លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អស់​អ្នក​ដែល​បម្រើ​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»​ មាន​សុភមង្គល​ហើយ

អស់​អ្នក​ដែល​បម្រើ​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»​ មាន​សុភមង្គល​ហើយ

​«​សាសន៍​ណា​ដែល​យក​ព្រះ​យេហូវ៉ា​ទុក​ជា​ព្រះ​របស់​ខ្លួន នោះ​សប្បាយ​ហើយ!​»។—ទំនុក​តម្កើង ១៤៤:១៥

ចម្រៀង​លេខ: ៤៤, ១២៥

១. ហេតុ​អ្វី​សាក្សី​ព្រះ​យេហូវ៉ា​មាន​សុភមង្គល? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

សាក្សី​ព្រះ​យេហូវ៉ា​គឺ​ជា​មនុស្ស​ដែល​មាន​សុភមង្គល។ ពេល​ពួក​គេ​ជួប​ជុំ​គ្នា មិន​ថា​នៅ​កិច្ច​ប្រជុំ នៅ​សន្និបាត ឬ​នៅ​កម្ម​វិធី​ជប់​លៀង​ក្ដី ពួក​គេ​និយាយ​គ្នា​លេង​យ៉ាង​សប្បាយ​រីក​រាយ។ ហេតុ​អ្វី​ពួក​គេ​មាន​សុភមង្គល​ខ្លាំង​ម៉្លេះ? មូលហេតុ​ចម្បង​គឺ​ដោយ​សារ​ពួក​គេ​ស្គាល់​ព្រះ​យេហូវ៉ា​ដែល​ជា​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»។ ពួក​គេ​បម្រើ​លោក ហើយ​ព្យាយាម​យក​តម្រាប់​លោក។ (​ធីម៉ូថេ​ទី១ ១:១១; ទំនុក​តម្កើង ១៦:១១​) ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​សុភមង្គល ដូច្នេះ​លោក​ចង់​ឲ្យ​យើង​មាន​សុភមង្គល​ដែរ ហើយ​លោក​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ៗ​ជា​ច្រើន​ដែល​នាំ​ឲ្យ​យើង​មាន​អំណរ។—ចោទិយកថា ១២:៧; សាស្តា ៣:១២, ១៣

២, ៣. (​ក​) តើ​ការ​មាន​សុភមង្គល​មាន​ន័យ​យ៉ាង​ណា? (​ខ​) ហេតុ​អ្វី​យើង​ប្រហែល​ជា​ពិបាក​មាន​សុភមង្គល?

ចុះ​អ្នក​វិញ? តើ​អ្នក​មាន​សុភមង្គល​ឬ​ទេ? ការ​មាន​សុភមង្គល​មាន​ន័យ​ថា យើង​សប្បាយ​ចិត្ដ ស្កប់​ចិត្ដ​នឹង​ជីវិត ឬ​មាន​អំណរ​ជា​ខ្លាំង។ គម្ពីរ​បញ្ជាក់​ថា​ពួក​អ្នក​ដែល​បាន​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា​អាច​មាន​សុភមង្គល​ពិត​ប្រាកដ។ ប៉ុន្ដែ ហេតុ​អ្វី​យើង​ប្រហែល​ជា​ពិបាក​មាន​សុភមង្គល​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ?

យើង​ប្រហែល​ជា​ពិបាក​មាន​សុភមង្គល​ពេល​យើង​ប្រឈម​មុខ​នឹង​ស្ថានភាព​ដែល​ធ្វើ​ឲ្យ​យើង​តាន​តឹង​ចិត្ដ ដូច​ជា​ពេល​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់​ឬ​បាន​ត្រូវ​បណ្ដាច់​មិត្ដភាព ពេល​លែង​លះ​គ្នា ឬ​ពេល​យើង​បាត់​បង់​ការ​ងារ។ យើង​ក៏​ប្រហែល​ជា​ពិបាក​មាន​សុភមង្គល​នៅ​ពេល​អ្នក​រួម​ការ​ងារ​ឬ​សិស្ស​រួម​ថ្នាក់​សើច​ចំអក​យើង ពេល​ដែល​គ្មាន​សេចក្ដី​សុខ​សាន្ដ​ក្នុង​ផ្ទះ​ដោយ​សារ​ការ​ឈ្លោះ​ប្រកែក​គ្នា​ជា​ញឹក​ញយ ឬ​ពេល​យើង​រង​ការ​បៀត​បៀន ឬ​ជាប់​គុក​ដោយ​សារ​យើង​បម្រើ​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត យើង​ប្រហែល​ជា​ពិបាក​មាន​សុភមង្គល​ពេល​សុខភាព​របស់​យើង​យ៉ាប់​យ៉ឺន​ទៅ​ៗ មាន​ជំងឺ​រ៉ាំរ៉ៃ ឬ​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ដ។ ប៉ុន្ដែ​សូម​ចាំ​ថា លោក​យេស៊ូ​គ្រិស្ដ​ដែល​ជា​«​អ្នក​មាន​អំណាច​ខ្លាំង​ក្លា​ដែល​មាន​សេចក្ដី​សប្បាយ​»​ ពេញ​ចិត្ដ​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត​និង​ធ្វើ​ឲ្យ​ពួក​គេ​សប្បាយ​ចិត្ដ។ (​ធីម៉ូថេ​ទី១ ៦:១៥; ម៉ាថាយ ១១:២៨​-​៣០​) ក្នុង​សុន្ទរកថា​របស់​លោក​យេស៊ូ​នៅ​លើ​ភ្នំ លោក​បាន​មាន​ប្រសាសន៍​អំពី​គុណ​សម្បត្ដិ​មួយ​ចំនួន​ដែល​អាច​ជួយ​យើង​ឲ្យ​មាន​សុភមង្គល ទោះ​ជា​យើង​មាន​បញ្ហា​ជា​ច្រើន​ដែល​មក​ពី​ការ​រស់​នៅ​ក្នុង​ពិភព​លោក​របស់​សាថាន​ក្ដី។

