លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣៧

ចូរ​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា​ស្មោះ​ពី​ចិត្ត

ចូរ​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា​ស្មោះ​ពី​ចិត្ត

‹យើង​ត្រូវ​ចុះ​ចូល​នឹង​លោក​ជាង​នោះ​ទៅ​ទៀត មែន​ទេ?›។—ហេ. ១២:៩

ចម្រៀង​លេខ​៩ ព្រះ​យេហូវ៉ា​ជា​ស្តេច​របស់​យើង!

សេចក្ដី​សង្ខេប *

១. ហេតុ​អ្វី​យើង​គួរ​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា?

យើង​គួរ​ចុះ​ចូល *នឹង​ព្រះ​យេហូវ៉ា​ដោយ​សារ​លោក​ជា​ព្រះ​ដែល​បង្កើត​យើង។ ហេតុ​នេះ​ហើយ លោក​មាន​សិទ្ធិ​ប្រាប់​យើង​អំពី​អ្វី​ដែល​យើង​គួរ​ធ្វើ។ (​បប. ៤:១១​) មូលហេតុ​ល្អ​មួយ​ទៀត​ដែល​យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា គឺ​ដោយ​សារ​របៀប​គ្រប់​គ្រង​របស់​លោក​គឺ​ល្អ​បំផុត។ ក្នុង​ប្រវត្ដិសាស្ត្រ​របស់​មនុស្សជាតិ មនុស្ស​ជា​ច្រើន​មាន​អំណាច​គ្រប់​គ្រង​លើ​អ្នក​ឯ​ទៀត។ ប៉ុន្តែ ពេល​យើង​ប្រៀប​ធៀប​ការ​គ្រប់​គ្រង​របស់​ពួក​គេ​ទៅ​នឹង​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា យើង​ឃើញ​ថា​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់​គ្រង​ដែល​មាន​ប្រាជ្ញា សេចក្ដី​ស្រឡាញ់ មេត្ដា​ករុណា និង​សន្ដោស​ប្រណី​ជាង​គេ​បំផុត។—និក្ខ. ៣៤:៦; រ៉ូម ១៦:២៧; ១យ៉ូន. ៤:៨

២. តើ​ហេប្រឺ ១២:៩​-​១១ ផ្ដល់​មូលហេតុ​អ្វី​ខ្លះ​ឲ្យ​យើង​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា?

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ស្ដាប់​បង្គាប់​លោក មិន​គ្រាន់​តែ​ដោយ​សារ​យើង​កោត​ខ្លាច​លោក​ប៉ុណ្ណោះ​ទេ តែ​ក៏​ដោយ​សារ​យើង​ស្រឡាញ់​លោក ហើយ​ចាត់​ទុក​លោក​ថា​ជា​បិតា​ដែល​ស្រឡាញ់​យើង។ ក្នុង​សំបុត្រ​របស់​ប៉ូល​ទៅ​កាន់​គ្រិស្ត​សាសនិកជន​ជាតិ​ហេប្រឺ គាត់​ពន្យល់​ថា​យើង​គួរ​«​ចុះ​ចូល​នឹង​លោក​»​ដែល​ជា​បិតា ដោយ​សារ​លោក​បង្ហាត់​បង្រៀន​យើង​ដើម្បី​«​ជា​ប្រយោជន៍​ដល់​យើង​»។—សូម​អាន ហេប្រឺ ១២:៩​-​១១

៣. (​ក​) តើ​យើង​បង្ហាញ​ថា​យើង​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា​តាម​របៀប​ណា? (​ខ​) តើ​យើង​នឹង​ឆ្លើយ​សំណួរ​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

យើង​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា​ដោយ​ព្យាយាម​ស្ដាប់​បង្គាប់​លោក​ក្នុង​គ្រប់​ការ​ទាំង​អស់ និង​ដោយ​តយុទ្ធ​នឹង​បំណង​ចិត្ត​ដែល​ចង់​ពឹង​ផ្អែក​លើ​ការ​យល់​ដឹង​របស់​ខ្លួន។ (​សុភ. ៣:៥​) យើង​ស្រួល​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា​ជាង កាល​ដែល​យើង​រៀន​អំពី​គុណ​សម្បត្ដិ​ដ៏​ថ្លៃ​ថ្លា​របស់​លោក ដោយ​សារ​គុណ​សម្បត្ដិ​ទាំង​នេះ​បាន​ត្រូវ​ស​ឲ្យ​ឃើញ​តាម​រយៈ​ការ​ប្រព្រឹត្ត​ទាំង​អស់របស់​លោក។ (​ទំនុក. ១៤៥:៩​) កាល​ដែល​យើង​រៀន​ច្រើន​ជាង​អំពី​ព្រះ​យេហូវ៉ា នោះ​យើង​កាន់​តែ​ស្រឡាញ់​លោក។ ម្យ៉ាង​ទៀត ពេល​ដែល​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា យើង​មិន​ត្រូវ​ការ​ច្បាប់​ជា​ច្រើន​អំពី​អ្វី​ដែល​យើង​គួរ​ធ្វើ និង​អ្វី​ដែល​យើង​មិន​គួរ​ធ្វើ​ទេ។ យើង​ព្យាយាម​រៀន​ឲ្យ​មាន​របៀប​គិត​គូរ​និង​អារម្មណ៍​ដូច​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​មាន ហើយ​ជៀស​វាង​ពី​អ្វី​ដែល​អាក្រក់។ (​ទំនុក. ៩៧:១០​) ប៉ុន្តែ​ពេល​ខ្លះ ការ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ប្រហែល​ជា​ពិបាក​ចំពោះ​យើង។ ហេតុ​អ្វី? ម្យ៉ាង​ទៀត តើ​ពួក​អ្នក​ចាស់​ទុំ ឪ​ពុក និង​ម្ដាយ​អាច​រៀន​អ្វី​ពី​គំរូ​របស់​អភិបាល​នេហេមា ស្តេច​ដាវីឌ និង​ម៉ារៀ​ដែល​ជា​ម្ដាយ​របស់​លោក​យេស៊ូ? អត្ថបទ​នេះ​នឹង​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ។

