លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកណាកំពុងដឹកនាំរាស្ដ្ររបស់ព្រះនៅសព្វថ្ងៃនេះ?

តើអ្នកណាកំពុងដឹកនាំរាស្ដ្ររបស់ព្រះនៅសព្វថ្ងៃនេះ?

«ចូរចាំអំពីពួកអ្នកដែលកំពុងនាំមុខអ្នករាល់គ្នា»។—ហេប្រឺ ១៣:៧

ចម្រៀងលេខ: ៤៣, ៤៦

១, ២. ក្រោយលោកយេស៊ូបានទៅស្ថានសួគ៌ តើពួកសាវ័កប្រហែលជាបានឆ្ងល់អំពីអ្វី?

សាវ័ករបស់លោកយេស៊ូបានឈរលើភ្នំដើមអូលីវ។ ពួកគាត់បានមើលកាលដែលលោកយេស៊ូដែលជាម្ចាស់និងជាមិត្ដភក្ដិរបស់ពួកគាត់បានត្រូវលើកឡើង ហើយពពកមួយបានមកបាំងលោកបាត់ពីភ្នែកពួកគាត់។ (សកម្មភាព ១:៩, ១០) អស់ប្រហែលជាពីរឆ្នាំ លោកយេស៊ូបានបង្រៀន លើកទឹកចិត្ដ និងណែនាំពួកគាត់។ ប៉ុន្ដែ ឥឡូវលោកលែងនៅផែនដីជាមួយនឹងពួកគាត់។ តើពួកគាត់នឹងធ្វើអ្វី?

មុនទៅស្ថានសួគ៌ លោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកថា«អ្នករាល់គ្នានឹងធ្វើជាសាក្សីបញ្ជាក់អំពីខ្ញុំនៅក្រុងយេរូសាឡិម នៅតំបន់យូឌាទាំងមូល នៅស្រុកសាម៉ារី និងរហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»។ (សកម្មភាព ១:៨) តើពួកគាត់អាចធ្វើកិច្ចការនោះបានយ៉ាងដូចម្ដេច? លោកយេស៊ូបានសន្យាថាសកម្មពលបរិសុទ្ធរបស់ព្រះនឹងជួយពួកគាត់។ (សកម្មភាព ១:៥) ប៉ុន្ដែ តើអ្នកណានឹងដឹកនាំពួកគាត់ ហើយចាត់ចែងកិច្ចការផ្សព្វផ្សាយនៅទូទាំងពិភពលោក? ពួកសាវ័កបានដឹងថាព្រះយេហូវ៉ាបានប្រើបុរសមួយចំនួនដើម្បីដឹកនាំជនជាតិអ៊ីស្រាអែលនៅសម័យមុន។ ដូច្នេះ ពួកគាត់ប្រហែលជាបានឆ្ងល់ថាតើព្រះយេហូវ៉ានឹងជ្រើសរើសអ្នកដឹកនាំថ្មីនៅឥឡូវនេះទេ?

. () ក្រោយលោកយេស៊ូបានទៅស្ថានសួគ៌ តើពួកសាវ័កស្មោះត្រង់ត្រូវធ្វើការសម្រេចចិត្ដដ៏សំខាន់អ្វី? () ក្នុងអត្ថបទនេះ តើយើងនឹងពិចារណាសំណួរអ្វីខ្លះ?

មិនយូរក្រោយពីលោកយេស៊ូបានទៅស្ថានសួគ៌ អ្នកកាន់តាមលោកបានពិចារណាបទគម្ពីរ អធិដ្ឋានសុំជំនួយពីព្រះ ហើយបានជ្រើសរើសម៉ាធាសឲ្យជំនួសយូដាស អ៊ីស្ការីយ៉ុតដើម្បីបង្គ្រប់ចំនួនសាវ័កទាំង១២។ (សកម្មភាព ១:១៥-២៦) ហេតុអ្វីការជ្រើសរើសនេះគឺសំខាន់ណាស់ចំពោះពួកគាត់និងចំពោះព្រះយេហូវ៉ា? ពួកអ្នកកាន់តាមលោកបានទទួលស្គាល់ថាត្រូវមានសាវ័ក១២នាក់។ * (សូមមើលកំណត់សម្គាល់) លោកយេស៊ូបានជ្រើសរើសពួកសាវ័ក ហើយបានបង្ហាត់បង្រៀនពួកគាត់ឲ្យមានតួនាទីដ៏សំខាន់ណាស់ក្នុងចំណោមរាស្ដ្រព្រះ។ តើតួនាទីនោះគឺជាអ្វី? តើព្រះយេហូវ៉ានិងលោកយេស៊ូបានជួយពួកគាត់ឲ្យត្រៀមខ្លួនសម្រាប់តួនាទីនោះយ៉ាងដូចម្ដេច? នៅសព្វថ្ងៃនេះ តើយើងមានការរៀបចំអ្វីដែលស្រដៀងនឹងនោះ? ម្យ៉ាងទៀត តើតាមរបៀបណាយើងអាច«ចាំអំពីពួកអ្នកដែលកំពុងនាំមុខ»យើង ជាពិសេស«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»?—ហេប្រឺ ១៣:៧; ម៉ាថាយ ២៤:៤៥

លោកយេស៊ូដឹកនាំគណៈអភិបាល

. តើពួកសាវ័កនិងអ្នកចាស់ទុំទៀតនៅក្រុងយេរូសាឡិមមានតួនាទីអ្វី?

