លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​ស្វែង​រក​ទ្រព្យ​ដ៏​ពិត​ប្រាកដ

ចូរ​ស្វែង​រក​ទ្រព្យ​ដ៏​ពិត​ប្រាកដ

​«​ចូរ​ប្រើ​ទ្រព្យ​នៃ​ពិភព​លោក​ទុច្ចរិត​នេះ ប្រយោជន៍​ឲ្យ​បាន​មិត្ដ​ភក្ដិ​»។—លូកា ១៦:៩

ចម្រៀង​លេខ: ៣២, ១៥៤

១, ២​. នៅ​ក្នុង​របៀប​របប​ពិភព​លោក​នេះ ហេតុ​អ្វី​តែង​តែ​នឹង​មាន​មនុស្ស​ក្រី​ក្រ?

សព្វ​ថ្ងៃ​នេះ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច មនុស្ស​ប្រព្រឹត្ដ​ដោយ​គ្មាន​មេត្ដា​និង​ដោយ​អយុត្ដិធម៌។ ជា​ឧទាហរណ៍ មនុស្ស​វ័យ​ក្មេង​ជា​ច្រើន​នាក់​ពិបាក​រក​ការ​ងារ។ មនុស្ស​ខ្លះ​ប្រថុយ​ជីវិត​ដើម្បី​រើ​ទៅ​ប្រទេស​អ្នក​មាន។ ម្យ៉ាង​ទៀត សូម្បី​តែ​នៅ​ប្រទេស​អ្នក​មាន ក៏​មាន​មនុស្ស​ក្រី​ក្រ​ជា​ច្រើន​ដែរ។ នៅ​ទូ​ទាំង​ពិភព​លោក អ្នក​មាន​កាន់​តែ​មាន​ទៅ រីឯ​អ្នក​ក្រ​កាន់​តែ​ក្រ​ទៅ។ របាយការណ៍​ថ្មី​ៗ​នេះ បាន​រៀប​រាប់​ថា ទ្រព្យ​សម្បត្ដិ​សរុប​របស់​អ្នក​មាន​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​គឺ​ស្មើ​នឹង​ទ្រព្យ​សម្បត្ដិ​សរុប​របស់​មនុស្ស​ឯ​ទៀត​ទាំង​អស់​នៅ​លើ​ផែន​ដី។ ច្បាស់​ណាស់ មនុស្ស​ខ្លះ​មាន​លុយ​ច្រើន​លើស​លប់​រហូត​ដល់​ពួក​គេ​អាច​ចិញ្ចឹម​ជីវិត​អស់​ជា​ច្រើន​តំណ រីឯ​មនុស្ស​រាប់​ពាន់​លាន​នាក់​ទៀត​គឺ​ក្រ​យ៉ាង​ខ្លាំង។ លោក​យេស៊ូ​បាន​ទទួល​ស្គាល់​ចំណុច​នេះ ពេល​ដែល​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​តែង​តែ​មាន​អ្នក​ក្រ​នៅ​ជា​មួយ​»។ (​ម៉ាកុស ១៤:៧​) ហេតុ​អ្វី​មាន​ភាព​អយុត្ដិធម៌​បែប​នេះ?

លោក​យេស៊ូ​បាន​ដឹង​ថា​មាន​តែ​រាជាណាចក្រ​របស់​ព្រះ​ប៉ុណ្ណោះ ដែល​អាច​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​ពាណិជ្ជកម្ម​របស់​ពិភព​លោក​នេះ​បាន។ គម្ពីរ​បង្ហាញ​ថា​«​ពួក​អ្នក​ធ្វើ​ដំណើរ​ជួញ​ដូរ​»​ឬ​ប្រព័ន្ធ​ពាណិជ្ជកម្ម ព្រម​ទាំង​នយោបាយ​និង​សាសនា ជា​ផ្នែក​នៃ​ពិភព​លោក​របស់​សាថាន។ (​ការ​បើក​បង្ហាញ ១៨:៣​) រាស្ដ្រ​របស់​ព្រះ​អាច​ញែក​ខ្លួន​ចេញ​ទាំង​ស្រុង​ពី​សាសនា​មិន​ពិត​និង​នយោបាយ។ ប៉ុន្ដែ រាស្ដ្រ​របស់​ព្រះ​ភាគ​ច្រើន មិន​អាច​ញែក​ខ្លួន​ចេញ​ទាំង​ស្រុង​ពី​ប្រព័ន្ធ​ពាណិជ្ជកម្ម​ដែល​ជា​ផ្នែក​នៃ​ពិភព​លោក​របស់​សាថាន​បាន​ឡើយ។

៣​. តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

ក្នុង​នាម​ជា​គ្រិស្ដ​សាសនិក យើង​ត្រូវ​ពិនិត្យ​ពិចារណា​អំពី​ចិត្ដ​គំនិត​របស់​យើង​ចំពោះ​ប្រព័ន្ធ​ពាណិជ្ជកម្ម​របស់​ពិភព​លោក​នេះ។ ដើម្បី​ធ្វើ​ដូច្នេះ យើង​អាច​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​អាច​ប្រើ​វត្ថុ​ទ្រព្យ​របស់​ខ្ញុំ​យ៉ាង​ដូច​ម្ដេច​ដើម្បី​បង្ហាញ​ថា​ខ្ញុំ​ស្មោះ​ត្រង់​ចំពោះ​ព្រះ? តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ដើម្បី​មិន​សូវ​រួម​ចំណែក​ក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម? តើ​មាន​បទ​ពិសោធន៍​អ្វី​ខ្លះ​ដែល​បង្ហាញ​ថា​រាស្ដ្រ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ​ទុក​ចិត្ដ​ទាំង​ស្រុង​លើ​លោក?›។

ឧទាហរណ៍​អំពី​អ្នក​បម្រើ​ទុច្ចរិត

៤, ៥​. (​ក​) តើ​អ្វី​បាន​កើត​ឡើង​ចំពោះ​អ្នក​បម្រើ​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ? (​ខ​) តើ​លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ឲ្យ​ធ្វើ​អ្វី?

