លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​មាន​ចិត្ដ​អាណិត​មេត្ដា​ចំពោះ​«​មនុស្ស​គ្រប់​ប្រភេទ​»​

ចូរ​មាន​ចិត្ដ​អាណិត​មេត្ដា​ចំពោះ​«​មនុស្ស​គ្រប់​ប្រភេទ​»​

ពេល​លោក​យេស៊ូ​បង្រៀន​អ្នក​កាន់​តាម​លោក​អំពី​របៀប​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ លោក​បាន​ព្រមាន​ពួក​គេ​ថា​មនុស្ស​នឹង​មិន​តែង​តែ​ចង់​ស្តាប់​ពួក​គេ​ឡើយ។ (​លូកា ១០:៣, ៥, ៦​) នេះ​គឺ​ស្រដៀង​គ្នា​នឹង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង។ មនុស្ស​ខ្លះ​ដែល​យើង​ជួប​ប្រហែល​ជា​ប្រព្រឹត្ដ​មិន​គួរ​សម ឬ​ថែម​ទាំង​ជា​មនុស្ស​ដែល​ឆេវ​ឆាវ​ទៀត​ផង។ ម្យ៉ាង​ទៀត ពេល​ពួក​គេ​មាន​ប្រតិកម្ម​បែប​នេះ គឺ​ប្រហែល​ជា​ពិបាក​ឲ្យ​យើង​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា​និង​ចង់​ផ្សព្វ​ផ្សាយ​ដល់​ពួក​គេ។

បុគ្គល​ដែល​មាន​ចិត្ដ​អាណិត​មេត្ដា​កត់​សម្គាល់​អំពី​សេចក្ដី​ត្រូវ​ការ​និង​បញ្ហា​របស់​អ្នក​ឯ​ទៀត អាណិត​អាសូរ​ចំពោះ​ពួក​គេ ហើយ​ចង់​ជួយ​ពួក​គេ។ ប៉ុន្ដែ តើ​អ្វី​នឹង​កើត​ឡើង​បើ​យើង​បាត់​បង់​ចិត្ដ​អាណិត​មេត្ដា​របស់​យើង​ចំពោះ​មនុស្ស​ដែល​យើង​ជួប​ក្នុង​កិច្ច​បម្រើ​ផ្សាយ? យើង​នឹង​បាត់​បង់​ចិត្ដ​ខ្នះ​ខ្នែង ពោល​គឺ​យើង​នឹង​មិន​សូវ​មាន​ចិត្ដ​ចង់​ផ្សព្វ​ផ្សាយ​ដល់​ពួក​គេ ហើយ​យើង​នឹង​មិន​អាច​ជួយ​ពួក​គេ​ផង​ដែរ។ យើង​អាច​ប្រៀប​ប្រដូច​ចិត្ដ​ខ្នះ​ខ្នែង​របស់​យើង​ទៅ​នឹង​ភ្លើង។ ដើម្បី​ឲ្យ​ភ្លើង​ឆេះ​ខ្លាំង គឺ​ត្រូវ​ថែម​ឧស។ ស្រដៀង​គ្នា​ដែរ ដើម្បី​ឲ្យ​ចិត្ដ​ខ្នះ​ខ្នែង​របស់​យើង​មាន​កាន់​តែ​ខ្លាំង​ឡើង យើង​ត្រូវ​មាន​ចិត្ដ​អាណិត​មេត្ដា!—ថែស្សាឡូនិច​ទី១ ៥:១៩

សូម្បី​តែ​ពិបាក​ឲ្យ​យើង​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា​ក្ដី តើ​យើង​អាច​រៀន​ឲ្យ​មាន​ចិត្ដ​អាណិត​មេត្ដា​ថែម​ទៀត​តាម​របៀប​ណា? សូម​យើង​ពិចារណា​អំពី​គំរូ​បី​ដែល​យើង​អាច​ធ្វើ​តាម គឺ​ព្រះ​យេហូវ៉ា លោក​យេស៊ូ និង​សាវ័ក​ប៉ូល។