ពួកសាវ័កបានចាប់ផ្ដើមនាំមុខក្នុងក្រុមជំនុំគ្រិស្ដសាសនិកនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស.។ គម្ពីរចែងថា«ពេត្រុសបានក្រោកឡើងជាមួយនឹងសាវ័កដប់មួយនាក់ទៀត» ហើយបានបង្រៀនមនុស្សមួយក្រុមធំអំពីសេចក្ដីពិតដែលជួយសង្គ្រោះជីវិត។ (សកម្មភាព ២:១៤, ១៥) មនុស្សជាច្រើនពីក្រុមនោះបានទៅជាគ្រិស្ដសាសនិក។ ក្រោយមក គ្រិស្ដសាសនិកថ្មីទាំងនោះបាន«បន្ដប្រុងស្តាប់សេចក្ដីបង្រៀនរបស់ពួកសាវ័ក»។ (សកម្មភាព ២:៤២) ពួកសាវ័កមានភារកិច្ចចាត់ចែងលុយកាក់របស់ក្រុមជំនុំ។ (សកម្មភាព ៤:៣៤, ៣៥) ពួកគាត់ក៏បានបង្រៀនរាស្ដ្រព្រះ ហើយបានអធិដ្ឋានសម្រាប់ពួកគេ។ ពួកសាវ័កបាននិយាយថា«យើងនឹងព្យាយាមក្នុងសេចក្ដីអធិដ្ឋាននិងក្នុងកិច្ចបម្រើដែលទាក់ទងនឹងបណ្ដាំរបស់ព្រះ»។ (សកម្មភាព ៦:៤) ម្យ៉ាងទៀត ពួកគាត់បានចាត់ឲ្យគ្រិស្ដសាសនិកដែលមានបទពិសោធន៍ទៅផ្សព្វផ្សាយនៅតំបន់ថ្មី។ (សកម្មភាព ៨:១៤, ១៥) ក្រោយមក អ្នកចាស់ទុំទៀតដែលជាអ្នកដែលបានត្រូវរើសតាំងក៏បាននាំមុខក្នុងក្រុមជំនុំជាមួយនឹងពួកសាវ័កដែរ។ ក្នុងនាមជាគណៈអភិបាល ពួកគាត់បានផ្ដល់ការណែនាំដល់ក្រុមជំនុំទាំងឡាយ។—សកម្មភាព ១៥:២

គ្រិស្ដសាសនិកនៅសតវត្សរ៍ទី១បានដឹងថាព្រះយេហូវ៉ាកំពុងដឹកនាំគណៈអភិបាលតាមរយៈលោកយេស៊ូ

៥, ៦. () តើសកម្មពលបរិសុទ្ធបានជួយគណៈអភិបាលយ៉ាងដូចម្ដេច? (សូមមើលរូបភាពនៅដើមអត្ថបទ) () តើតាមរបៀបណាទេវតាបានជួយគណៈអភិបាល? () តើបណ្ដាំរបស់ព្រះបានណែនាំគណៈអភិបាលយ៉ាងដូចម្ដេច?

គ្រិស្ដសាសនិកនៅសតវត្សរ៍ទី១បានដឹងថាព្រះយេហូវ៉ាកំពុងដឹកនាំគណៈអភិបាលតាមរយៈលោកយេស៊ូ។ ហេតុអ្វីពួកគេអាចមានទំនុកចិត្ដដូច្នេះ? ទី១ គណៈអភិបាលបានទទួលឫទ្ធានុភាពពីសកម្មពលបរិសុទ្ធ។ (យ៉ូហាន ១៦:១៣) គ្រិស្ដសាសនិកទាំងអស់ដែលបានត្រូវរើសតាំងបានទទួលសកម្មពលបរិសុទ្ធ ប៉ុន្ដែជាពិសេសពួកសាវ័កនិងពួកអ្នកចាស់ទុំនៅក្រុងយេរូសាឡិមបានទទួលឫទ្ធានុភាពពីសកម្មពលបរិសុទ្ធដើម្បីពួកគាត់អាចបំពេញតួនាទីជាអ្នកត្រួតពិនិត្យ។ ជាឧទាហរណ៍ នៅឆ្នាំ៤៩ គ.ស. សកម្មពលបរិសុទ្ធបានណែនាំគណៈអភិបាលឲ្យធ្វើការសម្រេចចិត្ដអំពីការកាត់ចុងស្បែក។ ក្រុមជំនុំនានាបានធ្វើតាមការសម្រេចចិត្ដពីគណៈអភិបាល។ ជាលទ្ធផល «ជំនឿរបស់ក្រុមជំនុំនានាបានត្រូវពង្រឹង ហើយក្រុមជំនុំទាំងនោះក៏បានចម្រើនឡើងជារៀងរាល់ថ្ងៃ»។ (សកម្មភាព ១៦:៤, ៥) សំបុត្រដែលបានត្រូវផ្ដល់ឲ្យក្រុមជំនុំនានាបង្ហាញថាគណៈអភិបាលមានសកម្មពលបរិសុទ្ធរបស់ព្រះ ហើយបានបង្ហាញគុណសម្បត្ដិដូចជាសេចក្ដីស្រឡាញ់និងជំនឿ។—សកម្មភាព ១៥:១១, ២៥-២៩; កាឡាទី ៥:២២, ២៣

