លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣៩

​«​មើល!...មនុស្ស​មួយ​ក្រុម​ធំ​»​

​«​មើល!...មនុស្ស​មួយ​ក្រុម​ធំ​»​

​«​មើល! ខ្ញុំ​ឃើញ​មនុស្ស​មួយ​ក្រុម​ធំ ដែល​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​រាប់​ចំនួន​បាន​ឡើយ។ ពួក​គេ . . . កំពុង​ឈរ​នៅ​មុខ​បល្ល័ង្ក​និង​នៅ​មុខ​កូន​ចៀម​»។—បប. ៧:៩

ចម្រៀង​លេខ​៦០ ចូរ​ខំ​ជួយ​គេ​ឲ្យ​បាន​រួច​ជីវិត

សេចក្ដី​សង្ខេប *

១. នៅ​ចុង​សតវត្សរ៍​ទី១ គ.ស. តើ​សាវ័ក​យ៉ូហាន​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា?

នៅ​ចុង​សតវត្សរ៍​ទី១ គ.ស. សាវ័ក​យ៉ូហាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​ពិបាក​មួយ។ គាត់​មាន​វ័យ​ចាស់ បាន​ត្រូវ​ជាប់​ឃុំ​នៅ​កោះ​ប៉ាត់ម៉ុស ហើយ​គាត់​ក៏​ទំនង​ជា​សាវ័ក​ចុង​ក្រោយ​ដែល​នៅ​រស់។ (​បប. ១:៩​) គាត់​ដឹង​ថា​អ្នក​ក្បត់​ជំនឿ​កំពុង​បំភាន់​ក្រុម​ជំនុំ ហើយ​ធ្វើ​ឲ្យ​មាន​ការ​បែក​បាក់​គ្នា។ តាម​មើល​ទៅ មិន​យូរ​ក្រោយ​ពី​នោះ​លែង​មាន​គ្រិស្ត​សាសនិក​ពិត​ទៀត។—យូ. ៤; បប. ២:១៥, ២០; ៣:១, ១៧

សាវ័ក​យ៉ូហាន​បាន​ឃើញ​«​មនុស្ស​មួយ​ក្រុម​ធំ​»​ ដែល​ពាក់​អាវ​វែង​ពណ៌​ស ព្រម​ទាំង​កាន់​ធាង​លម៉ើ​នៅ​ដៃ (​សូម​មើល​វគ្គ​២​)

២. យោង​ទៅ​តាម​ការ​បើក​បង្ហាញ ៧:៩​-​១៤ តើ​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត​នូវ​ទំនាយ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

កាល​ដែល​យ៉ូហាន​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ពិបាក​នេះ ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​គាត់​ឃើញ​ក្នុង​គំនិត​នូវ​ទំនាយ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​មួយ។ ក្នុង​ការ​បើក​បង្ហាញ​នោះ ទេវតា​មួយ​រូប​បាន​ប្រាប់​ទេវតា​បួន​រូប​ទៀត​ឲ្យ​ទប់​ខ្យល់​ហិន​វិនាស​នៃ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​មិន​ឲ្យ​បក់។ ទេវតា​ទាំង​នោះ​ត្រូវ​ទប់​ខ្យល់​នោះ​រហូត​ដល់​ការ​បោះ​ត្រា​ចុង​ក្រោយ​លើ​ក្រុម​មួយ​ដែល​ជា​ខ្ញុំ​បម្រើ​នៃ​ព្រះ។ (​បប. ៧:១​-​៣​) ក្រុម​នោះ​មាន​ចំនួន​១៤៤.០០០​នាក់ ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌។ (​លូក. ១២:៣២; បប. ៧:៤​) ក្រោយ​មក យ៉ូហាន​រៀប​រាប់​អំពី​ក្រុម​មួយ​ទៀត​ដែល​ធំ​ដល់​ម្ល៉េះ​បាន​ជា​គាត់​លាន់​មាត់​ថា​៖ ​«​មើល!​»។ ពាក្យ​នេះ​ប្រហែល​ជា​បង្ហាញ​ថា​គាត់​ភ្ញាក់​ផ្អើល​ចំពោះ​អ្វី​ដែល​គាត់​បាន​ឃើញ។ តើ​យ៉ូហាន​បាន​ឃើញ​អ្វី? គាត់​បាន​ឃើញ​«​មនុស្ស​មួយ​ក្រុម​ធំ ដែល​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​រាប់​ចំនួន​បាន​ឡើយ។ ពួក​គេ​ចេញ​ពី​គ្រប់​ប្រជា​ជាតិ គ្រប់​កុលសម្ព័ន្ធ គ្រប់​ជាតិ​សាសន៍ និង​គ្រប់​ភាសា ហើយ​កំពុង​ឈរ​នៅ​មុខ​បល្ល័ង្ក​និង​នៅ​មុខ​កូន​ចៀម​»។ (​សូម​អាន ការ​បើក​បង្ហាញ ៧:៩​-​១៤) សូម​ស្រមៃ​គិត​ថា​យ៉ូហាន​សប្បាយ​ចិត្ត​យ៉ាង​ណា​ពេល​ដឹង​ថា នៅ​ថ្ងៃ​អនាគត​មនុស្ស​ជា​ច្រើន​អនេក​នឹង​គោរព​ប្រណិប័តន៍​ព្រះ​តាម​របៀប​ត្រឹម​ត្រូវ!

