លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ឪ​ពុក​ម្ដាយ​ទាំង​ឡាយ ចូរ​ជួយ​កូន​របស់​អ្នក​ឲ្យ​មាន​ជំនឿ

ឪ​ពុក​ម្ដាយ​ទាំង​ឡាយ ចូរ​ជួយ​កូន​របស់​អ្នក​ឲ្យ​មាន​ជំនឿ

​«​ទាំង​មនុស្ស​កំឡោះ នឹង​ស្រី​ក្រមុំ . . . ត្រូវ​ឲ្យ​ទាំង​អស់​សរសើរ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​ចុះ​»។—ទំនុក​តម្កើង ១៤៨:១២, ១៣

ចម្រៀង​លេខ: ៤១, ៤៨

១, ២​. (​ក​) ហេតុ​អ្វី​ឪ​ពុក​ម្ដាយ​មិន​ស្រួល​បង្រៀន​កូន​ឲ្យ​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា ហើយ​តើ​អ្វី​ជា​វិធី​តែ​មួយ​គត់​ដែល​ឪ​ពុក​ម្ដាយ​អាច​ធ្វើ​ដូច្នេះ? (​ខ​) ឥឡូវ​នេះ តើ​យើង​នឹង​ពិចារណា​ចំណុច​បួន​យ៉ាង​អ្វី?

ឪ​ពុក​ម្ដាយ​នៅ​ប្រទេស​បារាំង​បាន​និយាយ​ថា​៖ ​«​យើង​ជឿ​លើ​ព្រះ​យេហូវ៉ា ប៉ុន្ដែ​នេះ​មិន​តែង​តែ​មាន​ន័យ​ថា​កូន​របស់​យើង​នឹង​ជឿ​លើ​លោក​ឡើយ។ ជំនឿ​មិន​មែន​ជា​អ្វី​ដែល​ឪ​ពុក​ម្ដាយ​ផ្ទេរ​ទៅ​កូន​ទេ។ កូន​របស់​យើង​បណ្ដុះ​ឲ្យ​មាន​ជំនឿ​បន្ដិច​ម្ដង​ៗ​»។ បង​ប្រុស​នៅ​ប្រទេស​អូស្ត្រាលី​បាន​សរសេរ​ថា​៖ ​«​ការ​ជួយ​កូន​បណ្ដុះ​ឲ្យ​មាន​ជំនឿ​ក្នុង​ចិត្ដ​របស់​គាត់ គឺ​ទំនង​ជា​ការ​ពិបាក​ដ៏​ធំ​បំផុត​ដែល​ឪ​ពុក​ម្ដាយ​នឹង​ប្រឈម​មុខ​»។ បង​ប្រុស​នោះ​បន្ថែម​ថា​៖ ​«​អ្នក​ប្រហែល​ជា​គិត​ថា​អ្នក​បាន​ឆ្លើយ​សំណួរ​របស់​កូន​រហូត​ដល់​គាត់​ពេញ​ចិត្ដ​ហើយ។ ប៉ុន្ដែ​ក្រោយ​មក​អ្នក​ឃើញ​ថា​គាត់​លើក​ឡើង​សំណួរ​ដដែល​នោះ​ម្ដង​ទៀត! ចម្លើយ​ដែល​ធ្វើ​ឲ្យ​កូន​យល់ ហើយ​លែង​ឆ្ងល់​ថ្ងៃ​នេះ ប្រហែល​ជា​មិន​គ្រប់​គ្រាន់​សម្រាប់​គាត់​នៅ​ថ្ងៃ​ស្អែក​ទេ​»។ កាល​ដែល​កូន​ធំ​ឡើង ឪ​ពុក​ម្ដាយ​ជា​ច្រើន​ឃើញ​ថា​ពួក​គាត់​ត្រូវ​ពន្យល់​ប្រធានបទ​ដដែល​ឡើង​វិញ​ឲ្យ​ល្អិត​ល្អន់​ជាង។ ម្យ៉ាង​ទៀត ពួក​គាត់​ឃើញ​ថា​ពួក​គាត់​ត្រូវ​ប្រើ​វិធី​ផ្សេង​ៗ​ដើម្បី​បង្រៀន​កូន​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា។

បើ​អ្នក​ជា​ឪ​ពុក​ឬ​ម្ដាយ ពេល​ខ្លះ​តើ​អ្នក​ឆ្ងល់​ឬ​ទេ​ថា​អ្នក​ពិត​ជា​អាច​បង្រៀន​កូនរបស់​អ្នក​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​បន្ដ​បម្រើ​លោក សូម្បី​តែ​នៅ​ពេល​ដែល​ពួក​គេ​ធំ​ហើយ​ក្ដី? គ្មាន​អ្នក​ណា​ម្នាក់​អាច​ធ្វើ​ដូច្នេះ​ដោយ​ផ្អែក​លើ​សមត្ថភាព​ខ្លួន​បាន​ទេ។ (​យេរេមា ១០:២៣​) នេះ​ជា​មូលហេតុ​ដែល​យើង​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​យើង។ លោក​បាន​ផ្ដល់​ការ​ណែនាំ​ជា​ច្រើន​ឲ្យ​ឪ​ពុក​ម្ដាយ។ តើ​អ្នក​អាច​ជួយ​កូន​របស់​អ្នក​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​៖ (​១​) ស្គាល់​ពួក​គេ​ឲ្យ​បាន​ច្បាស់។ (​២​) បង្រៀន​ពួក​គេ​នូវ​អ្វី​ៗ​អំពី​ព្រះ​យេហូវ៉ា​ដែល​នៅ​ក្នុង​ចិត្ដ​របស់​អ្នក។ (​៣​) ប្រើ​ឧទាហរណ៍។ (​៤​) អធិដ្ឋាន​សុំ​សកម្មពល​បរិសុទ្ធ ហើយ​មាន​ចិត្ដ​អត់​ធ្មត់​នឹង​កូន​របស់​អ្នក។

ចូរ​ស្គាល់​កូន​របស់​អ្នក​ឲ្យ​បាន​ច្បាស់

៣​. តើ​ឪ​ពុក​ម្ដាយ​អាច​ធ្វើ​តាម​របៀប​ដែល​លោក​យេស៊ូ​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​យ៉ាង​ដូច​ម្ដេច?

