តើភ្នែករបស់អ្នកសម្លឹងមើលអ្វី?
«ឱព្រះដែលគង់នៅស្ថានសួគ៌អើយ ទូលបង្គំងើបភ្នែកមើលដល់ទ្រង់ដោយសង្ឃឹម»។—ទំនុកតម្កើង ១២៣:១
១, ២. តើការសម្លឹងមើលទៅព្រះយេហូវ៉ាមានន័យយ៉ាងណា?
យើងកំពុងរស់នៅគ្រា«លំបាកណាស់»។ (ធីម៉ូថេទី២ ៣:១) ជីវិតនឹងកាន់តែពិបាកទៅៗរហូតដល់ពេលដែលព្រះយេហូវ៉ាបំផ្លាញពិភពលោកដ៏អាក្រក់នេះ ហើយនាំមកនូវសេចក្ដីសុខសាន្ដពិតប្រាកដលើផែនដី។ ហេតុនេះ យើងគួរសួរខ្លួនយើងថា ‹តើខ្ញុំសម្លឹងមើលឬរកជំនួយនិងការណែនាំពីអ្នកណា?›។ យើងប្រហែលជាឆ្លើយភ្លាមថាពី«ព្រះយេហូវ៉ា» ហើយនេះជាចម្លើយដ៏ល្អបំផុត។
២ តើការសម្លឹងមើលទៅព្រះយេហូវ៉ាមានន័យយ៉ាងណា? តើតាមរបៀបណាយើងអាចធ្វើឲ្យប្រាកដថាយើងបន្ដសម្លឹងមើលលោកពេលយើងមានបញ្ហា? ដើម្បីដឹងថាយើងត្រូវសម្លឹងមើលទៅព្រះយេហូវ៉ាដល់កម្រិតណាពេលយើងត្រូវការជំនួយ សូមគិតអំពីអ្វីដែលអ្នកសរសេរគម្ពីរម្នាក់បានពន្យល់។ (សូមអាន ទំនុកតម្កើង ១២៣:១-៤) គាត់បាននិយាយថាពេលយើងសម្លឹងមើលទៅព្រះយេហូវ៉ា យើងប្រៀបដូចជាអ្នកបម្រើម្នាក់ដែលសម្លឹងមើលទៅម្ចាស់របស់ខ្លួន។ តើតាមរបៀបណា? អ្នកបម្រើសម្លឹងមើលឬពឹងផ្អែកលើម្ចាស់របស់គាត់ដើម្បីបានម្ហូបអាហារ ហើយទទួលការការពារ។ ប៉ុន្ដែ គាត់ក៏ ត្រូវសង្កេតមើលម្ចាស់របស់គាត់ជានិច្ចដើម្បីដឹងអំពីអ្វីដែលម្ចាស់របស់គាត់ចង់ឲ្យគាត់ធ្វើ ហើយក្រោយមកគាត់ត្រូវធ្វើអ្វីនោះ។ ស្រដៀងគ្នាដែរ រាល់ថ្ងៃយើងត្រូវសិក្សាបណ្ដាំរបស់ព្រះយេហូវ៉ាយ៉ាងយកចិត្ដទុកដាក់ ដើម្បីដឹងអំពីអ្វីដែលលោកចង់ឲ្យយើងធ្វើ ហើយក្រោយមកយើងត្រូវធ្វើអ្វីនោះ។ យ៉ាងនេះយើងអាចធ្វើឲ្យប្រាកដថាព្រះយេហូវ៉ានឹងជួយយើងពេលយើងត្រូវការជំនួយ។—អេភេសូរ ៥:១៧
៣. តើអ្វីអាចបំបែរអារម្មណ៍យើងពីការសម្លឹងមើលទៅព្រះយេហូវ៉ា?
