេះ​នាំ​ឲ្យ​លោក​សប្បាយ​ចិត្ដ។ បើ​អ្នក​ធ្វើ​ដូច្នេះ អ្នក​ក៏​នឹង​សប្បាយ​រីក​រាយ​ដែរ។

៦​. ហេតុ​អ្វី​ការ​ពិគ្រោះ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​អំពី​គម្រោង​របស់​អ្នក​សម្រាប់​ថ្ងៃ​អនាគត​គឺ​ជា​ការ​ល្អ?

គ្រិស្ដ​សាសនិក​ជា​ច្រើន​បាន​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ពេល​នៅ​វ័យ​ក្មេង ហើយ​នេះ​បាន​នាំ​ឲ្យ​ពួក​គេ​សប្បាយ​រីក​រាយ។ តើ​អ្នក​អាច​ពិគ្រោះ​ជា​មួយ​នឹង​ពួក​អ្នក​ត្រួស​ត្រាយ​ខ្លះ​ទាំង​នេះ​អំពី​គម្រោង​របស់​អ្នក​ឬ​ទេ? ​«​ទី​ណា​គ្មាន​ការ​ប្រឹក្សា នោះ​មិន​បាន​តាម​ចិត្ដ​ប៉ង​ទេ តែ​បើ​មាន​អ្នក​ជួយ​គំនិត​ជា​ច្រើន នោះ​នឹង​កើត​ការ​វិញ​»។ (​សុភាសិត ១៥:២២​) បង​ប្អូន​ទាំង​នេះ​ទំនង​ជា​នឹង​ប្រាប់​អ្នក​ថា​ការ​ត្រួស​ត្រាយ​ផ្ដល់​ឲ្យ​យើង​នូវ​ការ​អប់រំ​ដែល​នឹង​ជួយ​យើង​ពេញ​មួយ​ជីវិត។ ពេល​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌ លោក​បាន​រៀន​អ្វី​ៗ​ជា​ច្រើន​ពី​បិតា​របស់​លោក។ ក្រោយ​មក លោក​បាន​បន្ដ​រៀន​ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​លោក​នៅ​ផែន​ដី។ លោក​មាន​អំណរ​ពេល​លោក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ហើយ​ពេល​លោក​បាន​រក្សា​ចិត្ដ​ស្មោះ​គ្រប់​លក្ខណៈ​នៅ​ក្នុង​កាលៈទេសៈ​ដ៏​ពិបាក។ (​សូម​អាន អេសាយ ៥០:៤; ហេប្រឺ ៥:៨; ១២:២​) ហេតុ​អ្វី​កិច្ច​បម្រើ​ពេញ​ពេល​អាច​នាំ​ឲ្យ​អ្នក​សប្បាយ​រីក​រាយ? សូម​យើង​ពិចារណា​អំពី​ចំណុច​នេះ។

មូលហេតុ​ដែល​ការ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​គឺ​ជា​កិច្ច​ការ​ដ៏​ល្អ​បំផុត

៧​. ហេតុ​អ្វី​មនុស្ស​វ័យ​ក្មេង​ជា​ច្រើន​នាក់​ចូល​ចិត្ដ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ?

