លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​របៀប​ស្លៀក​ពាក់​របស់​អ្នក​នាំ​ឲ្យ​ព្រះ​ទទួល​ការ​សរសើរ​តម្កើង​ឬ​ទេ?

តើ​របៀប​ស្លៀក​ពាក់​របស់​អ្នក​នាំ​ឲ្យ​ព្រះ​ទទួល​ការ​សរសើរ​តម្កើង​ឬ​ទេ?

​«​ចូរ​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដើម្បី​ឲ្យ​ព្រះ​ទទួល​ការ​សរសើរ​តម្កើង​»។—កូរិនថូស​ទី១ ១០:៣១

ចម្រៀង​លេខ: ៣៤, ២៩

១, ២​. ហេតុ​អ្វី​សាក្សី​ព្រះ​យេហូវ៉ា​មាន​ខ្នាត​តម្រា​ខ្ពង់​ខ្ពស់​ស្ដី​អំពី​របៀប​ស្លៀក​ពាក់? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

កាសែត​ហូឡង់​មួយ​បាន​រៀប​រាប់​អំពី​របៀប​ដែល​ពួក​អ្នក​ដឹក​នាំ​វិហារ​បាន​ស្លៀក​ពាក់​នៅ​កិច្ច​ប្រជុំ​មួយ​របស់​ពួក​គេ។ កាសែត​នោះ​បាន​សរសេរ​ថា​៖ ​«​យើង​ឃើញ​ពួក​គេ​ជា​ច្រើន​នាក់​បាន​ស្លៀក​ពាក់​សាមញ្ញ​ពេក ជា​ពិសេស​នៅ​ពេល​អាកាសធាតុ​ក្ដៅ​»។ ប៉ុន្ដែ​កាសែត​នោះ​ក៏​បាន​សរសេរ​ដែរ​ថា​សាក្សី​ព្រះ​យេហូវ៉ា​មិន​ស្លៀក​ពាក់​របៀប​នេះ​នៅ​មហា​សន្និបាត​របស់​ពួក​គេ​ទេ។ កាសែត​នោះ​បាន​រៀប​រាប់​ថា​បុរស​និង​ក្មេង​ប្រុស​បាន​ពាក់​អាវ​ធំ​និង​ក្រ​វ៉ាត់​ក ហើយ​ស្ដ្រី​និង​ក្មេង​ស្រី​បាន​ស្លៀក​សំពត់​វែង​ល្មម​តែ​ទាន់​សម័យ។ សាក្សី​ព្រះ​យេហូវ៉ា​ច្រើន​តែ​ទទួល​ការ​សរសើរ​ចំពោះ​របៀប​ដែល​ពួក​គេ​ស្លៀក​ពាក់។ សាវ័ក​ប៉ូល​បាន​និយាយ​ថា​គ្រិស្ដ​សាសនិក​គួរ​ស្លៀក​ពាក់​«​បែប​រមទម និង​ដោយ​មាន​គំនិត​សម​ហេតុ​សម​ផល​»​ ដែល​សម​ត្រឹម​ត្រូវ​សម្រាប់​អ្នក​បម្រើ​ព្រះ។ (​ធីម៉ូថេ​ទី១ ២:៩, ១០​) ទោះ​ជា​ប៉ូល​បាន​និយាយ​អំពី​ស្ដ្រី​ក៏​ដោយ ខ្នាត​តម្រា​នេះ​ក៏​សម្រាប់​បុរស​ដែល​ជា​គ្រិស្ដ​សាសនិក​ដែរ។

ខ្នាត​តម្រា​ខ្ពង់​ខ្ពស់​ស្ដី​អំពី​របៀប​ស្លៀក​ពាក់​គឺ​សំខាន់​ចំពោះ​យើង​ដែល​ជា​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា ហើយ​ក៏​សំខាន់​ចំពោះ​ព្រះ​ដែល​យើង​គោរព​ប្រណិប័តន៍​ដែរ។ (​លោកុប្បត្ដិ ៣:២១​) គម្ពីរ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​គ្រប់​គ្រង​ដ៏​ខ្ពស់​បំផុត​លើ​សកល​លោក មាន​ខ្នាត​តម្រា​ស្ដី​អំពី​របៀប​ដែល​លោក​ចង់​ឲ្យ​អ្នក​បម្រើ​លោក​ស្លៀក​ពាក់។ ដូច្នេះ អ្វី​ដែល​យើង​ស្លៀក​ពាក់​មិន​គ្រាន់​តែ​គួរ​ផ្គាប់​ចិត្ដ​យើង​ប៉ុណ្ណោះ​ទេ តែ​សំខាន់​ជាង​នេះ គួរ​ផ្គាប់​ចិត្ដ​ព្រះ​យេហូវ៉ា​ដែល​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។

៣​. តើ​យើង​អាច​រៀន​អ្វី​ពី​ច្បាប់​របស់​ព្រះ​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​អំពី​សម្លៀក​បំពាក់?