៣ ទោះជាយើងដឹងថាយើងត្រូវសម្លឹងមើលទៅព្រះយេហូវ៉ាជានិច្ចក្ដី ជួនកាលយើងប្រហែលជាឲ្យអ្វីផ្សេងបំបែរអារម្មណ៍យើង។ នេះជាអ្វីដែលបានកើតឡើងដល់ម៉ាថាដែលជាមិត្ដជិតស្និទ្ធរបស់លោកយេស៊ូ។ គាត់បានត្រូវបំបែរអារម្មណ៍ឬ«រវល់ធ្វើកិច្ចការជាច្រើន»។ (លូកា ១០:៤០-៤២) បើបុគ្គលដ៏ស្មោះត្រង់ម្នាក់ដូចម៉ាថាបានត្រូវបំបែរអារម្មណ៍ទោះជាលោកយេស៊ូនៅក្បែរគាត់ក៏ដោយ យើងមិនគួរភ្ញាក់ផ្អើលទេដែលយើងក៏អាចត្រូវបំបែរអារម្មណ៍ដែរ។ ដូច្នេះ តើអ្វីអាចបំបែរអារម្មណ៍យើងពីការសម្លឹងមើលទៅព្រះយេហូវ៉ា? ក្នុងអត្ថបទនេះយើងនឹងពិចារណាអំពីរបៀបដែលយើងអាចត្រូវបំបែរអារម្មណ៍ដោយសារការប្រព្រឹត្ដរបស់អ្នកឯទៀត។ ម្យ៉ាងទៀត យើងនឹងរៀនអំពីរបៀបដែលយើងអាចបន្ដសម្លឹងមើលទៅព្រះយេហូវ៉ា។
បុរសដ៏ស្មោះត្រង់ម្នាក់បានបាត់បង់ឯកសិទ្ធិ
៤. ហេតុអ្វីការដឹងថាម៉ូសេបានបាត់បង់ឯកសិទ្ធិចូលស្រុកដែលព្រះបានសន្យាប្រហែលជាធ្វើឲ្យយើងភ្ញាក់ផ្អើល?
៤ ម៉ូសេជាបុគ្គលដែលពិតជាបានសម្លឹងមើលទៅព្រះយេហូវ៉ាដើម្បីទទួលការណែនាំពីលោក។ គម្ពីរចែងថា៖ «គាត់បន្ដស៊ូទ្រាំយ៉ាងអត់ធ្មត់ ហាក់ដូចជាមើលឃើញលោកដែលមនុស្សមើលពុំឃើញ»។ (សូមអាន ហេប្រឺ ១១:២៤-២៧) គម្ពីរក៏ចែងដែរថា៖ «មិនដែលកើតមានហោរាណាមួយក្នុងពួកអ៊ីស្រាអែលឲ្យដូចជាម៉ូសេ ដែលព្រះយេហូវ៉ាទ្រង់ស្គាល់ប្រទល់មុខដូច្នេះឡើយ»។ (ចោទិយកថា ៣៤:១០) ទោះជាម៉ូសេជាមិត្ដជិតស្និទ្ធរបស់ព្រះយេហូវ៉ាក៏ដោយ គាត់បានបាត់បង់ឯកសិទ្ធិចូលក្នុងស្រុកដែលព្រះបានសន្យា។ (ជនគណនា ២០:១២) តើអ្វីបានកើតឡើង?
៥-៧. តើអ្វីបានកើតឡើងមិនយូរក្រោយពីជនជាតិអ៊ីស្រាអែលបានចាកចេញពីស្រុកអេស៊ីប ហើយតើម៉ូសេបានធ្វើអ្វី?
