លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គោលបំណងរបស់ព្រះយេហូវ៉ានឹងបានសម្រេច!

គោលបំណងរបស់ព្រះយេហូវ៉ានឹងបានសម្រេច!

«អញបានចេញវាចាហើយ អញនឹងធ្វើឲ្យការនោះកើតឡើងផង។ អញបានគិតសំរេចស្រេចហើយ អញនឹងធ្វើការនោះឯង»។—អេសាយ ៤៦:១១

ចម្រៀងលេខ: ១៤៧, ១៤៩

១, ២. () តើព្រះយេហូវ៉ាបានបើកបង្ហាញឲ្យយើងដឹងអំពីអ្វី? () តើមានសេចក្ដីសន្យាអ្វីនៅអេសាយ ៤៦:១០, ១១ និង៥៥:១១?

ពាក្យដំបូងបង្អស់ក្នុងគម្ពីរគឺជាឃ្លាខ្លីមួយដែលមានន័យជ្រៅ ដែលថា«កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃនឹងផែនដី»។ (លោកុប្បត្ដិ ១:១) យើងបានឃើញតែអ្វីខ្លះប៉ុណ្ណោះពីអ្វីជាច្រើនក្នុងសកលលោកដែលព្រះបានបង្កើត។ ម្យ៉ាងទៀត យើងយល់តែបន្ដិចបន្ដួចអំពីអ្វីមួយចំនួនដូចជាលម្ហអាកាស ពន្លឺ និងទំនាញផែនដី។ (សាស្តា ៣:១១) ប៉ុន្ដែ ព្រះយេហូវ៉ាបានបើកបង្ហាញឲ្យយើងដឹងអំពីគោលបំណងរបស់លោកសម្រាប់ផែនដីនិងមនុស្សជាតិ។ លោកបានបង្កើតមនុស្សឲ្យមានគុណសម្បត្ដិដូចលោក ហើយលោកចង់ឲ្យពួកគេសប្បាយរស់នៅលើផែនដី។ (លោកុប្បត្ដិ ១:២៦) ពួកគេនឹងធ្វើជាកូនព្រះ ហើយលោកនឹងធ្វើជាបិតារបស់ពួកគេ។

នៅលោកុប្បត្ដិ ជំពូកទី៣ យើងរៀនថាគោលបំណងរបស់ព្រះយេហូវ៉ាបានត្រូវប្រឆាំង។ (លោកុប្បត្ដិ ៣:១-) ប៉ុន្ដែ គ្មានបញ្ហាណាមួយដែលព្រះយេហូវ៉ាមិនអាចដោះស្រាយបានទេ។ ម្យ៉ាងទៀត គ្មានអ្នកណាអាចឃាត់លោកបានឡើយ។ (អេសាយ ៤៦:១០, ១១; ៥៥:១១) យើងអាចប្រាកដថាគោលបំណងដើមរបស់ព្រះយេហូវ៉ានឹងបានសម្រេចនៅពេលត្រឹមត្រូវ!

. () តើសេចក្ដីបង្រៀនដ៏សំខាន់អ្វីខ្លះជួយយើងឲ្យយល់ដំណឹងពីគម្ពីរ? () ហេតុអ្វីយើងនឹងពិចារណាសេចក្ដីបង្រៀនទាំងនេះនៅឥឡូវនេះ? () តើយើងនឹងពិចារណាសំណួរអ្វីខ្លះ?