ទី២ ទេវតាបានជួយគណៈអភិបាល។ ជាឧទាហរណ៍ ទេវតាមួយរូបបានប្រាប់កូនេលាសឲ្យរកសាវ័កពេត្រុស។ ក្រោយពេត្រុសបានផ្សព្វផ្សាយដល់កូនេលាសនិងញាតិសន្ដានរបស់គាត់ ពួកគាត់បានទទួលសកម្មពលបរិសុទ្ធ ទោះជាបុរសក្នុងចំណោមពួកគាត់មិនបានត្រូវកាត់ចុងស្បែកក៏ដោយ។ ដូច្នេះ កូនេលាសគឺជាជនជាតិដទៃដំបូងដែលមិនបានត្រូវកាត់ចុងស្បែកដែលបានទៅជាគ្រិស្ដសាសនិក។ ពេលពួកសាវ័កនិងបងប្អូនទៀតបានអំពីរឿងនេះ ពួកគាត់បានធ្វើតាមបំណងប្រាថ្នារបស់ព្រះដោយស្វាគមន៍ជនជាតិដទៃដែលមិនបានកាត់ចុងស្បែកឲ្យចូលក្នុងក្រុមជំនុំគ្រិស្ដសាសនិក។ (សកម្មភាព ១១:១៣-១៨) ដូច្នេះយើងអាចឃើញថា ទេវតាបានគាំទ្រយ៉ាងសកម្មនូវកិច្ចការផ្សព្វផ្សាយដែលគណៈអភិបាលបានដឹកនាំ។ (សកម្មភាព ៥:១៩, ២០) ទី៣ បណ្ដាំរបស់ព្រះបានណែនាំគណៈអភិបាល។ បុរសទាំងនោះបានប្រើបទគម្ពីរដើម្បីជួយពួកគាត់ធ្វើការសម្រេចចិត្ដដ៏សំខាន់ស្ដីអំពីសេចក្ដីបង្រៀនរបស់គ្រិស្ដសាសនិក ហើយដើម្បីដឹកនាំក្រុមជំនុំនានា។—សកម្មភាព ១:២០-២២; ១៥:១៥-២០

. ហេតុអ្វីយើងអាចនិយាយថាលោកយេស៊ូបានដឹកនាំគ្រិស្ដសាសនិកនៅសម័យដើម?

ទោះជាគណៈអភិបាលមានអំណាចក្នុងក្រុមជំនុំក្ដី សមាជិកគណៈអភិបាលបានយល់ថាលោកយេស៊ូគ្រិស្ដគឺជាអ្នកដឹកនាំរបស់ពួកគាត់។ ហេតុអ្វីយើងដឹងដូច្នេះ? សាវ័កប៉ូលបាននិយាយថាគឺគ្រិស្ដដែលបានតែងតាំង«អ្នកខ្លះឲ្យធ្វើជាសាវ័ក»។ គាត់ក៏បាននិយាយថាគ្រិស្ដជា«ប្រមុខ»អ្នកដឹកនាំរបស់ក្រុមជំនុំ។ (អេភេសូរ ៤:១១, ១៥) ម្យ៉ាងទៀត ពួកអ្នកកាន់តាមមិនបានហៅខ្លួនតាមឈ្មោះនៃសាវ័កណាម្នាក់ តែពួកគាត់«បានត្រូវហៅថា គ្រិស្ដសាសនិក . . . តាមការណែនាំរបស់ព្រះ»។ (សកម្មភាព ១១:២៦) ប៉ូលដឹងថាការធ្វើតាមសេចក្ដីបង្រៀនរបស់ពួកសាវ័កនិងបុរសទៀតដែលបាននាំមុខគឺសំខាន់។ សេចក្ដីបង្រៀនទាំងនោះមានមូលដ្ឋានលើគម្ពីរ។ តែប៉ូលបាននិយាយថា«ប៉ុន្ដែខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ប្រមុខរបស់បុរសទាំងឡាយគឺគ្រិស្ដ»។ ពាក្យនេះរួមបញ្ចូលសមាជិកម្នាក់នៃគណៈអភិបាល។ ប៉ូលបានបន្ថែមថា«ប្រមុខរបស់គ្រិស្ដគឺព្រះ»។ (កូរិនថូសទី១ ១១:២, ៣) យើងអាចឃើញច្បាស់ថាព្រះយេហូវ៉ាបានតែងតាំងលោកយេស៊ូគ្រិស្ដដែលជាបុត្ររបស់លោកឲ្យដឹកនាំក្រុមជំនុំ។

