លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​បន្ដ​តស៊ូ​ដើម្បី​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា

ចូរ​បន្ដ​តស៊ូ​ដើម្បី​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា

​«​ឯង​មាន​អំណាច​ចំពោះ[​ឬ​«​បោក​ចំបាប់​ជា​មួយ​»​]ព្រះ​ហើយ​នឹង​មនុស្ស ក៏​បាន​ឈ្នះ​ផង​»។—លោកុប្បត្ដិ ៣២:២៨ [​កំណើត​ពិភព​លោក ៣២:២៩; ខ.ស.​]

ចម្រៀង​លេខ: ៦០, ៣៨

១, ២​. តើ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​តស៊ូ​នឹង​អ្វី​ខ្លះ?

អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ទាំង​អស់​របស់​ព្រះ​បាន​តស៊ូ​ព្យាយាម តាំង​ពី​អេបិល​ដែល​ជា​មនុស្ស​សុចរិត​រហូត​ដល់​អ្នក​បម្រើ​ដ៏​ស្មោះ​ភក្ដី​នៅ​សព្វ​ថ្ងៃ​នេះ។ សាវ័ក​ប៉ូល​បាន​ប្រាប់​គ្រិស្ដ​សាសនិកជន​ជាតិ​ហេប្រឺ​ថា​ពួក​គេ​«​បាន​ស៊ូ​ទ្រាំ​ក្នុង​ការ​តយុទ្ធ​ដ៏​ធំ​ដោយ​រង​ទុក្ខ​លំបាក​ផ្សេង​ៗ​»​ កាល​ដែល​ពួក​គេ​ព្យាយាម​ទទួល​ពរ​និង​ការ​ពេញ​ចិត្ដ​ពី​ព្រះ​យេហូវ៉ា។ (​ហេប្រឺ ១០:៣២​-​៣៤​) ប៉ូល​បាន​ប្រៀប​ធៀប​ការ​តស៊ូ​របស់​គ្រិស្ដ​សាសនិក​ទៅ​នឹង​កីឡាករ​ក្នុង​ការ​ប្រកួត​ប្រជែង​របស់​ជន​ជាតិ​ក្រិច​ដូច​ជា​ការ​រត់​ប្រណាំង ការ​បោក​ចំបាប់ និង​ការ​ប្រដាល់។ (​ហេប្រឺ ១២:១,​) សព្វ​ថ្ងៃ​នេះ យើង​កំពុង​រត់​ប្រណាំង​ដើម្បី​បាន​ជីវិត ហើយ​យើង​មាន​សត្រូវ​ដែល​ចង់​បំបែរ​អារម្មណ៍​យើង​និង​ធ្វើ​ឲ្យ​យើង​បាត់​បង់​អំណរ​នៅ​ឥឡូវ​នេះ​និង​រង្វាន់​របស់​យើង​នា​ពេល​អនាគត។

ការ​តស៊ូ​ឬ​«​ការ​ប្រយុទ្ធ​»​ដ៏​ខ្លាំង​បំផុត​របស់​យើង គឺ​ការ​ប្រយុទ្ធ​ជា​មួយ​នឹង​សាថាន​និង​ពិភព​លោក​របស់​វា។ (​អេភេសូរ ៦:១២​) គឺ​សំខាន់​ណាស់​ដែល​យើង​ទប់​ទល់​នឹង​ឥទ្ធិពល​ពី​សេចក្ដី​បង្រៀន ទស្សនៈ​វិជ្ជា និង​ការ​ប្រព្រឹត្ដ​ដ៏​អាក្រក់​របស់​ពិភព​លោក​នេះ​ដូច​ជា​ការ​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌ ការ​ជក់​បារី ការ​ផឹក​ស្រា​ហួស​ប្រមាណ ឬ​ការ​ប្រើ​គ្រឿង​ញៀន​ជា​ដើម។ យើង​ក៏​ត្រូវ​បន្ដ​តយុទ្ធ​នឹង​ការ​ធ្លាក់​ទឹក​ចិត្ដ​និង​ភាព​ទន់​ខ្សោយ​របស់​យើង​ដែរ។—កូរិនថូស​ទី២ ១០:៣​-​៦; កូឡុស ៣:៥​-​៩

៣​. តើ​ព្រះ​បង្ហាត់​បង្រៀន​យើង​យ៉ាង​ដូច​ម្ដេច​ដើម្បី​ប្រយុទ្ធ​នឹង​សត្រូវ​របស់​យើង?