លោក​យេស៊ូ​បាន​ប្រាប់​យើង​ឲ្យ‹ទៅ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក›។ (​ម៉ាថាយ ២៨:១៩, ២០​) បើ​អ្នក​មាន​គម្រោង​ចាត់​ទុក​កិច្ច​ការ​នេះ​ជា​អាជីព​របស់​អ្នក អ្នក​នឹង​មាន​ជីវិត​ដ៏​គាប់​ចិត្ដ ហើយ​ដែល​លើក​តម្កើង​ព្រះ។ ដូច​អាជីព​ផ្សេង​ៗ អ្នក​ត្រូវ​ការ​ពេល​ដើម្បី​មាន​ជំនាញ។ ធីម៉ូថេ​ដែល​ជា​បង​ប្រុស​ម្នាក់​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​នៅ​ពេល​ដែល​គាត់​មាន​វ័យ​ជំទង់ បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ចូល​ចិត្ដ​បម្រើ​ព្រះ​យេហូវ៉ា​ពេញ​ពេល​ដោយ​សារ​នេះ​ជា​របៀប​ដែល​ខ្ញុំ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​លោក។ នៅ​ដំបូង ខ្ញុំ​មិន​បាន​ជួប​អ្នក​ណា​ដែល​ចង់​រៀន​គម្ពីរ​ទេ ប៉ុន្ដែ​ក្រោយ​មក​ខ្ញុំ​បាន​រើ​ទៅ​តំបន់​ផ្សាយ​ផ្សេង ហើយ​ក្នុង​ខែ​ដំបូង​នៅ​ទី​នោះ​ខ្ញុំ​បាន​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ​ដល់​មនុស្ស​មួយ​ចំនួន។ សិស្ស​គម្ពីរ​ម្នាក់​បាន​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ។ ក្រោយ​ពី​ខ្ញុំ​បាន​ចូល​សាលា​បង្ហាត់​បង្រៀន​បង​ប្អូន​ប្រុស​នៅ​លីវ​ខាង​គម្ពីរ​អស់​ពីរ​ខែ ខ្ញុំ​បាន​ទទួល​ភារកិច្ច​ថ្មី ហើយ​នៅ​កន្លែង​ថ្មី​នោះ​ខ្ញុំ​បាន​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ​ដល់​មនុស្ស​បួន​នាក់។ ខ្ញុំ​ពិត​ជា​ចូល​ចិត្ដ​បង្រៀន​មនុស្ស​ដោយ​សារ​ខ្ញុំ​អាច​ឃើញ​ថា​សកម្មពល​បរិសុទ្ធ​កំពុង​កែ​ប្រែ​ពួក​គេ​»​ * (​សូម​មើល​កំណត់​សម្គាល់​)។—ថែស្សាឡូនិច​ទី១ ២:១៩

៨​. តើ​ប្អូន​ៗ​វ័យ​ក្មេង​ខ្លះ​បាន​ធ្វើ​អ្វី​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​កាន់​តែ​ច្រើន?

មនុស្ស​វ័យ​ក្មេង​ខ្លះ​បាន​រៀន​ភាសា​មួយ​ទៀត។ ជា​ឧទាហរណ៍ បង​ប្រុស​ចេកុប​ដែល​មក​ពី​សហរដ្ឋ​អាម៉េរិក​សរសេរ​ថា​៖ ​«​ពេល​ខ្ញុំ​មាន​អាយុ​៧​ឆ្នាំ សិស្ស​រួម​ថ្នាក់​របស់​ខ្ញុំ​ជា​ច្រើន​នាក់​គឺ​ជា​ជន​ជាតិ​វៀតណាម។ ខ្ញុំ​ចង់​ប្រាប់​ពួក​គេ​អំពី​ព្រះ​យេហូវ៉ា ដូច្នេះ​ក្រោយ​មក ខ្ញុំ​ចាប់​ផ្ដើម​រៀន​ភាសា​របស់​ពួក​គេ។ ពាក្យ​ភាគ​ច្រើន​ដែល​ខ្ញុំ​បាន​រៀន​ជា​ភាសា​វៀតណាម​គឺ​ដោយ​ប្រៀប​ធៀប​ទស្សនាវដ្ដី​ប៉ម​យាម​ជា​ភាសា​អង់គ្លេស ជា​មួយ​នឹង​ទស្សនាវដ្ដី​ប៉ម​យាម​ជា​ភាសា​វៀតណាម។ ខ្ញុំ​ក៏​បាន​ទៅ​ជា​មិត្ដ​ភក្ដិ​របស់​បង​ប្អូន​នៅ​ក្រុម​ជំនុំ​ភាសា​វៀតណាម​ដែល​នៅ​ជិត​ផ្ទះ​ខ្ញុំ​ដែរ។ ពេល​ខ្ញុំ​មាន​អាយុ​១៨​ឆ្នាំ ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ។ ក្រោយ​មក ខ្ញុំ​បាន​ចូល​សាលា​បង្ហាត់​បង្រៀន​បង​ប្អូន​ប្រុស​នៅ​លីវ​ខាង​គម្ពីរ។ សាលា​នោះ​ជួយ​ខ្ញុំ​នៅ​សព្វ​ថ្ងៃ​នេះ​ក្នុង​ភារកិច្ច​ជា​អ្នក​ត្រួស​ត្រាយ ហើយ​ជា​អ្នក​ចាស់​ទុំ​តែ​ម្នាក់​របស់​ក្រុម​ភាសា​វៀតណាម។ ជន​ជាតិ​វៀតណាម​ជា​ច្រើន​នាក់​ភ្ញាក់​ផ្អើល​ដែល​ខ្ញុំ​បាន​រៀន​ភាសា​របស់​ពួក​គេ។ ពួក​គេ​អញ្ជើញ​ខ្ញុំ​ឲ្យ​ចូល​ក្នុង​ផ្ទះ​របស់​ពួក​គេ ហើយ​ខ្ញុំ​ច្រើន​តែ​អាច​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជា​មួយ​នឹង​ពួក​គេ។ អ្នក​ខ្លះ​បាន​រីក​ចម្រើន​រហូត​ដល់​ពួក​គេ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​»។—សូម​ពិនិត្យ​បន្ថែម សកម្មភាព ២:៧, ៨