យើងច្បាស់ជាដឹងអំពីគោលបំណងរបស់ព្រះសម្រាប់ផែនដីនិងមនុស្សជាតិ ព្រមទាំងតួនាទីរបស់លោកយេស៊ូក្នុងគោលបំណងរបស់ព្រះ។ នេះគឺជាសេចក្ដីពិតដ៏សំខាន់ក្នុងគម្ពីរ ហើយទំនងជាសេចក្ដីបង្រៀនដំបូងដែលយើងបានរៀនពេលយើងចាប់ផ្ដើមសិក្សាបណ្ដាំរបស់ព្រះ។ យើងក៏ចង់ជួយអ្នកទៀតឲ្យរៀនសេចក្ដីបង្រៀនដ៏សំខាន់ទាំងនេះដែរ។ យើងមានឱកាសដ៏ពិសេសដើម្បីធ្វើដូច្នេះក្នុងអំឡុងពេលដែលយើងអញ្ជើញមនុស្សឲ្យមកពិធីរំលឹកមរណភាពរបស់គ្រិស្ដ។ (លូកា ២២:១៩, ២០) បើពួកគេមកពិធីដ៏សំខាន់នេះ ពួកគេនឹងរៀនថែមទៀតអំពីគោលបំណងដ៏អស្ចារ្យរបស់ព្រះ។ ដូច្នេះ នៅឥឡូវនេះគឺជាពេលដ៏ល្អឲ្យយើងគិតអំពីសំណួរដែលយើងអាចប្រើដើម្បីលើកទឹកចិត្ដមនុស្សឲ្យចូលរួមពិធីនោះ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាសំណួរបីយ៉ាងគឺ៖ តើអ្វីជាគោលបំណងរបស់ព្រះសម្រាប់ផែនដីនិងមនុស្សជាតិ? តើអ្វីបានកើតឡើង? ហេតុអ្វីគ្រឿងបូជាលោះរបស់លោកយេស៊ូបើកឱកាសឲ្យគោលបំណងរបស់ព្រះបានសម្រេច?

តើអ្វីជាគោលបំណងរបស់អ្នកបង្កើត?

. តើតាមរបៀបណាអ្វីដែលព្រះបានបង្កើត«សំដែងពីសិរីល្អនៃព្រះ»?

ព្រះយេហូវ៉ាគឺជាអ្នកបង្កើតដ៏អស្ចារ្យ។ អ្វីទាំងអស់ដែលលោកបានបង្កើតគឺល្អប្រពៃ។ (លោកុប្បត្ដិ ១:៣១; យេរេមា ១០:១២) តើយើងអាចរៀនអ្វីពីធម្មជាតិដ៏សែនស្អាតនិងដែលមានរបៀបរៀបរយ? យើងរៀនថាអ្វីទាំងអស់ដែលព្រះយេហូវ៉ាបានបង្កើតគឺមានប្រយោជន៍ សូម្បីតែអ្វីនោះគឺតូចបំផុតធំបំផុតក៏ដោយ។ ម្យ៉ាងទៀត ពេលអ្នកឃើញទារក ឬគិតអំពីកោសិកាដ៏អស្ចារ្យរបស់មនុស្ស ឬមើលថ្ងៃលិចដ៏ស្អាត តើអ្នកមានអារម្មណ៍យ៉ាងណា? យើងចេះកោតស្ងើចចំពោះអ្វីទាំងនេះដោយសារព្រះយេហូវ៉ាបានបង្កើតយើងឲ្យចេះសម្គាល់អ្វីដែលពិតជាស្អាត។—សូមអាន ទំនុកតម្កើង ១៩:១; ១០៤:២៤

. ដើម្បីឲ្យអ្វីទាំងអស់ដែលលោកបានបង្កើតសហការគ្នាយ៉ាងល្អ តើព្រះយេហូវ៉ាបានធ្វើអ្វី?

ព្រះយេហូវ៉ាបានដាក់កម្រិតទៅលើអ្វីទាំងអស់ដែលលោកបានបង្កើត។ លោកបានបង្កើតច្បាប់ធម្មជាតិ ហើយលោកក៏បានបង្កើតច្បាប់សីលធម៌ដែរ។ លោកបានបង្កើតច្បាប់ទាំងនេះដើម្បីឲ្យអ្វីទាំងអស់ក្នុងសកលលោកសហការគ្នាយ៉ាងល្អ។ (ទំនុកតម្កើង ១៩:៧-) អ្វីទាំងអស់ក្នុងសកលលោកមានទីតាំងនិងមានតួនាទីច្បាស់លាស់។ ជាឧទាហរណ៍ ច្បាប់ទំនាញផែនដីធ្វើឲ្យបរិយាកាសផែនដីមិនរសាត់បាត់ទៅក្នុងលំហអវកាស។ ច្បាប់នេះក៏មានឥទ្ធិពលលើមហាសមុទ្រនិងធ្វើឲ្យទឹកជោរទឹកនាចដែរ។ បើគ្មានទំនាញផែនដី នោះមិនអាចមានជីវិតនៅផែនដីបានទេ។ កម្រិតដែលព្រះយេហូវ៉ាបានដាក់លើធម្មជាតិធ្វើឲ្យសកលលោកមានរបៀបរៀបរយយ៉ាងល្អឥតខ្ចោះ។ នេះបង្ហាញថាលោកមានគោលបំណងសម្រាប់ផែនដីនិងមនុស្សជាតិ។ ក្នុងកិច្ចបម្រើផ្សាយរបស់យើង យើងអាចជួយអ្នកទៀតឲ្យស្គាល់អ្នកដែលបានបង្កើតសកលលោកដ៏អស្ចារ្យនេះ។—ការបើកបង្ហាញ ៤:១១