តើ​យើង​ពិត​ជា​អាច​យក​ឈ្នះ​ការ​ប្រយុទ្ធ​ជា​មួយ​នឹង​សត្រូវ​នេះ​ដែល​មាន​អំណាចខ្លាំង​ក្លា​បាន​ឬ​ទេ? ពិត​ជា​បាន ប៉ុន្ដែ​នេះ​គឺ​ពិបាក! ប៉ូល​បាន​ប្រៀប​ធៀប​ខ្លួន​គាត់​ទៅ​នឹង​អ្នក​ប្រដាល់​ម្នាក់ ពេល​គាត់​និយាយ​ថា​៖ ​«​របៀប​ដែល​ខ្ញុំ​ដាល់ មិន​ដូច​ជា​ដាល់​ខ្យល់​ឡើយ​»។ (​កូរិនថូស​ទី១ ៩:២៦​) ដូច​អ្នក​ប្រដាល់​ប្រយុទ្ធ​ជា​មួយ​នឹង​គូ​ប្រយុទ្ធ យើង​ក៏​ត្រូវ​ប្រយុទ្ធ​ជា​មួយ​នឹង​សត្រូវ​របស់​យើង​ដែរ។ ព្រះ​យេហូវ៉ា​ជួយ​យើង​និង​បង្ហាត់​បង្រៀន​យើង​ឲ្យ​ធ្វើ​ដូច្នេះ។ លោក​ធ្វើ​ដូច្នេះ​តាម​រយៈ​គម្ពីរ។ លោក​ក៏​ជួយ​យើង​តាម​រយៈ​សៀវភៅ​ផ្សេង​ៗ​របស់​យើង​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ កិច្ច​ប្រជុំ សន្និបាត​និង​មហា​សន្និបាត។ តើ​អ្នក​ធ្វើ​តាម​ការ​ណែនាំ​ទាំង​អស់​ដែល​អ្នក​កំពុង​ទទួល​ឬ​ទេ? បើ​អ្នក​មិន​ធ្វើ​តាម​ការ​ណែនាំ​ទាំង​អស់​នោះ​ទេ អ្នក​ប្រហែល​ជា​មិន​ប្រឆាំង​សត្រូវ​របស់​អ្នក​យ៉ាង​ពេញ​លេញ​បាន​ឡើយ គឺ​ដូច​អ្នក​ប្រដាល់​ដែល​ដាល់​ខ្យល់។

៤​. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​មិន​ឲ្យ​សេចក្ដី​អាក្រក់​ឈ្នះ​យើង?

យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​គ្រប់​ពេល​វេលា។ ហេតុ​អ្វី? សត្រូវ​របស់​យើង​អាច​វាយ​ប្រហារ​យើង​នៅ​ពេល​ដែល​យើង​មិន​នឹក​ស្មាន ឬ​ពេល​យើង​ទន់​ខ្សោយ។ គម្ពីរ​បាន​ផ្ដល់​ឲ្យ​យើង​ទាំង​ការ​ព្រមាន​និង​ការ​លើក​ទឹក​ចិត្ដ ពេល​ដែល​ចែង​ថា​៖ ​«​កុំ​ឲ្យ​សេចក្ដី​អាក្រក់​ឈ្នះ​អ្នក​ឡើយ តែ​ចូរ​បន្ដ​ឈ្នះ​សេចក្ដី​អាក្រក់​ដោយ​សេចក្ដី​ល្អ​វិញ​»។ (​រ៉ូម ១២:២១​) បើ​យើង​បន្ដ​ប្រយុទ្ធ​នឹង​សេចក្ដី​អាក្រក់ យើង​អាច​ឈ្នះ​បាន! ក៏​ប៉ុន្ដែ បើ​យើង​មិន​ប្រុង​ប្រយ័ត្ន​ជា​និច្ច ហើយ​ឈប់​ប្រយុទ្ធ នោះ​សាថាន ពិភព​លោក​របស់​វា និង​ភាព​ទន់​ខ្សោយ​របស់​យើង​អាច​ឈ្នះ​យើង។ ដូច្នេះ កុំ​ឈប់​ព្យាយាម ហើយ​កុំ​ធ្លាក់​ទឹក​ចិត្ដ​និង​ស្រយុត​ដៃ​ឡើយ!—ពេត្រុស​ទី១ ៥:៩

៥​. (​ក​) ដើម្បី​ទទួល​ពរ​និង​ការ​ពេញ​ចិត្ដ​ពី​ព្រះ តើ​យើង​ត្រូវ​ចាំ​អំពី​អ្វី? (​ខ​) តើ​យើង​នឹង​ពិចារណា​អំពី​បុគ្គល​ណា​ខ្លះ​ក្នុង​គម្ពីរ?