៩​. តើ​កិច្ច​ការ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​បង្រៀន​យើង​អ្វី?

កិច្ច​ការ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​បង្រៀន​យើង​ឲ្យ​មាន​ទម្លាប់​ល្អ​ស្ដី​អំពី​ការ​ខំ​ប្រឹង​ធ្វើ​ការ របៀប​ប្រាស្រ័យ​ទាក់​ទង​គ្នា​យ៉ាង​ល្អ ហើយ​របៀប​មាន​ទំនុក​ចិត្ដ​និង​មិន​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​អន់​ចិត្ដ។ (​សុភាសិត ២១:៥; ធីម៉ូថេ​ទី២ ២:២៤​) តែ​កិច្ច​ការ​នេះ​នាំ​ឲ្យ​មាន​អំណរ​យ៉ាង​ខ្លាំង​ដោយ​សារ​យើង​រៀន​អំពី​របៀប​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ជំនឿ​របស់​យើង​ដោយ​ផ្អែក​ទៅ​លើ​បទ​គម្ពីរ។ យើង​ក៏​រៀន​អំពី​របៀប​រួម​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។—កូរិនថូស​ទី១ ៣:៩

១០​. សូម្បី​តែ​មាន​មនុស្ស​តិច​ក្នុង​តំបន់​ផ្សាយ​របស់​អ្នក​ដែល​ចង់​រៀន​គម្ពីរ​ក្ដី ហេតុ​អ្វី​អ្នក​អាច​មាន​អំណរ​ក្នុង​កិច្ច​ការ​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ?

១០ អ្នក​អាច​មាន​អំណរ​ក្នុង​ការ​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ សូម្បី​តែ​មាន​មនុស្ស​តិច​ក្នុង​តំបន់​ផ្សាយ​របស់​អ្នក​ដែល​ចង់​រៀន​គម្ពីរ​ក្ដី។ ក្រុម​ជំនុំ​ទាំង​មូល​សហការ​គ្នា​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។ ទោះ​ជា​មាន​តែ​បង​ប្អូន​ណា​ម្នាក់​ដែល​បាន​រក​ឃើញ​បុគ្គល​ដែល​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​ក៏​ដោយ យើង​ទាំង​អស់​គ្នា​សប្បាយ​ចិត្ដ​ដោយ​សារ​យើង​ទាំង​អស់​គ្នា​បាន​ចូល​រួម​ក្នុង​ការ​ស្វែង​រក​មនុស្ស​បែប​នោះ។ ជា​ឧទាហរណ៍ បង​ប្រុស​ប្រេនឌិន​ដែល​បាន​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​អស់​៩​ឆ្នាំ​នៅ​តំបន់​មួយ​ដែល​មិន​សូវ​មាន​អ្នក​សិក្សា​គម្ពីរ និយាយ​ថា​៖ ​«​ខ្ញុំ​ចូល​ចិត្ដ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដោយ​សារ​នេះ​ជា​កិច្ច​ការ​ដែល​ព្រះ​យេហូវ៉ា​សុំ​ឲ្យ​យើង​ធ្វើ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​ត្រួស​ត្រាយ​មិន​យូរ​ក្រោយ​ពី​ខ្ញុំ​បាន​រៀន​ចប់​វិទ្យាល័យ។ ខ្ញុំ​ចូល​ចិត្ដ​លើក​ទឹក​ចិត្ដ​បង​ប្អូន​ប្រុស​វ័យ​ក្មេង​ក្នុង​ក្រុម​ជំនុំ​យើង ហើយ​ឃើញ​ពួក​គេ​រីក​ចម្រើន​ក្នុង​សេចក្ដី​ពិត។ ក្រោយ​ខ្ញុំ​បាន​ចូល​សាលា​បង្ហាត់​បង្រៀន​បង​ប្អូន​ប្រុស​នៅ​លីវ​ខាង​គម្ពីរ ខ្ញុំ​បាន​ទទួល​ភារកិច្ច​ជា​អ្នក​ត្រួស​ត្រាយ​នៅ​កន្លែង​ថ្មី។ គឺ​ជា​ការ​ពិត​ដែល​ខ្ញុំ​មិន​ដែល​រក​បាន​អ្នក​ណា​ម្នាក់​ក្នុង​តំបន់​ផ្សាយ​ដែល​រីក​ចម្រើន​រហូត​ដល់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ទេ ប៉ុន្ដែ​បង​ប្អូន​ឯ​ទៀត​រក​បាន​មនុស្ស​បែប​នោះ។ ខ្ញុំ​សប្បាយ​ចិត្ដ​ដែល​ខ្ញុំ​បាន​រៀប​គម្រោង​ដើម្បី​ចូល​រួម​ឲ្យ​បាន​ពេញ​លេញ​ក្នុង​កិច្ច​ការ​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​»។—សាស្តា ១១:៦

