លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

យើង​ជា​របស់​ព្រះ​យេហូវ៉ា

យើង​ជា​របស់​ព្រះ​យេហូវ៉ា

​«​មាន​ពរ​ហើយ នគរ​ណា​ដែល​យក​ព្រះ​យេហូវ៉ា​ទុក​ជា​ព្រះ​របស់​ខ្លួន គឺ​ជា​សាសន៍​ដែល​ទ្រង់​បាន​រើស​ទុក​ជា​មរដក​របស់​ទ្រង់​»។—ទំនុក​តម្កើង ៣៣:១២

ចម្រៀង​លេខ: ៤០, ៥០

១. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​នៃ​អ្វី​ៗ​ទាំង​អស់? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

អ្វី​ៗ​ទាំង​អស់​ជា​របស់​ព្រះ​យេហូវ៉ា! លោក​ជា​ម្ចាស់​នៃ​«​ផ្ទៃ​មេឃ ហើយ​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ​ខាង​លើ នឹង​ផែន​ដី ព្រម​ទាំង​របស់​សព្វសារពើ​ដែល​នៅ​ស្ថាន​ទាំង​នោះ​»។ (​ចោទិយកថា ១០:១៤; ការ​បើក​បង្ហាញ ៤:១១​) ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្សជាតិ ដូច្នេះ​យើង​ទាំង​អស់​គ្នា​ជា​របស់​លោក។ (​ទំនុក​តម្កើង ១០០:៣​) ប៉ុន្ដែ​ក្នុង​ប្រវត្ដិសាស្ដ្រ​របស់​មនុស្សជាតិ ព្រះ​បាន​ជ្រើស​រើស​បុគ្គល​មួយ​ចំនួន​ឲ្យ​ធ្វើ​ជា​របស់​លោក​តាម​របៀប​ដ៏​ពិសេស​មួយ។

២. យោង​ទៅ​តាម​គម្ពីរ តើ​អ្នក​ណា​ជា​របស់​ព្រះ​យេហូវ៉ា​តាម​របៀប​ដ៏​ពិសេស?

ជា​ឧទាហរណ៍ ទំនុក​តម្កើង ១៣៥​រៀប​រាប់​អំពី​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​នៅ​អ៊ីស្រាអែល​សម័យ​បុរាណ​ថា ជា​«​របស់​ផង​ទ្រង់​»​ឬ​ជា​ទ្រព្យ​វិសេស​របស់​លោក។ (​ទំនុក​តម្កើង ១៣៥:៤​) ម្យ៉ាង​ទៀត ហូសេ​បាន​ប្រកាស​ទុក​ជា​មុន​ថា បុគ្គល​ដែល​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល​នឹង​ទៅ​ជា​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា។ (​ហូសេ ២:២៣​) ទំនាយ​នេះ​បាន​ត្រូវ​សម្រេច​ពេល​ដែល​ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​ជ្រើស​រើស​អ្នក​ដែល​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌​ជា​មួយ​នឹង​គ្រិស្ដ។ (​សកម្មភាព ១០:៤៥; រ៉ូម ៩:២៣​-​២៦​) ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ​បាន​ត្រូវ​ហៅ​ថា ​«​ជន​ជាតិ​បរិសុទ្ធ​»។ ពួក​គេ​គឺ​ជា​«​សម្បត្ដិ​ពិសេស​»​របស់​ព្រះ​យេហូវ៉ា។ (​ពេត្រុស​ទី១ ២:៩, ១០​) ប៉ុន្ដែ ចុះ​យ៉ាង​ណា​ចំពោះ​គ្រិស្ដ​សាសនិក​ដ៏​ស្មោះ​ត្រង់​នៅ​សព្វ​ថ្ងៃ​នេះ​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី? ព្រះ​យេហូវ៉ា​ក៏​ហៅ​ពួក​គេ​ថា ​«​រាស្ដ្រ​អញ​»​និង​«​ពួក​រើស​តាំង​របស់​អញ​»។—អេសាយ ៦៥:២២

៣. (​ក​) តើ​អ្នក​ណា​មាន​ទំនាក់​ទំនង​ដ៏​ពិសេស​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

