លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​បន្ដ​ឈាន​ទៅ​មុខ​ក្នុង​ការ​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត!

ចូរ​បន្ដ​ឈាន​ទៅ​មុខ​ក្នុង​ការ​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត!

​«​ចូរ​ឲ្យ​សកម្មពល​របស់​ព្រះ​បន្ដ​ដឹក​នាំ​អ្នក​រាល់​គ្នា​»។—កាឡាទី ៥:១៦

ចម្រៀង​លេខ: ២២, ៧៥

១, ២. តើ​បង​ប្រុស​ម្នាក់​បាន​ទទួល​ស្គាល់​អ្វី​អំពី​ខ្លួន​គាត់ ហើយ​តើ​គាត់​បាន​ធ្វើ​អ្វី?

បង​ប្រុស​រ៉ូបឺត​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ពេល​គាត់​មាន​វ័យ​ជំទង់ ប៉ុន្ដែ​សេចក្ដី​ពិត​មិន​មែន​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គាត់​ទេ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ តែ​ដោយ​មិន​ដឹង​ខ្លួន អ្វី​ៗ​ដែល​ខ្ញុំ​ធ្វើ​គឺ​គ្រាន់​តែ​ជា​ការ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។ មើល​ទៅ​ខ្ញុំ​ដូច​ជា​មនុស្ស​ដែល​មាន​ជំនឿ​រឹង​មាំ ដោយ​សារ​ខ្ញុំ​ចូល​រួម​កិច្ច​ប្រជុំ​ទាំង​អស់ ហើយ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ​ប៉ុន្មាន​ដង​ក្នុង​មួយ​ឆ្នាំ។ ប៉ុន្ដែ​ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ថា​ខ្វះ​អ្វី​មួយ​»។

បង​រ៉ូបឺត​មិន​ដឹង​ថា​គាត់​ខ្វះ​អ្វី​ទេ រហូត​ដល់​ក្រោយ​ពី​គាត់​បាន​រៀប​ការ។ ជួន​កាល គាត់​និង​ប្រពន្ធ​ចំណាយ​ពេល​និយាយ​គ្នា​លេង ដោយ​សួរ​សំណួរ​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​គម្ពីរ។ ប្រពន្ធ​របស់​គាត់​ស្គាល់​គម្ពីរ​ច្បាស់ ហើយ​អាច​ឆ្លើយ​សំណួរ​បាន​យ៉ាង​ស្រួល។ ចំណែក​បង​រ៉ូបឺត​វិញ ច្រើន​ដង​គាត់​ពិបាក​ឆ្លើយ​សំណួរ​ណាស់ ហើយ​នោះ​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ខ្មាស។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ហាក់​ដូច​ជា​មិន​ស្គាល់​គម្ពីរ​សោះ។ ខ្ញុំ​គិត​ក្នុង​ចិត្ដ​ថា ‹បើ​ខ្ញុំ​ចង់​នាំ​មុខ​ប្រពន្ធ​ខ្ញុំ​យ៉ាង​ល្អ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​មួយ›​»។ ដូច្នេះ គាត់​និយាយ​បន្ថែម​ថា​៖ ​«​ខ្ញុំ​បាន​សិក្សា​គម្ពីរ​កាន់​តែ​ច្រើន​ឡើង​ៗ ហើយ​ចាប់​ផ្ដើម​យល់​ច្បាស់​ជាង តែ​សំខាន់​បំផុត ខ្ញុំ​មាន​ចំណង​មិត្ដភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​»។

៣. (​ក​) តើ​យើង​អាច​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​បង​រ៉ូបឺត? (​ខ​) តើ​យើង​នឹង​ពិចារណា​អំពី​សំណួរ​អ្វី​ខ្លះ?

យើង​អាច​រៀន​មេ​រៀន​ដ៏​សំខាន់​ពី​បទ​ពិសោធន៍​របស់​បង​រ៉ូបឺត។ យើង​ប្រហែល​ជាមាន​ចំណេះ​ខ្លះ​ពី​គម្ពីរ ហើយ​ចូល​រួម​កិច្ច​ប្រជុំ​និង​កិច្ច​បម្រើ​ផ្សាយ​ជា​ទៀង​ទាត់ តែ​នេះ​មិន​មាន​ន័យ​ថា​យើង​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត​របស់​យើង​ទេ។ ម្យ៉ាង​ទៀត យើង​ប្រហែល​ជា​បាន​ខំ​ធ្វើ​ជា​មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត​រួច​ហើយ ប៉ុន្ដែ​ពេល​យើង​ពិនិត្យ​ពិចារណា​អំពី​ខ្លួន យើង​ឃើញ​ថា​មាន​ចំណុច​ដែល​យើង​អាច​រីក​ចម្រើន​ថែម​ទៀត។ (​ភីលីព ៣:១៦​) អត្ថបទ​នេះ​មាន​ចម្លើយ​ចំពោះ​សំណួរ​បី​គឺ​៖ (​១​) តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ដឹង​ថា​យើង​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត? (​២​) តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ពង្រឹង​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ? (​៣​) បើ​យើង​តែង​តែ​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត តើ​នេះ​នឹង​ជួយ​យើង​យ៉ាង​ណា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ?