«នេះមិនមែនជាកិច្ចការរបស់មនុស្សទេ»

៨, ៩. តើបងរ៉ាសិលមានតួនាទីដ៏សំខាន់អ្វី?

ចាប់ពីឆ្នាំ១៨៧០ បងប្រុសឆាល ថេស រ៉ាសិលនិងមិត្ដភក្ដិខ្លះរបស់គាត់បានខំព្យាយាមចាប់ផ្ដើមគោរពប្រណិប័តន៍ព្រះសមស្របតាមគម្ពីរ ហើយជួយអ្នកទៀតឲ្យធ្វើដូច្នេះដែរ។ នេះរួមបញ្ចូលការជួយអ្នកដែលនិយាយភាសាផ្សេងៗ។ ដូច្នេះ នៅឆ្នាំ១៨៨៤ សមាគមប៉មយាមខាងខិត្ដប័ណ្ណនៃភ្នំស៊ីយ៉ូនបានត្រូវបង្កើតឡើងស្របច្បាប់ ហើយបងរ៉ាសិលបានទៅជាប្រធាន។ * (សូមមើលកំណត់សម្គាល់) គាត់បានសិក្សាគម្ពីរដោយយកចិត្ដទុកដាក់ ហើយគាត់មិនខ្លាចនឹងប្រាប់អ្នកទៀតថាសេចក្ដីបង្រៀនរបស់វិហារ ដូចជាព្រលឹងអមតៈនិងព្រះបីរួមគ្នាជាព្រះតែមួយគឺមិនមានក្នុងគម្ពីរទេ។ គាត់បានរៀនថាគ្រិស្ដនឹងត្រឡប់មកវិញដោយមនុស្សមើលមិនឃើញ ហើយថា«គ្រាកំណត់នៃប្រជាជាតិនានា»នឹងចប់នៅឆ្នាំ១៩១៤។ (លូកា ២១:២៤) បងរ៉ាសិលបានប្រើកម្លាំង ពេលវេលា និងលុយកាក់របស់ខ្លួនដើម្បីបង្រៀនសេចក្ដីពិតទាំងនេះដល់អ្នកទៀត។ យើងអាចឃើញច្បាស់ថានៅពេលដ៏សំខាន់នេះក្នុងប្រវត្ដិសាស្ដ្រ ព្រះយេហូវ៉ានិងលោកយេស៊ូបានប្រើបងរ៉ាសិលដើម្បីនាំមុខ។

បងរ៉ាសិលមិនចង់ឲ្យមនុស្សយកចិត្ដទុកដាក់ខ្លាំងពេកចំពោះគាត់ទេ។ នៅឆ្នាំ១៨៩៦ គាត់បានសរសេរថាគាត់និងបុរសទៀតដែលមានភារកិច្ចមិនចង់ទទួលការលើកតម្កើងទេ។ ពួកគាត់មិនចង់ឲ្យអ្នកទៀតផ្ដល់ឋានៈពិសេសដល់ពួកគាត់ ហើយក៏មិនចង់ឲ្យក្រុមណាមួយប្រើឈ្មោះរបស់ពួកគាត់ដែរ។ គាត់បាននិយាយក្រោយមកថា«នេះមិនមែនជាកិច្ចការរបស់មនុស្សទេ»។

«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា» ជាបងប្រុសមួយក្រុមតូចដែលព្រះបានរើសតាំងដែលធ្វើជាគណៈអភិបាល

១០. () តើលោកយេស៊ូបានតែងតាំង«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»នៅពេលណា? () សូមពន្យល់អំពីរបៀបដែលបន្ដិចម្ដងយើងបានដឹងថាគណៈអភិបាលគឺខុសគ្នាពីសមាគមប៉មយាម។

