លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ថ្លៃលោះជា«អំណោយដ៏ល្អឥតខ្ចោះ»ដែលមកពីបិតា

ថ្លៃលោះជា«អំណោយដ៏ល្អឥតខ្ចោះ»ដែលមកពីបិតា

«គ្រប់ទាំងរបស់ល្អនិងអំណោយដ៏ល្អឥតខ្ចោះ សុទ្ធតែមកពី . . . បិតា»។—យ៉ាកុប ១:១៧

ចម្រៀងលេខ: ១៤៨,

. តើថ្លៃលោះអាចផ្ដល់ពរអ្វីខ្លះដល់យើង?

គ្រឿងបូជាលោះរបស់លោកយេស៊ូគ្រិស្ដនាំឲ្យមានពរជាច្រើន។ ជាឧទាហរណ៍ ថ្លៃលោះបើកឱកាសឲ្យកូនទាំងអស់របស់អាដាមដែលស្រឡាញ់សេចក្ដីសុចរិតឲ្យទៅជាសមាជិកក្រុមគ្រួសាររបស់ព្រះនៅថ្ងៃណាមួយ។ ពរមួយទៀតគឺយើងអាចរស់នៅជារៀងរហូតដោយសុភមង្គល។ ជាងនេះទៅទៀត ថ្លៃលោះគឺជាប់ទាក់ទងនឹងរឿងដ៏សំខាន់ណាស់ចំពោះបុគ្គលទាំងអស់នៅស្ថានសួគ៌និងនៅផែនដី។—ហេប្រឺ ១:៨, ៩

. () ក្នុងសេចក្ដីអធិដ្ឋានរបស់លោកយេស៊ូ តើលោកបានរួមបញ្ចូលរឿងដ៏សំខាន់អ្វីខ្លះសម្រាប់ស្ថានសួគ៌និងផែនដី? (សូមមើលរូបភាពនៅដើមអត្ថបទ) () តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?

ប្រហែលជាពីរឆ្នាំមុនលោកយេស៊ូបានស្លាប់ លោកបានបង្រៀនអ្នកកាន់តាមលោកឲ្យអធិដ្ឋានថា«បិតារបស់យើងដែលនៅស្ថានសួគ៌ សូមឲ្យនាមរបស់លោកបានបរិសុទ្ធ។ សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់។ សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថាយ ៦:៩, ១០) សូមយើងពិចារណាអំពីរបៀបដែលថ្លៃលោះជាប់ទាក់ទងនឹងការធ្វើឲ្យនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធ ការគ្រប់គ្រងនៃរាជាណាចក្ររបស់ព្រះ និងការសម្រេចបំណងប្រាថ្នារបស់ព្រះ។

«សូមឲ្យនាមរបស់លោកបានបរិសុទ្ធ»

. តើនាមរបស់ព្រះយេហូវ៉ាជាតំណាងអ្វី? តើសាថានបានតិះដៀលនាមរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?

ក្នុងសេចក្ដីអធិដ្ឋាននេះ ដំបូងបង្អស់លោកយេស៊ូបានអធិដ្ឋានឲ្យនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធ។ នាមរបស់ព្រះយេហូវ៉ាជាតំណាងព្រះយេហូវ៉ាផ្ទាល់ ពោលគឺបង្ហាញថាលោកជាបុគ្គលបែបណា។ លោកជាបុគ្គលដែលមានឫទ្ធានុភាពដ៏ខ្លាំងក្លានិងសុចរិតបំផុតក្នុងសកលលោកទាំងមូល។ លោកយេស៊ូក៏បានហៅព្រះថា«បិតាបរិសុទ្ធ»។ (យ៉ូហាន ១៧:១១) ដោយសារព្រះយេហូវ៉ាគឺបរិសុទ្ធ អ្វីទាំងអស់ដែលលោកធ្វើនិងច្បាប់ដែលលោកបង្កើតគឺបរិសុទ្ធ។ ប៉ុន្ដែនៅក្នុងសួនអេដែន សាថានបានបង្កើតឲ្យមានការសង្ស័យទៅលើសិទ្ធិរបស់ព្រះក្នុងការដាក់ខ្នាតតម្រាឲ្យមនុស្សជាតិ។ វាបានភូតភរអំពីព្រះយេហូវ៉ា ហើយបានតិះដៀលនាមកេរ្ដិ៍ឈ្មោះរបស់លោក។—លោកុប្បត្ដិ ៣:១-

. តើតាមរបៀបណាលោកយេស៊ូបានជួយធ្វើឲ្យនាមរបស់ព្រះបានបរិសុទ្ធ?

