លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

​«​បណ្ដាំ​របស់​ព្រះ​គឺ . . . មាន​ឫទ្ធា​នុភាព​»​

​«​បណ្ដាំ​របស់​ព្រះ​គឺ . . . មាន​ឫទ្ធា​នុភាព​»​

​«​បណ្ដាំ​របស់​ព្រះ​គឺ​មាន​ជីវិត​រស់​នៅ ហើយ​មាន​ឫទ្ធា​នុភាព​»។—ហេប្រឺ ៤:១២

ចម្រៀង​លេខ: ៣៧, ៥២

១​. តើ​អ្វី​ធ្វើ​ឲ្យ​អ្នក​ជឿ​ជាក់​ថា​បណ្ដាំ​របស់​ព្រះ​មាន​ឫទ្ធា​នុភាព? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​ជឿ​ជាក់​ថា​បណ្ដាំ​របស់​លោក​ចំពោះ​មនុស្សជាតិ ​«​គឺ​មាន​ជីវិត​រស់​នៅ ហើយ​មាន​ឫទ្ធា​នុភាព​»។ (​ហេប្រឺ ៤:១២​) យើង​បាន​ឃើញ​ឫទ្ធា​នុភាព​ពី​គម្ពីរ​ក្នុង​ជីវិត​របស់​យើង​និង​ជីវិត​របស់​អ្នក​ឯ​ទៀត។ មុន​អ្នក​ខ្លះ​បាន​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា ពួក​គេ​ធ្លាប់​ជា​ចោរ ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ឬ​ជា​អ្នក​ញៀន​ថ្នាំ។ មនុស្ស​ខ្លះ​ទៀត​ធ្លាប់​មាន​ឈ្មោះ​ល្បី​ឬ​ជា​អ្នក​មាន ប៉ុន្ដែ​ពួក​គេ​នៅ​តែ​មាន​អារម្មណ៍​ថា​ពួក​គេ​ខ្វះ​អ្វី​មួយ​ក្នុង​ជីវិត។ (​សាស្តា ២:៣​-​១១​) តែ​យើង​សប្បាយ​ចិត្ដ​ណាស់​ដែល​មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​អស់​សង្ឃឹម​និង​គ្មាន​គោល​បំណង​ក្នុង​ជីវិត ឥឡូវ​មាន​គោល​បំណង​និង​មាន​សេចក្ដី​សង្ឃឹម។ យើង​បាន​អាន​បទ​ពិសោធន៍​ជា​ច្រើន​អំពី​បុគ្គល​បែប​នេះ​នៅ​ក្នុង​អត្ថបទ​ត​ភាគ​នៃ​ទស្សនាវដ្ដី​ប៉ម​យាម​ដែល​មាន​ចំណង​ជើង​ថា ​«​គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត​»។ ម្យ៉ាង​ទៀត ក្រោយ​ពី​យើង​បាន​ក្លាយ​ទៅ​ជា​គ្រិស្ដ​សាសនិក យើង​ទាំង​អស់​គ្នា​ត្រូវ​បន្ដ​ពង្រឹង​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដោយ​មាន​ជំនួយ​ពី​គម្ពីរ។

២​. តើ​ឫទ្ធា​នុភាព​ដែល​មក​ពី​បណ្ដាំ​របស់​ព្រះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​មនុស្ស​នៅ​សតវត្សរ៍​ទី១?

