លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

​«​កុំ​ឲ្យ​ដៃ​ឯង​អន់​ថយ​ឲ្យ​សោះ​»​

​«​កុំ​ឲ្យ​ដៃ​ឯង​អន់​ថយ​ឲ្យ​សោះ​»​

​«​កុំ​ឲ្យ​ដៃ​ឯង​អន់​ថយ​ឲ្យ​សោះ​»។—សេផានា ៣:១៦

ចម្រៀង​លេខ: ៥៤, ៣២

១, ២​. (​ក​) សព្វ​ថ្ងៃ​នេះ តើ​មនុស្ស​ជា​ច្រើន​មាន​បញ្ហា​បែប​ណា ហើយ​តើ​នេះ​មាន​លទ្ធផល​អ្វី? (​ខ​) តើ​អេសាយ ៤១:១០, ១៣​ផ្ដល់​សេចក្ដី​សង្ឃឹម​ដ៏​ពិត​ប្រាកដ​អ្វី?

បង​ស្រី​ម្នាក់​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល ហើយ​ដែល​បាន​រៀប​ការ​ជា​មួយ​នឹង​អ្នក​ចាស់​ទុំ​ម្នាក់​និយាយ​ថា​៖ ​«​ទោះ​ជា​ខ្ញុំ​រក្សា​ទម្លាប់​ល្អ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ ខ្ញុំ​ខ្វល់​ចិត្ដ​យ៉ាង​ខ្លាំង​អស់​ជា​ច្រើន​ឆ្នាំ។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​គេង​មិន​សូវ​លក់ ប៉ះ​ពាល់​ដល់​សុខភាព​របស់​ខ្ញុំ មាន​ឥទ្ធិពល​ទៅ​លើ​របៀប​ដែល​ខ្ញុំ​ប្រព្រឹត្ដ​ចំពោះ​អ្នក​ឯ​ទៀត ហើយ​ជួន​កាល​ធ្វើ​ឲ្យ​ខ្ញុំ​លែង​ចង់​តស៊ូ​ទៀត​»។

តើ​អ្នក​អាច​យល់​អារម្មណ៍​របស់​បង​ស្រី​នោះ​ឬ​ទេ? គួរ​ឲ្យ​ស្តាយ ដោយ​សារ​យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដ៏​អាក្រក់​របស់​សាថាន យើង​ជួប​ប្រទះ​ការ​ពិបាក​ជា​ច្រើន។ ម្យ៉ាង​ទៀត ដូច​ជា​យុថ្កា​ដែល​ទប់​ទូក​មិន​ឲ្យ​ទៅ​ណា កង្វល់​អាច​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ដ​ឬ​មាន​អារម្មណ៍​ថា​យើង​មាន​បន្ទុក​ធ្ងន់។ (​សុភាសិត ១២:២៥​) តើ​អ្វី​អាច​ធ្វើ​ឲ្យ​អ្នក​ខ្វល់​ចិត្ដ? អ្នក​ប្រហែល​ជា​កើត​ទុក្ខ​ដោយ​សារ​មនុស្ស​ជា​ទី​ស្រឡាញ់​បាន​ស្លាប់ ឬ​អ្នក​កំពុង​មាន​ជំងឺ​ធ្ងន់​ធ្ងរ ឬ​ក៏​មាន​ការ​បៀត​បៀន។ អ្នក​ប្រហែល​ជា​ពិបាក​ថែ​រក្សា​ក្រុម​គ្រួសារ​របស់​អ្នក​ដោយ​សារ​មាន​វិបត្ដិ​ធ្ងន់​ធ្ងរ​ខាង​សេដ្ឋកិច្ច។ កាល​ដែល​ពេល​វេលា​កន្លង​ទៅ ការ​តាន​តឹង​ចិត្ដ​អាច​ធ្វើ​ឲ្យ​កម្លាំង​របស់​អ្នក​ចុះ​ខ្សោយ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​អំណរ។ ប៉ុន្ដែ អ្នក​អាច​មាន​ទំនុក​ចិត្ដ​ថា​ព្រះ​ប្រុង​ប្រៀប​ជួយ​អ្នក។—សូម​អាន អេសាយ ៤១:១០, ១៣

៣, ៤​. (​ក​) ពេល​គម្ពីរ​ប្រើ​ពាក្យ​«​ដៃ​»​ តើ​នោះ​អាច​សំដៅ​លើ​អ្វី​ខ្លះ? (​ខ​) តើ​អ្វី​អាច​ធ្វើ​ឲ្យ​ដៃ​របស់​យើង​ស្រយុត​ចុះ?