ក្នុង​ច្បាប់​ម៉ូសេ​មាន​ច្បាប់​ផ្សេង​ៗ​ដែល​ការពារ​ជន​ជាតិ​អ៊ីស្រាអែល​ពី​របៀប​រស់​នៅ​ដ៏​ប្រាស​ចាក​សីលធម៌​របស់​ប្រជា​ជាតិ​ដែល​នៅ​ជុំ​វិញ​ពួក​គេ។ ច្បាប់​ម៉ូសេ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ស្អប់​ម៉ូដ​សម្លៀក​បំពាក់​ដែល​ធ្វើ​ឲ្យ​ពិបាក​សម្គាល់​ថា​បុគ្គល​ណា​ម្នាក់​ជា​ប្រុស​ឬ​ស្រី។ សព្វ​ថ្ងៃ​នេះ ក៏​មាន​ម៉ូដ​សម្លៀក​បំពាក់​បែប​នេះ​ដែរ។ (​សូម​អាន ចោទិយកថា ២២:៥) យើង​រៀន​ពី​ច្បាប់​នោះ​ថា​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ដ​នឹង​សម្លៀក​បំពាក់​ណា​ដែល​ធ្វើ​ឲ្យ​បុរស​មើល​ទៅ​ដូច​ស្ដ្រី ឲ្យ​ស្ដ្រី​មើល​ទៅ​ដូច​បុរស ឬ​សម្លៀក​បំពាក់​ណា​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ដឹង​ថា​បុគ្គល​នោះ​ជា​បុរស​ឬ​ស្ដ្រី​ឡើយ។

៤​. តើ​អ្វី​អាច​ជួយ​គ្រិស្ដ​សាសនិក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ដ​ល្អ​ស្ដី​អំពី​របៀប​ស្លៀក​ពាក់?

គោល​ការណ៍​គម្ពីរ​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ដ​ល្អ​ស្ដី​អំពី​របៀប​ស្លៀក​ពាក់។ យើង​ធ្វើ​តាម​គោល​ការណ៍​ទាំង​នេះ ទោះ​ជា​យើង​រស់​នៅ​ប្រទេស​ណា មាន​អាកាសធាតុ​យ៉ាង​ណា ឬ​មាន​វប្បធម៌​បែប​ណា​ក៏​ដោយ។ យើង​មិន​ត្រូវ​ការ​បញ្ជី​ដ៏​វែង​មួយ​ដើម្បី​ប្រាប់​យើង​អំពី​សម្លៀក​បំពាក់​ណា​ដែល​សមរម្យ​និង​មិន​សមរម្យ​ទេ។ យើង​គ្រាន់​តែ​ត្រូវ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ ដែល​នៅ​តែ​ឲ្យ​យើង​ស្លៀក​ពាក់​អ្វី​ដែល​យើង​ចូល​ចិត្ដ។ សូម​យើង​ពិចារណា​គោល​ការណ៍​គម្ពីរ​ខ្លះ​ដែល​អាច​ជួយ​យើង​ដឹង​អំពី​«​បំណង​ប្រាថ្នា​ដ៏​ប្រសើរ សមរម្យ និង​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ​»​ពេល​យើង​សម្រេច​ចិត្ដ​អំពី​អ្វី​ដែល​យើង​នឹង​ស្លៀក​ពាក់។—រ៉ូម ១២:១, ២

«​យើង​បង្ហាញ​ឲ្យ​ឃើញ​ថា​យើង​ជា​អ្នក​បម្រើ​របស់​ព្រះ​»

៥, ៦​. តើ​សម្លៀក​បំពាក់​របស់​យើង​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក​ឯ​ទៀត?

ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ សាវ័ក​ប៉ូល​បាន​លើក​បញ្ជាក់​អំពី​គោល​ការណ៍​ដ៏​សំខាន់​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​កូរិនថូស​ទី២ ៦:៤។ (​សូម​អាន​) របៀប​ដែល​យើង​ស្លៀក​ពាក់​សម្អិត​សម្អាង​ខ្លួន​ស​ឲ្យ​ឃើញ​ថា​យើង​ជា​មនុស្ស​បែប​ណា ហើយ​មនុស្ស​ជា​ច្រើន​នឹង​មាន​ទស្សនៈ​អំពី​យើង​អាស្រ័យ​ទៅ​លើ​របៀប​ដែល​យើង​ស្លៀក​ពាក់​និង​សម្អិត​សម្អាង​ខ្លួន។ (​សាំយូអែល​ទី១ ១៦:៧​) ដោយ​សារ​យើង​ជា​អ្នក​បម្រើ​ព្រះ យើង​មិន​គ្រាន់​តែ​ស្លៀក​ពាក់​អ្វី​ដែល​ស្រួល​ពាក់ ឬ​អ្វី​ដែល​យើង​ចូល​ចិត្ដ​ប៉ុណ្ណោះ​ទេ។ ពេល​យើង​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ នេះ​គួរ​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​សម្លៀក​បំពាក់​ដែល​រឹប បង្ហាញ​សាច់​ច្រើន ឬ​សិច​ស៊ី។ នេះ​មាន​ន័យ​ថា​យើង​នឹង​ជៀស​វាង​ពី​សម្លៀក​បំពាក់​ណា​ដែល​បង្ហាញ​កេរ្ដិ៍​ខ្មាស​នៃ​រូប​កាយ​ឬ​ធ្វើ​ឲ្យ​កន្លែង​នោះ​លេចធ្លោ។ យើង​មិន​គួរ​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​មាន​អារម្មណ៍​មិន​ស្រួល ឬ​ត្រូវ​ងាក​មុខ​ចេញ​ពេល​ពួក​គេ​ឃើញ​របៀប​ដែល​យើង​ស្លៀក​ពាក់​ឡើយ។

ពេល​យើង​មាន​របៀប​រៀប​រយ ស្អាត​បាត សម្អិត​សម្អាង​ខ្លួន យ៉ាង​ល្អ និង​ស្លៀក​ពាក់​បែប រមទម មនុស្ស​ប្រហែល​ជា គោរព​យើង​ច្រើន​ជាង​ក្នុង​នាម​ជា អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដែល ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត

ពេល​យើង​មាន​របៀប​រៀប​រយ ស្អាត​បាត សម្អិត​សម្អាង​ខ្លួន​យ៉ាង​ល្អ និង​ស្លៀក​ពាក់​បែប​រមទម មនុស្ស​ប្រហែល​ជា​គោរព​យើង​ច្រើន​ជាង​ក្នុង​នាម​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដែល​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។ ម្យ៉ាង​ទៀត ពួក​គេ​ប្រហែល​ជា​នឹង​ចាប់​អារម្មណ៍​ច្រើន​ជាង​អំពី​ព្រះ​ដែល​យើង​គោរព​ប្រណិប័តន៍ កាន់​តែ​គោរព​អង្គ​ការ​របស់​យើង និង​កាន់​តែ​ចង់​ស្តាប់​ដំណឹង​ដែល​អាច​សង្គ្រោះ​ជីវិត​ដែល​យើង​ផ្សាយ។

៧, ៨​. ជា​ពិសេស តើ​នៅ​ពេល​ណា​ដែល​យើង​ត្រូវ​ស្លៀក​ពាក់​សម្លៀក​បំពាក់​ដែល​សមរម្យ?

យើង​មាន​ភារកិច្ច​ចំពោះ​ព្រះ​ដែល​បរិសុទ្ធ​របស់​យើង ចំពោះ​បង​ប្អូន​គ្រិស្ដ​សាសនិក និង​ចំពោះ​មនុស្ស​ក្នុង​តំបន់​ផ្សាយ​របស់​យើង ពោល​គឺ​ស្លៀក​ពាក់​តាម​របៀប​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង និង​នាំ​ឲ្យ​មនុស្ស​ឯ​ទៀត​ឲ្យ​តម្លៃ​ចំពោះ​ដំណឹង​ដែល​យើង​ផ្សព្វ​ផ្សាយ។ (​រ៉ូម ១៣:៨​-​១០​) សម្លៀក​បំពាក់​របស់​យើង​គឺ​កាន់​តែ​សំខាន់​ពេល​យើង​ទៅ​កិច្ច​ប្រជុំ​របស់​យើង​ជា​គ្រិស្ដ​សាសនិក ឬ​ពេល​យើង​ផ្សព្វ​ផ្សាយ។ យើង​គួរ​ស្លៀក​ពាក់​តាម​របៀប​ដែល​សម​នឹង​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ។ (​ធីម៉ូថេទី១ ២:១០​) សម្លៀក​បំពាក់​ខ្លះ​គឺ​សមរម្យ​សម្រាប់​កន្លែង​ណា​មួយ តែ​ប្រហែល​ជា​មិន​សមរម្យ​សម្រាប់​កន្លែង​ផ្សេង​ទៀត។ ដូច្នេះ ទោះ​ជា​យើង​រស់​នៅ​កន្លែង​ណា​ក៏​ដោយ ក្នុង​នាម​ជា​សាក្សី​ព្រះ​យេហូវ៉ា​យើង​គួរ​ជៀស​វាង​ពី​ការ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ទើស​ចិត្ដ​នឹង​យើង​ដោយ​សារ​របៀប​ដែល​យើង​ស្លៀក​ពាក់។