យើង​មិន​អាច​មាន​សុភមង្គល​បាន​ទេ បើ​យើង​គ្មាន​ព្រះ​យេហូវ៉ា

៤, ៥. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​មាន​សុភមង្គល ហើយ​ដើម្បី​បន្ដ​មាន​សុភមង្គល​ជា​និច្ច?

ចំណុច​ទី១​ដែល​លោក​យេស៊ូ​បាន​លើក​ឡើង​គឺ​សំខាន់​ខ្លាំង​ណាស់។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ នោះ​មាន​សុភមង្គល​ហើយ! ពី​ព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​ជា​របស់​អ្នក​ទាំង​នោះ​»។ (​ម៉ាថាយ ៥:៣​) បើ​យើង​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ យើង​ទទួល​ស្គាល់​ថា​គឺ​ជា​ការ​ចាំ​បាច់​ដែល​យើង​ស្គាល់​ព្រះ ហើយ​ថា​យើង​ត្រូវ​ការ​ជំនួយ​និង​ការ​ណែនាំ​ពី​លោក។ តើ​យើង​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​មាន​ការ​ស្រេក​ឃ្លាន​បែប​នេះ? គឺ​ដោយ​សិក្សា​គម្ពីរ ស្តាប់​បង្គាប់​ព្រះ និង​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​លោក​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។ ការ​ធ្វើ​អ្វី​ៗ​ទាំង​នេះ​នឹង​ជួយ​យើង​ឲ្យ​មាន​សុភមង្គល។ យើង​នឹង​កាន់​តែ​មាន​ជំនឿ​មាំ​មួន​ថា​សេចក្ដី​សន្យា​របស់​ព្រះ​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។ សេចក្ដី​សង្ឃឹម​«​ដ៏​គួរ​ឲ្យ​សប្បាយ​»​ដែល​មាន​នៅ​ក្នុង​គម្ពីរ​ក៏​នឹង​លើក​ទឹក​ចិត្ដ​យើង។—ទីតុស ២:១៣

បើ​យើង​ចង់​មាន​សុភមង្គល​ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក្នុង​ជីវិត​របស់​យើង​ក៏​ដោយ យើង​ត្រូវ​បន្ដ​ពង្រឹង​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​ចូរ​អរ​សប្បាយ​ដោយ​សារ​លោក​ម្ចាស់​ជា​និច្ច។ ខ្ញុំ​សូម​និយាយ​ម្ដង​ទៀត​ថា ចូរ​អរ​សប្បាយ​ចុះ!​»។ (​ភីលីព ៤:៤​) ដើម្បី​ទៅ​ជា​មិត្ដ​ជិត​ស្និទ្ធ​របស់​ព្រះ​យេហូវ៉ា យើង​ត្រូវ​មាន​ប្រាជ្ញា​ពី​លោក។ បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ​«​សប្បាយ​ហើយ អស់​អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា ហើយ​អ្នក​ណា​ដែល​ខំ​ប្រឹង​ទាល់​តែ​បាន​យោបល់។ ប្រាជ្ញា​ជា​ដើម​ឈើ​នៃ​ជីវិត​ដល់​អស់​អ្នក​ណា​ដែល​ចាប់​យក​បាន ហើយ​អស់​អ្នក​ណា​ដែល​កាន់​ខ្ជាប់​ក៏​សប្បាយ​ហើយ​»។—សុភាសិត ៣:១៣, ១៨

ដើម្បី​មាន​សុភមង្គល​ជា​និច្ច គឺ​សំខាន់​ណាស់​ដែល​យើង​បន្ដ​ធ្វើ​តាម​អ្វី​ដែល​យើង​បាន​រៀន

៦. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ទៀត​ដើម្បី​រក្សា​ឲ្យ​មាន​សុភមង្គល?