ផ្ទុយពីសាថាន លោកយេស៊ូពិតជាស្រឡាញ់នាមរបស់ព្រះយេហូវ៉ា ហើយបានធ្វើអ្វីទាំងអស់ដែលលោកអាចធ្វើដើម្បីឲ្យនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធ។ (យ៉ូហាន ១៧:២៥, ២៦) តើតាមរបៀបណា? តាមរយៈការប្រព្រឹត្ដនិងការបង្រៀនរបស់លោកយេស៊ូ លោកបានជួយអ្នកទៀតឲ្យយល់ថាខ្នាតតម្រារបស់ព្រះយេហូវ៉ាគឺត្រឹមត្រូវ ហើយថាអ្វីដែលព្រះសុំយើងឲ្យធ្វើគឺដើម្បីជាប្រយោជន៍ដល់យើង។ (សូមអាន ទំនុកតម្កើង ៤០:៨-១០) សូម្បីតែនៅពេលដែលសាថានធ្វើឲ្យលោកយេស៊ូរងការឈឺចាប់ ហើយស្លាប់យ៉ាងវេទនាក្ដី លោកបានរក្សាភក្ដីភាព។ លោកបានបង្ហាញថាមនុស្សល្អឥតខ្ចោះអាចស្តាប់បង្គាប់ព្រះយេហូវ៉ាយ៉ាងល្អឥតខ្ចោះបាន។

. តើតាមរបៀបណាយើងអាចរួមចំណែកក្នុងការធ្វើឲ្យនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធ?

តើតាមរបៀបណាយើងអាចបង្ហាញថាយើងស្រឡាញ់នាមរបស់ព្រះយេហូវ៉ា? តាមរយៈការប្រព្រឹត្ដរបស់យើង។ ព្រះយេហូវ៉ាតម្រូវឲ្យយើងធ្វើជាមនុស្សបរិសុទ្ធ។ (សូមអាន ពេត្រុសទី១ ១:១៥, ១៦) នេះមានន័យថាយើងគោរពប្រណិប័តន៍តែលោកប៉ុណ្ណោះ ហើយស្តាប់បង្គាប់លោកដោយស្មោះអស់ពីចិត្ដ។ សូម្បីតែនៅពេលដែលយើងបានត្រូវគេបៀតបៀនក្ដី យើងខំអស់ពីសមត្ថភាពដើម្បីរស់នៅតាមរបៀបដែលព្រះយេហូវ៉ាបានបង្រៀនយើង។ ដោយរស់នៅសមស្របតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា យើងធ្វើឲ្យនាមរបស់លោកទទួលការសរសើរតម្កើង។ (ម៉ាថាយ ៥:១៤-១៦) យើងបង្ហាញថាច្បាប់របស់លោកគឺល្អ ហើយថាសាថានគឺជាអ្នកភូតភរ។ យើងជាមនុស្សមិនល្អឥតខ្ចោះ ដូច្នេះយើងនឹងធ្វើខុស។ ប៉ុន្ដែពេលយើងធ្វើខុស យើងប្រែចិត្ដ ហើយខំអស់ពីសមត្ថភាពដើម្បីឈប់ធ្វើអ្វីដែលនាំឲ្យព្រះយេហូវ៉ាអាប់ឱនកិត្ដិយស។—ទំនុកតម្កើង ៧៩:៩

. ហេតុអ្វីព្រះយេហូវ៉ាអាចប្រកាសថាយើងជាមនុស្សសុចរិត សូម្បីតែយើងជាមនុស្សមិនល្អឥតខ្ចោះក្ដី?