ដើម្បី​ទទួល​ជោគ​ជ័យ យើង​ត្រូវ​ចាំ​អំពី​មូលហេតុ​ដែល​យើង​កំពុង​តស៊ូ។ នោះ​គឺ​ដោយ​សារ​យើង​ចង់​ទទួល​ពរ​និង​ការ​ពេញ​ចិត្ដ​ពី​ព្រះ។ ហេប្រឺ ១១:៦​ចែង​ថា​៖ ​«​អ្នក​ដែល​ចូល​ទៅ​ជិត​ព្រះ ត្រូវ​តែ​ជឿ​ថា​មាន​ព្រះ ហើយ​ជឿ​ថា​លោក​ឲ្យ​រង្វាន់​ដល់​អ្នក​ដែល​ខំ​ស្វែង​រក​លោក​អស់​ពី​ចិត្ដ​»។ ការ​ខំ​ស្វែង​រក​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ដ​មាន​ន័យ​ថា​យើង​ត្រូវ​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ទទួល​ការ​ពេញ​ចិត្ដ​ពី​លោក។ (​សកម្មភាព ១៥:១៧​) ក្នុង​គម្ពីរ​មាន​គំរូ​ល្អ​ជា​ច្រើន​អំពី​បុរស​និង​ស្ដ្រី​ដែល​បាន​ធ្វើ​ដូច្នេះ។ យ៉ាកុប រ៉ាជែល យ៉ូសែប និង​ប៉ូល បាន​ប្រឈម​មុខ​នឹង​ស្ថានភាព​ដ៏​ពិបាក​ខាង​ផ្លូវ​ចិត្ដ​និង​ផ្លូវ​កាយ។ ប៉ុន្ដែ ពួក​គាត់​បាន​ទទួល​ជោគ​ជ័យ។ គំរូ​របស់​ពួក​គាត់​បង្ហាញ​ថា​បើ​យើង​ខំ​ព្យាយាម យើង​ក៏​អាច​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា​ដែរ។ តើ​តាម​របៀប​ណា? សូម​ឲ្យ​យើង​ពិចារណា​អំពី​រឿង​នេះ។

អ្នក​នឹង​ទទួល​ពរ​បើ​អ្នក​តស៊ូ

៦​. តើ​អ្វី​បាន​ជួយ​យ៉ាកុប​ឲ្យ​តស៊ូ ហើយ​តើ​គាត់​បាន​ទទួល​រង្វាន់​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

យ៉ាកុប​ដែល​ជា​បុរស​ស្មោះ​ត្រង់​បាន​តស៊ូ​និង​ស៊ូ​ទ្រាំ ពី​ព្រោះ​គាត់​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ឲ្យ​តម្លៃ​ចំពោះ​ចំណង​មិត្ដភាព​របស់​គាត់​ជា​មួយ​នឹង​លោក។ គាត់​មាន​ទំនុក​ចិត្ដ​ទាំង​ស្រុង​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ដែល​ថា លោក​នឹង​ឲ្យ​ពរ​ដល់​កូន​ចៅ​របស់​គាត់។ (​លោកុប្បត្ដិ ២៨:៣, ៤​) ពេល​យ៉ាកុប​មាន​អាយុ​ជិត​១០០​ឆ្នាំ គាត់​ថែម​ទាំង​បាន​បោក​ចំបាប់​ជា​មួយ​នឹង​ទេវតា​មួយ​រូប​ដើម្បី​ទទួល​ពរ​ពី​ព្រះ។ (​សូម​អាន លោកុប្បត្ដិ ៣២:២៤​-​២៧) តើ​យ៉ាកុប​ពិត​ជា​មាន​សមត្ថភាព​បោក​ចំបាប់​ជា​មួយ​នឹង​ទេវតា​ដ៏​ខ្លាំង​ក្លា​នេះ​ឬ​ទេ? ប្រាកដ​ជា​មិន​មែន​ទេ! ប៉ុន្ដែ គាត់​បាន​តាំង​ចិត្ដ​យ៉ាង​មុត​មាំ ហើយ​គាត់​បាន​បង្ហាញ​ថា​គាត់​នឹង​ខំ​ព្យាយាម​ដើម្បី​ទទួល​ពរ! ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប​ចំពោះ​ការ​តស៊ូ​របស់​គាត់ ហើយ​បាន​ដាក់​ឈ្មោះ​គាត់​ថា​អ៊ីស្រាអែល ដែល​មាន​ន័យ​ថា​អ្នក​តស៊ូ​ចំពោះ​ព្រះ។ យ៉ាកុប​បាន​ទទួល​រង្វាន់ ពោល​គឺ​ពរ​និង​ការ​ពេញ​ចិត្ដ​ពី​ព្រះ​យេហូវ៉ា យើង​ក៏​កំពុង​ស្វែង​រក​រង្វាន់​នេះ​ដែរ។

