លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

​«​អ្នក​នឹង​មាន​សុភមង្គល​បើ​ធ្វើ​ការ​ទាំង​នោះ​»​

​«​អ្នក​នឹង​មាន​សុភមង្គល​បើ​ធ្វើ​ការ​ទាំង​នោះ​»​

​«​អាហារ​របស់​ខ្ញុំ គឺ​ខ្ញុំ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រម​ទាំង​បង្ហើយ​កិច្ច​ការ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​»។—យ៉ូហាន ៤:៣៤

ចម្រៀង​លេខ: ៨០, ៣៥

១. តើ​ចិត្ដ​គំនិត​របស់​ពិភព​លោក​នេះ​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​ចិត្ដ​រាប​ទាប​របស់​យើង?

ហេតុ​អ្វី​ការ​ធ្វើ​តាម​អ្វី​ដែល​យើង​រៀន​ពី​បណ្ដាំ​របស់​ព្រះ​គឺ​មិន​ស្រួល​សម្រាប់​យើង? មូលហេតុ​មួយ​គឺ យើង​ត្រូវ​មាន​ចិត្ដ​រាប​ទាប​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​នេះ គឺ​ពិបាក​រក្សា​ចិត្ដ​រាប​ទាប ដោយ​សារ​មនុស្ស​ជា​ច្រើន​នៅ​ជុំ​វិញ​យើង​«​ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់ អួត​បំប៉ោង ក្រអឺត​ក្រទម​»​និង​«​មិន​ចេះ​ទប់​ចិត្ដ​»។ (​ធីម៉ូថេ​ទី២ ៣:១​-​៣​) ក្នុង​នាម​ជា​អ្នក​បម្រើ​ព្រះ យើង​ដឹង​ថា​ការ​ប្រព្រឹត្ដ​បែប​នេះ​គឺ​ជា​ការ​ខុស ប៉ុន្ដែ​ប្រហែល​ជា​មើល​ទៅ​ហាក់​ដូច​ជា​ពួក​អ្នក​ដែល​ប្រព្រឹត្ដ​បែប​នេះ​ទទួល​ជោគ​ជ័យ​និង​មាន​ជីវិត​សប្បាយ​រីក​រាយ។ (​ទំនុក​តម្កើង ៣៧:១; ៧៣:៣​) យើង​ប្រហែល​ជា​ថែម​ទាំង​ឆ្ងល់​ថា ‹តើ​ការ​ខំ​ប្រឹង​របស់​ខ្ញុំ​ក្នុង​ការ​ចាត់​ទុក​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត​ថា​សំខាន់​ជាង​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន ពិត​ជា​មាន​ប្រយោជន៍​ឬ​ទេ? តើ​មនុស្ស​នឹង​នៅ​តែ​គោរព​ខ្ញុំ​ឬ​ទេ បើ​ខ្ញុំ​កាន់​ចរិយា​ជា​អ្នក​តូច​ជាង​គេ?›។ (​លូកា ៩:៤៨​) បើ​យើង​ឲ្យ​ចិត្ដ​គំនិត​របស់​ពិភព​លោក​នេះ​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​មាន​ឥទ្ធិពល​លើ​យើង យើង​ប្រហែល​ជា​នឹង​បង្ខូច​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ ហើយ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ពិបាក​កត់​សម្គាល់​ថា​យើង​ជា​គ្រិស្ដ​សាសនិក​ពិត។ ប៉ុន្ដែ ពេល​យើង​សិក្សា​គំរូ​ល្អ​ក្នុង​គម្ពីរ​អំពី​អ្នក​បម្រើ​របស់​ព្រះ​ដែល​មាន​ចិត្ដ​រាប​ទាប ហើយ​ធ្វើ​តាម​គំរូ​ទាំង​នោះ យើង​នឹង​ទទួល​លទ្ធផល​ល្អ។

២. តើ​យើង​អាច​រៀន​អ្វី​ពី​ពួក​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​នៅ​អតីតកាល?

តើ​អ្វី​បាន​ជួយ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​នៅ​សម័យ​មុន​ឲ្យ​ធ្វើ​ជា​មិត្ដ​សម្លាញ់​របស់​លោក? តើ​ពួក​គេ​បាន​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ដ​យ៉ាង​ដូច​ម្ដេច? តើ​ពួក​គេ​បាន​ទទួល​កម្លាំង​ពី​ណា​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ? ពេល​យើង​អាន​អំពី​គំរូ​របស់​ពួក​គេ​ក្នុង​គម្ពីរ​និង​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​អាន នោះ​ជំនឿ​របស់​យើង​នឹង​កាន់​តែ​រឹង​មាំ។

តើ​អ្វី​ជួយ​យើង​ឲ្យ​រក្សា​ជំនឿ​មាំ​មួន?