តើ​សម្លៀក​បំពាក់​របស់​អ្នក​នឹង​នាំ​ឲ្យ​អ្នក​ឯ​ទៀត​គោរព​ព្រះ​ដែល​អ្នក​ជា​តំណាង​ឬ​ទេ? (​សូម​មើល​វគ្គ​៧, ៨​)

សូម​អាន កូរិនថូស​ទី១ ១០:៣១ពេល​យើង​ទៅ​សន្និបាត​និង​មហា​សន្និបាត សម្លៀក​បំពាក់​របស់​យើង​ត្រូវ​តែ​សមរម្យ​និង​បែប​រមទម។ យើង​មិន​គួរ​ស្លៀក​ពាក់​ម៉ូដ​ចម្លែក​ដូច​មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​ទេ។ សូម្បី​តែ​មុន​និង​ក្រោយ​កម្ម​វិធី​មហា​សន្និបាត ហើយ​ពេល​យើង​ចូល​ឬ​ចេញ​ពី​សណ្ឋាគារ យើង​គួរ​ធ្វើ​ឲ្យ​ប្រាកដ​ថា​សម្លៀក​បំពាក់​របស់​យើង​គឺ​មិន​សាមញ្ញ​ពេក ឬ​រយីក​រយាក។ យ៉ាង​នេះ យើង​នឹង​មាន​មោទនភាព​ប្រាប់​អ្នក​ឯ​ទៀត​ថា​យើង​ជា​សាក្សី​ព្រះ​យេហូវ៉ា ហើយ​យើង​នឹង​ប្រុង​ប្រៀប​ខ្លួន​ជា​និច្ច​ដើម្បី​ផ្សព្វ​ផ្សាយ​នៅ​ពេល​ណា​ក៏​បាន។

៩, ១០​. ហេតុ​អ្វី​ភីលីព ២:៤​គួរ​មាន​ឥទ្ធិពល​ទៅ​លើ​របៀប​ដែល​យើង​ស្លៀក​ពាក់?

សូម​អាន ភីលីព ២:៤ហេតុ​អ្វី​យើង​គួរ​គិត​អំពី​ឥទ្ធិពល​ដែល​សម្លៀក​បំពាក់​របស់​យើង​អាច​មាន​ទៅ​លើ​បង​ប្អូន​គ្រិស្ដ​សាសនិក? មូលហេតុ​មួយ​គឺ​ដោយ​សារ​រាស្ដ្រ​របស់​ព្រះ​ខំ​ប្រឹង​ធ្វើ​តាម​ឱវាទ​ដែល​ថា​៖ ​«​ចូរ​រម្ងាប់​ភាព​ទោរ​ទន់​ដែល​មាន​នៅ​ក្នុង​អវយវៈ​រូប​កាយ​របស់​អ្នក​រាល់​គ្នា គឺ​ភាព​ទោរ​ទន់​ទៅ​រក​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អំពើ​ស្មោក​គ្រោក តម្រេក​»។ (​កូឡុស ៣:២,​) បង​ប្អូន​ខ្លះ​របស់​យើង​បាន​លះ​បង់​របៀប​រស់​នៅ​ដែល​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ប៉ុន្ដែ​ពួក​គាត់​ប្រហែល​ជា​នៅ​តែ​តយុទ្ធ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង។ បើ​យើង​មិន​ប្រុង​ប្រយ័ត្ន របៀប​ដែល​យើង​ស្លៀក​ពាក់​អាច​ធ្វើ​ឲ្យ​ពួក​គាត់​កាន់​តែ​ពិបាក​ធ្វើ​តាម​ដំបូន្មាន​ក្នុង​គម្ពីរ និង​តយុទ្ធ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​ទាំង​នោះ។ (​កូរិនថូស​ទី១ ៦:៩, ១០​) យើង​នឹង​មិន​ចង់​ធ្វើ​ឲ្យ​ពួក​គាត់​កាន់​តែ​ពិបាក​តយុទ្ធ មែន​ទេ?