ចូរ​យក​តម្រាប់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្ហាញ​សេចក្ដី​អាណិត​មេត្ដា

អស់​រាប់​ពាន់​ឆ្នាំ​មក​ហើយ មនុស្ស​បាន​និយាយ​កុហក​អំពី​ព្រះ​យេហូវ៉ា។ ប៉ុន្ដែ លោក​នៅ​តែ​«​មាន​ចិត្ដ​សប្បុរស​ចំពោះ​មនុស្ស​រមិល​គុណ​និង​មនុស្ស​ទុច្ចរិត​»។ (​លូកា ៦:៣៥​) តើ​លោក​បង្ហាញ​ចិត្ដ​សប្បុរស​យ៉ាង​ដូច​ម្ដេច? លោក​អត់​ធ្មត់​ចំពោះ​មនុស្ស​ទាំង​អស់។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​«​មនុស្ស​គ្រប់​ប្រភេទ​»​ទទួល​សេចក្ដី​សង្គ្រោះ។ (​ធីម៉ូថេ​ទី១ ២:៣, ៤​) ទោះ​ជា​ព្រះ​ស្អប់​អំពើ​អាក្រក់​ក៏​ដោយ មនុស្ស​មាន​តម្លៃ​ចំពោះ​លោក ហើយ​លោក​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ស្លាប់​ឡើយ។—ពេត្រុស​ទី២ ៣:៩

ព្រះ​យេហូវ៉ា​ដឹង​ថា​សាថាន​ពូកែ​ធ្វើ​ឲ្យ​មនុស្ស​ជឿ​ពាក្យ​កុហក​របស់​វា។ (​កូរិនថូស​ទី២ ៤:៣, ៤​) មនុស្ស​ជា​ច្រើន​បាន​ត្រូវ​គេ​បង្រៀន​សេចក្ដី​ភូត​ភរ​អំពី​ព្រះ តាំង​ពី​ពួក​គេ​នៅ​ក្មេង។ ដូច្នេះ របៀប​គិត​គូរ​និង​អារម្មណ៍​របស់​ពួក​គេ​ប្រហែល​ជា​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ទទួល​យក​សេចក្ដី​ពិត។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​ចង់​ជួយ​ពួក​គេ។ ហេតុ​អ្វី​យើង​ដឹង​ដូច្នេះ?

ជា​ឧទាហរណ៍ សូម​គិត​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្ស​នៅ​ក្រុង​នីនីវេ។ ទោះ​ជា​ពួក​គេ​ជា​មនុស្ស​ឃោរ​ឃៅ​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​យ៉ូណាស​ថា​៖ ​«​តើ​មិន​គួរ​ឲ្យ​អញ​អាល័យ​ចំពោះ​ក្រុង​នីនីវេ ជា​ទីក្រុង​យ៉ាង​ធំ​នេះ ដែល​មាន​មនុស្ស​ជាង​១​សែន​២​ម៉ឺន​នាក់ ជា​ពួក​អ្នក​ដែល​មិន​ស្គាល់​ស្ដាំ មិន​ស្គាល់​ឆ្វេង​សោះ?​»។ (​យ៉ូណាស ៤:១១​) ព្រះ​យេហូវ៉ា​មាន​ចិត្ដ​អាណិត​អាសូរ​ចំពោះ​មនុស្ស​ទាំង​នោះ​ដែល​មិន​ស្គាល់​សេចក្ដី​ពិត​អំពី​លោក។ ដូច្នេះ លោក​បាន​ចាត់​យ៉ូណាស​ឲ្យ​ទៅ​ព្រមាន​ពួក​គេ។

យើង​មាន​អារម្មណ៍​ដូច​ព្រះ​យេហូវ៉ា​មាន​ចំពោះ​មនុស្ស ពោល​គឺ​ពួក​គេ​មាន​តម្លៃ។ ដូច​ព្រះ​យេហូវ៉ា យើង​ចង់​ជួយ​ពួក​គេ​ឲ្យ​រៀន​អំពី​លោក ទោះ​ជា​តាម​មើល​ទៅ​ពួក​គេ​នឹង​មិន​ព្រម​ទទួល​សេចក្ដី​ពិត​ក៏​ដោយ។