របៀប​ដែល​យើង​អាច​ដឹង​ថា​យើង​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត

៤. តើ​យោបល់​នៅ​អេភេសូរ ៤:២៣, ២៤​គឺ​សម្រាប់​អ្នក​ណា?

ពេល​យើង​ចាប់​ផ្ដើម​បម្រើ​ព្រះ យើង​បាន​ធ្វើ​ការ​កែ​ប្រែ​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​របៀប​រស់​នៅ​របស់​យើង។ ទោះ​ជា​យើង​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ​ក៏​ដោយ យើង​មិន​បាន​ឈប់​ធ្វើ​ការ​កែ​ប្រែ​ទាំង​នេះ​ឡើយ។ គម្ពីរ​ប្រាប់​យើង​ថា​៖ ​«​ត្រូវ​ឲ្យ​ឥទ្ធិពល​ថ្មី​កាន់​កាប់​គំនិត​»។ ពាក្យ​ភាសា​ក្រិច​«​ត្រូវ​ឲ្យ​ឥទ្ធិពល​ថ្មី​»​ បញ្ជាក់​អំពី​សកម្មភាព​ដែល​ត្រូវ​ធ្វើ​រហូត។ ដូច្នេះ យើង​ត្រូវ​បន្ដ​ឲ្យ​ឥទ្ធិពល​ថ្មី​កាន់​កាប់​លើ​គំនិត​របស់​យើង។ (​អេភេសូរ ៤:២៣, ២៤​) ដោយ​សារ​យើង​មិន​មែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ យើង​ត្រូវ​បន្ដ​ធ្វើ​ការ​កែ​ប្រែ​ផ្សេង​ៗ។ ទោះ​ជា​យើង​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ យើង​ត្រូវ​បន្ដ​រក្សា​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​លោក​ឲ្យ​រឹង​មាំ។—ភីលីព ៣:១២, ១៣

៥. តើ​សំណួរ​អ្វី​ខ្លះ​អាច​ជួយ​យើង​ឲ្យ​ដឹង​ថា​យើង​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត?

ទោះ​ជា​យើង​ក្មេង​ឬ​ចាស់​ក្ដី យើង​ត្រូវ​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​យើង​ដោយ​ស្មោះ។ យើង​អាច​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត​ខ្ញុំ​ច្រើន​ជាង​មុន​ឬ​ទេ? តើ​ខ្ញុំ​មាន​ចិត្ដ​គំនិត​កាន់​តែ​ដូច​គ្រិស្ដ​ឬ​ទេ? តើ​ការ​ប្រព្រឹត្ដ​និង​ចិត្ដ​គំនិត​របស់​ខ្ញុំ​នៅ​កិច្ច​ប្រជុំ បង្ហាញ​យ៉ាង​ណា​អំពី​ខ្ញុំ? ពេល​ខ្ញុំ​និយាយ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត តើ​ពាក្យ​សម្ដី​របស់​ខ្ញុំ​បង្ហាញ​ថា​ខ្ញុំ​មាន​គោល​ដៅ​អ្វី​ក្នុង​ជីវិត? តើ​ទម្លាប់​របស់​ខ្ញុំ​ក្នុង​ការ​សិក្សា​ផ្ទាល់​ខ្លួន ការ​ស្លៀក​ពាក់​សម្អិត​សម្អាង​ខ្លួន និង​ប្រតិកម្ម​របស់​ខ្ញុំ​ពេល​ទទួល​ឱវាទ បង្ហាញ​ថា​ខ្ញុំ​ជា​មនុស្ស​បែប​ណា? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ពេល​ដែល​ខ្ញុំ​មាន​បំណង​ចិត្ដ​ចង់​ធ្វើ​ខុស? តើ​ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​គ្រិស្ដ​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​ហើយ​ឬ​នៅ?›។ (​អេភេសូរ ៤:១៣​) សំណួរ​ទាំង​នេះ​អាច​ជួយ​យើង​ឲ្យ​ដឹង​ថា យើង​បាន​រីក​ចម្រើន​ដល់​កម្រិត​ណា​ក្នុង​ការ​ឲ្យ​សកម្មពល​ព្រះ​ដឹក​នាំ​គំនិត​របស់​យើង។

៦. ដើម្បី​ដឹង​ថា​យើង​កំពុង​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត តើ​យើង​ប្រហែល​ជា​ត្រូវ​ការ​អ្វី​ថែម​ទៀត?