ទោះជាយើងជាអ្នកដែលបានត្រូវរើសតាំង ឬជា«ចៀមទៀត»ក៏ដោយ ព្រះយេហូវ៉ាអភ័យទោសអំពើខុសឆ្គងរបស់យើងបើយើងមានជំនឿលើថ្លៃលោះ។ លោកទទួលពួកអ្នកដែលប្រគល់ខ្លួនជូនលោកជាអ្នកគោរពប្រណិប័តន៍លោក។ លោកប្រកាសថាគ្រិស្ដសាសនិកដែលបានត្រូវរើសតាំងជាមនុស្សសុចរិតជាកូនរបស់លោក ហើយថា«ចៀមទៀត»ជាមនុស្សសុចរិតជាមិត្ដសម្លាញ់របស់លោក។ (យ៉ូហាន ១០:១៦; រ៉ូម ៥:១, ២; យ៉ាកុប ២:២១-២៥) ដូច្នេះ សូម្បីតែនៅពេលឥឡូវនេះក្ដី ថ្លៃលោះអាចផ្ដល់ឱកាសឲ្យយើងមានចំណងមិត្ដភាពដ៏ល្អជាមួយនឹងបិតារបស់យើង ហើយធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធ។

«សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់»

. តើថ្លៃលោះអាចផ្ដល់ពរអ្វីខ្លះ?

ក្នុងសេចក្ដីអធិដ្ឋានគំរូ លោកយេស៊ូបានមានប្រសាសន៍ថា«សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់»។ តើថ្លៃលោះជាប់ទាក់ទងនឹងរាជាណាចក្ររបស់ព្រះយ៉ាងដូចម្ដេច? រាជាណាចក្ររដ្ឋាភិបាលរបស់ព្រះ គឺមានលោកយេស៊ូនិង១៤៤.០០០នាក់ដែលបានត្រូវជ្រើសរើសពីចំណោមមនុស្សជាតិ។ ដោយសារថ្លៃលោះ មនុស្សទាំងនេះអាចរស់ឡើងវិញនៅស្ថានសួគ៌។ (ការបើកបង្ហាញ ៥:៩, ១០; ១៤:១) ពួកគាត់នឹងទៅជាស្ដេចនិងជាសង្ឃ ហើយនឹងគ្រប់គ្រងមកលើផែនដីជាមួយនឹងលោកយេស៊ូសម្រាប់១.០០០ឆ្នាំ។ ក្នុងអំឡុងពេលនោះ ព្រះយេហូវ៉ានឹងប្រើរាជាណាចក្រនោះដើម្បីធ្វើឲ្យផែនដីក្លាយទៅជាសួនឧទ្យាន ហើយដើម្បីជួយឲ្យមនុស្សទាំងអស់ទៅជាល្អឥតខ្ចោះ។ នៅទីបំផុត អ្នកបម្រើរបស់ព្រះយេហូវ៉ានៅស្ថានសួគ៌និងនៅផែនដីនឹងទៅជាក្រុមគ្រួសារមួយ។ (ការបើកបង្ហាញ ៥:១៣; ២០:៦) លោកយេស៊ូនឹងបំផ្លាញសាថាន ហើយបំបាត់ចោលបញ្ហាទាំងអស់ដែលវាបានបង្កឡើង។—លោកុប្បត្ដិ ៣:១៥

. () តើតាមរបៀបណាលោកយេស៊ូបានជួយអ្នកកាន់តាមលោកឲ្យយល់ថារាជាណាចក្ររបស់ព្រះគឺសំខាន់? () សព្វថ្ងៃនេះ តើយើងគាំទ្ររាជាណាចក្រព្រះយ៉ាងដូចម្ដេច?

លោកយេស៊ូបានជួយអ្នកកាន់តាមលោកឲ្យយល់អំពីសារៈសំខាន់នៃរាជាណាចក្ររបស់ព្រះ។ តើលោកបានធ្វើដូច្នេះយ៉ាងដូចម្ដេច? ភ្លាមក្រោយពីលោកយេស៊ូបានទទួលការជ្រមុជទឹក លោកបានចាប់ផ្ដើមផ្សព្វផ្សាយ«ដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ»នៅគ្រប់កន្លែងដែលលោកបានទៅ។ (លូកា ៤:៤៣) លោកក៏បានប្រាប់អ្នកកាន់តាមលោកឲ្យធ្វើជាសាក្សីបញ្ជាក់អំពីលោក«រហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»។ (សកម្មភាព ១:៦-) សព្វថ្ងៃនេះ តាមរយៈកិច្ចការផ្សព្វផ្សាយអំពីរាជាណាចក្រព្រះ មនុស្សមានឱកាសរៀនអំពីថ្លៃលោះ ហើយក្លាយទៅជារាស្ដ្រនៃរាជាណាចក្រនោះ។ យើងបង្ហាញថាយើងជារាស្ដ្រដ៏ស្មោះត្រង់នៃរាជាណាចក្រព្រះដោយជួយពួកអ្នកដែលបានត្រូវរើសតាំងក្នុងការផ្សព្វផ្សាយដំណឹងល្អនៅទូទាំងពិភពលោក។—ម៉ាថាយ ២៤:១៤; ២៥:៤០

«សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេច»

. ហេតុអ្វីយើងអាចមានទំនុកចិត្ដថាព្រះយេហូវ៉ានឹងសម្រេចគោលបំណងរបស់លោកសម្រាប់មនុស្សជាតិ?

ពេលលោកយេស៊ូបានមានប្រសាសន៍បន្ទាប់មកថា«សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេច» តើលោកចង់មានន័យយ៉ាងណា? ពេលព្រះយេហូវ៉ាមានប្រសាសន៍ថាអ្វីមួយនឹងកើតឡើង នោះនឹងកើតឡើងមែន។ (អេសាយ ៥៥:១១) ការបះបោររបស់សាថានមិនអាចបញ្ឈប់ព្រះយេហូវ៉ាបានឡើយ។ តើព្រះយេហូវ៉ាមានបំណងប្រាថ្នាអ្វីសម្រាប់ផែនដី? លោកចង់ឲ្យផែនដីពេញទៅដោយមនុស្សល្អឥតខ្ចោះដែលជាកូនចៅរបស់អាដាមនិងអេវ៉ា។ (លោកុប្បត្ដិ ១:២៨) បើអាដាមនិងអេវ៉ាបានស្លាប់ដោយមិនបង្កើតកូន នោះគោលបំណងរបស់ព្រះដែលឲ្យផែនដីពេញទៅដោយកូនចៅរបស់ពួកគេនឹងមិនបានត្រូវសម្រេចទេ។ ដូច្នេះ ព្រះយេហូវ៉ាបានឲ្យពួកគេបង្កើតកូន។ ថ្លៃលោះផ្ដល់ឱកាសឲ្យអស់អ្នកដែលបង្ហាញជំនឿក្លាយទៅជាមនុស្សល្អឥតខ្ចោះនិងរស់ជារៀងរហូត។ ព្រះយេហូវ៉ាស្រឡាញ់មនុស្ស ហើយចង់ឲ្យយើងមានជីវិតដ៏អស្ចារ្យដូចគោលបំណងដើមរបស់លោកចំពោះយើង។

១០. តើថ្លៃលោះផ្ដល់ប្រយោជន៍យ៉ាងណាដល់មនុស្សដែលបានស្លាប់?

១០ ចុះយ៉ាងណាចំពោះមនុស្សរាប់លាននាក់ដែលបានស្លាប់មុនមានឱកាសស្គាល់ព្រះយេហូវ៉ា? ព្រះយេហូវ៉ាចង់ឲ្យមនុស្សមានជីវិតរស់នៅ។ ដូច្នេះ លោកក៏នឹងប្រោសពួកអ្នកដែលបានស្លាប់ឲ្យរស់ឡើងវិញដែរ។ ថ្លៃលោះផ្ដល់ឱកាសឲ្យពួកគេមានជីវិតឡើងវិញ។ ពេលនោះ ពួកគេអាចរៀនអំពីព្រះយេហូវ៉ា ហើយមានឱកាសរស់ជារៀងរហូត។ (សកម្មភាព ២៤:១៥) ព្រះយេហូវ៉ាជាប្រភពនៃជីវិត។ ពេលព្រះយេហូវ៉ាប្រោសពួកអ្នកដែលបានស្លាប់ឲ្យរស់ឡើងវិញ លោកទៅជាបិតារបស់ពួកគេ។ (ទំនុកតម្កើង ៣៦:៩) ក្នុងសេចក្ដីអធិដ្ឋានគំរូ លោកយេស៊ូបានមានប្រសាសន៍ថា ព្រះយេហូវ៉ាគឺជា«បិតារបស់យើងដែលនៅស្ថានសួគ៌»។ (ម៉ាថាយ ៦:៩) ព្រះយេហូវ៉ាបានផ្ដល់ឲ្យលោកយេស៊ូនូវតួនាទីដ៏សំខាន់ណាស់ក្នុងការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ លោកយេស៊ូបានមានប្រសាសន៍ថា«ការរស់ឡើងវិញនិងជីវិតគឺដោយសារខ្ញុំ»។—យ៉ូហាន ៦:៤០, ៤៤; ១១:២៥