សូម​អាន លូកា ១៦:១​-​៩ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​អ្នក​បម្រើ​ទុច្ចរិត គួរ​ជំរុញ​ចិត្ដ​យើង​ទាំង​អស់​គ្នា​ឲ្យ​គិត​ពិចារណា។ គេ​បាន​ចោទ​ប្រកាន់​អ្នក​បម្រើ​នោះ​ថា​គាត់​បាន​បង្ខាត​ទ្រព្យ​សម្បត្ដិ​របស់​ម្ចាស់​គាត់ ហើយ​ម្ចាស់​របស់​គាត់​បាន​សម្រេច​ចិត្ដ​បញ្ឈប់​គាត់​ពី​ការ​ងារ។ * (​សូម​មើល​កំណត់​សម្គាល់​) ប៉ុន្ដែ អ្នក​បម្រើ​នោះ​បាន​ប្រព្រឹត្ដ​ដោយ​ប្រើ​«​ប្រាជ្ញា​»។ មុន​គាត់​ឈប់​ពី​ការ​ងារ​នោះ គាត់​បាន​បង្កើត​មិត្ដភាព​ជា​មួយ​នឹង​មនុស្ស​ដែល​អាច​ជួយ​គាត់​ក្រោយ​មក។ លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​នេះ មិន​មែន​ដោយ​សារ​លោក​ចង់​ឲ្យ​អ្នក​កាន់​តាម​លោក​ប្រព្រឹត្ដ​តាម​របៀប​ដែល​ទុច្ចរិត​ដើម្បី​ចិញ្ចឹម​ជីវិត​ទេ។ នេះ​គឺ​ជា​អ្វី​ដែល​មនុស្ស​ក្នុង​ពិភព​លោក​នេះ​ធ្វើ។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​នេះ​ដើម្បី​បង្រៀន​មេ​រៀន​ដ៏​សំខាន់​មួយ។

ដូច​អ្នក​បម្រើ​នោះ​ដែល​ភ្លាម​ៗ​បាន​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ពិបាក​មួយ លោក​យេស៊ូ​បាន​ដឹង​ថា​អ្នក​កាន់​តាម​លោក​ភាគ​ច្រើន​នឹង​មិន​ស្រួល​ចិញ្ចឹម​ជីវិត​ក្នុង​ពិភព​លោក​ដ៏​អយុត្ដិធម៌​នេះ​ទេ។ ដូច្នេះ លោក​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​ប្រើ​ទ្រព្យ​នៃ​ពិភព​លោក​ទុច្ចរិត​នេះ ប្រយោជន៍​ឲ្យ​បាន​មិត្ដ​ភក្ដិ​»។ ហេតុ​អ្វី? ដោយ​សារ​ពេល​ដែល​ទ្រព្យ​នោះ​សាប​សូន្យ​ទៅ មិត្ដ​ភក្ដិ​ទាំង​នេះ​ពោល​គឺ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ ​«​នឹង​ទទួល​អ្នក​ចូល​ក្នុង​ទី​អាស្រ័យ​ដែល​ស្ថិតស្ថេរ​ជា​រៀង​រហូត​»។ តើ​យើង​អាច​រៀន​អ្វី​ពី​ឱវាទ​របស់​លោក​យេស៊ូ?

៦​. តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ប្រព័ន្ធ​ពាណិជ្ជកម្ម​របស់​ពិភព​លោក​សព្វ​ថ្ងៃ​នេះ​គឺ​មិន​មែន​ជា​ផ្នែក​មួយ​នៃ​គោល​បំណង​របស់​ព្រះ?

គម្ពីរ​បង្ហាញ​ច្បាស់​ថា​ការ​រក​ប្រាក់​ចំណេញ​ឲ្យ​បាន​ច្រើន គឺ​មិន​មែន​ជា​ផ្នែក​មួយ​នៃ​គោល​បំណង​របស់​ព្រះ​ឡើយ។ ជា​ឧទាហរណ៍ ក្នុង​សួន​អេដែន​ព្រះ​យេហូវ៉ា​បាន​ឲ្យ​អាដាម​និង​អេវ៉ា​ច្រើន​ជាង​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ។ (​លោកុប្បត្ដិ ២:១៥, ១៦​) ក្រោយ​មក ពេល​ដែល​ព្រះ​បាន​ផ្ដល់​សកម្មពល​បរិសុទ្ធ​របស់​លោក​ដល់​ពួក​អ្នក​ដែល​លោក​បាន​រើស​តាំង នោះ​«​គ្មាន​អ្នក​ណា​ម្នាក់​ចង់​និយាយ​ថា​អ្វី​ដែល​ពួក​គាត់​មាន​ជា​របស់​ខ្លួន​ទេ តែ​ពួក​គាត់​មាន​អ្វី​ៗ​ទាំង​អស់​ជា​មួយ​គ្នា​»។ (​សកម្មភាព ៤:៣២​) អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​និយាយ​ថា​នឹង​មាន​គ្រា​មួយ​ដែល​មនុស្ស​ទាំង​អស់​នឹង​ទទួល​ផល​ជា​បរិបូរ​ដែល​មក​ពី​ផែន​ដី។ (​អេសាយ ២៥:៦​-​៩; ៦៥:២១, ២២​) ប៉ុន្ដែ ទម្រាំ​ដល់​ពេល​នោះ អ្នក​កាន់​តាម​លោក​យេស៊ូ​នឹង​ត្រូវ​ប្រព្រឹត្ដ​ដោយ​ប្រើ​«​ប្រាជ្ញា​»។ ពួក​គេ​នឹង​ត្រូវ​ចិញ្ចឹម​ជីវិត​ដោយ​ប្រើ​ទ្រព្យ​នៃ​ពិភព​លោក​ទុច្ចរិត​នេះ ហើយ​នៅ​ដំណាល​គ្នា​នោះ ក៏​ខំ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ដ​ដែរ។

ចូរ​ប្រើ​ទ្រព្យ​នៃ​ពិភព​លោក​ទុច្ចរិត​នេះ​ដោយ​ឈ្លាស​វៃ

៧​. នៅ​លូកា ១៦:១០​-​១៣ តើ​លោក​យេស៊ូ​បាន​ឲ្យ​ឱវាទ​អ្វី?

