តើលោកយេស៊ូពិតជាបានស្លាប់សម្រាប់ខ្ញុំមែនឬ?
ពាក្យសម្ដីរបស់បុរសជាច្រើននាក់បានត្រូវកត់ទុកក្នុងគម្ពីរ។ ពួកគេជាបុគ្គលដែលមាន«អារម្មណ៍ដូចយើង»។ (យ៉ា. ៥:១៧) ជាឧទាហរណ៍ យើងស្រួលយល់អត្ថន័យនៃពាក្យរបស់ប៉ូលពេលដែលគាត់និយាយនៅរ៉ូម ៧:២១-២៤ថា៖ «កាលខ្ញុំប៉ងប្រាថ្នាធ្វើអ្វីដែលត្រឹមត្រូវ នោះអ្វីដែលអាក្រក់នៅជាប់ជាមួយនឹងខ្ញុំ។ . . . ពិបាកចិត្តណាស់ខ្ញុំ!»។ យើងទទួលការសម្រាលទុក្ខដោយដឹងថាបុរសដ៏ស្មោះត្រង់ដូចប៉ូលក៏មានអារម្មណ៍បែបនេះចំពោះខ្លួនដែរ ហើយនេះជួយយើងពេលយើងត្រូវតយុទ្ធនឹងអំពើខុសឆ្គងរបស់ខ្លួន។
ប៉ូលក៏បានរៀបរាប់អំពីអារម្មណ៍ផ្សេងទៀតដែលគាត់មានដែរ។ នៅកាឡាទី ២:២០ គាត់បាននិយាយថា គាត់ជឿជាក់ថាលោកយេស៊ូ«បានស្រឡាញ់[គាត់] ហើយបានប្រគល់ខ្លួនដើម្បី[គាត់]»ផ្ទាល់! តើអ្នកមានអារម្មណ៍ដូចគាត់ឬទេ? អ្នកប្រហែលជាមិនតែងតែមានអារម្មណ៍បែបនេះទេ។
បើយើងនៅតែមានអារម្មណ៍ថាយើងគ្មានតម្លៃដោយសារអំពើខុសឆ្គងដែលយើងធ្លាប់ធ្វើពីមុន យើងប្រហែលជាពិបាកជឿថាព្រះយេហូវ៉ាស្រឡាញ់យើង និងបានអភ័យទោសឲ្យយើង ហើយយើងប្រហែលជាកាន់តែពិបាកមានទស្សនៈថាគ្រឿងបូជាលោះរបស់លោកយេស៊ូគឺជាអំណោយសម្រាប់យើងផ្ទាល់។ តើលោកយេស៊ូពិតជាចង់ឲ្យយើងមានទស្សនៈថាថ្លៃលោះជាអំណោយសម្រាប់យើងផ្ទាល់ឬទេ? តើអ្វីអាចជួយយើងឲ្យមានទស្សនៈបែបនេះ? សូមយើងពិចារណាចម្លើយចំពោះសំណួរទាំងពីរនេះ។
ទស្សនៈរបស់លោកយេស៊ូ ចំពោះគ្រឿងបូជារបស់លោក
មែនហើយ លោកយេស៊ូចង់ឲ្យយើងមានទស្សនៈថាគ្រឿងបូជារបស់លោកជាអំណោយសម្រាប់យើងផ្ទាល់។ ហេតុអ្វីយើងអាចដឹងប្រាកដអំពីចំណុចនេះ? សូមស្រមៃគិតអំពីកំណត់ហេតុដែលបានត្រូវកត់ទុកនៅលូកា ២៣:៣៩-៤៣។ បុរសម្នាក់បានត្រូវគេព្យួរលើបង្គោលទារុណកម្មនៅជិតលោកយេស៊ូ។ គាត់សារភាពថាគាត់ធ្លាប់ធ្វើអ្វីដ៏អាក្រក់។ នោះច្បាស់ជាបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរមួយ ដោយសារការដាក់ទោសយ៉ាងសាហាវបែបនេះ គឺសម្រាប់តែឧក្រិដ្ឋជនដែលធ្វើអ្វីដ៏អាក្រក់បំផុត។ បុរសនោះព្រួយចិត្តយ៉ាងខ្លាំង ហើយអង្វរលោកយេស៊ូថា៖ «សូមនឹកឃើញខ្ញុំ កាលណាលោកទៅជាស្តេច»។