នៅ​សព្វ​ថ្ងៃ​នេះ ​«​ហ្វូង​តូច​»​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ស្ថាន​សួគ៌ និង​«​ចៀម​ឯ​ទៀត​»​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី កំពុង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា​«​ជា​ហ្វូង​តែ​មួយ​»។ (​លូកា ១២:៣២; យ៉ូហាន ១០:១៦​) យើង​ចង់​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​យើង​មាន​ចិត្ដ​កតញ្ញូ​ដែល​យើង​មាន​ទំនាក់​ទំនង​ដ៏​ពិសេស​ជា​មួយ​នឹង​លោក។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​បង្ហាញ​ចិត្ដ​កតញ្ញូ​ចំពោះ​ព្រះ​យេហូវ៉ា​សម្រាប់​ឯកសិទ្ធិ​ដ៏​ពិសេស​នេះ។

យើង​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា

៤. ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​យើង​មាន​ចំណង​មិត្ដភាព​ជា​មួយ​នឹង​លោក តើ​យើង​អាច​បង្ហាញ​ថា​យើង​ដឹង​គុណ​លោក​តាម​របៀប​ណា? តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី​ស្រដៀង​នឹង​នេះ?

យើង​បង្ហាញ​ថា​យើង​ដឹង​គុណ​ព្រះ​យេហូវ៉ា​ពេល​យើង​ប្រគល់​ខ្លួន​ជូន​លោក​និង​ទទួល​ការ​ជ្រមុជ​ទឹក។ យ៉ាង​នេះ អ្នក​ឯ​ទៀត​អាច​ឃើញ​ថា​យើង​ជា​របស់​ព្រះ​យេហូវ៉ា ហើយ​ថា​យើង​ចង់​ស្តាប់​បង្គាប់​លោក។ (​ហេប្រឺ ១២:៩​) លោក​យេស៊ូ​បាន​ធ្វើ​អ្វី​ស្រដៀង​នឹង​នេះ​ពេល​លោក​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ លោក​ជា​សមាជិក​ប្រជា​ជាតិ​មួយ​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​រួច​ហើយ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ​លោក​នៅ​តែ​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ គឺ​ហាក់​ដូច​ជា​លោក​កំពុង​មាន​ប្រសាសន៍​ថា​៖ ​«​ឱ​ព្រះ​នៃ​ទូល​បង្គំ​អើយ ទូល​បង្គំ​មាន​សេចក្ដី​អំណរ​នឹង​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់​»។—ទំនុក​តម្កើង ៤០:៧, ៨

៥, ៦. (​ក​) តើ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​ពេល​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក? (​ខ​) តើ​ឧទាហរណ៍​អ្វី​អាច​ជួយ​យើង​ឲ្យ​យល់​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ការ​ប្រគល់​ខ្លួន​ជូន​លោក?

តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក? គម្ពីរ​ចែង​ថា​៖ ​«​ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ជ្រមុជ​ទឹក​ហើយ លោក​បាន​ងើប​ឡើង​ពី​ទឹក​មក​ភ្លាម ហើយ​មេឃ​បាន​បើក​ចំហ រួច​គាត់​ឃើញ​សកម្មពល​របស់​ព្រះ​ចុះ​មក​ដូច​ជា​សត្វ​ព្រាប ហើយ​សណ្ឋិត​លើ​លោក។ ខណៈ​នោះ ក៏​មាន​សំឡេង​មួយ​ពី​លើ​មេឃ​ថា​៖ ‹នេះ​ជា​បុត្រ​ដែល​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ជា​ទី​ពេញ​ចិត្ដ​ខ្ញុំ​ណាស់›​»។ (​ម៉ាថាយ ៣:១៦, ១៧​) លោក​យេស៊ូ​ជា​របស់​ព្រះ​រួច​ហើយ។ ប៉ុន្ដែ ពេល​ដែល​ព្រះ​យេហូវ៉ា​ឃើញ​ថា​លោក​យេស៊ូ​ចង់​ប្រើ​ជីវិត​ដើម្បី​បម្រើ​តែ​លោក​ប៉ុណ្ណោះ នោះ​ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ដ។ ព្រះ​យេហូវ៉ា​ក៏​ពេញ​ចិត្ដ​ពេល​យើង​ប្រគល់​ខ្លួន​ជូន​លោក ហើយ​លោក​នឹង​ឲ្យ​ពរ​យើង។—ទំនុក​តម្កើង ១៤៩:៤