៧​. (​ក​) តើ​រ៉ាជែល​មាន​ស្ថានភាព​អ្វី​ដែល​អាច​នាំ​ឲ្យ​ធ្លាក់​ទឹក​ចិត្ដ? (​ខ​) តើ​រ៉ាជែល​បាន​ធ្វើ​អ្វី ហើយ​តើ​គាត់​បាន​ទទួល​ពរ​អ្វី?

រ៉ាជែល​ដែល​ជា​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​យ៉ាកុប​ក៏​ចង់​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​នឹង​រក្សា​សេចក្ដី​សន្យារបស់​លោក​ចំពោះ​ប្ដី​របស់​គាត់។ ប៉ុន្ដែ មាន​បញ្ហា​មួយ។ នៅ​ពេល​នោះ រ៉ាជែល​មិន​អាច​មាន​កូន​ឡើយ។ នៅ​សម័យ​គម្ពីរ បញ្ហា​នេះ​ជា​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ស្ដ្រី​ឈឺ​ចិត្ដ​យ៉ាង​ខ្លាំង។ កាល​ដែល​រ៉ាជែល​មាន​ស្ថានភាព​ដែល​អាច​នាំ​ឲ្យ​ធ្លាក់​ទឹក​ចិត្ដ តើ​គាត់​បាន​បន្ដ​តស៊ូ​យ៉ាង​ដូច​ម្ដេច? គាត់​មិន​ដែល​អស់​សង្ឃឹម​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​បន្ដ​តស៊ូ​ដោយ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​កាន់​តែ​ច្រើន​ឡើង​ៗ។ លោក​បាន​ស្តាប់​សេចក្ដី​អធិដ្ឋាន​ដ៏​ស្មោះ​របស់​រ៉ាជែល ហើយ​នៅ​ទី​បំផុត​គាត់​បាន​ទទួល​ពរ​ដោយ​មាន​កូន។ នេះ​គឺ​ជា​មូលហេតុ​ដែល​គាត់​បាន​និយាយ​នៅ​ពេល​មួយ​ថា​៖ ​«​អញ​បាន​ប្រណាំង . . . ជា​ខ្លាំង​ហើយ ក៏​បាន​ឈ្នះ​ផង!​»។—លោកុប្បត្ដិ ៣០:៨, ២០​-​២៤

៨​. តើ​យ៉ូសែប​មាន​ការ​ពិបាក​អ្វី​ខ្លះ ហើយ​ហេតុ​អ្វី​គាត់​គឺ​ជា​គំរូ​ល្អ​សម្រាប់​យើង?

គំរូ​ដ៏​ស្មោះ​ត្រង់​របស់​យ៉ាកុប​និង​រ៉ាជែល​ទំនង​ជា​មាន​ឥទ្ធិពល​លើ​យ៉ូសែប​ដែល​ជា​កូន​ប្រុស​របស់​ពួក​គាត់ ហើយ​បាន​ជួយ​គាត់​ពេល​គាត់​មាន​ការ​ពិបាក​ក្នុង​ជីវិត។ ពេល​យ៉ូសែប​មាន​អាយុ​១៧​ឆ្នាំ ជីវិត​របស់​គាត់​បាន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង។ បង​ប្រុស​ៗ​របស់​គាត់​ដែល​ច្រណែន​គាត់ បាន​លក់​គាត់​ឲ្យ​ធ្វើ​ជា​ទាសករ។ ក្រោយ​មក គាត់​បាន​ជាប់​គុក​អស់​ជា​ច្រើន​ឆ្នាំ​នៅ​ស្រុក​អេស៊ីប ទោះ​ជា​គាត់​គ្មាន​ទោស​ក៏​ដោយ។ (​លោកុប្បត្ដិ ៣៧:២៣​-​២៨; ៣៩:៧​-​៩, ២០, ២១​) ប៉ុន្ដែ យ៉ូសែប​មិន​បាន​ខឹង​ឬ​ធ្លាក់​ទឹក​ចិត្ដ​ឡើយ ហើយ​គាត់​មិន​បាន​ព្យាយាម​សង​សឹក​ទេ។ ហេតុ​អ្វី? ពី​ព្រោះ​យ៉ូសែប​បាន​ឲ្យ​តម្លៃ​ចំពោះ​ចំណង​មិត្ដភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​គាត់​បាន​ផ្ចង់​អារម្មណ៍​លើ​ចំណង​មិត្ដភាព​នោះ។ (​លេវីវិន័យ ១៩:១៨; រ៉ូម ១២:១៧​-​២១​) គំរូ​របស់​យ៉ូសែប​អាច​ជួយ​យើង។ ទោះ​ជា​យើង​បាន​ឆ្លង​កាត់​កុមារភាព​ដ៏​ពិបាក​វេទនា ឬ​ជីវិត​របស់​យើង​ឥឡូវ​នេះ​មើល​ទៅ​អស់​សង្ឃឹម​ក៏​ដោយ យើង​ត្រូវ​បន្ដ​តស៊ូ។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​យើង។—សូម​អាន លោកុប្បត្ដិ ៣៩:២១​-​២៣