យើង​មិន​ភ្ញាក់​ផ្អើល​ទេ​ដែល​មនុស្ស​ជា​ច្រើន​កែ​ប្រែ​ជីវិត​ពេល​ពួក​គេ​រៀន​សេចក្ដី​ពិត។ បង​ប្អូន​របស់​យើង​នៅ​សតវត្សរ៍​ទី១​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ ក៏​បាន​ធ្វើ​ការ​កែ​ប្រែ​បែប​នេះ​ក្នុង​ជីវិត​ដែរ។ (​សូម​អាន កូរិនថូស​ទី១ ៦:៩​-​១១) ពេល​ប៉ូល​និយាយ​អំពី​មនុស្ស​ដែល​នឹង​មិន​ទទួល​រាជាណាចក្រ​របស់​ព្រះ​ជា​មត៌ក គាត់​បាន​និយាយ​ថា​៖ ​«​អ្នក​រាល់​គ្នា​ខ្លះ​ធ្លាប់​ជា​មនុស្ស​បែប​នោះ​»។ បណ្ដាំ​របស់​ព្រះ​និង​សកម្មពល​បរិសុទ្ធ​របស់​លោក​បាន​ជួយ​អ្នក​ទាំង​នោះ​ឲ្យ​កែ​ប្រែ។ ប៉ុន្ដែ​សូម្បី​តែ​ពួក​គេ​បាន​ទៅ​ជា​គ្រិស្ដ​សាសនិក​ក៏​ដោយ អ្នក​ខ្លះ​បាន​ធ្វើ​ខុស​ធ្ងន់​ធ្ងរ ហើយ​នេះ​បាន​ប៉ះ​ពាល់​ដល់​ចំណង​មិត្ដភាព​របស់​ពួក​គេ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ គម្ពីរ​រៀប​រាប់​អំពី​បង​ប្រុស​ម្នាក់​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្ដភាព។ ក្រោយ​មក​គាត់​បាន​កែ​ប្រែ​ដើម្បី​គាត់​អាច​ទៅ​ជា​សមាជិក​ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក​ឡើង​វិញ។ (​កូរិនថូស​ទី១ ៥:១​-​៥; កូរិនថូស​ទី២ ២:៥​-​៨​) យើង​ទទួល​ការ​លើក​ទឹក​ចិត្ដ​ដោយ​ដឹង​ថា​បង​ប្អូន​របស់​យើង​បាន​ធ្វើ​ការ​កែ​ប្រែ​ជា​ច្រើន​ដោយ​សារ​ឫទ្ធា​នុភាព​ដែល​មក​ពី​បណ្ដាំ​របស់​ព្រះ។

៣​. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

បណ្ដាំ​របស់​ព្រះ​មាន​ឫទ្ធា​នុភាព​ដ៏​ខ្លាំង​ក្លា។ ដោយ​សារ​នេះ​ជា​អំណោយ​ពី​ព្រះ​យេហូវ៉ា យើង​ចង់​ប្រើ​អំណោយ​នោះ​ឲ្យ​មាន​ប្រយោជន៍​ច្រើន​បំផុត។ (​ធីម៉ូថេ​ទី២ ២:១៥​) ក្នុង​អត្ថបទ​នេះ​យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ឲ្យ​ឫទ្ធា​នុភាព​ដែល​មក​ពី​គម្ពីរ​មាន​ឥទ្ធិពល (​១​) ក្នុង​ជីវិត​របស់​យើង (​២​) ក្នុង​កិច្ច​បម្រើ​ផ្សាយ និង (​៣​) ពេល​យើង​បង្រៀន​នៅ​លើ​វេទិកា។ អ្វី​ដែល​យើង​នឹង​រៀន​ក្នុង​អត្ថបទ​នេះ នឹង​ជួយ​យើង​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ចិត្ដ​កតញ្ញូ​ចំពោះ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ដែល​បង្រៀន​យើង​ឲ្យ​ទទួល​ប្រយោជន៍។—អេសាយ ៤៨:១៧

ក្នុង​ជីវិត​របស់​យើង

៤​. (​ក​) តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ឲ្យ​បណ្ដាំ​របស់​ព្រះ​មាន​ឥទ្ធិពល​មក​លើ​យើង? (​ខ​) តើ​អ្នក​ធ្វើ​អ្វី​ដើម្បី​មាន​ពេល​អាន​គម្ពីរ?

