លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​យក​តម្រាប់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្ហាញ​សេចក្ដី​អាណិត​មេត្ដា

ចូរ​យក​តម្រាប់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្ហាញ​សេចក្ដី​អាណិត​មេត្ដា

​«​ព្រះ​យេហូវ៉ា . . . មាន​ព្រះ​ហឫទ័យ​អាណិត​មេត្ដា​ដល់​រាស្ដ្រ​ទ្រង់​»។—របា​ក្សត្រ​ទី២ ៣៦:១៥

ចម្រៀង​លេខ: ១៤២, ១២

១​. តើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ម៉ូសេ​ដឹង​អំពី​អ្វី? ហេតុ​អ្វី​នេះ​គឺ​សំខាន់?

នៅ​ពេល​មួយ ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​ម៉ូសេ​ស្គាល់​លោក​ដោយ​ប្រកាស​នាម​របស់​លោក​និង​គុណ​សម្បត្ដិ​ខ្លះ​របស់​លោក។ ទោះ​ជា​ព្រះ​យេហូវ៉ា​អាច​លើក​បញ្ជាក់​អំពី​ឫទ្ធា​នុភាព​ឬ​ប្រាជ្ញា​របស់​លោក​ក្ដី លោក​បាន​មាន​ប្រសាសន៍​មុន​បង្អស់​អំពី​សេចក្ដី​មេត្ដា​ករុណា​និង​ចិត្ដ​ទន់​សន្ដោស​ឬ​ចិត្ដ​អាណិត​អាសូរ​របស់​លោក។ (​សូម​អាន និក្ខមនំ ៣៤:៥​-​៧) ម៉ូសេ​ចង់​ដឹង​ថា​តើ​ព្រះ​យេហូវ៉ា​នឹង​គាំ​ទ្រ​គាត់​ឬ​ទេ? ដូច្នេះ ព្រះ​យេហូវ៉ា​បាន​លើក​បញ្ជាក់​អំពី​គុណ​សម្បត្ដិ​ដែល​បង្ហាញ​ថា​លោក​ពិត​ជា​ចង់​ជួយ​ពួក​អ្នក​បម្រើ​របស់​លោក។ (​និក្ខមនំ ៣៣:១៣​) តើ​ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ដ​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​យើង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា? អត្ថបទ​នេះ​នឹង​ផ្ដោត​ទៅ​លើ​ចិត្ដ​អាណិត​មេត្ដា ដែល​ជា​ការ​អាណិត​អាសូរ​ចំពោះ​ពួក​អ្នក​ដែល​កំពុង​រង​ទុក្ខ​និង​ការ​ចង់​ជួយ​ពួក​គេ។

២, ៣​. (​ក​) តើ​អ្វី​បង្ហាញ​ថា​គឺ​ជា​ការ​ធម្មតា​ដែល​មនុស្ស​មាន​ចិត្ដ​អាណិត​មេត្ដា? (​ខ​) ហេតុ​អ្វី​អ្នក​គួរ​ចាប់​អារម្មណ៍​ចំពោះ​អ្វី​ដែល​គម្ពីរ​ចែង​អំពី​ចិត្ដ​អាណិត​មេត្ដា?

ព្រះ​យេហូវ៉ា​មាន​ចិត្ដ​អាណិត​មេត្ដា ហើយ​មនុស្សជាតិ​បាន​ត្រូវ​បង្កើត​ឲ្យ​មាន​ភាព​ដូច​លោក។ ដូច្នេះ ជា​ការ​ធម្មតា​ទេ​ដែល​មនុស្ស​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត។ សូម្បី​តែ​ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ​យេហូវ៉ា​ក្ដី ក៏​ច្រើន​តែ​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា​ដែរ។ (​លោកុប្បត្ដិ ១:២៦​) ក្នុង​គម្ពីរ​មាន​កំណត់​ហេតុ​ជា​ច្រើន​អំពី​មនុស្ស​ដែល​បាន​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា។ ជា​ឧទាហរណ៍ ពេល​ដែល​សាឡូម៉ូន​ត្រូវ​ស្វែង​យល់​ថា​ស្ដ្រី​មួយ​ណា​ក្នុង​ចំណោម​ស្ដ្រី​ពីរ​នាក់​គឺ​ជា​ម្ដាយ​របស់​ទារក​មួយ គាត់​បាន​សាកល្បង​ពួក​គេ​ដោយ​បញ្ជា​គេ​ឲ្យ​ពុះ​ទារក​នោះ​ជា​ពីរ​ចំណែក។ ម្ដាយ​ពិត​ប្រាកដ​មាន​ចិត្ដ​អាណិត​មេត្ដា​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​កូន​របស់​ខ្លួន ដូច្នេះ​នាង​បាន​អង្វរ​សុំ​ឲ្យ​ស្ដេច​ប្រគល់​ទារក​នោះ​ឲ្យ​ស្ដ្រី​ម្នាក់​ទៀត​ចុះ។ (​ពង្សាវតារ​ក្សត្រ​ទី១ ៣:២៣​-​២៧​) ឧទាហរណ៍​មួយ​ទៀត​អំពី​ការ​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា​គឺ​កូន​ស្រី​របស់​ផារ៉ូ។ ពេល​គាត់​បាន​ឃើញ​ម៉ូសេ​ដែល​ជា​ទារក គាត់​បាន​ដឹង​ថា​ទារក​នោះ​ជា​ជន​ជាតិ​ហេប្រឺ ហើយ​ថា​គេ​ត្រូវ​តែ​សម្លាប់​ទារក​នោះ។ ប៉ុន្ដែ គាត់​«​មាន​ព្រះ​ទ័យ​ផ្ដួច​អាណិត​»​ដល់​ទារក​នោះ ហើយ​គាត់​បាន​សម្រេច​ចិត្ដ​យក​កូន​នោះ​មក​ចិញ្ចឹម​ធ្វើ​ជា​កូន​របស់​ខ្លួន។—និក្ខមនំ ២:៥, ៦