មូលហេតុ​ដែល​ការ​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា​ប្រហែល​ជា​ពិបាក​សម្រាប់​យើង

៤​-​៥. យោង​ទៅ​តាម​រ៉ូម ៧:២១​-​២៣ ហេតុ​អ្វី​ការ​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា​ប្រហែល​ជា​ពិបាក​សម្រាប់​យើង?

មូលហេតុ​មួយ​ដែល​យើង​ប្រហែល​ជា​ពិបាក​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា គឺ​ដោយ​សារ​យើង​ទាំង​អស់​គ្នា​មាន​ភាព​ខុស​ឆ្គង​និង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ដូច្នេះ យើង​មិន​តែង​តែ​ចង់​ស្ដាប់​បង្គាប់​ព្រះ​ទេ។ ពេល​ដែល​អាដាម​និង​អេវ៉ា​បាន​បះ​បោរ​ប្រឆាំង​ព្រះ​ដោយ​បរិភោគ​ផ្លែ​ដែល​លោក​បាន​ហាម ពួក​គេ​បាន​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​អំពី​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់។ (​លោ. ៣:២២​) នៅ​សព្វ​ថ្ងៃ​នេះ ដូច​អាដាម​និង​អេវ៉ា មនុស្ស​ភាគ​ច្រើន​មិន​អើពើ​នឹង​ព្រះ​យេហូវ៉ា ហើយ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។

សូម្បី​តែ​ពួក​អ្នក​ដែល​ស្គាល់​និង​ស្រឡាញ់​ព្រះ​យេហូវ៉ា ក៏​ប្រហែល​ជា​ពិបាក​ចុះ​ចូល​នឹង​លោក​ទាំង​ស្រុង​ដែរ។ សាវ័ក​ប៉ូល​មាន​បញ្ហា​នេះ។ (​សូម​អាន រ៉ូម ៧:២១​-​២៣) ដូច​ប៉ូល យើង​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ យើង​ត្រូវ​តយុទ្ធ​ជា​និច្ច​នឹង​បំណង​ចិត្ត​ដែល​ចង់​ធ្វើ​អ្វី​ដែល​មិន​ត្រឹម​ត្រូវ។

៦​-​៧. តើ​អ្វី​ជា​មូលហេតុ​មួយ​ទៀត​ដែល​ការ​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា​ប្រហែល​ជា​ពិបាក​សម្រាប់​យើង? សូម​លើក​ឧទាហរណ៍​មួយ។

មូលហេតុ​មួយ​ទៀត​ដែល​ការ​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា​ប្រហែល​ជា​ពិបាក​ចំពោះ​យើង គឺ​ដោយ​សារ​យើង​ទទួល​ឥទ្ធិពល​ពី​វប្បធម៌​ក្នុង​តំបន់​ដែល​យើង​ធំ​ឡើង។ គំនិត​របស់​មនុស្ស​ជា​ច្រើន​ខុស​ពី​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា ហេតុ​នេះ​ហើយ​យើង​ត្រូវ​ខំ​ប្រឹង​ជា​និច្ច​ដើម្បី​មិន​មាន​របៀប​គិត​គូរ​ដូច​ពួក​គេ។ សូម​ពិចារណា​អំពី​ឧទាហរណ៍​មួយ។

