តើអ្នកស្វែងរកការទទួលស្គាល់ពីអ្នកណា?
«ព្រះមិនប្រព្រឹត្ដដោយអយុត្ដិធម៌នោះទេ ដោយបំភ្លេចការដែលអ្នករាល់គ្នាបានធ្វើ និងសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានបង្ហាញចំពោះនាមរបស់លោក»។—ហេប្រឺ ៦:១០
១. តាមធម្មតា តើយើងទាំងអស់គ្នាចង់ទទួលអ្វី?
តើអ្នកមានអារម្មណ៍យ៉ាងណា ពេលបុគ្គលដែលអ្នកស្គាល់និងគោរព ភ្លេចឈ្មោះរបស់អ្នកឬជាងនេះទៅទៀតគាត់មិនចំណាំមុខរបស់អ្នក? នេះប្រហែលជាធ្វើឲ្យអ្នកតូចចិត្ដ។ ហេតុអ្វី? ពីព្រោះតាមធម្មតាយើងម្នាក់ៗចង់ឲ្យអ្នកឯទៀតឲ្យតម្លៃឬទទួលស្គាល់យើង។ យើងមិនគ្រាន់តែចង់ឲ្យពួកគេចំណាំមុខយើងប៉ុណ្ណោះទេ យើងក៏ចង់ឲ្យពួកគេដឹងថាយើងជាមនុស្សបែបណា ហើយដឹងអំពីអ្វីដែលយើងបានធ្វើ។—ជនគណនា ១១:១៦; យ៉ូប ៣១:៦
២, ៣. តើការចង់បានការទទួលស្គាល់ពីអ្នកឯទៀតអាចទៅជាអ្វីដែលមិនត្រឹមត្រូវយ៉ាងដូចម្ដេច? (សូមមើលរូបភាពនៅដើមអត្ថបទ)
២ ប៉ុន្ដែ បើយើងមិនប្រុងប្រយ័ត្នទេ អារម្មណ៍ធម្មតានេះអាចទៅជាអ្វីដែលខុស។ ពិភពលោករបស់សាថានអាចធ្វើឲ្យយើងចង់បានឈ្មោះល្បីនិងទៅជាបុគ្គលសំខាន់។ បើយើងមានចិត្ដចង់បានអ្វីបែបនេះ យើងមិនជូនព្រះយេហូវ៉ាដែលជាបិតារបស់យើងនៅស្ថានសួគ៌នូវអ្វីដែលលោកសមនឹងទទួល ដូចជាការទទួលស្គាល់និងការគោរពប្រណិប័តន៍ដែលលោកសមនឹងទទួលទេ។—ការបើកបង្ហាញ ៤:១១
៣ នៅសម័យលោកយេស៊ូ អ្នកដឹកនាំសាសនាយូដាខ្លះមានទស្សនៈមិនត្រឹមត្រូវចំពោះលូកា ២០:៤៦, ៤៧) ផ្ទុយពីអ្នកទាំងនោះ លោកយេស៊ូបានសរសើរស្ដ្រីមេម៉ាយក្រីក្រម្នាក់ដែលបានធ្វើវិភាគទានតូចតាចដែលអ្នកឯទៀតទំនងជាមិនបានកត់សម្គាល់។ (លូកា ២១:១-៤) ទស្សនៈរបស់លោកយេស៊ូចំពោះការទទួលស្គាល់គឺច្បាស់ជាខុសគ្នាឆ្ងាយពីទស្សនៈរបស់អ្នកឯទៀត។ អត្ថបទនេះនឹងជួយយើងឲ្យរក្សាទស្សនៈត្រឹមត្រូវចំពោះការទទួលស្គាល់ ពោលគឺទស្សនៈដែលព្រះយេហូវ៉ាចង់ឲ្យយើងមាន។
ការទទួលស្គាល់។ លោកយេស៊ូបានព្រមានអ្នកកាន់តាមលោកថា៖ «ចូរប្រុងប្រយ័ត្ននឹងពួកអ្នកជំនាញខាងច្បាប់ ដែលចង់ពាក់អាវផាយដើរចុះឡើង ហើយចង់ឲ្យមនុស្សជម្រាបសួរ សម្ដែងការគោរពចំពោះពួកគេនៅផ្សារ ព្រមទាំងចង់អង្គុយនៅមុខគេក្នុងសាលាប្រជុំ ហើយនៅពេលពិសាភោជនាហារគេចង់អង្គុយនៅកន្លែងលេចមុខលេចមាត់ជាងគេ»។ លោកបន្ថែមថា៖ «អ្នកទាំងនោះនឹងត្រូវទទួលទោសធ្ងន់ជាង»។ (ការទទួលស្គាល់ដ៏ល្អប្រសើរបំផុត
៤. តើការទទួលស្គាល់បែបណាគឺល្អប្រសើរបំផុត ហើយហេតុអ្វី?