ចូរ​យក​តម្រាប់​លោក​យេស៊ូ​ក្នុង​ការ​បង្ហាញ​សេចក្ដី​អាណិត​មេត្ដា

ដូច​បិតា​របស់​លោក លោក​យេស៊ូ​មាន​ចិត្ដ​អាណិត​អាសូរ​ចំពោះ​មនុស្ស​«​ពី​ព្រោះ​ពួក​គេ​បាន​ត្រូវ​គេ​ធ្វើ​ទុក្ខ និង​ទុក​ចោល​ឲ្យ​នៅ​រាត់​រាយ​ដូច​សត្វ​ចៀម​ដែល​គ្មាន​គង្វាល​»។ (​ម៉ាថាយ ៩:៣៦​) លោក​យេស៊ូ​បាន​យល់​អំពី​មូលហេតុ​ដែល​ពួក​គេ​ស្ថិត​ក្នុង​ស្ថានភាព​នោះ។ នេះ​គឺ​ដោយ​សារ​ពួក​អ្នក​ដឹក​នាំ​សាសនា​បាន​ប្រព្រឹត្ដ​យ៉ាង​អាក្រក់​មក​លើ​ពួក​គេ ហើយ​បាន​បង្រៀន​ពួក​គេ​នូវ​សេចក្ដី​ភូត​ភរ។ ម្យ៉ាង​ទៀត សូម្បី​តែ​លោក​យេស៊ូ​បាន​ដឹង​ថា​មនុស្ស​ជា​ច្រើន​ដែល​បាន​មក​ស្តាប់​លោក​នឹង​មិន​ទៅ​ជា​អ្នក​កាន់​តាម​លោក​ដោយ​សារ​មូលហេតុ​ផ្សេង​ៗ ក៏​លោក​នៅ​តែ​បង្រៀន​ពួក​គេ​នូវ​អ្វី​ៗ​ជា​ច្រើន។—ម៉ាកុស ៤:១​-​៩

បើ​បុគ្គល​ណា​ម្នាក់​មិន​ចង់​ស្តាប់​ដំណឹង​ដែល​យើង​ផ្សាយ​នៅ​លើក​ដំបូង សូម​កុំ​ធ្លាក់​ទឹក​ចិត្ដ​ឡើយ

ពេល​ស្ថានភាព​ក្នុង​ជីវិត​ផ្លាស់​ប្ដូរ មនុស្ស​ប្រហែល​ជា​មាន​ប្រតិកម្ម​ផ្សេង​ចំពោះ​សេចក្ដី​ពិត

ពេល​មនុស្ស​មាន​ប្រតិកម្ម​មិន​ល្អ​ចំពោះ​ដំណឹង​ដែល​យើង​ផ្សាយ យើង​ត្រូវ​ព្យាយាម​ស្វែង​យល់​អំពី​មូលហេតុ​ដែល​ពួក​គេ​មាន​ប្រតិកម្ម​ដូច្នេះ។ ប្រហែល​ជា​ពួក​គេ​មាន​ទស្សនៈ​មិន​ល្អអំពី​គម្ពីរ ឬ​អំពី​គ្រិស្ដ​សាសនិក ដោយ​សារ​ពួក​គេ​បាន​ឃើញ​ថា​មនុស្ស​ខ្លះ​ដែល​ហៅ​ខ្លួន​ថា​ជា​គ្រិស្ដ​សាសនិក​ធ្វើ​អ្វី​ៗ​ដ៏​អាក្រក់។ អ្នក​ឯ​ទៀត​ប្រហែល​ជា​បាន​ឮ​ពាក្យ​ភូត​ភរ​អំពី​សេចក្ដី​បង្រៀន​របស់​យើង។ ប៉ុន្ដែ អ្នក​ខ្លះ​ទៀត​ប្រហែល​ជា​ខ្លាច​ថា​សាច់​ញាតិ ឬ​មនុស្ស​ដែល​មក​ពី​សហគមន៍​របស់​ពួក​គេ​នឹង​សើច​ចំអក​ពួក​គេ​បើ​ពួក​គេ​និយាយ​រក​យើង។