៣, ៤. (​ក​) តើ​ព្រះ​យេហូវ៉ា​បង្រៀន​យើង​យ៉ាង​ដូច​ម្ដេច? (​ខ​) ដើម្បី​រក្សា​ជំនឿ​មាំ​មួន ហេតុ​អ្វី​យើង​មិន​គ្រាន់​តែ​ត្រូវ​ការ​ចំណេះ​ប៉ុណ្ណោះ?

ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​រក្សា​ជំនឿ​របស់​យើង​ឲ្យ​រឹង​មាំ។ យើង​ទទួល​យោបល់​ល្អ​ៗ​និង​ការ​បង្ហាត់​បង្រៀន​តាម​រយៈ​គម្ពីរ សៀវភៅ​ផ្សេង​ៗ​របស់​យើង គេហទំព័រ​របស់​យើង JW​ទូរទស្សន៍ កិច្ច​ប្រជុំ និង​សន្និបាត។ ប៉ុន្ដែ យោង​ទៅ​តាម​ប្រសាសន៍​របស់​លោក​យេស៊ូ​នៅ​យ៉ូហាន ៤:៣៤ ការ​មាន​ចំណេះ​ប៉ុណ្ណោះ​គឺ​មិន​គ្រប់​គ្រាន់​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អាហារ​របស់​ខ្ញុំ គឺ​ខ្ញុំ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រម​ទាំង​បង្ហើយ​កិច្ច​ការ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​»។

សម្រាប់​លោក​យេស៊ូ ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​គឺ​ប្រៀប​ដូច​ជា​អាហារ។ ដូច​ការ​បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ និង​បំប៉ន​រូប​កាយ​របស់​យើង នោះ​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​នាំ​ឲ្យ​យើង​សប្បាយ​ចិត្ដ និង​ពង្រឹង​ជំនឿ​របស់​យើង។ ជា​ឧទាហរណ៍ តើ​អ្នក​ធ្លាប់​ចូល​រួម​ក្រុម​ផ្សព្វ​ផ្សាយ​ទាំង​អស់​កម្លាំង ប៉ុន្ដែ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​ក្រោយ​ពី​ផ្សព្វ​ផ្សាយ មាន​កម្លាំង​ចិត្ដ​ឡើង​វិញ​និង​សប្បាយ​ចិត្ដ​ឬ​ទេ?

៥. តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពេល​យើង​មាន​ប្រាជ្ញា?

យើង​មាន​ប្រាជ្ញា​ពេល​យើង​ធ្វើ​តាម​អ្វី​ដែល​ព្រះ​យេហូវ៉ា​សុំ​យើង​ឲ្យ​ធ្វើ។ (​ទំនុក​តម្កើង ១០៧:៤៣​) ម្យ៉ាង​ទៀត អ្វី​ល្អ​ៗ​ជា​ច្រើន​កើត​ឡើង​ចំពោះ​ពួក​អ្នក​ដែល​មាន​ប្រាជ្ញា។ ​«​ឥត​មាន​របស់​ណា​ដែល​ចិត្ដ​ឯង​ប្រាថ្នា​ចង់​បាន​ដែល​នឹង​យក​ទៅ​ផ្ទឹម​ឲ្យ​ស្មើ​បាន​ឡើយ . . . ប្រាជ្ញា​ជា​ដើម​ឈើ​នៃ​ជីវិត​ដល់​អស់​អ្នក​ណា​ដែល​ចាប់​យក​បាន ហើយ​អស់​អ្នក​ណា​ដែល​កាន់​ខ្ជាប់​ក៏​សប្បាយ​ហើយ​»។ (​សុភាសិត ៣:១៣​-​១៨​) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​ដឹង​ការ​ទាំង​នេះ​ហើយ អ្នក​នឹង​មាន​សុភមង្គល​បើ​ធ្វើ​ការ​ទាំង​នោះ​»។ (​យ៉ូហាន ១៣:១៧​) ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​នឹង​មាន​សុភមង្គល ដរាប​ណា​ពួក​គេ​បន្ដ​ធ្វើ​អ្វី​ដែល​លោក​យេស៊ូ​បាន​ប្រាប់​ពួក​គេ​ឲ្យ​ធ្វើ។ ជីវិត​របស់​ពួក​គេ​បាន​ផ្ដោត​ទៅ​លើ​ការ​ធ្វើ​តាម​សេចក្ដី​បង្រៀន​និង​គំរូ​របស់​លោក។

៦. ហេតុ​អ្វី​យើង​ត្រូវ​បន្ដ​ធ្វើ​តាម​អ្វី​ដែល​យើង​បាន​រៀន?