ជួន​កាល ដើម្បី​ដឹង​ថា​យើង​កំពុង​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត​ឬ​យ៉ាង​ណា យើង​ត្រូវ​ការ​ជំនួយ​ពី​អ្នក​ឯ​ទៀត។ សាវ័ក​ប៉ូល​បាន​ពន្យល់​ថា​បុគ្គល​ដែល​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ដឹក​នាំ​គំនិត​មិន​យល់​ថា​របៀប​រស់​នៅ​របស់​គាត់ ធ្វើ​ឲ្យ​ព្រះ​មិន​ពេញ​ចិត្ដ​ទេ។ ប៉ុន្ដែ បុគ្គល​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត យល់​ទស្សនៈ​របស់​ព្រះ​ចំពោះ​រឿង​ផ្សេង​ៗ។ គាត់​ដឹង​ថា​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ដ​នឹង​របៀប​រស់​នៅ​ដែល​គិត​តែ​អំពី​ការ​បំពេញ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ឡើយ។ (​កូរិនថូស​ទី១ ២:១៤​-​១៦; ៣:១​-​៣​) ដោយ​សារ​ពួក​អ្នក​ចាស់​ទុំ​មាន​ចិត្ដ​គំនិត​ដូច​គ្រិស្ដ ពួក​គាត់​ងាយ​កត់​សម្គាល់​ពេល​ដែល​បង​ប្អូន​ណា​ម្នាក់​ចាប់​ផ្ដើម​ប្រព្រឹត្ដ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់ខ្លួន។ នៅ​ពេល​នោះ អ្នក​ចាស់​ទុំ​ព្យាយាម​ជួយ​ពួក​គេ។ បើ​អ្នក​ចាស់​ទុំ​ព្យាយាម​ជួយ​យើង តើ​យើង​នឹង​ព្រម​ទទួល​ជំនួយ​នោះ ហើយ​ធ្វើ​ការ​កែ​ប្រែ​ដែល​ចាំ​បាច់​ឬ​ទេ? បើ​យើង​ធ្វើ​ដូច្នេះ យើង​នឹង​បង្ហាញ​ថា​យើង​ពិត​ជា​ចង់​ពង្រឹង​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ។—សាស្តា ៧:៥,

ចូរ​ពង្រឹង​ចំណង​មិត្ដភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ

៧. ហេតុ​អ្វី​យើង​ដឹង​ថា​បុគ្គល​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត មិន​គ្រាន់​តែ​មាន​ចំណេះ​ពី​គម្ពីរ​ប៉ុណ្ណោះ?

ដើម្បី​ធ្វើ​ជា​មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត យើង​មិន​គ្រាន់​តែ​ត្រូវ​ការ​ចំណេះ​ពី​គម្ពីរ​ប៉ុណ្ណោះ​ទេ។ ស្ដេច​សាឡូម៉ូន​មាន​ចំណេះ​ច្រើន​អំពី​ព្រះ​យេហូវ៉ា ហើយ​ពាក្យ​សម្ដី​របស់​គាត់​ដែល​ប្រកប​ដោយ​ប្រាជ្ញា​បាន​ទៅ​ជា​ផ្នែក​នៃ​គម្ពីរ។ ប៉ុន្ដែ​ក្រោយ​មក ចំណង​មិត្ដភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​បាន​ចុះ​ខ្សោយ ហើយ​គាត់​មិន​បាន​រក្សា​ចិត្ដ​ស្មោះ​ត្រង់​ចំពោះ​លោក​ទេ។ (​ពង្សាវតារ​ក្សត្រ​ទី១ ៤:២៩, ៣០; ១១:៤​-​៦​) ដូច្នេះ ក្រៅ​ពី​ចំណេះ​ពី​គម្ពីរ តើ​យើង​ត្រូវ​ការ​អ្វី​ទៀត? យើង​ត្រូវ​បន្ដ​ពង្រឹង​ជំនឿ​របស់​យើង។ (​កូឡុស ២:៦, ៧​) តើ​យើង​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

៨, ៩. (​ក​) តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ពង្រឹង​ជំនឿ​របស់​យើង? (​ខ​) ពេល​យើង​សិក្សា​និង​រំពឹង​គិត តើ​យើង​គួរ​មាន​គោល​ដៅ​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