មនុស្ស​ខ្លះ​ដែល​យើង​ជួប​ប្រហែល​ជា​ធ្លាប់​ឆ្លង​កាត់​រឿង​ដ៏​ខ្លោច​ផ្សា​ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ពួក​គេ។ ជា​ឧទាហរណ៍ បង​ស្រី​ឃីម​ដែល​ជា​សាសនទូត​ម្នាក់​និយាយ​ថា មនុស្ស​ជា​ច្រើន​ក្នុង​តំបន់​ផ្សាយ​របស់​គាត់​ធ្លាប់​ឆ្លង​កាត់​សង្គ្រាម ហើយ​ពួក​គេ​បាន​បាត់​បង់​អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គេ​មាន។ ហេតុ​នេះ​ហើយ ពួក​គេ​គ្មាន​សេចក្ដី​សង្ឃឹម​សម្រាប់​អនាគត​ទេ។ ពួក​គេ​ខក​ចិត្ដ​និង​ខឹង ហើយ​មិន​ទុក​ចិត្ដ​អ្នក​ណា​ឡើយ។ មនុស្ស​នៅ​ក្នុង​តំបន់​ផ្សាយ​នោះ ច្រើន​តែ​ព្យាយាម​បញ្ឈប់​សាក្សី​ព្រះ​យេហូវ៉ា​មិន​ឲ្យ​ផ្សព្វ​ផ្សាយ។ នៅ​ពេល​មួយ បង​ឃីម​ថែម​ទាំង​បាន​ត្រូវ​គេ​ធ្វើ​បាប​កាល​ដែល​គាត់​ផ្សព្វ​ផ្សាយ។

តើ​បង​ឃីម​រក្សា​ចិត្ដ​អាណិត​មេត្ដា​យ៉ាង​ដូច​ម្ដេច សូម្បី​តែ​នៅ​ពេល​ដែល​មនុស្ស​ប្រព្រឹត្ដ​អាក្រក់​មក​លើ​គាត់? គាត់​តែង​តែ​ព្យាយាម​នឹក​ចាំ​បទ​គម្ពីរ​នៅ​សុភាសិត ១៩:១១​ដែល​ចែង​ថា​៖ ​«​សតិបញ្ញា​របស់​មនុស្ស​នឹង​នាំ​ឲ្យ​យឺត​នឹង​ខឹង​»។ ពេល​គាត់​គិត​អំពី​បញ្ហា​ដែល​មនុស្ស​ក្នុង​តំបន់​ផ្សាយ​របស់​គាត់​បាន​ឆ្លង​កាត់ នោះ​ជួយ​គាត់​ឲ្យ​មាន​ចិត្ដ​អាណិត​មេត្ដា​ចំពោះ​ពួក​គេ។ ម្យ៉ាង​ទៀត ក្នុង​កិច្ច​បម្រើ​ផ្សាយ គាត់​ក៏​ជួប​មនុស្ស​រួស​រាយ​រាក់​ទាក់​ដែរ។ នៅ​តំបន់​ផ្សាយ​នោះ គាត់​មាន​ការ​ត្រឡប់​ទៅ​ជួប​ខ្លះ​ដ៏​ល្អ។

