លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹ព្រះ​បន្ទូល​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​ស្ថិតស្ថេរ​នៅ​ជា​ដរាប›

‹ព្រះ​បន្ទូល​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​ស្ថិតស្ថេរ​នៅ​ជា​ដរាប›

​«​ស្មៅ​ក៏​ស្វិត​ក្រៀម ហើយ​ផ្កា​រោយ​រុះ​ចុះ តែ​ព្រះ​បន្ទូល​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​វិញ នោះ​ស្ថិតស្ថេរ​នៅ​ជា​ដរាប​»។—អេសាយ ៤០:៨

ចម្រៀង​លេខ: ៤៣, ៤៨

១, ២​. (​ក​) បើ​គ្មាន​គម្ពីរ តើ​ជីវិត​យើង​នឹង​ទៅ​ជា​យ៉ាង​ណា? (​ខ​) តើ​អ្វី​ជួយ​យើង​ឲ្យ​ទទួល​ប្រយោជន៍​ពី​បណ្ដាំ​របស់​ព្រះ?

បើ​គ្មាន​គម្ពីរ តើ​ជីវិត​របស់​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា? អ្នក​នឹង​មិន​មាន​យោបល់​ល្អ​ដើម្បី​ដឹក​នាំ​អ្នក​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ឡើយ។ អ្នក​នឹង​មិន​ដឹង​សេចក្ដី​ពិត​អំពី​ព្រះ អំពី​ជីវិត ឬ​អំពី​ពេល​អនាគត​ទេ។ ម្យ៉ាង​ទៀត អ្នក​ក៏​នឹង​មិន​ដឹង​សោះ​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ចំពោះ​មនុស្សជាតិ​នៅ​អតីតកាល។

យើង​សប្បាយ​ចិត្ដ​ណាស់​ដែល​យើង​មិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នោះ​ទេ។ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​នូវ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ លោក​បាន​សន្យា​ថា​ដំណឹង​ក្នុង​គម្ពីរ​នឹង​ស្ថិតស្ថេរ​ជា​និច្ច ដូច​សាវ័ក​ពេត្រុស​បាន​បញ្ជាក់​ពេល​គាត់​ដក​ស្រង់​ពាក្យ​ពី​អេសាយ ៤០:៨។ ខ​នោះ​មិន​សំដៅ​លើ​សៀវភៅ​គម្ពីរ​ទេ តែ​ខ​នោះ​សំដៅ​លើ​ប្រសាសន៍​របស់​ព្រះ​ដែល​មាន​ក្នុង​គម្ពីរ។ (​សូម​អាន ពេត្រុស​ទី១ ១:២៤, ២៥) យើង​អាច​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​គម្ពីរ បើ​យើង​អាន​គម្ពីរ​ជា​ភាសា​របស់​ខ្លួន។ ពួក​អ្នក​ដែល​ស្រឡាញ់​បណ្ដាំ​របស់​ព្រះ​បាន​ទទួល​ស្គាល់​ចំណុច​នេះ​តាំង​ពី​យូរ​មក​ហើយ។ អស់​រាប់​សតវត្សរ៍ មនុស្ស​បាន​ខំ​ប្រឹង​បក​ប្រែ​និង​ចែក​ចាយ​គម្ពីរ ទោះ​ជា​មាន​ការ​ប្រឆាំង​និង​ការ​ពិបាក​យ៉ាង​ខ្លាំង​ក៏​ដោយ។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មនុស្ស​ច្រើន​បំផុត​«​ទទួល​សេចក្ដី​សង្គ្រោះ ហើយ​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត​»។—ធីម៉ូថេ​ទី១ ២:៣, ៤

៣​. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​បណ្ដាំ​របស់​ព្រះ​ស្ថិតស្ថេរ​ទោះ​ជា (​១​) ភាសា​បាន​ត្រូវ​ផ្លាស់​ប្ដូរ (​២​) មាន​ការ​ប្រែ​ប្រួល​ខាង​នយោបាយ​ដែល​បាន​ធ្វើ​ឲ្យ​ភាសា​ដែល​គេ​និយាយ​ជា​ទូ​ទៅ​ផ្លាស់​ប្ដូរ និង(​៣​) មាន​ការ​ប្រឆាំង​នឹង​ការ​បក​ប្រែ​គម្ពីរ។ តើ​ការ​ពិចារណា​អ្វី​ទាំង​នេះ​នឹង​ជួយ​យើង​យ៉ាង​ដូច​ម្ដេច? យើង​នឹង​ឲ្យ​តម្លៃ​កាន់​តែ​ខ្លាំង​ចំពោះ​គម្ពីរ​និង​អ្នក​និពន្ធ​គម្ពីរ។—មីកា ៤:២; រ៉ូម ១៥:៤