នៅ​សព្វ​ថ្ងៃ​នេះ​ដែរ យើង​ក៏​ត្រូវ​បន្ដ​ធ្វើ​តាម​អ្វី​ដែល​យើង​រៀន។ សូម​គិត​អំពី​ជាង​ម៉ូតូ​ម្នាក់​ដែល​មាន​ចំណេះ​ផ្នែក​ម៉ូតូ ព្រម​ទាំង​ឧបករណ៍​និង​គ្រឿង​ម៉ូតូ។ គាត់​ត្រូវ​ប្រើ​អ្វី​ៗ​ទាំង​នេះ ដើម្បី​ទៅ​ជា​អ្នក​ដែល​មាន​ជំនាញ​ខាង​ជួស​ជុល។ ម្យ៉ាង​ទៀត ទោះ​ជា​គាត់​ប្រហែល​ជា​មាន​បទ​ពិសោធន៍​អស់​ជា​ច្រើន​ឆ្នាំ​ក្ដី គាត់​ត្រូវ​បន្ដ​ធ្វើ​តាម​ចំណេះ​របស់​គាត់ បើ​គាត់​នៅ​តែ​ចង់​ធ្វើ​ជា​ជាង​ម៉ូតូ​ដ៏​ពូកែ។ ស្រដៀង​គ្នា​ដែរ ពេល​យើង​បាន​រៀន​សេចក្ដី​ពិត​ដំបូង យើង​សប្បាយ​ចិត្ដ​ដោយ​សារ​យើង​បាន​ធ្វើ​តាម​អ្វី​ដែល​យើង​បាន​អាន​ក្នុង​គម្ពីរ។ ប៉ុន្ដែ ដើម្បី​បន្ដ​មាន​សុភមង្គល យើង​ត្រូវ​បន្ដ​អនុវត្ដ​ជា​រៀង​រាល់​ថ្ងៃ​នូវ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បង្រៀន​យើង។

៧. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រៀន​ពី​គំរូ​ក្នុង​គម្ពីរ?

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​ស្ថានភាព​ខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​រក្សា​ចិត្ដ​រាប​ទាប។ យើង​ក៏​នឹង​ពិចារណា​ដែរ​អំពី​របៀប​ដែល​អ្នក​បម្រើ​ស្មោះ​ត្រង់​នៅ​អតីតកាល​បាន​រក្សា​ចិត្ដ​រាប​ទាប។ ប៉ុន្ដែ យើង​មិន​គ្រាន់​តែ​ត្រូវ​អាន​ព័ត៌មាន​នេះ​ប៉ុណ្ណោះ​ទេ។ យើង​ត្រូវ​រំពឹង​គិត​អំពី​ព័ត៌មាន​នេះ ហើយ​បន្ទាប់​មក​អនុវត្ដ​ក្នុង​ជីវិត​របស់​យើង។

ចូរ​ចាត់​ទុក​អ្នក​ឯ​ទៀត​ថា​ស្មើ​នឹង​ខ្លួន

៨, ៩. តើ​យើង​រៀន​អ្វី​អំពី​ចិត្ដ​រាប​ទាប​របស់​ប៉ូល​នៅ​សកម្មភាព ១៤:៨​-​១៥? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

ព្រះ​ចង់​ឲ្យ​មនុស្ស​គ្រប់​ប្រភេទ​«​ទទួល​សេចក្ដី​សង្គ្រោះ ហើយ​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត​»។ (​ធីម៉ូថេ​ទី១ ២:​) តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​មនុស្ស​ដែល​មិន​ទាន់​បាន​រៀន​សេចក្ដី​ពិត? សាវ័ក​ប៉ូល​បាន​ផ្សព្វ​ផ្សាយ​ដល់​ជន​ជាតិ​យូដា​ដែល​បាន​ស្គាល់​ព័ត៌មាន​ខ្លះ​ៗ​អំពី​ព្រះ​យេហូវ៉ា។ ប៉ុន្ដែ គាត់​ក៏​បាន​ផ្សព្វ​ផ្សាយ​ដល់​ពួក​អ្នក​ដែល​គោរព​បូជា​ព្រះ​មិន​ពិត​ដែរ។ ការ​ផ្សព្វ​ផ្សាយ​ដល់​ពួក​គេ​បាន​សាកល្បង​ចិត្ដ​រាប​ទាប​របស់​ប៉ូល។ តើ​តាម​របៀប​ណា?