លោក​យេស៊ូ​ច្រើន​តែ​សួរ​អ្នក​កាន់​តាម​លោក​អំពី​អ្វី​ដែល​ពួក​គេ​ជឿ។ (​ម៉ាថាយ ១៦:១៣​-​១៥​) អ្នក​អាច​ធ្វើ​តាម​គំរូ​របស់​លោក។ ពេល​អ្នក​និយាយ​ជា​មួយ​នឹង​កូន​របស់​អ្នក ឬ​ធ្វើ​អ្វី​មួយ​ជា​មួយ​គ្នា ចូរ​សួរ​ពួក​គេ​អំពី​ទស្សនៈ​របស់​ពួក​គេ ហើយ​ឲ្យ​ពួក​គេ​ប្រាប់​អ្នក​ថា​ពួក​គេ​ពិត​ជា​មាន​អារម្មណ៍​យ៉ាង​ណា។ តើ​ពួក​គេ​ប្រហែល​ជា​មាន​ការ​សង្ស័យ​ខ្លះ​ឬ​ទេ? នៅ​ប្រទេស​អូស្ត្រាលី ប្អូន​ប្រុស​ម្នាក់​ដែល​មាន​អាយុ​១៥​ឆ្នាំ​បាន​និយាយ​ថា​៖ ​«​ឪ​ពុក​ខ្ញុំ​ច្រើន​តែ​និយាយ​ជា​មួយ​ខ្ញុំ​អំពី​ជំនឿ​របស់​ខ្ញុំ ហើយ​ជួយ​ខ្ញុំ​ឲ្យ​វែក​ញែក។ គាត់​សួរ​ថា​៖ ‹តើ​គម្ពីរ​ចែង​យ៉ាង​ណា?› ‹តើ​កូន​ជឿ​អ្វី​ដែល​គម្ពីរ​ចែង​ឬ​ទេ?› ‹ហេតុ​អ្វី​កូន​ជឿ​ដូច្នេះ?›។ គាត់​ចង់​ឲ្យ​ខ្ញុំ​ឆ្លើយ​ចេញ​ពី​ចិត្ដ ហើយ​មិន​គ្រាន់​តែ​ឆ្លើយ​តាម​គាត់​ឬ​ម៉ែ​ទេ។ កាល​ដែល​ខ្ញុំ​កាន់​តែ​ធំ​ឡើង ខ្ញុំ​ត្រូវ​ឆ្លើយ​ដោយ​ពន្យល់​ច្រើន​ជាង​»។

៤​. ហេតុ​អ្វី​គឺ​សំខាន់​ដែល​អ្នក​មាន​ចិត្ដ​អត់​ធ្មត់ ហើយ​ឆ្លើយ​សំណួរ​របស់​កូន? សូម​លើក​ឧទាហរណ៍​មួយ។

សូម​មាន​ចិត្ដ​អត់​ធ្មត់ បើ​កូន​របស់​អ្នក​មិន​ជឿ​ភ្លាម​ៗ​នូវ​អ្វី​មួយ​ដែល​គម្ពីរ​បង្រៀន។ ចូរ​ជួយ​ពួក​គេ​ឲ្យ​រក​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួក​គេ។ ឪ​ពុក​ម្នាក់​បាន​និយាយ​ថា​៖ ​«​ចូរ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​សំណួរ​របស់​កូន។ កុំ​គិត​ថា​សំណួរ​នោះ​មិន​សូវ​សំខាន់ ហើយ​កុំ​គេច​វេះ​មិន​ព្រម​និយាយ​អំពី​រឿង​ណា​មួយ​ដោយ​សារ​តែ​រឿង​នោះ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ស្រួល​»។ តាម​ពិត គឺ​ជា​ការ​ល្អ​ដែល​កូន​របស់​អ្នក​សួរ​អ្នក​សំណួរ​ផ្សេង​ៗ ដោយ​សារ​នេះ​មាន​ន័យ​ថា​ពួក​គេ​ចង់​ដឹង។ សូម្បី​តែ​លោក​យេស៊ូ​ក៏​បាន​សួរ​សំណួរ​ពេល​លោក​នៅ​វ័យ​ក្មេង។ (​សូម​អាន លូកា ២:៤៦) ប្អូន​វ័យ​ក្មេង​ម្នាក់​ដែល​នៅ​ប្រទេស​ដាណឺម៉ាក​បាន​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​បាន​និយាយ​ថា​ខ្ញុំ​ឆ្ងល់​ថា​យើង​កាន់​សាសនា​ពិត​ឬ​យ៉ាង​ណា ឪ​ពុក​ម្ដាយ​ខ្ញុំ​មិន​ខឹង​ទេ ទោះ​ជា​ពួក​គាត់​ប្រហែល​ជា​បារម្ភ​អំពី​ខ្ញុំ​ក៏​ដោយ។ ពួក​គាត់​បាន​ឆ្លើយ​សំណួរ​ទាំង​អស់​របស់​ខ្ញុំ​ដោយ​ប្រើ​គម្ពីរ​»។

រាល់​ថ្ងៃ​ចូរ​និយាយ​អំពី​ព្រះ​យេហូវ៉ា​ពេល​ធ្វើ​អ្វី​ផ្សេង​ៗ​ជា​មួយ​នឹង​កូន

៥​. ទោះ​ជា​កូន​មើល​ទៅ​ដូច​ជា​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា​ក៏​ដោយ តើ​ឪ​ពុក​ម្ដាយ​គួរ​ធ្វើ​អ្វី​ខ្លះ?