៩​. តើ​តាម​របៀប​ណា​យើង​អាច​យក​តម្រាប់​យ៉ាកុប រ៉ាជែល និង​យ៉ូសែប?

សព្វ​ថ្ងៃ​នេះ យើង​ក៏​ប្រហែល​ជា​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាកដែរ។ អ្នក​ប្រហែល​ជា​រង​ទុក្ខ​ដោយ​សារ​អំពើ​អយុត្ដិធម៌ ការ​រើស​អើង ការ​ចំអក​មើល​ងាយ ឬ​ដោយ​សារ​បុគ្គល​ណា​ម្នាក់​ច្រណែន​អ្នក។ ជា​ជាង​ធ្លាក់​ទឹក​ចិត្ដ សូម​ចាំ​អំពី​អ្វី​ដែល​បាន​ជួយ​យ៉ាកុប រ៉ាជែល និង​យ៉ូសែប​ឲ្យ​បន្ដ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​មាន​អំណរ។ ព្រះ​បាន​ពង្រឹង​កម្លាំង​និង​ឲ្យ​ពរ​ពួក​គាត់ ដោយ​សារ​ពួក​គាត់​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​ចំណង​មិត្ដភាព​របស់​ពួក​គាត់​ជា​មួយ​នឹង​លោក។ ពួក​គាត់​បាន​បន្ដ​តស៊ូ​និង​ប្រព្រឹត្ដ​សម​ស្រប​តាម​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គាត់។ ដោយ​សារ​យើង​រស់​នៅ​ក្នុង​គ្រា​ចុង​ក្រោយ គឺ​សំខាន់​ឲ្យ​យើង​រក្សា​សេចក្ដី​សង្ឃឹម​របស់​យើង​សម្រាប់​ពេល​អនាគត​ឲ្យ​បាន​មាំ​មួន! តើ​អ្នក​សុខ​ចិត្ដ​បោក​ចំបាប់ ពោល​គឺ​ខំ​ព្យាយាម​ដើម្បី​ទទួល​ការ​ពេញ​ចិត្ដ​ពី​ព្រះ​យេហូវ៉ា​ឬ​ទេ?

ចូរ​សុខ​ចិត្ដ​បោក​ចំបាប់​ដើម្បី​ទទួល​ពរ

១០, ១១​. (​ក​) ហេតុ​អ្វី​យើង​ប្រហែល​ជា​ត្រូវ​បោក​ចំបាប់​ដើម្បី​ទទួល​ពរ​ពី​ព្រះ? (​ខ​) តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ដ​ត្រឹម​ត្រូវ?

១០ ហេតុ​អ្វី​យើង​ប្រហែល​ជា​ត្រូវ​បោក​ចំបាប់​ដើម្បី​ទទួល​ពរ​ពី​ព្រះ? មូលហេតុ​មួយ គឺ​ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ដូច្នេះ​យើង​ប្រហែល​ជា​ខំ​យក​ឈ្នះ​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ។ បង​ប្អូន​ខ្លះ​ពិបាក​មាន​ចិត្ដ​គំនិត​ត្រឹម​ត្រូវ​ចំពោះ​កិច្ច​បម្រើ​ផ្សាយ ហើយ​បង​ប្អូន​ឯ​ទៀត​តស៊ូ​នឹង​បញ្ហា​សុខភាព ឬ​អារម្មណ៍​ឯកោ។ បង​ប្អូន​ខ្លះ​ទៀត​ពិបាក​អភ័យ​ទោស​ឲ្យ​បុគ្គល​ណា​ម្នាក់​ដែល​បាន​ធ្វើ​ឲ្យ​គាត់​ឈឺ​ចិត្ដ។ ទោះ​ជា​យើង​បាន​បម្រើ​ព្រះ​យេហូវ៉ា​យូរ​យ៉ាង​ណា​ក្ដី យើង​ទាំង​អស់​គ្នា​ត្រូវ​តយុទ្ធ​នឹង​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​បម្រើ​ព្រះ។ ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ដែល​ឲ្យ​រង្វាន់​ដល់​ពួក​អ្នក​ដែល​ស្មោះ​ត្រង់។

