លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

​«​ចូរ​អ្នក​រាល់​គ្នា​សរសើរ​យ៉ា!​»​ ហេតុ​អ្វី?

​«​ចូរ​អ្នក​រាល់​គ្នា​សរសើរ​យ៉ា!​»​ ហេតុ​អ្វី?

​«​ចូរ​សរសើរ​ដល់​ព្រះ​យេហូវ៉ា . . . នោះ​ជា​ការ​សំណំ​ហើយ​ក៏​ពីរោះ​ផង សេចក្ដី​សរសើរ​ជា​ការ​គួរ​គប្បី!​»។—ទំនុក​តម្កើង ១៤៧:១

ចម្រៀង​លេខ: ៩, ១៥២

១​-​៣​. (​ក​) តើ​ទំនុក​តម្កើង ១៤៧​ទំនង​ជា​បាន​ត្រូវ​សរសេរ​នៅ​ពេល​ណា? (​ខ​) តើ​យើង​អាច​រៀន​អ្វី​ពី​ការ​ពិចារណា​ទំនុក​តម្កើង ១៤៧?

យើង​ច្រើន​តែ​សរសើរ​បុគ្គល​ណា​ម្នាក់​ពេល​ដែល​យើង​កោត​ស្ងើច​ចំពោះ​អ្វី​ដែល​គាត់​បាន​និយាយ​ឬ​បាន​ធ្វើ។ បើ​យើង​ធ្វើ​ដូច្នេះ​សម្រាប់​មនុស្សជាតិ យើង​មាន​មូលហេតុ​ច្រើន​ជាង​នេះ​ទៅ​ទៀត​ដើម្បី​សរសើរ​ដល់​ព្រះ​យេហូវ៉ា! យើង​សរសើរ​លោក​ចំពោះ​ឫទ្ធា​នុភាព​ដ៏​ខ្លាំង​ក្លា​របស់​លោក ដែល​យើង​ឃើញ​ក្នុង​ការ​បង្កើត​ដ៏​អស្ចារ្យ​របស់​លោក។ ម្យ៉ាង​ទៀត យើង​សរសើរ​លោក​ចំពោះ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​លោក ដែល​យើង​ឃើញ​តាម​រយៈ​គ្រឿង​បូជា​លោះ​របស់​បុត្រ​លោក។

ពេល​យើង​អាន​ទំនុក​តម្កើង ១៤៧​យើង​អាច​ឃើញ​ច្បាស់​ថា អ្នក​សរសេរ​ទំនុក​នេះ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​យ៉ាង​ខ្លាំង​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា។ គាត់​ក៏​បាន​លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត​ឲ្យ​សរសើរ​ព្រះ​ជា​មួយ​នឹង​គាត់​ដែរ។—សូម​អាន ទំនុក​តម្កើង ១៤៧:១, ៧, ១២

យើង​មិន​ដឹង​ថា​អ្នក​ណា​ជា​អ្នក​ដែល​បាន​សរសេរ​ទំនុក​តម្កើង ១៤៧​នោះ​ឡើយ។ ប៉ុន្ដែ អ្នក​សរសេរ​នោះ​ទំនង​ជា​បាន​រស់​នៅ​ក្នុង​អំឡុង​ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​រំដោះ​ពួក​គេ​ចេញ​ពី​បាប៊ីឡូន។ (​ទំនុក​តម្កើង ១៤៧:២​) អ្នក​តែង​ទំនុក​តម្កើង​នោះ​បាន​សរសើរ​ព្រះ​យេហូវ៉ា ដោយ​សារ​រាស្ដ្រ​របស់​លោក​អាច​គោរព​ប្រណិប័តន៍​លោក​នៅ​ស្រុក​របស់​ពួក​គេ​ម្ដង​ទៀត។ ក្រោយ​មក អ្នក​តែង​ទំនុក​តម្កើង​នោះ​ថែម​ទាំងបាន​ប្រាប់​អំពី​មូលហេតុ​ច្រើន​ទៀត​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា។ តើ​មូលហេតុ​ទាំង​នោះ​គឺ​ជា​អ្វី? ម្យ៉ាង​ទៀត តើ​អ្នក​មាន​មូលហេតុ​អ្វី​ខ្លះ​ដើម្បី​និយាយ​ថា​៖​«​ហាឡេលូអ៊ីយ៉ា!​»​ ឬ​«​ចូរ​អ្នក​រាល់​គ្នា​សរសើរ​យ៉ា!​»​?—ការ​បើក​បង្ហាញ ១៩:១; កំ.ស.; ទំនុក​តម្កើង ១៤៧:១

ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​មាន​ចិត្ដ​សោកសង្រេង​ជា​ឡើង​វិញ

៤​. ពេល​ស្ដេច​ស៊ីរូស​បាន​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល តើ​ពួក​គេ​ទំនង​ជា​មាន​អារម្មណ៍​យ៉ាង​ណា ហើយ​ហេតុ​អ្វី?