ប៉ុន្ដែ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​លើ​អ្វី​ៗ​ទាំង​អស់​រួច​ហើយ! បើ​ដូច្នេះ តើ​យើង​អាច​ជូន​អ្វី​ដល់​លោក​ដូច​ម្ដេច​បាន? សូម​ស្រមៃ​គិត​អំពី​បុរស​ម្នាក់​ដែល​មាន​សួន​ផ្កា​ដ៏​ស្រស់​ស្អាត។ នៅ​ថ្ងៃ​មួយ កូន​ស្រី​តូច​របស់​គាត់​កាច់​ផ្កា​មួយ​ទង​ឲ្យ​គាត់។ ទោះ​ជា​ឪ​ពុក​ជា​ម្ចាស់​របស់​ផ្កា​នេះ​រួច​ហើយ​ក្ដី គាត់​សប្បាយ​ចិត្ដ​នឹង​អំណោយ​នេះ ពី​ព្រោះ​នេះ​បង្ហាញ​ថា​កូន​ស្រី​របស់​គាត់​ស្រឡាញ់​គាត់។ ផ្កា​ដែល​កូន​ស្រី​ឲ្យ​គាត់​គឺ​មាន​តម្លៃ​ច្រើន​ជាង​ផ្កា​ទាំង​អស់​ឯ​ទៀត​ក្នុង​សួន​ច្បារ​របស់​គាត់។ ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ដ​ពេល​យើង​ពេញ​ចិត្ដ​ប្រគល់​ខ្លួន​ជូន​លោក។—និក្ខមនំ ៣៤:១៤

៧. តើ​ម៉ាឡាគី​បាន​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​ឲ្យ​យល់​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ពួក​អ្នក​ដែល​បម្រើ​លោក​ដោយ​ស្ម័គ្រ​ពី​ចិត្ដ?

សូម​អាន ម៉ាឡាគី ៣:១៦ហេតុ​អ្វី​គឺ​សំខាន់​ណាស់​ដែល​អ្នក​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​ទទួល​ការ​ជ្រមុជ​ទឹក? ពិត​មែន​ថា​ចាប់​តាំង​ពី​អ្នក​មាន​ជីវិត អ្នក​ជា​របស់​ព្រះ​យេហូវ៉ា​រួច​ហើយ​ដោយ​សារ​លោក​បាន​បង្កើត​អ្នក តែ​សូម​ស្រមៃ​គិត​ថា​ព្រះ​យេហូវ៉ា​នឹង​សប្បាយ​ចិត្ដ​ខ្លាំង​យ៉ាង​ណា​ពេល​អ្នក​ទទួល​យក​លោក​ជា​អ្នក​គ្រប់​គ្រង ហើយ​ប្រគល់​ខ្លួន​ជូន​លោក។ (​សុភាសិត ២៣:១៥​) ព្រះ​យេហូវ៉ា​ស្គាល់​ពួក​អ្នក​ដែល​បម្រើ​លោក​យ៉ាង​ស្មោះ​អស់​ពី​ចិត្ដ ហើយ​លោក​កត់​ទុក​ឈ្មោះ​របស់​ពួក​គេ​នៅ​ក្នុង​«​សៀវភៅ​រំឭក​»​របស់​លោក។

៨, ៩. តើ​ព្រះ​យេហូវ៉ា​តម្រូវ​អ្វី​ពី​ពួក​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​«​សៀវភៅ​រំឭក​»​របស់​លោក?