គម្រោង​របស់​អ្នក​អាច​បើក​ឱកាស​ឲ្យ​ទទួល​ភារកិច្ច​ថែម​ទៀត

១១​. តើ​ប្អូន​ៗ​វ័យ​ក្មេង​ជា​ច្រើន​បាន​ចូល​រួម​ក្នុង​កិច្ច​បម្រើ​អ្វី​ទៀត?

១១ មាន​ឱកាស​ជា​ច្រើន​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ ប្អូន​ៗ​វ័យ​ក្មេង​ជា​ច្រើន​ជួយ​ក្នុង​កិច្ច​ការ​សាងសង់។ យើង​ត្រូវ​ការ​សាល​ប្រជុំ​ថ្មី​រាប់​រយ​ទៀត។ សាល​ប្រជុំ​ទាំង​នេះ​លើក​តម្កើង​ព្រះ​យេហូវ៉ា ដូច្នេះ​ការ​ជួយ​សង់​កន្លែង​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ដ​សប្បាយ។ អ្នក​ក៏​អាច​មាន​អំណរ​ដែល​មក​ពី​ការ​រួម​កិច្ច​ការ​ជា​មួយ​នឹង​បង​ប្អូន​របស់​អ្នក។ ម្យ៉ាង​ទៀត អ្នក​អាច​រៀន​អ្វី​ៗ​ជា​ច្រើន ដូច​ជា​របៀប​បំពេញ​កិច្ច​ការ​យ៉ាង​ល្អ​និង​តាម​របៀប​ដែល​មាន​សុវត្ថិភាព ហើយ​របៀប​សហការ​ជា​មួយ​នឹង​អ្នក​ត្រួត​ពិនិត្យ។

ពួក​អ្នក​ដែល​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល​នឹង​ទទួល​ពរ​ជា​ច្រើន (​សូម​មើល​វគ្គ​១១​-​១៣​)

១២​. តើ​ការ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​អាច​បើក​ឱកាស​អ្វី​ទៀត?