១០ នៅឆ្នាំ១៩១៩ ដែលជាបីឆ្នាំក្រោយពីបងរ៉ាសិលបានស្លាប់ លោកយេស៊ូបានតែងតាំង«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។ ហេតុអ្វី? គឺដើម្បីឲ្យអ្នកកាន់តាមលោកទទួល‹អាហារបរិភោគតាមត្រូវពេល›។ (ម៉ាថាយ ២៤:៤៥) សូម្បីតែនៅសម័យនោះ បុរសមួយក្រុមតូចដែលបម្រើនៅមន្ទីរចាត់ការពិភពលោកនាតំបន់ប៊្រុគ្លីន រដ្ឋញូវយ៉ក បានផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដល់ពួកអ្នកកាន់តាមលោកយេស៊ូ។ បុរសមួយក្រុមតូចនោះគឺជាអ្នកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ ក្រោយពីឆ្នាំ១៩៤០ សៀវភៅរបស់យើងបានចាប់ផ្ដើមប្រើពាក្យ«គណៈអភិបាល»។ នៅពេលនោះ គណៈអភិបាលជាប់ទាក់ទងនឹងគណៈកម្មាធិការនាយកនៃសមាគមប៉មយាមខាងគម្ពីរនិងខិត្ដប័ណ្ណ។ ប៉ុន្ដែនៅឆ្នាំ១៩៧១ មានការបញ្ជាក់យ៉ាងច្បាស់ថាគណៈអភិបាលខុសគ្នាពីសមាគមប៉មយាម។ សមាគមប៉មយាមទទួលខុសត្រូវចំពោះតែរឿងទាក់ទងនឹងខាងផ្លូវច្បាប់ប៉ុណ្ណោះ។ តាំងពីពេលនោះមក បុរសដែលបានត្រូវរើសតាំងអាចទៅជាសមាជិកគណៈអភិបាល ទោះជាគាត់មិនមែនជាសមាជិកគណៈកម្មាធិការនាយកនៃសមាគមប៉មយាមក៏ដោយ។ ក្រោយមក បុរសពី«ចៀមទៀត»បានបម្រើជាសមាជិកគណៈកម្មាធិការនាយកនិងសមាជិកសាជីវកម្មទៀតដែលរាស្ដ្ររបស់ព្រះប្រើ។ ជាលទ្ធផល គណៈអភិបាលអាចផ្ដោតអារម្មណ៍ទៅលើការផ្ដល់ការណែនាំនិងការបង្រៀនពីគម្ពីរ។ (យ៉ូហាន ១០:១៦; សកម្មភាព ៦:៤) ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ បានពន្យល់ថា«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»គឺជាគណៈអភិបាល ដែលជាបងប្រុសមួយក្រុមតូចដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។

គណៈអភិបាលនៅទសវត្សរ៍ឆ្នាំ១៩៥០

១១. តើគណៈអភិបាលធ្វើការសម្រេចចិត្ដយ៉ាងដូចម្ដេច?

១១ គណៈអភិបាលធ្វើការសម្រេចចិត្ដដ៏សំខាន់ជាក្រុមនៅពេលដែលសមាជិកគណៈអភិបាលជួបជុំគ្នារាល់សប្ដាហ៍។ ការប្រជុំគ្នាបែបនេះជួយពួកគាត់ឲ្យប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធ ហើយរក្សាសាមគ្គីភាព។ (សុភាសិត ២០:១៨) គ្មានសមាជិកគណៈអភិបាលណាម្នាក់ដែលសំខាន់ជាងសមាជិកទៀតទេ ដូច្នេះរាល់ឆ្នាំពួកគាត់ផ្លាស់វេនគ្នាដើម្បីមានបងប្រុសផ្សេងនាំមុខក្នុងកិច្ចប្រជុំទាំងនោះ។ (ពេត្រុសទី១ ៥:១) គណៈកម្មាធិការទាំងនៃគណៈអភិបាលក៏ធ្វើដូច្នេះដែរ។ គ្មានសមាជិកគណៈអភិបាលណាម្នាក់ដែលគិតថាគាត់ជាអ្នកដឹកនាំរបស់បងប្អូនគាត់ទេ។ ពួកគាត់ម្នាក់ក៏ជាសមាជិកនៃ«ខ្ញុំបម្រើទៀត»។ ម្យ៉ាងទៀត ពួកគាត់ម្នាក់ទទួលសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារនិងធ្វើតាមការណែនាំពីខ្ញុំបម្រើស្មោះត្រង់ដែរ។

តាំងពីពេលដែលខ្ញុំបម្រើដ៏ស្មោះត្រង់បានត្រូវតែងតាំងនៅឆ្នាំ១៩១៩ ខ្ញុំបម្រើនោះបានរៀបចំសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារសម្រាប់រាស្ដ្ររបស់ព្រះ (សូមមើលវគ្គ១០, ១១)

«តើអ្នកណាជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»?

១២. នៅឥឡូវនេះ តើយើងនឹងពិចារណាសំណួរអ្វីខ្លះ?