តើ​អ្នក​កំពុង​បោក​ចំបាប់​ដើម្បី​ទទួល​ពរ​ពី​ព្រះ​ឬ​ទេ? (​សូម​មើល​វគ្គ​១០, ១១​)

១១ យើង​ប្រហែល​ជា​ពិបាក​ធ្វើ​ជា​គ្រិស្ដ​សាសនិក ហើយ​ធ្វើ​ការ​សម្រេច​ចិត្ដ​ត្រឹម​ត្រូវ ជា​ពិសេស​ពេល​យើង​តយុទ្ធ​ប្រឆាំង​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​របស់​យើង។ (​យេរេមា ១៧:៩​) បើ​អ្នក​មាន​អារម្មណ៍​ដូច្នេះ ចូរ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​សុំ​សកម្មពល​បរិសុទ្ធ​របស់​លោក។ សេចក្ដី​អធិដ្ឋាន​និង​សកម្មពល​បរិសុទ្ធ​អាច​ជួយ​អ្នក​ឲ្យ​មាន​កម្លាំង​ចិត្ដ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ រួច​អ្នក​អាច​ទទួល​ពរ​ពី​ព្រះ។ ចូរ​តាំង​ចិត្ដ​រស់​នៅ​សម​ស្រប​តាម​សេចក្ដី​អធិដ្ឋាន​របស់​អ្នក។ ចូរ​ព្យាយាម​អាន​គម្ពីរ​រាល់​ថ្ងៃ ហើយ​លៃ​ពេល​ដើម្បី​សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន​និង​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ។—សូម​អាន ទំនុក​តម្កើង ១១៩:៣២

១២, ១៣​. តើ​អ្វី​បាន​ជួយ​គ្រិស្ដ​សាសនិក​ពីរ​នាក់​ឲ្យ​គ្រប់​គ្រង​លើ​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ?

១២ មាន​គំរូ​ជា​ច្រើន​ស្ដី​អំពី​របៀប​ដែល​បណ្ដាំ​របស់​ព្រះ សកម្មពល​បរិសុទ្ធ​របស់​លោក និង​សៀវភៅ​ផ្សេង​ៗ​របស់​យើង​បាន​ជួយ​បង​ប្អូន​រួម​ជំនឿ​របស់​យើង​ឲ្យ​យក​ឈ្នះ​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ។ ប្អូន​យុវវ័យ​ម្នាក់​បាន​អាន​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា ​«​តើ​តាម​របៀប​ណា​អ្នក​អាច​ទប់​ទល់​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ?​»​ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! (​Awake!​) ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០០៣។ តើ​គាត់​មាន​ប្រតិកម្ម​យ៉ាង​ណា? គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​កំពុង​តយុទ្ធ​ដើម្បី​គ្រប់​គ្រង​លើ​គំនិត​មិន​ត្រឹម​ត្រូវ។ ពេល​ខ្ញុំ​បាន​អាន​ក្នុង​អត្ថបទ​នោះ​ថា​៖ ‹ចំពោះ​មនុស្ស​ជា​ច្រើន ការ​តយុទ្ធ​ដើម្បី​យក​ឈ្នះ​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​គឺ​ជា​អ្វី​ដ៏​ពិបាក​ណាស់› នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​បង​ប្អូន​រួម​ជំនឿ​មាន​បញ្ហា​ដូច​ខ្ញុំ ហើយ​ថា​មិន​មែន​មាន​តែ​ខ្ញុំ​ម្នាក់​ឯង​ទេ​»។ គាត់​ក៏​បាន​ទទួល​ប្រយោជន៍​ពី​អត្ថបទ​ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! (​Awake!​) ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០០៣។ ក្នុង​អត្ថបទ​នេះ គាត់​បាន​កត់​សម្គាល់​ថា​ចំពោះ​អ្នក​ខ្លះ ការ​តយុទ្ធ​នេះ​គឺ​មាន​ជា​និច្ច ដូច​ជា​«​បន្លា​មួយ​ក្នុង​សាច់​ឈាម​»។ (​កូរិនថូស​ទី២ ១២:៧​) ក៏​ប៉ុន្ដែ កាល​ដែល​ពួក​គេ​បន្ដ​តយុទ្ធ​ដើម្បី​រក្សា​ការ​ប្រព្រឹត្ដ​ស្អាត​ស្អំ ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​ដ៏​ល្អ​សម្រាប់​ពេល​អនាគត។ គាត់​បាន​និយាយ​ថា​៖ ​«​ដោយ​សារ​មូលហេតុ​នោះ ខ្ញុំ​គិត​ថា​កាល​ដែល​ថ្ងៃ​នីមួយ​ៗ​កន្លង​ផុតទៅ ខ្ញុំ​អាច​រក្សា​ចិត្ដ​ស្មោះ​ត្រង់។ ខ្ញុំ​ដឹង​គុណ​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់​ដែល​លោក​កំពុង​ប្រើ​អង្គ​ការ​របស់​លោក​ដើម្បី​ជួយ​យើង​រាល់​ថ្ងៃ​ឲ្យ​បន្ដ​ស៊ូ​ទ្រាំ​ក្នុង​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ​»។