៤ តើការទទួលស្គាល់បែបណាគឺល្អប្រសើរបំផុត? នេះមិនមែនជាការទទួលស្គាល់ដែលមនុស្សជាច្រើនចង់បានក្នុងជីវិតតាមរយៈការអប់រំខ្ពស់ ការជោគជ័យខាងការរកស៊ី ឬការមានឈ្មោះល្បីខាងសិល្បៈនិងកីឡាទេ។ ប៉ូលបានពន្យល់អំពីការទទួលស្គាល់ដ៏ល្អប្រសើរបំផុតពេលគាត់និយាយថា៖ «ឥឡូវនេះ អ្នករាល់គ្នាស្គាល់ព្រះហើយ ឬអាចនិយាយថា ឥឡូវនេះ ព្រះស្គាល់អ្នករាល់គ្នាហើយ ដូច្នេះ ហេតុអ្វីអ្នករាល់គ្នាកំពុងត្រឡប់ទៅរកអ្វីៗដែលគ្មានប្រយោជន៍និងគ្មានតម្លៃ ហើយចង់ធ្វើជាខ្ញុំបម្រើរបស់អ្វីៗទាំងនោះម្ដងទៀត?»។ (កាឡាទី ៤:៩) គឺជាឯកសិទ្ធិដ៏អស្ចារ្យដែល«ព្រះស្គាល់»យើង ពីព្រោះលោកជាអ្នកគ្រប់គ្រងដ៏ខ្ពស់បំផុតក្នុងសកលលោក! ព្រះយេហូវ៉ាស្គាល់យើង ស្រឡាញ់យើង និងចង់ឲ្យយើងមានចំណងមិត្ដភាពជិតស្និទ្ធជាមួយនឹងលោក។ ព្រះយេហូវ៉ាបានបង្កើតយើងដើម្បីយើងអាចធ្វើជាមិត្ដសម្លាញ់របស់លោក។—សាស្តា ១២:១៣, ១៤
៥. តើយើងត្រូវធ្វើអ្វីដើម្បីឲ្យព្រះស្គាល់យើង?
៥ យើងដឹងថាម៉ូសេជាមិត្ដសម្លាញ់របស់ព្រះយេហូវ៉ា។ ពេលគាត់បានអង្វរសុំព្រះយេហូវ៉ាថា៖ «សូមសំដែងបង្ហាញអស់ទាំងផ្លូវរបស់ទ្រង់ដល់ទូលបង្គំផង» ព្រះយេហូវ៉ាបានឆ្លើយតបថា៖ «អញនឹងធ្វើតាមសេចក្ដីដែលឯងបានសូមនេះដែរ ដ្បិតឯងប្រកបដោយគុណនៃអញ ហើយអញក៏ស្គាល់ឯងយ៉ាងជិតស្និទ្ធផង»។ (និក្ខមនំ ៣៣:១២-១៧) ព្រះយេហូវ៉ាក៏អាចស្គាល់យើងម្នាក់ៗដោយផ្ទាល់ដែរ។ ប៉ុន្ដែ តើយើងត្រូវធ្វើអ្វីដើម្បីទៅជាមិត្ដសម្លាញ់របស់ព្រះយេហូវ៉ា? យើងត្រូវស្រឡាញ់លោក ហើយប្រគល់ជីវិតរបស់យើងជូនលោក។—សូមអាន កូរិនថូសទី១ ៨:៣
៦, ៧. តើអ្វីអាចនាំឲ្យយើងបាត់បង់ចំណងមិត្ដភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា?
