លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣៨

​«​ចូរ​មក​ឯ​ខ្ញុំ​ចុះ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​»​

​«​ចូរ​មក​ឯ​ខ្ញុំ​ចុះ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​»​

​«​អស់​អ្នក​ដែល​ធ្វើ​ការ​នឿយ​ហត់​ហើយ​មាន​បន្ទុក​ធ្ងន់​អើយ! ចូរ​មក​ឯ​ខ្ញុំ​ចុះ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​»។—ម៉ាថ. ១១:២៨

ចម្រៀង​លេខ​១៧ ចូរ​បង្ហាញ​ចិត្ត​មេត្ដា​ដូច​គ្រិស្ត

សេចក្ដី​សង្ខេប *

១. ដូច​បាន​ចែង​នៅ​ម៉ាថាយ ១១:២៨​-​៣០ តើ​លោក​យេស៊ូ​បាន​សន្យា​អ្វី?

លោក​យេស៊ូ​បាន​សន្យា​អំពី​អ្វី​ដ៏​អស្ចារ្យ​ដល់​មនុស្ស​មួយ​ក្រុម​ដែល​កំពុង​ស្ដាប់​លោក។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​មក​ឯ​ខ្ញុំ​ចុះ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​»។ (​សូម​អាន ម៉ាថាយ ១១:២៨​-​៣០) នេះ​មិន​មែន​ជា​សេចក្ដី​សន្យា​ឥត​ន័យ​នោះ​ទេ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ចំពោះ​ស្ត្រី​ម្នាក់​ដែល​បាន​រង​ទុក្ខ​ដោយ​សារ​ជំងឺ​ដ៏​អាក្រក់​មួយ។

២. តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី​ចំពោះ​ស្ត្រី​ម្នាក់​ដែល​មាន​ជំងឺ?

ស្ត្រី​ម្នាក់​ត្រូវ​ការ​ជំនួយ​ខ្លាំង​ណាស់។ គាត់​បាន​ទៅ​ជួប​គ្រូ​ពេទ្យ​ជា​ច្រើន​ដោយ​សង្ឃឹម​ថា​នឹង​បាន​ជា​សះ​ស្បើយ។ ក៏​ប៉ុន្តែ​គ្មាន​អ្នក​ណា​អាច​ព្យាបាល​ជំងឺ​ដែល​បាន​ធ្វើ​ឲ្យ​គាត់​រង​ទុក្ខ​អស់​១២​ឆ្នាំ​បាន​ទេ។ តាម​ច្បាប់​ម៉ូសេ​គាត់​បាន​ត្រូវ​រាប់​ថា​មិន​ស្អាត​បរិសុទ្ធ។ (​លេវី. ១៥:២៥​) កាល​ដែល​គាត់​បាន​ឮ​ថា​លោក​យេស៊ូ​អាច​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ជា​សះ​ស្បើយ គាត់​បាន​ទៅ​រក​លោក។ ពេល​គាត់​បាន​រក​ឃើញ​លោក​ហើយ គាត់​បាន​ពាល់​ជាយ​សម្លៀក​បំពាក់​ក្រៅ​របស់​លោក ហើយ​រំពេច​នោះ​គាត់​ក៏​បាន​ជា​សះ​ស្បើយ! លោក​យេស៊ូ​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​គាត់​ជា​សះ​ស្បើយ​ពី​ជំងឺ​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​លោក​ចំពោះ​គាត់ លោក​ក៏​បាន​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​គាត់​បាន​ទទួល​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព។ ជា​ឧទាហរណ៍ ពេល​និយាយ​ជា​មួយ​នឹង​គាត់ លោក​បាន​ហៅ​គាត់​ថា​«​កូន​ស្រី​»​ដើម្បី​បង្ហាញ​ការ​គោរព​និង​អារម្មណ៍​កក់​ក្ដៅ​ចំពោះ​គាត់។ ស្ត្រី​នោះ​ច្បាស់​ជា​បាន​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ​មែន!—លូក. ៨:៤៣​-​៤៨

៣. តើ​យើង​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ខ្លះ?

សូម​កត់​សម្គាល់​ថា​ស្ត្រី​នោះ​បាន​ទៅ​រក​លោក​យេស៊ូ។ នេះ​មាន​ន័យ​ថា​គាត់​បាន​ខំ​ព្យាយាម​ដើម្បី​ធ្វើ​ដូច្នេះ។ ស្រដៀង​គ្នា​ដែរ​នៅ​សព្វ​ថ្ងៃ​នេះ ដើម្បី​«​មក​ឯ​»​លោក​យេស៊ូ យើង​ក៏​ត្រូវ​ខំ​ប្រឹង​ដែរ។ នៅ​សម័យ​យើង​នេះ លោក​យេស៊ូ​មិន​ធ្វើ​អព្ភូតហេតុ​ដើម្បី​ឲ្យ​មនុស្ស​ឈឺ​ដែល​«​មក​ឯ​»​លោក​ជា​សះ​ស្បើយ​ទេ។ ប៉ុន្តែ​លោក​នៅ​តែ​អញ្ជើញ​យើង ដោយ​មានប្រសាសន៍​ថា​៖ ​«​ចូរ​មក​ឯ​ខ្ញុំ​ចុះ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​»។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​ប្រាំ​ដូច​ត​ទៅ​៖ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​«​មក​ឯ​»​លោក​យេស៊ូ? ពេល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​យក​នឹម​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា​»​ តើ​នោះ​មាន​ន័យ​យ៉ាង​ណា? តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​លោក​យេស៊ូ? ហេតុ​អ្វី​កិច្ច​ការ​ដែល​លោក​បាន​ឲ្យ​យើង នាំ​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ? តើ​យើង​អាច​បន្ត​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ​ក្រោម​នឹម​របស់​លោក​យេស៊ូ​តាម​របៀប​ណា?