ភាសា​បាន​ត្រូវ​ផ្លាស់​ប្ដូរ

៤​. (​ក​) តើ​ភាសា​បាន​ត្រូវ​ផ្លាស់​ប្ដូរ​យ៉ាង​ដូច​ម្ដេច​កាល​ដែល​ពេល​វេលា​កន្លង​ទៅ? (​ខ​) ហេតុ​អ្វី​យើង​ដឹង​ថា​ព្រះ​មិន​ចូល​ចិត្ដ​ភាសា​ណា​មួយ​ជាង​ភាសា​ឯ​ទៀត? តើ​នេះ​នាំ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា?

កាល​ដែល​ពេល​វេលា​កន្លង​ទៅ ភាសា​ក៏​ផ្លាស់​ប្ដូរ​ដែរ។ ពាក្យ​និង​ឃ្លា​ដែល​គេ​ធ្លាប់​ប្រើ​ពី​មុន​ប្រហែល​ជា​ចាប់​ផ្ដើម​មាន​អត្ថន័យ​ផ្សេង។ អ្នក​ប្រហែល​ជា​អាច​លើក​ឧទាហរណ៍​ណា​មួយ​ជា​ភាសា​របស់​អ្នក​ស្ដី​អំពី​រឿង​នេះ។ នេះ​ក៏​បាន​កើត​ឡើង​ចំពោះ​ភាសា​ពី​សម័យ​បុរាណ​ដែរ។ ភាសា​ហេប្រឺ​និង​ភាសា​ក្រិច​ដែល​មនុស្ស​និយាយ​សព្វ​ថ្ងៃ​នេះ​គឺ​ខុស​គ្នា​ពី​ភាសា​ហេប្រឺ​និង​ភាសា​ក្រិច​ដែល​បាន​ត្រូវ​ប្រើ​ដើម្បី​សរសេរ​គម្ពីរ។ មនុស្ស​ភាគ​ច្រើន​មិន​អាច​យល់​គម្ពីរ​ជា​ភាសា​ទាំង​នេះ​ពី​សម័យ​បុរាណ​ទេ ពួក​គេ​ត្រូវ​ការ​សេចក្ដី​បក​ប្រែ។ អ្នក​ខ្លះ​បាន​គិត​ថា បើ​ពួក​គេ​រៀន​ភាសា​ហេប្រឺ​និង​ភាសា​ក្រិច​ពី​សម័យ​បុរាណ ពួក​គេ​អាច​យល់​គម្ពីរ​ច្បាស់​ជាង។ ប៉ុន្ដែ​នេះ​ប្រហែល​ជា​មិន​ជួយ​ពួក​គេ​ដូច​ដែល​ពួក​គេ​គិត​ស្មាន​ទេ។ យើង​មាន​ចិត្ដ​កតញ្ញូ​ជា​ខ្លាំង​ដែល​គម្ពីរ​ឬ​ផ្នែក​ខ្លះ​នៃ​គម្ពីរ​បាន​ត្រូវ​បក​ប្រែ​ជិត​៣.០០០​ភាសា។ ព្រះ​យេហូវ៉ា​ដែល​ចង់​ឲ្យ​មនុស្ស​ពី‹គ្រប់​ប្រជា​ជាតិ គ្រប់​កុលសម្ព័ន្ធ និង​គ្រប់​ភាសា›ទទួល​ប្រយោជន៍​ពី​បណ្ដាំ​របស់​លោក។ (​សូម​អាន ការ​បើក​បង្ហាញ ១៤:៦) នេះ​ពិត​ជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​កាន់​តែ​ជិត​ស្និទ្ធ​នឹង​ព្រះ​របស់​យើង​ដែល​មិន​រើស​មុខ​និង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។—សកម្មភាព ១០:៣៤

យើង​មាន​ចិត្ដ​កតញ្ញូ​ជា​ខ្លាំង​ដែល​គម្ពីរ​ឬ​ផ្នែក​ខ្លះ​នៃ​គម្ពីរ​បាន​ត្រូវ​បក​ប្រែ​ជិត​៣.០០០​ភាសា

៥​. ហេតុ​អ្វី​សេចក្ដី​បក​ប្រែ​គម្ពីរ​ឃីងជេម្ស​គឺ​សំខាន់​ណាស់?