សូម​អាន លូកា ១៦:១០​-​១៣ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ អ្នក​បម្រើ​នោះ​បាន​បង្កើត​មិត្ដភាព​ដើម្បី​ជា​ប្រយោជន៍​ខ្លួន។ ក៏​ប៉ុន្ដែ លោក​យេស៊ូ​ចង់​ឲ្យ​អ្នក​កាន់​តាម​លោក​បង្កើត​មិត្ដភាព​នៅ​ស្ថាន​សួគ៌​ដោយ​មិន​គិត​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន។ លោក​ចង់​ឲ្យ​យើង​យល់​ថា​របៀប​ដែល​យើង​ប្រើ​ទ្រព្យ​សម្បត្ដិ​របស់​យើង​ដែល​មក​ពី​ពិភព​លោក​ទុច្ចរិត​នេះ អាច​បង្ហាញ​ថា​យើង​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ឬ​យ៉ាង​ណា។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

៨, ៩​. សូម​លើក​ឧទាហរណ៍​អំពី​របៀប​ដែល​បង​ប្អូន​ខ្លះ​បង្ហាញ​ថា​ពួក​គេ​ស្មោះ​ត្រង់​ក្នុង​ការ​ប្រើ​ទ្រព្យ​នៃ​ពិភព​លោក​ទុច្ចរិត។

របៀប​មួយ​ដើម្បី​បង្ហាញ​ថា​យើង​ស្មោះ​ត្រង់​ក្នុង​របៀប​ដែល​យើង​ប្រើ​វត្ថុ​ទ្រព្យ​របស់​យើង គឺ​ដោយ​ធ្វើ​វិភាគ​ទាន​សម្រាប់​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក​ដែល​លោក​យេស៊ូ​បាន​ប្រកាស​ទុក​ជា​មុន​ថា​នឹង​ត្រូវ​ធ្វើ​ឡើង។ (​ម៉ាថាយ ២៤:១៤​) ក្មេង​ស្រី​ម្នាក់​ដែល​រស់​នៅ​ប្រទេស​ឥណ្ឌា​មាន​ប្រអប់​តូច​មួយ​សម្រាប់​ដាក់​លុយ ហើយ​នាង​បាន​ដាក់​កាក់​បន្ដិច​ម្ដង​ៗ។ ដើម្បី​ធ្វើ​ដូច្នេះ នាង​ថែម​ទាំង​ឈប់​ទិញ​ប្រដាប់​ប្រដា​លេង​ទៀត​ផង។ ពេល​ប្រអប់​លុយ​នោះ​ពេញ នាង​បាន​យក​លុយ​ទាំង​អស់​ដែល​នាង​បាន​សន្សំ​ទៅ​ដាក់​វិភាគ​ទាន​សម្រាប់​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ បង​ប្រុស​ម្នាក់​ដែល​រស់​នៅ​ប្រទេស​ឥណ្ឌា មាន​ចម្ការ​ដូង​មួយ​កន្លែង។ គាត់​បាន​ឲ្យ​ដូង​ជា​ច្រើន​ដោយ​ឥត​គិត​ថ្លៃ​ទៅ​ការិយាល័យ​បក​ប្រែ​ភាសា​ម៉ាឡេអាឡិម។ ដោយ​សារ​ការិយាល័យ​នោះ​ត្រូវ​ការ​ដូង គាត់​មាន​អារម្មណ៍​ថា​ដូង​ដែល​គាត់​បាន​ឲ្យ​ជា​វិភាគ​ទាន​មាន​តម្លៃ​ជាង​លុយ។ ការ​ធ្វើ​ដូច្នេះ​គឺ​ជា​ការ​ប្រព្រឹត្ដ​ដោយ​ប្រើ​«​ប្រាជ្ញា​»។ ស្រដៀង​គ្នា​ដែរ បង​ប្អូន​ដែល​រស់​នៅ​ប្រទេស​ក្រិច ឲ្យ​ប្រេង​អូលីវ​និង​ម្ហូប​អាហារ​ផ្សេង​ទៀត​ជា​វិភាគ​ទាន​ដល់​ក្រុម​គ្រួសារ​បេតអែល​ជា​ទៀង​ទាត់។

បង​ប្រុស​ម្នាក់​ទៀត​ប្រើ​ដី​និង​ផ្ទះ​របស់​គាត់​នៅ​ប្រទេស​ស្រីលង្កា​សម្រាប់​កិច្ច​ប្រជុំ សន្និបាត និង​សម្រាប់​អ្នក​បម្រើ​ពេញ​ពេល​ស្នាក់​នៅ។ នេះ​គឺ​ជា​ការ​លះ​បង់​ខាង​លុយ​កាក់​ចំពោះ​បង​ប្រុស​នោះ ប៉ុន្ដែ​នេះ​ជួយ​អ្នក​ផ្សាយ​នៅ​ទី​នោះ​ដែល​មិន​សូវ​មាន​លុយ។ នៅ​ប្រទេស​មួយ​ដែល​បាន​ដាក់​កម្រិត​លើ​កិច្ច​ការ​របស់​យើង បង​ប្អូន​ប្រើ​ផ្ទះ​របស់​ពួក​គេ​ជា​សាល​ប្រជុំ។ នោះ​នាំ​ឲ្យ​អ្នក​ត្រួស​ត្រាយ​និង​បង​ប្អូន​ឯ​ទៀត​ដែល​មិន​សូវ​មាន​លុយ មាន​កន្លែង​ប្រជុំ​ដោយ​មិន​ចាំ​បាច់​បង់​ថ្លៃ​ឈ្នួល​ឡើយ។

រាស្ដ្រ​របស់​ព្រះ​ប្រើ​វត្ថុ​ទ្រព្យ​របស់​ពួក​គាត់​ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ទទួល​ប្រយោជន៍

១០​. ពេល​យើង​ឲ្យ​ដោយ​ចិត្ដ​ទូលាយ តើ​យើង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ?