បើ​យើង​ចង់​រក្សា​ឈ្មោះ​របស់​យើង​នៅ​ក្នុង​«​សៀវភៅ​រំឭក​»​ យើង​ត្រូវ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​និង​រំពឹង​គិត​អំពី​នាម​របស់​លោក ដូច​ដែល​ម៉ាឡាគី​បាន​និយាយ។ បើ​យើង​គោរព​ប្រណិប័តន៍​បុគ្គល​ផ្សេង​ឬ​អ្វី​ផ្សេង​ទៀត ឈ្មោះ​របស់​យើង​នឹង​ត្រូវ​លុប​ចេញ​ពី​សៀវភៅ​របស់​ព្រះ​យេហូវ៉ា!—និក្ខមនំ ៣២:៣៣; ការ​បើក​បង្ហាញ ៣:៥

អស់​មួយ​ជីវិត យើង​ត្រូវ​បង្ហាញ​ដោយ​ការ​ប្រព្រឹត្ដ​របស់​យើង​ថា​យើង​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា

ដូច្នេះ ការ​សន្យា​ថា​យើង​នឹង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​និង​ការ​ទទួល​ការ​ជ្រមុជ​ទឹក​គឺ​មិន​គ្រប់​គ្រាន់​ទេ។ យើង​ធ្វើ​អ្វី​ទាំង​នេះ​តែ​ម្ដង​ប៉ុណ្ណោះ តែ​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​គឺ​ជា​របៀប​រស់​នៅ​របស់​យើង។ រាល់​ថ្ងៃ​អស់​មួយ​ជីវិត យើង​ត្រូវ​បង្ហាញ​ដោយ​ការ​ប្រព្រឹត្ដ​របស់​យើង​ថា​យើង​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា។—ពេត្រុស​ទី១ ៤:១, ២

យើង​បដិសេធ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ពិភព​លោក​នេះ

១០. តើ​ត្រូវ​មាន​ភាព​ខុស​គ្នា​យ៉ាង​ណា​រវាង​ពួក​អ្នក​ដែល​បម្រើ​ព្រះ​យេហូវ៉ា​និង​ពួក​អ្នក​ដែល​មិន​បម្រើ​លោក?

១០ ក្នុង​អត្ថបទ​មុន យើង​បាន​រៀន​ថា​កាអ៊ីន សាឡូម៉ូន និង​ជន​ជាតិ​អ៊ីស្រាអែល​បាន​អះអាង​ថា​ពួក​គេ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ប៉ុន្ដែ​ពួក​គេ​មិន​មាន​ភក្ដី​ភាព​ចំពោះ​លោក​ឡើយ។ យើង​បាន​រៀន​ពី​គំរូ​ទាំង​នោះ​ថា​ការ​គ្រាន់​តែ​និយាយ​ថា​យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​គឺ​មិន​គ្រប់​គ្រាន់​ទេ។ យើង​ត្រូវ​ស្អប់​អ្វី​ដែល​អាក្រក់ ហើយ​ស្រឡាញ់​អ្វី​ដែល​ល្អ។ (​រ៉ូម ១២:៩​) ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​នឹង​មាន​ភាព​ខុស​គ្នា​រវាង​«​សេចក្ដី​សុចរិត នឹង​សេចក្ដី​អាក្រក់​»​ ហើយ​រវាង​«​មនុស្ស​ដែល​គោរព​ដល់​ព្រះ នឹង​មនុស្ស​ដែល​មិន​គោរព​ផង​»។—ម៉ាឡាគី ៣:១៨

១១. ហេតុ​អ្វី​យើង​គួរ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ស្រួល​កត់​សម្គាល់​ថា​យើង​គោរព​ប្រណិប័តន៍​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ?

១១ យើង​ដឹង​គុណ​ព្រះ​យេហូវ៉ា​ដែល​លោក​បាន​ជ្រើស​រើស​យើង​ឲ្យ​ធ្វើ​ជា​រាស្ដ្រ​របស់​លោក! យើង​គួរ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ស្រួល​កត់​សម្គាល់​ថា​យើង​នៅ​ខាង​ព្រះ​យេហូវ៉ា។ (​ម៉ាថាយ ៥:១៦; ធីម៉ូថេ​ទី១ ៤:១៥​) សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​អ្នក​ឯ​ទៀត​អាច​កត់​សម្គាល់​ថា​ខ្ញុំ​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ​ចំពោះ​ព្រះ​យេហូវ៉ា​ឬ​ទេ? តើ​ខ្ញុំ​មាន​មោទនភាព​ក្នុង​ការ​ប្រាប់​អ្នក​ឯ​ទៀត​ថា​ខ្ញុំ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ឬ​ទេ?›។ សូម​ស្រមៃ​គិត​ថា ព្រះ​យេហូវ៉ា​នឹង​ឈឺ​ចិត្ដ​ខ្លាំង​យ៉ាង​ណា បើ​យើង​ខ្មាស​គេ​ចំពោះ​ការ​និយាយ​ថា​យើង​ជា​របស់​លោក។—ទំនុក​តម្កើង ១១៩:៤៦; សូម​អាន ម៉ាកុស ៨:៣៨