​«​ចូរ​មក​ឯ​ខ្ញុំ​ចុះ​»​

៤​-​៥. តើ​យើង​អាច​«​មក​ឯ​»​លោក​យេស៊ូ​តាម​របៀប​ណា​ខ្លះ?

របៀប​មួយ​ដើម្បី​«​មក​ឯ​»​លោក​យេស៊ូ គឺ​ដោយ​រៀន​ឲ្យ​បាន​ច្រើន​អំពី​ប្រសាសន៍​និង​ការ​ប្រព្រឹត្ត​របស់​លោក។ (​លូក. ១:១​-​៤​) គ្មាន​អ្នក​ណា​អាច​ធ្វើ​ដូច្នេះ​ជំនួស​យើង​បាន​ទេ គឺ​យើង​ត្រូវ​សិក្សា​អំពី​កំណត់​ហេតុ​ទាំង​នេះ​ដោយ​ខ្លួន​ឯង។ យើង​ក៏​«​មក​ឯ​»​លោក ដោយ​សម្រេច​ចិត្ត​ទទួល​ការ​ជ្រមុជ​ទឹក​និង​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត។

របៀប​មួយ​ទៀត​ដើម្បី​«​មក​ឯ​»​លោក​យេស៊ូ គឺ​ដោយ​សុំ​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ពេល​ដែល​យើង​ត្រូវ​ការ។ លោក​យេស៊ូ​ប្រើ​«​អំណោយ​ជា​មនុស្ស​»​ទាំង​នេះ​ឲ្យ​ថែ​រក្សា​ចៀម​របស់​លោក។ (​អេភ. ៤:៧, ៨, ១១; យ៉ូន. ២១:១៦; ១ពេ. ៥:១​-​៣​) យើង​ត្រូវ​សុំ​ជំនួយ​ពី​ពួក​គេ។ យើង​មិន​អាច​រំពឹង​ថា​អ្នក​ចាស់​ទុំ​ដឹង​អំពី​អ្វី​ដែល​យើង​គិត​និង​អ្វី​ដែល​យើង​ត្រូវ​ការ​ទេ។ បង​ប្រុស​ម្នាក់​ឈ្មោះ​ជូលាន​និយាយ​ថា​៖ ​«​ខ្ញុំ​ត្រូវ​ឈប់​បម្រើ​នៅ​បេតអែល​ដោយ​សារ​បញ្ហា​សុខភាព ហើយ​មិត្ត​ខ្ញុំ​ម្នាក់​បាន​ឲ្យ​យោបល់​ថា​ខ្ញុំ​គួរ​សុំ​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​មក​លើក​ទឹក​ចិត្ត​ខ្ញុំ។ ដំបូង ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ទេ។ តែ​ក្រោយ​មក​ខ្ញុំ​បាន​សុំ​ជំនួយ​ពី​ពួក​គាត់ ហើយ​ការ​លើក​ទឹក​ចិត្ត​ដែល​ខ្ញុំ​បាន​ទទួល​នៅ​ពេល​នោះ គឺ​ជា​អំណោយ​ដ៏​ល្អ​បំផុត​មួយ​ដែល​ខ្ញុំ​បាន​ទទួល​»។ អ្នក​ចាស់​ទុំ​ដ៏​ស្មោះ​ត្រង់​ដូច​ជា​អ្នក​ចាស់​ទុំ​ពីរ​នាក់​ដែល​បាន​លើក​ទឹក​ចិត្ត​បង​ជូលាន អាច​ជួយ​យើង​ឲ្យ​ស្គាល់​«​ចិត្ត​គំនិត​របស់​គ្រិស្ត​»​ ពោល​គឺ​ជួយ​យើង​ឲ្យ​យល់​របៀប​គិត​គូរ​និង​ទស្សនៈ​របស់​លោក និង​ថែម​ទាំង​ជួយ​យើង​ឲ្យ​មាន​គំនិត​ដូច​លោក​ដែរ។ (​១កូ. ២:១៦; ១ពេ. ២:២១​) នោះ​ពិត​ជា​អំណោយ​ដ៏​ល្អ​បំផុត​មួយ​ដែល​ពួក​គេ​អាច​ឲ្យ​យើង។

​«​ចូរ​យក​នឹម​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា​»​

៦. តើ​ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​ចូរ​យក​នឹម​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា​»​អាច​មាន​ន័យ​យ៉ាង​ណា?

ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​ចូរ​យក​នឹម​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា​»​ អាច​មាន​ន័យ​ថា​«​ចូរ​ចុះ​ចូល​ក្រោម​អំណាច​របស់​ខ្ញុំ​»។ ប្រសាសន៍​នេះ​ក៏​អាច​មាន​ន័យ​ថា​«​ចូរ​មក​ក្រោម​នឹម​ជា​មួយ​នឹង​ខ្ញុំ ហើយ​យើង​នឹង​ធ្វើ​កិច្ច​ការ​របស់​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា​»។ អត្ថន័យ​ទាំង​ពីរ​នេះ តម្រូវ​ឲ្យ​យើង​ធ្វើ​កិច្ច​ការ។

៧. យោង​ទៅ​តាម​ម៉ាថាយ ២៨:១៨​-​២០ តើ​យើង​បាន​ទទួល​កិច្ច​ការ​អ្វី ហើយ​តើ​យើង​អាច​ប្រាកដ​អំពី​អ្វី?

យើង​ទទួល​យក​ការ​អញ្ជើញ​របស់​លោក​យេស៊ូ ពេល​យើង​ប្រគល់​ជីវិត​ជូន​ព្រះ​យេហូវ៉ា​និង​ទទួល​ការ​ជ្រមុជ​ទឹក។ លោក​យេស៊ូ​អញ្ជើញ​មនុស្ស​គ្រប់​ប្រភេទ ហើយ​លោក​នឹង​មិន​បដិសេធ​ទទួល​យក​បុគ្គល​ដែល​ពិត​ជា​ចង់​បម្រើ​លោក​ឡើយ។ (​យ៉ូន. ៦:៣៧, ៣៨​) លោក​យេស៊ូ​បាន​ទទួល​ភារកិច្ច​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ប្រកាស​ដំណឹង​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត យើង​មាន​ឯកសិទ្ធិ​ចូល​រួម​ក្នុង​កិច្ច​ការ​នេះ។ យើង​អាច​ប្រាកដ​ថា​លោក​យេស៊ូ​នឹង​តែង​តែ​នៅ​ជា​មួយ​នឹង​យើង​ដើម្បី​ជួយ​យើង​ឲ្យ​ធ្វើ​កិច្ច​ការ​នោះ។—សូម​អាន ម៉ាថាយ ២៨:១៨​-​២០

ចូរ​«​រៀន​ពី​ខ្ញុំ​»​

ចូរ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​ឯ​ទៀត​ដូច​លោក​យេស៊ូ (​សូម​មើល​វគ្គ​៨​-​១១​) *

៨​-​៩. ហេតុ​អ្វី​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​ចង់​ចូល​ទៅ​ជិត​លោក​យេស៊ូ ហើយ​តើ​យើង​គួរ​សួរ​ខ្លួន​នូវ​សំណួរ​អ្វី​ខ្លះ?

មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​ចង់​ចូល​ទៅ​ជិត​លោក​យេស៊ូ។ (​ម៉ាថ. ១៩:១៣, ១៤; លូក. ៧:៣៧, ៣៨​) ហេតុ​អ្វី? សូម​ពិចារណា​អំពី​ភាព​ខុស​គ្នា​រវាង​លោក​យេស៊ូ​និង​ពួក​ផារិស៊ី។ ពួក​អ្នក​ដឹក​នាំ​សាសនា​ទាំង​នោះ​មាន​អំណួត ហើយ​គ្មាន​សេចក្ដី​ស្រឡាញ់។ (​ម៉ាថ. ១២:៩​-​១៤​) តែ​លោក​យេស៊ូ​មាន​ចិត្ត​រាប​ទាប ហើយ​មាន​សេចក្ដី​ស្រឡាញ់។ ពួក​ផារិស៊ី​ចូល​ចិត្ត​លេច​មុខ​លេច​មាត់ និង​ចង់​ឲ្យ​បណ្ដា​ជន​ចាត់​ទុក​ពួក​គេ​ជា​មនុស្ស​សំខាន់​នៅ​ក្នុង​សង្គម។ លោក​យេស៊ូ​បាន​បញ្ជាក់​ថា​ការ​ធ្វើ​ដូច្នេះ​គឺ​មិន​ល្អ​នោះ​ទេ។ លោក​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​មាន​ចិត្ត​រាប​ទាប​និង​បម្រើ​អ្នក​ឯ​ទៀត។ (​ម៉ាថ. ២៣:២, ៦​-​១១​) ពួក​ផារិស៊ី​ត្រួត​ត្រា​លើ​មនុស្ស​ឯ​ទៀត ដោយ​គំរាម​កំហែង​និង​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ខ្លាច។ (​យ៉ូន. ៩:១៣, ២២​) លោក​យេស៊ូ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​ឯ​ទៀត តាម​រយៈ​ពាក្យ​សម្ដី​សប្បុរស​និង​ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់។

តើ​អ្នក​បាន​រៀន​ពី​គំរូ​របស់​លោក​យេស៊ូ​ឬ​ទេ? សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​អ្នក​ឯ​ទៀត​ចាត់​ទុក​ខ្ញុំ​ជា​មនុស្ស​ស្លូត​បូត​និង​មាន​ចិត្ត​រាប​ទាប​ឬ? តើ​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​កិច្ច​ការ​ដែល​គេ​មិន​សូវ​ឲ្យ​តម្លៃ​ដើម្បី​បម្រើ​អ្នក​ឯ​ទៀត​ឬ​ទេ? តើ​ខ្ញុំ​ប្រព្រឹត្ត​ដោយ​សប្បុរស​ចំពោះ​អ្នក​ឯ​ទៀត​ឬ?›។

១០. តើ​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​មាន​ស្ថានភាព​បែប​ណា?

