លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣៦

សង្គ្រាម​ហាម៉ាគេដូន​គឺ​ជា​ដំណឹង​ល្អ!

សង្គ្រាម​ហាម៉ាគេដូន​គឺ​ជា​ដំណឹង​ល្អ!

‹ពួក​គេ​បាន​ប្រមូល​គ្នា​ទៅ​ឯ​កន្លែង​ដែល​ហៅ​ថា​ហាម៉ាគេដូន›។—បប. ១៦:១៦

ចម្រៀង​លេខ​១៥០ ចូរ​ស្វែង​រក​សេចក្ដី​សង្គ្រោះ​ពី​ព្រះ

សេចក្ដី​សង្ខេប *

១​-​២. (​ក​) ហេតុ​អ្វី​សង្គ្រាម​ហាម៉ាគេដូន​គឺ​ជា​ដំណឹង​ល្អ​សម្រាប់​មនុស្សជាតិ? (​ខ​) ក្នុង​អត្ថបទ​នេះ តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

មនុស្ស​ខ្លះ​ជឿ​ថា​សង្គ្រាម​នុយក្លេអ៊ែរ ឬ​មហន្តរាយ​ធម្មជាតិ​នឹង​បំផ្លាញ​ពិភព​លោក។ ប៉ុន្តែ​នេះ​មិន​មែន​ជា​អ្វី​ដែល​គម្ពីរ​ចែង​ទេ។ ផ្ទុយ​ទៅ​វិញ គម្ពីរ​បង្រៀន​ថា​មិន​យូរ​ទៀត​នឹង​មាន​សង្គ្រាម​មួយ​ដែល​នាំ​ឲ្យ​ទទួល​លទ្ធផល​ដ៏​ល្អ។ សង្គ្រាម​នេះ​បាន​ត្រូវ​ហៅ​ថា​ហាម៉ាគេដូន ហើយ​អ្វី​ដែល​គម្ពីរ​ចែង​អំពី​សង្គ្រាម​នេះ​គួរ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ​រីក​រាយ។ (​បប. ១:៣​) សង្គ្រាម​ហាម៉ាគេដូន​នឹង​មិន​បំផ្លាញ​មនុស្សជាតិ​ទេ ប៉ុន្តែ​នឹង​សង្គ្រោះ​ពួក​គេ​វិញ។ តើ​តាម​របៀប​ណា?

គម្ពីរ​បង្ហាញ​ថា​សង្គ្រាម​ហាម៉ាគេដូន​នឹង​សង្គ្រោះ​មនុស្សជាតិ​ដោយ​បំបាត់​ចោល​ការ​គ្រប់​គ្រង​របស់​មនុស្ស ហើយ​បំផ្លាញ​ចោល​មនុស្ស​ទុច្ចរិត និង​ទុក​មនុស្ស​សុចរិត​ឲ្យ​រស់​នៅ។ ម្យ៉ាង​ទៀត សង្គ្រាម​នោះ​នឹង​សង្គ្រោះ​មនុស្សជាតិ​ដោយ​បំផ្លាញ​ពួក​អ្នក​ដែល​បង្ខូច​ផែន​ដី។ (​បប. ១១:១៨​) ដើម្បី​យល់​ចំណុច​ទាំង​នេះ​ឲ្យ​កាន់​តែ​ច្បាស់ សូម​យើង​ពិចារណា​សំណួរ​បួន​ដូច​ត​ទៅ​៖ តើ​សង្គ្រាម​ហាម៉ាគេដូន​គឺ​ជា​អ្វី? តើ​ព្រឹត្ដិការណ៍​អ្វី​ខ្លះ​នឹង​នាំ​ទៅ​ដល់​សង្គ្រាម​នោះ? តើ​តាម​របៀប​ណា​យើង​អាច​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​នឹង​រួច​ជីវិត​ពី​សង្គ្រាម​ហាម៉ាគេដូន? តើ​យើង​អាច​រក្សា​ភាព​ស្មោះ​ត្រង់​យ៉ាង​ដូច​ម្ដេច​កាល​ដែល​ទី​បញ្ចប់​កាន់​តែ​ជិត​មក​ដល់?

តើ​សង្គ្រាម​ហាម៉ាគេដូន​គឺ​ជា​អ្វី?

៣. (​ក​) តើ​ពាក្យ​«​ហាម៉ាគេដូន​»​មាន​ន័យ​យ៉ាង​ណា? (​ខ​) យោង​ទៅ​តាម​ការ​បើក​បង្ហាញ ១៦:១៤, ១៦ ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ហាម៉ាគេដូន​មិន​មែន​ជា​កន្លែង​មែន​ទែន?