នៅ​សតវត្សរ៍​ទី១ ប៉ូល​បាន​លើក​ទឹក​ចិត្ដ​គ្រិស្ដ​សាសនិក​ឲ្យ​«​ខំ​ប្រឹង​ឈាន​ទៅ​រក​ភាព​ចាស់​ទុំ​»។ (​ហេប្រឺ ៦:១​) នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​អាច​ធ្វើ​តាម​យោបល់​នេះ​យ៉ាង​ដូច​ម្ដេច? វិធី​ដ៏​សំខាន់​មួយ​គឺ​ដោយ​សិក្សា​សៀវភៅ​ចូរ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់នេះ​នឹង​ជួយ​យើង​ដឹង​អំពី​របៀប​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ក្នុង​ជីវិត។ បើ​យើង​បាន​សិក្សា​សៀវភៅ​នេះ​រួច​ហើយ មាន​សៀវភៅ​ផ្សេង​ៗ​ទៀត​ដែល​យើង​អាច​សិក្សា​ដើម្បី​ជួយ​យើង​ឲ្យ​ពង្រឹង​ជំនឿ​របស់​យើង។ (​កូឡុស ១:២៣​) យើង​ក៏​ត្រូវ​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​រៀន ហើយ​សុំ​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​ដឹង​អំពី​របៀប​អនុវត្ដ​អ្វី​ទាំង​នោះ។

ពេល​យើង​សិក្សា​និង​រំពឹង​គិត យើង​គួរ​មាន​គោល​ដៅ​ឲ្យ​អ្វី​ដែល​យើង​រៀន​ជំរុញ​ចិត្ដ​យើង​យ៉ាង​ខ្លាំង​ឲ្យ​ចង់​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា និង​ធ្វើ​អ្វី​ដែល​លោក​ពេញ​ចិត្ដ។ (​ទំនុក​តម្កើង ៤០:៨; ១១៩:៩៧​) នៅ​ពេល​ដំណាល​គ្នា យើង​ក៏​ត្រូវ​បដិសេធ​ឬ​មិន​ទទួល​យក​អ្វី​ណា​ក៏​ដោយ​ដែល​អាច​រា​រាំង​យើង​មិន​ឲ្យ​យើង​ចូល​កាន់​តែ​ជិត​ព្រះ។—ទីតុស ២:១១, ១២

១០. តើ​ប្អូន​ៗ​វ័យ​ក្មេង​អាច​ធ្វើ​អ្វី​ដើម្បី​ពង្រឹង​ចំណង​មិត្ដភាព​របស់​ពួក​គេ​ជា​មួយ​នឹង​ព្រះ?

១០ បើ​អ្នក​ជា​មនុស្ស​វ័យ​ក្មេង តើ​អ្នក​មាន​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​ឬ​ទេ? នៅ​សន្និបាត បង​ប្រុស​ម្នាក់​ដែល​បម្រើ​នៅ​បេតអែល ច្រើន​តែ​និយាយ​ជា​មួយ​នឹង​ប្អូន​ៗ​វ័យ​ក្មេង​ដែល​ជិត​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​សួរ​អំពី​គោល​ដៅ​ដែល​ពួក​គេមាន​ក្នុង​កិច្ច​បម្រើ​ព្រះ។ គាត់​អាច​ឃើញ​ថា​ពួក​គេ​ជា​ច្រើន​នាក់​បាន​គិត​យ៉ាង​ដិត​ដល់​អំពី​គោល​ដៅ​ដែល​ពួក​គេ​ចង់​សម្រេច​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​នា​ពេល​អនាគត។ ពួក​គេ​ខ្លះ​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ពេញ​ពេល ឬ​រើ​ទៅ​កន្លែង​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​ច្រើន​ជាង។ ប៉ុន្ដែ ប្អូន​ៗ​វ័យ​ក្មេង​ខ្លះ​ពិបាក​ឆ្លើយ​សំណួរ​របស់​គាត់។ តើ​ពួក​គេ​មាន​អារម្មណ៍​ថា​ពួក​គេ​មិន​ចាំ​បាច់​មាន​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​ឬ? បើ​អ្នក​ជា​មនុស្ស​វ័យ​ក្មេង សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​ចូល​រួម​កិច្ច​ប្រជុំ​និង​កិច្ច​បម្រើ​ផ្សាយ​ដោយ​សារ​តែ​ឪ​ពុក​ម្ដាយ​ខ្ញុំ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ឬ? តើ​ខ្ញុំ​ផ្ទាល់​មាន​ចំណង​មិត្ដភាព​ជា​មួយ​នឹង​ព្រះ​ឬ​ទេ?›។ យើង​ទាំង​អស់​គ្នា​គួរ​មាន​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ ទោះ​ជា​យើង​ក្មេង​ឬ​ចាស់​ក៏​ដោយ។ គោល​ដៅ​ទាំង​នោះ​នឹង​ជួយ​យើង​ឲ្យ​កាន់​តែ​ចូល​ទៅ​ជិត​ព្រះ។—សាស្តា ១២:១, ១៣

១១. (​ក​) តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​មាន​ជំនឿ​មាំ​មួន? (​ខ​) តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​អ្នក​ណា?