នៅ​តំបន់​ខ្លះ តាម​ធម្មតា​មនុស្ស​វ័យ​ក្មេង​ទទួល​ការ​បង្ខិត​បង្ខំ​ឲ្យ​រក​លុយ​ឲ្យ​បាន​ច្រើន។ បង​ស្រី​ម្នាក់​ឈ្មោះ​មេរី *បាន​ជួប​ការ​ពិបាក​នេះ។ មុន​គាត់​រៀន​អំពី​ព្រះ​យេហូវ៉ា គាត់​បាន​ចូល​រៀន​នៅ​សាលា​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ប្រទេស​របស់​គាត់។ ក្រុម​គ្រួសារ​របស់​បង​មេរី​បាន​ព្យាយាម​បង្ខំ​គាត់​ឲ្យ​ទទួល​ការ​ងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់ ហើយ​ដែល​ធ្វើ​ឲ្យ​គាត់​មាន​មុខ​មាន​មាត់។ គាត់​ក៏​ចង់​បាន​ការ​ងារ​បែប​នោះ​ដែរ។ ប៉ុន្តែ ក្រោយ​ពី​គាត់​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា ហើយ​ស្រឡាញ់​លោក គាត់​បាន​ផ្លាស់​ប្ដូរ​គោល​ដៅ​របស់​គាត់។ ទោះ​ជា​យ៉ាង​នេះ​ក្ដី គាត់​និយាយ​ថា​៖ ​«​ជួន​កាល ខ្ញុំ​ឃើញ​ឱកាស​ការ​ងារ​ដែល​អាច​ឲ្យ​ខ្ញុំ​រក​លុយ​បាន​ច្រើន តែ​ខ្ញុំ​ដឹង​ថា​ការ​ងារ​នោះ​នឹង​រា​រាំង​ខ្ញុំ​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា​ដូច​ខ្ញុំ​កំពុង​ធ្វើ​នៅ​ឥឡូវ​នេះ។ ដោយ​សារ​របៀប​ដែល​ខ្ញុំ​បាន​ត្រូវ​ចិញ្ចឹម​អប់រំ ខ្ញុំ​នៅ​តែ​ពិបាក​មាន​ទស្សនៈ​ត្រឹម​ត្រូវ។ ខ្ញុំ​ត្រូវ​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ខ្ញុំ​ទប់​ទល់​នឹង​ការ​ល្បួង​ឲ្យ​ទទួល​យក​ការ​ងារ ដែល​អាច​រា​រាំង​ខ្ញុំ​ពី​ការ​ខំ​អស់​ពី​សមត្ថភាព​ក្នុង​កិច្ច​បម្រើ​លោក​»។—ម៉ាថ. ៦:២៤

៨. តើ​យើង​នឹង​ពិចារណា​អ្វី?

ការ​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍។ ពួក​អ្នក​ដែល​មាន​អំណាច​មួយ​កម្រិត​ដូច​ជា ពួក​អ្នក​ចាស់​ទុំ ឪ​ពុក និង​ម្ដាយ​កាន់​តែ​មាន​មូលហេតុ​ដើម្បី​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ ពី​ព្រោះ​នោះ​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​ជួយ​អ្នក​ឯ​ទៀត។ សូម​យើង​ពិចារណា​គំរូ​ខ្លះ​ក្នុង​គម្ពីរ​ដែល​បង្រៀន​យើង​អំពី​ការ​ប្រើ​អំណាច​តាម​របៀប​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។

អ្វី​ដែល​ពួក​អ្នក​ចាស់​ទុំ​អាច​រៀន​ពី​នេហេមា

ពួក​អ្នក​ចាស់​ទុំ​ជួយ​ធ្វើ​កិច្ច​ការ​នៅ​សាល​ប្រជុំ ដូច​ដែល​នេហេមា​បាន​ចូល​រួម​ក្នុង​ការ​សាង​សង់​ក្រុង​យេរូសាឡិម​ឡើង​វិញ (​សូម​មើល​វគ្គ​៩​-​១១​) *

៩. តើ​នេហេមា​មាន​ការ​ពិបាក​អ្វី​ខ្លះ?

ព្រះ​យេហូវ៉ា​បាន​ប្រគល់​ភារកិច្ច​ដ៏​សំខាន់​ដល់​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ការ​ថែ​ទាំ​រាស្ត្រ​របស់​លោក។ (​១ពេ. ៥:២​) អ្នក​ចាស់​ទុំ​អាច​រៀនច្រើន​ពេល​ពិចារណា​អំពី​របៀប​ដែល​នេហេមា​ប្រព្រឹត្ត​ចំពោះ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ ក្នុង​នាម​ជា​អភិបាល​ស្រុក​យូដា នេហេមា​មាន​អំណាច​ច្រើន។ (​នេហ. ១:១១; ២:៧, ៨; ៥:១៤​) សូម​ស្រមៃ​គិត​អំពី​ការ​ពិបាក​ខ្លះ​ដែល​នេហេមា​ជួប​ប្រទះ។ គាត់​បាន​ដឹង​ថា​បណ្ដា​ជន​ធ្វើ​អ្វី​ដែល​មិន​ស្អាត​បរិសុទ្ធ​នៅ​វិហារ​របស់​ព្រះ ហើយ​ពួក​គេ​មិន​ផ្គត់​ផ្គង់​ពួក​លេវី​ដូច​ដែល​ច្បាប់​របស់​ព្រះ​បាន​តម្រូវ​ឡើយ។ ជន​ជាតិ​យូដា​បាន​បំពាន​ច្បាប់​ថ្ងៃ​ឈប់​សម្រាក ហើយ​បុរស​ខ្លះ​បាន​រៀប​ការ​ជា​មួយ​ស្ត្រី​ពី​ប្រជា​ជាតិ​ដែល​មិន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ អភិបាល​នេហេមា​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ។—នេហ. ១៣:៤​-​៣០

១០. តើ​នេហេមា​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ពេល​មាន​បញ្ហា?