ដោយ​សារ​ភាសា​ផ្លាស់​ប្ដូរ នោះ​សេចក្ដី​បក​ប្រែ​គម្ពីរ​ក៏​ត្រូវ​ផ្លាស់​ប្ដូរ​ដែរ។ សេចក្ដី​បក​ប្រែ​គម្ពីរ​ដែល​ស្រួល​អាន​ពេល​ដែល​បាន​ត្រូវ​ចេញ​ដំបូង ប្រហែល​ជា​មិន​សូវ​ស្រួល​អាន​នៅ​ពេល​ក្រោយ​មក។ ជា​ឧទាហរណ៍ សេចក្ដី​បក​ប្រែ​គម្ពីរ​ឃីងជេម្ស​បាន​ត្រូវ​បោះ​ពុម្ព​ដំបូង​នៅ​ឆ្នាំ​១៦១១ ហើយ​បាន​ក្លាយ​ទៅ​ជា​សេចក្ដី​បក​ប្រែ​គម្ពីរ​ជា​ភាសា​អង់គ្លេស​ដែល​ពេញ​និយម។ ឃ្លា​ដែល​បាន​ត្រូវ​ប្រើ​ក្នុង​សេចក្ដី​បក​ប្រែ​គម្ពីរ​ឃីងជេម្ស​ក៏​មាន​ឥទ្ធិពល​លើ​ភាសា​អង់គ្លេស​ដែរ។ * (​សូម​មើល​កំណត់​សម្គាល់​) ប៉ុន្ដែ សេចក្ដី​បក​ប្រែ​នោះ​បាន​ប្រើ​នាម​របស់​ព្រះ​យេហូវ៉ា​តែ​ប៉ុន្មាន​ដង​ប៉ុណ្ណោះ។ ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ សេចក្ដី​បក​ប្រែ​នោះ​បាន​ប្រើ​ពាក្យ​«​លោក​ម្ចាស់​»​ជា​អក្សរ​ធំ​នៅ​កន្លែង​ភាគ​ច្រើន​ដែល​ឯកសារ​ដើម​មាន​នាម​របស់​ព្រះ។ ក្រោយ​មក​ពេល​ដែល​សេចក្ដី​បក​ប្រែ​គម្ពីរ​ឃីងជេម្ស​បាន​ត្រូវ​បោះ​ពុម្ព​ម្ដង​ទៀត សេចក្ដី​បក​ប្រែ​នោះ​ក៏​បាន​ប្រើ​ពាក្យ​«​លោក​ម្ចាស់​»​ជា​អក្សរ​ធំ​ជំនួស​នាម​របស់​ព្រះ​នៅ​ខ​ខ្លះ​ក្នុង​បទ​គម្ពីរ​គ្រិស្ដ​សាសនិក​ជា​ភាសា​ក្រិច​ដែរ។ តាម​របៀប​នេះ សេចក្ដី​បក​ប្រែ​គម្ពីរ​ឃីងជេម្ស​បង្ហាញ​ឲ្យ​ឃើញ​ថា​នាម​របស់​ព្រះ​បាន​ត្រូវ​ប្រើ​នៅ​ដើម​ដំបូងក្នុង​បទ​គម្ពីរ​គ្រិស្ដ​សាសនិក​ជា​ភាសា​ក្រិច​ដែល​អ្នក​ខ្លះ​ហៅ​ថា សញ្ញា​ថ្មី។

៦​. ហេតុ​អ្វី​យើង​មាន​ចិត្ដ​កតញ្ញូ​ចំពោះ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី?