១០ លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​មាន​ស្ថានភាព​សុខ​សាន្ត​និង​កក់​ក្ដៅ​ក្នុង​ចំណោម​អ្នក​កាន់​តាម​លោក ហើយ​លោក​សប្បាយ​នឹង​បង្ហាត់​បង្រៀន​ពួក​គេ។ (​លូក. ១០:១, ១៩​-​២១​) លោក​លើក​ទឹក​ចិត្ត​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​សួរ​សំណួរ ហើយ​លោក​ចង់​ស្ដាប់​ទស្សនៈ​របស់​ពួក​គេ។ (​ម៉ាថ. ១៦:១៣​-​១៦​) ស្ថានភាព​ដែល​លោក​បាន​បង្កើត​ប្រៀប​ដូច​ជា​សំណាញ់​ដែល​អ្នក​ថែ​សួន​ប្រើ​ការ​ពារ​រុក្ខជាតិ​ដើម្បី​ស្រួល​ឲ្យ​វា​ដុះ​លូត​លាស់​ល្អ។ ក្នុង​ស្ថានភាព​នោះ ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ស្រួល​យក​ចិត្ត​ទុក​ដាក់​នឹង​មេ​រៀន​ដែល​លោក​បាន​បង្រៀន ហើយ​បាន​បង្កើត​ផល ពោល​គឺ​ការ​ប្រព្រឹត្ត​ល្អ។

ចូរ​ធ្វើ​ជា​មនុស្ស​ដែល​ស្រួល​ទាក់​ទង​និង​រួស​រាយ

ចូរ​ស្វាហាប់ និង​ខ្នះ​ខ្នែង

ចូរ​មាន​ចិត្ត​រាប​ទាប និង​ខិត​ខំ​ធ្វើ​កិច្ច​ការ *

១១. តើ​យើង​គួរ​សួរ​ខ្លួន​យើង​នូវ​សំណួរ​អ្វី​ខ្លះ?

១១ តើ​អ្នក​មាន​អំណាច​មួយ​កម្រិត​លើ​អ្នក​ឯ​ទៀត​ឬ​ទេ? បើ​ដូច្នេះ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​ធ្វើ​ឲ្យ​មាន​ស្ថានភាព​បែប​ណា​នៅ​កន្លែង​ធ្វើ​ការ​ឬ​នៅ​ផ្ទះ? តើ​ខ្ញុំ​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​ឬ​ទេ? តើ​ខ្ញុំ​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​សួរ​សំណួរ​ឬ​ទេ? ម្យ៉ាង​ទៀត តើ​ខ្ញុំ​សុខ​ចិត្ត​ស្ដាប់​ទស្សនៈ​របស់​ពួក​គេ​ឬ​ទេ?›។ យើង​មិន​ចង់​ធ្វើ​ដូច​ពួក​ផារិស៊ី​ទេ។ ពួក​គេ​ខឹង​ពេល​មនុស្ស​ឯ​ទៀត​សង្ស័យ​អំពី​សេចក្ដី​បង្រៀន​របស់​ពួក​គេ ហើយ​ពួក​គេ​ប្រព្រឹត្ត​ដោយ​គ្មាន​មេត្ដា​ចំពោះ​មនុស្ស​ដែល​មាន​ទស្សនៈ​ខុស​ពី​ពួក​គេ។—ម៉ាក. ៣:១​-​៦; យ៉ូន. ៩:២៩​-​៣៤

​«​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​»​

១២​-​១៤. ហេតុ​អ្វី​កិច្ច​ការ​ដែល​លោក​យេស៊ូ​បាន​ឲ្យ​ដល់​យើង នាំ​ឲ្យ​យើង​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ?

១២ ហេតុ​អ្វី​យើង​ទទួល​កម្លាំង​ចិត្ត​ពេល​យើង​ធ្វើ​កិច្ច​ការ​ដែល​លោក​យេស៊ូ​បាន​ឲ្យ​ដល់​យើង? មាន​មូលហេតុ​ជា​ច្រើន តែ​សូម​ពិចារណា​មូលហេតុ​ខ្លះ។