១៣ សូម​ពិចារណា​ដែរ​អំពី​បទ​ពិសោធន៍​របស់​បង​ស្រី​ម្នាក់​ដែល​រស់​នៅ​សហរដ្ឋ​អាម៉េរិក។ គាត់​សរសេរ​ទៅ​អង្គ​ការ​យើង​ថា​៖ ​«​ខ្ញុំ​ចង់​អរគុណ​បង​ប្អូន​ដែល​តែង​តែ​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ឲ្យ​យើង​តាម​អ្វី​ដែល​យើង​ត្រូវ​ការ​និង​តាម​ត្រូវ​ពេល។ ខ្ញុំ​ច្រើន​តែ​មាន​អារម្មណ៍​ថា​អត្ថបទ​ទាំង​នេះ​បាន​ត្រូវ​សរសេរ​សម្រាប់​ខ្ញុំ។ អស់​ជា​ច្រើន​ឆ្នាំ ខ្ញុំ​តយុទ្ធ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​ខ្លាំង​ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្អប់។ នៅ​ពេល​ខ្លះ ខ្ញុំ​ចង់​ឈប់​ព្យាយាម​និង​ឈប់​តយុទ្ធ។ ខ្ញុំ​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​មេត្ដា​ករុណា​និង​ជា​ព្រះ​ដែល​អភ័យ​ទោស ប៉ុន្ដែ​ដោយ​សារ​នៅ​ក្នុង​ចិត្ដ​ខ្ញុំ ខ្ញុំ​មិន​ស្អប់​ការ​ប្រព្រឹត្ដ​អាក្រក់​នេះ ហើយ​ខ្ញុំ​ចង់​ប្រព្រឹត្ដ​អំពើ​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មិន​អាច​ទទួល​ជំនួយ​ពី​លោក​បាន​ឡើយ។ ការ​ប្រយុទ្ធ​ដែល​ចេះ​តែ​បន្ដ​នេះ​មាន​ឥទ្ធិពល​មក​លើ​អ្វី​ៗ​ទាំង​អស់​ក្នុង​ជីវិត​របស់​ខ្ញុំ។ . . . ក្រោយ​ពី​ខ្ញុំ​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​‹​តើ​អ្នក​មាន​«​ចិត្ដ​ដែល​ស្គាល់​»​ព្រះ​យេហូវ៉ា​ឬ​ទេ?​›​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៣ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​ចង់​ជួយ​ខ្ញុំ​»។

១៤​. (​ក​) តើ​ប៉ូល​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​តស៊ូ​របស់​គាត់? (​ខ​) តើ​តាម​របៀប​ណា​យើង​អាច​យក​ឈ្នះ​ការ​តយុទ្ធ​ប្រឆាំង​នឹង​ភាព​ទន់​ខ្សោយ​របស់​យើង?