ក៏​ប៉ុន្ដែ ដើម្បី​មាន​សុភមង្គល​ជា​និច្ច គឺ​សំខាន់​ណាស់​ដែល​យើង​បន្ដ​ធ្វើ​តាម​អ្វី​ដែល​យើង​បាន​រៀន​ពី​គម្ពីរ។ លោក​យេស៊ូ​បាន​បញ្ជាក់​ថា​ការ​ធ្វើ​ដូច្នេះ​គឺ​សំខាន់​ណាស់ ពេល​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​ដឹង​ការ​ទាំង​នេះ​ហើយ អ្នក​នឹង​មាន​សុភមង្គល​បើ​ធ្វើ​ការ​ទាំង​នោះ​»។ (​យ៉ូហាន ១៣:១៧; សូម​អាន យ៉ាកុប ១:២៥) នេះ​គឺ​សំខាន់​ចាំ​បាច់​បើ​យើង​ចង់​បំពេញ​សេចក្ដី​ត្រូវ​ការ​ដែល​យើង​មាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ ហើយ​ចង់​មាន​សុភមង្គល​ជា​និច្ច។ ប៉ុន្ដែ តើ​យើង​អាច​មាន​សុភមង្គល​យ៉ាង​ដូច​ម្ដេច​បាន នៅ​ពេល​ដែល​មាន​អ្វី​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​យើង​លែង​មាន​សុភមង្គល? សូម​មើល​អ្វី​ដែល​លោកយេស៊ូ​បាន​មាន​ប្រសាសន៍​បន្ទាប់​មក​ក្នុង​សុន្ទរកថា​របស់​លោក​នៅ​លើ​ភ្នំ។

គុណ​សម្បត្ដិ​ដែល​នាំ​ឲ្យ​យើង​មាន​សុភមង្គល

៧. តើ​ពួក​អ្នក​ដែល​មាន​ទុក្ខ​ព្រួយ​អាច​មាន​សុភមង្គល​យ៉ាង​ដូច​ម្ដេច?

៧ ​«​អស់​អ្នក​ដែល​មាន​ទុក្ខ​ព្រួយ នោះ​មាន​សុភមង្គល​ហើយ! ពី​ព្រោះ​អ្នក​ទាំង​នោះ​នឹង​ទទួល​ការ​សម្រាល​ទុក្ខ​»។ (​ម៉ាថាយ ៥:៤​) យើង​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​ពួក​អ្នក​ដែល​មាន​ទុក្ខ​ព្រួយ​អាច​មាន​សុភមង្គល​យ៉ាង​ដូច​ម្ដេច?›។ លោក​យេស៊ូ​មិន​ចង់​សំដៅ​ទៅ​លើ​មនុស្ស​ទាំង​អស់​ដែល​មាន​ទុក្ខ​ព្រួយ​ទេ។ មនុស្ស​អាក្រក់​ជា​ច្រើន​មាន​ទុក្ខ​ព្រួយ​ឬ​ពិបាក​ចិត្ដ ដោយ​សារ​បញ្ហា​ធ្ងន់​ធ្ងរ​ដែល​ពួក​គេ​ជួប​ប្រទះ​ក្នុង​«​គ្រា​ចុង​ក្រោយ​បង្អស់​»​នេះ ដែល​ជា​គ្រា​ដ៏​«​លំបាក​ណាស់​»។ (​ធីម៉ូថេ​ទី២ ៣:១​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គេ​មិន​គិត​អំពី​ព្រះ​យេហូវ៉ា​ទេ តែ​គិត​អំពី​ខ្លួន​ឯង​ប៉ុណ្ណោះ។ ដូច្នេះ ពួក​គេ​មិន​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្ដភាព​ជា​មួយ​នឹង​លោក ហើយ​មិន​អាច​មាន​សុភមង្គល​បាន​ឡើយ។ នៅ​ក្នុង​ខ​នោះ លោក​យេស៊ូ​សំដៅ​ទៅ​លើ​ពួក​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ។ ពួក​គេ​មាន​ទុក្ខ​ព្រួយ​ដោយ​សារ​ពួក​គេ​ឃើញ​ថា​មនុស្ស​ជា​ច្រើន​មិន​ព្រម​ទទួល​ស្គាល់​ព្រះ ឬ​មិន​មាន​របៀប​រស់​នៅ​ដែល​ព្រះ​ពេញ​ចិត្ដ។ ពួក​គេ​ក៏​ទទួល​ស្គាល់​ថា​ពួក​គេ​មាន​ភាព​ខុស​ឆ្គង ហើយ​ពួក​គេ​កត់​សម្គាល់​ថា​មាន​រឿង​ដ៏​គួរ​ឲ្យ​ខ្លោច​ផ្សា​ជា​ច្រើន​កំពុង​កើត​ឡើង​ក្នុង​ពិភព​លោក​នេះ។ ព្រះ​យេហូវ៉ា​កត់​សម្គាល់​ពួក​អ្នក​ដែល​មាន​ទុក្ខ​ព្រួយ​សម្រាប់​មូលហេតុ​ត្រឹម​ត្រូវ ហើយ​លោក​សម្រាល​ទុក្ខ​ពួក​គេ​តាម​រយៈ​បណ្ដាំ​របស់​លោក។ លោក​ក៏​ធ្វើ​ឲ្យ​ពួក​គេ​មាន​សុភមង្គល និង​ផ្ដល់​សេចក្ដី​សង្ឃឹម​ឲ្យ​ពួក​គេ​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—សូម​អាន អេសេគាល ៥:១១; ៩:៤

៨. តើ​ការ​មាន​ចិត្ដ​ស្លូតបូត​អាច​ជួយ​អ្នក​ឲ្យ​មាន​សុភមង្គល​យ៉ាង​ដូច​ម្ដេច?