៦ ប៉ុន្ដែ យើងត្រូវរក្សាចំណងមិត្ដភាពដ៏មានតម្លៃនេះជាមួយនឹងបិតារបស់យើងដែលនៅស្ថានសួគ៌។ ដូចគ្រិស្ដសាសនិកនៅខេត្ដកាឡាទី យើងក៏ត្រូវឈប់ធ្វើជាខ្ញុំបម្រើចំពោះអ្វីៗក្នុងពិភពលោកនេះ«ដែលគ្មានប្រយោជន៍និងគ្មានតម្លៃ»។ នេះរួមបញ្ចូលភាពជោគជ័យនិងការមានឈ្មោះល្បីក្នុងពិភពលោកនេះ។ (កាឡាទី ៤:៩) គ្រិស្ដសាសនិកទាំងនោះនៅខេត្ដកាឡាទីបានស្គាល់ព្រះរួចហើយ ហើយព្រះក៏ស្គាល់ពួកគេរួចហើយដែរ។ ប៉ុន្ដែ ប៉ូលបាននិយាយថាបងប្អូនទាំងនោះ«កំពុងត្រឡប់ទៅរក»អ្វីដែលគ្មានប្រយោជន៍។ ដូច្នេះបើនិយាយឲ្យស្រួលយល់ គាត់កំពុងសួរពួកគេថា ‹ហេតុអ្វីអ្នកបានត្រឡប់ទៅរក និងចាប់ផ្ដើមធ្វើជាខ្ញុំបម្រើម្ដងទៀតចំពោះអ្វីៗដែលគ្មានប្រយោជន៍?›។
៧ តើនេះអាចកើតឡើងដល់យើងឬទេ? នេះអាចកើតឡើងមែន។ ដូចប៉ូល ពេលយើងចូលសេចក្ដីពិត យើងប្រហែលជាបានលះបង់ឈ្មោះល្បីល្បាញនិងភាពជោគជ័យក្នុងពិភពលោករបស់សាថាន។ (សូមអាន ភីលីព ៣:៧, ៨) យើងប្រហែលជាមិនបានទទួលយកអាហាររូបករណ៍ ការងារល្អ ឬបោះបង់ឱកាសល្អដើម្បីរកលុយបានច្រើន។ ឬប្រហែលជាយើងអាចទៅជាបុគ្គលដែលមានឈ្មោះល្បី ដោយសារយើង មានទេពកោសល្យខាងតន្ដ្រីឬកីឡា។ ប៉ុន្ដែ យើងមិនបានទទួលយកអ្វីៗទាំងអស់នេះទេ។ (ហេប្រឺ ១១:២៤-២៧) មិនមែនជាការឈ្លាសវៃទេ ឲ្យយើងស្តាយក្រោយចំពោះការសម្រេចចិត្ដដ៏ល្អទាំងនោះ ហើយមានអារម្មណ៍ថាជីវិតរបស់យើងនឹងប្រសើរជាងបើយើងបានស្វែងរកអ្វីៗទាំងនោះ! ចិត្ដគំនិតបែបនេះ អាចធ្វើឲ្យយើងត្រឡប់ទៅរកអ្វីៗក្នុងពិភពលោកនេះដែលយើងបានសម្រេចចិត្ដរួចហើយថា«គ្មានប្រយោជន៍និងគ្មានតម្លៃ»។
ចូរមានបំណងចិត្ដកាន់តែខ្លាំងដើម្បីមានការទទួលស្គាល់ពីព្រះយេហូវ៉ា
៨. តើអ្វីនឹងជួយយើងឲ្យកាន់តែចង់បានការទទួលស្គាល់ពីព្រះយេហូវ៉ា?