១០ នេហេមា​មិន​បាន​ប្រើ​អំណាច​របស់​គាត់​ដើម្បី​បង្ខំ​រាស្ត្រ​ព្រះ​ឲ្យ​ធ្វើ​តាម​គំនិត​របស់​គាត់​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​អធិដ្ឋាន​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​សុំ​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា ហើយ​គាត់​បាន​បង្រៀន​ច្បាប់​លោក​ដល់​បណ្ដា​ជន។ (​នេហ. ១:៤​-​១០; ១៣:១​-​៣​) នេហេមា​ក៏​រួម​ការ​ងារ​ជា​មួយ​នឹង​បណ្ដា​ជន​ក្នុង​ការ​សាង​សង់​កំពែង​ក្រុង​យេរូសាឡិម​ឡើង​វិញ។—នេហ. ៤:១៥

១១. យោង​ទៅ​តាម​ថែស្សាឡូនិច​ទី១ ២:៧, ៨ តើ​ពួក​អ្នក​ចាស់​ទុំ​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុម​ជំនុំ?

១១ ពួក​អ្នក​ចាស់​ទុំ​ប្រហែល​ជា​មិន​មាន​បញ្ហា​ដូច​នេហេមា​ទេ ប៉ុន្តែ​ពួក​គេ​អាច​យក​តម្រាប់​គាត់​ក្នុង​រឿង​ផ្សេង​ៗ។ ជា​ឧទាហរណ៍ ពួក​គេ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​ជា​ប្រយោជន៍​ដល់​បង​ប្អូន។ ម្យ៉ាង​ទៀត ពួក​គេ​មិន​មាន​អារម្មណ៍​ថា​ពួក​គេ​ល្អ​ប្រសើរ​ជាង​អ្នក​ឯ​ទៀត ដោយ​សារ​អំណាច​ដែល​ពួក​គេ​បាន​ទទួល​នោះ​ទេ។ តែ​ពួក​គេ​ប្រព្រឹត្ត​ដោយ​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ក្រុម​ជំនុំ។ (​សូម​អាន ថែស្សាឡូនិច​ទី១ ២:៧, ៨) សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​និង​ចិត្ត​រាប​ទាប​របស់​ពួក​គេ គឺ​ស​ឲ្យ​ឃើញ​តាម​រយៈ​របៀប​ដែល​ពួក​គេ​និយាយ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត។ បង​អេនទ្រូ​ដែល​ជា​អ្នក​ចាស់​ទុំ​អស់​ជា​ច្រើន​ឆ្នាំ​និយាយ​ថា​៖ ​«​ខ្ញុំ​ឃើញ​ថា ពេល​អ្នក​ចាស់​ទុំ​បង្ហាញ​សេចក្ដី​សប្បុរស​និង​រួស​រាយ​រាក់​ទាក់ នោះ​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​បង​ប្អូន។ គុណ​សម្បត្ដិ​ទាំង​នេះ​ជំរុញ​ចិត្ត​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ឲ្យ​សហការ​ជា​មួយ​នឹង​ពួក​អ្នក​ចាស់​ទុំ​»។ បង​ថូនី​ដែល​បម្រើ​ជា​អ្នក​ចាស់​ទុំ​អស់​ជា​ច្រើន​ឆ្នាំ​ដែរ និយាយ​ថា​៖ ​«​ខ្ញុំ​ខំ​ធ្វើ​តាម​យោបល់​នៅ​ភីលីព ២:៣ ហើយ​តែង​តែ​ព្យាយាម​ចាត់​ទុក​អ្នក​ឯ​ទៀត​ថា​ប្រសើរ​ជាង​ខ្ញុំ។ នេះ​ជួយ​ខ្ញុំ​មិន​ឲ្យ​ប្រព្រឹត្ត​ដូច​ជា​អ្នក​ដែល​មាន​អំណាច​ផ្ដាច់​ការ​»។

១២. ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​ពួក​អ្នក​ចាស់​ទុំ​មាន​ចិត្ត​រាប​ទាប?

១២ ពួក​អ្នក​ចាស់​ទុំ​ត្រូវ​មាន​ចិត្ត​រាប​ទាប​ដូច​ព្រះ​យេហូវ៉ា។ ទោះ​ជា​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់​គ្រង​ដ៏​ខ្ពស់​បំផុត​លើ​សកល​លោក​ក្ដី លោក​«​ឱន​»​ដើម្បី​«​លើក​មនុស្ស​ទន់​ខ្សោយ​ឡើង​ពី​ធូលី​ដី​»។ (​ទំនុក. ១៨:៣៥; ១១៣:៦; ទំន. [​ទំនុក.​] ១១៣:៧, ខ.ស.​) គម្ពីរ​ក៏​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​ស្អប់ខ្ពើម​ពួក​អ្នក​ដែល​មាន​អំណួត​និង​ក្រអឺត​ក្រទម។—សុភ. ១៦:៥

១៣. ហេតុ​អ្វី​អ្នក​ចាស់​ទុំ​ត្រូវ​ចេះ​«​ទប់​អណ្ដាត​ខ្លួន​»​?