៨ ​«​អស់​អ្នក​ដែល​មាន​ចិត្ដ​ស្លូតបូត នោះ​មាន​សុភមង្គល​ហើយ! ពី​ព្រោះ​អ្នក​ទាំង​នោះ​នឹង​ទទួល​ផែន​ដី​ជា​មត៌ក​»។ (​ម៉ាថាយ ៥:៥​) តើ​ការ​មាន​ចិត្ដ​ស្លូតបូត​អាច​ជួយ​អ្នក​ឲ្យ​មាន​សុភមង្គល​យ៉ាង​ដូច​ម្ដេច? មនុស្ស​ជា​ច្រើន​ឆេវ​ឆាវ និង​ជា​មនុស្ស​ឈ្លើយ ហើយ​នេះ​អាច​នាំ​ឲ្យ​មាន​បញ្ហា​ជា​ច្រើន។ ប៉ុន្ដែ ពេល​ពួក​គេ​រៀន​សេចក្ដី​ពិត ពួក​គេ​ធ្វើ​ការ​កែ​ប្រែ ហើយ​បំពាក់​ខ្លួន​«​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី​»។ ឥឡូវ​ពួក​គេ​បង្ហាញ​«​សេចក្ដី​មេត្ដា​ករុណា​ដ៏​ជ្រាល​ជ្រៅ​បំផុត សេចក្ដី​សប្បុរស ចិត្ដ​រាប​ទាប ចិត្ដ​ស្លូតបូត និង​ចិត្ដ​ធ្ងន់​»។ (​កូឡុស ៣:៩​-​១២​) ជា​លទ្ធផល​ពួក​គេ​មាន​សន្ដិ​ភាព មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត និង​មាន​សុភមង្គល។ ម្យ៉ាង​ទៀត បណ្ដាំ​របស់​ព្រះ​សន្យា​ថា​ពួក​គេ​នឹង​«​ទទួល​ផែន​ដី​ជា​មត៌ក​»។—ទំនុក​តម្កើង ៣៧:៨​-​១០, ២៩

៩. (​ក​) តើ​ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ថា​អស់​អ្នក​ដែល​មាន​ចិត្ដ​ស្លូតបូត​នឹង​«​ទទួល​ផែន​ដី​ជា​មត៌ក​»​មាន​ន័យ​យ៉ាង​ណា? (​ខ​) ហេតុ​អ្វី​«​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​សេចក្ដី​សុចរិត​»​អាច​មាន​សុភមង្គល?

តើ​ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ថា អស់​អ្នក​ដែល​មាន​ចិត្ដ​ស្លូតបូត​នឹង​«​ទទួល​ផែន​ដី​ជា​មត៌ក​»​មាន​ន័យ​យ៉ាង​ណា? ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​នឹង​ទទួល​ផែន​ដី​ជា​មត៌ក ពេល​ដែល​ពួក​គេ​គ្រប់​គ្រង​លើ​ផែន​ដី​ជា​ស្ដេច​និង​ជា​សង្ឃ។ (​ការ​បើក​បង្ហាញ ២០:៦​) មនុស្ស​រាប់​លាន​នាក់​ទៀត​ដែល​មិន​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ នឹង​ទទួល​ផែន​ដី​ជា​មត៌ក​ពេល​ពួក​គេ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​រស់​នៅ​ផែន​ដី​ជា​រៀង​រហូត។ ពួក​គេ​នឹង​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ហើយ​នឹង​មាន​សេចក្ដី​សុខ​សាន្ដ​និង​សុភមង្គល។ លោក​យេស៊ូ​សំដៅ​ទៅ​លើ​ពួក​អ្នក​ទាំង​នេះ​ពេល​ដែល​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​សេចក្ដី​សុចរិត នោះ​មាន​សុភមង្គល​ហើយ!​»។ (​ម៉ាថាយ ៥:៦​) ពេល​ព្រះ​យេហូវ៉ា​លុប​បំបាត់​អំពើ​អាក្រក់​ទាំង​អស់ នោះ​នឹង​មាន​សេចក្ដី​សុចរិត​ដូច​ដែល​ពួក​គេ​ចង់​បាន។ (​ពេត្រុស​ទី២ ៣:១៣​) ក្នុង​ពិភព​លោក​ថ្មី មនុស្ស​សុចរិត​នឹង​មាន​សុភមង្គល ហើយ​នឹង​លែង​មាន​ទុក្ខ​ព្រួយ​ដែល​មក​ពី​អំពើ​អាក្រក់​របស់​មនុស្ស​ទុច្ចរិត​ទៀត។—ទំនុក​តម្កើង ៣៧:១៧

១០. តើ​ការ​មាន​សេចក្ដី​មេត្ដា​ករុណា​មាន​ន័យ​អ្វី?