គម្ពីរ​ច្រើន​តែ​ចែង​អំពី​អវយវៈ​នៃ​រូប​កាយ​ដើម្បី​ពណ៌នា​អំពី​គុណ​សម្បត្ដិ ឬ​សកម្មភាព​ផ្សេង​ៗ​របស់​បុគ្គល​ម្នាក់។ ជា​ឧទាហរណ៍ គម្ពីរ​ចែង​អំពី​ដៃ​អស់​រាប់​រយ​ដង។ ពេល​ដែល​គម្ពីរ​ចែង​ថា​ចម្រើន​កម្លាំង​ដៃ​របស់​បុគ្គល​ម្នាក់​ឬ​ធ្វើ​ឲ្យ​ដៃ​មាំ​មួន​ឡើង នេះ​អាច​មាន​ន័យ​ថា​បុគ្គល​នោះ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ដ កាន់​តែ​រឹង​មាំ ហើយ​ប្រុង​ប្រៀប​ធ្វើ​អ្វី​ណា​មួយ។ (​ទំនុក​តម្កើង ៨៩:២១; នេហេមា ៦:៩​) នេះ​ក៏​អាច​មាន​ន័យ​ថា​គាត់​មាន​ទស្សនៈ​ល្អ​ត្រឹម​ត្រូវ ហើយ​ថា​គាត់​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​អនាគត។

នៅ​ពេល​ផ្សេង​ទៀត គម្ពីរ​ពណ៌នា​អំពី​បុគ្គល​ដែល​ស្រយុត​ដៃ​ចុះ។ នោះ​សំដៅ​លើ​បុគ្គល​ដែល​ធ្លាក់​ទឹក​ចិត្ដ ឬ​ដែល​អស់​សង្ឃឹម។ (​របា​ក្សត្រ​ទី២ ១៥:៧; ហេប្រឺ ១២:១២​) ពេល​អ្នក​តាន​តឹង​ចិត្ដ ឬ​អស់​កម្លាំង​យ៉ាង​ខ្លាំង ឬ​ក៏​មាន​អារម្មណ៍​ថា​ចំណង​មិត្ដភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​កាន់​តែ​ចុះ​ខ្សោយ នោះ​អ្នក​ប្រហែល​ជា​ចង់​ឈប់​តស៊ូ។ តើ​អ្នក​អាច​រក​ឃើញ​ការ​លើក​ទឹក​ចិត្ដ​នៅ​ឯ​ណា? តើ​អ្វី​អាច​ជំរុញ​ចិត្ដ​និង​ពង្រឹង​កម្លាំង​ចិត្ដ​របស់​អ្នក​ដើម្បី​ស៊ូ​ទ្រាំ ហើយ​មាន​អំណរ?

«​ព្រះ​ហស្ដ​នៃ​ព្រះ​យេហូវ៉ា​មិន​មែន​រួញ​ខ្លី ដែល​នឹង​ជួយ​សង្គ្រោះ​មិន​បាន​នោះ​ទេ​»

៥​. (​ក​) ពេល​មាន​បញ្ហា តើ​យើង​ប្រហែល​ជា​មាន​អារម្មណ៍​យ៉ាង​ណា ប៉ុន្ដែ​តើ​យើង​គួរ​ចាំ​អំពី​អ្វី? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី?

សូម​អាន សេផានា ៣:១៦, ១៧ពេល​យើង​មាន​បញ្ហា យើង​មិន​គួរ​ភ័យ​ខ្លាច​និង​ធ្លាក់​ទឹក​ចិត្ដ ឬ​ធ្វើ​ឲ្យ​ដៃ​របស់​យើង​ស្រយុត​ចុះ​ឡើយ។ ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ អញ្ជើញ​យើង​ឲ្យ​ផ្ទេរ​កង្វល់​ទាំង​អស់​របស់​យើង​ទៅ​លោក។ (​ពេត្រុស​ទី១ ៥:៧​) ព្រះ​យេហូវ៉ា​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​យើង​ដូច​ដែល​លោក​បាន​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ប្រជា​ជាតិ​អ៊ីស្រាអែល។ លោក​បាន​ប្រាប់​ពួក​គេ​ថា ដៃ​របស់​លោក​«​មិន​មែន​រួញ​ខ្លី ដែល​នឹង​ជួយ​សង្គ្រោះ​មិន​បាន​នោះ​ទេ​»។ លោក​តែង​តែ​ប្រុង​ប្រៀប​សង្គ្រោះ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក។ (​អេសាយ ៥៩:១​) ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​គំរូ​ដ៏​ល្អ​ប្រសើរ​បី​ក្នុង​គម្ពីរ​ដែល​បង្ហាញ​អំពី​បំណង​ចិត្ដ និង​សមត្ថភាព​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ពង្រឹង​កម្លាំង​រាស្ដ្រ​របស់​លោក​ឲ្យ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក ទោះ​ជា​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង​ក្ដី។ សូម​យើង​ពិចារណា​អំពី​របៀប​ដែល​គំរូ​ទាំង​នេះ​អាច​ពង្រឹង​កម្លាំង​អ្នក។

៦, ៧​. តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​ជ័យ​ជម្នះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទៅ​លើ​ជន​ជាតិ​អាម៉ាលេក?