១៣ អ្នក​ចាស់​ទុំ​ដែល​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា​ត្រូវ​ចេះ​«​ទប់​អណ្ដាត​ខ្លួន​»។ ពុំ​នោះ​សោត បើ​បុគ្គល​ណា​ម្នាក់​មិន​បង្ហាញ​ការ​គោរព​ចំពោះ​គាត់ នោះ​គាត់​ប្រហែល​ជា​និយាយ​មិន​សប្បុរស​តប​ទៅ​វិញ។ (​យ៉ា. ១:២៦; កាឡ. ៥:១៤, ១៥​) បង​អេនទ្រូ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ និយាយ​ថា​៖ ​«​នៅ​ពេល​ខ្លះ ខ្ញុំ​ចង់​ឆ្លើយ​ដោយ​មិន​សប្បុរស​ទៅ​បង​ប្អូន​ដែល​មើល​ទៅ​មិន​បង្ហាញ​ការ​គោរព។ ប៉ុន្តែ ខ្ញុំ​បាន​រំពឹង​គិត​អំពី​បុរស​ស្មោះ​ត្រង់​ក្នុង​គម្ពីរ ហើយ​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​ថា​ការ​មាន​ចិត្ត​រាប​ទាប​និង​ចិត្ត​សុភាព​គឺ​សំខាន់​»។ ពួក​អ្នក​ចាស់​ទុំ​បង្ហាញ​ការ​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា ដោយ​មាន​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​សប្បុរស ពេល​និយាយ​ជា​មួយ​នឹង​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ រួម​ទាំង​ពួក​អ្នក​ចាស់​ទុំ​ឯ​ទៀត​ដែរ។—កូឡ. ៤:៦

អ្វី​ដែល​ឪ​ពុក​អាច​រៀន​ពី​ស្តេច​ដាវីឌ

១៤. តើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ឪពុក​មាន​តួនាទី​អ្វី ហើយ​តើ​លោក​តម្រូវ​អ្វី​ពី​ពួក​គេ?

១៤ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ឪពុក​មាន​តួនាទី​ធ្វើ​ជា​ប្រមុខ​គ្រួសារ ហើយ​តម្រូវ​ឲ្យ​គាត់​បង្ហាត់​បង្រៀន​និង​ប្រៀន​ប្រដៅ​កូន។ (​១កូ. ១១:៣; អេភ. ៦:៤​) ប៉ុន្តែ អំណាច​របស់​ឪពុក​មាន​កម្រិត ដោយ​សារ​គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​យេហូវ៉ា​ស្តី​អំពី​របៀប​ដែល​គាត់​ប្រើ​អំណាច​នោះ។ ហេតុ​អ្វី? ពី​ព្រោះ​គ្រប់​គ្រួសារ​មាន​នាម​ត្រកូល​ពី​លោក។ (​អេភ. ៣:១៤, ១៥​) ឪ​ពុក​បង្ហាញ​ការ​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា ដោយ​ប្រើ​អំណាច​របស់​ខ្លួន​តាម​របៀប​ដែល​ព្រះ​ពេញ​ចិត្ត។ ពួក​គេ​អាច​រៀន​ច្រើន​ដោយ​សិក្សា​អំពី​ជីវិត​របស់​ស្តេច​ដាវីឌ។

សេចក្ដី​អធិដ្ឋាន​របស់​ឪ​ពុក​ដែល​ជា​គ្រិស្ត​សាសនិក គួរ​បង្ហាញ​ថា​គាត់​មាន​ចិត្ត​រាប​ទាប (​សូម​មើល​វគ្គ​១៥​-​១៦​) *

១៥. ហេតុ​អ្វី​ស្តេច​ដាវីឌ​ជា​គំរូ​ល្អ​សម្រាប់​ឪ​ពុក?

១៥ ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ដាវីឌ មិន​គ្រាន់​តែ​ឲ្យ​ធ្វើ​ជា​ប្រមុខ​គ្រួសារ​ប៉ុណ្ណោះ​ទេ តែ​ក៏​ឲ្យ​ធ្វើ​ជា​អ្នក​នាំ​មុខ​ប្រជា​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​ដែរ។ ក្នុង​នាម​ជា​ស្តេច ដាវីឌ​មាន​អំណាច​ច្រើន។ ពេល​ខ្លះ គាត់​បាន​ប្រើ​អំណាច​របស់​គាត់​តាម​របៀប​មិន​ត្រឹម​ត្រូវ ហើយ​បាន​ធ្វើ​ខុស​ធ្ងន់​ធ្ងរ។ (​២សាំ. ១១:១៤, ១៥​) ប៉ុន្តែ គាត់​បាន​បង្ហាញ​ការ​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា ដោយ​ព្រម​ទទួល​ការ​ប្រដៅ​តម្រង់​ពី​លោក។ គាត់​បាន​អធិដ្ឋាន​អស់​ពី​ចិត្ត​ទៅ​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត គាត់​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​ឱវាទ​ពី​លោក។ (​ទំនុក. ៥១:១​-​៤​) បន្ថែម​ទៅ​ទៀត គាត់​បង្ហាញ​ចិត្ត​រាប​ទាប​ដោយ​ទទួល​យោបល់​ល្អ​ពី​បុរស​និង​ស្ត្រី។ (​១សាំ. ១៩:១១, ១២; ២៥:៣២, ៣៣​) ដាវីឌ​បាន​រៀន​ពី​កំហុស​របស់​គាត់ ហើយ​បាន​ចាត់​ទុក​ថា​ការ​បម្រើ​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត។

១៦. តើ​ឪ​ពុក​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​ដាវីឌ?