១៣ យើង​មាន​អ្នក​ត្រួត​ពិនិត្យ​ល្អ​បំផុត។ ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​មិន​មែន​ជា​ម្ចាស់​ដែល​រមិល​គុណ ឬ​កាច​សាហាវ​នោះ​ទេ។ លោក​ឲ្យ​តម្លៃ​ចំពោះ​កិច្ច​ការ​ដែល​យើង​ធ្វើ។ (​ហេ. ៦:១០​) ម្យ៉ាង​ទៀត លោក​ផ្ដល់​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​យើង​អាច​បំពេញ​ភារៈ​របស់​យើង។ (​២កូ. ៤:៧; កាឡ. ៦:៥​) លោក​យេស៊ូ​ដែល​ជា​ស្តេច​របស់​យើង បាន​ទុក​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​អំពី​របៀប​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត។ (​យ៉ូន. ១៣:១៥​) ម្យ៉ាង​វិញ​ទៀត ពួក​អ្នក​ចាស់​ទុំ​ដែល​ឃ្វាល​យើង​ជា​ហ្វូង​ចៀម​របស់​ព្រះ ព្យាយាម​យក​តម្រាប់​លោក​យេស៊ូ​ដែល​ជា​«​គង្វាល​ចៀម​ឧត្តុង្គឧត្តម​»។ (​ហេ. ១៣:២០; ១ពេ. ៥:២​) ពួក​គេ​ខំ​ព្យាយាម​បង្ហាញ​ចិត្ត​សប្បុរស ចិត្ត​ក្លាហាន និង​ផ្ដល់​ការ​លើក​ទឹក​ចិត្ត កាល​ដែល​ពួក​គេ​ថែ​រក្សា​និង​ការ​ពារ​យើង។

១៤ យើង​មាន​មិត្ត​ល្អ​បំផុត។ គ្មាន​អ្នក​ណា​ដូច​យើង​ទេ ព្រោះ​យើង​មាន​មិត្ត​ដែល​ស្រឡាញ់​យើង និង​មាន​កិច្ច​ការ​ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​ន័យ​ខ្លឹម​សារ។ យើង​មាន​ឯកសិទ្ធិ​ធ្វើ​កិច្ច​ការ​ជា​មួយ​នឹង​មនុស្ស​ដែល​មាន​សីលធម៌​ខ្ពស់​បំផុត តែ​មិន​គិត​ថា​ពួក​គេ​ប្រសើរ​ជាង​អ្នក​ឯ​ទៀត​ឡើយ។ ពួក​គេ​មាន​សមត្ថភាព​ជា​ច្រើន តែ​ពួក​គេ​មិន​និយាយ​អួត​ទេ ហើយ​ពួក​គេ​ចាត់​ទុក​អ្នក​ឯ​ទៀត​ថា​ប្រសើរ​ជាង​ខ្លួន។ ពួក​គេ​ចាត់​ទុក​យើង​ជា​មិត្ត​របស់​ពួក​គេ មិន​គ្រាន់​តែ​ជា​អ្នក​រួម​ការ​ងារ​ប៉ុណ្ណោះ​ទេ។ ម្យ៉ាង​វិញ​ទៀត សេចក្ដី​ស្រឡាញ់​ដែល​ពួក​គេ​មាន​ចំពោះ​យើង​គឺ​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​ពួក​គេ​សុខ​ចិត្ត​ស្លាប់​ដើម្បី​យើង!

១៥. តើ​យើង​គួរ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​កិច្ច​ការ​ដែល​យើង​កំពុង​ធ្វើ?

១៥ យើង​មាន​កិច្ច​ការ​ល្អ​បំផុត។ យើង​បង្រៀន​មនុស្ស​ឯ​ទៀត​នូវ​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា ហើយ​បក​អាក្រាត​ពាក្យ​កុហក​ពី​មេ​កំណាច។ (​យ៉ូន. ៨:៤៤​) សាថាន​ដាក់​បន្ទុក​ធ្ងន់​ដែល​មនុស្ស​មិន​អាច​រែក​ពុន​បាន។ ជា​ឧទាហរណ៍ វា​ចង់​ឲ្យ​យើង​ជឿ​ថា​ព្រះ​នឹង​មិន​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​យើង​ទេ ហើយ​ថា​គ្មាន​អ្នក​ណា​ស្រឡាញ់​យើង​ឡើយ។ នេះ​ជា​ពាក្យ​កុហក​ដែល​ធ្វើ​ឲ្យ​មនុស្ស​ធ្លាក់​ទឹក​ចិត្ត​មែន! ពេល​យើង​«​មក​ឯ​»​គ្រិស្ត អំពើ​ខុស​ឆ្គង​របស់​យើង​បាន​ត្រូវ​អភ័យ​ទោស​ឲ្យ។ តាម​ការ​ពិត ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​ទាំង​អស់​គ្នា​ខ្លាំង​ណាស់! (​រ៉ូម ៨:៣២, ៣៨, ៣៩​) ការ​ជួយមនុស្ស​ឯ​ទៀត​ឲ្យ​រៀន​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា ហើយ​ការ​ឃើញ​ជីវិត​ពួក​គេ​កាន់​តែ​ប្រសើរ​ឡើង គឺ​ជា​អ្វី​ដែល​នាំ​ឲ្យ​មាន​អំណរ​ពិត​មែន!

ចូរ​បន្ត​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ​ក្រោម​នឹម​របស់​លោក​យេស៊ូ

១៦. តើ​បន្ទុក​ដែល​លោក​យេស៊ូ​ឲ្យ​យើង​គឺ​ខុស​គ្នា​យ៉ាង​ណា​នឹង​បន្ទុក​ឯ​ទៀត​ដែល​យើង​ត្រូវ​រែក​ពុន?