៣. (​ក​) ហេតុ​អ្វី​បាន​ជា​អ្វី​ដែល​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត​ពង្រឹង​ជំនឿ​របស់​យើង? (​ខ​) តើ​យើង​នឹង​រៀន​អ្វី​ក្នុង​អត្ថបទ​នេះ?

ការ​បើក​បង្ហាញ​នោះ​ច្បាស់​ជា​បាន​ពង្រឹង​ជំនឿ​របស់​យ៉ូហាន ហើយ​រឹត​តែ​ពង្រឹង​ជំនឿរបស់​យើង ដោយ​សារ​យើង​រស់​នៅ​គ្រា​ដែល​ទំនាយ​នេះ​កំពុង​ក្លាយ​ជា​ការ​ពិត។ នៅ​សម័យ​យើង មនុស្ស​រាប់​លាន​នាក់​បាន​ចាប់​ផ្ដើម​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ហើយ​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​ថា​នឹង​រួច​ជីវិត​ពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង និង​រស់​ជា​រៀង​រហូត​លើ​ផែន​ដី។ ក្នុង​អត្ថបទ​នេះ យើង​នឹង​រៀន​ថា​ជាង​៨០​ឆ្នាំ​មុន ព្រះ​យេហូវ៉ា​បាន​បង្ហាញ​អត្តសញ្ញាណ​របស់​មនុស្ស​មួយ​ក្រុម​ធំ​នោះ​ដល់​រាស្ត្រ​របស់​លោក។ បន្ទាប់​មក យើង​នឹង​ពិចារណា​ចំណុច​ពីរ​យ៉ាង​អំពី​ក្រុម​នោះ (​១​) ចំនួន​ដ៏​ច្រើន​ក្រៃ​លែង​នៃ​ក្រុម​នោះ និង (​២​) សមាជិក​ក្រុម​នោះ​ដែល​មក​ពី​ទូ​ទាំង​ពិភព​លោក។ ចំណុច​ទាំង​នេះ​គួរ​ពង្រឹង​ជំនឿ​របស់​អស់​អ្នក​ដែល​សង្ឃឹម​ថា​នឹង​ធ្វើ​ជា​សមាជិក​ក្រុម​នោះ។

តើ​មនុស្ស​មួយ​ក្រុម​ធំ​នឹង​រស់​នៅ​ឯ​ណា?

៤. តើ​ពិភព​គ្រិស្ត​សាសនា​មិន​បាន​យល់​អំពី​សេចក្ដី​បង្រៀន​អ្វី​ពី​គម្ពីរ ហើយ​តើ​និស្សិត​គម្ពីរ​គឺ​ខុស​គ្នា​យ៉ាង​ណា​ពី​ពួក​គេ?

តាម​ធម្មតា ពិភព​គ្រិស្ត​សាសនា​មិន​បង្រៀន​អំពី​សេចក្ដី​ពិត​ពី​គម្ពីរ​ដែល​ថា នឹង​មាន​គ្រា​មួយ​ដែល​មនុស្ស​ដែល​ស្ដាប់​បង្គាប់​ព្រះ​នឹង​រស់​ជា​រៀង​រហូត​នៅ​លើ​ផែន​ដី។ (​២កូ. ៤:៣, ៤​) សព្វ​ថ្ងៃ​នេះ គ្រិស្ត​សាសនា​ភាគ​ច្រើន​បង្រៀន​ថា​មនុស្ស​ល្អ​ទាំង​អស់​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌​ពេល​ដែល​ពួក​គេ​ស្លាប់​ទៅ។ ប៉ុន្តែ ក្រុម​តូច​មួយ​ដែល​ហៅ​ថា​និស្សិត​គម្ពីរ​គឺ​ខុស​ពី​គ្រិស្ត​សាសនា​ទាំង​នោះ។ ពួក​គេ​ជា​អ្នក​ដែល​បាន​បោះ​ពុម្ព​ទស្សនាវដ្ដី​ប៉ម​យាម​តាំង​ពី​ឆ្នាំ​១៨៧៩។ ពួក​គេ​បាន​យល់​ថា​ព្រះ​នឹង​ធ្វើ​ឲ្យ​ផែន​ដី​ទៅ​ជា​សួន​ឧទ្យាន​ម្ដង​ទៀត ហើយ​ថា​មនុស្ស​រាប់​លាន​នាក់​ដែល​ស្ដាប់​បង្គាប់​លោក​នឹង​រស់​នៅ​លើ​ផែន​ដី មិន​មែន​ស្ថាន​សួគ៌​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី គឺ​ត្រូវ​ការ​ពេល​ឲ្យ​ពួក​គេ​យល់​ច្បាស់​ថា​មនុស្ស​ទាំង​នោះ​គឺ​ជា​អ្នក​ណា។—ម៉ាថ. ៦:១០

៥. តើ​និស្សិត​គម្ពីរ​បាន​យល់​យ៉ាង​ណា​អំពី​ពួក​១៤៤.០០០​នាក់?