១១ ពេល​យើង​ឃើញ​ចំណុច​ដែល​យើង​អាច​រីក​ចម្រើន នោះ​យើង​ត្រូវ​ចាត់​វិធានការ​ដើម្បី​សម្រេច​គោល​ដៅ​របស់​យើង។ នេះ​ពិត​ជា​សំខាន់​ណាស់ ដោយ​សារ​នេះ​ទាក់​ទង​នឹង​ជីវិត​ស្លាប់​រស់។ (​រ៉ូម ៨:៦​-​៨​) ព្រះ​យេហូវ៉ា​មិន​តម្រូវ​ឲ្យ​យើង​ធ្វើ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ ហើយ​លោក​ផ្ដល់​សកម្មពល​បរិសុទ្ធ​របស់​លោក​ដើម្បី​ជួយ​យើង។ ប៉ុន្ដែ យើង​នៅ​តែ​ត្រូវ​ខំ​ព្យាយាម​ដោយ​ខ្លួន​ឯង​ដែរ។ បង​ប្រុស​ចន បា​ដែល​ធ្លាប់​បម្រើ​ជា​សមាជិក​គណៈ​អភិបាល បាន​រៀប​រាប់​អំពី​លូកា ១៣:២៤​ថា​៖ ​«​មនុស្ស​ជា​ច្រើន​នាក់​មិន​អាច​ចូល​តាម​ទ្វារ​ចង្អៀត​បាន​ទេ ព្រោះ​ពួក​គេ​មិន​ខំ​ព្យាយាម​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​រីក​ចម្រើន​រហូត​ដល់​មាំ​»។ យើង​ត្រូវ​ខំ​ប្រឹង​ដូច​យ៉ាកុប​ដែល​បាន​បោក​ចំបាប់​ជា​មួយ​នឹង​ទេវតា​មួយ​រូប ហើយ​មិន​ឈប់​ព្យាយាម​រហូត​ដល់​គាត់​បាន​ទទួល​ពរ។ (​លោកុប្បត្ដិ ៣២:២៦​-​២៨​) ទោះ​ជា​ការ​សិក្សា​គម្ពីរ​អាច​ជា​អ្វី​ដែល​សប្បាយ​ក្ដី យើង​មិន​គួរ​រំពឹង​ថា​ការ​អាន​គម្ពីរ​គឺ​ដូច​ជា​ការ​អាន​សៀវភៅ​ប្រលោម​លោក​ឡើយ។ ការ​អាន​និង​ការ​សិក្សា​គម្ពីរ​តម្រូវ​ឲ្យ​យើង​ខំ​ប្រឹង​ព្យាយាម។

១២, ១៣. (​ក​) តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​មាន​«​ចិត្ដ​គំនិត​ដូច​គ្រិស្ដ​យេស៊ូ​»​? (​ខ​) តើ​គំរូ​និង​យោបល់​របស់​ពេត្រុស​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច? (​គ​) តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ពង្រឹង​ចំណង​មិត្ដភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ឈាន​ទៅ​មុខ​»​)