៨ តើយើងត្រូវធ្វើអ្វីដើម្បីចង់បានការទទួលស្គាល់ពីព្រះយេហូវ៉ាកាន់តែខ្លាំង រហូតដល់យើងមិនចង់បានការទទួលស្គាល់ពីពិភពលោកនេះ? យើងត្រូវផ្ដោតអារម្មណ៍ទៅលើចំណុចសំខាន់ពីរ។ ទី១ ព្រះយេហូវ៉ាតែងតែឲ្យតម្លៃឬទទួលស្គាល់ពួកអ្នកដែលបម្រើលោកយ៉ាងស្មោះត្រង់។ (សូមអាន ហេប្រឺ ៦:១០; ១១:៦) ព្រះយេហូវ៉ាចាត់ទុកអ្នកបម្រើស្មោះត្រង់ម្នាក់ៗរបស់លោកថាមានតម្លៃ ដូច្នេះលោកមានទស្សនៈថាការមិនអើពើចំពោះពួកគេគឺ«អយុត្ដិធម៌»។ ព្រះយេហូវ៉ាតែងតែស្គាល់«ពួកអ្នកដែលជារបស់លោក»។ (ធីម៉ូថេទី២ ២:១៩) លោក«ជ្រាបផ្លូវរបស់មនុស្សសុចរិត» ហើយដឹងអំពីរបៀបដែលអាចសង្គ្រោះពួកគេ។—ទំនុកតម្កើង ១:៦; ពេត្រុសទី២ ២:៩
៩. សូមឲ្យឧទាហរណ៍អំពីរបៀបដែលព្រះយេហូវ៉ាបានបង្ហាញថាលោកពេញចិត្ដនឹងរាស្ដ្ររបស់លោក។
៩ នៅពេលខ្លះ ព្រះយេហូវ៉ាបានបង្ហាញថាលោកពេញចិត្ដនឹងរាស្ដ្ររបស់លោកតាមរបៀបដ៏ពិសេស។ (របាក្សត្រទី២ ២០:២០, ២៩) ជាឧទាហរណ៍ សូមគិតអំពីរបៀបដែលព្រះយេហូវ៉ាបានសង្គ្រោះរាស្ដ្ររបស់លោកនៅសមុទ្រក្រហម ពេលដែលកងទ័ពដ៏ខ្លាំងក្លារបស់ផារ៉ូបានដេញតាមពួកគេ។ (និក្ខមនំ ១៤:២១-៣០; ទំនុកតម្កើង ១០៦:៩-១១) ព្រឹត្ដិការណ៍នេះគឺអស្ចារ្យណាស់ ម៉្លោះហើយមនុស្សនៅស្រុកជុំវិញ នៅតែនិយាយអំពីព្រឹត្ដិការណ៍នោះ ទោះជា៤០ឆ្នាំបានកន្លងទៅហើយក្ដី។ (យ៉ូស្វេ ២:៩-១១) យើងទទួលការលើកទឹកចិត្ដពេលយើងចាំអំពីរបៀបដែលព្រះយេហូវ៉ាបានបង្ហាញថាលោកស្រឡាញ់រាស្ដ្ររបស់លោក និងរបៀបដែលលោកប្រើឫទ្ធានុភាពរបស់លោកដើម្បីសង្គ្រោះពួកគេនៅអតីតកាល ដោយសារមិនយូរទៀតកូកនៃស្រុកម៉ាកូកនឹងវាយប្រហារយើង។ (អេសេគាល ៣៨:៨-១២) នៅពេលនោះ យើងនឹងសប្បាយដែលយើងបានស្វែងរកការពេញចិត្ដពីព្រះ មិនមែនពីពិភពលោកនេះទេ។
ជួនកាលព្រះយេហូវ៉ាឲ្យពរដល់អ្នកបម្រើរបស់លោកតាមរបៀបដែលពួកគេមិនបានរំពឹងទុក
១០. តើចំណុចសំខាន់ទី២ដែលយើងចង់ចងចាំគឺជាអ្វី?
១០ ចំណុចសំខាន់ទី២ គឺព្រះយេហូវ៉ាប្រហែលជានឹងទទួលស្គាល់យើងឬឲ្យតម្លៃចំពោះយើងតាមរបៀបដែលយើងមិនបានរំពឹងទុក។ បើមនុស្សធ្វើល្អគ្រាន់តែដើម្បីទទួលការសរសើរពីអ្នកឯទៀត ព្រះយេហូវ៉ានឹងមិនឲ្យពរឬរង្វាន់ដល់ពួកគេទេ។ ហេតុអ្វី? ពីព្រោះដូចលោកយេស៊ូបានមានប្រសាសន៍ ពេលអ្នកឯទៀតសរសើរពួកគេ នោះជារង្វាន់របស់ពួកគេហើយ។ (សូមអាន ម៉ាថាយ ៦:១-៥) ប៉ុន្ដែ លោកយេស៊ូក៏បានមានប្រសាសន៍ទៀតថា ព្រះយេហូវ៉ា«កំពុងមើលពីទីស្ងាត់កំបាំង»នូវពួកអ្នកដែលមិនទទួលកិត្ដិយសចំពោះការប្រព្រឹត្ដដ៏ល្អដែលពួកគេធ្វើដល់អ្នកឯទៀត។ ព្រះយេហូវ៉ាកត់សម្គាល់អ្វីដែលពួកគេធ្វើ ហើយលោកឲ្យរង្វាន់ឬពរដល់ពួកគេ។ ជួនកាលព្រះយេហូវ៉ាឲ្យពរដល់អ្នកបម្រើរបស់លោកតាមរបៀបដែលពួកគេមិនបានរំពឹងទុក។ សូមយើងពិចារណាអំពីឧទាហរណ៍ខ្លះ។
ព្រះយេហូវ៉ាទទួលស្គាល់ស្ដ្រីវ័យក្មេងដ៏រាបទាបម្នាក់តាមរបៀបដែលគាត់មិនបានរំពឹងទុក
១១. តើព្រះយេហូវ៉ាបានទទួលស្គាល់ម៉ារៀយ៉ាងដូចម្ដេច?