ក្នុង​អំឡុង​ដំណើរ​លើក​ទី១​របស់​ប៉ូល​ជា​សាសនទូត គាត់​និង​បាណាបាស​បាន​ទៅ​ក្រុង​លីស្ត្រា​ជា​មួយ​គ្នា។ មនុស្ស​ដែល​រស់​នៅ​ក្រុង​នោះ​ក្នុង​តំបន់​លីកៅនា បាន​ប្រព្រឹត្ដ​ទៅ​លើ​ប៉ូល​និង​បាណាបាស​ដូច​ជា​ពួក​គាត់​ជា​វីរបុរស ហើយ​បាន​ហៅ​ពួក​គាត់​តាម​ឈ្មោះ​របស់​ព្រះ​មិន​ពិត​ដែល​ពួក​គេ​គោរព​បូជា ពោល​គឺ​ព្រះ​សឺស​និង​ព្រះ​ហ៊ើមេស។ តើ​ប៉ូល​និង​បាណាបាស​រំភើប​ចិត្ដ​ពេល​ទទួល​ការ​លើក​តម្កើង​នេះ​ឬ​ទេ? តើ​ពួក​គាត់​បាន​គិត​ថា​នេះ​គឺ​ល្អ ហើយ​ក៏​ប្លែក​ពី​ការ​បៀត​បៀន​ដែល​ពួក​គាត់​បាន​ទទួល​នៅ​ក្រុង​ពីរ​ដែល​ពួក​គាត់​បាន​ទៅ​មុន​ក្រុង​លីស្ត្រា​ឬ​ទេ? តើ​ពួក​គាត់​បាន​គិត​ថា​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​ទាំង​នោះ​នឹង​ជួយ​មនុស្ស​ជា​ច្រើន​ទៀត​ឲ្យ​ឮ​ដំណឹង​ល្អ​ឬ​ទេ? មិន​មែន​ទេ! ពួក​គាត់​មិន​ពេញ​ចិត្ដ​ឡើយ ហើយ​បាន​ស្រែក​ឡើង​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​កំពុង​ធ្វើ​ដូច្នេះ? យើង​ជា​មនុស្សជាតិ​ធម្មតា​ដូច​អ្នក​រាល់​គ្នា​ដែរ​»។—សកម្មភាព ១៤:៨​-​១៥

១០. ហេតុ​អ្វី​ប៉ូល​និង​បាណាបាស​មិន​បាន​គិត​ថា​ពួក​គាត់​ប្រសើរ​ជាង​ពួក​អ្នក​ដែល​រស់​នៅ​តំបន់​លីកៅនា?

១០ ពេល​ប៉ូល​និង​បាណាបាស​បាន​និយាយ​ថា​ពួក​គាត់​ក៏​ជា​មនុស្សជាតិ​ធម្មតា​ដែរ ពួក​គាត់​ចង់​មាន​ន័យ​ថា​ពួក​គាត់​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ពាក្យ​របស់​ពួក​គាត់​មិន​មាន​ន័យ​ថា​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គាត់​គឺ​ដូច​គ្នា​នឹង​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​អ្នក​ដែល​នៅ​តំបន់​លីកៅនា​ទេ។ ព្រះ​បាន​ចាត់​ប៉ូល​និង​បាណាបាស​ឲ្យ​ធ្វើ​ជា​សាសនទូត។ (​សកម្មភាព ១៣:២​) ពួក​គាត់​បាន​ត្រូវ​តែង​តាំង​ដោយ​សកម្មពល​បរិសុទ្ធ ហើយ​មាន​សេចក្ដី​សង្ឃឹម​មួយ​ដ៏​អស្ចារ្យ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គ្មាន​ហេតុ​ឲ្យ​ពួក​គាត់​មាន​អារម្មណ៍​ថា​ខ្លួន​ប្រសើរ​ជាង​អ្នក​ឯ​ទៀត​ឡើយ។ ពួក​គាត់​បាន​ទទួល​ស្គាល់​ថា​បើ​មនុស្ស​ទាំង​នោះ​ទទួល​យក​ដំណឹង​ល្អ ពួក​គេ​ក៏​អាច​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​ដែរ។

១១. ពេល​យើង​ផ្សព្វ​ផ្សាយ តើ​យើង​អាច​មាន​ចិត្ដ​រាប​ទាប​ដូច​ប៉ូល​យ៉ាង​ដូច​ម្ដេច?

១១ យើង​អាច​ឃើញ​ពី​កំណត់​ហេតុ​នេះ​អំពី​របៀប​មួយ​ដែល​យើង​អាច​បង្ហាញ​ថា​យើង​មាន​ចិត្ដ​រាប​ទាប​ដូច​ប៉ូល។ យើង​មិន​គិត​សោះ​ថា​ភារកិច្ច​ផ្សព្វ​ផ្សាយ​ដែល​យើង​បាន​ទទួល ឬ​កិច្ច​ការ​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​យើង​ឲ្យ​សម្រេច ធ្វើ​ឲ្យ​យើង​ជា​មនុស្ស​ពិសេស​ទេ។ យើង​អាច​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​នៅ​តំបន់​ផ្សាយ​របស់​ខ្ញុំ? តើ​ខ្ញុំ​រើស​អើង​ចំពោះ​ក្រុម​មនុស្ស​ខ្លះ​ឬ​ទេ?›។ នៅ​ទូ​ទាំង​ពិភព​លោក សាក្សី​ព្រះ​យេហូវ៉ា​ព្យាយាម​ស្វែង​រក​ពួក​អ្នក​ដែល​ចង់​ស្តាប់​ដំណឹង​ល្អ។ បង​ប្អូន​ខ្លះ​ថែម​ទាំង​ព្យាយាម​រៀន​ភាសា ឬ​វប្បធម៌​របស់​ពួក​អ្នក​ដែល​មនុស្ស​ឯ​ទៀត​មើល​ងាយ។ ប៉ុន្ដែ បង​ប្អូន​ទាំង​នោះ​មិន​គិត​ទាល់​តែ​សោះ​ថា​ពួក​គេ​គឺ​ប្រសើរ​ជាង​មនុស្ស​ក្នុង​តំបន់​ផ្សាយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ព្យាយាម​យល់​អំពី​គំនិត​និង​អារម្មណ៍​របស់​បុគ្គល​ម្នាក់​ៗ ដើម្បី​ជួយ​មនុស្ស​យ៉ាង​ច្រើន​បំផុត​ឲ្យ​ទទួល​យក​ដំណឹង​ល្អ​អំពី​រាជាណាចក្រ។