មិន​យូរ​ក្រោយ​ពី​ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​រំដោះ​ពី​ទាសភាព​នៅ​ស្រុក​អេស៊ីប ជន​ជាតិ​អាម៉ាលេក​បាន​វាយ​ប្រហារ​ពួក​គេ។ ម៉ូសេ​បាន​ប្រាប់​យ៉ូស្វេ​ដែល​ជា​បុរស​ក្លាហាន​ឲ្យ​នាំ​មុខ​ជន​ជាតិ​អ៊ីស្រាអែល​ក្នុង​ការ​ប្រយុទ្ធ។ ក្រោយ​មក ម៉ូសេ​បាន​នាំ​អេរ៉ុន​និង​ហ៊ើរ​ទៅ​ភ្នំ​តូច​មួយ​ដែល​នៅ​ជិត​សមរភូមិ។ នៅ​ទី​នោះ ពួក​គាត់​អាច​ឃើញ​សមរភូមិ​នោះ។ តើ​បុរស​ទាំង​បី​នាក់​នោះ​មិន​បាន​ចូល​រួម​ក្នុង​ការ​ប្រយុទ្ធ​ដោយ​សារ​ពួក​គាត់​ភ័យ​ខ្លាច​ឬ? ប្រាកដ​ជា​មិន​មែន​ដូច្នេះ​ទេ!

ម៉ូសេ​បាន​ធ្វើ​តាម​គម្រោង​ដែល​បាន​ជួយ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ឈ្នះ​ការ​ប្រយុទ្ធ​ជា​មួយ​នឹង​ជន​ជាតិ​អាម៉ាលេក។ គាត់​បាន​កាន់​ដំបង​នៃ​ព្រះ​ដ៏​ពិត​ក្នុង​ដៃ​របស់​គាត់ ហើយ​បាន​លើក​ដៃ​ទាំង​ពីរ​ឡើង​ទៅ​លើ​មេឃ។ ពេល​ម៉ូសេ​ធ្វើ​ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឫទ្ធានុភាព​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ដើម្បី​ប្រយុទ្ធ​នឹង​ជន​ជាតិ​អាម៉ាលេក។ ក៏​ប៉ុន្ដែ ពេល​ម៉ូសេ​រួយ​ដៃ ហើយ​បាន​ចាប់​ផ្ដើម​ទម្លាក់​ដៃ​ចុះ ជន​ជាតិ​អាម៉ាលេក​បាន​ចាប់​ផ្ដើម​ឈ្នះ។ អេរ៉ុន​និង​ហ៊ើរ​បាន​ចាត់​វិធានការ​យ៉ាង​លឿន​ដើម្បី​ជួយ​ម៉ូសេ។ ពួក​គាត់​បាន​«​យក​ថ្ម​មក​ដាក់​ឲ្យ​លោក​អង្គុយ​ចុះ រួច​អើរ៉ុន​នឹង​ហ៊ើរ​ក៏​ឈរ​ទ្រ​ដៃ​លោក​ទាំង​សង​ខាង ដូច្នេះ​ដៃ​លោក​បាន​នៅ​នឹង​ដដែល​ដរាប​ដល់​ថ្ងៃ​លិច​»។ មែន​ហើយ ដោយ​សារ​ដៃ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ ជន​ជាតិ​អ៊ីស្រាអែល​បាន​ឈ្នះ​ការ​ប្រយុទ្ធ​នោះ។—និក្ខមនំ ១៧:៨​-​១៣

៨​. (​ក​) តើ​អេសា​បាន​ធ្វើ​អ្វី​ពេល​ជន​ជាតិ​អេចូពី​បាន​គំរាម​កំហែង​បណ្ដា​ជន​នៅ​ស្រុក​យូដា? (​ខ​) តើ​យើង​អាច​យក​តម្រាប់​អេសា​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​ក៏​បាន​ប្រុង​ប្រៀប​ប្រើ​ដៃ​ដ៏​ខ្លាំង​ក្លា​របស់​លោក​ដើម្បី​ជួយ​រាស្ដ្រ​លោក​នៅ​សម័យ​ស្ដេច​អេសា​ដែរ។ កង​ទ័ព​ជា​ច្រើន​បាន​ត្រូវ​រៀប​រាប់​ក្នុង​គម្ពីរ ប៉ុន្ដែ​កង​ទ័ព​ដ៏​ធំ​ជាង​គេ​គឺ​ជា​កង​ទ័ព​របស់​សេរ៉ា​ដែល​ជា​ជន​ជាតិ​អេចូពី ដែល​មាន​ទាហាន​ដែល​មាន​បទ​ពិសោធន៍​១​លាន​នាក់។ កង​ទ័ព​អេចូពី​ធំ​ជាង​កង​ទ័ព​របស់​អេសា​ពីរ​ដង។ តើ​អេសា​បាន​ខ្វល់​ចិត្ដ ភ័យ​ខ្លាច ឬ​ធ្លាក់​ទឹក​ចិត្ដ​ឬ​ទេ? តើ​គាត់​បាន​ស្រយុត​ដៃ​ចុះ​ឬ​ទេ? មិន​មែន​ទេ! ភ្លាម​ៗ​នោះ​អេសា​បាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ បើ​គិត​តាម​យុទ្ធសាស្ដ្រ​យោធា ប្រហែល​ជា​មើល​ទៅ​ដូច​ជា​មិន​អាច​យក​ឈ្នះ​ការ​ប្រយុទ្ធ​នឹង​ជន​ជាតិ​អេចូពី​បាន​ទេ។ ​«​ប៉ុន្ដែ​ព្រះ​អាច​សម្រេច​គ្រប់​ការ​ទាំង​អស់​បាន​»។ (​ម៉ាថាយ ១៩:២៦​) ព្រះ​បាន​ប្រើ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​លោក ហើយ​«​វាយ​ពួក​អេធីអូពី​នៅ​ចំពោះ​អេសា​»​ដែល​«​មាន​ព្រះ​ទ័យ​ស្មោះ​ត្រង់​ដល់​ព្រះ​យេហូវ៉ា​រហូត​ដល់​អស់​ព្រះ​ជន្ម​»។—របា​ក្សត្រ​ទី២ ១៤:៨​-​១៣; ពង្សាវតារ​ក្សត្រ​ទី១ ១៥:១៤