១២ បង​ប្រុស​ខេវិន​និយាយ​ថា​៖ ​«​តាំង​ពី​ខ្ញុំ​នៅ​តូច ខ្ញុំ​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ពេញ​ពេល​នៅ​ថ្ងៃ​ណា​មួយ។ នៅ​ទី​បំផុត​ពេល​ខ្ញុំ​មាន​អាយុ​១៩​ឆ្នាំ ខ្ញុំ​បាន​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ។ ខ្ញុំ​បាន​ចិញ្ចឹម​ជីវិត​ដោយ​ធ្វើ​ការ​មិន​ពេញ​ពេល​ឲ្យ​បង​ប្រុស​ម្នាក់​ដែល​ជា​អ្នក​សាងសង់។ ខ្ញុំ​បាន​រៀន​ឲ្យ​ចេះ​ធ្វើ​ដំបូល ហើយ​ដាក់​បង្អួច​និង​ទ្វារ។ ក្រោយ​មក ខ្ញុំ​បាន​ចំណាយ​ពេល​អស់​ពីរ​ឆ្នាំ​ជា​មួយ​នឹង​ក្រុម​ផ្ដល់​ជំនួយ​ដល់​បង​ប្អូន​ដែល​រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ ដើម្បី​ជួយ​សាងសង់​ផ្ទះ​និង​សាល​ប្រជុំ​របស់​ពួក​គេ។ ពេល​ខ្ញុំ​បាន​ឮ​ថា​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​មាន​សេចក្ដី​ត្រូវ​ការ​ខាង​ការ​សាងសង់ ខ្ញុំ​បាន​ដាក់​ពាក្យ​សុំ ហើយ​បាន​ទទួល​សេចក្ដី​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ការ​នោះ។ នៅ​ទ្វីប​អាហ្វ្រិក​នេះ ខ្ញុំ​រើ​ពី​កន្លែង​សាងសង់​សាល​ប្រជុំ​មួយ​ទៅ​កន្លែង​សាងសង់​សាល​ប្រជុំ​មួយ​ទៀត​ជា​រៀង​រាល់​ប៉ុន្មាន​សប្ដាហ៍។ ក្រុម​សាងសង់​របស់​ខ្ញុំ​គឺ​ដូច​ជា​ក្រុម​គ្រួសារ​មួយ។ យើង​រស់នៅ​ជា​មួយ​គ្នា សិក្សា​គម្ពីរ​ជា​មួយ​គ្នា និង​ធ្វើ​ការ​ជា​មួយ​គ្នា។ ខ្ញុំ​ក៏​ចូល​ចិត្ដ​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​បង​ប្អូន​នៅ​តំបន់​នោះ​ជា​រៀង​រាល់​សប្ដាហ៍​ដែរ។ គម្រោង​ដែល​ខ្ញុំ​បាន​ធ្វើ​ពេល​ខ្ញុំ​នៅ​ក្មេង បាន​នាំ​ឲ្យ​ខ្ញុំ​មាន​ជីវិត​សប្បាយ​តាម​របៀប​ផ្សេង​ៗ​ដែល​ខ្ញុំ​នឹក​ស្មាន​មិន​ដល់​»។

​«​គម្រោង​ដែល​ខ្ញុំ​បាន​ធ្វើ​ពេល​ខ្ញុំ​នៅ​ក្មេង បាន​នាំ​ឲ្យ​ខ្ញុំ​មាន​ជីវិត​សប្បាយ​តាម​របៀប​ផ្សេង​ៗ​ដែល​ខ្ញុំ​នឹក​ស្មាន​មិន​ដល់​»

១៣​. ហេតុ​អ្វី​ប្អូន​ៗ​វ័យ​ក្មេង​ជា​ច្រើន​សប្បាយ​បម្រើ​ព្រះ​យេហូវ៉ា​នៅ​បេតអែល?

១៣ អ្នក​ខ្លះ​ដែល​ធ្លាប់​ត្រួស​ត្រាយ ឥឡូវ​កំពុង​បម្រើ​នៅ​បេតអែល។ កិច្ច​បម្រើ​នៅ​បេតអែល​គឺ​ជា​របៀប​រស់​នៅ​ដ៏​សប្បាយ​ដោយ​សារ​អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​ធ្វើ​នៅ​ទី​នោះ​គឺ​ដើម្បី​ព្រះ​យេហូវ៉ា។ ក្រុម​គ្រួសារ​បេតអែល​ជួយ​ក្នុង​ការ​ផ្ដល់​គម្ពីរ​និង​សៀវភៅ​ផ្សេង​ៗ​ដើម្បី​ឲ្យ​មនុស្ស​អាច​រៀន​សេចក្ដី​ពិត។ បង​ប្រុស​ដឺស្ទីន​ដែល​ជា​សមាជិក​បេតអែល​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​មាន​អាយុ​៩​ឆ្នាំ ខ្ញុំ​មាន​គោល​ដៅ​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល ហើយ​ខ្ញុំ​បាន​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេល​ខ្ញុំ​បាន​រៀន​ចប់​វិទ្យាល័យ។ មួយ​ឆ្នាំ​កន្លះ​ក្រោយ​មក ខ្ញុំ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​បម្រើ​នៅ​បេតអែល។ នៅ​ទី​នោះ​ខ្ញុំ​បាន​រៀន​ឲ្យ​ចេះ​ប្រើ​ម៉ាស៊ីន​បោះ​ពុម្ព ហើយ​ក្រោយ​មក​រៀន​ឲ្យ​ចេះ​សរសេរ​កម្ម​វិធី​កុំព្យូទ័រ។ នៅ​បេតអែល ខ្ញុំ​ចូល​ចិត្ដ​ឮ​ដោយ​ផ្ទាល់​អំពី​ការ​រីក​ចម្រើន​ក្នុង​កិច្ច​ការ​ជួយ​មនុស្ស​នៅ​ទូ​ទាំង​ពិភព​លោក​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។ ខ្ញុំ​ពិត​ជា​ចូល​ចិត្ដ​ការ​បម្រើ​នៅ​បេតអែល​ដោយ​សារ​អ្វី​ដែល​យើង​ធ្វើ​នៅ​ទី​នេះ ជួយ​មនុស្ស​ឲ្យ​កាន់​តែ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​»។