សូម​ស្រមៃ​គិត​អំពី​អារម្មណ៍​របស់​ជន​ជាតិ​អ៊ីស្រាអែល​ពេល​ដែល​ពួក​គេ​ជា​ឈ្លើយ​សឹក​នៅ​បាប៊ីឡូន។ ពួក​អ្នក​ដែល​បាន​ចាប់​យក​ជន​ជាតិ​អ៊ីស្រាអែល​ទៅ​ទី​នោះ​បាន​មើល​ងាយ​ពួក​គេ ហើយ​បាន​និយាយ​ថា​៖ ​«​ចូរ​ច្រៀង​បទ​១​របស់​ក្រុង​ស៊ីយ៉ូន​មក​ឲ្យ​យើង​ស្តាប់​មើល​»។ ប៉ុន្ដែ ជន​ជាតិ​យូដា​មិន​ចង់​ច្រៀង​ទេ។ ក្រុង​យេរូសាឡិម​ដែល​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​ពួក​គេ​មាន​អំណរ​យ៉ាង​ខ្លាំង​បាន​ត្រូវ​បំផ្លាញ។ (​ទំនុក​តម្កើង ១៣៧:១​-​៣,​) ពួក​គេ​ឈឺ​ចិត្ដ​យ៉ាង​ខ្លាំង ហើយ​ពួក​គេ​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ។ ដូច​ដែល​បណ្ដាំ​របស់​ព្រះ​បាន​ប្រកាស​ទុក​ជា​មុន ព្រះ​យេហូវ៉ា​បាន​ជួយ​រាស្ដ្រ​របស់​លោក។ តើ​តាម​របៀប​ណា​លោក​បាន​ធ្វើ​ដូច្នេះ? ស្ដេច​ស៊ីរូស​នៃ​ស្រុក​ពើស៊ី​បាន​ច្បាំង​ឈ្នះ​ក្រុង​បាប៊ីឡូន ហើយ​បាន​និយាយ​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​ទ្រង់​បាន​ប្រទាន​អស់​ទាំង​នគរ​នៅ​ផែន​ដី​មក​យើង​ហើយ ទ្រង់​បាន​បង្គាប់​ឲ្យ​យើង​ស្អាង​ព្រះ​វិហារ​ថ្វាយ​ទ្រង់​នៅ​ក្រុង​យេរូសាឡិម​»។ ស្ដេច​ស៊ីរូស​ក៏​បាន​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា​៖ ​«​នៅ​ក្នុង​ពួក​ប្រជាជន​ទាំង​ឡាយ បើ​មាន​អ្នក​ណា​ជា​របស់​ផង​ព្រះ​យេហូវ៉ា នោះ​សូម​ឲ្យ​ព្រះ​នៃ​អ្នក​នោះ​បាន​គង់​ជា​មួយ ហើយ​ឲ្យ​អ្នក​នោះ​ឡើង​ទៅ​ចុះ​»។ (​របា​ក្សត្រ​ទី២ ៣៦:២៣​) នេះ​ច្បាស់​ជា​បាន​សម្រាល​ទុក្ខ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ក្រុង​បាប៊ីឡូន!

៥​. តើ​អ្នក​តែង​ទំនុក​តម្កើង​បាន​និយាយ​យ៉ាង​ណា​អំពី​ឫទ្ធា​នុភាព​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​ធ្វើ​ឲ្យ​យើង​ជា​ឡើង​វិញ?

ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​បាន​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​ប្រជា​ជាតិ​អ៊ីស្រាអែល​ជា​ក្រុម​ទេ តែ​លោក​ក៏​បាន​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​ៗ​ដែរ។ ព្រះ​យេហូវ៉ា​ក៏​ធ្វើ​ដូច្នេះ​សម្រាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ អ្នក​តែង​ទំនុក​តម្កើង​បាន​សរសេរ​ថា ព្រះ​«​ប្រោស​អស់​អ្នក​ដែល​មាន​ចិត្ដ​សង្រេង​ឲ្យ​បាន​ជា​ក៏​រុំ​របួស​ឲ្យ​គេ​ផង​»។ (​ទំនុក​តម្កើង ១៤៧:៣​) ពេល​យើង​ឈឺ​ឬ​ធ្លាក់​ទឹក​ចិត្ដ យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​យើង។ ព្រះ​យេហូវ៉ា​ពិត​ជា​ចង់​សម្រាល​ទុក្ខ​យើង ហើយ​ធ្វើ​ឲ្យ​ជា​នូវ​របួស​ផ្លូវ​ចិត្ដ​របស់​យើង។ (​ទំនុក​តម្កើង ៣៤:១៨; អេសាយ ៥៧:១៥​) លោក​ឲ្យ​យើង​នូវ​ប្រាជ្ញា​និង​កម្លាំង​ដើម្បី​យើង​អាច​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ណា​ក៏​ដោយ​ដែល​យើង​មាន។—យ៉ាកុប ១:៥