តើ​របៀប​រស់​នៅ​របស់​អ្នក​បង្ហាញ​យ៉ាង​ច្បាស់​ថា​អ្នក​ជា​សាក្សី​ព្រះ​យេហូវ៉ា​ឬ​ទេ? (​សូម​មើល​វគ្គ​១២, ១៣​)

១២, ១៣. តើ​តាម​របៀប​ណា​បង​ប្អូន​ខ្លះ​បាន​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ពិបាក​សម្គាល់​ថា​ពួក​គេ​ជា​សាក្សី​ព្រះ​យេហូវ៉ា?

១២ គួរ​ឲ្យ​ស្តាយ​ណាស់ សូម្បី​តែ​សាក្សី​ព្រះ​យេហូវ៉ា​ខ្លះ​ក៏​មាន​«​ចិត្ដ​គំនិត​របស់​ពិភព​លោក​នេះ​»​ដែរ។ ជា​លទ្ធផល ពួក​គេ​មិន​សូវ​ខុស​គ្នា​ពី​អ្នក​ដែល​មិន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ទេ។ (​កូរិនថូស​ទី១ ២:១២​) ​«​ចិត្ដ​គំនិត​របស់​ពិភព​លោក​នេះ​»​ធ្វើ​ឲ្យ​មនុស្ស​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ (​អេភេសូរ ២:៣​) ជា​ឧទាហរណ៍ ទោះ​ជា​យើង​បាន​ទទួល​យោបល់​ជា​ច្រើន​ក៏​ដោយ បង​ប្អូន​ខ្លះ​នៅ​តែ​ស្លៀក​ពាក់​មិន​រមទម។ សូម្បី​តែ​នៅ​កិច្ច​ប្រជុំ ក៏ពួក​គេ​ស្លៀក​ពាក់​រឹប​រាង​និង​បង្ហាញ​សាច់​ច្រើន​ពេក។ អ្នក​ខ្លះ​ធ្វើ​ម៉ូដ​សក់​ចម្លែក​ៗ។ (​ធីម៉ូថេ​ទី១ ២:៩, ១០​) នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ពិបាក​សម្គាល់​ថា​អ្នក​នោះ​ជា​សាក្សី​ព្រះ​យេហូវ៉ា។—យ៉ាកុប ៤:៤

១៣ មាន​អ្វី​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​សាក្សី​ខ្លះ​មិន​សូវ​ខុស​គ្នា​ពី​មនុស្ស​ក្នុង​ពិភព​លោក​នេះ។ ជា​ឧទាហរណ៍ នៅ​ពិធី​ជប់​លៀង បង​ប្អូន​ខ្លះ​បាន​រាំ​និង​ប្រព្រឹត្ដ​អ្វី​ដែល​មិន​សម​សម្រាប់​គ្រិស្ដ​សាសនិក​ពិត។ បង​ប្អូន​ខ្លះ​ទៀត​បាន​បង្ហោះ​រូប​ថត​របស់​ខ្លួន ឬ​បាន​សរសេរ​មតិ​នៅ​លើ​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា​នូវ​អ្វី​ៗ​ដែល​បង្ហាញ​ថា​ពួក​គេ​គិត​តែ​អំពី​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ។ ពួក​គេ​ប្រហែល​ជា​មិន​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ដែល​តម្រូវ​ឲ្យ​ទទួល​ការ​វិនិច្ឆ័យ​ពី​ក្រុម​ជំនុំ​ទេ ប៉ុន្ដែ​ពួក​គេ​អាច​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​បង​ប្អូន​ដែល​ព្យាយាម​ប្រព្រឹត្ដ​ខុស​ពី​ពិភព​លោក​នេះ។—សូម​អាន ពេត្រុស​ទី១ ២:១១, ១២

ចូរ​កុំ​ឲ្យ​អ្នក​ដែល​មិន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ពួក​គេ​នៅ​ខាង​ព្រះ​យេហូវ៉ា មាន​ឥទ្ធិពល​មក​លើ​អ្នក

១៤. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ការពារ​ចំណង​មិត្ដភាព​ដ៏​ពិសេស​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា?