សូម​អាន ការ​បើក​បង្ហាញ ១៦:១៤, ១៦ពាក្យ​«​ហាម៉ាគេដូន​»​មាន​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​គម្ពីរ ហើយ​ពាក្យ​នេះ​មក​ពី​ពាក្យ​ភាសា​ហេប្រឺ​ដែល​មាន​ន័យ​ថា​«​ភ្នំ​មេគីដោ​»។ (​បប. ១៦:១៦​) មេគីដោ​គឺ​ជា​ក្រុង​មួយ​នៅ​អ៊ីស្រាអែល​សម័យ​បុរាណ។ (​យ៉ូស. ១៧:១១​) ហាម៉ាគេដូន​មិន​សំដៅ​ទៅ​លើ​កន្លែង​មែន​ទែន​លើ​ផែន​ដី​នេះ​ទេ។ និយាយ​ឲ្យ​ចំ​ទៅ ហាម៉ាគេដូន​សំដៅ​ទៅ​លើ​ស្ថានភាព​មួយ ពេល​«​ស្តេច​ទាំង​ឡាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី​»​ប្រមូល​គ្នា​ច្បាំង​នឹង​ព្រះ​យេហូវ៉ា។ (​បប. ១៦:១៤​) ប៉ុន្តែ​ក្នុង​អត្ថបទ​នេះ យើង​ក៏​នឹង​ប្រើ​ពាក្យ​«​ហាម៉ាគេដូន​»​ ដើម្បី​សំដៅ​ទៅ​លើ​សង្គ្រាម​ដែល​នឹង​កើត​ឡើង​ភ្លាម​ៗ​បន្ទាប់​ពី​ការ​ប្រមូល​ស្តេចទាំង​ឡាយ​នៅ​ផែន​ដី។ ហេតុ​អ្វី​យើង​ដឹង​ថា​ហាម៉ាគេដូន​មិន​សំដៅ​លើ​កន្លែង​មែន​ទែន? មូលហេតុ​ទី១ គ្មាន​ភ្នំ​មេគីដោ​ទេ។ ទី២ តំបន់​នៅ​ជុំ​វិញ​ក្រុង​មេគីដោ​គឺ​មាន​ទី​តាំង​តូច​ពេក​សម្រាប់​«​ស្តេច​ទាំង​ឡាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី​»​ កង​ទ័ព និង​អាវុធ​របស់​ពួក​គេ។ ទី៣ ដូច​យើង​នឹង​រៀន​ក្នុង​អត្ថបទ​នេះ សង្គ្រាម​ហាម៉ាគេដូន​នឹង​ចាប់​ផ្ដើម​ពេល​ដែល​«​ស្តេច​»​ក្នុង​ពិភព​លោក​នេះ​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ​ដែល​រស់​នៅ​ទូ​ទាំង​ផែន​ដី។

៤. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ដាក់​ឈ្មោះ​សង្គ្រាម​ចុង​ក្រោយ​ដ៏​អស្ចារ្យ​របស់​លោក​ឲ្យ​ជាប់​ទាក់​ទង​នឹង​មេគីដោ?

ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ដាក់​ឈ្មោះ​សង្គ្រាម​ចុង​ក្រោយ​ដ៏​អស្ចារ្យ​របស់​លោក​ឲ្យ​ជាប់​ទាក់​ទង​នឹង​មេគីដោ? នៅ​សម័យ​គម្ពីរ មាន​ការ​ប្រយុទ្ធ​ជា​ច្រើន​នា​ក្រុង​មេគីដោ​និង​ជ្រលង​ភ្នំ​យេសរាល​នៅ​ក្បែរ​នោះ។ ជួន​កាល ព្រះ​យេហូវ៉ា​បាន​ជួយ​រាស្ត្រ​របស់​លោក​ឲ្យ​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ប្រយុទ្ធ​ទាំង​នោះ។ ជា​ឧទាហរណ៍ នៅ​«​ជិត​ទឹក​មេគីដោ​»​ ព្រះ​យេហូវ៉ា​បាន​ជួយ​ចៅហ្វាយ​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​ឈ្មោះ​បារ៉ាក់​ឲ្យ​យក​ឈ្នះ​កង​ទ័ព​ជន​ជាតិ​កាណាន​ដែល​ដឹក​នាំ​ដោយ​មេ​ទ័ព​ស៊ីសេរ៉ា។ បារ៉ាក់​និង​ដេបូរ៉ា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​អរគុណ​ព្រះ​យេហូវ៉ា​សម្រាប់​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ​នោះ។ ពួក​គេ​បាន​ច្រៀង​ថា​៖ ‹ផ្ទៃ​មេឃ​ក៏​បាន​ជួយ​ច្បាំង​នឹង​ស៊ីសេរ៉ា។ ស្ទឹង​គីសុន​បាន​ហូរ​នាំ​យក​គេ​ទៅ​បាត់›។—ចៅ. ៥:១៩​-​២១

៥. តើ​នឹង​មាន​ភាព​ខុស​គ្នា​ដ៏​សំខាន់​អ្វី​រវាង​សង្គ្រាម​ហាម៉ាគេដូន​និង​ការ​ប្រយុទ្ធ​របស់​បារ៉ាក់?