ចូរ​ស្គាល់​កូន​របស់​អ្នក​ឲ្យ​បាន​ច្បាស់។ សូម​កុំ​ស្មានថា​ពួក​គេ​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា​ដោយ​សារ​តែ​ពួក​គេ​ទៅ​ផ្សព្វ​ផ្សាយ​និង​ទៅ​កិច្ច​ប្រជុំ​ឡើយ។ តើ​ពួក​គេ​ពិត​ជា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​តើ​ពួក​គេ​គិត​យ៉ាង​ណា​អំពី​គម្ពីរ? សូម​ខំ​ព្យាយាម​ស្វែង​យល់​ឲ្យ​ដឹង​ថា​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​រក្សា​ចិត្ដ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​ឬ​យ៉ាង​ណា។ រាល់​ថ្ងៃ​ចូរ​និយាយ​អំពី​ព្រះ​យេហូវ៉ា​ពេល​ធ្វើ​អ្វី​ផ្សេង​ៗ​ជា​មួយ​នឹង​កូន។ ចូរ​អធិដ្ឋាន​អំពី​កូន​របស់​អ្នក ទាំង​ពេល​ដែល​នៅ​ជា​មួយ​នឹង​ពួក​គេ ទាំង​ពេល​ដែល​នៅ​ម្នាក់​ឯង។

ចូរ​បង្រៀន​កូន​នូវ​អ្វី​ៗ​អំពី​ព្រះ​យេហូវ៉ា​ដែល​នៅ​ក្នុង​ចិត្ដ​របស់​អ្នក

៦​. ពេល​ឪ​ពុក​ម្ដាយ​បន្ដ​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​អំពី​គម្ពីរ តើ​នេះ​ជួយ​ពួក​គាត់​បង្រៀន​កូន​យ៉ាង​ដូច​ម្ដេច?

មនុស្ស​ចូល​ចិត្ដ​ស្តាប់​លោក​យេស៊ូ ព្រោះ​លោក​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ស្គាល់​បទ​គម្ពីរ​ច្បាស់។ ពួក​គេ​ក៏​ដឹង​ថា​លោក​យេស៊ូ​ស្រឡាញ់​ពួក​គេ។ ដូច្នេះ ពួក​គេ​បាន​ស្តាប់​លោក​ដោយ​យក​ចិត្ដ​ទុក​ដាក់។ (​លូកា ២៤:៣២; យ៉ូហាន ៧:៤៦​) ស្រដៀង​គ្នា​ដែរ ពេល​កូន​របស់​អ្នក​ឃើញ​ថា​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា នេះ​ជួយ​ពួក​គេ​ឲ្យ​ស្រឡាញ់​លោក​ដែរ។ (​សូម​អាន ចោទិយកថា ៦:៥​-​៨; លូកា ៦:៤៥) ដូច្នេះ ចូរ​បន្ដ​សិក្សា​គម្ពីរ​យ៉ាង​យក​ចិត្ដ​ទុក​ដាក់ ហើយ​អាន​សៀវភៅ​របស់​យើង​ជា​ទៀង​ទាត់។ សូម​ស្វែង​យល់​ឲ្យ​ដឹង​ច្រើន​ជាង​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត។ (​ម៉ាថាយ ៦:២៦, ២៨​) ពេល​អ្នក​កាន់​តែ​ស្គាល់​ព្រះ​យេហូវ៉ា អ្នក​កាន់​តែ​អាច​បង្រៀន​កូន​របស់​អ្នក​អំពី​លោក។—លូកា ៦:៤០

សូម​ប្រាប់​កូន​របស់​អ្នក​អំពី​អ្វី​ៗ​ដែល​អ្នក​កំពុង​រៀន​អំពី​ព្រះ​យេហូវ៉ា

៧, ៨​. ពេល​អ្នក​រៀន​អ្វី​មួយ​អំពី​ព្រះ​យេហូវ៉ា តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា? តើ​ឪ​ពុក​ម្ដាយ​ខ្លះ​បាន​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

ពេល​អ្នក​រៀន​អ្វី​មួយ​អំពី​ព្រះ​យេហូវ៉ា សូម​ប្រាប់​កូន​របស់​អ្នក​អំពី​អ្វី​នោះ។ អ្នក​អាច​ធ្វើ​ដូច្នេះ​នៅ​ពេល​ណា​ក៏​ដោយ​ដែល​អ្នក​នៅ​ជា​មួយ​នឹង​ពួក​គេ មិន​គ្រាន់​តែ​នៅ​ពេល​រៀប​ចំ​កិច្ច​ប្រជុំ ឬ​ក្នុង​អំឡុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ទេ។ ឪ​ពុក​ម្ដាយ​នៅ​សហរដ្ឋ​អាម៉េរិក​ធ្វើ​ដូច្នេះ។ ពួក​គាត់​និយាយ​អំពី​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​កូន​ពេល​ពួក​គេ​ឃើញ​អ្វី​ស្អាត​ក្នុង​ធម្មជាតិ ឬ​ពេល​ពួក​គេ​បរិភោគ​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់។ ពួក​គាត់​បាន​និយាយ​ថា​៖ ​«​យើង​រំលឹក​កូន​របស់​យើង​អំពី​របៀប​ដែល​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​និង​ការ​គិត​គូរ​ទុក​ជា​មុន​របស់​លោក​អាច​ស​ឲ្យ​ឃើញ​តាម​រយៈ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​ផ្ដល់​ឲ្យ​យើង​»។ ប្ដី​ប្រពន្ធ​មួយ​គូ​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ចូល​ចិត្ដ​និយាយ​អំពី​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត​ពេល​ពួក​គាត់​ថែ​សួន​ជា​មួយ​នឹង​កូន​ស្រី​ពីរ​នាក់។ ជា​ឧទាហរណ៍ ពួក​គាត់​ប្រហែល​ជា​និយាយ​អំពី​ភាព​អស្ចារ្យ​នៃ​របៀប​ដែល​គ្រាប់​ពូជ​ចេញ​ពន្លក។ ឪ​ពុក​ម្ដាយ​នោះ​និយាយ​ថា​៖ ​«​យើង​ព្យាយាម​ជួយ​កូន​បណ្ដុះ​ឲ្យ​មាន​ទស្សនៈ​ថា​ជីវិត​និង​ភាព​សាំញ៉ាំ​ដ៏​អស្ចារ្យ​នៃ​ជីវិត​គឺ​ជា​អ្វី​ដែល​មាន​តម្លៃ​ខ្ពស់​»។