ព្រះ​យេហូវ៉ា​ពិត​ជា​ចង់​សម្រាល​ទុក្ខ​យើង ហើយ​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្រាល

៦​. តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ពាក្យ​របស់​អ្នក​តែង​ទំនុក​តម្កើង ១៤៧:៤? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

បន្ទាប់​មក​អ្នក​តែង​ទំនុក​តម្កើង​បាន​សម្លឹង​មើល​មេឃ ហើយ​បាន​និយាយ​ថា​ព្រះ​យេហូវ៉ា​«​រាប់​ចំនួន​នៃ​អស់​ទាំង​ផ្កាយ ក៏​ហៅ​បាន​តាម​ឈ្មោះ​ទាំង​អស់​»។ (​ទំនុក​តម្កើង ១៤៧:៤​) អ្នក​តែង​ទំនុក​តម្កើង​អាច​មើល​ឃើញ​ផ្កាយ​បាន តែ​គាត់​មិន​ដឹង​ថា​វា​មាន​ចំនួន​ប៉ុន្មាន​ឡើយ។ នៅ​សព្វ​ថ្ងៃ​នេះ អ្នក​វិទ្យា​សាស្ដ្រ​ដឹង​ថា​មាន​ផ្កាយ​រាប់​ពាន់​លាន​ក្នុង​កាឡាក់ស៊ី​របស់​យើង។ ម្យ៉ាង​ទៀត នៅ​ក្នុង​សកល​លោក​ប្រហែល​ជា​មាន​កាឡាក់ស៊ី​រាប់​សែន​កោដិ! មនុស្ស​មិន​អាច​រាប់​ចំនួន​ផ្កាយ​ទាំង​អស់​បាន​ទេ ប៉ុន្ដែ​អ្នក​បង្កើត​អាច​រាប់​បាន។ តាម​ពិត លោក​ស្គាល់​ផ្កាយ​នីមួយ​ៗ​ច្បាស់​ដល់​ម៉្លេះ​បាន​ជា​លោក​បាន​ដាក់​ឈ្មោះ​ឲ្យ​ផ្កាយ​នីមួយ​ៗ​នោះ។ (​កូរិនថូស​ទី១ ១៥:៤១​) ព្រះ​ដែល​ស្គាល់​ទី​តាំង​របស់​ផ្កាយ​នីមួយ​ៗ​ក៏​ជា​បុគ្គល​ដែល​ស្គាល់​អ្នក​ដែរ។ លោក​តែង​តែ​ដឹង​ច្បាស់​អំពី​អារម្មណ៍​របស់​អ្នក អ្វី​ដែល​អ្នក​ត្រូវ​ការ និង​ទី​កន្លែង​ដែល​អ្នក​នៅ!

៧, ៨​. (​ក​) តើ​ព្រះ​យេហូវ៉ា​យល់​អ្វី​អំពី​យើង? (​ខ​) សូម​លើក​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​អំពី​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា។

ព្រះ​យេហូវ៉ា​យល់​នូវ​អ្វី​ដែល​អ្នក​កំពុង​ជួប​ប្រទះ​ក្នុង​ជីវិត ហើយ​លោក​មាន​ឫទ្ធា​នុភាព​ដើម្បី​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​របស់​អ្នក។ (​សូម​អាន ទំនុក​តម្កើង ១៤៧:៥) អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ស្ថានភាព​របស់​អ្នក​គឺ​ពិបាក​ពេក ហើយ​ថា​អ្នក​មិន​អាច​ស៊ូ​ទ្រាំ​បាន​ទេ។ ព្រះ​យល់​អំពី​កម្រិត​សមត្ថភាព​របស់​យើង ​«​ក៏​នឹក​ចាំ​ថា​យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ​»។ (​ទំនុក​តម្កើង ១០៣:១៤​) យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ដូច្នេះ​យើង​បន្ដ​ធ្វើ​ខុស​ដដែល​ៗ ហើយ​នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ដ។ យើង​ស្តាយ​ក្រោយ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​យើង​បាន​និយាយ ចំពោះ​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​ដែល​យើង​មាន ឬ​ចិត្ដ​ច្រណែន​ដែល​យើង​មាន! ព្រះ​យេហូវ៉ា​មិន​មាន​ភាព​ទន់​ខ្សោយ​ណា​ទាល់​តែ​សោះ ប៉ុន្ដែ​លោក​យល់​ទាំង​ស្រុង​អំពី​អារម្មណ៍​របស់​យើង។—អេសាយ ៤០:២៨