និស្សិត​គម្ពីរ​ក៏​បាន​យល់​ពី​គម្ពីរ​ថា មនុស្ស​ខ្លះ​នឹង​ត្រូវ​«​ទិញ​ពី​ផែន​ដី​»​ដើម្បី​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌។ (​បប. ១៤:៣​) មនុស្ស​ទាំង​នោះ​មាន​ចំនួន​១៤៤.០០០​នាក់។ ពួក​គេ​ជា​គ្រិស្ត​សាសនិក​ដ៏​ខ្នះ​ខ្នែង​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ និង​បាន​បម្រើ​ព្រះ​យ៉ាង​ស្មោះ​ត្រង់​កាល​ដែល​ពួក​គេ​នៅ​ផែន​ដី​នៅ​ឡើយ។ ចុះ​មនុស្ស​មួយ​ក្រុម​ធំ​វិញ? តើ​និស្សិត​គម្ពីរ​យល់​យ៉ាង​ណា​អំពី​ពួក​គេ?

៦. តើ​និស្សិត​គម្ពីរ​យល់​យ៉ាង​ណា​អំពី​មនុស្ស​មួយ​ក្រុម​ធំ?

យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត​ថា មនុស្ស​មួយ​ក្រុម​ធំ​«​កំពុង​ឈរ​នៅ​មុខ​បល្ល័ង្ក​និង​នៅ​មុខ​កូន​ចៀម​»។ (​បប. ៧:៩​) ពាក្យ​ទាំង​នេះ​ធ្វើ​ឲ្យ​និស្សិត​គម្ពីរ​សន្និដ្ឋាន​ថា​ក្រុម​នោះ​នឹង​រស់​នៅ​ស្ថាន​សួគ៌ ដូច​១៤៤.០០០​នាក់។ បើ​ពួក​១៤៤.០០០​នាក់ និង​មនុស្ស​មួយ​ក្រុម​ធំ​នឹង​រស់​នៅ​ស្ថាន​សួគ៌ តើ​ពួក​គេ​ខុស​គ្នា​យ៉ាង​ណា? និស្សិត​គម្ពីរ​បាន​គិត​ថា មនុស្ស​មួយ​ក្រុម​ធំ​នោះ​ច្បាស់​ជា​គ្រិស្ត​សាសនិក​ដែល​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​ទាំង​ស្រុង ពេល​ដែល​ពួក​គេ​រស់​នៅ​ផែន​ដី​នៅ​ឡើយ។ ទោះ​ជា​ពួក​គេ​ធ្វើ​តាម​ខ្នាត​តម្រា​សីលធម៌​ក្នុង​គម្ពីរ​ក៏​ដោយ ប្រហែល​ជា​ពួក​គេ​ខ្លះ​នៅ​តែ​ជា​សមាជិក​វិហារ​គ្រិស្ត​សាសនា។ និស្សិត​គម្ពីរ​សន្និដ្ឋាន​ថា​អ្នក​ទាំង​នោះ​មាន​ចិត្ត​ខ្នះ​ខ្នែង​ដែរ តែ​មិន​ខ្នះ​ខ្នែង​ដល់​កម្រិត​ដែល​ឲ្យ​ពួក​គេ​អាច​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ​ទេ។ ដោយ​សារ​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​ចំពោះ​ព្រះ​មិន​គ្រប់​គ្រាន់ នោះ​ពួក​គេ​អាច​ឈរ​នៅ​មុខ​បល្ល័ង្ក​នៅ​ស្ថាន​សួគ៌ តែ​មិន​មែន​អង្គុយ​លើ​បល្ល័ង្ក​ឡើយ។

៧. តាម​ការ​យល់​ដឹង​របស់​និស្សិត​គម្ពីរ តើ​អ្នក​ណា​នឹង​រស់​នៅ​ផែន​ដី​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ? តើ​ពួក​គេ​យល់​យ៉ាង​ណា​អំពី​បុរស​ស្មោះ​ត្រង់​ពី​សម័យ​បុរាណ?

តើ​អ្នក​ណា​នឹង​រស់​នៅ​លើ​ផែន​ដី? និស្សិត​គម្ពីរ​បាន​ជឿ​ថា​ក្រោយ​ពី​១៤៤.០០០​នាក់​និង​មនុស្ស​មួយ​ក្រុម​ធំ​បាន​ត្រូវ​ប្រមូល​ទៅ​ស្ថាន​សួគ៌ មនុស្ស​រាប់​លាន​នាក់​ទៀត​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​រស់​នៅ​ផែន​ដី​ដើម្បី​ទទួល​ពរ​ក្រោម​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត។ និស្សិត​គម្ពីរ​មិន​បាន​រំពឹង​ថា​មនុស្ស​រាប់​លាន​នាក់​ទាំង​នោះ​នឹង​បម្រើ​ព្រះ​យេហូវ៉ា​មុន​ការ​គ្រប់​គ្រង​របស់​គ្រិស្ត​ចាប់​ផ្ដើម​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​គិត​ថា​មនុស្ស​ទាំង​នោះ​នឹង​រៀន​អំពី​ព្រះ​យេហូវ៉ា​ក្នុង​អំឡុង​គ្រា​មួយ​ពាន់​ឆ្នាំ។ ក្រោយ​មក ពួក​អ្នក​ដែល​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែន​ដី រីឯ​ពួក​អ្នក​ដែល​បះ​បោរ​នឹង​ត្រូវ​បំផ្លាញ​ចោល។ និស្សិត​គម្ពីរ​ក៏​បាន​គិត​ថា​ប្រហែល​ជា​អ្នក​ខ្លះ​ដែល​បម្រើ​ជា​«​ចៅហ្វាយ​»​នៅ​ផែន​ដី​ក្នុង​អំឡុង​គ្រា​នោះ នឹង​ទទួល​ជីវិត​នៅ​ស្ថាន​សួគ៌​នា​ដំណាច់​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ។ ពួក​គេ​យល់​ថា ពួក​ចៅហ្វាយ​ទាំង​នោះ​រួម​បញ្ចូល​បុរស​ស្មោះ​ត្រង់​ដែល​បាន​ស្លាប់​មុន​គ្រិស្ត និង​បាន​ត្រូវ​ប្រោស​ឲ្យ​រស់ឡើង​វិញ​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​លោក។—ទំនុក. ៤៥:១៦