នៅ​ប្រទេស​អូស្ត្រាលី ឪ​ពុក​ម្នាក់​បាន​យក​កូន​ប្រុស​គាត់​ដែល​មាន​អាយុ​ប្រហែល​ជា​១០​ឆ្នាំ​ទៅ​សារមន្ទីរ។ គាត់​បាន​សម្រេច​ចិត្ដ​ប្រើ​ពេល​នោះ​ដើម្បី​ជួយ​កូន​ឲ្យ​ពង្រឹង​ជំនឿ ហើយ​ឃើញ​ទី​សំអាង​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​បង្កើត។ គាត់​បាន​និយាយ​ថា​៖ ​«​នៅ​ទី​នោះ យើង​បាន​ឃើញ​ការ​តាំង​បង្ហាញ​សត្វ​សមុទ្រ​បុរាណ . . .។ យើង​កោត​ស្ងើច​ចំពោះ​សត្វ​ផុត​ពូជ​ទាំង​នោះ​ដែល​សាប​សូន្យ​អស់​ទៅ​ហើយ ដែល​ស្អាត សាំញ៉ាំ និង​មិន​ខ្វះ​អវយវៈ​ណា​ឡើយ អ្វី​ៗ​ទាំង​នេះ​គឺ​ដូច​គ្នា​នឹង​សត្វ​ដែល​យើង​ឃើញ​នៅ​សព្វ​ថ្ងៃ​នេះ។ ដូច្នេះ បើ​ជីវិត​បាន​វិវត្ដន៍​ពី​អ្វី​ដ៏​សាមញ្ញ​ទៅ​អ្វី​ដែល​សាំញ៉ាំ​ជាង ហេតុ​អ្វី​សត្វ​បុរាណ​ទាំង​នោះ​គឺ​មាន​ភាព​សាំញ៉ាំ​ខ្លាំង​ណាស់​រួច​ហើយ? នេះ​ជា​ចំណុច​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​កោត​ស្ងើច​ខ្លាំង​មែន ហើយ​ខ្ញុំ​បាន​ប្រាប់​កូន​អំពី​ចំណុច​នោះ​ដែរ​»។

ចូរ​ប្រើ​ឧទាហរណ៍

៩​. ហេតុ​អ្វី​ការ​ប្រើ​ឧទាហរណ៍​គឺ​ជា​ការ​ល្អ? តើ​ម្ដាយ​ម្នាក់​បាន​ប្រើ​ឧទាហរណ៍​អ្វី?

លោក​យេស៊ូ​ច្រើន​តែ​ប្រើ​ឧទាហរណ៍។ លោក​បាន​បង្រៀន​មេ​រៀន​សំខាន់​ដោយ​ប្រាប់​អំពី​រឿង​ណា​មួយ ឬ​ដោយ​លើក​ឧទាហរណ៍។ (​ម៉ាថាយ ១៣:៣៤, ៣៥​) ពេល​អ្នក​ប្រើ​ឧទាហរណ៍ អ្នក​ជួយ​កូន​របស់​អ្នក​ឲ្យ​ស្រមៃឃើញ​អ្វី​ដែល​អ្នក​កំពុង​បង្រៀន​ពួក​គេ។ នេះ​នឹង​ជួយ​ពួក​គេ​ឲ្យ​គិត​អំពី​មេ​រៀន​ដែល​អ្នក​កំពុង​បង្រៀន​ពួក​គេ យល់​មេ​រៀន​នោះ​ច្បាស់ និង​ចង​ចាំ​មេ​រៀន​នោះ។ ពួក​គេ​ក៏​នឹង​ចូល​ចិត្ដ​រៀន​ដែរ។ ជា​ឧទាហរណ៍ ម្ដាយ​ម្នាក់​នៅ​ប្រទេស​ជប៉ុន​ចង់​ឲ្យ​កូន​ប្រុស​ពីរ​នាក់​របស់​គាត់​រៀន​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​បរិយាកាស​ផែន​ដី​បង្ហាញ​ថា​លោក​យក​ចិត្ដ​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​យើង។ កូន​ប្រុស​ម្នាក់​មាន​អាយុ​៨​ឆ្នាំ ហើយ​ម្នាក់​ទៀត​មាន​អាយុ​១០​ឆ្នាំ។ ដូច្នេះ​ម្ដាយ​នោះ​បាន​ប្រើ​ឧទាហរណ៍​មួយ​ដែល​ពួក​គេ​អាច​យល់​បាន​សម្រាប់​វ័យ​ពួក​គេ។ គាត់​ឲ្យ​ពួក​គេ​ទឹក​ដោះ​គោ ស្ករ និង​កាហ្វេ។ ក្រោយ​មក​គាត់​បាន​សុំ​កូន​ម្នាក់​ៗ​ឲ្យ​ឆុង​កាហ្វេ​ឲ្យ​គាត់។ គាត់​ពន្យល់​ថា​៖ ​«​ពួក​គេ​បាន​យក​ចិត្ដ​ទុក​ដាក់​យ៉ាង​ខ្លាំង។ ពេល​ខ្ញុំ​សួរ​ពួក​គេ​អំពី​មូលហេតុ​ដែល​ពួក​គេ​បាន​យក​ចិត្ដ​ទុក​ដាក់​យ៉ាង​ខ្លាំង​ដូច្នេះ នោះ​ពួក​គេ​បាន​និយាយ​ថា​ពួក​គេ​ចង់​ឆុង​កាហ្វេ​តាម​រស​ជាតិ​ដែល​ខ្ញុំ​ចូល​ចិត្ដ។ ខ្ញុំ​ពន្យល់​ថា​ព្រះ​បាន​លាយ​ឧស្ម័ន​ក្នុង​បរិយាកាស​ដោយ​យក​ចិត្ដ​ទុក​ដាក់​ដូច្នេះ​ដែរ ស្រប​តាម​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​រស់​នៅ​»។ កូន​ប្រុស​របស់​គាត់​ចូល​ចិត្ដ​រៀន​មេ​រៀន​នោះ ហើយ​ពួក​គេ​មិន​បាន​ភ្លេច​មេ​រៀន​នោះ​ទេ!