ពេល​សេចក្ដី​បក​ប្រែ​គម្ពីរ​ឃីងជេម្ស​បាន​ចេញ​ដំបូង សេចក្ដី​បក​ប្រែ​នោះ​បាន​ប្រើ​ពាក្យ​ភាសា​អង់គ្លេស​ដែល​គេ​និយាយ​នៅ​សម័យ​នោះ។ ប៉ុន្ដែ​យូរ​ៗ​ទៅ ពាក្យ​ខ្លះ​បាន​ទៅ​ជា​ហួស​សម័យ​វិញ ហើយ​សព្វ​ថ្ងៃ​នេះ​ពាក្យ​ទាំង​នោះ​គឺ​ពិបាក​យល់។ នេះ​ក៏​បាន​កើត​ឡើង​ចំពោះ​សេចក្ដី​បក​ប្រែ​គម្ពីរ​ជា​ភាសា​ផ្សេង​ទៀត។ ដូច្នេះ​យើង​មាន​ចិត្ដ​កតញ្ញូ​ជា​ខ្លាំង​ដែល​យើង​មាន​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​បរិសុទ្ធ ដែល​ប្រើ​ពាក្យ​ដែល​គេ​និយាយ​ជា​ធម្មតា​នៅ​សព្វ​ថ្ងៃ​នេះ។ សេចក្ដី​បក​ប្រែ​គម្ពីរ​នេះ​បាន​ត្រូវ​បក​ប្រែ​ទាំង​មូល​ឬ​ផ្នែក​ខ្លះ​ជាង​១៥០​ភាសា។ នេះ​មាន​ន័យ​ថា​នៅ​ឥឡូវ​នេះ មនុស្ស​ភាគ​ច្រើន​ក្នុង​ពិភព​លោក​អាច​អាន​សេចក្ដី​បក​ប្រែ​គម្ពីរ​នេះ​ជា​ភាសា​កំណើត​របស់​ពួក​គេ។ ដោយ​សារ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​បរិសុទ្ធ​ប្រើ​ពាក្យ​ដែល​ស្រួល​យល់​និង​ច្បាស់ ដំណឹង​របស់​ព្រះ​ងាយ​ស្រួល​ជ្រាប​ចូល​ក្នុង​ចិត្ដ​របស់​យើង។ (​ទំនុក​តម្កើង ១១៩:៩៧​) ប៉ុន្ដែ​អ្វី​ដែល​ធ្វើ​ឲ្យ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពិសេស គឺ​សេចក្ដី​បក​ប្រែ​នេះ​ដាក់​នាម​របស់​ព្រះ​នៅ​កន្លែង​ដែល​មាន​ក្នុង​ឯកសារ​ដើម។

ភាសា​ដែល​គេ​ប្រើ​ជា​ទូ​ទៅ

៧, ៨​. (​ក​) ហេតុ​អ្វី​ជន​ជាតិ​យូដា​ជា​ច្រើន​នៅ​សតវត្សរ៍​ទី៣​មុន គ.ស. មិន​អាច​យល់​បទ​គម្ពីរ​ភាសា​ហេប្រឺ? (​ខ​) តើ​សេចក្ដី​បក​ប្រែ​គម្ពីរ​សេបធួជីន​ភាសា​ក្រិច​គឺ​ជា​អ្វី?