១២ ព្រះមិននិយាយដោយផ្ទាល់ទៅគណៈអភិបាលទេ ហើយគណៈអភិបាលក៏មិនមែនល្អឥតខ្ចោះដែរ។ គណៈអភិបាលអាចពន្យល់ខុសអំពីគម្ពីរ ឬផ្ដល់ការណែនាំមិនត្រឹមត្រូវដល់អង្គការយើង។ ជាឧទាហរណ៍ សៀវភៅជំនួយស្រាវជ្រាវសម្រាប់សាក្សីព្រះយេហូវ៉ាមានចំណងជើងតូចថា«របៀបដែលជំនឿរបស់យើងទៅជាច្បាស់ជាង» ហើយក្រោមចំណងជើងតូចនោះមានបញ្ជីអំពីការកែតម្រូវក្នុងការយល់ដឹងរបស់យើងស្ដីអំពីគម្ពីរ។ លោកយេស៊ូមិនបានមានប្រសាសន៍ថាខ្ញុំបម្រើដ៏ស្មោះត្រង់របស់លោកនឹងផ្ដល់ឲ្យយើងនូវសេចក្ដីបង្រៀនដ៏ល្អឥតខ្ចោះទេ។ ដូច្នេះ តើយើងអាចឆ្លើយសំណួររបស់លោកយេស៊ូយ៉ាងដូចម្ដេចដែលថា«តើអ្នកណាជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»? (ម៉ាថាយ ២៤:៤៥) តើមានទីសំអាងអ្វីដែលបញ្ជាក់ថាគណៈអភិបាលគឺជាខ្ញុំបម្រើដ៏ស្មោះត្រង់? សូមយើងពិចារណាអំពីអ្វីបីយ៉ាង ដែលដូចគ្នានឹងអ្វីដែលបានជួយគណៈអភិបាលនៅសម័យពួកសាវ័ក។

១៣. តើសកម្មពលបរិសុទ្ធបានជួយគណៈអភិបាលយ៉ាងដូចម្ដេច?

១៣ សកម្មពលបរិសុទ្ធជួយគណៈអភិបាល។ សកម្មពលបរិសុទ្ធបានជួយគណៈអភិបាលឲ្យយល់សេចក្ដីពិតពីគម្ពីរដែលមិនបានយល់ពីមុនទេ។ ជាឧទាហរណ៍ សូមគិតអំពីបញ្ជីដែលបានត្រូវរៀបរាប់ខាងលើស្ដីអំពីរបៀបដែលជំនឿរបស់យើងបានទៅជាច្បាស់ជាង។ គ្មានមនុស្សណាដែលអាចយល់និងពន្យល់«សេចក្ដីជ្រាលជ្រៅ»ទាំងនោះរបស់ព្រះដោយគ្មានជំនួយឡើយ! (សូមអាន កូរិនថូសទី១ ២:១០) គណៈអភិបាលមានអារម្មណ៍ដូចសាវ័កប៉ូលដែលបានសរសេរថា«យើងក៏និយាយការទាំងនេះដែរ មិនមែនដោយប្រើពាក្យដែលយើងបានរៀនពីប្រាជ្ញារបស់មនុស្សទេ តែដោយប្រើពាក្យដែលយើងបានរៀនពីសកម្មពលរបស់ព្រះវិញ»។ (កូរិនថូសទី១ ២:១៣) ក្រោយពីមានសេចក្ដីបង្រៀនមិនពិតនិងគ្មានការណែនាំច្បាស់លាស់អស់រាប់រយឆ្នាំ ហេតុអ្វីការយល់ដឹងអំពីគម្ពីរបានកើនឡើងតាំងពីឆ្នាំ១៩១៩? មានតែមូលហេតុមួយប៉ុណ្ណោះគឺព្រះបានផ្ដល់ជំនួយតាមរយៈសកម្មពលបរិសុទ្ធរបស់លោក!

១៤. យោងទៅតាមការបើកបង្ហាញ ១៤:៦, ៧ តើតាមរបៀបណាពួកទេវតាជួយគណៈអភិបាលនិងរាស្ដ្ររបស់ព្រះនៅសព្វថ្ងៃនេះ?

១៤ ពួកទេវតាជួយគណៈអភិបាល។ គណៈអភិបាលមានភារកិច្ចធ្ងន់ដើម្បីណែនាំអ្នកផ្សាយជាងលាននាក់ក្នុងកិច្ចការផ្សព្វផ្សាយទូទាំងពិភពលោក។ ហេតុអ្វីកិច្ចការនោះបានទទួលជោគជ័យយ៉ាងខ្លាំង? មូលហេតុមួយគឺដោយសារការគាំទ្រពីពួកទេវតា។ (សូមអាន ការបើកបង្ហាញ ១៤:៦, ៧) ក្នុងករណីជាច្រើន ពួកទេវតាបានណែនាំអ្នកផ្សាយឲ្យជួបបុគ្គលដែលទើបតែបានអធិដ្ឋានសុំជំនួយពីព្រះ! * (សូមមើលកំណត់សម្គាល់) កិច្ចការផ្សព្វផ្សាយនិងកិច្ចការបង្រៀនបន្ដរីកចម្រើន សូម្បីតែនៅកន្លែងដែលមានការប្រឆាំងយ៉ាងខ្លាំងក្ដី។ នេះក៏អាចកើតឡើងដោយសារតែជំនួយពីពួកទេវតា។