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ដៃ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​យេហូវ៉ា​បាន​ជួយ​អ្នក​ឲ្យ​ធូរ​ស្រាល​ឡើង​វិញ​ពី​ទុក្ខ​លំបាក​ឬ​ទេ? (​អេសាយ ៤១:១០, ១៣​) នេះ​បាន​កើត​ឡើង​ចំពោះ​បង​ស្រី​ឃីយ៉ូកូ​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ម្នាក់។ ក្រោយ​ពី​គាត់​បាន​រើ​ផ្ទះ​ដោយ​សារ​គាត់​បាន​ទទួល​ភារកិច្ច​ថ្មី គាត់​ធ្លាក់​ទឹក​ចិត្ដ​យ៉ាង​ខ្លាំង។ ប៉ុន្ដែ តើ​តាម​របៀប​ណា​បង​ឃីយ៉ូកូ​ដឹង​ថា​ព្រះ​យេហូវ៉ា​យល់​អំពី​បញ្ហា​របស់​គាត់? នៅ​ក្នុង​ក្រុម​ជំនុំ​ថ្មី មាន​បង​ប្អូន​ជា​ច្រើន​ដែល​យល់​អំពី​អារម្មណ៍​របស់​គាត់។ គាត់​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​កំពុង​មាន​ប្រសាសន៍​មក​កាន់​គាត់​ថា ​«​ខ្ញុំ​ស្រឡាញ់​អ្នក មិន​គ្រាន់​តែ​ដោយ​សារ​អ្នក​ជា​អ្នក​ត្រួស​ត្រាយ​ប៉ុណ្ណោះ​ទេ តែ​ដោយ​សារ​អ្នក​ជា​កូន​ស្រី​របស់​ខ្ញុំ ហើយ​បាន​ប្រគល់​ខ្លួន​ជូន​ខ្ញុំ។ ខ្ញុំ​ចង់​ឲ្យ​អ្នក​មាន​អំណរ​ក្នុង​ជីវិត​របស់​អ្នក​ជា​សាក្សី​របស់​ខ្ញុំ!​»។ តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​អ្នក​ថា​«​ប្រាជ្ញា​ញាណ​របស់​ទ្រង់​ក៏​យល់​គ្រប់​ទាំង​អស់​»​?

ព្រះ​យេហូវ៉ា​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ

៩, ១០​. តើ​អ្វី​គឺ​ជា​របៀប​ដ៏​សំខាន់​បំផុត​ដែល​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង? សូម​លើក​ឧទាហរណ៍​មួយ។

យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​អ្វី​ៗ​ដូច​ជា​អាហារ សម្លៀក​បំពាក់ និង​កន្លែង​ស្នាក់​នៅ។ អ្នក​ប្រហែល​ជា​ព្រួយ​បារម្ភ​ថា​អ្នក​នឹង​គ្មាន​អាហារ​គ្រប់​គ្រាន់​ដើម្បី​បរិភោគ​ទេ។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​បាន​បង្កើត​ផែន​ដី​ឲ្យ​ផ្ដល់​អាហារ​គ្រប់​គ្រាន់​សម្រាប់​យើង​ទាំង​អស់​គ្នា សូម្បី​តែ​សម្រាប់​«​កូន​ក្អែក​ដែល​យំ​»​រក​ចំណី​ផង​ដែរ។ (​សូម​អាន ទំនុក​តម្កើង ១៤៧:៨, ៩) បើ​ព្រះ​យេហូវ៉ា​ផ្ដល់​ចំណី​ដល់​សត្វ​ក្អែក យើង​អាច​ប្រាកដ​ថា​លោក​នឹង​ផ្គត់​ផ្គង់​អ្វី​ៗ​ដែល​យើង​ត្រូវ​ការ​ដើម្បី​ចិញ្ចឹម​ជីវិត។—ទំនុក​តម្កើង ៣៧:២៥