១០ ពេល​យើង​នៅ​ជា​មួយ​នឹង​បង​ប្អូន គ្មាន​អ្នក​ណា​លើក​ស្ទួយ​អំពើ​ប្រាស​ចាក​សីលធម៌​ទេ។ ទោះ​ជា​យើង​នៅ​កិច្ច​ប្រជុំ​ឬ​នៅ​កន្លែង​ណា​ផ្សេង​ទៀត​ក្ដី របៀប​ដែល​យើង​ស្លៀក​ពាក់​គួរ​ធ្វើ​ឲ្យ​បរិយាកាស​នេះ​កាន់​តែ​ស្អាត​ស្អំ។ ទោះ​បី​ជា​យើង​មាន​សេរី​ភាព​ជ្រើស​រើស​អ្វី​ដែល​យើង​ស្លៀក​ពាក់​ក៏​ដោយ យើង​ក៏​មាន​ភារកិច្ច​ស្លៀក​ពាក់​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​កាន់​តែ​ស្រួល​រក្សា​ភាព​ស្អាត​ស្អំ​នៅ​ចំពោះ​ព្រះ​ខាង​គំនិត ពាក្យ​សំ​ដី និង​ការ​ប្រព្រឹត្ដ។ (​ពេត្រុស​ទី១ ១:១៥, ១៦​) សេចក្ដី​ស្រឡាញ់​ដ៏​ពិត​«​មិន​ប្រព្រឹត្ដ​ឥត​សមរម្យ មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​»។—កូរិនថូស​ទី១ ១៣:៤, ៥

សម្លៀក​បំពាក់​សម​ត្រឹម​ត្រូវ​តាម​ពេល​វេលា​និង​ទី​កន្លែង

១១, ១២​. តើ​តាម​របៀប​ណា​សាស្តា ៣:១, ១៧​ជួយ​យើង​ឲ្យ​ធ្វើ​ជា​មនុស្ស​សម​ហេតុ​ផល?

១១ ពេល​អ្នក​បម្រើ​របស់​ព្រះ​ត្រូវ​សម្រេច​ចិត្ដ​អំពី​អ្វី​ដែល​ស្លៀក​ពាក់ ពួក​គាត់​ដឹង​ថា​«​មាន​ពេល​សំ​រាប់​គ្រប់​ទាំង​បំណង​ដែល​ប៉ង​ធ្វើ នឹង​បណ្ដាការ​ទាំង​ពួង​ផង​»។ (​សាស្តា ៣:១, ១៧​) អាកាសធាតុ រដូវ និង​កាលៈទេសៈ​ខុស​ៗ​គ្នា​អាច​មាន​ឥទ្ធិពល​លើ​របៀប​ដែល​យើង​ស្លៀក​ពាក់។ ប៉ុន្ដែ ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​មិន​ប្រែ​ប្រួល​ឡើយ។—ម៉ាឡាគី ៣:៦

ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​មិន​ប្រែ​ប្រួល​ឡើយ

១២ ពេល​អាកាសធាតុ​ក្ដៅ គឺ​កាន់​តែ​ពិបាក​ធ្វើ​ឲ្យ​ប្រាកដ​ថា​សម្លៀក​បំពាក់​របស់​យើង​គឺ​ថ្លៃ​ថ្នូរ​និង​បែប​រមទម។ បង​ប្អូន​យើង​សប្បាយ​ចិត្ដ​ពេល​យើង​មិន​ស្លៀក​ពាក់​អ្វី​ដែល​រឹប​ពេក​ឬ​រលុង​ពេក​ដែល​ធ្វើ​ឲ្យ​បញ្ចេញ​សាច់។ (​យ៉ូប ៣១:១​) ម្យ៉ាង​ទៀត ពេល​យើង​នៅ​ឆ្នេរ​សមុទ្រ ឬ​អាង​ហែល​ទឹក ឈុត​ហែល​ទឹក​របស់​យើង​គួរ​តែ​រមទម។ (​សុភាសិត ១១:២, ២០​) សូម្បី​តែ​មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​ពាក់​ឈុត​ហែល​ទឹក​ដែល​បង្ហាញ​សាច់​ច្រើន​ក្ដី យើង​គួរ​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្វី​ដែល​យើង​ជ្រើស​រើស នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ដ៏​បរិសុទ្ធ​របស់​យើង​ទទួល​ការ​សរសើរ​តម្កើង។

១៣​. ហេតុ​អ្វី​ដំបូន្មាន​នៅ​កូរិនថូស​ទី១ ១០:៣២, ៣៣​គួរ​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ដ​របស់​យើង​ស្ដី​អំពី​សម្លៀក​បំពាក់?