ចូរ​អធិដ្ឋាន​អំពី​អ្នក​ឯ​ទៀត​ដោយ​ប្រើ​ឈ្មោះ​របស់​ពួក​គេ​ផ្ទាល់

១២. តើ​អេប៉ាប្រាស​បាន​បង្ហាញ​យ៉ាង​ណា​ថា​គាត់​យក​ចិត្ដ​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​អ្នក​ឯ​ទៀត?

១២ របៀប​មួយ​ទៀត​ដែល​យើង​បង្ហាញ​ថា​យើង​មាន​ចិត្ដ​រាប​ទាប​គឺ​ដោយ​អធិដ្ឋាន​អំពី​បង​ប្អូន​របស់​យើង ដែល​បាន​ទទួល​រួច​ហើយ​នូវ​«​ជំនឿ​ដែល​មាន​កិត្ដិ​យស​ស្មើ​នឹង​ជំនឿ​របស់​យើង​»។ (​ពេត្រុស​ទី២ ១:១​) អេប៉ាប្រាស​បាន​ធ្វើ​ដូច្នេះ។ គម្ពីរ​រៀប​រាប់​អំពី​គាត់​តែ​បី​ដង​ប៉ុណ្ណោះ។ ពេល​ប៉ូល​បាន​ជាប់​ឃុំ​ក្នុង​ផ្ទះ​របស់​គាត់​នៅ​ក្រុង​រ៉ូម គាត់​បាន​សរសេរ​ទៅ​កាន់​គ្រិស្ដ​សាសនិក​នៅ​ក្រុង​កូឡុស​អំពី​អេប៉ាប្រាស​ថា​៖ ​«​គាត់​តែង​តែ​ខំ​ប្រឹង​ព្យាយាម​អធិដ្ឋាន​ដើម្បី​អ្នក​រាល់​គ្នា​»។ (​កូឡុស ៤:១២​) អេប៉ាប្រាស​ស្គាល់​បង​ប្អូន​ច្បាស់ ហើយ​គាត់​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ពួក​គេ​យ៉ាង​ខ្លាំង។ ប៉ូល​បាន​ហៅ​គាត់​ថា ​«​ជា​អ្នក​ជាប់​គុក​ជា​មួយ​នឹង​ខ្ញុំ​»​ ដូច្នេះ​យើង​អាច​យល់​បាន​ថា​អេប៉ាប្រាស​ក៏​មាន​បញ្ហា​ផ្ទាល់​ខ្លួន​ដែរ។ (​ភីលេម៉ូន ២៣​) ប៉ុន្ដែ គាត់​នៅ​តែ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត ហើយ​គាត់​បាន​ធ្វើ​អ្វី​មួយដើម្បី​ជួយ​ពួក​គេ។ អេប៉ាប្រាស​បាន​អធិដ្ឋាន​អំពី​បង​ប្អូន​របស់​គាត់ ហើយ​យើង​ក៏​អាច​ធ្វើ​ដូច្នេះ​ដែរ។ យើង​ថែម​ទាំង​អាច​លើក​ឈ្មោះ​របស់​ពួក​គេ​ទៀត​ផង។ សេចក្ដី​អធិដ្ឋាន​បែប​នេះ​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់។—កូរិនថូស​ទី២ ១:១១; យ៉ាកុប ៥:១៦

១៣. តើ​អ្នក​អាច​ធ្វើ​តាម​គំរូ​របស់​អេប៉ាប្រាស​យ៉ាង​ដូច​ម្ដេច​ពេល​អ្នក​អធិដ្ឋាន?