៩​. (​ក​) តើ​នេហេមា​បាន​ជួប​ប្រទះ​ការ​ពិបាក​អ្វី​ពេល​នៅ​ក្រុង​យេរូសាឡិម (​ខ​) តើ​តាម​របៀប​ណា​ព្រះ​បាន​តប​ឆ្លើយ​នឹង​សេចក្ដី​អធិដ្ឋាន​របស់​នេហេមា?

ពេល​នេហេមា​បាន​ទៅ​ក្រុង​យេរូសាឡិម តើ​គាត់​បាន​ឃើញ​អ្វី? គាត់​បាន​ឃើញ​ថា​គ្មាន​អ្វី​ការពារ​ក្រុង​នោះ​ទេ ហើយ​ជន​ជាតិ​យូដា​បាន​ធ្លាក់​ទឹក​ចិត្ដ។ ក្រោយ​មក សត្រូវ​បរទេស​បាន​គំរាម​កំហែង​ជន​ជាតិ​យូដា ដើម្បី​ឲ្យ​ពួក​គេ​ឈប់​សង់​កំពែង​ក្រុង​យេរូសាឡិម។ តើ​នេហេមា​មាន​អារម្មណ៍​យ៉ាង​ណា? តើ​គាត់​ក៏​បាន​ធ្លាក់​ទឹក​ចិត្ដ ហើយ​ស្រយុត​ដៃ​ចុះ​ដែរ​ឬ​ទេ? មិន​មែន​ទេ! ដូច​ម៉ូសេ អេសា និង​អ្នក​បម្រើ​ស្មោះ​ត្រង់​ឯ​ទៀត​របស់​ព្រះ​យេហូវ៉ា នេហេមា​តែង​តែ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា។ ក្នុង​ស្ថានភាព​នេះ​ដែរ នេហេមា​បាន​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ហើយ​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​គាត់។ ព្រះ​បាន​ប្រើ​«​ព្រះ​ចេស្តា​ដ៏​ជា​ខ្លាំង នឹង​ព្រះ​ហស្ដ​ដ៏​មាន​ឥទ្ធិ​ឫទ្ធិ​»​របស់​លោក​ដើម្បី​ពង្រឹង​កម្លាំង​ជន​ជាតិ​យូដា។ (​សូម​អាន នេហេមា ១:១០; ២:១៧​-​២០; ៦:៩) តើ​អ្នក​ជឿ​ថា​ព្រះ​យេហូវ៉ា​ប្រើ​«​ព្រះ​ចេស្តា​ដ៏​ជា​ខ្លាំង នឹង​ព្រះ​ហស្ដ​ដ៏​មាន​ឥទ្ធិ​ឫទ្ធិ​»​របស់​លោក​ដើម្បី​ពង្រឹង​កម្លាំង​របស់​អ្នក​បម្រើ​លោក​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ?

ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ ដៃ​របស់​អ្នក​មាំ​មួន​ឡើង

១០, ១១​. (​ក​) តើ​តាម​របៀប​ណា​សាថាន​ព្យាយាម​ធ្វើ​ឲ្យ​យើង​ស្រយុត​ដៃ​ចុះ? (​ខ​) តើ​ព្រះ​យេហូវ៉ា​ប្រើ​អ្វី​ខ្លះ​ដើម្បី​ពង្រឹង​និង​ផ្ដល់​កម្លាំង​ឲ្យ​យើង? (​គ​) តើ​អ្នក​បាន​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​បង្ហាត់​បង្រៀន​របស់​ព្រះ​យេហូវ៉ា?