៦, ៧. តើព្រះយេហូវ៉ាបានឲ្យអាដាមនិងអេវ៉ានូវអំណោយអ្វីខ្លះ?

ព្រះយេហូវ៉ាមានគោលបំណងឲ្យមនុស្សរស់ជារៀងរហូតនៅលើផែនដី។ (លោកុប្បត្ដិ ១:២៨; ទំនុកតម្កើង ៣៧:២៩) លោកមានចិត្ដទូលាយ ហើយលោកបានឲ្យអាដាមនិងអេវ៉ានូវអំណោយផ្សេងដែលមានតម្លៃ។ (សូមអាន យ៉ាកុប ១:១៧) ព្រះយេហូវ៉ាបានឲ្យពួកគេនូវចិត្ដសេរី ហើយសមត្ថភាពរិះគិត សមត្ថភាពស្រឡាញ់អ្នកទៀត និងមានចំណងមិត្ដភាពជាមួយនឹងអ្នកទៀត។ អ្នកបង្កើតបាននិយាយជាមួយនឹងអាដាម ហើយបានណែនាំគាត់អំពីរបៀបដែលគាត់អាចធ្វើអ្វីដ៏ល្អ។ អាដាមក៏បានរៀនអំពីរបៀបថែរក្សាសត្វ ដី និងជីវិតខ្លួន។ (លោកុប្បត្ដិ ២:១៥-១៧, ១៩, ២០) ព្រះយេហូវ៉ាបានឲ្យអាដាមនិងអេវ៉ាមានសមត្ថភាពប៉ះពាល់ ហិតក្លិន ដឹងរសជាតិ ស្តាប់ឮ និងមើលឃើញនូវអ្វីដ៏ល្អដែលលោកបានបង្កើតសម្រាប់ពួកគេ។ ហេតុនេះ ពួកគេអាចមានជីវិតសប្បាយនៅទីលំនៅដ៏ស្រស់ស្អាតរបស់ពួកគេ។ អាដាមនិងអេវ៉ាមានការងារជាច្រើនដែលគួរឲ្យចាប់អារម្មណ៍។ ម្យ៉ាងទៀត ពួកគេអាចបន្ដរៀននិងរកឃើញអ្វីថ្មីជារៀងរហូត។

តើគោលបំណងរបស់ព្រះយេហូវ៉ារួមបញ្ចូលអ្វីទៀត? ព្រះយេហូវ៉ាបានឲ្យអាដាមនិងអេវ៉ានូវសមត្ថភាពបង្កើតកូនដ៏ល្អឥតខ្ចោះ។ ម្យ៉ាងទៀត កូនរបស់ពួកគេក៏នឹងបង្កើតកូនដែរ រហូតដល់ផែនដីទាំងមូលពេញទៅដោយមនុស្សជាតិ។ ព្រះយេហូវ៉ាចង់ឲ្យពុកម្ដាយស្រឡាញ់កូន ដូចដែលលោកស្រឡាញ់អាដាមនិងអេវ៉ា ដែលជាកូនដំបូងរបស់លោកដែលជាមនុស្សល្អឥតខ្ចោះ។ លោកបានឲ្យមនុស្សជាតិនូវផែនដី ព្រមទាំងអ្វីដ៏ស្អាតនិងដែលមានតម្លៃនៅផែនដី។ នោះគឺជាទីលំនៅរបស់ពួកគេ ហើយទីលំនៅនោះនឹងមិនត្រូវដកហូតពីពួកគេឡើយ។—ទំនុកតម្កើង ១១៥:១៦

តើអ្វីបានកើតឡើង?