១៦ បន្ទុក​ដែល​លោក​យេស៊ូ​ឲ្យ​យើង គឺ​ខុស​គ្នា​ពី​បន្ទុក​ឯ​ទៀត​ដែល​យើង​ត្រូវ​រែក​ពុន។ ជា​ឧទាហរណ៍ ក្រោយ​ពី​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ មនុស្ស​ជា​ច្រើន​អស់​កម្លាំង ហើយ​មាន​អារម្មណ៍​ថា​គ្មាន​ន័យ​ខ្លឹម​សារ។ ផ្ទុយ​ទៅ​វិញ ក្រោយ​ពី​ធ្វើ​កិច្ច​ការ​ដើម្បី​ព្រះ​យេហូវ៉ា​និង​គ្រិស្ត យើង​មាន​អារម្មណ៍​សប្បាយ ហើយ​ថា​កិច្ច​ការ​ដែល​យើង​បាន​ធ្វើ​គឺ​មាន​ន័យ​ខ្លឹម​សារ។ យើង​ប្រហែល​ជា​នឿយ​ហត់​បន្ទាប់​ពី​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ ហើយ​ត្រូវ​បង្ខំ​ខ្លួន​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​យប់​នោះ។ ប៉ុន្តែ​ក្រោយ​ពី​ប្រជុំ ពេល​ត្រឡប់​មក​ផ្ទះ​វិញ យើង​ច្រើន​តែ​មាន​អារម្មណ៍​ថា​មាន​កម្លាំង​ចិត្ត​និង​កម្លាំង​កាយ​ឡើង​វិញ។ ពេល​យើង​ខំ​ព្យាយាម​ផ្សព្វ​ផ្សាយ​និង​សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន យើង​ក៏​អាច​មាន​អារម្មណ៍​នេះ​ដែរ។

១៧. តើ​យើង​ត្រូវ​ទទួល​ស្គាល់​អ្វី ហើយ​តើ​យើង​គួរ​ប្រយ័ត្ន​ចំពោះ​អ្វី?

១៧ យើង​ត្រូវ​ទទួល​ស្គាល់​ថា កម្លាំង​កាយ​របស់​យើង​ម្នាក់​ៗ​គឺ​មាន​កម្រិត។ ហេតុ​នេះ យើង​ត្រូវ​ប្រយ័ត្ន​ចំពោះ​អ្វី​ដែល​យើង​ធ្វើ។ ជា​ឧទាហរណ៍ យើង​អាច​ខ្ជះ​ខ្ជាយ​កម្លាំង​របស់​យើង​ទៅ​លើ​ការ​ប្រមូល​ទ្រព្យ​សម្បត្ដិ។ សូម​គិត​អំពី​ប្រសាសន៍​របស់​លោក​យេស៊ូ​ទៅ​កាន់​បុរស​អ្នក​មាន​វ័យ​ក្មេង​ម្នាក់​ដែល​បាន​សួរ​លោក​ថា​៖ ​«​តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ជា​មត៌ក?​»។ បុរស​វ័យ​ក្មេង​នោះ​បាន​ធ្វើ​តាម​ច្បាប់​រួច​ហើយ។ គាត់​ច្បាស់​ជា​មនុស្ស​ល្អ ដោយ​សារ​សៀវភៅ​ដំណឹង​ល្អ​រៀប​រាប់​ដោយ​ម៉ាកុស ប្រាប់​ថា​លោក​យេស៊ូ​«​មាន​ចិត្ត​ស្រឡាញ់​គាត់​»។ លោក​យេស៊ូ​បាន​អញ្ជើញ​បុរស​នោះ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ទៅ​លក់​អ្វី​ៗ​ដែល​អ្នក​មាន . . . រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ!​»។ បុរស​នោះ​ចង់​មក​តាម​លោក​យេស៊ូ តែ​គាត់​មិន​អាច​លះ​ចោល​«​ទ្រព្យ​សម្បត្ដិ​ជា​ច្រើន​»​របស់​គាត់​បាន​ទេ។ (​ម៉ាក. ១០:១៧​-​២២​) ជា​លទ្ធផល គាត់​មិន​បាន​ទទួល​យក​នឹម​ដែល​លោក​យេស៊ូ​បាន​ឲ្យ​គាត់​ឡើយ ហើយ​គាត់​បាន​បន្ត​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​«​ទ្រព្យ​សម្បត្ដិ​»។ (​ម៉ាថ. ៦:២៤​) ចុះ​អ្នក​វិញ? តើ​អ្នក​នឹង​សម្រេច​ចិត្ត​យ៉ាង​ណា?

១៨. តើ​យើង​គួរ​ធ្វើ​អ្វី​ម្ដង​ម្កាល ហើយ​ហេតុ​អ្វី?