អ្នក​អាច​ប្រើ​ឧទាហរណ៍​ដែល​ស្រួល​យល់​ដើម្បី​បង្ហាញ​កូន​ៗ​ថា​ត្រូវ​តែ​មាន​អ្នក​បង្កើត (​សូម​មើល​វគ្គ​១០​)

១០, ១១​. (​ក​) តើ​អ្នក​អាច​ប្រើ​ឧទាហរណ៍​អ្វី​ដើម្បី​បង្ហាញ​កូន​របស់​អ្នក​ថា​ត្រូវ​តែ​មាន​អ្នក​បង្កើត? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) តើ​អ្នក​បាន​ប្រើ​ឧទាហរណ៍​អ្វី​ខ្លះ?

១០ ដើម្បី​បង្ហាញ​កូន​របស់​អ្នក​ថា​ត្រូវ​តែ​មាន​អ្នក​បង្កើត តើ​អ្នក​អាច​ប្រើ​ឧទាហរណ៍​អ្វី? អ្នក​អាច​ធ្វើ​បង្អែម​ជា​មួយ​កូន​តាម​រូបមន្ដ។ អ្នក​អាច​ពន្យល់​អំពី​មូលហេតុ​ដែល​ការ​ធ្វើ​តាម​រូបមន្ដ​យ៉ាង​ដិត​ដល់​គឺ​សំខាន់។ ក្រោយ​មក​សូម​ឲ្យ​កូន​របស់​អ្នក​ផ្លែ​ប៉ោម​ឬ​ផ្លែ​ផ្សេង​ទៀត ហើយ​សួរ​ថា​៖ ​«​តើ​កូន​ដឹង​ថា​ផ្លែ​ប៉ោម​នេះ​មាន​រូបមន្ដ​ទេ?​»។ បន្ទាប់​មក កាត់​ផ្លែ​ប៉ោម​នោះ​ជា​ពីរ ឲ្យ​គ្រាប់​មួយ​ដល់​គាត់ ហើយ​ពន្យល់​ថា​គ្រាប់​នេះ​គឺ​ប្រៀប​ដូច​ជា​រូបមន្ដ។ គ្រាប់​នេះ​មាន​ការ​ណែនាំ​អំពី​របៀប​ធ្វើ​ផ្លែ​ប៉ោម។ ប៉ុន្ដែ ការ​ណែនាំ​ទាំង​នោះ​គឺ​សាំញ៉ាំ​ជាង​ការ​ណែនាំ​សម្រាប់​ធ្វើ​បង្អែម​ឆ្ងាយ​ណាស់។ អ្នក​អាច​សួរ​គាត់​ថា​៖ ​«​មាន​អ្នក​ដែល​បាន​សរសេរ​រូបមន្ដ​ធ្វើ​បង្អែម ដូច្នេះ​តើ​អ្នក​ណា​បាន​សរសេរ​រូបមន្ដ​សម្រាប់​ផ្លែ​ប៉ោម?​»។ បើ​កូន​របស់​អ្នក​ធំ​ជាង អ្នក​អាច​ពន្យល់​ថា​សូម្បី​តែ​ការ​ណែនាំ​ដើម្បី​ធ្វើ​ដើម​ផ្លែ​ប៉ោម​ដែល​អាច​បង្កើត​ផ្លែ​ប៉ោម​ថែម​ទៀត គឺ​នៅ​ក្នុង​ឌីអិនអេ (​DNA​) ដែល​ស្ថិត​ក្នុង​គ្រាប់​របស់​វា។ អ្នក​ក៏​អាច​បង្ហាញ​ពួក​គេ​នូវ​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា​អ្វី​ៗ​ដ៏​អស្ចារ្យ​ដែល​ព្រះ​បាន​បង្កើត​បង្ហាញ​អំពី​សិរី​រុង​រឿង​របស់​លោក នៅ​ក្នុង​ផ្នែក​«​កម្ម​វិធី​បន្ថែម​»​ សូម​មើល​«​បែប​ផែន​នៃ​ជីវិត​»។