. ហេតុអ្វីព្រះបានឲ្យច្បាប់នៅលោកុប្បត្ដិ ២:១៦, ១៧ ដល់អាដាមនិងអេវ៉ា?

គោលបំណងរបស់ព្រះយេហូវ៉ាមិនបានសម្រេចភ្លាមនោះទេ។ តើអ្វីបានកើតឡើង? ព្រះយេហូវ៉ាបានឲ្យច្បាប់មួយដល់អាដាមនិងអេវ៉ាដើម្បីពួកគេអាចដឹងអំពីកម្រិតដែលលោកបានដាក់ទៅលើចិត្ដសេរីរបស់ពួកគេ។ លោកបានមានប្រសាសន៍ថា«ឯងនឹងស៊ីផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្ដ តែត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន»។ (លោកុប្បត្ដិ ២:១៦, ១៧) ច្បាប់នោះមិនពិបាកយល់ឡើយ។ ម្យ៉ាងទៀត ច្បាប់នោះមិនពិបាកធ្វើតាមទេ ដោយសារនៅសួននោះមានអាហារជាច្រើនទៀតដែលពួកគេអាចបរិភោគបាន។

៩, ១០. () តើសាថានបានចោទប្រកាន់ព្រះយេហូវ៉ាអំពីរឿងអ្វី? () តើអាដាមនិងអេវ៉ាបានសម្រេចចិត្ដធ្វើអ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ)

មេកំណាចសាថានបានប្រើសត្វពស់មួយដើម្បីបោកបញ្ឆោតអេវ៉ាឲ្យឈប់ស្តាប់បង្គាប់ព្រះយេហូវ៉ាដែលជាបិតារបស់គាត់។ (សូមអាន លោកុប្បត្ដិ ៣:១-៥; ការបើកបង្ហាញ ១២:៩) សាថានបានជំទាស់នឹងបម្រាមរបស់ព្រះដែលហាមមិនឲ្យមនុស្សជាតិដែលជាកូនរបស់លោក‹បរិភោគផ្លែឈើដែលនៅក្នុងសួន›តាមចិត្ដ។ នេះគឺហាក់ដូចជាវាបាននិយាយថា ‹អ្នកគ្មានសិទ្ធិសេរីភាពទេ?›។ បន្ទាប់មកវាបាននិយាយថា«អ្នកមិនស្លាប់ជាពិតមែនទេ»។ នេះជាពាក្យកុហក។ ក្រោយមក វាបានខំធ្វើឲ្យអេវ៉ាជឿជាក់ថាគាត់មិនចាំបាច់ស្តាប់ព្រះ។ សាថានបាននិយាយថា«ព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង»។ សាថានបានចោទប្រកាន់ថាព្រះយេហូវ៉ាមិនចង់ឲ្យពួកគេបរិភោគផ្លែនោះ ដោយសារនេះនឹងធ្វើឲ្យពួកគេមានចំណេះដឹងដ៏ពិសេស។ នៅទីបំផុត វាបានសន្យាអ្វីដែលមិនពិតថា«អ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង»។

១០ អាដាមនិងអេវ៉ាត្រូវតែសម្រេចចិត្ដថាពួកគេនឹងធ្វើយ៉ាងណា។ តើពួកគេនឹងស្តាប់បង្គាប់ព្រះស្តាប់សត្វពស់? គួរឲ្យស្តាយណាស់ ពួកគេបានសម្រេចចិត្ដមិនស្តាប់បង្គាប់ព្រះ។ ពួកគេលែងទទួលស្គាល់ព្រះយេហូវ៉ាជាបិតារបស់ពួកគេ ហើយបានចូលរួមជាមួយនឹងសាថានក្នុងការបះបោរ។ ពួកគេលែងអាចទទួលជំនួយនិងការការពារពីព្រះយេហូវ៉ាទៀតឡើយ។—លោកុប្បត្ដិ ៣:៦-១៣

១១. ហេតុអ្វីព្រះយេហូវ៉ាចាំបាច់អើពើនឹងអំពើខុសឆ្គងរបស់អាដាមនិងអេវ៉ា?