ដើម្បី​ឲ្យ​បណ្ដាំ​របស់​ព្រះ​ដែល​មាន​នៅ​ក្នុង​គម្ពីរ​មាន​ឥទ្ធិពល​មក​លើ​យើង យើង​ត្រូវ​អាន​គម្ពីរ​ជា​ទៀង​ទាត់។ យើង​គួរ​ព្យាយាម​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ។ (​យ៉ូស្វេ ១:៨​) យើង​ភាគ​ច្រើន​ជាប់​រវល់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ប៉ុន្ដែ​យើង​មិន​គួរ​ឲ្យ​អ្វី​ណា​ក៏​ដោយ​រួម​ទាំង​ភារកិច្ច​របស់​យើង រា​រាំង​យើង​ពី​ការ​អាន​គម្ពីរ​ឡើយ។ (​សូម​អាន អេភេសូរ ៥:១៥, ១៦) យើង​ប្រហែល​ជា​លៃ​ទុក​ពេល​ដើម្បី​ធ្វើ​ដូច្នេះ​នៅ​ពេល​ព្រឹក ពេល​ថ្ងៃ ឬ​ពេល​យប់។ ទស្សនៈ​របស់​យើង​គឺ​ដូច​អ្នក​តែង​ទំនុក​តម្កើង​ដែល​បាន​សរសេរ​ថា​៖ ​«​ទូល​បង្គំ​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎! ទូល​បង្គំ​រំពឹង​គិត​ពី​ក្រិត្យ​វិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ​»។—ទំនុក​តម្កើង ១១៩:៩៧

យើង​មិន​គួរ​ឲ្យ​អ្វី​ណា​ក៏​ដោយ​រួម​ទាំង​ភារកិច្ច​របស់​យើង រា​រាំង​យើង​ពី​ការ​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ​ឡើយ

៥, ៦​. (​ក​) ហេតុ​អ្វី​យើង​ត្រូវ​រំពឹង​គិត? (​ខ​) តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ការ​រំពឹង​គិត​របស់​យើង​មាន​ប្រសិទ្ធភាព? (​គ​) តើ​ការ​អាន​និង​គម្ពីរ​ការ​រំពឹង​គិត​បាន​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច?

ប៉ុន្ដែ ការ​អាន​គម្ពីរ​គឺ​មិន​គ្រប់​គ្រាន់​ទេ។ យើង​ត្រូវ​រំពឹង​គិត​ឬ​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​អ្វី​ដែល​យើង​បាន​អាន។ (​ទំនុក​តម្កើង ១:១​-​៣​) យ៉ាង​នេះ​ក្នុង​ជីវិត​របស់​យើង យើង​អាច​ធ្វើ​តាម​ការ​ណែនាំ​ពី​គម្ពីរ​ដែល​ប្រកប​ដោយ​ប្រាជ្ញា។ ដូច្នេះ​មិន​ថា​យើង​អាន​គម្ពីរ​ដែល​បាន​ត្រូវ​បោះ​ពុម្ព​ឬ​អាន​គម្ពីរ​តាម​គ្រឿង​អេឡិចត្រូនិក យើង​ចង់​ឲ្យ​បណ្ដាំ​របស់​ព្រះ​ជំរុញ​ចិត្ដ​យើង​និង​កែ​ប្រែ​យើង។

តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ការ​រំពឹង​គិត​របស់​យើង​មាន​ប្រសិទ្ធភាព? ពេល​យើង​អាន​គម្ពីរ​យើង​គួរ​ផ្អាក ហើយ​សួរខ្លួន​យើង​ថា ‹តើ​នេះ​បង្រៀន​ខ្ញុំ​អ្វី​អំពី​ព្រះ​យេហូវ៉ា? តើ​ខ្ញុំ​បាន​អនុវត្ដន៍​អ្វី​ទាំង​នេះ​យ៉ាង​ដូច​ម្ដេច​ក្នុង​ជីវិត​របស់​ខ្ញុំ? តើ​ខ្ញុំ​នៅ​តែ​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​អ្វី​ខ្លះ​ទៀត?›។ ពេល​យើង​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ ហើយ​អធិដ្ឋាន​អំពី​អ្វី​ដែល​យើង​អាន នេះ​នឹង​ជំរុញ​ចិត្ដ​យើង​ឲ្យ​ចង់​ធ្វើ​តាម។ យ៉ាង​នេះ​យើង​អាច​ឃើញ​ឫទ្ធា​នុភាព​ដែល​មក​ពី​គម្ពីរ​ក្នុង​ជីវិត​របស់​យើង។—កូរិនថូស​ទី២ ១០:៤, ៥

ក្នុង​កិច្ច​បម្រើ​ផ្សាយ

៧​. តើ​យើង​អាច​ប្រើ​បណ្ដាំ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង?