១០ ​«​អស់​អ្នក​ដែល​មាន​ចិត្ដ​មេត្ដា​ករុណា នោះ​មាន​សុភមង្គល​ហើយ! ពី​ព្រោះ​អ្នក​ទាំង​នោះ​ក៏​នឹង​ទទួល​សេចក្ដី​មេត្ដា​ករុណា​ផង​ដែរ​»។ (​ម៉ាថាយ ៥:៧​) ការ​មាន​សេចក្ដី​មេត្ដា​ករុណា​មាន​ន័យ​ថា យើង​មាន​អារម្មណ៍​កក់​ក្ដៅ មនោសញ្ចេតនា និង​ចិត្ដ​អាណិត​អាសូរ​ចំពោះ​ពួក​អ្នក​ដែល​រង​ទុក្ខ។ ប៉ុន្ដែ សេចក្ដីមេត្ដា​ករុណា​មិន​គ្រាន់​តែ​ជា​អារម្មណ៍​ប៉ុណ្ណោះ​ទេ។ គម្ពីរ​បង្រៀន​ថា​ការ​មាន​សេចក្ដី​មេត្ដា​ករុណា​រួម​បញ្ចូល​ការ​ផ្ដល់​ជំនួយ​ដល់​អ្នក​ឯ​ទៀត។

១១. តើ​យើង​រៀន​អ្វី​ពី​ឧទាហរណ៍​អំពី​បុរស​ជន​ជាតិ​សាម៉ារី?

១១ សូម​អាន លូកា ១០:៣០​-​៣៧ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​ជន​ជាតិ​សាម៉ារី​ដែល​ជា​អ្នក​ជិត​ខាង​ល្អ បង្ហាញ​យ៉ាង​ច្បាស់​អំពី​អត្ថន័យ​នៃ​ការ​មាន​ចិត្ដ​មេត្ដា​ករុណា។ បុរស​ជន​ជាតិ​សាម៉ារី​មាន​ចិត្ដ​មេត្ដា​ករុណា​និង​អាណិត​អាសូរ​ចំពោះ​បុរស​ដែល​រង​ទុក្ខ​នោះ ហើយ​នេះ​បាន​ជំរុញ​ចិត្ដ​គាត់​ឲ្យ​ជួយ​បុរស​នោះ។ បន្ទាប់​ពី​លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​នោះ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ទៅ​ចុះ! ហើយ​ប្រព្រឹត្ដ​ដូច្នោះ​ដែរ​»។ ដូច្នេះ យើង​អាច​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​កំពុង​ប្រព្រឹត្ដ​ដូច្នោះ​ដែរ​ឬ? តើ​ខ្ញុំ​ប្រព្រឹត្ដ​ដូច​បុរស​ជន​ជាតិ​សាម៉ារី​ម្នាក់​នោះ​ឬ​ទេ? ពេល​អ្នក​ឯ​ទៀត​រង​ទុក្ខ តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​ពួក​គេ​ឬ​ទេ? ជា​ឧទាហរណ៍ តើ​ខ្ញុំ​អាច​ជួយ​បង​ប្អូន​ដែល​មាន​វ័យ​ចាស់​ក្នុង​ក្រុម​ជំនុំ ស្ដ្រី​មេ​ម៉ាយ ឬ​កូន​ក្មេង​ដែល​មាន​ឪ​ពុក​ម្ដាយ​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា​ឬ​ទេ? តើ​ខ្ញុំ​អាច​«​និយាយ​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ដ​»​ឬ​ទេ?›។—ថែស្សាឡូនិច​ទី១ ៥:១៤; យ៉ាកុប ១:២៧

ចូរ​ចាត់​វិធានការ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត ហើយ​ពេល​នោះ​អ្នក​នឹង​ឃើញ​ថា​ពួក​គេ​សប្បាយ​យ៉ាង​ណា (​សូម​មើល​វគ្គ​១២​)

១២. ហេតុ​អ្វី​យើង​មាន​សុភមង្គល​ពេល​យើង​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​អ្នក​ឯ​ទៀត?

១២ ហេតុ​អ្វី​យើង​មាន​សុភមង្គល​ពេល​យើង​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា? ពេល​យើង​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​អ្នក​ឯ​ទៀត នេះ​គឺ​ជា​របៀប​មួយ​ដែល​យើង​ឲ្យ​គេ ហើយ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​ការ​ឲ្យ​គេ​នាំ​ឲ្យ​យើង​មាន​សុភមង្គល។ មូលហេតុ​មួយ​ទៀត​ដែល​យើង​មាន​សុភមង្គល គឺ​យើង​ដឹង​ថា​យើង​កំពុង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ។ (​សកម្មភាព ២០:៣៥; សូម​អាន ហេប្រឺ ១៣:១៦) ស្ដេច​ដាវីឌ​បាន​និយាយ​អំពី​ពួក​អ្នក​ដែល​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ជួយ​ទំនុក​បំរុង ហើយ​ថែ​រក្សា​ជីវិត​អ្នក​នោះ។ គេ​នឹង​បាន​ពរ​នៅ​ផែន​ដី​នេះ​»។ (​ទំនុក​តម្កើង ៤១:១, ២​) បើ​យើង​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​អ្នក​ឯ​ទៀត យើង​ក៏​នឹង​ទទួល​សេចក្ដី​មេត្ដា​ករុណា​ពី​ព្រះ​យេហូវ៉ា ហើយ​យើង​អាច​មាន​សុភមង្គល​ជា​រៀង​រហូត។—យ៉ាកុប ២:១៣

មូលហេតុ​ដែល​«​អស់​អ្នក​ដែល​មាន​ចិត្ដ​បរិសុទ្ធ​»​មាន​សុភមង្គល

១៣, ១៤. ហេតុ​អ្វី​ការ​មាន​«​ចិត្ដ​បរិសុទ្ធ​»​គឺ​សំខាន់?