តើ​អ្នក​នឹង​មាន​គម្រោង​អ្វី​សម្រាប់​ពេល​អនាគត?

១៤​. តើ​អ្នក​អាច​ធ្វើ​អ្វី​នៅ​ឥឡូវ​នេះ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​កិច្ច​បម្រើ​ពេញ​ពេល?

១៤ តើ​អ្នក​អាច​ត្រៀម​ខ្លួន​យ៉ាង​ដូច​ម្ដេច​សម្រាប់​កិច្ច​បម្រើពេញ​ពេល? ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ល្អ​បំផុត អ្នក​ត្រូវ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​ជា​គ្រិស្ដ​សាសនិក។ ចូរ​សិក្សា​បណ្ដាំ​របស់​ព្រះ​ជា​ទៀង​ទាត់ រំពឹង​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​បណ្ដាំ​របស់​លោក ហើយ​ព្យាយាម​បង្ហាញ​ជំនឿ​របស់​អ្នក​នៅ​កិច្ច​ប្រជុំ​ក្នុង​ក្រុម​ជំនុំ។ ពេល​ដែល​អ្នក​នៅ​រៀន អ្នក​អាច​បង្កើន​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​និយាយ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​អំពី​ដំណឹង​ល្អ។ សូម​រៀន​ឲ្យ​ចេះ​បង្ហាញ​ការ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​មនុស្ស​ដោយ​សួរ​អំពី​ទស្សនៈ​របស់​ពួក​គេ​តាម​របៀប​ដែល​មិន​ធ្វើ​ឲ្យ​ពួក​គេ​ទើស​ចិត្ដ ហើយ​ដោយ​ស្តាប់​ចម្លើយ​របស់​ពួក​គេ។ ម្យ៉ាង​ទៀត អ្នក​ក៏​អាច​ជួយ​ធ្វើ​អ្វី​ផ្សេង​ៗ​ក្នុង​ក្រុម​ជំនុំ​ដូច​ជា​សម្អាត​និង​ជួស​ជុល​សាល​ប្រជុំ។ ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ​ប្រើ​អ្នក​ដែល​មាន​ចិត្ដ​រាប​ទាប​និង​ដែល​ធ្វើ​កិច្ច​ការ​ដោយ​ស្ម័គ្រ​ពី​ចិត្ដ។ (​សូម​អាន ទំនុក​តម្កើង ១១០:៣; សកម្មភាព ៦:១​-​៣​) សាវ័ក​ប៉ូល​បាន​អញ្ជើញ​ធីម៉ូថេ​ឲ្យ​ធ្វើ​ជា​សាសនទូត​ដោយ​សារ‹បង​ប្អូន​តែង​និយាយ​ល្អ​អំពី​ធីម៉ូថេ›។—សកម្មភាព ១៦:១​-​៥

ពេល​ដែល​អ្នក​នៅ​រៀន អ្នក​អាច​បង្កើន​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​និយាយ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​អំពី​ដំណឹង​ល្អ

១៥​. ដើម្បី​មាន​ការ​ងារ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ត្រួស​ត្រាយ តើ​អ្នក​អាច​ធ្វើ​អ្វី?

១៥ អ្នក​បម្រើ​ពេញ​ពេល​ភាគ​ច្រើន​ត្រូវ​ធ្វើ​ការ​ដើម្បី​ចិញ្ចឹម​ជីវិត។ (​សកម្មភាព ១៨:២, ៣​) ប្រហែល​ជា​អ្នក​អាច​រៀន​មុខ​ជំនាញ​វិជ្ជា​ជីវៈ​ណា​មួយ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​មាន​សមត្ថភាព​រក​ការ​ងារ​មិន​ពេញ​ពេល​នៅ​ក្នុង​តំបន់​របស់​អ្នក។ សូម​និយាយ​ជា​មួយ​នឹង​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​និង​អ្នក​ត្រួស​ត្រាយ​ឯ​ទៀត​អំពី​គោល​ដៅ​របស់​អ្នក ហើយ​សុំ​យោបល់​ពី​ពួក​គាត់។ ម្យ៉ាង​ទៀត ដូច​គម្ពីរ​ចែង សូម​«​ទុក​ដាក់​អស់​ទាំង​ការ​ឯង​នៅ​នឹង​ព្រះ​យេហូវ៉ា​ចុះ នោះ​អស់​ទាំង​គំនិត[​ឬ​«​គំ​រោង​»​]របស់​ឯង​នឹង​បាន​សំ​រេច​»។—សុភាសិត ១៦:៣; ខ.ស.; ២០:១៨