យើង​អាច​សួរ​ខ្លួន​យើង​ថា ‹បើ​ខ្ញុំ​មិន​ស្គាល់​សេចក្ដី​ពិត តើ​ខ្ញុំ​នឹង​ប្រព្រឹត្ដ​យ៉ាង​ណា​ពេល​សាក្សី​ព្រះ​យេហូវ៉ា​មក​ផ្សព្វ​ផ្សាយ​ដល់​ខ្ញុំ?›។ ជា​ឧទាហរណ៍ ចុះ​យ៉ាង​ណា​បើ​យើង​បាន​ឮ​ការ​ភូត​ភរ​ជា​ច្រើន​អំពី​សាក្សី? យើង​ក៏​ប្រហែល​ជា​នឹង​មាន​ប្រតិកម្ម​មិន​ល្អ ហើយ​នឹង​ត្រូវ​ការ​ឲ្យ​អ្នក​ឯ​ទៀត​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា​ចំពោះ​យើង​ដែរ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​យើង​ត្រូវ​ប្រព្រឹត្ដ​ចំពោះ​អ្នក​ឯ​ទៀត​ដូច​យើង​ចង់​ឲ្យ​ពួក​គេ​ប្រព្រឹត្ដ​មក​លើ​យើង​ដែរ។ ដូច្នេះ យើង​ត្រូវ​ព្យាយាម​យល់​អារម្មណ៍​របស់​អ្នក​ឯ​ទៀត ហើយ​បង្ហាញ​ចិត្ដ​អត់​ធ្មត់​ចំពោះ​ពួក​គេ ទោះ​ជា​ការ​ធ្វើ​ដូច្នេះ​គឺ​ពិបាក​ក្ដី។—ម៉ាថាយ ៧:១២

ចូរ​យក​តម្រាប់​ប៉ូល​ក្នុង​ការ​បង្ហាញ​សេចក្ដី​អាណិត​មេត្ដា

សាវ័ក​ប៉ូល​បាន​បង្ហាញ​សេចក្ដី​អាណិត​មេត្ដា​ចំពោះ​មនុស្ស ទោះ​ជា​ពួក​គេ​បាន​ប្រព្រឹត្ដ​យ៉ាង​ឃោរ​ឃៅ​ពេល​គាត់​ផ្សព្វ​ផ្សាយ​ក្ដី។ ហេតុ​អ្វី? ពី​ព្រោះ​គាត់​បាន​នឹក​ចាំ​ថា​គាត់​ក៏​ធ្លាប់​ប្រព្រឹត្ដ​ដូច្នោះ​ដែរ។ គាត់​បាន​និយាយ​ថា​៖ ‹ខ្ញុំ​ធ្លាប់​ជា​អ្នក​ប្រមាថ​ព្រះ ជា​អ្នក​បៀត​បៀន​រាស្ដ្រ​របស់​លោក និង​ជា​មនុស្ស​ព្រហើន។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​បាន​ទទួល​សេចក្ដី​មេត្ដា​ករុណា ពី​ព្រោះ​ខ្ញុំ​ធ្លាប់​ល្ងង់​ខ្លៅ ហើយ​បាន​ប្រព្រឹត្ដ​ដោយ​គ្មាន​ជំនឿ›។ (​ធីម៉ូថេ​ទី១ ១:១៣​) ប៉ូល​ដឹង​ថា​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​គាត់។ គាត់​អាច​យល់​អំពី​អារម្មណ៍​របស់​មនុស្ស​ដែល​ចង់​បញ្ឈប់​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​គាត់ ដោយ​សារ​គាត់​ធ្លាប់​មាន​អារម្មណ៍​ដូច​ពួក​គេ​ដែរ។

នៅ​ពេល​ខ្លះ ប៉ូល​បាន​ជួប​មនុស្ស​ដែល​មាន​ជំនឿ​មុត​មាំ​ទៅ​លើ​សេចក្ដី​បង្រៀន​មិន​ពិត។ តើ​នេះ​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា? សកម្មភាព ១៧:១៦​ចែង​ថា​កាល​ដែល​គាត់​នៅ​ក្រុង​អាថែន គាត់​«​ចាប់​ផ្ដើម​ទើស​ចិត្ដ​ដោយ​សារ​ឃើញ​ថាក្រុង​នោះ​ពេញ​ទៅ​ដោយ​រូប​ព្រះ​»។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ប៉ូល​បាន​ប្រើ​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​គាត់​ទើស​ចិត្ដ​ដើម្បី​បង្រៀន​មនុស្ស។ (​សកម្មភាព ១៧:២២, ២៣​) គាត់​បាន​កែ​ប្រែ​ពាក្យ​ផ្សាយ ហើយ​គាត់​បាន​និយាយ​តាម​របៀប​ផ្សេង​ៗ​ទៅ​កាន់​មនុស្ស​ដែល​មាន​ប្រវត្ដិ​ខុស​ៗ​គ្នា ដើម្បី​គាត់​«​អាច​សង្គ្រោះ​ពួក​គេ​ខ្លះ​តាម​គ្រប់​មធ្យោបាយ​ទាំង​អស់​»។—កូរិនថូស​ទី១ ៩:២០​-​២៣