១១. តើព្រះមានគោលបំណងអ្វីសម្រាប់«មនុស្សមួយក្រុមធំ»?

១១ លោកយេស៊ូក៏បានមានប្រសាសន៍ថា«អ្នកណាដែលធ្វើតាមបំណងប្រាថ្នារបស់ព្រះ អ្នកនោះហើយជាប្អូនប្រុស ប្អូនស្រី និងម្ដាយរបស់ខ្ញុំ»។ (ម៉ាកុស ៣:៣៥) បំណងប្រាថ្នារបស់ព្រះគឺឲ្យមនុស្សដែលមកពីគ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ និងគ្រប់ភាសាទៅជាអ្នកគោរពប្រណិប័តន៍លោក។ ពួកគេបានត្រូវរៀបរាប់ថាជា«មនុស្សមួយក្រុមធំ ដែលគ្មានមនុស្សណាម្នាក់អាចរាប់ចំនួនបានឡើយ»។ ពួកគេមានជំនឿលើថ្លៃលោះ ហើយចង់ស្តាប់បង្គាប់ព្រះ។ ពួកគេសរសើរលោក ហើយនិយាយថា«សេចក្ដីសង្គ្រោះរបស់យើងមកពីព្រះរបស់យើង ដែលអង្គុយលើបល្ល័ង្ក និងពីកូនចៀម»។—ការបើកបង្ហាញ ៧:៩, ១០

១២. តើយើងរៀនអ្វីខ្លះពីសេចក្ដីអធិដ្ឋានរបស់លោកយេស៊ូស្ដីអំពីគោលបំណងរបស់ព្រះយេហូវ៉ាសម្រាប់មនុស្សជាតិ?

១២ យើងបានរៀនច្រើនអំពីព្រះយេហូវ៉ានិងគោលបំណងរបស់លោកសម្រាប់មនុស្សជាតិពីសេចក្ដីអធិដ្ឋានគំរូរបស់លោកយេស៊ូ។ ទី១ យើងត្រូវខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធ ហើយធ្វើឲ្យលោកទទួលកិត្ដិយស។ (អេសាយ ៨:១៣) គ្រឿងបូជាលោះរបស់លោកយេស៊ូដែលផ្ដល់ឱកាសឲ្យយើងទទួលសេចក្ដីសង្គ្រោះ ក៏លើកតម្កើងនាមរបស់ព្រះដែរ។ តាមពិត នាមរបស់លោកយេស៊ូមានន័យថា«ព្រះយេហូវ៉ាជាសេចក្ដីសង្គ្រោះ»។ ទី២ ព្រះយេហូវ៉ានឹងប្រើរាជាណាចក្ររបស់លោកដើម្បីឲ្យមនុស្សដែលស្តាប់បង្គាប់លោកទទួលប្រយោជន៍ទាំងអស់ដែលមកពីថ្លៃលោះ។ ទី៣ យើងមានទំនុកចិត្ដថាគ្មានអ្វីណាដែលអាចបញ្ឈប់បំណងប្រាថ្នារបស់ព្រះយេហូវ៉ាមិនឲ្យសម្រេចបានឡើយ។—ទំនុកតម្កើង ១៣៥:៦; អេសាយ ៤៦:៩, ១០

ចូរបង្ហាញព្រះយេហូវ៉ាថាអ្នកមានចិត្ដកតញ្ញូចំពោះថ្លៃលោះ

១៣. ហេតុអ្វីយើងទទួលការជ្រមុជទឹក?