១៣ មាន​គោល​ការណ៍​សំខាន់​មួយ​ទៀត​ដែល​គួរ​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ដ​របស់​យើង​ស្ដី​អំពី​សម្លៀក​បំពាក់។ យើង​ត្រូវ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​ឯ​ទៀត។ (​សូម​អាន កូរិនថូស​ទី១ ១០:៣២, ៣៣) យើង​មាន​ភារកិច្ច​ជៀស​វាង​ពី​សម្លៀក​បំពាក់​ណា​ដែល​អាច​នាំ​ឲ្យ​បង​ប្អូន​និង​អ្នក​ឯ​ទៀត​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា​ទើស​ចិត្ដ។ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​ចូរ​យើង​ទាំង​អស់​គ្នា​បំពេញ​ចិត្ដ​អ្នក​ជិត​ខាង​ដោយ​ការ​ល្អ​ដែល​ពង្រឹង​ជំនឿ​របស់​គេ​»។ ប៉ូល​បាន​ប្រាប់​អំពី​មូលហេតុ​ដែល​យើង​ធ្វើ​ដូច្នេះ ពេល​គាត់​បន្ថែម​ថា​៖ ​«​ព្រោះ​សូម្បី​តែ​គ្រិស្ដ​មិន​បាន​រក​បំពេញ​ចិត្ដ​ខ្លួន​លោក​ដែរ​»។ (​រ៉ូម ១៥:២, ៣​) ដូច​លោក​យេស៊ូ យើង​គួរ​មាន​ទស្សនៈ​ថា​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​និង​ការ​ជួយ​អ្នក​ឯ​ទៀត​គឺ​សំខាន់​ជាង​ចំណង់​ចំណូល​ចិត្ដ​របស់​ខ្លួន។ ដូច្នេះ យើង​នឹង​សម្រេច​ចិត្ដ​មិន​ស្លៀក​ពាក់​ម៉ូដ​ណា​ដែល​អាច​នាំ​ឲ្យ​មនុស្ស​មិន​ចង់​ស្តាប់​ដំណឹង​ដែល​យើង​ផ្សាយ ទោះ​ជា​យើង​ចូល​ចិត្ដ​ម៉ូដ​នោះ​ក៏​ដោយ។

១៤​. តើ​ឪ​ពុក​ម្ដាយ​អាច​បង្ហាត់​បង្រៀន​កូន​ៗ​យ៉ាង​ដូច​ម្ដេច​ឲ្យ​ស្លៀក​ពាក់​តាម​របៀប​ដែល​នាំ​ឲ្យ​ព្រះ​ទទួល​ការ​សរសើរ​តម្កើង?

១៤ ឪ​ពុក​ម្ដាយ​ដែល​ជា​គ្រិស្ដ​សាសនិក​មាន​ភារកិច្ច​បង្រៀន​កូន​ឲ្យ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ។ នេះ​រួម​បញ្ចូល​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួក​គាត់​និង​កូន​ៗ​របស់​ពួក​គាត់​ខំ​ប្រឹង​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ដ​ដោយ​ស្លៀក​ពាក់​សម្អិត​សម្អាង​ខ្លួន​បែប​រមទម។ (​សុភាសិត ២២:៦; ២៧:១១​) តើ​តាម​របៀប​ណា​ឪ​ពុក​ម្ដាយ​អាច​បង្ហាត់​បង្រៀន​កូន​ៗ​ឲ្យ​គោរព​ព្រះ​ដ៏​បរិសុទ្ធ​របស់​យើង​និង​គោល​ការណ៍​របស់​លោក? ឪ​ពុក​ម្ដាយ​គួរ​ទុក​គំរូ​ល្អ​ឲ្យ​កូន។ ម្យ៉ាង​ទៀត ដោយ​សេចក្ដី​ស្រឡាញ់ ពួក​គាត់​គួរ​បង្ហាញ​កូន​អំពី​របៀប​និង​កន្លែង​ដែល​ពួក​គេ​អាច​រក​ឃើញ​សម្លៀក​បំពាក់​ដែល​សមរម្យ។ កូន​ៗ​មិន​គួរ​ជ្រើស​រើស​សម្លៀក​បំពាក់​តាម​ចំណូល​ចិត្ដ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​សំខាន់​ជាង​នេះ​ពួក​គេ​គួរ​ជ្រើស​រើស​សម្លៀក​បំពាក់​ដែល​លើក​កិត្ដិយស​ព្រះ​ដែល​ពួក​គេ​ជា​តំណាង ពោល​គឺ​ព្រះ​យេហូវ៉ា។

ចូរ​ប្រើ​សេរី​ភាព​របស់​អ្នក​ដោយ​ឈ្លាស​វៃ

១៥​. តើ​អ្វី​គួរ​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​ឈ្លាស​វៃ?

១៥ គម្ពីរ​ផ្ដល់​ការ​ណែនាំ​ដ៏​មាន​ប្រយោជន៍ ដែល​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​ឈ្លាស​វៃ​ដែល​នឹង​នាំ​ឲ្យ​ព្រះ​ទទួល​ការ​សរសើរ​តម្កើង។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្វី​ដែល​យើង​ស្លៀក​ពាក់​បង្ហាញ​អំពី​ចំណូល​ចិត្ដ​របស់​ខ្លួន។ ម៉ូដ​ដែល​យើង​ចូល​ចិត្ដ​និង​សម្លៀក​បំពាក់​ដែល​យើង​មាន​លទ្ធភាព​ទិញ ប្រហែល​ជា​ខុស​គ្នា​ពី​អ្នក​ឯ​ទៀត។ ប៉ុន្ដែ សម្លៀក​បំពាក់​របស់​យើង​តែង​តែ​គួរ​មាន​របៀប​រៀប​រយ ស្អាត​បាត រមទម សម​នឹង​កាលៈទេសៈ និង​សមរម្យ​សម្រាប់​តំបន់​ដែល​យើង​ស្នាក់​នៅ។

១៦​. ហេតុ​អ្វី​ការ​ខំ​ប្រឹង​ស្លៀក​ពាក់​ស្អាត​បាត​មាន​ប្រយោជន៍?