១១ ព្រះយេហូវ៉ាបានជ្រើសរើសម៉ារៀដែលជាស្ដ្រីវ័យក្មេងដ៏រាបទាបម្នាក់ឲ្យធ្វើជាម្ដាយលោកយេស៊ូដែលជាបុត្រព្រះ។ ម៉ារៀបានរស់នៅក្រុងតូចមួយដែលហៅថាណាសារ៉ែត។ ក្រុងនោះនៅឆ្ងាយពីក្រុងយេរូសាឡិម ហើយនៅឆ្ងាយពីវិហារដ៏ស្អាតនៅទីនោះ។ (សូមអាន លូកា ១:២៦-៣៣) ហេតុអ្វីព្រះយេហូវ៉ាបានជ្រើសរើសម៉ារៀ? ទេវតាឈ្មោះកាព្រីយ៉ែលបានប្រាប់នាងថា៖ «ព្រះពេញចិត្ដនឹងនាង»។ តាមរយៈអ្វីដែលម៉ារៀបានប្រាប់អេលីសាបិតដែលជាសាច់ញាតិរបស់នាងនៅពេលក្រោយមក យើងអាចយល់ថានាងជាមិត្ដសម្លាញ់ដ៏ជិតស្និទ្ធរបស់ព្រះយេហូវ៉ា។ (លូកា ១:៤៦-៥៥) ព្រះយេហូវ៉ាបានសង្កេតមើលម៉ារៀ ហើយបានឲ្យពរដែលហួសពីការនឹកស្មាននេះ ដោយសារនាងស្មោះត្រង់នឹងលោក។
១២, ១៣. តើតាមរបៀបណាលោកយេស៊ូទទួលកិត្ដិយសពេលដែលលោកកើត និងពេលម៉ារៀយកលោកទៅវិហារនៅ៤០ថ្ងៃក្រោយមក?
១២ នៅពេលលោកយេស៊ូកើត តើព្រះយេហូវ៉ាបានប្រាប់អ្នកណាអំពីកំណើតរបស់លោក? លោកមិនបានប្រាប់មន្ដ្រីដែលមានឋានៈខ្ពស់ឬអ្នកគ្រប់គ្រងនៅក្រុងយេរូសាឡិមនិងក្រុងបេថ្លេហិមទេ។ ផ្ទុយទៅវិញ លោកបានចាត់ទេវតាឲ្យទៅជួបគង្វាល ជាមនុស្សសាមញ្ញធម្មតាដែលថែចៀមនៅកណ្ដាលវាលនាក្រុងបេថ្លេហិម។ (លូកា ២:៨-១៤) បន្ទាប់មក គង្វាលទាំងនោះបានទៅជួបទារកដែលទើបតែកើតនោះ។ (លូកា ២:១៥-១៧) ម៉ារៀនិងយ៉ូសែបច្បាស់ជាភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញលោកយេស៊ូទទួលកិត្ដិយសបែបនេះ។ របៀបដែលព្រះយេហូវ៉ាធ្វើអ្វីមួយ គឺខុសគ្នាពីរបៀបរបស់មេកំណាច។ ពេលសាថានចាត់អ្នកចេះហោរាសាស្ដ្រឲ្យទៅជួបលោកយេស៊ូនិងឪពុកម្ដាយរបស់លោក អ្នកក្រុងយេរូសាឡិមទាំងឡាយបានឮអំពីកំណើតរបស់លោកយេស៊ូ ហើយនេះបាននាំឲ្យមានបញ្ហាជាច្រើន។ (ម៉ាថាយ ២:៣) ជាលទ្ធផល កូនក្មេងជាច្រើននាក់ដែលគ្មានទោសបានត្រូវគេសម្លាប់។—ម៉ាថាយ ២:១៦
