លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹ចូរ​មាន​ចិត្ដ​ក្លាហាន​ឡើង ហើយ​ធ្វើ​សំ​រេច​កិច្ច​ការ​ចុះ›

‹ចូរ​មាន​ចិត្ដ​ក្លាហាន​ឡើង ហើយ​ធ្វើ​សំ​រេច​កិច្ច​ការ​ចុះ›

​«​ចូរ​មាន​កំឡាំង​នឹង​ចិត្ដ​ក្លាហាន​ឡើង ហើយ​ធ្វើ​សំ​រេច​ចុះ។ កុំ​ឲ្យ​ខ្លាច ឬ​រសាយ​ចិត្ដ​ឡើយ ដ្បិត​ព្រះ​យេហូវ៉ា . . . គង់​នៅ​ជា​មួយ​នឹង​ឯង​»។—របា​ក្សត្រ​ទី១ ២៨:២០

ចម្រៀង​លេខ: ៦០, ២៩

១, ២​. (ក) តើ​សាឡូម៉ូន​បាន​ទទួល​ភារកិច្ច​ដ៏​សំខាន់​អ្វី? (ខ) ហេតុ​អ្វី​ដាវីឌ​ខ្វល់​អំពី​សាឡូម៉ូន?

សាឡូម៉ូន​បាន​ទទួល​ភារកិច្ច​ដ៏​ពិសេស​មួយ។ ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​គាត់​ឲ្យ​ត្រួត​ពិនិត្យ​លើ​កិច្ច​ការ​សាងសង់​វិហារ​នៅ​ក្រុង​យេរូសាឡិម ដែល​ជា​កិច្ច​ការ​សាងសង់​ដ៏​សំខាន់​ណាស់​ក្នុង​ប្រវត្ដិសាស្ដ្រ! វិហារ​នោះ​នឹង​ត្រូវ​«​រុង​រឿង​យ៉ាង​ក្រៃ​លែង​»​ ហើយ​នឹង​មាន​ឈ្មោះ​ល្បី​ល្បាញ​ជា​វិហារ​ដ៏​ស្អាត​ណាស់។ សំខាន់​ជាង​នេះ​ទៅ​ទៀត នោះ​ជា‹វិហារ​នៃ​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ពិត›។—របា​ក្សត្រ​ទី១ ២២:១, ៥, ៩​-​១១

ស្ដេច​ដាវីឌ​មាន​ទំនុក​ចិត្ដ​ថា​ព្រះ​នឹង​គាំ​ទ្រ​សាឡូម៉ូន។ ប៉ុន្ដែ សាឡូម៉ូន​«​នៅ​ក្មេង​ខ្ចី​ពេក​ណាស់​»​និង​ខ្វះ​បទ​ពិសោធន៍។ តើ​គាត់​នឹង​ហ៊ាន​ទទួល​ភារកិច្ច​សាងសង់​វិហារ​ឬ​ទេ? ឬ​តើ​គាត់​នឹង​ឲ្យ​ការ​ខ្វះ​បទ​ពិសោធន៍​និង​ភាព​វ័យ​ក្មេង​របស់​គាត់​រា​រាំង​គាត់​ពី​ការ​ទទួល​ភារកិច្ច​នោះ? ដើម្បី​ទទួល​ជោគ​ជ័យ សាឡូម៉ូន​ត្រូវ​ការ​ចិត្ដ​ក្លាហាន ហើយ​ខំ​ធ្វើ​កិច្ច​ការ​នោះ។

៣​. ស្ដី​អំពី​ចិត្ដ​ក្លាហាន តើ​សាឡូម៉ូន​អាច​រៀន​អ្វី​ពី​ឪ​ពុក​របស់​គាត់?

សាឡូម៉ូន​ច្បាស់​ជា​បាន​រៀន​អំពី​ចិត្ដ​ក្លាហាន​ពី​ដាវីឌ​ដែល​ជា​ឪ​ពុក​របស់​គាត់។ សូម្បី​តែ​ពេល​ដែល​ដាវីឌ​នៅ​ក្មេង គាត់​បាន​តយុទ្ធ​ជា​មួយ​នឹង​សត្វ​សាហាវ​ដែល​មក​ចាប់​ស៊ី​សត្វ​ចៀម​របស់​ឪ​ពុក​គាត់។ (​សាំយូអែល​ទី១ ១៧:៣៤, ៣៥​) គាត់​ក៏​បាន​បង្ហាញ​ចិត្ដ​ក្លាហាន ពេល​គាត់​ប្រយុទ្ធ​ជា​មួយ​នឹង​កូលីយ៉ាត​ដែល​ជា​ទាហាន​ដ៏​ខ្លាំង​ក្លា គួរ​ឲ្យ​ខ្លាច និងដែល​មាន​មាឌ​ធំ​សម្បើម។ ដាវីឌ​បាន​ច្បាំង​ឈ្នះ​នឹង​កូលីយ៉ាត ដោយ​មាន​ជំនួយ​ពី​ព្រះ​និង​ដោយ​ប្រើ​ថ្ម​រលោង​មួយ​ដុំ។—សាំយូអែល​ទី១ ១៧:៤៥, ៤៩, ៥០

៤​. ហេតុ​អ្វី​សាឡូម៉ូន​ត្រូវ​មាន​ចិត្ដ​ក្លាហាន?