១៣ សូម​គិត​អំពី​ឈ្មោះ​របស់​បុគ្គល​ណា​ម្នាក់​ដែល​អ្នក​អាច​លើក​ឡើង​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​អ្នក។ ប្រហែល​ជា​អ្នក​ដឹង​អំពី​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ឬ​ក្រុម​គ្រួសារ​ណា​មួយ​ដែល​កំពុង​មាន​ការ​ពិបាក។ ប្រហែល​ជា​ពួក​គេ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​ពិបាក​ឬ​តយុទ្ធ​នឹង​សេចក្ដី​ល្បួង។ អ្នក​ក៏​អាច​អធិដ្ឋាន​អំពី​បង​ប្អូន​ដែល​មាន​ឈ្មោះ​នៅ​គេហទំព័រ​jw.org​ជា​ភាសា​អង់គ្លេស។ (​សូម​ចុច​NEW​SROOM ▸ LEGAL DEVELOPMENTS បន្ទាប់​មក សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​Jehovah’s Witnesses Imprisoned for Their Faith​»​)។ អ្នក​ក៏​អាច​អធិដ្ឋាន​អំពី​បង​ប្អូន​ដែល​បាន​បាត់​បង់​បុគ្គល​ជា​ទី​ស្រឡាញ់​ក្នុង​សេចក្ដី​ស្លាប់ បង​ប្អូន​ដែល​មាន​បញ្ហា​ខាង​លុយ​កាក់ ហើយ​បង​ប្អូន​ដែល​បាន​រួច​ផុត​ពី​គ្រោះ​មហន្ដរាយ​ឬ​សង្គ្រាម​នៅ​ពេល​ថ្មី​ៗ​នេះ។ មាន​បង​ប្អូន​ជា​ច្រើន​នាក់​ដែល​ត្រូវ​ការ​សេចក្ដី​អធិដ្ឋាន​របស់​យើង។ ពេល​យើង​អធិដ្ឋាន​អំពី​ពួក​គេ យើង​បង្ហាញ​ថា​យើង​មិន​គិត​តែ​អំពី​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​គិត​អំពី​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត។ (​ភីលីព ២:៤​) ព្រះ​យេហូវ៉ា​ស្តាប់​សេចក្ដី​អធិដ្ឋាន​ដូច​នេះ។

‹ចូរ​រហ័ស​ស្តាប់›

១៤. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដែល​ពូកែ​ស្តាប់​ជាង​គេ?

១៤ របៀប​មួយ​ទៀត​ដែល​យើង​បង្ហាញ​ថា​យើង​មាន​ចិត្ដ​រាប​ទាប​គឺ​ដោយ​ស្តាប់​អ្នក​ឯ​ទៀត​យ៉ាង​យក​ចិត្ដ​ទុក​ដាក់។ យ៉ាកុប ១:១៩​ប្រាប់​ថា​យើង​«​ត្រូវ​រហ័ស​ស្តាប់​»។ ព្រះ​យេហូវ៉ា​ជា​អ្នក​ស្តាប់​ដ៏​ល្អ​បំផុត។ (​លោកុប្បត្ដិ ១៨:៣២; យ៉ូស្វេ ១០:១៤​) ជា​ឧទាហរណ៍ សូម​អាន​ការ​សន្ទនា​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​និក្ខមនំ ៣២:១១​-​១៤។ (​សូម​អាន​) ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​ម៉ូសេ​ប្រាប់​លោក​អំពី​ទស្សនៈ​របស់​គាត់ ទោះ​ជា​លោក​មិន​ចាំ​បាច់​ធ្វើ​ដូច្នេះ​ក៏​ដោយ។ បើ​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដែល​ស្រដៀង​នឹង​នេះ តើ​អ្នក​នឹង​ស្តាប់​យ៉ាង​អត់​ធ្មត់​នូវ​អ្វី​ដែល​បុគ្គល​ណា​ម្នាក់​ដែល​ធ្លាប់​មាន​ការ​យល់​ដឹង​ខុស​កំពុង​និយាយ ហើយ​ធ្វើ​តាម​យោបល់​នោះ​ឬ​ទេ? ប្រហែល​ជា​អ្នក​មិន​ងាយ​ធ្វើ​ដូច្នេះ​ទេ។ ប៉ុន្ដែ​ដោយ​ចិត្ដ​អត់​ធ្មត់ ព្រះ​យេហូវ៉ា​ស្តាប់​សេចក្ដី​អធិដ្ឋាន​របស់​អស់​អ្នក​ដែល​អធិដ្ឋាន​ដោយ​ជំនឿ។