១៦ យើង​មិន​តែង​តែ​ស្រួល​រក​សម្លៀក​បំពាក់​ដែល​រមទម​និង​សមរម្យ​ទេ។ ហាង​ជា​ច្រើន​លក់​តែ​សម្លៀក​បំពាក់ទាន់​សម័យ​ប៉ុណ្ណោះ។ ដូច្នេះ យើង​ប្រហែល​ជា​ត្រូវ​ខំ​ប្រឹង និង​ចំណាយ​ពេល​ច្រើន​ជាង​ដើម្បី​រក​សម្លៀក​បំពាក់​រមទម​ដូច​ជា​សំពត់ រ៉ូប អាវ ឬ​ដើម្បី​ជ្រើស​រើស​ឈុត​អាវ​ធំ​និង​ខោ​ដែល​មិន​រឹប​ពេក។ ប៉ុន្ដែ​បង​ប្អូន​យើង​នឹង​កត់​សម្គាល់​និង​ឲ្យ​តម្លៃ​ចំពោះ​ការ​ខំ​ប្រឹង​របស់​យើង​ដើម្បី​ស្លៀក​ពាក់​ស្អាត​និង​សមរម្យ។ ម្យ៉ាង​ទៀត ការ​ស្កប់​ចិត្ដ​ដែល​យើង​មាន​ដោយ​សារ​យើង​បាន​នាំ​ឲ្យ​បិតា​នៅ​ស្ថាន​សួគ៌​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ទទួល​ការ​សរសើរ​តម្កើង គឺ​ច្រើន​ជាង​ការ​លះ​បង់​ណា​ដែល​យើង​បាន​ធ្វើ​ដើម្បី​ស្លៀក​ពាក់​តាម​របៀប​ដែល​នាំ​ឲ្យ​លោក​ទទួល​ការ​សរសើរ​តម្កើង។

១៧​. តើ​មាន​កត្ដា​អ្វី​ខ្លះ​ដែល​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ការ​សម្រេច​ចិត្ដ​របស់​បង​ប្អូន​ប្រុស​ស្ដី​អំពី​ពុក​ចង្កា?

១៧ តើ​គឺ​សម​ត្រឹម​ត្រូវ​ឲ្យ​បង​ប្អូន​ប្រុស​មាន​ពុក​ចង្កា​ឬ​ទេ? ច្បាប់​ម៉ូសេ​បាន​តម្រូវ​ឲ្យ​បុរស​មាន​ពុក​ចង្កា។ ប៉ុន្ដែ គ្រិស្ដ​សាសនិក​មិន​នៅ​ក្រោម​ច្បាប់​ម៉ូសេ ឬ​មិន​ត្រូវ​តែ​ធ្វើ​តាម​ច្បាប់​នោះ​ទេ។ (​លេវីវិន័យ ១៩:២៧; ២១:៥; កាឡាទី ៣:២៤, ២៥​) នៅ​វប្បធម៌​ខ្លះ ពុក​ចង្កា​ខ្លី​ប្រហែល​ជា​គួរ​សម​និង​គួរ​ឲ្យ​គោរព ហើយ​ប្រហែល​ជា​មិន​ធ្វើ​ឲ្យ​មនុស្ស​លែង​ចង់​ស្តាប់​ដំណឹង​ដែល​យើង​ផ្សាយ។ ម្យ៉ាង​ទៀត បង​ប្រុស​ខ្លះ​ដែល​មាន​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ​មាន​ពុក​ចង្កា។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ បង​ប្អូន​ប្រុស​ខ្លះ​ទៀត​ប្រហែល​ជា​សម្រេច​ចិត្ដ​មិន​ទុក​ពុក​ចង្កា​ឡើយ។ (​កូរិនថូស​ទី១ ៨:៩, ១៣; ១០:៣២​) នៅ​វប្បធម៌​ឬ​កន្លែង​ផ្សេង​ទៀត ការ​មាន​ពុក​ចង្កា​មិន​មែន​ជា​ទម្លាប់ ហើយ​នេះ​មិន​មែន​ជា​អ្វី​ដែល​បាន​ត្រូវ​ចាត់​ទុក​ថា​សម​ត្រឹម​ត្រូវ​ចំពោះ​សាក្សី​ព្រះ​យេហូវ៉ា​ទេ។ ដូច្នេះ បើ​បង​ប្អូន​ប្រុស​មាន​ពុក​ចង្កា នេះ​ប្រហែល​ជា​រា​រាំង​គាត់​ពី​ការ​ធ្វើ​ឲ្យ​ព្រះ​ទទួល​ការ​សរសើរ​តម្កើង និង​ពី​ការ​ធ្វើ​ជា​បុគ្គល​ដែល​«​គ្មាន​កន្លែង​បន្ទោស​»។—ធីម៉ូថេ​ទី១ ៣:២, ៧; រ៉ូម ១៥:១​-​៣