១០ គំរូ​បែប​នេះ​បង្ហាញ​ថា​រាស្ដ្រ​របស់​ព្រះ​គឺ​«​ស្មោះ​ត្រង់​ក្នុង​ការ​ដ៏​តូច​បំផុត​»។ (​លូកា ១៦:១០​) ពួក​គេ​ប្រើ​វត្ថុ​ទ្រព្យ​របស់​ពួក​គេ​ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ទទួល​ប្រយោជន៍។ តើ​ពួក​អ្នក​ទាំង​នេះ​ដែល​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ស្ដី​អំពី​ការ​លះ​បង់​បែប​នេះ? ពួក​គេ​សប្បាយ​ចិត្ដ​យ៉ាង​ខ្លាំង​ដោយ​ដឹង​ថា​ពេល​ពួក​គេ​មាន​ចិត្ដ​ទូលាយ ពួក​គេ​មាន​កាន់​តែ​ច្រើន​នូវ​ទ្រព្យ​«​ដ៏​ពិត​ប្រាកដ​»​នៅ​ស្ថាន​សួគ៌។ (​លូកា ១៦:១១​) បង​ស្រី​ម្នាក់​ដែល​ធ្វើ​វិភាគ​ទាន​ជា​លុយ​កាក់​ជា​ទៀង​ទាត់​ដើម្បី​ជួយ​កិច្ច​ការ​រាជាណាចក្រ​និយាយ​ថា មាន​អ្វី​មួយ​ដែល​ប្លែក​ដែល​បាន​កើត​ឡើង​ចំពោះ​គាត់​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ គាត់​ពន្យល់​ថា​៖ ​«​ខ្ញុំ​ឃើញ​ថា​កាល​ដែល​ខ្ញុំ​កាន់​តែ​មាន​ចិត្ដ​ទូលាយ​ខាង​លុយ​កាក់ ខ្ញុំ​កាន់​តែ​មាន​ចិត្ដ​គំនិត​ទូលាយ​ចំពោះ​អ្នក​ឯ​ទៀត។ ខ្ញុំ​កាន់​តែ​មាន​ចិត្ដ​ទូលាយ​ក្នុង​ការ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​និង​មាន​ចិត្ដ​អត់​ធ្មត់​ចំពោះ​ពួក​គេ ហើយ​ខ្ញុំ​ក៏​អាច​ទទួល​ឱវាទ​និង​អាច​ប្រឈម​មុខ​នឹង​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្ដ​»។ បង​ប្អូន​ជា​ច្រើន​បាន​ឃើញ​ថា​ការ​មាន​ចិត្ដ​ទូលាយ​បាន​ផ្ដល់​ប្រយោជន៍​ដល់​ពួក​គេ។—ទំនុក​តម្កើង ១១២:៥; សុភាសិត ២២:៩

១១​. (​ក​) តើ​តាម​របៀប​ណា​ចិត្ដ​ទូលាយ​របស់​យើង​បង្ហាញ​ថា​យើង​ប្រព្រឹត្ដ​ដោយ​ប្រើ​«​ប្រាជ្ញា​»​? (​ខ​) តើ​មាន​អ្វី​កើត​ឡើង​ក្នុង​ចំណោម​រាស្ដ្រ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

១១ យើង​ក៏​បង្ហាញ​ថា​យើង​ប្រព្រឹត្ដ​ដោយ​ប្រើ​«​ប្រាជ្ញា​»​ពេល​ដែល​យើង​ប្រើ​ទ្រព្យ​សម្បត្ដិ​របស់​យើង​ដើម្បី​គាំ​ទ្រ​អ្នក​ឯ​ទៀត​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ យ៉ាង​នេះ ទោះ​ជា​យើង​មិន​អាច​បម្រើ​ពេញ​ពេល​ឬ​រើ​ទៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង​ក្ដី យើង​នឹង​នៅ​តែ​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ឯ​ទៀត។ (​សុភាសិត ១៩:១៧​) ជា​ឧទាហរណ៍ វិភាគ​ទាន​របស់​យើង​ជួយ​ក្នុង​ការ​ផ្គត់​ផ្គង់​សៀវភៅ ហើយ​គាំ​ទ្រ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ក្រី​ក្រ​ដែល​មាន​មនុស្ស​ជា​ច្រើន​កំពុង​ចូល​ក្នុង​សេចក្ដី​ពិត។ នៅ​ប្រទេស​ខ្លះ​ដូច​ជា​ប្រទេស​កុងហ្គោ ប្រទេស​ម៉ាដាហ្គាស្កា និង​ប្រទេស​រវ៉ាន់ដា គម្ពីរ​អាច​មាន​តម្លៃ​ថ្លៃ​ណាស់។ ជួន​កាល គម្ពីរ​មួយ​ក្បាល​មាន​តម្លៃ​ស្មើ​នឹង​ប្រាក់​ខែ​ក្នុង​មួយ​ខែ​ឬ​ប្រាក់​ឈ្នួល​មួយ​សប្ដាហ៍។ អស់​ជា​ច្រើន​ឆ្នាំ បង​ប្អូន​របស់​យើង​ត្រូវ​ជ្រើស​រើស​រវាង​ការ​ទិញ​គម្ពីរ​និង​ការ​ទិញ​ម្ហូប​អាហារ​សម្រាប់​ក្រុម​គ្រួសារ​របស់​ពួក​គេ។ នៅ​សព្វ​ថ្ងៃ​នេះ ដោយ​សារ​វិភាគ​ទាន​របស់​បង​ប្អូន​និង​ដោយ​សារ​ការ​រៀប​ចំ​«​ដើម្បី​ឲ្យ​អ្វី​ដែល​ពួក​គេ​មាន​លើស​ពី​សេចក្ដី​ត្រូវ​ការ​បាន​បំពេញ​ការ​ខ្វះ​ខាត​»​របស់​បង​ប្អូន​ឯ​ទៀត អង្គ​ការ​របស់​ព្រះ​យេហូវ៉ា​បក​ប្រែ​និង​ចែក​ចាយ​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ​ដល់​សមាជិក​គ្រួសារ​នីមួយ​ៗ ព្រម​ទាំង​ដល់​សិស្ស​គម្ពីរ​ផង​ដែរ។ (​សូម​អាន កូរិនថូស​ទី២ ៨:១៣​-​១៥) ដូច្នេះ ទាំង​ពួក​អ្នក​ដែល​ឲ្យ​ទាំង​ពួក​អ្នក​ដែល​ទទួល អាច​ទៅ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ​យេហូវ៉ា។

តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​មិន​សូវ​រួម​ចំណែក​ក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​របស់​ពិភព​លោក​នេះ?

១២​. តើ​អាប្រាហាំ​បាន​បង្ហាញ​យ៉ាង​ណា​ថា​គាត់​ទុក​ចិត្ដ​លើ​ព្រះ?

១២ យើង​ក៏​អាច​ធ្វើ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ​យេហូវ៉ា​ដែរ ពេល​ដែល​យើង​មិន​សូវ​រួម​ចំណែក​ក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​របស់​ពិភព​លោក ហើយ​ពេល​ដែល​យើង​ស្វែង​រក​ទ្រព្យ​«​ដ៏​ពិត​ប្រាកដ​»។ នេះ​ជា​អ្វី​ដែល​អាប្រាហាំ​ដែល​ជា​បុរស​ស្មោះ​ត្រង់​បាន​ធ្វើ។ គាត់​បាន​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា ហើយ​បាន​ចាក​ចេញ​ពី​ក្រុង​អ៊ើរ​ដែល​ជា​ក្រុង​អ្នក​មាន​ស្ដុកស្ដម្ភ​ដើម្បី​រស់​នៅ​ក្នុង​ត្រសាល ដោយ​សារ​គាត់​ចង់​ធ្វើ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ​យេហូវ៉ា។ (​ហេប្រឺ ១១:៨​-​១០​) គាត់​តែង​តែ​ទុក​ចិត្ដ​ទៅ​លើ​ព្រះ​ជា​ជាង​ទៅ​លើ​វត្ថុ​ទ្រព្យ។ (​លោកុប្បត្ដិ ១៤:២២, ២៣​) លោក​យេស៊ូ​បាន​លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត​ឲ្យ​មាន​ជំនឿ​បែប​នេះ។ នៅ​ពេល​មួយ លោក​បាន​ប្រាប់​បុរស​វ័យ​ក្មេង​ម្នាក់​ដែល​ជា​អ្នក​មាន​ថា​៖ ​«​ប្រសិន​បើ​អ្នក​ចង់​មាន​លក្ខណៈ​ល្អ​ឥត​ខ្ចោះ ចូរ​ទៅ​លក់​អ្វី​ដែល​អ្នក​មាន ហើយ​ឲ្យ​ដល់​អ្នក​ក្រ នោះ​អ្នក​នឹង​មាន​ទ្រព្យ​វិសេស​នៅ​ស្ថាន​សួគ៌ រួច​ចូរ​មក​តាម​ខ្ញុំ​»។ (​ម៉ាថាយ ១៩:២១​) បុរស​វ័យ​ក្មេង​នោះ​មិន​មាន​ជំនឿ​ដូច​អាប្រាហាំ​ទេ។ ប៉ុន្ដែ មាន​អ្នក​ឯ​ទៀត​ដែល​បាន​ទុក​ចិត្ដ​ទៅ​លើ​ព្រះ។

១៣​. (​ក​) តើ​ប៉ូល​បាន​ឲ្យ​ឱវាទ​អ្វី​ដល់​ធីម៉ូថេ? (​ខ​) នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​អាច​ធ្វើ​តាម​ឱវាទ​របស់​ប៉ូល​យ៉ាង​ដូច​ម្ដេច?