៨. តាម​គំនិត​របស់​និស្សិត​គម្ពីរ តើ​មាន​ក្រុម​បី​អ្វី?

និស្សិត​គម្ពីរ​បាន​គិត​ថា​មាន​ក្រុម​បី​៖ (​១​) ពួក​១៤៤.០០០​នាក់​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌ (​២​) មនុស្ស​មួយ​ក្រុម​ធំ​ដែល​នឹង​ឈរ​នៅ​មុខ​បល្ល័ង្ក​របស់​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌ ហើយ​ពួក​គេ​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង​មួយ​កម្រិត និង(​៣​) មនុស្ស​រាប់​លាន​នាក់​ដែល​នឹង​រៀន​អំពី​ព្រះ​យេហូវ៉ា​នៅ​ផែន​ដី​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត។ ក៏​ប៉ុន្តែ នៅ​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា ពន្លឺ​នៃ​សេចក្ដី​ពិត​អំពី​រឿង​នេះ​បាន​ភ្លឺ​ឡើង​កាន់​តែ​ខ្លាំង។—សុភ. ៤:១៨

ពន្លឺ​នៃ​សេចក្ដី​ពិត​កាន់​តែ​ភ្លឺ​ឡើង

នៅ​មហា​សន្និបាត​ឆ្នាំ​១៩៣៥ បុគ្គល​ជា​ច្រើន​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែន​ដី​ជា​រៀង​រហូត បាន​ទទួល​ការ​ជ្រមុជ​ទឹក (​សូម​មើល​វគ្គ​៩​)

៩. (​ក​) តើ​មនុស្ស​មួយ​ក្រុម​ធំ​អាច​ឈរ​«​នៅ​មុខ​បល្ល័ង្ក​និង​នៅ​មុខ​កូន​ចៀម​»​ក្នុង​ន័យ​អ្វី? (​ខ​) ហេតុ​អ្វី​ការ​យល់​ដឹង​នេះ​អំពី​ការ​បើក​បង្ហាញ ៧:៩ គឺ​សម​ហេតុ​ផល?

នៅ​ឆ្នាំ​១៩៣៥ សាក្សី​ព្រះ​យេហូវ៉ា​បាន​យល់​យ៉ាង​ច្បាស់​ថា មនុស្ស​មួយ​ក្រុម​ធំ​ដែល​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត​គឺ​ជា​អ្នក​ណា។ ពួក​គេ​បាន​យល់​ថា មនុស្ស​មួយ​ក្រុម​ធំ​មិន​ចាំ​បាច់​នៅ​ស្ថាន​សួគ៌​ដើម្បី​ឈរ​«​នៅ​មុខ​បល្ល័ង្ក​និង​នៅ​មុខ​កូន​ចៀម​»​ទេ។ តែ​ពួក​គេ​អាច​ឈរ​«​នៅ​មុខ​បល្ល័ង្ក​»​បាន ទោះ​ជា​ពួក​គេ​រស់​នៅ​ផែន​ដី​ក្ដី ក្នុង​ន័យ​ថា​ពួក​គេ​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់​គ្រង​សកល​លោក ហើយ​បង្ហាញ​ថា​ពួក​គេ​ចុះ​ចូល​នៅ​ក្រោម​អំណាច​របស់​លោក​ដោយ​ស្ដាប់​បង្គាប់​លោក។ (​អេ. ៦៦:១​) ពួក​គេ​អាច​ឈរ​«​នៅ​មុខ​កូន​ចៀម​»​ ក្នុង​ន័យ​ថា​ពួក​គេ​បង្ហាញ​ជំនឿ​លើ​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ។ ស្រដៀង​គ្នា​ដែរ ម៉ាថាយ ២៥:៣១, ៣២ ចែង​ថា​៖ ​«​ប្រជា​ជាតិ​ទាំង​ឡាយ​»​រួម​ទាំង​មនុស្ស​អាក្រក់ នឹង​ត្រូវ​«​ប្រមូល​មក​នៅ​មុខ​»​លោក​យេស៊ូ​ដែល​អង្គុយ​លើ​បល្ល័ង្ក​ដ៏​រុង​រឿង​របស់​លោក។ ប្រជា​ជាតិ​ទាំង​នេះ​ច្បាស់​ជា​នៅ​ផែន​ដី មិន​មែន​នៅ​ស្ថាន​សួគ៌​ទេ។ ការ​យល់​ដឹង​ដែល​បាន​ត្រូវ​កែ​សម្រួល​នេះ​គឺ​សម​ហេតុ​ផល ហើយ​នេះ​ជួយ​យើង​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​គម្ពីរ​មិន​បាន​ចែង​ថា មនុស្ស​មួយ​ក្រុម​ធំ​នោះ​នឹង​ត្រូវ​យក​ទៅ​ស្ថាន​សួគ៌។ មាន​ក្រុម​តែ​មួយ​ប៉ុណ្ណោះ​ដែល​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ស្ថាន​សួគ៌ ពោល​គឺ​១៤៤.០០០​នាក់។ ពួក​គេ​នឹង​«​ធ្វើ​ជា​ស្តេច​គ្រប់​គ្រង​លើ​ផែន​ដី​»​ជា​មួយ​នឹង​លោក​យេស៊ូ។—បប. ៥:១០