១១ ពេលអាដាមនិងអេវ៉ាបានបំពានច្បាប់ព្រះ ពួកគេលែងជាមនុស្សល្អឥតខ្ចោះទៀត។ ពួកគេក៏បានទៅជាសត្រូវរបស់ព្រះដែរ ដោយសារលោកស្អប់អំពើទុច្ចរិត។ ភ្នែករបស់លោក«បរិសុទ្ធក្រៃលែងនឹងទតមើលការអាក្រក់មិនបាន»។ (ហាបាគុក ១:១៣) បើព្រះយេហូវ៉ាមិនបានអើពើនឹងអំពើខុសឆ្គងរបស់អាដាមនិងអេវ៉ា នោះអាចនាំឲ្យអ្វីទាំងអស់ដែលលោកបានបង្កើតលែងមានសាមគ្គីភាពនិងសេចក្ដីសុខសាន្ដ។ ទេវតានិងមនុស្សជាតិនឹងឆ្ងល់ថាពួកគេអាចទុកចិត្ដប្រសាសន៍របស់លោកយ៉ាងណា។ ប៉ុន្ដែ ព្រះយេហូវ៉ាមិនដែលបំពានខ្នាតតម្រារបស់លោកទេ លោកតែងតែធ្វើតាមខ្នាតតម្រាទាំងនោះ។ (ទំនុកតម្កើង ១១៩:១៤២) ទោះជាអាដាមនិងអេវ៉ាមានចិត្ដសេរី ពួកគេមិនអាចជៀសវាងផលវិបាកដែលមកពីការបះបោរប្រឆាំងនឹងព្រះយេហូវ៉ាទេ។ នៅទីបំផុតពួកគេបានស្លាប់។ ពួកគេបានត្រូវបង្កើតពីធូលីដី ហើយបានត្រឡប់ទៅជាធូលីដីវិញ។—លោកុប្បត្ដិ ៣:១៩

១២. តើអ្វីបានកើតឡើងដល់កូនចៅរបស់អាដាម?

១២ ពេលអាដាមនិងអេវ៉ាបានបរិភោគផ្លែឈើនោះ ព្រះយេហូវ៉ាមិនអាចទទួលពួកគេជាសមាជិកក្រុមគ្រួសាររបស់លោកទៀត។ លោកបានបណ្ដេញពួកគេចេញពីសួនអេដែន ហើយពួកគេមិនអាចត្រឡប់ទៅទីនោះវិញបានឡើយ។ (លោកុប្បត្ដិ ៣:២៣, ២៤) ព្រះយេហូវ៉ាឲ្យពួកគេទទួលផលវិបាកដែលមកពីការសម្រេចចិត្ដរបស់ពួកគេ។ (សូមអាន ចោទិយកថា ៣២:៤, ៥) ជាលទ្ធផល ពួកគេមិនអាចធ្វើតាមគុណសម្បត្ដិរបស់ព្រះយេហូវ៉ាយ៉ាងល្អឥតខ្ចោះទៀត។ អាដាមបានបាត់បង់អនាគតដ៏អស្ចារ្យ មិនគ្រាន់តែសម្រាប់ខ្លួនគាត់ប៉ុណ្ណោះទេ តែសម្រាប់កូនចៅរបស់គាត់ដែរ។ គាត់អាចឲ្យកូនចៅរបស់គាត់តែភាពមិនល្អឥតខ្ចោះ ភាពខុសឆ្គង និងសេចក្ដីស្លាប់។ (រ៉ូម ៥:១២) អាដាមបានធ្វើឲ្យកូនចៅរបស់គាត់បាត់បង់ឱកាសរស់ជារៀងរហូត។ អាដាមនិងអេវ៉ាមិនអាចមានកូនដែលល្អឥតខ្ចោះបានទេ ហើយកូនរបស់ពួកគេក៏មិនអាចមានកូនដ៏ល្អឥតខ្ចោះដែរ។ តាំងពីពេលដែលមេកំណាចសាថានបាននាំឲ្យអាដាមនិងអេវ៉ាប្រឆាំងព្រះ វាបានព្យាយាមនាំឲ្យមនុស្សទាំងអស់ធ្វើដូច្នេះដែរ។—យ៉ូហាន ៨:៤៤