យើង​អាច​ឃើញ​ថា គឺ​សម​ហេតុ​ផល​ដែល​ដាវីឌ​ជា​អ្នក​ដែល​លើក​ទឹក​ចិត្ដ​សាឡូម៉ូន​ឲ្យ​មាន​ចិត្ដ​ក្លាហាន​និង​សង់​វិហារ។ (​សូម​អាន របា​ក្សត្រ​ទី១ ២៨:២០) បើ​សាឡូម៉ូន​គ្មាន​ចិត្ដ​ក្លាហាន ការ​ភ័យ​ខ្លាច​អាច​ធ្វើ​ឲ្យ​គាត់​មិន​ហ៊ាន​ធ្វើ​កិច្ច​ការ​នោះ សូម្បី​តែ​ចាប់​ផ្ដើម​កិច្ច​ការ​នោះ​ក៏​មិន​ហ៊ាន​ដែរ។ នេះ​គឺ​អាក្រក់​ជាង​ការ​បរាជ័យ​ក្នុង​ភារកិច្ច​នោះ​ទៅ​ទៀត។

យើង​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​មាន​ចិត្ដ​ក្លាហាន​និង​ដើម្បី​សម្រេច​កិច្ច​ការ​ដែល​លោក​ផ្ដល់​ឲ្យ

៥​. ហេតុ​អ្វី​យើង​ត្រូវ​មាន​ចិត្ដ​ក្លាហាន?

ដូច​សាឡូម៉ូន យើង​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​មាន​ចិត្ដ​ក្លាហាន​និង​ដើម្បី​សម្រេច​កិច្ច​ការ​ដែល​លោក​ផ្ដល់​ឲ្យ។ ដូច្នេះ សូម​យើង​ពិចារណា​អំពី​គំរូ​របស់​បុគ្គល​មួយ​ចំនួន​នៅ​សម័យ​បុរាណ​ដែល​បាន​បង្ហាញ​ចិត្ដ​ក្លាហាន។ ម្យ៉ាង​ទៀត យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​បង្ហាញ​ចិត្ដ​ក្លាហាន ហើយ​សម្រេច​កិច្ច​ការ​របស់​យើង។

គំរូ​ល្អ​អំពី​ចិត្ដ​ក្លាហាន

៦​. ហេតុ​អ្វី​ចិត្ដ​ក្លាហាន​របស់​យ៉ូសែប​ធ្វើ​ឲ្យ​អ្នក​កោត​ស្ងើច?

យ៉ូសែប​បាន​បង្ហាញ​ចិត្ដ​ក្លាហាន ពេល​ប្រពន្ធ​របស់​ប៉ូទីផារ​បាន​ល្បួង​គាត់​ឲ្យ​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ គាត់​ប្រាកដ​ជា​បាន​ដឹង​ថា បើ​គាត់​បដិសេធ​នាង នោះ​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​របស់​គាត់។ ប៉ុន្ដែ ជា​ជាង​ចុះ​ចាញ់​នឹង​ការ​ល្បួង​នោះ គាត់​បាន​បង្ហាញ​ចិត្ដ​ក្លាហាន ហើយ​បាន​បដិសេធ​នាង​ភ្លាម​ៗ។—លោកុប្បត្ដិ ៣៩:១០, ១២

៧​. តើ​រ៉ាហាប​បាន​បង្ហាញ​ចិត្ដ​ក្លាហាន​យ៉ាង​ដូច​ម្ដេច? (សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ)

រ៉ាហាប​ជា​គំរូ​ល្អ​មួយ​ទៀត​អំពី​ចិត្ដ​ក្លាហាន។ ពេល​អ្នក​ស៊ើបការណ៍​ជន​ជាតិ​អ៊ីស្រាអែល​បាន​មក​ផ្ទះ​របស់​គាត់​នៅ​ក្រុង​យេរីខូ គាត់​អាច​ភ័យ​ខ្លាច ហើយ​មិន​ព្រម​ជួយ​ពួក​គេ។ ប៉ុន្ដែ ដោយ​សារ​គាត់​មាន​ទំនុក​ចិត្ដ​លើ​ព្រះ​យេហូវ៉ា គាត់​បាន​បង្ហាញ​ចិត្ដ​ក្លាហាន​ដោយ​លាក់​អ្នក​ស៊ើបការណ៍​ពីរ​នាក់​នោះ ហើយ​បាន​ជួយ​ពួក​គេ​ឲ្យ​ចាក​ចេញ​ដោយ​សុវត្ថិភាព។ (​យ៉ូស្វេ ២:៤, ៥, ៩, ១២​-​១៦​) រ៉ាហាប​បាន​ជឿ​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត ហើយ​គាត់​បាន​ជឿ​ជាក់​ថា​តាម​របៀប​ណា​មួយ​លោក​នឹង​ឲ្យ​ស្រុក​នោះ​ដល់​ជន​ជាតិ​អ៊ីស្រាអែល។ គាត់​មិន​បាន​ឲ្យ​ការ​ភ័យ​ខ្លាច​ចំពោះ​មនុស្ស រួម​ទាំង​ស្ដេច​នៃ​ក្រុង​យេរីខូ​និង​ពួក​បុរស​របស់​ស្ដេច ធ្វើ​ឲ្យ​គាត់​មិន​ហ៊ាន​ជួយ​អ្នក​ស៊ើបការណ៍​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​បង្ហាញ​ចិត្ដ​ក្លាហាន ហើយ​នេះ​នាំ​ឲ្យ​គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ត្រូវ​សង្គ្រោះ។—យ៉ូស្វេ ៦:២២, ២៣

៨​. តើ​ចិត្ដ​ក្លាហាន​របស់​លោក​យេស៊ូ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ពួក​សាវ័ក?