១១ ឪ​ពុក​ម្ដាយ​ជា​ច្រើន​អាន​អត្ថបទ​វិទ្យា​សាស្ដ្រ​របស់​យើង​អំពី​ការ​បង្កើត​ជា​មួយ​នឹង​កូន​របស់​ពួក​គាត់ ដូច​ជា​សៀវភៅ​ស្ដើង​ដែល​មាន​ចំណង​ជើង​ថា តើ​ជីវិត​ទាំង​ឡាយ​មាន​អ្នក​បង្កើត​ឬ​ទេ? បើ​កូន​របស់​ពួក​គាត់​នៅ​តូច ឪ​ពុក​ម្ដាយ​អាច​ពន្យល់​ព័ត៌មាន​នោះ​តាម​របៀប​ដែល​ស្រួល​យល់។ ជា​ឧទាហរណ៍ ប្ដី​ប្រពន្ធ​មួយ​គូ​នៅ​ប្រទេស​ដាណឺម៉ាក​បាន​ប្រៀប​ធៀប​យន្ដ​ហោះ​ទៅ​នឹង​សត្វ​ស្លាប។ ពួក​គាត់​បាននិយាយ​ថា​៖ ​«​យន្ដ​ហោះ​មើល​ទៅ​ដូច​ជា​សត្វ​ស្លាប។ ប៉ុន្ដែ តើ​យន្ដ​ហោះ​អាច​មាន​ពង ហើយ​ញាស់​ចេញ​ជា​យន្ដ​ហោះ​តូច​បាន​ទេ? តើ​សត្វ​ស្លាប​ត្រូវ​ការ​ផ្លូវ​សម្រាប់​ចុះ​ចត​ទេ? ម្យ៉ាង​ទៀត តើ​កូន​នឹង​ប្រៀប​ធៀប​យ៉ាង​ម៉េច​រវាង​សំឡេង​យន្ដ​ហោះ​និង​សំឡេង​សត្វ​ស្លាប​យំ? ដូច្នេះ តើ​អ្នក​ណា​ឆ្លាត​ជាង អ្នក​ដែល​ធ្វើ​យន្ដ​ហោះ​ឬ​អ្នក​បង្កើត​សត្វ​ស្លាប?​»។ ពេល​អ្នក​សួរ​សំណួរ​និង​វែក​ញែក​ជា​មួយ​នឹង​កូន​របស់​អ្នក អ្នក​ជួយ​ពួក​គេ​ឲ្យ​មាន​«​គំនិត​វាង​វៃ​»​ឬ​ប្រើ​សមត្ថភាព​រិះ​គិត ហើយ​ពង្រឹង​ជំនឿ​របស់​ពួក​គេ​លើ​ព្រះ​យេហូវ៉ា។—សុភាសិត ២:១០​-​១២

១២​. តើ​តាម​របៀប​ណា​អ្នក​អាច​ប្រើ​ឧទាហរណ៍​ដើម្បី​បង្រៀន​កូន​របស់​អ្នក​ថា​អ្វី​ក៏​ដោយ​ដែល​គម្ពីរ​ចែង​គឺ​ត្រឹម​ត្រូវ?

១២ អ្នក​អាច​ប្រើ​ឧទាហរណ៍​ដើម្បី​បង្រៀន​កូន​ថា​អ្វី​ក៏​ដោយ​ដែល​គម្ពីរ​ចែង​គឺ​ត្រឹម​ត្រូវ។ ជា​ឧទាហរណ៍ អ្នក​អាច​អាន​យ៉ូប ២៦:៧។ (​សូម​អាន​) សូម​កុំ​គ្រាន់​តែ​ប្រាប់​កូន​ថា​ព័ត៌មាន​ក្នុង​ខ​នេះ​ត្រូវ​តែ​មក​ពី​ព្រះ​យេហូវ៉ា។ ប៉ុន្ដែ សូម​ជួយ​ពួក​គេ​ឲ្យ​ស្រមៃ​ឃើញ​អំពី​អ្វី​នោះ។ អ្នក​អាច​ប្រាប់​កូន​របស់​អ្នក​ថា​នៅ​សម័យ​យ៉ូប មនុស្ស​ប្រហែល​ជា​មិន​ជឿ​ថា​ផែន​ដី​នៅ​ល្ហ​ល្ហេវ​ក្នុង​លម្ហ​អាកាស​ទេ។ មនុស្ស​នៅ​ពេល​នោះ​ដឹង​ថា​វត្ថុ​ណា​ក៏​ដោយ ដូច​ជា​បាល់​ឬ​ថ្ម​ត្រូវ​មាន​អ្វី​មួយ​ទ្រ​វា។ នៅ​សម័យ​នោះ គ្មាន​អ្នក​ណា​ដែល​ផ្ដល់​ទី​សំអាង​ថា​ផែន​ដី​នៅ​ល្ហ​ល្ហេវ​ក្នុង​លម្ហ​អាកាស​ទេ ដោយ​សារ​មិន​មាន​កែវ​យឺត ឬ​យាន​អវកាស​ឡើយ។ យើង​ចង់​ឲ្យ​កូន​រៀន​ថា ទោះ​ជា​គម្ពីរ​បាន​ត្រូវ​សរសេរ​ជា​យូរ​ហើយ​ក៏​ដោយ គម្ពីរ​តែង​តែ​ត្រឹម​ត្រូវ ព្រោះ​មក​ពី​ព្រះ​យេហូវ៉ា។—នេហេមា ៩:៦

ចូរ​បង្រៀន​ពួក​គេ​អំពី​មូលហេតុ​ដែល​ការ​ឲ្យ​គម្ពីរ​ណែនាំ​ជីវិត​គឺ​ជា​ការ​ល្អ

១៣, ១៤​. តើ​តាម​របៀប​ណា​ឪ​ពុក​ម្ដាយ​អាច​បង្រៀន​កូន​ឲ្យ​ធ្វើ​តាម​អ្វី​ដែល​គម្ពីរ​ចែង?