បារ៉ាក់​និង​ដេបូរ៉ា​បាន​ច្រៀង​ដោយ​ពាក្យ​បញ្ចប់​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ សូម​ឲ្យ​អស់​ទាំង​ខ្មាំង​សត្រូវ​របស់​ទ្រង់​វិនាស​ទៅ​ដូច្នេះ​ដែរ តែ​សូម​ឲ្យ​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់​បាន​ភ្លឺ​ដូច​ជា​ថ្ងៃ​ក្នុង​កាល​ដែល​រះ​ឡើង​ពេញ​វង់​វិញ​»។ (​ចៅ. ៥:៣១​) នៅ​សង្គ្រាម​ហាម៉ាគេដូន សត្រូវ​របស់​ព្រះ​ក៏​នឹង​ត្រូវ​បំផ្លាញ​ចោល​ដែរ រីឯ​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ​នឹង​ត្រូវ​សង្គ្រោះ។ ប៉ុន្តែ មាន​ចំណុច​ខុស​គ្នា​មួយ​ដែល​សំខាន់​រវាង​ការ​ប្រយុទ្ធ​ទាំង​ពីរ​នេះ គឺ​ថា​រាស្ត្រ​របស់​ព្រះ​នឹង​មិន​ប្រយុទ្ធ​នៅ​សង្គ្រាម​ហាម៉ាគេដូន​ទេ។ ពួក​គេ​ក៏​នឹង​គ្មាន​អាវុធ​ដែរ! ពួក​គេ​«​នឹង​មាន​កំឡាំង​ដោយ​នៅ​តែ​ស្ងៀម ហើយ​មាន​សេចក្ដី​ទុក​ចិត្ត​»​លើ​ព្រះ​យេហូវ៉ា និង​កង​ទ័ព​របស់​លោក​នៅ​ស្ថាន​សួគ៌។—អេ. ៣០:១៥; បប. ១៩:១១​-​១៥

៦. តើ​ព្រះ​យេហូវ៉ា​ប្រហែល​ជា​នឹង​ធ្វើ​អ្វី​ដើម្បី​យក​ឈ្នះ​សត្រូវ​របស់​លោក​នៅ​សង្គ្រាម​ហាម៉ាគេដូន?

តើ​ព្រះ​នឹង​ធ្វើ​អ្វី​ដើម្បី​យក​ឈ្នះ​សត្រូវ​របស់​លោក​នៅ​សង្គ្រាម​ហាម៉ាគេដូន? លោក​ប្រហែល​ជា​ប្រើ​វិធី​ផ្សេង​ៗ។ ជា​ឧទាហរណ៍ លោក​ប្រហែល​ជា​ធ្វើ​ឲ្យ​មាន​រញ្ជួយ​ដី រន្ទះ​បាញ់ និង​ទម្លាក់​ដុំ​ព្រិល។ (​យ៉ូប ៣៨:២២, ២៣; អេស. ៣៨:១៩​-​២២​) លោក​ប្រហែល​ជា​ធ្វើ​ឲ្យ​សត្រូវ​របស់​លោក​ប្រយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក។ (​២រប. ២០:១៧, ២២, ២៣​) ម្យ៉ាង​ទៀត លោក​ក៏​ប្រហែល​ជា​ប្រើ​ទេវតា​របស់​លោក​ដើម្បី​សម្លាប់​មនុស្ស​ទុច្ចរិត។ (​អេ. ៣៧:៣៦​) ទោះ​ជា​ព្រះ​ប្រើ​វិធី​ណា​ក៏​ដោយ លោក​នឹង​ទទួល​ជ័យ​ជម្នះ​ទាំង​ស្រុង។ មនុស្ស​ទាំង​អស់​ដែល​ប្រឆាំង​ព្រះ​នឹង​ត្រូវ​បំផ្លាញ​ចោល ហើយ​មនុស្ស​សុចរិត​ទាំង​អស់​នឹង​ត្រូវ​សង្គ្រោះ។—សុភ. ៣:២៥, ២៦

តើ​ព្រឹត្ដិការណ៍​អ្វី​ខ្លះ​នឹង​នាំ​ទៅ​ដល់​សង្គ្រាម​ហាម៉ាគេដូន?

៧​-​៨. (​ក​) យោង​ទៅ​តាម​ថែស្សាឡូនិច​ទី១ ៥:១​-​៦ តើ​ពួក​អ្នក​ដឹក​នាំ​ពិភព​លោក​នឹង​ប្រកាស​អ្វី? (​ខ​) ហេតុ​អ្វី​ការ​ប្រកាស​នោះ​ជា​ពាក្យ​កុហក​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់?

ការ​ប្រកាស​អំពី​«​សន្ដិ​ភាព​និង​សន្ដិ​សុខ​»​នឹង​កើត​ឡើង​មុន​«​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​»។ (​សូម​អាន ថែស្សាឡូនិច​ទី១ ៥:១​-​៦) នៅ​ថែស្សាឡូនិច​ទី១ ៥:២ ​«​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​»​សំដៅ​លើ​«​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង​»។ (​បប. ៧:១៤​) តើ​យើង​នឹង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង​ជិត​ចាប់​ផ្ដើម? គម្ពីរ​ប្រាប់​យើង​អំពី​ការ​ប្រកាស​ដែល​ខុស​ពី​ធម្មតា។ ការ​ប្រកាស​នោះ​គឺ​ជា​សញ្ញា​សម្គាល់​អំពី​ទី​ចាប់​ផ្ដើម​នៃ​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង។