១៣ ធីម៉ូថេ​ជា​បុរស​ម្នាក់​ដែល​មាន​ជំនឿ។ ក្រោយ​ពី​ប៉ូល​បាន​ហៅ​ធីម៉ូថេ​ថា​«​ជា​ទាហាន​ល្អ​ប្រសើរ​របស់​គ្រិស្ដ​យេស៊ូ​»​ ប៉ូល​បាន​ប្រាប់​គាត់​ថា​៖ ​«​គ្មាន​ទាហាន​ណា​ម្នាក់​ចូល​ប្រឡូក​ក្នុង​ជំនួញ​របស់​ជន​ស៊ី​វិល​ទេ ព្រោះ​គាត់​ចង់​ធ្វើ​ឲ្យ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​គាត់​ជា​ទាហាន​ពេញ​ចិត្ដ​នឹង​គាត់​»។ (​ធីម៉ូថេ​ទី២ ២:៣, ៤​) អ្នក​កាន់​តាម​លោក​យេស៊ូ​សព្វ​ថ្ងៃ​នេះ រួម​ទាំង​អ្នក​បម្រើ​ពេញ​ពេល​ជាង​១​លាន​នាក់ ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​ឱវាទ​របស់​ប៉ូល។ ពួក​គេ​ទប់​ទល់​នឹង​ការ​ទាក់​ទាញ​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ពិភព​លោក​ដ៏​លោភ​លន់​នេះ។ ពួក​គេ​ចាំ​អំពី​គោល​ការណ៍​ដែល​ថា​៖ ​«​អ្នក​ណា​ដែលខ្ចី​គេ ជា​បាវ​បំរើ​ដល់​អ្នក​ដែល​ឲ្យ​ខ្ចី​នោះ​»។ (​សុភាសិត ២២:៧​) សាថាន​ចង់​ឲ្យ​យើង​ចំណាយ​ពេល​និង​កម្លាំង​ទាំង​អស់​របស់​យើង​ដើម្បី​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​ប្រព័ន្ធ​ពាណិជ្ជកម្ម​របស់​វា។ អ្នក​ខ្លះ​ខ្ចី​លុយ​យ៉ាង​ច្រើន​សម្រាប់​បង់​ផ្ទះ ឡាន ការ​អប់រំ ឬ​ថែម​ទាំង​សម្រាប់​រៀប​ការ​ទៀត​ផង។ បើ​យើង​មិន​ប្រុង​ប្រយ័ត្ន យើង​ប្រហែល​ជា​ជំពាក់​បំណុល​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ យើង​បង្ហាញ​ថា​យើង​ប្រព្រឹត្ដ​ដោយ​ប្រើ​ប្រាជ្ញា​ពេល​ដែល​យើង​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​សាមញ្ញ​ជាង ចាយ​លុយ​តិច​ជាង និង​ជៀស​វាង​ពី​ការ​ជំពាក់​បំណុល។ តាម​របៀប​នេះ យើង​នឹង​មាន​សេរី​ភាព​ដើម្បី​បម្រើ​ព្រះ​ជា​ជាង​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​ប្រព័ន្ធ​ពាណិជ្ជកម្ម​របស់​ពិភព​លោក​សព្វ​ថ្ងៃ​នេះ។—ធីម៉ូថេ​ទី១ ៦:១០

១៤​. តើ​យើង​ត្រូវ​តាំង​ចិត្ដ​ធ្វើ​អ្វី? សូម​ឲ្យ​ឧទាហរណ៍។

១៤ ដើម្បី​រក្សា​ឲ្យ​មាន​ជីវិត​សាមញ្ញ យើង​ត្រូវ​ចាត់​ទុក​ថា​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី​ដែល​សំខាន់​បំផុត។ ប្ដី​ប្រពន្ធ​មួយ​គូ​មាន​មុខ​ជំនួញ​ផ្ទាល់​ខ្លួន​មួយ​ដ៏​ធំ​ដែល​ផ្ដល់​ប្រាក់​ចំណេញ​ជា​ច្រើន។ ប៉ុន្ដែ ពួក​គាត់​ចង់​ធ្វើ​ជា​អ្នក​បម្រើ​ពេញ​ពេល​ម្ដង​ទៀត។ ដូច្នេះ ប្ដី​ប្រពន្ធ​មួយ​គូ​នោះ​បាន​លក់​មុខ​ជំនួញ ទូក និង​ទ្រព្យ​សម្បត្ដិ​ផ្សេង​ទៀត​របស់​ពួក​គាត់។ ក្រោយ​មក ពួក​គាត់​បាន​ស្ម័គ្រ​ចិត្ដ​ជួយ​កិច្ច​ការ​សាងសង់​នៅ​មន្ទីរ​ចាត់​ការ​ពិភព​លោក​នា​ក្រុង​វ័រវិក រដ្ឋ​ញូវយ៉ក។ នេះ​ជា​ឯក​សិទ្ធ​ដ៏​ពិសេស​សម្រាប់​ពួក​គាត់ ដោយ​សារ​ការ​បម្រើ​នៅ​បេតអែល​បើក​ឱកាស​ឲ្យ​ពួក​គាត់​បម្រើ​ជា​មួយ​នឹង​កូន​ស្រី​និង​កូន​ប្រសា​របស់​ពួក​គាត់ ហើយ​សម្រាប់​ប៉ុន្មាន​សប្ដាហ៍​ពួក​គាត់​បាន​បម្រើ​ជា​មួយ​នឹង​ដន្លង​របស់​ពួក​គាត់​ដែល​ជួយ​កិច្ច​ការ​សាងសង់​នៅ​ក្រុង​វ័រវិក​ដែរ។ បង​ស្រី​ម្នាក់​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ដែល​រស់​នៅ​រដ្ឋ​កូឡូរ៉ាដូ សហរដ្ឋ​អាម៉េរិក រក​បាន​ការ​ងារ​មិន​ពេញ​ពេល​នៅ​ឯ​ធនាគារ​មួយ។ ចៅហ្វាយ​របស់​គាត់​ពេញ​ចិត្ដ​នឹង​កិច្ច​ការ​របស់​គាត់​ខ្លាំង​ណាស់​រហូត​ដល់​គាត់​បាន​ត្រូវ​ស្នើ​សុំ​ឲ្យ​ធ្វើ​ការ​ពេញ​ពេល​ដោយ​ដំឡើង​ប្រាក់​ខែ​បី​ដង​នៃ​ប្រាក់​ខែ​របស់​គាត់។ ក៏​ប៉ុន្ដែ គាត់​មិន​ព្រម​ទទួល​ការ​ងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​នោះ​ទេ ដោយ​សារ​គាត់​មិន​អាច​ផ្ដោត​អារម្មណ៍​លើ​កិច្ច​បម្រើ​ផ្សាយ បើ​គាត់​ទទួល​យក​ការ​ងារ​នោះ។ អ្វី​ទាំង​នេះ​គឺ​គ្រាន់​តែ​ជា​គំរូ​ខ្លះ​ប៉ុណ្ណោះ​អំពី​ការ​លះ​បង់​ដែល​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ។ ពេល​ដែល​យើង​តាំង​ចិត្ដ​ចាត់​ទុក​ថា​រាជាណាចក្រ​ព្រះ​ជា​អ្វី​ដែល​សំខាន់​បំផុត នេះ​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​និង​ទ្រព្យ​ដ៏​ពិត​ប្រាកដ​ច្រើន​ជាង​វត្ថុ​ទ្រព្យ។