ជួន​កាល​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ពិភព​លោក​ខាង​នយោបាយ ក៏​បាន​នាំ​ឲ្យ​ភាសា​ដែល​មនុស្ស​និយាយ​ផ្លាស់​ប្ដូរ​ដែរ។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​នឹង​មាន​គម្ពីរ​ដែល​មនុស្ស​អាច​អាន​ជា​ភាសា​ដែល​ពួក​គេ​អាច​យល់។ ជា​ឧទាហរណ៍ សៀវភៅ​៣៩​ក្បាល​ដំបូង​ក្នុង​គម្ពីរ បាន​ត្រូវ​សរសេរ​ដោយ​ជន​ជាតិ​អ៊ីស្រាអែល​ឬ​ជន​ជាតិ​យូដា។ នៅ​ដំបូង ​«​ប្រសាសន៍​ដ៏​ពិសិដ្ឋ​របស់​ព្រះ​បាន​ត្រូវ​ផ្ញើ​ទុក​»​នឹង​ពួក​គេ។ (​រ៉ូម ៣:១, ២​) ពួក​គេ​បាន​សរសេរ​សៀវភៅ​ទាំង​នោះ​នៅ​ដើម​ដំបូង​ជា​ភាសា​ហេប្រឺ ឬ​ជា​ភាសា​អារ៉ាម។ ប៉ុន្ដែ​នៅ​សតវត្សរ៍​ទី៣ មុន គ.ស. ជន​ជាតិ​យូដា​ជា​ច្រើន​លែង​យល់​ភាសា​ហេប្រឺ​ទៀត។ ហេតុ​អ្វី? ពេល​អាឡិច​សេន​ដឺ​ដ៏​ខ្លាំង​ក្លា​បាន​ច្បាំង​ឈ្នះ​កន្លែង​ជា​ច្រើន​ក្នុង​ពិភព​លោក នោះ​ចក្រភព​ក្រិច​កាន់​តែ​ធំ​ឡើង​ៗ។ ជា​លទ្ធផល នៅ​តំបន់​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ចក្រភព​ក្រិច ភាសា​ក្រិច​បាន​ទៅ​ជា​ភាសា​ដែល​គេ​និយាយ​ជា​ទូ​ទៅ ហើយ​មនុស្ស​ជា​ច្រើន​បាន​ចាប់​ផ្ដើម​និយាយ​ភាសា​ក្រិច​ជា​ជាង​ភាសា​កំណើត​របស់​ពួក​គេ។ (​ដានីយ៉ែល ៨:៥​-​៧, ២០, ២១​) នេះ​ក៏​បាន​កើត​ឡើង​ចំពោះ​ជន​ជាតិ​យូដា​ជា​ច្រើន​ផង​ដែរ ដូច្នេះ​ពួក​គេ​ពិបាក​យល់​គម្ពីរ​ជា​ភាសា​ហេប្រឺ។ តើ​បញ្ហា​នេះ​អាច​ដោះ​ស្រាយ​តាម​របៀប​ណា?

ប្រហែល​ជា​២៥០​ឆ្នាំ​មុន គ.ស. សៀវភៅ​ប្រាំ​ក្បាល​ដំបូង​នៃ​គម្ពីរ​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​ក្រិច។ ក្រោយ​មក សៀវភៅ​ទាំង​អស់​ទៀត​ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ​ក៏​បាន​ត្រូវ​បក​ប្រែ​ដែរ។ សេចក្ដី​បក​ប្រែ​នេះ​បាន​ត្រូវ​គេ​ស្គាល់​ថា​ជា​សេចក្ដី​បក​ប្រែ​គម្ពីរ​សេបធួជីន​ភាសា​ក្រិច។ ប្រហែល​ជា​នេះ​គឺ​ជា​សេចក្ដី​បក​ប្រែ​ដំបូង​ដែល​បាន​ត្រូវ​សរសេរ​ពី​បទ​គម្ពីរ​ភាសា​ហេប្រឺ​ទាំង​មូល។

៩​. (​ក​) តើ​សេចក្ដី​បក​ប្រែ​គម្ពីរ​សេបធួជីន​និង​សេចក្ដី​បក​ប្រែ​ឯ​ទៀត​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​មនុស្ស​ដែល​អាន​បណ្ដាំ​របស់​ព្រះ? (​ខ​) ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ តើ​អ្នក​ចូល​ចិត្ដ​បទ​គម្ពីរ​មួយ​ណា​ជាង​គេ?

ដោយ​សារ​មាន​សេចក្ដី​បក​ប្រែ​គម្ពីរ​សេបធួជីន ជន​ជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រិច​អាច​អាន​បទ​គម្ពីរ​ភាសា​ហេប្រឺ ជា​ភាសា​ក្រិច​បាន។ សូម​ស្រមៃ​គិត​ទៅ​មើល ពេល​ពួក​គេ​ឮ​ឬ​អាន​បណ្ដាំ​របស់​ព្រះ​ជា​ភាសា​របស់​ពួក​គេ តើ​ពួក​គេ​សប្បាយ​ចិត្ដ​យ៉ាង​ណា? យូរ​ៗ​ទៅ ផ្នែក​ខ្លះ​នៃ​គម្ពីរ​ឬ​គម្ពីរ​ទាំង​មូល​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​ឯ​ទៀត​ដែល​មនុស្ស​ជា​ច្រើន​និយាយ ដូច​ជា​ភាសា​ស៊ីរីអាក កុធិក និងឡាតាំង។ ពេល​ដែល​មនុស្ស​អាច​អាន​និង​យល់​បណ្ដាំ​របស់​ព្រះ ពួក​គេ​ក៏​ចាប់​ផ្ដើម​ស្រឡាញ់​បណ្ដាំ​នោះ។ ម្យ៉ាង​ទៀត ពួក​គេ​អាច​មាន​ខ​គម្ពីរ​ដែល​ពួក​គេ​ចូល​ចិត្ដ ដូច​យើង​សព្វ​ថ្ងៃ​នេះ​ដែរ។ (​សូម​អាន ទំនុក​តម្កើង ១១៩:១៦២​-​១៦៥) មែន​ហើយ បណ្ដាំ​របស់​ព្រះ​នៅ​ស្ថិតស្ថេរ ទោះ​ជា​មាន​ការ​ផ្លាស់​ប្ដូរ​ខាង​នយោបាយ​និង​ភាសា​ដែល​គេ​និយាយ​ជា​ទូ​ទៅ​ក៏​ដោយ។

ការ​ប្រឆាំង​នឹង​ការ​បក​ប្រែ​គម្ពីរ

១០​. ហេតុ​អ្វី​មនុស្ស​ភាគ​ច្រើន​នៅ​សម័យ​ចន វ៉ាយឃ្លីហ្វ​មិន​អាច​អាន​គម្ពីរ?

១០ អស់​ជា​ច្រើន​ឆ្នាំ ពួក​អ្នក​ដែល​មាន​អំណាច​បាន​ព្យាយាម​បញ្ឈប់​មនុស្ស​ពី​ការ​អាន​គម្ពីរ។ ប៉ុន្ដែ ពួក​អ្នក​ដែល​កោត​ខ្លាច​ព្រះ​មិន​បាន​ឈប់​ព្យាយាម​ជួយ​មនុស្ស​ទាំង​អស់​ឲ្យ​មាន​គម្ពីរ​ទេ។ បុគ្គល​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ គឺ​ចន វ៉ាយឃ្លីហ្វ​ដែល​រស់​នៅ​សតវត្សរ៍​ទី​១៤ នា​ប្រទេស​អង់គ្លេស។ គាត់​បាន​គិត​ថា​មនុស្ស​ទាំង​អស់​គួរ​មាន​ឱកាស​អាន​គម្ពីរ។ នៅ​សម័យ​របស់​គាត់ មនុស្ស​ភាគ​ច្រើន​នៅ​ប្រទេស​អង់គ្លេស​មិន​ដែល​ឮ​ដំណឹង​ក្នុង​គម្ពីរ​ជា​ភាសា​របស់​ពួក​គេ​ទេ។ ហេតុ​អ្វី? ពី​ព្រោះ​គម្ពីរ​គឺ​ថ្លៃ​ណាស់ ហើយ​គម្ពីរ​នីមួយ​ៗ​ត្រូវ​ចម្លង​ដោយ​ដៃ។ ដូច្នេះ មនុស្ស​តិច​ណាស់​មាន​គម្ពីរ​ផ្ទាល់​ខ្លួន។ ម្យ៉ាង​ទៀត មនុស្ស​ភាគ​ច្រើន​នៅ​សម័យ​នោះ មិន​ចេះ​អក្សរ​ឡើយ។ អ្នក​ដែល​ទៅ​វិហារ​ប្រហែល​ជា​បាន​ឮ​គេ​អាន​គម្ពីរ​ជា​ភាសា​ឡាតាំង ប៉ុន្ដែ​នោះ​ជា​ភាសា​ពី​សម័យ​បុរាណ​ដែល​មនុស្ស​ធម្មតា​មិន​អាច​យល់​បាន​ទេ។ តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ដើម្បី​ប្រាកដ​ថា​មនុស្ស​អាច​មាន​គម្ពីរ​ជា​ភាសា​របស់​ខ្លួន?—សុភាសិត ២:១​-​៥

ចន វ៉ាយឃ្លីហ្វ​និង​បុគ្គល​មួយ​ចំនួន​ទៀត​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​មាន​បណ្ដាំ​របស់​ព្រះ។ តើ​អ្នក​មាន​បំណង​ចិត្ដ​ដូច​ពួក​គេ​ឬ​ទេ? (​សូម​មើល​វគ្គ​១១​)

១១​. តើ​សេចក្ដី​បក​ប្រែ​គម្ពីរ​របស់​ចន វ៉ាយឃ្លីហ្វ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី?

១១ នៅ​ឆ្នាំ​១៣៨២ ចន វ៉ាយឃ្លីហ្វ​និង​បុគ្គល​មួយ​ចំនួន​បាន​បក​ប្រែ​គម្ពីរ​ជា​ភាសា​អង់គ្លេស។ ក្រុម​មួយ​ដែល​បាន​ត្រូវ​ហៅ​ថា​ឡូឡាដ ចូល​ចិត្ដ​ប្រើ​សេចក្ដី​បក​ប្រែ​គម្ពីរ​របស់​ចន វ៉ាយឃ្លីហ្វ។ ពួក​ឡូឡាដ​ស្រឡាញ់​គម្ពីរ ហើយ​ពួក​គេ​ដើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ទូ​ទាំង​ប្រទេស​អង់គ្លេស។ ពួក​ឡូឡាដ​បាន​អាន​គម្ពីរ​ឲ្យ​អ្នក​ឯ​ទៀត​ស្តាប់ ហើយ​បាន​ឲ្យ​ពួក​គេ​នូវ​ផ្នែក​ខ្លះ​នៃ​គម្ពីរ​ដែល​បាន​ត្រូវ​ចម្លង​ដោយ​ដៃ។ កិច្ច​ការ​របស់​ពួក​ឡូឡាដ​បាន​ធ្វើ​ឲ្យ​គម្ពីរ​ពេញ​និយម​ម្ដង​ទៀត។

១២​. តើ​ពួក​បព្វជិត​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ចន វ៉ាយឃ្លីហ្វ​និង​កិច្ច​ការ​របស់​គាត់?

១២ ពួក​បព្វជិត​ស្អប់​ចន វ៉ាយឃ្លីហ្វ ស្អប់​គម្ពីរ​របស់​គាត់ និង​ស្អប់​អ្នក​កាន់​តាម​គាត់។ ពួក​គេ​បាន​បៀត​បៀន​ពួក​ឡូឡាដ ហើយ​បាន​បំផ្លាញ​សេចក្ដី​បក​ប្រែ​គម្ពីរ​ទាំង​អស់​របស់​ចន វ៉ាយឃ្លីហ្វ​ដែល​ពួក​គេ​បាន​រក​ឃើញ។ ទោះ​ជា​ចន វ៉ាយឃ្លីហ្វ​បាន​ស្លាប់​រួច​ហើយ​ក៏​ដោយ ពួក​បព្វជិត​បាន​ចេញ​សេចក្ដី​សម្រេច​ថា​គាត់​ជា​អ្នក​ក្បត់​សាសនា ឬ​ជា​សត្រូវ​របស់​សាសនា​កាតូលិក។ ពួក​គេ​បាន​ជីក​យក​ឆ្អឹង​របស់​គាត់ ដុត​ឆ្អឹង​នោះ ហើយ​បាន​យក​ផេះ​ទៅ​ចោល​ក្នុង​ទន្លេ​ស្វីហ្វ។ ប៉ុន្ដែ មនុស្ស​ជា​ច្រើន​ចង់​អាន​និង​យល់​បណ្ដាំ​របស់​ព្រះ ហើយ​ពួក​បព្វជិត​មិន​អាច​បញ្ឈប់​ពួក​គេ​បាន​ទេ។ ក្នុង​អំឡុង​ប៉ុន្មាន​រយ​ឆ្នាំ​ក្រោយ​មក នៅ​ទ្វីប​អឺរ៉ុប​និង​កន្លែង​ឯ​ទៀត​ក្នុង​ពិភព​លោក មាន​មនុស្ស​ដែល​ចាប់​ផ្ដើម​បក​ប្រែ​និង​បោះ​ពុម្ព​គម្ពីរ​ជា​ភាសា​ដែល​មនុស្ស​ជា​ច្រើន​អាច​យល់។

​«​អ្នក​ដែល​បង្រៀន​ឲ្យ​ឯង​បាន​ទទួល​ប្រយោជន៍​»​

១៣​. តើ​យើង​ជឿ​ជាក់​អំពី​អ្វី? តើ​នេះ​ពង្រឹង​ជំនឿ​របស់​យើង​យ៉ាង​ដូច​ម្ដេច?

១៣ គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ។ ប៉ុន្ដែ នេះ​មិន​មាន​ន័យ​ថា​ព្រះ​បាន​ដឹក​នាំ​កិច្ច​ការ​បក​ប្រែ​នៃ​សេចក្ដី​បក​ប្រែ​គម្ពីរ​សេបធួជីន សេចក្ដី​បក​ប្រែ​គម្ពីរ​របស់​ចន វ៉ាយឃ្លីហ្វ សេចក្ដី​បក​ប្រែ​គម្ពីរ​ឃីងជេម្ស ឬ​សេចក្ដី​បក​ប្រែ​ណា​ផ្សេង​ទៀត​ទេ។ ក៏​ប៉ុន្ដែ ពេល​ដែល​យើង​ពិចារណា​អំពី​របៀប​ដែល​សេចក្ដី​បក​ប្រែ​ទាំង​នោះ​បាន​ត្រូវ​រៀប​ចំ​ឡើង នោះ​ស​ឲ្យ​ឃើញ​ថា​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​បាន​ស្ថិតស្ថេរ​ដូច​ដែល​លោក​បាន​សន្យា។ នេះ​ពង្រឹង​ជំនឿ​របស់​យើង​ថា សេចក្ដី​សន្យា​ឯ​ទៀត​របស់​ព្រះ​យេហូវ៉ា​ក៏​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត​ដែរ។—យ៉ូស្វេ ២៣:១៤

១៤​. តើ​តាម​របៀប​ណា​បណ្ដាំ​របស់​ព្រះ​ជួយ​យើង​ឲ្យ​កាន់​តែ​ស្រឡាញ់​លោក?

១៤ ពេល​យើង​ដឹង​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ការពារ​បណ្ដាំ​របស់​លោក យើង​កាន់​តែ​មាន​ជំនឿ​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក។ * (​សូម​មើល​កំណត់​សម្គាល់​) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​ឲ្យ​គម្ពីរ​ដល់​យើង? ហេតុ​អ្វី​លោក​បាន​សន្យា​ថា​លោក​នឹង​រក្សា​ការពារ​គម្ពីរ? ពី​ព្រោះ​លោក​ស្រឡាញ់​យើង ហើយ​លោក​ចង់​បង្រៀន​យើង​ឲ្យ​ទទួល​ប្រយោជន៍។ (​សូម​អាន អេសាយ ៤៨:១៧, ១៨) នេះ​ជំរុញ​ចិត្ដ​យើង​ឲ្យ​ស្រឡាញ់​លោក​និង​ស្តាប់​បង្គាប់​លោក។—យ៉ូហាន​ទី១ ៤:១៩; ៥:៣

១៥​. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​បន្ទាប់?

១៥ យើង​ស្រឡាញ់​បណ្ដាំ​របស់​ព្រះ​យ៉ាង​ខ្លាំង ដូច្នេះ​តើ​តាម​របៀប​ណា​យើង​អាច​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​ការ​អាន​គម្ពីរ​ផ្ទាល់​ខ្លួន? តើ​តាម​របៀប​ណា​យើង​អាច​ជួយ​ពួក​អ្នក​ដែល​យើង​ជួប​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ឲ្យ​យល់​តម្លៃ​នៃ​គម្ពីរ? តើ​តាម​របៀប​ណា​ពួក​អ្នក​ដែល​បង្រៀន​ក្នុង​ក្រុម​ជំនុំ​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្វី​ទាំង​អស់​ដែល​ពួក​គេ​បង្រៀន​មាន​មូលដ្ឋាន​លើ​បណ្ដាំ​របស់​ព្រះ? យើង​នឹង​ពិចារណា​សំណួរ​ទាំង​នេះ​ក្នុង​អត្ថបទ​បន្ទាប់។

^ វគ្គ 5 ឃ្លា​ជា​ច្រើន​ជា​ភាសា​អង់គ្លេស​ដែល​គេ​ស្គាល់​ជា​ទូ​ទៅ​មក​ពី​សេចក្ដី​បក​ប្រែ​គម្ពីរ​ឃីងជេម្ស។

^ វគ្គ 14 សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ សូម​អញ្ជើញ​មក!​»។