១៣ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អស់​អ្នក​ដែល​មាន​ចិត្ដ​បរិសុទ្ធ នោះ​មាន​សុភមង្គល​ហើយ! ពី​ព្រោះ​អ្នក​ទាំង​នោះ​នឹង​ឃើញ​ព្រះ​»។ (​ម៉ាថាយ ៥:៨​) ដើម្បី​មាន​ចិត្ដ​បរិសុទ្ធ យើង​ត្រូវ​បន្ដ​រក្សា​គំនិត​និង​បំណង​ចិត្ដ​របស់​យើង​ឲ្យ​ស្អាត​ស្អំ​ឬ​បរិសុទ្ធ​ជា​និច្ច។ នេះ​គឺ​សំខាន់​ណាស់ បើ​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​គោរព​ប្រណិប័តន៍​របស់​យើង។—សូម​អាន កូរិនថូស​ទី២ ៤:២; ធីម៉ូថេ​ទី១ ១:៥

១៤ ពួក​អ្នក​ដែល​មាន​ចិត្ដ​បរិសុទ្ធ​អាច​មាន​ចំណង​មិត្ដភាព​ជាមួយ​នឹង​ព្រះ​យេហូវ៉ា​ដែល​ជា​បុគ្គល​ដែល​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​បោក​អាវ​វែង​របស់​ពួក​គេ អ្នក​នោះ​មាន​សុភមង្គល​»។ (​ការ​បើក​បង្ហាញ ២២:១៤​) តើ​ការ​«​បោក​អាវ​វែង​របស់​ពួក​គេ​»​មាន​ន័យ​យ៉ាង​ណា? ចំពោះ​គ្រិស្ដ​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង នេះ​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​ចាត់​ទុក​ពួក​គេ​ថា​ស្អាត​ស្អំ រួច​លោក​នឹង​ឲ្យ​ពួក​គេ​នូវ​ជីវិត​អមតៈ​នៅ​ស្ថាន​សួគ៌ ហើយ​ពួក​គេ​នឹង​មាន​សុភមង្គល​ជា​រៀង​រហូត។ ចំពោះ​មនុស្ស​មួយ​ក្រុម​ធំ​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែន​ដី នេះ​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​នឹង​អនុញ្ញាត​ឲ្យ​ពួក​គេ​ធ្វើ​ជា​មិត្ដ​សម្លាញ់​របស់​លោក​ដោយ​សារ​លោក​ចាត់​ទុក​ពួក​គេ​ថា​ជា​មនុស្ស​សុចរិត។ គម្ពីរ​ចែង​ថា​៖ ​«​ពួក​គេ​បាន​បោក​សម្អាត​អាវ​វែង​របស់​ពួក​គេ​ឲ្យ​ស​ក្នុង​ឈាម​របស់​កូន​ចៀម​»។—ការ​បើក​បង្ហាញ ៧:៩, ១៣, ១៤

១៥, ១៦. តើ​ពួក​អ្នក​ដែល​មាន​ចិត្ដ​បរិសុទ្ធ​អាច​«​ឃើញ​ព្រះ​»​តាម​របៀប​ណា?

១៥ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​មនុស្សជាតិ​នឹង​ឃើញ​អញ ហើយ​រស់​នៅ​មិន​បាន​ទេ​»។ (​និក្ខមនំ ៣៣:២០​) ដូច្នេះ តើ​ពួក​អ្នក​ដែល​មាន​ចិត្ដ​បរិសុទ្ធ​អាច​«​ឃើញ​ព្រះ​»​តាម​របៀប​ណា? ពាក្យ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ឃើញ​»​អាច​មាន​អត្ថន័យ​ថា​ការ​ស្រមៃ ការ​យល់ ឬ​ការ​ស្គាល់។ ដូច្នេះ ការ​«​ឃើញ​ព្រះ​»​មាន​ន័យ​ថា​យើង​ស្គាល់​លោក​ជា​បុគ្គល​បែប​ណា ហើយ​យើង​ក៏​ស្រឡាញ់​គុណ​សម្បត្ដិ​របស់​លោក។ (​អេភេសូរ ១:១៨​) លោក​យេស៊ូ​មាន​គុណ​សម្បត្ដិ​ដូច​ព្រះ​បេះ​បិទ ដូច្នេះ​លោក​អាច​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​បាន​ឃើញ​ខ្ញុំ អ្នក​នោះ​បាន​ឃើញ​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ហើយ​»។—យ៉ូហាន ១៤:៧​-​៩

១៦ បន្ថែម​ទៅ​ទៀត យើង​«​ឃើញ​ព្រះ​»​ពេល​យើង​ឃើញ​របៀប​ដែល​លោក​ជួយ​យើង​ក្នុង​ជីវិត។ (​យ៉ូប ៤២:៥​) យើង​ក៏​អាច​«​ឃើញ​»​ឬ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ល្អ​ៗ​ដែល​ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​ធ្វើ​ចំពោះ​ពួក​អ្នក​ដែល​រក្សា​ខ្លួន​ឲ្យ​នៅ​បរិសុទ្ធ និង​ដែល​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់។ ម្យ៉ាង​ទៀត ក្នុង​ន័យ​ត្រង់​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​នឹង​ឃើញ​ព្រះ​យេហូវ៉ា​នៅ​ពេល​ដែល​ពួក​គេ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌។—យ៉ូហាន​ទី១ ៣:២

ទោះ​ជា​យើង​មាន​បញ្ហា​ក្ដី យើង​អាច​មាន​សុភមង្គល

១៧. ហេតុ​អ្វី​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​មាន​សុភមង្គល?