១៥. ក្នុង​ការ​លើក​កិត្ដិ​យស​អ្នក​ឯ​ទៀត តើ​យើង​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៥ សូម​សួរ​ខ្លួន​អ្នក​ថា ‹ព្រះ​យេហូវ៉ា​មាន​ចិត្ដ​រាប​ទាប​ខ្លាំង​ដល់​ម៉្លេះ​បាន​ជា​លោក​ស្តាប់​អាប្រាហាំ រ៉ាជែល ម៉ូសេ យ៉ូស្វេ ម៉ាណូអា អេលីយ៉ា និង​ហេសេគា ចុះ​ខ្ញុំ​វិញ ខ្ញុំ​គួរ​តែ​ធ្វើ​ដូច​លោក​ដែរ មែន​ទេ? តើ​ខ្ញុំ​អាច​លើក​កិត្ដិ​យស​បង​ប្អូន​រួម​ជំនឿ​ទាំង​អស់​ដោយ​ស្តាប់​យោបល់​របស់​ពួក​គេ ហើយ​ធ្វើ​តាម​ពេល​ដែល​អាច​ធ្វើ​បាន​ឬ​ទេ? តើ​មាន​បង​ប្អូន​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ ឬ​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ដែល​ខ្ញុំ​អាច​បង្ហាញ​ការ​យក​ចិត្ដ​ទុក​ដាក់​ច្រើន​ជាង​ឬ​ទេ? តើ​ខ្ញុំ​នឹង​ចាត់​វិធានការ​អ្វី?›។—លោកុប្បត្ដិ ៣០:៦; ពួក​ចៅហ្វាយ ១៣:៩; ពង្សាវតារ​ក្សត្រ​ទី១ ១៧:២២; របា​ក្សត្រ​ទី២ ៣០:២០

​«​ប្រហែល​ជា​ព្រះ​យេហូវ៉ា ទ្រង់​នឹង​ទត​មើល​សេចក្ដី​វេទនា​របស់​យើង​»​

ដាវីឌ​មិន​បាន​បញ្ឈប់​ស៊ីម៉ាយ​ពី​ការ​ជេរ​ប្រមាថ​គាត់​ទេ។ បើ​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នោះ តើ​អ្នក​នឹង​ធ្វើ​អ្វី? (​សូម​មើល​វគ្គ​១៦, ១៧​)

១៦. ពេល​ស៊ីម៉ាយ​បាន​ប្រព្រឹត្ដ​អាក្រក់​មក​លើ​ស្ដេច​ដាវីឌ តើ​ដាវីឌ​មាន​ប្រតិកម្ម​យ៉ាង​ណា?

១៦ ចិត្ដ​រាប​ទាប​ក៏​ជួយ​យើង​ឲ្យ​ចេះ​ទប់​ចិត្ដ​ពេល​អ្នក​ឯ​ទៀត​ប្រព្រឹត្ដ​អាក្រក់​មក​លើ​យើង។ (​អេភេសូរ ៤:២​) យើង​អាច​ឃើញ​គំរូ​ដ៏​ល្អ​ប្រសើរ​មួយ​អំពី​រឿង​នេះ​នៅ​សាំយូអែល​ទី២ ១៦:៥​-​១៣។ (​សូម​អាន​) ស៊ីម៉ាយ​ដែល​ជា​សាច់​ញាតិ​របស់​ស្ដេច​សុល​បាន​ជេរ​ប្រមាថ​និង​វាយ​ប្រហារ​ដាវីឌ​និង​អ្នក​បម្រើ​របស់​គាត់។ ដាវីឌ​អាច​បញ្ឈប់​ស៊ីម៉ាយ​បាន តែ​គាត់​បាន​ស៊ូ​ទ្រាំ​ដោយ​ចិត្ដ​អត់​ធ្មត់​នូវ​ការ​ជេរ​ប្រមាថ​របស់​ស៊ីម៉ាយ។ ហេតុ​អ្វី​ដាវីឌ​អាច​ទប់​ចិត្ដ​បាន? ដើម្បី​ដឹង​ចម្លើយ យើង​អាច​ពិចារណា​ទំនុក​តម្កើង ទំនុក​ទី៣។

១៧. តើ​អ្វី​បាន​ជួយ​ដាវីឌ​ឲ្យ​ចេះ​ទប់​ចិត្ដ ហើយ​តើ​យើង​អាច​យក​តម្រាប់​គាត់​យ៉ាង​ដូច​ម្ដេច?