ពួក​សាវ័ក​ដ៏​ស្មោះ​ត្រង់​របស់​លោក​យេស៊ូ​ក៏​បាន​បង្ហាញ​ចិត្ដ​ក្លាហាន​ដែរ។ ពួក​គាត់​បាន​ឃើញ​ភាព​ក្លាហាន​របស់​លោក​យេស៊ូ ហើយ​នេះ​បាន​ជួយ​ពួក​គាត់​ឲ្យ​យក​តម្រាប់​លោក។ (​ម៉ាថាយ ៨:២៨​-​៣២; យ៉ូហាន ២:១៣​-​១៧; ១៨:៣​-​៥​) ពេល​ពួក​សាឌូស៊ី​ព្យាយាម​បញ្ឈប់​ពួក​សាវ័ក​មិន​ឲ្យ​បង្រៀន​អំពី​លោក​យេស៊ូ ពួក​គាត់​មិន​ព្រម​ធ្វើ​តាម​ទេ។—សកម្មភាព ៥:១៧, ១៨, ២៧​-​២៩

៩​. យោង​ទៅ​តាម​ធីម៉ូថេ​ទី២ ១:៧ តើ​អ្វី​ធ្វើ​ឲ្យ​យើង​មាន​ចិត្ដ​ក្លាហាន?

យ៉ូសែប រ៉ាហាប លោក​យេស៊ូ និង​ពួក​សាវ័ក​បាន​តាំង​ចិត្ដ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ បុគ្គល​ទាំង​នោះ​បាន​បង្ហាញ​ចិត្ដ​ក្លាហាន មិន​មែន​ដោយ​សារ​ពួក​គាត់​មាន​ទំនុក​ចិត្ដ​លើ​សមត្ថភាព​របស់​ខ្លួន​ទេ ប៉ុន្ដែ​ដោយ​សារ​ពួក​គាត់​បាន​ពឹង​ផ្អែកលើ​ព្រះ​យេហូវ៉ា។ នៅ​ពេល​ដែល​យើង​ត្រូវ​ការ​ចិត្ដ​ក្លាហាន យើង​ក៏​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​មិន​មែន​លើ​ខ្លួន​យើង​ទេ។ (​សូម​អាន ធីម៉ូថេ​ទី២ ១:៧) សូម​យើង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​បង្ហាញ​ចិត្ដ​ក្លាហាន​នៅ​ក្នុង​ក្រុម​គ្រួសារ​និង​ក្នុង​ក្រុម​ជំនុំ។

ស្ថានភាព​ដែល​យើង​ត្រូវ​មាន​ចិត្ដ​ក្លាហាន

១០​. ហេតុ​អ្វី​គ្រិស្ដ​សាសនិក​វ័យ​ក្មេង​ត្រូវ​មាន​ចិត្ដ​ក្លាហាន?

១០ ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​មាន​ស្ថានភាព​ជា​ច្រើន​ដែល​ប្អូន​ៗ​វ័យ​ក្មេង​ត្រូវ​បង្ហាញ​ចិត្ដ​ក្លាហាន។ ពួក​គេ​អាច​ធ្វើ​តាម​និង​រៀន​ពី​គំរូ​របស់​សាឡូម៉ូន។ គាត់​បាន​បង្ហាញ​ចិត្ដ​ក្លាហាន​ពេល​គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​ឈ្លាស​វៃ​ក្នុង​កិច្ច​ការ​សាងសង់​វិហារ​ឲ្យ​បាន​រួច​រាល់។ ទោះ​ជា​ប្អូន​ៗ​វ័យ​ក្មេង​អាច​ទទួល និង​គួរ​ទទួល​ការ​ណែនាំ​ពី​ឪ​ពុក​ម្ដាយ​ក្ដី ពួក​គេ​នៅ​តែ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​សំខាន់​ៗ​ដោយ​ខ្លួន​ឯង។ (​សុភាសិត ២៧:១១​) ពួក​គេ​ត្រូវ​ការ​ចិត្ដ​ក្លាហាន​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​ឈ្លាស​វៃ​ស្ដី​អំពី​អ្នក​ណា​ដែល​នឹង​ទៅ​ជា​មិត្ដ​ភក្ដិ​របស់​ពួក​គេ អ្វី​ដែល​ពួក​គេ​នឹង​ធ្វើ​សម្រាប់​ការ​កម្សាន្ដ របៀប​ដែល​ពួក​គេ​នឹង​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌ និង​ពេល​ណា​ដែល​ពួក​គេ​នឹង​ទទួល​ការ​ជ្រមុជ​ទឹក។ ពួក​គេ​ត្រូវ​មាន​ចិត្ដ​ក្លាហាន ដោយ​សារ​ពួក​គេ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​បំណង​ប្រាថ្នា​របស់​សាថាន​ដែល​ជា​អ្នក​តិះ​ដៀល​ព្រះ។

១១, ១២​. (ក) តើ​ម៉ូសេ​បាន​បង្ហាញ​ចិត្ដ​ក្លាហាន​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ប្អូនៗវ័យ​ក្មេង​អាច​ធ្វើ​តាម​គំរូ​របស់​ម៉ូសេ​យ៉ាង​ដូច​ម្ដេច?