១០. ហេតុ​អ្វី​មនុស្ស​មួយ​ក្រុម​ធំ​ត្រូវ​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​គោរព​ប្រណិប័តន៍​លោក មុន​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត?

១០ តាំង​ពី​ឆ្នាំ​១៩៣៥ សាក្សី​ព្រះ​យេហូវ៉ា​បាន​យល់​ថា មនុស្ស​មួយ​ក្រុម​ធំ​ដែល​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត គឺ​ជា​គ្រិស្ត​សាសនិក​ស្មោះ​ត្រង់​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី។ ដើម្បី​រួច​ជីវិត​នៅ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង មនុស្ស​មួយ​ក្រុម​ធំ​នឹង​ត្រូវ​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​គោរព​ប្រណិប័តន៍​លោក មុន​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត។ ម្យ៉ាង​ទៀត ពួក​គេ​ត្រូវ​បង្ហាញ​ជំនឿ​មាំ​មួន ដើម្បី​«​រួច​ផុត​ពី​ការ​ទាំង​អស់​នេះ​ដែល​ត្រូវ​កើត​ឡើង​»​មុន​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត។—លូក. ២១:៣៤​-​៣៦

១១. ហេតុ​អ្វី​និស្សិត​គម្ពីរ​ខ្លះ​បាន​គិត​ថា​មនុស្ស​មួយ​ចំនួន​នឹង​ត្រូវ​យក​ទៅ​ស្ថាន​សួគ៌ បន្ទាប់​ពី​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ?

១១ ចុះ​យ៉ាង​ណា​អំពី​ការ​យល់​ដឹង​ដែល​ថា មនុស្ស​ស្មោះ​ត្រង់​មួយ​ចំនួន​នៅ​ផែន​ដី​នឹង​ត្រូវ​យក​ទៅ​ស្ថាន​សួគ៌​នៅ​ដំណាច់​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ? នៅ​ច្រើន​ឆ្នាំ​មុន ចំណុច​នេះ​បាន​ត្រូវ​រៀប​រាប់​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​១៩១៣។ ប្រហែល​ជា​ពួក​គេ​បាន​វែក​ញែក​ថា ‹ហេតុ​អ្វី​បុរស​ស្មោះ​ត្រង់​នៅ​សម័យ​បុរាណ​គ្រាន់​តែ​ទទួល​ជីវិត​នៅ​ផែន​ដី​ប៉ុណ្ណោះ តែ​គ្រិស្ត​សាសនិក​ដែល​មិន​សូវ​ខ្នះ​ខ្នែង​ទទួល​ជីវិត​នៅ​ស្ថាន​សួគ៌​ទៅ​វិញ?›។ ការ​វែក​ញែក​នេះ​មាន​មូលដ្ឋាន​លើ​ការ​សន្និដ្ឋាន​មិន​ត្រឹម​ត្រូវ​ពីរ។ (​១​) មនុស្ស​មួយ​ក្រុម​ធំ​នឹង​រស់​នៅ​ស្ថាន​សួគ៌ និង (​២​) មនុស្ស​មួយ​ក្រុម​ធំ​គឺ​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង​មួយ​កម្រិត។

១២​-​១៣. តើ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​និង​មនុស្ស​មួយ​ក្រុម​ធំ​ទទួល​ស្គាល់​អ្វី​អំពី​រង្វាន់​របស់​ពួក​គេ?

១២ ដូច​ដែល​បាន​រៀប​រាប់​នៅ​ខាង​លើ តាំង​ពី​ឆ្នាំ​១៩៣៥ សាក្សី​ព្រះ​យេហូវ៉ា​បាន​យល់​ថា ពួក​អ្នក​ដែល​រួច​ជីវិត​ពី​សង្គ្រាម​ហាម៉ាគេដូន​គឺ​ជា​មនុស្ស​មួយ​ក្រុម​ធំ​ដែល​បាន​ត្រូវ​បើក​បង្ហាញ​ឲ្យ​យ៉ូហាន​ឃើញ​ក្នុង​គំនិត។ ពួក​គេ​«​គឺ​ជា​អ្នក​ដែល​ចេញ​ផុត​ពី​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង​»​នៅ​ផែន​ដី ហើយ​ពួក​គេ​នឹង​«​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ឥត​ឈប់​ថា​៖ ‹សេចក្ដី​សង្គ្រោះ​របស់​យើង​មក​ពី​ព្រះ​របស់​យើង ដែល​អង្គុយ​លើបល្ល័ង្ក និង​ពី​កូន​ចៀម›​»។ (​បប. ៧:១០, ១៤​) បន្ថែម​ទៅ​ទៀត គម្ពីរ​បង្រៀន​ថា​ពួក​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌ ទទួល​«​អ្វី​ដែល​ប្រសើរ​ជាង​»​បុរស​ស្មោះ​ត្រង់​នៅ​សម័យ​បុរាណ​នឹង​ទទួល។ (​ហេ. ១១:៤០​) ការ​យល់​ដឹង​ថ្មី​នៅ​ឆ្នាំ​១៩៣៥​បាន​ជំរុញ​ចិត្ត​បង​ប្អូន​យើង ឲ្យ​ចាប់​ផ្ដើម​អញ្ជើញ​មនុស្ស​ឯ​ទៀត​យ៉ាង​ខ្នះ​ខ្នែង​ឲ្យ​មក​បម្រើ​ព្រះ​យេហូវ៉ា ដោយ​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី។