១៧ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​បន្ទាប់​មក​ថា​៖ ​«​អស់​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព នោះ​មាន​សុភមង្គល​ហើយ!​»។ (​ម៉ាថាយ ៥:៩​) ពេល​យើង​ចាត់​វិធានការ​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​ជា​មួយ​នឹង​អ្នក​ឯ​ទៀត យើង​អាច​មាន​សុភមង្គល។ យ៉ាកុប​ដែល​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​សរសេរ​ថា​៖ ​«​សេចក្ដី​សុចរិត​ជា​ផល​ដែល​ត្រូវ​សាប​ព្រោះ​ក្នុង​ស្ថានភាព​ដែល​មាន​សន្ដិ​ភាព ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​»។ (​យ៉ាកុប ៣:១៨​) ដូច្នេះ បើ​អ្នក​មិន​សូវ​ត្រូវ​គ្នា​នឹង​អ្នក​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​ឬ​ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក សូម​អង្វរ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​អ្នក​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព។ យ៉ាង​នេះ ព្រះ​យេហូវ៉ា​នឹង​ឲ្យ​អ្នក​នូវ​សកម្មពល​បរិសុទ្ធ​របស់​លោក​ដែល​នឹង​ជួយ​អ្នក​ឲ្យ​បង្ហាញ​គុណ​សម្បត្ដិ​ដូច​គ្រិស្ដ ហើយ​អ្នក​នឹង​មាន​សុភមង្គល​ច្រើន​ជាង។ លោក​យេស៊ូ​បាន​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​ចាត់​វិធានការ​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព ពេល​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិន​បើ​អ្នក​កំពុង​យក​គ្រឿង​បូជា​មក​ទី​បូជា ហើយ​នៅ​ទី​នោះ​អ្នក​នឹក​ឃើញ​ថា​បង​ប្អូន​ណា​ម្នាក់​កំពុង​ប្រកាន់​ទោស​អ្នក ចូរ​ទុក​គ្រឿង​បូជា​របស់​អ្នក​នៅ​មុខ​ទី​បូជា រួច​ទៅ​រក​ជា​នឹង​បង​ប្អូន​អ្នក​សិន។ បន្ទាប់​មក ចូរ​ត្រឡប់​មក​បូជា​អ្វី​ទាំង​នោះ​ចុះ​»។—ម៉ាថាយ ៥:២៣, ២៤

សកម្មពល​របស់​ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ឲ្យ​បង្ហាញ​គុណ​សម្បត្ដិ​ដូច​គ្រិស្ដ ហើយ​អ្នក​នឹង​មាន​សុភមង្គល​ច្រើន​ជាង

១៨, ១៩. ហេតុ​អ្វី​គ្រិស្ដ​សាសនិក​អាច​មាន​អំណរ ទោះ​ជា​ពួក​គេ​ទទួល​ការ​បៀត​បៀន​ក៏​ដោយ?

១៨ ​«​នៅ​ពេល​ដែល​មនុស្ស​តិះ​ដៀល បៀត​បៀន និង​និយាយ​រឿង​អាក្រក់​គ្រប់​បែប​យ៉ាង ដើម្បី​បង្កាច់​បង្ខូច​អ្នក​រាល់​គ្នា​ដោយ​ព្រោះ​អ្នក​កាន់​តាម​ខ្ញុំ នោះ​អ្នក​មាន​សុភមង្គល​ហើយ!​»។ តើ​ពាក្យ​របស់​លោក​យេស៊ូ​មាន​ន័យ​យ៉ាង​ណា? សូម​មើល​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​បន្ទាប់​មក ដែល​ថា​៖ ​«​ពី​ព្រោះ​គេ​ធ្លាប់​បៀត​បៀន​ពួក​អ្នក​ប្រកាស​ទំនាយ ដែល​បាន​រស់​នៅ​មុន​អ្នក​រាល់​គ្នា​ដូច្នេះ​ដែរ។ ហេតុ​នេះ​ចូរ​សប្បាយ ហើយ​ត្រេក​អរ​ចុះ! ពី​ព្រោះ​អ្នក​រាល់​គ្នា​មាន​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន​សួគ៌​»។ (​ម៉ាថាយ ៥:១១, ១២​) ពេល​ពួក​សាវ័ក​បាន​ត្រូវ​គេ​វាយ​ដំ​និង​បាន​ត្រូវ​គេ​បង្គាប់​ឲ្យ​ឈប់​ផ្សព្វ​ផ្សាយ ​«​ពួក​គាត់​ចេញ​ពី​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ដោយ​ត្រេក​អរ​»។ ពិត​មែន​ថា​ពួក​គាត់​មិន​ត្រេក​អរ​ដោយ​សារ​គេ​វាយ​ដំ​ទេ តែ​ពួក​គាត់​សប្បាយ​ចិត្ដ​«​ពី​ព្រោះ​ពួក​គាត់​បាន​ត្រូវ​រាប់​ជា​សម​នឹង​ទទួល​ការ​មើល​ងាយ​»​ដោយ​សារ​នាម​របស់​លោក​យេស៊ូ។—សកម្មភាព ៥:៤១