១៤ អ្វី​ៗ​ក្នុង​ពិភព​លោក​នេះ បាន​ត្រូវ​រៀប​ចំ​ដើម្បី​ឲ្យ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​«​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង ការ​ចង់​បាន​អ្វី​ដែល​ទាក់​ទាញ​ភ្នែក និង​ការ​អួត​សម្ញែង​ភាព​មាន​បាន​របស់​ខ្លួន​»។ (​យ៉ូហាន​ទី១ ២:១៦​) យើង​ជា​របស់​ព្រះ​យេហូវ៉ា ដូច្នេះ​យើង​ខុស​ពី​គេ។ យើង‹បដិសេធ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​ខុស​ពី​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​បដិសេធ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ពិភព​លោក​នេះ›។ យើង​ក៏​«​រស់​នៅ​ដោយ​ដឹង​ខុស​ត្រូវ ដោយ​មាន​សេចក្ដី​សុចរិត និង​ដោយ​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ ក្នុង​របៀប​របប​ពិភព​លោក​នេះ​»។ (​ទីតុស ២:១២​) របៀប​រស់​នៅ​របស់​យើង រួម​ទាំង​របៀប​ដែល​យើង​និយាយ ផឹក បរិភោគ ស្លៀក​ពាក់ និង​ធ្វើ​កិច្ច​ការ គួរ​បង្ហាញ​យ៉ាង​ច្បាស់​ដល់​អ្នក​ឯ​ទៀត​ថា​យើង​ជា​របស់​ព្រះ​យេហូវ៉ា។—សូម​អាន កូរិនថូស​ទី១ ១០:៣១, ៣២

យើង​«​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​»​យ៉ាង​ខ្លាំង

១៥. ហេតុ​អ្វី​យើង​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​សប្បុរស​ចំពោះ​គ្រិស្ដ​សាសនិក​ឯ​ទៀត?

១៥ របៀប​ដែល​យើង​ប្រព្រឹត្ដ​ចំពោះ​បង​ប្អូន​រួម​ជំនឿ​បង្ហាញថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ពួក​គេ​ជា​របស់​ព្រះ​យេហូវ៉ា​ដូច​យើង​ដែរ។ បើ​យើង​ចាំ​អំពី​ចំណុច​នេះ យើង​នឹង​តែង​តែ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​សប្បុរស​ចំពោះ​ពួក​គេ។ (​ថែស្សាឡូនិច​ទី១ ៥:១៥​) តើ​នេះ​គឺ​សំខាន់​យ៉ាង​ណា? លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​យ៉ាង​នេះ មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​»។—យ៉ូហាន ១៣:៣៥

១៦. តើ​យើង​រៀន​អ្វី​ពី​ច្បាប់​ម៉ូសេ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រាស្ដ្រ​លោក?