១៣ មនុស្ស​មួយ​ក្រុម​ធំ​នោះ​ពេញ​ចិត្ត​នឹង​សេចក្ដី​សង្ឃឹម​របស់​ពួក​គេ។ ពួក​គេ​យល់​ថា​ព្រះ​យេហូវ៉ា​ជា​អ្នក​សម្រេច​ចិត្ត​ថា​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​របស់​លោក​នឹង​បម្រើ​លោក​នៅ​កន្លែង​ណា មិន​ថា​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែន​ដី​ក្ដី។ ទាំង​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ទាំង​មនុស្ស​មួយ​ក្រុម​ធំ​ទទួល​ស្គាល់​ថា ពួក​គេ​អាច​ទទួល​រង្វាន់​របស់​ពួក​គេ​បាន ដោយ​សារ​តែ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ត្រូវ​បង្ហាញ តាម​រយៈ​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ​គ្រិស្ត។—រ៉ូម ៣:២៤

ចំនួន​ដ៏​ច្រើន​ក្រៃ​លែង

១៤. ក្រោយ​ពី​ឆ្នាំ​១៩៣៥ ហេតុ​អ្វី​បង​ប្អូន​ជា​ច្រើន​ឆ្ងល់​អំពី​របៀប​ដែល​ទំនាយ​ស្តី​អំពី​មនុស្ស​មួយ​ក្រុម​ធំ​នឹង​ត្រូវ​សម្រេច?

១៤ ក្រោយ​ពី​រាស្ត្រ​ព្រះ​យេហូវ៉ា​បាន​យល់​ច្បាស់​ជាង​អំពី​រឿង​នោះ​នៅ​ឆ្នាំ​១៩៣៥ បង​ប្អូន​ជា​ច្រើន​នៅ​តែ​ឆ្ងល់​ថា តើ​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែន​ដី​អាច​ទៅ​ជា​ក្រុម​មួយ​ដ៏​ធំ​យ៉ាង​ដូច​ម្ដេច​បាន។ ជា​ឧទាហរណ៍ បង​ប្រុស​រ៉ូណាល់ ផាខិន​មាន​អាយុ​១២​ឆ្នាំ ពេល​ដែល​មាន​ការ​ពន្យល់​យ៉ាង​ច្បាស់​អំពី​អត្តសញ្ញាណ​របស់​មនុស្ស​មួយ​ក្រុម​ធំ។ គាត់​នឹក​ចាំ​ថា ​«​នៅ​ពេល​នោះ មាន​អ្នក​ផ្សាយ​ប្រហែល​ជា​៥៦.០០០​នាក់​នៅ​ទូ​ទាំង​ពិភព​លោក ហើយ​ពួក​គេ​ជា​ច្រើន​គឺ​ជា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង។ ដូច្នេះ​តាម​មើល​ទៅ មនុស្ស​មួយ​ក្រុម​ធំ​នោះ​មិន​មាន​ចំនួន​ច្រើន​ទេ​»។

១៥. តើ​ការ​ប្រមូល​មនុស្ស​មួយ​ក្រុម​ធំ​បាន​បន្ត​កើន​ឡើង​យ៉ាង​ដូច​ម្ដេច?