១១ ការ​សម្រេច​ចិត្ដ​ដ៏​សំខាន់​មួយ​ដែល​ប្អូន​ៗ​វ័យ​ក្មេង​ត្រូវ​ធ្វើ​គឺ​កំណត់​គោល​ដៅ​ក្នុង​ជីវិត។ នៅ​ប្រទេស​ខ្លះ ប្អូន​ៗ​វ័យ​ក្មេង​ទទួល​រង​សម្ពាធ​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​រៀន​នៅ​សកល​វិទ្យាល័យ ហើយ​ឲ្យ​រក​ការ​ងារ​ដែល​មាន​ប្រាក់​ខែ​ច្រើន។ នៅ​ប្រទេស​ឯ​ទៀត​ដែល​ស្ថានភាព​សេដ្ឋកិច្ច​មិន​អំណោយ​ផល ប្អូន​ៗ​វ័យ​ក្មេង​ប្រហែល​ជា​គិត​ថា​ពួក​គេ​ត្រូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ជួយ​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​របស់​ពួក​គេ។ បើ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ណា​មួយ​ដូច​ដែល​បាន​ត្រូវ​រៀប​រាប់​នេះ សូម​គិត​អំពី​គំរូ​របស់​ម៉ូសេ។ កូន​ស្រី​របស់​ផារ៉ូ​បាន​ចិញ្ចឹម​អប់រំ​គាត់ ដូច្នេះ​គាត់​អាច​កំណត់​គោល​ដៅ​ជីវិត​ឲ្យ​ទៅ​ជា​អ្នក​មាន​ស្ដុកស្ដម្ភ​ឬ​អ្នក​ដែល​មាន​មុខ​មាត់។ សូម​ស្រមៃ​គិត​អំពី​សម្ពាធ​ដែល​គាត់​ទំនង​ជា​បាន​ទទួល​រង​ពី​ក្រុម​គ្រួសារ​របស់​គាត់​ដែល​ជា​ជន​ជាតិ​អេស៊ីប គ្រូ​បង្រៀន និង​ទី​ប្រឹក្សា​របស់​គាត់។ ប៉ុន្ដែ​ម៉ូសេ​មាន​ចិត្ដ​ក្លាហាន ហើយ​បាន​សម្រេច​ចិត្ដ​នៅ​ខាង​រាស្ដ្រ​របស់​ព្រះ។ ក្រោយ​ពី​គាត់​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​និង​បាន​លះ​បង់​ទ្រព្យ​សម្បត្ដិ​នៅ​ស្រុក​នោះ គាត់​បាន​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា​ទាំង​ស្រុង។ (​ហេប្រឺ ១១:២៤​-​២៦​) ជា​លទ្ធផល ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ជា​ច្រើន​ដល់​គាត់ ហើយ​លោក​នឹង​ឲ្យ​ពរ​គាត់​កាន់​តែ​ច្រើន​ថែម​ទៀត​នៅ​ពេល​អនាគត។

១២ ពេល​ប្អូន​ៗ​វ័យ​ក្មេង​មាន​ចិត្ដ​ក្លាហាន​ដោយ​កំណត់​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ហើយ​ចាត់​ទុក​កិច្ច​ការ​រាជាណាចក្រ​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួក​គេ នោះ​លោក​នឹង​ឲ្យ​ពរ​ដល់​ពួក​គេ។ លោក​នឹង​ជួយ​ពួក​គេ​ឲ្យ​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ។ នៅ​សតវត្សរ៍​ទី១ ធីម៉ូថេ​ដែល​ជា​បុរស​វ័យ​ក្មេង​បាន​ប្រើ​ជីវិត​របស់​គាត់​ក្នុង​កិច្ច​បម្រើ​ព្រះ ហើយ​អ្នក​ក៏​អាច​ធ្វើ​ដូច្នេះ​ដែរ * (​សូម​មើល​កំណត់​សម្គាល់​)។—សូម​អាន ភីលីព ២:១៩​-​២២

តើ​អ្នក​តាំង​ចិត្ដ​ឲ្យ​មាន​ចិត្ដ​ក្លាហាន​ក្នុង​គ្រប់​ការ​ទាំង​អស់​ឬ​ទេ? (​សូម​មើល​វគ្គ​១៣​-​១៧​)

១៣​. តើ​ចិត្ដ​ក្លាហាន​បាន​ជួយ​ប្អូន​ស្រី​វ័យ​ក្មេង​ម្នាក់​ឲ្យ​សម្រេច​គោល​ដៅ​របស់​គាត់​យ៉ាង​ដូច​ម្ដេច?