១៥. តើគណៈអភិបាលខុសគ្នាយ៉ាងណាពីអ្នកដឹកនាំពិភពគ្រិស្ដសាសនា? សូមលើកឧទាហរណ៍មួយ។

១៥ បណ្ដាំរបស់ព្រះណែនាំគណៈអភិបាល។ (សូមអាន យ៉ូហាន ១៧:១៧) សូមគិតអំពីអ្វីដែលបានកើតឡើងនៅឆ្នាំ១៩៧៣។ ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមិថុនា ជាភាសាអង់គ្លេស បានសួរថា តើ«បុគ្គលដែលមិនបានផ្ដាច់ការញៀនថ្នាំជក់មានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹកទេ»? ចម្លើយក្នុងទស្សនាវដ្ដីនោះដែលមានមូលដ្ឋានលើគម្ពីរគឺថាមិនមានទេ! ទស្សនាវដ្ដីប៉មយាមនោះបានប្រើបទគម្ពីរមួយចំនួន ហើយបានពន្យល់អំពីមូលហេតុដែលបុគ្គលដែលមិនព្រមឈប់ជក់បារីបានត្រូវបណ្ដាច់មិត្ដភាព។ (កូរិនថូសទី១ ៥:៧; កូរិនថូសទី២ ៧:១) ទស្សនាវដ្ដីនោះបានពន្យល់ថាខ្នាតតម្រាដ៏ម៉ឺងម៉ាត់នេះមិនមែនមកពីមនុស្សទេ តែមក«ពីព្រះ ដែលប្រាប់យើងអំពីទស្សនៈរបស់លោកតាមរយៈបណ្ដាំរបស់លោកជាលាយលក្ខណ៍អក្សរ»។ គ្មានអង្គការសាសនាណាទៀតដែលពឹងផ្អែកទាំងស្រុងទៅលើបណ្ដាំរបស់ព្រះ សូម្បីតែពេលដែលការធ្វើដូច្នេះគឺពិបាកយ៉ាងខ្លាំងចំពោះសមាជិកខ្លះក្ដី។ សៀវភៅមួយដែលបានចេញថ្មីនេះអំពីសាសនានៅសហរដ្ឋអាម៉េរិកចែងថា«អ្នកដឹកនាំគ្រិស្ដសាសនាច្រើនតែកែសេចក្ដីបង្រៀនរបស់ពួកគេឲ្យសមស្របនឹងជំនឿនិងមតិរបស់សមាជិកជាច្រើននៃវិហាររបស់ពួកគេ ព្រមទាំងជំនឿនិងមតិរបស់សង្គមដែរ»។ ប៉ុន្ដែ គណៈអភិបាលមិនធ្វើតាមចំណង់ចំណូលចិត្ដរបស់មនុស្សភាគច្រើនទេ។ ផ្ទុយទៅវិញ សមាជិកគណៈអភិបាលទទួលការណែនាំពីបណ្ដាំរបស់ព្រះ ហើយនេះបង្ហាញថាព្រះយេហូវ៉ាពិតជាអ្នកដែលកំពុងដឹកនាំរាស្ដ្ររបស់លោកនៅសព្វថ្ងៃនេះ។

«ចូរចាំអំពីពួកអ្នកដែលកំពុងនាំមុខ»

១៦. តើអ្វីជារបៀបមួយដែលយើងចាំអំពីគណៈអភិបាល?

១៦ សូមអាន ហេប្រឺ ១៣:៧គម្ពីរចែងថា«ចូរចាំអំពីពួកអ្នកដែលកំពុងនាំមុខអ្នករាល់គ្នា»។ របៀបមួយដែលយើងអាចធ្វើដូច្នេះគឺដោយអធិដ្ឋានអំពីគណៈអភិបាល។ (អេភេសូរ ៦:១៨) ពួកគាត់មានភារកិច្ចជាច្រើនដែលរួមបញ្ចូលការផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ ការដឹកនាំកិច្ចការផ្សព្វផ្សាយទូទាំងពិភពលោក និងការទទួលខុសត្រូវចំពោះវិភាគទានដែលអង្គការទទួល។ ដូច្នេះ ពួកគាត់ពិតជាត្រូវការសេចក្ដីអធិដ្ឋានរបស់យើងជាទៀងទាត់!

១៧, ១៨. () តើយើងធ្វើតាមការណែនាំរបស់គណៈអភិបាលយ៉ាងដូចម្ដេច? () តើតាមរបៀបណាកិច្ចផ្សព្វផ្សាយរបស់យើងគាំទ្រគណៈអភិបាលនិងលោកយេស៊ូ?