១០ យើង​អាច​ប្រាកដ​ថា​មេ​កំណាច​នឹង​មិន​ស្រយុត​ដៃ​ចុះ​ឡើយ។ វា​នឹង​បន្ដ​វាយ​ប្រហារ​យើង​ដោយ​ព្យាយាម​បញ្ឈប់​សកម្មភាព​របស់​យើង​ជា​គ្រិស្ដ​សាសនិក។ វា​ប្រើ​ពាក្យ​កុហក​និង​ការ​គំរាម​កំហែង​ពី​រដ្ឋាភិបាល អ្នក​ដឹក​នាំ​សាសនា និង​អ្នក​ក្បត់​ជំនឿ។ តើ​អ្វី​ជា​គោល​ដៅ​របស់​វា? វា​ចង់​ឲ្យ​យើង​ឈប់​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​អាច​ជួយ​និង​ចង់​ជួយ​យើង ហើយ​លោក​ផ្ដល់​សកម្មពល​បរិសុទ្ធ​របស់​លោក​ដើម្បី​ពង្រឹង​កម្លាំង​យើង។ (​របា​ក្សត្រ​ទី១ ២៩:១២​) គឺ​សំខាន់​ណាស់​ដែល​យើង​សុំសកម្មពល​របស់​ព្រះ​ដើម្បី​យើង​អាច​តយុទ្ធ​នឹង​សាថាន​និង​ពិភព​លោក​ដ៏​អាក្រក់​របស់​វា។ (​ទំនុក​តម្កើង ១៨:៣៩; កូរិនថូស​ទី១ ១០:១៣​) យើង​ក៏​មាន​ចិត្ដ​កតញ្ញូ​ដែរ​ចំពោះ​ជំនួយ​ដែល​យើង​ទទួល​ពី​បណ្ដាំ​របស់​ព្រះ។ សូម​គិត​ដែរ អំពី​អ្វី​ជា​ច្រើន​ដែល​យើង​រៀន​ពី​សៀវភៅ​របស់​យើង​ជា​រៀង​រាល់​ខែ។ ពាក្យ​នៅ​សាការី ៨:៩, ១៣ (​សូម​អាន​) បាន​ត្រូវ​ពោល​កាល​ដែល​វិហារ​នៅ​ក្រុង​យេរូសាឡិម​បាន​ត្រូវ​សង់​ឡើង​វិញ ប៉ុន្ដែ​ពាក្យ​ទាំង​នោះ​អាច​ជួយ​យើង​នៅ​សព្វ​ថ្ងៃ​នេះ។

គឺ​សំខាន់​ណាស់​ដែល​យើង​សុំ​សកម្មពល​របស់​ព្រះ​ដើម្បី​យើង​អាច​តយុទ្ធ​នឹង​សាថាន​និង​ពិភព​លោក​ដ៏​អាក្រក់​របស់​វា

១១ ព្រះ​យេហូវ៉ា​ក៏​ពង្រឹង​កម្លាំង​យើង​តាម​រយៈ​ការ​បង្ហាត់​បង្រៀន​ដែល​យើង​ទទួល​នៅ​កិច្ច​ប្រជុំ សន្និបាត និង​មហា​សន្និបាត ព្រម​ទាំង​នៅ​សាលា​ផ្សេង​ៗ​របស់​អង្គ​ការ​លោក​ផង​ដែរ។ ការ​បង្ហាត់​បង្រៀន​នោះ​អាច​ជួយ​យើង​ឲ្យ​បម្រើ​ព្រះ​ដោយ​មាន​បំណង​ចិត្ដ​ត្រឹម​ត្រូវ កំណត់​គោល​ដៅ ហើយ​បំពេញ​ភារកិច្ច​ជា​ច្រើន​របស់​យើង​ជា​គ្រិស្ដ​សាសនិក។ (​ទំនុក​តម្កើង ១១៩:៣២​) តើ​អ្នក​ចង់​ទទួល​កម្លាំង​ពី​ការ​បង្ហាត់​បង្រៀន​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ?

១២​. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រក្សា​ជំនឿ​របស់​យើង​ឲ្យ​មាំ​មួន?