១០ សំខាន់​បំផុត ព្រះ​យេហូវ៉ា​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​រក្សា​ជំនឿ​របស់​យើង​ឲ្យ​មាំ​មួន ហើយ​លោក​ឲ្យ​យើង​នូវ​«​សេចក្ដី​សុខ​សាន្ដ​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន​»។ (​ភីលីព ៤:៦, ៧​) បង​ប្រុស​មូតស៊ូអូ​និង​ប្រពន្ធ​របស់​គាត់​បាន​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​គាត់។ នៅ​ឆ្នាំ​២០១១ ពេល​ដែល​មាន​រលក​យក្ស​ស៊ូណាមី​នៅ​ប្រទេស​ជប៉ុន ពួក​គាត់​បាន​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ​របស់​ពួក​គាត់​ដើម្បី​រួច​ផុត​ពី​សេចក្ដី​ស្លាប់។ នៅ​ថ្ងៃ​នោះ ពួក​គាត់​បាន​បាត់​បង់​ស្ទើរតែ​អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គាត់​មាន។ ពេញ​មួយ​យប់​ពួក​គាត់​នៅ​ក្នុង​បន្ទប់​ងងឹត​មួយ​ដែល​ត្រជាក់​នៅ​ជាន់​ទី២​នៃ​ផ្ទះ​របស់​ពួក​គាត់។ លុះ​ដល់​ព្រឹក​ឡើង ពួក​គាត់​បាន​ស្វែង​រក​អ្វី​ដែល​អាច​លើក​ទឹក​ចិត្ដ​ពួក​គាត់។ មាន​តែ​អ្វី​មួយ​ប៉ុណ្ណោះ​ដែល​ពួក​គាត់​បាន​រក​ឃើញ​គឺ​សៀវភៅ​ប្រចាំ​ឆ្នាំ​នៃ​សាក្សី​ព្រះ​យេហូវ៉ា ឆ្នាំ​២០០៦ (​2006 Yearbook of Jehovah’s Witnesses​)។ កាល​ដែល​បង​មូតស៊ូអូ​បាន​បើក​មើល​សៀវភៅ​នោះ គាត់​បាន​ឃើញ​នៅ​ទំព័រ​មួយ​មាន​ចំណង​ជើង​តូច​ថា ​«​កំណត់​ត្រា​នៃ​រលក​យក្ស​ស៊ូណាមី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​បំផុត​»។ នៅ​ក្នុង​នោះ​បាន​រៀប​រាប់​អំពី​រញ្ជួយ​ដី​នៅ​កោះ​ស៊ូម៉ាត្រា​នា​ឆ្នាំ​២០០៤ ដែល​បាន​នាំ​ឲ្យ​មាន​រលក​យក្ស​ស៊ូណាមី។ រលក​យក្ស​ស៊ូណាមី​នោះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​ខ្លាំង​បំផុត​ដែល​មាន​ក្នុង​កំណត់​ត្រា​ពិភព​លោក។ បង​មូតស៊ូអូ​និង​ប្រពន្ធ​របស់​គាត់​បាន​យំ​កាល​ដែល​ពួក​គាត់​អាន​អំពី​បទ​ពិសោធន៍​របស់​បង​ប្អូន។ ពួក​គាត់​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​កំពុង​ផ្ដល់​ឲ្យ​ពួក​គាត់​នូវ​ការ​លើក​ទឹក​ចិត្ដ​ដែល​ពួក​គាត់​ត្រូវ​ការ។ ព្រះ​យេហូវ៉ា​ក៏​បាន​ថែ​រក្សា​ពួក​គាត់​តាម​របៀប​ផ្សេង​ទៀត​ដែរ។ បង​ប្អូន​រួម​ជំនឿ​ដែល​រស់​នៅ​តំបន់​ឯ​ទៀត​នៃ​ប្រទេស​ជប៉ុន បាន​ផ្ដល់​អាហារ​និង​សម្លៀក​បំពាក់​ដល់​ពួក​គាត់។ ប៉ុន្ដែ អ្វី​ដែល​បាន​ពង្រឹង​កម្លាំង​ចិត្ដ​ពួក​គាត់​ច្រើន​បំផុត​គឺ​ពេល​ដែល​មាន​បង​ប្រុស​ៗ​ដែល​អង្គ​ការ​របស់​ព្រះ​បាន​ចាត់​ឲ្យ​មក​ក្រុម​ជំនុំ​របស់​ពួក​គាត់​ដើម្បី​លើក​ទឹក​ចិត្ដ​ពួក​គាត់។ បង​មូតស៊ូអូ​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​នៅ​ជាប់​ជា​មួយ​នឹង​យើង​ម្នាក់​ៗ ហើយ​កំពុង​ថែ​រក្សា​យើង។ នេះ​ពិត​ជា​បាន​សម្រាល​ទុក្ខ​យើង​មែន!​»។ ដំបូង ព្រះ​ផ្ដល់​នូវ​អ្វី​ដែលយើង​ត្រូវ​ការ​ដើម្បី​រក្សា​ជំនឿ​របស់​យើង​ឲ្យ​មាំ​មួន ហើយ​បន្ទាប់​មក​លោក​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​រូប​កាយ​របស់​យើង។

ចូរ​ទទួល​ប្រយោជន៍​ពី​ជំនួយ​ដែល​មក​ពី​ព្រះ

១១​. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ប្រយោជន៍​ពី​ជំនួយ​ដែល​មក​ពី​ព្រះ?