១៣ ប្អូន​ស្រី​ម្នាក់​ដែល​រស់​នៅ​រដ្ឋ​អាឡាបាម៉ា នា​សហរដ្ឋ​អាម៉េរិក ត្រូវ​ការ​ចិត្ដ​ក្លាហាន​ដើម្បី​កំណត់​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ។ គាត់​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​ធំ​ឡើង​ជា​មនុស្ស​អៀន​ខ្មាស​ណាស់។ ខ្ញុំ​មិន​សូវ​និយាយ​ជា​មួយ​នឹង​បង​ប្អូន​នៅ​សាល​ប្រជុំ​ទេ ហើយ​និយាយ​កាន់​តែ​តិច​ជា​មួយ​នឹង​មនុស្ស​ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់​សោះ​នៅ​ពេល​ខ្ញុំ​ទៅ​ផ្សព្វ​ផ្សាយ​»។ ដោយ​មាន​ជំនួយ​ពី​ឪ​ពុក​ម្ដាយ​របស់​គាត់​និង​បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ ប្អូន​ស្រី​វ័យ​ក្មេង​នេះ​បាន​សម្រេច​គោល​ដៅ​របស់​គាត់​ទៅ​ជា​អ្នកត្រួស​ត្រាយ​ពេញ​ពេល។ គាត់​បាន​និយាយ​ថា​៖ ​«​ពិភព​លោក​របស់​សាថាន​លើក​ស្ទួយ​ការ​មាន​ឈ្មោះ​ល្បី ការ​អប់រំ​ខ្ពស់ លុយ និង​ការ​មាន​វត្ថុ​ទ្រព្យ​ជា​ច្រើន​»​ជា​គោល​ដៅ​ល្អ​សម្រាប់​ជីវិត។ ប៉ុន្ដែ គាត់​ក៏​ទទួល​ស្គាល់​ដែរ​ថា​មនុស្ស​ភាគ​ច្រើន​មិន​អាច​សម្រេច​គោល​ដៅ​ទាំង​នេះ​បាន​ទេ ហើយ​ថា​អ្វី​ទាំង​នេះ​នាំ​ឲ្យ​ពួក​គេ​មាន​តែ​ការ​តាន​តឹង​ចិត្ដ​និង​ការ​ឈឺ​ចាប់​ប៉ុណ្ណោះ។ គាត់​បាន​បន្ថែម​ទៀត​ថា​៖ ​«​ប៉ុន្ដែ​ការ​បម្រើ​ព្រះ​យេហូវ៉ា ធ្វើ​ឲ្យ​ខ្ញុំ​មាន​ជីវិត​ដ៏​សប្បាយ​និង​មាន​ន័យ​ខ្លឹម​សារ​»។

១៤​. តើ​ឪ​ពុក​ម្ដាយ​ដែល​ជា​គ្រិស្ដ​សាសនិក​ត្រូវ​មាន​ចិត្ដ​ក្លាហាន​នៅ​ពេល​ណា​ខ្លះ?

១៤ ឪ​ពុក​ម្ដាយ​ដែល​ជា​គ្រិស្ដ​សាសនិក​ក៏​ត្រូវ​ការ​ចិត្ដ​ក្លាហាន​ដែរ។ ជា​ឧទាហរណ៍ ប្រហែល​ជា​ចៅហ្វាយ​របស់​អ្នក សុំ​អ្នក​ជា​រឿយ​ៗ​ឲ្យ​ធ្វើ​ការ​ថែម​ម៉ោង​នៅ​ចំ​ថ្ងៃ​ដែល​អ្នក​ចូល​រួម​កិច្ច​បម្រើ​ផ្សាយ កិច្ច​ប្រជុំ ឬ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ។ អ្នក​ត្រូវ​មាន​ចិត្ដ​ក្លាហាន​ដើម្បី​បដិសេធ​ចៅហ្វាយ​របស់​អ្នក ហើយ​ដើម្បី​ទុក​គំរូ​ល្អ​ឲ្យ​កូន។ ម្យ៉ាង​ទៀត ប្រហែល​ជា​ឪ​ពុក​ម្ដាយ​ខ្លះ​នៅ​ក្នុង​ក្រុម​ជំនុំ​អនុញ្ញាត​ឲ្យ​កូន​របស់​ពួក​គេ​ធ្វើ​អ្វី​ដែល​អ្នក​មិន​ចង់​ឲ្យ​កូន​របស់​អ្នក​ធ្វើ។ ពេល​ឪ​ពុក​ម្ដាយ​ទាំង​នោះ​សួរ​អ្នក​អំពី​មូលហេតុ​ដែល​អ្នក​មិន​ឲ្យ​កូន​របស់​អ្នក​ធ្វើ​អ្វី​ទាំង​នោះ តើ​អ្នក​នឹង​មាន​ចិត្ដ​ក្លាហាន ហើយ​ពន្យល់​ពួក​គេ​តាម​របៀប​ដែល​បង្ហាញ​ការ​គោរព​ឬ​ទេ?

១៥​. តើ​ទំនុក​តម្កើង ៣៧:២៥​និង​ហេប្រឺ ១៣:៥​អាច​ជួយ​ឪ​ពុក​ម្ដាយ​យ៉ាង​ដូច​ម្ដេច?