៥ មិនដល់ពីរខែក្រោយពីជនជាតិអ៊ីស្រាអែលបានចាកចេញពីស្រុកអេស៊ីប និងមុនពួកគេទៅដល់ភ្នំស៊ីណាយ មានបញ្ហាមួយបានកើតឡើង។ បណ្ដាជនបានចាប់ផ្ដើមត្អូញត្អែរដោយសារគ្មានទឹក។ ពួកគេបានចាប់ផ្ដើមរអ៊ូរទាំដាក់ម៉ូសេ ហើយបានខឹងជាខ្លាំងរហូតដល់«ម៉ូសេក៏ស្រែកអំពាវនាវដល់ព្រះយេហូវ៉ាថា‹តើឲ្យទូលបង្គំធ្វើដូចម្ដេចនឹងពួកនេះ គេចង់ចោលទូលបង្គំនឹងថ្មហើយ!›»។ (និក្ខមនំ ១៧:៤) ព្រះយេហូវ៉ាបានផ្ដល់ការណែនាំច្បាស់លាស់ដល់ម៉ូសេ។ ព្រះយេហូវ៉ាបានប្រាប់គាត់ឲ្យយកដំបង ហើយវាយថ្មនៅភ្នំហោរែប។ គម្ពីរចែងថា៖ «ម៉ូសេក៏ធ្វើដូច្នោះ នៅមុខពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល»។ បន្ទាប់មកទឹកបានចេញពីថ្មនោះជាបរិបូរ ហើយបញ្ហានោះបានត្រូវដោះស្រាយ។—និក្ខមនំ ១៧:៥, ៦
៦ គម្ពីរប្រាប់ថាម៉ូសេបានដាក់ឈ្មោះកន្លែងនោះថាម៉ាសាដែលមានន័យថា«ល្បងល» ហើយឈ្មោះមួយទៀតរបស់កន្លែងនោះគឺមេរីបាដែលមានន័យថា«រករឿងឈ្លោះ»។ ហេតុអ្វី? «ព្រោះពួកកូនចៅអ៊ីស្រាអែលបានរករឿងឈ្លោះ ព្រមទាំងល្បងលព្រះយេហូវ៉ាមើលផង ដោយថា៖ ‹តើព្រះយេហូវ៉ាទ្រង់នៅកណ្ដាលពួកយើងរាល់គ្នាមែនឬ?›»។—និក្ខមនំ ១៧:៧
៧ តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះអ្វីដែលបានកើតឡើងនៅមេរីបា? លោកមានអារម្មណ៍ថាជនជាតិអ៊ីស្រាអែលបានបះបោរប្រឆាំងនឹងលោកនិងការគ្រប់គ្រងរបស់លោកមិនគ្រាន់តែចំពោះម៉ូសេទេ។ (សូមអាន ទំនុក) អ្វីដែលជនជាតិអ៊ីស្រាអែលបានធ្វើគឺខុសធ្ងន់ណាស់។ ប៉ុន្ដែ ម៉ូសេបានធ្វើអ្វីដែលត្រឹមត្រូវ។ គាត់បានសម្លឹងមើលទៅព្រះយេហូវ៉ា ហើយបន្ទាប់មកគាត់បានធ្វើតាមការណែនាំពីលោកយ៉ាងដិតដល់។ តម្កើង ៩៥:៨, ៩
៨. តើអ្វីបានកើតឡើងពេលដែលការធ្វើដំណើររបស់ជនជាតិអ៊ីស្រាអែលក្នុងតំបន់ស្ងាត់ជ្រងំជិតមកដល់ទីបញ្ចប់?