១៨ ម្ដង​ម្កាល គឺ​ជា​ការ​ល្អ​ដែល​យើង​គិត​អំពី​អ្វី​ដែល​យើង​កំពុង​ចាត់​ទុក​ថា​សំខាន់​បំផុត​ក្នុង​ជីវិត។ ហេតុ​អ្វី? គឺ​ដើម្បី​យើង​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​កំពុង​ប្រើ​កម្លាំង​កាយ​របស់​យើង​ដោយ​ឈ្លាស​វៃ។ សូម​ពិចារណា​អ្វី​ដែល​បង​ប្រុស​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ម៉ាក​និយាយ។ គាត់​ថា​៖ ​«​អស់​ជា​ច្រើន​ឆ្នាំ ខ្ញុំ​គិត​ថា​ខ្ញុំ​មាន​ជីវិត​សាមញ្ញ​ហើយ។ ខ្ញុំ​ជា​អ្នក​ត្រួស​ត្រាយ តែ​ខ្ញុំ​តែង​តែ​គិត​អំពី​លុយ ហើយ​អំពី​របៀប​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​កាន់​តែ​សុខ​ស្រួល។ ខ្ញុំ​ឆ្ងល់​ថា​ហេតុ​អ្វី​ជីវិត​ខ្ញុំ​នៅ​តែ​ពិបាក។ ពេល​នោះ​ខ្ញុំ​ទទួល​ស្គាល់​ថា ខ្ញុំ​ច្រើន​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រឿង​ផ្ទាល់​ខ្លួន ហើយ​ពេល​វេលា​និង​កម្លាំង​ដែល​នៅ​សេស​សល់ ខ្ញុំ​ឲ្យ​ទៅ​ព្រះ​យេហូវ៉ា​»។ បង​ម៉ាក​បាន​កែ​ប្រែ​របៀប​គិត​គូរ​និង​របៀប​រស់​នៅ​របស់​គាត់​ដើម្បី​គាត់​អាច​ធ្វើ​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ បង​ម៉ាក​និយាយ​ថា​៖ ​«​ពេល​ខ្លះ ខ្ញុំ​ខ្វល់​ខ្វាយ​អំពី​លុយ តែ​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា​និង​ការ​គាំ​ទ្រ​ពី​លោក​យេស៊ូ ខ្ញុំ​អាច​ផ្ដោត​អារម្មណ៍​លើ​ការ​បម្រើ​ព្រះ​យេហូវ៉ា​បាន​»។

១៩. ហេតុ​អ្វី​ការ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​គឺ​សំខាន់​ណាស់?

១៩ យើង​នឹង​បន្ត​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ​ក្រោម​នឹម​របស់​លោក​យេស៊ូ បើ​យើង​ធ្វើ​អ្វី​បី​យ៉ាង។ ទី១ ចូរ​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ។ យើង​កំពុង​ធ្វើ​កិច្ច​ការ​របស់​ព្រះ​យេហូវ៉ា ដូច្នេះ​យើង​ត្រូវ​ធ្វើ​កិច្ច​ការ​នោះ​តាម​ការ​ណែនាំ​របស់​លោក។ យើង​ជា​អ្នក​ធ្វើ​កិច្ច​ការ​ឲ្យ​ព្រះ​យេហូវ៉ា ហើយ​លោក​ជា​ម្ចាស់​របស់​យើង។ (​លូក. ១៧:១០​) បើ​យើង​ព្យាយាម​ធ្វើ​កិច្ច​ការ​របស់​លោក​តាម​គំនិត​របស់​យើង យើង​នឹង​ធ្វើ​ឲ្យ​ខ្លួន​យើង​ពិបាក​ណាស់។ ជា​ឧទាហរណ៍ សូម្បី​តែ​គោ​ឈ្មោល​ដែល​មាន​កម្លាំង​ខ្លាំង​ក៏​ទំនង​ជា​រង​របួស​និង​ហត់ បើ​វា​តែង​តែ​ព្យាយាម​ទាញ​នឹម​ទៅ​តាម​ចិត្ត​វា ជា​ជាង​ធ្វើ​តាម​ការ​បញ្ជា​រ​របស់​ម្ចាស់​វា។ ផ្ទុយ​ទៅ​វិញ បើ​យើង​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា យើង​អាច​សម្រេច​អ្វី​ៗ​ដ៏​អស្ចារ្យ ហើយ​យក​ឈ្នះ​ការ​ពិបាក​ណា​ក៏​ដោយ​ដែល​យើង​ជួប​ប្រទះ។ សូម​ចាំ​ថា គ្មាន​អ្នក​ណា​អាច​បញ្ឈប់​បំណង​ប្រាថ្នា​របស់​លោក មិន​ឲ្យ​សម្រេច​បាន​ឡើយ!—រ៉ូម ៨:៣១; ១យ៉ូន. ៤:៤

២០. តើ​យើង​គួរ​មាន​បំណង​ចិត្ត​បែប​ណា​ពេល​យើង​នៅ​ក្រោម​នឹម​របស់​លោក​យេស៊ូ?

២០ ទី២ ចូរ​ប្រព្រឹត្ត​ដោយ​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ។ គោល​ដៅ​របស់​យើង​គឺ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ជា​បិតា​ដែល​ស្រឡាញ់​យើង​ទទួល​ការ​សរសើរ​តម្កើង។ នៅ​សតវត្សរ៍​ទី១ ពួក​អ្នក​ដែល​មាន​ចិត្ត​លោភ​លន់ ឬ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​លែង​សប្បាយ​ចិត្ត ហើយ​បាន​បោះ​បង់​ចោល​នឹម​របស់​លោក​យេស៊ូ ក្រោយ​ពី​មួយ​រយៈ​ពេល​ខ្លី។ (​យ៉ូន. ៦:២៥​-​២៧, ៥១, ៦០, ៦៦; ភី. ៣:១៨, ១៩​) ផ្ទុយ​ពី​បុគ្គល​ទាំង​នោះ ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ​និង​អ្នក​ជិត​ខាង​ដោយ​មិន​គិត​ប្រយោជន៍​ខ្លួន ពេញ​ចិត្ត​នៅ​ក្រោម​នឹម​នោះ​អស់​មួយ​ជីវិត​របស់​ពួក​គេ​នៅ​ផែន​ដី ហើយ​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​បម្រើ​ជា​មួយ​នឹង​គ្រិស្ត​នៅ​ស្ថាន​សួគ៌។ ដូច​ពួក​គេ​ដែរ យើង​នឹង​រក្សា​អំណរ ពេល​យើង​នៅ​ក្រោម​នឹម​របស់​លោក​យេស៊ូ​ដោយ​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ។