១២ ព្រះ​យេហូវ៉ា​បាន​ជួយ​រាស្ដ្រ​របស់​លោក​ឲ្យ​យក​ឈ្នះ​ជន​ជាតិ​អាម៉ាលេក​និង​អេចូពី ហើយ​លោក​បាន​ផ្ដល់​កម្លាំង​ដល់​នេហេមា​និង​ជន​ជាតិ​យូដា​ដើម្បី​បង្ហើយ​ការ​សង់​កំពែង​ក្រុង​យេរូសាឡិម។ ស្រដៀង​គ្នា​ដែរ ព្រះ​នឹង​ផ្ដល់​កម្លាំង​ឲ្យ​យើង​ដើម្បី​បន្ដ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ ទោះ​ជា​យើង​មាន​កង្វល់​និង​ទទួល​ការ​ប្រឆាំង​ផ្សេង​ៗ ហើយ​មនុស្ស​មិន​សូវ​ចាប់​អារម្មណ៍​ក៏​ដោយ។ (​ពេត្រុស​ទី១ ៥:១០​) ព្រះ​យេហូវ៉ា​នឹង​មិន​ធ្វើ​អព្ភូតហេតុ​ដើម្បី​បំបាត់​បញ្ហា​របស់​យើង​ឡើយ។ យើង​ក៏​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដែរ។ តើ​នោះ​គឺ​ជា​អ្វី? យើង​ត្រូវ​អាន​បណ្ដាំ​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ រៀប​ចំ​និង​ទៅ​កិច្ច​ប្រជុំ​រាល់​សប្ដាហ៍ បន្ដ​សិក្សា​ផ្ទាល់​ខ្លួន​និង​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ ហើយ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ដោយ​អធិដ្ឋាន។ សូម​កុំ​ឲ្យ​យើង​អនុញ្ញាត​ឲ្យ​អ្វី​ណា​ក៏​ដោយ​បំបែរ​អារម្មណ៍​យើង​ពី​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​ដើម្បី​ពង្រឹង​កម្លាំង​និង​លើក​ទឹក​ចិត្ដ​យើង។ បើ​អ្នក​មាន​អារម្មណ៍​ថា​ដៃ​របស់​អ្នក​បាន​ស្រយុត​ចុះ​ក្នុង​សកម្មភាព​ណា​មួយ​នេះ ចូរ​សុំ​ជំនួយ​ពី​ព្រះ។ ក្រោយ​មក អ្នក​នឹង​ឃើញ​របៀប​ដែល​ព្រះ​ធ្វើ​ឲ្យ​សកម្មពល​របស់​លោក​«​មាន​សកម្មភាព​ក្នុង​អ្នក​រាល់​គ្នា​តាម​ដែល​លោក​ពេញ​ចិត្ដ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​បំណង​ប្រាថ្នា​និង​មាន​ការ​ប្រព្រឹត្ដ​»។ (​ភីលីព ២:១៣​) ប៉ុន្ដែ តើ​អ្នក​អាច​ធ្វើ​ឲ្យ​ដៃ​របស់​អ្នក​ឯ​ទៀត​មាំ​មួន​ឡើង​ឬ​ទេ?

ចូរ​ធ្វើ​ឲ្យ​អ្នក​ដែល​ស្រយុត​ដៃ មាំ​មួន​ឡើង

១៣, ១៤​. (​ក​) តើ​តាម​របៀប​ណា​បង​ប្រុស​ម្នាក់​បាន​ទទួល​កម្លាំង​ចិត្ដ​ក្រោយ​ពី​ប្រពន្ធ​របស់​គាត់​បាន​ស្លាប់? (​ខ​) តើ​យើង​អាច​ពង្រឹង​កម្លាំង​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

១៣ ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​បង​ប្អូន​រួម​ជំនឿ​ទូ​ទាំង​ពិភព​លោក​ដែល​យក​ចិត្ដ​ទុក​ដាក់​នឹង​យើង ហើយ​ដែល​អាច​លើក​ទឹក​ចិត្ដ​យើង។ សាវ័ក​ប៉ូល​បាន​និយាយ​ថា​៖ ​«​ចូរ​ធ្វើ​ឲ្យ​អ្នក​ដែល​ស្រយុត​ដៃ​និង​អ្នក​ដែល​ទន់​ជង្គង់​មាំ​មួន​ឡើង ហើយ​ចូរ​បន្ដ​ធ្វើ​ផ្លូវ​ត្រង់​សម្រាប់​ជើង​អ្នក​រាល់​គ្នា​»។ (​ហេប្រឺ ១២:១២, ១៣​) គ្រិស្ដ​សាសនិក​ជា​ច្រើន​នៅ​សម័យ​ដើម​បាន​ទទួល​ជំនួយ​បែប​នោះ​ពី​បង​ប្អូន​រួម​ជំនឿ។ នៅ​សព្វ​ថ្ងៃ​នេះ​ក៏​ស្រដៀង​គ្នា​ដែរ។ សូម​ពិចារណា​អំពី​ឧទាហរណ៍​មួយ។ ប្រពន្ធ​របស់​បង​ប្រុស​ម្នាក់​បាន​ស្លាប់ ហើយ​បង​ប្រុស​នោះ​បាន​ស៊ូ​ទ្រាំ​នឹង​រឿង​ដ៏​ឈឺ​ចាប់​ផ្សេង​ៗ​ទៀត។ ក្រោយ​មក​គាត់​បាន​និយាយ​ថា​៖ ​«​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា​យើង​មិន​អាច​ជ្រើស​រើស​ទុក្ខ​លំបាក​ដែល​យើង​នឹង​ជួប​ប្រទះ​ក្នុង​ជីវិត​របស់​យើង​ទេ ហើយ​យើង​មិន​អាច​ជ្រើស​រើស​ពេល​ណា​និង​ប៉ុន្មាន​ដង​ដែល​យើង​នឹង​ជួប​ទុក្ខ​លំបាក​នោះ​ឡើយ។ ការ​អធិដ្ឋាន​និង​ការ​សិក្សា​ផ្ទាល់​ខ្លួន​ប្រៀប​ដូច​ជា​អាវ​ពោង​សុវត្ថិភាព​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​លង់​ទឹក។ ម្យ៉ាង​ទៀត ការ​គាំ​ទ្រ​ពី​បង​ប្អូន​បាន​សម្រាល​ទុក្ខ​ខ្ញុំ​ច្រើន​ណាស់។ បទពិសោធន៍​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​ស្គាល់​ថា​ការ​ធ្វើ​ឲ្យ​មាន​ចំណង​មិត្ដភាព​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​មុន​បញ្ហា​កើត​ឡើង គឺ​ជា​អ្វី​ដ៏​សំខាន់​»។