១៣ ច្បាប់របស់ព្រះយេហូវ៉ាចំពោះជនជាតិអ៊ីស្រាអែលតម្រូវឲ្យស្ដ្រីដែលសម្រាលកូនប្រុស ជូនគ្រឿងបូជាទៅព្រះយេហូវ៉ាក្រោយពីគាត់សម្រាលកូនបាន៤០ថ្ងៃ។ ដូច្នេះ ម៉ារៀបានធ្វើដំណើរប្រហែលជា៩គីឡូម៉ែត្រជាមួយនឹងយ៉ូសែប ព្រមទាំងលោកយេស៊ូ ពីក្រុងបេថ្លេហិមទៅវិហារនៅក្រុងយេរូសាឡិម។ (លូកា ២:២២-២៤) ពេលធ្វើដំណើរទៅទីនោះ ម៉ារៀប្រហែលជាបានឆ្ងល់ថា តើសង្ឃនឹងធ្វើអ្វីដ៏ពិសេសដើម្បីលើកកិត្ដិយសលោកយេស៊ូឬទេ? លោកយេស៊ូបានទទួលកិត្ដិ យសមែន ប៉ុន្ដែនេះប្រហែលជាបានកើតឡើងតាមរបៀបមួយដែលម៉ារៀមិនបាននឹកស្មាន។ ព្រះយេហូវ៉ាបានជ្រើសរើសស៊ីម្មានដែលជា‹មនុស្សសុចរិត និងអ្នកកោតខ្លាចព្រះ› ព្រមទាំងអាណាដែលជាអ្នកប្រកាសទំនាយ និងជាស្ដ្រីមេម៉ាយអាយុ៨៤ឆ្នាំ ដើម្បីប្រកាសថាលោកយេស៊ូនឹងទៅជាមេស្ស៊ីឬគ្រិស្ដដែលបានត្រូវសន្យា។—លូកា ២:២៥-៣៨
១៤. តើព្រះយេហូវ៉ាបានឲ្យរង្វាន់អ្វីដល់ម៉ារៀ?
១៤ តើព្រះយេហូវ៉ាបានបន្ដទទួលស្គាល់ម៉ារៀដោយសារនាងបានចិញ្ចឹមនិងថែរក្សាលោកយេស៊ូយ៉ាងស្មោះត្រង់ឬទេ? លោកបានបន្ដធ្វើដូច្នេះមែន! ព្រះបានធ្វើឲ្យប្រាកដថាអ្វីខ្លះដែលម៉ារៀបានធ្វើនិងនិយាយបានត្រូវកត់ទុកក្នុងគម្ពីរ។ តាមមើលទៅ ម៉ារៀមិនអាចធ្វើដំណើរជាមួយនឹងលោកយេស៊ូក្នុងអំឡុងបីឆ្នាំកន្លះដែលលោកបានផ្សព្វផ្សាយទេ។ ប្រហែលជាដោយសារនាងជាស្ដ្រីមេម៉ាយ នាងត្រូវនៅក្រុងណាសារ៉ែត។ ហេតុនេះ នាងមិនមានឱកាសឃើញអ្វីដ៏អស្ចារ្យជាច្រើនដែលអ្នកឯទៀតបានឃើញនោះទេ។ ប៉ុន្ដែ នាងនៅជាមួយនឹងលោកយេស៊ូពេលដែលលោកស្លាប់។ (យ៉ូហាន ១៩:២៦) ក្រោយមក គម្ពីរចែងថាម៉ារៀនៅឯក្រុងយេរូសាឡិមជាមួយនឹងអ្នកកាន់តាមលោកយេស៊ូ មុនពេលដែលពួកគេបានទទួលសកម្មពលបរិសុទ្ធនៅបុណ្យថ្ងៃទី៥០។ (សកម្មភាព ១:១៣, ១៤) នាងទំនងជាបានត្រូវរើសតាំងពេលដែលអ្នកកាន់តាមឯទៀតបានត្រូវរើសតាំងដែរ។ បើដូច្នេះមែន នេះមានន័យថានាងមានឱកាសនៅជាមួយនឹងលោកយេស៊ូនៅស្ថានសួគ៌ជារៀងរហូត។ នេះពិតជារង្វាន់ដ៏អស្ចារ្យសម្រាប់ការបម្រើដ៏ស្មោះត្រង់របស់នាង!