ហេតុ​អ្វី​យើង​គួរ​រៀន​ថែម​ទៀត​អំពី​ចិត្ដ​អាណិត​មេត្ដា? ពី​ព្រោះ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​យក​តម្រាប់​លោក។ (​អេភេសូរ ៥:១​) ទោះ​ជា​យើង​បាន​ត្រូវ​បង្កើត​ឲ្យ​មាន​ចិត្ដ​អាណិត​មេត្ដា​ក្ដី យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ច្រើន​តែ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ជួន​កាល យើង​ប្រហែល​ជា​មិន​ស្រួល​សម្រេច​ចិត្ដ​ថា​យើង​គួរ​ជួយ​អ្នក​ឯ​ទៀត ឬ​គិត​អំពី​ខ្លួន​យើង​ឡើយ។ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​កាន់​តែ​ចេះ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត? ទី១ សូម​យើង​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​និង​អ្នក​ឯ​ទៀត​បាន​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា។ ទី២ សូម​យើង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​យក​តម្រាប់​ព្រះ​ក្នុង​ការ​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា ហើយ​អំពី​មូលហេតុ​ដែល​ការ​ធ្វើ​ដូច្នេះ​គឺ​មាន​ប្រយោជន៍​សម្រាប់​យើង។

ព្រះ​យេហូវ៉ា​គឺ​ជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​ស្ដី​អំពី​ចិត្ដ​អាណិត​មេត្ដា

៤​. (​ក​) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ចាត់​ទេវតា​ឲ្យ​ទៅ​ក្រុង​សូដុម? (​ខ​) តើ​យើង​អាច​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​ក្រុម​គ្រួសារ​ឡុត?

គម្ពីរ​រៀប​រាប់​ច្រើន​ដង​អំពី​ចិត្ដ​អាណិត​មេត្ដា​របស់​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ សូម​គិត​អំពី​អ្វី​ដែល​លោក​បាន​ធ្វើ​ចំពោះ​ឡុត។ ឡុត​ជា​មនុស្ស​សុចរិត​ដែល​«​បាន​កើត​ទុក្ខ​យ៉ាង​ខ្លាំង​»​ដោយ​សារ​មនុស្ស​ដែល​បាន​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​នៅ​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា។ មនុស្ស​ទាំង​នោះ​មិន​បង្ហាញ​ការ​គោរព​ចំពោះ​ព្រះ ហើយ​ព្រះ​យេហូវ៉ា​បាន​សម្រេច​ចិត្ដ​ថា​ពួក​គេ​សម​នឹង​ស្លាប់។ (​ពេត្រុស​ទី២ ២:៧, ៨​) ព្រះ​យេហូវ៉ា​បាន​ចាត់​ទេវតា​ឲ្យ​ទៅ​ជួប​ឡុត​ដើម្បី​ប្រាប់​គាត់​ថា​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា​នឹង​ត្រូវ​បំផ្លាញ​ចោល ហើយ​ថា​គាត់​ត្រូវ​រត់​ចេញ​ពី​ទី​នោះ។ គម្ពីរ​ចែង​ថា​៖ ​«​តែ[​ឡុត​]នៅ​បង្អែ​បង្អង់។ នោះ​ទេវតា​ក៏​ចាប់​ដៃ​គាត់​នឹង​ដៃ​ប្រពន្ធ ហើយ​នឹង​កូន​ស្រី​គាត់​ទាំង​២​នាំ​ចេញ​ទៅ​លែង​ឯ​ក្រៅ​ទីក្រុង ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​មេត្ដា​ប្រណី​ដល់​គាត់​»។ (​លោកុប្បត្ដិ ១៩:១៦​) ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​យល់​អំពី​ស្ថានភាព​របស់​ឡុត យើង​អាច​ប្រាកដ​ថា​លោក​ក៏​យល់​អំពី​ទុក្ខ​លំបាក​ណា​ក៏​ដោយ​ដែល​យើង​ជួប​ប្រទះ​ដែរ។—អេសាយ ៦៣:៧​-​៩; យ៉ាកុប ៥:១១; ពេត្រុស​ទី២ ២:៩

ព្រះ​យេហូវ៉ា​យល់​ទាំង​ស្រុង​អំពី​ទុក្ខ​លំបាក​ដែល​យើង​ជួប​ប្រទះ

៥​. តើ​បណ្ដាំ​របស់​ព្រះ​បង្រៀន​យើង​យ៉ាង​ណា​អំពី​របៀប​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា?