ដោយសារថ្លៃលោះយើងអាចមានចំណងមិត្ដភាពជាមួយនឹងព្រះ

១៣. តើព្រះយេហូវ៉ាមានបំណងចិត្ដអ្វីចំពោះមនុស្សជាតិ?

១៣ ព្រះយេហូវ៉ានៅតែស្រឡាញ់មនុស្សជាតិ។ ទោះជាអាដាមនិងអេវ៉ាបានបោះបង់ចោលលោកក៏ដោយ លោកនៅតែចង់ឲ្យមនុស្សជាតិមានចំណងមិត្ដភាពជាមួយនឹងលោក។ ម្យ៉ាងទៀត លោកមិនចង់ឲ្យពួកគេស្លាប់ទេ។ (ពេត្រុសទី២ ៣:៩) ដូច្នេះ ភ្លាមនោះព្រះបានចាត់វិធានការដើម្បីមនុស្សជាតិអាចមានចំណងមិត្ដភាពជាមួយនឹងលោកម្ដងទៀត។ តើតាមរបៀបណាលោកអាចធ្វើដូច្នេះដោយមិនប្រឆាំងនឹងខ្នាតតម្រារបស់លោក? សូមយើងពិចារណាអំពីរឿងនេះ។

ភ្លាមក្រោយពីអាដាមនិងអេវ៉ាបានបោះបង់ចោលព្រះ លោកបានចាត់វិធានការដើម្បីមនុស្សជាតិអាចមានចំណងមិត្ដភាពជាមួយនឹងលោកម្ដងទៀត

១៤. () យោងទៅតាមយ៉ូហាន ៣:១៦ តើព្រះបានធ្វើអ្វីដើម្បីសង្គ្រោះមនុស្សជាតិពីភាពខុសឆ្គងនិងសេចក្ដីស្លាប់? () តើយើងអាចពិចារណាសំណួរអ្វីជាមួយនឹងអ្នកទៀត?

១៤ សូមអាន យ៉ូហាន ៣:១៦មនុស្សខ្លះដែលយើងអញ្ជើញឲ្យមកពិធីរំលឹកអាចទន្ទេញចាំគម្ពីរនេះ។ ប៉ុន្ដែ តើតាមរបៀបណាគ្រឿងបូជារបស់លោកយេស៊ូអាចនាំឲ្យមានជីវិតដែលគ្មានទីបញ្ចប់? យើងមានឱកាសជួយមនុស្សយល់ចម្លើយចំពោះសំណួរនេះពេលយើងអញ្ជើញពួកគេឲ្យមកពិធីរំលឹក ពេលយើងនៅពិធីរំលឹកជាមួយនឹងពួកគេ ហើយពេលយើងទៅជួបពួកគេក្រោយមក។ កាលដែលពួកគេកាន់តែយល់អំពីថ្លៃលោះ ពួកគេនឹងកាន់តែទទួលស្គាល់ថាព្រះយេហូវ៉ាមានប្រាជ្ញានិងស្រឡាញ់មនុស្សជាតិយ៉ាងខ្លាំង។ តើយើងអាចប្រាប់ពួកគេចំណុចអ្វីខ្លះអំពីថ្លៃលោះ?

១៥. តើលោកយេស៊ូគឺខុសគ្នាយ៉ាងណាពីអាដាម?