បុគ្គល​ម្នាក់​ៗ​ក្នុង​ក្រុម​ជំនុំ​អាច​លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត (​សូម​មើល​វគ្គ​១៤​)

១៤ ក្នុង​អំឡុង​ការ​ប្រយុទ្ធ​ជា​មួយ​នឹង​ជន​ជាតិ​អាម៉ាលេក អេរ៉ុន​និង​ហ៊ើរ​បាន​ជួយ​ពង្រឹង​ដៃ​របស់​ម៉ូសេ​ដោយ​ទ្រ​ដៃ​របស់​គាត់។ សព្វ​ថ្ងៃ​នេះ យើង​ក៏​អាច​រក​វិធី​ដើម្បី​គាំ​ទ្រ​និង​ជួយ​អ្នក​ឯ​ទៀត​ដែរ។ បង​ប្អូន​យើង​ខ្លះ​រង​ទុក្ខ​ដោយ​សារ​មាន​វ័យ​ចាស់ បញ្ហា​សុខភាព ការ​បៀត​បៀន​ពី​ក្រុម​គ្រួសារ ភាព​ឯកោ ឬ​ដោយ​សារ​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់។ យើង​ក៏​អាច​ពង្រឹង​កម្លាំង​ប្អូន​ៗ​វ័យ​ក្មេង​ដែល​ច្រើន​តែ​ទទួល​ការ​បង្ខិត​បង្ខំ​ឲ្យ​ធ្វើ​អ្វី​ខុស ឬ​ឲ្យ​ស្វែង​រក​ភាព​ជោគ​ជ័យ​ក្នុង​ពិភព​លោក​នេះ។ (​ថែស្សាឡូនិច​ទី១ ៣:១​-​៣; ៥:១១, ១៤​) ចូរ​រក​វិធី​ដើម្បី​បង្ហាញ​ការ​យក​ចិត្ដ​ទុក​ដាក់​ដ៏​ស្មោះ​ចំពោះ​អ្នក​ឯ​ទៀត​នៅ​ឯ​សាល​ប្រជុំ ក្នុង​កិច្ច​បម្រើ​ផ្សាយ ក្នុង​អំឡុង​ពេល​បរិភោគ​អាហារ​ជា​មួយ​គ្នា ឬ​ពេល​អ្នក​និយាយ​តាម​ទូរស័ព្ទ។

១៥​. តើ​ពាក្យ​ល្អ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​បង​ប្អូន?

១៥ ក្រោយ​ពី​អេសា​បាន​ទទួល​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ​លើ​កង​ទ័ព​អេចូពី​ដ៏​ធំ អ័សារា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​លើក​ទឹក​ចិត្ដ​អេសា​និង​រាស្ដ្រ​របស់​គាត់​ដោយ​និយាយ​ថា​៖ ​«​ឯ​អ្នក​រាល់​គ្នា ចូរ​ខំ​ប្រឹង​ឡើង កុំ​ឲ្យ​ដៃ​ថយ​កំឡាំង​ឡើយ ពី​ព្រោះ​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ នោះ​នឹង​បាន​រង្វាន់​»។ (​របា​ក្សត្រ​ទី២ ១៥:៧​) នេះ​បាន​ជំរុញ​ចិត្ដ​អេសា​ឲ្យ​ធ្វើ​ការ​កែ​ប្រែ​ជា​ច្រើន​ដើម្បី​រៀប​ចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ។ ស្រដៀង​គ្នា​ដែរ ពាក្យ​ល្អ​របស់​អ្នក​អាច​លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត ហើយ​ជួយ​ពួក​គេ​ឲ្យ​បន្ដ​បម្រើ​ព្រះ​យេហូវ៉ា។ (​សុភាសិត ១៥:២៣​) ម្យ៉ាង​ទៀត អ្នក​មិន​គួរ​ភ្លេច​ថា​បង​ប្អូន​នឹង​ទទួល​កម្លាំង​ចិត្ដ​យ៉ាង​ខ្លាំង ពេល​អ្នក​ឆ្លើយ​ក្នុង​អំឡុង​កិច្ច​ប្រជុំ។