១៣ របៀបដ៏សំខាន់មួយដែលយើងបង្ហាញថាយើងមានចិត្ដកតញ្ញូចំពោះថ្លៃលោះគឺដោយប្រគល់ជីវិតខ្លួនជូនព្រះយេហូវ៉ា ហើយទទួលការជ្រមុជទឹក។ តាមរបៀបនេះ យើងបង្ហាញថាយើងមានជំនឿលើថ្លៃលោះ ហើយថា«យើងជារបស់ព្រះយេហូវ៉ា»។ (រ៉ូម ១៤:៨) ពេលយើងទទួលការជ្រមុជទឹក យើងសុំព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវ«សមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស»។ (ពេត្រុសទី១ ៣:២១) ព្រះយេហូវ៉ាធ្វើតាមអ្វីដែលយើងបានសុំនេះដោយឲ្យយើងទទួលប្រយោជន៍ដែលមកពីថ្លៃលោះ។ ម្យ៉ាងទៀត យើងជឿជាក់ទាំងស្រុងថាលោកនឹងផ្ដល់ឲ្យយើងនូវអ្វីទាំងអស់ដែលលោកបានសន្យា។—រ៉ូម ៨:៣២

តើតាមរបៀបណាយើងបង្ហាញថាយើងមានចិត្ដកតញ្ញូចំពោះថ្លៃលោះ? (សូមមើលវគ្គ១៣, ១៤)

១៤. ហេតុអ្វីព្រះយេហូវ៉ាបង្គាប់យើងឲ្យស្រឡាញ់អ្នកទៀត?

១៤ អ្វីទាំងអស់ដែលព្រះយេហូវ៉ាធ្វើគឺដោយសារសេចក្ដីស្រឡាញ់។ បំណងប្រាថ្នារបស់លោកគឺឲ្យអ្នកគោរពប្រណិប័តន៍លោកយកតម្រាប់លោក ហើយមានសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ (យ៉ូហានទី១ ៤:៨-១១) ពេលយើងស្រឡាញ់មនុស្សទៀត យើងបង្ហាញយ៉ាងច្បាស់ថាយើងចង់ធ្វើជា«កូននៃបិតារបស់[យើង]ដែលនៅស្ថានសួគ៌»។ (ម៉ាថាយ ៥:៤៣-៤៨) បញ្ញត្ដិសំខាន់បំផុតពីរ គឺទី១ត្រូវស្រឡាញ់ព្រះយេហូវ៉ា និងទី២ត្រូវស្រឡាញ់អ្នកទៀត។ (ម៉ាថាយ ២២:៣៧-៤០) របៀបមួយដែលយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សគឺដោយបង្រៀនពួកគេអំពីដំណឹងល្អនៃរាជាណាចក្រព្រះ។ បើយើងធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ាដែលឲ្យស្រឡាញ់អ្នកទៀត ជាពិសេសបងប្អូនរបស់យើង នោះសេចក្ដីស្រឡាញ់របស់យើងចំពោះលោកនឹង«ពេញលក្ខណៈ»។—យ៉ូហានទី១ ៤:១២, ២០

ថ្លៃលោះនាំឲ្យទទួលពរពីព្រះយេហូវ៉ា

១៥. () តើយើងទទួលពរអ្វីខ្លះពីព្រះយេហូវ៉ានៅឥឡូវនេះ? () តើយើងនឹងទទួលពរអ្វីខ្លះនៅពេលអនាគត?

១៥ ព្រះយេហូវ៉ាធានាថា ការខុសឆ្គងរបស់យើង«ត្រូវលុបចោល»ដោយសារយើងមានជំនឿលើថ្លៃលោះ។ លោកអាចអភ័យទោសចំពោះការខុសឆ្គងរបស់យើងទាំងស្រុង។ (សូមអាន សកម្មភាព ៣:១៩-២១) ដូចយើងបានពិចារណាខាងលើ ថ្លៃលោះផ្ដល់ឱកាសឲ្យព្រះយេហូវ៉ាទទួលមនុស្សមួយចំនួនឲ្យទៅជាកូនរបស់លោកនៅស្ថានសួគ៌។ បុគ្គលទាំងនេះគឺពួកអ្នកដែលបានត្រូវរើសតាំង។ (រ៉ូម ៨:១៥-១៧) លោកអញ្ជើញពួកអ្នកដែលជា«ចៀមទៀត»ឲ្យទៅជាសមាជិកក្រុមគ្រួសាររបស់លោកនៅផែនដី។ ក្រោយពីពួកគេទៅជាមនុស្សល្អឥតខ្ចោះ ពួកគេនឹងប្រឈមមុខនឹងការសាកល្បងចុងក្រោយ។ បើពួកគេមានភក្ដីភាពចំពោះព្រះយេហូវ៉ា នោះលោកក៏នឹងទទួលពួកគេជាកូនរបស់លោកដែរ។ (រ៉ូម ៨:២០, ២១; ការបើកបង្ហាញ ២០:៧-) ព្រះយេហូវ៉ាស្រឡាញ់កូនទាំងអស់របស់លោកជានិច្ច។ យើងនឹងបន្ដទទួលប្រយោជន៍ដែលមកពីថ្លៃលោះជារៀងរហូត។ (ហេប្រឺ ៩:១២) ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវអំណោយដ៏មានតម្លៃនេះ ហើយគ្មានអ្នកណាអាចយកអំណោយនេះចេញពីយើងបានឡើយ។