១១ ព្រះ​យេហូវ៉ា​«​ទប់​ទល់[​ឬ​«​ជួយ​គាំ​ទ្រ​»​]មនុស្ស​រាប​សា​»។ លោក​ស្រឡាញ់​យើង ហើយ​ប្រុង​ប្រៀប​ជួយ​យើង​ជា​និច្ច។ (​ទំនុក​តម្កើង ១៤៧:៦​ក; ខ.ស.​) តើ​តាម​របៀប​ណា​យើង​អាច​ទទួល​ប្រយោជន៍​ពី​ជំនួយ​របស់​លោក? យើង​ត្រូវ​មាន​ចំណង​មិត្ដភាព​រឹង​មាំ​ជា​មួយ​នឹង​លោក។ ដើម្បី​មាន​ចំណង​មិត្ដភាព​បែប​នេះ យើង​ត្រូវ​ធ្វើ​ជា​មនុស្ស​រាប​សា​ឬ​សុភាព​រាប​ទាប។ (​សេផានា ២:៣​) ពួក​អ្នក​ដែល​សុភាព​រាប​ទាប​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ដើម្បី​ដោះ​ស្រាយ​អំពើ​អយុត្ដិធម៌​ណា​ក៏​ដោយ​ដែល​ពួក​គេ​ជួប​ប្រទះ ហើយ​ដើម្បី​បំបាត់​ទុក្ខ​វេទនា​របស់​ពួក​គេ។ ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ​នឹង​ពួក​គេ។

១២, ១៣​. (​ក​) ដើម្បី​ទទួល​ប្រយោជន៍​ពី​ជំនួយ​ដែល​មក​ពី​ព្រះ តើ​យើង​គួរ​ជៀស​វាង​ពី​អ្វី? (​ខ​) តើ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ​នឹង​អ្នក​ណា?

១២ ផ្ទុយ​ទៅ​វិញ ព្រះ​«​បង្ក្រាប​ពួក​មនុស្ស​អាក្រក់​ចុះ​ដល់​ដី​»។ (​ទំនុក​តម្កើង ១៤៧:៦​ខ​) យើង​មិន​ចង់​ឲ្យ​នេះ​កើត​ឡើង​ចំពោះ​យើង​ឡើយ! យើង​ចង់​ឲ្យ​ព្រះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​យើង។ ដូច្នេះ យើង​ត្រូវ​ស្អប់​អ្វី​ដែល​លោក​ស្អប់។ (​ទំនុក​តម្កើង ៩៧:១០​) ជា​ឧទាហរណ៍ យើង​ត្រូវ​ស្អប់​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ នេះ​មាន​ន័យ​ថា​យើង​ត្រូវ​ជៀស​វាង​ពី​អ្វី​ណា​ក៏​ដោយ​ដែល​អាច​នាំ​ឲ្យ​យើង​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ រួម​ទាំង​ការ​មើល​រូប​អាសអាភាស​ផង​ដែរ។ (​ទំនុក​តម្កើង ១១៩:៣៧; ម៉ាថាយ ៥:២៨​) នេះ​ប្រហែល​ជា​តម្រូវ​ឲ្យ​យើង​តយុទ្ធ ប៉ុន្ដែ​ការ​ខំ​ប្រឹង​របស់​យើង​នឹង​នាំ​ឲ្យ​យើង​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា។

១៣ ការ​តយុទ្ធ​នេះ ជា​អ្វី​មួយ​ដែល​យើង​មិន​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន​ទេ។ យើង​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា។ បើ​យើង​ពឹង​ផ្អែក​ទៅ​លើ​អ្វី​ៗ​ដែល​មនុស្ស​ឯ​ទៀត​ពឹង​ផ្អែក​ទៅ​លើ​ដើម្បី​ជួយ​ពួក​គេ តើ​លោក​នឹង​ពេញ​ចិត្ដ​ឬ​ទេ? មិន​មែន​ទេ។ ព្រះ​យេហូវ៉ា​«​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​កំឡាំង​នៃ​សេះ​ទេ​»។ តើ​យើង​គួរ​ពឹង​ផ្អែក​ទៅ​លើ​កម្លាំង​របស់​ខ្លួន​ឬ​លើ​អ្នក​ឯ​ទៀត? មិន​មែន​ទេ។ ព្រះ​យេហូវ៉ា​«​ក៏​មិន​ត្រូវ​ការ​នឹង​ជើង​មនុស្ស​ដែរ​»។ (​ទំនុក​តម្កើង ១៤៧:១០​) ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​បន្ដ​អធិដ្ឋាន​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​យើង​យក​ឈ្នះ​ភាព​ទន់​ខ្សោយ​របស់​យើង។ ព្រះ​យេហូវ៉ា​នឹង​មិន​ដែល​ធុញ​ទ្រាន់​នឹង​ស្តាប់​សេចក្ដី​អធិដ្ឋាន​បែប​នេះ​ឡើយ។ ​«​ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​តែ​នឹង​អស់​អ្នក​ដែល​កោត​ខ្លាច​ទ្រង់ ហើយ​នឹង​អស់​អ្នក​ដែល​សង្ឃឹម​ដល់​សេចក្ដី​សប្បុរស​របស់​ទ្រង់​»។ (​ទំនុក​តម្កើង ១៤៧:១១​) ដោយ​សារ​លោក​ស្មោះ​ត្រង់​និង​ស្រឡាញ់​យើង នោះ​យើង​ដឹង​ថា​លោក​នឹង​បន្ដ​ជួយ​យើង​ឲ្យ​យក​ឈ្នះ​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​របស់​យើង។

១៤​. តើ​អ្នក​តែង​ទំនុក​តម្កើង​បាន​ជឿ​ជាក់​អំពី​អ្វី?