នេហេមា​មិន​គ្រាន់​តែ​ឈរ​មើល​អ្នក​ឯ​ទៀត​ធ្វើ​ការ​ទេ តែ​គាត់​ក៏​បាន​ជួយ​សង់​កំពែង​ក្រុង​យេរូសាឡិម​ឡើង​វិញ

១៦​. តើ​អ្នក​ចាស់​ទុំ​អាច​យក​តម្រាប់​នេហេមា​យ៉ាង​ដូច​ម្ដេច? សូម​រៀប​រាប់​អំពី​របៀប​ដែល​បង​ប្អូន​បាន​ជួយ​អ្នក។

១៦ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា នេហេមា​និង​ជន​ជាតិ​យូដា​បាន​ធ្វើ​ឲ្យ​ដៃ​របស់​ពួក​គេ​មាំ​មួន​ឡើង។ ពួក​គេ​បាន​បង្ហើយ​ការ​សង់​កំពែង​ក្រុង​យេរូសាឡិម​ក្នុង​រយៈ​ពេល​តែ​៥២​ថ្ងៃ​ប៉ុណ្ណោះ! (​នេហេមា ២:១៨; ៦:១៥, ១៦​) នេហេមា​មិន​គ្រាន់​តែ​ឈរ​មើល​អ្នក​ឯ​ទៀត​ធ្វើ​ការ​ទេ តែ​គាត់​ក៏​បាន​ជួយ​សង់​កំពែង​ក្រុង​យេរូសាឡិម​ឡើង​វិញ។ (​នេហេមា ៥:១៦​) ស្រដៀង​គ្នា​ដែរ អ្នក​ចាស់​ទុំ​ជា​ច្រើន​យក​តម្រាប់​នេហេមា ពេល​ពួក​គាត់​ជួយ​ក្នុង​កិច្ច​ការ​សាងសង់ ឬ​សម្អាត​និង​ថែ​ទាំ​សាល​ប្រជុំ។ បុរស​ទាំង​នេះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ក៏​ពង្រឹង​កម្លាំង​បង​ប្អូន​ណា​ដែល​មាន​«​ចិត្ដ​ភ័យ​ខ្លាច​»​ឬ​ខ្វល់​ចិត្ដ ដោយ​ទៅ​សួរ​សុខ​ទុក្ខ​និង​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​ពួក​គេ។—សូម​អាន អេសាយ ៣៥:៣, ៤

«​កុំ​ឲ្យ​ដៃ​ឯង​អន់​ថយ​ឲ្យ​សោះ​»

១៧, ១៨​. ពេល​យើង​មាន​បញ្ហា​ឬ​កង្វល់ តើ​យើង​អាច​ប្រាកដ​អំពី​អ្វី?

១៧ ពេល​យើង​រួម​ការ​ងារ​ជា​មួយ​នឹង​បង​ប្អូន​របស់​យើង នោះ​ពង្រឹង​សាមគ្គី​ភាព​របស់​យើង។ នេះ​ក៏​ជួយ​យើង​ឲ្យ​មាន​ចំណង​មិត្ដភាព​ដ៏​ស្ថិតស្ថេរ ហើយ​កាន់​តែ​មាន​ទំនុក​ចិត្ដ​ទៅ​លើ​ពរ​ដែល​មិន​យូរ​ទៀត​នឹង​មក​ពី​រាជាណាចក្រ​ព្រះ។ ពេល​យើង​ធ្វើ​ឲ្យ​ដៃ​របស់​អ្នក​ឯ​ទៀត​មាំ​មួន​ឡើង យើង​ជួយ​ពួក​គេ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​ពិបាក​ៗ និង​បន្ដ​មាន​សេចក្ដី​សង្ឃឹម​ល្អ​សម្រាប់​អនាគត។ បន្ថែម​ទៅ​ទៀត ពេល​យើង​ជួយ​អ្នក​ឯ​ទៀត នេះ​ពង្រឹង​កម្លាំង​ដៃ​របស់​យើង ហើយ​ជួយ​យើង​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អនាគត។

១៨ ពេល​យើង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​និង​ការពារ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក​នៅ​អតីតកាល យើង​កាន់​តែ​មាន​ជំនឿ​និង​ទំនុក​ចិត្ដ​ទៅ​លើ​លោក។ ដូច្នេះ ពេល​អ្នក​មាន​បញ្ហា​និង​ខ្វល់​ចិត្ដ ចូរ​«​កុំ​ឲ្យ​ដៃ​ឯង​អន់​ថយ​ឲ្យ​សោះ​»​! អ្នក​អាច​ប្រាកដ​ថា​បើ​អ្នក​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ដៃ​ដ៏​ខ្លាំង​ក្លា​របស់​លោក​នឹង​ពង្រឹង​កម្លាំង​អ្នក ហើយ​នាំ​ឲ្យ​អ្នក​ទទួល​ពរ​ពី​រាជាណាចក្រ​នា​ពេល​អនាគត​ខាង​មុខ​នេះ។—ទំនុក​តម្កើង ៧៣:២៣, ២៤