សេចក្ដី​ប្រកាស​នោះ​គឺ​ថា​៖ ​«​មាន​សន្ដិ​ភាព​និង​សន្ដិ​សុខ​ហើយ​»។ ហេតុ​អ្វី​ពួក​អ្នក​ដឹក​នាំ​ពិភព​លោក​នឹង​និយាយ​ដូច្នេះ? តើ​អ្នក​ដឹក​នាំ​សាសនា​នឹង​រួម​ចំណែក​ក្នុង​ការ​ប្រកាស​នោះ​ឬ​ទេ? ប្រហែល​ជា​ដូច្នេះ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ សេចក្ដី​ប្រកាស​នោះ​ជា​ពាក្យ​កុហក​ដែល​មក​ពី​ពួក​វិញ្ញាណ​កំណាច។ ពាក្យ​កុហក​នេះ​គឺ​ជា​អ្វី​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង ពី​ព្រោះ​មនុស្ស​នឹង​គិត​ថា​ពួក​គេ​មាន​សុវត្ថិភាព តែ​តាម​ការ​ពិត​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង​បំផុត​ក្នុង​ប្រវត្ដិសាស្ត្រ​មនុស្ស​ហៀបនឹង​ចាប់​ផ្ដើម។ ពេល​ដែល​មាន​សេចក្ដី​ប្រកាស​នោះ ​«​នោះ​ស្រាប់​តែ​សេចក្ដី​ហិន​វិនាស​នឹង​កើត​មាន​ដល់​ពួក​គេ​ភ្លាម ដូច​ជា​ការ​ឈឺ​ចាប់របស់​ស្ត្រី​ដែល​ហៀបនឹង​សម្រាល​កូន​»។ ចុះ​យ៉ាង​ណា​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា? តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​ពួក​គេ? ពួក​គេ​ប្រហែល​ជា​ភ្ញាក់​ផ្អើល ដោយ​សារ​ពួក​គេ​មិន​ដឹង​ថា​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា​ទេ តែ​ពួក​គេ​បាន​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​គ្រា​នោះ។

៩. តើ​ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​របៀប​របប​ពិភព​លោក​របស់​សាថាន​នៅ​ពេល​ដំណាល​គ្នា​ឬ​ទេ? សូម​ពន្យល់។

ព្រះ​យេហូវ៉ា​នឹង​មិន​បំផ្លាញ​ពិភព​លោក​ទាំង​មូល​របស់​សាថាន​នៅ​ពេល​តែ​មួយ ដូច​ដែល​លោក​បាន​ធ្វើ​នៅ​សម័យ​ណូអេ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​នឹង​បំផ្លាញ​ពិភព​លោក​នេះ​ជា​ពីរ​ដំណាក់​កាល​សំខាន់​ៗ។ ដំបូង លោក​នឹង​បំផ្លាញ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ពោល​គឺ​សាសនា​មិន​ពិត​ទាំង​ឡាយ​នៅ​ទូ​ទាំង​ពិភព​លោក។ បន្ទាប់​មក នៅ​សង្គ្រាម​ហាម៉ាគេដូន លោក​នឹង​បំផ្លាញ​អ្វី​ដែល​នៅ​សេស​សល់​ពី​ពិភព​លោក​សាថាន ដូច​ជា​ប្រព័ន្ធ​ពាណិជ្ជកម្ម នយោបាយ និង​យោធា​ជា​ដើម។ សូម​យើង​ពិចារណា​ថែម​ទៀត​អំពី​ព្រឹត្ដិការណ៍​ដ៏​សំខាន់​ទាំង​ពីរ​នេះ។

១០. យោង​ទៅ​តាម​ការ​បើក​បង្ហាញ ១៧:១, ៦ និង១៨:២៤ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា?

១០ ​«​ការ​វិនិច្ឆ័យ​ទោស​មេ​ស្ត្រី​ពេស្យា​»។ (​សូម​អាន ការ​បើក​បង្ហាញ ១៧:១, ៦; ១៨:២៤) បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​បាន​នាំ​ឲ្យ​មាន​ការ​តិះ​ដៀល​ជា​ច្រើន​ដល់​នាម​របស់​ព្រះ។ ជា​ឧទាហរណ៍ នាង​បាន​បង្រៀន​អ្វី​ដែល​មិន​ពិត​អំពី​ព្រះ។ សាសនា​មិន​ពិត​គឺ​ប្រៀប​ដូច​ជា​ស្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌ ក្នុង​ន័យ​ថា​សាសនា​មិន​ពិត​មិន​បាន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​សារ​នាង​គាំ​ទ្រ​រដ្ឋាភិបាល​របស់​មនុស្ស។ នាង​បាន​ប្រើ​អំណាច​របស់​នាង​ដើម្បី​កេង​ប្រវ័ញ្ច​សមាជិក​សាសនា​របស់​នាង។ ម្យ៉ាង​ទៀត នាង​បាន​សម្លាប់​មនុស្ស​ជា​ច្រើន រួម​ទាំង​អ្នក​បម្រើ​របស់​ព្រះ​មួយ​ចំនួន​ផង​ដែរ។ (​បប. ១៩:២​) តើ​ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​យ៉ាង​ដូច​ម្ដេច?