៨ ប៉ុន្ដែ តើអ្វីបានកើតឡើងនៅ៤០ឆ្នាំក្រោយមក ពេលមានស្ថានភាពស្រដៀងនឹងនោះ? ការធ្វើដំណើររបស់ជនជាតិអ៊ីស្រាអែលក្នុងតំបន់ស្ងាត់ជ្រងំជិតមកដល់ទីបញ្ចប់។ ពួកគេបានទៅជិតដល់កន្លែងមួយដែលហៅថាកាដេសដែលនៅជិតព្រំប្រទល់ស្រុកដែលព្រះបានសន្យា។ កន្លែងនេះក៏បានត្រូវគេស្គាល់ថាមេរីបាដែរ។ * (សូមមើលកំណត់សម្គាល់) ហេតុអ្វី? ដោយសារជនជាតិអ៊ីស្រាអែលបានត្អូញត្អែរម្ដងទៀតថាគ្មានទឹក។ (ជនគណនា ២០:១-៥) ប៉ុន្ដែ លើកនេះម៉ូសេបានធ្វើខុសធ្ងន់ធ្ងរ។
៩. តើព្រះយេហូវ៉ាបានឲ្យការណែនាំអ្វីដល់ម៉ូសេ ប៉ុន្ដែតើម៉ូសេបានធ្វើអ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ)
៩ តើម៉ូសេបានធ្វើអ្វីពេលដែលបណ្ដាជនបានបះបោរប្រឆាំង? គាត់បានស្វែងរកការណែនាំពីព្រះយេហូវ៉ាម្ដងទៀត។ ប៉ុន្ដែ លើកនេះព្រះយេហូវ៉ាមិនបានប្រាប់ម៉ូសេឲ្យវាយថ្មទេ។ លោកបានប្រាប់ម៉ូសេឲ្យយកដំបងរបស់គាត់ នាំបណ្ដាជនមកជិតថ្ម រួចមកនិយាយទៅកាន់ថ្ម។ (ជនគណនា ២០:៦-៨) តើម៉ូសេបានធ្វើតាមការណែនាំនេះឬទេ? គាត់មិនបានធ្វើតាមទេ។ គាត់ធុញទ្រាន់និងខឹងយ៉ាងខ្លាំងរហូតដល់គាត់បានស្រែកដាក់បណ្ដាជនថា៖ «ចូរស្តាប់ចុះ ពួកបះបោរអើយ! តើត្រូវឲ្យយើងធ្វើឲ្យទឹកចេញពីថ្មដានេះសំរាប់អ្នករាល់គ្នាឬអី?»។ បន្ទាប់មក គាត់បានវាយថ្ម មិនគ្រាន់តែម្ដងទេ តែពីរដង។—ជនគណនា ២០:១០, ១១
ម៉ូសេមិនបានធ្វើតាមការណែនាំថ្មីដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យគាត់
១០. តើព្រះយេហូវ៉ាមានប្រតិកម្មយ៉ាងណាចំពោះអ្វីដែលម៉ូសេបានធ្វើ?
១០ ព្រះយេហូវ៉ាខឹងនឹងម៉ូសេយ៉ាងខ្លាំង។ (ចោទិយកថា ១:៣៧; ៣:២៦) ហេតុអ្វីព្រះយេហូវ៉ាមានប្រតិកម្មបែបនេះ? មូលហេតុមួយប្រហែលជាដោយសារម៉ូសេមិនបានធ្វើតាមការណែនាំថ្មីដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យគាត់។
១១. ដោយវាយថ្ម ហេតុអ្វីម៉ូសេប្រហែលជាបានធ្វើឲ្យជនជាតិអ៊ីស្រាអែលគិតថាព្រះយេហូវ៉ាមិនបានធ្វើអព្ភូតហេតុ?
១១ ប្រហែលជាមានមូលហេតុមួយទៀតដែលធ្វើឲ្យព្រះយេហូវ៉ាខឹង។ ផ្ទាំងថ្មដ៏ធំហើយរឹងនៅមេរីបាទី១គឺជាថ្មក្រានីតដ៏រឹងណាស់។ គ្មានអ្នកណាម្នាក់រំពឹងថានឹងមានទឹកចេញមកពីថ្មក្រានីតទេ ទោះជាខំប្រឹងវាយយ៉ាងណាក្ដី។ ប៉ុន្ដែ ថ្មដែលនៅមេរីបាទី២គឺខុសគ្នាឆ្ងាយណាស់។ ថ្មទាំងនោះភាគច្រើនជាប្រភេទថ្មកំបោរដែលជាថ្មមិនសូវរឹង ហេតុនេះទឹកច្រើនតែជ្រាបចូលក្នុងថ្មនោះ ហើយប្រមូលផ្តុំទៅក្រោមដី។ ដូច្នេះបើមនុស្សត្រូវការទឹក ពួកគេអាចជីកទម្លុះថ្មនោះ។ ហេតុនេះហើយ ពេលម៉ូសេវាយថ្មជាជាងនិយាយទៅកាន់វា តើនេះអាចធ្វើឲ្យជនជាតិអ៊ីស្រាអែលគិតថាទឹកនោះចេញមកតាមលក្ខណៈធម្មជាតិ ហើយមិនមែនដោយសារព្រះយេហូវ៉ាធ្វើអព្ភូតហេតុឬទេ? * (សូមមើលកំណត់សម្គាល់) យើងមិនដឹងច្បាស់ទេ។
របៀបដែលម៉ូសេបានបះបោរប្រឆាំងនឹងព្រះ
១២. តើប្រហែលជាមានមូលហេតុអ្វីផ្សេងទៀតដែលព្រះយេហូវ៉ាខឹងម៉ូសេនិងអេរ៉ុន?