១៧ យើងក៏អាចចាំអំពីគណៈអភិបាលដែរដោយធ្វើតាមការណែនាំដែលយើងទទួល។ គណៈអភិបាលផ្ដល់ការណែនាំដល់យើងតាមរយៈសៀវភៅ កិច្ចប្រជុំ សន្និបាត និងមហាសន្និបាតរបស់យើង។ គណៈអភិបាលក៏តែងតាំងអ្នកត្រួតពិនិត្យប្រចាំមណ្ឌល ហើយអ្នកត្រួតពិនិត្យប្រចាំមណ្ឌលតែងតាំងអ្នកចាស់ទុំ។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនិងអ្នកចាស់ទុំបង្ហាញថាពួកគាត់ចាំអំពីគណៈអភិបាល ដោយយកចិត្ដទុកដាក់ធ្វើតាមការណែនាំដែលពួកគាត់ទទួល។ ម្យ៉ាងទៀត យើងទាំងអស់គ្នាបង្ហាញថាយើងគោរពលោកយេស៊ូដែលជាអ្នកដឹកនាំរបស់យើងដោយស្តាប់បង្គាប់បុរសដែលលោកកំពុងប្រើសព្វថ្ងៃនេះ។—ហេប្រឺ ១៣:១៧

១៨ របៀបមួយទៀតដែលយើងអាចចាំអំពីគណៈអភិបាលគឺដោយខំអស់ពីសមត្ថភាពក្នុងកិច្ចបម្រើផ្សាយ។ ហេប្រឺ ១៣:៧ដាស់តឿនគ្រិស្ដសាសនិកឲ្យយកតម្រាប់ជំនឿរបស់ពួកអ្នកដែលនាំមុខ។ គណៈអភិបាលបានបង្ហាញជំនឿខ្លាំងដោយផ្សព្វផ្សាយយ៉ាងខ្នះខ្នែងនិងដោយលើកស្ទួយការផ្សព្វផ្សាយដំណឹងល្អ។ តើយើងគាំទ្របងប្រុសទាំងនោះក្នុងកិច្ចការដ៏សំខាន់នេះទេ? បើយើងធ្វើដូច្នេះ យើងនឹងមានចិត្ដសប្បាយពេលយើងលោកយេស៊ូប្រាប់យើងថា«ដោយសារអ្នករាល់គ្នាបានធ្វើការទាំងនោះដល់អ្នកតូចបំផុតក្នុងពួកបងប្អូនរបស់ខ្ញុំ នោះក៏ដូចជាបានធ្វើដល់ខ្ញុំដែរ»។—ម៉ាថាយ ២៥:៣៤-៤០

១៩. ហេតុអ្វីអ្នកតាំងចិត្ដធ្វើតាមលោកយេស៊ូដែលជាអ្នកដឹកនាំរបស់យើង?

១៩ ពេលលោកយេស៊ូបានត្រឡប់ទៅស្ថានសួគ៌ លោកមិនបានបោះបង់អ្នកកាន់តាមលោកឡើយ។ (ម៉ាថាយ ២៨:២០) លោកដឹងថាសកម្មពលបរិសុទ្ធ ទេវតា និងបណ្ដាំរបស់ព្រះបានជួយលោកដើម្បីនាំមុខពេលលោកនៅផែនដី។ លោកយេស៊ូផ្ដល់ជំនួយដូចគ្នាដល់ខ្ញុំបម្រើដ៏ស្មោះត្រង់នៅសព្វថ្ងៃនេះ។ គណៈអភិបាលបន្ដ«ដើរតាមកូនចៀម»ពោលគឺលោកយេស៊ូ «ទោះជាលោកទៅកន្លែងណាក៏ដោយ»។ (ការបើកបង្ហាញ ១៤:៤) ដូច្នេះ ពេលយើងធ្វើតាមការណែនាំរបស់គណៈអភិបាល យើងដើរតាមលោកយេស៊ូដែលជាអ្នកដឹកនាំរបស់យើង។ មិនយូរទៀត លោកនឹងនាំយើងទៅដល់ជីវិតដែលគ្មានទីបញ្ចប់។ (ការបើកបង្ហាញ ៧:១៤-១៧) អ្នកដឹកនាំដែលជាមនុស្សមិនអាចសន្យាដូច្នេះបានទេ!

^ វគ្គ 3 តាមមើលទៅព្រះយេហូវ៉ាចង់មានសាវ័ក១២នាក់ដើម្បីនៅពេលអនាគតពួកគាត់អាចធ្វើជា«ថ្មគ្រឹះដប់ពីរ»នៃក្រុងយេរូសាឡិមថ្មី។ (ការបើកបង្ហាញ ២១:១៤) នេះគឺជាមូលហេតុដែលក្រោយពីពួកសាវ័កស្មោះត្រង់បានស្លាប់មិនចាំបាច់មានអ្នកជំនួសពួកគាត់ទេ។

^ វគ្គ 8 តាំងពីឆ្នាំ១៩៥៥ សាជីវកម្មនោះបានត្រូវស្គាល់ថាជាសមាគមប៉មយាមខាងគម្ពីរនិងខិត្ដប័ណ្ណនៃរដ្ឋប៉ិនស៊ីវ៉ានី។