១១. តើ​«​សត្វ​សាហាវ​មួយ​ដែល​មាន​សម្បុរ​ក្រហម​ឆ្អៅ​»​ជា​តំណាង​អ្វី? តើ​វា​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​ការ​ធ្វើ​ឲ្យ​គោល​បំណង​របស់​ព្រះ​បាន​សម្រេច​ស្តី​អំពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា?

១១ ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​«​មេ​ស្ត្រី​ពេស្យា​»​ តាម​រយៈ​«​ស្នែង​ដប់​»​របស់​«​សត្វ​សាហាវ​មួយ​ដែល​មាន​សម្បុរ​ក្រហម​ឆ្អៅ​»។ សត្វ​សាហាវ​នោះ​ជា​តំណាង​អង្គ​ការ​សហប្រជាជាតិ។ ស្នែង​ដប់​ជា​តំណាង​រដ្ឋាភិបាល​ដែល​គាំ​ទ្រ​អង្គ​ការ​នោះ។ នៅ​ពេល​កំណត់​របស់​ព្រះ រដ្ឋាភិបាល​ទាំង​នោះ​នឹង​វាយ​ប្រហារ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា។ ពួក​គេ​«​នឹង​បំផ្លាញ​នាង​ព្រម​ទាំង​ធ្វើ​ឲ្យ​នាង​នៅ​អាក្រាត​»​ ដោយ​ប្លន់​យក​ទ្រព្យ​សម្បត្ដិ​របស់​នាង និង​បង្ហាញ​ដល់​មនុស្ស​គ្រប់​គ្នា​អំពី​អំពើ​អាក្រក់​របស់​នាង។ (​បប. ១៧:៣, ១៦​) សេចក្ដី​ហិន​វិនាស​ដ៏​ឆាប់​រហ័ស​នោះ ហាក់​ដូច​ជា​កើតឡើង​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ ពួក​អ្នក​ដែល​គាំ​ទ្រ​នាង​នឹង​តក់​ស្លុត​ចំពោះ​ព្រឹត្ដិការណ៍​នោះ។ នោះ​គឺ​ដោយ​សារ​នាង​ច្រើន​តែ​និយាយ​អួត​ថា​៖ ​«​ខ្ញុំ​គ្រប់​គ្រង​ជា​មហា​ក្សត្រី ហើយ​ខ្ញុំ​មិន​មែន​ជា​ស្ត្រី​មេ​ម៉ាយ​ទេ ខ្ញុំ​នឹង​មិន​មាន​ទុក្ខ​ព្រួយ​ឡើយ​»។—បប. ១៨:៧, ៨

១២. តើ​ព្រះ​យេហូវ៉ា​នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រជា​ជាតិ​នា​នា​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី?

១២ ព្រះ​នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រជា​ជាតិ​នា​នា​បំផ្លាញ​រាស្ត្រ​របស់​លោក​ឡើយ។ ហេតុ​អ្វី? ពី​ព្រោះ​រាស្ត្រ​របស់​ព្រះ​មាន​មោទនភាព​ធ្វើ​ជា​តំណាង​នាម​របស់​លោក ហើយ​ពួក​គេ​បាន​ធ្វើ​តាម​បង្គាប់​របស់​លោក​ដែល​ឲ្យ​ចេញ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា។ (​សកម្ម. ១៥:១៦, ១៧; បប. ១៨:៤​) ពួក​គេ​ក៏​បាន​ខំ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ចេញ​ពី​នាង​ដែរ។ ហេតុ​នេះ អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​នឹង​មិន​«​ទទួល​ចំណែក​ពី​សេចក្ដី​វេទនា​របស់​នាង​»​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ពួក​គេ​ត្រូវ​មាន​ជំនឿ​រឹង​មាំ​ដើម្បី​ប្រឈម​មុខ​ចំពោះ​អ្វី​ដែល​នឹង​កើត​ឡើង​ក្រោយ​មក។

ទោះ​ជា​រាស្ត្រ​របស់​ព្រះ​រស់​នៅ​កន្លែង​ណា​ក៏​ដោយ​លើ​ផែន​ដី ពួក​គេ​នឹង​ទុក​ចិត្ត​លើ​លោក ពេល​ដែល​ការ​វាយ​ប្រហារ​ចាប់​ផ្ដើម (​សូម​មើល​វគ្គ​១៣​) *

១៣. (​ក​) តើ​កូក​ជា​អ្នក​ណា? (​ខ​) យោង​ទៅ​តាម​អេសេគាល ៣៨:២, ៨, ៩ តើ​អ្វី​បណ្ដាល​ឲ្យ​កូក​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ?