ពេល​ដែល​ទ្រព្យ​សម្បត្ដិ​នៃ​ពិភព​លោក​នេះ​សាប​សូន្យ​ទៅ

១៥​. តើ​អ្វី​នាំ​ឲ្យ​យើង​ស្កប់​ចិត្ដ​ខ្លាំង​បំផុត?

១៥ ការ​មាន​ទ្រព្យ​សម្បត្ដិ​មិន​តែង​តែ​មាន​ន័យ​ថា​យើង​បាន​ទទួល​ការ​ពេញ​ចិត្ដ​ពី​ព្រះ​ឡើយ។ ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​ពួក​អ្នក​ដែល​ជា​«​អ្នក​មាន​ខាង​ការ​ល្អ​ប្រសើរ​»។ (​សូម​អាន ធីម៉ូថេ​ទី១ ៦:១៧​-​១៩) ជា​ឧទាហរណ៍ បង​ស្រី​ម្នាក់​ឈ្មោះ​លូឈៀ​បាន​ឮ​ថា​នៅ​ប្រទេស​អាល់បានី​ត្រូវ​ការ​អ្នក​ផ្សាយ។ ដូច្នេះ នៅ​ឆ្នាំ​១៩៩៣ គាត់​បាន​រើ​ពី​ប្រទេស​អ៊ីតាលី​ទៅ​ទី​នោះ។ គាត់​គ្មាន​ការ​ងារ​ធ្វើ​នៅ​ទី​នោះ​ទេ ប៉ុន្ដែ​គាត់​បាន​ទុក​ចិត្ដ​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្គត់​ផ្គង់​គាត់។ គាត់​បាន​រៀន​ភាសា​អាល់បានី ហើយ​បាន​ជួយ​មនុស្ស​ជាង​៦០​នាក់​ឲ្យ​ប្រគល់​ខ្លួន​ជូន​ព្រះ។ ប្រហែល​ជា​យើង​ទាំង​អស់​គ្នា​មិន​ទទួល​លទ្ធផល​ដូច​គាត់​ពី​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ក្នុង​តំបន់​ផ្សាយ​របស់​យើង​ទេ។ ប៉ុន្ដែ អ្វី​ណា​ក៏​ដោយ​ដែល​យើង​ធ្វើ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​ទៅ​ជា​មិត្ដ​សម្លាញ់​របស់​លោក​គឺ​ជា​អ្វី​ដែល​នឹង​មាន​តម្លៃ​ចំពោះ​យើង​ជា​និច្ច។—ម៉ាថាយ ៦:២០

អ្វី​ដែល​យើង​ធ្វើ​សម្រាប់​ព្រះ​យេហូវ៉ា​និង​រាជាណាចក្រ​របស់​លោក​នឹង​នាំ​ឲ្យ​យើង​មាន​សុភមង្គល​ពិត​ប្រាកដ

១៦​. (​ក​) តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សព្វ​ថ្ងៃ​នេះ? (​ខ​) តើ​នេះ​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ទស្សនៈ​របស់​យើង​ចំពោះ​វត្ថុ​ទ្រព្យ?

១៦ លោក​យេស៊ូ​បាន​បញ្ជាក់​ច្បាស់​ថា ប្រព័ន្ធ​ពាណិជ្ជកម្ម​របស់​ពិភព​លោក​សព្វ​ថ្ងៃ​នេះ​នឹង​សាប​សូន្យ​ទៅ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ក្រោយ​ពី​ទ្រព្យ​នោះ​សាប​សូន្យ​ទៅ​»​ មិន​មែន‹បើ​ទ្រព្យ​នោះ​សាប​សូន្យ​ទៅ›ទេ។ (​លូកា ១៦:៩​) នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ ធនាគារ​ខ្លះ​បាន​ដួល​រលំ ហើយ​ប្រទេស​ខ្លះ​មាន​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់​ធ្ងរ។ ប៉ុន្ដែ នៅ​ពេលអនាគត​ឆាប់​ៗ​ខាង​មុខ​នេះ អ្វី​ៗ​នឹង​កាន់​តែ​ពិបាក​ទៅ​ៗ។ ប្រព័ន្ធ​ពាណិជ្ជកម្ម នយោបាយ និង​សាសនា ដែល​ជា​ផ្នែក​នៃ​របៀប​របប​ពិភព​លោក​របស់​សាថាន​នឹង​សាប​សូន្យ​ទៅ។ អេសេគាល​និង​សេផានា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ប្រកាស​ទុក​ជា​មុន​ថា​មាស​និង​ប្រាក់​ដែល​ប្រព័ន្ធ​ពាណិជ្ជកម្ម​តែង​តែ​ចាត់​ទុក​ថា​សំខាន់ នឹង​ទៅ​ជា​អ្វី​ដែល​គ្មាន​តម្លៃ​សោះ។ (​អេសេគាល ៧:១៩; សេផានា ១:១៨​) បើ​ជីវិត​របស់​យើង​ជិត​មក​ដល់​ទី​បញ្ចប់​ក្នុង​ពិភព​លោក​នេះ ហើយ​ពេល​នោះ​យើង​ឃើញ​ថា​យើង​បាន​លះ​បង់​ទ្រព្យ​ដ៏​ពិត​ប្រាកដ​ដើម្បី​ទ្រព្យ​នៃ​ពិភព​លោក​ទុច្ចរិត​នេះ តើ​យើង​នឹង​មាន​អារម្មណ៍​យ៉ាង​ណា? យើង​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​បុរស​ម្នាក់​ដែល​បាន​ខំ​ធ្វើ​ការ​អស់​មួយ​ជីវិត​របស់​គាត់​ដើម្បី​រក​លុយ​ឲ្យ​បាន​ច្រើន លុះ​ក្រោយ​មក​ទើប​គាត់​ដឹង​ថា​លុយ​នោះ​គឺ​សុទ្ធតែ​ក្លែង​ក្លាយ​ទាំង​អស់។ (​សុភាសិត ១៨:១១​) ទ្រព្យ​នៃ​ពិភព​លោក​នេះ​នឹង​សាប​សូន្យ​ទៅ។ ដូច្នេះ សូម​កុំ​បាត់​បង់​ឱកាស​ប្រើ​វត្ថុ​ទ្រព្យ​របស់​អ្នក​ដើម្បី​បង្កើត​មិត្ដភាព​នៅ​ស្ថាន​សួគ៌​ឡើយ។ អ្វី​ដែល​យើង​ធ្វើ​សម្រាប់​ព្រះ​យេហូវ៉ា​និង​រាជាណាចក្រ​របស់​លោក​នឹង​នាំ​ឲ្យ​យើង​មាន​សុភមង្គល​ពិត​ប្រាកដ។