ព្រះ​យេហូវ៉ា​ក៏​បាន​បង្រៀន​រាស្ដ្រ​របស់​លោក​ឲ្យ​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា​ផង​ដែរ។ សូម​គិត​អំពី​ច្បាប់​មួយ​ដែល​លោក​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល។ បើ​បុគ្គល​ណា​ម្នាក់​បាន​ជំពាក់​ប្រាក់​គេ ម្ចាស់​បំណុល​នោះ​អាច​យក​សម្លៀក​បំពាក់​ក្រៅ​របស់​បុគ្គល​នោះ​ទុក​ជា​ការ​ធានា​មួយ​ថា​គាត់​នឹង​សង​ប្រាក់​នោះ​មក​វិញ។ (​សូម​អាន និក្ខមនំ ២២:២៦, ២៧) ប៉ុន្ដែ ម្ចាស់​បំណុល​ត្រូវ​ឲ្យ​សម្លៀក​បំពាក់​ក្រៅ​ទៅ​បុគ្គល​នោះ​វិញ​មុន​ថ្ងៃ​លិច ដើម្បី​គាត់​អាច​កក់​ក្ដៅ​នៅ​ពេល​យប់។ បុគ្គល​ដែល​គ្មាន​ចិត្ដ​អាណិត​មេត្ដា​ប្រហែល​ជា​មិន​ចង់​ឲ្យ​សម្លៀក​បំពាក់​ក្រៅ​នោះ​វិញ​ទេ ប៉ុន្ដែ​ព្រះ​យេហូវ៉ា​បាន​បង្រៀន​រាស្ដ្រ​របស់​លោកឲ្យ​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា។ តើ​យើង​រៀន​អ្វី​ពី​គោល​ការណ៍​ដែល​មាន​ក្នុង​ច្បាប់​នេះ? យើង​មិន​ត្រូវ​ព្រងើយ​កន្ដើយ​ចំពោះ​សេចក្ដី​ត្រូវ​ការ​របស់​បង​ប្អូន​រួម​ជំនឿ​ឡើយ។ ពេល​យើង​អាច​ជួយ​បង​ប្អូន​ណា​ម្នាក់​ដែល​កំពុង​រង​ទុក្ខ យើង​ចង់​ធ្វើ​ដូច្នេះ។—កូឡុស ៣:១២; យ៉ាកុប ២:១៥, ១៦; សូម​អាន យ៉ូហាន​ទី១ ៣:១៧

៦​. តើ​យើង​អាច​រៀន​អ្វី​ពី​ចិត្ដ​អាណិត​មេត្ដា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង?

ព្រះ​យេហូវ៉ា​មាន​ចិត្ដ​អាណិត​មេត្ដា​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល សូម្បី​តែ​នៅ​ពេល​ដែល​ពួក​គេ​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​នឹង​លោក។ គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ ទ្រង់​បាន​ចាត់​ទូត​ទ្រង់​ឲ្យ​ទៅ​ឯ​គេ ទាំង​ក្រោក​ពី​ព្រលឹម​នឹង​ចាត់​គេ​ផង ដ្បិត​ទ្រង់​មាន​ព្រះ​ហឫទ័យ​អាណិត​មេត្ដា​ដល់​រាស្ដ្រ​ទ្រង់ ហើយ​ដល់​ទី​លំនៅ​ទ្រង់​»។ (​របា​ក្សត្រ​ទី២ ៣៦:១៥​) ស្រដៀង​គ្នា​ដែរ យើង​គួរ​មាន​ចិត្ដ​អាណិត​មេត្ដា​ចំពោះ​ពួក​អ្នក​ដែល​មិន​ទាន់​ស្គាល់​ព្រះ​យេហូវ៉ា​ដែល​ប្រហែល​ជា​នឹង​ប្រែ​ចិត្ដ​និង​ទៅ​ជា​មិត្ដ​សម្លាញ់​របស់​លោក។ ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ត្រូវ​បំផ្លាញ​ចោល​ក្នុង​ការ​វិនិច្ឆ័យ​ទោស​ដែល​ជិត​មក​ដល់​នោះ​ទេ។ (​ពេត្រុស​ទី២ ៣:៩​) ដូច្នេះ កាល​ដែល​នៅ​តែ​មាន​ពេល​នៅ​ឡើយ យើង​ចង់​ផ្សព្វ​ផ្សាយ​អំពី​ការ​ព្រមាន​របស់​ព្រះ​ដល់​មនុស្ស​ច្រើន​បំផុត ហើយ​ជួយ​ពួក​គេ​ឲ្យ​ទទួល​ប្រយោជន៍​ពី​ចិត្ដ​អាណិត​មេត្ដា​របស់​លោក។

៧, ៨​. ហេតុ​អ្វី​ក្រុម​គ្រួសារ​មួយ​ជឿ​ថា​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា​ចំពោះ​ពួក​គេ?

សព្វ​ថ្ងៃ​នេះ អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​បាន​ឃើញ​សេចក្ដី​អាណិត​មេត្ដា​របស់​លោក។ ជា​ឧទាហរណ៍ នៅ​ប្រទេស​បូស្ន៊ី​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ជាតិ​សាសន៍​ផ្សេង​ៗ​បាន​ប្រយុទ្ធ​និង​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ក្នុង​ក្រុម​គ្រួសារ​មួយ​ដែល​រស់​នៅ​ទី​នោះ​មាន​ប្អូន​ប្រុស​ម្នាក់​ដែល​មាន​អាយុ​១២​ឆ្នាំ​ដែល​ក្នុង​អត្ថបទ​នេះ​យើង​នឹង​ហៅ​ថា​មិឡាន។ ប្អូន​មិឡាន ប្អូន​ប្រុស​របស់​គាត់ ឪ​ពុក​ម្ដាយ​របស់​គាត់ និង​សាក្សី​ព្រះ​យេហូវ៉ា​ឯ​ទៀត​បាន​ធ្វើ​ដំណើរ​តាម​ឡាន​ក្រុង​មួយ​ពី​ប្រទេស​បូស្ន៊ី​ទៅ​ប្រទេស​ស៊ែប៊ី។ ពួក​គេ​ទៅ​ចូល​រួម​មហា​សន្និបាត​មួយ​ដែល​ឪ​ពុក​ម្ដាយ​របស់​ប្អូន​មិឡាន​នឹង​ទទួល​ការ​ជ្រមុជ​ទឹក។ នៅ​ឯ​ព្រំ​ដែន ទាហាន​មួយ​ក្រុម​បាន​កត់​សម្គាល់​ឃើញ​ថា​ក្រុម​គ្រួសារ​នោះ​មក​ពី​ពូជ​សាសន៍​ផ្សេង ហើយ​ទាហាន​នោះ​តម្រូវ​ឲ្យ​ពួក​គេ​ចុះ​ពី​ឡាន​ក្រុង។ បន្ទាប់​មក ទាហាន​ទាំង​នោះ​បាន​ឲ្យ​បង​ប្អូន​ឯ​ទៀត​នៅ​ក្នុង​ឡាន​ក្រុង​បន្ដ​ធ្វើ​ដំណើរ។ អស់​ពីរ​ថ្ងៃ ពួក​ទាហាន​មិន​បាន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ​នោះ​ចាក​ចេញ​ទេ។ នៅ​ទី​បំផុត ទាហាន​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ទី​នោះ​បាន​ទូរស័ព្ទ​ទៅ​ថ្នាក់​លើ ហើយ​បាន​សុំ​យោបល់​អំពី​អ្វី​ដែល​គាត់​គួរ​ធ្វើ​ចំពោះ​ក្រុម​គ្រួសារ​នោះ។ ក្រុម​គ្រួសារ​នោះ​នៅ​ជិត​គាត់ ហើយ​អាច​ឮ​ថ្នាក់​លើ​នោះ​ឆ្លើយ​ថា​៖ ​«​យក​ពួក​វា​ចេញ​ទៅ​ក្រៅ ហើយ​បាញ់​ចោល​ទៅ!​»។

កាល​ដែល​ពួក​ទាហាន​កំពុង​និយាយ​គ្នា មនុស្ស​ពីរ​នាក់​ដែល​ក្រុម​គ្រួសារ​នោះ​មិន​ធ្លាប់​ស្គាល់​បាន​ដើរ​តម្រង់​ទៅ​ពួក​គេ។ បុគ្គល​ពីរ​នាក់​នោះ​ខ្សឹប​ប្រាប់​ថា​ពួក​គាត់​ក៏​ជា​សាក្សី​ព្រះ​យេហូវ៉ា​ដែរ ហើយ​ថា​បង​ប្អូន​ក្នុង​ឡាន​ក្រុង​បាន​ប្រាប់​ពួក​គាត់​អំពី​អ្វី​ដែល​បាន​កើត​ឡើង។ សាក្សី​ពីរ​នាក់​នោះ​បាន​ប្រាប់​ប្អូន​មិឡាន​និង​ប្អូន​ប្រុស​របស់​គាត់​ឲ្យ​ចូល​ក្នុង​ឡាន​របស់​ពួក​គាត់​ដើម្បី​ឆ្លង​កាត់​ព្រំ​ដែន ដោយ​សារ​ទាហាន​មិន​ឆែក​ឆេរ​រក​ឯកសារ​របស់​កូន​ក្មេង​ទេ។ បន្ទាប់​មក បង​ប្រុស​ពីរ​នាក់​នោះ​បាន​ប្រាប់​ឪ​ពុក​ម្ដាយ​របស់​ប្អូន​មិឡាន​ឲ្យ​ដើរ​ខាង​ក្រោយ​ប៉ុស្តិ៍​ឆែក​ឆេរ​នៅ​ព្រំ​ដែន ហើយ​ជួប​ពួក​គាត់​ក្រោយ​ពី​ឆ្លង​ព្រំ​ដែន​រួច​ហើយ។ ប្អូន​មិឡាន​ភ័យ​ខ្លាច​ជា​ខ្លាំង​រហូត​ដល់​គាត់​មិន​ដឹង​ថា​គួរ​សើច​ឬ​គួរ​យំ​ទេ។ ឪ​ពុក​ម្ដាយ​របស់​គាត់​បាន​សួរ​ថា​៖ ​«​តើ​ពួក​គេ​ពិត​ជា​នឹង​ឲ្យ​យើង​ដើរ​ចេញ​ឬ?​»។ ប៉ុន្ដែ កាល​ដែល​ពួក​គេ​បាន​ដើរ​ចេញ គឺ​ហាក់​ដូច​ជា​ទាហាន​ទាំង​នោះ​មិន​បាន​ឃើញ​ពួក​គេ។ ប្អូន​មិឡាន​និង​ប្អូន​ប្រុស​របស់​គាត់​បាន​ជួប​ឪ​ពុក​ម្ដាយ​ពេល​ដែល​ពួក​គេ​បាន​ឆ្លង​ផុត​ព្រំ​ដែន ហើយ​ពួក​គេ​ទាំង​អស់​គ្នា​បាន​ចូល​រួម​មហា​សន្និបាត។ ពួក​គេ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គេ! យើង​ដឹង​ពី​គម្ពីរ​ថា​ព្រះ​យេហូវ៉ា​មិន​តែង​តែ​ចាត់​វិធានការ​ដើម្បី​ការពារ​ជីវិត​របស់​អ្នក​បម្រើ​លោក​ទេ។ (​សកម្មភាព ៧:៥៨​-​៦០​) ប៉ុន្ដែ ក្នុង​ករណី​នេះ ប្អូន​មិឡាន​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​គិត​ថា​ទេវតា​បានធ្វើ​ឲ្យ​ពួក​ទាហាន​មើល​មិន​ឃើញ​យើង ហើយ​ថា​ព្រះ​យេហូវ៉ា​បាន​ជួយ​សង្គ្រោះ​យើង​»។—ទំនុក​តម្កើង ៩៧:១០

តើ​អ្នក​មាន​ចិត្ដ​ចង់​ជួយ​អ្នក​ឯ​ទៀត​ជា​ខ្លាំង ហើយ​បង្រៀន​ពួក​គេ​អំពី​ព្រះ​យេហូវ៉ា​ដូច​លោក​យេស៊ូ​បាន​ធ្វើ​ឬ​ទេ?

៩​. តើ​លោក​យេស៊ូ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​មនុស្ស? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

លោក​យេស៊ូ​ជា​គំរូ​ដ៏​ល្អ​ប្រសើរ​ស្ដី​អំពី​ចិត្ដ​អាណិត​មេត្ដា។ លោក​មាន​ចិត្ដ​អាណិត​អាសូរ​ចំពោះ​មនុស្ស​ពី​ព្រោះ​លោក​បាន​ឃើញ​ថា​«​ពួក​គេ​បាន​ត្រូវ​គេ​ធ្វើ​ទុក្ខ និង​ទុក​ចោល​ឲ្យ​នៅ​រាត់​រាយ​ដូច​សត្វ​ចៀម​ដែល​គ្មាន​គង្វាល​»។ ដូច្នេះ តើ​លោក​បាន​ធ្វើ​អ្វី? ​«​លោក​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ​អ្វី​ៗ​ជា​ច្រើន​»។ (​ម៉ាថាយ ៩:៣៦; សូម​អាន ម៉ាកុស ៦:៣៤) ផ្ទុយ​ពី​លោក​យេស៊ូ ពួក​ផារិស៊ី​មិន​មាន​ចិត្ដ​អាណិត​មេត្ដា ហើយ​មិន​ចង់​ជួយ​អ្នក​ឯ​ទៀត​ទេ។ (​ម៉ាថាយ ១២:៩​-​១៤; ២៣:៤; យ៉ូហាន ៧:៤៩​) តើ​អ្នក​មាន​ចិត្ដ​ចង់​ជួយ​អ្នក​ឯ​ទៀត​ជា​ខ្លាំង ហើយ​បង្រៀន​ពួក​គេ​អំពី​ព្រះ​យេហូវ៉ា​ដូច​លោក​យេស៊ូ​បាន​ធ្វើ​ឬ​ទេ?

១០, ១១​. តើ​ការ​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា​ជា​និច្ច​ជា​អ្វី​ដែល​សម​ត្រឹម​ត្រូវ​ឬ​ទេ? សូម​ពន្យល់។

១០ នេះ​មិន​មាន​ន័យ​ថា​គឺ​សម​ត្រឹម​ត្រូវ​ឲ្យ​យើង​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា​ជា​និច្ច​នោះ​ទេ។ ជា​ឧទាហរណ៍ ស្ដេច​សុល​ប្រហែល​ជា​បាន​គិត​ថា​គាត់​បាន​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា ពេល​គាត់​មិន​បាន​សម្លាប់​អ័កាក់​ដែល​ជា​ស្ដេច​នៃ​ជន​ជាតិ​អាម៉ាលេក ហើយ​ជា​សត្រូវ​របស់​រាស្ដ្រ​ព្រះ។ សុល​ក៏​មិន​បាន​សម្លាប់​សត្វ​របស់​ជន​ជាតិ​អាម៉ាលេក​ឲ្យ​អស់​ដែរ។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​បាន​ប្រាប់​សុល​ឲ្យ​សម្លាប់​ជន​ជាតិ​អាម៉ាលេក​ទាំង​អស់​និង​សត្វ​ទាំង​អស់​របស់​ពួក​គេ។ ដោយ​សារ​សុល​មិន​ស្តាប់​បង្គាប់ ព្រះ​យេហូវ៉ា​លែង​ទទួល​ស្គាល់​គាត់​ជា​ស្ដេច​ទៀត។ (​សាំយូអែល​ទី១ ១៥:៣, ៩, ១៥​) ព្រះ​យេហូវ៉ា​ជា​ចៅ​ក្រម​ដ៏​សុចរិត។ លោក​អាច​ឃើញ​អ្វី​ដែល​នៅ​ក្នុង​ចិត្ដ​របស់​មនុស្ស ហើយ​លោក​ដឹង​ថា​នៅ​ពេល​ណា​ដែល​លោក​មិន​គួរ​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា។ (​បរិទេវ ២:១៧; អេសេគាល ៥:១១​) មិន​យូរ​ទៀត លោក​នឹង​វិនិច្ឆ័យ​ទោស​អស់​អ្នក​ដែល​មិន​ព្រម​ស្តាប់​បង្គាប់​លោក។ (​ថែស្សាឡូនិច​ទី២ ១:៦​-​១០​) នោះ​មិន​មែន​ជា​ពេល​ដែល​ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា​ចំពោះ​មនុស្ស​អាក្រក់​ឡើយ។ ប៉ុន្ដែ ដោយ​បំផ្លាញ​ពួក​គេ លោក​នឹង​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា​ចំពោះ​មនុស្ស​សុចរិត​ដែល​លោក​នឹង​សង្គ្រោះ។

១១ យើង​មិន​មាន​ភារកិច្ច​វិនិច្ឆ័យ​មនុស្ស​ថា​ពួក​គេ​គួរ​រស់​ឬ​គួរ​ស្លាប់​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​ខំ​អស់​ពី​សមត្ថភាព​នៅ​ឥឡូវ​នេះ​ដើម្បី​ជួយ​មនុស្ស។ តើ​យើង​អាច​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា​ចំពោះ​អ្នក​ឯ​ទៀត​តាម​របៀប​ណា? សូម​ពិចារណា​អំពី​យោបល់​ខ្លះ។

របៀប​ដែល​យើង​អាច​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា

១២​. តើ​អ្នក​អាច​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា​ចំពោះ​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

១២ ចូរ​ជួយ​អ្នក​ឯ​ទៀត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​គ្រិស្ដ​សាសនិក​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា​ចំពោះ​អ្នក​ជិត​ខាង​និង​ចំពោះ​បង​ប្អូន​រួម​ជំនឿ។ (​យ៉ូហាន ១៣:៣៤, ៣៥; ពេត្រុស​ទី១ ៣:៨​) អត្ថន័យ​មួយ​នៃ​ចិត្ដ​អាណិត​មេត្ដា​គឺ​«​រង​ទុក្ខ​ជា​មួយ​គ្នា​»។ បុគ្គល​ម្នាក់​ដែល​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា​ព្យាយាម​ជួយ​ពួក​អ្នក​ដែល​រង​ទុក្ខ។ ដូច្នេះ យើង​គួរ​ស្វែង​រក​ឱកាស​ដើម្បី​ជួយ​អ្នក​ឯ​ទៀត ប្រហែល​ជា​ដោយ​ស្នើ​សុំ​ធ្វើ​កិច្ច​ការ​ណា​មួយ​ឲ្យ​ពួក​គេ។—ម៉ាថាយ ៧:១២

ចូរ​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា​ដោយ​ជួយ​អ្នក​ឯ​ទៀត​តាម​របៀប​មួយ​ដែល​មាន​ប្រយោជន៍ (​សូម​មើល​វគ្គ​១២​)

១៣​. តើ​រាស្ដ្រ​របស់​ព្រះ​ធ្វើ​អ្វី​ក្រោយ​ពី​គ្រោះ​មហន្ដរាយ?

១៣ ចូរ​រួម​ចំណែក​ក្នុង​កិច្ច​ការ​ផ្ដល់​ជំនួយ។ ពេល​ដែលយើង​ឃើញ​មនុស្ស​កំពុង​រង​ទុក្ខ​ដោយ​សារ​គ្រោះ​មហន្ដរាយ យើង​ចង់​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា​ចំពោះ​ពួក​គេ។ រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​គេ​ស្គាល់​ជា​ទូ​ទៅ​ថា​ជា​អ្នក​ផ្ដល់​ជំនួយ​ក្នុង​គ្រា​បែប​នេះ។ (​ពេត្រុស​ទី១ ២:១៧​) ជា​ឧទាហរណ៍ នៅ​ឆ្នាំ​២០១១ បង​ស្រី​ជន​ជាតិ​ជប៉ុន​ម្នាក់​បាន​រស់​នៅ​តំបន់​ដែល​បាន​ត្រូវ​បំផ្លិច​បំផ្លាញ​ដោយ​រញ្ជួយ​ដី​និង​រលក​យក្ស​ស៊ូណាមី។ គាត់​បាន​និយាយ​ថា ពេល​ដែល​គាត់​ឃើញ​អ្នក​ស្ម័គ្រ​ចិត្ដ​ដែល​មក​ពី​តំបន់​ផ្សេង​ៗ​នៃ​ប្រទេស​ជប៉ុន​និង​ពី​ប្រទេស​ឯ​ទៀត​បាន​មក​ជួយ​ជួស​ជុល​ផ្ទះ​និង​សាល​ប្រជុំ នោះ​«​បាន​លើក​ទឹក​ចិត្ដ​និង​សម្រាល​ទុក្ខ​»​គាត់​ជា​ខ្លាំង។ គាត់​បាន​បន្ថែម​ទៀត​ថា​៖ ​«​បទ​ពិសោធន៍​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ខ្ញុំ ហើយ​ថា​បង​ប្អូន​រួម​ជំនឿ​ក៏​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ បង​ប្អូន​ជា​ច្រើន​នាក់​នៅ​ទូ​ទាំង​ពិភព​លោក​កំពុង​អធិដ្ឋាន​ឲ្យ​យើង​»។

១៤​. តើ​អ្នក​អាច​ជួយ​ពួក​អ្នក​ដែល​ឈឺ​និង​ពួក​អ្នក​ដែល​មាន​វ័យ​ចាស់​យ៉ាង​ដូច​ម្ដេច?

១៤ ចូរ​ជួយ​ពួក​អ្នក​ដែល​ឈឺ​និង​ពួក​អ្នក​ដែល​មាន​វ័យ​ចាស់។ ពេល​យើង​ឃើញ​មនុស្ស​រង​ទុក្ខ​ដោយ​សារ​ជំងឺ​និង​ដោយ​សារភាព​ចាស់​ជរា យើង​មាន​ចិត្ដ​អាណិត​មេត្ដា។ យើង​ចង់​ឃើញ​បញ្ហា​ទាំង​នេះ​លែង​មាន​ទៀត ដូច្នេះ​យើង​អធិដ្ឋាន​សូម​ឲ្យ​រាជាណាចក្រ​របស់​ព្រះ​មក​ដល់។ តែ​ទម្រាំ​ដល់​ពេល​នោះ យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​អ្នក​ដែល​ឈឺ​និង​អ្នក​ដែល​មាន​វ័យ​ចាស់។ អ្នក​និពន្ធ​ម្នាក់​បាន​សរសេរ​ថា នៅ​ថ្ងៃ​មួយ​ម្ដាយ​របស់​គាត់​ដែល​មាន​វ័យ​ចាស់​និង​ដែល​មាន​ជំងឺ​ភ្លេច​ភ្លាំង បាន​ជុះ​ដាក់​សម្លៀក​បំពាក់​របស់​ខ្លួន។ កាល​ដែល​គាត់​កំពុង​ព្យាយាម​លាង​សម្អាត មាន​គេ​ចុច​កណ្ដឹង​ផ្ទះ​របស់​គាត់។ អ្នក​នោះ​គឺ​សាក្សី​ព្រះ​យេហូវ៉ា​ពីរ​នាក់​ដែល​មក​លេង​គាត់​ជា​ទៀង​ទាត់។ បង​ស្រី​ពីរ​នាក់​នោះ​បាន​សួរ​ថា​តើ​ពួក​គេ​អាច​ជួយ​បានឬ​ទេ? ម្ដាយ​របស់​អ្នក​និពន្ធ​នោះ​បាន​ឆ្លើយ​ថា​៖ ​«​ចាស តែ​គួរ​ឲ្យ​ខ្មាស​គេ​ណាស់​»។ ដូច្នេះ​បង​ស្រី​ពីរ​នាក់​នោះ​បាន​ជួយ​គាត់​ក្នុង​ការ​លាង​សម្អាត។ បន្ទាប់​មក ពួក​គេ​បាន​ឆុង​តែ​ឲ្យ​គាត់ ហើយ​បាន​ជជែក​លេង​ជា​មួយ​នឹង​គាត់។ អ្នក​និពន្ធ​នោះ​មាន​ចិត្ដ​កតញ្ញូ​ជា​ខ្លាំង ហើយ​បាន​និយាយ​ថា​សាក្សី​«​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​ផ្សព្វ​ផ្សាយ​»។ តើ​ចិត្ដ​អាណិត​មេត្ដា​របស់​អ្នក​ចំពោះ​ពួក​អ្នក​ដែល​ឈឺ​និង​ពួក​អ្នក​ដែល​មាន​វ័យ​ចាស់ ជំរុញ​ចិត្ដ​អ្នក​ឲ្យ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​ពួក​គេ​ឬ​ទេ?—ភីលីព ២:៣, ៤