១៣ ការ​វាយ​ប្រហារ​ដោយ​កូក។ (​សូម​អាន អេសេគាល ៣៨:២, ៨, ៩) ក្រោយ​ពី​សាសនា​មិន​ពិត​ទាំង​អស់​បាន​ត្រូវ​បំផ្លាញ​ចោល នោះ​នៅ​សល់​តែ​សាសនា​មួយ​ប៉ុណ្ណោះ​លើ​ផែន​ដី គឺ​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា។ សាថាន​ពិត​ជា​នឹង​មាន​កំហឹង​ខ្លាំង​ណាស់។ វា​នឹង​បញ្ចេញ​កំហឹង​នោះ ដោយ​ប្រើ​«​បណ្ដាំ​ស្មោក​គ្រោក​»​ ដែល​សំដៅ​ទៅ​លើ​ព័ត៌មាន​មិន​ពិត​ពី​ពួក​វិញ្ញាណ​កំណាច។ ព័ត៌មាន​មិន​ពិត​នោះ​នឹង​បណ្ដាល​ឲ្យ​ប្រជា​ជាតិ​ផ្សេង​ៗ​ដែល​ចង​សម្ព័ន្ធ​ជា​មួយ​គ្នា វាយ​ប្រហារ​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា។ (​បប. ១៦:១៣, ១៤​) ប្រជា​ជាតិ​ទាំង​នោះ​បាន​ត្រូវ​ហៅ​ថា‹កូក​នៃ​ស្រុក​ម៉ាកូក›។ ពេល​ដែល​ប្រជា​ជាតិ​ទាំង​នោះ​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា នោះ​សង្គ្រាម​ហាម៉ាគេដូន​នឹង​ចាប់​ផ្ដើម។—បប. ១៦:១៦

១៤. តើ​កូក​នឹង​ទទួល​ស្គាល់​អ្វី?

១៤ កូក​នឹង​ទុក​ចិត្ត​ទៅ​លើ​«​ដៃ​ខាង​សាច់​ឈាម​»​ ពោល​គឺ​កង​កម្លាំង​យោធា​របស់​គាត់។ (​២រប. ៣២:៨​) រីឯ​យើង​នឹង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​យើង។ នេះ​មើល​ទៅ​ជា​ការ​ល្ងង់​ខ្លៅ​ចំពោះ​ប្រជា​ជាតិ​ទាំង​នោះ។ ហេតុ​អ្វី? ពី​ព្រោះ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​ធ្លាប់​មាន​អំណាច តែ​ព្រះ​របស់​នាង​មិន​បាន​សង្គ្រោះ​នាង​ពី​«​សត្វ​សាហាវ​»​និង​«​ស្នែង​ទាំង​ដប់​»​របស់​វា​ឡើយ។ (​បប. ១៧:១៦​) ដូច្នេះ កូក​នឹង​គិត​ថា​គាត់​អាច​បំផ្លាញ​យើង​យ៉ាង​ស្រួល។ គាត់​នឹង​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​«​ដូច​ជា​ពពក​ដែល​គ្រប​ស្រុក​»។ (​អេស. ៣៨:១៦​) ប៉ុន្តែ​មិន​យូរ​ក្រោយ​មក កូក​នឹង​ទទួល​ស្គាល់​ថា​ខ្លួន​បាន​ធ្លាក់​ចូល​អន្ទាក់​មួយ។ ដូច​ផារ៉ូ​នៅ​សមុទ្រ​ក្រហម កូក​នឹង​ទទួល​ស្គាល់ថា​គាត់​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា។—និក្ខ. ១៤:១​-​៤; អេស. ៣៨:៣, ៤, ១៨, ២១​-​២៣

១៥. តើ​លោក​យេស៊ូ​នឹង​ធ្វើ​អ្វី​ខ្លះ​នៅ​សង្គ្រាម​ហាម៉ាគេដូន?

១៥ គ្រិស្ត​និង​កង​ទ័ព​របស់​លោក​នៅ​ស្ថាន​សួគ៌​នឹង​ការ​ពារ​រាស្ត្រ​ព្រះ ហើយ​បំផ្លាញ​ប្រជា​ជាតិ​ទាំង​នោះ​និង​កង​ទ័ព​របស់​ពួក​គេ។ (​បប. ១៩:១១, ១៤, ១៥​) តែ​ចុះ​យ៉ាង​ណា​សាថាន​ដែល​ជា​មេ​សត្រូវ​របស់​ព្រះ​យេហូវ៉ា និង​ជា​អ្នក​ដែល​បាន​ប្រើ​ពាក្យ​កុហក​ដើម្បី​បណ្ដាល​ឲ្យ​កូក​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ​នៅ​សង្គ្រាម​ហាម៉ាគេដូន? តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​វា? លោក​យេស៊ូ​នឹង​បោះ​វា​និង​ពួក​វិញ្ញាណ​កំណាច​ទៅ​ក្នុង​ទី​ជ្រៅ​បំផុត។ នៅ​ទី​នោះ​ពួក​វា​នឹង​ត្រូវ​ឃុំ​ទុក​អស់​មួយ​ពាន់​ឆ្នាំ។—បប. ២០:១​-​៣

តើ​តាម​របៀប​ណា​អ្នក​អាច​ទទួល​សេចក្ដី​សង្គ្រោះ​នៅ​សង្គ្រាម​ហាម៉ាគេដូន?

១៦. (​ក​) តើ​យើង​បង្ហាញ​ថា​យើង​«​ស្គាល់​ព្រះ​»​យ៉ាង​ដូច​ម្ដេច? (​ខ​) នៅ​សង្គ្រាម​ហាម៉ាគេដូន តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​ពួក​អ្នក​ដែល​ស្គាល់​ព្រះ​យេហូវ៉ា?