១៧, ១៨​. តើ​មិត្ដ​សម្លាញ់​របស់​ព្រះ​ទន្ទឹង​រង់​ចាំ​អ្វី?

១៧ ពេល​រាជាណាចក្រ​របស់​ព្រះ​មក​ដល់ គ្មាន​អ្នក​ណា​ម្នាក់​នឹង​ត្រូវ​បង់​ថ្លៃ​ជួល​ផ្ទះ​ឬ​ខ្ចី​លុយ​ទេ។ ម្ហូប​អាហារ​នឹង​មាន​ជា​បរិបូរ ហើយ​ឥត​គិត​ថ្លៃ។ ម្យ៉ាង​ទៀត យើង​នឹង​មិន​ត្រូវ​បង់​ថ្លៃ​សម្រាប់​គ្រូ​ពេទ្យ​ឬ​ថ្នាំ​ឡើយ។ មិត្ដ​សម្លាញ់​របស់​ព្រះ​យេហូវ៉ា​នឹង​ទទួល​ភោគ​ផល​ដ៏​ល្អ​បំផុត​ពី​ផែន​ដី។ យើង​នឹង​ប្រើ​មាស ប្រាក់ និង​ត្បូង​ដោយ​សារ​តែ​ភាព​ស្រស់​ស្អាត​របស់​វា មិន​មែន​ដើម្បី​ធ្វើ​ឲ្យ​បុគ្គល​ណា​ម្នាក់​ទៅ​ជា​អ្នក​មាន​ទេ។ ឈើ ថ្ម និង​ដែក​ដែល​មាន​គុណ​ភាព​ខ្ពស់​នឹង​ត្រូវ​ប្រើ​ដោយ​សេរី​ដើម្បី​សង់​ផ្ទះ​ស្អាត​ៗ។ មិត្ដ​ភក្ដិ​របស់​យើង​នឹង​ជួយ​យើង​ដោយ​សារ​ពួក​គេ​ចង់​ជួយ មិន​មែន​ដោយ​សារ​យើង​បង់​លុយ​ឲ្យ​ពួក​គេ​ទេ។ យើង​នឹង​ចែក​រំលែក​គ្នា​នូវ​ផល​ដែល​មក​ពី​ផែន​ដី។

១៨ នេះ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​រង្វាន់​ដ៏​អស្ចារ្យ​ដែល​ពួក​អ្នក​ដែល​មាន​មិត្ដ​សម្លាញ់​នៅ​ស្ថាន​សួគ៌​នឹង​ទទួល។ អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​នៅ​ផែន​ដី​នឹង​ស្រែក​ដោយ​អំណរ​ពេល​ដែល​ពួក​គេ​ឮ​ពាក្យ​របស់​លោក​យេស៊ូ ដែល​ថា​៖ ​«​អ្នក​ដែល​ទទួល​ពរ​ពី​បិតា​ខ្ញុំ​អើយ! ចូរ​មក​ទទួល​រាជាណាចក្រ​ដែល​បាន​ត្រូវ​រៀប​ចំ​ឲ្យ​អ្នក​រាល់​គ្នា​តាំង​ពី​កំណើត​ពិភព​លោក​ជា​មត៌ក​ចុះ​»។—ម៉ាថាយ ២៥:៣៤

^ វគ្គ 4 លោក​យេស៊ូ​មិន​បាន​មាន​ប្រសាសន៍​ថា​ការ​ចោទ​ប្រកាន់​នោះ​គឺ​ពិត​ឬ​មិន​ពិត​ឡើយ។ តាម​ពិត ពាក្យ​«​ចោទ​ប្រកាន់​»​នៅ​លូកា ១៦:១ អាច​មាន​ន័យ​ថា​បុគ្គល​ណា​ម្នាក់​បាន​និយាយ​កុហក​អំពី​អ្នក​បម្រើ​នោះ​ថា​គាត់​បាន​បង្ខាត​ទ្រព្យ​សម្បត្ដិ​របស់​ម្ចាស់​គាត់។ ប៉ុន្ដែ លោក​យេស៊ូ​បាន​សំដៅ​ទៅ​លើ​ការ​ប្រព្រឹត្ដ​របស់​អ្នក​បម្រើ​នោះ មិន​មែន​អំពី​មូលហេតុ​ដែល​គាត់​បាន​បាត់​បង់​ការ​ងារ​របស់​គាត់​នោះ​ទេ។