១៤ ព្រះ​យេហូវ៉ា​ពង្រឹង​ទំនុក​ចិត្ដ​យើង​ថា​លោក​នឹង​ជួយ​យើង​ពេល​ដែល​យើង​មាន​បញ្ហា។ ពេល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ អ្នក​តែង​ទំនុក​តម្កើង​បាន​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​កំពុង​ជួយ​ពួក​គេ។ អ្នក​តែង​ទំនុក​តម្កើង​បាន​ច្រៀង​ថា​៖ ​«​ទ្រង់​បាន​ធ្វើ​ឲ្យ​រនុក​ទ្វារ​ឯង​បាន​មាំ​មួន​ឡើង ក៏​បាន​ប្រទាន​ពរ​ដល់​កូន​ចៅ​នៅ​កណ្ដាល​ឯង​ដែរ។ ទ្រង់​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​នៅ​ក្នុង​ដែន​ខេត្ដ​របស់​ឯង​»។ (​ទំនុក​តម្កើង ១៤៧:១៣, ១៤​) ការ​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​រនុក​ទ្វារ​បាន​មាំ​មួន​ឡើង​នាំ​ឲ្យ​អ្នក​តែង​ទំនុក​តម្កើង​មាន​អារម្មណ៍​ថា​គាត់​មាន​សុវត្ថិភាព ហើយ​នេះ​បាន​ពង្រឹង​ទំនុក​ចិត្ដ​របស់​គាត់​ថា​ព្រះ​យេហូវ៉ា​នឹង​ការពារ​រាស្ដ្រ​របស់​លោក។

តើ​បណ្ដាំ​របស់​ព្រះ​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច ពេល​យើង​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង​ដោយ​សារទុក្ខ​លំបាក​របស់​យើង? (​សូម​មើល​វគ្គ​១៥​-​១៧​)

១៥​-​១៧​. (​ក​) តើ​យើង​ប្រហែល​ជា​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ទុក្ខ​លំបាក​របស់​យើង ប៉ុន្ដែ​តើ​ព្រះ​យេហូវ៉ា​ប្រើ​បណ្ដាំ​របស់​លោក​ដើម្បី​ជួយ​យើង​យ៉ាង​ដូច​ម្ដេច? (​ខ​) សូម​លើក​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​អំពី​របៀប​ដែល​ព្រះ​ផ្ដល់​ការ​ណែនាំ​ដល់​យើង​យ៉ាង​ឆាប់​រហ័ស។

១៥ អ្នក​ប្រហែល​ជា​ខ្វល់​ខ្វាយ​ដោយ​សារ​បញ្ហា​របស់​អ្នក ប៉ុន្ដែ​ព្រះ​យេហូវ៉ា​អាច​ឲ្យ​អ្នក​នូវ​ប្រាជ្ញា​ដើម្បី​ស៊ូ​ទ្រាំ។ អ្នក​តែង​ទំនុក​តម្កើង​បាន​និយាយ​ថា​ព្រះ​«​ចាត់​ព្រះ​រាជបញ្ជា​មក​លើ​ផែន​ដី ព្រះ​បន្ទូល​ទ្រង់​ក៏​រត់​លឿន​ណាស់​»។ បន្ទាប់​មក អ្នក​តែង​ទំនុក​តម្កើង​នោះ​បាន​រៀប​រាប់​អំពី​ព្រិល ទឹក​សន្សើម​ក​ក និង​ដុំ​ទឹក​ក​ក ហើយ​បាន​សួរ​ថា​៖ ​«​តើ​មាន​អ្នក​ណា​នឹង​ទ្រាំ​ចំពោះ​ពេល​រងា​របស់​ទ្រង់​បាន?​»។ ក្រោយ​មក គាត់​បាន​និយាយ​ថា​ព្រះ​យេហូវ៉ា​«​បញ្ចេញ​ព្រះ​បន្ទូល​ទៅ​រំលាយ​ទាំង​អស់​»។ (​ទំនុក​តម្កើង ១៤៧:១៥​-​១៨​) ព្រះ​របស់​យើង​ដែល​ដឹង​អំពី​អ្វី​ៗ​ទាំង​អស់​និង​ដែល​អាច​ធ្វើ​អ្វី​ណា​ក៏​បាន ហើយ​ដែល​ជា​អ្នក​មាន​អំណាច​លើ​ទឹក​ក​ក​និង​ព្រិល លោក​ប្រាកដ​ជា​អាច​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​នឹង​បញ្ហា​ណា​ក៏​ដោយ​ដែល​អ្នក​មាន។

តើ​អ្នក​ធ្លាប់​ឃើញ​ក្នុង​ជីវិត​របស់​អ្នក​ថា​ព្រះ​យេហូវ៉ា​ផ្ដល់​ការ​ណែនាំ​យ៉ាង​ឆាប់​រហ័ស​ដល់​អ្នក​ឬ​ទេ?