១៦ ទោះ​ជា​យើង​ទើប​តែ​ចូល​ក្នុង​សេចក្ដី​ពិត​ឬ​ចូល​សេចក្ដី​ពិត​អស់​រយៈ​ពេល​យូរ​ឆ្នាំ​ហើយ​ក្ដី យើង​ត្រូវ​បង្ហាញ​ថា​យើង​«​ស្គាល់​ព្រះ​»​ ហើយ​ថា​យើង​«​ស្ដាប់​តាម​ដំណឹង​ល្អ​អំពី​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង​»​ ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​នៅ​សង្គ្រាម​ហាម៉ាគេដូន។ (​២ថែ. ១:៧​-​៩​) យើង​«​ស្គាល់​ព្រះ​»​ពេល​ដែល​យើង​ដឹង​អំពី​អ្វី​ដែល​លោក​ចូល​ចិត្ត​និង​មិន​ចូល​ចិត្ត ព្រម​ទាំង​ខ្នាត​តម្រា​របស់​លោក។ យើង​ក៏​បង្ហាញ​ថា​យើង​ស្គាល់​លោក​ពេល​ដែល​យើង​ស្រឡាញ់​លោក ស្ដាប់​បង្គាប់​លោក និង​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ​ចំពោះ​លោក។ (​១យ៉ូន. ២:៣​-​៥; ៥:៣​) ពេល​យើង​ធ្វើ​ដូច្នេះ ព្រះ​ក៏​នឹង​ស្គាល់​យើង ពោល​គឺ​យើង​នឹង​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក។ (​១កូ. ៨:៣​) ជា​លទ្ធផល យើង​នឹង​ត្រូវ​សង្គ្រោះ​នៅ​សង្គ្រាម​ហាម៉ាគេដូន។

១៧. តើ​ការ​«​ស្ដាប់​តាម​ដំណឹង​ល្អ​អំពី​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង​»​មាន​ន័យ​យ៉ាង​ណា?

១៧ ​«​ដំណឹង​ល្អ​អំពី​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង​»​ រួម​បញ្ចូល​សេចក្ដី​បង្រៀន​ទាំង​អស់​របស់​លោក​យេស៊ូ ដែល​មាន​ក្នុង​បណ្ដាំ​របស់​ព្រះ។ យើង​ស្ដាប់​តាម​ដំណឹង​ល្អ​ពេល​យើង​អនុវត្ត​អ្វី​ទាំង​នោះ​ក្នុង​ជីវិត​យើង។ នោះ​រួម​បញ្ចូល​ការ​ចាត់​ទុក​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត​ក្នុង​ជីវិត ការ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​លោក និង​ការ​ប្រកាស​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ។ (​ម៉ាថ. ៦:៣៣; ២៤:១៤​) ម្យ៉ាង​ទៀត ការ​ស្ដាប់​តាម​ដំណឹង​ល្អ​នោះ​ក៏​រួម​បញ្ចូល​ការ​គាំ​ទ្រ​បង​ប្អូន​របស់​គ្រិស្ត​ដែល​បាន​ត្រូវ​រើស​តាំង កាល​ដែល​ពួក​គេ​បំពេញ​ភារកិច្ច​ដ៏​ធ្ងន់​ធ្ងរ។—ម៉ាថ. ២៥:៣១​-​៤០

១៨. តើ​អ្នក​បម្រើ​ដែល​ព្រះ​បាន​រើស​តាំង​នឹង​តប​ស្នង​ចំពោះ​សេចក្ដី​សប្បុរស​ដែល​ពួក​គេ​បាន​ទទួល​យ៉ាង​ដូច​ម្ដេច?

១៨ មិន​យូរ​ទៀត អ្នក​បម្រើ​ដែល​ព្រះ​បាន​រើស​តាំង​នឹង​តប​ស្នង​ដល់​«​ចៀម​ឯ​ទៀត​»​ចំពោះ​សេចក្ដី​សប្បុរស​ដែល​ពួក​គេ​បាន​ទទួល​ពី​ចៀម​ឯ​ទៀត។ (​យ៉ូន. ១០:១៦​) តើ​ពួក​គេ​នឹង​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? មុន​សង្គ្រាម​ហាម៉ាគេដូន​ចាប់​ផ្ដើម សមាជិក​ទាំង​អស់​នៃ​ពួក​១៤៤.០០០​នាក់​នឹង​ត្រូវ​យក​ទៅ​ស្ថាន​សួគ៌​ជា​បុគ្គល​វិញ្ញាណ​ដែល​មាន​ជីវិត​អមតៈ។ ក្រោយ​មក ពួក​គេ​នឹង​រួម​ចំណែក​ជា​មួយ​កង​ទ័ព​នៅ​ស្ថាន​សួគ៌​ដែល​នឹង​កម្ទេច​កូក ហើយ​ការ​ពារ​«​មនុស្ស​មួយ​ក្រុម​ធំ​»​ដែល​ជា​រាស្ត្រ​របស់​ព្រះ។ (​បប. ២:២៦, ២៧; ៧:៩, ១០​) មនុស្ស​មួយ​ក្រុម​ធំ​នឹង​សប្បាយ​រីក​រាយ​ដែល​ពួក​គេ​បាន​គាំ​ទ្រ​ពួក​អ្នក​បម្រើ​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង កាល​ដែល​ពួក​អ្នក​ទាំង​នោះ​មិន​ទាន់​ឡើង​ទៅ​ស្ថាន​សួគ៌។

តើ​យើង​អាច​រក្សា​ភាព​ស្មោះ​ត្រង់​យ៉ាង​ដូច​ម្ដេច​កាល​ដែល​ទី​បញ្ចប់​កាន់​តែ​ជិត​មក​ដល់?