១២ ប្រហែលជាមានមូលហេតុផ្សេងទៀតដែលព្រះយេហូវ៉ាខឹងយ៉ាងខ្លាំងនឹងម៉ូសេនិងអេរ៉ុន។ ម៉ូសេបានប្រាប់បណ្ដាជនថា៖ «តើត្រូវឲ្យយើងធ្វើឲ្យទឹកចេញពីថ្មដានេះសំរាប់អ្នករាល់គ្នាឬអី?»។ ពេលម៉ូសេបាននិយាយថា«យើង» គាត់ទំនងជាចង់សំដៅទៅលើខ្លួនគាត់និងអេរ៉ុន។ អ្វីដែលម៉ូសេបាននិយាយមិនបានបង្ហាញការគោរពចំពោះព្រះយេហូវ៉ាទេ ដោយសារគាត់មិនបានលើកកិត្ដិយសព្រះយេហូវ៉ាចំពោះការធ្វើអព្ភូតហេតុនោះ។ ទំនុកតម្កើង ១០៦:៣២ និង៣៣ចែងថា៖ «គេក៏បណ្ដាលឲ្យទ្រង់ខ្ញាល់នៅត្រង់ទឹកមេរីបាទៀត ការនោះជាហេតុនាំឲ្យម៉ូសេកើតមានទោសដែរដោយព្រោះគេ ដ្បិតគេបានរំអុកដល់ចិត្ដលោក ហើយបបូរមាត់លោកបាននិយាយឥតបើគិត»។ (ជនគណនា ២៧:១៤) ម៉ូសេមិនបានលើកកិត្ដិយសព្រះយេហូវ៉ាតាមអ្វីដែលលោកសមនឹងទទួលទេ។ ព្រះយេហូវ៉ាបានប្រាប់ម៉ូសេនិងអេរ៉ុនថា៖ «ឯងទាំង២នាក់បានចចេសនឹងបង្គាប់អញ»។ (ជនគណនា ២០:២៤) នោះជាអំពើខុសឆ្គងដ៏ធ្ងន់ធ្ងរណាស់!
១៣. ហេតុអ្វីការដែលព្រះយេហូវ៉ាដាក់ទោសម៉ូសេគឺត្រឹមត្រូវនិងយុត្ដិធម៌?
១៣ ព្រះយេហូវ៉ាតម្រូវច្រើនជាងពីម៉ូសេនិងអេរ៉ុន ដោយសារពួកគាត់ជាអ្នកនាំមុខរាស្ដ្ររបស់លោក។ (លូកា ១២:៤៨) ព្រះយេហូវ៉ាមិនបានអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលមួយជំនាន់ចូលក្នុងស្រុកដែលលោកបានសន្យា ដោយសារពួកគេបានបះបោរប្រឆាំងនឹងលោក។ (ជនគណនា ១៤:២៦-៣០, ៣៤) ដូច្នេះ គឺត្រឹមត្រូវនិងយុត្ដិធម៌ដែលព្រះយេហូវ៉ាដាក់ទោសម៉ូសេដូចពួកគេដែរ នៅពេលដែលគាត់បានបះបោរប្រឆាំងនឹងលោក។ ដូចអ្នកបះបោរប្រឆាំងឯទៀត ម៉ូសេមិនបានត្រូវអនុញ្ញាតឲ្យចូលស្រុកដែលព្រះបានសន្យាទេ។
មូលហេតុដែលម៉ូសេបះបោរ
១៤, ១៥. ហេតុអ្វីម៉ូសេបានបះបោរប្រឆាំងនឹងព្រះយេហូវ៉ា?