១៦ សូម​ពិចារណា​អំពី​មេ​រៀន​ដែល​ឪ​ពុក​អាច​រៀន​ពី​ស្តេច​ដាវីឌ​៖ សូម​កុំ​ប្រើ​អំណាច​ដែល​អ្នក​បាន​ទទួល​ពី​ព្រះ​យេហូវ៉ា​ក្នុង​ផ្លូវ​ខុស។ សូមទទួល​ស្គាល់​កំហុស​របស់​អ្នក ហើយ​ទទួល​យក​ឱវាទ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ពី​អ្នក​ឯ​ទៀត។ បើ​អ្នក​ធ្វើ​ដូច្នេះ ក្រុម​គ្រួសារ​របស់​អ្នក​នឹង​គោរព​អ្នក ដោយ​សារ​អ្នក​មាន​ចិត្ត​រាប​ទាប។ ពេល​អ្នក​អធិដ្ឋាន​ជា​មួយ​នឹង​ក្រុម​គ្រួសារ សូម​អធិដ្ឋាន​អស់​ពី​ចិត្ត​ទៅ​ព្រះ​យេហូវ៉ា យ៉ាង​នេះ​ពួក​គេ​នឹង​ដឹង​ថា​អ្នក​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ខ្លាំង​យ៉ាង​ណា។ លើស​ពី​នេះ​ទៅ​ទៀត សូម​ចាត់​ទុក​ថា​ការ​បម្រើ​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​អ្នក។ (​ចោ. ៦:៦​-​៩​) អំណោយ​ដ៏​វិសេស​បំផុត​មួយ​ដែល​អ្នក​អាច​ឲ្យ​ក្រុម​គ្រួសារ​អ្នក​គឺ គំរូ​ល្អ​របស់​អ្នក។

អ្វី​ដែល​ម្ដាយ​អាច​រៀន​ពី​ម៉ារៀ

១៧. តើ​ព្រះ​យេហូវ៉ា​បាន​ប្រគល់​តួនាទី​អ្វី​ឲ្យ​ម្ដាយ?

១៧ ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​ម្ដាយ​នូវ​តួនាទី​ដ៏​មាន​កិត្ដិយស​ក្នុង​ក្រុម​គ្រួសារ ហើយ​លោក​បាន​ឲ្យ​គាត់​មាន​អំណាច​មួយ​កម្រិត​លើ​កូន។ (​សុភ. ៦:២០​) តាម​ការ​ពិត ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​ម្ដាយ​អាច​មាន​ឥទ្ធិពល​លើ​កូន​អស់​មួយ​ជីវិត។ (​សុភ. ២២:៦​) សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​ម្ដាយ​អាច​រៀន​ពី​ម៉ារៀ​ដែល​ជា​ម្ដាយ​របស់​លោក​យេស៊ូ។

១៨​-​១៩. តើ​ម្ដាយ​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​គំរូ​របស់​ម៉ារៀ?

១៨ ម៉ារៀ​ស្គាល់​បទ​គម្ពីរ​យ៉ាង​ច្បាស់។ គាត់​គោរព​ព្រះ​យេហូវ៉ា​យ៉ាង​ជ្រាល​ជ្រៅ ហើយ​មាន​ចំណង​មិត្តភាព​ដ៏​រឹង​មាំ​ជា​មួយ​នឹង​លោក។ គាត់​សុខ​ចិត្ត​ចុះ​ចូល​តាម​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា ទោះ​ជា​នេះ​មាន​ន័យ​ថា​ជីវិត​របស់​គាត់​នឹង​ផ្លាស់​ប្ដូរ​ទាំង​ស្រុង​ក៏​ដោយ។—លូក. ១:៣៥​-​៣៨, ៤៦​-​៥៥

បើ​ម្ដាយ​អស់​កម្លាំង​ឬ​មាន​អារម្មណ៍​ថា​តឹង​ទ្រូង គាត់​ប្រហែល​ជា​ត្រូវ​ខំ​ព្យាយាម​ខ្លាំង​ជាង​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​សមាជិក​ក្រុម​គ្រួសារ (​សូម​មើល​វគ្គ​១៩​) *