១៣ ការ​បង្រៀន​កូន​របស់​អ្នក​ថា​ពួក​គេ​នឹង​សប្បាយ​បំផុត​ពេល​ពួក​គេ​ធ្វើ​តាម​អ្វី​ដែល​គម្ពីរ​ចែង ក៏​ជា​ការ​សំខាន់​ដែរ។ (​សូម​អាន ទំនុក​តម្កើង ១:១​-​៣) ជា​ឧទាហរណ៍ អ្នក​អាច​សុំ​កូន​ឲ្យ​ស្រមៃ​គិត​ថា​ពួក​គេ​នឹង​ទៅ​រស់​នៅ​លើ​កោះ​មួយ។ ពួក​គេ​ត្រូវ​ជ្រើស​រើស​មនុស្ស​ខ្លះ​ឲ្យ​ទៅ​រស់​នៅ​ទី​នោះ​ជា​មួយ​នឹង​ពួក​គេ។ បន្ទាប់​មក​អ្នក​អាច​សួរ​ថា​៖ ​«​បើ​កូន​ចង់​ឲ្យ​ទាំង​អស់​គ្នា​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​គ្នា តើ​កូន​នឹង​យក​មនុស្ស​បែប​ណា​ឲ្យ​ទៅ​ជា​មួយ?​»។ នៅ​ទី​បំផុត អ្នក​អាច​អាន​កាឡាទី ៥:១៩​-​២៣ ដើម្បី​ឃើញ​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មនុស្ស​បែប​ណា​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី។

១៤ យ៉ាង​នេះ អ្នក​នឹង​បង្រៀន​កូន​មេ​រៀន​ដ៏​សំខាន់​ពីរ។ ទី១ ព្រះ​យេហូវ៉ា​កំពុង​បង្រៀន​យើង​អំពី​របៀប​មាន​ជីវិត​ដ៏​សប្បាយ​នៅ​ឥឡូវ​នេះ និង​របៀប​មាន​សន្ដិ​ភាព​ជា​មួយ​នឹង​អ្នក​ឯ​ទៀត។ ទី២ លោក​កំពុង​បង្រៀន​យើង​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ជីវិត​នៅ​ពិភព​លោក​ថ្មី។ (​អេសាយ ៥៤:១៣; យ៉ូហាន ១៧:៣​) អ្នក​ក៏​អាច​បង្ហាញ​កូន​អំពី​របៀប​ដែល​គម្ពីរ​បាន​ជួយ​បង​ប្អូន​រួម​ជំនឿ​របស់​យើង។ ជា​ឧទាហរណ៍ អ្នក​អាច​មើល​ជីវប្រវត្ដិ​ក្នុង​សៀវភៅ​មួយ​របស់​យើង ប្រហែល​ជា​ពី​អត្ថបទ​ត​ភាគ​ដែល​មាន​ចំណង​ជើង​ថា​«​គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត​»​នៅ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ឬ​អ្នក​អាច​សុំ​បង​ប្អូន​ណា​ម្នាក់​ពី​ក្រុម​ជំនុំ​របស់​អ្នក​ឲ្យ​ប្រាប់​អ្នក​និង​កូន​ៗ​អំពី​របៀប​ដែល​គម្ពីរ​បាន​ជួយ​គាត់​ធ្វើ​ការ​កែ​ប្រែ​ដ៏​ធំ​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ។—ហេប្រឺ ៤:១២

១៥​. តើ​អ្វី​នឹង​ជួយ​អ្នក​ឲ្យ​បង្រៀន​កូន​របស់​អ្នក?

១៥ សូម​ព្យាយាម​គិត​អំពី​វិធី​ថ្មី​ៗ​ដើម្បី​ធ្វើ​ឲ្យ​មេ​រៀន​ដែល​អ្នក​បង្រៀន​កូន​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​និង​រំភើប​ចិត្ដ។ សូម​គិត​អំពី​របៀប​ផ្សេង​ៗ​ដែល​អ្នក​អាច​ជួយ​ពួក​គេ​ឲ្យ​ចូល​ចិត្ដ​រៀន​អំពី​ព្រះ​យេហូវ៉ា ហើយ​ចូល​កាន់​តែ​ជិត​លោក។ ម្យ៉ាង​ទៀត​សូម​បន្ដ​ធ្វើ​ដូច្នេះ​កាល​ដែល​ពួក​គេ​កាន់​តែ​ធំ​ឡើង។ ឪ​ពុក​ម្នាក់​និយាយ​ថា​៖ ​«​កុំ​ឈប់​ព្យាយាម​សាកល្បង​វិធី​ថ្មី​ដើម្បី​បង្រៀន​ប្រធានបទ​ចាស់​ៗ​»។

ចូរ​អធិដ្ឋាន​សុំ​សកម្មពល​របស់​ព្រះ​យេហូវ៉ា ហើយ​មាន​ចិត្ដ​អត់​ធ្មត់​នឹង​កូន

១៦​. ហេតុ​អ្វី​គឺ​សំខាន់​ឲ្យ​មាន​ចិត្ដ​អត់​ធ្មត់​ពេល​បង្រៀន​កូន? តើ​ឪ​ពុក​ម្ដាយ​ខ្លះ​បាន​បង្ហាញ​ចិត្ដ​អត់​ធ្មត់​យ៉ាង​ដូច​ម្ដេច?