១៩​-​២០. ទោះ​ជា​យើង​មាន​ទុក្ខ​លំបាក​ក៏​ដោយ តើ​យើង​អាច​រក្សា​ភាព​ស្មោះ​ត្រង់​យ៉ាង​ដូច​ម្ដេច​កាល​ដែល​សង្គ្រាម​ហាម៉ាគេដូន​កាន់​តែ​ជិត​មក​ដល់?

១៩ ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​ដ៏​លំបាក​នេះ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក​ផ្សេង​ៗ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ យើង​អាច​ស៊ូ​ទ្រាំ​ដោយ​មាន​អំណរ។ (​យ៉ា. ១:២​-​៤​) អ្វី​ដែល​នឹង​ជួយ​យើង​គឺ​ការ​តស៊ូ​ក្នុង​សេចក្ដី​អធិដ្ឋាន​ដោយ​ស្មោះ​អស់​ពី​ចិត្ត។ (​លូក. ២១:៣៦​) ក្រៅ​ពី​ការ​អធិដ្ឋាន យើង​ក៏​ត្រូវ​សិក្សា​និង​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ នេះ​រួម​បញ្ចូល​ទំនាយ​ដ៏​អស្ចារ្យ​ក្នុង​គម្ពីរ​ស្តី​អំពី​សម័យ​យើង។ (​ទំនុក. ៧៧:១២​) បើ​យើង​ធ្វើ​ដូច្នេះ ហើយ​ខំ​អស់​ពី​សមត្ថភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ នោះ​យើង​នឹង​រក្សា​សេចក្ដី​សង្ឃឹម​និង​ជំនឿ​របស់​យើង​ឲ្យ​នៅ​មាំ​មួន។

២០ សូម​គិត​ថា​អ្នក​នឹង​រំភើប​ចិត្ត​យ៉ាង​ណា​ពេល​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​បាន​ត្រូវ​បំផ្លាញ និង​ពេល​សង្គ្រាម​ហាម៉ាគេដូន​បាន​ចប់! សំខាន់​ជាង​នេះ​ទៅ​ទៀត សូម​ស្រមៃ​គិត​ថា​អ្នក​នឹង​សប្បាយ​រីក​រាយ​យ៉ាង​ណា​ពេល​ដែល​មនុស្ស​គ្រប់​រូប​គោរព​នាម​របស់​ព្រះ​និង​សិទ្ធិ​របស់​លោក​ក្នុង​ការ​គ្រប់​គ្រង! (​អេស. ៣៨:២៣​) មែន​ហើយ សង្គ្រាម​ហាម៉ាគេដូន​គឺ​ជា​ដំណឹង​ល្អ​ចំពោះ​ពួក​អ្នក​ដែល​ស្គាល់​ព្រះ ស្ដាប់​បង្គាប់​បុត្រ​លោក និង​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់។—ម៉ាថ. ២៤:១៣

ចម្រៀង​លេខ​១៤៣ ចូរ​បន្ត​ធ្វើ​ការ បន្ត​រង់​ចាំ និង​ចាំ​យាម

^ វគ្គ 5 រា​ស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ទន្ទឹង​រង់​ចាំ​សង្គ្រាម​ហាម៉ាគេដូន​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​ជា​សង្គ្រាម​ហាម៉ាគេដូន ព្រឹត្ដិការណ៍​ដែល​នឹង​នាំ​ទៅ​ដល់​សង្គ្រាម​ហាម៉ាគេដូន និង​របៀប​ដែល​យើង​អាច​រក្សា​ភាព​ស្មោះ​ត្រង់​កាល​ដែល​ទី​បញ្ចប់​កាន់​តែ​ជិត​មក​ដល់។

^ វគ្គ 71 ការ​ពណ៌នា​អំពី​រូប​ភាព: ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​នឹង​កើត​ឡើង​ជុំ​វិញ​យើង។ យើង​នឹង(​១​) ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដរាប​ណា​ដែល​យើង​អាច​ធ្វើ​បាន (​២​) រក្សា​ទម្លាប់​ល្អ​ក្នុង​កម្ម​វិធី​សិក្សា និង(​៣​) បន្ត​ទុក​ចិត្ត​ថា​ព្រះ​នឹង​ការ​ពារ​យើង។

^ វគ្គ 85 ការ​ពណ៌នា​អំពី​រូប​ភាព: ប៉ូលិស​សម្រុក​ចូល​ក្នុង​ផ្ទះ​របស់​ក្រុម​គ្រួសារ​គ្រិស្ត​សាសនិក​មួយ។ តែ​ក្រុម​គ្រួសារ​នោះ​មាន​ទំនុក​ចិត្ត​ថា​លោក​យេស៊ូ​និង​ពួក​ទេវតា​របស់​លោក​ដឹង​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង។