នៅសម័យគម្ពីរ តើមនុស្សដឹងអំពីពេលវេលាយ៉ាងដូចម្ដេច?
ពេលអ្នកចង់ដឹងថាម៉ោងប៉ុន្មាន តើអ្នកនឹងធ្វើអ្វី? អ្នកទំនងជាមើលនាឡិកា។ អ្នកប្រហែលជាឃើញថាគឺម៉ោងមួយកន្លះរសៀល។ តើអ្នកនឹងប្រាប់មិត្ដភក្ដិយ៉ាងណា បើគាត់សួរអ្នកថា «ឥឡូវម៉ោងប៉ុន្មានហើយ?»។
នេះអាស្រ័យទៅលើមនុស្សម្នាក់ៗ។ ជាឧទាហរណ៍ មនុស្សខ្លះប្រហែលជាឆ្លើយថា «គឺម៉ោងមួយសាមសិបនាទីរសៀល» ឬ«ម៉ោងមួយកន្លះរសៀល»។ មនុស្សខ្លះទៀត ប្រហែលជាថែមទាំងឆ្លើយថា «គឺសាមសិបនាទីទៀតម៉ោងពីរ»។
នៅសម័យគម្ពីរ តើមនុស្សអាចដឹងអំពីពេលវេលាយ៉ាងដូចម្ដេច? ពួកគេក៏មានវិធីផ្សេងៗដែរដើម្បីដឹងអំពីពេលវេលា។ បទគម្ពីរភាសាហេប្រឺប្រើពាក្យ ដូចជា«ព្រលឹម» «ព្រឹក» «ថ្ងៃត្រង់» និង«ល្ងាច»។ (លោកុប្បត្ដិ ៨:១១; ១៩:២៧; ៤៣:១៦; ពង្សាវតារក្សត្រទី១ ១៨:២៦) ប៉ុន្ដែជួនកាល គម្ពីរប្រើពាក្យជាក់លាក់ជាង។
នៅអ៊ីស្រាអែលសម័យបុរាណ តាមធម្មតាកន្លែងនីមួយៗមានអ្នកយាម ជាពិសេសក្នុងអំឡុងពេលយប់។ ជនជាតិអ៊ីស្រាអែលបានបែងចែកយប់ជាបីផ្នែក ហើយពួកគេហៅផ្នែកនីមួយៗថា «យាម»។ (ទំនុកតម្កើង ៦៣:៦) ជាឧទាហរណ៍ ពួកចៅហ្វាយ ៧:១៩ ចែងអំពី«វេលាចូលយាមជាកណ្ដាល»។ ម្យ៉ាងទៀត នៅពេលដែលលោកយេស៊ូបានកើតមក ជនជាតិយូដាបានបែងចែកយប់ជាបួនយាម ដូចដែលជនជាតិក្រិចនិងជនជាតិរ៉ូមបានធ្វើ។
សៀវភៅដំណឹងល្អរៀបរាប់អំពីយាមយប់ទាំងនេះជាច្រើនដង។ ជាឧទាហរណ៍ «លុះដល់យាមទីបួននៅយប់នោះ» លោកយេស៊ូបានដើរលើទឹកទៅឯអ្នកកាន់តាមលោកដែលនៅលើទូក។ (ម៉ាថាយ ១៤:២៥) ក្នុងឧទាហរណ៍មួយរបស់លោកយេស៊ូ លោកក៏បានមានប្រសាសន៍ថា៖ «បើម្ចាស់ផ្ទះបានដឹងថាចោរនឹងមកនៅយាមណា នោះម្ចាស់ផ្ទះមុខជាចាំយាមមិនឲ្យចោរចូលផ្ទះគាត់ឡើយ»។—ម៉ាថាយ ២៤:៤៣
លោកយេស៊ូបានរៀបរាប់អំពីយាមទាំងបួនពេលដែលលោកបានប្រាប់អ្នកកាន់តាមលោកឲ្យចាំយាម ពីព្រោះពួកគេ«មិនដឹងថាម្ចាស់ផ្ទះនឹងមកវិញពេលណាឡើយ មិនដឹងថាពេលព្រលប់ ឬពេលអធ្រាត្រ ឬពេលមាន់រងាវ ឬពេលព្រលឹមទេ»។ (ម៉ាកុស ១៣:៣៥) ក្នុងចំណោមយាមទាំងនេះ យាមទី១គឺ«ពេលព្រលប់»ដែលបានត្រូវរាប់ចាប់ពីថ្ងៃលិចដល់ម៉ោង៩យប់។ យាមទី២គឺ«ពេលអធ្រាត្រ» យាមនោះបានត្រូវរាប់ចាប់ពីម៉ោង៩យប់ដល់ពាក់កណ្ដាលយប់។ យាមទី៣គឺ«ពេលមាន់រងាវ»ដែលបានត្រូវរាប់ចាប់ពីពាក់កណ្ដាលយប់ដល់ម៉ោងបីទៀបភ្លឺ។ គឺទំនងជាក្នុងអំឡុងយាមនេះ ដែលមាន់រងាវនៅយប់ដែលលោកយេស៊ូបានត្រូវគេចាប់ខ្លួន។ (ម៉ាកុស ១៤:៧២) យាមទី៤គឺ«ពេលព្រលឹម»ដែលបានត្រូវរាប់ចាប់ពីម៉ោងបីដល់ថ្ងៃរះ។
ដូច្នេះ ទោះជាមនុស្សនៅសម័យនោះមិនមាននាឡិកាដូចដែលយើងមាននៅសព្វថ្ងៃនេះក្ដី ពួកគេនៅតែមានវិធីដឹងអំពីពេលវេលា។