១៦ ដោយ​មាន​ជំនួយ​ពី​សកម្មពល​របស់​ព្រះ​យេហូវ៉ា កូន​របស់​អ្នក​អាច​មាន​ជំនឿ​មាំ​មួន។ (​កាឡាទី ៥:២២, ២៣​) ប៉ុន្ដែ ត្រូវ​ការ​ពេល​ដើម្បី​ឲ្យ​ពួក​គេ​មាន​ជំនឿ​មាំ​មួន។ ដូច្នេះ សូម​មាន​ចិត្ដ​អត់​ធ្មត់​នឹង​កូន​របស់​អ្នក ហើយ​បន្ដ​បង្រៀន​ពួក​គេ។ ឪ​ពុក​ម្នាក់​នៅ​ប្រទេស​ជប៉ុន​ដែល​មាន​កូន​ប្រុស​ម្នាក់​និង​កូន​ស្រី​ម្នាក់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​គ្រាន់​តែ​បាន​យក​ចិត្ដ​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​កូន​របស់​យើង។ តាំង​ពី​ពួក​គេ​នៅ​តូច ខ្ញុំ​បាន​សិក្សា​ជា​មួយ​នឹង​ពួក​គេ​រាល់​ថ្ងៃ​សម្រាប់​រយៈ​ពេល​១៥​នាទី លើក​លែង​តែ​ថ្ងៃ​ដែល​យើង​មាន​កិច្ច​ប្រជុំ​គ្រិស្ដ​សាសនិក។ ដប់​ប្រាំ​នាទី​មិន​ពិបាក​ពេក​សម្រាប់​យើង ឬ​សម្រាប់​ពួក​គេ​ទេ​»។ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ម្នាក់​បាន​សរសេរ​ថា​៖ ​«​កាល​ដែល​ខ្ញុំ​នៅ​វ័យ​ជំទង់ ខ្ញុំ​មាន​សំណួរ​ឬ​ការ​សង្ស័យ​ជា​ច្រើន​ដែល​ខ្ញុំ​មិន​សូវ​បាន​ប្រាប់​អ្នក​ឯ​ទៀត។ យូរ​ៗ​ទៅ សំណួរ​និង​ការ​សង្ស័យ​ជា​ច្រើន​ទាំង​នោះ​បាន​ត្រូវ​ពិចារណា​នៅ​កិច្ច​ប្រជុំ ឬ​ក្នុង​អំឡុង​ពេល​យើង​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ ឬ​ពេល​សិក្សា​ផ្ទាល់​ខ្លួន។ នេះ​ជា​មូលហេតុ​ដែល​ការ​បន្ដ​បង្រៀន​កូន​គឺ​សំខាន់​ចំពោះ​ឪ​ពុក​ម្ដាយ​»។

ដើម្បី​ធ្វើ​ជា​អ្នក​បង្រៀន​ដ៏​ល្អ អ្នក​ត្រូវ​ស្រឡាញ់​បណ្ដាំ​របស់​ព្រះ (​សូម​មើល​វគ្គ​១៧​)

១៧​. ហេតុ​អ្វី​គឺ​សំខាន់​ដែល​ឪ​ពុក​ម្ដាយ​ពង្រឹង​ជំនឿ​របស់​ខ្លួន? តើ​តាម​របៀប​ណា​ឪ​ពុក​ម្ដាយ​នៅ​ប្រទេស​ប៊ែមូដា​ជួយ​កូន​ស្រី​ៗ​របស់​ពួក​គាត់​ឲ្យ​មាន​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា?

១៧ កូន​របស់​អ្នក​ច្បាស់​ជា​អាច​រៀន​ច្រើន​ពេល​ពួក​គេ​ឃើញ​ថា​អ្នក​មាន​ជំនឿ​មាំ​មួន​ទៅ​លើ​ព្រះ​យេហូវ៉ា។ ពួក​គេ​នឹង​សង្កេត​មើល​អ្វី​ដែល​អ្នក​ធ្វើ។ ដូច្នេះ ចូរ​បន្ដ​ពង្រឹង​ជំនឿ​របស់​អ្នក។ ចូរ​ឲ្យ​កូន​អ្នក​ឃើញ​ថា​អ្នក​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​ពិត​ប្រាកដ។ ជា​ឧទាហរណ៍ ពេល​ឪ​ពុក​ម្ដាយ​នៅ​ប្រទេស​ប៊ែមូដា​ខ្វល់​អំពី​រឿង​ណា​មួយ ពួក​គាត់​អធិដ្ឋាន​ជា​មួយ​នឹង​កូន​ស្រី​ៗ​របស់​ពួក​គាត់ ហើយ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ណែនាំ​ពួក​គាត់។ ពួក​គាត់​ក៏​លើក​ទឹក​ចិត្ដ​កូន​ៗ​ឲ្យ​អធិដ្ឋាន​ដោយ​ខ្លួន​ឯង​ដែរ។ ពួក​គាត់​និយាយ​ថា​៖ ​«​យើង​ក៏​ប្រាប់​កូន​ច្បង​របស់​យើង​ថា​៖ ‹ចូរ​ទុក​ចិត្ដ​ទាំង​ស្រុង​លើ​ព្រះ​យេហូវ៉ា ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​រាជាណាចក្រ ហើយ​កុំ​ខ្វល់​ខ្វាយ​ច្រើន​ពេក›។ ពេល​គាត់​ឃើញ​លទ្ធផល គាត់​ដឹង​ថា​ព្រះ​យេហូវ៉ា​កំពុង​ជួយ​យើង។ នេះ​បាន​ពង្រឹង​ជំនឿ​របស់​គាត់​ខ្លាំង​ណាស់​ទៅ​លើ​ព្រះ​និង​គម្ពីរ​»។

១៨​. តើ​ឪ​ពុក​ម្ដាយ​មិន​គួរ​ភ្លេច​អ្វី?

១៨ ឪ​ពុក​ម្ដាយ​ទាំង​ឡាយ ចូរ​កុំ​ភ្លេច​ថា​អ្នក​មិន​អាច​បង្ខំ​កូន​របស់​អ្នក​ឲ្យ​មាន​ជំនឿ​បាន​ទេ។ អ្នក​គឺ​ជា​អ្នក​ដាំ​និង​ស្រោច ប៉ុន្ដែ​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ឲ្យ​ដុះ​លូត​លាស់។ (​កូរិនថូស​ទី១ ៣:៦​) ដូច្នេះ ចូរ​ខំ​ប្រឹង​បង្រៀន​កូន​ដ៏​ថ្លៃ​វិសេស​របស់​អ្នក​អំពី​លោក ហើយ​អធិដ្ឋាន​សុំ​សកម្មពល​របស់​លោក​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​មាន​ជំនឿ។ អ្នក​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​អ្នក​ចំពោះ​ការ​ខំ​ប្រឹង​ទាំង​អស់​របស់​អ្នក។—អេភេសូរ ៦:៤