ពេល​យើង​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​មាន​ប្រតិកម្ម​មិន​ល្អ ឬ​មាន​ជំនឿ​លើ​សេចក្ដី​បង្រៀន​មិន​ពិត យើង​អាច​ធ្វើ​អ្វី​ដូច​ដែល​ប៉ូល​បាន​ធ្វើ។ យើង​អាច​ប្រើ​អ្វី​ដែល​យើង​ស្គាល់​អំពី​ពួក​គេ ដើម្បី​ជួយ​ពួក​គេ​ឲ្យ​រៀន​អំពី​«​ដំណឹង​ល្អ​ពី​ការ​ប្រសើរ​»។ (​អេសាយ ៥២:៧​) បង​ស្រី​ដ័ររ៉ឺធី​និយាយ​ថា​៖ ​«​ក្នុង​តំបន់​ផ្សាយ​របស់​យើង មនុស្ស​ជា​ច្រើន​បាន​ត្រូវ​បង្រៀន​ថា​ព្រះ​គ្មាន​មេត្ដា​និង​ចាំ​តែ​ដាក់​ទោស​មនុស្ស។ ខ្ញុំ​សរសើរ​មនុស្ស​បែប​នេះ​ដែល​មាន​ជំនឿ​ដ៏​មុត​មាំ​ទៅ​លើ​ព្រះ ហើយ​រួច​មក​ខ្ញុំ​ណែនាំ​ពួក​គេ​ឲ្យ​មើល​អ្វី​ដែល​គម្ពីរ​ចែង​អំពី​គុណ​សម្បត្ដិ​របស់​ព្រះ​យេហូវ៉ា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​អំពី​សេចក្ដី​សន្យា​របស់​លោក​សម្រាប់​ថ្ងៃ​អនាគត​»។

​«​ចូរ​បន្ដ​ឈ្នះ​សេចក្ដី​អាក្រក់​ដោយ​សេចក្ដី​ល្អ​»​

កាល​ដែល​ទី​បញ្ចប់​កាន់​តែ​ជិត​មក​ដល់ យើង​អាច​រំពឹង​ថា​ចិត្ដ​គំនិត​របស់​មនុស្ស​ខ្លះ​នឹង​«​កាន់​តែ​អាក្រក់​ទៅ​ៗ​»។ (​ធីម៉ូថេ​ទី២ ៣:១, ១៣​) ប៉ុន្ដែ យើង​មិន​គួរ​បាត់​បង់​ចិត្ដ​អាណិត​មេត្ដា​ឬ​អំណរ​របស់​យើង​ដោយ​សារ​ប្រតិកម្ម​របស់​ពួក​គេ​ឡើយ។ ព្រះ​យេហូវ៉ា​អាច​ផ្ដល់​កម្លាំង​ឲ្យ​យើង​ដើម្បី​«​បន្ដ​ឈ្នះ​សេចក្ដី​អាក្រក់​ដោយ​សេចក្ដី​ល្អ​»។ (​រ៉ូម ១២:២១​) បង​ស្រី​ម្នាក់​ឈ្មោះ​ជេស៊ីកា​ដែល​ជា​អ្នក​ត្រួស​ត្រាយ​និយាយ​ថា​គាត់​ច្រើន​តែ​ជួប​មនុស្ស​ដែល​មាន​អំណួត ហើយ​ដែល​ចំអក​មើល​ងាយ​យើង​និង​ដំណឹង​ដែល​យើង​ផ្សាយ។ គាត់​បន្ថែម​ថា​៖ ​«​នេះ​អាច​ធ្វើ​ឲ្យ​យើង​ធុញ​ទ្រាន់។ ពេល​ខ្ញុំ​ចាប់​ផ្ដើម​ការ​សន្ទនា ខ្ញុំ​អធិដ្ឋាន​ក្នុង​ចិត្ដ​ទៅ​ព្រះ​យេហូវ៉ា ហើយ​សុំ​ជំនួយ​ពី​លោក​ដើម្បី​មាន​ទស្សនៈ​ដូច​លោក​ចំពោះ​អ្នក​នោះ​»។ នេះ​ជួយ​បង​ជេស៊ីកា​មិន​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អារម្មណ៍​របស់​គាត់ ប៉ុន្ដែ​ជួយ​គាត់​ឲ្យ​គិត​អំពី​របៀប​ជួយ​អ្នក​ឯ​ទៀត។