១៥ ព្រះយេហូវ៉ាបានផ្ដល់បុរសម្នាក់ដ៏ល្អឥតខ្ចោះដែលអាចឲ្យជីវិតជាថ្លៃលោះ។ បុរសដ៏ល្អឥតខ្ចោះនោះត្រូវមានភក្ដីភាពចំពោះព្រះយេហូវ៉ា ហើយក៏សុខចិត្ដផ្ដល់ជីវិតរបស់ខ្លួនសម្រាប់មនុស្សជាតិ។ (រ៉ូម ៥:១៧-១៩) ព្រះយេហូវ៉ាបានផ្ទេរជីវិតរបស់លោកយេស៊ូពីស្ថានសួគ៌មកផែនដី ជាបុគ្គលដែលព្រះបានបង្កើតមុនអ្វីទាំងអស់។ (យ៉ូហាន ១:១៤) ដូច្នេះ លោកយេស៊ូបានទៅជាមនុស្សល្អឥតខ្ចោះ ដូចដែលអាដាមធ្លាប់ជាមនុស្សល្អឥតខ្ចោះដែរ។ ប៉ុន្ដែខុសពីអាដាម លោកយេស៊ូបានធ្វើតាមខ្នាតតម្រាដែលព្រះយេហូវ៉ាតម្រូវពីមនុស្សល្អឥតខ្ចោះ។ លោកមិនដែលបំពានច្បាប់ណាមួយរបស់ព្រះ សូម្បីតែមានការល្បងដ៏ខ្លាំងបំផុតក៏ដោយ។

១៦. ហេតុអ្វីថ្លៃលោះគឺជាអំណោយពិសេស?

១៦ ដោយស្លាប់ជាមនុស្សល្អឥតខ្ចោះ លោកយេស៊ូអាចសង្គ្រោះមនុស្សពីភាពខុសឆ្គងនិងសេចក្ដីស្លាប់។ លោកយេស៊ូជាបុរសល្អឥតខ្ចោះដូចអាដាម ហើយលោកបានធ្វើអ្វីទាំងអស់ដែលអាដាមគួរធ្វើ។ លោកបានបង្ហាញភក្ដីភាពចំពោះព្រះ ហើយបានស្តាប់បង្គាប់ព្រះទាំងស្រុង។ (ធីម៉ូថេទី១ ២:៦) លោកបានស្លាប់ដើម្បីយើង ហើយគ្រឿងបូជារបស់លោកផ្ដល់ឱកាសឲ្យបុរស ស្ដ្រី និងកូនក្មេងទាំងអស់អាចរស់ជារៀងរហូត។ (ម៉ាថាយ ២០:២៨) ដូចកូនសោដែលបានបើកទ្វារមួយ ថ្លៃលោះបើកឱកាសឲ្យគោលបំណងរបស់ព្រះបានសម្រេច។—កូរិនថូសទី២ ១:១៩, ២០

ព្រះយេហូវ៉ាបានបើកឱកាសឲ្យយើងត្រឡប់មកលោកវិញ

១៧. តើថ្លៃលោះបើកឱកាសអ្វី?

១៧ ព្រះយេហូវ៉ាបានផ្ដល់ថ្លៃលោះដោយលះបង់អ្វីដែលថ្លៃវិសេសចំពោះលោក។ (ពេត្រុសទី១ ១:១៩) លោកឲ្យតម្លៃចំពោះយើងខ្លាំងដល់ម៉្លេះបានជាលោកសុខចិត្ដឲ្យបុត្រជាទីស្រឡាញ់របស់លោកស្លាប់ដើម្បីយើង។ (យ៉ូហានទី១ ៤:៩, ១០) យើងអាចនិយាយថាលោកយេស៊ូបានទៅជាពុករបស់យើងជំនួសអាដាម។ (កូរិនថូសទី១ ១៥:៤៥) លោកយេស៊ូបានបើកឱកាសឲ្យយើងមិនគ្រាន់តែរស់ជារៀងរហូតប៉ុណ្ណោះទេ តែឲ្យយើងចូលម្ដងទៀតក្នុងក្រុមគ្រួសាររបស់ព្រះនៅថ្ងៃមួយ។ តាមរយៈថ្លៃលោះ មនុស្សជាតិនឹងក្លាយទៅជាល្អឥតខ្ចោះ ហើយព្រះយេហូវ៉ាអាចទទួលពួកគេឲ្យចូលក្នុងក្រុមគ្រួសាររបស់លោកម្ដងទៀតដោយមិនបំពានលើច្បាប់របស់លោក។ សូមស្រមៃគិតថាពេលអស់អ្នកដែលមានភក្ដីភាពចំពោះព្រះយេហូវ៉ាក្លាយទៅជាមនុស្សល្អឥតខ្ចោះ នោះពិតជាអស្ចារ្យណាស់! នៅទីបំផុត បុគ្គលទាំងអស់នៅស្ថានសួគ៌និងនៅផែនដីនឹងមានសាមគ្គីភាពជាក្រុមគ្រួសារតែមួយ។ ពេលនោះ យើងទាំងអស់គ្នានឹងទៅជាកូនព្រះ។—រ៉ូម ៨:២១