១៥ យើង​ត្រូវ​មាន​ចិត្ដ​ក្លាហាន​ដើម្បី​ជួយ​កូន​យើង​ឲ្យ​កំណត់​និង​សម្រេច​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ។ ឪ​ពុក​ម្ដាយ​ខ្លះ​ប្រហែល​ជា​ស្ទាក់​ស្ទើរ​ក្នុង​ការ​លើក​ទឹក​ចិត្ដ​កូន​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង បម្រើ​នៅ​បេតអែល ឬ​ជួយ​កិច្ច​ការ​សាងសង់សាល​ប្រជុំ​និង​សាល​សន្និបាត។ ប្រហែល​ជា​ពួក​គេ​បារម្ភ​ថា​កូន​ៗ​មិន​អាច​ថែ​ទាំ​ពួក​គេ​ពេល​ពួក​គេ​មាន​វ័យ​ចាស់។ ប៉ុន្ដែ ឪ​ពុក​ម្ដាយ​ដែល​ឈ្លាស​វៃ បង្ហាញ​ចិត្ដ​ក្លាហាន​និង​មាន​ជំនឿ​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​តាម​ពាក្យ​សន្យា​របស់​លោក។ (​សូម​អាន ទំនុក​តម្កើង ៣៧:២៥; ហេប្រឺ ១៣:៥) ឪ​ពុក​ម្ដាយ​ដែល​បង្ហាញ​ចិត្ដ​ក្លាហាន​និង​ដែល​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា ជួយ​កូន​របស់​ពួក​គេ​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។—សាំយូអែល​ទី១ ១:២៧, ២៨; ធីម៉ូថេ​ទី២ ៣:១៤, ១៥

១៦​. តើ​ឪ​ពុក​ម្ដាយ​ខ្លះ​បាន​ជួយ​កូនៗរបស់​ពួក​គេ​ឲ្យ​កំណត់​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​យ៉ាង​ដូច​ម្ដេច? តើ​នេះ​មាន​ប្រយោជន៍​អ្វី​ចំពោះ​កូនៗរបស់​ពួក​គេ?

១៦ ប្ដី​ប្រពន្ធ​មួយ​គូ​នៅ​សហរដ្ឋ​អាម៉េរិក​បាន​ជួយ​កូន​ៗ​របស់​ពួក​គេ​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បម្រើ​ព្រះ​យេហូវ៉ា។ ប្ដី​នោះ​និយាយ​ថា​៖ ​«​ចាប់​ពី​កូន​របស់​យើង​មិន​ទាន់​ចេះ​ដើរ​និង​និយាយ យើង​បាន​និយាយ​ជា​មួយ​នឹង​ពួក​គេ​អំពី​អំណរ​ដែល​មក​ពី​កិច្ច​ការ​ត្រួស​ត្រាយ​និង​ការ​បម្រើ​ក្នុង​ក្រុម​ជំនុំ។ ឥឡូវ​ពួក​គេ​មាន​គោល​ដៅ​ទាំង​នេះ​»។ គាត់​បន្ថែម​ទៀត​ថា ពេល​កូន​ៗ​កំណត់​និង​សម្រេច​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ នេះ​ជួយ​ពួក​គេ​ឲ្យ​យក​ឈ្នះ​ការ​ល្បួង​ដែល​មក​ពី​ពិភព​លោក​សាថាន ហើយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បម្រើ​ព្រះ​យេហូវ៉ា។ បង​ប្រុស​ម្នាក់​ដែល​មាន​កូន​ពីរ​នាក់​បាន​សរសេរ​ថា​៖ ​«​ឪ​ពុក​ម្ដាយ​ជា​ច្រើន​ចំណាយ​កម្លាំង​និង​ធន​ធាន​ដើម្បី​ជួយ​កូន​ៗ​របស់​ពួក​គេ​ឲ្យ​សម្រេច​គោល​ដៅ​ខាង​កីឡា ការ​អប់រំ និង​ការ​កម្សាន្ដ។ គឺ​សម​ហេតុ​ផល​ជាង​ដែល​ឪ​ពុក​ម្ដាយ​ចំណាយ​កម្លាំង​និង​ធន​ធាន​ដើម្បី​ជួយ​កូន​ៗ​ឲ្យ​សម្រេច​គោល​ដៅ​ដែល​នឹង​ជួយ​ពួក​គេ​ឲ្យ​រក្សា​ចំណង​មិត្ដភាព​មាំ​មួន​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ យើង​មាន​អំណរ​យ៉ាង​ខ្លាំង មិន​គ្រាន់​តែ​ពេល​ឃើញ​កូន​ៗ​របស់​យើង​សម្រេច​គោល​ដៅ​ក្នុង​ការ​បម្រើ​ព្រះ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​យើង​ក៏​មាន​អំណរ​ពេល​យើង​ឃើញ​កូន​ៗ​កំពុង​ឈាន​ទៅ​រក​ការ​សម្រេច​គោល​ដៅ​ទាំង​នោះ​»។ អ្នក​អាច​ប្រាកដ​ថា ព្រះ​ពេញ​ចិត្ដ​នឹង​ឪ​ពុក​ម្ដាយ​ដែល​ជួយ​កូន​ៗ​របស់​ពួក​គេ​ឲ្យ​កំណត់​និង​សម្រេច​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​លោក។

ចិត្ដ​ក្លាហាន​នៅ​ក្នុង​ក្រុម​ជំនុំ

១៧​. សូម​លើក​ឧទាហរណ៍​អំពី​ចិត្ដ​ក្លាហាន​នៅ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក។

១៧ យើង​ក៏​ត្រូវ​ការ​ចិត្ដ​ក្លាហាន​នៅ​ក្នុង​ក្រុម​ជំនុំ​ដែរ។ ជា​ឧទាហរណ៍ អ្នក​ចាស់​ទុំ​ត្រូវ​មាន​ចិត្ដ​ក្លាហាន​ពេល​ដែល​ពួក​គាត់​វិនិច្ឆ័យ​ករណី​នៃ​ការ​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ឬ​ពេល​ដែល​ពួក​គាត់​ជួយ​ពួក​អ្នក​ដែល​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ដល់​ជីវិត​ដោយ​សារ​ពួក​គេ​ត្រូវ​ការ​ការ​សង្គ្រោះ​ជា​បន្ទាន់។ អ្នក​ចាស់​ទុំ​ខ្លះ​ទៅ​ពន្ធនាគារ​ដើម្បី​សិក្សា​គម្ពីរ​ជា​មួយ​នឹង​អ្នក​ចាប់​អារម្មណ៍​ឬ​ដើម្បី​ដឹក​នាំ​កិច្ច​ប្រជុំ។ ចុះ​យ៉ាង​ណា​បង​ប្អូន​ស្រី​នៅ​លីវ? ពួក​គេ​ក៏​មាន​ឱកាស​ជា​ច្រើន​ដើម្បី​បង្ហាញ​ចិត្ដ​ក្លាហាន ហើយ​បម្រើ​ព្រះ​យេហូវ៉ា​ដែរ។ ពួក​គេ​អាច​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ រើ​ទៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង ចូល​រួម​ក្នុង​កិច្ច​ការ​ខាង​ផ្នែក​រចនា​ប្លង់​និង​សាងសង់​តាម​តំបន់ និង​ដាក់​ពាក្យ​សុំ​ចូល​រៀន​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ អ្នក​ខ្លះ​ក៏​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​សាលា​គីលាត​ផង​ដែរ។

១៨​. តើ​បង​ស្រី​វ័យ​ចាស់​អាច​បង្ហាញ​ចិត្ដ​ក្លាហាន​យ៉ាង​ដូច​ម្ដេច?

១៨ យើង​ស្រឡាញ់​បង​ស្រី​វ័យ​ចាស់​របស់​យើង ហើយ​យើង​សប្បាយ​ចិត្ដ​ដែល​មាន​ពួក​គេ​ក្នុង​ក្រុម​ជំនុំ​របស់​យើង។ ទោះ​ជា​ពួក​គេ​ខ្លះ​មិន​អាច​ធ្វើ​ច្រើន​ក្នុង​កិច្ច​បម្រើ​ព្រះ​ដូច​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​ក្ដី ពួក​គេ​នៅ​តែ​អាច​បង្ហាញ​ចិត្ដ​ក្លាហាន ហើយ​ខំ​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ។ (​សូម​អាន ទីតុស ២:៣​-​៥) ជា​ឧទាហរណ៍ បង​ស្រី​វ័យ​ចាស់​ត្រូវ​មាន​ចិត្ដ​ក្លាហាន បើ​អ្នក​ចាស់​ទុំ​សុំ​គាត់​ឲ្យ​និយាយ​ជា​មួយ​នឹង​បង​ស្រី​ដែល​មាន​វ័យ​ក្មេង​អំពី​របៀប​ស្លៀក​ពាក់​បែប​រមទម។ គាត់​នឹង​មិន​ស្ដី​ឲ្យ​បង​ស្រី​វ័យ​ក្មេង​នោះ​អំពី​សម្លៀក​បំពាក់​របស់​គាត់​ទេ តែ​ដោយ​សប្បុរស​គាត់​នឹង​ជួយ​បង​ស្រី​នោះ​ឲ្យ​យល់​ថា​របៀប​ស្លៀក​ពាក់​របស់​គាត់​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​អ្នក​ឯ​ទៀត។ (​ធីម៉ូថេ​ទី១ ២:៩, ១០​) ពេល​បង​ស្រី​វ័យ​ចាស់​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​របៀប​នេះ ពួក​គេ​អាច​ពង្រឹង​ក្រុម​ជំនុំ។

១៩​. (ក) តើ​បង​ប្អូន​ប្រុស​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​អាច​មាន​ចិត្ដ​ក្លាហាន​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ភីលីព ២:១៣ និង​៤:១៣​អាច​ជួយ​បង​ប្អូន​ប្រុស​យ៉ាង​ដូច​ម្ដេច​ឲ្យ​មាន​ចិត្ដ​ក្លាហាន?