១៦. តើថ្លៃលោះជួយរំដោះយើងយ៉ាងដូចម្ដេច?

១៦ បើយើងប្រែចិត្ដពីអំពើខុសឆ្គងរបស់យើង នោះមេកំណាចមិនអាចរារាំងយើងទាល់តែសោះពីការទៅជាសមាជិកក្រុមគ្រួសាររបស់ព្រះយេហូវ៉ា។ លោកយេស៊ូបានស្លាប់«មួយដងជាការស្រេច»។ ដូច្នេះថ្លៃលោះបានត្រូវបង់មួយដងជាការស្រេចសម្រាប់យើងជារៀងរហូត។ (ហេប្រឺ ៩:២៤-២៦) អាដាមបាននាំឲ្យយើងទទួលសេចក្ដីស្លាប់ ប៉ុន្ដែគ្រឿងបូជាលោះរបស់លោកយេស៊ូនឹងនាំឲ្យយើងទទួលជីវិតដែលគ្មានទីបញ្ចប់។ ថ្លៃលោះអាចរំដោះយើងពីការធ្វើជាខ្ញុំបម្រើនៃពិភពលោករបស់សាថាននិងពីការខ្លាចសេចក្ដីស្លាប់។—ហេប្រឺ ២:១៤, ១៥

១៧. តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា?

១៧ សេចក្ដីសន្យារបស់ព្រះយេហូវ៉ានឹងតែងតែបានសម្រេច។ ដូចច្បាប់ដែលព្រះយេហូវ៉ាបានបង្កើតក្នុងធម្មជាតិមិនដែលប្រែប្រួល នោះព្រះយេហូវ៉ាក៏មិនដែលប្រែប្រួលដែរ។ លោកនឹងមិនធ្វើឲ្យយើងខកចិត្ដឡើយ។ (ម៉ាឡាគី ៣:៦) ព្រះយេហូវ៉ាមិនគ្រាន់តែផ្ដល់ជីវិតដែលជាអំណោយប៉ុណ្ណោះទេ។ តែលោកផ្ដល់សេចក្ដីស្រឡាញ់ឲ្យយើង។ «យើងបានស្គាល់ ហើយបានជឿសេចក្ដីស្រឡាញ់ដែលព្រះមានចំពោះយើង។ ព្រះគឺជាសេចក្ដីស្រឡាញ់»។ (យ៉ូហានទី១ ៤:១៦) សេចក្ដីសន្យារបស់លោកតែងតែក្លាយជាការពិត។ មិនយូរទៀត ផែនដីនឹងក្លាយទៅជាសួនឧទ្យានដ៏សែនស្អាត។ មនុស្សទាំងអស់នឹងយកតម្រាប់ព្រះយេហូវ៉ា ហើយស្រឡាញ់គ្នាទៅវិញទៅមក។ នៅពេលនោះ អ្នកបម្រើទាំងអស់របស់លោកនៅស្ថានសួគ៌និងនៅផែនដីនឹងនិយាយថា«ពរ សិរីរុងរឿង ប្រាជ្ញា អំណរគុណ កិត្ដិយស ឫទ្ធានុភាព និងកម្លាំងជារបស់ព្រះនៃយើងជារៀងរហូត។ អាមេន»។—ការបើកបង្ហាញ ៧:១២