១២ ពេល​យើង​ខំ​ព្យាយាម​ពង្រឹង​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ សកម្មពល​បរិសុទ្ធ​នឹង​ជួយ​យើង​ឲ្យ​ផ្លាស់​ប្ដូរ​របៀប​គិត​គូរ​របស់​យើង។ បន្ដិច​ម្ដង​ៗ យើង​អាច​រៀន​ឲ្យ​ចេះ​មាន​របៀប​គិត​គូរ​ដូច​លោក​យេស៊ូ​គ្រិស្ដ។ (​រ៉ូម ១៥:៥​) សកម្មពល​បរិសុទ្ធ​អាច​ជួយ​ឲ្យ​យើង​បំបាត់​ចោល​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង ហើយ​មាន​គុណ​សម្បត្ដិ​ដែល​ព្រះ​ពេញ​ចិត្ដ។ (​កាឡាទី ៥:១៦, ២២, ២៣​) យើង​មិន​គួរ​ឈប់​ព្យាយាម​ទេ ទោះ​ជា​យើង​ឃើញ​ថា​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ទ្រព្យ​សម្បត្ដិ​ឬ​ការ​សប្បាយ​ក៏​ដោយ។ យើង​ត្រូវ​បន្ដ​សុំ​សកម្មពល​បរិសុទ្ធ​ពី​ព្រះ​យេហូវ៉ា ដើម្បី​ជួយ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ត្រឹម​ត្រូវ។ (​លូកា ១១:១៣​) សូម​ចាំ​អំពី​សាវ័ក​ពេត្រុស។ គាត់​មិន​តែង​តែ​មាន​ចិត្ដ​គំនិត​ដូច​គ្រិស្ដ​ទេ។ (​ម៉ាថាយ ១៦:២២, ២៣; លូកា ២២:៣៤, ៥៤​-​៦២; កាឡាទី ២:១១​-​១៤​) ប៉ុន្ដែ​គាត់​មិន​បាន​ឈប់​ព្យាយាម​ឡើយ ហើយ​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់។ បន្ដិច​ម្ដង​ៗ ពេត្រុស​បាន​រៀន​ឲ្យ​មាន​របៀប​គិត​គូរ​ដូច​គ្រិស្ដ ហើយ​យើង​ក៏​អាច​ធ្វើ​ដូច្នេះ​ដែរ។

១៣ ក្រោយ​មក ពេត្រុស​បាន​លើក​ឡើង​អំពី​គុណ​សម្បត្ដិ​ដែល​នឹង​ជួយ​យើង។ (​សូម​អាន ពេត្រុស​ទី២ ១:៥​-​៨) យើង​ត្រូវ​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ចេះ​ទប់​ចិត្ដ ស៊ូ​ទ្រាំ រាប់​អាន​គ្នា​ជា​បង​ប្អូន និង​មាន​គុណ​សម្បត្ដិ​ផ្សេង​ទៀត។ រាល់​ថ្ងៃ​យើង​អាច​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​ចង់​បង្ហាញ​គុណ​សម្បត្ដិ​មួយ​ណា​ឲ្យ​បាន​ប្រសើរ​ជាង ដើម្បី​ពង្រឹង​ចំណង​មិត្ដភាព​របស់​ខ្ញុំ​ជា​មួយ​នឹង​ព្រះ?›។

ចូរ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ

១៤. តើ​ការ​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ជីវិត​របស់​យើង?

១៤ បើ​យើង​មាន​របៀប​គិត​គូរ​ដូច​គ្រិស្ដ នោះ​នឹង​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ប្រព្រឹត្ដ​របស់​យើង​នៅ​កន្លែង​ធ្វើ​ការ​ឬ​នៅ​សាលា​រៀន ទៅ​លើ​ពាក្យ​សម្ដី​របស់​យើង និង​ការ​សម្រេច​ចិត្ដ​ប្រចាំ​ថ្ងៃ​របស់​យើង។ ការ​សម្រេច​ចិត្ដ​របស់​យើង​នឹង​បង្ហាញ​ថា យើង​កំពុង​ព្យាយាម​យក​តម្រាប់​គ្រិស្ដ។ ដោយ​សារ​យើង​ជា​មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត យើង​មិន​ចង់​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​អាច​បង្ខូច​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឡើយ។ ពេល​ដែល​យើង​មាន​បំណង​ចិត្ដ​ចង់​ធ្វើ​ខុស ចំណង​មិត្ដភាព​ដែល​យើង​មាន​ជា​មួយ​នឹង​ព្រះ នឹង​ជួយ​យើង​ឲ្យ​យក​ឈ្នះ​បំណង​ចិត្ដ​នោះ។ មុន​នឹង​យើង​ធ្វើ​ការ​សម្រេច​ចិត្ដ​ណា​មួយ យើង​នឹង​សួរ​ខ្លួន​យើង​ថា ‹តើ​គោល​ការណ៍​គម្ពីរ​ណា​ខ្លះ​អាច​ជួយ​ខ្ញុំ? បើ​លោក​យេស៊ូ​គ្រិស្ដ​ស្ថិត​ក្នុង​ស្ថានភាព​នេះ តើ​លោក​នឹង​ធ្វើ​អ្វី? តើ​អ្វី​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ?›។ យើង​ត្រូវ​មាន​ទម្លាប់​គិត​បែប​នេះ។ ដូច្នេះ សូម​យើង​ពិចារណា​អំពី​ស្ថានភាព​មួយ​ចំនួន និង​គោល​ការណ៍​គម្ពីរ​ដែល​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​ឈ្លាស​វៃ​ពេល​យើង​ប្រឈម​មុខ​នឹង​ស្ថានភាព​នោះ។

១៥, ១៦. តើ​តាម​របៀប​ណា​ការ​មាន​របៀប​គិត​គូរ​ដូច​គ្រិស្ដ អាច​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​ឈ្លាស​វៃ​ស្ដី​អំពី (​ក​) ការ​ជ្រើស​រើស​គូ​អាពាហ៍​ពិពាហ៍? (​ខ​) ការ​ជ្រើស​រើស​មិត្ដ​ភក្ដិ?