១៩ បង​ប្អូន​ប្រុស​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ក៏​ត្រូវ​ការ​ចិត្ដ​ក្លាហាន ហើយ​ខំ​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​ដែរ។ ពេល​ពួក​គេ​សុខ​ចិត្ដ​បម្រើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​និង​អ្នក​ចាស់​ទុំ នោះ​ក្រុម​ជំនុំ​ទទួល​ប្រយោជន៍​ជា​ច្រើន។ (​ធីម៉ូថេ​ទី១ ៣:១​) ប៉ុន្ដែ អ្នក​ខ្លះ​ប្រហែល​ជា​ស្ទាក់​ស្ទើរ​ក្នុង​ការ​ធ្វើ​ដូច្នេះ។ ប្រហែល​ជា​បង​ប្រុស​ណា​ម្នាក់​ធ្លាប់​ធ្វើ​ខុស​ពី​មុន ហើយ​ឥឡូវ​គាត់​មាន​អារម្មណ៍​ថា​គាត់​មិន​សម​ធ្វើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ឬ​អ្នក​ចាស់​ទុំ​ទេ។ បង​ប្រុស​ម្នាក់​ទៀត​ប្រហែល​ជា​មាន​អារម្មណ៍​ថា​គាត់​គ្មាន​សមត្ថភាព​ដែល​សំខាន់​ចាំ​បាច់​ដើម្បី​បំពេញ​ភារកិច្ច​នោះ​ឡើយ។ បើ​អ្នក​មាន​អារម្មណ៍​ដូច​នេះ ព្រះ​យេហូវ៉ា​អាច​ជួយ​អ្នក​ឲ្យ​មាន​ចិត្ដ​ក្លាហាន។ (​សូម​អាន ភីលីព ២:១៣; ៤:១៣) សូម​ចាំ​អំពី​គំរូ​របស់​ម៉ូសេ។ គាត់​ក៏​បាន​គិត​ថា​គាត់​មិន​អាច​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​សុំ​ឲ្យ​គាត់​ធ្វើ​ដែរ។ (​និក្ខមនំ ៣:១១​) ប៉ុន្ដែ ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​ឲ្យ​មាន​ចិត្ដ​ក្លាហាន​និង​ធ្វើ​អ្វី​ដែល​សំខាន់​ចាំ​បាច់។ តើ​តាម​របៀប​ណា​បង​ប្អូន​ប្រុស​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​អាច​មាន​ចិត្ដ​ក្លាហាន​បែប​នេះ? គាត់​អាច​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ហើយ​អាន​គម្ពីរ​រាល់​ថ្ងៃ។ គាត់​អាច​រំពឹង​គិត​អំពី​បុគ្គល​ក្នុង​គម្ពីរ​ដែល​បាន​បង្ហាញ​ចិត្ដ​ក្លាហាន។ ដោយ​ចិត្ដ​រាប​ទាប គាត់​អាច​សុំ​អ្នក​ចាស់​ទុំ​ឲ្យ​បង្ហាត់​បង្រៀន​គាត់ ហើយ​គាត់​អាច​ស្នើ​សុំ​ជួយ​ធ្វើ​កិច្ច​ការ​ណា​ក៏​ដោយ​ដែល​ក្រុម​ជំនុំ​ត្រូវ​ការ។ យើង​សូម​លើក​ទឹក​ចិត្ដ​បង​ប្អូន​ប្រុស​ទាំង​អស់​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ឲ្យ​មាន​ចិត្ដ​ក្លាហាន ហើយ​ខំ​ធ្វើ​កិច្ច​ការ​សម្រាប់​ក្រុម​ជំនុំ!

​«​ព្រះ​យេហូវ៉ា . . . គង់​នៅ​ជា​មួយ​នឹង​ឯង​»​

២០, ២១​. (ក) តើ​ដាវីឌ​បាន​រំលឹក​សាឡូម៉ូន​អំពី​អ្វី? (ខ) តើ​យើង​អាច​ជឿ​ជាក់​អំពី​អ្វី?

២០ ស្ដេច​ដាវីឌ​បាន​រំលឹក​សាឡូម៉ូន​ថា​ព្រះ​យេហូវ៉ា​នឹង​នៅ​ជា​មួយ​នឹង​គាត់​រហូត​ដល់​គាត់​បង្ហើយ​កិច្ច​ការ​សាងសង់​វិហារ។ (​របា​ក្សត្រ​ទី១ ២៨:២០​) សាឡូម៉ូន​ច្បាស់​ជា​បាន​រំពឹង​គិត​អំពី​ពាក្យ​ទាំង​នេះ ហើយ​គាត់​មិន​បាន​ឲ្យ​ការ​ខ្វះ​បទ​ពិសោធន៍​និង​ភាព​វ័យ​ក្មេង​របស់​គាត់​រា​រាំង​គាត់​ពី​ការ​ធ្វើ​កិច្ច​ការ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​បង្ហាញ​ចិត្ដ​ក្លាហាន ហើយ​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា គាត់​បាន​បង្ហើយ​កិច្ច​ការ​សាងសង់​វិហារ​ដ៏​អស្ចារ្យ​នោះ​ក្នុង​រយៈ​ពេល​៧​ឆ្នាំ​កន្លះ។

២១ ព្រះ​យេហូវ៉ា​បាន​ជួយ​សាឡូម៉ូន ហើយ​លោក​ក៏​អាច​ជួយ​យើង​ឲ្យ​មាន​ចិត្ដ​ក្លាហាន និង​ជួយ​យើង​ឲ្យ​សម្រេច​កិច្ច​ការ​របស់​យើង​នៅ​ក្នុង​ក្រុម​ជំនុំ ព្រម​ទាំង​ក្នុង​ក្រុម​គ្រួសារ​របស់​យើង​ដែរ។ (​អេសាយ ៤១:១០, ១៣​) បើ​យើង​បង្ហាញ​ចិត្ដ​ក្លាហាន​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា យើង​អាច​ប្រាកដ​ថា​លោក​នឹង​ឲ្យ​ពរ​ដល់​យើង​នៅ​ឥឡូវ​នេះ​និង​នៅ​ពេល​អនាគត។ ដូច្នេះ‹ចូរ​មាន​ចិត្ដ​ក្លាហាន​ឡើង ហើយ​ធ្វើ​សំ​រេច​កិច្ច​ការ​ចុះ›។

^ វគ្គ 12 អ្នក​អាច​រក​ឃើញ​យោបល់​អំពី​របៀប​ដែល​អ្នក​អាច​កំណត់​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​នៅ​ក្នុង​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ប្អូនៗវ័យ​ក្មេង តើ​ប្អូន​មាន​គោល​ដៅ​អ្វី​ខ្លះ​ក្នុង​ជីវិត?» ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​២០១០។