១៧ ដាវីឌ​បាន​សរសេរ​ទំនុក​តម្កើង ទំនុក​ទី៣​ពេល​អាប់សាឡំម​ដែល​ជា​កូន​ប្រុស​របស់​គាត់​ចង់​សម្លាប់​គាត់។ គឺ​ក្នុង​អំឡុង​គ្រា​នោះ​ដែល​ស៊ីម៉ាយ​បាន​វាយ​ប្រហារ​ដាវីឌ ប៉ុន្ដែ​ដាវីឌ​បាន​រក្សា​ចិត្ដ​ស្ងប់។ ហេតុ​អ្វី​គាត់​អាច​ធ្វើ​ដូច្នេះ? ពាក្យ​របស់​ដាវីឌ​នៅ​ទំនុក​តម្កើង ៣:៤​ចែង​ថា​៖ ​«​ខ្ញុំ​ឡើង​សំឡេង​អំពាវ​នាវ​ដល់​ព្រះ​យេហូវ៉ា ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​ពី​លើ​ភ្នំ​បរិសុទ្ធ​របស់​ទ្រង់​»។ ពេល​អ្នក​ឯ​ទៀត​ប្រព្រឹត្ដ​អាក្រក់​មក​លើ​យើង យើង​ត្រូវ​អធិដ្ឋាន​ដូច​ដែល​ដាវីឌ​បាន​ធ្វើ។ យ៉ាង​នេះ ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​សកម្មពល​បរិសុទ្ធ​របស់​លោក​ដើម្បី​ឲ្យ​យើង​ស៊ូ​ទ្រាំ។ តើ​អ្នក​អាច​គិត​អំពី​ស្ថានភាព​ណា​ខ្លះ​ដែល​អ្នក​ត្រូវ​រៀន​ឲ្យ​ចេះ​ទប់​ចិត្ដ​ច្រើន​ជាង ឬ​កាន់​តែ​ចេះ​អភ័យ​ទោស​ឲ្យ​បុគ្គល​ណា​ម្នាក់​ពេល​គាត់​ប្រព្រឹត្ដ​មិន​ល្អ​មក​លើ​អ្នក? តើ​អ្នក​មាន​ទំនុក​ចិត្ដ​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​អ្នក​យ៉ាង​ខ្លាំង​ពេល​អ្នក​មាន​ទុក្ខ​លំបាក ហើយ​ថា​លោក​នឹង​ជួយ​អ្នក​ព្រម​ទាំង​ឲ្យ​ពរ​អ្នក​ឬ​ទេ?

​«​ប្រាជ្ញា​ជា​សំខាន់​លេខ​១​»​

១៨. តើ​យើង​នឹង​ទទួល​ប្រយោជន៍​អ្វី​ពី​ការ​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា?

១៨ ពេល​យើង​ធ្វើ​អ្វី​ដែល​យើង​ដឹង​ថា​គឺ​ត្រឹម​ត្រូវ ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​យើង។ សុភាសិត ៤:៧​ចែង​ថា​៖ ​«​ប្រាជ្ញា​ជា​សំខាន់​លេខ​១​»។ ទោះ​ជា​ប្រាជ្ញា​មាន​មូលដ្ឋាន​លើ​ចំណេះ​ក្ដី ប្រាជ្ញា​មិន​គ្រាន់​តែ​ជា​ការ​យល់​នូវ​អ្វី​ៗ​ដែល​ជា​ការ​ពិត​ទេ។ ប្រាជ្ញា​ជាប់​ទាក់​ទង​នឹង​ការ​សម្រេច​ចិត្ដ​របស់​យើង។ ជា​ឧទាហរណ៍ សូម្បី​តែ​សត្វ​ស្រមោច​ក៏​បង្ហាញ​ថា​វា​មាន​ប្រាជ្ញា ដោយ​ចេះ​ប្រមូល​ទុក​អាហារ​សម្រាប់​រដូវ​រងា។ (​សុភាសិត ៣០:២៤, ២៥​) គ្រិស្ដ​ដែល​បាន​ត្រូវ​ហៅ​ថា ​«​ប្រាជ្ញា​របស់​ព្រះ​»​ តែង​តែ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​បិតា​របស់​លោក​ពេញ​ចិត្ដ។ (​កូរិនថូស​ទី១ ១:២៤; យ៉ូហាន ៨:២៩​) ពេល​ដែល​យើង​បង្ហាញ​ប្រាជ្ញា​ដូច​លោក​យេស៊ូ​ដោយ​សម្រេច​ចិត្ដ​ធ្វើ​អ្វី​ដែល​យើង​ដឹង​ថា​គឺ​ត្រឹម​ត្រូវ ហើយ​ដោយ​រក្សា​ចិត្ដ​រាប​ទាប នោះ​ព្រះ​នឹង​ឲ្យ​ពរ​យើង។ (​សូម​អាន ម៉ាថាយ ៧:២១​-​២៣) ដូច្នេះ សូម​បន្ដ​ខំ​ព្យាយាម​ឲ្យ​មាន​ចិត្ដ​រាប​ទាប។ បើ​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ដ​រាប​ទាប​ដែរ។ ការ​ធ្វើ​តាម​អ្វី​ដែល​យើង​ដឹង​ថា​គឺ​ជា​ការ​ត្រឹម​ត្រូវ គឺ​ត្រូវ​ការ​ពេល​វេលា​និង​ចិត្ដ​អត់​ធ្មត់។ ប៉ុន្ដែ​ការ​ធ្វើ​ដូច្នេះ បង្ហាញ​ថា​យើង​មាន​ចិត្ដ​រាប​ទាប ហើយ​ចិត្ដ​រាប​ទាប​នាំ​ឲ្យ​យើង​សប្បាយ​នៅ​ឥឡូវ​នេះ​និង​ជា​រៀង​រហូត។