១៦​. តើ​កិច្ច​បម្រើ​ពេញ​ពេល​អាច​ជួយ​យើង​ត្រៀម​ខ្លួន​យ៉ាង​ដូច​ម្ដេច​សម្រាប់​ភារកិច្ច​ផ្សេង​ទៀត​នៅ​ពេល​អនាគត?

១៦ អ្នក​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​«​ចាប់​យ៉ាង​ជាប់​»​នូវ​អនាគត​ដ៏​សប្បាយ​រីក​រាយ។ (​សូម​អាន ធីម៉ូថេ​ទី១ ៦:១៨, ១៩) កិច្ច​បម្រើ​ពេញ​ពេល​បើក​ឱកាស​ឲ្យ​យើង​សេពគប់​ជា​មួយ​នឹង​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ឯ​ទៀត ហើយ​ជួយ​យើង​ឲ្យ​ទៅ​ជា​គ្រិស្ដ​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ។ ម្យ៉ាង​ទៀត បង​ប្អូន​ជា​ច្រើន​បាន​ឃើញ​ថា​ការ​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល​កាល​ដែល​ពួក​គេ​នៅ​វ័យ​ក្មេង​បាន​ជួយ​ពួក​គេ​ក្រោយ​មក ពេល​ដែល​ពួក​គេ​បាន​រៀប​ការ។ ពួក​អ្នក​ដែល​បាន​ត្រួស​ត្រាយ​មុន​ពួក​គេ​បាន​រៀប​ការ ច្រើន​តែ​បន្ដ​ត្រួស​ត្រាយ​ជា​គូ​ប្ដី​ប្រពន្ធ។—រ៉ូម ១៦:៣, ៤

១៧, ១៨​. តើ​ការ​រៀប​គម្រោង​សម្រាប់​ពេល​អនាគត​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​ចិត្ដ​របស់​អ្នក?

១៧ ទំនុក​តម្កើង ២០:៤​ចែង​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​សូម​ឲ្យ​ព្រះ​បាន​ប្រោស​ដល់​ទ្រង់​តាម​បំណង​ព្រះ​ទ័យ ហើយ​ធ្វើ​សំ​រេច​តាម​គ្រប់​ទាំង​គំនិត[​ឬ​«​គំ​រោង​»​]របស់​ព្រះ​ករុណា​»។ (​ទំនុក​តម្កើង ២០:៥; ខ.ស.​) កាល​ដែល​អ្នក​រៀប​គម្រោង​សម្រាប់​ពេល​អនាគត សូម​គិត​អំពី​អ្វី​ដែល​អ្នក​ពិត​ជា​ចង់​ធ្វើ​ក្នុង​ជីវិត​របស់​អ្នក។ សូម​គិត​អំពី​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​កំពុង​ធ្វើ​នៅ​សម័យ​យើង ហើយ​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ការ​របស់​លោក។ បន្ទាប់​មក សូម​រៀប​គម្រោង​ដើម្បី​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​លោក​ពេញ​ចិត្ដ។

១៨ ពេល​ដែល​អ្នក​ប្រើ​ជីវិត​របស់​អ្នក​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ពេញ​លេញ​និង​ដើម្បី​ធ្វើ​ឲ្យ​លោក​ទទួល​កិត្ដិ​យស នោះ​អ្នក​នឹង​មាន​ចិត្ដ​សប្បាយ​រីក​រាយ។ អ្នក​នឹង​«​យក​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​អំណរ​របស់​អ្នក នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ដូច​បំណង​ចិត្ដ​»។—ទំនុក​តម្កើង ៣៧:៤

^ វគ្គ 7 សាលា​នេះ​បាន​ត្រូវ​ជំនួស​ដោយ​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។