១៥ ក៏​ប៉ុន្តែ ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ក្រោយ​មក សាសនទូត​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ប្រទេស​ផ្សេង​ៗ ហើយ​ចំនួន​សាក្សី​ព្រះ​យេហូវ៉ា​បាន​បន្ត​កើន​ឡើង។ នៅ​ឆ្នាំ​១៩៦៨ សាក្សី​ព្រះ​យេហូវ៉ា​បាន​ចាប់​ផ្ដើម​កម្ម​វិធី​សិក្សា​គម្ពីរ​ដោយ​ប្រើ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា សេចក្ដី​ពិត​ដែល​នាំ​ទៅ​ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ (​The Truth That Leads to Eternal Life​)។ សៀវភៅ​នោះ​ពន្យល់​អំពី​សេចក្ដី​ពិត​ពី​គម្ពីរ​តាម​របៀប​ដែល​ស្រួល​យល់។ នេះ​បាន​ទាក់​ទាញ​មនុស្ស​សុភាព​រាប​ទាប​កាន់​តែ​ច្រើន​ឲ្យ​មក​ឯ​ព្រះ​យេហូវ៉ា។ មិន​ដល់​បួន​ឆ្នាំ​ក្រោយ​ពី​សៀវភៅ​នោះ​បាន​ចេញ​ផ្សាយ អ្នក​កាន់​តាម​ថ្មី​របស់​គ្រិស្ត ជាង​ប្រាំ​សែន​នាក់​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ពេល​អំណាច​របស់​សាសនា​កាតូលិក​ចាប់​ផ្ដើម​ចុះ​ខ្សោយ​នៅ​ប្រទេស​ផ្សេង​ៗ​នា​អាម៉េរិក​ឡា​ទីន​និង​ប្រទេស​ឯ​ទៀត ហើយ​កិច្ច​ការ​របស់​យើង​លែង​ត្រូវ​គេ​ដាក់​បម្រាម​នៅ​ទ្វីប​អឺរ៉ុប​ខាង​កើត​និង​តំបន់​ផ្សេង​ៗ​នៅ​ទ្វីប​អាហ្វ្រិក នោះ​មនុស្ស​រាប់​លាន​នាក់​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ (​អេ. ៦០:២២​) តាំង​ពី​ពេល​នោះ អង្គ​ការ​របស់​ព្រះ​យេហូវ៉ា​បាន​បោះ​ពុម្ព​សៀវភៅ​ផ្សេង​ទៀត​ដែល​មាន​ប្រសិទ្ធភាព ដើម្បី​ជួយ​មនុស្ស​ឯ​ទៀត​ឲ្យ​រៀន​អំពី​អ្វី​ដែល​គម្ពីរ​បង្រៀន។ យើង​អាច​ឃើញ​ច្បាស់​ថា មនុស្ស​មួយ​ក្រុម​ធំ​នោះ​ដែល​ឥឡូវ​មាន​ចំនួន​ជាង​៨​លាន​នាក់​បាន​ត្រូវ​ប្រមូល​ហើយ!

មនុស្ស​មួយ​ក្រុម​ធំ​ដែល​មក​ពី​ទូ​ទាំង​ពិភព​លោក

១៦. តើ​មនុស្ស​មួយ​ក្រុម​ធំ​បាន​ត្រូវ​ប្រមូល​ពី​ណា?

១៦ យ៉ូហាន​បាន​សរសេរ​អំពី​អ្វី​ដែល​គាត់​បាន​ឃើញ​ក្នុង​គំនិត​ថា មនុស្ស​មួយ​ក្រុម​ធំ​នឹង​មក​ពី​«​គ្រប់​ប្រជា​ជាតិ គ្រប់​កុលសម្ព័ន្ធ គ្រប់​ជាតិ​សាសន៍ និង​គ្រប់​ភាសា​»។ មុន​សម័យ​នោះ សាការី​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​រៀប​រាប់​អំពី​អ្វី​ដែល​ស្រដៀង​នឹង​នោះ​ដែរ។ គាត់​បាន​សរសេរ​ថា​៖ ​«​នៅ​គ្រា​នោះ​មនុស្ស​១០​នាក់​ពី​ភាសា​ផ្សេង​ៗ​នឹង​ចាប់​តោង​ជាយ​អាវ​របស់​សាសន៍​យូដា​ម្នាក់ ដោយ​ពាក្យ​ថា​៖ ‹យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា›​»។—សាក. ៨:២៣

១៧. តើ​កិច្ច​ការ​អ្វី​កំពុង​ធ្វើ​ឡើង​ដើម្បី​ជួយ​មនុស្ស​ពី​គ្រប់​ប្រជា​ជាតិ​និង​គ្រប់​ភាសា?

១៧ សាក្សី​ព្រះ​យេហូវ៉ា​យល់​ថា​ដើម្បី​ប្រមូល​មនុស្ស​ពី​គ្រប់​ភាសា ពួក​គេ​ត្រូវ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ជា​ច្រើន​ភាសា។ យើង​បាន​បក​ប្រែ​សៀវភៅ​ផ្សេង​ៗ​សម្រាប់​សិក្សា​គម្ពីរ​អស់​រយៈ​ពេល​ជាង​១៣០​ឆ្នាំ។ ឥឡូវ​យើង​កំពុង​បក​ប្រែ​ជា​រាប់​រយ​ភាសា ហើយ​ការ​បក​ប្រែ​នេះ​គឺ​ច្រើន​បំផុត​ដែល​មិន​ធ្លាប់​មាន។ ព្រះ​យេហូវ៉ា​កំពុង​ធ្វើ​ការ​អស្ចារ្យ​នៅ​សម័យ​យើង ដោយ​ប្រមូល​មនុស្ស​មួយ​ក្រុម​ធំ​ពី​គ្រប់​ប្រជា​ជាតិ។ ដោយ​សារ​មាន​សៀវភៅ​គម្ពីរ​និង​សៀវភៅ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​កាន់​តែ​ច្រើន​ភាសា ក្រុម​នេះ​អាច​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដោយមាន​សាមគ្គី​ភាព ទោះ​ជា​ពួក​គេ​មក​ពី​ប្រទេស​ផ្សេង​ៗ​ក្ដី។ ម្យ៉ាង​ទៀត សាក្សី​ព្រះ​យេហូវ៉ា​បាន​ត្រូវ​គេ​ស្គាល់​ជា​ទូ​ទៅ ចំពោះ​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង​របស់​ពួក​គេ​និង​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​ដែល​ពួក​គេ​មាន​ចំពោះ​គ្នា។ នេះ​ពិត​ជា​ពង្រឹង​ជំនឿ​យើង​មែន!—ម៉ាថ. ២៤:១៤; យ៉ូន. ១៣:៣៥

តើ​អ្វី​ដែល​បាន​ត្រូវ​បើក​បង្ហាញ​ឲ្យ​យ៉ូហាន​ឃើញ​ក្នុង​គំនិត​មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង?