១៨, ១៩​. តើ​មីកា ៦:៨​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

១៨ យើង​មាន​ចិត្ដ​កតញ្ញូ​ដែល​ព្រះ​យេហូវ៉ា​មិន​ឲ្យ​យើង​នូវ​បញ្ជី​វែង​មួយ​ស្ដី​អំពី​ការ​ស្លៀក​ពាក់​សម្អិត​សម្អាង​ខ្លួន​ដែល​សមរម្យ​និង​មិន​សមរម្យ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ឲ្យ​យើង​មាន​សេរី​ភាព​ធ្វើ​ការ​សម្រេច​ចិត្ដ​ផ្ទាល់​ខ្លួន​ដែល​សម​ហេតុ​សម​ផល​ដោយ​ផ្អែក​លើ​គោល​ការណ៍​គម្ពីរ។ ដូច្នេះ សូម្បី​តែ​នៅ​ពេល​ដែល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ដ​អំពី​របៀប​ដែល​យើង​ស្លៀក​ពាក់​សម្អិត​សម្អាង​ខ្លួន យើង​អាច​បង្ហាញ​ថា​យើង​ចង់​មាន​ចិត្ដ​សុភាព​រាប​ទាប​កាល​ដែល​យើង​បម្រើ​ព្រះ​របស់​យើង។—មីកា ៦:៨

១៩ ដោយ​ចិត្ដ​សុភាព​រាប​ទាប យើង​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​គឺ​បរិសុទ្ធ ហើយ​ខ្នាត​តម្រា​របស់​លោក​គឺ​ជា​ការ​ណែនាំ​ដ៏​ល្អ​បំផុត​សម្រាប់​យើង។ បើ​យើង​ចង់​មាន​ចិត្ដ​រាប​ទាប យើង​នឹង​ធ្វើ​តាម​ខ្នាត​តម្រា​របស់​លោក​ក្នុង​ជីវិត​របស់​យើង។ ចិត្ដ​រាប​ទាប​ក៏​នឹង​ជួយ​យើង​ឲ្យ​គោរព​ទស្សនៈ​និង​អារម្មណ៍​របស់​អ្នក​ឯ​ទៀត។

២០​. តើ​របៀប​ដែល​យើង​ស្លៀក​ពាក់​សម្អិត​សម្អាង​ខ្លួន​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក​ឯ​ទៀត?

២០ សម្លៀក​បំពាក់​របស់​យើង​គួរ​បង្ហាញ​យ៉ាង​ច្បាស់​ថា​យើង​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​មាន​ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់ ហើយ​យើង​សប្បាយ​ចិត្ដ​ធ្វើ​តាម​ខ្នាត​តម្រា​នោះ។ ជា​ទូ​ទៅ បង​ប្អូន​របស់​យើង​គួរ​ទទួល​ការ​សរសើរ​ចំពោះ​របៀប​ដែល​ពួក​គេ​ស្លៀក​ពាក់​សម្អិត​សម្អាង​ខ្លួន​និង​ការ​ប្រព្រឹត្ដ​ដ៏​ល្អ​របស់​ពួក​គេ។ នេះ​ទាក់​ទាញ​មនុស្ស​ដែល​មាន​ចិត្ដ​ស្មោះ​ឲ្យ​ចង់​ស្តាប់​ដំណឹង​ក្នុង​គម្ពីរ​ដែល​អាច​សង្គ្រោះ​ជីវិត ហើយ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​អំណរ​និង​ទទួល​ការ​សរសើរ​តម្កើង។ ពេល​យើង​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​ឈ្លាស​វៃ​អំពី​របៀប​ដែល​យើង​ស្លៀក​ពាក់ យើង​នឹង​បន្ដ​នាំ​ឲ្យ​ព្រះ​ដែល​ជា​អ្នក​ដែល​ប្រដាប់​ខ្លួន​លោក​«​ដោយ​យស​សក្ដិ​នឹង​តេជានុភាព​»​ទទួល​ការ​សរសើរ​តម្កើង។—ទំនុក​តម្កើង ១០៤:១, ២