១៤ ហេតុអ្វីម៉ូសេបានបះបោរប្រឆាំងនឹងព្រះយេហូវ៉ា? សូមមើលម្ដងទៀតនូវអ្វីដែលទំនុកតម្កើង ១០៦:៣២ និង៣៣ចែង។ ខទាំងនេះចែងថា៖ «គេក៏បណ្ដាលឲ្យទ្រង់ខ្ញាល់នៅត្រង់ទឹកមេរីបាទៀត ការនោះជាហេតុនាំឲ្យម៉ូសេកើតមានទោសដែរដោយព្រោះគេ ដ្បិតគេបានរំអុកដល់ចិត្ដលោក ហើយបបូរមាត់លោកបាននិយាយឥតបើគិត»។ ដូច្នេះ ទោះជាជនជាតិអ៊ីស្រាអែលបានបះបោរប្រឆាំងនឹងព្រះយេហូវ៉ាក្ដី គឺម៉ូសេដែលបានរំអុកចិត្ដឬខឹង។ ពេលនោះ គាត់មិនបានទប់ចិត្ដ ហើយនិយាយដោយមិនបានពិចារណាអំពីលទ្ធផល។
១៥ ម៉ូសេឈប់សម្លឹងមើលទៅព្រះយេហូវ៉ាដោយសារគាត់បានអនុញ្ញាតឲ្យការប្រព្រឹត្ដរបស់អ្នកឯទៀតបំបែរអារម្មណ៍គាត់។ លើកដំបូងពេលដែលបណ្ដាជនបានត្អូញត្អែរអំពីទឹក ម៉ូសេបានធ្វើអ្វីដែលត្រឹមត្រូវ។ (និក្ខមនំ ៧:៦) ប៉ុន្ដែ ប្រហែលជាគាត់អស់កម្លាំងនិងធុញទ្រាន់ ដោយសារជនជាតិអ៊ីស្រាអែលបានបះបោរប្រឆាំងអស់ជាច្រើនឆ្នាំ។ ប្រហែលជាម៉ូសេគិតតែអំពីអារម្មណ៍របស់គាត់ ជាជាងគិតអំពីរបៀបដែលគាត់អាចធ្វើឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើង។
យើងត្រូវបន្ដសម្លឹងមើលទៅព្រះយេហូវ៉ា ហើយស្តាប់បង្គាប់លោកជានិច្ច
១៦. ហេតុអ្វីយើងគួរគិតអំពីអ្វីដែលម៉ូសេបានធ្វើ?
១៦ បើអ្នកប្រកាសទំនាយដ៏ស្មោះត្រង់ដូចម៉ូសេអាចត្រូវបំបែរអារម្មណ៍និងធ្វើខុស នេះក៏អាចកើតឡើងចំពោះយើងពេត្រុសទី២ ៣:១៣) យើងច្បាស់ជាមិនចង់បាត់បង់ឯកសិទ្ធិដ៏ពិសេសនោះទេ។ ប៉ុន្ដែ ដើម្បីចូលពិភពលោកថ្មីយើងត្រូវបន្ដសម្លឹងមើលទៅព្រះយេហូវ៉ា ហើយស្តាប់បង្គាប់លោកជានិច្ច។ (យ៉ូហានទី១ ២:១៧) តើយើងអាចទាញយកមេរៀនអ្វីពីកំហុសរបស់ម៉ូសេ?
យ៉ាងងាយស្រួលដែរ។ ម៉ូសេជិតចូលស្រុកដែលព្រះបានសន្យា ហើយយើងក៏ជិតចូលពិភពលោកថ្មីដែរ។ (កុំឲ្យអ្វីដែលអ្នកឯទៀតធ្វើ បំបែរអារម្មណ៍អ្នក
១៧. តើយើងអាចបន្ដទប់ចិត្ដយ៉ាងដូចម្ដេចពេលយើងខឹង?