១៦ សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ណែនាំ​យើង​តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ អ្នក​តែង​ទំនុក​តម្កើង​បាន​និយាយ​ថា​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​«​រត់​លឿន​ណាស់​»​ ឬ​លោក​ផ្ដល់​ការ​ណែនាំ​ដល់​យើង​យ៉ាង​ឆាប់​រហ័ស​តាម​ត្រូវ​ពេល​និង​តាម​របៀប​ត្រឹម​ត្រូវ។ សូម​គិត​អំពី​ប្រយោជន៍​ដែល​អ្នក​ទទួល​ពី​គម្ពីរ សៀវភៅ​ផ្សេង​ៗ​ដែល​អ្នក​ទទួល​តាម​រយៈ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ គេហទំព័រ​jw.org JW​ទូរទស្សន៍ ពួក​អ្នក​ចាស់​ទុំ និង​បង​ប្អូន​រួម​ជំនឿ។ (​ម៉ាថាយ ២៤:៤៥​) តើ​អ្នក​ធ្លាប់​ឃើញ​ក្នុង​ជីវិត​របស់​អ្នក​ថា​ព្រះ​យេហូវ៉ា​ផ្ដល់​ការ​ណែនាំ​យ៉ាង​ឆាប់​រហ័ស​ដល់​អ្នក​ឬ​ទេ?

១៧ បង​ស្រី​ស៊ីម៉ូន​បាន​ទទួល​ជំនួយ​ពី​បណ្ដាំ​របស់​ព្រះ។ គាត់​ធ្លាប់​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ​សោះ ហើយ​គាត់​បាន​គិត​ថា​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ដ​នឹង​គាត់​ទេ។ ប៉ុន្ដែ ពេល​ដែល​គាត់​ធ្លាក់​ទឹក​ចិត្ដ គាត់​បន្ដ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​អង្វរ​សុំ​លោក​ឲ្យ​ជួយ។ គាត់​ក៏​បាន​បន្ដ​សិក្សា​គម្ពីរ​ដែរ។ បង​ស៊ីម៉ូន​បាន​និយាយ​ថា​៖ ​«​ទោះ​ជា​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ដ​និង​ផ្ដល់​ការ​ណែនាំ​ដល់​ខ្ញុំ​»។ នេះ​បាន​ជួយ​គាត់​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ជាង។

១៨​. តើ​អ្នក​មាន​មូលហេតុ​អ្វី​ខ្លះ​ដើម្បី​«​សរសើរ​យ៉ា!​»​?

១៨ អ្នក​តែង​ទំនុក​តម្កើង​បាន​ដឹង​ថា ពី​ចំណោម​ប្រជា​ជាតិ​ទាំង​ឡាយ​នៅ​ផែន​ដី ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ប្រជា​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ​ដើម្បី​ធ្វើ​ជា​រាស្ដ្រ​របស់​លោក។ ពួក​គេ​គឺ​ជា​ប្រជា​ជាតិ​តែ​មួយ​គត់​ដែល​បាន​ទទួល​«​ព្រះ​បន្ទូល​»​ និង​«​បញ្ញត្ដ​»​របស់​លោក។ (​សូម​អាន ទំនុក​តម្កើង ១៤៧:១៩, ២០) សព្វ​ថ្ងៃ​នេះ យើង​មាន​កិត្ដិ​យស​ដ៏​ខ្ពង់​ខ្ពស់​ដែល​បាន​ត្រូវ​ហៅ​ដោយ​នាម​របស់​ព្រះ។ យើង​មាន​ចិត្ដ​កតញ្ញូ​ដែល​យើង​ស្គាល់​លោក ដែល​យើង​មាន​បណ្ដាំ​របស់​លោក​ដើម្បី​ណែនាំ​យើង និង​ដែល​យើង​អាច​មាន​ចំណង​មិត្ដភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក។ ដូច​អ្នក​សរសេរ​ទំនុក​តម្កើង ១៤៧ អ្នក​មាន​មូលហេតុ​ជា​ច្រើន​ដើម្បី​«​សរសើរ​យ៉ា!​»​ ហើយ​ដើម្បី​លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។