១៨. (​ក​) ស្រប​តាម​អេសាយ ៤៦:១០, ១១ ហេតុ​អ្វី​យើង​មិន​ភ្ញាក់​ផ្អើល​ដែល​ព្រះ​យេហូវ៉ា​បាន​សម្រេច​ទំនាយ​អំពី​មនុស្ស​មួយ​ក្រុម​ធំ? (​ខ​) ហេតុ​អ្វី​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែន​ដី​មិន​អន់​ចិត្ត?

១៨ យើង​មាន​ហេតុ​ជា​ច្រើន​ដើម្បី​រំភើប​ចិត្ត​អំពី​ទំនាយ​ស្តី​អំពី​មនុស្ស​មួយ​ក្រុម​ធំ! យើង​មិន​ភ្ញាក់​ផ្អើល​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទំនាយ​នេះ​សម្រេច តាម​របៀប​ដ៏​អស្ចារ្យ​បែប​នេះ​ទេ។ (​សូម​អាន អេសាយ ៤៦:១០, ១១) មនុស្ស​មួយ​ក្រុម​ធំ​សប្បាយ​ចិត្ត​អំពី​សេចក្ដី​សង្ឃឹម​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​ពួក​គេ។ ពួក​គេ​មិន​អន់​ចិត្ត​ដែល​ព្រះ​មិន​បាន​រើស​តាំង​ពួក​គេ​ដោយ​សកម្មពល​របស់​លោក ឲ្យ​បម្រើ​ជា​មួយ​នឹង​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌​ទេ។ ក្នុង​គម្ពីរ មាន​បុរស​ស្ត្រី​ដ៏​ស្មោះ​ត្រង់​ដែល​បាន​ទទួល​ការ​ណែនាំ​ពី​សកម្មពល​បរិសុទ្ធ ប៉ុន្តែ​ពួក​គេ​មិន​មែន​ជា​សមាជិក​១៤៤.០០០​នាក់​ឡើយ ដូច​ជា​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក និង​ដាវីឌ​ជា​ដើម។ (​ម៉ាថ. ១១:១១; សកម្ម. ២:៣៤​) ពួក​គាត់​និង​មនុស្ស​ជា​ច្រើន​អនេក​ទៀត​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែន​ដី​ជា​សួន​ឧទ្យាន។ ពួក​គេ​ទាំង​អស់​គ្នា ព្រម​ទាំង​មនុស្ស​មួយ​ក្រុម​ធំ​នឹង​មាន​ឱកាស​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​គាំ​ទ្រ​ការ​គ្រប់​គ្រង​របស់​លោក។

១៩. តើ​ការ​សម្រេច​នៃ​អ្វី​ដែល​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត​អំពី​មនុស្ស​មួយ​ក្រុម​ធំ​បញ្ជាក់​យ៉ាង​ណា​ថា​យើង​កំពុង​រស់​នៅ​គ្រា​បន្ទាន់?

១៩ ក្នុង​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស ព្រះ​មិន​ដែល​បង្រួម​មនុស្ស​រាប់​លាន​នាក់​ពី​គ្រប់​ប្រជា​ជាតិ​ដូច​នេះ​ឡើយ។ មិន​ថា​យើង​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌​ឬ​ផែន​ដី​ក្ដី យើង​ត្រូវ​ជួយ​មនុស្ស​ច្រើន​បំផុត​ឲ្យ​ក្លាយ​ទៅ​ជា​សមាជិក​មនុស្ស​មួយ​ក្រុម​ធំ​នៃ​«​ចៀម​ឯ​ទៀត​»។ (​យ៉ូន. ១០:១៦​) មិន​យូរ​ទៀត ព្រះ​យេហូវ៉ា​នឹង​នាំ​មក​នូវ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ដែល​នឹង​បំផ្លាញ​រដ្ឋាភិបាល​និង​សាសនា​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​រង​ទុក្ខ។ មនុស្ស​មួយ​ក្រុម​ធំ​មាន​ឯកសិទ្ធិ​ដ៏​ថ្លៃ​ថ្លា​មួយ​គឺ​បម្រើ​ព្រះ​យេហូវ៉ា​នៅ​ផែន​ដី​ជា​រៀង​រហូត!—បប. ៧:១៤

ចម្រៀង​លេខ​១៣៩ សូម​ស្រមៃ​ឃើញ​ខ្លួន​នៅ​ពិភព​លោក​ថ្មី

^ វគ្គ 5 ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​ទំនាយ​ដែល​បាន​ត្រូវ​បើក​បង្ហាញ​ឲ្យ​យ៉ូហាន​ឃើញ​ក្នុង​គំនិត​ស្តី​អំពី​ការ​ប្រមូល​«​មនុស្ស​មួយ​ក្រុម​ធំ​»។ នេះ​ច្បាស់​ជា​នឹង​ពង្រឹង​ជំនឿ​របស់​អស់​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ដើម្បី​ធ្វើ​ជា​សមាជិក​ក្រុម​នោះ។