១៩ សព្វ​ថ្ងៃ​នេះ រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​ក៏​ស៊ូ​ទ្រាំ​ដោយ​អំណរ ពេល​ពួក​គេ​ទទួល​ការ​បៀត​បៀន​ដោយ​សារ​នាម​របស់​លោក​យេស៊ូ។ (​សូម​អាន យ៉ាកុប ១:២​-​៤) ដូច​ពួក​សាវ័ក យើង​មិន​ត្រេក​អរ​ដោយ​សារ​យើង​រង​ទុក្ខ​លំបាក​ឬ​ទទួល​ការ​បៀត​បៀន​ទេ។ ប៉ុន្ដែ បើ​យើង​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា លោក​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​ចិត្ដ​ក្លាហាន​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ។ សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​បង​ប្រុស​ហេនរីក ដ័រនីក​និង​បង​ប្រុស​របស់​គាត់។ នៅ​ខែ​សីហា ឆ្នាំ​១៩៤៤ ពួក​គាត់​បាន​ត្រូវ​បញ្ជូន​ទៅ​ជំរំ​ឃុំ​ឃាំង​មួយ។ ពួក​អ្នក​បៀត​បៀន​បាន​និយាយ​ថា​៖ ​«​យើង​មិន​អាច​បញ្ចុះ​បញ្ចូល​ឬ​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​អ្វី​បាន​ទេ។ ការ​ដែល​ពួក​គេ​ត្រូវ​បៀត​បៀន​ដោយ​សារ​ជំនឿ នោះ​នាំ​ឲ្យ​ពួក​គេ​មាន​អំណរ​»។ បង​ហេនរីក​បាន​ពន្យល់​ថា​៖ ​«​ខ្ញុំ​គ្មាន​បំណង​ចង់​ទទួល​ការ​បៀត​បៀន​ទេ តែ​ការ​មាន​ចិត្ដ​ក្លាហាន​និង​ភាព​ថ្លៃ​ថ្នូរ​ពេល​រង​ទុក្ខ​ដើម្បី​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា បាន​នាំ​ឲ្យ​ខ្ញុំ​មាន​អំណរ​»។ គាត់​បាន​បន្ថែម​ថា​៖ ​«​ការ​អធិដ្ឋាន​អស់​ពី​ចិត្ដ​បាន​ជួយ​ខ្ញុំ​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា ហើយ​លោក​ជា​ទី​ពឹង​ដ៏​គួរ​ឲ្យ​ទុក​ចិត្ដ​»។

២០. ហេតុ​អ្វី​ការ​បម្រើ​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»​ធ្វើ​ឲ្យ​យើង​មាន​សុភមង្គល?

២០ ពេល​ព្រះ​យេហូវ៉ា​ដែល​ជា​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»​ពេញ​ចិត្ដ​នឹង​យើង យើង​អាច​មាន​សុភមង្គល ទោះ​ជា​យើង​ទទួល​ការ​បៀត​បៀន ការ​ប្រឆាំង​ពី​ក្រុម​គ្រួសារ ធ្លាក់​ខ្លួន​ឈឺ ឬ​ចាស់​ជរា​ក្ដី។ (​ធីម៉ូថេ​ទី១ ១:១១​) យើង​ក៏​អាច​មាន​សុភមង្គល​ដែរ ដោយ​សារ​ព្រះ​របស់​យើង​«​ដែល​មិន​អាច​កុហក​»​បាន​សន្យា​ថា​លោក​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ៗ​ដ៏​អស្ចារ្យ​ជា​ច្រើន។ (​ទីតុស ១:២​) ពេល​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​របស់​លោក​បាន​សម្រេច យើង​មិន​ទាំង​នឹក​ចាំ​អំពី​បញ្ហា​ដែល​យើង​មាន​នៅ​ឥឡូវ​នេះ​ទៀត​ផង។ តាម​ពិត យើង​ស្មាន​មិន​ដល់​ថា​ជីវិត​របស់​យើង​ក្នុង​សួន​ឧទ្យាន​នឹង​អស្ចារ្យ​យ៉ាង​ណា​ទេ ហើយ​ថា​យើង​នឹង​មាន​សុភមង្គល​ខ្លាំង​យ៉ាង​ណា​ឡើយ! យើង​នឹង​មាន​«​ចិត្ដ​រីក​រាយ​ដោយ​សេចក្ដី​ក្សេម​ក្សាន្ដ​ដ៏​បរិបូរ​»។—ទំនុក​តម្កើង ៣៧:១១