តើលោកយេស៊ូបានមានប្រសាសន៍តបទៅវិញយ៉ាងណា? សូមស្រមៃគិតអំពីពេលដែលលោកងាកមើលឧក្រិដ្ឋជននោះ។ ទោះជានោះធ្វើឲ្យលោកកាន់តែឈឺចាប់យ៉ាងខ្លាំងក្ដី លោកនៅតែញញឹម ហើយសម្រាលទុក្ខបុរសនោះដោយមានប្រសាសន៍ថា៖ «ខ្ញុំប្រាប់អ្នកការពិតនៅថ្ងៃនេះថា អ្នកនឹងនៅជាមួយនឹងខ្ញុំក្នុងសួនឧទ្យាន»។ លោកយេស៊ូអាចគ្រាន់តែរំលឹកបុរសនោះថា កូនមនុស្ស«មកដើម្បី . . . ឲ្យជីវិតខ្លួនជាថ្លៃលោះមនុស្សជាច្រើន»។ (ម៉ាថ. ២០:២៨) ប៉ុន្តែ ដោយសប្បុរសលោកយេស៊ូបានបង្ហាញថាគ្រឿងបូជារបស់លោកក៏មានប្រយោជន៍សម្រាប់បុរសនោះផ្ទាល់។ លោកបានមានប្រសាសន៍យ៉ាងរួសរាយរាក់ទាក់ ដោយប្រើពាក្យ«អ្នក»និង«ខ្ញុំ»។ ម្យ៉ាងទៀត លោកបានប្រាប់បុរសនោះថាគាត់នឹងរស់នៅលើផែនដីជាសួនឧទ្យាន។
លោកយេស៊ូប្រាកដជាចង់ឲ្យបុរសនោះយល់ថាគ្រឿងបូជាដែលលោកហៀបនឹងជូនក៏នឹងមានប្រយោជន៍សម្រាប់គាត់ផ្ទាល់។ បើលោកយេស៊ូមានអារម្មណ៍បែបនេះចំពោះឧក្រិដ្ឋជនម្នាក់ដែលមិនទាំងមានឱកាសបម្រើព្រះផង លោកប្រាកដជាមានអារម្មណ៍បែបនេះចំពោះគ្រិស្តសាសនិកដែលជាអ្នកបម្រើព្រះ។ ដូច្នេះ តើអ្វីអាចជួយយើងឲ្យមានជំនឿថាគ្រឿងបូជារបស់គ្រិស្តនឹងមានប្រយោជន៍សម្រាប់យើងផ្ទាល់ ទោះជាយើងធ្លាប់ប្រព្រឹត្តអំពើខុសឆ្គងក៏ដោយ?
អ្វីដែលបានជួយប៉ូល
ដោយសារលោកយេស៊ូបានប្រគល់ភារកិច្ចផ្សព្វផ្សាយឲ្យដល់ប៉ូល គាត់អាចយល់ថាលោកបានស្លាប់ដើម្បីគាត់។ ហេតុអ្វី? គាត់ពន្យល់ថា៖ «ខ្ញុំមានអំណរគុណចំពោះគ្រិស្តយេស៊ូជាម្ចាស់របស់យើង ជាអ្នកដែលបានផ្ដល់កម្លាំងឲ្យខ្ញុំ ពីព្រោះលោកបានចាត់ទុកខ្ញុំជាមនុស្សស្មោះត្រង់ ដោយចាត់តាំងខ្ញុំឲ្យបំពេញកិច្ចបម្រើ ទោះបីខ្ញុំធ្លាប់ជាអ្នកប្រមាថព្រះ ជាអ្នកបៀតបៀនរាស្ត្ររបស់លោក និងជាមនុស្សព្រហើនក៏ដោយ»។ (១ធី. ១:១២-១៤) ភារកិច្ចដែលប៉ូលបានទទួលបានពង្រឹងទំនុកចិត្តរបស់គាត់ថាលោកយេស៊ូស្រឡាញ់ ទុកចិត្ត និងមានសេចក្ដីមេត្ដាករុណាចំពោះគាត់ផ្ទាល់។ លោកយេស៊ូក៏បានឲ្យយើងម្នាក់ៗនូវភារកិច្ចដើម្បីផ្សព្វផ្សាយដំណឹងល្អ។ (ម៉ាថ. ២៨:១៩, ២០) តើនេះអាចនាំឲ្យយើងមានអារម្មណ៍ដូចប៉ូលឬទេ?