១៩ ក្នុង​នាម​ជា​ម្ដាយ អ្នក​អាច​យក​តម្រាប់​ម៉ារៀ​តាម​របៀប​ផ្សេង​ៗ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ? ទី១ អ្នក​អាច​រក្សា​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដោយ​សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន​និង​អធិដ្ឋាន​ម្នាក់​ឯង។ ទី២ អ្នក​អាច​សុខ​ចិត្ត​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ផ្សេង​ៗ​ក្នុង​ជីវិត​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ ជា​ឧទាហរណ៍ ប្រហែល​ជា​ពេល​អ្នក​នៅ​ក្មេង ឪ​ពុក​ម្ដាយ​របស់​អ្នក​ជា​មនុស្ស​ឆាប់​ខឹង ហើយ​និយាយ​ទ្រ​គោះ​បោះ​បោក​ដាក់​កូន។ ដូច្នេះ អ្នក​ប្រហែល​ជា​ធំ​ឡើង​ដោយ​គិត​ថា​នេះ​ជា​របៀប​ប្រព្រឹត្ត​ធម្មតា​ក្នុង​ក្រុម​គ្រួសារ។ អ្នក​ប្រហែល​ជា​នៅ​តែ​ពិបាក​ស្ងប់​អារម្មណ៍​និង​អត់​ធ្មត់​ចំពោះ​កូន ជា​ពិសេស​បើ​កូន​ធ្វើ​ខុស​ពេល​ដែល​អ្នក​អស់​កម្លាំង ទោះ​ជា​អ្នក​បាន​រៀន​អំពី​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​រួច​ហើយ​ក្ដី។ (​អេភ. ៤:៣១​) ពេល​អ្នក​មាន​អារម្មណ៍​បែប​នេះ គឺ​សំខាន់​ណាស់​ដែល​អ្នក​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​អ្នក។ ម្ដាយ​ម្នាក់​ឈ្មោះ​លីឌា និយាយ​ថា​៖ ​«​ជួន​កាល ខ្ញុំ​ត្រូវ​ខំ​អធិដ្ឋាន​អង្វរ​ព្រះ​អស់​ពី​ចិត្ត​ដើម្បី​ជួយ​ខ្ញុំ​មិន​ឲ្យ​និយាយ​ដោយ​កំហឹង ពេល​ដែល​កូន​ប្រុស​ខ្ញុំ​មិន​ស្ដាប់​បង្គាប់​ខ្ញុំ។ ពេល​ខ្លះ ខ្ញុំ​បាន​និយាយ​មិន​ទាន់​ដល់​ចប់​ផង ខ្ញុំ​ត្រូវ​ឈប់​សិន ហើយ​អធិដ្ឋាន​ក្នុង​ចិត្ត​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ ទើប​ខ្ញុំ​និយាយ​ត​ទៀត។ ការ​អធិដ្ឋាន​ជួយ​ខ្ញុំ​ឲ្យ​ស្ងប់​អារម្មណ៍​»។—ទំនុក. ៣៧:៥

២០. តើ​ម្ដាយ​ខ្លះ​ជួប​ប្រទះ​ការ​ពិបាក​អ្វី ហើយ​តើ​ពួក​គេ​អាច​យក​ឈ្នះ​ការ​ពិបាក​នេះ​យ៉ាង​ដូច​ម្ដេច?

២០ ម្ដាយ​ខ្លះ​មាន​ការ​ពិបាក​មួយ​ទៀត គឺ​ពួក​គេ​ពិបាក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​កូន។ (​ទីត. ២:៣, ៤​) ស្ត្រី​ខ្លះ​បាន​ធំ​ឡើង​ក្នុង​គ្រួសារ​ដែល​ឪ​ពុក​ម្ដាយ​មិន​បង្ហាញ​ភាព​កក់​ក្ដៅ​ចំពោះ​កូន។ បើ​អ្នក​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​បែប​នោះ នេះ​មិន​មាន​ន័យ​ថា​អ្នក​ត្រូវ​ធ្វើ​ដូច​ឪ​ពុក​ម្ដាយ​របស់​អ្នក​ទេ។ ម្ដាយ​ដែល​ចុះ​ចូល​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា ប្រហែល​ជា​ត្រូវ​រៀន​អំពី​របៀប​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​កូន។ គាត់​ប្រហែល​ជា​ពិបាក​កែ​ប្រែ​របៀប​គិត​គូរ អារម្មណ៍ និង​ការ​ប្រព្រឹត្ត​របស់​គាត់។ ប៉ុន្តែ​គាត់​អាច​ធ្វើ​បាន ហើយ​ការ​ផ្លាស់​ប្ដូរ​ទាំង​នោះ​នឹង​មាន​ប្រយោជន៍​ចំពោះ​គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់។

ចូរ​បន្ត​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា

២១​-​២២. យោង​ទៅ​តាម​អេសាយ ៦៥:១៣, ១៤ តើ​ការ​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ?