១៤ សូម​អាន រ៉ូម ៧:២១​-​២៥ប៉ូល​ដឹង​ថា​ការ​តយុទ្ធ​ប្រឆាំង​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​និង​ភាព​ទន់​ខ្សោយ​អាច​ជា​អ្វី​ដ៏​ពិបាក​ណាស់។ ក៏​ប៉ុន្ដែ គាត់​ជឿ​ជាក់​ថា​គាត់​អាច​ឈ្នះ​ក្នុង​ការ​តយុទ្ធ​នោះ បើ​គាត់​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ពឹង​ផ្អែក​លើ​លោក​ឲ្យ​ជួយ និង​បង្ហាញ​ជំនឿ​លើ​គ្រឿង​បូជា​របស់​លោក​យេស៊ូ។ ចុះ​យ៉ាង​ណា​យើង​វិញ? តើ​យើង​អាច​ឈ្នះ​ការ​តយុទ្ធ​ប្រឆាំង​នឹង​ភាព​ទន់​ខ្សោយ​របស់​យើង​ឬ​ទេ? ប្រាកដ​ជា​បាន បើ​យើង​យក​តម្រាប់​ប៉ូល​និង​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ទាំង​ស្រុង មិន​មែន​កម្លាំង​របស់​ខ្លួន ហើយ​មាន​ជំនឿ​លើ​ថ្លៃ​លោះ។

១៥​. តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ឲ្យ​បន្ដ​នៅ​ស្មោះ​ត្រង់​និង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក?

១៥ ពេល​ខ្លះ​ព្រះ​ប្រហែល​ជា​អនុញ្ញាត​ឲ្យ​យើង​បង្ហាញ​ថា​យើង​យក​ចិត្ដ​ទុក​ដាក់​ខ្លាំង​យ៉ាង​ណា​ចំពោះ​រឿង​ណា​មួយ។ ជា​ឧទាហរណ៍ បើ​យើង​ឬ​អ្នក​ណា​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​របស់​យើង​ប្រឈម​មុខ​នឹង​ជំងឺ​ធ្ងន់​ធ្ងរ ឬ​អំពើ​អយុត្ដិធម៌​ណា​មួយ តើ​យើង​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា? បើ​យើង​ទុក​ចិត្ដ​ព្រះ​យេហូវ៉ា​ទាំង​ស្រុង យើង​នឹង​អង្វរ​សុំ​លោក​ឲ្យ​ផ្ដល់​កម្លាំង​ដល់​យើង​ដែល​យើង​ត្រូវ​ការ​ដើម្បី​រក្សា​ភាព​ស្មោះ​ត្រង់ បន្ដ​មាន​អំណរ និង​មាន​ចំណង​មិត្ដភាព​រឹង​មាំ​ជា​មួយ​នឹង​លោក។ (​ភីលីព ៤:១៣​) គំរូ​របស់​គ្រិស្ដ​សាសនិក​ជា​ច្រើន​នៅ​សម័យ​មុន​និង​សព្វ​ថ្ងៃ​នេះ បាន​បង្ហាញ​ថា​សេចក្ដី​អធិដ្ឋាន​អាច​ពង្រឹង​កម្លាំង​ចិត្ដ​យើង និង​ផ្ដល់​ឲ្យ​យើង​នូវ​ចិត្ដ​ក្លាហាន​ដែល​យើង​ត្រូវ​ការ​ដើម្បី​យើង​អាច​បន្ដ​ស៊ូ​ទ្រាំ។

ចូរ​បន្ដ​តស៊ូ​ដើម្បី​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា

១៦, ១៧​. តើ​អ្នក​តាំង​ចិត្ដ​ធ្វើ​អ្វី?

១៦ មេ​កំណាច​ចង់​ឃើញ​អ្នក​ឈប់​ព្យាយាម ធ្លាក់​ទឹក​ចិត្ដ និង​ស្រយុត​ដៃ។ ដូច្នេះ ចូរ​តាំង​ចិត្ដ​«​កាន់​ខ្ជាប់​តាម​អ្វី​ដែល​ប្រសើរ​»។ (​ថែស្សាឡូនិច​ទី១ ៥:២១​) អ្នក​អាច​ប្រយុទ្ធ​ឈ្នះ​សាថាន ពិភព​លោក​ដ៏​អាក្រក់​របស់​វា និង​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ! អ្នក​អាច​ឈ្នះ​បាន បើ​អ្នក​ទុក​ចិត្ដ​ទាំង​ស្រុង​ថា​ព្រះ​នឹង​ពង្រឹង​កម្លាំង​ចិត្ដ​អ្នក និង​ជួយ​អ្នក។—កូរិនថូស​ទី២ ៤:៧​-​៩; កាឡាទី ៦:៩

១៧ ដូច្នេះ ចូរ​បន្ដ​តយុទ្ធ។ ចូរ​បន្ដ​តស៊ូ។ អ្នក​អាច​ជឿ​ជាក់​ទាំង​ស្រុង​ថា​ព្រះ​យេហូវ៉ា​នឹង‹ចាក់​ព្រះ​ពរ​មក​លើ​អ្នក ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ›។—ម៉ាឡាគី ៣:១០