ព្រះយេហូវ៉ាបានទទួលស្គាល់បុត្ររបស់លោក
១៥. តើព្រះយេហូវ៉ាបានបង្ហាញថាលោកពេញចិត្ដនឹងលោកយេស៊ូយ៉ាងដូចម្ដេចពេលលោកនៅផែនដី?
១៥ លោកយេស៊ូមិនចង់ទទួលកិត្ដិយសពីអ្នកដឹកនាំសាសនាឬអ្នកនយោបាយទេ។ ការពេញចិត្ដពីព្រះយេហូវ៉ាគឺជាអ្វីដ៏សំខាន់បំផុតចំពោះលោក។ ដូច្នេះ លោកច្បាស់ជាបានទទួលការលើកទឹកចិត្ដខ្លាំងណាស់ពេលព្រះយេហូវ៉ាបានទទួលស្គាល់លោកដោយមានប្រសាសន៍បីដងពីស្ថានសួគ៌។ បន្ទាប់ពីលោកយេស៊ូបានទទួលការជ្រមុជទឹកនៅទន្លេយ៉ូដាន់ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «នេះជាបុត្រដែលជាទីស្រឡាញ់របស់ខ្ញុំ ជាទីពេញចិត្ដខ្ញុំណាស់»។ (ម៉ាថាយ ៣:១៧) តាមមើលទៅក្រៅពីលោកយេស៊ូ មានតែយ៉ូហានដែលជាអ្នកជ្រមុជទឹកប៉ុណ្ណោះដែលបានឮពាក្យទាំងនោះ។ ក្រោយមក ប្រហែលជាមួយឆ្នាំមុនលោកយេស៊ូស្លាប់ សាវ័កបីនាក់របស់លោកបានឮព្រះយេហូវ៉ាមានប្រសាសន៍អំពីលោកយេស៊ូថា៖ «នេះជា បុត្រជាទីស្រឡាញ់របស់ខ្ញុំ ដែលខ្ញុំពេញចិត្ដ។ ចូរស្តាប់តាមលោក»។ (ម៉ាថាយ ១៧:៥) មួយវិញទៀត ប៉ុន្មានថ្ងៃមុនលោកយេស៊ូស្លាប់ ព្រះយេហូវ៉ាក៏បានមានប្រសាសន៍ពីស្ថានសួគ៌មកកាន់បុត្រលោកដែរ។—យ៉ូហាន ១២:២៨
១៦, ១៧. តើព្រះយេហូវ៉ាបានលើកកិត្ដិយសលោកយេស៊ូតាមរបៀបដែលលោកយេស៊ូមិនបាននឹកស្មានយ៉ាងដូចម្ដេច?
១៦ លោកយេស៊ូបានដឹងថាមនុស្សនឹងហៅលោកថាអ្នកប្រមាថព្រះ ហើយថាលោកនឹងស្លាប់តាមរបៀបដែលគួរឲ្យអាម៉ាស់មុខ។ ប៉ុន្ដែ លោកបានអធិដ្ឋានសុំឲ្យបំណងប្រាថ្នារបស់ព្រះបានសម្រេច មិនមែនបំណងប្រាថ្នារបស់លោកទេ។ (ម៉ាថាយ ២៦:៣៩, ៤២) «លោកបានស៊ូទ្រាំលើបង្គោលទារុណកម្ម ក៏បានមើលងាយចំពោះសេចក្ដីអាម៉ាស់ខ្មាស»ដោយសារលោកចង់បានការទទួលស្គាល់ពីបិតាលោក មិនមែនពីពិភពលោកឡើយ។ (ហេប្រឺ ១២:២) តើព្រះយេហូវ៉ាបានឲ្យតម្លៃឬទទួលស្គាល់លោកយេស៊ូយ៉ាងដូចម្ដេច?