១៦ ឧទាហរណ៍​មួយ​ពី​ច្បាប់​ម៉ូសេ​អាច​ជួយ​យើង​ឲ្យ​យល់​ថា​យើង​គួរ​ប្រព្រឹត្ដ​យ៉ាង​ណា​ចំពោះ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។ ច្បាប់​នោះ​បញ្ជាក់​ថា នៅ​វិហារ​របស់​ព្រះ​យេហូវ៉ា មាន​គ្រឿង​ប្រដាប់​ដែល​បាន​ត្រូវ​ប្រើ​សម្រាប់​តែ​ការ​គោរព​ប្រណិប័តន៍​លោក​ប៉ុណ្ណោះ។ ច្បាប់​ម៉ូសេ​បាន​ពន្យល់​យ៉ាង​ច្បាស់​អំពី​របៀប​ដែល​ពួក​លេវី​គួរ​ថែ​ទាំ​គ្រឿង​ប្រដាប់​ទាំង​នោះ ហើយ​ថា​បើ​អ្នក​ណា​ម្នាក់​មិន​ធ្វើ​តាម​ការ​ណែនាំ​នោះ​ទេ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់។ (​ជន​គណនា ១:៥០, ៥១​) បើ​ព្រះ​យេហូវ៉ា​យក​ចិត្ដ​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​របៀប​ដែល​មនុស្ស​ប្រព្រឹត្ដ​ចំពោះ​គ្រឿង​ប្រដាប់​សម្រាប់​ការ​គោរព​ប្រណិប័តន៍​លោក នោះ​លោក​ច្បាស់​ជា​យក​ចិត្ដ​ទុក​ដាក់​ខ្លាំង​ជាង​ចំពោះ​របៀប​ដែល​យើង​ប្រព្រឹត្ដ​ទៅ​លើ​ពួក​អ្នក​ដែល​បាន​ប្រគល់​ខ្លួន​ជូន​លោក​និង​ដែល​គោរព​ប្រណិប័តន៍​លោក​យ៉ាង​ស្មោះ​ត្រង់! លោក​ឲ្យ​យើង​ដឹង​ថា យើង​មាន​តម្លៃ​ខ្លាំង​យ៉ាង​ណា​ចំពោះ​លោក ពេល​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​ពាល់​ឯង​រាល់​គ្នា នោះ​គឺ​ជា​ពាល់​ដល់​ប្រស្រី​ព្រះ​នេត្រ​នៃ​ទ្រង់​ហើយ​»។—សាការី ២:៨

ព្រះ​យេហូវ៉ា​កត់​សម្គាល់​ពេល​ដែល​យើង​ទទួល​បង​ប្អូន​ដោយ​រាក់​ទាក់ បង្ហាញ​ចិត្ដ​ទូលាយ បង្ហាញ​សេចក្ដី​សប្បុរស និង​អភ័យ​ទោស​ឲ្យ​ពួក​គេ

១៧. តើ​ព្រះ​យេហូវ៉ា​«​ប្រុង​ស្តាប់ ក៏​បាន​ឮ​»​អ្វី?

១៧ ម៉ាឡាគី​បាន​និយាយ​ថា ព្រះ​យេហូវ៉ា​«​ប្រុង​ស្តាប់ ក៏​បាន​ឮ​»​អំពី​របៀប​ដែល​រាស្ដ្រ​របស់​លោក​ប្រព្រឹត្ដ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ (​ម៉ាឡាគី ៣:១៦​) ព្រះ​យេហូវ៉ា​«​ស្គាល់​ពួក​អ្នក​ដែល​ជា​របស់​លោក​»។ (​ធីម៉ូថេ​ទី២ ២:១៩​) លោក​ដឹង​ច្បាស់​អំពី​អ្វី​ទាំង​អស់​ដែល​យើង​និយាយ​និង​ការ​ប្រព្រឹត្ដ​ទាំង​អស់​របស់​យើង។ (​ហេប្រឺ ៤:១៣​) ពេល​យើង​ប្រព្រឹត្ដ​ដោយ​មិន​សប្បុរស​ចំពោះ​បង​ប្អូន ព្រះ​យេហូវ៉ា​កត់​សម្គាល់។ ប៉ុន្ដែ យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ក៏​កត់​សម្គាល់​ពេល​ដែល​យើង​ទទួល​បង​ប្អូន​ដោយ​រាក់​ទាក់ បង្ហាញ​ចិត្ដ​ទូលាយ បង្ហាញ​សេចក្ដី​សប្បុរស និង​អភ័យ​ទោស​ឲ្យ​ពួក​គេ។—ហេប្រឺ ១៣:១៦; ពេត្រុស​ទី១ ៤:៨, ៩

​«​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​មិន​ចោល​រាស្ដ្រ​ទ្រង់​ឡើយ​»​

១៨. តើ​យើង​អាច​បង្ហាញ​អំណរ​គុណ​ចំពោះ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច​ដែល​លោក​បាន​ជ្រើស​រើស​យើង​ឲ្យ​ធ្វើ​ជា​រាស្ដ្រ​របស់​លោក?