យើង​បន្ដ​ស្វែង​រក​អស់​អ្នក​ដែល​ចង់​ទទួល​យក​សេចក្ដី​ពិត

យូរ​ៗ​ទៅ មនុស្ស​ខ្លះ​នឹង​ព្រម​ទទួល​ជំនួយ​ពី​យើង​ហើយ​រៀន​សេចក្ដី​ពិត

យើង​ក៏​គួរ​ព្យាយាម​លើក​ទឹក​ចិត្ដ​បង​ប្អូន​របស់​យើង កាល​ដែល​យើង​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​ពួក​គេ។ បង​ជេស៊ីកា​និយាយ​ថា ពេល​គាត់​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​បង​ប្អូន​ឯ​ទៀត ហើយ​មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ដែល​ជួប​មនុស្ស​ដែល​មាន​ប្រតិកម្ម​មិន​ល្អ បង​ជេស៊ីកា​ព្យាយាម​មិន​ផ្ដោត​អារម្មណ៍​ទៅ​លើ​រឿង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​និយាយ​អំពី​អ្វី​ល្អ​ៗ ដូច​ជា​លទ្ធផល​ល្អ​ដែល​មក​ពី​កិច្ច​បម្រើ​ផ្សាយ​របស់​យើង ទោះ​ជា​អ្នក​ខ្លះ​មាន​ប្រតិកម្ម​មិន​ល្អ​ក្ដី។

ព្រះ​យេហូវ៉ា​ដឹង​ច្បាស់​ថា នៅ​ពេល​ខ្លះ​យើង​ពិបាក​ផ្សព្វ​ផ្សាយ។ ប៉ុន្ដែ លោក​សប្បាយ​រីក​រាយ​ណាស់​ពេល​ដែល​យើង​យក​តម្រាប់​លោក​ក្នុង​ការ​បង្ហាញ​សេចក្ដី​អាណិត​មេត្ដា! (​លូកា ៦:៣៦​) ព្រះ​យេហូវ៉ា​នឹង​មិន​បង្ហាញ​ចិត្ដ​អត់​ធ្មត់​និង​ចិត្ដ​អាណិត​មេត្ដា​ចំពោះ​មនុស្ស​ក្នុង​ពិភព​លោក​នេះ​ជា​រៀង​រហូត​ទេ។ យើង​អាច​ប្រាកដ​ថា​លោក​ដឹង​ច្បាស់​អំពី​ពេល​ដែល​ទី​បញ្ចប់​ត្រូវ​មក​ដល់។ ទម្រាំ​ដល់​ពេល​នោះ យើង​គួរ​ចាត់​ទុក​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង​ថា​ជា​កិច្ច​ការ​បន្ទាន់។ (​ធីម៉ូថេ​ទី២ ៤:២​) ដូច្នេះ សូម​ឲ្យ​យើង​បន្ដ​ផ្សព្វ​ផ្សាយ​ដោយ​ចិត្ដ​ខ្នះ​ខ្នែង និង​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា​ចំពោះ​«​មនុស្ស​គ្រប់​ប្រភេទ​»។