២១ ស្តេច​ដាវីឌ​ដឹង​ថា​ការ​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​ទទួល​ប្រយោជន៍។ គាត់​បាន​សរសេរ​ថា​៖ ​«​សេចក្ដី​បញ្ញត្ត​របស់​ព្រះ​យេហូវ៉ា​សុទ្ធតែ​ទៀង​ត្រង់ ក៏​បណ្ដាល​ឲ្យ​ចិត្ត​រីក​រាយ​សប្បាយ។ ក្រិត្យ​ក្រម​នៃ​ព្រះ​យេហូវ៉ា​ជា​សុទ្ធសាធ ក៏​បំភ្លឺ​ភ្នែក។ មួយ​ទៀត ទូល​បង្គំ​ជា​អ្នក​បំរើ​ទ្រង់​ក៏​ចេះ​ប្រយ័ត ដោយ​សារ​សេចក្ដី​ទាំង​នោះ​ដែរ ហើយ​ដែល​កាន់​តាម នោះ​ក៏​មាន​រង្វាន់​យ៉ាង​ធំ​»។ (​ទំនុក. ១៩:៨, ១១​) នៅ​សព្វ​ថ្ងៃ​នេះ យើង​អាច​ឃើញ​ភាព​ខុស​គ្នា​រវាង​ពួក​អ្នក​ដែល​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា​និង​ពួក​អ្នក​ដែល​មិន​ព្រម​ទទួល​ការ​ណែនាំ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ពី​លោក។ ពួក​អ្នក​ដែល​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា​«​ច្រៀង​ដោយ​មាន​ចិត្ត​អំណរ​»។—សូម​អាន អេសាយ ៦៥:១៣, ១៤

២២ ពេល​ពួក​អ្នក​ចាស់​ទុំ ឪ​ពុក និង​ម្ដាយ​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា​ស្មោះ​ពី​ចិត្ត នោះ​ជីវិត​របស់​ពួក​គេ​កាន់​តែ​ល្អ​ប្រសើរ ក្រុម​គ្រួសារ​របស់​ពួក​គេ​កាន់​តែ​មាន​សុភមង្គល ហើយ​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​កាន់​តែ​មាន​សាមគ្គី​ភាព។ សំខាន់​បំផុត ពួក​គេ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​រីក​រាយ។ (​សុភ. ២៧:១១​) គ្មាន​អ្វី​ធ្វើ​ឲ្យ​យើង​សប្បាយ​ជាង​នេះ​ឡើយ មែន​ទេ?

ចម្រៀង​លេខ​១២៣ ចុះ​ចូល​ដោយ​ស្មោះ​ក្រោម​ការ​រៀប​ចំ​របស់​ព្រះ

^ វគ្គ 5 នៅ​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​គួរ​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា។ យើង​ក៏​នឹង​ពិចារណា​ដែរ​ថា​ពួក​អ្នក​ដែល​មាន​អំណាច​មួយ​កម្រិត ដូច​ជា​ពួក​អ្នក​ចាស់​ទុំ ឪ​ពុក និង​ម្ដាយ អាច​ទាញ​យក​មេ​រៀន​អ្វី​ខ្លះ​ពី​គំរូ​របស់​អភិបាល​នេហេមា ស្តេច​ដាវីឌ និង​ម៉ារៀ​ដែល​ជា​ម្ដាយ​របស់​លោក​យេស៊ូ។

^ វគ្គ 1 ការ​ពន្យល់​ពាក្យ: ពាក្យ​ចុះ​ចូល​មាន​អត្ថន័យ​មិន​ល្អ​ចំពោះ​ពួក​អ្នក​ដែល​បាន​ត្រូវ​គេ​បង្ខំ​ឲ្យ​ស្ដាប់​បង្គាប់​អ្នក​ណា​ម្នាក់។ ក៏​ប៉ុន្តែ រាស្ត្រ​របស់​ព្រះ​សម្រេច​ចិត្ត​ស្ដាប់​បង្គាប់​លោក ដូច្នេះ​ពួក​គេ​មិន​គិត​ថា​ការ​ចុះ​ចូល​នឹង​ព្រះ​គឺ​ជា​អ្វី​ដែល​មិន​ល្អ​នោះ​ទេ។

^ វគ្គ 7 ឈ្មោះ​ខ្លះ​ក្នុង​អត្ថបទ​នេះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

^ វគ្គ 62 ការ​ពណ៌នា​អំពី​រូប​ភាព: អ្នក​ចាស់​ទុំ​ម្នាក់​ថែ​ទាំ​សាល​ប្រជុំ​ជា​មួយ​នឹង​កូន​ប្រុស​របស់​គាត់ ដូច​នេហេមា​បាន​ចូល​រួម​ជួយ​សាង​សង់​កំពែង​ក្រុង​យេរូសាឡិម​ឡើង​វិញ។

^ វគ្គ 64 ការ​ពណ៌នា​អំពី​រូប​ភាព: ឪ​ពុក​ម្នាក់​អធិដ្ឋាន​ជា​តំណាង​ក្រុម​គ្រួសារ​ដោយ​ស្មោះ​អស់​ពី​ចិត្ត។

^ វគ្គ 66 ការ​ពណ៌នា​អំពី​រូប​ភាព: ក្មេង​ប្រុស​ម្នាក់​លេង​ហ្គេម​អស់​ជា​ច្រើន​ម៉ោង ហើយ​មិន​បាន​ធ្វើ​កិច្ច​ការ​ផ្ទះ​ឬ​លំ​ហាត់​ពី​សាលា​ទេ។ ទោះ​ជា​ម្ដាយ​អស់​កម្លាំង​ក៏​ដោយ គាត់​ប្រដៅ​កូន​ដោយ​ចេះ​ទប់​កំហឹង និង​ដោយ​មិន​ប្រើ​ពាក្យ​សម្ដី​ទ្រ​គោះ​បោះ​បោក។