១៥ ការ​ជ្រើស​រើស​គូ​អាពាហ៍​ពិពាហ៍។ គោល​ការណ៍​គម្ពីរ​អំពី​រឿង​នេះ មាន​នៅ​កូរិនថូស​ទី២ ៦:១៤, ១៥។ (​សូម​អាន​) ប៉ូល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត មិន​មាន​ទស្សនៈ​ដូច​មនុស្ស​ដែល​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ដឹក​នាំ​គំនិត​ឡើយ។ តើ​គោល​ការណ៍​នេះ​អាច​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច​ក្នុង​ការ​ជ្រើស​រើស​គូ​អាពាហ៍​ពិពាហ៍?

១៦ ការ​ជ្រើស​រើស​មិត្ដ​ភក្ដិ។ គោល​ការណ៍​គម្ពីរ​អំពី​រឿង​នេះ មាន​នៅ​កូរិនថូស​ទី១ ១៥:៣៣។ (​សូម​អាន​) បុគ្គល​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត នឹង​មិន​ធ្វើ​ជា​មិត្ដ​ភក្ដិ​ជា​មួយ​នឹង​អ្នក​ដែល​អាច​ធ្វើ​ឲ្យ​ជំនឿ​របស់​គាត់​ចុះ​ខ្សោយ​ឡើយ។ សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​ធ្វើ​តាម​គោល​ការណ៍​នេះ​ក្នុង​ស្ថានភាព​ផ្សេង​ៗ។ ជា​ឧទាហរណ៍ តើ​តាម​របៀប​ណា​គោល​ការណ៍​នេះ​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ដ​អំពី​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា? តើ​គោល​ការណ៍​នេះ​អាច​ជួយអ្នក​ឲ្យ​ដឹង​ថា​អ្នក​គួរ​ឬ​មិន​គួរ​លេង​ហ្គេម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជា​មួយ​នឹង​បុគ្គល​ដែល​អ្នក​មិន​ស្គាល់?

តើ​ការ​សម្រេច​ចិត្ដ​របស់​ខ្ញុំ​នឹង​ជួយ​ខ្ញុំ​ឲ្យ​កាន់​តែ​ទៅ​ជា​មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត​ឬ​ទេ? (​សូម​មើល​វគ្គ​១៧​)

១៧​-​១៩. តើ​តាម​របៀប​ណា​ការ​ធ្វើ​ជា​បុគ្គល​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត​នឹង​ជួយ​អ្នក​ឲ្យ (​ក​) ជៀស​វាង​ពី​ការ​ប្រព្រឹត្ដ​ដែល​ឥត​ប្រយោជន៍? (​ខ​) មាន​គោល​ដៅ​ល្អ? (​គ​) ដោះ​ស្រាយ​ទំនាស់?

១៧ សកម្មភាព​ផ្សេង​ៗ​ដែល​ប៉ះ​ពាល់​ដល់​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ។ នៅ​ហេប្រឺ ៦:១​មាន​ការ​ព្រមាន​ដ៏​សំខាន់​មួយ។ (​សូម​អាន​) តើ​អ្វី​ជា​«​ការ​ប្រព្រឹត្ដ​ដែល​ឥត​ប្រយោជន៍​»​ដែល​យើង​គួរ​ជៀស​វាង? ការ​ប្រព្រឹត្ដ​ដែល​ឥត​ប្រយោជន៍​គឺ​ជា​ការ​ប្រព្រឹត្ដ​ដែល​មិន​ជួយ​ពង្រឹង​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ។ ការ​ព្រមាន​នេះ​អំពី​ការ​ប្រព្រឹត្ដ​ដែល​ឥត​ប្រយោជន៍​អាច​ជួយ​យើង​ឆ្លើយ​សំណួរ​ដូច​ជា​៖ ‹តើ​សកម្មភាព​នេះ​មាន​ប្រយោជន៍​ឬ​ទេ? តើ​ខ្ញុំ​គួរ​ចូល​ហ៊ុន​រក​ស៊ី​នេះ​ឬ​ទេ? ហេតុ​អ្វី​ខ្ញុំ​មិន​គួរ​រួម​ចំណែក​ក្នុង​ក្រុម​មនុស្ស​ដែល​ព្យាយាម​កែ​ប្រែ​ស្ថានភាព​ពិភព​លោក​នេះ?›។