១៨ យើង​ចង់​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​យើង​មាន​ចិត្ដ​កតញ្ញូ​ដែល​យើង​ជា​របស់​លោក​ក្នុង​នាម​ជា​រាស្ដ្រ​របស់​លោក។ យើង​ដឹង​ថា​ការ​ប្រគល់​ខ្លួន​ជូន​លោក​គឺ​ជា​ការ​សម្រេច​ចិត្ដ​ដ៏​ឈ្លាស​វៃ​បំផុត។ ទោះ​ជា​យើង​រស់​នៅ​«​ក្នុង​ចំណោម​ជំនាន់​មនុស្ស​ខូច​និង​វៀច​វេរ​»​ក៏​ដោយ យើង​នៅ​តែ​អាច​«​ជា​មនុស្ស​ដែល​គ្មាន​កន្លែង​បន្ទោស មាន​ចិត្ដ​បរិសុទ្ធ​»​ និង​«​ជា​ពន្លឺ​ដែល​កំពុង​ភ្លឺ​»​ក្នុង​ពិភព​លោក​នេះ។ (​ភីលីព ២:១៥​) ដូច្នេះ យើង​តាំង​ចិត្ដ​មិន​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​ព្រះ​យេហូវ៉ា​ស្អប់។ (​យ៉ាកុប ៤:៧​) យើង​ក៏​ស្រឡាញ់​និង​គោរព​បង​ប្អូន​របស់​យើង​ដោយ​សារ​ពួក​គេ​ជា​របស់​ព្រះ​យេហូវ៉ា​ដែរ។—រ៉ូម ១២:១០

១៩. តើ​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​អ្វី​ខ្លះ​ដល់​ពួក​អ្នក​ដែល​ជា​របស់​លោក?

១៩ គម្ពីរ​សន្យា​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​មិន​ចោល​រាស្ដ្រ​ទ្រង់​ឡើយ​»។ (​ទំនុក​តម្កើង ៩៤:១៤​) នេះ​ជា​ការ​ធានា​ពី​លោក។ ទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ ព្រះ​យេហូវ៉ា​នឹង​នៅ​ជា​មួយ​យើង។ សូម្បី​តែ​យើង​ស្លាប់ លោក​ក៏​នឹង​មិន​ភ្លេច​យើង​ដែរ។ (​រ៉ូម ៨:៣៨, ៣៩​) ​«​ប្រសិន​បើ​យើង​រស់ យើង​រស់​ដើម្បី​ព្រះ​យេហូវ៉ា ហើយ​បើ​យើង​ស្លាប់ យើង​ស្លាប់​ដើម្បី​ព្រះ​យេហូវ៉ា។ ដូច្នេះ ទោះ​ជា​យើង​រស់​ឬ​ស្លាប់​ក្ដី យើង​ជា​របស់​ព្រះ​យេហូវ៉ា​»។ (​រ៉ូម ១៤:៨​) យើង​ទន្ទឹង​រង់​ចាំ​គ្រា​ដែល​ព្រះ​យេហូវ៉ា​នឹង​ប្រោស​មិត្ដ​សម្លាញ់​ដ៏​ស្មោះ​ត្រង់​ទាំង​អស់​របស់​លោក​ដែល​បាន​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ (​ម៉ាថាយ ២២:៣២​) សូម្បី​តែ​នៅ​សព្វ​ថ្ងៃ​នេះ យើង​ក៏​ទទួល​ពរ​ដ៏​អស្ចារ្យ​ជា​ច្រើន​ពី​បិតា​របស់​យើង គឺ​ដូច​អ្វី​ដែល​គម្ពីរ​ចែង ដែល​ថា​៖ ​«​មាន​ពរ​ហើយ នគរ​ណា​ដែល​យក​ព្រះ​យេហូវ៉ា​ទុក​ជា​ព្រះ​របស់​ខ្លួន គឺ​ជា​សាសន៍​ដែល​ទ្រង់​បាន​រើស​ទុក​ជា​មរដក​របស់​ទ្រង់​»។—ទំនុក​តម្កើង ៣៣:១២