១៨. តើព្រះយេហូវ៉ានឹងទៅជា«អ្វីទាំងអស់ដល់មនុស្សទាំងអស់»នៅពេលណា?

១៨ ទោះជាពុកម្ដាយដំបូងរបស់យើងបានបះបោរប្រឆាំងនឹងព្រះយេហូវ៉ាក៏ដោយ លោកមិនបានឈប់ស្រឡាញ់មនុស្សទេ ហើយលោកបានផ្ដល់ថ្លៃលោះឲ្យពួកគេ។ ម្យ៉ាងទៀត ទោះជាយើងជាមនុស្សមិនល្អឥតខ្ចោះក្ដី សាថានមិនអាចធ្វើឲ្យយើងឈប់បង្ហាញភក្ដីភាពចំពោះព្រះយេហូវ៉ាឡើយ។ តាមរយៈថ្លៃលោះ ព្រះយេហូវ៉ានឹងជួយយើងឲ្យទៅជាមនុស្សសុចរិតយ៉ាងពេញលេញ។ សូមស្រមៃគិតថាជីវិតគឺល្អយ៉ាងណាទៅពេលអស់អ្នក«ដែលឃើញបុត្ររបស់លោក ហើយអនុវត្ដជំនឿលើបុត្រលោក»នឹងមានជីវិតដែលគ្មានទីបញ្ចប់! (យ៉ូហាន ៦:៤០) បិតារបស់យើងដែលប្រកបទៅដោយសេចក្ដីស្រឡាញ់និងប្រាជ្ញានឹងសម្រេចគោលបំណងរបស់លោកដោយជួយមនុស្សឲ្យក្លាយទៅជាល្អឥតខ្ចោះ។ ពេលនោះ ព្រះយេហូវ៉ានឹងទៅជា«អ្វីទាំងអស់ដល់មនុស្សទាំងអស់»។—កូរិនថូសទី១ ១៥:២៨

១៩. () តើចិត្ដកតញ្ញូចំពោះថ្លៃលោះគួរជំរុញចិត្ដយើងឲ្យធ្វើអ្វី? (សូមមើលប្រអប់ដែលមានចំណងជើងថា « សូមយើងបន្ដស្វែងរកអ្នកណាដែលសមនឹងទទួលអ្នកជាភ្ញៀវ») () ក្នុងអត្ថបទបន្ទាប់ តើយើងនឹងពិចារណាអ្វី?

១៩ ចិត្ដកតញ្ញូរបស់យើងចំពោះថ្លៃលោះគួរជំរុញចិត្ដយើងឲ្យប្រាប់អ្នកទៀតអំពីអំណោយដ៏ថ្លៃវិសេសនេះ។ មនុស្សត្រូវដឹងថាតាមរយៈថ្លៃលោះ ព្រះយេហូវ៉ាផ្ដល់ឱកាសដល់មនុស្សទាំងឡាយឲ្យរស់ជារៀងរហូត។ ប៉ុន្ដែ ថ្លៃលោះបានសម្រេចច្រើនជាងនេះ។ ដោយសារថ្លៃលោះ ការចោទប្រកាន់របស់សាថាននៅក្នុងសួនអេដែនបានត្រូវដោះស្រាយ។ ក្នុងអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីរបៀបដែលថ្លៃលោះធ្វើដូច្នេះ។