គឺ​សំខាន់​ដែល​យើង​ប្រើ​បណ្ដាំ​របស់​ព្រះ​ជា​ទៀង​ទាត់​ពេល​យើង​ផ្សព្វ​ផ្សាយ​និង​បង្រៀន​អ្នក​ឯ​ទៀត។ បង​ប្រុស​ម្នាក់​និយាយ​ថា​៖ ​«​បើ​អ្នក​កំពុង​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា តើ​អ្នក​នឹង​និយាយ​រហូត​ឬ​ទុក​ឱកាស​ឲ្យ​លោក​មាន​ប្រសាសន៍​ដែរ?​»។ ពេល​យើង​អាន​គម្ពីរ​ឲ្យ​អ្នក​ឯ​ទៀត​ស្តាប់ យើង​កំពុង​ទុក​ឱកាស​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​គាត់។ បទ​គម្ពីរ​ដែល​សម​ត្រឹម​ត្រូវ​ចំពោះ​អ្នក​ស្តាប់ មាន​ឥទ្ធិពល​ខ្លាំង​ជាង​អ្វី​ដែល​យើង​និយាយ​ទៅ​ទៀត។ (​ថែស្សាឡូនិច​ទី១ ២:១៣​) ពេល​អ្នក​ផ្សព្វ​ផ្សាយ តើ​អ្នក​ព្យាយាម​ប្រើ​គម្ពីរ​យ៉ាង​ច្រើន​ឬ​ទេ?

ពេល​យើង​អាន​គម្ពីរ​ឲ្យ​អ្នក​ឯ​ទៀត​ស្តាប់ យើង​កំពុង​ទុក​ឱកាស​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​គាត់

៨​. ហេតុ​អ្វី​ពេល​យើង​ផ្សព្វ​ផ្សាយ​ការ​អាន​បទ​គម្ពីរ​ប៉ុណ្ណោះ​គឺ​មិន​គ្រប់​គ្រាន់?

ប៉ុន្ដែ ពេល​យើង​ផ្សព្វ​ផ្សាយ ការ​អាន​បទ​គម្ពីរ​ប៉ុណ្ណោះ​គឺ​មិន​គ្រប់​គ្រាន់​ទេ។ ដូច​មនុស្ស​នៅ​សតវត្សរ៍​ទី១ មនុស្ស​ភាគ​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​មិន​យល់​អត្ថន័យ​នៃ​បទ​គម្ពីរ​ដែរ។ (​រ៉ូម ១០:២​) យើង​មិន​គួរ​ឆាប់​សន្និដ្ឋាន​ថា​ម្ចាស់​ផ្ទះ​យល់​អត្ថន័យ​នៃ​បទ​គម្ពីរ​ដែល​យើង​អាន​ឡើយ។ យើង​អាច​ជួយ​ម្ចាស់​ផ្ទះ​ដោយ​បញ្ជាក់​ឡើង​វិញ​នូវ​ពាក្យ​សំខាន់​ពី​បទ​គម្ពីរ ហើយ​ពន្យល់​អត្ថន័យ​នៃ​ពាក្យ​ទាំង​នោះ។ តាម​របៀប​នេះ បណ្ដាំ​របស់​ព្រះ​អាច​មាន​ឥទ្ធិពល​លើ​ចិត្ដ​និង​គំនិត​របស់​មនុស្ស។—សូម​អាន លូកា ២៤:៣២

៩​. មុន​យើង​អាន​បទ​គម្ពីរ​ណា​មួយ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​មនុស្ស​ឲ្យ​តម្លៃ​ទៅ​លើ​គម្ពីរ? សូម​លើក​ឧទាហរណ៍។

អ្វី​ដែល​យើង​និយាយ​មុន​យើង​អាន​បទ​គម្ពីរ​ក៏​អាច​ជួយ​ម្ចាស់​ផ្ទះ​ឲ្យ​តម្លៃ​លើ​គម្ពីរ​ដែរ។ ជា​ឧទាហរណ៍ យើង​អាច​និយាយ​ថា ​«​សូម​មើល​អ្វី​ដែល​អ្នក​បង្កើត​និយាយ​អំពី​រឿង​នេះ​»។ បើ​យើង​និយាយ​ជា​មួយ​អ្នក​ដែល​មិន​កាន់​គ្រិស្ដ​សាសនា យើង​អាច​និយាយ​ថា ​«​សូម​មើល​អ្វី​ដែល​សៀវភៅ​បុរាណ​នេះ​ប្រាប់​យើង​»។ បើ​យើង​ជួប​បុគ្គល​ដែល​មិន​ចាប់​អារម្មណ៍​នឹង​សាសនា យើង​អាច​និយាយ​ថា ​«​សូម​មើល​សៀវភៅ​នេះ​ដែល​មាន​យោបល់​ល្អ​ៗ​សម្រាប់​យើង​ទាំង​អស់​គ្នា​»។ បើ​យើង​ចាំ​ថា​បុគ្គល​ម្នាក់​ៗ​មាន​ជំនឿ​និង​វប្បធម៌​ផ្ទាល់​ខ្លួន យើង​នឹង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​ពាក្យ​ផ្ដើម​របស់​យើង​ទាក់​ទាញ​ចិត្ដ​គាត់។—កូរិនថូស​ទី១ ៩:២២, ២៣

១០​. (​ក​) តើ​បង​ប្រុស​ម្នាក់​មាន​បទ​ពិសោធន៍​អ្វី? (​ខ​) ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​អ្នក តើ​អ្នក​បាន​ឃើញ​ឫទ្ធា​នុភាព​នៃ​បណ្ដាំ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

១០ បង​ប្អូន​ជា​ច្រើន​នាក់​បាន​ឃើញ​ថា ការ​ប្រើ​បណ្ដាំ​របស់​ព្រះ​ពេល​ពួក​គេ​ផ្សព្វ​ផ្សាយ​អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​អ្នក​ស្តាប់។ ជា​ឧទាហរណ៍ បង​ប្រុស​ម្នាក់​បាន​ទៅ​ជួប​បុរស​វ័យ​ចាស់​ដែល​បាន​អាន​ទស្សនាវដ្ដី​របស់​យើង​អស់​ជា​ច្រើន​ឆ្នាំ។ នៅ​ថ្ងៃ​មួយ ជា​ជាង​គ្រាន់​តែ​ឲ្យ​ទស្សនាវដ្ដី​ប៉ម​យាម​លេខ​ថ្មី​ដល់​បុរស​វ័យ​ចាស់​នោះ បង​ប្រុស​យើង​បាន​អាន​បទ​គម្ពីរ​មួយ​ឲ្យ​គាត់​ស្តាប់។ គាត់​បាន​អាន​កូរិនថូស​ទី២ ១:៣, ៤ ដែល​ចែង​ថា​៖ ‹បិតា​នៃ​សេចក្ដី​មេត្ដា​ករុណា និងព្រះ​នៃ​ការ​សម្រាល​ទុក្ខ​គ្រប់​យ៉ាង . . . សម្រាល​ទុក្ខ​យើង​ពី​សេចក្ដី​វេទនា​សព្វ​បែប​យ៉ាង›។ ពាក្យ​ទាំង​នេះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​បុរស​វ័យ​ចាស់​នោះ រហូត​ដល់​គាត់​សុំ​បង​ប្រុស​យើង​ឲ្យ​អាន​បទ​គម្ពីរ​នោះ​ម្ដង​ទៀត។ បុរស​នោះ​និយាយ​ថា​គាត់​និង​ប្រពន្ធ​គាត់​ពិត​ជា​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ។ ដោយ​សារ​បទ​គម្ពីរ​នេះ គាត់​ចង់​ដឹង​ថែម​ទៀត​អំពី​គម្ពីរ។ ការ​ប្រើ​បណ្ដាំ​របស់​ព្រះ​ពេល​យើង​ផ្សព្វ​ផ្សាយ គឺ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង!—សកម្មភាព ១៩:២០

ពេល​បង្រៀន​នៅ​លើ​វេទិកា

១១​. តើ​បង​ប្រុស​ដែល​បង្រៀន​នៅ​លើ​វេទិកា​មាន​ភារកិច្ច​អ្វី?

១១ យើង​ចូល​ចិត្ដ​ចូល​រួម​កិច្ច​ប្រជុំ សន្និបាត និង​មហា​សន្និបាត។ មូលហេតុ​សំខាន់​ចម្បង​ដែល​យើង​ចូល​រួម​កម្ម​វិធី​ទាំង​នេះ​គឺ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ យើង​ក៏​ទទួល​ប្រយោជន៍​ពី​អ្វី​ដែល​យើង​រៀន។ ហេតុ​នេះ​ហើយ បង​ប្រុស​ៗ​ដែល​បង្រៀន​ពី​លើ​វេទិកា​មាន​ឯកសិទ្ធិ​ដ៏​ធំ​មួយ តែ​នេះ​ក៏​ជា​ភារកិច្ច​ដ៏​ធ្ងន់​ធ្ងរ​មួយ​ដែរ។ (​យ៉ាកុប ៣:១​) ពួក​គាត់​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ការ​បង្រៀន​របស់​ពួក​គាត់​មាន​មូលដ្ឋាន​លើ​បណ្ដាំ​របស់​ព្រះ។ បើ​អ្នក​មាន​ឯកសិទ្ធិ​នេះ តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ឫទ្ធា​នុភាព​ដែល​មក​ពី​គម្ពីរ​មាន​ឥទ្ធិពល​លើ​អ្នក​ស្តាប់?

១២​. តើ​តាម​របៀប​ណា​អ្នក​ថ្លែង​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា​សុន្ទរកថា​របស់​គាត់​មាន​មូលដ្ឋាន​លើ​បទ​គម្ពីរ?

១២ បទ​គម្ពីរ​ត្រូវ​តែ​ជា​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​សុន្ទរកថា​នីមួយ​ៗ។ (​យ៉ូហាន ៧:១៦​) ដូច្នេះ សូម​ប្រុង​ប្រយ័ត្ន​មិន​ឲ្យ​របៀប​ដែល​អ្នក​ថ្លែង​សុន្ទរកថា បទ​ពិសោធន៍ ឬ​ឧទាហរណ៍​ដែល​អ្នក​លើក​ឡើង ទាក់​ទាញ​ចំណាប់​អារម្មណ៍របស់​អ្នក​ស្តាប់​ច្រើន​ជាង​គម្ពីរ​ឡើយ។ ម្យ៉ាង​ទៀត សូម​ចាំ​ថា​ការ​អាន​ពី​គម្ពីរ​គឺ​មិន​ដូច​គ្នា​នឹង​ការ​បង្រៀន​ពី​គម្ពីរ​ទេ។ តាម​ពិត បើ​អ្នក​អាន​បទ​គម្ពីរ​ច្រើន​ពេក មនុស្ស​ភាគ​ច្រើន​នឹង​មិន​ចាំ​បទ​គម្ពីរ​ទាំង​នោះ​ឡើយ។ ដូច្នេះ សូម​ជ្រើស​រើស​បទ​គម្ពីរ​ដែល​អ្នក​ចង់​ប្រើ​ដោយ​យក​ចិត្ដ​ទុក​ដាក់ ហើយ​លៃ​ទុក​ពេល​ដើម្បី​អាន ពន្យល់ លើក​ឧទាហរណ៍ និង​ជួយ​អ្នក​ស្តាប់​ឲ្យ​ដឹង​អំពី​របៀប​ដែល​ពួក​គេ​អាច​ធ្វើ​តាម​ឬ​របៀប​ដែល​បទ​គម្ពីរ​ទាំង​នោះ​ជាប់​ទាក់​ទង​នឹង​ប្រធានបទ​នៃ​សុន្ទរកថា។ (​នេហេមា ៨:៨​) ពេល​អ្នក​ទទួល​គម្រោង​សុន្ទរកថា​ពី​អង្គ​ការ​យើង សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​សិក្សា​បទ​គម្ពីរ​និង​ចំណុច​ដែល​បាន​ត្រូវ​លើក​ឡើង​ក្នុង​គម្រោង​នោះ។ សូម​ស្វែង​យល់​អំពី​របៀប​ដែល​បទ​គម្ពីរ​និង​គម្រោង​សុន្ទរកថា​ជាប់​ទាក់​ទង​គ្នា។ ក្រោយ​មក សូម​ប្រើ​បទ​គម្ពីរ​ទាំង​នោះ​ខ្លះ​ដើម្បី​បង្រៀន​ចំណុច​ដែល​មាន​នៅ​ក្នុង​គម្រោង​សុន្ទរកថា​នោះ។ (​អ្នក​អាច​រក​ឃើញ​យោបល់​ល្អ​ក្នុង​ចំណុច​ហាត់​រៀន​ទី​៥​និង​ទី​៦​នៃ​កូន​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា វិធី​បង្កើន​សមត្ថភាព​និយាយ​និង​បង្រៀន​) សំខាន់​បំផុត ចូរ​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ឲ្យ​អ្នក​អាច​រៀប​រាប់​អំពី​គំនិត​ដ៏​ល្អ​ប្រសើរ​របស់​លោក​ពី​គម្ពីរ។—សូម​អាន អែសរ៉ា ៧:១០; សុភាសិត ៣:១៣, ១៤

១៣​. (​ក​) តើ​បទ​គម្ពីរ​ដែល​បង​ស្រី​ម្នាក់​បាន​ឮ​នៅ​កិច្ច​ប្រជុំ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​គាត់? (​ខ​) តើ​អ្នក​បាន​ទទួល​ប្រយោជន៍​អ្វី​ពី​បទ​គម្ពីរ​ដែល​អ្នក​បាន​ឮ​នៅ​កិច្ច​ប្រជុំ?

១៣ ពេល​បង​ស្រី​ម្នាក់​ដែល​រស់​នៅ​ប្រទេស​អូស្ត្រាលី​មាន​វ័យ​ក្មេង រឿង​អាក្រក់​ជា​ច្រើន​បាន​កើត​ឡើង​ចំពោះ​គាត់។ ទោះ​ជា​នៅ​ពេល​ក្រោយ​មក​គាត់​ស្គាល់​ព្រះ​យេហូវ៉ា​ក៏​ដោយ គាត់​ពិបាក​ជឿ​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​ស្រឡាញ់​គាត់។ នៅ​កិច្ច​ប្រជុំ​មួយ បង​ស្រី​នោះ​បាន​ឮ​បទ​គម្ពីរ​ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​គាត់។ គាត់​បាន​រំពឹង​គិត​អំពី​បទ​គម្ពីរ​នោះ​និង​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ។ នេះ​នាំ​ឲ្យ​គាត់​អាន​ខ​គម្ពីរ​ឯ​ទៀត ហើយ​បាន​ធ្វើ​ឲ្យ​គាត់​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​ពិត​ជា​ស្រឡាញ់​គាត់។ * (​សូម​មើល​កំណត់​សម្គាល់​) ដូច​បង​ស្រី​នោះ តើ​អ្នក​ធ្លាប់​ឮ​បទ​គម្ពីរ​ណា​មួយ​នៅ​កិច្ច​ប្រជុំ សន្និបាត ឬ​មហា​សន្និបាត​ដែល​មាន​ឥទ្ធិពល​លើ​អ្នក​ឬ​ទេ?—នេហេមា ៨:១២

១៤​. តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​ស្រឡាញ់​និង​ឲ្យ​តម្លៃ​ចំពោះ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា?

១៤ យើង​ពិត​ជា​ដឹង​គុណ​ព្រះ​យេហូវ៉ា​ដែល​យើង​មាន​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក មែន​ទេ? លោក​បាន​សន្យា​ថា​បណ្ដាំ​របស់​លោក​នឹង​ស្ថិតស្ថេរ ហើយ​លោក​បាន​ធ្វើ​តាម​ពាក្យ​សន្យា​នោះ។ (​ពេត្រុស​ទី១ ១:២៤, ២៥​) ដូច្នេះ យើង​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​អាន​គម្ពីរ​ជា​ទៀង​ទាត់ ធ្វើ​តាម​ការ​ណែនាំ​ពី​គម្ពីរ​ក្នុង​ជីវិត​របស់​យើង ហើយ​ប្រើ​គម្ពីរ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​បង្ហាញ​ថា​យើង​ពិត​ជា​ស្រឡាញ់​និង​ឲ្យ​តម្លៃ​ចំពោះ​គម្ពីរ ហើយ​សំខាន់​បំផុត​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​និពន្ធ​គម្ពីរ។

^ វគ្គ 13 សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ គំនិត​របស់​ខ្ញុំ​បាន​ត្រូវ​ផ្លាស់​ប្ដូរ​»។