១៥​. តើ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​ជួយ​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

១៥ ចូរ​ជួយ​មនុស្ស​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា។ របៀប​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​ជួយ​មនុស្ស​គឺ​ដោយ​បង្រៀន​ពួក​គេ​អំពី​ព្រះ​និង​រាជាណាចក្រ​របស់​លោក។ របៀប​មួយ​ទៀត​គឺ​ជួយ​ពួក​គេ​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​ការ​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​ពួក​គេ​ទទួល​ប្រយោជន៍។ (​អេសាយ ៤៨:១៧, ១៨​) កិច្ច​បម្រើ​ផ្សាយ​គឺ​ជា​វិធី​មួយ​ដ៏​អស្ចារ្យ​ដើម្បី​លើក​កិត្ដិ​យស​ព្រះ​យេហូវ៉ា ហើយ​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា​ចំពោះ​អ្នក​ឯ​ទៀត។ តើ​អ្នក​អាច​ធ្វើ​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ឬ​ទេ?—ធីម៉ូថេ​ទី១ ២:៣, ៤

ការ​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា​ក៏​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដែរ!

១៦​. តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពេល​យើង​មាន​ចិត្ដ​អាណិត​មេត្ដា?

១៦ អ្នក​ជំនាញ​ខាង​សុខភាព​ផ្លូវ​ចិត្ដ​និយាយ​ថា ការ​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា​អាច​ធ្វើ​ឲ្យ​សុខភាព​របស់​យើង​និង​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​កាន់​តែ​ល្អ​ប្រសើរ​ឡើង។ ពេល​អ្នក​ជួយ​ពួក​អ្នក​ដែល​រង​ទុក្ខ អ្នក​នឹង​សប្បាយ​ជាង កាន់​តែ​មាន​សេចក្ដី​សង្ឃឹម មិន​សូវ​មាន​អារម្មណ៍​ឯកោ និង​មិន​សូវ​មាន​ទស្សនៈ​មិន​ល្អ។ ការ​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា​មាន​ប្រយោជន៍​សម្រាប់​អ្នក។ (​អេភេសូរ ៤:៣១, ៣២​) ពេល​សេចក្ដី​ស្រឡាញ់​ជំរុញ​ចិត្ដ​យើង​ឲ្យ​ជួយ​អ្នក​ឯ​ទៀត នោះ​នាំ​ឲ្យ​យើង​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស ដោយ​សារ​យើង​ដឹង​ថា​យើង​កំពុង​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ។ ចិត្ដ​អាណិត​មេត្ដា​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ជា​ឪ​ពុក​ម្ដាយ គូ​អាពាហ៍​ពិពាហ៍ និង​មិត្ដ​ភក្ដិ​ល្អ​ប្រសើរ​ជាង។ ម្យ៉ាង​ទៀត តាម​ធម្មតា​មនុស្ស​ដែល​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា​ចំពោះ​អ្នក​ឯ​ទៀត ទទួល​ជំនួយ​ពេល​ដែល​ពួក​គេ​ត្រូវ​ការ។—សូម​អាន ម៉ាថាយ ៥:៧; លូកា ៦:៣៨

១៧​. ហេតុ​អ្វី​អ្នក​ចង់​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា?

១៧ ទោះ​ជា​ការ​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា​មាន​ប្រយោជន៍​សម្រាប់​យើង​ក្ដី មូលហេតុ​ដ៏​សំខាន់​ចម្បង​ដែល​យើង​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា​គឺ​យើង​ចង់​យក​តម្រាប់​ព្រះ​យេហូវ៉ា​និង​ឲ្យ​លោក​ទទួល​ការ​សរសើរ​តម្កើង។ លោក​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​អាណិត​មេត្ដា។ (​សុភាសិត ១៤:៣១​) លោក​ទុក​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​ឲ្យ​យើង។ ដូច្នេះ សូម​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​យក​តម្រាប់​ព្រះ​ដោយ​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា។ យ៉ាង​នេះ យើង​នឹង​ចូល​កាន់​តែ​ជិត​បង​ប្អូន​របស់​យើង ហើយ​មាន​ចំណង​មិត្ដភាព​ល្អ​ប្រសើរ​ជាង​ជា​មួយ​នឹង​មនុស្ស​ដែល​នៅ​ជុំ​វិញ​យើង។—កាឡាទី ៦:១០; យ៉ូហាន​ទី១ ៤:១៦