២១. យោង​ទៅ​តាម​ម៉ាថាយ ៦:៣១​-​៣៣ តើ​យើង​អាច​រំពឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី​ខ្លះ?

២១ ទី៣ ចូរ​ប្រាកដ​ថា​អ្វី​ដែល​អ្នក​រំពឹង​ទុក​គឺ​ត្រឹម​ត្រូវ។ យើង​បាន​ជ្រើស​យក​ជីវិត​មួយ​ដែល​តម្រូវ​ឲ្យ​យើង​ខំ​ប្រឹង​និង​លះ​បង់​ប្រយោជន៍​ខ្លួន។ លោក​យេស៊ូ​ព្រមាន​យើង​ថា​យើង​នឹង​ត្រូវ​គេ​បៀត​បៀន។ ប៉ុន្តែ យើង​អាច​រំពឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​កម្លាំង​ឲ្យ​យើង​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​ផ្សេង​ៗ។ កាល​ណា​យើង​កាន់​តែ​ស៊ូ​ទ្រាំ នោះ​យើង​នឹង​កាន់​តែ​រឹង​មាំ។ (​យ៉ា. ១:២​-​៤​) យើង​ក៏​អាច​រំពឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ ហើយ​ថា​លោក​យេស៊ូ​នឹង​ណែនាំ​យើង។ ម្យ៉ាង​ទៀត យើង​អាច​រំពឹង​ថា​បង​ប្អូន​របស់​យើង​នឹង​លើក​ទឹក​ចិត្ត​យើង។ (​សូម​អាន ម៉ាថាយ ៦:៣១​-​៣៣; យ៉ូន. ១០:១៤; ១ថែ. ៥:១១​) មែន​ហើយ យើង​មាន​អ្វី​ទាំង​អស់​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក!

២២. តើ​យើង​សប្បាយ​ចិត្ត​អំពី​អ្វី?

២២ ស្ត្រី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​ក៏​បាន​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ​នៅ​ថ្ងៃ​នោះ​ដែរ។ ក៏​ប៉ុន្តែ គាត់​អាច​មាន​កម្លាំង​ចិត្ត​ជា​រៀង​រហូត លុះ​ត្រា​តែ​គាត់​ទៅ​ជា​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​គ្រិស្ត។ តើ​អ្នក​គិត​ថា​គាត់​បាន​ធ្វើ​អ្វី? បើ​គាត់​សម្រេច​ចិត្ត​នៅ​ក្រោម​នឹម​របស់​លោក​យេស៊ូ នោះ​គាត់​នឹង​ទទួល​ពរ​ដ៏​អស្ចារ្យ គឺ​ការ​បម្រើ​ជា​មួយ​នឹង​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌! ការ​លះ​បង់​ដែល​គាត់​បាន​ធ្វើ​ដើម្បី​កាន់​តាម​គ្រិស្ត​មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ពរ​នោះ​បាន​ឡើយ! ទោះ​ជា​យើង​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែន​ដី​ក្ដី យើង​សប្បាយ​ចិត្ត​ដែល​យើង​បាន​ទទួល​យក​ការ​អញ្ជើញ​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​ចូរ​មក​ឯ​ខ្ញុំ​ចុះ​»​!

ចម្រៀង​លេខ​១៣ គ្រិស្ត​ជា​គំរូ​របស់​យើង

^ វគ្គ 5 លោក​យេស៊ូ​អញ្ជើញ​យើង​ឲ្យ​មក​ឯ​លោក។ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទទួល​យក​ការ​អញ្ជើញ​របស់​លោក? ក្នុង​អត្ថបទ​នេះ​យើង​នឹង​ពិចារណា​អំពី​ចម្លើយ​ចំពោះ​សំណួរ​នេះ ហើយ​អត្ថបទ​នេះ​នឹង​រំលឹក​យើង​អំពី​របៀប​ដែល​យើង​អាច​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ​ដោយ​រួម​ការ​ងារ​ជា​មួយ​នឹង​លោក​យេស៊ូ​គ្រិស្ត។

^ វគ្គ 60 ការ​ពណ៌នា​អំពី​រូប​ភាព: លោក​យេស៊ូ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​តាម​របៀប​ផ្សេង​ៗ។

^ វគ្គ 66 ការ​ពណ៌នា​អំពី​រូប​ភាព: ស្រដៀង​គ្នា​ដែរ បង​ប្រុស​ម្នាក់​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​ឯ​ទៀត​តាម​របៀប​ផ្សេង​ៗ។