១៧ ចូរបន្ដទប់ចិត្ដពេលដែលអ្នកខឹង។ ជួនកាល យើងជួបបញ្ហាដដែលៗម្ដងហើយម្ដងទៀត។ ទោះជាយ៉ាងនោះក៏ដោយ គម្ពីរចែងថា៖ «យើងមិនត្រូវឈប់ព្យាយាមធ្វើអ្វីដែលល្អប្រសើរឡើយ ព្រោះនៅពេលកំណត់យើងនឹងទទួលផល បើយើងមិនរសាយចិត្ដ»។ (កាឡាទី ៦:៩; ថែស្សាឡូនិចទី២ ៣:១៣) ពេលអ្វីមួយឬអ្នកណាម្នាក់ធ្វើឲ្យយើងខឹងម្ដងហើយម្ដងទៀត តើយើងគិតមុនយើងនិយាយឬទេ? តើយើងគ្រប់គ្រងកំហឹងរបស់យើងឬទេ? (សុភាសិត ១០:១៩; ១៧:២៧; ម៉ាថាយ ៥:២២) ពេលអ្នកឯទៀតធ្វើអ្វីដែលអាចនាំឲ្យយើងខឹង យើងត្រូវ«ទុកឲ្យព្រះបង្ហាញសេចក្ដីក្រោធរបស់លោកចំពោះអំពើខុសឆ្គង»។ (សូមអាន រ៉ូម ១២:១៧-២១) តើនេះមានន័យអ្វី? ជាជាងខឹង យើងរង់ចាំព្រះយេហូវ៉ាដោយចិត្ដអត់ធ្មត់ដើម្បីឲ្យលោកដោះស្រាយបញ្ហារបស់យើងនៅពេលដែលលោកគិតថាជាពេលត្រឹមត្រូវ។ បើយើងព្យាយាមសងសឹក ជាជាងរង់ចាំឲ្យ ព្រះយេហូវ៉ាដោះស្រាយ នោះយើងនឹងមិនបង្ហាញការគោរពចំពោះលោកទេ។
១៨. តើយើងគួរចាំអ្វីអំពីការធ្វើតាមការណែនាំពីព្រះ?
១៨ ចូរធ្វើតាមដោយយកចិត្ដទុកដាក់នូវការណែនាំថ្មីបំផុត។ តើយើងធ្វើតាមយ៉ាងស្មោះត្រង់នូវការណែនាំថ្មីបំផុតដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងឬទេ? បើយើងចេះតែធ្វើអ្វីមួយតាមរបៀបដែលយើងធ្លាប់ធ្វើពីមុន នោះមិនសមរម្យទេ។ ផ្ទុយទៅវិញ យើងគួរឆាប់ធ្វើតាមការណែនាំថ្មីណាក៏ដោយដែលព្រះយេហូវ៉ាផ្ដល់ឲ្យយើងតាមរយៈអង្គការរបស់លោក។ (ហេប្រឺ ១៣:១៧) យើងក៏ត្រូវប្រុងប្រយ័ត្ន«កុំធ្វើលើសពីអ្វីដែលបានត្រូវសរសេរទុក»។ (កូរិនថូសទី១ ៤:៦) ពេលយើងធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ាយ៉ាងយកចិត្ដទុកដាក់ យើងបន្ដសម្លឹងមើលទៅលោក។
១៩. តើយើងអាចធ្វើអ្វីដើម្បីមិនឲ្យកំហុសរបស់អ្នកឯទៀតបង្ខូចចំណងមិត្ដភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា?