ថ្មីៗនេះ បងប្រុសអាល់បឺតបានត្រឡប់មកព្រះយេហូវ៉ាវិញ ក្រោយពីគាត់បានត្រូវបណ្ដាច់មិត្តភាពជិត៣៤ឆ្នាំ។ គាត់ពន្យល់ថា៖ «ខ្ញុំតែងតែនឹកឃើញអំពីអំពើខុសឆ្គងរបស់ខ្ញុំជានិច្ច។ ប៉ុន្តែពេលខ្ញុំផ្សព្វផ្សាយ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានទទួលកិច្ចបម្រើមួយពីលោកយេស៊ូដូចសាវ័កប៉ូលដែរ។ នេះពង្រឹងកម្លាំងខ្ញុំ ហើយជួយខ្ញុំមានទស្សនៈត្រឹមត្រូវចំពោះខ្លួនឯង ចំពោះរបៀបរស់នៅរបស់ខ្ញុំ និងចំពោះអនាគតរបស់ខ្ញុំ»។—ទំនុក. ៥១:៣
មុនបងប្រុសអាឡានបានរៀនសេចក្ដីពិត គាត់បានប្រព្រឹត្តបទឧក្រិដ្ឋជាច្រើន ហើយក៏ជាមនុស្សឃោរឃៅ។ គាត់សារភាពថា៖ «ខ្ញុំនៅតែគិតអំពីបញ្ហាជាច្រើនដែលខ្ញុំបានបង្កឡើង ហើយជួនកាលនេះធ្វើឲ្យខ្ញុំធ្លាក់ទឹកចិត្ត។ ប៉ុន្តែ ខ្ញុំអរគុណព្រះយេហូវ៉ា ដែលលោកអនុញ្ញាតឲ្យបុគ្គលដែលបានប្រព្រឹត្តអំពើខុសឆ្គងដូចខ្ញុំ ផ្សព្វផ្សាយដំណឹងល្អដល់អ្នកឯទៀត។ ពេលខ្ញុំឃើញប្រតិកម្មរបស់មនុស្សចំពោះដំណឹងល្អ នេះរំលឹកខ្ញុំអំពីសេចក្ដីស្រឡាញ់និងគុណធម៌របស់ព្រះយេហូវ៉ា។ ខ្ញុំមានអារម្មណ៍ថា លោកប្រើខ្ញុំដើម្បីជួយអ្នកឯទៀតដែលធ្លាប់ធ្វើអំពើអាក្រក់ដែរ»។
ពេលយើងផ្សព្វផ្សាយ យើងអាចផ្ដោតអារម្មណ៍ទៅលើការប្រព្រឹត្តល្អ ហើយយើងក៏អាចគិតអំពីអ្វីល្អៗដែរ។ កិច្ចបម្រើផ្សាយពង្រឹងទំនុកចិត្តរបស់យើងថាលោកយេស៊ូស្រឡាញ់ ទុកចិត្ត និងមានសេចក្ដីមេត្ដាករុណាចំពោះយើង។
ព្រះយេហូវ៉ាធំជាងចិត្តរបស់យើង
ទម្រាំដល់របៀបរបបពិភពលោកដ៏អាក្រក់របស់សាថាននឹងត្រូវបំផ្លាញ ចិត្តរបស់យើងប្រហែលជានៅតែផ្ដន្ទាទោសយើងដោយសារអំពើខុសឆ្គងដែលយើងធ្លាប់ធ្វើ។ តើអ្វីនឹងជួយយើងឲ្យយកឈ្នះអារម្មណ៍បែបនេះ?
បងស្រីជីនច្រើនតែបន្ទោសខ្លួនចំពោះការមានរបៀបរស់នៅដែលមានមុខពីរពេលគាត់នៅក្មេង តែគាត់និយាយថា៖ «ខ្ញុំពិតជាសប្បាយចិត្តដែល‹ព្រះធំជាងចិត្តរបស់យើង›»។ (១យ៉ូន. ៣:១៩, ២០) យើងក៏អាចទទួលការសម្រាលទុក្ខដោយដឹងថាព្រះយេហូវ៉ានិងលោកយេស៊ូយល់ច្បាស់ជាងយើងអំពីភាពខុសឆ្គងរបស់យើង។ សូមចាំថា លោកទាំងពីរបានផ្ដល់ថ្លៃលោះ មិនមែនសម្រាប់មនុស្សល្អឥតខ្ចោះទេ តែសម្រាប់បុគ្គលដែលបានប្រព្រឹត្តអំពើខុសឆ្គង ហើយបានប្រែចិត្ត។—១ធី. ១:១៥
យើងពង្រឹងទំនុកចិត្តរបស់យើងទៅលើការពិតដ៏មានតម្លៃនេះ ពេលយើងរំពឹងគិតយ៉ាងជ្រាលជ្រៅអំពីរបៀបដែលលោកយេស៊ូបានប្រព្រឹត្តចំពោះមនុស្សមិនល្អឥតខ្ចោះ ហើយពេលយើងខំអស់ពីសមត្ថភាពដើម្បីបំពេញកិច្ចបម្រើដែលលោកបានផ្ដល់ឲ្យយើង។ ដោយធ្វើដូច្នេះ អ្នកអាចនិយាយដូចប៉ូលថា លោកយេស៊ូ«ស្រឡាញ់ខ្ញុំ ហើយបានប្រគល់ខ្លួនដើម្បីខ្ញុំ»។