តើ​ការ​សម្រេច​ចិត្ដ​របស់​ខ្ញុំ​នឹង​ជួយ​ខ្ញុំ​ឲ្យ​កំណត់​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​ឬ​ទេ? (​សូម​មើល​វគ្គ​១៨​)

១៨ គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ។ ក្នុង​សុន្ទរកថា​របស់​លោក​យេស៊ូ​នៅ​លើ​ភ្នំ លោក​បាន​ឲ្យ​ឱវាទ​ដ៏​ល្អ​ដល់​យើង​ស្ដី​អំពី​ការ​កំណត់​គោល​ដៅ។ (​ម៉ាថាយ ៦:៣៣​) បុគ្គល​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត ចាត់​ទុក​រាជាណាចក្រ​ព្រះ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គាត់។ គោល​ការណ៍​នេះ​នឹង​ជួយ​យើង​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖ ‹ក្រោយ​ពី​ខ្ញុំ​បាន​រៀន​ចប់​វិទ្យាល័យ តើ​ខ្ញុំ​គួរ​បន្ដ​ការ​សិក្សា​នៅ​សកល​វិទ្យាល័យ​ឬ​ទេ? តើ​ខ្ញុំ​គួរ​ទទួល​ការ​ងារ​នេះ​ឬ​ទេ?›។

តើ​ការ​សម្រេច​ចិត្ដ​របស់​ខ្ញុំ​នឹង​ជួយ​ខ្ញុំ​ឲ្យ​មាន​សន្ដិ​ភាព​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ឬ​ទេ? (​សូម​មើល​វគ្គ​១៩​)

១៩ ពេល​មាន​ទំនាស់។ យោបល់​របស់​ប៉ូល​ទៅ​កាន់​គ្រិស្ដ​សាសនិក​នៅ​ក្រុង​រ៉ូម អាច​ជួយ​យើង​ពេល​ដែល​យើង​មាន​ទំនាស់​ជា​មួយ​នឹង​អ្នក​ឯ​ទៀត។ (​រ៉ូម ១២:១៨​) យើង​យក​តម្រាប់​គ្រិស្ដ ដូច្នេះ​យើង​ខំ​ព្យាយាម​«​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់​»។ ពេល​យើង​មាន​ទំនាស់​ជា​មួយ​នឹង​អ្នក​ឯ​ទៀត តើ​យើង​មាន​ប្រតិកម្ម​បែប​ណា? តើ​យើង​ពិបាក​ទទួល​យក​ទស្សនៈ​របស់​អ្នក​ឯ​ទៀត​ឬ​ទេ? តើ​យើង​មាន​កេរ្ដិ៍​ឈ្មោះ​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​ឬ​ទេ?—យ៉ាកុប ៣:១៨

២០. ហេតុ​អ្វី​អ្នក​ចង់​ឈាន​ទៅ​មុខ​ក្នុង​ការ​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត?

២០ ឧទាហរណ៍​ទាំង​នេះ​បង្ហាញ​អំពី​របៀប​ដែល​គោល​ការណ៍​គម្ពីរ អាច​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ដ​ដែល​បញ្ជាក់​ថា​យើង​ឲ្យ​សកម្មពល​ព្រះ​ដឹក​នាំ​គំនិត​របស់​យើង។ បើ​យើង​ជា​មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត យើង​នឹង​មាន​សុភមង្គល​និង​មាន​ជីវិត​ស្កប់​ចិត្ដ។ បង​រ៉ូបឺត​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ដើម​អត្ថបទ​នេះ និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​មាន​ចំណង​មិត្ដភាព​ពិត​ប្រាកដ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ខ្ញុំ​បាន​ទៅ​ជា​ប្ដី​និង​ឪ​ពុក​ល្អ​ប្រសើរ​ជាង។ ខ្ញុំ​ស្កប់​ចិត្ដ​និង​មាន​សុភមង្គល​»។ បើ​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ឈាន​ទៅ​មុខ​ក្នុង​ការ​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត យើង​ក៏​នឹង​ទទួល​ប្រយោជន៍​ជា​ច្រើន​ដែរ។ យើង​នឹង​មាន​ជីវិត​សប្បាយ​ជាង​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​នា​ពេល​អនាគត​យើង​នឹង​មាន​«​ជីវិត​ដ៏​ពិត​ប្រាកដ​»។—ធីម៉ូថេ​ទី១ ៦:១៩