១៩ កុំឲ្យកំហុសរបស់អ្នកឯទៀតបង្ខូចចំណងមិត្ដភាពរបស់អ្នកជាមួយនឹងព្រះយេហូវ៉ា។ បើយើងបន្ដសម្លឹងមើលទៅព្រះយេហូវ៉ា យើងនឹងមិនធ្វើអ្វីដែលអាចបង្ខូចចំណងមិត្ដភាពរបស់យើងជាមួយនឹងលោក ឬមានកំហឹងដោយសារការប្រព្រឹត្ដរបស់អ្នកឯទៀតទេ។ នេះរឹតតែសំខាន់បើយើងមានភារកិច្ចក្នុងអង្គការរបស់ព្រះ ដូចម៉ូសេមាន។ ពិតមែនថាដើម្បីទទួលសេចក្ដីសង្គ្រោះ យើងម្នាក់ៗត្រូវខំប្រឹងយ៉ាងខ្លាំងនិងស្តាប់បង្គាប់ព្រះយេហូវ៉ា តែកាលដែលយើងមានភារកិច្ចកាន់តែច្រើន នោះព្រះយេហូវ៉ាតម្រូវកាន់តែច្រើនពីយើង។ (លូកា ១២:៤៨; ភីលីព ២:១២) ប៉ុន្ដែ បើយើងពិតជាស្រឡាញ់ព្រះយេហូវ៉ា គ្មានអ្វីដែលនឹងធ្វើឲ្យយើងជំពប់ដួល ឬធ្វើឲ្យយើងឃ្លាតចេញពីសេចក្ដីស្រឡាញ់របស់លោកឡើយ។—ទំនុកតម្កើង ១១៩:១៦៥; រ៉ូម ៨:៣៧-៣៩
២០. តើយើងគួរតាំងចិត្ដធ្វើអ្វី?
២០ យើងកំពុងរស់នៅគ្រាលំបាក។ ដូច្នេះគឺសំខាន់ណាស់ដែលយើងបន្ដសម្លឹងមើលទៅព្រះយេហូវ៉ាដែល«គង់នៅស្ថានសួគ៌» ដើម្បីដឹងថាលោកចង់ឲ្យយើងធ្វើអ្វី។ យើងមិនគួរឲ្យការប្រព្រឹត្ដរបស់អ្នកឯទៀតបង្ខូចចំណងមិត្ដភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាឡើយ។ អ្វីដែលបានកើតឡើងចំពោះម៉ូសេបង្រៀនយើងនូវមេរៀនដ៏សំខាន់នេះ។ ជាជាងមានប្រតិកម្មហួសហេតុពេកពេលអ្នកឯទៀតធ្វើខុស សូមឲ្យយើងតាំងចិត្ដ‹មើលទៅព្រះយេហូវ៉ាជាព្រះនៃយើង ទំរាំតែទ្រង់ផ្ដល់សេចក្ដីមេត្ដាករុណាដល់យើង›។—ទំនុកតម្កើង ១២៣:១, ២
^ វគ្គ 8 មេរីបានេះគឺខុសគ្នាពីមេរីបាដែលមានឈ្មោះមួយទៀតថាម៉ាសាដែលនៅជិតរេផិឌីម។ ប៉ុន្ដែ កន្លែងទាំងពីរបានត្រូវហៅថាមេរីបាដោយសារជនជាតិអ៊ីស្រាអែលបានរករឿងឈ្លោះ ឬត្អូញត្អែរនៅទីនោះ (សូមមើលផែនទីលេខ៧ក្នុងសៀវភៅជំនួយសិក្សាបណ្ដាំរបស់ព្រះ)។
^ វគ្គ 11 បណ្ឌិតខាងគម្ពីរម្នាក់និយាយថា យោងទៅតាមរឿងតំណាលមួយរបស់ជនជាតិយូដា អ្នកបះបោរប្រឆាំងអះអាងថានេះមិនមែនជាអព្ភូតហេតុទេ ដោយសារម៉ូសេបានដឹងថាមានទឹកនៅខាងក្នុងថ្មនោះ។ ដូច្នេះ ពួកគេចង់ឲ្យគាត់ធ្វើអព្ភូតហេតុនេះម្ដងទៀតនៅលើថ្មផ្សេងទៀត។ យើងមិនអាចដឹងប្រាកដថារឿងដំណាលនេះជារឿងពិតទេ។