១៧ ពេលលោកយេស៊ូនៅផែនដី លោកបានអធិដ្ឋានសុំសិរីរុងរឿងដែលលោកធ្លាប់មានពេលដែលលោកនៅស្ថានសួគ៌ជាមួយនឹងបិតារបស់លោក។ (យ៉ូហាន ១៧:៥) គម្ពីរមិនដែលចែងថាលោកយេស៊ូសង្ឃឹមថាលោកនឹងទទួលអ្វីលើសពីនោះទេ។ លោកមិនបានរំពឹងថាលោកនឹងទទួលរង្វាន់ដ៏ពិសេសដោយសារលោកបានធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ានៅផែនដីឡើយ។ ប៉ុន្ដែ តើព្រះយេហូវ៉ាបានធ្វើអ្វី? ព្រះបានលើកកិត្ដិយសលោកយេស៊ូតាមរបៀបដែលលោកមិនបាននឹកស្មាន។ ពេលព្រះយេហូវ៉ាប្រោសលោកយេស៊ូឲ្យរស់ឡើងវិញ ព្រះបានឲ្យលោកនូវ«ឋានៈខ្ពស់ជាងមុន»នៅស្ថានសួគ៌។ ព្រះក៏បានឲ្យលោកយេស៊ូនូវជីវិតអមតៈ ជាជីវិតមួយប្រភេទដែលគ្មានអ្នកណាធ្លាប់ទទួលពីមុន! * (សូមមើលកំណត់សម្គាល់) (ភីលីព ២:៩; ធីម៉ូថេទី១ ៦:១៦) ព្រះយេហូវ៉ាពិតជាបានឲ្យរង្វាន់ដ៏អស្ចារ្យដល់លោកយេស៊ូសម្រាប់ការបម្រើដ៏ស្មោះត្រង់របស់លោក!
១៨. តើអ្វីនឹងជួយយើងឲ្យស្វែងរកការពេញចិត្ដពីព្រះយេហូវ៉ាមិនមែនការពេញចិត្ដពីពិភពលោកនេះ?
១៨ តើអ្វីនឹងជួយយើងឲ្យស្វែងរកការពេញចិត្ដពីព្រះយេហូវ៉ាមិនមែនការពេញចិត្ដពីពិភពលោកនេះ? យើងគួរផ្ដោតអារម្មណ៍ទៅលើចំណុចសំខាន់ពីរ ពោលគឺព្រះយេហូវ៉ាតែងតែទទួលស្គាល់អ្នកបម្រើដ៏ស្មោះត្រង់របស់លោក ហើយលោកច្រើនតែឲ្យរង្វាន់ដល់ពួកគេតាមរបៀបដែលពួកគេមិនបានរំពឹងទុក។ ពរដែលព្រះយេហូវ៉ានឹងឲ្យយើងនៅពេលអនាគតគឺហួសពីការស្រមៃរបស់យើង! ប៉ុន្ដែនៅឥឡូវនេះ កាលដែលយើងស៊ូទ្រាំនឹងបញ្ហានិងការពិបាកផ្សេងៗក្នុងពិភពលោកដ៏អាក្រក់នេះ យើងត្រូវចាំថាពិភពលោកនេះកំពុងឈានទៅរកការសាបសូន្យ។ ដូច្នេះ ការទទួលស្គាល់ណាក៏ដោយដែលមកពីពិភពលោកនេះ ក៏នឹងសាបសូន្យដែរ។ (យ៉ូហានទី១ ២:១៧) ផ្ទុយទៅវិញ ព្រះយេហូវ៉ាដែលជាបិតារបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់ នឹងមិនភ្លេចការដែលយើងបានធ្វើ និងសេចក្ដីស្រឡាញ់ដែលយើងបានបង្ហាញចំពោះនាមរបស់លោក ដោយសារលោក«មិនប្រព្រឹត្ដដោយអយុត្ដិធម៌នោះទេ»។ (ហេប្រឺ ៦:១០) លោកប្រាកដជានឹងបង្ហាញការពេញចិត្ដចំពោះយើង ប្រហែលជាតាមរបៀបដែលយើងនឹកស្មានមិនដល់!
^ វគ្គ 17 រង្វាន់នេះប្រហែលជាអ្វីដែលហួសពីការនឹកស្មាន ដោយសារបទគម្ពីរភាសាហេប្រឺមិនបានរៀបរាប់អំពីជីវិតអមតៈទេ។